អំនាច​នៃ​ការ​លេង​សើច ចំអក​ និង​កំប្លែង​ស្ងួត​ (The Power of Laughtivism)

មាន​រឿង​ធំ​មួយ​អំពី​ការ​សើច​ចំអក​ គឺវាពិត​ជា​​ឈឺខ្លាំង​ណាស់។ —  សឺចា ផូផូវិច​

លំហូរ​កុប​កម្ម​ហិង្សាពោរ​ពេញ​ដោយ​ការ​បង្ហូរ​ឈាម​​ មួយ​វិនាទី​ៗដើរ​ដោយ​ការ​ប្រឈម​មុខ​នឹង​ទ្វារ​មច្ឆុរាជ​ ពេល​ត្រូវ​គ្រាប់​ម្តងៗ​អាច​ស្លាប់​ឬបើ​មិន​ស្លាប់​អាច​សត្រូវ​ចាប់បាន​ក៏​ស្លាប់​ដដែល​ ​ បើ​សំណាង​គឺ​​ពិការ​ឬ​មាន​គ្នា​ជួយ​សង្គ្រោះ​។ អាស្រ័យប្រការ​នេះ​ គេ​​អាច​យល់យ៉ាង​ងាយ​ថា​ កុប​ករ​មិន​អាច​សើច​សប្បាយ​ ទាំង​មុននិង​កំពុង​ធ្វើ​កុប​កម្ម​នោះ​ទេ​។​លុះ​ជោគ​ជ័យ​ហើយ​ក៏​ញញឹម​​មិន​សូវ​ចេញដែរ​​ ត្បិត​អាច​មាន​សមាជិក​ក្រុម​គ្រួសារ​ឬ​មិត្រ​ភក្តិ​សាច់​ញាតិ​ទទួល​មរណភាព​ដោយ​សារ​សង្រ្គាម​ផង​និង​ដោយ​សារ​ផលវិបាកនៃ​សង្គ្រាម​ផង​ ហើយ​ទ្រព្យ​សម្បត្តិ​ផ្ទះ​សំបែង​ក៏​ពុំ​​បា្រកដ​ថា​នៅ​គង់​វង់​មាំ​ទាំ​ដែរ​។ ក្រលែក​មក​មើល​បាតុកម្ម​អហិង្សា​វិញ​មាន​បរិយាកាស​ផ្សេង​ស្រលះ​។ ​បាតុកម្ម​អហិង្សា​ដែលប្រមូលផ្តុំ​ដោយ​មនុស្ស​គ្រប់​ភេទ​ វ័យ​ វណ្ណៈ​ ការ​ងារ​ គណបក្ស​នយោបាយ​។ល។ ប្រៀប​ដូចជា​ ​ពិធី​ជប់​លាង​មួយ​ដូច្នោះដែរ​។ បាតុករ​មិន​តំរូវ​ឱយ​វាយ​ដំ​ សម្លាប់​ នរណា​ម្នាក់ឡើយ​ សូម្បី​តែអ្នក​នោះ​ជា​សត្រូវ​ក៏​ដោយ​។ គ្រាន់​តែ​ប្រមូលផ្តុំ​​គ្នា​នៅ​ទី​តាំង​ណា​មួយ​ ស្រែក​ ច្រៀង​ រាំ​ ប្រគុំ​​ភ្លេង​​ លេង​ល្បែង​កំសាន្ត​ គូរ​រូប​លេង​ កូន​ក្មេង​ក៏​ចេះដែរ​។ សកម្ម​ភាព​សេរី​នេះ​ ក្រោម​កែវ​ភ្នែក​អាជ្ញាធរ​ ពួក​គេ​គឺ​ជាប្រភេទ​ប្រជាជន​ដែល​​គំរាម​កំហែង​ដល់​អំនាច​មេ​ដឹក​នាំ​របស់​ពួក​គេ​ តែ​សំរាប់​សាធារណ​ជន​ ចលនា​នោះ​ប្រៀប​ធៀប​បាន​នឹង​​ពិធី​បុណ្យ​គគ្រឹក​គគ្រេង ដូច​​បុណ្យ​អុំទូក​អ៊ីចឹង​​។ តើ​វា​គ្រាន់​តែ​ជាការ​​ប្រមូល​ផ្តុំ​លេង​សើច​អត់​ប្រយោជន៍​ឱយ​តែ​គេ​វាយ​មែន​ទេ​? តើ​ឥទ្ធិ​ពល​របស់​វា​អាច​ធ្វើ​អ្វី​ជន​ផ្តាច់​ការ​និង​បក្ស​ពួកបាន​?

លោក​ សឺចា ផូផូវិច​ សកម្ម​ជន​នយោបាយ​​ជាតិ​ស៊ែកប៊ី​​ ដែល​ធ្លាប់​ជា​​អតីត​មេ​ដឹក​នាំ​ចលនា​និស្សិត​ឈ្មោះ​​​​ «អ៊ូតផូរ»​ (Otpor! ជា​ភាសា​ស៊ែកប៊ី​ មាន​ន័យ​ថា​ ការ​តវ៉ា​) ដែលបាន​​ប្តូរ​រំលំ​របប​ផ្តាច់​ការ​របស់លោក​ប្រធានាធិបតី​​​ ស្លឺបរដេន ម៊ីលូសឺវិច (Slobodian Milosevic) នៅ​ប្រទេស​ស៊ែក​ប៊ី​​ (Serbia) នា​ឆ្នាំ​២០០០។ លោក​និង​សហ​ស្ថាបនិក​ដទៃ​ទៀត​​បាន​បង្កើត​ «មជ្ឈ​មណ្ឌល​អនុវត្ត​សកម្ម​ភាព​និង​យុទ្ធ​សាស្ត្រ​អហិង្សា» (Centre for Applied Nonviolent Action and Strategies) នៅ​ឆ្នាំ​​២០០៣ ហៅ​កាត់​ថា​ ​CANVAS ដែលបាន​​បណ្តុះ​បណ្តាល​ប្រជាជន​អំពីការ​អនុវត្ត​​បាតុកម្ម​អហិង្សា​ប្រឆាំង​របប​ផ្តាច់​ការ​នៅ​ក្នុង​ ប្រទេសនា​នា​ចំនួន​៥០ មក​​​​​ហើយ​។ ​​​សមាជិក​ក្រុម​របស់លោក​បាន​នឹក​ឃើញ​វិធីមួយអនុវត្ត​នៅ​ក្នុង​ចលនា​អូតផូរ​ ដើម្បី​​​​​បំបែកការ​ភ័យ​ខ្លាច​ដែល​របប​ផ្តាច់​ការ​​ប្រឹងបំប៉ោង​។ លោក​បានហៅ​វិធី​អហិង្សា​​ថ្មី​នោះ​​ថា​ «សំណើច​និយម» ​(Laughtivism)។ Laughtivism គឺ​ជា​ពាក្យ​ផ្គុំ​កាត់ (Portmanteau) ដែល​បាន​មក​​ពី​ពាក្យ​ពីរគឺ​​​ Laughter (សំណើច​) និង​ Activism (សកម្ម​និយម)​។ សំណើច​និយម​គឺ​ជា​ការ​យក​សំណើច​និង​ការ​​ត្រាប់​តាម​ចំអកធ្វើ​​ជា​អាវុធ ​ក្នុង​​យុទ្ធ​សាស្ត្រ​អហិង្សា​ដើម្បី​ឌឺដង​​អាជ្ញាធរ​និងមេ​ដឹក​នាំ​ ហើយ​បន្ធូរ​បរិយាកាស​ ​កាត់​បន្ថយ​ការ​ភ័យខ្លាច​រដ្ឋ​អំនាចនិង​ទាក់​ទាញ​ការ​ចំណាប់​អារម្ម​ពីមហា​ជនដែល​ជា​ក្រុម​​គោល​ដៅ​។​ និយាយ​តាមពាក្យ​របស់​លោក​​ ផូផូវិច ​«សំណើច​និយម​» គឺ​សកម្ម​ភាព​មាន​ជំរើស​​ទាំង​ពីរដែល​រើស​ហើយ​ខាត​បង់​ដូច​​គ្នា ​ដែល​ចាប់​អាជ្ញាធរដាក់​​នៅ​ក្នុង​ជំហរ​មួយ​ទាល់​ច្រក​​។ ​មិន​ថា​ពួក​គេ​បង្ក្រាប​សកម្ម​ភាព​បាតុកម្ម​​​ដែល​ប្រើ​ការ​​លេង​សើច​ឬ​​ក៏​អត់​នោះ​ទេ​ ពួក​គេ​នៅ​តែ​ទទួល​លទ្ធផល​តែ​មួយ​គឺ​ថា​នៅ​តែ​ចាញ់​ បញ្ឈប់​ការ​តវ៉ាមិន​​បាន​ ចលនា​នៅ​តែ​បន្ត​ នៅ​តែ​មាន​អ្នក​ចូល​រួម​កើន​ឡើង​ ហើយ​ដុត​ឆ្ងាញ់​បំផុត​នោះ​គឺ​ធ្វើ​ឱយ​អាជ្ញាធរ​ខ្មាសគេ​នៅ​ចំពោះ​មុខ​​សាធារណ​ជន​។ ​លោក​ សឺចា ផូផូវិច​ បាន​មាន​ប្រសាសន៍​​ក្នុង​​កម្ម​វិធី «​ថេដ​អ៊ិច​ប៊ូលឌើរ»​ អំពី​ «អំនាច​នៃ​សំណើច​និយម​» នៅ​ថ្ងៃ​ ១៤ កុម្ភៈ​ ២០១៣  មាន​សេចក្តី​ដូច​ខាង​ក្រោម​៖

ការ​ភ័យ​ខ្លាច​គឺ​ជា​ខ្យល់ដែល​ជន​ផ្តាច់​ការ​​​ដក​ដង្ហើម។ គ្មាន​ការ​ភ័យ​ខ្លាច​ទេ​ [របស់​ប្រជាជន]  ជន​ផ្តាច់​ការ​ពុំ​អាច​រស់​រាន​មានជីវិត​បន្ត​បាន​ឡើយ​​​។ គ្មាន​អ្វី​បំបែក​ការ​ភ័យ​ខ្លាច​លឿន​រហ័ស​ជាង​ការ​លេង​កំប្លែង​​ឬការបង្កើត​រឿង​ដែល​គួរ​ឱយ​អស់​សំណើច​​​នោះ​ទេ​។ ការ​លេង​សើច​ធ្វើ​ឱយ​​ចលនា​តវ៉ា​របស់​អ្នក​មើល​ទៅ​សប្បាយ​ ហើយ​ប្រសិន​បើ​ចលនា​របស់​អ្នក​សប្បាយ​ដូច្នេះ​ អ្នក​រាល់​គ្នា​ចង់​ចូល​រួម​ដែរ​ ដូច្នេះ​ចលនា​របស់​អ្នក​រីក​មាឌ​។ ការ​កំប្លែង​និង​​សើច​ចំអក​បង្កើត​បាន​ជា​ស្ថាន​ភាព​គ្មាន​ជំរើស​​សំរាប់​ការ​​ចាប់​ផ្តើម [បង្ក្រាប​របស់​អាជ្ញាធរ​]។ ប្រ​សិន​បើ​ពួក​គេ​មាន​ប្រតិកម្ម​ ពួក​គេនឹង​​មើល​ទៅ​ដូចជា​​មនុស្ស​ឡើ​កឺ​ បើ​ពួក​គេ​មិន​តប​ត​ អ្នក​ដទៃ​ទៀតនឹង​ដុត​បញ្ឈឺ​ពួក​គេ​ដែរ​​។

​ជា​រួម​ ការ​លេង​កំប្លែង​និង​សើច​ចំអក​ យោល​តាម​លោក សឺចា ផូផូវិច​ មាន​គុណ​ប្រយោជន៍​បី៖​ ១. បំបែក​ការ​ភ័យ​ខ្លាច​ដែល​ជា​អាវុធ​អរូបិយ​សំខាន់​បំផុត​របស់​ជន​ផ្តាច់​ការប្រើ​​ដើម្បី​រក្សា​អំនាច​ (មិន​មែនកម្លាំង​អាវុធ​ទេ​ដែលជន​ផ្តាច់ការ​យក​​​ជា​មធ្យោបាយ​ចំបង​ក្នុង​​វាយ​ដណ្តើម​និង​រក្សា​អំនាចរបស់​គេ​ ព្រោះ​ពួក​គេ​ប្រើ​ប្រាស់ខ្លាំង​បំផុត​គឺ​ការ​គំរាម​កំហែង ​បំភិត​បំភ័យ​ បញ្ចូល​ការ​ភ័យ​ខ្លាច​ក្នុង​ចិត្តប្រជាជន​ ​តាម​រយៈ​មធ្យោបាយ​ជា​ច្រើន​ពិសេស​គឺ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឯ​កម្លាំងបាយ​ប្រើ​​តែ​ពេល​ចាំ​បាច់​ក្នុង​ការ​បង្ក្រាប​ ដើម្បី​បំបាក់​សា្មរតី​និង​បំ​ភ័យ​​ប៉ុណ្ណោះ​។​) ២. ការ​បង្កើត​សកម្ម​ភាព​​កំប្លែង​ចំអន់ធ្វើ​ឱយ​បាតុកម្ម​សប្បាយ​គួរ​ឱយ​ចាប់​អារម្ម​ឬ​​គួរ​ឱយទាក់​ទាញ​និង​គួរ​ឱយ​ចង់​​ចូល​រួម​ឬ​​បង្កើន​​អំនាច​ចលនា ថែម​ទាំង​​ធ្វើ​ឱយ​ចលនា​ល្បី​ល្បាញ​ទៀត​។ ៣. ធ្វើ​ឱយ​អាជ្ញាធរគ្មាន​ជំរើស​ គឺ​ថា​ធ្វើឱយ​​ពួក​កង​កម្លាំង​សន្តិ​សុខ​និង​អាជ្ញាធរ​ខ្មាស​គេ​ បើ​ពួក​គេ​ទៅ​​បង្ក្រាប​ ហើយ​បើ​ពួក​គេ​មិនមាន​​​ប្រតិកម្មអ្វី​ទេ​ អ្នក​ផ្សេង​នឹង​ធ្វើ​ត្រាប់​តាម​ការ​លេង​សើច​នោះ​ រួច​បាញ់​និង​ដុត​ដោយ​​កំប្លែង​ស្ងួត ​អាម៉ាស​​ល្បី​ពេញ​សារ​ពត៌មាន​។​

សូមចូល​រួម​​ស្រមៃ​ទាំង​អស់​គ្នា​នូវ​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱយ​អស់​សំណើច​មួយ​ ដែល​លោក​ ផូផូវិច បាន​លើកពី​បទ​ពិសោធ​​​ក្នុង​ចលនា​អ៊ូតផូររបស់​លោក​ ដែល​បាន​បញ្ឈឺ​ក្រុម​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក​ ម៊ីលូសឺវិច គឺ​ថា​ សកម្ម​ជន​បាន​យក​ធុង​ប្រេង​មួយ​ដែល​មាន​បិត​ព្រះ​ភក្រ្ត​ស្រស់​ប្រឹម​ប្រិយ​របស់​លោក​ប្រធានាធិបតី ម៊ីលូសឺវិច ទៅ​​ដាក់​ចោល​នៅ​ហាង​ទំនិញ​មួយ​នៅ​កណ្តាល​ហ្វូង​មនុស្ស​ ហើយ​​ទុក​ដំបង​មួយ​នៅ​ក្បែរ​នោះ​ផង​។ សកម្ម​ជន​របស់​លោក​ បាន​ញាត់​កាក់​លុយ​ចូល​ក្នុង​ធុង​ ជា​សញ្ញា​បញ្ជាក់​ថា​ទិញ​សិទ្ធិ​រួច​ហើយ​ អាច​វាយ​មុខ​លោក​ប្រធានាធិបតី​បាន​ហើយ​។ បន្ទាប់​ពី​វាយ​ហើយ​ សកម្ម​ជន​ក៏​ចាក​ចេញ​ទៅ​ផឹកកាហ្វេបាត់​​។ ប៉ុន្មាន​នាទី​ក្រោយ​មក​ មាន​មនុស្ស​ជា​ច្រើន​ទន្ទឹម​ចាំ​ប្រារព្ធ​ពិធី​វាយ​មុខ​លោក​ប្រធានាធិបតី​ ដើម្បី​បង្ហាញ​សេចក្តី​គោរព​និង​ផ្តល់​កត្តិ​យស​ជូន​​លោក​។ នេះ​ពុំ​ទាន់​ជា​ឆាក​កំប្លែង​ទេ​ កន្លែង​សើច​គឺ​ត្រង់​ពេល​ប៉ូលីស​មក​ដល់​។ ពួក​គេ​មក​ដល់​ហើយ​ មិន​ដឹង​ធ្វើ​អ្វី​ឡើយ​ ព្រោះ​មិន​ឃើញ​មាន​នរណា​ម្នាក់​ក្រៅ​ពី​ធុង​ប្រេង​ភ្ជាប់ដោយ​​ព្រះ​ភក្ត្រលោក​ប្រធានាធិបតី​​។ បើ​ចាប់​ខ្លួន​ ម្ចាស់​ហាង​​វា​មិន​ទំនង​។ បើ​ចង់​ចាប់​អ្នក​ដាក់​ធុងសាំង​​ឬ​អ្នក​វាយ​ធុងទាំង​​នោះ​វិញ​ វា​ទៅ​មិន​រួច​ ព្រោះ​មិន​​ស្គាល់​អត្ត​សញ្ញាណ​ មិន​ដឹង​ពួក​គេ​ទៅ​ឯ​ណា​អស់​។ ពួក​គេ​ក៏​បាន​ធ្វើ​រឿងដ៏​​គួរ​ឱយ​អស់​សំណើច​បំផុត​មួយ​ គឺ​ពួក​គេ​ចាប់​ខ្លួន​ធុង​សាំង! រូប​ភាព​​ប៉ូលីស​ពីរ​នាក់​អូស​ធុង​សាំង​​​អមដោយ​​ព្រះ​ភក្ត្រ​កំប៉ិត​កំប៉ុត​ដែល​​ត្រូវបាន​​វាយ​នោះ​ ទៅ​ដាក់​ក្នុង​ឡាន ​ដើម្បី​បង្ហាញ​ស្វាមី​ភក្តិ​ជូនមេ​ដឹក​នាំ​ដ៏​កំពូល​របស់​ពួក​គេ​ត្រូវ​បានគេ​​សើច​គ្រប់​ៗ​គ្នា​ ពាស​ពេញ​សារ​ពត៌មាន​។​

សកម្ម​ភាព​កំប្លែង​ប្រភេទ​នេះ​ នៅ​មាន​ច្រើន​ផ្សេង​គ្នា​ទៀត​ ដូច​ជា​ ក្រុម​សកម្ម​ជនប្រកាស​​រៀប​ចំ​ធ្វើ​បាតុកម្មនៅ​ថ្ងៃ​ស្អែក​ ស្រប​ពេល​កង​កម្លាំង​យោធា​ត្រៀម​កាំភ្លើង​ ដំបង​ ខែល​ រថ​ក្រោះ​ ចាំ​បង្ក្រាប​ចលនា​​​​។ ស្រាប់តែ​ដល់​ពេល​ធ្វើ​បាតុកម្ម​ សកម្ម​ជន​ទាំង​នោះ​ព្រ​លែ​ង​ឆ្មាមួយ​ហ្វូង​​ឱយទៅ​​​តវ៉ា​ជំនួស​ ដោយ​បំពាក់​ទង់​បាតុកម្ម​នៅ​កន្ទុយ​ឆ្មា​ទាំង​អស់​នោះ​។ កង​កម្លាំង​ក៏​ដើរ​តាម​មើល​បាតុករ​ឆ្មា​អោង​ទាំង​អស់នោះ​ គួរ​ឱយ​ចង់​សើច​។ នៅ​មាន​បាតុកម្ម​តវ៉ាផ្សេង​ទៀត​ដែល​ប្រើ​វិធី​លេង​សើច​នេះ​ គឺ​​ប្រើ​​​តុក្កតា​ក្មេង​លេងជា​បាតុករ​​​ (Toy Protest)។ បាតុកម្មដោយ​តុក្កតា​​ប្រឆាំង​​នឹង​រដ្ឋាភិបាល​នៅបារណល (Barnaul) នៃ​ប្រទេស​​​រុស្សី​ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋការ​ចោទ​ថា ​មិន​ស្រប​ច្បាប់​ដោយ​ប្រកាសជា​ផ្លូវ​ការ​ថា​​ «តុក្កតាក្មេង​លេង​មិន​អាច​ធ្វើ​បាតុកម្ម​បាន​ទេ​ ព្រោះ​ពួក​គេ​មិន​មែន​ជា​ប្រជាពលរដ្ឋ​រុស្ស៊ី​។»​ របស់​លេង​ទាំង​នោះ​​ធ្វើ​នៅ​ចិន!​ ជា​ផលិត​ផល​ចិន​! ការ​ដែល​អាជ្ញាធរ​ប្រតិ​កម្ម​បែប​នេះ​ធ្វើ​ឱយ​ប្រជាជន​សើច​ចំអក​ផង​ អាជ្ញាធរ​ខ្លួន​ឯង​ក៏​ខ្មាស​គេ​ ចលនា​ក៏​ល្បី​ផងដែរ​ ទោះ​បី​​អាជ្ញាធរ​ចេះ​តែ​បន្លំ​ថា​វា​គ្មាន​ឥទ្ធិ​ពល​ក៏​ដោយ។​​

ទាំង​អស់​នេះ​គឺ​ជា​ឥទ្ធិ​ពល​នៃ​ការ​សើច​ចំអក​ ដែល​អាចប្រមូល​ប្រជាជន​ឱយ​​ផ្លាស់​ប្តូរ​ប្រទេស​របស់​ពួក​គេ​បាន​។ លោក​ ផូផូវិច​ អះ​អាង​ថា​ «នៅ​ពេល​ដែល​ព្រលឹងនៃ​សំណើច​និង​អំនាចប្រជាជន​លោត​ចេញ​ពី​ប្រអប់​ហើយ​នោះ​ អ្នក​មិន​អាច​ចាប់​ពួក​គេ​ដាក់​ចូលក្នុង​ប្រអប់​​វិញបាន​​ឡើយ​។​» យើង​អាច​ប្រើ​ប្រាស់​ការ​ច្នៃ​ប្រតិដ្ឋ​ទៅ​បង្កើត​ការ​ដុត​បាញ់​អាជ្ញាធរ​ដោយ​កាយ​វិការ​ រូប​ភាព​ ពាក្យ​សម្តី​កំប្លែង​ជា​ច្រើន​ ទៅ​តាម​តែ​ចំណូល​ចិត្ត​ សំខាន់​កុំ​បញ្ឈប់​សកម្ម​ភាព​កំសាន្ត​ទាំង​នោះ​។ បាតុករ​អាច​កាន់​កាំភ្លើង​បាញ់​ទឹក​ទៅ​តតាំង​នឹង​កង​កម្លាំង​សន្តិ​សុខ​ អាច​យក​សន្ទូច​ស្ទូច​ត្រី​ដាក់​នុយ​ជា​លុយ​ទៅ​ទាក់​ទាញ​ប៉ូលីស​ឱយ​លេង​ជា​មួយ​ អាច​ធ្វើ​រូប​ចំបើង​ជា​រូប​មេ​ដឹក​នាំ​ឱយ​អាក្រក់​អាគ្រៃ​ អាច​ហាល​តាំង​ខោ​ទ្រនាប់​ភ្ជាប់​ដោយ​ព្រះ​នាម​ឥស្សរជន​ល្បី​ល្បាញ​ខាង​ធ្វើ​បាប​ប្រជាជន​នៅ​សាធារណៈ​ណា​មួយ​ ដែល​សំបូរ​​​​អ្នក​ទស្សនា​​ច្រើន​។ល។ ធ្វើ​ហើយ​ថត​ទុក​ ធ្វើ​ជា​រូប​ ផលិត​ជា​​វិឌីអូ​ ផ្សព្វ​ផ្សាយ​រហូត​ដល់​ពួក​គេ​ខ្មាស​គេ​ មិន​ដឹង​ជា​ត្រូវ​យកគូទ​​ទៅ​ទុក​នៅ​ឯ​ណា​ ប្រហែល​សូម្បី​អ្នក​គាំទ្រ​បក្ស​ក៏​លួច​សើច​ពេលផុត​ពីខ្សែ​ភ្នែក​មេ​ដឹក​នាំ​របស់​ពួក​គេដែរ​​។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s