ការ​បង្កើត​អត្ត​សញ្ញាណ​បាតុកម្ម​ដោយ​​ប្រើ​ប្រាស់និមិត្ត​​សញ្ញា​

អំនាច​ក៏​អាច​មាន​នៅ​ក្នុង​ការ​បក​ប្រែ​និមិត្ត​សញ្ញា​ដែរ​។ អំនាច​និមិត្ត​រូប​​គ្រប់​​គ្រង​ឥរិយាបថ​មនុស្ស​ ទាំង​ពេល​ខ្លះ​មនុស្ស​​ចំណុះ​​នឹង​អំនាចនេះ​យ៉ាង​ស្កប់​ស្កល់​​ដោយ​មិន​ដឹង​ខ្លួន​។ សូម​រំឭក​ផង​ដែរ​​ថា​ មនុស្ស​ទាក់​ទងគ្នា​ដោយ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ ស្តែង​ចេញ​តាម​រយៈកាយ​វិការ​និង​ភាសា​ ដូច្នេះ​ហើយនិមិត្ត​សញ្ញា​បាន​សូន​របៀប​ដែល​មនុស្ស​​គិត​ ប្រាស្រ័យ​ទាក់​ទង​គ្នា មាន​អំនាចត្រួត​ត្រា​ឥរិយា​បថ​​មនុស្ស​​ ពោល​គឺ​ អំនាច​និមិត្តរូប​​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​មនុស្ស​និង​មនុស្ស​ខ្លួន​ឯង​ព្រម​ឋិត​ក្រោម​អំនាច​នេះ​ ដើម្បី​ឱយ​អាច​​យល់​គ្នា​បានពេល​ធ្វើ​​អន្តរកម្ម​។ ការ​ធ្វើ​បាតុកម្ម​អហិង្សា​ ជា​ការ​ពិត​ គឺ​ជា​ការ​សំដែង​មតិ​ជា​​ក្រុម​តាម​រយៈ​​និមិត្ត​សញ្ញា​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ទាក់​ទង​នឹងទស្សនិកជនឬ​ប្រជាជន​​ផ្សេង​ទៀត​។ ជា​ទួទៅ​ គេ​តវ៉ា​​ដោយ​ប្រើ​និមិត្ត​សញ្ញា​ទាំង​ឡាយធ្វើ​ជា​និមិត្ត​រូប​បាតុកម្ម​និង​ដើម្បី​តំណាង​មតិ​ប្រឆាំង​ ដូចជា​​លើក​បដា​ រុំ​ក្រណាត់​លើ​ក្បាល​ ពាក់​ផ្លាក​ គូរ​រូប​ តាំង​រូប​ថត​ សរសេរ​​លើ​ផ្លូវ​ ដោត​ផ្កា​​។ល។​ ទាំង​អស់​នេះ​សុទ្ធ​សឹង​ជា​សកម្ម​ភាព​និមិត្ត​សញ្ញា​ ដើម្បី​ឱយ​សាធារណជន​ស្គាល់​ជាមុន​សិន​និង​មាន​ឥទ្ធិ​ពល​មិន​អាច​មើល​ស្រាល​បាន​។ គេ​មិន​មែន​ប្រើ​សកម្មភាព​នេះ​ ដើម្បី​តែ​ជះ​ឥទ្ធិ​ពលលើ​ប្រជាជន​ដែល​នៅផ្នែក​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ​ទេ​ តែ​គឺដើម្បី​វាស់​ស្ទង់​ប្រតិកម្ម​របស់​ពួក​គេ​ដែរ​ ពិសេស​គឺ​ដើម្បី​ត្រៀម​ខ្លួន​រៀប​ចំ​​ប្រជាជន​ទាំង​នោះ​ឱយ​ចូល​រួម​តស៊ូ​ជា​បន្ត​បន្ទាប់​​។ ​​​ជា​ដំបូង​ សកម្មភាព​ជំទាស់​គេ​ចាប់​ផ្តើម​ធ្វើ​ឡើងក្នុង​ទំរង់​ជា​សកម្មភាព​សម្តែង​និមិត្ត​សញ្ញានិង​ការ​​មិន​សហការ​ទំហំ​​តូច​។ ឧ.​ ការ​ផ្តុំ​គ្នា​យកកម្រង​​ផ្កា​​ទៅ​ដោត​នៅ​ទី​ដែល​មាន​អត្ថន័យ​សំខាន់​ណា​មួយ ដូច​ជា​ទី​លាន​ប្រជាធិបតេយ្យ​​ ឬ​ប្រគល្ភ​ផ្កា​ឬ​ចំណី​បារី​ទឹក​ឱយ​កង​សន្តិសុខជា​អាទិ​។ ​ការ​ដុត​រូប​ឬ​មនុស្ស​ចម្បើង​សរសេរ​ឈ្មោះ​ជន​ផ្តាច់​ការ​ឬ​មេ​បញ្ជា​ការ​យោធា​ដែល​បញ្ជា​ឱយ​​បង្ក្រាប​ប្រជាជន​ស៊ីវិល,​ ការ​ផ្តុំគ្នា​ដេក​សំដិល​ឬ​ធ្វើ​ឱយ​ដូច​ជា​ពេល​ត្រូវ​គេ​បង្ក្រាប,​​ ការ​យក​​កាំ​ភ្លើង​ក្មេង​លេង​ឬ​កាំ​ភ្លើងបាញ់​ទឹក​ទៅ​ត​តាំង​នឹង​​កង​យោធា​រដ្ឋាភិបាល​, ការ​យក​សន្ទូច​ភ្ជាប់​ដោយ​នុយ​ជា​ក្រដាស់​ប្រាក់​ទៅ​ស្ទូច​ប៉ូលីស​ ដើម្បី​បញ្ឈឺ​ពួក​គេ​អំពី​ការ​បង្ក្រាប​ប្រជាជន​ដើម្បី​បាន​លុយ​, ការ​បង្កើត​ល្បែង​ប្រជាប្រិយ​លេង​ដែល​មាន​យក​និមិត្តរូប​​ជន​ផ្តាច់ការ​មក​បញ្ឈឺ ដូច​ជា​ ​​​លេង​បោះ​អង្គុញ​​ដែល​អង្គុញ​ទាំង​នោះ​មានសរសេរ​​ឈ្មោះមន្ត្រី​ពុក​រលួយ​, លេង​វាយ​ធុងសាំង​ដែល​បិត​មុខ​រូប​ថត​​មេ​ដឹក​នាំ​ផ្តាច់​ការដូច​នៅប្រទេស​​ស៊ែកប៊ី​, ការ​ដើរ​បិត​ផ្លាក​បាតុកម្ម​ប្រឆាំង​គ្រប់​ទី​កន្លែង​ នៅ​ផ្ទះ​​ប្រជាជន​​, បិត​រូប​ជន​ផ្តាច់ការរ​​លើ​កែប​ម៉ូតូ​, យក​រូប​ពួក​គេ​មក​ក្រាល​អង្គុយ​លើ​ឬជាន់​។ល។ ក្នុង​ករណី​មាន​លទ្ធ​ភាព គេ​អាច​នោះ​ពុម្ព​​សម្ភារៈប្រើ​ប្រាស់​ ឬ​សម្លៀក​​បំពាក់​ ​​​ ផ្លិត​ មួក​ អាវ​ កង​ដៃ​​​ ដែលភ្ជាប់​សារ​ រូប​ អត្ថន័យ​ និមិត្ត​សញ្ញា​បាតុកម្ម​ប្រឆាំង​នឹង​របប​ដឹក​នាំ​។

នៅ​ក្នុង​របប​ផ្តាច់​ការ​ ពេល​ខ្លះ​សូម្បី​តែ​សកម្ម​ភាព​តវ៉ា​បន្តិច​បន្តួច ​ដូច​ជា​ការ​បំពាក់​កម្រង​ផ្កា​ក៏​មាន​ការ​រិត​ត្បិត​ចាប់​ខ្លួន​និង​ការ​បង្ក្រាបដែរ​។ ​​ការ​បង្ក្រាបសកម្ម​ភាព​សន្តិ​ភាព​​ណា​មួយ​មិន​មែន​ជា​ការ​បង្ហាញ​សាច់​ដុំរបស់​រដ្ឋ​អំនាច​​​ទេ​ តែ​ជា​ការភិត​​ភ័យ​​អំពី​​អំនាច​ប្រជាជន​និង​បារម្ភ​ខ្លាច​កង​សន្តិសុខ​របស់​ខ្លួនទន់​ចិត្តទោរ​ទៅ​រក​​​ប្រជាជន​។ ការ​សរសេរ​លើក​បដា​ថា​ «ប៉ូ​លីស​អាច​វាយ​ប្រជាជន​ តែ​ប្រជាជន​មិន​វាយ​ប៉ូលីស​វិញ​ទេ​» «ពួក​យើង​គឺ​តែ​មួយ​ មិន​មែន​ជា​សត្រូវ​»​ «កង​កម្លាំង​សន្តិ​សុខ​ស៊ី​ប្រាក់​ខែ​ប្រជាជន​ ត្រូវ​ប្រជាជន​ការ​ពារ មិន​មែន​ការ​ពារ​ជន​ផ្តាច់​ការ​ទេ​​» ឬ​ការ​បង្កើត​ភាព​ស្និទ្ធ​ស្នាល​ ជូន​ទឹក​ នុំ​ចំណី​ ជជែក​គ្នា​លេង​ អាច​បន្ទន់​ចិត្ត​ពួកគេ​​ឱយ​មិនបង្ក្រាប​ឬ​ធ្វើ​ជា​បង្ក្រាប​ក្លែង​ក្លាយ​ ហើយ​មិន​យូរ​ទេ​ពួក​គេ​នឹង​ឈរ​ខាង​ប្រជាជន​វិញ​ ព្រោះពេល​ចលនា​ប្រជាជន​កើន​កុះ​ករ​ហើយ​ ​គ្មាន​ហេតុផល​អ្វី​ដែល​ពួក​គេ​ប្រឆាំង​នឹង​វាសនា​ប្រទេស​ជាតិ​ខ្លួន​ឯង​នោះ​ឡើយ​។ ការ​ទប់ស្កាត់​សកម្មភាព​បន្តិច​បន្តួច​របស់បាតុករ​​មិន​មែន​ធ្វើ​ឱយប្រជាជន​គិត​ថា​រដ្ឋាភិបាល​ធ្វើ​ត្រូវ​នោះ​ទេ​ តែ​នាំ​ឱយ​រដ្ឋាភិបាល​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាជន​ទៅ​វិញ​ទេ​ ពោល​គឺ​ ការរារាំង​ឬ​​បង្ក្រាប​សកម្ម​ភាព​បន្តិច​បន្តួច​បែប​នេះ​ពុំ​បាន​ទាក់​ទាញ​​ការ​គាំទ្រ​ពី​សាធារណជន​​ទេ​​។ ហេតុ​នេះ​​ហើយ​​ មិន​មែន​សកម្មភាពចែក​រំលែក​សេចក្តី​សុខ​សន្តិ​ភាព​​​ទាំង​អស់​ចេះ​តែ​ទទួល​បាន​ការ​ស្វាគមពីជន​ផ្តាច់​ការ​ឡើយ​ ប៉ុន្តែ​ឥទ្ធិ​ពល​របស់​វាទៅ​លើ​​ភាគី​ទី​បី​និង​ភ្នាក់​ងារ​បង្ក្រាប​គឺ​ប្រកបដោយ​​សា្មរតី​រួម​រួប​យល់​ចិត្ត​គ្នា​ មិន​មែន​ជា​ទង្វើ​អសារ​បង់​នោះ​ទេ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s