នៅចំណុចបឋមបំផុតនៃបាតុកម្ម គេគួរចាប់ផ្តើមយុទ្ធនាការដោយឡែកៗពីគ្នានិងមានគោលដៅផ្សេងៗគ្នា ធ្វើឡើងបន្តបន្ទាប់ឬយុទ្ធនាការពីរបីអាចធ្វើឡើងព្រមគ្នា។ គេគួររៀបចំផែនការធ្វើបាតុកម្មដោយសំរាំង (Selective Resistance) ទៅតាមបញ្ហាសង្គមជាក់លាក់ណាមួយ ដើម្បីតំណាងឱយការជិះជាន់និងអសមត្ថភាពនៃរបបផ្តាច់ការក្នុងការដឹកនាំប្រទេស។ បញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ ឧ. ភាពគ្មានឯករាជ្យនៃប្រព័ន្ធតុលាការ អសន្តិសុខសង្គម ការកកស្ទះចរាចរណ៍ ការឡើងថ្លៃទំនិញឬប្រេងសាំងហួសហេតុឬលុយចុះថោកពេគ ការទាមទារដំឡើងប្រាក់ខែមន្ត្រីរាជការគ្រូបង្រៀនឬកម្មករ បញ្ហាអំពើពុករលួយ ភាពក្រីក្រ ភាពគ្មានការងារធ្វើ ភាពគ្មានគុណភាពនៃសេវាកម្មសុខាភិបាល ការធ្លាក់ចុះនូវគុណភាពអប់រុំ ភាពស្អុយរលួយនៃស្ថាប័នសាសនា ការកាប់ព្រៃឈើនិងបំផ្លាញធនធានធម្មជាតិ។ល។ ដែលវិបត្តិទាំងអស់នេះ មានជនរងគ្រោះផ្សេងខុសៗគ្នានិងរួមគ្នាខ្លះ តែសុទ្ធមានគោលដៅរួមគឺផ្លាស់ប្តូរទាំងបុគ្គលនិងប្រព័ន្ធដឹកនាំដែលអសមត្ថភាព។ យើងចាប់ផ្តើមពីបាតុកម្មតូចៗដឹកនាំចេញពីផ្នែកផ្សេងៗគ្នានៃសង្គម គឺថាគេមិនចាំបាច់ត្រូវការចូលរួមពីគ្រប់ស្រទាប់នៃសង្គមទាំងអស់ ដើម្បីធ្វើបាតុកម្មនោះឡើយ។ បាតុកម្មនីមួយៗចេញពីស្រទាប់សង្គមផ្សេងគ្នា រួចឆ្ពោះទៅការផ្តុំកម្លាំងគ្នាតែម្តង នៅពេលគ្មានដំណោះស្រាយអ្វីលេចរូបរាងឡើង។ ទាំងអស់នេះ គេត្រូវធ្វើឡើងក្នុងបរិបទយុទ្ធសាស្ត្រគោលធំមួយ ដើម្បីស្ទង់មើលថាតើអាចធ្វើអ្វីបន្ថែមទៀតនៅពេលសំរេចបានឬមិនបានសំរេចគោលដៅណាមួយ ហើយត្រូវធ្វើអ្វីទៀតដើម្បីទាញស្ថាប័នម្តងមួយៗចេញពីការត្រួតត្រារបស់ជនផ្តាច់ការបណ្តើរៗ។ ដូចយើងជ្រាបស្រាប់ហើយនៅខាងដើមសេចក្តី ភាពស្ពឹកស្រពន់នៃប្រព័ន្ធដែលឋិតក្រោមរបបផ្តាច់ការ ប្រជាជនគ្មានសង្ឃឹមថាពួកគេអាចដោះស្រាយបញ្ហាបានជាដុំកំភួនអ្វីទេ។ ជនផ្តាច់ការអាចធានាសន្យាថាធ្វើឱយបានដើម្បីលួងបញ្ឆោត ប៉ុន្តែនៅខាងក្រោយឆាក គេកំពុងរៀបចំគម្រោងបំបែកបាតុកម្មមិនឱយខ្លាំងដូចមុនទៀតប៉ុណ្ណោះ។ ហេតុនេះ គ្មានអ្វីគួរឱយត្រេកអរទេ ពេលបាតុកម្មបានសំរេចគោលដៅណាមួយ ពីព្រោះភាពក្រលេកក្រលុចរបស់ជនផ្តាច់ការ នៅតែត្រូវការបាតុកម្មពីប្រជាជនលុះផ្លាស់ប្តូររបបនោះបាន។
ជាទួទៅ គេគួរជ្រើសរើសឱកាសនិងស្ថានភាពធ្វើបាតុកម្មគឺសំខាន់ណាស់ ព្រោះពេលវេលានិងស្ថានភាពសង្គមនោះអាចជាកត្តាជំរុញស្រូបយកការចាប់អារម្មខ្លាំងនិងរហ័សទៅប្រជាជន។ ឧ. នៅឱកាសការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គេអាចស្ទង់បានថាគណកម្មការរៀបចំការបោះឆ្នោតនឹងមិនឯករាជ្យឡើយ។ ប្រជាជនអាចយកឱកាសនោះធ្វើបាតុកម្មទាមទារឱយរៀបចំស្ថាប័ននោះឱយមានឯករាជ្យ។ បើគេមិនព្រម ប្រជាជនអាចបាតុកម្មរហូតដល់ថ្ងៃបោះឆ្នោត។ បើគេនៅតែមិនផ្លាស់ប្តូរ ប្រជាជនមិនទៅបោះឆ្នោតតែម្តង (វិធីមិនសហការផែ្នកនយោបាយ) ឬអាចប្តូរទិសដៅដោយមិនប្តូរជំហរគឺទាមទារមិនឱយគណបក្សកាន់អំនាចឈរឈ្មោះបន្ត ព្រោះអំពើមិនគោរពច្បាប់និងលួចបន្លំសន្លឹកក្នុងរយៈពេលដែលគេកាន់អំនាចរហូតមក គឺគ្រប់គ្រាន់ពេគហើយសំរាប់ជាមូលហេតុមិនឱយគេឈរឈ្មោះ។ ដូច្នេះ ទោះគេពូកែលួចឆ្នោតប៉ុណ្ណា ក៏លួចមិនបានដែរ បើពួកគេមិនបានឈរឈ្មោះផងនោះ។ យើងអាចទាយទុកបានថាជនផ្តាច់ការពុំស្របតាមឆន្ទៈរបស់បាតុកម្មជាដាច់ខាត ឱយតែណាប៉ះពាល់ដល់អំនាចនិងប្រយោជន៍របស់ពួកគេ។ គួររំលឹកផងដែរថា ទោះគណបក្សរបស់ជនផ្តាច់ការមិនឈរឈ្មោះ ក៏ពួកគេនៅអាចកាន់អំនាចបានដូចគណបក្សជាប់ឆ្នោតដែរ ព្រោះសូម្បីតែពេលពួកគេចាញ់ឆ្នោតក៏ពួកគេអាចវាយយកកៅអីជាប់ឆ្នោតនោះបាន ហើយពួកគេនៅតែចាត់ទុកខ្លួនឯងថាស្របច្បាប់ ទោះពួកគេកំពុងតែបំពានច្បាប់ក៏ដោយ។ ប៉ុន្តែបាតុកម្មទាមទារបែបនេះ អ្វីដែលយើងចង់បាន មិនមែនឱយក្រុមផ្តាច់ការនោះចេញពីអំនាចភ្លាមៗនោះទេ ព្រោះជនផ្តាច់ការមិនដែលចេញពីអំនាចដោយសន្តិវិធីទេ តែចេញដោយចលនាប្រជាជន។ អ្វីដែលយើងចង់បានបំផុតគឺដកហូតភាពស្របច្បាប់នៃរបបផ្តាច់ការ កុំឱយពួកគេយកលេសថាខ្លួនឈ្នះឆ្នោត ឬរដ្ឋាភិបាលបណ្តោះអាសន្ន តែកាន់អំនាចអចិន្ត្រៃយនោះ។ យើងសុទ្ធតែអាចរំពឹងទុកបានថា គ្មានចំនុចណាមួយដែលជនផ្តាច់ការព្រមតាមបាតុកម្មឡើយ ទោះយល់ព្រមក៏គ្រាន់ជាការបញ្ឆោតតែប៉ុណ្ណោះ។ ប៉ុន្តែគឺពេលគេមិនគោរពតាមសន្យានោះហើយ បាតុកម្មអាចចាប់ផ្តើមធ្វើទ្រង់ទ្រាយធំទៅៗខ្លាំងទៅៗ រហូតដល់ទាញជនផ្តាច់ការនិងបក្សពួក ជីកស្មៅជីកទាំងឫសតែម្តង។ យើងនិយាយនេះ មិនមែនមានន័យថា គេត្រូវការពេលវេលា និងស្ថានភាពសមស្របទើបអាចធ្វើបាតុកម្មបាននោះទេ។ ពិតណាស់ថា របបផ្តាច់ការទុកកាន់តែយូរកាន់តែពិបាកដកចេញ ហើយផលវិបាកនៃរបបនេះរិតតែស៊ីរូងបំផ្លាញជាតិ គេមិនគួរបណ្តែតបណ្តោយបន្តទៀតឡើយ។ ប៉ុន្តែមុននឹងចាប់ផ្តើម គេត្រូវយល់ពីស្ថានភាពជាក់ស្តែងនៃសង្គមជាមុនសិន ជាពិសេសការរៀបចំយុទ្ធសាស្ត្រគោលធំមួយដែលកលយុទ្ធជាច្រើនដទៃទៀតយកជាមូលដ្ឋាន។