ចលនា​​ប្រជាជនដែល​មាន​ចំនួន​អ្នក​ចូល​រួម​តែ​​ ​៣,៥​ភាគ​រយ​នៃ​ប្រជាជន​សរុប​ប៉ុណ្ណោះ​អាច​យក​ឈ្នះ​រដ្ឋាភិបាល​បាន​ហើយ​

ចលនា​តវ៉ា​​ដោយ​ប្រជាជន​ស៊ីវិល​ដែល​ជោគ​ជ័យ​ មិន​មែន​ត្រូវ​ការ​ចំនួន​អ្នក​ចូល​រួម​ដល់​ថ្នាក់​ទួទាំង​ប្រទេស​ឬ​ពាក់​កណ្តាល​ប្រទេស​នោះ​ទេ​។ អ្នក​ស្រាវ​ជ្រាវ​មុន​គឺ​លោក​ ម៉ាក ​លីចបាក​​ (Mark Lichbach) នៅ​ក្នុង​សា្នរដៃ​ «ជំរើសទ្វេ​គ្រោះ​​របស់​ពួក​ឧទ្ទាម​​» (The Rebel’s Dilemma) ធ្លាប់បាន​​អះ​អាង​ថា​ គ្មាន​រដ្ឋាភិបាល​ណា​​អាច​ទប់​ទល់​បាន​នឹង​​ចំនួន​​ ៥ភាគ​រយ​នៃប្រជាជន​សរុប​របស់​ខ្លួន​នោះ​ទេ ដែល​លោក​ហៅ​ថា​ វិធាន​ ៥ភាគ​រយ​​។ ​ប៉ុន្តែ​​ ការ​សិក្សា​របស់​លោក​ស្រី​ ឆេណូវេថ បាន​បដិសេធ​សម្មតិកម្ម​ចាស់នេះ​ ដោយ​បាន​វាស់​ស្ទង់ឃើញ​ថា ​​ចំនួននោះ​​តិច​ជាង​នេះ​ ពោល​គឺ​ ​​​ចលនា​ប្រជាជន​​ត្រូវ​ការ​​​​​ត្រឹម​តែ​​ ៣,៥ភាគ​រយប៉ុណ្ណោះ​ ​(3.5% Rule)។ ​​ខាង​ក្រោម​នេះ​ជា​បាឋកថា​របស់​លោក​ស្រី​ដែល​​បានមាន​​ប្រសាសន៍​នៅឱកាស​ព្រឹត្តិការណ៍កម្ម​វិធី​ «ថេដ​អ៊ិច​បូល្ឌើរ» (TEDxBoulder) អំពី​ «ជោគ​ជ័យ​នៃ​ការ​តវ៉ា​ដោយ​អហិង្សា​របស់​ប្រជាជន​ស៊ីវិល​» បង្ហាញ​នៅថ្ងៃ​ទី​២១ ខែ​កញ្ញា​ ឆ្នាំ​២០១៣ មាន​សេចក្តី​ដូច​ត​ទៅនេះ​​៖

ពី​ឆ្នាំ​១៩០០ ដល់​ ២០០៦ យុទ្ធនាការ​អហិង្សា​នៅ​ទួទាំង​សាកល​លោក​បានសំរេច​បាន​​ជ័យ​ជំនះ​ទាំង​សុ្រង ទ្វេ​ដង​​បើ​ប្រៀប​នឹង​កុប​កម្ម​ហិង្សា​ ហើយ​នៅ​មាន​ច្រើន​បន្ត​ទៀត​។ លំហូរ​អហិង្សា​នេះថែម​ទាំង​​បន្ត​កើន​ឡើង​ទៅ​តាម​ពេល​វេលា​ផង​ដែរ​។ នៅ​ហាសិប​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​តស៊ូ​របស់​ប្រជា​​ជន​ស៊ីវិល​រឹង​រិត​តែ​ញឹក​ញាប់​ឡើង​ ហើយ​ប្រកបដោយ​​ប្រសិទ្ធ​ភាព​ ខុស​ស្រលះ​ពី​កុប​កម្ម​ហិង្សា​ដែល​កាន់តែ​ថម​ថយ​ចុះ ​ហើយ​មិន​ទទួល​បាន​ជោគ​ជ័យ​ថែម​ទៀត​ផង​។ នេះ​គឺ​ជា​ការ​ពិត​ សូម្បី​តែ​ឋិត​នៅ​ក្នុង​ស្ថាន​ភាព​​គាប​សង្កត់​ផ្តាច់​ការខ្លាំង​​ ដែលជា​កន្លែងដែល​​​​យើង​តែង​តែ​រំពឹងទុក​​ថា ​ការ​តស៊ូ​ដោយ​អហិង្សា ​មិន​អាច​ទៅ​រួច​។ […] គ្មាន​យុទ្ធនា​ការ​ណា​បរាជ័យនោះ​ទេ​​ ​គ្មាន​​សូម្បី​តែ​មួយ​ករណី​នៅ​ពេល​ដែល​ពួក​គេ​អាច​សំរេច​បាន​ការ​ចូល​រួម​ដោយ​សកម្ម​និង​បន្តបន្ទាប់​​ពីចំនួន​​ត្រឹម​តែ ៣,៥ភាគ​រយ​នៃ​ប្រជា​ជន​សរុប​ប៉ុណ្ណោះ​ ហើយ​ភាគ​ច្រើន​នៃ​ចលនា​ទាំង​នោះ​ ទទួល​បាន​ជ័យ​ជំនះ​ដោយ​មាន​ចំនួនអ្នក​ចូល​រួម​​តិច​ជាង​ឆ្ងាយពី​ចំនួន​ភាគ​រយ​នេះ​​។​​​ […] តួលេខ​នេះផ្អែក​​លើ​ចំនួន​ច្រើន​បំផុត​នៃ​អ្នក​ចួល​រួម​យុទ្ធនាការ​ដោយ​ផ្ទាល់​ (​អ្នក​អង្កេត​ការណ៍​បាន​រាប់និង​គិត​ជា​ភាគ​រយ​ធៀប​នឹង​ចំនួន​ប្រជាជន​ទាំង​មូល​) ដែល​ប្រឈម​មុខ​នឹង​ភាគី​រារាំង [កង​កម្លាំង​រដ្ឋាភិបាល​] ​នៅ​កំលុង​ពេលដែល​​ធ្វើ​យុទ្ធនាការ​​ប៉ុណ្ណោះ​។ ដូច្នេះ​ វា​ពុំ​មែន​ជា​ចំនួន​សរុបនៃ​អ្នក​ចូល​រួម​ទាំង​អស់​ឡើយ​ ផ្ទុយ​ទៅ​វិញ​​គឺ​ជាចំនួន​អតិបរមា​នៃ​ប្រជាជន​ដែលបាន​​ប្រលូកផ្ទាល់​​ក្នុង​យុទ្ធនាការ​នោះ ​នៅ​ពេលព្រឹត្តិការណ៍​ឡើង​​កំដៅ​ដល់​ចំណុច​​កំពូល​។​​​ […] ឯយុទ្ធនាការ​ដាច់​ដោយ​ឡែកណា​មួយ​ដែលមាន​ចំនួន​លើស​ពី​កំរិត​កំណត់​ ៣,៥ភាគ​រយ​នោះ​ ក៏​គឺ​ជា​យុទ្ធនាការ​អហិង្សា​ដែរ​។ ជា​ការណ៍ពិត​​ យុទ្ធនាការ​ដែល​ពឹង​លើ​តែ​វិធី​អហិង្សា​មាន​ចំនួន​ជា​មធ្យម​ធំ​ជាង​បួន​ដង​នៃ​យុទ្ធនាការ​ហិង្សា​គិត​ជា​មធ្យម​។ […] តែ​អ្វី​ដែល​ចម្លែក​គួរ​ឱយ​ចាប់​អារម្ម​នោះ​គឺ​ថា​ យុទ្ធនាការ​អហិង្សា​​បើក​ចំហ​ទ្វារឱយស្ថាប័ន​ប្រជាធិបតេយ្យ​​​ធំ​ជាងកុប​កម្ម​ហិង្សាឆ្ងាយ​។ ប្រទេសដែល​ធ្វើ​ការ​តស៊ូ​ដោយ​អហិង្សា​​អាច​កាត់​បន្ថយអត្រា​នៃ​ការ​វិល​ត្រលប់​ទៅ​រក​សង្គ្រាម​ស៊ីវិល​បាន ​១៥ភាគ​រយ​ថែម​ទៀត​ផង​។

តាម​រយៈបទ​បង្ហាញ​​ដក​ស្រង់​ខ្លី​នេះ​ លោក​ស្រីបាន​​បង្ហាញ​ប្រាប់​យើង​ថា ​បាតុកម្ម​អហិង្សា​មិន​ត្រឹម​តែ​ជោគ​ជ័យ​ទេ​ តែ​មាន​ប្រសិទ្ធ​ភាព​ជាង​កុប​កម្ម​ហិង្សា​ទេ្វ​ដង​ និង​រុញ​ប្រទេស​ដែល​ប្រើ​មធ្យោបាយអហិង្សា​​នោះ​ទៅ​រករបប​​ប្រជាធិប​តេយ្យ​រយៈ​ពេល​វែង​ ព្រម​ទាំង​​បន្ទាប​អត្រា​វិល​ទៅ​រក​សង្គ្រាម​ស៊ីវិលថែម​​ទៀត​ផង​។ ​យើង​នឹង​អធិប្បាយ​អំពី​រឿង​នេះ​លំអិត​ខាង​ក្រោម​ តែ​អ្វីដែល​​យើង​ចង់​ផ្តោតដំបូង​​​គឺ​ពលរដ្ឋ​ចំរុះ​​តែ​ចំនួន ​៣,៥ភាគ​រយ​នៃ​ប្រជាជន​សរុប​ប៉ុណ្ណោះ​អាច​រំដោះ​ប្រទេស​របស់​ពួកគេ​ពី​របប​ផ្តាច់​ការ​បានហើយ​​។ គ្មាន​រដ្ឋាភិបាល​ណា​មួយ​អាចទប់​ទល់​នឹង​ចំនួន ​៣,៥ភាគ​រយ​នៃ​ប្រជាជន​សរុបរបស់​ខ្លួន​ឯងដោយ​មិន​​​សំរប​តាម​តំរូវការ​របស់​​បាតុកម្ម​​​​​​នោះ​ទេ។ ចំនួន​នេះ​​ពិត​ជា​តិច​ខ្លាំង​ណាស់​ មិន​សមទំនង​​ថា ​រដ្ឋ​ទន់​ខ្សោយ​ដល់​ម្លឹងឡើយ​​​​។ តែ​នេះ​ជា​ការ​ពិត​ ហើយ​អាច​ទៅ​រួច​យ៉ាង​ប្រាកដ​ ព្រោះ​សត្រូវ​របស់​រដ្ឋ​នៅ​ទី​នេះមិន​មែនជា​​រដ្ឋ​ដទៃ​ឯណា​ទេ​ តែ​​គឺ​ជា​ប្រជាជន​ខ្លួន​ឯង​ដែល​ជា​អ្នក​​ផ្តល់​ទំនុក​បំរុងផ្គត់​ផ្គង់​​សម​បែប​យ៉ាងដល់​រដ្ឋ​។ ​លោក​ស្រី ឆេណូវេថ​ ​និង ​ស្ទីហ្វឹន​​ បាន​ប្រមូល​ទិន្នន័យ​និង​វាស់​ស្ទង់បរិមាណ​នៃ​អ្នក​​​ចូល​រួម​​បាតុកម្ម​រហូត​ដល់​ទៅ​ ២៥៩ករណី​ ​ក្នុង​ចំណោម​​ ៣២៣ករណី​ ពោល​គឺ​ ២៥៩​ករណី​ដែល​អ្នក​ស្រាវ​ជ្រាវបាន​​អង្កេត​ការណ៍និង​​​​ប្រមូល​ទិន្នន័យ​បាន​ច្បាស់​លាស់​គួរ​ឱយ​ជឿ​ទុក​ចិត្ត​បាន​អំពី​សមាជិក​ភាពនៃ​ចលនា ​ដែល​ក្នុង​នោះ​ ៨០ករណី​ជា​យុទ្ធនាការ​អហិង្សា​ និង ១៧៩ករណី​ជា​យុទ្ធនាការ​ហិង្សា​​។ គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ យុទ្ធ​នាការដែល​អាច​មាន​ចំនួនអ្នក​ចូល​រួម​​កើន​ឡើង​ដល់​កំរិតបរិមាណ​​ ៣,៥ភាគ​រយ ​ឬ​លើស​ពី​ចំនួននេះ​​មាន​តែ​បាតុកម្ម​អហិង្សា​តែ​ប៉ុណ្ណោះ​​ ​ រីឯ​កុប​កម្ម​ហិង្សា​អាច​ទៅ​​ដល់​អស់​ធំ​ត្រឹម​​​ចំនួន​ ១,៩ភាគ​រយ​ប៉ុណ្ណោះ ហើយ​ជា​ករណី​កំរ​ទៀត​ផង​។​ អំពី​បរិមាណ​នេះ​ សូម​បញ្ជាក់​បន្តិច​ថា​ ចំនួន​នៃ​អ្នក​ចូល​រួម​ពុំ​អាច​នាំ​ទៅ​រក​ជ័យ​ជំនះ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ​ ​ តែ​គុណ​ភាព​ ពោលគឺ​ភាព​ចំរុះនៃ​បាតុករ​​ដែល​​មក​ពី​គ្រប់​​ស្រទាប់​សង្គម​​ក៏មាន​​សារៈ​សំខាន់​ស្មើ​គ្នា​នឹង​បរិមាណ​ដែរ​​។ ភាព​ចំរុះ​​ស្រទាប់​សង្គមនោះ​​​មាន​ដូច​ជា ភេទ​ អាយុ​ វណ្ណៈ​សង្គម​ ការ​ងារ​ ឋានៈ​ ទី​ក្រុង​ជន​បទ ជាតិ​សាសន៍ មនោគមវិជ្ជា​​ និង​​​គណបក្ស​នយោបាយ។ ​ ​ភាព​ចំរុះ​នៃអ្នក​ចូល​រួមមាន​សារៈ​សំខាន់​ពិសេសមួយ​ដែលគេ​​មិន​គួរ​​មើល​រំលង​​គឺថា​វា​​​អាច​​តំណាង​ប្រជាជន​ទាំង​មូល​និង​កាន់​តែ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ទោះ​បី​ចលនានោះ​​បរាជ័យ​ក៏​បង្ហាញ​ថា​ ប្រជាជន​បាន​ប្រលូកក្នុង​វិស័យ​សង្គម​ស៊ីវិល ចូល​​រួម​ទាម​ទារ​ដំណោះ​ស្រាយ​បញ្ហា​សង្គម​ នយោបាយ សេដ្ឋកិច្ច​ របស់​ពួក​គេ​​​​ដែរ ពោល​គឺ​ បាតុកម្ម​អហិង្សា​របស់​ប្រជាជន​ស៊ីវិល​គឺ​ជា​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​សន្លឹក​ឆ្នោត​​ ឋិត​នៅ​ក្រៅ​​ស្ថាប័ន​នយោបាយ ធ្វើ​ឡើង​តាម​រយៈ​ចលនា​សង្គម​​។ ក្នុង​ស្នារដៃ «ធ្វើ​ឱយ​ប្រជាធិបតេយ្យ​ដើរ​» (Making Democracy Work) លោក​ រ៉ូបឺត​ ផាត់នេម​ (Robert D. Putnam) អ្នក​វិទ្យាសាស្ត្រ​នយោបាយជាតិ​អាមេរិកាំង​ដ៏ឈ្លាស​វៃ​​ម្នាក់​បាន​​អះ​អាង​​ថា​ ប្រជាជន​ស៊ីវិល​កាន់​តែ​ច្រើន​រួម​ចំណែក​ក្នុង​សកម្មភាព​សង្គម​ ដូច​ជា ​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​ ប្រលូក​ដោយ​ផ្ទាល់​ឬ​មិន​ផ្ទាល់​ក្នុង​វិស័យ​នយោបាយ​ ធ្វើ​ការ​ងារ​សង្គម​។ល។ សង្គមនោះ​កាន់​តែ​​ប្រជាធិបតេយ្យ​ ​ព្រោះ​​រដ្ឋាភិបាល​នឹង​ពង្រឹង​​ទំនួល​ខុស​ត្រូវ​និង​ភាព​ឆ្លើយ​តប​របស់​ខ្លួន​ទៅ​កាន់​ប្រជាជន​ ហើយ​ប្រជាជនខ្លួន​ឯង​​ទៀត​សោត​ក៏​កាន់តែ​​យល់​ដឹង​ពី​បញ្ហា​សង្គម ដំណើរ​ការ​នយោបាយ​​​និង​តម្លៃ​នៃ​ចូល​រួមរបស់​ខ្លួន​ផង​ដែរ។​​ គុណ​តម្លៃ​នៃ​បណ្តាញ​ទំនាក់​ទំនង​នោះ​​នឹង​ស​ឱយ​ឃើញ​ច្បាស់​ជាង​នេះ​ នៅ​ពេល​​បោះ​ឆ្នោត​ ពួក​គេ​អាច​​យក​បទ​ពិសោធ​​នៃ​ការ​ចូល​រួម​ទាំង​នោះ​ធ្វើ​ជាមូល​ដ្ឋាន​ក្នុង​ការ​សំរេច​ចិត្តបាន​​​។ ក្រៅ​ពី​កត្តា​ការ​ចូល​រួម​ដ៏​ចាំ​បាច់​នេះ​ ​​នៅ​មាន​កត្តា​ភាព​ក្រាញ​ននៀល​នៃយុទ្ធនាការ​​ ពោល​គឺ​ការ​ស៊ូ​ទ្រាំអត់​ធ្មត់​របស់សមាជិក​ទប់​ទល់​នឹង​ការ​បង្ក្រាប​ កល​យុទ្ធ​ធ្វើ​បាតុកម្ម​ ការ​បោះ​បង់​ភារកិច្ច​របស់កង​សន្តិ​សុខ​ប៉ូលីស​ ​និង​ការ​សំរេច​ចិត្ត​របស់​ក្រុម​វរជន​ដែល​ធ្លាប់​តែ​គាំទ្រ​របប​ដឹក​នាំ​​ ដែល​កត្តា​ទាំង​នេះ​ក៏​អាច​នឹង​ងាយ​មាន​ឡើង​នៅពេល​ចលនា​រីកដាល​ធំ​ដល់​ចំនួន​ ៣, ៥ភាគ​រយ​នៃ​ប្រជាជន​សរុប​​​​។ អំពី​វិធាន​​ ៣,៥ភាគ​រយ​ យើង​ក៏​ពុំ​មែន​កំណត់​ថា​ ប្រជា​ជន​គួរ​ចូល​​រួមបង្គ្រប់​​​ត្រឹមតែ​ចំនួន​ ​៣,៥ភាគ​រយ​នោះ​ដែរ​។ ការ​ចូល​រួម​កាន់​តែ​ច្រើន​ ធ្វើ​ឱយ​យុទ្ធនាការ​នោះ​កាន់​តែ​មាន​អំនាច​និង​ឥទ្ធិពល​ បង្កើន​ល្បឿន​ជោគ​ជ័យ​ នឹង​រិត​​តែ​ជាកម្លាំង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ចំនួន​អ្នក​ចូល​រួម​អតិបរមា​​ដែល​ធ្លាប់​មាននៅ​ក្នុង​កំណត់​ត្រា​យុទ្ធនាការ​​អហិង្សា​គឺ​​មាន​រហូត​ដល់​ ១០ភាគ​រយនៃ​ប្រជាជន​ទាំង​មូល​ គឺ​ជាចំនួន​ច្រើន​បំផុត​ ជា​​ករណី​បដិវត្តន៍​ដោយ​ប្រជាជន​អ៊ីរ៉ង់ជា​​ច្រើន​ស្រទាប់​​ ដែល​គេនិយម​​ស្គាល់​ថា ​«បដិវត្តន៍​ឥស្លាម» នៅ​ចន្លោះ​ឆ្នាំ​១៩៧៧ ដល់ឆ្នាំ​១៩៧៩​។ ជា​មធ្យម​ យុទ្ធនាការ​អហិង្សា​មាន​ទំហំ​លើស​ពី ​២០០០០០សមាជិក ដែល​ក្នុង​នោះមាន​សមាជិកសកម្ម​​ ​១៥០០០០នាក់​​ទៅ​ហើយ​ ពោល​គឺពួក​គេ​​សកម្ម​ជាង​សមាជិក​ក្នុង​យុទ្ធនាការ​ហិង្សា គិត​​ជា​មធ្យម​។

មាន​​យន្តការ​មួយ​ចំនួន​ដែល​ចាំ​បាច់​ក្នុង​ការ​សំរេច​បាន​ជោគ​ជ័យ ដែល​ចំនួន​អ្នក​ចូល​រួម​បាន​​​រួម​ចំណែក​​ ​ដូច​ជា​៖​ សមត្ថភាព​ក្នុង​ការ​ឆាប់​ក្រោកឈរ​ឡើង​វិញ​​ក្រោយ​ពេល​មាន​ការ​រំខាន​ដោយ​ការ​បង្ក្រាប​, លទ្ធ​ភាព​​ក្នុង​ការ​បង្កើត​កល​យុទ្ធ​ថ្មីៗ​, ​ពង្រីក​ការ​អុក​ឡុក​របប​ដឹក​នាំ​ដោយ​​ប្រជាជន​ស៊ីវិល​ នាំ​ឱយ​របប​នោះ​ពិបាកនិងចំណាយ​ថ្លៃ​ច្រើន​បង់​ជូន​កង​សន្តិ​សុខ​ក្នុង​ការ​រក្សានិង​ស្តារ​​ស្ថាន​ភាព​ដើម​វិញ​, ធ្វើ​ឱយ​អ្នកដែល​ធ្លាប់​តែ​​គាំទ្រ​និង​ស្មោះ​ត្រង់​នឹង​របប​ដឹក​នាំ​ ដូច​ជា​យោធា ប៉ូលីស​និង​កង​កម្លាំង​សន្តិ​សុខជា​អាទិ​ រេ​រា​គោល​​ជំហរប្តូរ​​ទៅ​គាំទ្រ​ប្រជាជន​​វិញ។ យោលតាម​យន្ត​ការ​ទាំង​នេះ​ ការ​គាំទ្រ​ផ្ទាល់​និង​ចូល​រួមមាន​ការ​ចាំ​បាច់​​ណាស់​ក្នុង​ការ​កំណត់​លទ្ធ​ផល​របស់​យុទ្ធនាការ​ មិន​ថា​ហិង្សា​និង​អហិង្សា​នោះ​ទេ​ ព្រោះ​ចំនួន​នោះ​មិន​មែន​ត្រឹម​តែ​ជា​ប្រភព​នៃ​ពលកម្ម​ ​ធន​ធាន​គាំទ្រ​ចលនា​ និង​ប្រជាប្រិយ​ភាព​នោះ​ទេ​ តែក៏​​ជា​អំនាច​ក្នុងការ​​បង្កើត​រចនាសម្ពន្ធ​ទ្រង់​ទ្រាយ​ធំ​ ក្រោយ​ពេល​ចលនា​នោះ​ទទួល​បាន​ជោគ​ជ័យ​ផង​ដែរ​។​ យុទ្ធនាការ​អហិង្សា​មានលក្ខណៈ​ប្រជាធិបតេយ្យ​និង​សេរី​ភាព​ មេ​ដឹកនាំ​ចលនា​ពុំ​អាច​យក​បាតុករ​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ អំនាច​ប្រមូល​ផ្តុំ​លើ​មេ​ដឹក​នាំ​មាន​កំរិត​ទាប​ ​របាំង​រារាំង​អ្នក​ចូល​រួម​តិច​ណាស់​ ដូច្នេះ​វា​ទំនង​ទៅ​រក​ការ​តំណាងផល​ប្រយោជន៍​​ប្រជាជនជាង​កុប​កម្ម​ហិង្សា​។

ប្រភព​៖

៙ម៉ាក ​លីចបាក​​ (Mark Irving Lichbach). ១៩៩៥. «ជំរើសទ្វេ​គ្រោះ​​របស់​ពួក​ឧទ្ទាម​​» (The Rebel’s Dilemma). អាន​ អាបរ​, មីឆីហ្គេន:​ រោង​ពុម្ព​សាកល​វិទ្យាល័យមីឆីហ្គេន (Ann Arbor, Michigan: Univeristy of Michigam Press)។​​

៙​Erica Chenoweth. My Talk at TEDxBoulder: Civil Resistance and the “3.5% Rule”. Retrieved 06/12/2014. From http://rationalinsurgent.com/2013/11/04/my-talk-at-tedxboulder-civil-resistance-and-the-3-5-rule/

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s