អាវុធល្អបំផុតរបស់របបផ្តាច់ការគឺការសម្ងាត់ ប៉ុន្តែអាវុធល្អបំផុតរបស់របបប្រជាធិបតេយ្យវិញ គួរតែជាការបើកចំហឥតលាក់លាម។ — ណេល្ស បូរ (Niels Bohr)
ចលនាអហិង្សាមានលក្ខណៈប្រជាធិបតេយ្យ ព្រោះចលនានេះមានលក្ខណៈសេរី ហើយបើគ្មានប្រជាជនគាំទ្រទេនឹងស្កកខ្សោយដោយឯកឯងដោយមិនបាច់មានការបង្ក្រាប។ ប៉ុន្តែ បើប្រជាជនគាំទ្រ ចលនានោះនឹងស្របទៅតាមច្បាប់តាមលក្ខណៈប្រជាធិបតេយ្យ ពោលគឺតំណាងប្រជាជន ចូលរួមដោយប្រជាជន ទ្រទ្រង់ដោយប្រជាជននិងដើម្បីប្រជាជន។ ដូច្នេះ ការបើកចំហទាំងពត៌មានអំពីបាតុកម្មនិងការចូលរួមមិនអាចធ្វើឡើងដោយបិតទ្វារទេ ព្រោះគេត្រូវការគាំទ្រដោយផ្ទាល់ពីប្រជាជនតាមរយៈការចូលរួមឬឧបត្ថម្ភ ទោះបីគ្មានការកត់បញ្ជីអ្នកចូលរួមផ្លូវការក៏ដោយ។ ការចូលរួមដោយមានលក្ខណៈអនាមិក មិនកត់ចំណាំអត្តសញ្ញាណបែបនេះ គឺជាគុណសម្បត្តិនៃចលនានេះដែលអាចការពារប្រជាជនតិចឬច្រើនពីការតាមប្រមាញ់ គំរាមហាមមិនឱយចូលរួមបាតុកម្មរបស់រដ្ឋាភិបាលមួយចំនួនធំ ព្រមទាំងការឈ្លបមើលពីភ្នាក់ងារសម្ងាត់របស់រដ្ឋាភិបាលផងដែរ ពិសេសប្រជាជនអាចព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនពេលមានការបែកធ្លាយអត្តសញ្ញាណទាំងក្នុងពេលកំពុងធ្វើបាតុកម្មនិងពេលបរាជ័យ។ យុទ្ធនាការហិង្សាដែលត្រូវរក្សាការសម្ងាត់ គ្រប់គ្រងពត៌មាននិងភាពឯកជនរបស់កុបករទាំងឡាយ ប្រជាជនភាគតិចប៉ុណ្ណោះអាចចូលរួម ហើយអ្នកដែលអាចចូលរួមបាននោះក៏មានបែបបទច្រើនទៅទៀត ហេតុនេះ គេមិនគួររាប់ថាការចំហនិងការសម្ងាត់តិចតួចរបស់បាតុកម្មអហិង្សាគឺជាចំណុចខ្សោយរបស់ចលនានោះទេ តែជាភាពខ្លាំងទៅវិញទើបត្រូវ។ ចលនាអហិង្សាបើកទូលាយដោយមិនខ្លាចរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ ហើយនៅតែអាចសម្រេចជោគជ័យបានដូច្នេះ គឺជាការចំហប្រកបដោយសេចក្តីក្លាហានដែលគេមិនអាចចាត់ទុកថាជាកត្តាធ្វើឱយបាតុកម្មអហិង្សាផុយស្រួយនោះឡើយ។ ការបើកចំហនិងការសម្ងាត់តែងទាក់ទងនឹងភាពភ័យខ្លាច ដូច្នេះគេត្រូវទំលាយភាពភ័យខ្លាចជាមុនសិន ហើយភាពភ័យខ្លាចមិនអាចទំលាយបានដោយការបិតបាំងឬការសម្ងាត់នោះទេ។ បើគំនិតនិងសេចក្តីពន្យល់អំពីឥទ្ធិពលនិងវិធីអហិង្សាមិនត្រូវបានចែករំលែកឱយបានទូលំទូលាយទៅក្នុងស្រទាប់ប្រជាជនទេ គេមិនសូវមានសង្ឃឹមថាចលនាអាចមានការគាំទ្រនិងមានលក្ខណៈប្រជាធិបតេយ្យខ្លាំងឡើយ។ យោលតាមការចាំបាច់នេះ ការសម្ងាត់ជាឧបសគ្គសំរាប់បាតុកម្មអហិង្សា មិនមែនត្រឹមតែមានឫសគល់កើតមកពីការភ័យខ្លាចទេ តែគឺបង្កើនភាពភ័យខ្លាចតែម្តង គឺអាចបំផ្លាញព្រលឹងចលនា កាត់បន្ថយអ្នកចូលរួម ធ្វើឱយមានការសង្ស័យគ្នា បែកបាក់សាមគ្គីភាព ងាយឱយគេបំបែកបាន ពិសេសក្នុងខណៈពេលដែលបាតុកម្មអហិង្សាមានទំហំធំ។ យ៉ាងណាមិញ គេក៏មិនអាចរំពឹងថាអាចលាក់បាំងចេតនានិងផែនការរបស់បាតុកម្មពីភ្នែករបស់ពួកប៉ូលីសនិងភ្នាក់ងាររបស់រដ្ឋាភិបាលដែរ។
ទោះបីការបើកចំហមានសារៈសំខាន់ចំពោះបាតុកម្មប៉ុណ្ណាក៏ដោយ វានៅតែមានករណីលើកលែងដែរ។ ការសម្ងាត់មួយចំនួនដូចជា ការបោះពុម្ព ចែកចាយ អានឯកសារសម្ងាត់ហាមឃាត់ដោយរដ្ឋាភិបាលទាក់ទងនឹងបាតុកម្ម អត្តសញ្ញាណអ្នកឈ្លបយកការណ៍ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលនៅក្នុងប្រទេស ដើម្បីប្រមូលពត៌មានពីសកម្មភាពរបស់របបដឹកនាំប្រាប់អ្នកដឹកចលនា ទាមទារការលាក់កំបាំងជាចាំបាច់ ព្រោះពោរពេញដោយហានិភ័យខ្ពស់។ ក្នុងករណីមានរដ្ឋាភិបាលបិតប្រព័ន្ធទំនាក់ទំនងនានា ដើម្បីបង្អាក់ការផ្ទេរពត៌មានក្នុងបំណងប្រឆាំងនឹងបាតុកម្ម គេនៅមានមធ្យោបាយទប់ទល់សាមញ្ញៗ ដូចជា បោះពុម្ពខិត្តបណ្ណ រូបភាព សេចក្តីប្រកាស សំបុត្រ ទៅចែកចាយសាធារណជននិងទាក់ទងគ្នាដែរ។ល។ ការបិតបណ្តាញទំនាក់ទំនង រដ្ឋាភិបាលទទួលបានលទ្ធផលមិនខុសពីការបង្ក្រាបឡើយ។ ការបង្ក្រាបគ្រប់ករណីសុទ្ធតែអាចបំភ័យប្រជាជននោះទេ តែវាអាចធ្វើឱយប្រជាជនរិតតែក្លាហានទៅវិញ។ មិនមែនការបិតប្រព័ន្ធទំនាក់ទំនងអាចបំបិតការបញ្ជូនពត៌មាននោះទេ តែបែរជាធ្វើឱយប្រជាជនប្រើវិធីចួបមុខគ្នាផ្ទាល់ទាក់ទងគ្នាតែម្តង ពោលគឺ មិនមែនបញ្ឈប់ល្បឿនបាតុកម្មទេ តែជំរុញឱយប្រជាជនរួមគ្នាធ្វើបាតុកម្មទៅវិញ។ ហេតុនេះហើយទើបបាតុកម្មអហិង្សានៅតែអាចជោគជ័យបាន សូម្បីតែឋិតក្នុងសម័យបច្ចេកវិទ្យាពត៌មានមិនទាន់ជឿលឿនក៏ដោយ។