ប្រសិនបើអ្នករក្សាវិន័យអហិង្សាបាន អ្នកនឹងឈ្នះ។ […]
អំពើហិង្សាតែមួយប៉ុណ្ណោះអាចបំផ្លាញចលនារបស់អ្នកយ៉ាងប្រាកដ។ — សឺចា ផូផូវិច
ចលនាដែលនៅតែរក្សាជំហរអហិង្សាបាននឹងទទួលបានជោគជ័យ ហើយចលនាដែលប្រើវិធីហិង្សាឬផ្លាស់ប្តូរទៅជាហិង្សានឹងបរាជ័យ។ ដូច្នេះ ការអត់ធ្មតគឺកត្តាសំខាន់បំផុតក្នុងការបន្តចីរភាពបាតុកម្ម ឯការមិនចេះអត់ទ្រាំរហ័សរហន់ចង់បានផល បែរត្រលប់ទៅរកមធ្យោបាយហិង្សាវិញនោះ គឺជាសត្រូវខាងក្នុងនៃបាតុកម្មអហិង្សាដែលអាចវាយបំបែកបាតុកម្មពីផ្ទៃក្នុង គ្រោះថ្នាក់ធ្ងន់ជាងកងកម្លាំងរបស់រដ្ឋាភិបាលទៅទៀត។ ដោយសារបាតុកម្មអហិង្សាគ្មានរនាំងនៃការចូលរួម មានលក្ខណៈបើកចំហ មានសេរីភាពទាំងក្នុងការចូលរួមនិងចាកចេញដូច្នេះ គេត្រូវការវិន័យនិងការរៀបចំជាចាំបាច់ដើម្បីងាយគ្រប់គ្រងចលនាឱយមានសណ្តាប់ធ្នាប់ ដឹកនាំឱយវៀរចាកការប្រើហិង្សានិងការវាយបង្ក្រាបពីកងយោធារបស់រដ្ឋាភិបាល ពិសេសការពារជនបង្កប់ឬរនុកក្នុងដែលគេបញ្ជូនមកបំបែកបាតុកម្ម។ ក្នុងពេលធ្វើបាតុកម្មអហិង្សា បើមានបាតុករណាអស់មានភាពអត់ធ្មត់ឬទទួលបានការអប់រុំតិចអំពីវិធីអហិង្សា ប្រើប្រាស់ហិង្សានោះ មេបាតុករត្រូវបញ្ជាបាតុករឱយឃាត់អ្នកប្រើហិង្សានៅក្នុងពេលបាតុកម្មឱយបានកាន់តែរហ័សកាន់តែប្រសើរ។ បើមិនអាចទប់ស្កាត់បានឬហួសពេលទៅហើយ គេត្រូវប្រញាប់កែនបាតុកររបស់ខ្លួនឱយនៅឆ្ងាយដាច់ដោយឡែកពីក្រុមបាតុករហិង្សាទាំងនោះ ដើម្បីកុំឱយនាំគ្រោះដល់បាតុកម្មរបស់ខ្លួនផងនិងចៀសវាងការមួលបង្កាច់បង្ខូចពីរដ្ឋាភិបាល បំផ្លាញវិន័យនៃចលនាផង។ រឿងដែលអាចកើតឡើងនេះ មេដឹកនាំគួរបង្ហាត់កូនចៅឱយត្រៀមជាស្រេចអំពីវិធានការការពារនានាអំពីអំពើហិង្សារបស់បាតុករខ្លួនឯង មិនមែនចាំទាល់តែមានរឿងកើតឡើង ទើបចាត់វិធានការទេ។ គេអាចពន្យល់ប្រាប់បាតុករជាមុនថា «ឃាត់បាន ឃាត់, ឃាត់មិនស្តាប់ ចាប់, ចាប់មិនបាន ចៀស។» លោកស្រី ម៉ារៀ ស្ទីហ្វឹន អះអាងថា «ប្រជាជនដែលរស់នៅក្រោមការជិះជាន់ ពួកគេមិនអាចគ្រាន់តែត្រូវបានប្រាប់ថាកុំប្រើអំពើហិង្សានោះទេ ពួកគេត្រូវតែ [ទទួលបានថា] មានជំរើសផ្សេងទៀត»។ ការគ្រាន់តែហាមមិនឱយប្រើហិង្សា រក្សាវិន័យអហិង្សាគឺពិតជាមិនគ្រប់គ្រាន់ឡើយសំរាប់បាតុករនិងសំរាប់អំពើឃោរឃៅរបស់ភ្នាក់ងារបង្ក្រាប ហេតុនេះមេដឹកនាំត្រូវតែពន្យល់ឱយបានច្បាស់និងពិស្តារថា «យើងរក្សាវិន័យអហិង្សា មិនប្រើអំពើហិង្សា ពុំមែនដោយសារសីលធម៌ឬមនុស្សធម៌ កំសាកខ្លាចអាជ្ញាធរ យកប្រជាជនធ្វើជាប៉ាវខ្សាច់ឱយគេវាយដោយសេរីនោះទេ តែគឺពីព្រោះអហិង្សាគឺជាអាវុធខាងផ្នែកសីលធម៌ដ៏មានប្រសិទ្ធភាពក្នុងការបំផ្លាញភាពស្របច្បាប់របស់រដ្ឋាភិបាលនិងទាក់ទាញការគាំទ្រពីគ្រប់ភាគី។» ពិតណាស់ ហិង្សាបន្តិចបន្តួចពេលប្រឈមមុខនឹងកងកម្លាំងប្រដាប់អាវុធគឺពិបាកចៀសផុត ទោះបីក្រុមបាតុករបានយល់ដឹងអំពីបាតុកម្មអហិង្សានិងភាពសមហេតុផលនៃវិន័យអហិង្សានោះក៏ដោយ។ អ្វីដែលត្រូវប្រុងប្រយត្នគឺបាតុករហិង្សានោះអាចជារនុកក្នុងរបស់រដ្ឋាភិបាល បង្កប់ដើម្បីបំប្លែងបាតុកម្មឱយទៅជាហិង្សា ហើយចោទបាតុកម្មទាំងមូលថាហិង្សានិងល្មើសច្បាប់ នឹងអាលពួកគេអាចបង្ក្រាបបានដោយស្របច្បាប់និងបំភាន់មតិសាធារណជន។ ទោះពួកគេមិនមែនជាជនបង្កប់របស់រដ្ឋាភិបាលក៏ដោយ ក៏ពួកគេអាចបំផ្លិតបំផ្លាញវិន័យអហិង្សារបស់បាតុកម្ម ឬជាចន្លោះប្រហោងនៃការដឹកនាំដែលមិនអាចបង្វឹកបាតុករគ្រប់ៗគ្នាឱយប្រកាន់វិន័យអហិង្សាទាំងអស់បានដែរ។ វាជារឿងលំបាកសំរេចបានណាស់ក្នុងការបញ្ជ្រាបគំនិតអហិង្សាទៅក្នុងបាតុករទាំងឡាយ ព្រោះបាតុកម្មអហិង្សាមានលក្ខណៈបើកចំហការចូលរួម ហេតុនេះនឹងមានសមាជិកថ្មីចូលមកមិនដាច់ជាបន្តបន្ទាប់ គឺបាតុករថ្មីនោះហើយត្រូវការបណ្តុះបណ្តាលអំពីបាតុកម្មអហិង្សាទាំងមូល។ ប៉ុន្តែសូមកុំយល់ច្រលំថា ការបើកចំហការចូលរួមនេះជាគុណវិបត្តិនៃចលនាឱយសោះ ព្រោះវាជាគុណសម្បត្តិដ៏វិសេសនៅពេលដែលគេចេះគ្រប់គ្រងនិងដោះស្រាយ។ ដំណោះស្រាយមិនមែនមិនមានទេគឺថាគេអាចប្រើបាតុករចាស់អប់រុំបាតុករថ្មីបាន គឺយើងត្រូវរៀបចំឱយមានឯកសារសព្វសារពើ ទាំងជាក្រដាស ជាសម្លេង ជាវិឌីអូ ឬរៀបចំសិក្ខាសាលា បង្កើតភ្នាក់ងារអប់រុំ បង្កើតបែងចែកជាក្រុមតូចៗដើម្បីងាយបង្រៀននិងពង្រឹងវិន័យ។ អ្វីដែលគួរយកចិត្តទុកដាក់ផងដែរនោះគឺត្រូវបង្កើតចំណងរវាងបាតុករឱយចេះមើលថែគ្នា ហាមគ្នាពេលប្រព្រឹត្តអំពើហិង្សា។ ធ្វើដូច្នេះបាន បាតុកម្មនឹងមានលក្ខណៈស្វ័យការពារទាំងក្នុងទាំងក្រៅ។ នៅពេលដែលបាតុករមានការរៀបចំគ្រប់គ្រងត្រឹមត្រូវ ជាភ្នែកជាច្រមុះរបស់ចលនា មើលថែគ្នាទៅវិញទៅមកហើយ បើកម្ម្លាំងសន្តិសុខចង់បំបែក ប្រៀបដូចជាយករឹងបង្រ្កាបទន់ វាយខ្លាំងប៉ុណ្ណា ក៏រិតតែអស់កម្លាំងខ្លួនឯងប៉ុណ្ណឹងដែរ។ ចំពោះអ្នកក្បដនឹងចលនា ជួយរដ្ឋាភិបាលធ្វើជារនុកក្នុង ពេលចាប់បាន គេមិនពុំចាំបាច់កាត់ទោសប្រហារដូចក្នុងវិស័យយោធាអ្វីនោះទេ គ្រាន់តែបំបាក់មុខជនបង្កប់នោះដោយកត់ចំណាំឈ្មោះនិងថតរូបទុកដាក់ចូលក្នុងបញ្ជីខ្មៅ បណ្តេញចេញពីក្រុមទៅជាការស្រេច។ រាល់កំណត់ត្រានឹងក្លាយជាប្រវត្តិសាស្ត្រនៃចលនាប្រជាជន ឱយក្មេងជំនាន់ក្រោយរៀន។