កូដកម្មជាមធ្យោបាយដែលមានប្រសិទ្ធភាពជាងគេ ដើម្បីទាមទារដំឡើងប្រាក់ខែ សូម្បីតែពេលករណីកូដកម្មនោះបរាជ័យ ក៏ការទាមទារសំរេចបានខ្លះៗដែរ។ នៅក្នុងបទសម្ភាសដោយ RFI នៅថ្ងៃទី១៣ ខែមិថុនា ២០១៥ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជានិងប្រធានសហជីព ស៊ីខាវឌូ បានមើលឃើញពីប្រសិទ្ធភាពនៃកូដកម្មថា ការចរចាតែមួយមុខមិនអាចនាំទៅរកការដំឡើងប្រាក់ខែនោះទេ បើគ្មានកូដកម្ម ការពលី ការតវ៉ារបស់កម្មករ ពោលគឺកូដកម្មមានប្រសិទ្ធភាពជាងការចរចា មានកូដកម្ម ទើបមានការដំឡើងប្រាក់ខែ។ មូលហេតុមួយចំនួនដែលប្រាក់ខែរបស់កម្មករកើនឡើងលឿនជាងរបស់គ្រូបង្រៀន ពីព្រោះកម្មករធ្វើកូដកម្ម រយៈពេលយូរនិងមានអ្នកចូលរួមច្រើន ព្រមទាំងហ៊ានប្រឈមរបស់ភ្នាក់ងារបង្ក្រាបផងដែរ ឯខាងគ្រូបង្រៀនវិញ ធ្វើបាតុកម្ម តែមិនធ្វើកូដកម្ម (នៅបន្តបង្រៀន) ធ្វើតែក្នុងរយៈខ្លីនិងមានអ្នកចូលរួមតិច។ នេះមានន័យថា តាក់ទិចធ្វើការទាមទារ, ចំនួនអ្នកអនុវត្តនិងគុណភាពតាក់ទិច, រយៈពេលប្រតិបត្តិការឬភាពក្រាញននៀល, មានឥទ្ធិពលក្នុងការកំណត់ពីលទ្ធផលបាតុកម្ម។
បើការចរចាអាចដោះស្រាយគ្រប់បញ្ហាបានមែន ម្ល៉េះសមពិភពលោកពុំដែលមានអំពើហិង្សា សង្គ្រាម រដ្ឋប្រហារ អន្តរាគមន៍យោធានោះឡើយ ត្បិតគ្រាន់តែនិយាយគ្នាទៅ អាចដោះស្រាយបានហើយ។ ការឱយតម្លៃខ្លាំងពេកលើការចរចាអាចកើតចេញពីសម្មតិកម្មឆ្គាំឆ្គងមួយចំនួន ដូចជា ភាគីចរចាទទួលយកហេតុផល, ការជជែកគ្នានឹងនាំឱយភាគីដែលមានសំអាងមិនច្បាស់លាស់និងមិនត្រឹមត្រូវព្រមទទួលយកសំអាងដែលល្អប្រសើរជាង, ការចរចាបន្ថយអំពើហិង្សារវាងភាគីចរចា, ភាគីចរចាតែងគោរពកិច្ចព្រមព្រៀង, ភាគីចរចាតែងស្មោះត្រង់នឹងគ្នា។ល។ ការចរចាឬលទ្ធផលនៃការចរចាផ្អែកស្ទើរតែទាំងស្រុងទៅលើអំនាចនិងសមត្ថភាពរបស់ភាគីនីមួយៗ ពោលគឺ ភាគីដែលមានអំនាចជាងតែងមានឱកាសសំរេចបានតាមបំណងនិងការអនុវត្តតាមការទាមទារជាង ឯភាគីដែលមានអំនាចតិចជាងតែងមានសង្ឃឹមតិច។ ភាគីមានអំនាចជាងនឹងមិនទទួលយកហេតុផលណាមួយដែលមិនបំរើប្រយោជន៍ពួកគេនោះទេ ទោះបីហេតុផលនោះត្រឹមត្រូវក៏ដោយ ហើយពួកគេក៏អាចក្បត់ពាក្យសន្យាគ្រប់ពេល ឱយតែភាគីម្ខាងទៀតអស់មានអំនាចបង្ខំពួកគេឱយគោរពតាមសន្យា។ ដូច្នេះ ការបញ្ឈប់កូដកម្មរបស់ក្រុមណាមួយដែលពឹងផ្នែកលើវិធីនេះដើម្បីដាក់សម្ពាធលើគូប្រជែង គឺជាការសម្លាប់ខ្លួនឯង ព្រោះធ្វើបែបនេះនឹងសមតាមបំណងភាគីម្ខាងទៀត ដែលខ្លាចនិងពិបាកទប់ទល់នឹងកូដកម្ម ហើយធ្វើឱយបាត់បង់តុល្យភាពអំនាច ដែលភាគីម្ខាងបញ្ឈប់កូដកម្ម តែភាគីម្ខាងទៀតបែរជានៅតែបន្តប្រើហិង្សា។ ទោះបីភាគីមានអំនាចសន្យាយ៉ាងម៉េចក៏ដោយ (ទោះមានលាយលក្ខណ៍អក្សរឬអត់) ដរាបណាកិច្ចព្រមព្រៀងមិនទាន់បានបំពេញគ្រប់ជ្រុងជ្រោយទេ បញ្ឈប់កូដកម្មគឺជាការជំរុះឧបសគ្គឱយភាគីដែលមានអំនាច មិនគោរពតាមសន្យា។
ការអះអាងណាមួយដែលថា ដោយសារកូដកម្មទើបនាំឱយកម្មករស្លាប់និងរបួស ឬថាផ្អាកកូដកម្មដើម្បីបន្ថយអំពើហិង្សា គឺប្រកបដោយកំហុសឆ្គងនិងការយល់ច្រលំ៖ ទី១ មិនមែនភាគីកម្មករទេដែលផ្តើមអំពើហិង្សា តែគឺភ្នាក់ងារបង្ក្រាបដែលបង្កឱយមានមរណភាពនិងរបួសខាងកម្មករ ត្បិតធម្មតាភាគីខ្សោយកំរហ៊ានវាយភាគីខ្លាំងណាស់ លុះណាតែមានជនបង្កប់។ ទី២ កូដកម្មដោយសន្តិវិធីត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់ការងារ មិនមែនអាជ្ញាធរនៅលើច្បាប់អាចបង្ក្រាបដោយសេរី ហើយបន្ទោសអ្នកធ្វើកូដកម្មទេ, ហិង្សារបស់អាជ្ញាធរលើប្រជាជនស្លូតត្រង់ដែលមិនបានប្រើហិង្សាក៏ខុសច្បាប់ ឯហិង្សារបស់កម្មករក៏ខុសច្បាប់។ ទី៣ កម្មករប្រុសៗខ្លួនឯងទៅប្រឈមនឹងភ្នាក់ងារបង្ក្រាបដែលបំពាក់ដោយអាវុធនិងមានការហ្វឹកហាត់ខាងបង្ក្រាបបាតុកម្ម នេះបង្ហាញពីកំសោយនៃការបណ្តុះបណ្តាល ពង្រឹងវិន័យ គ្រប់គ្រងកម្មករ ក្នុងពេលធ្វើកូដកម្មនិងបង្ហាញពីចន្លោះប្រហោងរបស់សហជីពផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងចំណោមពួកគេមានអ្នកប្រើហិង្សាលើសម្បត្តិឯកជន ដែលការណ៍នេះជំរុញឱយអាជ្ញាធរមានលេសចោទប្រកាន់និងបង្ក្រាបជាដើម។ ពួកគេបានតបតនឹងការបង្ក្រាបរបស់អាជ្ញាធរដោយដុំថ្មនិងកាន់ដំបងជាដើមនោះ រដ្ឋស្វាគមន៍បំផុត ពីព្រោះហិង្សាគឺជាអ្វីដែលភ្នាក់ងារបង្ក្រាបប៉ិនប្រសប់ ហើយវាជួយឱយរដ្ឋអំនាចទទួលបានភាពស្របច្បាប់ក្នុងការរក្សាសន្តិសុខសាធារណៈពីអំពើហិង្សាណាមួយ។ កុំថាដល់ប្រតិកម្មហិង្សាកំរិតធ្ងន់ ត្រឹមតែកាន់វត្ថុតូចតាចដែលអាចបង្កហិង្សាបាន ក៏អាជ្ញាធរនឹងយកភស្តុតាងនោះមកសំអាងបើកការបង្ក្រាបដែរ។ អំពើហិង្សាមានឥទ្ធិពលអវិជ្ជមានក្នុងការបង្វែរមតិសាធារណៈ ដូចនៅពេលអាជ្ញាធរបង្ក្រាប មហាជននាំគ្នាថ្កោលទោស នាំឱយគេសន្និដ្ឋានថា ការទាមទាររបស់កម្មករត្រឹមត្រូវដោយស្វ័យប្រវត្តិ គឺមកពីត្រឹមត្រូវទើបត្រូវគេបង្ក្រាប។ ចំពោះកម្មករក៏ដូចគ្នា នៅពេលប្រើហិង្សាលើទ្រព្យសម្បត្តិឯកជន និងតបតទៅអាជ្ញាធរ នាំឱយគេបំភ្លេចពីមូលហេតុដែលកម្មករវាយកំទេចរបស់របរទាំងនោះ បែរមកចាប់អារម្មណ៍លើអំពើហិង្សារបស់កម្មករនោះទៅវិញ ចំណែកឯនៅពេលពួកគេតបតនឹងអាជ្ញាធរវិញ សាធារណជនសង្ឃ័យថា កម្មករជាអ្នកផ្តើមអំពើហិង្សា។ ទី៤ ការផ្អាកបាតុកម្មឬកូដកម្មពុំមែនបន្ថយអំពើហិង្សាឡើយ ត្បិតអ្នកធ្វើបាតុកម្មមិនមែនអ្នកប្រើហិង្សា ផ្ទុយទៅវិញវាបែរជាអញ្ជើញភាគីហិង្សានោះឱយកាន់តែប្រើអំពើហិង្សាទៅវិញ ព្រោះដរាបណាការបង្ក្រាបមានប្រសិទ្ធភាពសមបំណងបញ្ឈប់បាតុកម្ម គេនៅតែបង្រ្កាប។ គ្មានភាគីណាល្ងង់ដល់ថ្នាក់បោះបង់ចោលតាក់ទិចដែលមានប្រសិទ្ធភាពនោះទេ លុះណាតែវាត្រូវបានបង្ហាញថាអប្រសិទ្ធភាពនិងប្រឆាំងបានជោគជ័យដោយតាក់ទិចពីភាគីម្ខាងទៀត។ គេកាត់បន្ថយអំពើហិង្សាដោយធ្វើឱយអ្នកបង្កហិង្សា មិនអាចបន្តប្រើហិង្សាបន្តទៀត មិនមែនដោយព្រមចុះចាញ់នឹងអំពើហិង្សានោះទេ។
មូលហេតុចម្បងមួយដែលចេះតែនាំឱយគេឆាប់វាយតម្លៃពីបរាជ័យ ភាពគ្មានផ្លែផ្កា និងអប្រសិទ្ធភាពនៃបាតុកម្ម គឺព្រោះកង្វះការយល់ដឹងពីដំណើរការប្រព្រឹត្តទៅ ភាពសមហេតុផល តាក់ទិច កត្តាជោគជ័យនៃបាតុកម្មនេះតែម្តង។ សូម្បីតែពេលបាតុកម្មបរាជ័យក៏ប្រសិទ្ធភាពរបស់វាជះឥទ្ធិពលលើការចរចាដែរ ផ្ទុយទៅវិញ គេបែរមើលឃើញថាពីព្រោះការចរចាទើបសំរេចលទ្ធផល។ បើគ្រាន់តែចរចាដោះស្រាយបញ្ហាបាន ហេតុអ្វីគេចាំបាច់ចំណាយពេលនិងពលកម្មធ្វើបាតុកម្មធ្វើអ្វី ត្បិតនិយាយគ្នាប៉ុន្មានម៉ោងទៅរួចជាស្រេច។ បើភាគីមានអំនាចទទួលយកការទាមទារឬហេតុផលដោយគ្រាន់តែចរចា ហេតុអ្វីបង្ក្រាប? បរាជ័យនៃបាតុកម្មមួយពុំមែនជាបរាជ័យចុងក្រោយបង្អស់ឡើយ គឺថាភាគីម្ខាងទៀតនៅតែបារម្ភពីការលេចឡើងជាថ្មីនៃបាតុកម្ម ព្រោះគេមិនដែលអាចបង្ក្រាប ឬមានលុយជួលកងសន្តិសុខឱយបង្ក្រាបបាតុកម្ម គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់បាតុករនោះទេ។ គេអះអាងថា បាតុកម្មផលិតលទ្ធផលយឺត ទោះបីការដំឡើងប្រាក់ខែកើនឡើងជាបន្តបន្ទាប់ ក្រោយពីមានបាតុកម្មក៏ដោយ។ ទស្សនៈខុសមួយទៀតគឺទាល់តែវិធីហិង្សាទើបហុចផលភ្លាមៗ ដែលមើលរំលងពីរយៈពេលច្រើនឆ្នាំដែលសង្គ្រាមស៊ីវិលនៅលើសាកលលោកបានផ្តើមតែមិនងាយបញ្ចប់។ គេអះអាងថា មកពីបាតុកម្មជំរុញឱយមានមនុស្សស្លាប់ ឬថាបាតុកម្មមិនមែនជាវិធីមានភាពចាស់ទុំខាងនយោបាយ តែគេមិនដែលថា សង្គ្រាមគ្មានប្រសិទ្ធភាពនោះទេ ទោះបីវាសម្លាប់មនុស្សប៉ុន្មាននាក់ ក៏រដ្ឋមិនព្រមបោះបង់សោះឡើយកម្លាំងហិង្សា គេនៅតែថាវិធីហិង្សាមានប្រសិទ្ធភាពជាងវិធីផ្សេងទៀត។ ទោះបីវិធីចាស់ទុំឬសុភាពបុរស ដូចជា ការចរចា មិនហុចលទ្ធផលប៉ុន្មានករណីក៏គេមិនដែលសន្និដ្ឋានយកតែម្តងថា ការចរចាជាវិធីអប្រសិទ្ធភាពដែរ។ មានតែបាតុកម្មប៉ុណ្ណោះដែលគេឆាប់សន្និដ្ឋានដល់ម្លឹង។ ពេលធ្វើសង្គ្រាម គេត្រៀមគ្រប់យ៉ាង សព្វាអាវុធ ការហ្វឹកហាត់គ្រប់របៀប ការកសាងមូលដ្ឋានទ័ព សមប្រតិបត្តិការ រៀបចំផែនការ រៀនក្បួនយុទ្ធសាស្ត្រ (ពីអ្នកយុទ្ធសាស្ត្រដូចជា ខ្លោវសឺវីត, លីដដល ហាត, ស៊ុន ជឺ។ល។) តែពេលបាតុកម្មវិញ គេមិនរៀបចំផែនការយុទ្ធសាស្ត្រឱយបានច្បាស់លាស់, គេមិនសូវយល់ពីវិធីរៀបចំនិងធ្វើបាតុកម្ម, មិនបណ្តុះបណ្តាលបាតុករ, មិនកសាងមូលដ្ឋានដឹកនាំឱយបានរឹងមាំសិន, មិនដែលសមសោះឡើយប្រតិបត្តិការ, ការសិក្សាស្នាដៃណាមួយរបស់អ្នកជំនាញឬសកម្មជន (ដូចជា មហាត្មា គន្ធី, ស៊ូល អាលីនស្គី, ជីន ហ្សាប។ល។) រិតតែមិនបាច់រំពឹង។ រាល់អំណះអំណាងបដិសេធពីប្រសិទ្ធភាពនៃបាតុកម្មខាងលើពោរពេញដោយស្តង់ដារពីរ!
កូដកម្មទាមទារដំឡើងប្រាក់ខែអាចសំរេចបាន ប្រសិនបើគេអាចកែប្រែកំហុសខាងតាក់ទិច គួរឱយកត់សម្គាល់មួយចំនួន ដូចខាងក្រោម ៖
៙ការមិនប្រឈមមុខនឹងកងសន្តិសុខឬប៉ូលីស៖ ពេលមានវត្តមានភ្នាក់ងារបង្ក្រាបគឺជាសញ្ញាប្រាប់ថាមានហានិភ័យគ្រោះថ្នាក់ខ្ពស់ ងាយមានការប៉ះទង្គិច ងាយឱយគេបញ្ចូនជនបង្កប់ញុះញង់ឱយមានអំពើហិង្សា។ កម្មករទាំងប្រុសទាំងស្រីត្រូវបំបែកគ្នាភ្លាមៗពេលមានវត្តមានភ្នាក់ងារបង្ក្រាប ពិសេសពេលពួកគេបើកការបង្ក្រាបតែម្តង។ ការបណ្តុះបណ្តាលនិងពង្រឹងវិន័យជាមុនគឺជាប្រការចាំបាច់ បើកម្មករប្រុសៗនិយាយស្តាប់គ្នាមិនបាន។ បាតុករមិនមែនចេះតែស្តាប់តាម ដោយគ្រាន់តែត្រូវបានហាមមិនឱយប្រើហិង្សានោះទេ ពួកគេត្រូវតែទទួលបានការបណ្តុះបណ្តាលដែលមានគុណភាព ថាអំពើហិង្សារបស់កម្មករខ្លួនឯងនឹងបន្ថយការចូលរួមរបស់បាតុកម្ម ដោយបាតុករដែលមិនចូលចិត្តនិងមិនអាចប្រើហិង្សាចាកចេញ លែងហ៊ានមកបាតុកម្ម (បាតុករជានារីនិងវ័យក្មេង), បន្ថយការគាំទ្រពីសាធារណជននិងភាគីទីបី ដូចជាសង្គមស៊ីវិល, សារពត៌មាន, សហគមន៍អន្តរជាតិ។ល។, បន្ថយសុពលភាពនៃការទាមទាររបស់កម្មករ, បង្កើនភាពស្របច្បាប់ឱយរដ្ឋអំនាចនិងជាអ្វីដែលពួកគេពូកែបំផុត។ បើនៅតែមិនអាចបញ្ចៀសអំពើហិង្សារបស់កម្មករប្រុសៗបាន គេត្រូវបង្កើតភ្នាក់ងារពង្រឹងវិន័យដែលប្រចាំការនៅក្នុងបាតុកម្មផ្ទាល់ រាល់ពេលមានជនបង្កប់ឬបាតុករក្បាលរឹង ភ្នាក់ងារនោះអាចធ្វើអន្តរាគមន៍ឱយចាប់ខ្លួនបញ្ជូនទៅឱយអាជ្ញាធរតែម្តង។ ធ្វើបែបនេះនឹងបំបាក់តាក់ទិចបញ្ជូនរនុកក្នុងរបស់រដ្ឋអំនាចនិងបង្ហាញពីជំហរអហិង្សារឹងមាំរបស់ចលនា។
៙ការមិនចាត់ទុកអាជ្ញាធរជាសត្រូវនិងមិនវាយតបត៖ ទោះបីពួកគេវាយកម្មករមុនក៏ដោយ កូដកម្មរបស់កម្មករនៅតែជាបញ្ហារវាងកម្មករនិងក្រុមហ៊ុន មិនទាក់ទងនឹងភ្នាក់ងារបង្ក្រាបរបស់រដ្ឋាភិបាលឡើយ។ ការវៀរចាកសារអវិជ្ជមានទៅកាន់អាជ្ញាធរពុំមែនមកពីសីលធម៌អ្វីទេ តែគឺជាតាក់ទិចបន្ថយភាពតានតឹងនិងហានិភ័យបង្ក្រាប ត្បិតមិនមែនគ្រប់ភ្នាក់ងារបង្ក្រាបសុទ្ធតែរីករាយនឹងការដើរបង្ក្រាបបាតុករនោះទេ ពិសេសបើពួកគេទទួលបានការគោរពពីបាតុករ (សូម្បីករណីបង្ក្រាបខ្លះក៏មានអាជ្ញាធរគ្នាឯងឃាត់ដែរ)។ នៅឱយឆ្ងាយពីរឿងនយោបាយ ផ្តល់ប្រយោជន៍ឱយកម្មករជាងលាយលំនឹងនយោបាយ។
៙ការដកថយពេលអាជ្ញាធរបង្ក្រាប ពុំមែនជាការចុះចាញ់ឬកំសាកនោះទេ៖ ការដកថយបណ្តោះអាសន្នធ្វើឱយការបង្ក្រាបមិនសូវមានប្រសិទ្ធភាព កាត់បន្ថយការប៉ះទង្គិច ហើយនៅតែអាចបន្តដាក់សម្ពាធទៅលើក្រុមហ៊ុនតាមរយៈកូដកម្មមិនចូលធ្វើការដដែល។ សូម្បីសង្គ្រាមក៏គេមិនចេះតែច្បាំងគ្រប់កាលៈទេសៈនោះដែរ ការដកថយនៅក្នុងសមរភូមិដែលខ្លួនចាញ់ប្រៀបសត្រូវបង្ហាញពីភាពឈ្លាសវៃរបស់មេទ័ព។ ការបង្ក្រាបមិនអាចបញ្ឈប់បាតុកម្មនោះទេ លុះណាកម្មករបញ្ឈប់បាតុកម្មខ្លួនឯង ការភ័យខ្លាចអំពើហិង្សាគឺជារឿងធម្មតា ប៉ុន្តែព្រមចុះញ៉មនិងមិនត្រៀមតាក់ទិចទប់ទល់នឹងអំពើហិង្សាគឺជាបរាជ័យផ្នែកយុទ្ធសាស្ត្រនិងការដឹកនាំបាតុកម្ម។ កូដកម្មនៅតែអាចបន្តបានដោយមិនចាំបាច់ផ្តុំគ្នាធ្វើបាតុកម្ម ដែលខណៈពេលនោះ បាតុករអាចធ្វើដំណើរគេចពីការបង្ក្រាបបានទៅគ្រប់ទិសទី។ គ្មានហេតុផលអ្វីដែលបាតុករត្រូវនៅសំងំនៅផ្ទះឱយគេងាយរកឃើញនិងវាយដំនោះទេ ក៏មិនចាំបាច់នៅផ្តុំគ្នានៅកន្លែងដដែលៗឱយគេងាយទាយដឹងតាមប្រមាញ់បង្ក្រាបនោះដែរ។
៙គោលដៅនៃការបង្ក្រាបគឺដើម្បីគំរាម បន្លាច បំភ័យឱយកម្មករឈប់កូដកម្ម ពុំមែនដើម្បីសម្លាប់ឡើយ៖ នេះជាមូលហេតុដែលនាំឱយចំនួនអ្នកស្លាប់នៃបាតុកម្មអហិង្សាតែងតិចជាងចលនាប្រដាប់អាវុធ។ បើគោលដៅគឺសម្លាប់ ចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះឆ្ងាយ។ គេអាចទប់ស្កាត់ឥទ្ធិពលនៃការបង្ក្រាប ការកាត់បន្ថយចំនួនអ្នកស្លាប់និងរបួសឱយដល់ចំណុចសូន្យ ដោយធ្វើឱយការបង្ក្រាបអត់ប្រសិទ្ធភាព ពោលគឺចាកចេញពីកន្លែងគ្រោះថ្នាក់រាល់ការតាមបង្ក្រាប ចូលធ្វើការតែមិនធ្វើការ និងចូលធ្វើការតែធ្វើជាធ្វើការយឺត។ ការថតទុកសកម្មភាពបង្ក្រាបរួចបញ្ជូនរូបភាពឱយទៅដល់ក្រុមគ្រួសារអ្នកបង្ក្រាបនោះតែម្តង នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃរបស់ភ្នាក់ងារទាំងនោះ ធ្វើឱយពួកគេលែងហ៊ានបង្ក្រាបបាតុករចាស់ដៃដូចមុនទៀត។
៙ការមិនបំផ្លាញសម្បត្តិឯកជន៖ ការវាយបំផ្លាញគ្រឿងបរិក្ខារមន្ទីរពេទ្យឯកជនមួយ ព្រោះតែពួកគេបដិសេធមិនព្រមព្យាបាល ទោះបីហេតុផលនេះហាក់ដូចជាសមរម្យដែរក៏ដោយ ឬទោះពួកគេទទួលព្យាបាលតែខាងអាជ្ញាធរក៏ដោយ ក៏វាមិនបានផ្តល់ផលចំណេញដល់កម្មករដែរ ដោយសារពួកគេនៅតែមិនទទួលបានការព្យាបាលដដែល ថែមទាំងនាំឱយអាជ្ញាធរមានលេសចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិឯកជនទៀត។ ពួកគេអាចតបតដោយសម្អុយឈ្មោះពេទ្យនោះ តាមរយៈការផ្សព្វផ្សាយរាយការណ៍ប្រាប់អ្នកសារពត៌មាន សរសេរអក្សរលើផ្លាក ទ្វារ ជញ្ជាំងមន្ទីរពេទ្យនោះ «លំអៀង ឃើញស្លាប់មិនជួយ មិនគោរពវិជ្ជាជីវៈនិងក្រមសីលធម៌ជាគ្រូពេទ្យ» ជាដើម។ ធ្វើបែបនេះ អាចធ្វើឱយប្រជាជនលែងចូលមន្ទីរពេទ្យនោះ នាំឱយដួលដោយឯកឯង ដោយមិនបាច់ចំណាយកម្លាំងវាយបំផ្លាញឡើយ។
មេរៀនទាំងនេះ ពិតមែនតែតិចតួចស្តួចស្តើងមិនទាន់អាចឱបក្រសោបយកចំណុចសំខាន់ៗអស់ក៏ដោយ តែយ៉ាងហោចណាស់ វាបានបង្រៀនយើង កុំឱយប្រព្រឹត្តកំហុសដដែលៗទៀតដែរ មិនថាផ្នែកសកម្មភាពនិងគំនិតទស្សនៈ។ ចំនួនអ្នកចូលរួមធ្វើកូដកម្ម, តាក់ទិចផ្សេងៗទៀតក្រៅពីការប្រមូលផ្តុំ, ការចេះបត់បែនមិនឱយការបង្ក្រាបអាចបញ្ឈប់បាតុកម្មបាន, ការបណ្តុះបណ្តាលបាតុករនិងពង្រឹងវិន័យមិនប្រើហិង្សា, មានអង្គការគ្រប់គ្រងដឹកនាំ រៀបចំយុទ្ធសាស្ត្រផែនការច្បាស់លាស់ នឹងជំរុញឱយកូដកម្មទាមទារដំឡើងប្រាក់ខែជោគជ័យ។ បាតុកម្មមិនមែនបរាជ័យដោយសារវាជាវិធីអប្រសិទ្ធភាពនោះទេ តែពីព្រោះគេមិនទាន់ប្រើវាឱយបានត្រឹមត្រូវ។
១៧/១១/២០១៥
១៩/១១/២០១៥