គេធ្លាប់តែឮពីការឃោសនានិងការជំរុញឱយប្រជាជនចូលរួមបោះឆ្នោតកាន់តែច្រើនពីសំណាក់គណបក្សនយោបាយនិងសង្គមស៊ីវិល ប៉ុន្តែវាពិតជាចម្លែកបន្តិច បើសិនមានទស្សនៈផ្ទុយពីនេះត្រូវបានឱយពិន្ទុស្មើគ្នាដែរ។ ហេតុអ្វីបានជាការមិនទៅបោះឆ្នោតកំណត់ទិសដៅប្រទេសជាតិបែរជាមានសារៈសំខាន់ដែរទៅវិញ?
មានលក្ខខណ្ឌមួយចំនួនដែលនាំការបោះឆ្នោតទៅរកដំណើរការដឹកនាំត្រឹមត្រូវនិងមានប្រសិទ្ធភាព៖ ១. ការបោះឆ្នោតត្រូវតែត្រូវបានរៀបចំឱយមានសុចរិតភាព តម្លាភាព សេរីភាពស្មើៗគ្នា គ្រប់បក្សនយោបាយ គ្មានការលួចបន្លំ។ ២. ការបោះឆ្នោតត្រូវតែបង្កើតបានរដ្ឋាភិបាលដែលមានទំនួលខុសត្រូវនិងការឆ្លើយតបទៅកាន់ម្ចាស់ឆ្នោត។ ៣. ការបោះឆ្នោតត្រូវតែបង្កើតបានតុល្យភាពអំនាចនិងការត្រួតពិនិត្យ ពុំមែនអំនាចប្រមូលផ្តុំលើអង្គការនិតីប្រតិបត្តិទាំងអស់នោះទេ បក្សកាន់អំនាចធ្វើអ្វីស្រេចចិត្តទេ។ ៤. ការបោះឆ្នោតត្រូវតែកំណត់ឱយបានដាច់ខាតថាគណបក្សឈ្នះឆ្នោតត្រូវតែបានកាន់អំនាច គណបក្សចាញ់ឆ្នោតត្រូវតែផ្ទេរអំនាចតាមសំរួល។
នៅកម្ពុជា មានសង្ឃឹមតិចតួចណាស់ថាលក្ខខណ្ឌទាំងបួននេះត្រូវបានបំពេញ តាមរយៈការបោះឆ្នោត។ លក្ខខណ្ឌទី១ ទោះគេមិនទាន់ហ៊ានច្បាស់ថាគ. ជ. ប. ថ្មី ឯករាជ្យឬក៏អត់ក៏ដោយ តែគេអាចច្បាស់ថា គណបក្សប្រជាជននឹងរកគ្រប់កលល្បិច ដើម្បីបានឈ្នះឆ្នោតនៅអាណត្តិទី៦ខាងមុខនេះ ព្រោះការចាញ់ឆ្នោតអាចជាអវសាននៃជីវិតនយោបាយរបស់បក្សនេះ។ សូមកុំភ្លេចឱយសោះថា នៅអាណត្តិទីពីរ ឆ្នាំ១៩៩៨ គណបក្សប្រជាជនមានសង្ឃឹមឈ្នះឆ្នោតតិច ក៏បានរដ្ឋប្រហារនៅឆ្នាំ១៩៩៧ ជាមុនការពារកុំឱយចាញ់ទាន់។ ទំនោរនេះអាចនឹងលេចឡើងម្តងទៀត បើគណបក្សប្រជាជនចាញ់ឆ្នោតគណបក្សសង្គ្រោះជាតិ (ពី «ក្មេងវត្តទាត់ក្មេងវាំង» មក «ក្មេងវត្តទាត់ក្មេងប៉ារីស» ម្តង)។ ពិតណាស់ គណបក្សសង្គ្រោះអាងមានរាស្ត្រគាំទ្រ ដូចហ៊ុនស៊ិនប៉ិចអាងជាប់ខ្សែស្តេចនិងឈ្នះឆ្នោតជំនាន់នោះដែរ គ្មានបានត្រៀមទប់ទល់ក្នុងករណីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារអ្វីទេក្រៅពីប្រជាជនដែលគាំទ្រ ដូច្នេះធ្វើរដ្ឋប្រហារគណបក្សសង្គ្រោះជាតិគឺងាយស្រួលជាងហ៊ុនស៊ិនប៉ិចឆ្ងាយណាស់ លុះត្រាគណបក្សសង្គ្រោះរៀនចេះពីវិធីទប់ទល់ប្រហារដោយប្រើអំនាចប្រជាជន។ លក្ខខណ្ឌទី២ គឺអាស្រ័យលើលក្ខខណ្ឌទី១ បើរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតត្រឹមត្រូវប្រក្រតី នោះរដ្ឋាភិបាលនឹងពង្រឹងទំនួលខុសត្រូវរបស់ខ្លួន ដើម្បីអាចឈ្នះឆ្នោតនៅអាណត្តិក្រោយទៀត ព្រោះគ្មានផ្លូវផ្សេង ដូចជាលួចឆ្នោតឬរដ្ឋប្រហារទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលមានការកែប្រែតិចតួចប៉ុណ្ណោះ បើពួកគេអាចបង្វិលលទ្ធផលឆ្នោតបានតាមចិត្ត។ លក្ខខណ្ឌទី៣ នៅពេលរចនាសម្ពន្ធអំនាចប្រមូលផ្តុំ ពោលគឺមេបក្សឬនាយករដ្ឋមន្ត្រីមានអំនាចផ្តាច់មុខ ការបោះឆ្នោតគ្រាន់តែជាសេរីភាពជ្រើសរើសជនផ្តាច់ការតែប៉ុណ្ណោះ ពោលគឺ ប្រជាធិបតេយ្យអាស្រ័យនាយករដ្ឋមន្ត្រី។ ឧបមាថាគណបក្សប្រឆាំងឈ្នះឆ្នោតទៅចុះ ក៏ពួកគេទំនងជាមិនកែទំរង់ស្ថាប័នរដ្ឋសំខាន់ៗនានា ដូចជា ស្ថាប័នយោធានិងតុលាការ ឱយឯករាជ្យដាច់ពីបក្សនយោបាយរបស់ខ្លួននោះដែរ គឺពួកគេមានតែបន្តមត៌កអំនាចមជ្ឈការនេះបន្តពីអ្នកនយោបាយមុនៗជាជាង។ យើងអាចមើលឃើញសញ្ញាណអំនាចប្រមូលផ្តុំនេះខ្លះៗហើយ តាមរយៈការទាមទាររូបមន្ត ៤ ៤ ១ ក្នុងការកំណត់ចំនួនសមាជិក គ. ជ. ប. ថ្មី គឺថា គណបក្សប្រឆាំងទំនងជាមានចេតនាចង់ក្តាប់ គ. ជ. ប. បន្ទាប់ពីយកឈ្នះគណបក្សប្រជាជនបាន ស្របពេលពួកគេគិតថាខ្លួននឹងឈ្នះឆ្នោត ហើយបួនៗម្នាក់នោះនឹងក្លាយជា ៨ ១ ផងក៏មិនដឹង ត្បិតពួកគេនីមួយៗមិនទាមទារឱយគ. ជ. ប. មិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយនោះទេ បែរជានៅតែចង់បានមានសមាជិកបក្សខ្លួននៅក្នុងសមាសភាពដូចគ្នា និងថែមទាំងចង់បានទូរទស្សន៍របស់បក្សទៀត ពុំមែនទូរទស្សន៍ឯករាជ្យពីបក្សនយោបាយឡើយ។ នេះនៅមិននិយាយពីរចនាសម្ពន្ធបក្សមិនមានប្រជាធិបតេយ្យដែលសមាជិកហាក់ដូចជាគ្មានអំនាចសំរេចចិត្តសោះ ទើបត្រូវរកអន្តរាគមន៍មេបក្សឱយដោះស្រាយជម្លោះរវាងសមាជិកគ្នាឯង ជាជាងសមាជិកមានអំនាចបោះឆ្នោតទម្លាក់សមាជិកដែលសង្ស័យថាមានភាពមិនប្រក្រតីនោះ ពោលគឺមេបក្សមានអំនាចផ្តាច់ការលើសមាជិក។ លក្ខខណ្ឌទី៤ ពេលដែលអំនាចពិតប្រាកដពោលគឺចំនួនមនុស្សនិងស្ថាប័នដែលគោរពតាមបញ្ជា នៅតែឈរខាងគណបក្សប្រជាជនទាំងអស់ គណបក្សប្រឆាំងទោះឈ្នះឆ្នោតក៏ដោយ ក៏ប្រហែលដូចជាគណបក្សហ៊ុនស៊ិនប៉ិចកាលពីឆ្នាំ១៩៩៣អ៊ីចឹងដែរ ជាបក្សកាន់អំនាច មានតែឈ្មោះឈ្នះឆ្នោតប៉ុណ្ណោះ តែអំនាចពិតប្រាកដនៅតែរបស់គណបក្សប្រជាជន ពោលគឺយោធា កងសន្តិសុខ ពួកការិយាធិបតេយ្យ។ល។ មិនឋិតក្រោមរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រឆាំងឡើយ តែគឺនៅតែក្រោមបញ្ជាគណបក្សប្រជាជនដដែល បើហ៊ានក្បដអាចនឹងរស់មិនបានសុខ។ ជាពិសេស បើតាមការរំលោភបំពានរដ្ឋធម្មនុញ្ញ ជាច្រើនមាត្រា (ទោះមួយចំនួនតូចគោរពក៏ដោយ) និងការមិនគោរពច្បាប់ផ្សេងៗទៀតជាទូទៅ ស្តែងចេញតាមរយៈការជ្រែតជ្រែកអំនាចតុលាការ ធ្វើរដ្ឋប្រហារ គ្រប់គ្រង គ. ជ. ប. បង្ក្រាបបាតុកម្ម បំបិតសិទ្ធិសេរីភាពនយោបាយប្រជាជនដែលត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញ និងគ្មានយន្តការឬភាគីណាបង្ខំបក្សកាន់អំនាច បើចាញ់ឆ្នោតឱយត្រូវតែផ្ទេរអំនាចតាមច្បាប់ គេមានសង្ឃឹមតិចតួចស្តួចស្តែងបំផុតថា គណបក្សប្រជាជននឹងផ្ទេរពីអំនាចតាមសំរួល ក្រោយពេលចាញ់ឆ្នោត។
លក្ខខណ្ឌទាំង៤នេះសឱយឃើញថា ការបោះឆ្នោតមិនបានកែប្រែអ្វីជាដុំកំភួនទេ ប្រជាធិបតេយ្យនៅតែកាន់អំនាចដោយអ្នកនយោបាយជាជាងប្រជាជនគ្រប់គ្រងអ្នកនយោបាយ។ បើការបោះឆ្នោតកែប្រែអ្វីមិនបានទៅហើយ ច្បាប់បោះឆ្នោតថ្មីក៏អាក្រក់ទៀត តើទៅបោះឆ្នោតមានន័យអ្វី? ការទៅបោះឆ្នោតបង្គ្រប់កិច្ច ឬសំរាប់សង្គមស៊ីវិលអង្កេតការណ៍ប្រថាប់ត្រា មិនត្រឹមតែជួយអ្វីបានទេ មានតែធ្វើគណបក្សកាន់អំនាចនៅតែបានដៃ ទទួលបានការសហការ អាចប្រព្រឹត្តទៅតាមដំណើរ អាចធ្វើមិនដឹងមិនឮរាល់ការតវ៉ាបានដដែល។ ការបោះឆ្នោតនិងអង្កេតការណ៍តាមធម្មតាគឺបញ្ជាក់ថាច្បាប់បោះឆ្នោតថ្មីត្រឹមត្រូវស្របច្បាប់និងគ. ជ. ប. ឯករាជ្យ គ្មានការលួចបន្លំ គឺជាការសហការជួយបំពេញគម្រោងរបស់បក្សកាន់អំនាចដោយប្រយោល។ ផ្ទុយទៅវិញ បើប្រជាជនមានចំនួនគ្រប់គ្រាន់ក្នុងការបន្ថយសម្លេងឆ្នោតកុំឱយគ្រប់ចំនួនកៅអី និងសង្គមស៊ីវិលធ្វើពលិការ នោះការបោះឆ្នោតនឹងមិនអាចដំណើរការបាន គ្មានការសហការបោះឆ្នោតគឺគ្មានសន្លឹកឆ្នោតដើម្បីរាប់ គ្មានការអង្កេតការណ៍គឺគ្មានសាក្សី បើចេញលទ្ធភាពទាំងមណ្ឌលបោះឆ្នោតជាច្រើនស្ងាត់ជ្រៀប នឹងស្តែងពីភាពប្រក្រតីនៅនឹងភ្នែក រដ្ឋាភិបាលក្រោយការបោះឆ្នោតនឹងបាត់បង់ភាពស្របច្បាប់ដោយស្វ័យប្រវត្តិ។ ជាលទ្ធផល គ្មានការទទួលស្គាល់រដ្ឋាភិបាលពីសំណាក់អន្តរជាតិ ដាច់ជំនួយ គ្មានភាពស្របច្បាប់កាន់អំនាច ប្រជាជនមិនសហការ ដោយមិនធ្វើការបំរើរដ្ឋ រដ្ឋាភិបាលនឹងគាំងទៅមុខមិនរួចទេ បើមិនធ្វើតាមការចង់បានរបស់ប្រជាជន។ នៅក្នុងកាលៈទេសៈដែលការបោះឆ្នោតគ្មានឥទ្ធិពលលើរដ្ឋាភិបាល ការមិនទៅបោះឆ្នោតនឹងកែប្រែស្ថានភាពនេះ បើគេមានផែនការ យុទ្ធសាស្ត្រ កលយុទ្ធមិនសហការដទៃទៀត អនុវត្តដោយចំនួនច្រើនគ្រប់គ្រាន់នៃប្រជាជននិងភាគីពាក់ព័ន្ធ មានសង្គមស៊ីវិល និងគណបក្សប្រឆាំងនានា ទប់ទល់នឹងស្ថាប័នបោះឆ្នោតមិនឯករាជ្យឬច្បាប់បោះឆ្នោតថ្មីមិនស្របច្បប់រដ្ឋធម្មនុញ្ញផងដែរ៕
ប្រហែល ១:០០-៣:២៩ យប់, ១០/០៥/២០១៥