ខុសពីកុបកម្មហិង្សាដែលចាត់ទុកទីតាំងធ្វើបាតុកម្មជាទីលានប្រយុទ្ធ ជាសមរភូមិក្តៅគគុក បាតុកម្មអហិង្សាអាចធ្វើបានដោយមិនរើសអើងទីកន្លែងទេ សូម្បីតែផ្ទះក៏អាចជាកន្លែងធ្វើបាតុកម្មដែរ។ គេអាចធ្វើតាមដងផ្លូវ ទីឃ្លាសាធារណៈ វាជាសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការប្រមូលផ្តុំគ្នា។ ការជ្រើសរើសទីតាំងធ្វើបាតុកម្មត្រូវធ្វើឡើងក្នុងបរិបទយុទ្ធសាស្ត្រ គឺថា គេត្រូវពិចារណាអំពីកន្លែងដែលមានសារៈសំខាន់ចំពោះចលនានិងកាត់បន្ថយកម្លាំងរដ្ឋាភិបាល។ ដោយសារមុខសញ្ញារបស់បាតុកម្មគឺរដ្ឋាភិបាល ដូច្នេះ ស្ថាប័នរដ្ឋសំខាន់ៗជាច្រើនក្លាយជាចំណុចរសើបដែលចលនាគួររៀបចំផែនការធ្វើសកម្មភាពនៅទីទាំងនោះ។ យ៉ាងណាមិញ ការជ្រើសរើសទីតាំងធ្វើបាតុកម្មឱយនៅឆ្ងាយពីទីស្នាក់ការប៉ូលីសទាំងឡាយ គឺយើងដើរខ្សែលើផ្នែកភូមិសាស្ត្រដើម្បីចំណេញពេលឆាចោលរំសាយការចួបជុំ មុនពេលមានការបង្ក្រាប។ ប៉ុន្តែបើកងកម្លាំងទាំងអស់មិនធ្វើដំណើរតាមផ្លូវគោក មកតាមផ្លូវអាកាសដោយប្រើឧទ្ធម្ភាគចក្រ ឬក្លែងបន្លំជាប្រជាជនស៊ីវិលធ្វើដំណើរមក បាតុករនៅតែដើរខ្សែលើត្រង់មានគ្នាច្រើន ពេលរំសាយគ្នាទៅ នាំឱយពិបាកតាមបង្ក្រាប។ លោក ជីន សាប បានព្រមានពីការជ្រើសរើសទីតាំងមានហានិភ័យខ្ពស់ទាំងឡាយមកធ្វើបាតុកម្ម ដូចជា វិមានរបស់ជនផ្តាច់ការឬទីស្នាក់ការកងកម្លាំងសន្តិសុខជាដើម។ លោកផ្តល់យោបល់មិនឱយទៅធ្វើបាតុកម្មនៅទីទាំងនោះឡើយ បើពុំនោះទេអាចមានអន្តរាយដល់អាយុជីវិត។ ក្រៅពីទីកន្លែងទាំងនេះ នៅមានកន្លែងសំខាន់ជាច្រើនទៀតរបស់រដ្ឋាភិបាល ដូចជា អាគារស្ថាប័នរដ្ឋឬក្រសួងដែលនៅឆ្ងាយពីកន្លែងប្រកបដោយហានិភ័យទាំងនោះ។ គេគួរពិចារណាផងដែរពីលទ្ធផលដែលបាតុករទៅពាត់ទីណាមួយ ថាតើវាបានធ្វើឱយរដ្ឋាភិបាលរាំងស្ទះការងារកំរិតណា។ ចំពោះការទៅបាតុកម្មនៅវិមានរបស់ជនផ្តាច់ការ យើងគួររំឭកថា ជនផ្តាច់ការខ្លាចបាត់បង់អំនាចខ្លាំងណាស់ ហើយពួកអាជ្ញាធរទៀតសោតក៏គោរពជនផ្តាច់ការជាងច្បាប់ទៅទៀត ដូច្នេះបើបាតុករទៅពាត់បិតវិមានស្កឹមស្កៃរបស់ជនផ្តាច់ការ ប្រាកដណាស់កងកម្លាំងនឹងប្តូរផ្តាច់ការពារមេរបស់ពួកគេនឹងអាលទៅយកគុណសម្បត្តិជាក់ជាពុំខាន។ សូមកុំភ្លេចឱយសោះថា តាមបទពិសោធកាន់អំនាចដ៏យូរ ការឈ្លបយកការណ៍និងភាពថ្នឹកខាងយោធារបស់ពួកគេ ជនផ្តាច់ការមិនល្ងង់ដល់ថ្នាក់មិនទុកផ្លូវក្រោយ ឬលាក់បំពួនផ្លូវសម្ងាត់គ្រាន់ភៀសខ្លួនពេលមានអាសន្ននោះដែរ។ ទោះពេលបាតុកម្មជោគជ័យចង់ទៅចាប់ជនផ្តាច់ការមកកាត់ទោសក៏ដោយ ក៏ការពាត់វិមានរបស់គេមិនប្រាកដថាអាចចាប់ជននោះបានដែរ។ ទីស្នាក់ការសន្តិសុខក៏មិនខុសគ្នា។ ទៅបាតុកម្មនៅទីនោះ ប្រៀបដូចយកសាច់ទៅដាក់មាត់ខ្លាដូច្នោះ។ ប្រការមួយទៀតគឺទស្សនិកជន រាល់ការសម្តែងតែងត្រូវការអ្នកទស្សនា។ ចលនាគួររកមធ្យោបាយនិងរើសទីតាំងដែលមានទស្សនិកជនច្រើន ដើម្បីឱយពួកគេបានឃើញផ្ទាល់និងអាចចូលរួមដែរ។ បើទីនោះ ពុំសូវមានអ្នកមើល គេអាចថតវិឌីអូទុកនិងផ្សព្វផ្សាយជាក្រោយក៏បានដែរ ឬទាក់ទងអ្នកសារពត៌មានឯករាជ្យជាជំនួយក៏បាន។ មុនជ្រើសទីតាំងណាមួយ គេគួរចុចយកកន្លែងណាមួយនៅក្នុងបរិបទមហាយុទ្ធសាស្ត្រ ដើម្បីឱយមានឯកភាពទៅស្ថានភាពជាក់ស្តែងនិងផែនការសកម្មភាព។