ភាព​ជាអ្នក​​ដឹក​នាំ​និង​តួ​នាទីរបស់អ្នក​ដឹក​នាំ​បាតុកម្ម​អហិង្សា​

Mohandas Gandhi (left) and Sarojini Naidu.

​​ទ្រឹស្តី​និង​ការ​ពិសោធ​ទាំង​ប៉ុន្មាន​ដែល​យើងបាន​អធិប្បាយ​ប្រាប់​ អាច​ទៅ​រួច​និង​អាច​ធ្វើ​ឱយ​សកម្ម​ឡើង​បាន​ឬ​មិន​បាន​គឺ​ជា​បញ្ហា​នៃ​ការ​ដឹក​នាំ​និង​ភាព​ឈ្លាស​វៃ​របស់​អ្នក​ដឹក​នាំ​។ ទោះ​បី​ដើម្បី​ឱយ​យុទ្ធនាការជោគ​ជ័យ​​ គេ​ពុំ​ត្រូវ​ការអ្នក​ដឹក​នាំ​ប្រកប​ដោយ​គុណ​ភាព​ពិសេសក៏​ដោយ​ ក៏​ចលនា​នៅ​តែ​តំរូវឱយ​អ្នកដឹក​នាំ​មានចរិត​លក្ខណៈ​ជា​គុណ​សម្បត្តិ​មួយ​ចំនួន​ដែរ​។ លោក​ រ៉ូបឺត​ ហ៊ែល​វី​ បាន​លើក​ឡើង​ថា​ «ក្នុង​ចំណោម​តួនាទី​​អ្នក​ដឹក​នាំនៅ​ក្នុង​ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​គឺ​កៀង​គរ​ប្រជាជន​​ ផ្តល់​គំរូ​ឱយ​អ្នក​ចូល​រួម​នៅ​ក្នុង​ការ​តស៊ូ​ បង្ហាញ​​ការ​ជឿ​​ជាក់នៅ​ពេល​អ្នក​ដទៃ​ទៀតសង្ស័យ​ពី​ទិន្នផល​នៃ​ការ​តស៊ូ​ សំរេច​ចិត្ត​ត្រឹម​ត្រូវ​ឱយ​ត្រូវ​ពេលវេលា​ ​បន្ត​ធ្វើ​ឱយ​​​ឋិត​ថេរបាន​នូវ​ការ​គាំទ្រ​និង​ការ​សហការចេញ​ពី​ឆន្ទៈ​ប្រជាជនដែល​​ចាំ​បាច់​សំរាប់​ជ័យ​ជំនះ​។​​» ​តាម​លោក​ ហ៊ែល​វី​ (២០០៤, ទំ. ១០៨-១១៣) ដើម្បី​សំរេច​តួនាទី​ទាំង​នេះ​ មេ​​ដឹក​នាំ​គួរ​មានចរិត​​លក្ខណៈ​មួយ​ចំនួន​ ធ្វើ​បាន​កាន់​តែ​ច្រើន កាន់​តែ​ល្អ​ ​ដូច​ជា​​៖ ១. ផ្តល់​គំរូ​​, ២. ស្គាល់​ប្រជាជន​ដែល​ខ្លួន​នឹង​​ដឹក​នាំ​, ៣. មាន​ជំនាញ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​, ៤. ស្វែង​រក​និង​ទទួលយក​ទំនួល​​ខុស​ត្រូវ​, ៥. ប្រគល្ភ​​គុណ​សម្បត្តិ​ទៅឱយ​​សមាជិក​ពេល​ជោគ​ជ័យ​​, ៦. ស្វាមីភក្តិ​, ៧. ស្គាល់​សត្រូវ​, ៨. រៀនពី​បទ​ពិសោធ​​ និង​ចុង​ក្រោយ​ ៩. បង្កើន​និង​យក​ឈ្នះ​ការ​លំបាក​អំពីបញ្ហា​​សមត្ថភាព​របស់​អ្នក​ក្រោម​បង្គាប់​។

​​​

            ១. ផ្តល់​គំរូ​​ ចរិត​និង​បុគ្គលិកលក្ខណៈ​របស់​មេ​ដឹក​នាំ​ជះ​ឥទ្ធិពលលើ​ការ​គ្រប់​គ្រង​ អ្នក​ក្រោម​បង្គាប់​និង​ចលនា​ទាំង​មូល​។ បើ​មេ​ដឹក​នាំ​មានពុត​ត្បុត​​យក​ចលនា​ធ្វើ​ជា​នុយ​ស្ទូច​ជំនួយ​បរទេស​ សម្តែង​លោ្ខន​នយោបាយ​ មិន​ខ្វល់​ពី​ប្រជាជន​ នោះ​អ្នក​ក្រោម​បង្គាប់​នឹង​ស៊ី​ជំនួយ​នោះ​ ធ្វើ​នយោបាយ​ប្រជាភិថុតិ​ដូច​តែ​គ្នា​ដែរ​។​

២. ស្គាល់​ប្រជាជន​ដែល​ខ្លួន​នឹង​​ដឹក​នាំ​ ដឹង​ថា​ប្រជាជន​ឋិត​ក្នុង​ស្រទាប់​សង្គម​ណា​ខ្លះ​ ត្រូវ​ការអ្វី​ខ្លះ​ មាន​ជីវ​ភាព​រស់​នៅ​ដូចម្តេច​ មាន​ការ​តស៊ូ​និង​ចំណេះ​ដឹងកំរិត​ណា​ ព្រម​ទាំង​ស្គាល់​ឬ​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​អ្នក​ដែល​គាំទ្រ​ពួក​គេ​និង​អ្នក​អព្យាក្រឹត​របស់​ពួក​គេ​ផង​ដែរ​។

៣. មាន​​ជំនាញ​ក្នុង​ការ​បំពេញ​​ភារកិច្ច​របស់​ខ្លួន ដឹង​ពីរបៀប​យក​ឈ្នះ ​និង​ក្រៅ​ពី​ជំនាញ​និង​ចំណេះ​ដឹង​សំរាប់​ធ្វើ​យុទ្ធ​នាការ​ មេ​ដឹកនាំ​ត្រូវ​យល់​ដឹងថា​ទិដ្ឋ​ភាព​ផ្សេងៗ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​របស់ខ្លួន​ជះ​ឥទ្ធិពល​ដល់​​​ទិន្នផល​នៃ​ការ​តស៊ូ​ដែរ​។ ការ​ទាក់​ទាញ​ការ​ចូល​រួម​ពី​សាធារណជន​ ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​ គ្រប់​គ្រង​​ធន​ធាននិង​​យក​ទៅ​ប្រើ​ដើម្បី​​យុទ្ធនាការ ដោយ​​​​ឆ្លង​កាត់​ការ​វិភាគដោយយក​ចិត្ត​ទុក​ដាក់​និង​​​ច្បាស់​លាស់​ ព្រម​ទាំង​កាត់​បន្ថយ​ការ​ខូច​ខាត​ឱយ​បាន​ច្រើន​បំផុត​ផង​ដែរ​​។ អ្នក​ដឹក​នាំ​ចាំ​បាច់​ត្រូវ​យល់​ពី​របៀប​វាយ​តម្លៃ​ស្ថាន​ការណ៍​​ ជ្រើស​រើស​វិធី​អហិង្សា​នា​នា​ដែល​ត្រូវ​អនុវត្តដើម្បី​ទៅ​ដល់​​គោល​ដៅ​នៃ​ផែន​ការ​យុទ្ធនាការ​ រៀប​ចំ​ផែន​ការ​សកម្ម​ភាព​អហិង្សា​ ហើយ​បណ្តុះ​បណ្តាល​​អ្នក​ចូល​រួម​អំពី​របៀប​អនុវត្ត​​វិធី​ដែល​ត្រូវ​បាន​​ជ្រើស​រើស​នោះ​ឱយ​បាន​ជោគ​ជ័យ​។ ​

៤. ស្វែង​រក​និង​ទទួលយក​ទំនួល​​ខុស​ត្រូវ​ អ្ន​កដឹក​នាំ​មិន​មែន​ទទួល​តែ​ត្រូវ​ រួច​ខុស​មិន​ទទួល​ហើយ​ទម្លាក់​ទៅ​អ្នក​ក្រោម​បង្គាប់​នោះ​ទេ​​។ អ្នក​ដឹក​នាំ​ដែល​មាន​ប្រសិទ្ធ​ភាព​ចេះ​ទទួល​យក​បរាជ័យ​ក្នុង​ការ​បំពេញ​គោល​ដៅ​ដែល​បាន​រៀប​ចំ មិន​បន្ទោស​អ្នក​ដទៃ​ ទទួល​ស្គាល់​ដំណើរ​ការ​ខុស​ប្រក្រតី​ កែ​តំរូវ​សភាព​ការណ៍​ រៀន​ពី​កំហុសឆ្គង​​នោះ​ និង​បន្ត​យុទ្ធនាការ​ទៅ​មុខ​ទៀត​។ គេ​អាច​អធ្យាស្រ័យ​​ឱយ​មេ​ដឹក​នាំ​ពេល​បណ្តោយ​ឱយ​មាន​កំហុសលើកដំបូង​​​ ប៉ុន្តែ​គេ​មិន​អាច​លើក​លែង​ឱយ​មេ​ដឹក​នាំ​ដែល​ពុំ​អាច​រៀន​ពីកំហុសដដែល​​នោះ​បាន​ទេ​។ បើ​មាន​ករណី​នេះ​កើត​ឡើង​ សមាជិក​សកម្ម​ត្រូវ​ដក​ហូត​ការ​សហការគាំទ្រ​ ​រួច​បោះ​ឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មី​ទៀត​ដែល​គ្រាន់​បើ​ជាង​មុន​។ ​

៥. ប្រគល្ភ​​គុណ​សម្បត្តិ​ទៅឱយ​​សមាជិក​ពេល​ជោគ​ជ័យ​​ មេ​ដឹក​នាំ​ពុំ​ត្រូវ​​ឱប​ក្រសោប​យក​គុណ​សម្បត្តិ​តែ​ឯង​នោះ​ទេ​ ហើយ​ក៏​ពុំ​ចាំ​បាច់​ធ្វើ​ដូច្នេះ​ដែរ​ នៅ​​ក្រោយ​ពេល​សំរេច​​គោល​ដៅ​​មួយ​ចំនួន​ឬ​ជោគ​ជ័យ​ទាំង​ស្រុង​ ពី​ព្រោះ​ក្នុង​កែវភ្នែក​​សមាជិក​ទាំង​អស់​ នៅ​ពេល​មេ​ដឹក​នាំធ្វើ​ត្រូវ​និង​ដឹក​នាំ​បាន​ជ័យ​ជំនះ​ នោះ​​គុណ​សម្បត្តិ​ធំ​​រត់​ទៅ​រក​មេ​ដឹក​នាំ​ដោយ​ស្វ័យ​ប្រវត្តិ​ ទោះ​មេ​ដឹកនាំ​នោះ​ព្យាយាម​ប្រកែក​ក៏​ដោយ​។ ហេតុ​នេះ​ហើយ​ មេ​ដឹក​នាំ​មិន​ត្រូវ​​ដណ្តើម​យក​តែ​ម្នាក់​ឯង​ មិន​ចែក​រំលែក​ឱយ​សមាជិក​ទាំង​អស់​នោះ​ទេ​ ពី​ព្រោះ​បើ​គ្មាន​ពួកគេ​ទេក៏​​សកម្ម​ភាពតាម​ផែន​ការនានា​​ទាំងអស់​​នោះ​ ពុំ​អាច​សំរេច​បាន​នោះ​ឡើយ​។ មេ​ដឹក​នាំ​ល្អ​ប្រើ​ពាក្យ​ «យើង​»​ ជំនួយ​ពាក្យ​ «ខ្ញុំ»​ ដើម្បី​បង្ហាញ​ការ​ទទួល​ស្គាល់​វិភាគ​ទាន​របស់​សមាជិក​ចំពោះ​ចលនា​។ ទោះ​មេ​ដឹក​នាំ​ពូកែ​យ៉ាង​ណា​ក៏​ដោយ​ បើ​គ្មាន​អ្នក​ធ្វើ​តាម​ ប្រឹង​ប្រែង​អនុវត្ត ប្តូរ​ផ្តាច់​ ប្រលូក​នឹង​ហានិភ័យ​ដើម្បី​បំពេញ​ភារកិច្ច​នីមួយៗ​នោះ​ទេ​ គំនិត​ យុទ្ធសាស្ត្រ​ កល​យុទ្ធ​របស់​អ្នក​ដឹក​នាំ​​គ្មាន​ថ្ងៃ​ទទួល​បាន​ជោគ​ជ័យ​ទៅ​តាម​ការ​រំពឹង​ទុក​ឡើយ​។​

៦. ស្វាមីភក្តិ ឬភាព​​ស្មោះ​ត្រង់​ ពុំ​មែន​តែ​អ្នក​ក្រោម​បង្គាប់​ទេ​ត្រូវមាន​ស្វាមីភក្តិ​​នឹង​អ្នក​ដឹក​នាំ​ អ្នក​ដឹក​នាំ​ក៏​ត្រូវ​ស្មោះ​ត្រង់​នឹង​អ្នក​ក្រោម​បង្គាប់​ខ្លួន​ដែរ​។ ស្វាមី​ភក្តិ​មិន​មែន​ន័យ​ថា​ចេះ​តែ​ស្រប​តាម​បង្គាប់​មេ​របស់​ខ្លួនរហូត​​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ជំទាស់​គំនិត​ សកម្ម​ភាព​ ការ​សំរេច​ចិត្ត​របស់​មេ​ដឹក​នាំ​ដែល​ធ្វើ​ឱយ​ប៉ះ​ពាល់​ដល់​ចលនា​ផង​ដែរ​។ ​ស្វាមីភក្តិ​តំរូវ​ឱយ​មានការ​​បើក​ទ្វារចំហ​ជូន​ការ​​​ជំទាស់​និងការ​​លើក​ឡើង​ដោះ​ស្រាយបញ្ហា​​ពិភាក្សា​ទាំង​អស់​គ្នា​។ មេ​ដឹក​នាំ​មាន​កាតព្វ​កិច្ច​ចំពោះ​ក្រុម​ក្នុង​ការ​បង្កើត​ទំរង់​ការ​នៅ​ក្នុង​ការ​ដឹក​នាំ ដើម្បី​បញ្ជាក់​ឱយ​បាន​ច្បាស់​អំពី​ឱកាស​ស្មើ​ៗគ្នា​របស់​សមាជិក​ក្នុង​ការ​លើក​បញ្ហា​មក​ពិភាក្សា​។ នៅពេល​ផែន​ការ​សកម្ម​ភាព​ដាក់​ចេញ​ អ្នក​ដឹក​នាំ​ត្រូវធានា​បាន​​ច្បាស់​ថា​អ្នក​ក្រោម​បង្គាប់​គ្មាន​ការ​ទើស​ទាល់​និង​​អនុវត្ត​ដោយ​អស់​ពី​ចិត្ត​។ ស្វាមីភក្តិ​ក៏​តំរូវឱយ​មេ​ដឹក​នាំ​សំរេច​ចិត្ត​​​បើក​ទូលាយ​ឱយ​អ្នក​មាន​សមត្ថភាព​ជាង​គេ​បាន​ចូល​បំរើ​ដំណើរ​ការ​ឱយ​អស់​ដៃ​អស់​ជើង​ដែរ​។ ជា​រួម​ សា្វមី​ភក្តី​ពុំ​ឋិត​នៅលើ​បុគ្គល​ទេ​ តែ​គឺ​លើ​នៅ​ចលនា​ឬ​ប្រយោជន៍​រួម​ ដែល​អ្នក​ដឹក​នាំនិង​អ្នក​ត្រូវ​បាន​ដឹក​នាំ​សុទ្ធ​តែ​​ត្រូវជូន​​ក្តី​​ស្មោះ​ត្រង់​នេះ​ជូន​ចលនា​និង​ប្រជាជន​។ អ្នក​ដឹក​នាំ​ខិត​ខំ​​បញ្ជា​អ្នក​ក្រោម​បង្គាប់និង​អ្នកក្រោម​​បង្គាប់​​ប្រឹង​បំពេញ​ការ​ងារ​​តាម​តួនាទី​​ ដើម្បី​បំពេញ​ស្វាមីភក្តី​រួម​គ្នា​នេះ​ឯង​។

៧. ស្គាល់​សត្រូវ​ ពត៌មាន​ទាក់​ទង​នឹង​សត្រូវ​ទាំង​ប៉ុន្មាន​ មេ​ដឹក​នាំ​ត្រូវ​រៀប​ចំ​អ្នក​ប្រមូល​ទិន្នន័យ​និង​យក​មក​វិភាគ​ឱយ​បាន​ត្រឹម​ត្រូវ​ច្បាស់​លាស់​​។ គេ​ត្រូវស្គាល់​​ថា​សត្រូវ​ជា​នរណា​ខ្លះ​ មាន​ចំនួន​ប៉ុន្មាន​ មាន​កូន​ចៅ​ប៉ុន្មាន​ ពួក​គេ​គិត​ដូច​ម្តេច​ ធ្លាប់​ធ្វើ​សកម្ម​ភាព​ដូច​ម្តេច​ខ្លះ​ ពេល​មាន​សម្ពាធ​​ ពួក​គេ​ឆ្លើយ​តប​យ៉ាងម៉េច​​ ពួក​គេ​ជឿ​លើ​អ្វី​ អ្វី​ខ្លះ​ដែល​ពួក​គេ​គិត​ថា​សំខាន់​និងមិន​​សំខាន់ ដែល​ជា​កត្តា​គួរ​ឱយ​យក​មក​ពិចារណា​ អ្នក​ដឹក​នាំក្នុង​ចំណោម​គូ​បដិបក្ស​​សំខាន់ៗ​ណា​ខ្លះ​ដែល​ជា​ឧបសគ្គ​របស់​ចលនា​។ ដោយ​ស្គាល់​សត្រូវ​ហើយ​​​ អ្នក​យុទ្ធសាស្ត្រ​អាច​ដឹង​​ពី​ប្រតិកម្ម​របស់​ពួក​គេ និង​ត្រៀម​ខ្លួន​បាន​ រៀប​ចំ​ចលនា​ឱយប្រុង​ប្រៀប​ឱយ​​ហើយ​ ប្រាប់​វិធីទប់​ទល់​និង​វិធី​បត់​បែន​​ពេល​ស្ថាន​ភាព​ប្រែ​ប្រួលខុស​ពី​ការ​រំពឹង​ទុក​ទៅ​កាន់​សមាជិក​ដែល​ទទួល​ភារកិច្ច​ទាំង​អស់​​​​។

៨. រៀនពី​បទ​ពិសោធ​​ «វិធី​​រៀន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​គឺ​រៀន​ពីកំហុស​ខ្លួន​ឯង​» ហ៊ែល​វី​ បាន​ពោល​ដូច្នេះ​។​ បើ​មិន​អាច​រៀនពី​​កំហុស​ខ្លួន​ឯង​ទេ​ នោះ​កំហុស​ដដែល​នៅ​កើត​ឡើង​ម្តង​ហើយ​ម្តងទៀត​គឺ​ខុស​ទាំង​មិន​ដឹង​ខ្លួន​ ខុស​ទាំង​មិន​ចាប់​ទុក​កំហុស​នោះ​​ជា​កំហុស​ យក​ខុស​ជា​ត្រូវ​ យក​ត្រូវ​ជា​ខុស​ក៏​មាន​។​ កំហុសបែប​នេះ​គឺ​ខុស​យ៉ាង​​អសារ​បង់​ដែល​មិន​អាច​​យក​មក​កែ​ច្នៃឱយ​​ទៅ​ជា​មេរៀន​បាន​។ ការ​រៀន​ពី​កំហុស​ ​ចំណុច​ត្រូវ​​ និង​​របៀប​ដែល​ចលនា​ដទៃ​​​យក​ឈ្នះ​បរាជ័យ​ទាំង​នោះ ​ក៏​អាច​ជួយ​បាន​ច្រើន​ដែរ​ តែ​ទោះ​បី​យ៉ាង​ណា​ ការ​សិក្សា​ពី​បទ​ពិសោធ​របស់​អ្នក​ដទៃក្នុង​ការ​ធ្វើ​បាតុកម្ម​​ មិន​ថា​តាម​រយៈ​ការ​អាន​ស្នារដៃ​រ​ឬ​កម្ម​វិធី​សិក្សា​នោះ​ទេ​ ​ វា​ពុំ​អាច​ធ្វើ​ឱយអ្នក​ដឹក​នាំ​​​ក្លាយ​ជា​អ្នក​យុទ្ធសាស្ត្រ​នោះ​ទេ​ បើ​គេ​នោះ​ពុំ​ទាន់​បាន​ឆ្លង​កាត់​ផ្ទាល់​ មាន​បទ​ពិសោធ​ខ្លួន​ឯង​ និង​សំខាន់​ជាង​នេះ​ទៀត​គឺ​បាន​ចួប​ពិគ្រោះ​ផ្ទាល់​នឹង​អ្នក​យុទ្ធសាស្ត្រ​តែ​ម្តង​។

៩. បង្កើន​និង​យក​ឈ្នះ​ការ​លំបាក​អំពីបញ្ហា​​សមត្ថភាព​របស់​អ្នក​ក្រោម​បង្គាប់​ អ្នក​ដឹក​នាំ​មិន​អាចដើរ​​ទៅ​មុខ​ ចេះ​តែ​ឯង​ យល់​តែឯង​ ហើយ​អាច​ដឹក​សមាជិក​ដែល​តាម​មិន​ទាន់​នោះ​ទៅ​មុខ​​កើត​នោះ​ទេ​។ ដូច្នេះ​ បញ្ហា​សមត្ថភាព​របស់​សមាជិក​និង​សមត្ថភាព​របស់​មេ​ដឹក​នាំ​ក្នុង​ការ​បណ្តុះ​សមត្ថភាព​សមាជិក​គឺ​ជា​បញ្ហា​ប្រឈម​ខ្លាំង​។ គេ​ត្រូវ​ចាត់​តាំង​មនុស្ស​ឱយ​ត្រូវ​នឹង​ការ​ងារនិង​សមត្ថភាព​របស់​គេ​ ទើបជំរុញ​ឱយ​មនុស្ស​នោះ​បញ្ចេញ​សមត្ថភាព​អស់​និង​​ទិន្នផល​ការ​ងារ​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​។ អាស្រ័យ​ប្រការ​នេះ​ អ្នក​ដឹកនាំ​ពុំ​មែន​ត្រឹមតែ​ដឹង​ច្បាស់​ពី​ចំណុច​ខ្លាំង​និង​ភាពប៉ិន​ប្រសប់​របស់​អ្នក​ក្រោម​បង្គាប់ខ្លួន​​នោះ​​ទេ ថែម​ទាំង​​ជួយ​ពួក​គេ​ឱយ​ជំនះ​ឧបសគ្គនិងភាព​មាន​​កំរិតនៃ​​សមត្ថភាព​របស់​​ខ្លួន​ ​ឱយ​​​មាន​ជំនឿ​ថា​អាច​ធ្វើ​បាន​ផង​ដែរ​។ ប្រាកដ​ណាស់​ ពេល​យុទ្ធនាការ​ចួប​ប្រទះ​ឧបសគ្គ​ធំ​ សត្រូវ​មាន​ប្រៀប​ជាង​ បរាជ័យ​ក្នុង​ការ​បំពេញ​គោល​ដៅ នោះ​អ្នក​ក្រោម​បង្គាប់​បាក់​ទឹក​ចិត្ត​ អស់​កម្លាំង​តស៊ូ​ គ្មាន​ជំនឿ​លើ​វិធី​ដែល​ខ្លួន​ប្រើ​ប្រាស់​ ទាំង​អស់​នេះ​​គឺ​ជា​ភារកិច្ច​របស់​មេ​ដឹក​នាំ​ដែល​ត្រូវ​លើក​ស្ទួយ​ស្តារ​កេរតិ​ឈ្មោះ​ចលនា​ឡើង​វិញ​ និង​ពិសេស​ធ្វើ​ឱយ​ពួក​គេ​មើល​ឃើញ​ថា​ យុទ្ធនាការ​នៅ​តែ​អាច​ជោគ​ជ័យ​ ទោះរដ្ឋាភិបាល​មាន​ធន​ធាន​ កម្លាំង​ ​មធ្យោបាយ​ កូន​ចៅ​​ ​ ភ្នាក់​ងារ​បង្ក្រាប​ច្រើន​ប៉ុណ្ណាក៏​ដោយ​។

            ជា​​សេចក្តី​រួម​​ ចរិត​​លក្ខណៈ​របស់​មេ​ដឹក​នាំមិន​ចាំ​បាច់​មាន​គ្រប់៩នេះ​ ​ទើប​អាច​ដឹក​នាំ​បាន​នោះ​ទេ​ តែ​​អ្នក​ដឹក​នាំ​ចលនា​​ទាំង​អស់​សុទ្ធ​មាន​ចូល​ក្នុង​ចរិត​លក្ខណៈ​ទាំង​នេះ​ គ្រាន់​តែ​ខ្លះ​តិចខ្លះ​​ច្រើន​ប៉ុណ្ណោះ​​។ ទោះ​យ៉ាង​ណា​ ដើម្បី​ជោគ​ជ័យ​ គេ​ក៏​ពុំ​ចាំ​បាច់​ត្រូវ​ការ​​បំពេញឱយ​គ្រប់​​ ​៩​ចំណុច​នេះ​ទេ​​។ នៅ​ក្នុង​ចរិត​លក្ខណៈ​ទាំង​នេះ​ ក៏​មាន​បង្កប់​តួនាទី​​របស់​អ្នក​ដឹក​នាំ​​ដែរ​ ពោល​គឺ​ចរិត​លក្ខណៈ​មាន​ផ្ទុក​តួនាទី​។ ដោយ​សារពេល​ចលនា​​ចាញ់​​គឺ​ជា​ការ​ខាត​បង់ពលកម្ម​ ពេល​វេលា​ ធន​ធាន អាយុ​ជីវិតឬ​របួស​តិច​ឬ​ច្រើន​ ​ទាំង​អស់​គ្នា​ ដូច្នេះ​អ្នក​ដែល​មាន​អំនាច​ដឹក​នាំ​ដែល​អ្នក​​ទាំង​អស់​គ្នា​ស្តាប់​តាម​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុតដែរ។​​ ​លោក​ វីល្លៀម​ លេម្ប​ (William Lamb)​ រដ្ឋ​បុរស​អង្លេស​ម្នាក់​បាន​មាន​​​ប្រសាសន៍​​ថា​ «ការ​មាន​អំនាចធំ​​ជា​កម្ម​សិទ្ធិ​បង្កប់​ន័យមួយ​​មិន​អាច​​ប្រកែក​បាន​ថាមាន​​​ទំនួល​ខុស​ត្រូវ​ខ្ពស់​​។»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s