អប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​បាតុកម្ម​អហិង្សា​

Repression Painting

នៅ​ពេល​ប្រឈម​មុខ​នឹង​ការ​បង្ក្រា​ប អំពើហិង្សា​មិន​មែន​ជា​ជំរើស​ចុង​ក្រោយ​ឡើយ​។ ​​ វិធី​អហិង្សា​នៅ​តែអាច​​ប្រើ​បាន​និង​មាន​ប្រសិទ្ធ​ភាព​ បើ​វិធី​មួយ​ទៅ​មិន​រួច​ គេ​នៅ​សល់​វិធី​ជា​ច្រើន​ទៀតដែល​​ទៅ​រួច​។ ​គេ​អាច​យក​​ទៅ​ប្រើ​បាន​ទៅ​តាម​កាលៈ​ទេសៈ​ ស្ថាន​ភាព​ជាក់​ស្តែង​ ​​ថ្លឹង​ថ្លែង​ទៅ​តាម​​ការ​សំរេច​ចិត្ត​និង​ប្រតិកម្ម​របស់​ជន​ផ្តាច់​ការ​។ ជំនឿ​ដែល​ថា ​នៅ​ពេល​មាន​ការ​បង្ក្រាប ​បាតុករ​ឈប់​គាំទ្រ​និង​មិន​ចូល​រួមបាតុកម្មទៀតនោះ​​​​ គ្រាន់​តែ​ជា​ការ​ពិត​ក្លែង​ក្លាយ​ប៉ុណ្ណោះ​។​​ពេល​ចួបប្រទះ​​នឹង​ការបង្ក្រាប បាតុកម្ម​អហិង្សា​មាន​សង្ឃឹម​ជោគ​ជ័យ​ដល់ទៅ​ ​៤៦ភាគ​រយឯ​ណោះ​​ ផ្ទុយ​ទៅ​វិញ កុប​កម្ម​ហិង្សា​មាន​សង្ឃឹម​តែ​ ២០ភាគ​រយ​ទេ​​ ពោល​គឺ​បាតុកម្ម​អហិង្សា​ទំនង​ជា​អាច​ជោគ​ជ័យ​ជាងកុប​កម្ម​ហិង្សា​​លើស​ពី​ពីរ​ដង​។ ​​បាតុកម្ម​អាច​ឈ្នះ​និង​ទាញ​យក​ប្រយោជន៍​ពី​ការ​បង្ក្រាប​បាន​ យោល​តាម​លោក​ស្រី​ ឆេណូវេថ​ ពី​ព្រោះ​មាន​​ហេតុ​ផលចំបង​​ពីរ​៖

១. ​ការ​បង្ក្រាបដែល​មាន​ចេតនា​ចង់​បំបែក​បាតុកម្ម​មិន​បាន​ធ្វើ​ឱយ​បាតុកម្ម​ចុះ​ខ្សោយ​ទេបែរ​ជា​ធ្វើ​ឱយ​​បាតុកម្មកាន់​តែ​​ខ្លាំង​ទៅ​វិញ​ ពោល​គឺ​ការ​បង្ក្រាប​បាន​​​​បង្កើន​កំរិតនៃ​​ការកៀង​គរ​​បាតុករ​ឱយ​ចូល​រួម​បន្ថែម​ទៀត​ (Mobilization)​។ លោក​ស្រី​ ឆេណូវេថ​ មិន​បាន​រក​ឃើញថា​​ ការ​បង្ក្រាប​ធ្វើ​ឱយ​បាតុកម្ម​ចុះ​ខ្សោយ​ឡើយ​ វា​អាច​បន្ថយ​កំរិត​សកម្ម​ភាព​បាតុកម្ម​ក្នុង​រយៈ​ខ្លី​ ប៉ុន្តែ​ក្នុង​រយៈពេល​​វែង​ វា​ជំរុញ​ឱយ​មាន​ការ​កៀង​គរ​ប្រជាជន​ឱយ​ចូល​រួម​ចលនា​ក្នុង​ទ្រង់​ទ្រាយ​ធំ​ទៅ​វិញ​។​ បាតុកម្ម​អហិង្សា​មិន​ត្រឹម​តែ​អាច​ជោគ​ជ័យ​ពេល​ប្រឈម​ដោយ​ផ្ទាល់​​នឹង​ការ​បង្ក្រាបនោះ​ទេ​ ប៉ុន្តែ​របប​ដឹក​នាំ​បើក​ការ​បង្ក្រាបដោយ​ហិង្សា​​បែរ​ជាបង្កើន​ឱកាស​ជោគ​ជ័យ​ឱយ​ចលនា​ ២២ភាគ​រយ​ថែម​ទៀត​។ លោក​ ប៊្រៀន​ ម៉ារទីន​ (Brian Martin)​ ជា​​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ដែល​បានចំណាយ​ពេល​​សិក្សា​អំពី​ដំណើរការ​​នេះ ហើយ​លោកបានហៅ​បាតុភូត​នេះ​​ថា​​ Backfire យើង​សូម​ប្រែ​នៅ​ទី​នេះ​បណ្តោះ​អាសន្ន​ថា​​ «បដិផល​ឬ​ប្រតិ​ផល​» ពោល​គឺ ​​​ជា​​លទ្ធ​ផល​ផ្ទុយ​ពីការ​រំពឹង​ទុកដែល​អ្នកប្រពឹត្ត​មាន​ចេតនា​ចង់​បាន​។ យោល​តាម​លោក ​ការ​បង្ក្រាប​របស់​របប​ដឹក​នាំ​អាច​ទទួល​បាន​បដិផល​ ល្គឹក​ណា​អំពើ​អយុត្តិធម៌​ ជា​រឿយ​ៗគឺ​ការ​វាយ​បង្ក្រាប​ដោយ​ហិង្សា​ហុច​ផល​អវិជ្ជមាន មក​​​ផ្លាត​ត្រូវ​អ្នក​បង្ក​ឡើង​ទៅ​វិញ៖ ក. ធ្វើ​ឱយ​មាន​ការ​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​អំនាច​ដោយ​ពង្រឹង​សាមគ្គី​ភាព​ក្នុង​ចលនា​តវ៉ា ​​ ខ. ប្រជាជន​គាំទ្រ​និង​ចូល​រួម​កាន់តែ​​ច្រើន​ គ. បង្កើត​ឱយ​មានការ​ខ្វែង​គំនិត​និង​ទំនាស់​ក្នុង​ចំណោម​អ្នក​គាំទ្រ​ភាគី​រដ្ឋាភិបាល​ ឃ. ការ​គាំទ្រ​ពី​ខាង​ក្រៅ​​រួម​មាន​​ភាគី​​អន្តរជាតិ​ដែល​ធ្លាប់​តែ​គាំទ្រ​រដ្ឋាភិបាល​បែរប្តូរមក​​​គាំទ្រ​ចលនា​ប្រឆាំង​វិញ​​​។

២.​ ការ​បង្ក្រាប​មិន​អាចប្រព្រឹត្ត​ទៅ​​បាន​ឋិត​ថេរ​យូរ​អង្វែង​​ឡើយ​​ ពោល​គឺ​ គេ​មិន​អាច​បង្ក្រាប​គ្រប់​ប្រជាជន​ គ្រប់ពេល​វេលា​ គ្រប់ទីកន្លែង​បាន​ទេ​។ ​​​បើ​បាតករ​នៅ​តែ​ចួប​គ្នាជា​ថ្មី​ ចលនា​នៅ​តែ​បន្ត​ នឹង​នៅ​តែ​​​កើន​សមាជិក។ ម្យ៉ាងទៀត ​ចលនា​អាច​ផ្លាស់​ប្តូរ​ទី​តាំង​ធ្វើ​បាតុកម្ម​មិន​ឱយ​អ្នក​បង្ក្រាប​ដឹង​ បាតុកម្ម​នៅ​ច្រើន​កន្លែង​ផ្សេង​គ្នា​ ប្រើ​វិធី​បាតុ​កម្ម​ដោយ​មិន​ចេញ​មុខ​ផ្ទាល់​នៅ​ទី​សាធារណៈ​ ឧ. ​វិធី​បំបែក​គ្នា​ទៅរក​​ទី​មាន​សុវត្ថិភាពពេល​មាន​ការ​បង្ក្រាប​ (Dispersion)​,​ វិធី​នៅ​ឱយ​ឆ្ងាយ​ពី​កន្លែង​គ្រោះ​ថ្នាក់​ (Stay away),​ ឬ​ការ​តវ៉ា​នៅ​ផ្ទះ សំងំ​មិន​ចេញ​ទៅ​ចួប​ជុំ​គ្នា (Stay at home protest),​​កូដកម្ម​ឈប់​សំរាក​ដោយ​ខ្លួន​ឯង​ មិន​ព្រម​ទៅ​ធ្វើ​ការ​ ឬ​ទៅ​ធ្វើ​ការ​តែ​ធ្វើ​យឺត (Go slow)​។ល។ អ្នក​បង្ក្រាបមិន​អាច​ដើរ​តាម​បង្ក្រាប​គ្រប់​ប្រជាជន​ដែល​មាន​ចំនួន​ច្រើន​ជាង​ខ្លួនឡើយ​ ហើយ​ទោះ​បង្ក្រាប​បានក៏​បាន​​តិចនិង​​ធ្វើ​មិន​បាន​យូរ​​​​​ដែរ​​។​ នៅ​ពេល​មាន​ការ​លំបាក​បែប​នេះ​ ភ្នាក់​ងារ​បង្ក្រាប​អាចអស់​កម្លាំងធ្វើ​ការ​​ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​លុយ​បន្ថែម​ច្រើន​ឡើង​រហូត​ ដើម្បី​លើក​ទឹក​ចិត្ត​ឱយ​ពួក​គេ​ព្រម​មក​បំពេញ​ភារកិច្ច​បន្ត​ ស្រប​ពេល​ប្រជាជនកាន់​តែ​ច្រើន​​ពន្យារ​ពេល​ធ្វើ​កូដកម្ម​ទៀត​ ប្រព័ន្ធ​សេដ្ឋកិច្ច​គាំង​ធ្វើ​ឱយ​រដ្ឋាភិបាល​ពុំ​អាច​ស៊ូ​បាន​យូរ​ឡើយ​។ ក្រុម​ហ៊ុន​នា​នា​ក៏​រង​ការ​ខូច​ខាត​ខ្លាំង​ពី​កូដកម្ម​ដែរ​ ជា​ហេតុ​​ជំរុញ​ឱយ​​ពួក​គេ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​និង​គ្មាន​លុយ​ច្រើនទៅ​​ជួល​កង​សន្តិ​សុខ​ឱយ​ទៅ​បង្ខំ​បាតុករ​នោះ​ទេ​​​។ នៅ​ពេល​វិធី​បំបែក​គ្នាត្រូវ​បាន​ប្រើ​ដើម្បី​​គេច​ពី​ការ​បង្ក្រាប​ វា​នាំ​ឱយ​កង​កម្លាំង​សន្តិ​សុខ​ អាជ្ញាធរ​ ប៉ូលីស​ យោធា​ទាហាន​ មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​តាម​បង្ក្រាប​និង​​ចាប់​ខ្លួន​ ពី​ព្រោះ​ក្រុម​បាតុករ​ដើរ​ខ្សែលើ​​ក្រុម​អាជ្ញាធរ​ត្រង់​មាន​គ្នី​គ្នា​ច្រើន​ទាំង​ពេល​បំបែក​គ្នា​ប្រសេច​ប្រសាច​និង​ពេល​ពួក​គេ​ធ្វើ​កូដកម្ម​នៅ​ផ្ទះ​ មិន​ទៅ​ធ្វើ​ការ​។ ​ការ​ដែល​បាតុករ​ពួន​សំងំនៅ​​ផ្ទះ​ក្នុង​តំបន់ដែល​មាន​ការ​ប្រទូស​សារាយ​​ ​មិន​ចេញ​ឱយ​ពួក​គេ​វាយ​នៅ​ទី​សារធារណៈ​ ពួក​គេ​ត្រូវ​ដើរ​ឆែក​ឆេរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះមួយ​​ ដើម្បី​បង្ខំ​ឱយ​បាតុករ​ចូល​ទៅ​ធ្វើ​ការ​វិញ​។ ទោះ​បី​បាតុករ​គ្មាន​ពាក់​ម៉ាស់​បិត​មុខ​ក៏​ដោយ​ ក៏​ចំនួន​ច្រើន​នៃ​បាតុករ​បានបង្កើន​​ភាព​​អនាមិក​ដោយ​ស្វ័យ​ប្រវត្តិ​ ដូច្នេះ​អាជ្ញាធរ​ពិបាក​ចំណាំ​អត្តសញ្ញាណបាតុករ​ណាស់​។ ពួក​គេ​មាន​តែវាយ​ឬ​សម្លុត​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដោយ​​មិន​ខ្វល់ថា ​​អ្នក​នោះ​បាន​ចូល​រួម​បាតុកម្ម​ឬ​អត់ទេ​​​​។ ការ​ដើរ​បង្ក្រាបតាម​​​ផ្ទះ ​គ្មាន​ប្រសិទ្ធ​ភាព​ផង​និង​មិន​អាច​ធ្វើបាន​រហូតផង​។​​ យើង​ដឹង​ហើយ​ថា ​បាតុករ​ទាំង​អស់​ ពុំ​មែននៅ​កន្លែង​តែ​មួយ ដូច​ជា​នៅ​ទី​សាធារណៈ​ ឬ​តាម​ផ្លូវ​ដូច​កាល​ដែល​ដើរ​ហែ​ក្បួន​​ផ្តុំ​គ្នា​តវ៉ា​នោះ​ទេ​។ ​​​​បាតុករ​មាន​ទី​លំនៅ​ចួន​ក្បែរគ្នា​​ ចួន​ឆ្ងាយ​ពី​គ្នា​​ គេ​ពិត​ជា​ត្រូវ​ការ​កង​សន្តិសុខ​ច្រើន​ដើម្បី​ដើរ​បង្ក្រាប​តាម​ផ្ទះ​។ ការ​វាយ​បង្ក្រាប​តាម​ផ្ទះបញ្ឈប់​បាតុកម្ម​មិនបាន​ហើយ​ នៅ​ជំរុញ​ឱយ​ពួក​គេ​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត​ ព្រោះ​​នៅ​ពេលដែល​​ពួក​គេ​ចេញ​ទៅ​ផ្តុំ​គ្នា​ក៏​វាយ​ ពួន​សំងំ​នៅ​ផ្ទះ​សោះ​ក៏​វាយ​ គឺ​ជំរុញ​ឱយពួក​គេ​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ស្រុក​កំណើត កម្លាំង​ពល​កម្ម​រិត​​តែ​បាត់បង់​ពី​កន្លែង​ធ្វើ​ការ​ ដោយ​ហេតុ​ថា​ពួក​គេ​មិន​នៅ​ផ្ទះ​ផង​ ចង់​​បង្ខំ​ពួក​គេ​ឱយ​ទៅ​ធ្វើ​ការ​វិញ ក៏​មិន​ដឹង​ថា​ទៅតាម​រក​​ពួក​គេ​នៅ​ឯ​ណា​ដែរ​​។ នៅ​ពេល​គេ​ដើរ​បង្ក្រាប​តាម​ផ្ទះ​ នាំ​ឱយ​ប្រជាជន​បិតទ្វារ​​ផ្ទះ​ចាក់​ចោរ​ចាក​ចេញ​ពី​​កន្លែង​ទៅ​ផ្តុំ​គ្នា​ដដែល មិន​នៅ​ផ្ទះ​ឱយ​ភ្នាក់​ងារ​បង្ក្រាប​វាយ​ដោយ​ងាយៗនោះ​​ទេ​ ព្រោះ​មាន​គ្នា​កាន់​តែ​ច្រើន​ កាន់​តែ​មាន​ភាព​កក់​ក្តៅ​និង​សុវត្ថិភាព​ ហេតុ​នេះ​ហើយ​ទើប​​ពួក​គេ​​ផ្តុំ​គ្នា​ឡើង​វិញ​​។ ការដើរ​​បង្ក្រាបតាម​ផ្ទះ​នៅ​តំបន់​បាតុកម្ម​ធ្វើ​ឱយ​ផ្ទះ​​ដែល​ធ្លាប់​តែ​ជា​កន្លែង​មាន​សុវត្ថិភាព​បំផុត ​ក្លាយ​ជាទី​អសុវត្ថិភាព​បំផុត​ទៅវិញ​។ ដរាប​ណា​​បាតុករ​ចេះ​តែ​គេច​វេះ​ មិនទៅ​បំពេញ​​​ពល​កម្ម​បំរើ​ការ​ងារឱយ​ស្ថាប័ន​របស់​ពួក​គេ​ ​ស្ថាប័ន​ទាំង​នោះ​នៅ​តែ​គាំង​ដំណើរ​ គេ​ពុំ​អាច​បង្ក្រាប​ប្រជាជន​ដែល​បបួល​គ្នា​ធ្វើ​ជា​ពលរដ្ឋ​អត់​ការ​ងារ​ធ្វើ​ទាំង​អស់​គ្នាបាន​​ដែរ​​។ បាតុករ​នឹង​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​ ឬទោះ​​នៅ​ក៏​នៅ​មិន​សុខដែរ​​ ​ជា​ពិសេស ​នៅ​ពេលដែល​​ពួក​គេ​អាច​មើល​តាម​​បង្អួច​ឃើញ​ឆាក​ប្រយុទ្ធ​ផ្ទាល់​នឹង​ភ្នែក ពួក​គេ​រិត​តែ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​​។ នៅ​ក្នុង​តំបន់​បាតុកម្ម​ ក្រោយ​ពេល​ប្រជាជន​ទៅ​​ធ្វើ​បាតុកម្ម​អស់​ អ្នក​នៅ​ផ្ទះមួយ​ចំនួន​តូច​​ទៅ​ជា​មាន​អារម្ម​ថា​គ្មាន​សុវត្ថិភាព​ទៅ​វិញ​។ គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ កង​កម្លាំងសន្តិ​សុខ​​ទាំង​នោះ​ពូកែ​តែ​ខាង​វាយ​បង្ក្រាបប៉ុណ្ណោះ​​។ នៅ​ពេល​ប្រឈម​នឹង​ភាគី​ម្ខាង​ទៀត​ដែល​មិន​ព្រម​តដៃ​ ​បែរ​ជាធ្វើ​ឱយ​ពួក​គេ​ពិបាក មិន​ងាយ​ស្រួលដូច​ជា​​តតាំង​ជា​មួយ​កុប​ករ​ហិង្សា​ឡើយ​។​ ពេល​ចុះ​ទៅ​បង្ក្រាប​ ពួក​គេ​ត្រូវ​លេង​ល្បែង​ដេញ​ចាប់​ជា​មួយ​បាតុករ​ដដែលៗ​រហូត​ វា​ពិត​​ជា​ហត់​និង​គួរឱយ​​ធុញ​ទ្រាន់​ណាស់​សំរាប់​ពួក​គេ​។

លោក​ ខឺត​ ហ្ស៊ក់​ (២០០៥, ទំ. ១០) បាន​បដិសេធ​មតិ​ទួទៅ​ដែល​ថា​ ការ​បង្ក្រាប​កាត់​បន្ថយ​ប្រសិទ្ធ​ភាពនៃ​វិធី​អហិង្សា​របស់​​ចលនា។ លោក​​អះ​អាង​ថា «យុទ្ធនាការ​ប្រើ​ប្រាស់​សកម្ម​ភាព​អហិង្សា​ធ្លាប់បាន​ជោគ​ជ័យ​រហូត​មក​នៅ​ក្នុង​ស្ថាន​ភាព​គាប​សង្កត់​ ហើយ​ក៏​មាន​ករណី​អប្រសិទ្ធ​ភាព​ក្នុង​ការ​​បើកចំហ​នយោបាយ​ប្រជាធិបតេយ្យ​ដែរ​។ ប្រាកដ​ណាស់​ថា​ ការ​បង្ក្រាប​ដាក់​កំរិត​​​សមត្ថភាព​របស់​គូ​ប្រជែង​ក្នុង​ការ​រៀប​ចំ​ចលនា​ ទាក់​ទងគ្នា​​ កៀង​គរសមាជិក​​ និង​ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​​ជា​ក្រុម ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ការ​ចូល​រួម​សកម្ម​ភាព​រួមគ្នា​ទៀត​ផង​​​។ តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ការ​បង្ក្រាប​គ្រាន់​តែ​ជា​កត្តា​មួយ​ក្នុង​ចំណោមកត្តា​​ជា​ច្រើនទៀត​ដែល​ជះ​ឥទ្ធិ​ពល​លើ​ចម្ងាយ​ផ្លូវទៅ​ដល់​គោល​ដៅ​​នៃ​ការ​​តស៊ូដែល​ប្រើ​ប្រាស់​សកម្ម​ភាពអហិង្សា​ប៉ុណ្ណោះ​​ ប៉ុន្តែ​​វា​ពុំ​មែន​ជាគ្រឿង​កំណត់​តែ​មួយ​នៃ​​ទិន្ន​ផល​របស់​យុទ្ធនាការ​នោះ​ទេ។​​​» យើង​តែង​តែ​គិត​ថា​ វិធីតវ៉ា​ដោយ​​អហិង្សា​មិន​តប​ត​នេះ​ពុំ​អាចយក​​ឈ្នះ​ការ​បង្ក្រាប​ដ៏​សាហាវ​របស់​កង​រក្សា​សន្តិ​សុខ​ឡើយ​ វា​មិន​ត្រឹម​តែ​មិន​សម​ទំនង​នឹ​ង​វិចារណញ្ញាណ​ប៉ុណ្ណោះ​ទេ​ តែ​គឺ​ព្រមទាំង​​ផ្ទុយ​ស្រលះ​ពី​សភាវគតិ​ទៀត​ផង​។ ទាំង​អស់​នេះ​កើត​ឡើង​ដោយ​សារ​​ការ​​យល់​ច្រលំ​អំពីពាក្យ​ថា​ «យក​ឈ្នះ​» ក្នុង​បរិបទ​ប្រយុទ្ធ​របស់​កុប​កម្ម​ហិង្សា​។ បាតុកម្ម​អហិង្សា​មិន​មែន​យក​ឈ្នះ​អ្នក​បង្ក្រាប​ដោយ​វាយ​ពួក​គេ​ឱយ​ក្រាប​ចុះ​ចាញ់​នោះ​ទេ តែ​គឺ​ឈ្នះ​ផ្លូវ​ចិត្ត​របស់​ពួក​គេ​ ដោយ​ធ្វើ​ឱយ​ពួក​គេ​ឈប់​បង្ក្រាប​ឬឈប់​ស្តាប់​បញ្ជា​មេ​របស់​ពួក​គេ​។​ លោក​ ខឺត​ ហ្ស៊ក់​ (២០០៥, ទំ. ៤២-៤៣) ឱយ​ហេតុ​ផល​ចំនួន​បួន​អំពី​អប្រសិទ្ធ​ភាព​នៃ​ការ​បង្ក្រាប​៖

១. ការ​បង្ក្រាប​បង្កើន​សាមគ្គី​ភាព​និង​ការ​ប្តេជ្ញា​របស់​បាតុករ​ចំពោះ​យុទ្ធនា​ការ​​ ហើយ​ប្រសិន​បើ​ពួក​គេ​នៅ​តែ​បន្ត​សកម្ម​ភាព​ជា​ក្រុម​និង​រក្សា​វិន័យ​អហិង្សា​របស់​ខ្លួន​ ទោះ​បី​នៅ​ចំពោះ​មុខ​ការ​បង្ក្រាប​ ក៏​ចំនួន​សមាជិក​ថ្មីនឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់ដែរ​ គឺ​សមាជិក​ថ្មី​​ដែល​​​បាន​មក​ពី​​ក្រុម​ជំទាស់​ដែល​រង​អំពើ​អយុត្តិធម៌​របស់​រដ្ឋាភិបាល​​នោះ​។

២. ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ដែល​គ្មានអាវុធ​នៅ​នឹង​ដៃ​នឹង​នាំ​ឱយ​មាន​ការ​ចោទ​សួរ​ងឿង​ឆ្ងល់​​យ៉ាង​ខ្លាំង​ពី​ភាព​ស្រប​ច្បាប់​របស់អាជ្ញាធរ​​រដ្ឋាភិបាល​ ក្នុង​ចំណោម​ក្រុម​​វរ​ជន​នយោបាយ ដែលបាតុភូត​នេះ​មិន​ងាយ​កើត​ឡើង​ឡើយ​​ក្នុង​​ការ​បង្ក្រាបកុប​កម្ម​ហិង្សា​​។ ​បើ​ការ​បែក​ខ្ញែក​ខ្វែង​មតិ​រវាង​វរជន​ទាំង​នោះ​កើត​មាន​​​​ នោះ​ការ​បង្ក្រាប​នឹងបំណែក​បង្កើត​បាន​នូវ​​ចំណែក​ក្រុម​វរជនស្រប​ចលនា​ទៅ​តទល់​មតិ​នឹង​ក្រុម​វរជន​ប្រឆាំង​ចលនា​។ ប៉ុន្តែ​ទោះ​បី​មិន​ទាន់​មាន​ការ​បែក​ខ្ញែក​នោះ​កើត​ឡើងក៏​ដោយ​​ ក៏​ការ​បង្ក្រាប​នៅ​តែ​ជំរុញ​ឱយ​ការ​បែក​ខ្ញែក​នោះ​កកើត​ឡើង​ដែរ​ វា​គ្រាន់​តែ​ជា​បញ្ហា​វេលា​មុន​និង​ក្រោយ​ប៉ុណ្ណោះ​។

៣.​ ការ​បែង​ខ្ញែក​នេះ​ក៏​អាច​កើត​មាន​ក្នុង​ចំណោម​កង​កម្លាំង​ការ​ពារ​សន្តិ​សុខ​និង​យោធាដែរ​ ដោយ​មាន​ក្រុម​ស្រប​នឹង​ចលនា​បដិសេធ​មិន​គោរព​តាមបទ​បញ្ជា​ថ្នាក់​លើ​ ក្នុង​នោះ​លេច​រូប​ភាព​ចេញ​ជា​​​ការចាក​ចេញ​បោះ​បង់​ការងារ​​ឬ​សុំ​ច្បាប់​ឈប់​សំរាក​ ការ​មិន​គោរព​ឬ​មិន​ធ្វើ​តាមសេចក្តី​បង្គាប់​របស់​មេ​ជា​ដើម​។ ប្រតិ​កម្ម​របស់​ពួក​គេ​​ចំពោះ​បាតុករ​អហិង្សា​អាច​មាន​ជា​សមាន​ចិត្ត​ ​ទោះ​ខ្លះ​មាន​តិច​ឬខ្លះ​មាន​​ច្រើន ​ប៉ុន្តែក្នុង​ករណី​កុប​កម្ម​ហិង្សា​វិញ​ វាជា​​បាតុកភូតដ៏​​​កំរ​ ពី​ព្រោះ​ជីវិត​បុគ្គល​ផ្ទាល់របស់​អ្នក​បង្ក្រាប​​​រង​ការគំរាម​កំហែង​ពីអំពើ​ហិង្សា​របស់​កុប​ករ​។

៤. ​ភាគី​ទី​បី​និងក្រុម​​សាធារណៈ​​​ មាន​ដូច​ជា​មហាជន​ទួទៅ​ ចលនា​សង្គម​ឆ្លង​ប្រទេស​ អង្គការ​អន្តរ​ជាតិ​ រដ្ឋាភិបាល​បរទេស​ ទំនង​ជាបញ្ចេញ​សកម្ម​ភាព​ជំទាស់​ទៅ​នឹង​រដ្ឋាភិបាល​​ ឬ​ផ្តល់​ជា​ការ​គាំទ្រ​ដល់​ភាគី​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ស្ថាន​ភាព​ដែល​មានការ​បង្ក្រាប​ពលរដ្ឋ​គ្មាន​ប្រដាប់​អាវុធ ​ព្រោះ​អំពើព្រៃ​ផ្សៃ​បង្ក្រាបដោយ​​ហិង្សាពន្លេច​ចេញ​នូវ​ភាព​មិន​ស្រប​ច្បាប់​​របស់​រដ្ឋាភិបាលថា ​ពួក​គេ​កាន់​អំនាច​ដោយ​អាស្រ័យ​លើ​កម្លាំង​ជា​ជាង​ភាព​ស្រប​ច្បាប់​។​​ ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នេះ​អាច​កើត​ឡើង​តាម​រយៈ​ក្រុម​ទី​បី កាល​ណា​ពួក​គេ​​​បាន​ដឹង​ឮ​អំពី​ព្រឹត្តិការណ៍​បង្ក្រាប ​និង​យក​ចិត្ត​ទុក​ដាក់​ខ្វាយ​ខ្វល់​អំពី​ផល​វិបាក​អវិជ្ជមាន​​​នោះ។ ការ​ប្រឈម​មុខ​គ្នា​តទល់​មិន​ស្មើ​ភាព​រវាង​​កង​កម្លាំងសន្តិសុខ​របស់​រដ្ឋដោយ​​​មាន​ប្រដាប់​អាវុធនិង​បាតុករ​តវ៉ា​ដោយ​ដៃ​ទទេ នឹង​នាំ​ឱយ​មាន​ការ​រីក​រាលនូវ​ទំហំ​​​ភាព​តាន​តឹង​​​​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ មាន​ប៉ះ​ពាល់អាក្រក់​​យ៉ាង​ខ្លាំងទៅ​លើ​ជំហរ​របស់​រដ្ឋក្នុង​ការ​បន្ត​ការ​បង្ក្រាប​និង​ជំរុញ​ឱយ​ភាគី​ទី​បី​ចូល​រួម​ដែរ​។

អាស្រ័យ​លើ​ហេតុ​ទាំង​បួន​នេះ​ហើយ​ លោក​ ខឺត​ ហ្ស៊ក់​ ​​សន្និដ្ឋាន​​ថា​ «ចលនា​អហិង្សា​នៅ​តែ​ឋិត​ថេរ​នៅ​ចំពោះ​មុខ​ការ​បង្ក្រាប​ ដំណើរ​ការ​ទាំង​នេះ​កាន់តែសកម្មឡើង​​។ រដ្ឋ​បញ្ចេញឱយ​ឃើញ​នូវ​​អំពើ​ហិង្សា​​របស់​ខ្លួន​ ផ្ទុយ​ពី​អំពើ​អហិង្សារបស់​បាតុករ វា​​ហុច​ផល​អវិជ្ជមាន​ទៅ​លើ​រដ្ឋ​ខ្លួន​ឯង​និង​នាំ​ឱយ​មាន​ការ​ផ្លាស់​ប្តូរ​មតិ​ [ចំពោះ​រដ្ឋាភិបាល]​ ដែល​កែ​ប្រែ​ទំនាក់​ទំនង​អំនាច​។ ប៉ុន្តែ​ ឋិត​នៅ​ក្នុង​ស្ថាន​ភាព​ដែល​គូ​ប្រជែង​​រដ្ឋាភិបាល (កុប​ករ​) ​​ប្រើប្រាស់​ហិង្សា​វិញ​ ការ​បង្ក្រាប​របស់​រដ្ឋ​នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ត្រឹម​ត្រូវ​អាច​ទទួល​យក​បានទៅ​វិញ​​។​»

​            ចំណុច​ដ៏​​សំខាន់​បំផុត​ដែល​ជា​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​ចំពោះ​ចលនាប្រជាជន​ ​គឺ​​​ការ​បែក​ខ្ញែក​ឬ​ខ្វែង​ទស្សនៈគ្នា​​ក្នុង​ចំណោម​ពួក​អ្នក​គាំទ្រ​រដ្ឋាភិបាល​ដែល​កើត​ចេញ​មក​ពី​​ការ​បង្ក្រាប​​។ ​លោក​ស្រី​ ឆេណូវេថ​ បាន​បន្ត​ពិសោធ​បន្ថែម​លើចំណុច​​នេះ ដោយ​ពង្រីក​ករណី​សិក្សា​ ​និង​តេស្តឃើញ​​ថា​សមត្មិកម្ម​នេះ​​ត្រឹម​ត្រូវ​ប្រាកដមែន​​​។ ​លោក​ស្រី​បាន​ហៅចំណុច​នេះ​​ថា​ «ការ​ផ្លាស់​ប្តូរ​ម្ចាស់​ឬ​ភក្តី​ភាព​» (Loyalty Shift)​​។ លោក​ស្រីបាន​កំណត់​យក​ការ​ផ្លាស់​ប្តូរ​ភក្តី​ភាព​នេះ​តែ​ក្នុង​ចំណោម​កង​​​សន្តិ​សុខប៉ុណ្ណោះ​​និង​គិត​តាំង​ពី​យុទ្ធនាការ​ផ្តើម​រហូត​ដល់បញ្ចប់​ ព្រោះការ​កំណត់​បែប​នេះ​​ជា​រង្វាស់​ម៉ត់​ចត់​ជាង​គេ​​ ដោយ​ភ្នាក់​ងារ​បង្ក្រាប​ជា​ឧបករណ៍​ប្រឆាំង​នឹង​បាតុករ​សំខាន់​ជាង​គេ​ ទោះ​បី​ការ​ផ្លាស់​ប្តូរ​ភក្តី​ភាព​នេះ​ក៏​កើត​មាន​ក្នុង​ចំណោម​ក្រុម​គាំទ្រ​រដ្ឋាភិបាលលផ្សេង​ទៀត​ក៏​ដោយ​ ដូច​ជា​ពួក​អ្នក​រដ្ឋ​ការ​ជា​អាទិ​។ លទ្ធ​ផល​នៃ​ការ​សិក្សា​​បាន​រក​ឃើញ​ថា​ យុទ្ធនាការ​ដែល​មាន​ការ​ចូល​រួម​ទូលំ​ទូលាយ​ទំនង​ជា​នាំទៅ​​រក​ការ​ផ្លាស់​ប្តូរ​ភក្តី​ភាព​នេះ​​​​​​ គឺ​ថា​ការ​ចូល​រួម​ឬ​ចំនួន​សមាជិក​របស់​យុទ្ធនាការ​កាន់​តែ​កើន​ឡើង​ ការ​ផ្លាស់​ប្តូរ​ភក្តី​ភាព​កាន់​តែ​ទំនង​ជា​កើត​មាន​​និង​រីក​រាល​ដាល​ នាំ​ឱយ​ការ​បង្ក្រាបកាន់​តែ​​មិន​ងាយ​​កើត​ឡើង​។ យុទ្ធនាការ​ធំៗ​ដែល​មានការ​​ប្តេជ្ញា​ប្រកាន់ខ្ជាប់​នូវ​ការ​តវ៉ា​ដោយ​អហិង្សា​ ជា​ជាង​ធ្វើ​កុប​កម្ម​ដោយ​ហិង្សា​​ ទំនង​ជាជំរុញ​ឱយ​មាន​​ការ​បោះ​បង់​ការ​បង្ក្រាប​របស់កង​សន្តិ​សុខ​​។ យុទ្ធនាការធ្វើ​ឡើង​ក្នុង​ទ្រង់​ទ្រាយ​ធំមាន​សមាជិក​ច្រើន​ ​ មាន​ឱកាស​ ៦០​ភាគ​រយក្នុង​ការ​ជះ​ឥទ្ធិ​ពល​លើ​​កង​សន្តិ​សុខឱយ​​​បោះ​​បង់​ភារកិច្ច​ និង​មាន​ការ​កើន​ឡើងមក​​ពី​យុទ្ធនាការ​អហិង្សា​តូចបំផុត​លើស​ពី​ ៥០​ភាគ​រយ​។ ចំណែក​កុប​កម្ម​ហិង្សា​វិញ​ ​ជ័យ​ជំនះ​ដោយ​ឡែក​ចំពោះ​ការ​ទាញ​យក​កង​យោធា​មក​នៅ​ខាង​ខ្លួន​វិញ​ គឺ​នៅ​ចន្លោះ​ពី​ ១០ភាគ​រយ​ទៅ​ ៤០ភាគ​រយ​ ហើយក៏​​អាស្រ័យ​ទៅ​លើ​​ចំនួន​សមាជិក​កុប​កម្ម​កើន​ឡើង​ដែរ​។ តែ​មាន​រឿង​​មិន​ល្អ​មួយ​ត្រង់​ថា​ ​តទល់​នឹង​កុប​កម្ម​ហិង្សា​ កង​សន្តិ​សុខ​មាន​តែ​រួប​រួម​ឯក​ភាព​នៅ​ពី​ក្រោយ​របប​ដឹក​នាំ​ ​ធ្វើ​ឱយ​ពួក​គេ​រឹត​​តែ​ប្រយុទ្ធ​ស្លាប់​រស់​ស្មោះ​ស្មគ្រ​នឹង​របប​ដឹក​នាំ ហើយ​​របប​ដឹកនាំ​ក៏​នឹង​សម្អាត​ក្រុម​អ្នក​មាន​គំនិត​ប្រឆាំងចេញ​​ពីជួរ​ទាប់​ដែរ​។ រឿង​ដ៏​សំខាន់ជាក់​ស្តែង​​ដែល​ជំរុញ​ឱយ​​កង​សន្តិ​សុខ​បោះ​បង់​ការ​ងារ​បង្ក្រាប​របស់​ខ្លួន ​គឺ​មកពី​​ចំណង​ខ្សែ​ស្រលាយ​ញាតិ​សន្តាន​​​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ដែល​ចង​ភ្ជាប់​សមាជិក​ខាង​វរជន​ទៅ​នឹង​ប្រជាជន​ស៊ីវិល​ទាំង​មូល​ដែល​បាន​កើន​ឡើង​។ ប្រសិន​បើ​មាន​គេសុំ​សម្ភាសន៍​​​​អំពី​ការ​មិន​បង្ក្រាប​ ពួក​កង​សន្តិ​សុខ​នឹង​ប​ន្លឺ​យ៉ាង​សាមញ្ញថា​​ «ខ្ញុំ​ឃើញ​កូន​របស់​ខ្ញុំ​នៅ​ក្នុង​ហ្វូង​បាតុករ​» ​«ពួក​ម៉ាក​របស់​ខ្ញុំ​នៅ​ក្នុង​នោះ​» ឬ «មាន​អ្នក​ជិត​ខ្ញុំ​នៅ​​ក្នុង​ចំណោម​បាតុករ​។»​ បណ្តាញ​សង្គមគ្រួសារ​ទាំង​អស់នេះ​​នឹង​កាន់​តែ​អាច​មាន​ច្រើន​ឡើង​ នៅ​ពេល​ដែល​អ្នក​ចូល​រួម​យុទ្ធនាការកើន​ឡើង​ដែរ​។ នេះ​ក៏​បង្ហាញពី​​ហេតុ​ផល​មួយ​ដែល​ក្រុម​កង​សន្តិ​សុខមាន​ទំនោរ​អារម្ម​មួយ​គិត​ថា​មិន​ល្អ​ឬ​មិន​ត្រឹម​ត្រូវ​ ដែល​វា​ជាឧបករណ៍​វាស់​ស្ទង់​សមត្ថ​ភាព​របស់ចលនា​ប្រឆាំង​។ ​តំរូវ​ការ​កញ្ចប់​ថវិកា​រដ្ឋ​​របស់​ទាហាន​ ប៉ូលីស​ ថ្នាក់​លើ​​របស់​ពួក​រដ្ឋ​ការ នាំ​ឱយ​ពួក​គេ​ពិចារណា​ចោទសួរ​​អំពី​ជីវភាព​រស់​នៅ​ថ្ងៃ​ក្រោយ​ ហានិភ័យ​ និង​ថ្លៃ​ខូច​ខាត​ជា​ច្រើន​ដែល​អាច​កើត​មាន​ចំពោះ​ពួក​គេ ​នៅ​ពេល​ដែល​ប្រើ​សកម្ម​ភាព​ហិង្សា​​ទៅ​លើ​យុទ្ធនាការ​អហិង្សា​។ ​​ករណី​កុប​កម្ម​ហិង្សា​វិញ​ ពួក​គេ​មិន​ចាំ​បាច់​គិត​គូរ​ពិចារណា​ច្រើន​អំពី​ប្រការ​ខាងលើ​នេះ​ទេ​ ​ ព្រោះ​​បង្ក្រាប​ក្រុម​កុប​ករ​គឺ​ជា​ជំរើស​តែ​មួយ​គត់​ដើម្បី​បំបាត់​ការ​​គំរាម​កំហែង​សុវត្ថិភាព​ផ្លូវ​កាយ​របស់​ពួក​គេ​ ​​ម្យ៉ាង​កុប​ករ​គ្រាន់​តែ​ជា​ក្រុម​ភាគ​តិច​ចេញមក​ពី​ចំនួន​​ប្រជាជន​ទាំង​មូល​ប៉ុណ្ណោះ​ ដូច្នេះ​កំរ​មាន​អ្នក​ស្គាល់​​គ្នាក្នុង​នោះ​ដែល​អាច​នាំ​ឱយ​មាន​សមាន​ចិត្ត​កើត​ឡើង​ណាស់​​។ យ៉ាង​ណា​មិញ​ ក្នុង​ចំណោម​អ្នក​រក​ស៊ី​ធំៗ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​វិញ​ ការ​បន្ត​ទំនាស់​រវាង​រដ្ឋាភិបាល​និង​ក្រុម​​បាតុករ​បង្ក​ការ​​ខាតបង់​​ខាង​សេដ្ឋកិច្ច​ខ្លាំង​ដែល​ជំរុញ​ឱយ​ពួក​គេ ដាក់​សម្ពាធ​​បង្ខំរដ្ឋាភិបាលឱយ​សំរុះ​សំរួល​ផ្សះ​ផ្សារ​ធ្វើ​តាម​ការ​ទារ​ទាម​របស់​បាតុករដែរ​។

បាតុកម្ម​អហិង្សា​អាច​បង្ក​បង្កើត​បាតុភូត​វិជ្ជមាន​ចំពោះ​ចលនា​របស់​ខ្លួន​ និង​អវិជ្ជមាន​ចំពោះ​របប​ដឹក​នាំ​បាន​ លុះ​ត្រា​តែ​បាតុកម្ម​នោះ​អហិង្សា​ ពោល​គឺ​វិន័យ​អហិង្សា​គឺ​ជា​កត្តា​ចាំ​បាច់​ណាស់​ក្នុងការ​កំណត់​វាសនា​បាតុករ​ ផ្ទុយ​ទៅ​វិញ​ បើ​បាតុករ​ប្រែ​ទៅ​​ប្រើ​កម្លាំង​ហិង្សា​និង​អាវុធ​ នោះ​បាតុភូត​វិជ្ជមានដែល​បំរុង​នឹង​កើត​ឡើង​​​នឹង​បាត់​បង់ អ្នក​ទទួល​ផល​គឺ​ភាគី​រដ្ឋាភិបាល​។ ហេតុ​នេះ​ហើយ​ទើប​ភាគី​រដ្ឋាភិបាល​ប្រឹង​បញ្ចូល​ជន​បង្កប់​ទៅ​​បំប្លែង​ចលនា​ឱយ​ប្រែ​ជា​ហិង្សា​ ព្រោះ​ពួក​គេ​ខ្លាច​ពី​ឥទ្ធិពល​នៃ​អំនាច​អហិង្សា​របស់​ប្រជាជន​នេះ​ឯង​។ លោក​ ជីន​ សាប​ បាន​រំឭក​ថា​ «វិន័យ​អហិង្សា​គឺ​ជា​គន្លឹះ​ជោគ​ជ័យ​និង​ត្រូវ​តែ​រក្សា​ឱយ​បាន​ ទោះ​បី​ជន​ផ្តាច់​ការ​ព្យាយាម​បង្កប់​រនុក​ក្នុងមក​បង្ក​រឿង​​និង​ប្រើ​ហិង្សា​ឃោរ​ឃៅ​យ៉ាង​ណា​ក៏​ដោយ​។» បើ​គិត​ពីរឿង​សីលធម៌​ អហិង្សា​គោល​ការណ៍​គឺជា​អំពើ​ដ៏​គួរ​ឱយ​សរសើរ​និង​គួរ​ឱយ​គោរព​ ដោយ​សុខ​ចិត្ត​គេច​វេះ​មិន​ប្រយុទ្ធ​ ឬបើ​ចៀសមិន​​ផុត​ សុខ​ចិត្ត​​ឱយ​គេ​វាយមិន​ត​ដៃ​​ ​ជា​ជាង​ដូច​មនុស្ស​មួយ​ចំនួន​យល់​ថា​ទន់​ជ្រាយ​និង​គ្មាន​បាន​ការ​។ ​លោក​ ខឺត​ ហ្ស៊ក់​ បាន​ពន្លះ​ចេញ​នូវ​សារៈ​សំខាន់​ខាង​យុទ្ធ​សាស្ត្រនៃ​សកម្ម​ភាព​អហិង្សា​ដោយ​លើក​ឡើង​ថា «សំរាប់​ការ​អនុវត្តជាក់​ស្តែង​ វិន័យ​អហិង្សា​គ្មាន​ទាក់​ទង​អ្វីទាល់​តែ​សោះ​​នឹង​សីល​ធម៌​ ប៉ុន្តែអ្វី​ទាំង​អស់​គឺ​ជា​យុទ្ធ​សាស្ត្រ​។  វា​ពាក់​ពាន់នឹង​ការ​អប់​រុំ​អ្នក​ចូល​រួមអំពី​អំនាច​នៃ​សកម្ម​ភាព​អហិង្សា​ ផល​វិបាក​អវិជ្ជមានទៅ​ថ្ងៃ​ក្រោយ​នៃ​អំពើ​ហិង្សា​ និង​ការ​បង្កប់​រនុង​ក្នុង​របស់​រដ្ឋដែល​អាច​​អុច​អាល​ឱយ [បាតុករ] ​​មាន​ប្រតិកម្ម​ហិង្សា [ទៅ​នឹង​ការ​បង្ក្រាប]​ ដើម្បី​រដ្ឋ​អាចធ្វើ​ឱយ​ការ​​បង្ក្រាប​ដោយ​ហិង្សា​របស់​ខ្លួន​ត្រឹម​ត្រូវ​ស្រប​ច្បាប់​និង​​សម​ហេតុ​ផល​។​​​​​​​» អំពើ​ហិង្សា​មិន​ត្រឹម​តែសង្គ្រោះ​ចលនា​មិនបាន​ទេ​ តែ​ជួយ​ឱយ​គំរោង​ការ​បំផ្លាញ​ចលនា​របស់​រដ្ឋាភិបាល​សំរេច​ទៅ​វិញ​។ ដូច្នេះ​ តើ​បាតុករ​មិន​ត្រូវ​​សូម្បី​តែ​វាយ​ការពារ​ខ្លួន​មែន​ទេ​​​​? ត្រង់​ចំណុច​នេះ​ហើយ​ដែល​លោក​ ម៉េលខូម​ អ៊ីច (Malcolm X)​​ ​អ្នក​រិះ​គន់​ការ​តវ៉ា​ដោយ​អហិង្សារបស់​លោក​ ម៉ារទីន​ លូធើរ​ ឃីង​ ថ្លែងជំទាស់​​​ថា​ «វាជា​​ទង្វើ​ឧក្រិដ្ឋ​ដែល​បង្រៀន​មនុស្ស​មិន​ឱយ​វាយ​ការ​ពារ​ខ្លួន​​ នៅ​ពេល​ដែល​ពួក​គេ​តែង​តែ​​ជា​ជន​រង​គ្រោះ​ពី​​ការ​វាយ​ប្រហារ​ឃោរ​ឃៅ​នោះ​។» លោក​ ជីន​ សាប​ ក៏​បាន​និយាយ​ដែល​ថា​ ហិង្សា​បន្តិច​បន្តួច​ការ​ពារ​ខ្លួនគឺជា​រឿង​ដែល​​ពុំ​ចៀស​រួច​ ឬ​ហិង្សា​តិច​តួច​ ដើម្បី​រំដោះ​ខ្លួន​រត់​គេចគឺ​អាច​ទទួល​យក​បាន​ ប៉ុន្តែ​គេ​ពុំ​អាច​យក​មក​លាយ​ឡំ​​នឹង​ហិង្សា​ចេតនា​របស់​បាតុករ​ទៅ​លើ​ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​នោះ​ទេ ទោះ​បី​ពួក​គេ​មិន​មែន​ជា​ជន​បង្កប់​ក៏​ដោយ​។​​​​ ​ ​លោក​ក៏​បាន​ផ្តល់​យោបល់ឱយ​​​កែន​បាតុករ​ចេញ​ឱយ​ឆ្ងាយ​ពី​ក្រុម​​ដែល​ប្រើ​ហិង្សា​ទាំង​នោះ​ដែរ​។ លោក​ ខឺត​ ហ្ស៊ក់​ (២០០៥, ទំ. ៤៤) បាន​ពន្យល់​ហេតុ​ផល​យ៉ាង​ល្អ​អំពីភាព​ចាំ​បាច់​​នៃ​ការមិន​ព្រម​ប្រើ​ហិង្សា​របស់​បាតុករ​​ ឬ​ផល​អាក្រក់​នៃ​អំពើ​ហិង្សារបស់​បាតុករ​ទៅ​លើ​បាតុកម្ម​ខ្លួន​ឯង​​​៖

១.​ ការ​ឈឺ​ចាប់​និង​បញ្ហា​របស់បាតុករ​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​បង្វែរ​បន្លំ​ទៅ​រក​អំពើ​ហិង្សា​របស់​​បាតុករ​វិញ​​​។

២. ចលនា​ប្រើ​មធ្យោបាយ​​ហិង្សាដែល​​ជា​ចំណុច​​ខ្សោយ​បំផុត​របស់ចលនារបស់​ខ្លួន​ទៅ​វាយ​ក្រុម​រដ្ឋាភិបាល​ដែល​មាន​កម្លាំង​​ខ្លាំង​បំផុត​ខាង​ប្រើ​ហិង្សា​​ ជាលទ្ធ​ផល​​នាំ​ឱយ​​ឱកាស​ដើរ​​ខ្សែ​លើ​របស់​ចលនាត្រូវ​បាន​យក​ចេញ​ទៅ​បាត់​និង​បាន​ទៅ​លើ​រដ្ឋាភិបាល​វិញ​​​។

៣. ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុងចលនា​បង្កើត​ឱយ​មាន​ផល​ប៉ះ​ពាល់អាក្រក់​​ផ្ទុយ​ពី​ការ​ចង់​បាន​ (បដិផល​) បង្ខំ​ឱយ​ក្រុម​សាធារណៈ​និង​ភាគី​​ទីបីកាន់​ជើង​រដ្ឋាភិបាល​​ ចលនា​នឹងស្រកចុះ​​ការ​គាំទ្រ ​រដ្ឋាភិបាល​នឹង​ចាំ​ត្រង​ប្រយោជន៍។​​ពាក្យ​ចោទ​​ប្រកាន់​របស់​រដ្ឋាភិបាល​ថា​ចលនា​ប្រជាជន​ប្រើ​ហិង្សា​នឹង​​​​ក្លាយ​ជា​ការ​ពិត​ ជា​ហេតុ​នាំ​ឱយ​​គេ​​ជឿ​រដ្ឋាភិបាលវិញ​ រដ្ឋាភិបាល​ក៏​មិន​ចាំ​បាច់​ហត់ចំណាយ​ប្រាក់​​បញ្ជូន​ជន​បង្កប់ទៅ​បង្ក​រឿង​ដែរ​​។ រដ្ឋាភិបាល​នឹង​រិត​តែ​រឹង​មាំ​ អ្នក​គាំទ្រ​ដ៏ខ្លាំងក្លា​របស់​ចលនា​នឹង​រវាត​ចិត្ត​ ទោះ​បី​ហិង្សា​របស់​បាតុករ​មាន​មូល​ហេតុ​សម​រម្យក៏​ដោយ​។

៤.​ ហិង្សា​របស់បាតុករ​នឹងជួយ​​ផ្តល់​ហេតុផល​ស្រប​ច្បាប់​ត្រឹម​ត្រូវឱយ​​ការ​បង្ក្រាប​របស់​​រដ្ឋាភិបាល​​​ ក្នុង​លេស​រក្សា​សណ្តាប់​ធ្នាប់ ​​អនុវត្ត​ច្បាប់​និង​ការ​ពារ​សន្តិ​សុខ​ជាតិ​។ ទោះ​បី​របប​ដឹក​នាំ​មិន​គោរព​ច្បាប់​ក៏​ដោយ​ បើ​មាន​ច្បាប់​កំពូល​ការ​ពារ​សិទ្ធិ​ធ្វើបាតុកម្ម​ដោយ​សន្តិ​វិធី​និង​ច្បាប់​ព្រហ្មទណ្ឌ​ការ​ពារ​​ជន​ស៊ីវិល​គ្មាន​អាវុធ​នៅ​នឹង​ដៃ​​ រដ្ឋាភិបាល​នឹងទទួល​បាន​ភាព​ស្រប​ច្បាប់​ដែល​​បាត់​បង់​​នោះ​ បើ​សិន​បាតុករ​​ប្រើ​ហិង្សា​។ សរុប​មក​ ដរាប​ណា​ឱយ​តែ​រក្សា​វិន័យ​អហិង្សា​​បាន​ខ្ជាប់​ខ្ជួន​ ទោះ​រដ្ឋ​បង្ក្រាប​ឬ​មិន​បង្ក្រាប​ក៏​ដោយ​ ចលនា​ប្រជាជន​នៅ​តែ​ឈ្នះ​ចិត្តទស្សនិក​ជន​ទាំង​ឡាយ​ ​បាន​ការ​គាំទ្រ​ពី​មជ្ឈ​ដ្ឋាន​សង្គម​ជាតិ​និង​អន្តរជាតិ និង​បំបាក់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​​ បង្ក្រាប​កាន់​តែ​ខ្លាំង​ ចលនា​កាន់​តែ​ចំណេញ​ រដ្ឋាភិបាល​កាន់​តែ​ខាត​។​

លោក​ស្រី​​ ឆេណូវេថ​ (២០១១) តាម​រយៈ​ករណី​សិក្សា​ដោយ​ឡែក​ផ្សេង​ពី​ការ​សិក្សាដែល​ធ្វើ​រួម​នឹងលោក​ស្រី​ ស្ទីហ្វឹន​​ អំពី​បដិផល​នៅ​ក្នុង​ចលនា​ប្រជាជន​នៅតាម​បណ្តា​​ប្រទេស​នៃ​តំបន់​អារ៉ាប់​ (Backfire in Arap Spring) មាន​ដូច​ជា​ ទុយនេស៊ី ដែល​មានលោក​​ បេន​ អាលី (Ben Ali)  ជា​ជន​ផ្តាច់​ការ​,​ អេហ្ស៊ីប មានលោក​ ​ហូស្ន៊ី មូបារ៉ាក់ (Husni Mubarak),​ លីប៊ី មានលោក​ មូអាមម៉ារ ​ហ្គាដាហ្វ៊ី​ (Muammar al-Qadhafi)  និង​បារ៉ែន មានលោក​​​ ហាម៉ាត់​ អាល់​ ខាលីហ្វា​ (Hamad Al Khalifa) ដែល​គេនិយម​​ស្គាល់​ថា​ជា​ «និទាឃរដូវ​អារ៉ាប់»។  លោក​ស្រី​បាន​អះ​អាង​ថា​ «អ្នក​កាន់​អំនាច​ពឹង​ផ្អែក​លើ​ការ​បង្ក្រាបក៏​អាច​ជា​ប្រភព​នៃ​ចំណុច​ខ្សោយធំ​​បំផុត​របស់​របប​ដឹក​នាំ​ដែរ។ របប​ដឹក​នាំ​ត្រូវ​ឱយ​លុយ​ប៉ូលីស​និង​ទាហាន​ដើម្បី​បំពេញ​ការ​ងារ​របស់​ពួក​គេ​។ ហានិភ័យ​ការ​ងារ​កើន​ឡើង​ ថ្លៃ​ចំណាយ​ក៏​ត្រូវ​កើន​ឡើងទៅ​តាម​នោះ​ដែរ​ ដើម្បី​ឱយ​ពួក​គេ​មក​ធ្វើ​ការ​បន្ត​។ ​គិត​​តាមដំណើរ​​នយោបាយ​ ការ​បង្ក្រាប​បាន​បំបាក់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ នៅ​ពេល​ដំណាល​គ្នា​នោះ​​ដែរ​ វា​ក៏​បង្កឱយ​មាន​​ការ​ឈឺ​ចាប់​តវ៉ាប្រឆាំង​នឹង​រដ្ឋាភិបាល​វិញដែរ​​​​។ ការ​ឈឺ​ចាប់​នេះ​បើ​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​អាចធ្វើ​ឱយ​​ជន​ផ្តាច់​ការធ្លាក់ជ្រុះ​​ចេញ​ពីកៅអី​​អំនាចរបស់​ពួក​គេ​បាន​​។» ដើម្បី​ធ្វើឱយ​​ការ​បង្ក្រាប​ផ្លាត​មក​ត្រូវ​ជន​ផ្តាច់​ការ​វិញ​ មាន​កត្តា​ចាំ​បាច់​មួយ​ចំនួន​ដែល​លោក​ស្រី​បាន​ពន្លះ​ចេញ​ពី​ករណី​សិក្សាដោយ​ឡែក​​នេះ​៖

១. ​វិន័យ​អហិង្សា: ចលនា​នៅ​តែ​តវ៉ា​ដោយ​អហិង្សា​ រក្សា​វិន័យ​អហិង្សា​ និង​ប្រើ​ប្រាស់​វិធី​គេច​វេះ​បញ្ចៀស​ពីការ​​បង្ក្រាប​ ទោះ​បី​រដ្ឋាភិបាល​នៅ​តែ​ចាត់​វិធាន​តឹង​រឹង​យង់​ឃ្នង​ និង​បញ្ចូល​ជន​បង្កប់​មក​បំប្លែង​អុច​អាល​ឱយ​មាន​អំពើ​ហិង្សា​កើត​ឡើង​ក៏​ដោយ​។

២. ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈអំពី​ការ​បង្ក្រាប: បើ​ព្រឹត្តិការណ៍​បង្ក្រាប​មិន​ត្រូវ​បាន​ចែក​ចាយ​ឱយ​សាធារណជន​ដឹង​ទេ​ នោះ​ការ​បង្ក្រាប​ហាក់​ដូច​ជា​មិន​បាន​កើតឡើង​​​តែ​ម្តង​ ​រដ្ឋាភិបាល​ក៏​ងាយនឹង​​បោក​ប្រជាជន​ ព្រមទាំង​​​បដិសេធ​រាល់​ការ​ទាក់​ទង​ទាំង​ឡាយ​នឹង​ការ​បញ្ជា​ឱយ​បង្ក្រាប​ទៅ​លើ​ប្រជាជន​​នោះ​ដែរ​។ ដើម្បី​ទប់​ស្កាត់​ការ​ទម្លាយចេញ​នូវ​​អំពើ​ឧក្រិដ្ឋ​របស់ខ្លួន​ ​រដ្ឋាភិបាល​បានចាប់​ខ្លួន​​​អ្នក​សារពត៌មាន​ក្នុង​ស្រុក បណ្តេញ​អ្នក​សារពត៌មាន​បរទេស​ បិត​បណ្តាញ​អគ្គិសនី​និង​ប្រព័ន្ធ​អ៊ីនធើរ​នេត​ រិត​ត្បិត​អ្នក​​ប្រើ​ទូរសព្ទ​និង​បច្ចេកវិទ្យា​ពត៌មាន​ចល័ត​ដទៃ​ទៀត។ ប៉ុន្តែ​សកម្ម​ជន​នៅ​តែ​អាច​ទាក់​ទង​គ្នា​ដោយផ្ទាល់​ ចែក​ចាយ​ពត៌មានឱយ​គ្នា​​ពី​​កុំព្យូទ័រ​​​មួយ​ទៅ​មួយ​ បង្កើត​ខិត្ត​បណ្ណ​ សំនេរ​ខ្លីៗ​​ ភ្ជាប់​ដោយ​រូប​ភាព​ជា​ដើម​។ ​ទោះ​បីរដ្ឋាភិបាល​កាត់​ផ្តាច់​បណ្តាញ​ទំនាក់​ទំនង​ក៏​ដោយ គេ​នៅ​តែ​អាច​ផ្ទេរ​ពត៌មាន​ទៅ​សាធារណជន​បាន​​ឱយ​តែ​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ទង្វើ​រាំង​ខ្ទប់​ពត៌មាន​របស់​រដ្ឋាភិបាល​នោះ​​មាន​តែ​រុញ​ប្រជាជន​ឱយ​ទៅ​ចូល​រួម​ចលនា​ ដើម្បី​ទទួល​បាន​ពត៌មានទៅ​វិញ​​​។ ​​

៣. ភក្តី​ភាព​របស់​កង​សន្តិសុខ: កង​សន្តិសុខនឹង​មាន​ជំហរ​រេ​រា បង្វែរ​ភក្តី​ភាព​របស់​ខ្លួន​ពី​របប​ដឹក​នាំ​មក​ចលនា​ប្រជាជន​វិញ​ ពី​ព្រោះ​ពួក​គេ​ជាប់ពាក់​ពាន់​នឹង​មនុស្ស​នៅ​ក្នុង​ចលនា​ប្រជាជន​​។ ​ចួន​កាល​ ពួក​គេ​មិន​ធ្វើ​តាម​បញ្ជាឱយ​​​បង្ក្រាប ហើយ​ក៏​មិន​ចូល​រួម​បាតុកម្ម​ជា​មួយ​ប្រជាជនដែរ​​ គឺ​នៅ​រក្សា​ជំហរ​អព្យាក្រឹត​ ដែល​ទង្វើ​នេះ​ធ្វើ​ឱយ​រដ្ឋាភិបាល​​បាត់​បង់​សសរ​ស្តម្ភ​គាំទ្រ​ដ៏​សំខាន់​របស់​ខ្លួន​ ​ប្រជាជនក៏​គ្មាន​ឧបសគ្គ​រារាំងចលនា​​បន្ត​ទៀតដែរ​​។ ដើម្បី​ផ្តាច់​ចំណង​សង្គម​រវាង​កង​កម្លាំង​សន្តិ​សុខ​នៅ​តាម​មូលដ្ឋាន​និង​ប្រជាជន​ស៊ីវិល​​ ជន​ផ្តាច់ការ​បានប្រើ​​​​យោធាស៊ី​​ឈ្នួល​ពី​បរទេស​មក​បង្ក្រាប​ប្រជាជន​​។ មើល​ឃើញ​ថា​ពិបាក​ធ្វើ​ឱយ​ទាហាន​បរទេស​បោះ​បង់​ការ​ងារ​បង្ក្រាបរបស់​ខ្លួន​​​ ចលនាប្រជាជន​បាន​ផ្លាស់​ប្តូរ​វិធី​ផ្តុំ​គ្នា​មក​វិធី​បំបែក​គ្នា​​​​ មិន​ប្រឈម​មុខ​នឹង​កង​កម្លាំង​​បរទេស​ ​ និង​ប្តូរ​មុខ​សញ្ញា​ពី​កង​កម្លាំង​ទាហាន​​មក​លើ​អ្នក​រដ្ឋការ​និង​អ្នករក​ស៊ី​ធំ​ៗវិញ​ ដោយ​​​​ធ្វើ​កូដកម្ម​មិន​ទៅ​ធ្វើ​ការ​ធ្វើ​ឱយ​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាប់គាំង​។​ ដោយ​ទាហាន​ស៊ី​ឈ្នួល​មាន​តម្លៃ​ថ្លៃ​ រដ្ឋ​មិន​អាច​ទ្រទ្រង់បាន​យូរ​ឡើយ​ ជា​ពិសេស នៅ​ពេល​ទាហានបរទេស​ទាំង​នោះ​​ក៏​​បង្ក្រាប​បាតុករមិន​បាន​​ ​​​ ​បាតុករ​​ក៏​នៅ​តែ​ធ្វើ​កូដ​កម្ម​ពលិការ​សេដ្ឋកិច្ច​បន្ថែម​ទៀត​។ បាតុករ​នៅ​​តែ​អាចដក​ថយ​មួយ​រយៈ​ រង់​ចាំក្រោយ​ពេល​ទាហាន​បរទេស​ទៅ​ផុត​ ចាក​ចេញពី​ប្រទេស​​ រួច​ហើយ​ប្រមូល​​ផ្តុំ​ក្រុម​​ជា​ថ្មី ​ធ្វើ​បាតុកម្ម​បន្ត​។​​

ក្នុង​ករណី​ដែល​ការ​បង្ក្រាប​អាច​បំបែក​បាតុកម្ម​បាន​ដោយ​ជោគ​ជ័យ​ គឺបណ្តាល​មក​ពីភាព​ទន់ជ្រាយ​​និង​អសមត្ថភាព​របស់​មេ​ដឹក​នាំចលនា​​ដែល​គ្មាន​កលយុទ្ធ​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ស្កាត់​ការ​បង្ក្រាប​​ និង​ពុំ​​អាច​បណ្តុះ​បណ្តាល​​​បាតុករឱយ​​ខ្លាំង​ក្លា​រឹង​មាំ​ឥត​ភ័យ​ខ្លាចបាន​​​។ ​មិន​មែន​មក​ពី​ការ​បង្ក្រាប​នោះ​ទេដែល​បញ្ឈប់​បាតុកម្ម​ តែ​គឺ​​​កត្តា​ផ្លូវ​ចិត្តរបស់​បាតុករ​ខ្លួនឯង​​ ដូច​ជា​​ការ​ភ័យ​ខ្លាច​ ឥត​​មាន​ភាព​អំណត់​អត់​ធ្មត់ ខ្វះ​ភាព​ច្នៃ​ប្រតិដ្ឋ​ខាង​កល​យុទ្ធ​អហិង្សា​​របស់​បាតុករ​ ដែលធ្វើ​ឱយ​ពួក​គេ​បញ្ឈប់​បាតុកម្ម​ដោយ​ខ្លួន​ឯង​ រួច​ហើយ​ចូល​ទៅ​បំរើ​ប្រព័ន្ធ​ដឹក​នាំ​វិញ​ដដែល​។​ មិន​មែន​ការ​បង្ក្រាប​បំបែក​បាតុកម្ម​ដោយ​ផ្ទាល់​​ទេ​ តែ​គឺ​​ដោយ​ប្រយោល តាម​រយៈ​ការ​​ផ្តល់​ជា​គំរូ​គំរាម​ដល់​អ្នក​ដែល​ធ្វើ​បាតុកម្ម​ទាំង​ឡាយ​ថា​នឹង​ទទួល​រង​លទ្ធផល​ដូច​គ្នា​បើ​ពួក​គេ​​នៅ​តែ​បន្ត​។​ បើដរាប​ណា​បាតុករ​នៅ​តែ​មាន​កម្លាំង​ចិត្ត​រឹង​មាំ​ មាន​ឯក​ភាព​និង​សាមគ្គី​ភាព​ គេ​ពិបាក​បំបែក​បាតុកម្ម​ណាស់​ ទោះ​សម្លាប់ឬ​ចាប់​ញាត់​គុក​​ប៉ុន្មាននាក់​​ក៏​ដោយ​។ ប្រសិន​បើ​ពួក​គេ​កាន់​តែ​រួម​គ្នា​​ក្លាហាន​ឱយចាប់​ខ្លួន​ ​អាជ្ញាធរ​ប៉ូលីសកាន់​តែ​មិន​ហ៊ាន​​ចាប់​ខ្លួន​ ផ្ទុយ​ទៅ​វិញ​ បើ​កាន់​តែ​ខ្លាច​ ភាគី​រដ្ឋាភិបាល​​កាន់​តែ​បាន​ដៃ​។ បើ​​បាតុករ​មាន​កលយុទ្ធ​ច្រើន​ក្នុង​ការ​ធ្វើ​បាតុកម្ម​​ ពិសេស​វិធី​ទប់​ទល់​បញ្ចៀស​​​​ការ​បង្ក្រាប​ មាន​ការ​គ្រប់​​គ្រង​និង​មានការ​រៀប​ចំ​ផែន​ការ​សកម្ម​​ភាព​ត្រឹម​ត្រូវ​ នោះ​ការ​បង្ក្រាប​គឺ​ជា​រឿង​ដែល​គេ​ងាយ​​រំពឹង​ទុកនិង​អាច​ងាយ​ចៀស​វាងបាន​​។ ប៉ុន្តែ បើ​​បាតុករមិន​នឹក​ឃើញ​វិធី​សាស្ត្រ​អ្វីដើម្បី​គេច​ពី​​​ការ​បង្ក្រាប​ទេនោះ​​ បាតុកម្មងាយ​នឹង​បរាជ័យ​ណាស់​ ​ព្រោះ​ភាព​អស់​សង្ឃឹមនិង​ភាព​គ្មាន​​​ការ​អត់​ធ្មត់​បង្ខំ​ឱយ​ពួក​គេ​បោះ​បង់​គោល​ជំហរ​មិន​អាច​បន្តទៅ​មុខ​​ទៀតបាន​​។ ​ក្នុង​ករណី​នេះ​ បាតុកម្ម​អហិង្សា​មិន​អាច​បង្វិល​ការ​បង្ក្រាប​ឱយ​មក​ពង្រឹង​អំនាច​បាតុកម្ម​ ស្រូប​ទាញ​សមាជិក​ថ្មីនិង​កាត់​បន្ថយ​កម្លាំង​គូ​ប្រកួត​​បាននោះ​​ទេ​​។ ​ការ​បង្ក្រាប​ធ្វើ​ឡើង​ដើម្បី​បំភ័យជា​ជាង​ដើម្បី​បំបែក​​​ តែ​ប្រសិន​បើ​​​បាតុករ​ចេះ​គ្រប់​គ្រង​ភាព​ភ័យ​ខ្លាច​​ មិន​ឱយ​គេ​ត្រួ​តត្រាបាន​​ នៅ​តែ​បន្ត​បាតុកម្ម ​ហើយ​អាច​ចៀស​វាង​ការ​បង្ក្រាប​បាន​រហូត​នោះ​ នឹង​ធ្វើ​ឱយ​កង​​សន្តិ​សុខ​រេ​រា​គោល​ជំហរ​របស់​ខ្លួន​។

សរុប​មក​ ការ​បង្ក្រាប​ទំនង​ជា​គ្មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​ចលនា​ប្រជាជន​ដែល​រក្សា​វិន័យអហិង្សា​នោះ​ទេ​ មាន​តែ​ជំរុញ​ឱយ​ការ​ចូល​រួម​ចលនា​កាន់​តែ​ខ្លាំង​ទៅ​ទៀត​។ ​នៅ​ពេល​រដ្ឋ​ពឹង​ផ្អែក​លើ​ប្រជាជន​ខ្លួង​ឯង​ស្ទើរ​តែ​ទាំង​ស្រុង​ ប៉ុន្តែ​បែរ​ជា​​ប្រឹង​បង្ក្រាប​ចលនាប្រជាជន​​​​​​ដែល​ធំ​និង​ចំរុះ​ដោយ​​សមាជិក​គ្រប់​ស្រទាប់​សង្គម​នោះ​ រដ្ឋ​ទំនង​ជា​មិន​អាច​កម្ទេច​ចលនា​នោះ​បាន​ឡើយ ​ហើយ​នឹង​ទទួល​បានបដិផល​ឬ​លទ្ធ​ផល​ផ្ទុយទៅ​វិញ​។​​ ​បាតុកម្ម​អាច​ជោគ​ជ័យ​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​កត្តា​ខាង​ក្រៅ​​ទេ​ ទោះ​ឋិត​ក្នុង​របប​ផ្តាច់​ការឃោរ​ឃៅ​យ៉ាង​ណា​ ឬ​ទោះ​របប​នោះ​​ពឹង​ពាក់​យោធា​បរទេស​មកបង្ក្រាប​ចលនា​ក៏​ដោយ​។ ដរាប​ណា​ឱយ​តែ​បាតុករនៅ​តែ​រក្សា​វិន័យ​ហិង្សា​ ផ្សព្វ​ផ្សាយ​ឱយ​បាន​ទូលំ​ទូលាយ​ពី​ការ​បង្ក្រាប​​របស់​រដ្ឋា​ភិបាល ​ទាក់​ទាញ​​ប្រជាជន​ដែល​មាន​ទំនាក់​ទំនង​នឹង​កង​កម្លាំង​សន្តិ​សុខឱយ​ចូល​រួម​បាតុកម្ម​​ និង​មាន​កល​យុទ្ធ​ចៀស​វាង​ពី​ការ​បង្ក្រាប​ ក្រាញ​ននៀល​មិន​ឈប់​តស៊ូ​ ប្រើ​​វិធី​មិន​សហការ​និង​វិធី​អន្តរាគមន៍​​ក្នុង​ទ្រង់​ទ្រាយ​ធំ​​ នោះ​ចលនា​ប្រជាជន​នឹងទទួល​បាន​ជ័យ​ជំនះ​លើ​របប​ដឹក​នាំ​ ដោយ​ដណ្តើម​យក​សសរ​ស្តម្ភ​គាំទ្រ​រដ្ឋាភិបាល​ ដូច​ជា​ភ្នាក់​ងារ​បង្ក្រាប​ ឱយ​មក​ឈរនៅ​​ខាង​ខ្លួន​វិញ​៕

ឯកសារ​យោង​៖

៙ខឺត ហ្ស៊ក់ ​(Kurt Schock). ២០០៥. «កុប​កម្ម​ដោយ​គ្មាន​ប្រដាប់​អាវុធ​: ចលនា​អំនាច​ប្រជាជន​នៅ​តាម​ប្រទេស​មិន​កាន់​របប​ប្រជាធិបតេយ្យ​» (Unarmed Insurrections: People Power Movements In Nondemocracies). ឡុងដុន: រោង​ពុម្ពសាកល​វិទ្យាល័យ​មីនេសូតា ​(London: University of Minnesota Press)។

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

៙អេរិខា ឆេណូវេថ​. ២០១១. «បដិ​ផល​នៅ​ក្នុង​និទាឃរដូវ​អារ៉ាប់​» (Backfire in Arap Spring). នៅ​ក្នុង​ «បដិវត្តន៍​និង​ការ​ផ្លាស់​ប្តូរ​ខាង​នយោបាយ​នៅ​មជ្ឈិម​បូព៌ា​» (Revolutiona and Politcal Transformation in Middle East). វ៉ាស៊ីនថុន​ ឌី ស៊ី: វិទ្យាស្ថាន​មជ្ឈិម​បូព៌ា (Washingtone, D. C: Middle East Institute)​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s