ភស្តុតាងដ៏​គួរ​ឱយ​ភ្ញាក់​ផ្អើល​ដែល​គាំទ្រ​​​ចលនា​ប្រជាជន​​អហិង្សា​ ​និង​បដិសេធ​យុទ្ធនាការ​ហិង្សា​

Why Civil Reistance Work

លោក​ស្រី អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​មិត្រ​ភក្តិ​លោក​ស្រី​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan​) បាន​​​​សិក្សា​បែប​ពិសោធ​អំពី​ការ​តវ៉ា​​របស់​ប្រជាជន​ស៊ីវិល ហើយ​ប្រៀប​ធៀបទៅ​​នឹង​ការ​តស៊ូ​ប្រដាប់​អាវុធ ដែលមិន​ទាន់​មាន​អ្នក​ស្រាវ​ជ្រាវ​​ណា​ធ្លាប់ធ្វើ​ដូច្នេះ​​ពី​មុនមក​​ឡើយ។ លោក​ស្រីទាំង​ពីរ​បាន​ចង​ក្រង​​ជា​ស្នាដៃបោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​២០១១ ​មាន​ចំណង​ជើងថា​ «​មូល​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​មាន​ប្រសិទ្ធ​ភាព​​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» ដែល​ជា​សមិទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវដ៏​មាន​ផ្លែ​ផ្កា​។ គ្រាន់​តែ​​ដើម្បី​ប្រមូល​ចង​ក្រង​ទិន្នន័យ​អំពី​យុទ្ធនាការ​​ទាំង​អស់ ៣២៣ករណី​ ​(អហិង្សា ១០៦ករណី​ ​និង​ហិង្សា ​២១៧ករណី​) ពី​ឆ្នាំ​១៩០០ ដល់​ឆ្នាំ​២០០៦ អ្នក​និពន្ធទាំង​ពីរ​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ​ពីរ​ឆ្នាំឯ​ណោះ​។​ ការ​សិក្សា​នេះ​​​​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ​ពោល​គឺវិភាគ​​ប្រៀប​ធៀបយុទ្ធនាការ​ទាំង​ពីរ​​ឆ្លង​កាត់​ពេល​វេលា​និង​ទី​កន្លែងដែល​​យុទ្ធនាការ​​បាន​កើត​ឡើង​​​​។

ជោគ​ជ័យ​និង​បរាជ័យ​

Success Rate by Decades

៙យុទ្ធនាការ​​អហិង្សាដែល​ផ្អែក​លើ​ប្រជាជន​ស៊ីវិល​​មាន​អត្រា​សង្ឃឹម​ជោគ​ជ័យ​រហូត​ដល់​ទៅ​ ៥៣ភាគរយឯណោះ​ ពោល​គឺ​​ទ្វេ​ដង បើ​ប្រៀប​នឹង​យុទ្ធនាការ​​ហិង្សា​គ្រប់​ករណី​ទាំង​អស់ដែល​​មាន​សង្ឃឹម​ជោគ​ជ័យ​តែ​ ២៦ភាគ​រយ​ទេ​​។

សមាជិក​ភាព​នៃ​យុទ្ធនាការ​

Membership and Successful Campaign

៙គ្មាន​យុទ្ធនា​ការ​ណា​បរាជ័យនោះ​ទេ​​ ​នៅ​ពេល​ដែល​​សំរេច​បាន​ការ​ចូល​រួម​ដោយ​សកម្ម​និង​បន្តបន្ទាប់​​ពីចំនួន​​ត្រឹម​តែ ៣,៥ភាគ​រយ​នៃ​ប្រជា​ជន​សរុប​ប៉ុណ្ណោះ​ ហើយ​ភាគ​ច្រើន​នៃ​ចលនា​ទាំង​នោះ​ ទទួល​បាន​ជ័យ​ជំនះ​ដោយ​មាន​ចំនួនអ្នក​ចូល​រួម​​តិច​ជាង​ឆ្ងាយពី​ចំនួន​ភាគ​រយ​នេះ​​។​​​

Participation

៙យុទ្ធ​នាការដែល​អាច​មាន​ចំនួនអ្នក​ចូល​រួម​​កើន​ឡើង​ដល់​កំរិតបរិមាណ​​ ៣,៥ភាគ​រយ ​ឬ​លើស​ពី​ចំនួននេះ​​មាន​តែ​យុទ្ធនាការ​អហិង្សា​ប៉ុណ្ណោះ​​ ​ រីឯ​យុទ្ធនាការ​​ហិង្សា​អាច​ទៅ​​ដល់​អស់​ធំ​ត្រឹម​​​ចំនួន​ ១,៩ភាគ​រយ​ប៉ុណ្ណោះ ហើយ​ជា​ករណី​កំរ​ទៀត​ផង​។​

៙បើ​ពិនិត្យ​អំពី​យុទ្ធនាការ​ធំៗ​ដែល​កែន​បាន​អ្នក​ចូលរួម​ច្រើន​សន្ធឹក​សន្ធាប់​​ពី​ខ្ទង់​សែន​ដល់​ខ្ទង់​លាន​ ចំនួន​២៥​ករណីវិញ ​​គេ​សង្កេត​ថា​ឃើញ​ ២០​ករណីទៅ​ហើយ​​ជា​យុទ្ធនាការ​អហិង្សា ហើយ​មានតែ​ ៥ករណី​ប៉ុណ្ណោះ​ជា​យុទ្ធនាការ​ហិង្សា​។ ក្នុង​២៥​ករណីនោះ​ ២០យុទ្ធនាការ​អហិង្សា​​ មាន​ ១៤ករណី​ទៅ​ហើយ​ជោគ​ជ័យ​ ពោល​គឺ​មាន​អត្រាជោគ​ជ័យ​ ​៧០ភាគ​រយ។ ​ផ្ទុយ​ទៅ​វិញ​ យុទ្ធនាការ​ហិង្សា​ ៥ករណី​ មាន​តែ​​ ២ ប៉ុណ្ណោះ​​ជោគ​ជ័យ គិត​ជា​​អត្រា​ជោគ​ជ័យមាន​​តែ​ ៤០ភាគ​រយ​ទេ​​។

ប្រតិកម្ម​នឹង​ការ​បង្ក្រាប

Effect of Repression

៙យុទ្ធនាការ​​អហិង្សា​មាន​សង្ឃឹម​ជោគ​ជ័យ​ដល់ទៅ​ ​៤៦ភាគ​រយឯ​ណោះ​​ ផ្ទុយ​ទៅ​វិញ យុទ្ធនាការហិង្សា​មាន​សង្ឃឹម​ឈ្នះ​តែ​ ២០ភាគ​រយ​ទេ​។

៙បាតុកម្ម​អហិង្សា​មិន​ត្រឹម​តែ​អាច​ជោគ​ជ័យ​ពេល​ប្រឈម​ដោយ​ផ្ទាល់​​នឹង​ការ​បង្ក្រាបនោះ​ទេ​ ប៉ុន្តែ​របប​ដឹក​នាំ​បើក​ការ​បង្ក្រាបដោយ​ហិង្សា​​បែរ​ជាបង្កើន​ឱកាស​ជោគ​ជ័យ​ឱយ​ចលនា​ ២២ភាគ​រយ​ថែម​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ​ យុទ្ធនាការហិង្សា​ពុំ​ត្រឹម​តែ​កំរ​ឈ្នះ​ តែ​បែរ​ជា​​ធ្វើ​ឱយ​សត្រូវកាន់​តែ​ខ្លាំង​​កាន់​តែ​រួប​រួមគ្នា​ វាយ​បក​ និង​ស្មោះ​ស្មគ្រ​នឹង​របប​ដឹក​នាំ​ ប្រជាជន​កាន់​តែ​គាំទ្ររដ្ឋាភិបាល​​ទៅ​វិញ​។​​​

Security Force Defection

៙យុទ្ធនាការធ្វើ​ឡើង​ក្នុង​ទ្រង់​ទ្រាយ​ធំមាន​សមាជិក​ច្រើន​ ​ មាន​ឱកាស​ ៦០​ភាគ​រយក្នុង​ការ​ជះ​ឥទ្ធិ​ពល​លើ​​កង​សន្តិ​សុខឱយ​​​បោះ​​បង់​ភារកិច្ច​។ ចំណែកយុទ្ធនាការ​​ហិង្សា​វិញ​ ​ជ័យ​ជំនះ​ដោយ​ឡែក​ចំពោះ​ការ​ទាញ​យក​កង​យោធា​មក​នៅ​ខាង​ខ្លួន​វិញ​ គឺ​នៅ​ចន្លោះ​ពី​ ១០ភាគ​រយ​ទៅ​ ៤០ភាគ​រយ​ ហើយក៏​​អាស្រ័យ​ទៅ​លើ​​ចំនួន​សមាជិក​កុប​កម្ម​កើន​ឡើង​ដែរ​។

លក្ខខណ្ឌ​ឬ​កត្តា​ខាង​ក្រៅ​

៙ទោះ​បី​ប្រទេស​នោះ​កាន់​របប​ប្រជាធិបតេយ្យ​ឬ​ផ្តាច់​ការ,​ សត្រូវ​របស់​ចលនា​នោះទន់​ខ្សោយ​ឬ​ខ្លាំង,​ មាន​ចរិត​សំរុះ​សំរួល​ឬ​គាប​សង្កត់​,​ ប្រទេស​នោះ​មាន​វប្បធម៌គាំពា​​​លើ​សេរី​ភាពឬ​អត់​, មាន​​គោរព​សិទ្ធិ​មនុស្ស​ខ្ពស់​ឬ​ទាប​, ប្រជាជន​មាន​កំរិត​អក្ខរកម្មតិច​ឬ​ច្រើន​​​, ​មាន​សម្ពាធ​អន្តរជាតិ​ឬ​គ្មាន​​, មាន​បរទេស​គាំទ្រឬ​អត់​​​ កត្តា​លក្ខខណ្ឌ​ខាង​ក្រៅ​ទាំង​អស់​នេះ​មិន​អាច​កំណត់ពី​​​ជោគ​ជ័យ​និង​បរាជ័យ​នៃ​ចលនាឡើយ​ គ្រាន់​តែ​ជះ​ឥទ្ធិ​ពល​លើ​ចលនា​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​ ឯ​អ្វី​ដែល​ជា​​កត្តាជោគ​ជ័យ​សំខាន់បំផុត​​គឺ​ឋិត​ខាង​ក្នុង​ចលនាឬ​ក្នុង​​ស្រុក​​​ទៅ​វិញ​ទេ​​ ដូច​ជា​ចំនួន​សមាជិក​ចំរុះ​ស្រទាប់​សង្គម​, ភាព​ក្រាញ​នៀល​នៃ​យុទ្ធនាការ​, កល​យុទ្ធ​ធ្វើ​សកម្ម​ភាព​អហិង្សា​ និង​ចុង​ក្រោយ​​ ស្វ័យ​សំរេច​ចិត្ត​របស់​ពួក​វរជន​។ ​

ជំនួយ​និង​គាំទ្រ​ពី​រដ្ឋ​បរទេស

External State Support

​៙ជំនួយ​បរទេស​គ្មាន​ឥទ្ធិ​ពល​ជា​ដុំ​កំភួន​ឡើយទៅ​លើ​ការ​តវ៉ា​ដោយ​អហិង្សា​របស់​ប្រជាជន​​​ គឺ​ថា​ទោះ​មាន​ឬ​គ្មាន​បរទេស​ឧបត្ថម្ភ​ក៏​ចលនា​នៅ​តែ​អាច​ជោគ​ជ័យ​ ហើយ​បរាជ័យ​របស់​ចលនា​ក៏​មិន​ទាក់​ទង​ជំនួយ​បរទេស​ឡើយ​។

INGO support

៙ចលនា​ប្រជាជន​តែ ​១០ភាគ​រយ​ប៉ុណ្ណោះ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​សម្ភារៈ​ពី​រដ្ឋ​ប្រទេស​។ ពិត​មែន​តែ​រដ្ឋ​បរទេស​កំរ​គាំទ្រ​ផ្នែក​សម្ភារៈ​ដល់​​យុទ្ធនាការ​អហិង្សា​ ប៉ុន្តែ​ប្រាកដ​ណាស់ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិនា​នា​នៅ​លើ​ពិភព​លោក​គាំទ្រ​ចលនា​ប្រជាជន​​ទាំង​ធន​ធាននិង​ការ​បណ្តុះ​បណ្តាល​ ព្រម​ទាំង​​រដ្ឋ​បរទេស​មួយ​ចំនួន​គាំទ្រ​តាម​រយៈ​ការ​ផ្ដាច់​ចំណង​ការ​ទូត​នឹង​រដ្ឋាភិបាល​ ដែល​ជា​សម្ពាធ​ការ​ទូត​ឬ​ទណ្ឌ​កម្ម​អន្តរជាតិ​​ដាក់​លើ​របប​ដឹក​នាំ​​ ដែល​​វា​ក៏​អាស្រ័យ​លើ​បរិបទ​នយោបាយ​និង​ស្ថាន​ភាព​ក្នុង​ស្រុក​ដែរ​។

Recieve State Support

ផ្ទុយ​ទៅ​វិញ​ ៣៥ភាគ​រយ​​នៃ​កុប​កម្មហិង្សា​ទទួល​បានការ​គាំទ្រ​ផ្នែក​សម្ភារៈពី​រដ្ឋ​បរទេស​។​ ពាក់​កណ្តាល​​នៃ​យុទ្ធនាការ​ហិង្សា​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្ទាល់​ពី​រដ្ឋ​ខាង​ក្រៅ ទទួល​បាន​ជោគ​ជ័យជាង​ចលនា​ហិង្សា​ដែល​មិន​ទទួល​បានការ​​គាំទ្រ​​នេះ​​ ដោយយើង​​មិន​រាប់​ពី​ជំនួយ​សម្ងាត់​និង​ការ​គាំទ្រពី​ភាគី​ដែល​មិន​​មែន​ជា​រដ្ឋនោះ​ទេ​​។ ឥទ្ធិពល​នៃ​ការ​គាំទ្រ​ពី​រដ្ឋ​ខាង​ក្រៅ​បង្កើន​​ប្រសិទ្ធភាព​នៃយុទ្ធនការ​ហិង្សា​​ ១៥ភាគរយ។ ​

ប្រជាធិបតេយ្យ​ក្រោយ​ទំនាស់បាន​បញ្ចប់​

Democracy after Conflict end

៙ប្រទេសដែលត្រឹម​តែ​​​មាន​យុទ្ធនាការ​អហិង្សាកើត​ឡើង​ប៉ុណ្ណោះ​ ​ជា​មធ្យម​មាន​ឱកាស ៣៥ភាគ​រយ​ ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ ៥ឆ្នាំ​ បន្ទាប់​ទំនាស់​បាន​បញ្ចប់​ ទោះ​យុទ្ធនាការ​ដែល​បាន​កើត​ឡើង​នោះ​បរាជ័យ​ក៏​ដោយ​។

Post Conflict Regime

ចំពោះ​យុទ្ធនាការហិង្សា​ដែល​បរាជ័យ​វិញ​ តិច​ជាង​៤​ភាគរយ​​ដែល​របប​ប្រជាធិបតេយ្យ​អាចសំរេច​បាន​​។ គិត​ត្រឹម​​​៥ឆ្នាំ​ក្រោយ​ពេល​ទំនាស់​បាន​បញ្ចប់ដដែល​ រដ្ឋាភិបាលប្រជាធិបតេយ្យ​មាន​ឱកាស​ជោគ​ជ័យតែ ​៥ភាគ​រយ​ប៉ុណ្ណោះ​​ ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដូច​ជា​ ការ​បោះ​ឆ្នោត​ដោយ​សេរី​សុចរិត​ត្រឹម​ត្រូវនិង​បោះ​បង់កង​កម្លាំង​​​យោធាឱយ​នៅ​ឯករាជ្យ។

Democracy only

៙សំរាប់​ករណី​ប្រទេស​​ប្រជាធិបតេយ្យ​ស្រាប់​ទៅ​ហើយ​វិញ​ រដ្ឋ​យក​ឈ្នះ​យុទ្ធនាការ​អហិង្សា​ហើយ​ ៩៨ភាគ​​រយ​នៅ​តែ​ប្រជាធិបតេយ្យ​ដដែល​ ប៉ុន្តែប្រទេស​ប្រជាធិបតេយ្យ​ដែល​យក​ឈ្នះ​យុទ្ធនាការ​ហិង្សា​វិញ​ ៧០​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​នៅ​តែរក្សា​ប្រជាធិបតេយ្យ​បាន​។

៙គិត​ក្នុង​កំរិតមធ្យម​នៃ​គុណ​ភាព​​ប្រជាធិបតេយ្យ ​យុទ្ធ​នាការ​តវ៉ា​ដោយ​ប្រើ​វិធី​អហិង្សា​ធ្វើ​ឱយ​ប្រទេស​នោះ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​លើស​ពី​ ៤០ភាគ​រយ​ ជា​ជាង​ប្រទេស​ដែល​មានប្រភេទ​នៃ​​ការ​តវ៉ា​ប្រើ​វិធីហិង្សា​ ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ ក្រោយ​ទំនាស់​​បាន​បញ្ចប់​។

៙រាប់​ត្រឹម​យុទ្ធនាការអហិង្សា​​​ដែល​សំរេច​បាន​ជ័យ​ជំនះ​ គេ​ឃើញថា​ វា​បាន​បង្កើន​លទ្ធ​ភាព​នៃរបបប្រជាធិបតេយ្យលើស​ពី​​​ ៥០​ភាគ​រយ​ បើ​ធៀប​នឹងកុប​កម្ម​ហិង្សា​។

សង្គ្រាម​ស៊ីវិល​ក្រោយ​ទំនាស់​បាន​បញ្ចប់​

Post Conflict Civil War

៙យុទ្ធនាការ​អហិង្សាមាន​ឱកាស​តែ​ ២៨ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​ការ​ចួប​ប្រទះ​នឹង​​​សង្គ្រាម​ស៊ីវិល​​ គិត​ក្នុង​កំលុង​ពេល ​​​១០ឆ្នាំក្រោយ​ទំនាស់​បញ្ចប់​​ តែ​យុទ្ធនាការ​ហិង្សា​វិញ​ មាន​រហូត​ដល់​ទៅ​ ៤២ភាគ​រយ​ឯណោះ​ប្រឈម​នឹង​​សង្គ្រាម​ស៊ីវិល​។

៙ប្រទេសដែល​ធ្វើ​ការ​តស៊ូ​ដោយ​អហិង្សា​​អាច​កាត់​បន្ថយអត្រា​នៃ​ការ​វិល​ត្រលប់​ទៅ​រក​សង្គ្រាម​ស៊ីវិល​បាន ​១៥ភាគ​រយ​​។

៙ក្នុង​ករណី​យុទ្ធនាការ​មានព្រម​គ្នា​​នឹង​ក្រុម​ប្រដាប់​អាវុធវិញ​ ​ គិត​នៅ​ក្នុង​រយៈ​ពេល​១០ឆាំ្នក្រោយ​ជម្លោះ​បញ្ចប់​​ដដែល​ យុទ្ធនាការ​អហិង្សា​និង​ហិង្សា​ណា​ដែល​មាន​វត្តមាន​ជា​មួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​ មាន​ឱកាស​ ៤៩ភាគ​រយ​ប្រឈម​នឹងការ​ឆេះ​ឡើង​វិញ​នៃ​​សង្គ្រាម​ស៊ីវិល តែ​បើ​គ្មាន​ក្រុម​ប្រដាប់​ទេ​ ឱកាស​សង្គ្រាម​ស៊ីវិលមាន​តែ​ ២៧ភាគ​រយ​ប៉ុណ្ណោះ​។​​

៙ទោះ​យុទ្ធនាការ​ហិង្សា​នោះ​ផ្តួល​រំលំ​រដ្ឋាភិបាល​បាន​សំរេច​ក៏​ដោយ​ នៅ​ក្នុង​កំលុង​ពេល​១០​ឆ្នាំ របប​ថ្មី​នោះ​ទំនងជា​មាន​ឱកាស​ ៤៣ភាគ​រយ​​​​ ក្នុង​ការ​​ប្រឈម​មុខនឹង​ការ​លេច​ឡើង​វិញ​នៃ​សង្គ្រាម​ស៊ីវិល ​ក្រោយ​ទំនាស់​ហិង្សា​បាន​បញ្ចប់​​។ ក្រលេក​មក​ប្រទេស​ដែល​កាន់​របប​​ប្រជាធិបតេយ្យស្រាប់​វិញ ពេល​រដ្ឋាភិបាល​បង្ក្រាប​ចលនា​ឧទ្ទាម​ឬ​កុប​កម្ម​ហិង្សា​បាន​សំរេច​​ នៅ​​ក្រោយ​ពេល​ទំនាស់​បញ្ចប់​​ ​មាន​​អត្រា​ត្រឹម​តែ​ ១៥ភាគ​រយ​ទេ នៅ​តែរក្សា​របប​​​ប្រជាធិបតេយ្យ​​បាន។

ភស្តុតាង​ទាំង​អស់​នេះ​ស​ឱយ​ឃើញ​ថា​ យុទ្ធនាការ​អហិង្សា​ ទោះ​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ​ ក៏​សុទ្ធ​តែ​បង្កើន​ផល​វិជ្ជមាននិង​ភាព​ឆ្លើយ​តប​របស់​រដ្ឋាភិបាលចំពោះ​ប្រជាជនដែរ​​​ ពោល​គឺ​​នៅ​តែ​​ផ្តល់​គុណ​ប្រយោជន៍​សំរាប់​ប្រជាធិបតេយ្យ សន្តិ​ភាព ​​គ្មាន​សង្គ្រាម​ស៊ីវិល​ និង​បរទេស​គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ទៀត​ផង​។​ ជា​​អកុសល​ យុទ្ធនាការ​ហិង្សា​វិញ​មិន​ត្រឹម​តែ​ជួយ​ស្តារ​ប្រជាធិបតេយ្យ​ពុំ​បាន​នោះ​ទេ​ តែបែរ​ជា​​ធ្វើ​ឱយ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ទៀត​ សង្គ្រាម​ស៊ីវិល​លាប់​ឡើង​វិញ​ បរទេស​គ្រប់​គ្រង ​គ្រាន់​តែ​មានវត្តមាន​​អំពើ​ហិង្សា​ ឬ​ក្រុម​ប្រដាប់​អាវុធ ក៏​អាច​បន្ថយ​គុណ​ភាព​ប្រជាធិបតេយ្យ​ដែរ​៕៚

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s