ប្រជាធិបតេយ្យអាស្រ័យបាតុកម្មអហិង្សា: មូលហេតុដែលបាតុកម្មអហិង្សាមានប្រសិទ្ធភាពជាងកុបកម្មហិង្សា និង មធ្យោបាយធ្វើឱយបាតុកម្មអហិង្សាជោគជ័យ

Democracy base on Civil Resistance - Cover jpg

ទាញ​យក​ស្នារដៃ​ទាំង​មូល​ជា​ឯកសារ​អេឡិចត្រូនិច​ 163 ទំព័រ

Sovannarun TAY (2015) – Democracy base on Civil Resistance – Why Nonviolent Resistance Are More Effective than Violent Insurgency and How to Make Nonviolent Struggle Work

បុព្វ​កថា

៙បើ​យើង​ជា​អ្នក​និពន្ធ​​រង់​ចាំ​អ្នក​ដទៃ​សរសេរ​សៀវភៅ​នេះ​ ពុំ​ដឹងថា​​​ត្រូវ​​ចាំអស់​​រយៈ​ពេល​ប៉ុន្មានខែ​​ឆ្នាំ​នោះ​ទេ​ ទំរំាបាន​អាន ប្រហែល​រហូត​ដល់​ពេលបោះ​​ឆ្នោត​អាណត្តិ​ទី​៦ មិន​ដឹង​នៅ​ទី​ណា​ផង​។​ មិន​តែ​ប៉ុណ្ណោះ​ ស្នារដៃ​របស់​អ្នក​ផ្សេង​ តិច​ឬ​ច្រើននឹង​ខុស​គ្នា​ពី​របស់​យើង​ជាក់​ជា​ពុំ​ខាន​។​ «បើអ្នក​និពន្ធ​គិត​ថា​អ្នក​និពន្ធ​ដទៃ​​​អាច​សរសេរ​បានគ្រាន់​បើ​​ជាង​ខ្លួន​ គេ​ទំនង​ជា​ពុំ​ចាប់​ផ្តើម​សរសេរ​ស្នារដៃ​ដោយ​ខ្លួន​ឯង​នោះ​ទេ​។» អ្នក​និពន្ធមួយ​ចំនួន​តែង​​មាន​គំនិត​បែប​នេះ​​ ទើប​ពួក​គេ​មាន​កម្លាំងចិត្ត​រុញ​ឱយ​ផ្តើម​សរសេរ​​ដោយ​ខ្លួន​ឯង​បាន​។ ​​​និយាយ​នេះ​ពុំ​មែន​មាន​ន័យ​ថា ​យើង​ពុំ​បាន​ប្រព្រឹត្ត​កំហុសនៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​​ទាំង​អម្បាល​ម៉ាន​សោះ​នោះ​ទេ​ ​ ព្រោះ​ស្នារដៃ​នេះ​ធ្វើ​ក្នុង​លក្ខណៈ​ប្រញាប់​ប្រញាល់ ដើម្បី​ឆាប់​បានចែង​ចាយ​ទៅឱយ​​ប្រជា​ជន​ដែល​កំពុងតែ​អស់​សង្ឃឹម​ ក្រោយ​ពេល​បាតុកម្ម​អហិង្សា​បរាជ័យ​។ ទោះ​បី​មាន​​បាតុកម្ម​ជា​ច្រើន​ករណី​ផ្សេងៗ​គ្នា​កើត​ឡើង​ពី​តូច​ទៅ​ធំ​និងពី​ធំ​ទៅ​​បរាជ័យ ក៏​យើងនៅ​តែ​​ពិបាក​រក​អ្នក​សិក្សា​ណា​ម្នាក់​និយាយ​​ភាព​សម​ហេតុ​ផលនៃ​​បាតុកម្ម​អហិង្សា​ ​​ ពី​របៀប​ដែល​ចលនា​ប្រព្រឹត្តទៅ​ យុទ្ធនាការ​​​អហិង្សា​អាច​ជោគ​ជ័យ​បាន​ដោយ​វិធី​ណា​ ក្នុង​កត្តា​ណា​ខ្លះ​ដែលធ្វើ​ឱយ​​បាតុកម្ម​​បរាជ័យ​​​​។ នៅ​ក្នុង​អ៊ីនធើរនេត​ យើងបាន​​ស្វែង​រក​ឃើញ​តែ​ពត៌មាន​ទាក់​ទង​នឹង​បាតុកម្ម​របស់​បក្ស​មួយ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​យើង​​វាយ​ពាក្យ​ «អហិង្សា​» គឺថា ​អ្វី​ដែល​យើង​ចួប​ប្រទះ​ពុំ​មែន​ជា​វិធី​ធ្វើ​បាតុកម្ម​ ការ​សិក្សា​ពិសោធ​ វិភាគ​ឱយ​បាន​ច្បាស់លាស់​ចេញ​ពី​អ្នក​ឯកទេស​ខាង​បាតុកម្ម​អហិង្សា​​អ្វី​ទេ​។ មេ​ដឹក​នាំ​បាតុកម្ម​នោះ​ទៀត​សោត​ក៏​អសមត្ថភាព​ក្នុង​ការ​ដឹក​នាំ​បាតុកម្ម​ទៅ​ទៀត​ មិន​សូវ​យល់​ពី​ដំណើរ​ការ​បាតុកម្ម​ ពុំ​សូវមាន​​​ភាព​ច្នៃប្រតិដ្ឋ​ខាង​កល​យុទ្ធ​អហិង្សា​ ដូច្នេះ​ហើយ​ ពួក​គេ​គ្មាន​សមត្ថភាព​ពន្យល់អ្នក​ចូល​រួម​​​និង​មិន​អាច​បំប្លែង​ពួក​គេ​ឱយ​ក្លាយ​ជា​បាតុករ​អហិង្សា​ដ៏​រឹង​មាំបាន នាំ​ឱយចលនា​​បរាជ័យ​យ៉ាង​ងាយ​ ដោយ​គ្រាន់​តែ​គេ​មក​បង្ក្រាប​បំភ័យ​តែ​មួយ​លើក​សោះ​។ សូម្បី​តែ​អ្នក​វិភាគ​ឯករាជ្យ​ក៏​ពុំជជែក​វែក​ញែក​អំ​ពី​​បាតុកម្មអហិង្សា​ ឱយ​ច្បាស់​ដែរ​ កុំ​​ថា​ដល់ទៅ​​បក​ស្រាយ​ពី​មូល​ហេតុ​បរាជ័យ​របស់បាតុកម្ម​។ ​យើង​ពុំ​ដឹង​ថា​ អ្នក​ចេះ​លាក់​ខ្លួន​មិន​ហ៊ាន​និយាយ​ឬ​មិន​មានអ្នក​ចេះ​អំពី​វិធី​អហិង្សា​នោះ​ទេ​​​ ប៉ុន្តែទោះ​មិន​ចេះ​ដូច​ម្តេចក៏​ដោយ​ ក៏​​គេ​អាច​ស្រាវ​ជ្រាវ​បានតាម​អ៊ីនធើរនេត​និង​បណ្ណាល័យ​នា​នា​ដែរ​ ​ឱយតែ​​​គេ​មាន​ចិត្ត​ចង់​និង​ចាប់​អារម្ម​ពី​ប្រធាន​បទ​នេះ​។ ​មើល​ឃើញ​ដូច្នេះ​ វា​ជា​ឱកាស​របស់​​អ្នក​និពន្ធ​ក្នុងការ​​ត្រួស​ត្រាយ​វិស័យ​នយោបាយ​ខាង​បាតុកម្ម​​អហិង្សា​នេះ​។​

ស្នារដៃ​នេះ​​ចាប់​ផ្តើម​ពី​ពាក្យ​ថា​​ «សកម្ម»​ ​​ពោល​គឺ​ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង​ជា​ជាង​ពឹងអ្នក​ដទៃ​​ឬ​ចាំ​គេ​ជួយ​​​ ដូច្នេះ​អ្នក​និពន្ធ​ត្រូវ​តែ​ផ្តល់​គំរូ​ឱយ​អ្នក​អាន​ជា​មុន​សិន ទោះបី​​គំរូ​នោះ​​តិច​តួច​ស្តួច​ស្តើង​ក៏​ដោយ​ចុះ​​។ សូម​បញ្ជាក់​ថា​ ឯកសារ​នេះ​​នៅ​មាន​ទំព័រ​បន្ត​​ ពោល​គឺ​​សេចក្តី​បញ្ចប់​ដែល​អ្នក​បាន​ឃើញ​ គឺ​ជា​សេចក្តី​ផ្តើម​ដែល​អ្នក​និពន្ធ​ត្រូវផ្ទាត់​ទំព័រ​ប្រឹង​​​តែងបន្ថែម​ទៀត​​​​​។ ​​ ​ដំបូង​យើង​គ្រោង​ត្រឹម​សរសេរ​ជា​អត្ថបទ​ខ្លី​ល្មម​មួយ​ប៉ុណ្ណោះ​ តែ​ដល់​កាន់​តែ​អានឯកសារ​អ្នក​ជំនាញ​​ កាន់​តែ​ជក់​ដៃ​សរសេរពី​មួយ​ទំព័រ​ទៅ​មួយ​ទំព័រ​​ កាន់​តែ​មាន​អារម្ម​ថា​ មាន​ចំណុច​ជា​ច្រើន​ស្អេក​ស្កះ​ដែល​យើង​មិន​អាច​មិន​សរសេរ​បាន​ មូល​ហេតុ​នេះ​​ហើយ​ទើប​ទំព័រ​ចេះ​តែ​កើន​ឡើង​ ផែន​ការ​សរសេរ​ត្រឹម​សប្តាហ​ក៏​ចូល​ដល់ខែ​ សរសេរ​ចប់​​ហើយ​ ក៏ចប់​ត្រឹមតែ​​​បណ្តោះ​អាសន្ន​ទៅ​ទៀត​​។​ យើង​ប្រឹង​ប្រែង​បែប​នេះ​​ ព្រោះ​យើង​បារម្ភ​ពី​​ការ​​បរាជ័យ​របស់​ចលនា​ប្រជាជន​​ជំរុញ​ឱយ​ក្រុម​ណាមួយ​​ចង់​ដើរ​ផ្លូវ​ផ្សេង​ពី​នេះ ដោយ​ចាប់​កាន់​អាវុធ​ បង្កើត​ក្រុម​ឧទ្ទាម​ដែល​ជា​សញ្ញា​គ្រោះ​ថ្នាក់​ដល់​ប្រទេស​ជាតិ​ទាំង​មូល​ជា​ជាង​គណបក្ស​កាន់​អំនាច​។ យើង​សូម​ប្រកាសប្រកប​ដោយ​ជំនឿ​ជាក់​ថា​ «បាតុកម្ម​អហិង្សាបរាជ័យ​ពុំ​មែនមាន​ន័យ​ថា​វា​មិន​អាច​ទៅ​រួច​នោះ​ទេ​​ តែ​គឺ​មក​ពី​អ្នក​ដឹក​នាំ​បាតុកម្ម​មិន​ចេះ​ធ្វើ​ឱយ​ចលនា​នោះ​ទទួល​បាន​ជោគ​ជ័យ​។ ហេតុ​នេះ​ បើ​យុទ្ធនាការ​បរាជ័យ​ ប្រជាពល​រដ្ឋ​​​មិន​ត្រូវរត់​​​ទៅ​ពឹង​ពាក់​បរទេស​ឱយ​អន្តរាគមន៍​យោធា​ឬ​រំពឹង​តុលាការ​អន្តរជាតិជា​ដាច់​ខាត​​​ មិនត្រូវ​ពឹង​សូម្បី​តែ​អ្នក​នយោបាយ​ប្រឆាំង​ក្នុង​ស្រុក​ និង​ហាម​ផ្តាច់​ការ​​ចាប់​កាន់​អាវុធធ្វើកុប​កម្ម​ហិង្សា​​​ បង្កើត​ចលនា​ឧទ្ទាម​ ​គាំទ្រ​ឱយ​មាន​​រដ្ឋ​ប្រហារ​ណា​មួយ​​ ទោះ​បី​ឋិត​ក្នុង​ស្ថាន​ភាព​គាប​សង្កត់ឃោរ​ឃៅ​យ៉ាង​ណា​ក៏​ដោយ​។ សំខាន់បំផុត​គឺ​​ត្រូវ​ចោទ​សួរថា​ ហេតុ​អ្វី​ការ​តវ៉ា​ដោយ​អហិង្សា​របស់ប្រជាជន​​​​នៅ​ប្រទេស​នានាលើ​សាកល​លោក​ជោគ​ជ័យ​​​​ បែរជា​​ចលនា​របស់​ខ្លួនវិញ​​បរាជ័យ​? ធ្វើ​ដូច​ម្តេច​ដើម្បី​យក​ជ័យ​ជំនះ​តាម​រយៈ​មធ្យោបាយអំនាច​ប្រជាជន? តើ​យើង​អាច​រៀនបាន​អ្វី​ខ្លះ​​​ពី​បរាជ័យនោះ​​?​​» ចម្លើយ​មាន​ក្នុង​ស្នារដៃ​ដ៏​ខ្លី​នេះ​ ទោះ​សរសេរ​ពុំ​ទាន់​ចប់​សព្វ​គ្រប់​ក៏​ដោយ​ ក៏​អាច​ប្រើ​ការ​បាន តិច​ឬ​ច្រើន ​​ត្រឹម​បណ្តោះ​អាសន្នដែរ​​។​

សៀវភៅ​នេះ​មិន​មែន​ជា​បទ​​សិក្សា​ឬ​សៀវភៅ​មេ​រៀន​នោះ​ទេ វា​គ្រាន់​តែ​ជា​សេចក្តី​ណែ​នាំ​អំពី​បាតុកម្ម​អហិង្សា​ត្រឹម​កំរិត​មូលដ្ឋាន​ប៉ុណ្ណោះ​ ទោះ​បី​មាន​ទ្រឹស្តី​អ្នក​ប្រាជ្ញជ្រៅ​​ជ្រះ​លាយ​លំ​បន្តិច​បន្តួច​ក្តី​។ ដូច​ចំណងជើង​​ស្រាប់​ យើង​បាន​ផ្តោត​ខ្លាំង​តែ​ទៅ​លើយុទ្ធនាការ​អហិង្សាទេ​ ឯ​យុទ្ធនាការ​​ហិង្សា​វិញ​ យើង​គ្រាន់ពន្យល់​​ក្នុង​កំរិត​សម​ល្មម​ដើម្បី​ប្រៀប​ធៀប​ប៉ុណ្ណោះ ហេតុ​នេះ​ទើប​យើង​មិន​និយាយ​ពី​កត្តា​ជោគ​ជ័យ​របស់​កុបកម្ម​ច្រើន​និងមិន​​ចាប់​ដាក់​ជា​ចំពូកមួយ​ដោយ​ឡែក​​​។​ ពិត​មែន​តែ​យើង​ផ្តោត​លើ​ចលនា​​ប្រជាជន​ដែល​មាន​រដ្ឋ​ជា​គូ​ប្រជែង​ ប៉ុន្តែ​ប្រាកដ​ណាស់​ គេអាច​​ប្រើ​វិធី​នេះ​​ទៅ​ដោះ​ស្រាយ​បញ្ហា​​ជា​ច្រើន​ទៀត​ ដូច​ជា​ ការ​ងារ យេនឌ័រ បរិស្ថាន​ សិទ្ធិ​មនុស្ស​ វិសម​ភាព​សង្គម​ ទំនាស់​ដី​ធ្លី។​​ល។ ស្នារដៃ​នេះ​យើង​បែង​ចែង​ជាបី​​ចំណែក​គឺ​ ទ្រឹស្តី​ ពិសោ​ធន៍​ អនុវត្តន៍​​។ ការ​បង្ហាញ​តែ​ទ្រឹស្តី​ដើម្បី​គាស់​រំលើង​ភាព​សម​ហេតុ​ផល​នៃ​ជោគ​ជ័យ​របស់​ចលនា​ប្រជាជនពិត​មែន​តែ​ធ្វើ​ឱយ​គេ​យល់​ ប៉ុន្តែ​គេ​នៅតែ​​ពុំ​​ទាន់​ហ៊ាន​ជឿ​នៅ​ឡើយ​ បើ​ការ​ពិសោធ​​ភស្តុតាង​ជាក់​ស្តែង​ពុំ​ត្រូវ​បាន​ដាក់​បង្ហាញ​ច្រើន​ករណី​គ្រប់​គ្រាន់​ល្មម​អាច​ជឿ​ជាក់​បាន​។​នៅ​មិន​ទាន់​គ្រប់​​ឡើយ​ បើមិន​​ប្រាប់​ពី​វិធី​អនុវត្តន៍​ទេ​ នោះ​ទ្រឹស្តី​និង​ការ​ពិសោធ​អាច​នឹង​មិន​ក្លាយ​ជា​ការ​ពិត​ សំរាប់​ករណី​អ្នក​អនុវត្ត​អសមត្ថភាព​។ យល់​​ដូច្នេះ​ យើង​ក៏​ព្យាយាម​សរសេរ​អំពី​ការ​អនុវត្ត​ថែម​មួយ​ចុង​ក្រោយ​នេះ​​​។​

យើងបាន​​ពឹង​អាស្រ័យ​លើ​គំនិត​​អ្នក​ប្រាជ្ញ​ខាងចលនា​​​អហិង្សា​មួយ​ចំនួន​​​ ជា​ពិសេសគឺ​ ជីន សាប​ និង​ អេរិខា​ ឆេណូវេថ។ ក្រៅ​ពី​នេះ​ ក៏​​មាន​អ្នក​ជំនាញ​ដទៃ​ទៀត​ដែរ​ ដូច​ជា​ រ៉ូបឺត​ ហ៊ែលវី​, ខឺត​ ហ្ស៊ក់​, ប្រ៊ៀន​ ម៉ារទីន, សឺចា ផូផូវិច,​រ៉ូបឺត ប៊ើររ៉ូ និង​ ម៉ារៀ ស្ទីហ្វឹន​។ អំពី​អំនាច​និង​រដ្ឋ​ យើង​ទាញ​ចេញ​ពី​គំនិតសង្គម​វិទូ​និង​​ទស្សនវិទូ​​ ​ដូច​ជា​​ ម៉េក ​វែប៊ើរ, មីហ្សេល​ ហ្វ៊ូកូល​, ម៉ាយខល​ ម៉ាន់, ប៊្យែរ​ ប៊ួរយូ។ល។​​ មាន​សម្តី​សំរង់​ច្រើន​ហូរ​ហៀរ ដូច​ជារបស់​ គន្ធី,​ ឃីង,​ នីត្សឈី,​ កាមុស,​ ឆូម​ស្គី​​, អាញ​ស្តាញ​, អូរវែល​។ល។​ ដោយ​ហេតុ​​តែ​ជា​​ចំណូល​ចិត្ត​​របស់​យើង​ផ្ទាល់ទើបបាន​ជា​​ដាក់​ច្រើន​បែប​នេះ​ ​ទោះបី​​វា​មិន​សូវ​សម​រម្យ​ខាង​ផ្នែក​កម្ម​សិទ្ធិ​បញ្ញា​ក៏​ដោយ​។ គួរ​​ឱយ​ខ្មាស​ជាង​នេះទៅ​​ទៀតនោះ​​គឺ​ដោយ​សារ​តែ​អ្នក​និពន្ធ​ជា​មនុស្ស​កំប៉េក​កំប៉ុក​ពេគ​ គ្មាន​ស្នារដៃ គ្មាន​តម្រិះ​​វិជ្ជាអ្វី​​អួត​អាង​មក​​បំពាក់​ឱយ​ឃើញ​ថា​អស្ចារ្យ​​នឹង​គេ​ ហេតុ​នេះ​​បើ​មិន​ប្រើ​សម្តី​ សេចក្តីពន្យល់​ ទ្រឹស្តី​និងការ​​ស្រាវ​ជ្រាវ​របស់​អ្នក​ជំនាញ​និង​បុគ្គល​ល្បី​ៗ​ទាំង​នោះ​គឺ​មិន​កើត​ទេ​ ​គ្មាន​នរណា​គេ​ជឿ​យើង​តែ​ម្តង​​ សូម្បី​តែ​គំនិត​ត្រូវ​ឬ​យើង​យក​សម្តី​ត្រូវទាំង​នោះ​​យក​ថា​ឡើង​វិញ​សោះ​ក៏​គេ​គិត​ថា​​ការ​អះ​អាង​របស់​យើង​​ខុស​ដែរ​។ ​សូម​បញ្ជាក់​ថា យើង​មិន​បាន​ដាក់​ប្រភព​នៃ​សម្តី​សំរង់​ទេ​ ពី​ព្រោះ​​ស្នារដៃ​ទាំង​នោះ​មិន​ទាក់​ទងនឹង​ប្រធាន​បទ​របស់​យើង​ និង​ម្យ៉ាង​ ពិបាក​ស្វែង​រក​ប្រភព​ដើម​នៃ​សម្តី​ទាំង​​នោះ​ផង​ តែ​យើង​ព្យាយាម​កាត់​បន្ថយ​តាម​លទ្ធ​ភាព​ មិន​ចុះ​សម្តី​សំរង់​ណា​ដែល​មិន​ច្បាស់​ថា​សាមី​បុគ្គល​នោះ​មិន​​បាន​និយាយនោះ​​ទេ​។ ​

យើង​មិន​ហ៊ាន​អារ​កាត់​ថា​ អ្នក​ដែល​កំពុង​អាន​អត្ថបទ​នេះ​ទាំង​អស់​​​យល់​ពី​គំនិត​ក្នុង​ស្នារដៃ​​នេះក្នុង​កំរិត​ស្មើៗ​គ្នា​ទេ​។ ​ប៉ុន្តែ​យើង​មាន​ការប្តេជ្ញា​​​ថាមនុស្ស​ម្នាក់ៗ​អាចរៀន​អំពី​សកម្ម​ភាព​អហិង្សា​បាននិងអាច​យក​ទៅ​អនុវត្ត​​​​បាន​ត្រឹម​ត្រូវ​ ដូច​វិធី​ហិង្សា​ដែរ​ ព្រោះ​ដោយ​ធម្មជាតិ នរណា​ក៏​​មាន​សមត្ថភាព​ធ្វើ​បាតុកម្ម​អហិង្សា​ដូច​ៗគ្នា មិន​តែ​ប៉ុណ្ណោះ​ វិធី​អហិង្សា​ងាយ​ស្រួល​រៀន​និង​ប្រព្រឹត្ត​ជាងហិង្សា​ឆ្ងាយ​ណាស់​​។ រី​ឯ​ ទ្រឹស្តី​អំនាច​របស់​អ្នក​ប្រាជ្ញ​ពិត​ជា​ពិបាក​យល់​ យើង​ផ្ទាល់​គ្រាន់​តែប្រឹង​យល់​សើរៗ​ក៏​ចំណាយ​ពេល​មិន​តិច​ដែរ​ តែ​សំរាប់​អ្នកអានវិញ​មិន​ចាំ​បាច់​ចូល​ឱយ​ដល់ស្នូល​​ នោះ​​ឡើយ​ ត្រឹម​​​យល់​ច្បោល​ៗ​ក៏​បាន​ ត្បិត​ប្រធាន​បទ​សំខាន់​បំផុត​គឺ​បាតុកម្ម​ពី​​​អហិង្សា​ឯ​ណោះ​ទេ​។​​

ទោះ​បី​យ៉ាង​ណា​ យើង​សូម​ផ្តល់​យោបល់​ឱយ​ស្វែង​រក​អាន​ឯក​សារដើម​មក​​​ជា​ចាំ​បាច់​ ដែល​យើង​បាន​រាយ​នៅ​ខាងចុង​​នៃ​ស្នារដៃ​របស់​យើង​​ ព្រោះ​សំនេរ​របស់​យើង​មិន​ទាន់​លំអិត​និង​រាយ​អស់​ចំណុច​សំខាន់​នៅ​ឡើយ​ ម្យ៉ាង​យើងក៏​​ពុំ​​មែន​ជា​អ្នក​ជំនាញ​ដែរ​។ យើង​ត្រូវ​ការ​ពេល​ពិនិត្យ​ឯកសារ​ពិគ្រោះ​ឱយ​ជាក់​លាក់​និង​គ្រប់​គ្រាន់​ជាង​នេះ​ មិន​មែន​ចេះ​តែ​ស្រមៃ​ដាក់​នោះទេ​ ព្រោះ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក​និពន្ធ​។ ទោះ​បី​ពិនិត្យ​យ៉ាង​ណា​ យើង​គ្មាន​ជំនឿ​ថា​អាច​ដក​ភាព​ទាស់​ឆ្គង់​ចេញ​ទាំង​អស់​ទេ​ គ្រាន់​តែ​សំរួល​តាម​សមត្ថភាព​របស់​យើង​ប៉ុណ្ណោះ​ ត្បិត​អ្នក​និពន្ធ​នៅ​ខ្ចី​ប្រាជ្ញា​នៅ​ឡើយ​។ យើង​រក​បាន​ឯកសារ​អំពី​ចលនាសង្គម​និង​​ចលនា​​អំនាច​ប្រជាជន​មានច្រើន​បង្គួរ​ដែរ​​​​នៅ​ក្នុង​អ៊ីធើរនេត ដោយ​មិន​រាប់​ពី​សៀវភៅ​បោះ​ពុម្ព​ផ្សាយ​​​ផង។ ទោះ​យ៉ាង​ណា​ ជា​ទួទៅ​ មាន​ឯកសារអំពី​យុទ្ធនាការ​អហិង្សា​​​នៅ​តែ​មាន​តិច​តួច​បើ​ប្រៀប​នឹង​យុទ្ធនាការ​ហិង្សា​​។ អាស្រ័យ​ហេតុ​ផល​ឯកសារ​នេះ​ក៏​ជំរុញ​ឱយ​យើង​បញ្ចូល​ឧបសម្ពន្ធ​ ក និង​ ខ ដោយ​គិត​ថា​វិធី​១៩៨​ ​និង​ទិន្នន័យ​ ៣២៣​ករណី​នោះ​ចាំ​បាច់​។

អ្នក​និពន្ធ​បាន​ចំណាយ​ពេល​វេលា​ពី​២ ទៅ​ ៥ ម៉ោង​ជា​មធ្យមក្នុង​មួយ​ថ្ងៃ​ ដើម្បី​សរសេរ​និង​អាន​ឯកសារ​ទាក់​ទង​នា​នា​ជា​ភាសា​អង្លេស​។ តាំង​ថ្ងៃ​អាទិត្យ ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០១៤ (ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​)​ យើង​​ប្រឹង​ប្រែង​អស់​​ពេល​ប្រហែល​​​បី​​ខែ​ជាង​​មក​ហើយ​ ទោះ​ពុំ​សរសេរ​រាល់​​ថ្ងៃ​នៅ​ក្នុង​ចន្លោះ​វេលា​នោះ​ក៏​ដោយ​។ ដោយ​សារ​ស្នារដៃ​នេះ​ យើង​​លះបង់ពលកម្ម​ផ្ទាល់​ខ្លួន​​ច្រើន​ ដោយ​គិត​ក្នុង​ចិត្ត​ថា​ បើ​យើង​បាន​ចេះ​វិធី​ដែល​អាច​រំដោះ​ប្រជាជន​ហើយ​ យើង​ត្រូវ​ជួយ​អ្នក​ដទៃ​ឱយ​អាច​រំដោះ​ខ្លួន​ឯងដែរ​​។ នេះ​ជា​កាតព្វកិច្ច​របស់​អ្នក​ចេះ​ដឹង​ដែល​ត្រូវ​និយាយ​ការ​ពិត​ បដិសេធ​ពាក្យ​មុសា​ ប្រាប់​អំពី​វិធី​សាស្ត្រ​ស្វែង​រក​សច្ចភាព​និង​ទាត់​ចោល​កំហុស​ទាំង​ឡាយ​ ដែល​នៅ​មាន​មនុស្ស​ជា​ច្រើន​នៅបាំង​ដោយ​​ជញ្ជាំង​​នៃ​វប្បធម៌ហិង្សា​នៅ​ឡើយ​។ ទី​បំផុត​ យើង​ពិត​ជា​ផលិត​ក្តិប​ស្នារដៃ​នេះ​ឱយ​ចេញ​ជា​រូប​រាងបានមែន​​ដោយ​សារ​​​ការ​តាំង​ចិត្ត​មិនទន្ទឹង​ចាំ​អ្នក​ដទៃ​សរសេរ! កំហុស​ទាំង​អក្ខរាវិរុទ្ធ​និង​ខ្លឹម​សារទាំង​ប៉ុន្មាន​​ជា​ការ​ធ្វេស​ធ្វេ​ ឬ​​ជា​កា​រគិត​​មិន​ដិត​ដល់ខ្វះ​ភស្តុតាងនិង​បក​ប្រែ​យល់​សេចក្តី​ក្នុង​ឯកសារ​របស់​អ្នក​ជំនាញ​មិន​ដល់របស់​​​អ្នក​និពន្ធ។                         ត. ស.

២៤/០៣/២០១៥

«យើង​អាច​មើល​ឃើញ​តែ​ក្នុង​ចម្ងាយ​មួយ​ខ្លី​ប៉ុណ្ណោះ​ទៅ​អនាគត​

ប៉ុន្តែ​យើង​មើល​ឃើញ​ [កិច្ច​ការ] ជា​ច្រើន​នៅ​ទី​នោះ​​ ដែលយើង​​ត្រូវ​ធ្វើ​ឱយ​ហើយ​។» — អាឡេន ធ្យូរីង​ (Alan Turing)


តារាង​មាតិកា​

 

បុព្វ​កថា​

លំនាំ​ដើម​

 

សញ្ញាណ​និង​ទ្រឹស្តី​

១. ​វប្បធម៌​អហិង្សា​

២. បាតុកម្ម​អហិង្សា 

៣. វិធី​អហិង្សា  

ក. បាតុកម្ម​តវ៉ា​និងការ​បញ្ចុះ​បញ្ចូល

ខ. ការ​មិន​សហការ​

គ. ​អន្តរាគមន៍​ដោយ​អហិង្សា​

៤. យន្ត​ការ​​​បំរែ​បំរួល​

ក. ការ​ប្តូរ​ជំហរ

ខ. ការ​សំរប​សំរួល

គ. ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា

ឃ. ការ​បំបែក​ចេញ

 

របប​ផ្តាច់​ការ​

៥. ​ប្រភព​នៃ​អំនាច​រដ្ឋ​  

៦. ​របប​ផ្តាច់​ការ​និង​ចរិត​របស់​ជន​ផ្តាច់​ការ  

៧. អំនាច​នយោបាយ​របស់​ជន​ផ្តាច់​ការ  

៨. ភាព​ផុយ​ស្រួយ​និង​ចន្លោះ​ប្រហោង​​នៃ​របប​ផ្តាច់​ការ​    

ក. ភាព​ទន់​ខ្សោយ​នៃ​​ប្រព័ន្ធ​​ផ្ទៃ​ក្នុង

ខ. មជ្ឈដ្ឋាន​សង្គម​

គ. មនោគម​វិជ្ជា​និង​តថភាព​ជាក់​ស្តែង​

 

ពិសោធន៍​

៩. មហន្តរាយ​នៃ​កុបកម្ម​ហិង្សា​

ក. អប្រជាធិបតេយ្យ​នៃ​ការ​ចូល​រួម​​

ខ. ជំនួយ​គាំទ្រ​ពី​រដ្ឋ​បរទេស សង្គ្រាម​ស៊ីវិល និង​ប្រជាធិបតេយ្យ​ក្រោយ​ទំនាស់

១០. អំនាច​នៃ​បាតុ​កម្ម​អហិង្សា

ក. អំនាច​​ប្រជាជន​ ៣,៥ភាគ​រយ​

ខ. ប្រជាធិបតេយ្យ​នៃ​ការ​ចូល​រួម​

គ. ជោគ​ជ័យ​និង​បរាជ័យ​របស់​​បាតុកម្ម​អហិង្សា​

ឃ. ភាព​គ្មាន​លក្ខ​ខណ្ឌ​នៃ​បាតុកម្ម​អហិង្សា​

ង. មរណភាព​ទាក់​ទង​នឹង​ទំនាស់​ដោយ​អហិង្សា​

ច. សមិទ្ធ​ផល​នៃ​បាតុកម្ម​អហិង្សា​

១១. អប្រសិទ្ធ​ភាព​នៃ​ការ​បង្ក្រាប​

ក. គោល​បំណង​នៃ​ការ​បង្ក្រាប​និងឆន្ទៈ​របស់​​ភ្នាក់​ងារ​បង្ក្រាប​

ខ. បំប្លែង​សត្រូវ​មក​ជា​មិត្រ​ យក​សេចក្តី​ស្រឡាញ់​ជំនះ​សេចក្តី​ស្អប់​

គ. ការ​គ្រប់​គ្រង​ការ​បង្ក្រាប​

១២. កូដ​កម្មរបស់​អ្នក​គាំទ្រ​ចលនា​ប្រជាជន​ដែល​ឋិត​ក្នុង​កណ្តាប់​ដៃ​ជនផ្តាច់​ការ​

​​១៣. រយៈពេលដែលបាតុកម្ម​អហិង្សា​ត្រូវ​ការដើម្បីទទួល​បាន​​​​​​​ជោគ​ជ័យ    

១៤. កត្តា​​ជា​សារវន្ត​ទាំង​ឡាយ​ដែលចូល​​រួម​កំណត់​ជោគ​ជ័យ​របស់​​បាតុកម្ម​អហិង្សា​

ក. ជំនឿជាក់​​និង​ការ​យល់​ដឹង​អំពី​បាតុកម្ម​

ខ. ការ​ដឹក​នាំ​និង​រៀប​ចំ​គ្រប់​គ្រង​បាតុកម្ម

គ. ទំហំ​និង​ភាព​ចំរុះ​​នៃ​អ្នក​ចូល​រួម​

ឃ. ភាព​ក្រាញ​ននៀល​នៃ​បាតុកម្ម

ង. ភាព​សំបូរ​បែប​នៃ​កល​យុទ្ធ

ច. ស្វ័យ​សំរេច​ចិត្ត​របស់​ពួក​អ្នកមាន​អំនាច​

 

អនុវត្តន៍​

១៥. ការ​អនុវត្ត​បាតុកម្ម​អហិង្សា

ក. បាតុកម្ម​ដោយពុំ​​អាស្រ័យ​លើ​តែ​​មេ​​ដឹក​នាំ​​

ខ. ភាព​ជា​អ្នក​ដឹក​នាំ​និង​តួ​នាទីរបស់អ្នក​ដឹក​នាំ​

គ. ​ការ​ដឹក​នាំនិង​ចាប់​ផ្តើម​​បាតុកម្ម

ឃ. បង្កើត​មូលដ្ឋានស្រប​ច្បាប់នៃ​​​បាតុកម្ម

ង. មហា​យុទ្ធសាស្ត្រ

ច. ការ​បង្កើត​អត្ត​សញ្ញាណ​បាតុកម្ម​ដោយ​​ប្រើ​ប្រាស់និមិត្ត​​សញ្ញា

ឆ. ការ​ជ្រើស​រើស​ទី​តាំង​ធ្វើ​បាតុកម្ម

ជ. ការ​បំបែក​ការ​ភ័យ​ខ្លាច

ឈ. អំនាច​នៃ​ការ​លេង​សើច ចំអក​ និង​កំប្លែង​ស្ងួត

ញ. វិន័យ​អហិង្សា​

ដ. ការ​សម្ងាត់​និង​ការ​បើក​ចំហ​​

ថ. ការ​ទាក់​ទាញ​កៀង​គរ​ប្រជាជន

ឌ. ការ​ប្រមាណ​កម្លាំង​បាតុកម្ម

ឍ. ការ​បែង​ចែក​ការងារ​នៅ​ក្នុង​បាតុកម្ម

ណ. ការ​ទាញ​យក​ប្រយោជន៍​​ពី​ការ​បង្រា្កប​

១៦. ការ​ស្ថាបនា​មូល​ដ្ឋាន​គ្រឹះ​សំរាប់​ប្រជាធិបតេយ្យ​រយៈ​ពេល​វែង​

ក. ការ​បង្ឃាំង​រដ្ឋ​ប្រហារ​

ខ. ការ​អនុវត្ត​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​

បច្ចិម​វាចា​

ឧប​សម្ពន្ធ​ ក

វិធី​អហិង្សា​ទាំង​១៩៨ ចង​ក្រងដោយ​​លោក ​ជីន​ សាប

ឧប​សម្ពន្ធ​ ខ

ទិន្នន័យ​អំពី​យុទ្ធ​នាការ​អហិង្សា​និង​ហិង្សាទាំង​ ៣២៣​ករណី​ ពី​ឆ្នាំ​១៩០០ ដល់​២០០៦

របស់​លោក​ស្រី​ អេរិខា​ ឆេណូវេថ​ និង​លោក​ស្រី​ ​ ម៉ារៀ ស្ទីហ្វឹន​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s