អ្នកដែលអនុវត្តវិធីអហិង្សាប្រហែលជាពុំបានដឹងថាវិធីទាំងនោះជា «វិធីអហិង្សា» នោះទេ។ ប្រាកដណាស់ថា ពួកគេក៏ពុំចាំបាច់ប្រកាន់ខ្ជាប់នូវទ្រឹស្តីនៃសកម្មភាពអហិង្សាឬក្រមសីលធម៌ណាមួយដែរ ដើម្បីអនុវត្តវិធីអហិង្សាទាំងនោះបានដោយជោគជ័យ។ — ខឺត ហ្ស៊ក់ (Kurt Schock)
និក្ខេបបទឆ្នាំ១៩៧៣ របស់លោក ជីន សាប «វិទ្យាសាស្ត្រនយោបាយអំពីសកម្មភាពអហិង្សា» (The Politics of Nonviolent Action) មានចំនួនបីភាគ៖ ភាគទីមួយអំពី «អំនាចនិងការតស៊ូ» និងទីបីអំពី «ឌីណាមិចនៃសកម្មភាពអហិង្សា»។ អ្វីដែលយើងផ្តោតនៅទីនេះ គឺភាគទីពីរអំពី «វិធីធ្វើសកម្មភាពអហិង្សា» ដែលលោកបានស្រាវជ្រាវនិងរៀបចំចងក្រងជាបញ្ជីអំពីវិធីធ្វើសកម្មភាពអហិង្សា ក្នុងនោះមានចំនួនរហូតដល់ ១៩៨វិធី ដែលយើងបានរាយវិធីទាំងអស់នេះនៅឧបសម្ពន្ធ ក។ វិធីអហិង្សា គឺជាសកម្មភាពជាក់លាក់ដែលប្រើជាបច្ចេកវិធីដើម្បីប្រើប្រាស់អំនាច ប្រតិបត្តិការនៅក្រៅស្ថាប័ននយោបាយ ធ្វើឡើងដោយមានគោលបំណងច្បាស់លាស់ ដោយមិនបានប្រើប្រាស់អំពើហិង្សាទៅលើមនុស្ស។ លោក រ៉ូបឺត ប៊ើររ៉ូ (Robert J. Burrowes) បានចែកសកម្មភាពអហិង្សាជាពីរប្រភេទគឺ អហិង្សាគោលការណ៍និងអហិង្សាអនុវត្តន៍ (Principled and Pragmatic Nonviolence)។ «អហិង្សាគោលការណ៍» សម្គាល់ដោយ «ការប្តេជ្ញាប្រើវិធីអហិង្សា ដោយឈរលើមូលហេតុសីលធម៌ ចាត់ទុកមធ្យោបាយនិងគោលដៅមិនអាចចែកដាច់ពីគ្នាបាន (Means and Ends) មើលឃើញទំនាស់ជាបញ្ហារួមទាំងរបស់ខ្លួនឯងនិងសត្រូវ ព្រមទទួលរងការឈឺចាប់នៅក្នុងកំលុងដំណើរការតស៊ូ ដើម្បីបំប្លែងទស្សនៈរបស់សត្រូវ និងមើលទៅកាន់អំពើអហិង្សាដោយពហុទស្សនវិស័យឬពីច្រើនជ្រុង (Holistic view) ពោលគឺអហិង្សាជារបៀបរស់នៅតែម្តង។» ឯ «អហិង្សាអនុវត្តន៍» វិញ ទាក់ទិននឹងការតាំងចិត្តប្រើវិធីអហិង្សាដោយអាស្រ័យលើប្រសិទ្ធភាពដែលទទួលបានពីសកម្មភាពអហិង្សា ចែកដាច់រវាងមធ្យោបាយនិងគោលដៅ មើលទៅកាន់វិវាទថាជាការតស៊ូទាមទារផលប្រយោជន៍មិនចុះសំរុងគ្នារវាងសត្រូវនិងខ្លួនឯង មានបំណងដាក់សម្ពាធមិនមែនតាមរយៈផ្លូវកាយលើគូបដិបក្សនៅក្នុងកំលុងដំណើរប្រព្រឹត្តទៅនៃការតស៊ូ ដើម្បីកាត់បន្ថយអំនាចសត្រូវ និងមិនបានយកអំពើអហិង្សាជារបៀបរស់នៅប្រចាំថ្ងៃឡើយ។ (ហ្ស៊ក់, ២០០៥, ទំ. xvii) អហិង្សារបស់មហាត្មៈគន្ធីនៅមានលក្ខណៈជាគោលការណ៍ មានសីលធម៌ខ្ពស់ ឯសកម្មភាពអហិង្សារបស់លោក ជីន សាប បំបែកមូលដ្ឋានចាស់របស់គន្ធី រួចសាងមូលដ្ឋានថ្មីនៃសកម្មភាពអហិង្សាដែលឋិតនៅផ្នែកអនុវត្តន៍ ពោលគឺសកម្មភាពអហិង្សាដែលប្រើដោះស្រាយទំនាស់ យោងលើប្រសិទ្ធភាពរបស់វា ពុំមែនដើម្បីសីលធម៌ នោះទេ។ លោក ជីន សាប បានបែងចែកសកម្មភាពអហិង្សាជាបីទំរង់ធំៗ៖ បាតុកម្មតវ៉ានិងការលួងលោម, ការមិនសហការ និងអន្តរាគមន៍ដោយអហិង្សា។ នៅខាងក្រោមនេះ យើងសូមសងស្រង់សង្ខេបនិងអធិប្បាយខ្លះៗ ដោយផ្អែកលើឯកសាររបស់លោក ខឺត ហ្ស៊ក់ (២០០៥, ទំ. ៣៨-៤០)។
ក. បាតុកម្មតវ៉ានិងការបញ្ចុះបញ្ចូល
វិធីបាតុកម្មតវ៉ានិងការបញ្ចុះបញ្ចូល ភាគច្រើនជាការបង្ហាញដោយប្រើនិមិត្តសញ្ញាដែលមានបង្កប់អត្ថន័យ ចង់ទាក់ទងឬបញ្ចូលបញ្ចូលគូបដិបក្ស ឬក៏ជំរុញឱយមានការដឹងឮថាមានអំពើអយុត្តិធម៌និងការជំទាស់នឹងសកម្មភាពរបស់របបដឹកនាំ។ វិធីទាំងនេះមិនមានការប្រើប្រាស់ហេតុផល ការពិភាក្សា ឬការបញ្ចុះបញ្ចូលអ្វីទេ នេះបើគេមិនរាប់ចូលសកម្មភាពបង្កទំនាស់ដោយផ្ទាល់។ មើលមួយភ្លេត វិធីទាំងនេះហាក់ដូចគ្មានឥទ្ធិពលអ្វីខ្លាំងលើរបបដឹកនាំទេ ប៉ុន្តែតាមពិតវាមានសារៈសំខាន់ណាស់ក្នុងការដាស់តឿនស្មារតីឱយសាធារណជន ក្រុមទីបី និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឱយយល់ថាសកម្មភាពរបស់របបដឹកនាំមិនករណីមិនស្រួល មានដំណើរមិនប្រក្រតីណាមួយកើតឡើង ហើយពិសេសពួកគេបានឃើញចលនាបាតុកម្មដោយផ្ទាល់ភ្នែកជាជាងមិនឃើញមានសកម្មភាពអ្វីសោះ។ មិនតែប៉ុណ្ណោះ វិធីដូចជា ការប្រគុំតន្រ្តីនិងលេងល្ខោនអាចជួយកាត់បន្ថយការភ័យខ្លាចពីការបង្ក្រាប និងទាក់ទាញអ្នកចូលរួមផងដែរ។ នៅមានទៀត គេអាចប្រើពួកវា ដើម្បីពង្រឹងសាមគ្គីភាពក្នុងក្រុម ផ្សព្វផ្សាយបាតុកម្ម មុននឹងអាចអនុវត្តវិធីអហិង្សាផ្សេងទៀត ដូចជាវិធីមិនសហការនិងអន្តរាគមន៍។ ដូច្នេះហើយ ទើបវិធីបាតុកម្មតវ៉ានិងបញ្ចុះបញ្ចូល គេនិយមប្រើនៅពេលដំណាក់កាលដំបូងនៃបាតុកម្ម ហើយនិងគ្រប់ដំណាក់កាលក្រោយមកទៀត ក៏គេនៅតែប្រើដែរ ព្រោះការកែនសមាជិកថ្មីគឺជាប្រការចាំបាច់បំផុតរបស់ចលនា។ នៅប្រទេសប្រជាធិបតេយ្យ ចលនាតវ៉ារបស់ប្រជាជនមិនត្រូវបានរដ្ឋអំនាចមើលឃើញថាជាគ្រឿងគំរាមកំហែងអ្វីទេ ព្រោះវាមិនបង្កបញ្ហាប្រឈមដោយផ្ទាល់ភ្លាមៗដល់រដ្ឋអំនាច ម្យ៉ាងវាជាសិទ្ធិបញ្ចេញមតិនិងសេរីភាពចួបជុំរបស់ប្រជាជនក្នុងរបបប្រជាធិបតេយ្យ។ ផ្ទុយទៅវិញ នៅប្រទេសផ្តាច់ការ ការតវ៉ារបស់ប្រជាជនស៊ីវិល មិនទទួលបានការស្វាគមពីរបបដឹកនាំនោះទេ ព្រោះវាអាចកែប្រែទំនាក់ទំនងអំនាច បំបែកចំណងទំនាក់ទំនងរវាងពួកវរជន និងកាត់បន្ថយភាពស្របច្បាប់របស់រដ្ឋាភិបាល។
ខ. ការមិនសហការ (ខាងសង្គម សេដ្ឋកិច្ច និងនយោបាយ)
វិធីមិនសហការទាក់ទងនឹងការរឹងទទឹងបញ្ឈប់អាកប្បកិរិយាដែលធ្លាប់ធ្វើឱយប្រព័ន្ធទាំងមូលដើរទាំងឡាយ ដោយមិនសហការ ចូលរួម គាំទ្រ ដោយចេតនា ធ្វើឡើងដោយមានផែនការច្បាស់លាស់ ដើម្បីបន្ថយធនធាន បង្រួញអំនាច និងបំបាក់ភាពស្របច្បាប់របស់របបដឹកនាំ ធ្វើឡើងក្នុងវិស័យបី សង្គម សេដ្ឋកិច្ចនិងនយោបាយ។ ការមិនសហការផ្នែកសង្គមគឺជាការជំទាស់មិនអនុវត្តបទដ្ឋានសង្គមបន្តទៀត តាមរយៈមធ្យោបាយដូចជា ពលិការសង្គម កូដកម្មដោយនិស្សិត ការបណ្តេញសមាជិកក្រុម ការនៅឱយឆ្ងាយពីកន្លែងខ្លួនឯងរំពឹងថាទៅ ការផ្តល់កន្លែងហាមឃាត់ជាទីបំពួនបាតុករពីការតាមចាប់។ល។ ការមិនសហការខាងសេដ្ឋកិច្ចវិញ គឺជាពន្យារសកម្មភាពសេដ្ឋកិច្ចទាំងឡាយ ព្រមទាំងមិនចូលរួមបង្កើតសកម្មភាពសេដ្ឋកិច្ចថ្មីទៀត តាមរយៈមធ្យោបាយដូចជា កូដកម្មមិនបញ្ចេញកម្លាំងធ្វើការ ឬបន្ថយល្បឿនធ្វើការ ពលិការសេដ្ឋកិច្ច ការរួមគ្នាដកលុយពីធនាគារ ការរួមគ្នាមិនបង់ថ្លៃផ្ទះ បំណុលនិងការប្រាក់ជាដើម។ល។ ការមិនសហការផ្នែកនយោបាយគឺជាការរឹងទទឹងមិនបន្តការចូលរួមនយោបាយផ្លូវការ។ ទំរង់នៃការមិនសហការផ្នែកនយោបាយដែលគេនិយមស្គាល់ជាងគេគឺការមិនគោរពតាមរបស់ប្រជាជនស៊ីវិល ពោលគឺ ការមិនគោរពច្បាប់និងសណ្តាប់ធ្នាប់ដោយបើកចំហនិងមានចេតនាក្នុងគោលបំណងនយោបាយប្រឆាំងសកម្មភាពរដ្ឋាភិបាលណាមួយ ដូចជាការបោះពុម្ពកាសែតឬខិត្តបណ្ណដែលហាមឃាត់ ការប្រកែកមិនបង់ពន្ធ ឬការមិនស្តាប់បញ្ជាអាជ្ញាធរ។ សំរាប់ប្រទេសមិនមែនប្រជាធិបតេយ្យ ជាទួទៅ រដ្ឋពុំសូវមានការអភិវឌ្ឍ ដូច្នេះរដ្ឋមិនមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងធនធានក្នុងប្រទេសប៉ុន្មានទេ។ ហេតុនេះហើយ វិធីមិនសហការអាចមានប្រៀបច្រើនក្នុងការបំបាក់អំនាចរដ្ឋ ចំពោះប្រទេសមិនកាន់របបប្រជាធិបតេយ្យ។ បើប្រទេសនោះក្រកំពុងអភិវឌ្ឍទំនងជារំពឹងលើម្ចាស់ជំនួយឬអ្នកឧបត្ថម្ភដើម្បីរស់ វិធីមិនសហការអាចកាត់បន្ថយធនធាន ពិសេសទាញយកធនធានឧបត្ថម្ភទាំងនោះពីរដ្ឋមកតែម្តង បើរដ្ឋអំនាចបើកការបង្ក្រាបលើចលនាប្រជាជនស៊ីវិល។ រដ្ឋដ៏ទន់ខ្សោយគឺពឹងលើករាស្រ្តជួយនិងរុញម៉ាស៊ីនរដ្ឋឱយដើរ ផ្ទុយទៅវិញ បើរាស្ត្រប្រើវិធីមិនសហការគ្រប់វិស័យ រដ្ឋនឹងខាតបង់ច្រើននិងទ្រឹងគាំងតែម្តង ជាហេតុធ្វើអ្នកដឹកនាំបាត់បង់លទ្ធភាពគ្រប់គ្រងរដ្ឋយ៉ាងខ្លាំង។
គ. អន្តរាគមន៍ដោយអហិង្សា
(ដោយវិធីផ្លូវចិត្ត, ផ្លូវកាយ, ខាងសង្គម, ខាងសេដ្ឋកិច្ច, និងខាងនយោបាយ)
វិធីអន្តរាគមន៍ដោយអហិង្សា គឺជាសកម្មភាពបង្អាក់ដំណើរការធម្មតានៃសណ្តាប់ធ្នាប់ឬស្ថានភាពដើមមិនឱយបន្ត (ការមិនសហការគឺដកការចូលរួមរបស់ខ្លួន ឯអន្តរាគមន៍វិញគឺមិនឱយប្រព័ន្ធទៅមុខបានដោយគ្មានការចូលរួម គឺមិនឱយសត្រូវធ្វើការបានដូចប្រក្រតី) ព្រមទាំងបង្កើតប្រព័ន្ធផ្សេងថ្មីមកជំនួយប្រព័ន្ធចាស់ទៀត ដើម្បីបញ្ចៀសការជ្រែតជ្រែកពីរដ្ឋអំនាច។ ការអង្គុយបិតអាគារ ការដណ្តើមកាន់កាប់ទីតាំងណាមួយ ការបង្កឧបសគ្គ ការបាំងហេដ្ឋារចនាសម្ពន្ធ ការបំផ្លាញវត្ថុឧបករណ៍ណាមួយកុំឱយសត្រូវប្រើបាន។ល។ គឺជាការឆាឆៅមិនឱយប្រព័ន្ធអាចដំណើរការដោយស្រួល។ ការបង្កើតទីផ្សារថ្មីមិនចំណុះរដ្ឋអំនាច ឬការរៀបចំស្ថាប័នស្មើដើរមុខងារជំនួសស្ថាប័នចាស់ដែលត្រួតត្រារដ្ឋ នៅក្នុងកំលុងពេលនៃការតស៊ូក្នុងជម្លោះជាមួយនឹងរដ្ឋ គឺជាការត្រួតត្រាយផ្លូវថ្មី កុំឱយមានដានដឹកនាំគ្រប់គ្រងស្ថាប័នរបៀបផ្តាច់ការទៀត។ លោក រ៉ូបឺត ប៊ើររ៉ូ (Robert J. Burrowes) បានបែងចែកអន្តរាគមន៍ដោយអហិង្សាជាពីរប្រភេទ៖ ១. អន្តរាគមន៍រំខានដោយអហិង្សា (Disruptive Nonviolent Intervention) គឺជាការអុកឡុកនិងបំបាត់ទំនាក់ទំនងឬរបៀបគ្រប់គ្រងចាស់ដែលធ្លាប់មានស្រាប់ និង ២. អន្តរាគមន៍បង្កើតថ្មីដោយអហិង្សា (Creative Nonviolent Intervention) គឺជាការជំរុញឱយមានទំនាក់ទំនងដឹកនាំថ្មីដោយឯករាជ្យនិងស្វ័យភាព គ្មានការលូកលាន់ពីភាគីនៅខាងក្រៅស្ថាប័ន។ ក្នុងប្រទេសមិនមែនប្រជាធិបតេយ្យ ការបង្កើតស្ថាប័នថ្មីដាច់ពីក្បាលម៉ាស៊ីនរដ្ឋគឺជាការប្រជែងអំនាចដោយផ្ទាល់ ដែលពួកគេពុំអាចអត់ធ្មត់ បណ្តោយឱយស្ថាប័ននោះអាចដំណើរការបានឡើយ ប៉ុន្តែប្រទេសប្រជាធិបតេយ្យ ស្ថាប័នភាគច្រើនសុទ្ធមានស្វ័យភាពឯករាជ្យរួចស្រាប់ទៅហើយ ហើយរដ្ឋក៏មិនអាចរំលោភមានសិទ្ធិជ្រៀតជ្រែងមិនឱយគេបង្កើតបានដែរ។
ចំណុចដ៏វិសេសនៃវិធីទាំងអម្បាលម៉ាននេះ គឺឋិតនៅត្រង់មានស្រាប់ មិនចាំបាច់ដើររក ឬត្រូវការធនធានអ្វីពិសេសច្រើនទេ។ គេអាចប្រើប្រាស់ពួកវាបានដោយមិនគិតពីពេលវេលានិងទីកន្លែង។ តាមរយៈការរីកចំរើននៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យា វិធីទាំងនេះកាន់តែអាចទៅមុខបានដោយរលូន ទោះការវិឌ្ឍដដែលនេះ រដ្ឋអំនាចក៏ទទួលបានផលប្រយោជន៍ក្នុងការប្រើវា ដើម្បីឈ្លបមើល រិតត្បិតសេរីភាព បំភ័យប្រជាជនជាងមុនដែរក៏ដោយ។ គ្រឿងសម្ភារៈបរិក្ខារបន្តិចបន្តួចដូចជា ទូរសព្ទ កុំព្យូទ័រ ម៉ាស៊ីនថត។ល។ មិនបានជះឥទ្ធិពលលើចលនាខ្លាំងនោះទេ គឺថាទោះមានឬមិនមានក៏គ្មានបញ្ហាណាស់ណាដែរ។ ខុសស្រលះ ប្រើវិធីហិង្សា គេត្រូវការលុយច្រើនជាង ដើម្បីទិញកាំភ្លើង គ្រាប់បែក រថក្រោះ។ល។ ពិសេសត្រូវរកអ្នកលក់សព្វាវុធឱយទៀត។
វិធីទាំងអស់នេះវាយប្រហារលើចំណុចខុសគ្នាៗនៃរដ្ឋាភិបាល ប៉ុន្តែតិចឬច្រើន វាយចំចំណុចខ្សោយរបស់រដ្ឋាភិបាលនិងធ្វើឱយរដ្ឋាភិបាលពិបាកទប់ទល់។ វាមានប្រសិទ្ធភាពខុសៗគ្នា ខ្លះងាយខ្លះលំបាកក្នុងការអនុវត្ត អាចឃើញប្រសិទ្ធភាពយូរឬឆាប់ ខ្លះទៀតយើងពុំងាយសង្កេតឃើញលទ្ធផលនៃវិធីនោះទេ។ គេត្រូវជ្រើសរើសយកមកប្រើដោយប្រុងប្រយត្នទៅតាមស្ថានភាពពិតជាក់ស្តែងដែលបាតុករចួបប្រទះផ្ទាល់ ទាំងប្រតិកម្មរបស់រដ្ឋាភិបាលនិងភាគីទីបី។ គេគួរកត់សំគាល់ផងដែរថាវិធីអហិង្សានីមួយៗមានឥទ្ធិពលនិងហានិភ័យផ្សេងខុសៗ យោលតាមហេតុនេះ គេត្រូវចេះប្រើវិធីទាំងអស់នេះចំរុះគ្នានិងផ្លាស់ប្តូរកលយុទ្ធដើម្បីចៀសវាងការបង្ក្រាប និងបត់បែនទៅតាមកាលៈទេសៈ ពិសេសគេមិនត្រូវចេះតែយកមកប្រើតែពីសតែពាស គ្មានផែនការនិងយុទ្ធសាស្ត្រធំមួយនោះទេ។ ម្យ៉ាងទៀតវិធីអហិង្សាមិនមែនវាយប្រហារតែមួយផ្នែកនៃរបបដឹកនាំនោះឡើយ ពោលគឺមានវិស័យសង្គម សេដ្ឋកិច្ច និងនយោបាយ ដែលធ្វើឱយប្រព័ន្ធដឹកនាំរដ្ឋគាំងនិងដកហូតប្រភពអំនាចរបស់របបផ្តាច់ការតែម្តង។ គេគួរប្រើវិធីអហិង្សាទៅវាយប្រហារប្រភពអំនាចរបស់ជនផ្តាច់ការ ចំណុចខ្សោយរបស់របបដឹកនាំ និងពង្រឹងអំនាចរបស់ចលនាខ្លួនឯង។ ក្នុងករណីមានសម្ពាធនយោបាយឬសេដ្ឋកិច្ចពីខាងក្រៅ គេត្រូវប្រើវិធីអហិង្សាដូចជា ការមិនសហការ ឬអន្តរាគមន៍ខាងសេដ្ឋកិច្ចនិងនយោបាយឱយត្រូវតាមលក្ខខណ្ឌខាងក្រៅដែលរបបដឹកនាំកំពុងចួបការលំបាក ដើម្បីបង្កលក្ខណៈឱយរដ្ឋាភិបាលចួបសត្រូវទាំងក្នុងទាំងក្រៅ។ ទោះបីគ្មានសម្ពាធពីខាងក្រៅក៏ដោយ វិធីអហិង្សានៅតែមានប្រសិទ្ធភាពគ្មានប្រែប្រួលនិងអាចអនុវត្តបានដោយបានជោគជ័យ។