ការ​ទាក់​ទាញ​កៀង​គរ​អ្នក​ចូល​រួម​

ជា​ការ​ពិត​ គ្មាន​ចលនា​ណា​ផ្តើម​ភ្លាម​មាន​​ចំនួនអ្នក​​ចូល​រួម​ច្រើន​កុះ​ករ​នោះ​ឡើយ​។ ពី​មនុស្ស​មួយ​ក្រុម​តូច​ឈាន​ទៅ​ដល់​ចំនួន​ច្រើន​ស្អេក​ស្អះ​បាន​ គឺ​ជា​បន្ទុក​របស់​អ្នក​​ដឹក​នាំ​។ ក្រោយ​ពី​ក្រុម​បាតុកម្ម​បង្កើត​មូល​ដ្ឋាន​ស្រប​ច្បាប់​នៃ​ចលនា​របស់​ខ្លួន​ហើយ​ បាតុកម្មដែល​ធ្វើ​ដោយ​សន្តិវិធី​​ត្រូវ​តែ​បាន​ធានា​ដោយ​ច្បាប់​ មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ មេ​ដឹក​នាំ​បាតុកម្ម​អាច​ពឹង​លើ​គ្នី​គ្នាទាំង​ប៉ុន្មាន​ដែល​មាន​ស្រាប់​នោះ​ ផ្សព្វ​ផ្សាយ​បន្ត​ ទាក់​ទាញ​អ្នក​ចូល​រួម​។ នៅ​ពេល​ជន​ផ្តាច់​ការ​ព្រួយ​បារម្ភ​ពី​អំនាច​ប្រជាជន​ ពួក​គេ​នឹង​រារាំងបាតុកម្ម​ ទោះ​បាតុកម្ម​នោះ​តូច​តាច​ក៏​ដោយ​ក្តី​។ អាជ្ញា​ធរ​អាច​បង្ក្រាប​ឬ​រារាំង​​​មិន​ឱយ​ធ្វើ​បាតុ​កម្ម​ដោយ​យក​លេស​ថា​គ្មាន​សុំ​ការអនុញ្ញាត​។ បាតុករ​អាច​វាយ​បក​ដោយ​ថ្លែង​ការណ៍​ពី​ការ​មិន​គោរព​ច្បាប់​បាតុកម្ម​របស់​អាជ្ញាធរ​និង​ថែម​ទាំង​បង្ខំ​ប្រជាជន​ឱយ​មិន​គោរព​ច្បាប់​បាតុកម្មតាម​ខ្លួន​ទៀត​​​​។ បើ​ចួប​​ឧបសគ្គបែប​នេះ​​​ មេ​ដឹក​នាំ​មិន​ត្រូវ​បញ្ឈប់​ត្រឹម​អាជ្ញាធរ​ហាម​មិន​ឱយ​ធ្វើនោះ​​ទេ​ តែ​ត្រូវតែ​​បន្ត​ បើ​មាន​ការ​បង្រ្កាប ​បំបែក​គ្នារួចចាំ​ចួប​គ្នា​ជា​ថ្មី​នៅ​ទី​តាំង​ផ្សេងដើ​ម្បី​កុំ​ឱយ​អាជ្ញាធរ​ជ្រាប​ជា​មុននិង​​ទៅ​រារាំង​ឬទៅ​​បង្ក្រាប​ទៀត។ ​បើ​​​គេ​ឃាត់​មិន​ឱយ​ទៅ​ដល់កន្លែងដែល​បាន​គ្រោង​ទុក​​​ គេ​គួរ​បាតុកម្ម​នៅ​នឹង​កន្លែងតែ​ម្តង​ ឬ​ក៏​កូដកម្ម​មិន​ធ្វើ​ការ​នៅ​ផ្ទះ​ក៏​បាន​​។ គេ​មិនត្រូវ​​ចាប់​ផ្តើម​ភ្លាម​ដោយ​បង្ហាញ​គោល​ជំហរ​ថា​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ផ្តាច់​ការ​ ចង់​​ដេញ​ពួក​គេ​ចេញ​ពី​អំនាច​តែ​ម្តង​ទេ​ ពី​ព្រោះ​វា​ប៉ះ​ពាល់​ដល់​អារម្ម​របស់​ជន​ផ្តាច់​ការ​ ហើយ​គេ​នឹង​បង្ក្រាប​ឬ​​​រារាំង​ភ្លាមៗ។ មិន​មែន​ថាយើង​​គ្មាន​វិធី​ទប់​ទល់​​ ឱយ​តែ​មាន​កា​រ​បង្ក្រាប​ យើង​ចុះ​ចាញ់​នោះ​ទេ​ តែ​យើង​​ត្រូវ​ពន្យារ​ពេលតាមតែ​អាច​ធ្វើ​ទៅ​បាន​ ដើម្បីមាន​ពេល​ច្រើន​​អាច​បញ្ចុះ​បញ្ចូល​ ​ស្ទង់​ស្ថានភាពនិង​ប្រតិកម្ម​​​ប្រជាជន​មើល​សិន​។ បើ​ពួក​គេ​នៅ​មិន​ខ្វល់​អើ​ពើ​ យើង​ត្រូវផ្សព្វ​ផ្សាយ​ឱយ​ប្រជាជន​យល់​ពី​បាតុកម្ម​អហិង្សា​និង​មូល​ហេតុ​ដែល​ប្រជាជន​ដែល​មិន​ត្រូវ​ស្ងៀមបន្ត​ទៀត​។ ត្រង់វិធី​ផ្សព្វ​ផ្សាយ​​នេះ​ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ពត៌មាន​ ដូច​ជា​អ៊ីនធើរ​នេត​ ក៏​មាន​ប្រសិទ្ធភាពមិន​ធម្មតា​ដែរ​។ មាន​ចលនា​ជា​ច្រើន​ បាន​ផ្ទុះ​ឡើង​និង​ជោគ​ជ័យ​ ដោយ​​មាន​បច្ចេក​វិទ្យា​​ពត៌មាន​ជា​បង្អែក​។ តែ​ក៏​សូម​កុំ​ភ្លេច​​ថា នៅ​សម័យ​មិន​ទាន់​មាន​​បច្ចេកវិទ្យា​ទាំង​នោះ​ ក៏​ចលនា​សង្គម​ជា​ច្រើន​ករណី​​នៅ​តែ​​អាច​ប្រព្រឹត្ត​ទៅ​បានរហូត​ដល់​​ទទួល​បាន​ជោគ​ជ័យ​ជា​ធម្មតា​។​ ទោះ​បី​ស្ថាប័ន​សារពត៌មាន​ក្នុង​ស្រុក​ភាគ​ច្រើន​ឋិត​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ក៏​ដោយ​ នៅ​តែ​មាន​​សារពត៌មានបរទេសឬ​​ក្រៅ​ស្រុក​ ឯករាជ្យ​​នឹងមក​​ពាំ​នាំ​​យក​ពត៌មាន​ពាប់​សារ​របស់​បាតុកម្ម​ទៅ​ប្រជាជន​ទាំង​មូល​ដែរ​។ ហេតុ​នេះ​ ត្រង់​ការ​ផ្យព្វ​ផ្សាយ​បញ្ជា្រប​ក្នុង​ស្រទាប់​ប្រជាជន ស្រូប​ទាញ​ប្រជាជន​ឱយ​គាំទ្រ​បាតុកម្ម​ពុំ​មែន​ជា​ការ​លំបាក​ណាស់​ណាទេ​​ ឱយ​តែ​មាន​​សីល្ប៍​វិធី​និយាយ​ពន្យល់​សាធារណជន​។ ចំនួន​និង​ភាព​ចំរុះ​នៃ​បាតុករក៏​អាច​សំរេច​បាន​ដូច​គ្នា​ ​​ បើ​សិន​​​មាន​មធ្យោបាយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ផ្សព្វ​ផ្យាយ​។ ​ការ​​អំពាវ​នាវ​ត្រង់​ភ្លឹង​​មិន​សូវ​មាន​ឥទ្ធិពល​ដូច​ការ​ពន្យល់​ពួក​គេ​ឱយ​យល់​ពី​ដំណើរ​ការ​ទាំង​មូល​នៃ​​បាតុកម្ម​ឡើយ​។​យើង​ត្រូវធ្វើ​​ឱយ​ពួក​គេ​យល់​ថា​ មិន​មែន​តែយុទ្ធនាការ​​ទេ​ត្រូវ​ការ​ប្រជាជន​ចូល​រួម​ ប្រជាជន​​ក៏​​ត្រូវ​ការ​ចលនាដែរ​​​ មិន​សំខាន់​ត្រង់​មេ​ដឹក​នាំចលនា​អំពាវ​នាវហៅ​​ឡើយ​។​​​ ការ​បំភ្លឺ​បាតុ​ករឱយ​យល់​ជ្រះ​ស្រលះ​​គឺ​ជា​ការ​​​អំពាវ​នាវ​ដោយ​ប្រយោល​និង​មាន​អានុភាព​ខ្លាំង​ណាស់​ ហើយ​នាំ​ឱយ​ពួក​គេ​ជួយ​អំពាវ​នាវ​បន្ត​គ្នាដោយ​ឯក​ឯងដោយ​មិន​បាច់​មាន​ការ​ស្នើ​សុំ​។ បើ​ពួក​គេ​យល់​ច្បាស់​ពី​ក្បួន​ធ្វើ​បាតុកម្ម ទោះ​​​គ្មាន​បាតុកម្ម​ក៏​ដោយ​ ក៏​ពួក​គេ​អាច​ដឹកនាំ​​ធ្វើ​ដោយ​ខ្លួន​ឯង​បានដែរ​។ ​​អ្វី​ដែល​មេដឹក​នាំ​ត្រូវ​ធ្វើ​គឺ​បញ្ជ្រាប​វប្បធម៌​អហិង្សា​និង​ទ្រឹស្តី​សកម្ម​ភាព​អហិង្សា​ក្នុង​​បាតុករ​ ហើយ​ពឹង​ផ្អែក​លើ​ពួក​គេ​ផ្សាយ​បន្តគ្នា​​ ដូច្នេះ​​សារ​តែ​មួយ​នឹងទៅ​ដល់​អ្នក​ស្តាប់​ដែល​យើង​មើល​មិន​ឃើញ​ជា​ច្រើន​ ហើយ​​នាំពួក​គេ​ឱយ​មក​​ចូល​រួម​បាតុកម្ម​ដោយ​ឯក​ឯង។​ ​ ការ​ផ្សព្វ​ផ្សាយអំពី​សេចក្តី​​ពន្យល់អំពី​​​បាតុកម្ម ហេតុ​អ្វីបាតុកម្ម​អហិង្សា​​អាចទៅ​​រួ​ច ​ប្រសិទ្ធភាព​ និង​របៀប​ធ្វើឱយ​​បាន​ជោគ​ជ័យ​ យុទ្ធ​សាស្ត្រ​ឬ​កលយុទ្ធ​អហិង្សា​ផ្សេងៗ ​ គឺ​សុទ្ធ​តែ​អាច​បណ្តុះ​បាតុករ​ មិន​មែន​ដើម្បី​តែ​ប្រឆាំង​របប​ផ្តាច់​ការ​ថ្ងៃ​នេះ​ទេ​ តែ​គឺ​ដើម្បី​ទប់​ទល់​នឹង​ការ​គាប​សង្កត់​រំលោភ​បំពាន​​គ្រប់ប្រភេទ​ជា​ច្រើន​ទៀត ​នៅ​ផ្នែក​ណា​មួយ​នៃ​​សង្គម ​នៅ​រយៈពេល​វែង​ខាង​មុខ​ទៀត​ផងដែរ​​។ ក្នុង​ករណី​អ្នក​ចូល​រួម​មិន​សូវរឹង​មាំ​ មាន​ការ​ជឿ​ជាក់​ទាប​​ ជា​ពិសេស​ករណី​ប្រជាជន​មាន​ចំណេះ​ដឹង​ខ្សោយ​ ទោះ​ចួប​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​បំផុស​ចលនា​អហិង្សា​​ត្រូវ​តែ​ជំនះ​ទៅ​មុខ​ជា​និច្ច​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​មួយ​ថា​ កើត​ជា​មនុស្ស​ គ្មាន​នរណា​គ្មាន​សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ​ទេ​។ អ្នក​ណា​ក៏​មាន​កម្លាំង​ក្នុង​ការមិន​​ប្រើ​ប្រាស់កម្លាំង​ដែរ ពោល​គឺ ​​​ហិង្សាទើប​ត្រូវ​ការ​កម្លាំង អ្នក​ណា​ក៏​អាច​ប្រើ​វិធី​អហិង្សា​ដែរ​។ ទំនាញ​កម្លាំង​​អហិង្សា​​ជា​មេដែក​ទាញ​ពួក​គេ​មក​ដោយ​ស្មគ្រ​ចិត្ត​តែ​ម្តង​។ បាតុករ​ដែល​បាន​មក​ពី​កម្លាំង​ចិត្តបែប​នេះ​ វាយ​មិន​បែក​ឡើយ​ បើ​បែក​ក៏​ប្រមូល​វិញ​បាន​​ដោយ​មិន​សូវ​ពិបាក​ បើ​មេបាតុករ​ត្រូវ​គេ​ចាប់​ឬ​ស្លាប់​ ក៏មាន​អ្នក​ថ្មី​ជំនួស​ភ្លាម​ ព្រោះ​បាតុករ​សុទ្ធតែ​​ចេះ​ធ្វើ​បាតុកម្ម​អហិង្សា​ ចាប់​ប៉ុន្មាន​នាក់​ ​ស្លាប់​ប៉ុន្មាន​ក៏​មិនចេះ​​អស់​ដែរ ពោល​គឺ​ជា​កង​ទាប់​អហិង្សា​ស្មគ្រ​ស្លាប់​។ បើ​ឈរ​លើទស្សនៈ​របស់​​អ្នក​ចូល​រួម​វិញ​ ប្រជាជន​មិន​មែន​ចេះ​តែ​ចូល​រួម​បាតុកម្ម​ងាយ​ៗឡើយ​ ទោះ​បី​ពួក​គេ​បាន​យល់​ដឹង​ពី​បាតុកម្ម​អហិង្សា​ឬ​សារប្រយោជន៍​នៃ​បាតុកម្ម​ក៏​ដោយ​។ ពួក​គេ​តែង​នៅ​ចាំ​មើល​និង​ត្រូវ​ការ​អ្នក​នាំ​ មាន​គ្នា​ទៅ​ជា​មួយ​ មិន​មែន​ដើរ​ទៅ​ចូល​តែ​ឯង​ឡើយ​។ លោក​ស្រី​ ឆេណូវេថ បាន​លើក​ឡើង​​​ថា​ «មិន​មែន​មនុស្ស​រាល់​គ្នា​សុទ្ធតែ​​ចង់​​ឆក់​យក​ឱកាស​ដូច​គ្នា​នៅ​ក្នុង​ឆាក​ជីវិត​នោះ​ទេ​ ហើយ​ប្រជាជន​ជា​ច្រើន​នឹង​មិន​ប្រួល​ប្រែ​ទេ​ លុះ​ណា​តែ​ពួក​គេ​រំពឹង​ថា​មាន​ចំនួនអ្នក​ចូល​រួម​ច្រើន​ល្មម​ដែល​អាច​ធានា​​សុវត្ថិភាពបាន​សិន​​។​» តែ​ត្រង់​នេះ​ក៏​មិន​ពិបាក​សំរេច​បាន​ដែរ​ ព្រោះ​ទំនាក់​ទំនង​សង្គម​មាន​លក្ខណៈ​ហូរ​ទៅ​ដោយ​ខ្លួន​ឯង​ ម្យ៉ាង​បាតុកម្ម​អហិង្សា​មាន​លក្ខណៈ​សេរី​បែប​នេះ​ក៏​ជា​ចំណុច​ពិសេស មនុស្ស​ម្នាក់​​ចូល​រួម​បាន​ពាំ​នាំ​នូវ​បណ្តាញ​ទំនាក់​ទំនង​ជា​ច្រើន​ជាប់មក​ជា​​មួយ​ ដូច​ជា​គ្រួសារ​ ញាតិ​សន្តាន​ មិត្រ​ភក្តិ​ អ្នក​ជិត​ខាង​។ល។ នៅ​ពេល​ប្រជាជន​បាន​យល់ពី​​បាតុកម្ម​ បាតុកម្ម​ធ្វើ​ឡើង​ដើម្បី​​ប្រជាជន​ នោះអ្នក​ចូល​រួម​ហូរ​ចូល​មក​យ៉ាង​ស្រួល។​​ មិន​ដូច​ករណី​បាតុករ​ដែល​បាន​មក​ពី​ការ​បង្ខំ​ ទិញ​ទឹក​ចិត្ត​​ ផ្តល់​ប្រយោជន៍​ឡើយ​​ ​បាតុករ​សុច្ឆន្ទៈ​​មិន​​ផុយ​ស្រួយ​ មាន​​សាមគ្គី​ភាព​ មិនគិត​​តែពី​​ប្រយោជន​ផ្ទាល់​ខ្លួននោះ​ឡើយ​​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s