មហា​យុទ្ធសាស្ត្រ​ (Grand Strategy)​ នៃ​បាតុកម្ម​អហិង្សា​

«មហាយុទ្ធ​សាស្ត្រ​ គឺ​ជាបញ្ញត្តិមួយដែល​​​ជួយ​ចាត់​ចែង​និង​តំរង់​ការ​ប្រើ​ប្រាស់​ធន​ធាន (ធន​ធាន​សំរាប់​ការ​រៀប​ចំដឹក​នាំ​, ធន​ធាន​នយោបាយ​, ​ធន​ធាន​សីលធម៌, ធន​ធាន​មនុស្ស​, ធន​ធាន​សេដ្ឋកិច្ច)​ របស់​ក្រុម​ដែល​មានទាំង​ប៉ុន្មាន​ឱយ​បាន​ត្រឹម​ត្រូវទៅ​​តាម​កាលៈទេសៈ ដើម្បី​ស្វែង​រក​ឱយ​បាន​នូវ​ការ​​​​សំរេច​​​គោល​បំណង​របស់​ខ្លួន​នៅ​ក្នុង​ទំនាស់​។» (សាប, ២០១០, ទំ. ៤៣) យុទ្ធ​នា​ការ​ណា​ក៏​ដោយ​ គេរមែង​​ត្រូវ​ការ​យុទ្ធ​សាស្ត្រ​និង​ផែន​ការ​ច្បាស់​លាស់​ទាំង​ពេល​មិន​ទាន់​សំរេច​គោល​ដៅ​ ពេល​កំពុង​ដំណើរ​ការ​ និងពេលសំរេច​បាន​ហើយ​។ វា​ពុំ​អាច​ទៅ​រួច​ឡើយ​ បើ​យើង​រំពឹង​ថា​នឹង​មាន​​ពុម្ព​សំរាប់​បោះចេញ​នូវ​​យុទ្ធសាស្ត្រ​គោល​មួយ​អំពីចលនាប្រឆាំង​របប​ផ្តាច់​ការ ​ដែល​ធ្លាប់​ទទួល​បាន​ជោគ​ជ័យ​នោះ​​​ ព្រោះ​យុទ្ធ​សាស្ត្រ​ជាក់​លាក់​ដែល​ប្រើ​សំរាប់​ប្រទេស​ដោយ​ឡែក​ណា​មួយ​ក៏​ត្រូវ​អាស្រ័យ​លើ​លក្ខណៈ​ដោយ​ឡែក​នៃ​សង្គម​ សេដ្ឋកិច្ចនិង​នយោបាយ​នៃ​ប្រទេស​នោះ​ដែរ​ ទោះ​បី​មាន​សត្រូវ​ជា​ប្រភេទ​ជន​ផ្តាច់​ការ​ដូច​គ្នា​​ក៏​ដោយ​។​ លោក​​ ជីន​ សាប​ បាន​ណែ​នាំ​ថា​ «ប្រឈម​មុខ​នឹង​របប​ផ្តាច់​ការ​ គោល​ដៅ​នៃ​មហា​យុទ្ធសាស្ត្រ​ពុំ​មែន​គ្រាន់​តែ​ទាញ​ពួក​​ផ្តាច់​ការ​ចេញ​ពី​អំនាច​នោះ​ឡើយ​ ប៉ុន្តែ​ព្រម​ទាំង​ដំឡើងមក​វិញ​នូវ​​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​បង្ក​លក្ខណៈ​មិន​ឱយ​ជន​ផ្តាច់​ការ​ថ្មី​ឡើង​មក​ដែរ​។» ការ​​ចេះ​តែ​ធ្វើ​ទាំង​គ្មាន​គំរោង​ជាក់​លាក់​និង​យុទ្ធ​សាស្ត្រ​វាយ​លុក​ត្រឹម​ត្រូវ​មួយ ​ជា​ការ​ប្រថុយ​ប្រថាន​ ​បណ្តែត​បណ្តោយ​តាម​លទ្ធផល​ជា​ជាងគ្រប់​គ្រងលទ្ធផល​ ហើយ​បរាជ័យ​ក៏​ងាយ​ទទួល​បាន​មក​ដូច​ការ​មិនបាន​​រំពឹង​ទុកនោះ​​ដែរ​​។ ទោះ​គេ​ពិបាក​ស្មាន​ទុក​​​អ្វី​ដែល​អាច​កើត​ឡើង​ក៏​ដោយ​ គេនៅ​តែ​អាច​​រៀបចំ​​គ្រោង​ចំណុច​សកម្មភាព​គោលក្នុង​រយៈ​ពេល​មួយ​មាន​កំណត់​ដើម្បី​ដឹក​នាំ​ចលនា​​ជា​មុន​បាន​។ ឱយ​តែ​​គ្រោង​ឱយ​បាន​ត្រឹម​ត្រូវ​ដោយ​ផ្នែកលើ​​បទ​ពិសោធ​ដែល​បាន​មក​ពី​ចលនា​ខ្លួន​ឯងនិងពី​​ចលនា​ដទៃ​​ គេ​នៅ​តែអាច​​ប្រាកដ​ពី​លទ្ធផល​មួយ​ចំនួន​និង​ត្រឹមតែ​​​កែ​ប្រែ​ចំណុច​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៃ​មហា​យុទ្ធសាស្ត្រ​ ដើម្បី​បន្ថែម​បន្ថយ​សកម្មភាព ​យោលទៅ​​តាម​តថភាព​ជាក់​ស្តែង។ ​ មិន​ខ្វះ​ទេ​អ្នកធ្លាប់​​មាន​បទ​ពិសោធ​ខាង​បាតុកម្ម អ្នក​​ដែល​ធ្លាប់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​​ ពិសេស​អ្នក​ជំនាញ​ខាង​បាតុកម្ម​អហិង្សា​ ដែល​ជា​ប្រភព​មេរៀន​និង​ពត៌មាន​ដ៏​មាន​ប្រសិទ្ធភាព​ ​គេ​អាច​រក​បាន​តាម​អ៊ីនធើរនេត​​។

ការ​បង្កើត​យុទ្ធសាស្ត្រ​មួយ​តែង​ត្រូវ​ធ្វើ​ក្នុង​កាលៈ​ទេសៈ​ជាក់​លាក់​ តាម​បរិបទ ស្ថានភាព​ជាក់​ស្តែង​នៃ​សង្គម​និង​ប្រទេស​ដែល​ចលនានោះ​​គ្រោង​ចាប់​ផ្តើម​។ ដោយ​វាយ​តម្លៃ​ឱយ​ច្បាស់​អំពី​ធាតុ​ផ្សំ​​ពាក់​ពាន់​ទាំង​ឡាយ​ ដូច​ជា​បញ្ហា​សង្គម​ សេដ្ឋកិច្ច​ នយោបាយ​ របស់​ប្រជាជន​និង​អ្នក​ដឹក​នាំ​រដ្ឋ ពិសេស​ចំណុច​ខ្សោយ​របស់​ពួក​ផ្តាច់​ការ​និង​ការ​ដក​សសរ​ស្តម្ភ​នៃ​ការ​គាំទ្រ​របប​នោះ​ គេ​អាច​បង្កើត​មហា​យុទ្ធសាស្ត្រ​ទូលាយ​មួយ​ ​ ​ដោយ​​​​ឆ្លើយ​តប​ទៅ​កាន់សំនួរមគ្គុទ្ទេសន៍មួយ​ចំនួន​ ដែល​លោក​ ជីន​ សាប​ បាន​ផ្តល់​ជា​គំរូដូច​ខាង​ក្រោម​៖

៙តើ​ការ​តស៊ូ​រយៈ​ពេល​វែង​ល្អ​បំផុត​គួរ​តែ​ចាប់​ផ្តើម​ដោយ​ដូច​ម្តេច​?

៙តើ​ប្រជាជន​ដែល​ត្រូវ​បាន​ជិះ​ជាន់​ទាំង​មូល​អាចពង្រឹង​​​ជំនឿ​ជាក់លើ​ខ្លួន​ឯងនិង​ប្រមូល​យក​កម្លាំងឱយ​បាន​​​គ្រប់​គ្រាន់ដូច​ម្តេច ​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ ទោះ​បី​ឋិត​ក្នុង​របៀប​មួយ​មាន​កំរិតនៅ​​ពេល​ទើប​ចាប់​ផ្តើម​ក៏​ដោយ​?

៙តើ​សមត្ថភាព​របស់​ប្រជាជន​ទាំង​មូល​ក្នុង​ការ​​អនុវត្ត​វិធី​មិន​សហការនិង​រឹង​ថ្អឹងអាច​បង្កើន​បាន​ទៅ​តាម​រយៈ​វេលា​និង​បទ​ពិសោធ​ដោយ​ដូច​ម្តេច​?​​​​​​

៙​តើ​គោល​ដៅទាំង​ឡាយនៃ​យុទ្ធនាការដែល​មាន​មាន​កំរិត​ ​​​ធ្វើ​ឡើង​​ជា​បន្ត​បន្ទាប់នោះ​មាន​​​អ្វីខ្លះ ដើម្បីទាញយក​​ការ​​ត្រួត​ត្រា​សង្គមតាម​របៀប​​ប្រជាធិបតេយ្យ​មក​​វិញ​​ ​និងព្រម​ទាំង​​ដាក់​កំហិតលើ​​​របប​ផ្តាច់​ការ​​​​?

៙តើ​មាន​​វត្តមានស្ថាប័ន​ឯករាជ្យ​​​​ដែល​អាច​ប្រើ​ក្នុង​ការ​តស៊ូ​ទាម​ទារ​សេរីភាពនៅ​ក្នុង​របប​ផ្តាច់​ការឬ​ទេ​?

៙តើ​ស្ថាប័នក្នុង​សង្គម​​ណា​មួយដែល​​អាច​ទទួល​បាន​មក​វិញពី​ការ​ត្រួត​ត្រា​របស់​ពួក​​ផ្តាច់​ការ ឬ​តើ​ស្ថាប័ន​ណា​មួយដែល​អ្នក​ប្រជាធិបតេយ្យ​​ត្រូវ​បង្កើត​ថ្មី​ដើម្បី​បំពេញ​តំរូវ​ការ​និង​ស្ថាបនា​បរិមណ្ឌល​​ប្រជាធិបតេយ្យ​ (Democratic Sphere) ទោះ​ស្រប​ពេលនោះ​ ​របប​ផ្តាច់​ការ​នៅ​តែ​បន្តក្តី​​​?

៙តើ​សមត្ថភាព​គ្រប់​គ្រង​ចលនា​តវ៉ា​អាច​ធ្វើ​ឱយ​រីក​ចំរើន​បាន​ដោយ​របៀប​ណា​? តើ​គេ​អាច​​បណ្តុះ​បណ្តាល​អ្នក​ចូល​រួម​បាតុកម្ម​ដោយ​វិធី​ណា?​

៙តើគេ​នឹង​ត្រូវ​​ធន​ធាន​អ្វី​ខ្លះ (ហិរញ្ញ​វត្ថុ​, ​គ្រឿង​បរិក្ខារ។ល។​) ​នៅ​ក្នុង​កំលុង​ពេល​នៃ​ការ​តស៊ូ​?

៙តើ​ការ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ប្រភេទ​ណា​ដែល​អាច​មាន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​កៀង​គរ​ប្រជាជន​ទាំង​មូល​ឱយ​ចូល​រួម​?

៙តើដោយ​​សកម្មភាព​ប្រភេទណា​និងតំណាក់​​កាល​ណា​​ដែល​គេ​អាច​កាត់​បន្ថយ​និង​កំហិត​ប្រភព​អំនាច​របស់​ពួក​ផ្តាច់​ការបន្ថែម​ទៀត​​?

៙តើប្រជាជន​តវ៉ា​ទាំង​មូលអាច​ស្វិត​ស្វាញ​រឹង​ទទឹង​និង​​​រក្សា​វិន័យ​​អហិង្សា​ដ៏​​ចាំ​បាច់​ដំណាល​គ្នា​នោះ​បាន​ដោយ​ដូច​ម្តេច?​

៙តើសង្គម​នៅ​តែ​បន្ត​អាច​ផ្គត់​ផ្គង់​តំរូវការ​​មូលដ្ឋាន​បាន​របៀប​ណា​នៅ​ក្នុង​ខណៈ​​ពេល​កំពុង​តស៊ូ​?

៙តើ​របៀប​រៀប​រយ​សង្គម​អាច​រក្សា​បាន​ដោយ​វិធី​ណា​នៅ​ក្នុង​ពាក់​កណ្តាល​ទី​នៃ​ទំនាស់​?​

៙នៅ​ពេលបាន​ទៅដល់ជ័យ​ជំនះ​ តើ​ការរួម​គ្នា​​តវ៉ា​ដោយប្រជាធិបតេយ្យ​អាច​​បន្ត​ស្ថាបនា​មូលដ្ឋាន​ស្ថាប័ន​ក្នុង​សង្គម​ក្រោយ​របប​ផ្តាច់​ការ​ដួល​រលំបាន​ដោយ​ដូច​ម្តេច​ ឱយ​កាន់​តែ​រលូនតាម​ដែល​អាច​ទៅ​រួច​?

​​អ្នក​យុទ្ធសាស្ត្រ​មិន​ត្រូវភ្លេច​ពិចារណា​​អំពី​យន្ត​ការ​បំរែ​បំរួលពេល​រៀប​ចំ​​ផែន​ការនោះ​ទេ​ ព្រោះ​វា​ចាំ​បាច់​ណាស់​ដើម្បី​ស្ទង់​មើលយន្ត​ការ​ដែល​​ចលនា​បាន​សំរេច​និង​មិន​ទាន់​បាន​​។ ដូច​បាន​ជំរាប​ជូន​រួច​ហើយ​ មាន​តែ​​យន្ត​ការ​នៃ​ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​និង​ការ​បំបែក​ចេញ​ប៉ុណ្ណោះ​ ដែល​អាច​ផ្តួល​រំលំ​របប​ផ្តាច់​ការ​បាន​ ឯ​ការ​ប្តូរ​ជំហរ​នៃ​ក្រុមវរជន​ក្នុង​​រដ្ឋាភិបាល​​ ​និង​ការ​សំរប​សំរួលនឹង​ពួក​គេ​គឺ​កំរ​លេច​ឡើងនិង​ទទួល​បាន​លទ្ធ​ផល​មិន​គួរ​ឱយ​ជឿ​ជាក់​ឡើយ​។​បន្ទាប់​ពី​បង្កើត​យុទ្ធសាស្ត្រ​គោលបាន​​ហើយ​ ការ​ផ្សព្វ​ផ្សាយ​ដោយ​បើក​ចំហ​ឱយ​មហាជន​ដឹង​ គឺ​ប្រៀប​ដូច​​គំរោង​ការ​របស់​មេទាប់​អហិង្សា​ដាក់​បញ្ចា​ដោយ​ប្រយោល​ទៅ​កូន​ចៅ​ត្រៀម​ចេញ​ច្បាំង​ដោយ​អហិង្សា​ដូច្នោះ​ដែរ​ ដូច្នេះ​វា​សំខាន់​ណាស់​ដើម្បី​ឱយ​ប្រជាជន​ស៊ីវិល​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​និង​ដំណើរនៃ​​ការ​ចលនា​ទាំង​មូល​។​​ លោក ជីន​ សាប​ មើល​ឃើញ​ភាព​វិជ្ជមាន​នៃ​ការ​បើក​ចំហ​នេះ​ ដោយ​អះ​អាង​ថា​ «​ប្រជាជន​មួយ​ចំនួន​ធំទំនង​ជា​​មាន​បំណង​ចង់ចូល​រួមជាង​មុន​និង​អាច​ធ្វើ​សកម្មភាពបាន​​ បើ​សិន​ពួក​គេ​យល់​ពី​បញ្ញត្តិកម្ម​ទួទៅ​ ព្រម​ទាំង​សេចក្តីណែនាំ​ជាក់​លាក់​ច្បាស់​​​។» លោក​មិន​បាន​ចាត់​ទុក​ការ​បើក​ទូលាយ​នេះ​ជា​ហានិភ័យនោះ​ទេ ទោះ​បី​យុទ្ធ​សាស្ត្រ​នោះ​នឹង​ត្រូវលេច​ឮ​ដល់​​ជន​ផ្តាច់​​ការ ​ហើយ​គេ​អាច​ត្រៀម​បង្ក្រាប​ចលនា​​ក៏​ដោយ​។ បញ្ច្រាស​​មក​​វិញ​ លោក​គិត​ថា​វា​ហុច​លទ្ធផល​ល្អ​ទៅ​វិញ ហើយ​គេ​រិត​តែ​មិន​ត្រូវលាក់​បាំង​អំពី​សកម្ម​ភាព​អ្វី​ដែរ​ចំពោះ​នៅ​ក្នុង​បាតុកម្ម​អហិង្សា (អំពី​ការ​សម្ងាត់បន្តិច​បន្តួច​នៃ​បាតុកម្ម​​ យើង​នឹង​លើក​ឡើង​នៅ​ខាង​ក្រោម​)​ គឺ​ថា​វា​នឹង​ជំរុញ​ឱយ​ជន​ផ្តាច់ការ​បញ្ជា​​ឱយ​បង្ក្រាប​ដោយ​មិន​សូវ​ព្រៃ​ផ្សៃ​​ទៅ​វិញ​ ព្រោះ​ពួក​គេ​ដឹង​ថា​ការ​បង្ក្រាប​អាច​ផ្លាត​មកត្រូវ​ពួក​គេ​​វិញ​ ពិសេស​គឺ​ពួក​គេ​ខ្លាច​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុងនិងការ​​បោះ​បង់​ចោល​ភារកិច្ច​រវាង​អ្នក​បង្ក្រាប​និង​អ្នក​បញ្ជា​ឱយ​បង្ក្រាប​។

ចុះ​បើ​យុទ្ធ​សាស្ត្រ​នោះ​មាន​កំហុស​ឆ្គង​ឬ​ត្រូវ​បានសាធារណ​ជន​​យល់​ខុស​ តើ​អ្នក​យុទ្ធ​សាស្ត្រ​ត្រូវ​កែ​ប្រែ​ស្ថាន​ការ​ដូច​ម្តេច​? ចម្លើយ​​ងាយ​ខ្លី​គឺ​ ​«បើ​ខុស​ គឺ​កែ​, បើ​មិន​យល់​​ ពន្យល់,​​ បើ​មិន​ដឹង ​ប្រាប់, បើ​មិន​ជឿ​ បង្ហាញ​ភស្តុ​តាង»។ ប៉ុន្តែ​ លោក​ ជីន​ សាប បាន​រំឭក​​ផង​ដែរ​ថា «នៅ​ក្នុង​កាលៈ​ទេសៈកំរ​បំផុត​ប៉ុណ្ណោះ​ដែល​ការ​តស៊ូ​គួរ​តែ​ឃ្លាត​ចេញ​ពី​មហា​យុទ្ធសាស្ត្រ​ដើម​។» យោង​តាម​ស្ថាន​ភាព​បច្ចុប្បន្ន ការ​វាយ​តម្លៃ​ វាស់​ស្ទង់​ ប្រមូល​ពត៌មាន បោះ​ចោល​ទិន្នន័យ​ខុស​​ បញ្ចូល​ពត៌មាន​ត្រូវ​និង​បន្ថែម​ថ្មី​ នោះ​អ្នក​យុទ្ធ​សាស្ត្រ​ត្រូវ​កែ​លំអ​មហា​យុទ្ធសាស្ត្រ​ជា​​បន្ទាន់ មុន​ពេល​ចលនា​បរ​លើ​ផ្លូវ​ខុសកាន់​តែ​ឆ្ងាយ​។ មហា​យុទ្ធសាស្ត្រ​​កាច់​ចង្កូត​ចលនា​ឱយ​ដើរ​ទៅ​រក​មិន​មែន​ត្រឹម​តែ​ផ្លូវ​ត្រូវ​នោះ​ទេ​ តែ​គឺ​ឆាប់​ដល់​គោល​ដៅ​ធំ​បី​ផង​ដែរ​៖ ​ទី​មួយ​​ ផ្តួល​រំលំ​របប​ផ្តាច់​ការ​, ទី​ពីរ​ កែ​ប្រែ​ប្រព័ន្ធ​មក​ជា​របៀប​​ប្រជាធិបតេយ្យ​វិញ​ និង​ទី​បី​បិត​ខ្ទប់​ក្រុម​ណា​ដែល​ចង់ឆ្លៀត​ឱកាស​បង្កើត​រចនាសម្ពន្ធ​ផ្តាច់​ការ​ថ្មី​។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s