បាតុកម្ម​អហិង្សា​គឺ​ជា​អ្វី​? ទស្សនៈយល់​ច្រលំ​មួយ​ចំនួន​អំពី​បាតុកម្ម​អហិង្សា​

  learning violence

បាតុកម្ម​​អហិង្សា​ដែលត្រូវ​បាន​យក​មក​​អនុវត្ត​ក្នុងការ​ដោះ​ស្រាយ​​បញ្ហា​សង្គម សេដ្ឋកិច្ច​ និង​នយោបាយ​ មិន​​មែន​ដោយ​សារ​សីលធម៌​សាសនា​អ្វី​ទេ​ តែ​ពី​ព្រោះ​វិធី​អហិង្សា​គឺ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​ស្រាយ​វិវាទ​និង​បង្ខំ​ភាគី​ម្ខាង​ទៀត​ឱយ​ដោះ​ស្រាយ​ ព្រម​ទាំង​អាច​ធ្វើ​អន្តរាគមន៍​បង្កើតរៀប​ចំ​​ស្ថាប័ន​ថ្មី​តែ​ម្តង ​បើបុគ្គល​​និង​​ស្ថាប័ន​ចាស់​អសមត្ថភាព​។ បាតុកម្ម​ (Protest) គឺ​ជា​ចលនា​សង្គម​មួយ​ប្រភេទ​ ដែល​មនុស្ស​មួយ​ក្រុម​ប្រមូល​ផ្តុំ​គ្នា​​តវ៉ា​ជំទាស់​នឹង​រឿង​អ្វី​មួយ (Resistance)​ ឬ​ទាម​ទារ​ចង់​បាន​អ្វី​មួយ​ ដោយ​​រួម​គ្នា​បង្ហាញ​គោល​ជំហរ​របស់​ខ្លួន (Manifestation or Demonstration)។ បាតកម្ម​អហិង្សាវៀរ​ចាក​ការ​ប្រើ​ហិង្សាលើ​​ផ្លូវកាយរបស់​មនុស្ស​​​ ទោះ​បី​ពួក​គេ​ជា​គូ​បដិបក្ស​និង​​​ប្រើ​មធ្យោបាយ​អហិង្សាវិញ​។ ​​ផ្ទុយ​ទៅ​វិញ​ បើ​ប្រើ​វិធី​​ហិង្សា​ បាតុកម្ម​នោះ​នឹង​ក្លាយ​ជា​ កុប​កម្មឬ​ការ​បះ​​បោរ​ធ្វើ​ឧទ្ទាម​កម្ម​​ ([Violent] Insurgence or Rebellion) ដែល​គឺ​ជា​​​ការ​​ប្រើ​​កម្លាំង​ប្រដាប់​អាវុធរបស់​​ក្រុម​នៅ​ខាង​ក្រៅ​រដ្ឋ​អំនាច ​ដើម្បី​គ្រប់​គ្រង​ប្រទេស​​ ឬ​សំរេច​គោល​ដៅ​នយោបាយ​ណា​មួយ​ (វិទង្សនា)​។ ការ​ប្រើ​យោធា​ផ្តួល​រំលំ​ ហើយ​​ត្រួត​ត្រា​រដ្ឋាភិបាល​ គេ​ហៅ​ថា​ រដ្ឋ​ប្រហារ​ (Coup d’etat)​ គឺ​ការ​ប៉ុន​ប៉ង​ដណ្តើម​យក​រដ្ឋ​អំនាចរបស់​ក្រុមណា​មួយ​ក្នុង​រដ្ឋពី​ក្រុម​កំពុង​ដឹកនាំ​​​​ដោយ​ផ្លាស់​ប្តូរ​រចនាសម្ពន្ធ​រដ្ឋាភិបាល​ទាំង​ស្រុង​។ ដោយ​សារ​ជា​ការ​ផ្លាស់​ប្តូរ​នោះ​គឺ​ដូរ​​​ថ្នាក់​ដឹក​នាំ​ទាំង​ស្រុង​ ដូច្នេះ​គេអាច​​ហៅ​ថា​ បដិវត្តន៍នយោបាយ​ (Political Revolution) ពោល​គឺ​ចលនា​ផ្លាស់​ប្តូរ​រចនាសម្ពន្ធ​នយោបាយទាំង​មូល​​ផ្ទុយ​ពី​កំណែ​ទំរង់​ដែល​គ្រាន់​តែ​កែ​ប្រែ​ផ្នែក​ណា​មួយ ​តិច​ឬ​ច្រើន ​នៃ​ប្រព័ន្ធ​ទាំង​មូល​តាមសំរួល​ប៉ុណ្ណោះ​​ មិន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ឡើយ​។ ដោយ​សារ​តែ​បដិវត្តន៍​កន្លង​មក​ច្រើន​តែ​ធ្វើ​ឡើង​ដោយ​ប្រើ​ប្រាស់​កម្លាំង​ហិង្សា​ ធ្វើ​ឱយ​មាន​ទស្សនៈ​ទួទៅ​​ថា ​បញ្ញត្តិ​ «បដិវត្តន៍​​»​ និង​ការ​សិក្សា​អំពី​បដិវត្តន៍​តែង​តែ​លំអៀង​ដោយ​ផ្តោត​លើ​តែ​មធ្យោបាយ​ហិង្សា​ គេហាក់​​មិន​អាច​ធ្វើ​បដិវត្ត​ន៍​ដោយមិន​ប្រើ​ហិង្សា​បានឡើយ​​។

            លោក​ ជីន​ សាប​ (Gene Sharp) ជា​អ្នក​ឯក​ទេសម្នាក់​ដ៏​មាន​ឥទ្ធិពល​ដែល​សរសេរ​ស្នារដៃ​ជា​ច្រើន​អំពី​​បាតុកម្ម​អហិង្សា​​។ ​យើង​អាច​ដាក់​រហស្សនាម​ឱយគាត់​​ថា​ «សត្រូវ​របស់​ជន​ផ្តាច់​ការ»​ ពី​ព្រោះ​តែ​សំនេរ​របស់​​គាត់​ធ្វើ​ឱយ​របប​ផ្តាច់​ការ​ជា​ច្រើន​ដួល​រលំ​នៅ​លើ​ពិភព​លោកដោយ​វិធី​អហិង្សា​​។ លោកបាន​ឱយ​និយម​ន័យ «ការ​តវ៉ា​ដោយ​អហិង្សា​» (Nonviolent Resistance) ​ថា ​«ជា​តិច​និក​ឬ​​បច្ចេក​វិធី​​ខាង​សកម្ម​ភាព​សង្គម​និង​នយោបាយ​​សំរាប់​អនុវត្ត​អំនាច​នៅ​ក្នុង​ទំនាស់​ដោយ​មិន​ប្រើ​ប្រាស់​​ហិង្សា​។» ​ចលនា​ដែល​​មាន​គោល​ដៅ​ធំ​ ពោល​គឺ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ មិន​ទាម​ទារ​ត្រឹម​តែ​ដោះ​ស្រាយ​បញ្ហា​តូចធំ​មួយ​ចំនួន​ ​​​ការ​តវ៉ា​ជំទាស់​ដោយ​អហិង្សា​​ធ្វើ​ឡើង​ដោយ​ទាញ​យក​សសរ​ស្តម្ភ​គាំទ្រ​របស់​របប​ដឹក​នាំ​នោះ​។ «សសរ​ស្តម្ភ​នៃ​ការ​គាំទ្រ» (Pillars of Support) មាន​ន័យថា​ «ស្ថាប័ន​និង​ផ្នែក​ទាំង​ឡាយ​នៃ​សង្គម​ដែល​ផ្គត់​ផ្គង់​របប​ដឹក​នាំ​ដោយផ្តល់ប្រភព​ ​​​សំរាប់​រក្សា​និង​ពង្រីក​អំនាច​​» នេះ​បើ​តាម​លោក​ រ៉ូបឺត​ ហ៊ែល​វី​ (Robert L. Helvey) អ្នក​ជំនាញ​ខាងយុទ្ធសាស្ត្រ​អហិង្សា​ដែល​ទទួល​ឥទ្ធិ​ពល​ពី​លោក​ ជីន​ សាប​។ (២០០៤, ទំ ១៤៩) សសរ​ស្តម្ភ​ទាំងនោះនៅ​ក្នុង​របប​ផ្តាច់​ការ​​ជា​ស្ថាប័ន​និង​បុគ្គល​​​មាន​​ដូច​ជា​ ប៉ូលី​ស កង​សន្តិ​សុខ​​ យោធា​ដែលជា​​ឧបករណ៍​ដាក់​ទណ្ឌកម្ម​​សម្លុត​គំរាម​កំហែង​សំខាន់​បំផុត​របស់​ជន​ផ្តាច់​ការ,​ អ្នក​បំរើការ​ងារ​រដ្ឋ​ដែល​ធ្វើ​ការ​ខាង​ផ្នែក​រដ្ឋបាល​ប្រមូល​និង​ផ្តល់ពត៌មាន​​ជូន​រដ្ឋ​អំនាច​ ដែល​ពួក​គេ​នេះ​មាន​នៅ​គ្រប់​ស្ថាប័ន​រដ្ឋ​ដូច​ជា​ក្រសួង​ មន្ទីរ​ពេទ្យ​សាធារណៈ​ សាលារៀន​រដ្ឋ​។ល។, ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដែល​គេ​ប្រើ​ដើម្បី​ឃោសនាគាំទ្រ​របប​ដឹក​នាំ​របស់​គេ​, ក្រុម​ហ៊ុនធំ​​តូច​ទាំង​ឡាយ​និង​ក្រុម​អ្នក​វិនិយោគ​ដែល​ជួយ​ទំនុក​បំរុង​បក្ស​​​​,  និង​សសរ​ស្តម្ភ​ចាំ​បាច់​បំផុត​គឺ​ប្រជាពលរដ្ឋ​នោះ​ឯង​ ព្រោះគ្រប់​​ស្ថាប័ន​រដ្ឋ​ទាំង​ឡាយ​ មាន​បុគ្គលិក​បំរើ​ការ​ជា​ប្រជាពលរដ្ឋ​ធ្វើ​ឱយ​ប្រព័ន្ធ​ទាំង​មូល​ដើរ​ ហើយ​ប្រាក់​ខែ​សំរាប់​បើក​ជូន​បុគ្គលិក​ទាំង​អស់​មានទាំង​​​របស់​​ជន​ផ្តាច់​ការ​និង​បក្ស​ពួក ​ក៏​ស៊ីប្រាក់​ខែ​ប្រជាពលរដ្ឋ​ដែរ​​​​។ ប្រជាជនពុំ​មែន​ត្រឹម​តែ​​ជា​ថៅកែ​ដែល​​ផ្តល់​ប្រាក់​ខែ​ជូន​អ្នក​មាន​អំនាច​និង​អ្នក​រដ្ឋ​ការទាំង​អស់​នោះ​ទេ​ តែ​ក៏​​ជា​អ្នក​ជាវ​សេវាកម្ម​រដ្ឋ​ទាំង​នោះ​ដែរ​ បើ​ពួក​គេ​មិន​ប្រើ​ប្រាស់​សេវាកម្មរដ្ឋ​​ ដូច​ជាប្រជាជន​ទាំង​អស់​រួម​គ្នា​ឈប់​ដាក់​ពាក្យ​ចូល​បំរើ​កង​ទាប់ឬ​សុំ​ច្បាប់​ឈប់​ធ្វើ​ការ​ងារជា​កង​យោធា​ឬ​សន្តិសុខ​​​, រួម​គ្នា​មិនគោរព​ច្បាប់រដ្ឋ​ (Civil Disobience) ​ឈប់​ទៅ​ព្យាបាល​ឬ​ឈប់​ទៅ​ធ្វើ​ការ​ជា​ពេទ្យ​នៅ​មន្ទីរពេទ្យ​​រដ្ឋ​ ឈប់​ទៅ​រៀនឬ​បង្រៀន​​នៅ​សាលារៀន​​រដ្ឋ។ល។ ស្ថាប័ន​រដ្ឋ​ទាំង​នោះ​​នឹង​គាំង មិន​អាច​ទៅ​មុខ​បាន​ដោយ​ស្រួល​។​​ការ​តវ៉ា​ជំទាស់ដោយ​អហិង្សា​តទល់​នឹង​របបដឹក​នាំ​ដោយ​រដ្ឋាភិបាលបក្ស​តែ​មួយ​ផ្តាច់​មុខ​ ធ្វើ​ឡើង​​តាម​​រយៈ​ការ​​​ដក​យក​សសរ​ស្តម្ភចាំ​បាច់​ជាង​គេ​ដែល​ប្រជាជន​បញ្ឈរ​ឡើង​នោះ​ឯង។ វិធី​ផ្លាស់​ប្តូរដោយ​​ចលនា​សង្គម​នេះ​ប្រព្រឹត្ត​ទៅ​​ខុស​ក្រប​ខណ្ឌធម្មតា​ដែល​គេ​តែង​តែង​ធ្វើតាម​រយៈ​ស្ថាប័ន​​នយោបាយ​ (ខុស​​ក្រប​ខណ្ឌ​មិន​មែន​មាន​ន័យ​ថា​ខុស​ច្បាប់​ទេ​) ដូច​ជា​ការ​បោះ​ឆ្នោត​ ការ​ស្វែង​រក​អន្តរាគមន៍​តំណាង​រាស្ត្រ​ សមាជិក​សភា​ អ្នក​នយោបាយ​ទាំង​ឡាយ​ និង​ការ​បង្កើត​ក្រុម​ការ​ងារ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល។ល​។

​ពាក្យ​ផ្សេង​ទៀត​ដែល​ខ្លឹម​សារ​ប្រហាក់​ប្រហែល​នឹងពាក្យ​នេះ​មាន​ដូច​ជា ​​ការ​តវ៉ា​ជំទាស់​ដោយ​ប្រជាជន​ស៊ីវិល (Civil Resistance), ចលនា​អំនាច​ប្រជាជន​ (People Power Movenment), យុទ្ធនាការ​អហិង្សា​ (Nonviolent Campaign), បាតុកម្ម​អហិង្សា​ (Nonviolent Protest) ដែល​នៅ​ក្នុង​ស្នារដៃ​នេះ យើង​សូម​​​ប្រើ​ជំនួស​គ្នា​ទៅ​មក​ ដើម្បីកុំ​ឱយ​ឃើញ​តែ​ពាក្យ​ច្រំ​ដែរ​ ទោះ​បី​អត្ថន័យពិត​ប្រាកដ​នៃ​ពាក្យ​ទាំង​អស់​នេះ​ខុសគ្នា​បន្តិច​បន្តួច​ក៏​ដោយ​។ ពាក្យ​ «ការតវ៉ា​ជំទាស់ដោយ​ប្រជាជន​ស៊ីវិល​​» បង្កប់​ន័យ​ថា​ ចលនា​នោះ​ធ្វើ​ឡើង​ដោ​ប្រជាជន​ស៊ីវិល​ ដើម្បី​​ប្រឆាំង​តែ​មួយ​មុខ​ប៉ុណ្ណោះ​ អាច​ជំទាស់​នឹង​ការ​សំរច​ចិត្ត​ឬ​គោល​នយោបាយ​ណា​មួយធ្វើ​ឡើង​ដោយ​ថ្នាក់​ដឹក​នាំ​ មិន​មែន​ជា​ចលនា​ស្រប​ទេ​។ ឯ​ «ចលនា​អំនាច​ប្រជាជន» វិញ​ ​គឺ​​ជា​ពាក្យដែល​គេ​​ឧស្សហ​ប្រើ​គួរ​សម​ ជា​ចលនារបស់​ប្រជាជន​ស៊ីវិល​ធ្វើ​ឡើង​ប្រឆាំង​របប​ដឹក​នាំ​ ដើម្បី​ផ្លាស់​ប្តូរ​បៀប​ដឹក​នាំ​ ជាច្រើនជា​របប​​​ផ្តាច់​ការ​​។ ពាក្យ​នេះ​មាន​ដើមកំណើត​​ចេញ​ពី​ចលនា​ប្រជាជនប្រឆាំង​នឹង​​ប្រធានាធិបតី​​ផ្តាច់​ការ ហ្វេឌីណេន អេដ្រាលីន​ ម៉ារកូស (Ferdinand Edralin Marcos) ​នៅ​ហ្វីលីពីន ដែល​មាន​​សហរដ្ឋ​អាមេរិច​ជា​ខ្នង​បង្អែក​។​​ «យុទ្ធនាការ»​ នៅ​ទី​នេះ​ យើង​សំដៅ​ដល់​សកម្ម​ភាព​ដោយ​ក្រុមនៅ​ក្រៅ​រដ្ឋ​ ​ប្រើ​បច្ចេកវិធីបន្ត​បន្ទាប់​​ផ្សេងៗ ​​អាច​សង្កេត​ឃើញ​បាន​ ដែលគេ​យក​ទៅ​​​តតាំង​ឬ​ទប់​ទល់​នឹង​រដ្ឋ​អំនាច​ ដើម្បី​សំរេច​គោលដៅ​​​នយោបាយ​ណា​មួយ​។ យុទ្ធនាការ​មាន​ការ​ដឹក​នាំ​ច្បាស់​លាស់​ មិ​នមែន​មនុស្ស​ផ្តុំ​គ្នា​រញ៉េ​រញ៉ៃ គ្មាន​​ចំណុច​ផ្តើម​បញ្ចប់​ជាក់​លាក់​ទេ​។ យុទ្ធនាការ​​មួយ​អាច​មាន​ព្រឹត្តិការណ៍​តិច​ឬ​ច្រើន​ចែក​ដាច់​ពី​គ្នាទៀត​ផង​​។​ យុទ្ធនាការ​អាចមាន​លក្ខណៈ​​ហិង្សាឬអហិង្សា​ និង​លាយ​គ្នា​មុន​ក្រោយក៏​មាន​​ ប៉ុន្តែ​យើង​ផ្តោត​ខ្លាំងនិង​ចែក​ដាច់ ​ដោយ​​វិធីគោល​ដែល​យុទ្ធនាការ​ប្រើ​ប្រាស់នៅ​ពេល​ចាប់​ផ្តើម​ដំបូង​។ អំពើ​ហិង្សា​ដែល​កើត​ឡើង​នៅ​ក្នុង​យុទ្ធនាការ​អហិង្សា​ គ្រាន់​តែជា​អំពើ​ហិង្សា​តូចតាច​​សាមញ្ញ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​ខ្លួន​ ឬដោយ​សារ​​ស្អប់ភ្នាក់​ងារ​បង្ក្រាបរបស់​​​របប​ដឹកនាំ​​ពេគ​ប៉ុណ្ណោះ​ ដូច​ជា​ប្រើ​ដំបង​ ដុំ​ថ្ម​ ចម្ពាម​កៅស៊ូ​។ល។ វា​មិន​អាច​សម្លាប់​មនុស្ស​បាន​ឡើយ (ហើយ​ក៏​អាច​មាន​ផង​ដែរ​ហិង្សា​ដែល​បង្ក​ដោយ​ជន​បង្កប់ដែល​រដ្ឋាភិបាល​ជញ្ជូន​មក​បំផ្លាញ​)​​ គឺ​ពិត​ជា​ពុំ​​ដូច​ហិង្សា​ក្នុង​ចលនា​ឧទ្ទាម​ឬ​យោធា​ដែល​មាន​សម្ភារៈ​សឹក​ធុន​ធ្ងន់តតាំង​នឹង​របប​ដឹក​នាំ​ឡើយ​។  «យុទ្ធនាការ​ហិង្សា»​ គឺ​យើង​ប្រើនៅ​ពេញស្នារដៃ​របស់​យើង​ ​​​មាន​ន័យ​ស្មើ​និង​ជំនួស​គ្នា​នឹង​ពាក្យ​ «កុប​កម្ម​ហិង្សា​» ឯ «​យុទ្ធនាអហិង្សា​» វិញ​គឺ​ «បាតុកម្ម​អហិង្សា​»។ ជា​ការ​​ពិត ​ហិង្សា​បន្តិច​បន្តួច​ដែល​កើត​មាននៅ​​ក្នុង​យុទ្ធនាការ​អហិង្សា​ មិន​គ្រប់​គ្រាន់​សំរាប់​វិនិច្ឆ័យ​ថាយុទ្ធនាការ​​ជាកុប​កម្ម​ហិង្សានោះ​ឡើយ។​​ យើង​សូម​បញ្ជាក់​ថា ប្រទេស​មួយអាច​មាន​យុទ្ធនា​ការ​ច្រើន​ ឬ​យុទ្ធនាការ​តែ​មួយ​តែ​លេច​ឡើង​ច្រើន​ដង​ មាន​ជា​ព្រឹត្តិការណ៍មួយ​ៗបន្ត​បន្ទាប់​គ្នា​​។​​ នៅ​ពាស​ពេញ​ស្នារដៃ​នេះ​ទាំង​មូល​ យើង​សង្កត់​ធ្ងន់​លើ​តែ​យុទ្ធនាការដែល​ប្រជែនឹង​​រដ្ឋ​តែ​ប៉ុណ្ណោះ​ យើង​ពុំ​​រាប់​ករណី​យុទ្ធនាការ​មាន​គោល​ដៅ​ដោះ​ស្រាយ​តូចៗជាង​នេះ​​នោះ​ទេ​។​

គេ​តែង​យល់​ច្រលំ​ថា ​បាតុកម្ម​អហិង្សាមាន​លក្ខណៈ​អសកម្ម​ ​ធ្វើ​ឡើង​ដោយ​អសកម្ម​ ជា​អាវុធ​របស់​អ្នក​ទន់​ខ្សោយ​ អ្នក​គ្មាន​កម្លាំង​គ្មាន​អាវុធ​ទើប​ប្រើ​វិធីអហិង្សា​ អ្នក​ប្រើ​វិធី​អហិង្សា​គឺ​ជា​ពួក​សន្តិ​វិធី​និយម​ ពោល​គឺ វិធី​អហិង្សា​​មិន​អាច​កែ​ប្រែ​អ្វី​បាន​ឡើយ​ គ្រាន់​ដាក់​សម្ពាធ​ឱយ​គេ​ធ្វើការ​កែ​​ប្រែ មាន​ចរិត​សំរប​សំរួល ធ្វើ​ដើម្បី​តែ​​ចរចា​​ប៉ុណ្ណោះ​ គ្មាន​ខុស​អ្វី​ពី​ពួក​សន្តិ​និយមដែល​តែង​​​ប្រឆាំង​សង្គ្រាម​និង​ហិង្សានោះ​ឡើយ​​។ បើ​គេ​មិន​ព្រមធ្វើ​​តាមឬ​ក្បដ​សន្យា​​ គឺ​បាតុកម្មនៅ​តែ​​​បរាជ័យ ព្រោះ​ធ្វើ​អ្វី​គេ​មិន​បាន​​។ អ្នក​មិន​ចេះ​ប្រើ​ហិង្សា​គឺ​ជា​អ្នក​ទន់​ខ្សោយ​ អ្នក​ខ្លាំងគឺ​ជា​អ្នក​ប្រើ​វិធី​ ហិង្សា​។ ប្រសិន​បើគេ​កំណត់​ថា​​បាតុកម្ម​អហិង្សា​អសកម្ម​មែន​ ប្រហែល​ជា​គេ​មាន​ន័យ​ថា​​កុប​កម្ម​ហិង្សា​សកម្ម​ហើយ​។ ប៉ុន្តែ ​ការ​មិន​ធ្វើ​អ្វី​សោះ​, មិន​ហ៊ាន​សូម្បី​តែ​​តវ៉ាឬ​​បញ្ចេញ​​គំនិត​ជំទាស់, សំងំ​បាក់​បប​ខ្លប​ខ្លាច​​​ រួច​អំពាវ​នាវ​ហៅ​បរទេស​និង​​អ្នក​នយោបាយ​ឬ​អ្នក​មាន​អំនាចណា​មួយ​​ឱយ​ជួយ​រហូតនោះ​​ ទើបជា​ភាព​អសកម្មបំផុត​ ដែល​​គ្មាន​នរណា​​អាច​ប្រកែក​បាន​។ ដូច្នេះ​ អំពើ​អហិង្សា​​អសកម្មតែ​ក្នុង​ការ​ប្រើ​ប្រាស់​ហិង្សាលើ​មនុស្ស​ដូច​គ្នា​​ប៉ុណ្ណោះ​​​ តែ​​សកម្មនិង​មាន​កម្លាំង​​ក្នុង​ការ​​ប្រើ​ប្រាស់​វិធី​​អហិង្សា​របស់​ខ្លួន​ ដោយ​​ទាញ​យក​​​​ការ​​សហការ​ ការ​ព្រម​ចំណុះ ការ​​គោរព​តាម​ ការ​ចូល​រួម​ពី​របប​ដឹក​នាំ​ ​ដែលទាំង​នេះ​​គឺ​ជាការ​ផ្តួល​​មូលដ្ឋានគ្រឹះ​​ពិត​ប្រាកដ​នៃ​អំនាច ទោះ​បី​គេ​តែង​តែ​យល់​ច្រលំ​ថា «​​ហិង្សាឬ​ទណ្ឌ​កម្ម​គឺ​ជា​មូលដ្ឋាន​នៃ​អំនាច​» ក៏​ដោយ​​​។ ដោយ​សារ​ប្រភព​អំនាចបាន​​មក​ពី​ការ​គាំទ្រយល់​ព្រម​​តាម​ ​ដូច្នេះការ​ឈប់​គាំទ្រ​​គឺ​ជា​វិធី​សកម្មបំផុត​ ឯ​ហិង្សា​គឺ​ជា​វិធី​វាយ​ខុស​កន្លែង​ ស្គាល់​ខុស​ប្រភព​នៃ​អំនាច​ ខឹង​គោ​វាយ​រទេះ​។ ​គេ​មិន​ត្រឹម​តែ​ដាក់​សម្ពាធ​​មិន​ឱយ​រដ្ឋ​អំនាច​ធ្វើ​អ្វី​ផ្តេស​ផ្តាស​ទេ​ តាម​រយៈ​វិធី​រឹង​ទទឹង​មិន​សហការ​នោះ​ទេ​ ប៉ុន្តែ​បើ​គេ​មិន​ព្រម​ធ្វើ​តាម​បំណង​បាតុករទេ​​ គេ​មាន​តែ​ចាក​ចេញ​ពី​តំណែង​​តែ​ប៉ុណ្ណោះ​ ព្រោះ​អ្នក​ចំណុះ​ក្រោម​អំនាច​របស់​គេ​​លែង​​ធ្វើ​តាម​បញ្ជា​របស់​គេ​ទៀតហើយ​​ ចលនា​អាច​ប្រើវិធីអន្តរាគមន៍​បង្កើតនិង​រៀប​ចំ​រចនាសម្ពន្ធ​ថ្មី​ក្នុង​​​ស្ថាប័ន ដោយ​គ្មានការ​​ជ្រៀត​ជ្រែក​ពី​អ្នក​មាន​អំនាច​ទាំង​អស់នោះ​​បាន​​​​។

អហិង្សា​មិន​មែន​ទន់​ខ្សោយ​ទេ​ ព្រោះ​អ្នក​ខ្លាំង​ទើប​អាច​គ្រប់​គ្រង​អារម្ម​របស់​ខ្លួនឯងនិង​​​មិន​ប្រើ​ប្រាស់​កម្លាំង​ហិង្សា​ដោះ​ស្រាយ​ទំនាស់​​​។ នៅ​ក្នុង​សង្គមមួយ​​ដែល​ញាំ​ញី​ដោយ​សង្គ្រាម​ កាប់​ចាក់ ​បាញ់​បោះ​បង្ហូរ​ឈាម​គ្នា​ អ្នក​ធំ​ធ្វើ​បាប​អ្នក​តូច​ អ្នក​ខ្លាំង​ធ្វើ​បាប​អ្នក​ខ្សោយ​ អ្នក​ណា​ក៏​ចេះ​ប្រើ​អំពើ​ហិង្សាដែរ​​ គ្រាន់​តែ​ខុស​គ្នា​ត្រង់​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​ ប៉ុន្តែ​ពុំ​មែន​គ្រប់​គ្នា​ទេ​ដែល​អាច​មាន​ចិត្ត​អត់​ឱន​ មាន​ភាព​អំណត់ក្នុង​ការ​​ប្រើ​អំពើ​អហិង្សា​ជំនួស​ហិង្សា មិន​យក​កំហឹង​ទល់​កំហល់​​​។ ​ មហាត្មៈ​គន្ធី​ បាន​អះ​អាង​ថា​ «អហិង្សា​មិន​មែន​​ជា​ខែលរបស់​ជន​កំសាក​​ទេ​ តែ​ជា​អាវុធ​របស់​អ្នក​ក្លាហាន​​​។» ដូចគ្នា​​ដែរ​ លោក មារទីន​ លូធើរ​ ឃីង​ អ្នក​ដើរ​តាម​គន្លង​របស់​គន្ធី​ ក៏​បាន​លើក​ឡើង​​មិន​ខុស​គ្នា​ដែរ​​ថា​ «អហិង្សាគឺ​ជា​អាវុធ​ដ៏​មាន​អំនាច​និង​យុត្តិធម៌ដែល​វាយ​ប្រហារ​ ដោយ​មិន​បង្ក​របួស​និង​តម្កើង​តម្លៃ​អ្នក​ដែល​ប្រើ​អាវុធនេះ​។ អហិង្សា​គឺ​ជា​ព្រះ​ខ័ន​ដែល​សង្គ្រោះ​លោក​។​​» នេះក៏​ព្រោះ​​​វប្បធម៌ហិង្សា​ដែល​ត្រូវ​បាន​ផ្ទេរ​ត​ជំនាន់​ ដូច​ជា​ការ​ប្រដៅ​ក្មេង​ដោយ​វាយ​វាត់ជា​ដើម​នោះ​​ បាន​បំបិត​ការ​យល់​ឃើញ​របស់សមាជិក​នៃ​វប្បធម៌​នោះ​​មិន​ឱយ​គិត​​ថា​ វិធី​អហិង្សា​អាច​ទៅ​រួច​និង​មាន​ប្រសិទ្ធ​ភាព​ទេ​​​។ ដោយសារ​ជំ​នឿ​លើ​ការ​ពិត​ក្លែង​ក្លាយ (Myth) ដែល​ថា​ ហិង្សា​ អាវុធ​ កម្លាំង​បាយ​ គឺ​ជា​អំនាច​ នាំ​ឱយ​យើង​គិតថា​​អហិង្សា​គ្មាន​អំនាច​អ្វី​សោះ​។ សំរាប់​ជន​ផ្តាច់​ការ​ គេ​​ជឿ​​ថា​ ហិង្សា​ជា​អំនាច​មែន​ហើយ​ ព្រោះ​ពួក​គេ​បាន​អំនាច​ដោយ​ហិង្សា​ជា​ជាង​សន្លឹក​ឆ្នោត​។ អំនាចរបស់​ពួក​គេ​​អាស្រ័យលើ​កម្លាំង​​ហិង្សា​​ ស្រប​ពេល​ដែល​ពួក​គេ​ភ្លេច​គិត​ថា ​បើកូន​ចៅ​​របស់​ពួកគេ​​មិន​ធ្វើតាម​បង្គាប់ទេ​​ អំពើ​ហិង្សាបង្ក្រាប​​នោះ​មិន​អាច​​ទៅ​រួច​​ឡើយ​ ពោល​គឺ​គេ​មិន​អាច​ទទួល​បាន​ការ​​អនុលោម​តាម​ពី​បុគ្គល​ទាំង​ឡាយ​ ដោយ​ប្រើ​ហិង្សា​លើ​ពួក​គេនោះ​ទេ​​ ទោះ​បាន​ ក៏​ក្លែង​ក្លាយ​ដែរ​។ ទោះ​បី​ជន​ផ្តាច់​ការ​អាច​ដឹង​ពី​ផល​អាក្រក់របស់​អំពើ​ហិង្សា​​លើ​ស្ថេរ​ភាព​អំនាច​របស់​ខ្លួនក៏​ដោយ​​​ ​ពេល​ចង់​ពង្រឹងនិង​រក្សា​​អំនាច​ នៅ​តំណាក់​​កាល​ចុង​ក្រោយ​ គេ​គ្មាន​វិធី​​អ្វី​ផ្សេង​ក្រៅពី​​​ប្រើ​ប្រាស់​ហិង្សា​នោះ​ឡើយ​។ ហិង្សា​ កម្លាំង ​អាវុធ​ពុំ​មែន​ជា​អំនាច​ទេ​ តែ​​គឺ​ជា​មធ្យោបាយដែល​​គេ​ប្រើ​ប្រាស់​​ដើម្បី​វាយ​ដណ្តើម​អំនាច​និង​រក្សា​អំនាចដោយ​បង្ក្រាប​អ្នក​ប្រឆាំង​​។ បើ​គ្មាន​អ្នក​ឋិត​ក្រោម​បង្គាប់ ​ឬ​គ្មាន​អ្នក​ធ្វើ​តាម​សេចក្តី​បង្គាប់​ឱយ​ប្រើ​ហិង្សា​នោះទេ​​ ប្រធានាធិបតី​ នាយក​រដ្ឋ​មន្ត្រី​ មេទាប់ អ្នក​គ្រប់​គ្រង​ ប្រធាន​ អគ្គ​នាយក​ ម្ចាស់​ក្រុម​ហ៊ុន​ គ្រូ​ ម្តាយ​ឪ​ពុក​គឺ​ទទេ​ គ្មាន​អំនាច​អ្វី​បន្តិច​សោះ​។​​ យោល​ទៅតាម​សារ​ជាតិ​របស់​វា​​ អំពើ​ហិង្សា​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​និង​មាន​ចរិត​ផ្តាច់​​ការ​រួច​ស្រេច​ទៅ​ហើយ​ ពី​ព្រោះ​តែ​ប្រជាជន​ភាគ​តិច​ប៉ុណ្ណោះ​ដែល​​អាច​ប្រើ​អំពើ​ហិង្សា​ក្នុង​កំរិត​ធ្ងន់​បាន ហើយ​ទោះ​មនុស្ស​ធំ​តូច​ទាំង​អស់​អាច​ប្រើ​ប្រាស់ហិង្សា​បាន​ យោល​ទៅ​តាម​លក្ខណៈ​រាង​កាយ​​របស់​ពួក​គេ​​ក៏​ដោយ​ ក៏​វា​ច្រើនត្រូវ​បាន​​ប្រើ​ដោយ​អ្នក​ខ្លាំង​ទៅ​លើ​អ្នក​ខ្សោយ​។ ​​ដូច្នេះ​ ទោះ​អ្នក​ប្រើ​ហិង្សា​ចង់​ធ្វើ​ខ្លួន​ឱយ​ប្រជាធិបតេយ្យ​ម្តេច​ក៏​ដោយ​ សារ​ជាតិ​ផ្តាច់​ការ​នៃ​​អំពើ​ហិង្សាមាន​លក្ខណៈ​ប្រមូល​ផ្តុំ​ស្រាប់​ទៅ​ហើយ​ ​ព្រម​ទាំង​​​កំណត់​ចរិត​បុគ្គល​នោះ​ឱយ​ជាប់​ក្នុង​វប្បធម៌​ហិង្សា​ផង​ដែរ​។ ដូច​គ្នា​ដែរ​ ​អំនាច​​របស់​ប្រជាជនពុំ​មែន​​ហិង្សា​ទេ​ តែ​គឺអហិង្សា ​ព្រោះ​ការ​​​​មិន​ព្រម​ចំណុះ​ក្រោម​អំពើ​ហិង្សាមិន​សម​​ស្រប​​របស់​រដ្ឋាភិបាល​​ មិន​ព្រម​សហការនឹង​​អ្នក​ដឹក​នាំ​ បដិសេធ​មិន​ទទួល​ស្គាល់​ភាព​ស្រប​​ច្បាប់​របស់​របប​ ឈប់​ទ្រ​ទ្រង់រដ្ឋ​ ទាំង​អស់​នេះ​គឺ​ជា​អំនាច​អហិង្សា​ អំនាច​​ប្រជាជន​ អំនាចប្រជាធិប​តេយ្យ​​តាម​រយៈ​ចលនា​សង្គមយ៉ាង​ពិត​​ប្រាកដ​​។ ចំណែក​ឯ​ការ​​ប្រើ​ហិង្សា​ប្រៀប​ដូច​ជា​កាំបិត​ចិត​ដង​ឯង ព្រោះតែ​​​រដ្ឋទ្រទ្រង់ដោយ​ពល​រដ្ឋ​ ពល​រដ្ឋ​ប្រើហិង្សា​​បំផ្លាញរដ្ឋ​​គឺ​បំផ្លាញ​សមិទ្ធ​ផល​ខ្លួន​ឯង​​​​​​។ ចលនា​ប្រជាជន​ស៊ីវិល​ មាន​សេរី​ភាពនិង​​ប្រជាធិបតេយ្យ​ត្រង់​ថា​ វា​គ្មាន​កំណត់​លក្ខ​ខណ្ឌ​ចូល​រួម​ គេ​កំរ​អាច​បង្ខិត​បង្ខំ​ប្រជាជន​ឱយ​ចូល​រួម​ឬ​មិន​ចូល​រួម​ចលនា​អហិង្សា​ណាស់​​​ ហើយ​គ្មាន​នរណា​អាច​យក​ចលនា​ធ្វើ​ជា​កម្ម​សិទ្ធិបាន​​នោះ​ដែរ​ ព្រោះ​បាតុករ​អាច​ដើរ​​ចេញពី​ចលនា​​គ្រប់​ពេល​វេលា​ណាដែល​​​មេ​ដឹក​​ដើរ​ខុស​ឆន្ទៈ​ប្រជាជន​។

អ្នក​ប្រើ​វិធី​អហិង្សា​ពុំ​មែន​​ជា​អ្នក​សន្តិ​និយម​ អ្នក​កាន់​សាសនា​ អ្នក​ប្រកាន់​សីលធម៌​ខ្ពស់​អ្វី​ទេ​ ទោះ​បី​អហិង្សា​ត្រូវ​បាន​បង្រៀន​យូរ​មក​ហើយ​ដោយ​មនុស្ស​មួយ​ចំនួន​​នៅ​ចំពូក​នោះ​ក៏​ដោយ​។ អ្នក​ប្រើ​សកម្ម​ភាព​អហិង្សា​ត្រូវ​រក្សា​វិន័យ​អហិង្សា ពុំ​មែន​ធម៌​អហិង្សា​ទេ នៅ​ពេល​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​​​។ ​ពួក​គេ​ប្រើ​ដោយ​ផ្អែក​លើ​ប្រសិទ្ធ​ភាព​និង​យុទ្ធ​សាស្ត្រ​នៃ​សកម្ម​ភាព​អហិង្សា​ ពួក​គេ​ពុំ​ចាំ​បាច់​កាន់​សីល​ ចូល​សាសនា​ ក្លាយ​ទៅ​ជា​មនុស្ស​ប្រកបដោយ​​សីល​ធម៌​ខ្ពស់​អ្វី​ទេ​ ហើយ​ពួក​គេក៏​​នៅ​តែ​អាច​ជោគ​ជ័យ​ ដោយ​មិន​ទាក់​ទង​កត្តា​វប្បធម៌​សាសនា​ទាំង​នេះ​។ អ្នក​កាន់​សាសនា​វិញ​​ក៏​មិន​ប្រាកដ​ថា​សុទ្ធ​តែ​មិន​ប្រើ​ហិង្សាដោះ​ស្រាយ​ទំនាស់​នោះ​ដែរ​​​ មិន​ខ្វះ​តែករណី​​សង្គ្រាម​សាសនា​ក្នុង​ទំព័រ​ប្រវត្តិ​សាស្ត្រ​ សូម្បី​តែ​ពេល​អប់​រុំ​ក្មេង​ក៏​ព្រះ​សង្ឃ​ប្រើ​រំពាត់​ដែរ​។

បាតុកម្ម​អហិង្សា​ ពុំ​មែន​ជា​វិធី​ដែល​គេ​អាច​ពណ៌នា​ថា​ «​មិន​ធ្វើ​អ្វី​សោះ!» នោះ​ទេ​។​ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​មិន​មែន​ជា​ការ​នៅ​ស្ងៀម​ឡើយ​ តែ​ជា​ការ​ចូល​រួម​ប្រឆាំង​នឹង​ភាគី​ពាក់​ពាន់​ទាំង​ឡាយ​ដែល​មិន​អាច​ឬ​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​ ជា​ការ​បង្ហាញ​រោគ​​សញ្ញា​នៃបញ្ហា​ ទាម​ទារ​ថ្នាំ​ព្យាបាល​ជា​បន្ទាន់​​។ ​លោក​ ម៉ារទីន​ លូធើរ ឃីង បាន​ក្រើន​រំឭក​ថា​ «ប្រវត្តិ​សាស្ត្រ​នឹង​ត្រូវ​តែ​កត់​ត្រា​ថា​ សោកនាដកម្ម​ធំ​បំផុត​ក្នុង​កំលុង​ពេល​នៃ​ការ​ផ្លាស់​ប្តូរ​សង្គម​ មិន​មែន​ជា​សម្រែក​តវ៉ា​ដ៏​គ្រោត​គ្រាត​របស់​​មនុស្ស​អាក្រក់​នោះ​ទេ​ តែ​ជា​ការ​ស្ងៀម​ស្ងាត់ប្រកប​ដោយ​ក្តី​រន្ធត់​​របស់​មនុស្ស​ល្អ​។» ទោះ​ការ​ប្រជុំ​គ្នា​សម្តែង​មតិ​ជំទាស់ទំនង​ជា​​មិន​អាច​ដក​ហូត​អំនាច​ជន​ផ្តាច់​ការភ្លាមៗ​​​ក៏​ដោយ​ តែ​វាគឺ​ជា​មាគ៌ា​បឋម​ដែល​ដាស់​សតិ​ប្រជាជន​ឱយ​ងើប​ឡើង​តវ៉ា ​ឈប់​បន្ត​ស្ងាត់​ស្ងៀម​ មាន​ឥទ្ធិ​ពល​ផ្លូវ​ចិត្ត​និង​ផ្លូវ​សីលធម៌​លើ​ប្រជាជន​ខ្លាំង​​ដែរ​។ បន្ទាប់​ពី​សកម្ម​ភាព​ផ្តុំ​គ្នា​តវ៉ា​តូចៗមក​ គេ​អាច​ពង្រីក​សមាជិក​និង​ចាប់​ផ្តើម​អនុវត្ត​វិធី​អហិង្សា​ផ្សេង​ៗទៀត​ ដែល​​មានឥទ្ធិពល​ជា​ច្រើន​ទៀត​ ដូច​ជា​វិធី​មិន​សហការ​និង​វិធី​អន្តរាគមន៍​ជា​ដើម​​ មិន​មែន​ចេះ​តែ​ធ្វើ​បាតុកម្ម​ដដែលៗ​ដោយ​ងាប់​ក្រលា​នោះ​ទេ​។ លោក​ស្រី​ អេរិខា​​ ឆេណូវេថ​ អ្នក​​​វិទ្យាសាស្ត្រ​​នយោបាយ​ជាតិ​អាមេរិកាំង​មួយ​រូប​​ ​បាន​និយាយ​​យ៉ាង​កំប្លែង​អំពី​ទស្សនៈ​ខុស​ៗ​គ្នា​ចំពោះ​សញ្ញា​ណនៃបញ្ញតិ​ «អហិង្សា​» ថា​ «ចួន​កាល​វា​មាន​ន័យ​ថា​ពួក​គេ​មិន​ធ្វើ​អ្វី​សោះ​។ ពួក​គេ​មិន​បាន​ធ្វើ​អ្វី​សោះ​ ហើយ​ក៏​ឃើញ​ថា​​គ្មាន​ប្រសិទ្ធ​ភាព​​ ពួក​គេ​ក៏​បែរ​ទៅ​ប្រើ​អំពើ​ហិង្សា​វិញ​។» ​វិធី​ធ្វើ​បាតុកម្ម​អហិង្សា​មាន​រហូត​ដល់​១៩៨វិធី​ឯ​ណោះ​។ បើ​គេ​មិន​ទាន់​ប្រើ​អស់​វិធី​ទាំង​នោះ​ទេ​ គេ​មិន​គួរ​ប្រញាប់​សន្និដ្ឋាន​​ថា​បាតុកម្ម​អហិង្សា​គ្មាន​ប្រសិទ្ធ​ភាព​នោះ​ឡើយ​ ព្រោះ​ការ​យក​បុរេនិច្ឋ័យមក​វែក​ញែក​ទិន្នន័យ​មុន​គឺ​​ខុសនឹង​​គោលការណ៍​អព្យាក្រឹត​នៃ​វិទ្យាសាស្ត្រ​ ធ្វើ​ឱយ​ទិន្នន័យ​លំអៀង​និង​ល្មើស​ក្រម​សីល​ធម៌​អ្នក​ស្រាវជ្រាវ​ នាំ​ឱយ​ការ​ពិតដែលគេ​ជឿ​​នោះ​ក្លែង​ក្លាយ​ទៅ​វិញ​​។ គេ​ពុំ​គួរ​គិត​ថា​ ​ទាល់​តែ​អំពើ​ហិង្សា​ ទើប​ហៅ​ថា​​សកម្ម​ភាព​តវ៉ា​នោះ​ទេ​ ហើយហិង្សានោះ​ទៀត​សោត​​ក៏​មិន​​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ដែរ​ វា​គ្រាន់​ជា​មធ្យោបាយបង្ខំ​​ភាគី​ម្ខាង​ទៀត​ឱយ​ទទួល​យក​ដំណោះ​ស្រាយ​មិន​ស្មើ​ភាព​មួយ​​ប៉ុណ្ណោះ​ ពោល​គឺ​អ្នក​ខ្លាំង​គឺ​ជា​អ្នក​ឈ្នះ​ យុត្តិធម៌​មាន​សំរាប់​តែ​អ្នក​ខ្លាំង​ឬ​អ្នក​ឈ្នះ​។ ​អហិង្សា​ក៏​មិន​មែន​ជា​វិធី​ដែល​គ្មាន​សុពល​ភាព​ក្នុង​ការ​​ដោះ​ស្រាយ​ទំនាស់​​​នោះ​​ដែរ។ ប្រជាជន​ទួទៅ​ប្រើ​វិធី​អហិង្សា​ដោយ​​មិន​ដឹង​ថា​ខ្លួន​កំពុង​ប្រើ​វា ថែម​ទាំងយក​បរាជ័យ​ទៅភ្ជាប់​ទៅ​នឹង​វិធី​អហិង្សានោះ​ ​ទាំងពេល​កំពុងមាន​​ប្រសិទ្ធ​ភាព​ក៏​មាន​។ ​​គំនិត​មនុស្ស​​ទួទៅ​ដែល​​​​​​ជឿថា ​មធ្យោបាយ​អហិង្សាមិន​អាច​ប្រឆាំង​ត​ទល់​នឹង​អំពើ​សាហាវ​យង់​ឃ្នង់​របស់​ជន​ផ្តាច់​ការបាន​​​​​​ មិន​មែន​ជា​ការ​សិក្សា​ពិសោធ​តេស្ត​ថា​ត្រឹម​ត្រូវ​ឡើយ​ វា​គ្រាន់​ជា​ជំនឿ​ខុស​មួយ​ប៉ុណ្ណោះ​ ព្រោះ​ទោះ​បី​គេ​ប្រើ​វិធី​ហិង្សា​នៅ​ក្នុង​ស្ថាន​ភាព​បង្ក្រាប​រង្គាល​ដូច​គ្នា​នោះ​ក៏​គេ​មិន​អាចប្រាកដ​ថា​​​ជោគ​ជ័យនោះ​ដែរ​​​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s