មជ្ឈមណ្ឌលអនុវត្តសកម្មភាពនិងយុទ្ធសាស្ត្រអហិង្សា ហៅ​កាត់​ថា​ CANVAS បាន​ចេញ​របាយការណ៍​សិក្សា​ពី​បាតុកម្ម​​អហិង្សា​នៅ​កម្ពុជា​

CANVAS (2015, July)- Cambodia - Country Analysis_Page_01

របាយការណ៍ មានកម្រាស់ ៣៦ទំព័រ ជាភាសាអង្លេស មានចំណងជើងថា ”Analysis of The Situation in Cambodia” ប្រែថា បទវិភាគអំពីស្ថានភាពនៅកម្ពុជា បង្ហាញពីកត្តាដែលនាំឱ្យបាតុកម្មអហិង្សានៅឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិបរាជ័យ។

ទាញយករបាយការណ៍ទាំងមូលពីគេហទំព័ររបស់អង្គការនេះ៖ http://canvasopedia.org/project/cambodia/

«មជ្ឈមណ្ឌលអនុវត្តសកម្មភាពនិងយុទ្ធសាស្ត្រអហិង្សា» (Centre for Appied Nonviolent Action and Strategies) គឺជាអង្គការក្រៅរដ្ឋាភិបាលមិនរកកំរៃមួយដែលបង្រៀនប្រជាជនអំពីបាតុកម្មអហិង្សា។ គេអាចស្វែងរកនិងទាញយកឯកសារបង្រៀនទាំងឡាយអំពីការអនុវត្តបាតុកម្មអហិង្សារបស់អង្គការនោះ ដោយមិនយកប្រាក់ពីគេហទំព័រផ្ទាល់របស់ស្ថាប័ននោះ http://canvaspedia.org

 

វប្បធម៌​ចាប់​ចាប​: ហេតុ​អ្វី​ចាប់​អ្នក​ចូល​រួម​យុទ្ធនាការ​ឈុត​​ខ្មៅតែ​៨នាក់​ ​ហើយក៏​​លែង​វិញ​?

VOA Interview 10

ចាប់ហើយលែង លែងហើយចាប់មិនមែនចេះតែចាប់ឬចេះតែលែងទេ។ ទាំងនេះសុទ្ធតែមានផែនការនិងគោលដៅច្បាស់លាស់។ នៅខាងក្រោយឆាក មុននឹងថ្នាក់លើរបស់អាជ្ញាធរបញ្ជាធ្វើសកម្មភាព គេមានគម្រោងថាអ្នកណាត្រូវចាប់ អ្នកណាគួរលែង ត្រៀមវិធីបង្ក្រាបរួចហើយ នេះយោលតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៨ មុនថ្ងៃចន្ទពណ៌ខ្មៅ។ ខាងសង្គមស៊ីវិលវិញក៏មានផែនការដែរ ពួកគេដឹងថាអាជ្ញាធរនឹងឃាត់មិនឱ្យបន្តយុទ្ធនាការ, ចាប់ខ្លួនពួកគេ, សួរចម្លើយ ថែមទាំងអាចមានវាសនាដូចមន្ត្រីសិទ្ធិមនុស្ស ៥នាក់ដែលកំពុងជាប់ឃុំផង។ រឿងចាប់-លែង-លែង-ចាប់ ដូចចាប់ចាបនេះមិនមែនថ្មីទេ កាលពីឆ្នាំ២០១៣ ក៏មានការចាប់សមាជិកគណបក្សប្រឆាំងដែរ គឺនៅក្រោយការបោះឆ្នោត២០១៣ សំណុំរឿងរំដោះទីលានប្រជាធិបតេយ្យដែលមានអំពើហិង្សាកើតឡើង។ ដំបូងចាប់ដើម្បីបង្ខំឱ្យចរចាឬសន្ទនានិងពិសេសបង្ខំឱ្យចូលសភាបង្គ្រប់ភាពស្របច្បាប់ឱ្យរដ្ឋាភិបាល ក្រោយមកចរចាត្រូវរ៉ូវគ្នា មិនយូរប៉ុន្មានក៏ចាប់ទៀត បង្ហាញថា ការចរចានិងវប្បធម៌សន្ទនាគឺជាវិធីអប្រសិទ្ធភាព ដោយសារតែវាបានផ្តល់ឱ្យភាគីដែលមានអំណាចជាងអាចសម្រេចនិងដាក់សម្ពាធលើភាគីខ្សោយជាងមុនចូលតុចរចា ពិសេសគឺអ្នកខ្លាំងអាចល្មើសនឹងកិច្ចព្រមព្រៀងបាន ទើបមកដល់ពេលនេះ ចាបនៅតែនៅក្នុងទ្រុងដដែល។ ពាក្យវប្បធម៌ចាប់ចាបនិងវប្បធម៌ឡាំប៉ា (ក្រោយការបោះឆ្នោត) ក៏ត្រូវបានបង្កើតឡើងដោយអ្នកសួរទៅកាន់វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីម្នាក់ ដែលពិភាក្សាពីរឿងចាប់តំណាងរាស្ត្រនាកាលណោះឯង។

ក. ជំហររឹងមាំមុនចាប់ផ្តើមយុទ្ធនាការឈុតខ្មៅ

ទោះបីប្រឈមនឹងគុកច្រវាក់ លោក អ៊ី សារ៉ុម និងលោក ប៉ា ងួនទៀង បានថ្លែងជាមុនយ៉ាងក្លាហានក្នុងវេទិកាអាស៊ីសេរី ថ្ងៃទី៦ ឧសភា ថា ចង់ចាប់ក៏ចាប់ទៅ មិនបាច់សួរចម្លើយអ្វីទេ សរសេរតាមអ្វីដែលមេបញ្ជានោះដាក់តែម្តងទៅ ព្រោះនិយាយម៉េចក៏លទ្ធផលត្រូវគេឃុំខ្លួនដូចតែគ្នា ចង់លាបពណ៌ថាយ៉ាងម៉េចក៏លាបទៅ យើងលែងខ្វល់ហើយ។ សម្តីនេះមានឥទ្ធិពលទៅលើរបៀបដែលគណបក្សកាន់អំណាចចាត់វិធានការនៅថ្ងៃចន្ទ ព្រោះ១. សង្គមស៊ីវិលបង្ហាញភាពក្លាហានមិនខ្លាចការចាប់ខ្លួន រដ្ឋអំណាចដឹងថាការចាប់ខ្លួនបំភ័យគេលែងបាន, ២. ពួកគេបង្ហាញពីភាពគ្មានមូលដ្ឋានច្បាប់ គណបក្សកាន់អំណាចមិនទាន់បន្ថែមមាត្រាក្នុងច្បាប់បាតុកម្ម ថាហាមយកពណ៌ណាមួយធ្វើយុទ្ធនាការ, ៣. ពួកគេប្រកាន់ជំហរមិនចុះញ៉ម ដោយលែងរវល់ពីប្រតិកម្មពីរដ្ឋាភិបាល ធ្វើឱ្យរដ្ឋាភិបាលមិនដឹងគួរប្រតិកម្មយ៉ាងសមទើបសម ព្រោះចាប់ក៏ចាប់មិនអស់ (អ្នកចូលរួមប្រហែល១០០នាក់ ចាប់តែ៨នាក់) និងគ្មានប្រសិទ្ធភាព, វាយសង្គមស៊ីវិលអាចបំផ្ទុះកំហឹងមហាជនដូចវាយតំណាងរាស្ត្រនិងកម្មករកាលដើមឆ្នាំ២០១៤, បញ្ចូលជនបង្កប់មកបង្កហិង្សាបោកប្រជាជនមិនបាន…។ គ្រាន់តែចាប់មន្ត្រីសិទ្ធិមនុស្ស៥នាក់និងមន្ត្រីUNម្នាក់ ធ្វើឱ្យរដ្ឋាភិបាលឈឺក្បាលណាស់ទៅហើយទៅនឹងប្រតិកម្មពីមហាជននិងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិ ទម្រាំចាប់ថែម៨នាក់ទៀត តើរដ្ឋាភិបាលអាចចាប់បានប៉ុន្មាននិងយូរដ៏អង្កាល ទម្រាំគុកពេញដោយអ្នកទោសនយោបាយ អស់កន្លែងដាក់ឧក្រិដ្ឋជនសង្គម។

យើងបានអធិប្បាយអំពីការបង្ក្រាបនិងកត្តាដែលជំរុញឱ្យយុទ្ធនាការឈុតខ្មៅអាចជោគជ័យរួចទៅហើយ ក្នុងអត្ថបទកន្លងមកដែលវិភាគ ២ថ្ងៃ មុនយុទ្ធនាការចាប់ផ្តើម (http://vodhotnews.com/2016/05/letter-to-editor-black-dress-campaign-is-the-start-of-color-revolution-in-cambodia/) ឯឥឡូវនេះវិញ យើងសាកល្បងវាយតម្លៃលទ្ធផលពីយុទ្ធនាការថ្ងៃដំបូង, ប្រតិកម្មពីរដ្ឋាភិបាល ព្រមទាំងផ្តល់យោបល់ពីជំហានដែលសង្គមស៊ីវិលគួរធ្វើបន្តនៅលាយឡំក្នុងសេចក្តីពន្យល់ផងដែរក្នុងន័យរិះគន់ស្ថាបនា។

ខ. ការវាយតម្លៃសើៗលើលទ្ធផលថ្ងៃដំបូងនៃយុទ្ធនាការឈុតខ្មៅ

គេមិនអាចសន្និដ្ឋានថា យុទ្ធនាការណាមួយបរាជ័យត្រឹមថ្ងៃចាប់ផ្តើមឡើយ គឺគេត្រូវរង់ចាំដល់យុទ្ធនាការបញ្ចប់ជាស្ថាពរទើបគេអាចកំណត់បាន ហើយគេក៏មិនអាចអះអាងថាការបង្ក្រាបឬការចាប់ខ្លួនជោគជ័យដែរ ទោះបីវាពិតជាបានបង្អាក់យុទ្ធនាការមែនក៏ដោយ។ ជាបឋម យើងគួរនិយាយពីអត្ថន័យនៃថ្ងៃចន្ទបន្តិច ការជ្រើសយកថ្ងៃចន្ទមួយសប្តាហ៍ក្រោយសង្គមស៊ីវិល៥នាក់ត្រូវបានចាប់ខ្លួន មានតម្លៃខាងនិមិត្តរូបដើម្បីឱ្យអ្នកចូលរួមចងចាំថ្ងៃនោះថាជាថ្ងៃស្លាប់នៃសិទ្ធិមនុស្សនៅកម្ពុជា។ ទោះបីយ៉ាងណា តាមលោក អ៊ី សារ៉ុម នៅក្រោយពីចេញពីការចាប់ខ្លួនសួរចម្លើយ នៅក្នុងវេទិកាអាស៊ីសេរី បានឱ្យដឹងថា ថ្ងៃដំបូងមានចំនួនអ្នកចូលរួមមិនដល់១០០នាក់ឡើយនៅមុខគុកព្រៃស ព្រោះអាជ្ញាធរឃាត់អ្នកផ្សេងៗទៀតមិនឱ្យមកបន្ត (ដោយមិនគិតពីចំនួនពលរដ្ឋដែលពាក់ខ្មៅនៅថ្ងៃនោះទៅតាមយុទ្ធនាការ អ្នកមិនទៅគោលដៅកំណត់ជួបជុំនិងអ្នកពាក់ខ្មៅតែក្នុងបណ្តាញសង្គម)។ តាមសារព័ត៌មាន Fresh New វិញ អ្នកចូលរួមមានប្រមាណ២០០នាក់។ ទោះបីយ៉ាងណា វាសុទ្ធតែជាការប៉ាន់ស្មានមិនមែនជាការរាប់តាមបែបវិទ្យាសាស្ត្រទេ តែយ៉ាងហោចណាស់វាអាចបញ្ជាក់ថា ការរំពឹងទុកអំពីចំនួនអ្នកចូលរួម ២០០ទៅ៣០០នាក់របស់លោក សារ៉ុម នៅក្នុងវេទិការដដែលថ្ងៃទី៦ អាចនិយាយបានថាប្រហាក់ប្រហែល។ ប្រាកដណាស់ គ្មានយុទ្ធនាការណាផ្តើមមកមានអ្នកចូលរួមច្រើននោះទេ ថ្ងៃដំបូងគ្រាន់តែជាការពិសោធន៍ប៉ុណ្ណោះ ប៉ុន្តែមានមូលហេតុមួយចំនួនដែលជះឥទ្ធិពលលើការកៀងគរពលរដ្ឋ ១. ថ្ងៃធ្វើយុទ្ធនាការ (រាប់ទាំងពេលវេលាផងដែរ), ២. បរិយាកាសនៃទីតាំងជួបជុំ, ៣.  តាក់ទិចក្នុងការកៀងគរនិងផ្សព្វផ្សាយពត៌មាន, ៤. ការគំរាមពីរដ្ឋាភិបាលនិងហានិភ័យក្នុងការចូលរួម។

១. ការកំណត់យកថ្ងៃចន្ទដែលជាថ្ងៃធ្វើការនិងជាប់រៀនពិតណាស់ប៉ះពាល់ដល់ឱកាសចូលរួម ព្រោះគ្មានពេលចូលរួមនៅនឹងកន្លែងកំណត់ ឯសិស្សវិញគ្មានទាំងពេលទៅនិងមិនអាចពាក់អាវពណ៌នៅក្នុងថ្ងៃរៀនធម្មតាបផងដែរ។ ដូច្នេះហើយសារៈសំខាន់ផ្នែកនិមិត្តរូបនៃចន្ទមិនចាំបាច់ជាងកត្តាចម្បងដែលប៉ះពាល់ដល់ចំនួនអ្នកចូលរួមនោះទេ ឥឡូវថ្ងៃចន្ទដែលដើម្បីតម្លៃនិមិត្តរូបបានចាប់ផ្តើមរួចហើយ សង្គមស៊ីវិលគួរផ្លាស់ប្តូរទៅថ្ងៃដែលពលរដ្ឋទំនេរច្រើន ពោលគឺថ្ងៃអាទិត្យ ដើម្បីបង្កើនការចូលរួមផងនិងបង្កការធុញទ្រាន់ខាងអាជ្ញាធរដែលមិនចង់ធ្វើការថ្ងៃសម្រាកផងដែរ។ លោក ងួនទៀង ក្នុងវេទិកាដដែលថ្ងៃទី៦ មើលឃើញពីរបៀបដែលយុទ្ធនាការឬបាតុកម្មធ្វើឱ្យអាជ្ញាធរថ្នាក់ក្រោមវក់វី ដូច្នេះ ការយកថ្ងៃសម្រាកធ្វើយុទ្ធនាការបង្កការមិនពេញចិត្តរបស់អាជ្ញាធរចំពោះថ្នាក់លើរបស់ខ្លួន ដែលមានប្រយោជន៍ផ្នែកយុទ្ធសាស្ត្រដល់យុទ្ធនាការជាជាងខាងអាជ្ញាធរ។ ទោះបីការកំណត់យកថ្ងៃចន្ទត្រូវបានពិភាក្សមុនធ្វើយុទ្ធនាការរវាងសង្គមស៊ីវិលពាក់ព័ន្ធជាច្រើនរួមទាំងសហគមន៍ក្រុមយុវជន ព្រមទាំងជាមួយក្រុមគ្រួសារជនរងគ្រោះទៀត នៅតែគ្មាននរណាម្នាក់ក្នុងចំណោមអ្នកទាំងនោះមើលឃើញថា ថ្ងៃចន្ទប៉ះពាល់ដល់ចំនួនអ្នកចូលរួម ពួកគេយកចិត្តទុកដាក់តែទៅលើតម្លៃនិមិត្តរូបនៃថ្ងៃចន្ទខ្លាំងពេក។

អំពីអត្ថន័យពណ៌ខ្មៅ មតិដែលចង់ឱ្យផ្លាស់ប្តូរពណ៌ខ្មៅចេញលែងយកធ្វើជានិមិត្តរូបយុទ្ធនាការ ដោយយល់ថាជាពណ៌អាក្រក់ឬពណ៌ក្រហមខ្មែរគឺជាទស្សនៈយល់ច្រឡំ។ តាមនរវិទ្យា អត្ថន័យពណ៌ ពណ៌ណាមួយក៏ដោយ គឺអាស្រ័យទៅតាមវប្បធម៌ ខុសគ្នាពីវប្បធម៌មួយទៅមួយ។ ពណ៌ខ្មៅខ្លះថាល្អ ខ្លះថាអាក្រក់ ពណ៌សលោកខាងលិចថាបរិសុទ្ធ អាស៊ីប្រើសំរាប់កាន់ទុក្ខ (ខ្មៅក៏កាន់ទុក្ខដែរ)។ ក្នុងវិស័យនយោបាយវិញ ពណ៌ក្រហមខ្លះថាតំណាងភាពក្លាហាន ខ្លះថាតំណាងកុម្មុយនិស្ត។ ក្នុងសង្គមវិញ ពណ៌អាស្រ័យទៅតាមស្ថាប័ន ឯកសណ្ឋានសាលាគេយកអាវពណ៌សទៅ (ទោះសាសនាគេយកពណ៌សទៅកាន់ទុក្ខក៏ដោយ), ព្រះពុទ្ធសាសនាគេយកពណ៌ទឹកក្រូចទៅ ឯក្នុងនយោបាយ ពណ៌ទឹកក្រូចគេយកធ្វើបដិវត្តន៍ពណ៌ទឹកក្រូចនៅអ៊ុយក្រែន, នៅក្នុងពិធីការ គេនិយមខ្មៅ ដូចជាអាវធំក្រុះហ្សេដែលជារបៀបស្លៀកពាក់ផ្លូវការ គឺវាគ្មានទាក់ទងនឹងពណ៌ខ្មៅខ្មែរក្រហមស្អីទេ ក៏មិនមែនពណ៌ISISដែរ គ្មាននរណាម្នាក់ទោះជាតិសាសន៍អី្វអាចមានសិទ្ធិផ្តាច់មុខខាងការបកប្រែអត្ថន័យពណ៌ដែរ។ បើនិយាយពីចំណងចំណូលចិត្តបុគ្គលវិញ ខ្លះចូលចិត្តពណ៌នេះគេបកប្រែល្អ ខ្លះមិនចូលចិត្តពណ៌នោះគេបកប្រែថាអាក្រក់ គឺមានលក្ខណៈប្រធានវិស័យសុទ្ធសាធ (subjective) ពោលគឺអាស្រ័យទៅតាមបុគ្គលដែលកំណត់ន័យ (ប្រធានអ្នកធ្វើអំពើបកប្រែឬចូលចិត្ត) មិនមែនមានលក្ខណៈវត្ថុវិស័យឡើយ (objective ដែលអាចកាត់ផ្តាច់ពីការបកប្រែរបស់បុគ្គល) ពោលគឺ គ្មានភស្តុតាងថាពណ៌ណាមួយមានអត្ថន័យណាមួយដូចគ្នាគ្រប់វប្បធម៌ជាសាកលនោះឡើយ។ ការប្រជែងគ្នាបកប្រែអត្ថន័យពណ៌ខ្មៅគឺជារឿងអត់ប្រយោជន៍។

ការមិនព្រមផ្លាស់ប្តូរពណ៌ខ្មៅធ្វើយុទ្ធនាការក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រដែរ គឺទោះបីប្រើពណ៌អ្វី ក៏រដ្ឋអំណាចថាខុសច្បាប់ដែរ ទោះបីគ្មានច្បាប់ចែងពីពណ៌ក៏ដោយ។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រីបានព្រមានថា «ពណ៌អីក៏ដោយ, នៅកន្លែងខ្លះ គេហៅពណ៌ទឹកក្រូច, ខ្លះគេថាពណ៌ក្រហម, ខ្លះគេហៅពណ៌ខ្មៅ។ ខ្ញុំថា ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ ដាក់ទំាងអស់ហ្នឹង តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លំាងប្រដាប់អាវុធគេបង្កើតឡើងដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដាក់អ្នកទោស កុំឆ្ងល់ពេក»។ គោលដៅរបស់គេគឺយុទ្ធនាការ មិនមែនពណ៌ទេ ទោះប្រើពណ៌ឬមិនប្រើ សុទ្ធតែត្រូវរដ្ឋអំណាចថាខុសច្បាប់និងហាមប្រាមទាំងអស់ហ្នឹង។ ផ្ទុយទៅវិញ ការប្រើពណ៌ខ្មៅមានប្រយោជន៍ផ្នែកសម្ភារៈ ព្រោះងាយរក ពលរដ្ឋភាគច្រើនមានអាវខ្មៅពាក់ជាជាងពណ៌ផ្សេងទៀត ទោះពួកគេនៅតែស្អប់ខ្មែរក្រហមក៏ពណ៌ខ្មៅមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្មែរក្រហមដែរ, នៅតែមានពលរដ្ឋនិយមពណ៌ខ្មៅអ៊ីចឹង ដែលយើងបានលើកឡើងរួចហើយនៅអត្ថបទមុន។ អ្វីដែលពិសេសបំផុត ពណ៌ខ្មៅប្រៀបដូចជាកញ្ចក់ឆ្លុះពីប្រវត្តិរបស់គណបក្សកាន់អំណាច នាំពលរដ្ឋឱ្យប្រដូចរបបនេះទៅនឹងរបបប៉ុលពត ធ្វើឱ្យគេស្អប់៧មករា ដែលរដ្ឋាភិបាលបានប្រើថ្ងៃនោះមកឃោសនានយោបាយបានជោគជ័យគ្រាន់បើដែរ (បោះឆ្នោតដំបូងឆ្នាំ៩៣, បិះឈ្នះ)។ ហេតុនេះហើយ នៅពេលយុទ្ធនាការប្រើពណ៌ខ្មៅនាំឱ្យរដ្ឋាភិបាលពិបាកដោះសានិងទប់ទល់ ពិសេសគឺបំបាក់មុខគណបក្សកាន់អំណាចមែនទែន ពោលគឺ ការប្រើខ្មៅបង្ហាញពីភាពច្នៃប្រតិដ្ឋមួយរបស់សង្គមស៊ីវិល មិនមែនជាការរើសពណ៌ខុសឡើយ ខុសតែថ្ងៃចន្ទប៉ុណ្ណោះដែលប៉ះពាល់ដល់ភាពទំនេររបស់អ្នកចូលរួម។ រដ្ឋាភិបាលចាត់ទុកពណ៌ខ្មៅជាពណ៌ខ្មែរក្រហម ចាត់ទុកអ្នកធ្វើយុទ្ធនាការឈុតខ្មៅជាពួកក្រហមប្រៀបដូចជាកាំបិតចិតដងឯង ព្រោះថ្នាក់ដឹកនាំគណបក្សកាន់អំណាចខ្លួនឯងធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងខ្មែរក្រហម ធ្លាប់ពាក់ឈុតខ្មៅ ធ្លាប់ធ្វើបដិវត្តន៍ជាមួយខ្មែរក្រហមនិងធ្លាប់ធ្វើបដិវត្តន៍ផ្តួលរំលំខ្មែរក្រហមផងដែរនៅក្រោមជំនួយពីវៀតណាម។ គណបក្សនេះមិនចង់ទទួលស្គាល់ថា ខ្លួនធ្លាប់ធ្វើបដិវត្តន៍ធ្លាប់ពាក់ឈុតខ្មៅឡើយ ឯការផ្លាស់ប្តូរឈ្មោះបក្សរបស់គណបក្សកាន់អំណាចក៏ដើម្បីលុបប្រវត្តិរបស់ខ្លួនដែរ ថែមទាំងប្រឆាំងមិនឱ្យប្រើពាក្យឈ្លានពាន ឱ្យពាក្យប្រើរំដោះជាដើម គ្រោងបង្កើតច្បាប់ដាក់ទោសអ្នកមិនទទួលស្គាល់៧មករាទៀតផង។ ផ្ទុយទៅវិញ ពួកគេតែងអួតអាងពីថ្ងៃវៀតណាមរំលោភអធិបតេយ្យកម្ពុជា រួចប្រើប្រព័ន្ធផ្សព្វផ្សាយរដ្ឋឃោសនាថាជាថ្ងៃរំដោះ វៀតណាមជាមហាមិត្រ ត្រូវដឹងគុណគេ ទោះបីជាក់ស្តែង វៀតណាមជួយក្រុមដែលបែកចេញពីខ្មែរក្រហមផ្តួលរំលំខ្មែរក្រហម មិនមែនដើម្បីរំដោះទេ តែដើម្បីបង្កើតរដ្ឋាភិបាលដែលដំឡើងនិងជ្រើសរើសដោយវៀតណាម រួចប្រមូលធនធានធម្មជាតិមួយចំនួន បង្កើតសន្ធិសញ្ញាព្រំដែនឯកតោភាគី ដឹកជញ្ជូនជ័យភណ្ឌសល់ពីសម័យសាធារណរដ្ឋនិសង្គមរាស្ត្រនិយមទៅស្រុកខ្លួន ស្របពេលដែលគេដឹងថាខ្មែរក្រហមបានលុបបំបាត់រូបិយបណ្ណនិងសម្ភារនិយម ធនធានធម្មជាតិនៅសល់ទាំងអស់ ហេតុអ្វីធនធានសម្ភារៈទាំងនោះបាត់អស់ក្រោយខ្មែរក្រហមដួល ឬមួយវាសុទ្ធតែត្រូវបានបំផ្លាញដោយសង្គ្រាមទាំងអស់មិនសល់សូម្បីតែបន្តិច។ ហេតុនេះហើយទើបអន្តរជាតិមិនបានទទួលស្គាល់រដ្ឋាភិបាលជំនាន់នោះទេ វៀតណាមដែលកាន់របបកុម្មុយនិស្តម៉េចនឹងអាចបង្កើតរដ្ឋាភិបាលខ្មែរឱ្យកាន់របបប្រជាធិបតេយ្យទៅ ប្រាកដជារបបផ្តាច់ការហើយ។ រដ្ឋាភិបាលអួតអាងពីការបង្កើតសាលាក្តីខ្មែរក្រហមក្នុងន័យថាខ្លួនជាអ្នកប្រឆាំងខ្មែរក្រហមប្រឆាំងបដិវត្តន៍ តែគណបក្សនេះក៏រងការចោទប្រកាន់ថាលូកលាន់ក្នុងកិច្ចការតុលាការដែរ ដូចជាការហាមមិនឱ្យស៊ើបអង្កេតករណីបន្តទៀតដែលទាក់ទងនឹងសមាជិកខ្លួន គំរាមពីចលាចលកើតចេញការស៊ើបជាដើម។ អះអាងថា តុលាការខ្មែរក្រហមឯករាជ្យ ប៉ុន្តែជ្រៀតជ្រែកក្នុងកិច្ចការតុលាការមិនឱ្យគេស៊ើបបន្ត អះអាងថាប្រឆាំងបដិវត្តន៍តែរារាំងមិនឱ្យស៊ើបដល់អ្នកពាក់ព័ន្ធនឹងបដិវត្តន៍

២. បរិយាកាសក្តៅហែងបានបង្ខំឱ្យពលរដ្ឋមួយចំនួនមិនទៅចូលរួមទាំងហាលថ្ងៃនិងទៅកន្លែងដែលពិបាករកម្លប់ជ្រក សង្គមស៊ីវិលឆ្លើយតបនឹងកត្តាបរិយាកាសបានត្រឹមត្រូវ ដោយសម្រេចចិត្តត្រឹមត្រូវ ជ្រើសយកពេលព្រឹកមិនយកពេលរសៀលធ្វើយុទ្ធនាការ ទោះយើងមិនច្បាស់ថាពួកគាត់មើលឃើញពីផលប្រយោជន៍នេះឬក៏អត់ក៏ដោយ។ ទោះបីយ៉ាងណា សង្គមស៊ិវិលនៅតែត្រូវការតាក់ទិចបន្ថែមទៀត ទប់ទល់នឹងអាកាសធាតុក្តៅ ដូចជា ទឹក មួក ផ្លិត ឆ័ត្រ ដែលមានពណ៌ខ្មៅអមទាំងសារឬនិមិត្តសញ្ញារបស់យុទ្ធនាការ មិនមែនត្រឹមតែបោះពុម្ពអាវខ្មៅនោះទេ ពិតណាស់វាអាស្រ័យទៅលទ្ធភាពសេដ្ឋកិច្ចផងដែរ។ ចំពោះសារលើអាវ ព្រមទាំងសម្ភារៈផ្សេងៗគួរមានខ្លឹមសារទាក់ទងនឹងការទាក់ទាញអ្នកចូលរួម ឧ. បើថ្ងៃនេះអ្នកមិនចូលរួម ថ្ងៃក្រោយគ្មាននរណាធ្វើយុទ្ធនាការដើម្បីអ្នកវិញទេ!, កម្ពុជាត្រូវការអ្នក!, ធ្វើជាអ្នកក្លាហាន កុំក្លាហានតែក្នុងស្នូក!, អ្នកអាចបង្ក្រាបរាងកាយខ្ញុំ តែមិនអាចសម្លាប់ស្មារតីតស៊ូរបស់ខ្ញុំឡើយ…សារទាំងនេះអានហើយឈឺចាប់ អៀនខ្លួន មានការស្រមៃដូចជាខ្លួនឯងជាអ្នកក្លាហាន មានកម្លាំងចិត្តពុះកញ្ជ្រោលដែលគួរឱ្យទាក់ទាញជាងសារដែលថា ពិភពលោកកំពុងតាមដាន ហាក់បង្កប់ន័យថា យើងពឹងលើពិភពលោក(អន្តរជាតិ)មើលថែជាជាងពឹងខ្លួនឯង, សារភាសាអង្លេសហាក់មិនមើលឃើញថាជោគជ័យយុទ្ធនាការអាស្រ័យខ្មែរចូលរួម មិនមែនជំនួយបរទេសទេ។ ពិតណាស់ សារខ្លីខ្លឹមប្រសើរជាងវែង ប៉ុន្តែបើសារវែងអាចទាក់ទាញអ្នកចូលរួមជាងសារខ្លី គេត្រូវតែឈរលើកត្តាចំនួនអ្នកចូលរួមជាអាទិភាព។ វត្ថុទាំងបីនិងទឹកអាចជំរុញការចូលរួមបានដោយជួយសម្រួលដល់ភាពក្តៅស្អុះនិងស្រេកទឹក ហើយក៏ជាគ្រឿងទឹកចិត្តដល់ពលរដ្ឋដែលចូលរួមដែរ ពោលគឺជាអាវុធនិមិត្តរូប (Gene Sharp’s Symbolic Weapons)។ ទឹកគឺជាអាវុធនិមិត្តរូបដ៏ខ្លាំងបំផុតក្នុងចំណោមនោះដែលសង្គមស៊ីវិលត្រូវតែសម្រេចឱ្យបាន ព្រោះមិនមែនត្រឹមតែអាចប្រយុទ្ធនឹងអាកាសធាតុក្តៅនិងសម្រួលការចូលរួមទេ គឺដើម្បីសម្រួលដល់អាជ្ញាធរផងដែរ។ មិនមែននិយាយលេងសើចទេ អាជ្ញាធរក៏ត្រូវការទឹកដែរ នៅពេលដែលអ្នកធ្វើយុទ្ធនាការចែកទឹកដល់ពួកគេ ធម្មតាជាតិជាមនុស្ស តែងចង់ឱ្យគេធ្វើល្អដាក់ និយាយល្អដាក់ មិនចង់តបអំពើល្អដោយវាយបាញ់បង្ក្រាបនោះទេ ទោះបីជំហរនយោបាយរបស់ពួកគេនៅខាងណាក៏ដោយ។ ធ្វើបែបនេះ អាជ្ញាធរពិបាកមិនទទួលផងព្រោះស្រេកទឹកដែរ ពិបាកបដិសេធផងព្រោះជាសីលធម៌ ឯខាងអ្នកធ្វើយុទ្ធនាការវិញ ទោះពួកគេទទួលមិនទទួល ក៏មិនថ្វី យុទ្ធនាការនៅតែបន្តទៅមុខបាន ពិសេសពលរដ្ឋមើលមកថាយុទ្ធនាការនេះជាយុទ្ធនាការធ្វើអំពើល្អសុទ្ធសាធ។ ចំណែករដ្ឋាភិបាលវិញនឹងចោទថាជាការប៉ុនប៉ងអូសទាញកងកម្លាំងប្រដាប់អាវុធនិងហាមអាជ្ញាធរមិនឱ្យពួកគេទទួលទឹកពីយុទ្ធនាការ ព្រមទាំងអាចបញ្ជាឱ្យវាយដំច្រំធាក់អ្នកឱ្យទឹកទៀតផង។ រីឯ អាជ្ញាធរនឹងគិតដូចម្តេចចំពោះបញ្ជាមេ គឺយើងអាចទាយបានពីគំនិតរបស់ពួកគេថា «មេអញហាឡើងគិតពីអញ ដំឡើងប្រាក់ឱ្យក៏យឺត ដល់ដាក់បញ្ជាម្តងៗមិនស្គាល់ថ្ងៃសំរាក ម៉ោងដេកម៉ោងពួន ដល់ឥឡូវទឹកម៉ាដបក៏មិនឱ្យផឹកដែរ ហើយបញ្ជាអញឱ្យវ៉ៃអាអ្នកឱ្យទឹកអញទៀត អាណាទៅលើកដៃវ៉ៃគេកើតអ្ហា គេឱ្យទឹកយើងទទេ ចំពេលអាឯងកំពុងស្រេកទឹកចង់ងាប់ បើអញវ៉ៃគេង៉ៃហ្នឹងទាល់តែថ្ងៃស្អែកអញឈប់ធ្វើមនុស្ស។»   ពួកគេនឹងគិតរបៀបនេះ មិនថាពួកគេនិយាយចេញឬអត់ ទទួលស្គាល់ឬអត់ ធ្វើតាមបញ្ជាឬអត់ បើក្នុងចំណោមពួកគេមានអ្នកវាយអ្នកចូលរួមយុទ្ធនាការ នឹងមានមួយផ្នែកទៀតដែលធ្លាប់ទទួលសគុណនោះជួយឃាត់ គ្មានទេផលអាក្រក់ចំពោះយុទ្ធនាការ មានតែធ្វើឱ្យថ្នាក់ក្រោមនឿយណាយនឹងថ្នាក់លើរបស់ពួកគេ។ តាមលោក កែម ឡី មន្ត្រីរាជនិងកងកម្លាំងប្រដាប់អាវុធជាច្រើន មិនពេញចិត្តនឹងចំណាត់ការរបស់រដ្ឋាភិបាល លោកពិបាករកអ្នកនៅគាំទ្រគណបក្សកាន់អំណាចខ្លាំងណាស់។ នេះមិនមែនទើបកើតឡើងទេ គឺតាំងយូរណាស់មកហើយ ដែលពួកគេមិនពេញនឹងការដំឡើងប្រាក់់ខែយឺតយ៉ាវ, បង់ពន្ធច្រើន, មានអំពើពុករលួយដែលប៉ះពាល់ដល់ប្រាក់ខែរបស់ពួកគេ, មេៗធ្វើតាមអំពើចិត្ត ដកដាក់ណាអ្នកក៏បាន មានខ្សែស្រឡាយរញ៉េរញ៉ៃ, យោធាខ្លះត្រូវគេកាត់ប្រាក់ចូលនិវត្តន៍, ខ្លះពិការគ្មានការយកចិត្តទុកដាក់ពីរដ្ឋ, ខ្លះត្រូវគេរំលោភដីធ្លី, កាលបោះឆ្នោតឆ្នាំ២០១៣ រហូតដល់មានយោធាលួចសរសេរបកអាក្រាតពីអំពើរំលោភអំណាចរបស់មេ រឿងស៊ីប្រាក់ខែ ទៅនៅលើសន្លឹកឆ្នោតទៅទៀត។ ក្រោយចេញពីការឃាត់ខ្លួន លោក សារ៉ុម ក៏បានពិពណ៌នាប្រាប់វីអូអេនៅថ្ងៃទី១០ ថា អ្នកដោះសោខ្នោះលោកដើម្បីលែង [មុននឹងចូលទៅឱ្យគេសួរចម្លើយ] ដែលដោះចំណាយពេលយូរណាស់ ដូចជាញ័រដៃ ហើយឱ្យលោកនៅឱ្យស្ងៀម តែលោកថាលោកដូចជាមិនរើអីទេ។ លោក ម៉ែន គឹមសេង  បានកាត់ប្រសាសន៍ត្រឹមនេះហើយសួរសំណួរផ្សេង ប្រហែលជាលោកគិតថាការពណ៌នានេះមិនសូវសំខាន់ តែតាមពិតជាបាតុភុតចិត្តសាស្ត្រដែលមិនគួរមើលរំលង ព្រោះវាបង្ហាញថា អ្នកចាប់ខ្លួនមានស្មារតីមិននឹងនរ ធ្វើទាំងខុសពីចិត្តរបស់ខ្លួន ដឹងថាចាប់ទាំងមិនស្របច្បាប់ក៏ចាប់តាមបញ្ជាមេនិងមិនសូវចង់ធ្វើតាមបញ្ជាមេឡើយ។ នៅពេលដែលយើងសរុបកត្តាទាំងអស់នេះមក យើងនឹងឃើញថា កងកម្លាំងប្រដាប់អាវុធនិងយោធាមិនមែនជាខែលដ៏រឹងមាំជួយការពាររដ្ឋាភិបាលនោះទេ ព្រោះរដ្ឋាភិបាលខ្លួនឯងជាអ្នកធ្វើឱ្យខែលនេះប្រេះ មិនមែនយុទ្ធនាការបដិវត្តន៍ពណ៌មកពីណាឡើយ។ អ្នកដែលអះអាងថា គ្មាននរណាអាចយកឈ្នះរដ្ឋាភិបាលបានគឺជាក់ស្តែងមើលរំលងចំណុចខ្សោយជាច្រើនរបស់រដ្ឋអំណាច។ ដូច្នេះហើយ ដរាបណាយុទ្ធនាការនៅតែបន្តសកម្មភាពចែកទឹកនេះ ពុះជ្រែករាល់ឧបសគ្គហាមប្រាមទាំងឡាយបាន មិនយូរទេ ថ្នាក់ក្រោមនឹងលែងធ្វើតាមបញ្ជាថ្នាក់លើ លែងរវីរវល់នឹងរឿងនយោបាយ ឈរកណ្តាល ដាក់ពាក្យសុំច្បាប់ឈប់សម្រាកមួយរយៈ។ យ៉ាងណាក៏ដោយ តាក់ទិចឱ្យទឹកត្រូវតែចេះបត់បែនតាមកាលៈទេសៈ បើយុទ្ធនាការចែកទឹកធ្វើត្រង់ពេក នឹងងាយឱ្យគេចោទប្រកាន់និងបង្អាក់ ដូច្នេះត្រូវចេះឱ្យដោយប្រយោល ឧ. យកធុងធំមួយដាក់ទឹកសុទ្ធឱ្យពេញ (ត្រជាក់កាន់តែល្អ) រួចដាក់ផ្លាកថា ទឹកសុទ្ធសម្រាប់ទាំងអស់គ្នា មិនប្រកាន់និន្នាការនយោបាយ។ បើពួកគេមិនហ៊ានទៅយកទេ ប្រគល់ភារកិច្ចឱ្យសកម្មជនជាយុវតីសំឡេងផ្អែមប៉ុន្មាននាក់ឱ្យចាំយាមធុងទឹកសុទ្ធទៅ រួចហៅពួកគេឱ្យមកយកទឹកម្តងហើយម្តងទៀត យុទ្ធសាស្ត្រស្រីស្អាតតែងមានប្រសិទ្ធភាពជានិច្ច។ ទោះចោទដូចម្តេចក៏ដោយ សង្គមស៊ីវិលអាចដោះសាថា «ដោយសារអាកាសធាតុក្តៅ យើងឃើញអាជ្ញាធរបែកញើសសស្រាក់និងស្រេកទឹក ទើបជូនទឹកទៅពួកគាត់ទៅ ដែលនេះជាទង្វើសប្បុរសធម៌សុទ្ធសាធ។ ឯការចោទថា ប៉ងទាក់ទាញកងកម្លាំងឱ្យចូលរួមនោះ ឱ្យមែនទែនទៅគឺពួកគាត់មានកិច្ចការការពារពួកយើងស្រាប់ហើយ យើងមិនចាំបាច់ទៅទាក់ទាញពួកគាត់ឱ្យចូលរួមនោះទេ ព្រោះពលរដ្ឋទើបជាអ្នកផ្តល់ប្រាក់ខែជូនពួកគាត់តាមរយៈពន្ធដារមិនមែនរដ្ឋាភិបាលអ្នកផ្តល់ទេ ហើយពួកគាត់ក៏មិនតម្រូវឱ្យធ្វើជាឧបករណ៍នយោបាយសម្រាប់ការពាររដ្ឋាភិបាលដែលមិនគោរពច្បាប់នោះដែរ។» សេចក្តីថ្លែងការណ៍នេះនឹងទះកំផ្លៀងរដ្ឋាភិបាល គ្មាននរណាជឿអ្វីដែលពួកគេចោទឡើយ ឯអាជ្ញាធរក៏មានអារម្មណ៍រអៀសចិត្ត គេខំការពារយើង ជួយនិយាយឱ្យយើង ជូនទឹកយើង យើងវិញបែរជានៅតែធ្វើតាមបញ្ជាវាយគេ។ យើងបានពន្យល់រួចហើយពីរបៀបដែលអាកាសធាតុក្តៅប៉ះពាល់ដល់ការចូលរួម ប៉ុន្តែវាមិនមែនជាអ្វីដែលចៀសមិនផុតនោះទេ អ្នកយុទ្ធសាស្ត្រធ្វើយុទ្ធនាការអហិង្សានៅតែអាចបង្វិលវាឱ្យក្លាយជាកងទ័ពអរូបិយបាន ពោលគឺអាកាសធាតុក្តៅបែរជាផ្តល់អាវុធនិមិត្តរូបទឹកសុទ្ធ ដែលនាំឱ្យយុទ្ធនាការមានប្រៀបលើសមរភូមិទៅវិញ។

៣. ទោះបីការអំពាវនាវឱ្យចូលរួមរបស់សង្គមស៊ីវិលត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មានជាច្រើននិងចែកចាយតាមបណ្តាញសង្គមផុសផុល អ្នកទទួលបានព័ត៌មានទាំងនោះពុំទៅចូលរួមយុទ្ធនាការនៅហ្នឹងកន្លែងច្រើននោះទេ ខ្លះចូលរួមនៅផ្ទះ ខ្លះនៅកន្លែងធ្វើការ ខ្លះប្តូររូបភាពគណនី ខ្លះពាក់អាវខ្មៅតែក្នុងហេ្វសបុក មែនទែនអត់ពាក់ផង…បើពួកគេទាំងអស់នោះសុទ្ធតែចូលរួមព្រោះទទូលបានព័ត៌មាន ម្ល៉េះអ្នកចូលរួមច្រើនកុះករ។ មួយវិញទៀត អ្នកទទួលបានព័ត៌មានភាគច្រើនគឺយុវជនក្មេងៗប្រើបណ្តាញសង្គមមិនមែនពលរដ្ឋសាមញ្ញជាច្រើនទៀតដែលមិនសូវតាមដានព័ត៌មាននោះទេ។ បានសេចក្តីថា អ្នកដែលគ្រាន់តែទទួលបានព័ត៌មានពុំអាចបំប្លែងទៅជាអ្នកចូលរួមដោយស្វ័យប្រវត្តិនោះទេ ពោលគឺនៅសល់កត្តាជាច្រើនទៀត រួមមានកត្តាទាំងបួនធំផងដែរ។ តាមការស្ទង់មតិមិនផ្លូវការដោយអ្នកយកការណ៍អាស៊ីសេរី ទៅលើពលរដ្ឋតាមផ្លូវបីបួននាក់ ពលរដ្ឋភាគច្រើនឆ្លើយថា ពួកគាត់មិនបានដឹងពីយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” នោះទេ។ ទោះការស្ទង់នេះមានកម្រិតគួរឱ្យជឿទុកចិត្តទាបដោយសារចំនួនអ្នកត្រូវសាកសួរតិចនិងវិធីសាស្ត្រស្រាវជ្រាវមិនច្បាស់លាស់ វានៅតែឱ្យតម្រុយមួយថា ពលរដ្ឋសាមញ្ញដែលមិនសូវយកចិត្តទុកដាក់នឹងសារព័ត៌មានពុំបានដឹងនោះទេ។ សង្គមស៊ីវិលមិនត្រូវពឹងផ្អែកនៅលើតែសារព័ត៌មានឡើយដើម្បីទាក់ទាញការចូលរួមឡើយ តែត្រូវធ្វើសកម្មភាពចុះដល់មូលដ្ឋាន បើការបណ្តុះបណ្តាលពន្យល់ពលរដ្ឋគ្រប់អ្វីដែលពួកគេឆ្ងល់មិនយល់ បង្ហាញតាក់ទិចនិងយុទ្ធសាស្ត្រទប់ទល់នឹងការបង្ក្រាបរបស់អាជ្ញាធរ រួចថតវិឌីអូទុក ចែកចាយទៅសារព័ត៌មាននិងពលរដ្ឋដែលមិនបានចូលរួមស្តាប់នៅនឹងកន្លែង។ លុះត្រាពលរដ្ឋយល់ពីភាពចាំបាច់នៃការចូលរួមយុទ្ធនាការ បានចួបផ្ទាល់នឹងក្រុមការងារដើម្បីបង្កើនការជឿទុកចិត្តគ្នា ដឹងជាមុនពីវិធានការទប់ទល់ការបង្ក្រាបដើម្បីសុវត្ថិភាព… ទើបពលរដ្ឋមានសេចក្តីក្លាហានចូលរួម។ នៅពេលរដ្ឋអំណាចបានមើលវិឌីអូនោះវិញ ពួកគេនឹងកាត់បន្ថយការបង្ក្រាប ព្រោះដឹងថាសង្គមស៊ីវិលនិងអ្នកចូលរួមបានត្រៀមខ្លួនជាមុនរួចស្រេចហើយ បើបង្ក្រាបនឹងទទួលបានលទ្ធផលខុសបំណង។ ការជញ្ជូនក្រុមការងារចុះមូលដ្ឋានមិនត្រូវការគ្នាច្រើនទេ ព្រោះវាបង្អើលអាជ្ញាធរឱ្យតាមឃាត់ភ្លាមៗ តែបីនាក់គឺគ្រប់គ្រាន់ហើយ ប៉ុន្តែត្រូវការច្រើនក្រុមទៅកន្លែងផ្សេងៗ (តាក់ទិចពង្រាយ) ហើយប្រភេទនៃក្រុមគោលដៅត្រូវកំណត់ឱ្យបានច្បាស់លាស់ ថាតើពលរដ្ឋប្រភេទណាចង់ចូលរួមជាងគេ ទើបបានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ សកម្មជនស្រីត្រូវមានច្រើនជាងសកម្មជនប្រុសគ្រប់ៗក្រុម បុ្រសមួយស្រីពីរ និងទទួលបានការបណ្តុះបណ្តាលពីវិធានការទប់ទល់និងមានចំណេះដឹងអំពីយុទ្ធនាការគ្រប់គ្រាន់ ព្រោះអាជ្ញាធរអាចតាមឃាត់ហើយអាចវាយសកម្មជនប្រុសជាជាងសកម្មជនស្រីៗអាចឃាត់ឬការពារប្រុសម្នាក់បានដោយភាំងមិនអាជ្ញាធរតាមវាយ។ ទស្សនៈដែលថា មនុស្សស្រីត្រូវតែឱ្យប្រុសការពារមិនត្រឹមត្រូវគ្រប់កាលៈទេសៈឡើយ ព្រោះជាក់ស្តែងរាល់ការបង្ក្រាបបាតុកម្ម មនុស្សប្រុសតែងជាអ្នករងគ្រោះ មនុស្សស្រីឈរភាំងឃាត់អាជ្ញាធរតែងមានប្រសិទ្ធភាពជាងមនុស្សប្រុសឃាត់។ បើពួកគេវាយទាំងមនុស្សស្រីនឹងប៉ះពាល់ដល់បទដ្ឋានសង្គមដែលដាក់ទោសលើមនុស្សប្រុសដែលវាយស្រី ការវាយបែបនេះច្បាស់ណាស់នឹងបំផ្ទុះកំហឹងមហាជន។ ក្រុមអាជ្ញាធរអាចតាមឃាត់ក្រុមការងារបីបួនក្រុមបីបួនដង តែមិនអាចបញ្ឈប់គ្រប់ក្រុមឬតាមគ្រប់សកម្មភាពនៅគ្រប់កន្លែងនោះទេ (អាជ្ញាធរមិនមានច្រើនជាងប្រជាជនសាមញ្ញ) ទោះតាមទាន់ក៏មិនអាចធ្វើបែបនេះគ្រប់ពេលវេលាដែរ បំផុតនោះគឺវាប៉ះពាល់ដល់ឯកជនភាពរបស់អាជ្ញាធរដោយសារចួបប្រឈមផ្ទាល់នឹងប្រជាជន គេចំណាំមុខ ពួកគេនឹងចេញពីផ្ទះលែងកើត ព្រោះបាត់បង់កេរ្តិ៍ឈ្មោះ។ ក្នុងករណីដែលអាជ្ញាធរត្រឹមតែទាមទារដោះអាវខ្មៅចេញ មនុស្សស្រីអាចយកលេសខ្លួនជាស្រីមិនដោះអាវតាមបាន អាជ្ញាធរនឹងពិបាកបង្ខំឱ្យដោះអាវ ឯមនុស្សប្រុសវិញអាចដោះអាវតាមសំណើ តែក្រោយអាជ្ញាធរទៅបាត់ អាចពាក់វិញបានទេតើ។

៤. ការគំរាមពីរដ្ឋាភិបាលនិងហានិភ័យក្នុងការចូលរួម

រដ្ឋាភិបាលអះអាងថា សង្គមស៊ីវិលជាដៃគូមិនអាចខ្វះបាន ប៉ុន្តែចាប់សមាជិករបស់គេដាក់គុក៥នាក់ (តាក់ទិចចាប់ដៃជាន់ជើង)។ មុនយុទ្ធនាការមួយថ្ងៃគឺថ្ងៃទី០៨ លោក ស ខេង បានព្រមានចាត់វិធានការរាល់សកម្មភាពនិងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ។ ទោះមានឬមិនមានប្រតិកម្មពីគណបក្សកាន់អំណាចក៏ដោយ ក៏ពលរដ្ឋតែងដឹងពីហានិភ័យទាក់ទងនឹងការចូលរួមយុទ្ធនាការ តិចឬច្រើន វាមានឥទ្ធិពលលើចំនួនអ្នកចូលរួម។ ក្នុងវិធានការទី៤ លោកបានណែនាំឱ្យ “ត្រូវធ្វើការគ្រប់គ្រងផ្ទៃក្នុងមន្រ្តីរាជការតាមមន្ទីរ អង្គភាពនិងកងកម្លាំងប្រដាប់អាវុធឲ្យបានហ្មត់ចត់ដើម្បីបង្ការ ទប់ស្កាត់ការប៉ុនប៉ងចលនា អូសទាញ កៀរគរមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធឲ្យចូលរួមក្នុងចលនាខាងលើនិងការទាមទារតវ៉ានានា។” ការភ័យខ្លាចយោធាលែងស្តាប់បញ្ជានៅក្នុងជួរថ្នាក់ដឹកនាំគណបក្សអំណាចមិនមែនទើបតែកើតមាននោះទេ។ កាលពីឆ្នាំ២០១៣ គណបក្សកាន់អំណាចបានប្រព្រឹត្តកំហុសធំមួយគឺបណ្តោយឱ្យបាតុកម្មអហិង្សារបស់គណបក្សប្រឆាំងរីកធំពេកស្ទើរទប់ទល់លែងបាន។ នៅក្រោយការបង្ក្រាប ពិតមែនតែកងសន្តិសុខនិងយោធានៅតែធ្វើតាមបញ្ជា ស្រាប់តែក្រុមយុវជនសន្តិភាពធ្វើយុទ្ធនាការជូនផ្កាឈូកឱ្យទឹកសុទ្ធ បន្ទាប់មកលោកនាយករដ្ឋមន្ត្រីបានទទួលដំណឹងថាភ្នាក់ងារបង្ក្រាបខ្លះមិនគោរពតាមបញ្ជា ទើបលោកដឹងថា សកម្មភាពជូនផ្កាប្រើពណ៌ផ្កាដោយអហិង្សា ដែលប្រជាជនទូទាំងពិភពលោកប្រើប្រាស់ក្នុងបដិវត្តន៍ពណ៌  នោះមិនមែនអត់ ដូចលោកស្មាននោះទេ។ តាំងពីពេលនោះមក បដិវត្តន៍ពណ៌ដែលជាចលនាអហិង្សាសោះ សំរាប់លោកវិញគឺជាបដិវត្តន៍ហិង្សា ចលនាឧទ្ទាមប្រដាប់ ជាសុបិនអាក្រក់ ដែលសូម្បីតែនិស្សិតម្នាក់ប្រើសារខ្លីមួយថាធ្វើបដិវត្តន៍ពណ៌ ធ្វើឱ្យលោកភ័យប្រើកូនចៅចាត់វិធានការមួយរំភេច ហាក់ដូចជាវាបដិវត្តន៍ពណ៌មែនទែនអ៊ីចឹង។ ពាក្យ បដិវត្តន៍ពណ៌ ក៏ក្លាយជាពាក្យមែនន័យអា្រក្រក់ប្រកបដោយហិង្សា ដែលគេប្រើតែក្នុងបរិបទអវិជ្ជមានទៅហើយ ដូច្នេះចលនាអហិង្សាជាច្រើនដែលថាគេរាប់ចូលក្នុងបដិវត្តន៍ពណ៌ត្រូវបានគេបំភ្លេចចោល ហើយពួកគេក៏លើកតែករណីចលនាណាមួយដែលទទួលបានលទ្ធផលអាក្រក់ប៉ុណ្ណោះ មិនលើកករណីល្អឡើយ។ ដូចគ្នា នៅពេលទទួលដំណឹងថា យុទ្ធនាការប្រើពណ៌ខ្មៅ គណបក្សកាន់អំណាចក៏ចាត់ទុកជាបដិវត្តន៍ពណ៌ប៉ងផ្តួលរំលំរដ្ឋាភិបាលយកគំរូតាមប្រទេសនៅមជ្ឈិមបូព៌ា ជាសកម្មភាពមិនស្របច្បាប់មួយរំពេច។ និយាយទៅ គ្មានមាត្រាច្បាប់ណាមួយចែងថាធ្វើយុទ្ធនាការអហិង្សាខុសច្បាប់នោះទេ ហើយក៏គ្មានដែរថាប្រើពណ៌ណាមួយខុសច្បាប់នោះ ទោះប្រើពណ៌អ្វីក៏ដោយ។ ការពិតទៅ មិនស្របច្បាប់គឺមានន័យមែនទែនថា មិនស្របនឹងគណបក្សកាន់អំណាច ព្រោះគណបក្សនេះត្រួតត្រាស្ថាប័នបកប្រែច្បាប់ គឺក្រុមប្រឹក្សារដ្ឋធម្មនុញ្ញដែលមានសមាជិកទាំងអស់មកពីគណបក្សនេះទាំងអស់ ដូច្នេះពួកគេអាចបកប្រែច្បាប់តាមអំពើចិត្តនិងអនុវត្តន៍ស្តង់ដារពីរ ចង់ចោទអ្នកណាថាមិនស្របមិនគោរពច្បាប់ក៏បាន តែតាមពិតពួកគាត់ហ្នឹងហើយមិនគោរពច្បាប់ជាងគេ (តាក់ទិចចោរស្រែកចោរ)។ ទាំងអស់នេះបង្ហាញថា ភ្នាក់ងារបង្ក្រាបជាសសរស្តម្ភធំមួយដែលទ្ររបបដឹកនាំ ហើយក៏ជាចំណុចខ្សោយធំបំផុតរបស់គណបក្សកាន់អំណាចដែរ ដែលគណបក្សនេះខ្លួនឯងធ្វើឱ្យខែលនេះប្រេះ ហើយក៏ខ្លាចគេមើលឃើញផង ខ្លាចគេធ្វើឱ្យបែកផង បើធ្វេសប្រហែសតែបន្តិច របបដឹកនាំនឹងដួល។ មានស្មារតីការពារប្រុងប្រៀបទុកជាមុន ក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាមចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នាភ្លាម នៅថ្ងៃទី១១។ សម្រង់ពីអាស៊ីសេរី «ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃ លោក ប៉ោ ភក្រ្ត ថ្លែងឲ្យដឹងនៅក្រោយជំនួបនោះថា គោលបំណងនៃការជួបគ្នានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ពាក់ព័ន្ធទៅនឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើស សំដៅបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ […] ក្រសួងនគរបាលវៀតណាមបានសន្យាផ្តល់ជំនួយជាសម្ភារៈនិងបច្ចេកទេសដល់នគរបាលជាតិកម្ពុជា ដើម្បីសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍។» មិនមានអ្វីចម្លែកទេ រាល់ពេលកម្ពុជាមានបាតុកម្មប្រឆាំងរដ្ឋអំណាច រដ្ឋមន្ត្រីវៀតណាមតែងចេញចូលកម្ពុជាញឹកញយជាងធម្មតា ឯរដ្ឋាភិបាលវិញមិនចាត់ទុកសកម្មភាពនេះជាការជ្រែតជ្រេកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ តែថាជាកិច្ចសហប្រតិបត្តិការស្អិតរមួនខ្វះមិនបានទៅវិញ។ ផ្ទុយទៅវិញ គ្រាន់តែចួបសំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតអាមេរិក លោក វីលៀម ហើស (William Heidt) កាលពីថ្ងៃទី០៤ អង្គការសង្គមស៊ីវិលដែលធ្វើយុទ្ធនាការឈុតខ្មៅក៏ត្រូវរដ្ឋាភិបាលចោទថាមានអាមេរិកជាមេក្លោងភ្លាម។ លោក សារ៉ុម ដែលត្រូវបានគេឃាត់ខ្លួនក៏ត្រូវបានអាជ្ញាធរសាកសួរពីអត្តសញ្ញាណអ្នកបោះពុម្ពអាវ និងថាតើបានចូលចួបឯកអគ្គរដ្ឋទូតអាមេរិកឬអត់ក៏ដែរ ទោះលោកពិតជាពុំបានទៅចួបមែនក៏ដោយ។ នេះជាមេរៀនមួយបង្ហាញថា ជំនួយបរទេសមកលើយុទ្ធនាការអហិង្សាអាចប៉ះពាល់ដល់កិត្តិនាមរបស់យុទ្ធនាការនិងធ្វើឱ្យរដ្ឋាភិបាលមានលេសចោទប្រកាន់ បើការចោទត្រូវបានពលរដ្ឋស្របយល់ តិចច្រើនអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃយុទ្ធនាការ, ទោះគ្មានជំនួយបរទេសក៏យុទ្ធនាការនៅតែអាចជោគជ័យដែរ ហេតុអ្វីត្រូវការជំនួយមុខពីរ!។ កាលពីឆ្នាំ២០១៣ បាតុកម្មរបស់គណបក្សប្រឆាំងក៏ត្រូវបានចោទថាមានអន្តរជាតិនៅក្រោយខ្នងដែរ ស្របពេលចិនបានផ្តល់ជំនួយយោធាដល់កម្ពុជាទន្ទឹមនឹងស្ថានការណ៍នយោបាយតានតឹង ដែលយើងមើលឃើញថាជាយុទ្ធសាស្ត្រខ្ចីដៃសម្លាប់មនុស្ស ត្បិតចំនួនជនជាតិចិនកើនឡើងរហូតនៅកម្ពុជា ហើយចិនតែងពូកែរកស៊ីជាងខ្មែរ ដូច្នេះជាទួទៅចិនមានជីវភាពខ្ពស់ជាងខ្មែរ នាំឱ្យឥទ្ធិពលចិនកើនឡើងទៅតាមចំនួនជនជាតិចិននៅស្រុកខ្មែរដែរ ដែលយុទ្ធសាស្ត្រនេះ ចិនធ្លាប់ធ្វើរួចមកហើយនៅសម័យខ្មែរក្រហម ដោយមិនខ្វល់ថាជំនួយយោធារបស់ខ្លួនទៅកម្ពុជាអាចនាំឱ្យខ្មែរសម្លាប់គ្នាឯងនោះទេ។ ដដែលៗ ចិននិងវៀតណាមមិនត្រូវបានរដ្ឋាភិបាលលាបពណ៌អ្វីឱ្យទេ។ ក្រលេកទៅមើលបាតុកម្មប្រឆាំងលទ្ធផលឆ្នោតនិងរដ្ឋាភិបាល ឆ្នាំ១៩៩៨វិញ ការបង្ក្រាបដោយហិង្សាលើក្រុមបាតុករមានកំរិតធ្ងន់ជាងបាតុកម្មឆ្នាំ២០១៣ ដោយមិនរាប់បញ្ចូលពីព្រឹត្តិការណ៍បោកគ្រាប់បែកនៅមុខរដ្ឋសភាទៅលើបាតុកម្មដឹកនាំដោយមេបក្សប្រឆាំង ៣០ មីនា ៩៧ និងរដ្ឋប្រហារគណបក្សហ្វ៊ុនស៊ិនប៉ុច ៥-៦ កក្កដា ៩៧។ គេបានសង្កេតឃើញថា ភ្នាក់ងារបង្ក្រាបវាយទាំងស្រ្តីនិងព្រះសង្ឃ ហើយមិនចេះនិយាយភាសាខ្មែរឡើយ។ ការជួលភ្នាក់ងារបង្ក្រាបបរទេសគឺជាតាក់ទិចដ៏ឈ្លាសវៃរបស់មេដឹកនាំក្រាញអំណាច ដើម្បីទប់ទល់នឹងកម្លាំងមហាជន ព្រោះវាជួយកាត់បន្ថយកំរិតដែលភ្នាក់ងារបង្ក្រាបប្រឆាំងនឹងបញ្ជាឱ្យបង្ក្រាប, បន្ថយការយល់ពីគ្នារវាងភ្នាក់ងារនិងប្រជាជនដោយសាររនាំងវប្បធម៌ ជាតិសាសន៍ ភាសា…, ឱកាសទាបក្នុងការចួបអ្នកស្គាល់គ្នាក្នុងចំណោមបាតុករដែលជំរុញឱ្យមានការបន្ធូរដៃ, មិនសូវមានការភ័យខ្លាចពីទោសទណ្ឌកើតចេញពីការបង្ក្រាបព្រោះមិនមែនជាជនជាតិម្ចាស់ស្រុក…។ សេណារីយ៉ូនេះ ពោលគឺ ការខ្ចីភ្នាក់ងារបង្ក្រាបពីបរទេសមកបង្ក្រាបជំនួសភ្នាក់ងារក្នុងស្រុក អាចនឹងកើតមាននៅក្នុងយុទ្ធនាការឈុតខ្មៅ បើចំនួនអ្នកចូលរួមកើនឡើងច្រើនពេកនិងយុទ្ធនការនេះនៅតែប្រើតែតាក់ប្រមូលគ្នានៅមួយកន្លែង ពិសេសបំផុតនៅពេលដែលភ្នាក់ងារបង្ក្រាបក្នុងស្រុកលែងធ្វើតាមបញ្ជារដ្ឋអំណាច។ បើនិយាយឱ្យស្រួលស្តាប់ នៅក្នុងទំនាស់នយោបាយឬសិទ្ធិមនុស្ស តាមទស្សនៈរបស់រដ្ឋអំណាច បើជំនួយជួយខាងរដ្ឋាភិបាល នោះជាការសហប្រតិបត្តិការ បើជំនួយជួយខាងភាគីមិនមែនរដ្ឋាភិបាល នោះជំនួយជាការជ្រៀតជ្រែកលូកដៃ។ សង្គមស៊ីវិលនៅតែអាចទប់ទល់នឹងតាក់ទិចបង្ក្រាបនេះបាន តាមរយៈតាក់ទិចអហិង្សាបំបែកគ្នា ស្នាក់នៅច្រើនកន្លែងមិនផ្តុំគ្នា (នៅទីណាឱ្យតែមានសុវត្ថិភាព ដូចជាផ្ទះ, ចេញពីផ្ទះបើគេតាមបង្ក្រាបដល់ផ្ទះ) និងធ្វើសកម្មភាពមិនសហការដកហូតប្រភពអំណាចរបស់រដ្ឋ   ដូចជាពហិការនិងកូដកម្ម ពោលគឺ កូដកម្មដោយកម្មករ, ពហិការមិនចូលរៀនរបស់និស្សិតនិងមិនទៅបង្រៀនរបស់គ្រូៗ, មិនចូលធ្វើការដោយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, មិនលក់ទំនិញឬផ្តល់សេវាកម្មឱ្យភ្នាក់ងារទាំងនោះ, មិននិយាយរកពួកគេ, មិនទិញទំនិញដែលនាំចូលពីប្រទេសដែលភ្នាក់ងារនោះរស់នៅ, មិនប្រើប្រាស់សេវាកម្មរដ្ឋទាំងឡាយ, មិនបង់ពន្ធ…គឺថាគេអាចប្រើតាក់ទិចមិនសហការទាំងអស់នេះដោយមិនបាច់ផ្តុំគ្នាឱ្យគេស្រួលបង្ក្រាបនោះទេ គ្រាន់តែស្នាក់នៅផ្ទះបណ្តោះអាសន្តប៉ុណ្ណោះ, ឱ្យតែធ្វើដោយចំនួន ៣,៥%នៃពលរដ្ឋសរុប (៥សែននាក់) ក្នុងរយៈប៉ុន្មានខែប៉ុណ្ណោះ របបដឹកនាំនឹងដួល ព្រោះខ្វះប្រភពអំណាចដោយគ្មានអ្នកធ្វើតាមបញ្ជា គ្មានអ្នកធ្វើឱ្យប្រព័ន្ធដើរ គ្មានថវិកាទ្រទ្រង់ដើម្បីផ្គត់ផ្គង់ខ្លួនឯងផងនិងជួលភ្នាក់ងារបរទេសផង ទោះបីមានជំនួយពីខាងក្រៅឥតសំណងក៏ដោយ ក៏រដ្ឋអំណាចមិនអាចពឹងបរទេសរហូតដែរ ពួកគេនៅតែស្រេកឃ្លានប្រភពអំណាចពីក្នុងស្រុកដែលយូរអង្វែងជាងនិងនឹងនរជាង។ នៅពេលបរទេសមើលឃើញពីភាពរឹងមាំរបស់យុទ្ធនាការ ការបង្ក្រាបឥតប្រសិទ្ធភាព និងភាពខ្សោយទៅៗនៃរបបដឹកនាំ ពួកគេនឹងដោះដៃដោយឯកឯង មិនបាច់ដេញនោះទេ។

៙ថាមិនបានហាមឃាត់មិនឱ្យពាក់ខ្មៅ ប៉ុន្តែឃាត់៨នាក់ ស៊ើបអ្នកបោះអាវនិងថាយុទ្ធនាការឈុតខ្មៅខុសច្បាប់

ដល់ថ្ងៃធ្វើយុទ្ធនាការដែលចាប់ផ្តើមម៉ោង៧កន្លះ តែមួយម៉ោងក្រោយមក ៨កន្លះ ក៏ចាប់ខ្លួនអ្នកធ្វើយុទ្ធនាការ៨នាក់ទៀត ហើយក៏ដោះលែងវិញនៅម៉ោង៦កន្លះល្ងាច គឺឃាត់ខ្លួនប្រហែល១០ម៉ោង។ យើងបានទាយដឹងថានឹងមានការចាប់ខ្លួនបន្ថែមនិងឃាត់មិនឱ្យដង្ហែក្បួន នៅក្នុងអត្ថបទមុន តែស្មានមិនត្រូវថាគេដោះលែងវិញឆាប់ដល់ម្លឹងទេ។ លោក ស ខេង បញ្ជាក់ថា ការឃាត់ខ្លួនអ្នកធ្វើយុទ្ធនាការស្លៀកខ្មៅគឺដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ពោលគឺមិនមែនផ្អែកមូលដ្ឋានថាមាត្រាច្បាប់ណាមួយហាមមិនឱ្យធ្វើយុទ្ធនាការដោយអហិង្សា, មិនឱ្យពាក់ខ្មៅនិងបោះពុម្ពអាវខ្មៅនោះទេ តែជាបញ្ជាពីអ្នកអំណាចសុទ្ធសាធថាឱ្យបញ្ឈប់សកម្មភាព។ យោងតាម Fresh New «ថ្លែងនៅក្នុង[ពិធី]ចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់អ្នកដែលបំផុសយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» កុំឱ្យបំពានច្បាប់ផងដែរ។ […] មជ្ឈដ្ឋានមួយចំនួនតូចបានយល់ច្រឡំថា រាជរដ្ឋាភិបាលកម្ពុជាបានហាមឃាត់មិនឱ្យស្លៀកពាក់ខ្មៅ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា រដ្ឋាភិបាលមិនបានហាមឃាត់មិនឱ្យស្លៀកខ្មៅនោះទេ គ្រាន់តែទប់ស្កាត់យុទ្ធនាការមួយដែលធ្វើខុសច្បាប់ប៉ុណ្ណោះ។» ការបកប្រែនេះមិនពិតទេ ទោះមានសំអាងសម្តីរបស់សម្តេចក៏ដោយ ព្រោះថាបើមិនបានហាមឃាត់មិនឱ្យស្លៀកពាក់ខ្មៅ ហេតុអ្វីសកម្មភាពជាក់ស្តែងឃាត់ខ្លួនអ្នកពាក់ខ្មៅ ៨នាក់, ថែមទាំងគំរាមអ្នកបោះពុម្ពអាវទៀត «អ្នកដែលបំផុសនោះត្រូវចេះប្រយ័ត្នប្រយែងក្រែងនាំទៅដល់នីតិបុគ្គល ខ្ញុំគ្រាន់តែផ្តាំផ្ញើទេ ហើយសុំម្នាក់ដែលផ្តល់លុយកាកបោះពុម្ភអាវនោះ ប្រយ័ត្នប្រយែង! គេស្គាល់មុខច្បាស់ណាស់ទៅហើយ»។ បើសម្តេចពិតជាស្គាល់មុខច្បាស់មែន ហេតុអ្វីបញ្ជាឱ្យអាជ្ញាធរចាប់ផ្ដើមស៊ើបអង្កេតរកប្រភពបោះពុម្ពអាវ ម្តេចមិនចាប់តែម្តងទៅ បើស្គាល់ច្បាស់ទៅហើយ ដូច្នេះពាក្យស្គាល់មុខនេះជាពាក្យកុហក ជាយុទ្ធសាស្ត្រវាយប្រហារផ្លូវចិត្តបង្អើលជាមុន តាមចាប់ជាក្រោយ។ ដល់ថ្ងៃទី១២ សម្តេចបានថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ I.IC.នៅវិទ្យាស្ថានជាតិអប់រំថា កាសែតខេមបូឌាដេលី បានចុះផ្សាយកាលពីថ្ងៃទី១១ ថា លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នាមិនឲ្យប្រមូលផ្តុំជាសាធារណៈ ដែលលោកចាត់ទុកថាជាចំណងជើងបំភ្លៃអត្ថន័យសម្តីរបស់លោក។ យើងបានពន្យល់នៅមុនសម្តេចមានប្រសាសន៍មួយថ្ងៃរួចហើយថា សកម្មភាពរបស់លោកគឺហាមមិនស្លៀកពាក់ខ្មៅ ទោះសម្តីលោកនិយាយយ៉ាងម៉េចក៏ដោយ។ កាលពីថ្ងៃទី០៨ លោក ស ខេង បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមនិងពង្រឹងនីតិរដ្ឋរបស់ជាតិទាំងមូល។ សេចក្តីថ្លែងនេះបានបង្កប់អត្ថន័យថាយុទ្ធនាការនេះបង្កអស្ថេរភាព បំផ្លាញសណ្តាប់ធ្នាប់សង្គម មិនស្របច្បាប់ឬនីតិរដ្ឋ ទើបគេត្រូវចាត់វិធានការណ៍ដល់ទៅ ៤ចំណុច។ តើវិធានការទាំងនេះមិនមានន័យថាជាហាមប្រាមមិនឱ្យធ្វើយុទ្ធនាការឈុតខ្មៅឬពាក់ខ្មៅទេឬ?

លោក សារ៉ុម បានមើលឃើញពីសារប្រយោជន៍និងប្រសិទ្ធភាពនៃយុទ្ធនាការអហិង្សា មិនដេកចាំឱ្យគេចាប់ដាក់គុក សុទ្ធចិត្តធ្វើយុទ្ធនាការឱយគេចាប់ឬឃាត់ខ្លួនប្រសើរជាងនៅស្ងៀមឱ្យគេធ្វើអ្វីស្រេចចិត្ត (វេទិកាអាស៊ីសេរីថ្ងៃទី៦)។ លោកលើកឧទាហរណ៍ពីចលនារបស់លោក មហាត្មា គន្ធី, ណែលសុន ម៉េនដឺឡា, លោកស្រី អ៊ុងសានស៊ូជី បញ្ជាក់ថាលោកបានសិក្សាពីសកម្មភាពអហិង្សាមុនធ្វើយុទ្ធនាការ។ យុទ្ធនាការឈុតខ្មៅទើបតែចាប់ផ្តើមថ្ងៃទីមួយប៉ុណ្ណោះ ទោះបីមានការបង្ក្រាប មានការហាមឃាត់ មានការឃាត់ខ្លួន មានអ្នកចូលរួមមិនដល់១០០នាក់ផង តែទទួលបានការចាប់អារម្មណ៍យកទុកចិត្តទុកខ្លាំង ទទួលការគាំទ្រច្រើន រិះគន់តិច ដែលបង្ខំឱ្យនាយករដ្ឋមន្ត្រីបង្ហើបលទ្ធភាពស្នើសុំព្រះមហាក្សត្រឱ្យលើកលែងទោសទៅហើយ (ព្រោះប្រហែលលោកមិនដឹងទប់ទល់នឹងយុទ្ធនាការនេះយ៉ាងម៉េច) ទោះមិនទាន់ជោគជ័យក៏ដោយ តែនៅតែបញ្ជាក់ថាតាក់ទិចអហិង្សាប្រើពណ៌ខ្មៅមានប្រសិទ្ធភាព គ្មានយុទ្ធនាការណាផ្តើមមកជោគជ័យសម្រេចតាមគោលដៅតែម្តងទេ។ ទោះបីយ៉ាងណា សម្តីនាយករដ្ឋមន្ត្រីអំពីលទ្ធភាពស្នើសុំលើកលែងទោសគ្រាន់តែជាតាក់ទិចបបោះអង្អែលប៉ុណ្ណោះ ព្រោះសកម្មភាពរដ្ឋាភិបាលបានបង្ហាញថាកំពុងប្រើតាក់ទិចវាយបកវិញ ដោយតាមរកអ្នកបោះពុម្ពអាវនិងសហការនឹងវៀតណាម ពង្រឹងសមត្ថភាពបង្ក្រាបរបស់ខ្លួន។ បើយុទ្ធនាការមិនអាចរីកធំនិងប្រើតែតាក់ទិចផ្តុំគ្នាដដែលៗ ទៅកន្លែងដដែលនោះ នៅថ្ងៃដដែលៗ នោះនឹងបង្កើនហានិភ័យបង្ក្រាបហិង្សាឱ្យអ្នកចូលរួមដែលធ្វើឱ្យយុទ្ធនាការឃ្លាតកាន់តែឆ្ងាយពីពីគោលដៅទាមទារការដោះលែង៕៚

ដោយ លោក ទេព រ៉ានិត

១០, ១១, ១២, ១៣/០៥/ ២០១៥

​លំនាំ​ដដែល​ៗនៃ​ប្រវត្តិ​សាស្ត្រ​នយោបាយ​កម្ពុជា​

1960 Political Realism and the Crisis of World Politics An American Approach to Foreign Policy. Princeton Princeton University Press.

មានប្រវត្តិសាស្ត្រនយោបាយខ្មែរមានលំនាំដដែលៗ នេះតាមបើអ្នកប្រវត្តិសាស្ត្រនៃកម្ពុជា ដេវិឌ ឆាណ្ឌល័រ (David Chandler)។  កាលពីសម័យអ៊ុនតាក់ ការបោះឆ្នោតឆ្នាំ១៩៩៣ (ដំណើរប្រជាធិបតេយ្យនីយកម្មដំបូងនៅកម្ពុជា) មិនបានធ្វើឱយមានការផ្លាស់ប្តូរជាដុំកំផួនឡើយ ប៉ុន្តែថែមទាំងបានបង្កើនហានិភ័យអំពើហិង្សានិងមិនអាចកំរិតអំនាចរដ្ឋ តាមលទ្ធិប្រជាធិបតេយ្យបាន។ លោក ផូល ខូលីយើរ (Paul Collier) សេដ្ឋកិច្ចវិទូដែលសិក្សាពីនយោបាយនៅបណ្តាក្រីក្របានអះអាងថា ការបោះឆ្នោតនៅប្រទេសដែលមានការអភិវឌ្ឈទាប (ចំណូលនិងកំណើនទាប) បានបង្កើនហានិភ័យនៃអំពើហិង្សាខាងនយោបាយ ដោយសារភាពគ្មានការត្រួតពិនិត្យនិងធ្វើឱយមានតុល្យភាពអំនាច និងការបោះឆ្នោតដែលប្រព្រឹត្តទៅមិនបានត្រឹមត្រូវ។ ការដែលអ្នកឈ្នះឆ្នោតគ្មានការកំរិតអំនាចអាចបង្ក្រាបគូប្រជែងដែលមានសក្តាសុពលរបស់ខ្លួនបាន នាំឱយការបោះឆ្នោតគឺជាបញ្ហាស្លាប់រស់របស់គណបក្សនយោបាយនៅក្នុងប្រទេសក្រីក្រ ហេតុនេះក្រុមនយោបាយនីមួយៗបង្កើតកងកម្លាំងប្រដាប់អាវុធរៀងៗខ្លួន មិនត្រឹមតែទុកការពារការវាយប្រហារគ្នាដោយយថាហេតុណាមួយនោះ តែក៏ដើម្បីទុកធ្វើរដ្ឋប្រហារក្រុមដែលកាន់អំនាចដែរ បើខ្លួនមិនអាចឈ្នះតាមរយៈការបោះឆ្នោតត្រឹមត្រូវនិងមិនអាចប្រើមធ្យោបាយទុច្ចរិតក្នុងការលួចបន្លំ គំរាមនិងទិញទឹកចិត្តអ្នកបោះឆ្នោត។ ដូច្នេះហើយ រដ្ឋអំនាចមានទំនោរទៅរកការចំណាយលើវិស័យយោធាបន្ថែមទៀត នៅក្រោយពេលសង្គ្រាមស៊ីវិលបានបញ្ចប់ រួចការណ៍នេះជំរុញឱយហានិភ័យលេចឡើងវិញម្តងទៀតនៃសង្គ្រាមស៊ីវិល (អន្ទាក់ទំនាស់ឬសង្គ្រាមស៊ីវិល)។ ជាក់ស្តែង ការបោះឆ្នោតអាណត្តិទីមួយនៅកម្ពុជាពិតមែនតែប្រព្រឹត្តទៅប្រក្រតី ដោយសារមានអង្គការសហប្រជាជាតិ ជួយរៀបចំ តែគ្មានការត្រួតពិនិត្យនិងធ្វើឱយមានតុល្យភាពអំនាចឡើយ ពោលគឺ មិនបានធានាឱយគណបក្សដែលឈ្នះឆ្នោតអាចឡើងកាន់អំនាចបានពិតប្រាកដ ឯគណបក្សដែលចាញ់ឆ្នោតបែរជាមានអំនាចជាងគណបក្សដែលឈ្នះឆ្នោតទៅទៀត ទីបំផុតធ្វើឱយមានរដ្ឋប្រហារមួយកើតឡើងនៅបួនឆ្នាំក្រោយ។ នៅក្នុងសា្នដៃ «ពីតតិយលោកមកទុតិយលោក From Third World to Second» (ទំ. ៣២៧) លោកប្រធានាធិបតីសីង្ហបុរី លី កួនយូ កាលណោះបានចួបសម្តេច នរោត្តម រណរិទ្ធិ  និងសម្តេច ហ៊ុន សែន នៅសិង្ហបុរី ដោយឡែកនិងពេលផ្សេងគ្នា បានក្រើនរំឭក រណរិទ្ធិ ថា៖

ការចងសម្ព័ន្ធភាពគឺជាការរៀបចំដែលមិនរឹងមាំ។  យោធា, ប៉ូលីស, និងក្រុមអ្នករដ្ឋបាល គឺជារបស់លោក ហ៊ុន សែន។ ប្រសិនបើចង់រស់ រណរិទ្ធិ ត្រូវតែទាក់ទាញការគាំទ្រមួយផ្នែកពីកងទាហាននិងប៉ូលីស ព្រមទាំងអភិបាលខេត្តនានារបស់ ហ៊ុន សែន ផងដែរ។ មាននាមជានាយករដ្ឋមន្ត្រីទីមួយនិងមានមនុស្សរបស់ខ្លួនត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិមានតម្លៃតិចតួច នៅពេលដែលអ្នករដ្ឋការនិងទាហានស្មោះនឹងលោក ហ៊ុន សែន ទៅវិញ។ គាត់ទំនងជាមិនយកចិត្តទុកដាក់នឹងសម្តីរបស់ខ្ញុំឡើយ។ គាត់ប្រហែលជាជឿថា ជាប់វង្យត្រកូលក្សត្រអាចធានាបាននូវការគាំទ្រពីពលរដ្ឋ ដែលធ្វើឱយគាត់មិនអាចត្រូវបាននរណាម្នាក់មកដណ្តើមតំណែងនេះបាន។ … លោក ហ៊ុន សែន មានចរិតខុសប្លែកទាំងស្រុង [ពី រណរិទ្ធិ] គាត់គឺជាអ្នករួចជីវិតពីរបបខ្មែរក្រហមដ៏មាំមួនម្នាក់ គឺជានាយករដ្ឋមន្ត្រីតែងតាំងដោយវៀតណាមនៅទសវត្សរ៍ឆ្នាំ១៩៨០…។ លោកបង្ហាញចេញនូវភាពខ្លាំងក្លានិងភាពគ្មានមេត្តា។ លោកយល់ពីអំនាច ដែលវាបានមកពីកាណុងកាំភ្លើង ហើយដែលគាត់ត្រូវបានកំណត់ថាជាអ្នកកាន់បាញ់។ នៅខណៈដែលខ្មែរក្រហមស្រុតចុះ រណរិទ្ធិ មិនអាចចងសម្ព័ន្ធមេត្រីនឹងពួកគេដើម្បីប្រជែងនឹងខ្លួនបន្តទៀត លោក ហ៊ុន សែន ក៏ផ្តួល រណរិទ្ធិ នៅឆ្នាំ១៩៩៧ បន្ទាប់មកក៏កាន់អំនាចទាំងស្រុងកំលុងពេលនៅជានាយករដ្ឋមន្ត្រីទីពីរ។ … (ទំ. ៣៣៩) អង្គការសហប្រជាជាតិ មិនមានកម្លាំងឬឆន្ទៈដើម្បីតំឡើង រណរិទ្ធ ឱយកាន់អំនាចនោះទេ។ វាទាមទារការដកហូតអាវុធពីទាហានរបស់លោក ហ៊ុន សែន និងវាយប្រហារខ្មែរក្រហម។ ដូច្នេះហើយ អង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាលសំរបសំរួលដែលនាំឱយ រណរិទ្ធិ ក្លាយជានាយករដ្ឋមន្ត្រីទីមួយ ប៉ុន្តែបែរជាទុកអំនាចពិតប្រាកដឱយនៅក្នុងដៃនាយករដ្ឋមន្ត្រីទីពីរ លោក ហ៊ុន សែន កាន់កាប់ទាហាន ប៉ូលីសនិងក្រុមអ្នករដ្ឋបាលទៅវិញ។ [ប្រែសំរួលបណ្តោះអាសន្ន ដោយមិនបានថែមគារម្យងារ ព្រោះមិនចង់ឱយខូចអត្ថបទដើម]

ដេរិឌ ឆាណ្ឌ័រ បានអធិប្បាយប្រហាក់ប្រហែលគ្នាដែរនៅក្នុងសា្នដៃ «ប្រវត្តិសាស្ត្រខ្មែរ» របស់លោក៖

ភាពតានតឹងរវាងគណបក្សប្រជាជននិងហ៊ុនស៊ិនប៉ិច …អំឡុងឆ្នាំ១៩៩៦ មានសភាពកាន់តែធ្ងន់ធ្ងរថែមទៀតដោយសារសម្តេច ហ៊ុន សែន បានទទួលយកពួកខ្មែរក្រហមរត់ចោលជួរ បញ្ចូលទៅក្នុងកងទ័ពជាតិគឺតាមការពិត  បញ្ចូលទៅក្នុងកម្លាំងជុំវិញខ្លួន។ … គណបក្សប្រជាជនក៏ដូចហ៊ុនស៊ិនប៉ិចដែរ គឺមិនចង់ធ្វើតាមបទពិសោធឆ្នាំ១៩៩៣ ទៀតឡើយ។ គណបក្សប្រជាជនខ្លាចចាញ់ឆ្នោតម្តងទៀត ចំណែកហ៊ុនស៊ិនប៉ិចនិងគណបក្សតូចៗផ្សេងទៀត ភ័យខ្លាចការកើតឡើងជាថ្មីម្តងទៀតនៃអំពើហិង្សា។ (ទំ. ២៨៥)

អំពើហិង្សាខាងនយោបាយនៅកម្ពុជាមានប្រវត្តិយូរលុងជាងនេះទៅទៀត រាប់ត្រឹមសម័យទំនើប ពីសម័យអាណានិគម ដែលចលនាតស៊ូដោយហិង្សារំដោះពីនឹមអាណានិគមបារាំង មិនបាននាំរបបប្រជាធិបតេយ្យនោះទេ លទ្ធផលនៅតែរបបរាជាធិបតេយ្យ (អំនាចប្រមូលផ្តុំលើបុគ្គលម្នាក់ឬស្តេច)។ សម័យសង្គមរាស្ត្រ មិនបានយួរប៉ុន្មាន ក៏មានការបង្ក្រាបដោយហិង្សាលើគណបក្សប្រជាធិបតេយ្យលុះរលត់សូន្យពីឆាកនយោបាយ រហូតដល់មានការគុបគ្រាប់បែកចូលដល់ថ្នាក់រដ្ឋសភា បណ្តាលឱយប្រធានសភាលោក អៀវ កើស ត្រូវពលី (ធ្ងន់ធរជាងឆ្ងាយ បើប្រៀបនឹងអំពើហិង្សាលើតំណាងរាស្ត្រនៅពេលថ្មីៗនេះ), ការបោះឆ្នោតឆ្នាំ១៩៥៥ ដែលមានបរិយាកាសបំភិតបំភ័យអ្នកបោះឆ្នោត, សម្លាប់អ្នកចុះធ្វើយុទ្ធនាការបោះឆ្នោត, កាសែតប្រឆាំងត្រូវបានបំបិទ ហើយនាយកកាសែតត្រូវបានចាត់ញាត់គុក ជាលទ្ធផល បេក្ខជនពីគណបក្សសង្គមរាស្ត្រនិយមបានអាសនៈទាំងអស់នៃសភា (សូមអាន ឆាណ្ឌ័រ ត្រង់សម័យសង្គមរាស្ត្រនិយម)។ អំពើហិង្សាខាងនយោបាយនេះ (មិនថាចេញក្រុមណាមួយ) បានរីកធំធាត់ទៅជារដ្ឋប្រហារ បង្កើតជាសម័យសាធារណរដ្ឋ រហូតដល់រាលដាលជាសង្គ្រាមស៊ីវិល ដណ្តើមអំនាចគ្នា ចេញពីក្រុមហិង្សាមួយទៅក្រុមហិង្សាមួយទៀត ពីសម័យកម្ពុជាប្រជាធិបតេយ្យ ដល់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលកើតចេញអន្តរាគមន៍យោធាពីវៀតណាម និងក្រោយមកប្តូរឈ្មោះជារដ្ឋកម្ពុជា តែនៅមិនអាចផ្លាស់របៀបដឹកនាំបែបប្រមូលផ្តុំអំនាចលើគណបក្សតែមួយនិងប្រើកម្លាំងហិង្សាដដែលជាដដែល។ សូម្បីមកទល់បច្ចុប្បន្នហើយ មេរៀននៅតែត្រូវបានរៀនឡើងវិញ អំពើហិង្សាលើបាតុកម្ម ឃាតកម្មផ្នែកនយោបាយ អំពើហិង្សាលើតំណាងរាស្ត្របក្សប្រឆាំង ការគំរាមកំហែងពីសង្គ្រាមស៊ីវិលនិងការធ្វើរដ្ឋប្រហារ នៅតែជាលំនាំដដែលៗនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា។ លំនាំនេះបង្ហាញថា កម្ពុជាជាប់ក្នុងអន្ទាក់ទំនាស់នយោបាយនិងមានហានិភ័យសង្គ្រាមស៊ីវិល ទោះមានតិចឬច្រើន អ្នកអះអាងកម្ពុជាមានហានិភ័យសង្គ្រាមស៊ីវិលឬសង្គ្រាមនឹងរដ្ឋបរទេសស្ទើរតែសូន្យ ទំនងជាមិនបានសិក្សាពីករណីសង្គ្រាមស៊ីវិលជម្រៅទេ។ មានចំណូលទាបនិងកំណើនសេដ្ឋកិច្ចទាប គឺជាសញ្ញាហានិភ័យសង្គ្រាមស៊ីវិល បើបូកនឹងមានប្រជាជនក្មេង ប្រុសច្រើន ដែលក្រឥតការងារធ្វើ  ងាយនឹងកៀងគរជួលធ្វើជាកងឧទ្ទាម ពិសេសគឺមានវត្តមានប្រដាប់អាវុធនិងមានរដ្ឋបរទេសជួយទំនុកបំរុងក្រុមប្រដាប់អាវុធណាមួយនោះ។

តើជាតិសាសន៍មួយតែងយោគយល់ស្រឡាញ់ជាតិសាសន៍ដូចគ្នាមែនទេ? ការណ៍នេះទោះឬមិនពិត វាមិនទាក់ទងនឹងរយៈពេលសង្គ្រាមស៊ីវិល ភស្តុតាងតាមទិន្នន័យសាកល បានរកឃើញថា សង្គ្រាមស៊ីវិលមានរយៈពេលជាមធ្យមយ៉ាងហោចណាស់ក៏ ៧ឆ្នាំដែរ ពោលគឺជាមធ្យមយូរជាងសង្គ្រាមរវាងរដ្ឋនឹងរដ្ឋដល់ទៅ៦ដង (ការសិក្សាដោយ ខូលីយើរ និងសហការី)។ ឯការសិក្សាមួយទៀតដោយអ្នកប្រាជ្ញស្ត្រីពីរនាក់ អេរិខា ឆេណូវេថ  (Erica Chenoweth) និង ម៉ារៀ ស្ទេហ្វឹន (Maria Stephan) ផ្តោតលើចលនាឧទ្ទាមប្រដាប់អាវុធធ្វើសង្គ្រាមស៊ីវិលនឹងរដ្ឋ រកឃើញថា មានរយៈពេលមធ្យមដល់ទៅ ៩ឆ្នាំ ឯចលនាប្រជាជនអហិង្សាទាមទារផ្លាស់ប្តូររបបដឹកនាំ ការលាលែងរបស់មេដឹកនាំ បណ្តេញការឈ្លានពានបរទេសនិងអាណានិគមបែរជាចំណាយពេលជាមធ្យមត្រឹមតែ ៣ឆ្នាំទៅវិញ។ បើគេអះអាងផ្អែកលើជាតិសាសន៍ដូចគ្នាចេះស្រឡាញ់គ្នា ហេតុអ្វីសង្គ្រាមស៊ីវិលយូរជាងនិងបង្កវិនាសកម្មជាងសង្គ្រាមរវាងរដ្ឋ?

លំនាំហិង្សាច្រំដែលនេះ នាំឱយគេអាចប៉ាន់ស្មានបានថា ការបោះឆ្នោតនៅឆ្នាំ២០១៧-១៨ នឹងបង្កបញ្ហាដូចឬជាង២០១៣ ទៅទៀត។ អ្នកអះអាងថា ការបោះឆ្នោតនៅពេលមុខនឹងគ្មានបញ្ហាធំដុំ អាស្រ័យជំនួយការបរទេសនោះ ប្រហែលជាត្រូវពិនិត្យមើលការបោះឆ្នោតឆ្នាំ១៩៩៣ ឡើងវិញ ដែលស្ថាប័នបោះឆ្នោតឯករាជ្យទុកចិត្តបានហើយនៅតែមានរដ្ឋប្រហារកើតឡើងក្រោយមក ចុះទំរាំស្ថាប័នបោះឆ្នោតបច្ចុប្បន្ននៅតែបក្សជាអ្នកដាក់សមាជិក ហើយគណបក្សមួយនៅតែត្រួតត្រាកម្លាំងប្រដាប់អាវុធ ចង់ធ្វើរដ្ឋប្រហារបក្សឈ្នះឆ្នោតពេលណាក៏បាននោះ? ហេតុផលនេះអនុវត្តដូចគ្នាចំពោះអ្នកដែលអះអាងថា គណបក្សផ្សេងៗឈ្នះឆ្នោតអាចចូលកាន់អំនាចបាន ត្បិតក្រោយចាញ់ឆ្នោត គណបក្សដែលមានកម្លាំងយោធាតែងមិនព្រមចាញ់ (រាប់គ្រាប់កាំភ្លើងជំនួសសន្លឹកឆ្នោត), មិនទទួលយកលទ្ធផលឆ្នោត, បង្កើតតំបន់អបគមន៍កាន់កាប់ ឬមិនរំសាយក្រុមប្រដាប់អាវុធមកប្រកួតប្រជែងគ្នាតាមសមត្ថភាពដឹកនាំជាដើម។ អ្នកកាន់អំនាចពិតប្រាកដគឺជាអ្នកត្រួតត្រាកម្លាំងយោធានិងគ្រប់គ្រងអ្នករដ្ឋបាល ប៉ូលីស និងកងសន្តិសុខ មិនមែនអ្នកឈ្នះឆ្នោតទេ ដូចបានជ្រាបហើយបទពិសោធឆ្នាំ១៩៩៣។ បើគេមិនមើលមិនឃើញពីលទ្ធភាពនេះទេ ក៏មិនគ្មានអ្វីប្លែកដែរ ត្បិត ប្រវត្តិសាស្ត្រគឺមេរៀនមិនងាយរៀនចេះ! ប្រវត្តិវិទូអង់គ្លេស អាឡេន ចន ថាយលើរ (A. J. P. Tylor) ក៏អះអាងដែលថា «ដូចអ្នកឯទៀតដែលសិក្សាពីប្រវត្តិសាស្ត្រ លោក [ណាប៉ូឡេអុងទីបី] រៀនពីកំហុសនៅក្នុងប្រវត្តិសាស្ត្រ ដើម្បីប្រព្រឹត្តិកំហុសថ្មីទៀតប៉ុណ្ណោះ។» សម្តីអាចនិយាយជារួមបាន ព្រោះមនុស្សជាច្រើនរៀនប្រវត្តិសាស្ត្រហើយនៅតែត្រូវប្រវត្តិសាស្ត្របង្រៀនវិញ។

កម្ពុជាមានលំនាំប្រវត្តិសាស្ត្រនយោបាយដដែលលើសពីអំពើហិង្សារវាងគ្នាឯង ដូចជា មិនបានរៀបចំស្ថាប័ននយោបាយសំខាន់ៗ (ពិសេសគឺយោធា ដើម្បីកុំឱយបក្សណាមួយអាចប្រើមកបង្ក្រាបឬធ្វើរដ្ឋប្រហារ) ឱយឯករាជ្យពីបក្សនយោបាយ គ្មានយន្តការដោះស្រាយវិវាទដោយសន្តិវិធី មិនប្រើហិង្សា, ចេះតែរំពឹងជំនួយឬអន្តរាគមន៍បរទេស, វប្បធម៌បុគ្គលនិយម ដែលយកវាសនាប្រទេសទាំងមូលឱយផ្អែកលើបុគ្គលតែម្នាក់ ឧ. បច្ចុប្បន្ននៅតែមានខ្មែរជឿលើរបបរាជាធិបតេយ្យ ទោះបីរបបនេះក្រោមរាជកាលស្តេចខ្លះ (មិនមែនគ្មានស្តេចល្អទេ) ធ្លាប់ធ្វើឱយមានចលាចល សង្គ្រាមស៊ីវិល បាត់បង់ទឹកដី ពុករលួយក៏ដោយ ក៏ពួកគេបន្ទោសស្តេចជាជាងរបប។ នេះក៏ដោយសារតែវប្បធម៌បុគ្គលនិយមនាំឱយមើលឃើញថា បុគ្គលកំណត់ជាជាងប្រព័ន្ធកំណត់។ សូមបញ្ជាក់ផងដែរថា នៅក្នុងចំណាត់ក្រុមរបបនយោបាយ រាជាធិបតេយ្យតវង្សត្រកូលគឺជារបបផ្តាច់ការបំផុត។

គួររំឭកថា ប្រជាធិបតេយ្យមិនមែនគ្រាន់តែចាប់ដាក់ ដោយបង្កើតរដ្ឋធម្មនុញ្ញនិងមានការបោះឆ្នោតក៏ទទួលជោគជ័យនោះទេ។ ប្រទេសកំពុងធ្វើប្រជាធិបតេយ្យនីយកម្មអាចវិលត្រលប់ធ្លាក់ចូលក្នុងរបបផ្តាច់ការវិញ បើគេមិនអាចពង្រឹងស្ថាប័នស៊ីវិលឱយមាំទាំនិងស្ថាប័នរដ្ឋនីមួយៗឱយឯករាជ្យ (សភា តុលាការ និងរដ្ឋាភិបាល) ព្រមទាំងគណបក្សនយោបាយឱយមានយន្តការប្រជាធិបតេយ្យក្នុងការជ្រើសរើសប្រធានបក្សនិងវិធានសំរេចចិត្តក្នុងបក្សដូចនៅក្នុងសភាជាអាទិ។ល។ គ្រាន់តែមានរដ្ឋធម្មនុញ្ញនិងការបោះឆ្នោតមិនអាចធ្វើឱយប្រទេសមួយប្រជាធិបតេយ្យនោះទេ ប្រទេសបែបនេះអាចវិលវល់មិនអាចចេញឆ្ងាយពីរបបផ្តាច់ការ ពោលគឺមានធាតុផ្សំនៃរបបប្រជាធិបតេយ្យតែដឹកនាំតាមរបៀបផ្តាច់ការ ដោយសារគ្មានការកំរិតអំនាចរបស់អង្គនីតិប្រតិបត្តិ  មានតែសភាតែមិនដើរ មានតែតុលាការតែមិនឯករាជ្យពីបក្សនយោបាយ។ អ្នកវិទ្យាសាស្ត្រនយោបាយហៅរបបនេះថា របបចំរុះឬកូនកាត់ (Mixed or Hybrid Regime/Anocracy, Sometimes  call electoral authoritarianism របបផ្តាច់ការដែលមានការបោះឆ្នោត)។ ប្រជាធិបតេយ្យនិងផ្តាច់ការជារបបផ្ទុយគ្នា បើលាយលំគ្នានឹងប្រទាញប្រទង់គ្នាយ៉ាងខ្លាំង ករណីខ្លះរបបមួយនៅក្នុងចំណោមពីរនេះមានកម្លាំងជាង ពោលគឺ របបផ្តាច់ការអាចលុបលើ ឬប្រជាធិបតេយ្យលុបលើវិញ តែទោះបីយ៉ាងណាវានៅតែជារបបដែលមិននឹងនរ គ្រោះថ្នាក់ មានហានិភ័យហិង្សា រដ្ឋប្រហារ និងសង្គ្រាមស៊ីវិល។ អ្នកចាត់ទុកកម្ពុជាថាជាប្រទេសប្រជាធិបតេយ្យគឺជាការយល់ច្រលំត្រង់ទ្រឹស្តី ព្រោះសំអាងលើតែមានរដ្ឋធម្មនុញ្ញ, ការបោះឆ្នោត, មានសភា, សេរីភាពសមាគម, សហជីព, សារពត៌មាន, សេរីភាពបង្កើតគណបក្សនយោបាយ។ល។ ពុំអាចធ្វើឱយប្រទេសមួយប្រជាធិបតេយ្យនោះទេ ការអនុវត្តជាក់ស្តែងទើបជាលក្ខណវិនិច្ឆ័យយកជាការបាន ដូចជាកំរិតនៃនីតិរដ្ឋ, ការកំរិតអំនាចក្រុមមេដឹកនាំ (តាមរយៈវិធានសំរេចចិត្តជាក្រុម២/៣ពីសមាជិកសភា), ស្ថាប័ននយោបាយកំពូលមានឯករាជ្យពីគណបក្សនយោបាយ, ការប្រកួតប្រជែងមានការបើកចំហ, ការចូលរួមពីពលរដ្ឋបានទូលំទូលាយនិងផ្ទាល់ពីមូលដ្ឋាន។ ថៃក៏ឋិតនៅក្នុងរបបចំរុះដូចកម្ពុជាដែរ តែលាវ វៀតណាម ភូមា នៅតែកាន់ជារបបផ្តាច់ការនៅឡើយ។ អ្នកវិទ្យាសាស្ត្រនយោបាយពីររូបគឺលោក អេឌវើឌ មែនហ្វៀល្ឌ (Edward D. Mansfield) និង លោក ជេក ស្នាយឌ័រ (Jack Snyder) បានសិក្សានិងរកឃើញភាពទាក់ទងគ្នារវាងអំពីដំណើរប្រជាធិបតេយ្យនីយកម្មនិងសង្គ្រាមរវាងរដ្ឋនឹងរដ្ឋ គឹថា រដ្ឋដែលកំពុងធ្វើប្រជាធិបតេយ្យនីយកម្ម មានហានិភ័យផ្តើមសង្គ្រាមនឹងរដ្ឋដទៃទៀត ពីរភាគបី ទោះរដ្ឋម្ខាងទៀតប្រកាន់របបអ្វីក៏ដោយ។ ការរកឃើញនេះបង្ហាញពីភាពមិនគ្រប់ជ្រុងជ្រោយនៃទ្រឹស្តីសន្តិភាពប្រជាធិបតេយ្យ (Democratic Peace) ដែលចែងថា ប្រទេសប្រជាធិបតេយ្យពីរមិនធ្វើសង្គ្រាមនឹងគ្នា ។ ប្រទេសប្រជាធិបតេយ្យមិនមែនមានកំរិតប្រជាធិបតេយ្យពេញលេញគ្រប់ករណីទេ។ ភាពមិនមន្ទិលនេះហើយដែលអាចបង្កជាសង្គ្រាមរវាងរដ្ឋ ដោយសារអ្នកនយោបាយនៅកំលុងដំណើររដេបរដុបនៃប្រជាធិបតេយ្យតែងព្យាយាមស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតតាមរយៈគ្រប់កលវិធី ដែលក្នុងនោះការធ្វើនយោបាយលើស្មារតីជាតិនិយមដើរតួចំបង ដូច្នេះការធ្វើសង្គ្រាមឬបង្កជម្លោះខ្នាតតូចនឹងរដ្ឋដទៃទៀត ដើម្បីប្រជាប្រិយឈ្នះឆ្នោតឬបន្តអំនាចគឺជាតាក់ទិចនយោបាយដ៏ប្រសិទ្ធភាពមួយដែលពួកគេនិយមអនុវត្ត។ ហេតុនេះហើយ គ្មានអ្វីចម្លែកទេ ដែលថៃកាលពីឆ្នាំ២០០៨ បានផ្តើមបង្កជម្លោះប្រដាប់អាវុធតាមព្រំដែននឹងកម្ពុជាក្នុងគោលបំណងទាក់ទាញការគាំទ្រពីប្រជាជនរបស់ខ្លួន តែមិនទទួលបានជោគជ័យឡើយ ពីព្រោះចលនាប្រជាជនអហិង្សាប្រឆាំងការរំលោភអំនាចរបស់ថាក់ស៊ីន នាឆ្នាំ២០០៦ បានពង្រឹងកម្លាំងប្រជាជន  ជំរុញស្ថាប័នយោធាឯករាជ្យពីបក្សនយោបាយ (យោធាបានដាក់អាវុធចុះ) ធ្វើឱយកំរិតប្រជាធិបតេយ្យថៃលូតលាស់ មិនអាចអ្នកនយោបាយណាមួយប្រើយោធាជាតិនិយមបោកបានតាមអំពើចិត្តឡើយ (ថៃមានចលនាប្រជាជនកើតឡើងញយដែលដាក់សម្ពាធលើគណបក្សនយោបាយមិនឱយធ្វើអ្វីតាមចិត្ត)។ នៅកម្ពុជាវិញ ក៏រុញទូកបណ្តោយទឹក ធ្វើនយោបាយលើស្មារតីជាតិនិយមដូចគ្នា ធ្វើឱយគណបក្សកាន់អំនាចឈ្នះដាច់ក្នុងការបោះឆ្នោតអាណត្តិទី៤ ពីព្រោះហេតុមួយចម្បងក្នុងចំណោមហេតុផ្សេងៗគឺកម្ពុជាជារបបប្រជាធិបតេយ្យអាស្រ័យនាយករដ្ឋមន្ត្រី (ប្រជាធិបតេយ្យក្លែងក្លាយឬសម្បក)។

លំនាំហិង្សាដ៏គួរឱយធុញទ្រាន់នេះ នឹងនៅតែបន្ត ដរាបណាប្រជាជននៅតែរំពឹងលើអ្នកនយោបាយ ជឿថាពួកគេអាចដឹកនាំខ្លួនឱយចៀសពីអំពើហិង្សាបាន។ ប្រវត្តិសាស្ត្រនយោបាយដូចរៀបរាប់ខាងលើ មិនទាន់ឃើញមានអ្នកនយោបាយណាមួយអាចដើរលំនាំផ្សេងនៅឡើយ ប្រជាជននៅតែជាអ្នកដើរពីក្រោយអ្នកនយោបាយ នៅតែរងគ្រោះពីជំហានរបស់ពួកគេ។ បញ្ចៀសហិង្សា តាមរយៈយន្តការប្រជាធិបតេយ្យគឺជាជំរើសប្រសើរមួយ តែប្រជាធិបតេយ្យមិនអាចទៅរួចដោយគ្មានប្រជាជនទេ ហើយក៏មិនមែនគ្រាន់តែជាការបោះឆ្នោតរើសតំណាងដែរ។ ការបោះឆ្នោតគ្រាន់តែការចួលរួមមួយបែបប៉ុណ្ណោះ ការទាមទារបោះឆ្នោតបន្ថែមប្រព័ន្ធឯកត្តនាមលើប្រព័ន្ធសមាមាត្រ, វិសោធនកម្មច្បាប់បោះឆ្នោត ឱយមានការបោះឆ្នោតផ្ទាល់ពីប្រជាជនកាន់តែច្រើន ជ្រើសរើសប្រធានបក្ស, មន្ត្រីមូលដ្ឋាន, បោះឆ្នោតសំរេចចិត្តរឿងបញ្ហាជាតិសំខាន់ៗ ក៏សំខាន់ស្មើការបោះឆ្នោតរើសតំណាងរាស្ត្រដែរ។ល។ ការប្រឆាំងមិនសហការនឹងក្រុមណាមួយតាមដែលមានបំណងទុចរិតចង់ក្តាប់ស្ថាប័នយោធា ដើម្បីគំរាមកំហែង ធ្វើរដ្ឋប្រហារ បង្ក្រាបការតវ៉ា ដូចជា មិនចូលបំរើកងទ័ព, ប៉ូលីស, កងសន្តិសុខ បណ្តោះអាសន្ន ឬបង្ខំសមាជិកគ្រួសារឱយផ្អាកឈប់សុំច្បាប់បណ្តោះអាសន្ន។ ការដកហូតប្រភពអំនាចរដ្ឋ តាមៈកូដកម្ម មិនបន្តការងារដូចជាកម្មករ និយោជិត និយោជក ផ្អាកសកម្មភាពសេដ្ឋកិច្ចបណ្តោះអាសន្ន, ផ្អាកសកម្មភាពសង្គមដោយ សិស្សនិស្សិតមិនទៅរៀន, ព្រះសង្ឃមិនបំរើស្ថាប័នសាសនា, មន្ត្រីរាជការមិនទៅធ្វើការធ្វើឱយប្រព័ន្ធរដ្ឋបាល។ល។ ទាំងអស់ទាមទារការដឹកនាំដោយក្រុមប្រជាជនមានសមត្ថភាព មានយុទ្ធសាស្ត្រ មានផែនការ តាក់ទិចជាច្រើនទៀត ក្នុងការបង្ខំអ្នកនយោបាយឱយធ្វើតាម បើពួកគេចង់បង្កអំពើហិង្សា មិនគោរពច្បាប់រដ្ឋធម្មនុញ្ញ ធ្វើរដ្ឋប្រហារ មិនទទួលយកលទ្ធផលឆ្នោតដែលយុត្តិធម៌និងត្រឹមត្រូវហើយ។ ល្មមដល់ពេលដែលពឹងខ្លួនឯង ធ្វើជាម្ចាស់ខ្លួនឯង អនុវត្តប្រជាធិបតេយ្យដោយខ្លួនឯង ឈប់ដើរតាម តែបង្ខំនិងដឹកនាំអ្នកនយោបាយឱយដើរវិញ។ ដើម្បីដើរចេញពីលំនាំហិង្សានេះ គេត្រូវស្គាល់ថា៖

 «ប្រវត្តិសាស្ត្រគឺជាគ្រូដ៏ល្អបំផុតតែមេរៀនរបស់វាមិនមែននៅលើគោកនោះទេ។»

ខេននេថ ថមសុន (Kenneth Thompson),

អ្នកប្រាជ្ញខាងទំនាក់ទំនងអន្តរជាតិ

Source: VOD

១៦-១៧/១១/១៥

សារៈ​សំខាន់​នៃ​ការ​មិន​ទៅ​បោះ​ឆ្នោត​

គេធ្លាប់តែ​ឮ​ពី​ការ​ឃោសនា​និងការ​​ជំរុញ​ឱយ​ប្រជាជន​ចូល​រួម​បោះ​ឆ្នោត​កាន់​តែ​ច្រើន​ពី​សំណាក់​គណបក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​ ប៉ុន្តែ​វា​ពិត​ជា​ចម្លែក​បន្តិច​​ បើសិន​​មាន​ទស្សនៈ​ផ្ទុយ​ពី​នេះ​ត្រូវ​បាន​ឱយ​ពិន្ទុ​ស្មើ​គ្នា​ដែរ។ ហេតុ​អ្វី​បាន​ជា​ការមិន​ទៅ​បោះ​ឆ្នោត​កំណត់​ទិស​ដៅ​ប្រទេស​ជាតិ​បែរ​ជា​មាន​សារៈ​សំខាន់​ដែរ​ទៅ​វិញ​?

មាន​លក្ខ​ខណ្ឌ​មួយ​ចំនួន​ដែល​នាំ​ការ​បោះ​ឆ្នោត​ទៅ​រក​ដំណើរ​ការ​ដឹក​នាំ​ត្រឹម​ត្រូវ​និង​មាន​ប្រសិទ្ធ​ភាព​៖ ១. ការ​បោះ​ឆ្នោត​ត្រូវ​តែ​ត្រូវ​បាន​រៀប​ចំឱយមាន​សុចរិត​ភាព​ តម្លាភាព​ សេរីភាព​ស្មើៗ​គ្នា​ គ្រប់​បក្ស​នយោបាយ​ គ្មាន​ការ​លួច​បន្លំ​។ ២. កា​រ​បោះ​ឆ្នោត​ត្រូវ​តែ​បង្កើត​បាន​រដ្ឋាភិបាល​ដែល​មាន​ទំនួល​ខុស​ត្រូវ​និង​ការ​ឆ្លើយ​តប​ទៅ​កាន់​ម្ចាស់​ឆ្នោត​។ ៣. ការ​បោះ​ឆ្នោត​ត្រូវ​តែ​បង្កើតបាន​​តុល្យភាព​អំនាច​និង​ការ​ត្រួត​ពិនិត្យ​ ពុំ​មែនអំនាចប្រមូល​​ផ្តុំ​​លើ​អង្គការ​​និតី​ប្រតិបត្តិ​ទាំង​អស់​នោះ​ទេ បក្ស​កាន់​អំនាច​ធ្វើ​អ្វី​ស្រេច​ចិត្ត​ទេ​​។ ៤. ការ​បោះ​ឆ្នោត​ត្រូវ​តែ​កំណត់​ឱយ​បាន​ដាច់​ខាត​ថាគណបក្ស​ឈ្នះ​ឆ្នោត​ត្រូវ​តែ​បាន​កាន់​អំនាច​ គណបក្ស​ចាញ់​ឆ្នោត​ត្រូវ​តែ​ផ្ទេរ​​​អំនាចតាម​សំរួល​​។

នៅ​កម្ពុជា​ មាន​សង្ឃឹម​តិច​តួច​ណាស់​ថា​លក្ខខណ្ឌ​ទាំង​បួន​នេះ​ត្រូវ​បាន​បំពេញ តាម​រយៈ​​ការ​បោះ​ឆ្នោត​។ លក្ខខណ្ឌ​ទី​១ ទោះ​គេ​មិន​ទាន់​​ហ៊ាន​ច្បាស់​ថា​គ. ជ. ប.​ ថ្មី​ ឯករាជ្យ​ឬ​ក៏​អត់ក៏​​ដោយ​ តែ​គេអាច​​ច្បាស់​ថា​ គណបក្ស​ប្រជាជន​នឹង​រក​គ្រប់​កល​ល្បិច​ ដើម្បី​បាន​ឈ្នះ​ឆ្នោតនៅ​អាណត្តិ​ទី​៦ខាង​មុខ​នេះ​​ ព្រោះ​ការ​ចាញ់​ឆ្នោត​អាច​ជា​អវសាន​នៃ​ជីវិត​នយោបាយ​របស់​បក្សនេះ​​។ សូម​កុំ​ភ្លេច​ឱយ​សោះ​ថា​ នៅ​អាណត្តិ​ទី​ពីរ​ ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​តិច​ ក៏​បាន​រដ្ឋ​ប្រហារ​នៅ​ឆ្នាំ​១៩៩៧ ជា​មុន​ការ​ពារ​​កុំឱយ​ចាញ់​ទាន់​។ ទំនោរ​នេះ​អាច​នឹង​លេច​ឡើង​ម្តង​ទៀត​ បើគណ​បក្ស​ប្រជាជន​ចាញ់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ (ពី​ «ក្មេង​វត្តទាត់​ក្មេង​វាំង»​ មក ​«ក្មេង​វត្ត​ទាត់​ក្មេង​ប៉ារីស» ​ម្តង​​)។ ពិត​ណាស់​ គណបក្ស​សង្គ្រោះ​អាង​មាន​រាស្ត្រ​គាំទ្រ​ ដូច​ហ៊ុន​ស៊ិន​ប៉ិចអាង​ជាប់​ខ្សែ​ស្តេចនិង​ឈ្នះ​ឆ្នោត​​​ជំនាន់​នោះ​ដែរ​ គ្មាន​​បាន​ត្រៀម​ទប់​ទល់​ក្នុង​ករណី​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​អ្វី​ទេក្រៅ​ពី​ប្រជាជន​ដែល​គាំទ្រ​​ ដូច្នេះ​ធ្វើ​រដ្ឋ​ប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​​ងាយ​ស្រួល​ជាង​ហ៊ុន​ស៊ិន​ប៉ិច​ឆ្ងាយ​ណាស់​ លុះ​ត្រា​គណបក្ស​សង្គ្រោះ​រៀន​ចេះ​ពី​វិធី​ទប់​ទល់​ប្រហារ​ដោយ​ប្រើ​អំនាច​ប្រជាជន​។​ ​លក្ខខណ្ឌ​ទី២ គឺ​អាស្រ័យ​លើ​លក្ខខណ្ឌ​ទី​១ ​បើ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ប្រក្រតី​ នោះ​រដ្ឋាភិបាល​នឹង​ពង្រឹង​ទំនួល​ខុស​ត្រូវរបស់​​ខ្លួន​ ដើម្បីអាច​​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ទៀត ព្រោះ​គ្មាន​ផ្លូវ​ផ្សេង​ ដូច​ជា​លួចឆ្នោត​ឬ​រដ្ឋ​ប្រហារ​ទេ​។ ផ្ទុយ​ទៅ​វិញ​ រដ្ឋាភិបាល​មាន​ការ​កែ​ប្រែ​តិច​តួច​ប៉ុណ្ណោះ​ បើ​ពួក​គេ​អាច​បង្វិល​លទ្ធ​ផល​​ឆ្នោត​បាន​​តាម​ចិត្ត​។ លក្ខ​ខណ្ឌ​ទី​៣ នៅ​ពេល​រចនាសម្ពន្ធ​អំនាច​ប្រមូល​ផ្តុំ​ ពោល​គឺ​មេ​បក្ស​ឬ​នាយក​រដ្ឋ​មន្ត្រី​មាន​អំនាច​ផ្តាច់​មុខ​ ​​ការ​បោះ​ឆ្នោតគ្រាន់​តែ​ជា​សេរី​ភាព​ជ្រើស​រើស​ជន​ផ្តាច់​ការតែ​ប៉ុណ្ណោះ​ ពោល​គឺ​​ ប្រជាធិបតេយ្យ​អាស្រ័យ​នាយករដ្ឋ​មន្ត្រី​។ ឧបមា​ថា​​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ទៅ​ចុះ​​ ក៏​ពួក​គេ​ទំនង​ជា​មិនកែ​ទំរង់​ស្ថាប័ន​​រដ្ឋ​សំខាន់ៗ​នា​នា ដូច​ជា​ ស្ថាប័ន​យោធា​និង​តុលាការ​​ ឱយ​ឯករាជ្យ​ដាច់​ពី​បក្ស​នយោបាយ​របស់​ខ្លួន​នោះ​ដែរ​ គឺ​ពួក​គេ​មាន​តែ​បន្ត​មត៌ក​អំនាច​មជ្ឈការ​​នេះ​បន្តពី​អ្នក​នយោបាយ​មុនៗ​ជា​ជាង​​។ យើង​អាចមើល​ឃើញ​សញ្ញាណអំនាច​ប្រមូល​ផ្តុំ​នេះ​ខ្លះៗ​ហើយ​ តាម​រយៈ​ការ​​ទាម​ទារ​រូប​មន្ត​ ៤ ៤ ១ ក្នុង​ការ​កំណត់​ចំនួន​សមាជិក​ គ. ជ. ប. ថ្មី​ គឺ​ថា គណបក្ស​ប្រឆាំង​ទំនង​ជា​មាន​ចេតនា​ចង់​ក្តាប់​ គ. ជ. ប. បន្ទាប់​ពី​យក​ឈ្នះ​គណបក្ស​ប្រជាជនបាន​​ ស្រប​ពេល​ពួក​គេ​គិតថា​​ខ្លួន​នឹង​ឈ្នះ​ឆ្នោត ហើយ​បួនៗ​ម្នាក់​នោះ​នឹង​ក្លាយ​ជា​ ៨ ១ ផង​ក៏មិន​​ដឹង ត្បិត​ពួក​គេ​នីមួយៗមិន​ទាម​ទារ​ឱយ​គ. ជ. ប. មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​នោះ​ទេ​ បែរ​ជា​នៅ​តែចង់​បាន​មាន​សមាជិកបក្ស​ខ្លួន​នៅ​ក្នុង​សមាសភាព​ដូចគ្នា​ និង​ថែម​ទាំង​ចង់​បាន​ទូរ​ទស្សន៍​របស់​បក្ស​ទៀត​ ពុំ​មែន​ទូរទស្សន៍​ឯករាជ្យពី​បក្ស​នយោបាយ​ឡើយ​​​​​​។ នេះ​នៅ​មិន​និយាយ​ពី​រចនាសម្ពន្ធ​បក្សមិន​មាន​ប្រជាធិបតេយ្យ​​ដែល​សមាជិក​ហាក់​ដូច​ជា​គ្មានអំនាច​សំរេច​ចិត្ត​សោះ​ ទើប​ត្រូវ​រក​អន្តរាគមន៍មេ​បក្សឱយ​ដោះ​ស្រាយ​ជម្លោះ​រវាង​សមាជិក​គ្នាឯង​ ជាជាង​សមាជិក​មាន​អំនាច​បោះ​ឆ្នោត​ទម្លាក់​សមាជិក​ដែល​សង្ស័យ​ថា​មាន​ភាព​មិន​ប្រក្រតី​នោះ ពោល​គឺ​មេ​បក្ស​មាន​អំនាច​ផ្តាច់​ការ​លើ​សមាជិក​​​។​​ ​ លក្ខខណ្ឌ​ទី​៤ ពេល​ដែល​អំនាចពិត​ប្រាកដ​ពោល​គឺ​ចំនួន​មនុស្ស​និង​ស្ថាប័ន​ដែល​គោរព​តាម​បញ្ជា​ ​នៅ​តែ​ឈរ​ខាង​​គណបក្ស​ប្រជាជន​ទាំង​អស់​ គណបក្ស​ប្រឆាំង​ទោះឈ្នះ​ឆ្នោត​ក៏​ដោយ​ ក៏​ប្រហែល​ដូចជា​​គណបក្ស​ហ៊ុនស៊ិនប៉ិច​កាល​ពី​ឆ្នាំ​១៩៩៣អ៊ីចឹងដែរ​ ជាប​ក្ស​កាន់​អំនាច​ មាន​តែ​ឈ្មោះ​​ឈ្នះ​ឆ្នោត​ប៉ុណ្ណោះ​ តែ​អំនាច​ពិត​ប្រាកដ​នៅ​តែ​របស់​គណបក្ស​ប្រជាជន ពោល​គឺ​យោធា​ កង​សន្តិសុខ​ ពួក​ការិយាធិបតេយ្យ។ល។ មិន​ឋិត​ក្រោម​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​​គណបក្ស​ប្រឆាំង​ឡើយ តែ​គឺ​នៅ​តែ​ក្រោមបញ្ជា​គណបក្ស​ប្រជាជនដដែល​​​ បើ​ហ៊ានក្បដអាច​នឹង​រស់​មិន​បាន​សុខ​។ ជា​ពិសេស​​ បើ​តាម​ការ​រំលោភ​បំពាន​រដ្ឋ​ធម្មនុញ្ញ​ ជា​ច្រើន​មាត្រា​ (ទោះ​មួយ​ចំនួន​តូច​គោរព​ក៏​ដោយ​) និង​ការ​មិន​គោរព​ច្បាប់​ផ្សេងៗ​ទៀត​ជា​ទូទៅ​ ស្តែង​ចេញ​តាម​រយៈ​ការ​ជ្រែត​ជ្រែក​អំនាច​តុលាការ ធ្វើ​រដ្ឋ​ប្រហារ​ គ្រប់​គ្រង ​គ. ជ. ប. បង្ក្រាប​បាតុកម្ម​ បំបិត​សិទ្ធិ​សេរី​ភាពនយោបាយ​​ប្រជាជនដែល​ត្រូវ​បាន​ធានាការ​ពារ​​ដោយ​រដ្ឋ​ធម្មនុញ្ញ​ និង​គ្មាន​យន្ត​ការ​ឬ​ភាគី​ណា​​បង្ខំបក្ស​កាន់​អំនាច​ បើ​​ចាញ់ឆ្នោត​ឱយ​ត្រូវ​តែ​​ផ្ទេរ​អំនាច​តាម​ច្បាប់​ ​គេមាន​សង្ឃឹម​តិចតួច​ស្តួច​ស្តែង​បំផុត​ថា​ គណបក្ស​ប្រជាជន​នឹងផ្ទេរ​​ពី​អំនាចតាម​សំរួល​​ ក្រោយពេល​​ចាញ់​ឆ្នោត​។

លក្ខខណ្ឌ​ទាំង​៤នេះ​ស​ឱយ​ឃើញ​ថា​ ការ​បោះ​ឆ្នោតមិន​បាន​កែ​ប្រែ​អ្វី​ជា​ដុំ​កំភួន​ទេ​​ ប្រជាធិបតេយ្យ​នៅ​តែ​កាន់​អំនាច​ដោយ​អ្នក​នយោបាយ​ជា​ជាង​ប្រជាជនគ្រប់​គ្រង​អ្នក​នយោបាយ​​។ បើ​ការ​បោះ​ឆ្នោត​កែ​ប្រែ​អ្វី​មិន​បាន​ទៅ​ហើយ​ ច្បាប់​បោះ​ឆ្នោត​ថ្មី​ក៏​អាក្រក់​ទៀត​ តើ​ទៅ​បោះ​ឆ្នោត​មាន​ន័យ​អ្វី? ការ​ទៅបោះ​ឆ្នោត​បង្គ្រប់​កិច្ច​ ឬសំរាប់​សង្គម​ស៊ីវិលអង្កេត​ការណ៍​​ប្រថាប់​ត្រា​ មិន​ត្រឹម​តែ​ជួយ​អ្វី​បាន​ទេ​ មាន​តែ​ធ្វើ​គណបក្ស​កាន់​អំនាច​នៅ​តែ​បាន​ដៃ​ ទទួល​បាន​កា​រសហការ​ អាច​ប្រព្រឹត្ត​ទៅ​តាម​ដំណើរ​ អាច​ធ្វើ​មិន​ដឹង​មិន​ឮ​រាល់​ការ​តវ៉ាបាន​ដដែល​។ ​ការ​បោះ​ឆ្នោតនិង​អង្កេត​ការណ៍​តាម​ធម្មតា​គឺ​បញ្ជាក់​ថា​ច្បាប់​បោះ​ឆ្នោត​ថ្មី​ត្រឹម​ត្រូវ​ស្រប​ច្បាប់និង​គ. ជ. ប. ឯករាជ្យ​​ គ្មាន​ការ​លួច​បន្លំ គឺ​ជា​​ការ​សហការ​ជួយ​បំពេញ​គម្រោង​របស់​បក្ស​កាន់​អំនាច​ដោយ​ប្រយោល​​​។ ផ្ទុយ​ទៅ​វិញ​ បើ​ប្រជាជន​​​មាន​ចំនួន​គ្រប់​គ្រាន់​ក្នុង​ការ​បន្ថយ​សម្លេង​ឆ្នោត​កុំ​ឱយ​គ្រប់​ចំនួន​កៅអី​ និង​សង្គម​ស៊ីវិលធ្វើ​ពលិការ​ នោះការ​បោះ​ឆ្នោត​នឹង​មិន​អាចដំណើរ​​ការបាន​ គ្មាន​ការ​សហការ​បោះ​ឆ្នោត​គឺ​គ្មាន​សន្លឹក​ឆ្នោត​ដើម្បី​រាប់​ គ្មាន​ការ​អង្កេត​ការណ៍​គឺ​គ្មាន​សាក្សី​ បើ​ចេញលទ្ធភាព​ទាំង​មណ្ឌល​បោះ​ឆ្នោត​ជា​ច្រើន​ស្ងាត់​ជ្រៀប​ នឹង​ស្តែង​ពី​ភាព​ប្រក្រតី​នៅ​នឹង​ភ្នែក​ រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត​នឹង​បាត់​បង់​ភាព​ស្រប​ច្បាប់​ដោយ​ស្វ័យ​ប្រវត្តិ​។ ជា​លទ្ធ​ផល​​ គ្មាន​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ពី​សំណាក់​អន្តរជាតិ​ ដាច់​ជំនួយ គ្មាន​ភាព​ស្រប​ច្បាប់​កាន់​អំនាច​ ប្រជាជន​មិន​សហការ​​ ដោយ​មិន​ធ្វើ​ការ​បំរើ​រដ្ឋ​ រដ្ឋាភិបាល​នឹង​គាំង​ទៅ​មុខ​មិន​រួច​ទេ​ បើ​មិន​​ធ្វើ​តាម​ការ​ចង់​បាន​របស់​ប្រជាជន​​។ នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​ការ​បោះ​ឆ្នោត​គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ ការ​មិនទៅ​​បោះ​ឆ្នោត​នឹង​កែ​ប្រែ​ស្ថាន​ភាព​នេះ​ បើ​គេ​​មាន​ផែន​ការ​ យុទ្ធសាស្ត្រ កល​យុទ្ធ​មិន​សហការ​ដទៃ​ទៀត​ អនុវត្ត​ដោយ​​ចំនួន​ច្រើន​គ្រប់​គ្រាន់នៃប្រជាជន​និង​ភាគីពាក់​ព័ន្ធ​​​​ ​ មាន​​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំងនា​នា​ ទប់​ទល់​នឹង​ស្ថាប័ន​បោះ​ឆ្នោត​មិន​ឯករាជ្យ​ឬ​ច្បាប់​បោះ​ឆ្នោត​ថ្មីមិន​ស្រប​ច្បប់​រដ្ឋ​ធម្មនុញ្ញ​​​​​ផងដែរ​​៕​​​

ប្រហែល​ ១:០០-៣:២៩ យប់​, ១០/០៥/២០១៥