ភាព​ផុយ​ស្រួយ​និង​ចន្លោះ​ប្រហោង​​នៃ​របប​ផ្តាច់​ការ​

ditador-sherif-arafa

ជន​ផ្តាច់​ការ​មិន​ដែល​ខ្លាំង​ដូច​ដែល​​គេ​ប្រាប់​អ្នក​នោះ​ទេ​។

ប្រជាជន​ក៏​មិន​ដែល​ទន់​ខ្សោយ​ដូច​ដែល​ពួក​គេ​គិត​នោះ​ដែរ​។ — ជីន​ សាប

ជន​ផ្តាច់​ការ​មើល​ទៅ​ហាក់​ដូច​ជា​ខ្លាំងក្លា​​ គ្មាន​គូ​ប្រជែង​ណា​អាច​យក​ឈ្នះ​បាន។ ​​តាម​រយៈ​បទ​ពិសោធ​ដឹក​នាំ​ប្រទេស​​យូរអង្វែង​​ ស្គាល់​ក្រយៅ​អ្នក​នយោបាយ​ កំចាត់​អ្នក​ប្រឆាំង​ ទិញ​ទឹក​ចិត្តមនុស្ស​ អូស​ទាញ​អ្នក​ចេះ​ដឹង​ ពូកែ​បោក​ប្រើ ក្រឡេច​ក្រឡុច​ ​ម្តងប្រើ​មធ្យោបាយ​​​ត្រជាក់ ម្តង​​​ក្តៅ​ ជន​ផ្តាច់​ការ​មាន​ជំនាញ​ខាង​នយោបាយ​មិន​អន់​ទេ​។ មិន​តែ​ប៉ុណ្ណោះ​ ពួក​គេ​​ត្រួត​ត្រា​ភា្នក់​ងារជំនាញ​ ពួកមន្ត្រី​​រដ្ឋការ​ ប៉ូលីស​ កង​សន្តិ​សុខ​ កម្លាំង​យោធា​ គុក​ បន្ទាយ​ទាប់​ ការ​ប្រហារ​ជីវិត​ដោយ​ប្រើ​កាំភ្លើង​បាញ់​ទៀត​ផង​។ល។ កញ្ចប់​ថវិកា​ជាតិ​ ធន​ធាន​ធម្មជាតិ​ សមត្ថភាព​ផលិត​កម្ម​ ត្រូវ​បាន​ប្លន់​យក​ដោយ​ជន​ផ្តាច់​ការ​និង​​អាចយក​​ទៅ​ប្រើ​បានទៅ​​តាម​បំណងរបស់​គេ​។ ទោះ​បី​យ៉ាង​ណា​ របប​ផ្តាច់​ការ​​ក៏​មាន​ចំណុច​ខ្សោយ​ជា​ច្រើន​ ពុំ​មែន​ត្រឹម​តែ​ដោយ​សារ​​មេ​ដឹក​នាំ​ផ្តាច់​ការ​ ក្រាញ​អំនាច​ និយម​ប្រើកម្លាំង មិន​មាន​សមត្ថភាព​ដឹក​នាំ​និង​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ បក្ស​ពួក​និយម​​​​នោះ​ទេ​ ពោល​គឺ​ទាំង​បុគ្គល​ ក្រុម​ និង​ប្រព័ន្ធ​ទាំង​មូល​ មាន​បញ្ហា​តែ​ម្តង​។​ តាម​​​​​លោក​ ជីន​ សាប របប​ផ្តាច់​ការ​មាន​ភាព​ផុយ​ស្រួយ ១៧​ចំណុច​​ ​ដែល​លោក​បាន​អធិប្បាយ​ដោយ​សង្ខេប (២០១០, ទំ. ២៥-២៧)​។ លោក​ពុំ​បាន​បែង​ចែក​ជា​កត្តា​ដូច​ដែល​យើង​ធ្វើ​នៅ​ទី​នេះ​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ងាយ​យល់​ងាយ​ចាប់​បាន​ យើងសូម​​ចាប់​ជា​​ជា​ចំណែក​​​ដូច​ខាង​ក្រោម​៖

ក. ភាព​ទន់​ខ្សោយ​នៃ​​ប្រព័ន្ធ​​ផ្ទៃ​ក្នុង​​

៙ភាព​ចំរូង​ចំរាស់​នៃ​អំនាចរវាង​អ្នក​បង្គាប់​និង​អ្នក​ក្រោម​បង្គាប់​ ជន​ផ្តាច់​ការ​ត្រូវ​រក្សា​អំនាច​ខ្លួន​ឱយ​នឹង​នរ​ផង​ ត្រូវ​ប្រឹង​ទាក់​ទាញ​ប្រជា​ប្រិយ​ភាព​ឡើង​វិញ​ផង​ ត្រូវ​ទប់​ស្កាត់​ការ​តវ៉ា​ផង​ ​ដែល​បញ្ហា​ទាំង​អស់​នេះ​ សុទ្ធ​តែ​ពុំ​អាច​ធ្វើ​ឱយ​សម្រេច​ព្រម​គ្នាបាន​​ឡើយ​ ហេតុ​តែ​​សមត្ថភាព​នៃ​ប្រព័ន្ធ​ដឹក​នាំ​ក្នុង​ការ​បំពេញ​ការ​ងារ​អាច​​ប្រសើរបាន​​​ លុះ​ត្រា​តែ​មាន​កំណែ​ទំរង់ទ្រង់​ទ្រាយធំ​​មាន​ប្រសិទ្ធ​ភាព​ ​ប៉ុន្តែ​បើ​ពួក​គេ​ហ៊ាន​ដាក់ចេញ​នូវ​​កំណែ​ទំរង់​បែប​ឱយ​ប្រាកដ​ប្រជា​ ច្បាស់​ណាស់ ​វា​នឹង​នាំ​ឱយ​ប៉ះ​ពាល់​ដល់​អំនាច​ប្រមូល​ផ្តុំ​របស់​ពួក​គេ​យ៉ាង​ខ្លាំង​។ ភាព​ល្អក់​កករ​រវាង​ទំនាក់​ទំនង​មេ​និង​កូន​ចៅ​ ក៏​ជា​ឧបសគ្គ​ក្នុង​ការ​គ្រប់​​គ្រង​របស់​អ្នក​ថ្នាក់​លើ​ដែរ​ (មេ​មិន​ទុក​ចិត្ត​កូន​ចៅ)​ ឯ​កូន​ចៅ​វិញ​ខ្លាច​មេ​បោះ​បង់​ គឺ​ពួក​គេ​​ព្រួយ​បារម្ភ​ខ្លាច​ថ្នាក់​លើ​ដក​ហូតតំណែង​​ ធ្វើ​ឱយ​បាត់​បង់​​ប្រយោជន៍​របស់​គេ​។ កំណែ​ទំរង់​ដែល​ដាក់​​ចេញ ​ធ្វើ​តែ​ពី​ក្រោមហើយ​ ​មិន​សូវ​​​ពិត​ប្រាកដទៀតគឺ​ធ្វើ​ឱយ​តែ​បាន​តាម​ចិត្ត​មេ​ រាយ​ការណ៍​យក​តែ​គុណ​សម្បត្តិ​ ទោះកែទំរង់​តែ​​ឡើង​មិន​ទៅ​ដល់​លើកំពូល​ ពោល​គឺអ្នក​ធំ​ស្និទ្ធ​ខ្លាំង​នឹង​ជន​ផ្តាច់​ការ​នៅ​តែ​កាន់​តំណែង​ចាស់​ដដែល​ ​គ្មាន​កំណែ​ថ្នាក់​លើ​ជា​គំរូ​ឡើយ​​ នាំ​ឱយ​ប្រព័ន្ធ​ទាំង​មូល​គ្មាន​ការ​ប្រែ​ប្រួល​អ្វី​ច្រើនទេ​ ​ហើយ​ក៏​នាំ​ទៅ​រក​លទ្ធផល​ថ្មីមិន​កើត​ដែរ។ ឯ​ខាង​កង​ទាប់​និងនគរបាល​ទាហាន​​វិញ​ ទោះ​បីមនុស្ស​ក្នុង​​ស្ថាប័ន​នេះ​ឋិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ជន​​ផ្តាច់​ការ​ក៏​ដោយ​ ក៏​ពុំ​មែន​មាន​ន័យ​ថា ​ពួក​គេ​សុទ្ធ​តែ​ស្រប​នឹង​ការ​ដឹក​នាំ​របស់​របបនោះ​​​ទាំង​អស់​នោះដែរ​ ហើយ​ពួក​គេនោះ​អាច​​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ​ទោះ​បី​ខុស​ពី​បំណង​ថ្នាក់​លើ​ក៏​ដោយ​។ ក្នុង​ករណី​ជន​ផ្តាច់​ការទើប​តែ​បាន​​អំនាច​ ការ​ពង្រឹង​អំនាច​ទាម​ទារ​ពេល​វេលាក្នុង​កំរិត​គួរ​សម​មួយ ​​ដែល​មិន​ប្រាកដ​ថា​អំណោយផល​​សំរាប់​ពួក​គេ​ឡើយ​​។

៙​ថ្នាក់​លើ​ បើ​ថ្នាក់​លើ​បែង​ចែក​អំនាច​ទៅ​ថ្នាក់​ក្រោម (វិមជ្ឈការ​)​ ធ្វើ​ឱយ​ពិបាក​គ្រប់​គ្រង​ លែង​ស្តាប់​បញ្ជា​ ពួក​គេ​សង្ស័យ​ខ្លាច​មាន​គំនិត​ក្បដ​ឬ​ចុះ​ចូល​ភាគី​ផ្សេង​​ទៀត ពិសេស​គឺ​ភាគី​ប្រឆាំង​​។ ម្យ៉ាង ​ជន​ផ្តាច់​ការ​ពិបាក​សំរេច​ចិត្ត​ឱយ​បាន​ត្រឹម​ត្រូវ​សម​ហេតុ​ផលណាស់​​ ព្រោះ​មាន​គ្នា​តិច​ ខួរ​ក្បាល​តិច​ មិន​ទុក​ចិត្ត​ពត៌មាន​ពី​ថ្នាក់​ក្រោម ដូច្នេះ​ត្រូវ​រិត​បន្តឹង​ការ​គ្រប់​​គ្រង​ ដក​ចេញ​ ដាក់​ថ្មីជា​អាទិ​។ នៅ​ក្នុង​របប​ផ្តាច់​ការ ​គេ​មិន​និយាយ​ពី​ការ​ផ្ទេរ​អំនាច​ទេ​ គេ​និយាយ​ពី​ការ​ផ្ទេរ​បង្គាប់​។​ ប៉ុន្តែ​ បើ​ក្តាប់​អំនាច​ពេញ​ដៃពេគ​​ ​ដោះ​ស្រាយ​បញ្ហា​មិន​កើត ធ្វើ​ឱយ​អ្នក​ក្រោម​ឱវាទគ្មាន​ភាព​បត់​បែន​តាម​សភាព​ការ​ណ៍​ ឬ​គ្មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​និង​រាយ​ការណ៍​ឱយ​តែ​​រួច​ខ្លួន​ឬ​បន្លំ​ពត៌មាន​ពិត​ ផ្គាប់​ចិត្ត​មេ​ប៉ុណ្ណោះ​​​។ ដរាប​ណា​គ្មាន​ពត៌មាន​ច្បាស់​លាស់​ពី​ថ្នាក់​ក្រោម​ បើ​ថ្នាក់​លើហ៊ាន​សំរេច​ផ្តេស​ផ្តាស​ នឹង​ខុស​តែ​ម្តង​។

៙​ថ្នាក់​ក្រោម​ បើ​ពួក​មន្ត្រី​នៅ​ថ្នាក់​ក្រោម​​រាយ​ការណ៍​​ពិត​​ខ្លាច​មេ​យកទោស​ ថា​ការ​ងារ​គ្មាន​ការ​រីក​ចំរើន  ខ្លាច​មេ​ដក​តំណែង​ ​ទម្លាក់​ឬ​ប្តូរ​ទៅ​កន្លែង​ខ្លួនមិន​​ពេញ​ចិត្ត​។ ពួក​គេ​កំរ​អាច​បំពេញ​ការ​​ងារ​បាន​សំរេចណាស់​​​ ដ្បិត​ធ្លាប់​ពុក​រលួយ​ គ្មាន​សមត្ថភាព​​គេ​បន្តុប​ដាក់ ស៊ក​ទិញ​តំណែងទំរាំ​បាន​ ខំ​ទិញ​អ្នក​ចេះ​ដាក់​ក្បែរ​ខ្លួន​តែ​ខ្លួន​ឯង​គ្មាន​ចំណេះ​​​ មិន​ចេះ​ប្រើ​មនុស្ស​ ចូល​ចិត្ត​អ្នក​អែប​អបជា​​ដើម​។ ប៉ុន្តែ​ បើ​រាយ​ការណ៍​មិន​ពិតច្រើន​លើក​ពេគ​ក៏​​ខ្លាច​មេ​ស៊ើប​ដឹងដែរ​។ ជា​ទួទៅ​ បទ​បញ្ជា​ពី​ថ្នាក់​លើ​គិត​ពី​លទ្ធផល​ការ​ងារ​ជា​ជាង​គិត​ពី​សមត្ថភាព​របស់​អ្នកអនុវត្ត​និង​ចរិត​អ្នក​ធ្វើ​ការ ពោល​គឺ ​ថ្នាក់​លើ​មិន​យល់ពី​​ការ​លំបាក​របស់​អ្នក​ក្រោម​បង្គាប់ឡើយ​ ចេះ​តែ​បញ្ជា​តែ​ប៉ុណ្ណោះ​​​។​

ខ. មជ្ឈដ្ឋាន​សង្គម​

បញ្ញវន្ត​​ អ្នក​ស្រាវ​ជ្រាវ គ្រូ​សាស្ត្រាចារ្យ​ សិស្ស​និស្សិត​ លែង​គាំ​ទ្រ​​ នៅ​ពេល​មាន​ការ​រិត​ត្បិត​សេរី​ភាព​ខ្លាំង​ពេគ​។ ការ​បង្រា្កប​ ការ​បំបិត​សិទ្ធិ​ត​វ៉ា​ នាំ​ឱយពួក​គេ​មាន​ប្រតិកម្ម​មិន​ល្អ ​ទោះ​បញ្ចេញ​ឬ​មិន​បញ្ចេញ​ក្តី​។ ប្រជា​ពលរដ្ឋ​ កម្មករ​ដែល​ទទួល​រង​ការ​បង្រា្កប មាន​កំហឹង​កាន់​តែ​ខ្លាំង​ សូម្បី​តែ​អ្នកធ្លាប់​តែ​​គាំទ្រ​ក៏​ប្រែ​ទៅ​ជា​លែង​​គាំទ្រ​វិញ​ដែរ​។ បើ​ពួក​គេ​មិន​បង្រ្កាប ​​ការ​តវ៉ាជំទាស់​នឹង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ រីក​កាន់​តែ​ធំ​ តែ​បើ​បង្រ្កាប​ដូច​ចាក់​សាំង​លើ​ភ្លើង​។ បាតុភូត​សង្គម​នេះ​នាំ​ឱយ​មាន​ទំនាស់​រវាង​គ្នា​ឯង ​ដោយ​សារ​មាន​ទិន្នាការ​នយោបាយ​ផ្សេង​គ្នា​ ប្រកាន់​សាសនា​ ជាតិ​សាសន៍​ វណ្ណៈ​ នាំ​ឱយ​បញ្ហា​កាន់​តែ​ស្មុក​ស្មាញ​ បន្ថែម​នឹង​ភាព​តាន​តឹង​នយោបាយ​ទៀត​ នាំ​ឱយ​រឹង​រិត​​តែ​ធ្វើ​ឱយ​ជន​ផ្តាច់​ការ​ពិបាកត្រួត​ត្រា​​​។

គ. មនោគម​វិជ្ជា​និង​តថភាព​ជាក់​ស្តែង

នៅ​ពេល​ការ​ប្រឆាំង​ឬ​មិន​ពេញ​ចិត្ត​នឹង​របប​ផ្តាច់​ការ​កាន់តែ​​ខ្លាំង​ឡើង​ ធ្វើ​ឱយ​មនោគមវិជ្ជា​របស់​បក្ស​កាន់តែ​​ចុះ​ខ្សោយ​ បាត់​បង់​ការ​គាំ​ទ្រ​ពី​ខាង​ក្នុង មិន​អាច​​ភូត​ភរ​បិត​បាំង​​ការ​ពិតអំពី​​ភាព​ផ្តាច់​ការនិង​ការ​និយម​បក្ស​ពួក​របស់​ខ្លួន​ មាន​ន័យ​ថា​ អ្នក​ក្នុង​ចេះ​តែ​ស្រប​ប៉ុណ្ណោះ​តែ​ធាតុ​ពិត​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​ថ្នាក់​ដឹក​នាំ​ខ្លួននោះ​ទេ​​ ឯអ្នក​ក្រៅ​ការ​ដឹក​នាំ​រិត​តែ​មិន​ពេញ​ទៅ​ទៀត​។ របប​ផ្តាច់​ការ​ ជា​ទួទៅ​ អាច​បំរើ​បាន​តែ​ផល​ប្រយោជន៍​​មនុស្ស​មួយ​ក្តាប់​តូច​ ​នាំ​ឱយ​មនុស្ស​ភាគ​ច្រើន​ទាំង​នៅ​ក្នុង​ក្រុម​និង​ក្រៅ​ក្រុម​មិន​ពេញ​ចិត្ត​កាន់តែ​​ខ្លាំង​ឡើង​និង​ច្រើន​ឡើង។​

បន្ទាប់​ពី​បាន​ជ្រាប​អំពី​ភាព​ផុយ​ស្រួយ​នៃ​អំនាច​នៃរបប​ផ្តាច់​ការ​ យើង​អាច​ជឿ​បាន​ថា​ ពួក​គេ​មិន​ខ្លាំង​ដូច​ជា​ពួក​គេ​អួត​នោះ​ទេ។​ ដោយ​សារ​តែ​ពួក​គេ​ខ្សោយ​ ទើប​ពួក​គេ​ខំ​អួត​និង​បិត​បាំង​ ហើយ​បើ​អួត​កាន់​តែ​ខ្លាំង​ មាន​ន័យ​ថា​ពួក​គេ​កាន់តែភ័យ​ខ្លាច​​ពី​ការ​ធ្លាក់​ពី​អំនាច​ដែរ​។ សំអាង​លើ​ភាព​ផុយ​ស្រួយ​ទាំង​អម្បាល​ម៉ាននេះ គេ​មិន​គួរ​រង​ចាំ​កំណែ​ទំរង់​ ឬ​ជឿ​ជាក់​លើ​កំណែ​ទំរង់​ដែល​ជន​ផ្តាច់​ការ​សន្យា​នោះ​ឡើយ​ ​ទោះគេ​​មាន​ឆន្ទៈពិត​ឬ​មិន​មានក្តី​​ ​ក៏​កំរ​អាច​​ជោគ​ជ័យ​ដែរ​​ បើ​កែ​មាន​តែ​កែពី​​ស៊ី​សើៗ​មក​ស៊ី​ជំរៅ​ប៉ុណ្ណោះ​។​ ភាព​ផុយ​ស្រួល​នេះ​បណ្តាល​​មក​ពី​ឥទ្ធិពល​អាក្រក់​នៃ​អំពើ​ហិង្សាដែល​បង្កើត​បាន​រដ្ឋាភិបាល​ជំនាញ​ខាង​ច្បាំង​ជា​ជាង​ខាង​ដឹក​នាំ​ប្រទេស​  អាច​ដោះ​ស្រាយ​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​ ​​និង​បក្ស​ពួក​និយម​ដែល​ជា​អតីត​កង​កម្លាំង​យោធា​ជួយ​​វាយ​ដណ្តើម​​​អំនាចឱយ​ជន​ផ្តាច់​ការ​។​ ចំណុច​ពុក​ផុយ​អស់​ទាំង​នេះ​ជា​ចន្លោះ​ប្រហោង​ដែល​ហុច​ឱយ​ចលនា​ប្រជាជន​ដៅ​ជា​មុខ​សញ្ញា​ អាច​ធ្វើ​ឱយ​ពួក​គេ​​ជ្រុះចេញ​​ពី​អំនាច​លែង​បាន​ក្អេង​ក្អាង​បន្ត​ទៀត​​។ របប​ណា​ក៏​ដោយ​ឱយ​តែ​មិន​បំរើ​មនុស្ស​ភាគ​ច្រើន​ របប​នោះ​ត្រូវ​តែ​ដួល​រលំ​ដោយសារ​ផ្ទៃ​ក្នុង​ខ្លួន​ឯង​បង្ក​បញ្ហា​។​ មិន​មែន​ដោយ​សារ​ការ​ធ្វើ​បដិវត្ត​ន៍​ឬ​រដ្ឋ​ប្រហារដែលជា​កត្តា​ធ្វើ​ឱយ​រដ្ឋាភិបាល​ដួល​​​រំលំ​​​​ តែ​គឺ​ដោយសារ​​ប្រជាជន​​​លែង​គោរពតាម​និង​មិន​​គាំទ្រ​បន្ត​ទៅ​ទៀត​។ នេះ​គឺ​ជា​លទ្ធ​ផល​នៃ​​ការ​​ព្រងើយកន្តើយ​ពុំ​ខ្វល់​​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​អំនាចនិងម្ចាស់​​ធន​ធាន​រដ្ឋ​៕

អាន​បន្ថែម​៖

៙ជីន សាប (Gene Sharp). ២០១០. «ពី​​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​​: គម្រោង​គោលការណ៍​​សំរាប់​ការ​ទាម​ទារ​សេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះ​ពុម្ព​លើក​ទី​៤. សហរដ្ឋ​អាមេរិច:​ វិទ្យាស្ថាន​អាល់​បឺត​ អាញស្តាញ (The United State of America: The Albert Einstein Institute)។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s