លោក​ ជីន​ ហ្សាប​ អ្នក​ជំនាញ​ឯកទេស​ខាង​សកម្ម​ភាព​អហិង្សា​ បាន​ទទួល​មរណភាព​ហើយ​នៅ​ថ្ងៃ​ទី​២៨ មករា​ ២០១៨

93c236_6ca10fbb85cf4cde81c3ab7ec4fb6a3c_mv2

Gene Sharp, US scholar whose writing helped inspire Arab Spring, dies at 90

https://www.theguardian.com/world/2018/jan/30/gene-sharp-dead-arab-spring-political-scientist

Gene Sharp, advocate for nonviolent resistance, dies at 90

http://abcnews.go.com/International/wireStory/gene-sharp-advocate-nonviolent-resistance-dies-90-52710416

Gene Sharp, Lifelong Advocate Of Nonviolent Resistance, Dies At 90

http://www.wbur.org/news/2018/01/30/gene-sharp-ruaridh-arrow

Gene Sharp, advocate for nonviolent resistance, dies at 90

https://www.howtostartarevolution.org/single-post/GeneSharpObituary

 

 

​ធ្វើ​ដូច​ម្តេចដើម្បី​ឱយ​កូដកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​កម្មករ​ជោគ​ជ័យ​​​ ​

Turn to Violence

កូដកម្មជា​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធ​ភាព​ជាង​គេ​ ​ដើម្បី​​ទាម​ទារ​ដំឡើង​ប្រាក់ខែ​​ សូម្បី​តែ​ពេល​ករណី​កូដកម្ម​នោះ​​បរាជ័យ​ ក៏ការ​ទាម​ទារ​សំរេច​បាន​ខ្លះៗ​ដែរ​។ ​នៅ​ក្នុង​បទ​សម្ភាស​ដោយ RFI​ ​នៅ​ថ្ងៃទី​១៣ ខែ​មិថុនា​ ២០១៥​ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជានិង​ប្រធាន​សហជីព ស៊ីខាវឌូ បាន​មើល​ឃើញ​ពី​ប្រសិទ្ធ​ភាព​នៃ​កូដកម្មថា​​ ការ​ចរ​ចា​តែ​មួយមុខ​​មិន​អាច​នាំ​ទៅ​រក​ការ​ដំឡើង​ប្រាក់​ខែនោះ​ទេ​​ បើ​​គ្មាន​កូដកម្ម​ ការ​ពលី​ ការ​តវ៉ា​របស់​កម្មករ​ ពោល​គឺ​កូដកម្ម​មាន​ប្រសិទ្ធ​ភាព​ជាង​ការ​ចរចា​ មាន​កូដកម្ម​ ទើប​មាន​ការ​ដំឡើង​ប្រាក់​ខែ​។ មូល​ហេតុ​មួយចំនួន​​ដែល​ប្រាក់​ខែរបស់​កម្មករ​កើន​ឡើង​លឿន​ជាង​​របស់​គ្រូ​បង្រៀន​ ពី​ព្រោះ​កម្មករ​ធ្វើ​កូដកម្ម​ រយៈ​ពេល​យូរ​និង​មាន​អ្នក​ចូល​រួម​ច្រើន​ ព្រម​ទាំង​ហ៊ាន​ប្រឈម​របស់​ភ្នាក់​ងារ​បង្ក្រាប​ផង​ដែរ​ ឯ​ខាង​គ្រូ​បង្រៀន​វិញ​ ធ្វើបាតុកម្ម​ តែ​មិនធ្វើ​​កូដកម្ម​ (នៅ​​បន្ត​បង្រៀន​) ធ្វើ​តែ​ក្នុង​រយៈ​ខ្លី​និង​មាន​អ្នក​ចូល​រួម​តិច​។ នេះ​មានន័យថា​ តាក់​ទិចធ្វើ​ការ​ទាម​ទារ​, ចំនួនអ្នក​អនុវត្ត​និង​គុណ​ភាព​តាក់​ទិច, រយៈ​ពេល​ប្រតិបត្តិ​ការឬ​ភាព​ក្រាញ​ននៀល​, មាន​ឥទ្ធិ​ពល​ក្នុង​ការ​កំណត់​ពី​លទ្ធ​ផល​បាតុកម្ម​​។​

បើ​ការ​ចរចា​អាច​ដោះ​ស្រាយ​គ្រប់​បញ្ហា​បានមែន​​ ម្ល៉េះ​សម​ពិភព​លោក​ពុំ​ដែល​មាន​អំពើ​ហិង្សា​ សង្គ្រាម​ រដ្ឋ​ប្រហារ​ អន្តរាគមន៍​យោធា​នោះ​ឡើយ ត្បិត​គ្រាន់​តែ​និយាយ​គ្នា​ទៅ ​អាច​ដោះ​ស្រាយ​បាន​ហើយ​។ ការ​ឱយ​តម្លៃ​ខ្លាំង​ពេកលើ​ការ​ចរចា​អាច​កើត​ចេញពី​​​សម្មតិកម្ម​ឆ្គាំ​ឆ្គង​មួយ​ចំនួន ដូចជា​ ភាគី​ចរចាទទួល​យក​ហេតុ​ផល,​ ការ​ជជែកគ្នា​​​នឹង​នាំ​ឱយ​​ភាគីដែល​មាន​​សំអាង​មិន​ច្បាស់​លាស់​និងមិន​​ត្រឹម​ត្រូវ​ព្រម​ទទួល​យក​សំអាង​ដែល​ល្អ​ប្រសើរ​ជាង​, ការ​ចរចា​បន្ថយ​អំពើ​ហិង្សា​រវាង​ភាគី​ចរចា​, ភាគី​ចរចា​តែង​គោរព​​កិច្ច​ព្រម​ព្រៀង​, ភាគី​ចរចា​តែង​ស្មោះ​ត្រង់​នឹង​គ្នា។ល​។ ការ​ចរចា​ឬ​លទ្ធ​ផល​នៃ​ការ​ចរចា​ផ្អែកស្ទើរ​តែ​ទាំង​ស្រុងទៅ​លើ​អំនាចនិង​សមត្ថភាព​​​របស់​ភាគីនីមួយៗ​ ពោល​គឺ​ ​​​ភាគីដែល​​មាន​អំនាច​ជាង​​តែង​មាន​ឱកាស​សំរេច​បានតាម​បំណង​​និង​ការ​អនុវត្ត​តាម​ការ​ទាម​ទារជាង​ ឯ​ភាគី​ដែល​មាន​អំនាច​តិច​ជាង​តែង​មាន​សង្ឃឹម​តិច​។ ​ភាគី​មាន​អំនាច​ជាង​នឹង​មិន​​ទទួល​យក​ហេតុ​ផល​ណា​មួយ​ដែលមិន​បំរើ​ប្រយោជន៍ពួក​គេនោះ​ទេ​​​ ​ទោះ​បី​ហេតុ​ផល​នោះ​ត្រឹម​ត្រូវ​ក៏​ដោយ​ ហើយ​ពួក​គេ​ក៏​អាច​ក្បត់​ពាក្យ​សន្យា​គ្រប់​ពេល​ ឱយ​តែ​ភាគី​ម្ខាង​ទៀត​​អស់​មាន​អំនាច​បង្ខំ​ពួក​គេ​ឱយ​គោរព​តាម​សន្យា។ ដូច្នេះ​ ការ​បញ្ឈប់​កូដ​កម្មរបស់​ក្រុម​ណា​មួយ​​ដែលពឹងផ្នែក​លើ​​វិធីនេះ​ដើម្បី​​ដាក់​សម្ពាធលើ​គូ​ប្រជែង​ គឺ​ជា​ការ​សម្លាប់​ខ្លួន​ឯង​ ព្រោះ​ធ្វើ​បែប​នេះ​នឹង​សម​តាម​បំណង​ភាគី​ម្ខាង​ទៀត​ ដែល​ខ្លាច​និង​ពិបាក​ទប់​ទល់​នឹង​កូដកម្ម​ ហើយ​ធ្វើ​ឱយ​បាត់​បង់​តុល្យភាព​អំនាច​ ដែល​ភាគី​ម្ខាងបញ្ឈប់​កូដកម្ម​ តែ​ភាគី​ម្ខាង​ទៀត​បែរ​ជា​​នៅ​តែបន្ត​​ប្រើ​ហិង្សា​។​​​ ទោះ​បី​ភាគី​មាន​អំនាច​សន្យា​យ៉ាង​ម៉េច​ក៏​ដោយ​ (ទោះ​មាន​លាយ​លក្ខណ៍​​អក្សរឬ​អត់​​) ដរាបណា​​កិច្ច​ព្រម​ព្រៀង​មិន​ទាន់​បាន​បំពេញ​គ្រប់​ជ្រុង​ជ្រោយទេ​​ បញ្ឈប់​កូដកម្ម​គឺជា​ការ​ជំរុះឧបសគ្គ​​ឱយភាគី​ដែល​មានអំនាច​ ​មិន​គោរព​តាមសន្យា​​។

ការ​អះ​អាងណា​មួយ​​ដែល​ថា ដោយ​សារកូដកម្ម​ទើប​នាំ​ឱយ​កម្មករ​ស្លាប់​និង​របួស​ ឬ​ថា​ផ្អាក​កូដកម្ម​ដើម្បី​បន្ថយអំពើ​ហិង្សា​​ គឺ​ប្រកប​ដោយ​កំហុស​ឆ្គង​និង​​ការ​យល់​ច្រលំ៖​​ ទី១ ​មិន​មែន​ភាគី​កម្មករទេ​ដែល​ផ្តើម​អំពើ​ហិង្សា​ តែ​គឺភ្នាក់​ងារ​បង្ក្រាបដែល​បង្ក​ឱយ​មាន​មរណភាព​និង​របួសខាង​កម្មករ ត្បិត​ធម្មតា​ភាគី​ខ្សោយ​កំរ​ហ៊ាន​វាយ​ភាគី​ខ្លាំង​ណាស់​ លុះ​ណា​តែ​មាន​ជន​បង្កប់​​​​​។ ទី​២ កូដកម្មដោយ​សន្តិ​វិធី​ត្រូវ​បាន​ធានា​ដោយ​​រដ្ឋ​ធម្មនុញ្ញនិង​ច្បាប់​ការ​ងារ​ ​ មិន​មែន​អាជ្ញាធរ​នៅ​លើ​ច្បាប់​អាច​បង្ក្រាប​ដោយ​សេរី​​​​ ហើយ​បន្ទោស​អ្នកធ្វើ​​កូដកម្ម​ទេ,​ ​ហិង្សា​របស់​អាជ្ញាធរលើ​ប្រជាជន​ស្លូត​ត្រង់​ដែល​មិន​បាន​ប្រើ​ហិង្សា​ក៏​ខុស​ច្បាប់​​ ឯ​​ហិង្សា​របស់​កម្មករក៏​ខុស​ច្បាប់​​​។ ទី​៣ កម្មករ​ប្រុសៗ​ខ្លួន​ឯង​ទៅ​ប្រឈម​នឹង​ភ្នាក់​ងារ​បង្ក្រាប​ដែល​បំពាក់​ដោយ​អាវុធ​និង​មាន​ការ​ហ្វឹក​ហាត់​ខាង​បង្ក្រាប​បាតុកម្ម​ នេះ​បង្ហាញ​ពី​កំសោយ​នៃ​ការ​បណ្តុះ​បណ្តាល​ ​ពង្រឹង​វិន័យ គ្រប់​គ្រង​​​កម្មករ​ ក្នុង​ពេល​​ធ្វើ​កូដកម្ម​និង​បង្ហាញ​ពី​ចន្លោះ​ប្រហោង​របស់​សហជីពផង​ដែរ​​។ មិន​តែប៉ុណ្ណោះ​​​ ក្នុង​ចំណោម​ពួក​គេមាន​អ្នក​​ប្រើ​ហិង្សា​លើ​សម្បត្តិ​ឯក​ជន​ ដែល​ការណ៍​នេះ​ជំរុញឱយ​អាជ្ញាធរ​មាន​លេសចោទ​ប្រកាន់​និង​បង្ក្រាបជា​ដើម។ ពួក​គេ​បាន​​​​តប​ត​នឹង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ដោយ​ដុំ​ថ្ម​និង​កាន់​ដំបង​ជា​ដើម​នោះ​ ​រដ្ឋ​ស្វាគមន៍​បំផុត​ ពី​ព្រោះ​​ហិង្សា​គឺ​ជា​អ្វី​ដែល​ភ្នាក់​ងារ​បង្ក្រាប​​ប៉ិន​ប្រសប់ ហើយ​វាជួយ​ឱយ​រដ្ឋ​អំនាច​ទទួល​បាន​ភាព​ស្រប​ច្បាប់​ក្នុងការ​​រក្សាសន្តិ​សុខ​សាធារណៈ​ពី​អំពើ​ហិង្សា​ណា​មួយ​​​​។ កុំ​ថា​ដល់ប្រតិកម្ម​ហិង្សាកំរិត​ធ្ងន់​​ ត្រឹម​តែកាន់​​វត្ថុតូច​តាចដែល​អាច​បង្ក​​ហិង្សា​បាន ​ក៏​អាជ្ញាធរ​នឹង​យក​ភស្តុតាង​នោះ​មក​សំអាង​បើក​ការ​បង្ក្រាប​ដែរ​។ អំពើ​ហិង្សា​មាន​ឥទ្ធិពលអវិជ្ជមាន​​ក្នុងការ​​បង្វែរ​មតិ​សាធារណៈ​ ដូច​នៅ​ពេល​អាជ្ញាធរ​បង្ក្រាប​ មហាជន​នាំ​គ្នា​ថ្កោល​ទោស នាំ​ឱយ​គេ​សន្និដ្ឋាន​ថា​​ ការ​ទាម​ទារ​របស់​កម្មករ​​​ត្រឹម​ត្រូវ​ដោយ​ស្វ័យ​ប្រវត្តិ ​គឺ​មក​ពីត្រឹម​​ត្រូវ​ទើប​​ត្រូវ​គេ​​បង្ក្រាប​​​។ ចំពោះ​កម្មករ​ក៏​ដូច​គ្នា​ នៅ​ពេល​ប្រើ​ហិង្សា​លើ​ទ្រព្យ​សម្បត្តិ​​ឯក​ជន​ និង​តប​ត​ទៅ​អាជ្ញាធរ​ នាំ​ឱយគេ​​បំភ្លេច​ពី​មូល​ហេតុ​ដែល​កម្មករ​វាយ​កំទេច​របស់​របរ​ទាំង​នោះ ​បែរ​មក​ចាប់​អារម្មណ៍​លើ​អំពើ​ហិង្សារបស់​កម្មករ​នោះទៅ​​វិញ​ ចំណែក​ឯ​នៅ​ពេល​ពួក​គេ​តប​ត​នឹង​អាជ្ញាធរវិញ​ ​​សាធារណជន​សង្ឃ័យ​ថា​ កម្មករ​ជា​អ្នក​ផ្តើម​អំពើ​ហិង្សា​។ ទី​៤ ការ​ផ្អាក​បាតុកម្ម​ឬ​កូដកម្ម​ពុំ​មែនបន្ថយ​អំពើ​ហិង្សា​ឡើយ​​​ ត្បិត​​អ្នក​ធ្វើ​បាតុកម្ម​មិន​មែន​អ្នក​ប្រើ​ហិង្សា​ ផ្ទុយ​ទៅ​វិញ​វា​បែរ​ជា​អញ្ជើញ​ភាគី​ហិង្សា​នោះ​ឱយ​កាន់​តែ​ប្រើ​អំពើ​ហិង្សាទៅ​វិញ​​ ព្រោះដរាបណា​​ការ​បង្ក្រាប​មាន​ប្រសិទ្ធ​ភាពសម​បំណងបញ្ឈប់​​បាតុកម្ម​ គេ​នៅ​តែ​បង្រ្កាប​។ គ្មានភាគី​ណា​ល្ងង់​ដល់​ថ្នាក់​បោះ​បង់​ចោល​តាក់​ទិច​ដែល​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​ លុះ​ណា​តែ​វា​ត្រូវ​បានបង្ហាញ​ថា​អប្រសិទ្ធ​ភាព​និង​​ប្រឆាំងបាន​ជោគ​​ជ័យ​​ដោយ​តាក់​ទិច​ពី​ភាគី​ម្ខាងទៀត​​​​។ គេ​កាត់​បន្ថយ​អំពើ​ហិង្សា​ដោយ​ធ្វើ​ឱយ​អ្នក​បង្ក​ហិង្សា​ មិន​អាច​បន្ត​ប្រើ​ហិង្សា​បន្តទៀត​ មិន​មែន​ដោយ​ព្រម​ចុះ​ចាញ់​នឹង​អំពើ​ហិង្សា​នោះ​ទេ​​។

មូលហេតុចម្បង​មួយ​​​ដែល​ចេះ​តែ​នាំ​ឱយ​គេ​ឆាប់​វាយ​តម្លៃ​ពីបរាជ័យ​ ​ភាព​គ្មានផ្លែ​ផ្កា​ និង​អប្រសិទ្ធ​ភាព​នៃ​បាតុកម្ម​ គឺព្រោះ​​កង្វះ​​ការ​យល់​ដឹង​ពី​ដំណើរ​ការប្រព្រឹត្តទៅ​​​ ភាព​សម​ហេតុ​ផល​ តាក់​ទិច​ កត្តា​ជោគ​ជ័យនៃ​បាតុកម្ម​នេះ​តែ​ម្តង​។ ​សូម្បី​តែ​ពេល​បាតុកម្ម​បរាជ័យក៏​ប្រសិទ្ធ​ភាព​​របស់​វាជះ​ឥទ្ធិពល​លើ​ការ​ចរចាដែរ​​ ផ្ទុយ​ទៅ​វិញ​ គេ​បែរ​មើល​ឃើញ​ថា​ពី​ព្រោះ​ការចរចា​ទើប​សំរេច​លទ្ធ​ផល​​។ បើ​គ្រាន់​តែ​ចរចា​ដោះ​ស្រាយ​បញ្ហា​បាន​ ហេតុ​អ្វី​​គេ​ចាំ​បាច់​ចំណាយ​ពេល​និង​ពល​កម្មធ្វើ​បាតុកម្ម​​ធ្វើ​អ្វី​ ត្បិត​និយាយ​គ្នា​ប៉ុន្មាន​ម៉ោងទៅ​រួច​ជា​ស្រេច​។ បើ​ភាគី​មាន​អំនាច​ទទួល​យក​ការ​ទាម​ទារឬ​ហេតុ​ផល​​ដោយ​គ្រាន់​តែ​ចរចា​ ហេតុ​អ្វី​​បង្ក្រាប​? បរាជ័យ​នៃ​បាតុកម្ម​មួយ​ពុំ​មែន​ជា​បរាជ័យ​ចុង​ក្រោយ​បង្អស់​ឡើយ​ គឺ​ថា​ភាគី​ម្ខាង​ទៀត​នៅ​តែ​បារម្ភ​ពី​ការ​លេច​ឡើង​ជា​ថ្មី​នៃ​បាតុកម្ម​ ព្រោះ​គេ​មិន​ដែល​អាចបង្ក្រាប​ ឬ​មាន​លុយ​ជួល​កង​សន្តិសុខ​​ឱយ​បង្ក្រាប​បាតុកម្ម​ គ្រប់​ពេល​វេលា​ គ្រប់​ទី​កន្លែង​ គ្រប់​បាតុករ​នោះ​ទេ​។ គេ​អះ​អាង​ថា​ បាតុកម្ម​ផលិត​លទ្ធ​ផល​យឺត​ ទោះ​បី​ការ​ដំឡើង​ប្រាក់​ខែ​កើនឡើង​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​មាន​បាតុកម្មក៏​ដោយ​។​ ទស្សនៈ​ខុស​មួយ​ទៀត​គឺ​ទាល់​តែ​វិធី​ហិង្សា​ទើបហុច​ផល​ភ្លាម​​​ៗ​ ដែល​មើល​រំលង​ពី​រយៈ​ពេល​ច្រើន​ឆ្នាំ​ដែល​សង្គ្រាម​ស៊ីវិល​នៅលើ​​សាកល​លោកបាន​ផ្តើម​តែ​មិន​ងាយ​បញ្ចប់​។ គេ​អះ​អាង​ថា​ មកពី​​បាតុកម្ម​ជំរុញ​ឱយមាន​​មនុស្ស​ស្លាប់ ​​ឬថា​បាតុកម្ម​មិន​​មែន​ជា​វិធី​មាន​ភាព​ចាស់​ទុំ​ខាង​នយោបាយ​ តែ​គេ​មិន​ដែល​ថា ​សង្គ្រាម​គ្មាន​ប្រសិទ្ធ​ភាពនោះ​ទេ​ ទោះ​បី​វា​សម្លាប់​មនុស្ស​ប៉ុន្មាន​នាក់​ ក៏​រដ្ឋ​មិន​ព្រម​បោះ​បង់​សោះ​ឡើយ​កម្លាំង​ហិង្សា គេ​នៅ​តែ​ថា​វិធី​ហិង្សា​មាន​ប្រសិទ្ធ​ភាព​ជាង​វិធី​ផ្សេង​ទៀត​។ ​ទោះ​បី​វិធី​ចាស់​ទុំឬ​សុភាព​បុរស​​ ដូច​ជា​ ការ​ចរចា​ មិនហុច​លទ្ធផល​​ប៉ុន្មាន​ករណី​ក៏​គេ​មិន​ដែល​សន្និដ្ឋាន​យក​តែ​ម្តង​ថា​ ការ​ចរចា​ជា​វិធី​អប្រសិទ្ធភាព​ដែរ​។ មាន​តែ​បាតុកម្មប៉ុណ្ណោះ​​ដែល​គេ​ឆាប់​សន្និដ្ឋាន​ដល់​ម្លឹង​។ ​ពេល​​ធ្វើ​សង្គ្រាម​ គេ​ត្រៀម​គ្រប់​យ៉ាង​ សព្វាអាវុធ ការ​ហ្វឹក​ហាត់​គ្រប់​របៀប​ ការ​កសាង​មូលដ្ឋានទ័ព​​​ សម​ប្រតិបត្តិ​ការ​ ​ រៀប​ចំ​ផែន​ការ​ រៀន​ក្បួន​យុទ្ធ​សាស្ត្រ​ (ពី​អ្នក​យុទ្ធសាស្ត្រ​ដូច​ជា​ ខ្លោវសឺវីត, លីដដល​ ហាត​, ស៊ុន ជឺ​។ល។) តែ​ពេល​បាតុកម្ម​វិញ​ គេ​មិន​រៀប​ចំផែន​ការ​យុទ្ធសាស្ត្រ​ឱយ​បាន​​ច្បាស់​លាស់,​ គេ​មិនសូវ​​យល់​ពី​វិធីរៀប​ចំ​និង​ធ្វើ​​បាតុកម្ម, មិន​បណ្តុះ​បណ្តាល​បាតុករ​, មិន​កសាង​មូលដ្ឋាន​ដឹក​នាំឱយ​បាន​រឹង​មាំ​សិន​​, ​មិន​ដែល​សម​សោះ​ឡើយ​ប្រតិបត្តិការ​​, ការ​សិក្សា​ស្នាដៃ​ណា​មួយ​របស់​អ្នក​ជំនាញឬ​សកម្មជន​​​ (ដូច​ជា​ មហាត្មា គន្ធី​,  ស៊ូល​ អាលីន​ស្គី,​ ជីន​ ហ្សាប​។ល។) រិត​តែ​មិន​បាច់​រំពឹង​។ រាល់​អំណះ​អំណាង​បដិសេធ​ពី​ប្រសិទ្ធ​ភាព​នៃ​បាតុកម្ម​ខាង​លើ​ពោរ​ពេញ​ដោយ​ស្តង់​ដារ​ពីរ​!

​កូដកម្ម​ទាម​ទារដំឡើង​ប្រាក់​ខែ​អាច​​សំរេចបាន​ ប្រសិន​បើ​គេ​អាច​កែ​ប្រែ​​​​កំហុស​ខាង​តាក់​ទិច ​​គួរ​ឱយ​កត់សម្គាល់​មួយ​ចំនួន​ ដូច​ខាង​ក្រោម​ ៖

​៙ការ​មិន​​​ប្រឈម​មុខ​នឹង​កង​សន្តិសុខ​ឬ​ប៉ូលីស​៖​ ពេល​មាន​វត្តមាន​ភ្នាក់​ងារ​បង្ក្រាប​គឺ​​ជា​សញ្ញា​ប្រាប់​ថា​មាន​ហានិភ័យ​គ្រោះ​ថ្នាក់​ខ្ពស់ ​ងាយ​មាន​ការ​ប៉ះ​ទង្គិច​​ ងាយ​ឱយ​គេ​បញ្ចូន​ជន​បង្កប់​ញុះ​​ញង់​ឱយ​មាន​អំពើ​ហិង្សា​។ កម្មករ​ទាំង​​ប្រុស​ទាំង​ស្រី​ត្រូវ​បំបែក​គ្នា​ភ្លាម​ៗពេល​មាន​វត្ត​មាន​ភ្នាក់​ងារ​បង្ក្រាប​ ពិសេស​ពេលពួក​គេ​បើក​​ការ​បង្ក្រាបតែ​ម្តង​​​​​។ ការ​បណ្តុះ​បណ្តាល​និង​ពង្រឹង​វិន័យ​ជា​មុន​គឺ​ជា​ប្រការ​ចាំ​បាច់​ បើ​​កម្មករ​ប្រុសៗ​​និយាយ​ស្តាប់​គ្នា​មិន​បាន​។ បាតុករមិន​មែន​ចេះ​តែ​ស្តាប់​តាម​ ដោយ​គ្រាន់​តែ​ត្រូវ​បាន​ហាម​មិន​ឱយ​ប្រើ​ហិង្សា​នោះ​ទេ​ ពួកគេ​ត្រូវ​តែ​ទទួល​បាន​ការបណ្តុះ​​បណ្តាល​ដែល​មាន​គុណ​ភាព​ ថា​អំពើ​ហិង្សា​របស់​កម្មករ​ខ្លួន​ឯង​នឹង​បន្ថយ​ការ​ចូល​រួម​របស់​បាតុកម្ម​ ដោយ​បាតុករ​ដែល​មិន​ចូលចិត្ត​​និង​មិន​អាច​​ប្រើ​ហិង្សា​ចាក​ចេញ​ លែង​ហ៊ាន​មក​បាតុកម្ម (បាតុករ​ជា​នារីនិង​វ័យ​ក្មេង​)​, បន្ថយ​ការ​គាំទ្រ​ពី​សាធារណជន​និង​ភាគី​ទី​បី​ ដូចជា​សង្គមស៊ីវិល,​ សារពត៌មាន, ​ សហគមន៍​អន្តរជាតិ​។ល។, បន្ថយ​សុពល​ភាព​នៃ​ការ​ទាម​ទារ​របស់​កម្មករ​, បង្កើន​ភាព​ស្រប​ច្បាប់​ឱយ​រដ្ឋ​អំនាច​និង​ជា​អ្វី​ដែល​ពួក​គេ​ពូកែ​បំផុត​។ បើ​នៅ​តែ​មិន​អាច​បញ្ចៀស​អំពើ​ហិង្សា​របស់​កម្មករ​ប្រុសៗ​បាន​ គេត្រូវ​បង្កើត​ភ្នាក់​ងារ​ពង្រឹង​វិន័យ​ដែល​ប្រចាំ​ការ​នៅ​ក្នុង​បាតុកម្មផ្ទាល់​​ រាល់​ពេល​មាន​ជន​បង្កប់​ឬ​បាតុករ​ក្បាល​រឹង​ ភ្នាក់​ងារ​នោះអាច​​ធ្វើ​អន្តរាគមន៍ឱយ​​ចាប់ខ្លួន​បញ្ជូនទៅ​​ឱយ​អាជ្ញាធរតែ​ម្តង​។ ធ្វើ​បែប​នេះនឹង​​បំបាក់​តាក់​ទិច​បញ្ជូន​រនុក​ក្នុង​របស់​រដ្ឋ​អំនាច​និង​បង្ហាញ​ពី​ជំហរអហិង្សា​​រឹង​មាំ​របស់​ចលនា។​ ​

៙ការ​មិន​​ចាត់​ទុកអាជ្ញាធរ​​ជា​សត្រូវ​និង​មិន​​វាយ​តប​ត៖ ទោះ​បី​ពួក​គេ​វាយ​កម្មករមុន​ក៏​ដោយ​ កូដកម្ម​របស់​កម្ម​ករនៅ​តែ​ជា​បញ្ហា​រវាង​​កម្មករនិង​ក្រុម​ហ៊ុន​ មិន​ទាក់​ទង​នឹង​​ភ្នាក់​ងារ​បង្ក្រាប​របស់​រដ្ឋាភិបាល​ឡើយ​។​ ការ​វៀរ​ចាក​សារ​អវិជ្ជមាន​ទៅ​កាន់​អាជ្ញាធរ​ពុំ​មែន​មក​ពី​សីល​ធម៌​អ្វី​ទេ​ តែ​គឺ​ជា​តាក់​ទិច​បន្ថយ​ភាព​តាន​តឹង​និង​ហានិភ័​យ​បង្ក្រាប​ ត្បិត​មិន​មែន​គ្រប់​ភ្នាក់​ងារ​បង្ក្រាប​សុទ្ធ​តែ​រីករាយ​នឹង​ការ​ដើរ​បង្ក្រាប​បាតុករ​នោះ​ទេ​ ពិសេស​បើ​ពួក​គេ​​ទទួល​បាន​ការ​គោរព​ពី​បាតុករ (សូម្បីករណីបង្ក្រាបខ្លះ​​ក៏​មាន​អាជ្ញាធរ​គ្នា​ឯង​ឃាត់​ដែរ​​​)​។ នៅ​​ឱយ​ឆ្ងាយ​ពី​រឿង​នយោបាយ​ ផ្តល់​ប្រយោជន៍​ឱយ​កម្មករ​ជាង​លាយ​លំ​នឹង​នយោបាយ​។

៙ការ​ដក​ថយ​ពេល​អាជ្ញាធរ​បង្ក្រាប​ ពុំ​មែន​ជា​ការ​ចុះ​ចាញ់​ឬ​កំសាកនោះ​ទេ​​៖​ ការ​ដក​ថយ​បណ្តោះ​អាសន្ន​​ធ្វើ​ឱយ​​ការ​បង្ក្រាប​​មិន​សូវមាន​​ប្រសិទ្ធ​ភាព​ កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច​ ហើយ​នៅ​តែ​អាច​បន្ត​ដាក់​សម្ពាធទៅ​​លើ​ក្រុម​ហ៊ុន​តាម​រយៈ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​ដដែល។ សូម្បី​សង្គ្រាម​ក៏​គេ​មិនចេះ​តែ​​ច្បាំង​គ្រប់​កាលៈទេសៈ​នោះ​ដែរ​ ការ​ដក​ថយនៅ​ក្នុង​សមរភូមិ​ដែល​ខ្លួន​ចាញ់​ប្រៀបសត្រូវ​​បង្ហាញពី​​ភាព​ឈ្លាស​វៃ​របស់​មេ​ទ័ព​​។​ ការ​បង្ក្រាប​មិន​អាច​បញ្ឈប់​បាតុកម្មនោះទេ​​ លុះ​ណា​កម្មករ​បញ្ឈប់​បាតុកម្ម​ខ្លួន​ឯង​ ​ការ​ភ័យ​ខ្លាច​អំពើ​ហិង្សា​គឺ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ព្រម​ចុះ​ញ៉ម​និ​ង​មិន​ត្រៀម​តាក់​ទិច​ទប់​ទល់​នឹង​អំពើ​ហិង្សា​គឺ​ជា​បរាជ័យ​ផ្នែក​យុទ្ធសាស្ត្រ​និង​ការ​ដឹកនាំបាតុកម្ម​​។ កូដកម្ម​នៅ​តែ​អាច​បន្ត​បាន​ដោយ​មិន​ចាំ​បាច់​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម ដែល​ខណៈ​ពេល​នោះ​ បាតុករ​អាច​ធ្វើ​ដំណើរ​គេច​ពី​ការ​បង្ក្រាប​បាន​ទៅ​គ្រប់​ទិស​ទី​។ គ្មា​ន​ហេតុ​ផលអ្វី​ដែល​បាតុករ​​ត្រូវ​នៅ​សំងំ​នៅ​ផ្ទះ​ឱយ​គេ​ងាយ​រក​ឃើញ​និង​វាយ​ដំ​នោះ​ទេ​ ក៏​មិន​ចាំ​បាច់​នៅ​ផ្តុំ​គ្នានៅ​កន្លែង​ដដែល​ៗ​​ឱយគេ​ងាយ​ទាយ​ដឹង​តាម​ប្រមាញ់​បង្ក្រាប​នោះ​ដែរ​​។

៙គោល​ដៅ​នៃ​ការ​បង្ក្រាបគឺ​ដើម្បី​គំរាម​ បន្លាច​ បំភ័យ​ឱយ​កម្មករ​ឈប់​កូដកម្ម​ ​ពុំ​មែន​ដើម្បី​សម្លាប់​ឡើយ​៖ នេះ​ជា​មូល​ហេតុដែល​នាំ​ឱយ​​ចំនួន​អ្នក​ស្លាប់​នៃ​បាតុកម្មអហិង្សា​តែង​តិចជាង​ចលនា​ប្រដាប់​អាវុធ​​​។ បើ​គោល​ដៅ​គឺ​សម្លាប់​ ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​ច្រើន​ជាង​នេះ​ឆ្ងាយ​។ គេ​អាច​ទប់​ស្កាត់​ឥទ្ធិ​ពល​នៃ​ការ​បង្ក្រាប​ ​ការ​​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​និង​របួស​ឱយ​ដល់​ចំណុច​សូន្យ​ ដោយ​ធ្វើ​ឱយ​ការ​បង្ក្រាប​អត់​ប្រសិទ្ធ​ភាព​ ពោល​គឺ​​ចាក​ចេញ​ពី​កន្លែង​គ្រោះ​ថ្នាក់រាល់​ការ​តាម​បង្ក្រាប​ ចូល​ធ្វើ​ការ​តែមិន​ធ្វើ​ការ​ និង​ចូល​ធ្វើ​ការ​តែ​​​​ធ្វើ​ជា​ធ្វើ​​ការ​យឺត។ ការ​ថត​ទុក​សកម្ម​ភាព​បង្ក្រាប​រួច​បញ្ជូន​រូប​ភាព​ឱយ​ទៅ​ដល់​ក្រុម​គ្រួសារ​អ្នក​បង្ក្រាប​នោះ​តែ​ម្តង នឹង​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវ​ភាព​ប្រចាំ​ថ្ងៃ​របស់​ភ្នាក់​ងារ​ទាំង​នោះ​ ធ្វើ​ឱយ​ពួក​គេ​លែងហ៊ាន​​បង្ក្រាប​បាតុករចាស់​ដៃ​​ដូច​មុនទៀត​​។​

៙ការ​មិន​បំផ្លាញ​សម្បត្តិ​ឯកជន​៖ ការ​វាយ​បំផ្លាញ​គ្រឿ​ង​បរិក្ខារមន្ទីរ​​ពេទ្យ​ឯកជន​មួយ ​ព្រោះ​តែ​ពួក​គេ​បដិសេធ​មិន​ព្រម​ព្យាបាល​ ​ ទោះ​បី​ហេតុ​ផល​នេះហាក់​ដូច​ជា​​សម​រម្យដែរ​​ក៏​ដោយ​ ឬ​ទោះ​ពួក​គេ​ទទួល​ព្យាបាល​តែ​ខាង​អាជ្ញាធរ​ក៏​ដោយ ក៏​វា​មិន​បាន​ផ្តល់ផល​​ចំណេញ​ដល់​កម្មករ​ដែរ​ ដោយ​សារ​ពួក​គេ​នៅ​តែ​មិន​ទទួល​បាន​ការព្យាបាលដដែល​​ ថែម​ទាំង​​​នាំ​ឱយ​អាជ្ញាធរ​មាន​លេស​ចោទ​ប្រកាន់ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន​​ទៀត​។ ពួ​ក​គេ​អាច​តប​ត​ដោយ​សម្អុយ​ឈ្មោះ​ពេទ្យ​នោះ​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​រាយ​ការណ៍​ប្រាប់​អ្នក​​សារពត៌មាន​ សរសេរ​អក្សរ​លើ​ផ្លាក​ ទ្វារ​ ជញ្ជាំង​មន្ទីរ​ពេទ្យ​នោះ​ «លំអៀង​ ឃើញ​ស្លាប់​មិន​ជួយ​ មិន​គោរព​វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​ជា​គ្រូ​ពេទ្យ​» ជា​ដើម​។ ​ធ្វើ​បែប​នេះ​ ​អាច​ធ្វើ​ឱយ​ប្រជាជន​លែង​ចូល​មន្ទីរ​ពេទ្យ​នោះ នាំ​ឱយ​ដួលដោយ​ឯក​ឯង​​ ដោយ​មិន​បាច់​ចំណាយ​កម្លាំង​វាយ​បំផ្លាញ​ឡើយ​។​

            មេរៀន​ទាំង​​នេះ​ ពិត​មែន​តែតិច​តួច​ស្តួច​ស្តើង​​មិន​ទាន់អាច​​ឱប​ក្រសោប​យក​ចំណុច​សំខាន់​ៗ​អស់​ក៏​ដោយ​ តែ​យ៉ាង​ហោច​ណាស់​ វា​បាន​​បង្រៀន​យើង​ កុំ​ឱយ​ប្រព្រឹត្ត​កំហុស​ដដែលៗ​ទៀត​ដែរ​ មិន​ថា​ផ្នែក​សកម្ម​ភាព​និង​គំនិត​ទស្សនៈ​។ ចំនួន​អ្នក​ចូល​រួម​ធ្វើ​កូ​ដកម្ម, តាក់​ទិច​ផ្សេងៗ​ទៀត​ក្រៅ​ពី​ការ​ប្រមូល​ផ្តុំ​, ការ​ចេះ​បត់​បែន​មិន​ឱយ​ការ​បង្ក្រាប​អាច​បញ្ឈប់​បាតុកម្ម​បាន​, ការ​បណ្តុះ​បណ្តាល​បាតុករ​និង​ពង្រឹង​វិន័យមិន​ប្រើ​ហិង្សា​​, មាន​អង្គការ​គ្រប់​គ្រង​ដឹក​នាំ​ រៀប​ចំ​យុទ្ធ​សាស្ត្រ​ផែន​ការ​ច្បាស់​លាស់​ នឹង​ជំរុញ​​ឱយ​កូដ​កម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ខែជោគ​ជ័យ​។​​ បាតុកម្ម​មិន​មែន​បរាជ័យ​ដោយ​សារ​វា​ជា​វិធី​អប្រសិទ្ធ​ភាព​នោះ​ទេ​ តែ​ពី​ព្រោះ​គេ​មិន​ទាន់​ប្រើ​វា​ឱយ​បាន​ត្រឹម​ត្រូវ​​។

១៧/១១/២០១៥

១៩/១១/២០១៥

ការ​បែង​ចែក​ការងារ​នៅ​ក្នុង​បាតុកម្ម​

មាន​ការ​ងារ​ជា​ច្រើន​ដែល​អ្នក​ដឹក​នាំ​ អ្នក​យុទ្ធ​សាស្ត្រ​ត្រូវ​បែង​ចែក​សកម្មភាព​ទាំង​នោះ​ទៅ​តាម​ក្រុម​ការ​ងារ​អ្នក​បច្ចេក​ទេស​ទាំង​ឡាយ​ ដើម្បី​ពន្លឿន​ការ​ងារ​ គ្រប់​គ្រង​ និង​រៀប​ចំ​ទំនុក​បំរុង​សេវាកម្ម​ទាំង​ឡាយ​ឱយ​បាតុករ​។ ការ​បែង​ចែក​ពលកម្ម​ត្រូវ​បែង​ចែក​ទៅ​តាម​ជំនាញ​របស់​​បាតុករ​នីមួយៗ ដើម្បី​ពន្លឿន​ល្បៀន​កិច្ច​ការ​។  មាន​ការ​ងារ​ចាំ​បាច់​​ចំនួន​បី​ដែល​យើង​លើក​យក​មក​ជំរាប​ជូននៅ​ទី​នេះ​​៖

១. ភ្នាក់​ងារ​អប់​រុំ​និង​ពង្រឹង​វិន័យ​

មុន​ពេល​ដែល​អ្នក​ក្លាយ​ជា​អ្នក​ដឹក​នាំ​ ជោគ​ជ័យ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​កសាង​ខ្លួនឱយ​​រីក​ចំរើននោះ​ទេ​​

ពេល​អ្នកក្លាយ​ជា​អ្នក​ដឹក​នាំវិញ​​ ​ជ័យ​ជំនះ​គ្រប់​យ៉ាង​បាន​មក​ពី​ការ​​បណ្តុះ​បណ្តាល​អ្នក​ដទៃ​ទៀត​។

— ជេក​ វ៉េល​ឆ៍ (Jack Welch)​ ​

ការ​អប់​រុំ​បាតុករ​ទាំង​មូល​ ជា​ការ​ពិត​ ជា​ភារកិច្ច​របស់​មេ​ដឹក​នាំ​បាតុកម្ម​។ មេ​ដឹក​នាំ​មិន​មែន​គ្រាន់​តែ​ដឹក​ប៉ុណ្ណោះ​ទេ​ គឺ​ត្រូវ​ណែ​នាំ​ផង​ដែរ​ ពិសេស​គឺ​បង្រៀន​ពួក​គេ​ឱយ​ដឹក​ខ្លួន​ឯង​។ មេ​ដឹក​នាំ​ត្រូវ​ប្រើ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួនឱយ​មាន​ប្រយោជន៍​ដល់​បាតុកម្ម​ សេចក្តី​អ្វី​ដែល​ជំរុញ​ឱយ​មាន​អំពើ​ហិង្សា​ ដូច​ជា​ការ​ប្រមាថ​ ការ​រិះគន់​បញ្ចើច​បញ្ចើរ​ ចំអក​ឡក​លើយ​ ត្រូវ​ចៀស​វាង​។ ការ​​ពន្យល់​​អំពី​វិធី​អហិង្សាដោយ​អ្នក​ដឹក​នាំ​ផ្ទាល់​​ តាំង​ពី​ដើម​រហូត​ដល់​ចប់​ ដើម្បី​ឱយបាតុករ​ជឿ​ជាក់​លើ​បាតុកម្ម​និង​អ្នក​ដឹក​នាំ​ ពុំ​មែន​ចាំ​បាច់​តែ​នៅ​ពេល​ធ្វើ​បាតុកម្ម​ទេ​ តែ​សំរាប់​អនាគត​ប្រជាជនទាំង​មូល​តែ​ម្តង​។ នៅ​ក្នុង​ករណី​មាន​ពេល​វេលា​និង​ទីធ្លា​​គ្រប់​គ្រាន់​ នោះ​ច្បាស់​ណាស់​ គេ​ពិបាក​បញ្ជ្រាប​មេរៀន​អហិង្សា​នៅ​ក្នុង​បាតុករ​ដែល​ចេញ​ចូល​សេរី​ណាស់​។ ហេតុ​នេះ​ គេ​គួរ​បែង​ចែក​ភ្នាក់​ងារ​អប់​រុំ​តូចៗ​ ទៅ​តាម​ក្រុម​ដែល​មាន​ចំនួន​តូច​ល្មម​អាច​គ្រប់​គ្រង​និង​ងាយ​បណ្តុះ​បណ្តាល​ មិន​មែន​ត្រឹម​តែ​ដើម្បី​ការ​យល់​ដឹង​អំពី​បាតុកម្ម​អហិង្សា​ឱយ​ច្បាស់​នោះ​ទេ​ តែ​គឺ​ដើម្បី​វិន័យ​បាតុកម្ម​ផង​ដែរ​ ពិសេសណែ​នាំពី​ការ​ពារ​ខ្លួន​​​ពេល​មានការ​​បង្ក្រាប​​។​ ម្យ៉ាង​ទៀត​ គេ​អាច​បង្កើត​កម្ម​វិធី​ សិក្ខាសាលាធ្វើ​ឱយ​បាន​ច្រើន​ដង​ ស្វែង​រក​ជំនួយ​បណ្តុះ​បណ្តាល​ពី​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​ការ​ខាង​សកម្ម​ភាព​អហិង្សា​ ដូច​ជា​វិទ្យាស្ថាន​អាល់​បឺត​ អាញ​ស្តាញ ​​មជ្ឃមណ្ឌលអនុវត្ត​​សកម្មភាព​និងយុទ្ធ​សាស្ត្រ​អហិង្សា មជ្ឈមណ្ឌលអន្តរជាតិ​អំពី​​ទំនាស់​ដោយ​អហិង្សា​  (International Center on Nonviolent Conflict) ​ជា​ដើម​។ល។

២. ការ​ត្រៀម​សេវាកម្ម​សុខាភិបាល​

ការ​បង្ក្រាបបាតុកម្ម​​គឺ​ជា​ព្រឹត្តិការណ៍​ដែល​គង់​តែ​នឹង​កើត​ឡើង​។ ទោះ​បីចួន​កាល​​ការ​បង្ក្រាប​ដោយ​វិធី​មិន​សូ​វ​ហិង្សា​​ ដូច​ជា​ការ​ប្រើ​ឡាន​ទឹក​ឬ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ក៏​ដោយ​ បាតុករអាច​ផ្លាស់​ប្តូរ​វិធីពី​ការ​ប្រមូល​ផ្តុំ​ទៅ​ជា​ការ​បំបែក​គ្នាគេច​ចេញ​ពី​​ការ​បង្ក្រាប​ហិង្សា​បានដូច​​ធម្មតា​​។ ​តែ​មិនថា​​​អាជ្ញាធរ​ប្រើ​វិធី​ណា​មក​បង្ក្រាបបាតុកម្ម​ទេ​​ការ​​ប៉ះ​ទង្គិច​តិច​តួច​នៅ​តែ​អាច​កើត​មាន​ដោយ​ចៀស​មិន​រួច​។ យោល​តាម​ការ​រំពឹង​ទុក​នេះ​ អ្នក​ដឹក​នាំ​បាតុកម្ម​ត្រូវ​ត្រៀម​​រៀប​ចំ​ទំនុក​បំរុង​រាល់​គ្រឿង​បរិក្ខារ​ពេទ្យ​ដូច​ជា​ ពេទ្យ​ថ្នាំ​សង្កូវ​ ឧបករណ៍​។ល។ និង​គ្រូ​ពេទ្យដើម្បី​​ត្រៀម​បំរើ​សេវាកម្ម​សុខាភិបាល​ឱយ​បាតុករជាស្រេច​។ ក្នុង​នាម​ជា​មេដឹក​នាំ​ គេ​មិន​ត្រូវ​បណ្តោយ​ឱយ​បាតុករ​រង​គ្រោះ​ងាយៗ​ឡើយ​ ព្រោះ​ការ​រង​គ្រោះ​របស់​បាតុករម្នាក់​អាច​ប៉ះ​ពាល់ដល់​​អារម្ម​បាតុករ​ទាំង​ឡាយ​ផ្សេង​ទៀត​ ជីវិត​បាតុកម្ម​អាស្រ័យ​លើ​បាតុករ​។​ អ្វី​ដែល​គេ​មិន​គួរ​ភ្លេច​ផង​ដែរ​នោះ​គឺ​ថា ​ពេល​បង្ក្រាប​បាតុករ​ឱយ​មាន​របួស​ហើយ​ រដ្ឋាភិបាល​អាច​នឹង​រិត​ត្បិត​សេវាកម្ម​សុខ​ភាព​ពីក្រុម​​បាតុករ។​ ទោះ​គ្មាន​ការ​រិត​ត្បិត​ពី​អាជ្ញាធរ​​​​ក៏​ដោយ​ ក៏​អ្នក​គ្រប់​​គ្រង​មន្ទីរ​ពេទ្យ​មួយ​ចំនួនអាច​នឹង​​មិន​ចង់​ឱយ​ស្ថាប័ន​ខ្លួន​ពាក់​ពាន់​នឹង​រឿងនយោបាយដែរ​​ បំផុត​នោះ​គឺ​មន្ទីរ​ពេទ្យ​នោះ​ទោរ​ទៅ​រក​រដ្ឋាភិបាល​។​ បើ​ចួប​ប្រទះ​ករណី​នេះ​ បាតុករ​ត្រូវ​តែ​អត់​ធ្មត់​សន្សំ​កម្លាំង​ មិន​ត្រូវ​ប្រើ​ហិង្សា​បំផ្លាញ​សម្បត្តិ​សាធារណៈ​ឬ​ឯកជន​ ​នាំ​ឱយ​តែ​គេ​មាន​លេស​ចោទ​ប្រកាន់​ឡើយ​។ គេ​អាច​ប្រើ​វិធី​អហិង្សា​ ដូច​ជា​ ពហិការ​មិន​ទិញ​ឬ​ជួល​សេវាកម្ម​ ពោល​គឺ​បិត​ផ្លាក​ឬបាញ់​ថ្នាំ​សរសេរ​ជា​អក្សរ​ថា​ មន្ទីរ​ពេទ្យ​បំរើ​គណបក្ស​កាន់​អំនាច​ អំពាវ​ឱយ​ប្រជាជន​ឈប់មក​ពិនិត្យ​ព្យាបាល​នៅ​ពេទ្យ​​នោះ​ទៀត​។ មិន​យូរ​ប៉ុន្មាន​ មន្ទីរ​ពេទ្យ​នោះ​នឹង​ដួល​ដោយ​ឯក​ឯង​ បាតុករ​មិន​ចាំបាច់​​ចំណាយ​កម្លាំង​វាយ​បំផ្លាញឱយ​ហត់​​ឥត​ប្រយោជន៍​នោះ​ឡើយ​។​​ ហេតុ​នេះ​ បើ​យើងទាយ​ទុក​ដឹងជា​​មុន​ដូច្នេះ​ហើយ​ មេ​ដឹក​នាំ​ចលនា​គួរស្វែង​រក​​ទំនុក​បំរុង​សេវាកម្ម​ពេទ្យ​ទាំង​នោះ​នៅ​ពេល​សេវាកម្ម​ទាំងនោះ​​នៅ​អាច​រក​បាន​ ពោល​គឺ​ បង្កើត​ក្រុម​ពេទ្យឯក​រាជ្យ​ពី​រដ្ឋាភិបាល​ (និង​​រក្សា​ការ​សម្ងាត់​)​ ត្រៀម​បរិក្ខារ​ចាំ​សង្គ្រោះ​ជា​ស្រេច​ ពេល​អាសន្ន​អន្ធក្រ​។

៣. ភ្នាក់​ងារ​យក​ការណ៍​

រដ្ឋាភិបាល​បាន​បង្កប់​អ្នក​យក​ការណ៍​គ្រប់​កន្លែង​ដើម្បីឈ្លប​មើល​បាតុកម្ម​របស់​ប្រជាជន​។ យុទ្ធនាការ​​ក៏អាច​ប្រើ​វិធី​នេះ​ដូច​គ្នា​ យក​ល្បិច​ទល់​ល្បិចដែរ​​។ យើង​គួរ​​បង្កប់​ភ្នាក់​ងារ​យក​ការណ៍​ពី​ខាង​រដ្ឋាភិបាលនៅ​ទី​កន្លែង​បញ្ចេញ​កង​កម្លាំង​សន្តិ​សុខ​ទាំង​ប៉ុន្មាន​​​ ដើម្បី​ពេល​មាន​ការ​បញ្ជា​ឱយ​មាន​អន្តរគមន៍​ឬ​ការ​បង្ក្រាប​ អ្នក​ដឹក​នាំ​បាតុកម្ម​អាច​ដឹង​ជា​មុន​នឹងអាច​​ជំលៀស​បាតុករ​ពី​កន្លែងដែល​​ជា​មុខសញ្ញា​បង្ក្រាប​របស់​​កម្លាំង​ប៉ូលីស​បាន​​ទាន់​ពេល​ ព្រម​ទាំង​​ផ្លាស់​ប្តូរ​ទី​តាំង​ឬ​បំបែក​គ្នាឱយ​បាន​​មុន​ការ​បង្រា្កប​រហូត​។ ទោះ​បី​បាតុករ​អហិង្សា​មាន​ចំនួន​កុះ​​ករ​លំបាក​ចល័ត​និង​ផ្លាស់​ទី​ដោយ​ចំណាយ​ពេល​យូរ​ក៏​ធ្វើ​ឱយ​កង​កម្លាំង​​សន្តិ​សុខទាំង​​នោះមិន​ងាយ​បង្ក្រាប​ដែរ ​នៅ​ពេល​បាតុករ​ច្រើន​រំសាយ​គ្នា​ទៅ​គ្រប់​ទិស​ទី​។ យ៉ាង​ណា​មិញ​ គេ​​នៅ​តែ​អាច​វាយ​បក​សកម្មភាព​​បង្ក្រាបរបស់​អាជ្ញាធរ​​​ដោយលួច​ថត​សកម្មភាព​ រាយ​ការណ៍​​ការថ្កោល​ទោស​រដ្ឋាភិបាល​ពី​​ការ​​មិន​អន្តរាគមន៍​ ​បណ្តោយ​ឱយ​ក្រុម​ជនអនាមិក​ឬ​កង​ប្រដាប់​អាវុធ​​ប្រើ​ប្រាស់​ហិង្សា​លើ​​បាតុករគ្មាន​ទោស​ពៃរ​ដោយ​ល្មើស​ច្បាប់​ដែរ​។​​​​


ការ​ទាក់​ទាញ​កៀង​គរ​អ្នក​ចូល​រួម​

ជា​ការ​ពិត​ គ្មាន​ចលនា​ណា​ផ្តើម​ភ្លាម​មាន​​ចំនួនអ្នក​​ចូល​រួម​ច្រើន​កុះ​ករ​នោះ​ឡើយ​។ ពី​មនុស្ស​មួយ​ក្រុម​តូច​ឈាន​ទៅ​ដល់​ចំនួន​ច្រើន​ស្អេក​ស្អះ​បាន​ គឺ​ជា​បន្ទុក​របស់​អ្នក​​ដឹក​នាំ​។ ក្រោយ​ពី​ក្រុម​បាតុកម្ម​បង្កើត​មូល​ដ្ឋាន​ស្រប​ច្បាប់​នៃ​ចលនា​របស់​ខ្លួន​ហើយ​ បាតុកម្មដែល​ធ្វើ​ដោយ​សន្តិវិធី​​ត្រូវ​តែ​បាន​ធានា​ដោយ​ច្បាប់​ មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ មេ​ដឹក​នាំ​បាតុកម្ម​អាច​ពឹង​លើ​គ្នី​គ្នាទាំង​ប៉ុន្មាន​ដែល​មាន​ស្រាប់​នោះ​ ផ្សព្វ​ផ្សាយ​បន្ត​ ទាក់​ទាញ​អ្នក​ចូល​រួម​។ នៅ​ពេល​ជន​ផ្តាច់​ការ​ព្រួយ​បារម្ភ​ពី​អំនាច​ប្រជាជន​ ពួក​គេ​នឹង​រារាំងបាតុកម្ម​ ទោះ​បាតុកម្ម​នោះ​តូច​តាច​ក៏​ដោយ​ក្តី​។ អាជ្ញា​ធរ​អាច​បង្ក្រាប​ឬ​រារាំង​​​មិន​ឱយ​ធ្វើ​បាតុ​កម្ម​ដោយ​យក​លេស​ថា​គ្មាន​សុំ​ការអនុញ្ញាត​។ បាតុករ​អាច​វាយ​បក​ដោយ​ថ្លែង​ការណ៍​ពី​ការ​មិន​គោរព​ច្បាប់​បាតុកម្ម​របស់​អាជ្ញាធរ​និង​ថែម​ទាំង​បង្ខំ​ប្រជាជន​ឱយ​មិន​គោរព​ច្បាប់​បាតុកម្មតាម​ខ្លួន​ទៀត​​​​។ បើ​ចួប​​ឧបសគ្គបែប​នេះ​​​ មេ​ដឹក​នាំ​មិន​ត្រូវ​បញ្ឈប់​ត្រឹម​អាជ្ញាធរ​ហាម​មិន​ឱយ​ធ្វើនោះ​​ទេ​ តែ​ត្រូវតែ​​បន្ត​ បើ​មាន​ការ​បង្រ្កាប ​បំបែក​គ្នារួចចាំ​ចួប​គ្នា​ជា​ថ្មី​នៅ​ទី​តាំង​ផ្សេងដើ​ម្បី​កុំ​ឱយ​អាជ្ញាធរ​ជ្រាប​ជា​មុននិង​​ទៅ​រារាំង​ឬទៅ​​បង្ក្រាប​ទៀត។ ​បើ​​​គេ​ឃាត់​មិន​ឱយ​ទៅ​ដល់កន្លែងដែល​បាន​គ្រោង​ទុក​​​ គេ​គួរ​បាតុកម្ម​នៅ​នឹង​កន្លែងតែ​ម្តង​ ឬ​ក៏​កូដកម្ម​មិន​ធ្វើ​ការ​នៅ​ផ្ទះ​ក៏​បាន​​។ គេ​មិនត្រូវ​​ចាប់​ផ្តើម​ភ្លាម​ដោយ​បង្ហាញ​គោល​ជំហរ​ថា​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ផ្តាច់​ការ​ ចង់​​ដេញ​ពួក​គេ​ចេញ​ពី​អំនាច​តែ​ម្តង​ទេ​ ពី​ព្រោះ​វា​ប៉ះ​ពាល់​ដល់​អារម្ម​របស់​ជន​ផ្តាច់​ការ​ ហើយ​គេ​នឹង​បង្ក្រាប​ឬ​​​រារាំង​ភ្លាមៗ។ មិន​មែន​ថាយើង​​គ្មាន​វិធី​ទប់​ទល់​​ ឱយ​តែ​មាន​កា​រ​បង្ក្រាប​ យើង​ចុះ​ចាញ់​នោះ​ទេ​ តែ​យើង​​ត្រូវ​ពន្យារ​ពេលតាមតែ​អាច​ធ្វើ​ទៅ​បាន​ ដើម្បីមាន​ពេល​ច្រើន​​អាច​បញ្ចុះ​បញ្ចូល​ ​ស្ទង់​ស្ថានភាពនិង​ប្រតិកម្ម​​​ប្រជាជន​មើល​សិន​។ បើ​ពួក​គេ​នៅ​មិន​ខ្វល់​អើ​ពើ​ យើង​ត្រូវផ្សព្វ​ផ្សាយ​ឱយ​ប្រជាជន​យល់​ពី​បាតុកម្ម​អហិង្សា​និង​មូល​ហេតុ​ដែល​ប្រជាជន​ដែល​មិន​ត្រូវ​ស្ងៀមបន្ត​ទៀត​។ ត្រង់វិធី​ផ្សព្វ​ផ្សាយ​​នេះ​ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ពត៌មាន​ ដូច​ជា​អ៊ីនធើរ​នេត​ ក៏​មាន​ប្រសិទ្ធភាពមិន​ធម្មតា​ដែរ​។ មាន​ចលនា​ជា​ច្រើន​ បាន​ផ្ទុះ​ឡើង​និង​ជោគ​ជ័យ​ ដោយ​​មាន​បច្ចេក​វិទ្យា​​ពត៌មាន​ជា​បង្អែក​។ តែ​ក៏​សូម​កុំ​ភ្លេច​​ថា នៅ​សម័យ​មិន​ទាន់​មាន​​បច្ចេកវិទ្យា​ទាំង​នោះ​ ក៏​ចលនា​សង្គម​ជា​ច្រើន​ករណី​​នៅ​តែ​​អាច​ប្រព្រឹត្ត​ទៅ​បានរហូត​ដល់​​ទទួល​បាន​ជោគ​ជ័យ​ជា​ធម្មតា​។​ ទោះ​បី​ស្ថាប័ន​សារពត៌មាន​ក្នុង​ស្រុក​ភាគ​ច្រើន​ឋិត​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ក៏​ដោយ​ នៅ​តែ​មាន​​សារពត៌មានបរទេសឬ​​ក្រៅ​ស្រុក​ ឯករាជ្យ​​នឹងមក​​ពាំ​នាំ​​យក​ពត៌មាន​ពាប់​សារ​របស់​បាតុកម្ម​ទៅ​ប្រជាជន​ទាំង​មូល​ដែរ​។ ហេតុ​នេះ​ ត្រង់​ការ​ផ្យព្វ​ផ្សាយ​បញ្ជា្រប​ក្នុង​ស្រទាប់​ប្រជាជន ស្រូប​ទាញ​ប្រជាជន​ឱយ​គាំទ្រ​បាតុកម្ម​ពុំ​មែន​ជា​ការ​លំបាក​ណាស់​ណាទេ​​ ឱយ​តែ​មាន​​សីល្ប៍​វិធី​និយាយ​ពន្យល់​សាធារណជន​។ ចំនួន​និង​ភាព​ចំរុះ​នៃ​បាតុករក៏​អាច​សំរេច​បាន​ដូច​គ្នា​ ​​ បើ​សិន​​​មាន​មធ្យោបាយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ផ្សព្វ​ផ្យាយ​។ ​ការ​​អំពាវ​នាវ​ត្រង់​ភ្លឹង​​មិន​សូវ​មាន​ឥទ្ធិពល​ដូច​ការ​ពន្យល់​ពួក​គេ​ឱយ​យល់​ពី​ដំណើរ​ការ​ទាំង​មូល​នៃ​​បាតុកម្ម​ឡើយ​។​យើង​ត្រូវធ្វើ​​ឱយ​ពួក​គេ​យល់​ថា​ មិន​មែន​តែយុទ្ធនាការ​​ទេ​ត្រូវ​ការ​ប្រជាជន​ចូល​រួម​ ប្រជាជន​​ក៏​​ត្រូវ​ការ​ចលនាដែរ​​​ មិន​សំខាន់​ត្រង់​មេ​ដឹក​នាំចលនា​អំពាវ​នាវហៅ​​ឡើយ​។​​​ ការ​បំភ្លឺ​បាតុ​ករឱយ​យល់​ជ្រះ​ស្រលះ​​គឺ​ជា​ការ​​​អំពាវ​នាវ​ដោយ​ប្រយោល​និង​មាន​អានុភាព​ខ្លាំង​ណាស់​ ហើយ​នាំ​ឱយ​ពួក​គេ​ជួយ​អំពាវ​នាវ​បន្ត​គ្នាដោយ​ឯក​ឯងដោយ​មិន​បាច់​មាន​ការ​ស្នើ​សុំ​។ បើ​ពួក​គេ​យល់​ច្បាស់​ពី​ក្បួន​ធ្វើ​បាតុកម្ម ទោះ​​​គ្មាន​បាតុកម្ម​ក៏​ដោយ​ ក៏​ពួក​គេ​អាច​ដឹកនាំ​​ធ្វើ​ដោយ​ខ្លួន​ឯង​បានដែរ​។ ​​អ្វី​ដែល​មេដឹក​នាំ​ត្រូវ​ធ្វើ​គឺ​បញ្ជ្រាប​វប្បធម៌​អហិង្សា​និង​ទ្រឹស្តី​សកម្ម​ភាព​អហិង្សា​ក្នុង​​បាតុករ​ ហើយ​ពឹង​ផ្អែក​លើ​ពួក​គេ​ផ្សាយ​បន្តគ្នា​​ ដូច្នេះ​​សារ​តែ​មួយ​នឹងទៅ​ដល់​អ្នក​ស្តាប់​ដែល​យើង​មើល​មិន​ឃើញ​ជា​ច្រើន​ ហើយ​​នាំពួក​គេ​ឱយ​មក​​ចូល​រួម​បាតុកម្ម​ដោយ​ឯក​ឯង។​ ​ ការ​ផ្សព្វ​ផ្សាយអំពី​សេចក្តី​​ពន្យល់អំពី​​​បាតុកម្ម ហេតុ​អ្វីបាតុកម្ម​អហិង្សា​​អាចទៅ​​រួ​ច ​ប្រសិទ្ធភាព​ និង​របៀប​ធ្វើឱយ​​បាន​ជោគ​ជ័យ​ យុទ្ធ​សាស្ត្រ​ឬ​កលយុទ្ធ​អហិង្សា​ផ្សេងៗ ​ គឺ​សុទ្ធ​តែ​អាច​បណ្តុះ​បាតុករ​ មិន​មែន​ដើម្បី​តែ​ប្រឆាំង​របប​ផ្តាច់​ការ​ថ្ងៃ​នេះ​ទេ​ តែ​គឺ​ដើម្បី​ទប់​ទល់​នឹង​ការ​គាប​សង្កត់​រំលោភ​បំពាន​​គ្រប់ប្រភេទ​ជា​ច្រើន​ទៀត ​នៅ​ផ្នែក​ណា​មួយ​នៃ​​សង្គម ​នៅ​រយៈពេល​វែង​ខាង​មុខ​ទៀត​ផងដែរ​​។ ក្នុង​ករណី​អ្នក​ចូល​រួម​មិន​សូវរឹង​មាំ​ មាន​ការ​ជឿ​ជាក់​ទាប​​ ជា​ពិសេស​ករណី​ប្រជាជន​មាន​ចំណេះ​ដឹង​ខ្សោយ​ ទោះ​ចួប​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​បំផុស​ចលនា​អហិង្សា​​ត្រូវ​តែ​ជំនះ​ទៅ​មុខ​ជា​និច្ច​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​មួយ​ថា​ កើត​ជា​មនុស្ស​ គ្មាន​នរណា​គ្មាន​សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ​ទេ​។ អ្នក​ណា​ក៏​មាន​កម្លាំង​ក្នុង​ការមិន​​ប្រើ​ប្រាស់កម្លាំង​ដែរ ពោល​គឺ ​​​ហិង្សាទើប​ត្រូវ​ការ​កម្លាំង អ្នក​ណា​ក៏​អាច​ប្រើ​វិធី​អហិង្សា​ដែរ​។ ទំនាញ​កម្លាំង​​អហិង្សា​​ជា​មេដែក​ទាញ​ពួក​គេ​មក​ដោយ​ស្មគ្រ​ចិត្ត​តែ​ម្តង​។ បាតុករ​ដែល​បាន​មក​ពី​កម្លាំង​ចិត្តបែប​នេះ​ វាយ​មិន​បែក​ឡើយ​ បើ​បែក​ក៏​ប្រមូល​វិញ​បាន​​ដោយ​មិន​សូវ​ពិបាក​ បើ​មេបាតុករ​ត្រូវ​គេ​ចាប់​ឬ​ស្លាប់​ ក៏មាន​អ្នក​ថ្មី​ជំនួស​ភ្លាម​ ព្រោះ​បាតុករ​សុទ្ធតែ​​ចេះ​ធ្វើ​បាតុកម្ម​អហិង្សា​ ចាប់​ប៉ុន្មាន​នាក់​ ​ស្លាប់​ប៉ុន្មាន​ក៏​មិនចេះ​​អស់​ដែរ ពោល​គឺ​ជា​កង​ទាប់​អហិង្សា​ស្មគ្រ​ស្លាប់​។ បើ​ឈរ​លើទស្សនៈ​របស់​​អ្នក​ចូល​រួម​វិញ​ ប្រជាជន​មិន​មែន​ចេះ​តែ​ចូល​រួម​បាតុកម្ម​ងាយ​ៗឡើយ​ ទោះ​បី​ពួក​គេ​បាន​យល់​ដឹង​ពី​បាតុកម្ម​អហិង្សា​ឬ​សារប្រយោជន៍​នៃ​បាតុកម្ម​ក៏​ដោយ​។ ពួក​គេ​តែង​នៅ​ចាំ​មើល​និង​ត្រូវ​ការ​អ្នក​នាំ​ មាន​គ្នា​ទៅ​ជា​មួយ​ មិន​មែន​ដើរ​ទៅ​ចូល​តែ​ឯង​ឡើយ​។ លោក​ស្រី​ ឆេណូវេថ បាន​លើក​ឡើង​​​ថា​ «មិន​មែន​មនុស្ស​រាល់​គ្នា​សុទ្ធតែ​​ចង់​​ឆក់​យក​ឱកាស​ដូច​គ្នា​នៅ​ក្នុង​ឆាក​ជីវិត​នោះ​ទេ​ ហើយ​ប្រជាជន​ជា​ច្រើន​នឹង​មិន​ប្រួល​ប្រែ​ទេ​ លុះ​ណា​តែ​ពួក​គេ​រំពឹង​ថា​មាន​ចំនួនអ្នក​ចូល​រួម​ច្រើន​ល្មម​ដែល​អាច​ធានា​​សុវត្ថិភាពបាន​សិន​​។​» តែ​ត្រង់​នេះ​ក៏​មិន​ពិបាក​សំរេច​បាន​ដែរ​ ព្រោះ​ទំនាក់​ទំនង​សង្គម​មាន​លក្ខណៈ​ហូរ​ទៅ​ដោយ​ខ្លួន​ឯង​ ម្យ៉ាង​បាតុកម្ម​អហិង្សា​មាន​លក្ខណៈ​សេរី​បែប​នេះ​ក៏​ជា​ចំណុច​ពិសេស មនុស្ស​ម្នាក់​​ចូល​រួម​បាន​ពាំ​នាំ​នូវ​បណ្តាញ​ទំនាក់​ទំនង​ជា​ច្រើន​ជាប់មក​ជា​​មួយ​ ដូច​ជា​គ្រួសារ​ ញាតិ​សន្តាន​ មិត្រ​ភក្តិ​ អ្នក​ជិត​ខាង​។ល។ នៅ​ពេល​ប្រជាជន​បាន​យល់ពី​​បាតុកម្ម​ បាតុកម្ម​ធ្វើ​ឡើង​ដើម្បី​​ប្រជាជន​ នោះអ្នក​ចូល​រួម​ហូរ​ចូល​មក​យ៉ាង​ស្រួល។​​ មិន​ដូច​ករណី​បាតុករ​ដែល​បាន​មក​ពី​ការ​បង្ខំ​ ទិញ​ទឹក​ចិត្ត​​ ផ្តល់​ប្រយោជន៍​ឡើយ​​ ​បាតុករ​សុច្ឆន្ទៈ​​មិន​​ផុយ​ស្រួយ​ មាន​​សាមគ្គី​ភាព​ មិនគិត​​តែពី​​ប្រយោជន​ផ្ទាល់​ខ្លួននោះ​ឡើយ​​។

ការ​សម្ងាត់​និង​ការ​បើក​ចំហ​នៅក្នុង​យុទ្ធនាការ​អហិង្សា​

quote-the-best-weapon-of-a-dictatorship-is-secrecy-but-the-best-weapon-of-a-democracy-should-be-the-niels-bohr-20207

អាវុធ​ល្អ​បំផុត​របស់​របប​ផ្តាច់​ការ​គឺ​ការ​សម្ងាត់​ ប៉ុន្តែ​អាវុធ​ល្អ​បំផុត​របស់​របប​ប្រជាធិបតេយ្យ​វិញ​ គួរ​តែ​ជា​​ការ​បើក​ចំហ​ឥត​លាក់​លាម​។ — ណេល្ស​ បូ​រ   (Niels Bohr)

ចលនា​អហិង្សា​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ព្រោះ​ចលនា​នេះ​មាន​លក្ខណៈ​សេរី​ ហើយ​​បើ​គ្មានប្រជាជន​គាំទ្រ​ទេ​នឹង​ស្កកខ្សោយ​​ដោយ​ឯក​ឯង​ដោយ​មិន​បាច់​មាន​ការ​បង្ក្រាប​។​ ប៉ុន្តែ ​​បើ​ប្រជាជន​គាំទ្រ ចលនា​នោះ​នឹង​ស្របទៅ​តាម​​ច្បាប់​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​​ ពោល​គឺ​​តំណាង​ប្រជាជន​ ចូល​រួម​ដោយ​ប្រជាជន​ ទ្រទ្រង់​ដោយប្រជាជន​និង​ដើម្បីប្រជាជន​​។ ដូច្នេះ ការ​បើក​ចំហ​ទាំង​ពត៌មាន​អំពី​​បាតុកម្ម​និង​ការ​ចូល​រួម​មិន​អាច​ធ្វើ​ឡើង​ដោយ​បិត​ទ្វារ​ទេ​ ព្រោះ​គេ​ត្រូវ​ការ​គាំទ្រ​ដោយ​ផ្ទាល់​​ពី​ប្រជាជន​តាម​រយៈ​ការ​ចូល​រួម​ឬ​ឧបត្ថម្ភ​ ទោះ​បី​គ្មាន​ការ​កត់​បញ្ជី​អ្នក​ចូល​រួម​ផ្លូវការ​ក៏​ដោយ​។ ការ​ចូល​រួម​ដោយមាន​​លក្ខណៈ​អនាមិក មិន​​កត់​ចំណាំ​អត្ត​សញ្ញាណ​បែប​នេះ​ គឺ​ជា​គុណ​សម្បត្តិ​នៃ​ចលនានេះ​ដែល​អាច​ការ​ពារប្រជាជនតិច​ឬ​ច្រើន​​ពី​ការតាម​​ប្រមាញ់ ​គំរាម​ហាម​មិន​ឱយ​ចូល​រួម​​​​បាតុកម្ម​របស់​រដ្ឋាភិបាលមួយ​ចំនួន​ធំ​ ព្រម​ទាំង​ការ​ឈ្លប​មើល​ពី​ភ្នាក់​ងារ​សម្ងាត់​របស់​រដ្ឋាភិបាល​ផង​ដែរ​​ ពិសេស​ប្រជាជនអាច​​ព្រួយ​បារម្ភ​ពីសុវត្ថិភាពរបស់ខ្លួន​​ពេល​មាន​​​ការ​បែក​ធ្លាយ​អត្តសញ្ញាណ​​​ទាំង​ក្នុង​ពេល​កំពុង​ធ្វើ​បាតុកម្ម​​និង​ពេល​​បរាជ័យ​។ ​យុទ្ធនាការ​​ហិង្សា​ដែល​ត្រូវ​រក្សា​ការ​សម្ងាត់​ គ្រប់​គ្រង​ពត៌មាននិង​ភាព​ឯកជនរបស់​​​កុប​ករទាំង​ឡាយ​​ ប្រជាជន​ភាគ​តិចប៉ុណ្ណោះ​​អាច​ចូល​រួម ហើយ​អ្នក​ដែល​អាច​ចូល​រួមបាន​នោះ​​ក៏​មាន​បែប​បទ​ច្រើនទៅ​​ទៀត​ ​ ហេតុ​នេះ គេ​មិន​គួរ​រាប់​ថា​ការ​ចំហ​និង​ការ​សម្ងាត់តិច​តួច​របស់​បាតុកម្ម​អហិង្សាគឺ​​ជាចំណុចខ្សោយ​របស់​ចលនានោះ​ទេ​​ តែ​ជា​ភាព​​ខ្លាំង​​​ទៅ​វិញ​ទើប​ត្រូវ​​។ ចលនា​អហិង្សា​បើក​ទូលាយ​ដោយ​មិន​ខ្លាចរដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុក​ម្នេញ ហើយ​នៅ​តែ​អាច​សម្រេច​ជោគ​ជ័យ​បាន​ដូច្នេះ​ គឺ​ជា​ការ​ចំហ​ប្រកបដោយ​​សេចក្តី​ក្លាហាន​ដែល​គេ​មិន​អាច​ចាត់​​ទុកថា​​ជា​កត្តា​ធ្វើ​ឱយ​បាតុកម្ម​អហិង្សា​ផុយ​ស្រួយ​នោះ​ឡើយ​។ ការ​បើក​ចំហ​និងការ​​សម្ងាត់តែង​ទាក់​ទងនឹង​​ភាព​ភ័យ​ខ្លាច​ ដូច្នេះ​គេ​ត្រូវ​ទំលាយ​ភាព​ភ័យ​ខ្លាច​ជា​មុន​សិន ហើយ​ភាព​ភ័យខ្លាច​មិន​អាច​ទំលាយបាន​​ដោយ​ការ​បិត​បាំង​ឬ​ការ​សម្ងាត់​នោះ​​ទេ​។ បើ​គំនិតនិង​​សេចក្តី​ពន្យល់​អំពី​ឥទ្ធិពល​និង​វិធី​អហិង្សាមិន​ត្រូវបាន​ចែក​រំលែក​ឱយ​បាន​ទូលំ​​ទូលាយ​ទៅ​ក្នុង​ស្រទាប់​ប្រជាជន​ទេ​ គេមិន​សូវ​មាន​សង្ឃឹម​ថា​ចលនា​អាច​មាន​ការ​គាំទ្រ​និង​​មាន​លក្ខណៈ​ប្រជាធិបតេយ្យខ្លាំងឡើយ​។ យោល​តាម​ការ​ចាំបាច់​​នេះ​​ ការ​សម្ងាត់​ជា​ឧបសគ្គ​សំរាប់​​បាតុកម្ម​អហិង្សា​ មិន​មែន​ត្រឹម​តែ​មាន​ឫស​គល់​កើត​មក​​ពី​ការ​ភ័យ​ខ្លាច​ទេ​ តែ​គឺបង្កើន​ភាព​ភ័យ​ខ្លាចតែ​ម្តង​​ គឺ​អាច​បំផ្លាញ​ព្រលឹង​ចលនា​​ កាត់​បន្ថយ​អ្នក​ចូល​រួម​ ធ្វើ​ឱយ​មាន​ការ​សង្ស័យគ្នា​ បែក​បាក់​សាមគ្គី​ភាព​ ងាយ​ឱយ​គេ​បំបែក​បាន​ ពិសេស​ក្នុង​ខណៈ​ពេល​ដែល​បាតុកម្ម​អហិង្សា​​មាន​ទំហំ​ធំ​​។ យ៉ាង​ណា​មិញ​ គេ​ក៏មិនអាច​​រំពឹង​ថា​អាច​លាក់​បាំង​ចេតនា​និង​ផែន​ការ​របស់​បាតុកម្មពី​ភ្នែក​របស់​ពួក​ប៉ូលីសនិង​​ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​ដែរ​​។

ទោះបី​​ការ​បើក​ចំហ​មាន​សារៈ​​សំខាន់​ចំពោះ​បាតុកម្មប៉ុណ្ណា​ក៏​ដោយ ​ វា​​នៅ​តែ​មាន​ករណីលើក​លែង​​ដែរ​។​ ការ​សម្ងាត់​មួយ​ចំនួនដូច​ជា​ ​ការបោះ​ពុម្ព ​​ចែក​ចាយ​ អាន​​ឯកសារ​សម្ងាត់ហាម​ឃាត់​ដោយ​រដ្ឋាភិបាល​ទាក់​ទង​នឹង​បាតុកម្ម​ អត្ត​សញ្ញាណ​អ្នក​ឈ្លបយក​ការណ៍​ ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ ដើម្បី​ប្រមូល​ពត៌មាន​ពី​សកម្មភាព​របស់​របបដឹកនាំ​ប្រាប់​អ្នក​ដឹក​​ចលនា​ ទាម​ទារ​ការ​លាក់​កំបាំង​ជា​ចាំ​បាច់​ ព្រោះ​ពោរ​ពេញ​ដោយ​​ហានិភ័យ​ខ្ពស់​​។ ក្នុង​ករណី​មាន​រដ្ឋាភិបាល​បិត​ប្រព័ន្ធ​ទំនាក់​ទំនង​នានា ​ដើម្បីបង្អាក់​ការ​ផ្ទេរ​ពត៌មាន​ក្នុង​បំណង​ប្រឆាំង​នឹង​បាតុកម្ម​ ​គេ​​​​​នៅ​មាន​​មធ្យោបាយ​ទប់​ទល់​សាមញ្ញ​ៗ ដូច​ជា ​បោះ​ពុម្ព​ខិត្ត​បណ្ណ​ រូប​ភាព​ សេចក្តី​ប្រកាស​ សំបុត្រ ទៅ​ចែក​ចាយ​សាធារណជន​និង​ទាក់​ទង​គ្នា​ដែរ​​។ល។ ការ​បិត​បណ្តាញ​ទំនាក់​ទំនង​ រដ្ឋាភិបាល​ទទួល​បាន​លទ្ធ​ផល​មិន​ខុសពី​ការ​បង្ក្រាប​ឡើយ​។ ការ​បង្ក្រាប​គ្រប់​ករណី​សុទ្ធ​តែ​អាច​បំភ័យ​ប្រជាជន​នោះ​ទេ​ តែ​វា​អាច​ធ្វើ​ឱយ​ប្រជាជន​រិតតែ​ក្លាហាន​ទៅ​វិញ។​​ មិន​មែន​ការ​បិត​ប្រព័ន្ធ​ទំនាក់​ទំនងអាច​បំបិត​ការ​បញ្ជូន​ពត៌មាន​នោះ​ទេ​ តែ​បែរ​ជា​ធ្វើ​ឱយ​ប្រជាជន​ប្រើ​វិធី​ចួប​មុខ​គ្នា​ផ្ទាល់​​ទាក់​ទង​គ្នា​តែ​ម្តង​ ពោល​គឺ ​មិន​មែន​បញ្ឈប់​ល្បឿន​បាតុកម្ម​ទេ​ តែ​ជំរុញ​ឱយ​ប្រជាជន​​រួម​គ្នាធ្វើ​បាតុកម្ម​​ទៅ​វិញ​។ ហេតុ​​នេះ​ហើយ​ទើប​​បាតុកម្ម​អហិង្សានៅ​​តែ​អាច​ជោគ​ជ័យ​បាន ​សូម្បី​តែ​ឋិត​ក្នុង​​​សម័យ​បច្ចេក​វិទ្យា​ពត៌មាន​មិន​ទាន់​ជឿ​លឿន​ក៏​ដោយ។ ​​​

វិន័យ​អហិង្សា (Nonviolent Discipline)​

ប្រសិន​បើ​អ្នក​រក្សា​វិន័យ​អហិង្សាបាន​​ អ្នក​នឹង​​ឈ្នះ​។ […]

​អំពើ​ហិង្សា​តែ​មួយ​ប៉ុណ្ណោះ​អាច​​បំផ្លាញ​ចលនា​របស់​អ្នកយ៉ាង​​ប្រាកដ​​។​​ —  សឺចា ផូផូវិច​

ចលនា​ដែល​នៅ​តែ​រក្សា​ជំហរ​អហិង្សា​បាន​នឹង​ទទួល​បាន​ជោគ​ជ័យ ហើយ​​ចលនា​ដែលប្រើ​វិធី​ហិង្សា​ឬ​​ផ្លាស់​ប្តូរ​ទៅ​ជា​ហិង្សា​នឹង​បរាជ័យ​។ ដូច្នេះ​ ការ​អត់​ធ្មត​គឺ​កត្តា​សំខាន់​បំផុត​ក្នុង​ការ​បន្ត​ចីរ​ភាព​បាតុកម្ម​ ឯ​​ការ​មិន​ចេះ​អត់​ទ្រាំ​រហ័ស​រហន់​ចង់​បាន​ផល​ បែរ​​ត្រលប់​ទៅ​រក​មធ្យោបាយ​ហិង្សា​វិញ​នោះ​ គឺជា​​សត្រូវ​ខាង​ក្នុង​នៃ​បាតុកម្ម​អហិង្សា​ដែល​អាច​វាយ​បំបែក​បាតុកម្ម​ពី​ផ្ទៃ​ក្នុង​ គ្រោះ​ថ្នាក់​ធ្ងន់​ជាង​កង​កម្លាំង​របស់​រដ្ឋាភិបាល​ទៅ​ទៀត​។ ដោយ​សារ​បាតុកម្ម​អហិង្សា​គ្មាន​រនាំងនៃ​​ការ​ចូលរួម​ ​មាន​លក្ខណៈ​បើក​ចំហ​ មាន​សេរី​ភាព​ទាំង​ក្នុង​ការ​ចូល​រួម​និង​ចាក​ចេញ​ដូច្នេះ​ គេ​ត្រូវ​ការ​វិន័យ​និង​ការ​រៀប​ចំ​ជា​ចាំ​បាច់​ដើម្បី​​ងាយ​គ្រប់​គ្រង​ចលនា​ឱយ​មាន​សណ្តាប់​ធ្នាប់​ ដឹក​នាំឱយ​​វៀរ​ចាក​ការ​ប្រើ​ហិង្សា​និង​ការ​វាយ​បង្ក្រាប​ពី​កង​យោធា​របស់​រដ្ឋាភិបាល​ ពិសេស​ការ​ពារ​ជន​បង្កប់ឬ​រនុក​ក្នុង​ដែល​គេ​បញ្ជូន​​មក​បំបែក​បាតុកម្ម​។ ក្នុង​ពេល​ធ្វើ​​​បាតុកម្ម​​អហិង្សា​ បើ​មាន​​បាតុករ​ណា​អស់​មាន​ភាព​អត់​ធ្មត់​ឬ​ទទួល​បាន​ការ​អប់​រុំតិច​​អំពី​វិធី​អហិង្សា​ ប្រើ​ប្រាស់​ហិង្សា​នោះ​ មេ​បាតុករត្រូវ​បញ្ជា​បាតុករ​​ឱយ​ឃាត់អ្នក​​ប្រើ​ហិង្សា​នៅ​ក្នុង​ពេល​បាតុកម្ម​ឱយ​បាន​កាន់​តែ​រហ័ស​កាន់​តែ​ប្រសើរ​។​ បើ​មិនអាច​​ទប់​ស្កាត់បាន​ឬ​ហួស​ពេល​​​ទៅ​ហើយ​​ គេ​ត្រូវ​ប្រញាប់​​កែន​បាតុករ​របស់​ខ្លួន​ឱយនៅ​ឆ្ងាយ​ដាច់​​ដោយ​ឡែក​ពី​ក្រុម​បាតុករ​ហិង្សាទាំង​​នោះ​ ដើម្បី​កុំ​ឱយ​នាំ​​គ្រោះ​ដល់​បាតុកម្ម​របស់​ខ្លួន​ផង​និង​ចៀស​វាង​ការ​មួល​បង្កាច់​បង្ខូច​ពី​រដ្ឋាភិបាល​ បំផ្លាញ​វិន័យ​នៃ​ចលនាផង​​។ រឿង​ដែល​អាច​កើត​ឡើង​នេះ​ មេ​ដឹក​នាំ​គួរ​បង្ហាត់​កូន​ចៅ​​ឱយត្រៀម​ជា​​ស្រេច​អំពី​វិធាន​ការ​ការ​ពារនា​នា​អំពី​អំពើ​ហិង្សា​របស់​បាតុករ​ខ្លួន​ឯង​ មិ​ន​មែន​ចាំទាល់តែ​​មាន​រឿង​កើត​ឡើង​ ទើប​ចាត់​វិធាន​ការ​ទេ​។ គេ​អាចពន្យល់​​ប្រាប់​បាតុករ​ជា​មុន​ថា «​ឃាត់​បាន ​ឃាត់,​ ឃាត់​មិន​ស្តាប់​ ចាប់,​ ចាប់​មិន​បាន ​ចៀស​។» លោក​ស្រី​ ម៉ារៀ​ ស្ទីហ្វឹន​​ អះ​អាង​ថា​ «ប្រជាជន​ដែល​រស់​នៅ​ក្រោម​ការ​ជិះ​ជាន់​ ពួក​គេ​មិន​អាច​គ្រាន់​តែ​ត្រូវ​បាន​ប្រាប់​ថា​កុំ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ​ ពួក​គេ​ត្រូវ​តែ [ទទួល​បាន​​ថា]​ ​មាន​ជំរើស​ផ្សេង​ទៀត​»។ ការ​គ្រាន់តែ​​ហាម​មិន​ឱយ​ប្រើ​ហិង្សា រក្សា​វិន័យ​អហិង្សា​​គឺ​ពិត​ជា​មិន​គ្រប់​គ្រាន់​ឡើយ​សំរាប់​បាតុករ​និង​សំរាប់​អំពើ​ឃោរ​ឃៅ​របស់​ភ្នាក់​ងារ​បង្ក្រាប​ ហេតុ​នេះ​មេ​ដឹក​នាំ​ត្រូវ​តែ​ពន្យល់​ឱយ​បាន​ច្បាស់​និង​ពិស្តារ​​ថា «​យើង​រក្សា​វិន័យ​អហិង្សា​ មិន​ប្រើ​អំពើ​ហិង្សា​ ពុំ​មែន​ដោយ​សារ​សីល​ធម៌​ឬ​មនុស្ស​ធម៌ កំសាក​​ខ្លាច​អាជ្ញាធរ​ យក​ប្រជាជន​ធ្វើ​ជា​ប៉ាវ​ខ្សាច់​ឱយ​គេ​វាយ​ដោយ​សេរីនោះ​​ទេ​ តែ​គឺ​ពី​ព្រោះ​អហិង្សា​គឺ​ជា​អាវុធ​ខាង​ផ្នែក​សីលធម៌​ដ៏​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការបំផ្លាញ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​និង​ទាក់​ទាញ​ការ​គាំទ្រ​ពី​គ្រប់​ភាគី​។»​​ ពិតណាស់​​ ហិង្សា​បន្តិច​បន្តួចពេល​ប្រឈម​មុខនឹង​​កង​កម្លាំង​ប្រដាប់​អាវុធ​គឺ​ពិបាក​​ចៀស​ផុត​ ទោះ​បី​ក្រុម​បាតុករ​បាន​យល់​ដឹង​អំពី​បាតុកម្ម​អហិង្សា​និង​ភាព​សម​ហេតុផល​នៃ​វិន័យ​អហិង្សា​នោះ​ក៏​ដោយ​។ ​អ្វីដែល​​ត្រូវ​ប្រុង​ប្រយត្ន​គឺ​​បាតុករ​ហិង្សា​នោះ​អាច​ជា​រនុក​ក្នុង​របស់​រដ្ឋាភិបាល​ បង្កប់​ដើម្បី​បំប្លែង​បាតុកម្មឱយ​​ទៅ​ជា​ហិង្សា​ ហើយ​ចោទ​បាតុកម្ម​ទាំង​មូល​ថា​ហិង្សា​និង​ល្មើស​ច្បាប់​ នឹង​អាល​​ពួក​គេ​អាច​បង្ក្រាបបាន​​ដោយ​ស្រប​ច្បាប់​និង​បំភាន់មតិ​​សាធារណជន​។ ទោះ​ពួក​គេ​មិន​មែន​ជា​ជន​បង្កប់​របស់​រដ្ឋាភិបាល​ក៏​ដោយ​ ក៏​ពួក​គេ​អាចបំផ្លិត​​​បំផ្លាញ​វិន័យ​អហិង្សា​របស់​បាតុកម្ម​ ឬ​ជា​ចន្លោះ​ប្រហោង​នៃ​​ការ​ដឹក​នាំ​ដែល​មិ​នអាចបង្វឹក​បាតុករ​គ្រប់ៗ​គ្នា​ឱយ​ប្រកាន់​វិន័យ​អហិង្សា​ទាំង​អស់​បាន​​ដែរ​។ វា​ជា​រឿង​លំបាក​សំរេច​បានណាស់​​ក្នុង​ការ​​បញ្ជ្រាប​គំនិត​អហិង្សា​ទៅ​ក្នុង​បាតុករ​ទាំង​ឡាយ​​ ព្រោះ​បាតុកម្ម​អហិង្សា​មាន​លក្ខណៈ​បើក​ចំហ​ការ​ចូល​រួម​ ហេតុ​នេះ​នឹង​មាន​សមាជិក​ថ្មី​ចូល​មក​មិន​ដាច់​ជា​បន្ត​បន្ទាប់​ គឺ​​បាតុករ​ថ្មី​នោះ​ហើយ​ត្រូវការ​បណ្តុះ​បណ្តាលអំ​ពី​បាតុកម្ម​អហិង្សា​ទាំង​មូល​។​ ប៉ុន្តែ​សូម​កុំ​យល់​ច្រលំ​​ថា​ ការ​បើកចំហ​ការ​ចូល​រួម​នេះ​ជា​គុណ​វិបត្តិ​នៃ​ចលនា​ឱយ​សោះ​ ព្រោះ​វា​ជា​គុណ​សម្បត្តិ​ដ៏​វិសេស​នៅ​​ពេល​ដែល​គេ​ចេះ​គ្រប់​​គ្រង​និង​ដោះ​ស្រាយ​។​ ដំណោះ​ស្រាយ​មិន​មែន​មិន​មាន​ទេ​គឺថា​គេ​អាច​​ប្រើ​បាតុករចាស់​​អប់រុំ​បាតុក​រថ្មី​បាន​ គឺ​យើង​ត្រូវ​រៀប​ចំ​ឱយ​មាន​ឯកសារ​សព្វ​សារពើ​ ទាំង​ជា​ក្រដាស​ ជា​សម្លេង​ ជា​វិឌីអូ ឬរៀប​ចំ​សិក្ខាសាលា​ ​បង្កើត​ភ្នាក់​ងារ​អប់រុំ​ បង្កើតបែង​ចែក​ជា​​ក្រុម​តូចៗ​ដើម្បី​ងាយ​បង្រៀននិង​ពង្រឹង​វិន័យ​។ អ្វី​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​នោះ​​​គឺ​ត្រូវ​បង្កើត​ចំណង​រវាង​បាតុករ​ឱយ​ចេះ​មើលថែ​គ្នា​ ហាម​​គ្នា​ពេល​ប្រព្រឹត្ត​អំពើ​ហិង្សា​។ ធ្វើ​ដូច្នេះ​បាន​ បាតុកម្ម​នឹង​មាន​លក្ខណៈ​ស្វ័យ​ការ​ពារ​ទាំង​ក្នុង​ទាំង​ក្រៅ​។​ នៅ​ពេល​ដែល​បាតុករមាន​ការ​រៀប​ចំ​គ្រប់​គ្រង​ត្រឹម​ត្រូវ​ ​ជា​ភ្នែក​ជា​ច្រមុះ​របស់​ចលនា​ មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ បើ​កម្ម្លាំង​សន្តិ​សុខ​ចង់​បំបែក​ ប្រៀប​ដូច​ជា​យក​រឹង​បង្រ្កាប​ទន់​ វាយ​ខ្លាំង​ប៉ុណ្ណា​ ក៏​រិត​តែ​អស់​កម្លាំង​ខ្លួន​ឯង​ប៉ុណ្ណឹង​ដែរ​។ ចំពោះ​អ្នក​ក្បដ​នឹង​ចលនា​ ជួយ​រដ្ឋាភិបាល​​ធ្វើ​ជា​រនុក​ក្នុង ពេល​ចាប់​បាន​ គេ​មិន​ពុំ​ចាំ​បាច់​កាត់​ទោស​ប្រហារ​ដូច​ក្នុង​វិស័យ​យោធា​អ្វី​នោះ​ទេ​ ​គ្រាន់​តែ​បំបាក់​មុខជន​បង្កប់​នោះ​ដោយ​កត់​ចំណាំ​ឈ្មោះ​និង​ថត​រូប​ទុក​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​​ បណ្តេញ​ចេញ​ពី​ក្រុម​ទៅ​ជា​ការ​ស្រេច​។ រាល់​កំណត់​ត្រា​នឹង​ក្លាយ​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ចលនា​ប្រជាជន​ ឱយ​ក្មេង​ជំនាន់​ក្រោយ​រៀន​។​​

ការ​បំបែក​ការ​ភ័យ​ខ្លាច

quote-the-only-real-prison-is-fear-and-the-only-real-freedom-is-freedom-from-fear-aung-san-suu-kyi-284300

អ្នក​ដែល​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​ខ្លួនបាន​​នឹង​ទទួល​សេរី​ភាព​យ៉ាង​ពិត​ប្រាកដ​។ — អារីស្តូត្ល

ភាព​ភ័យ​ខ្លាច​គឺ​ជា​ទំរង់​មួយ​នៃ​ការ​គ្រប់​​​គ្រងបញ្ជា​​អារម្មរបស់​មនុស្ស​។ ​រដ្ឋាភិបាលបញ្ចូល​​ការភ័យ​​ខ្លាច​ទៅ​ក្នុងបាតុកម្មដើម្បី​កំទេច​បាតុកម្ម​ អាស្រ័យ​ហេតុ​នេះ​ មេ​បាតុកម្ម​​ត្រូវ​បំបែក​ការ​ភ័យ​ខ្លាច​នោះ​ដើម្បី​ទប់​ស្កាត់​ការ​បំបែក​ពី​ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​។ គេ​សង្កេត​ឃើញ​ចលនា​ខ្លះ​ពុះ​ពោរ​​ហើយ​ក៏​លិច​បាត់​ទៅ​វិញ​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​។ យោល​តាម​ការណ៍​នេះ​ គេ​ជឿ​ថា​ការ​បង្ក្រាប​បំបែក​បាតុកម្ម​។ ​ការ​ពិត​ មិន​មែន​ការ​បង្ក្រាប​ទេ​ដែល​ធ្វើ​ឱយ​​បាតុកម្ម​បែក​ខ្ញែក​ តែ​គឺ​ការ​ភ័យ​ខ្លាច​ពី​ការ​បង្ក្រាប​នោះ​ទេ​ដែល​សម្លាប់​ព្រលឹង​តស៊ូ​របស់​ចលនា​។ ត្រង់​​ចំណុច​នេះ​ យើង​គួរ​ស្តាប់​ទស្សនៈ​ស៊ី​ជម្រៅ​មួយ​របស់​លោក​ ម៉ាក់​ ទ្វែន (Mark Twain)​ អ្នក​និពន្ធ​ជាតិ​អាមេរិកាំង​ថា​​ «សេចក្តី​ក្លាហាន​មិន​មែន​គ្មាន​វត្តមាន​នៃ​ការ​ភ័យ​ខ្លាច​នោះ​ទេ​ តែ​គឺជា​​ការ​ត្រួត​ត្រា​​ការ​ភ័យ​ខ្លាច​ ការ​គ្រប់​​​គ្រង​ការ​ភ័យ​ខ្លាច​។»​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បោក​បញ្ឆោត​លាង​ខួរ​ក្បាល​ សម្លុត​បំភ័យ​ប្រជាជន​ គ្មាន​អ្វី​ចម្លែក​ទេ​នៅ​ក្នុង​របប​ផ្តាច់​ការ​ ប៉ុន្តែ​បើ​មិន​អាច​ដោះ​លែង​ប្រជាជន​ពី​​ភាព​បាក់​ស្បាត​នេះ​ទេ​ គេ​នឹង​ចួប​ប្រទះ​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្រោច​ស្រង់ប្រជាជន​ពី​ការ​ជិះ​ជាន់​ ហើយ​គេ​ក៏​មិន​ចាំ​បាច់​និយាយ​ពី​ការ​ចូល​រួម​និង​គាំទ្រ​របស់ប្រជាជន​ដែរ ទោះ​ទាញ​ជន​ផ្តាច់​ការ​ម្នាក់​ចេញ​ពី​តំណែង​​បាន​ក៏​ពិបាក​ចៀស​ពី​ជន​ផ្តាច់​ការ​ថ្មី​ដែរ​ បើ​ប្រជាជន​នៅ​តែ​ខ្លា​អ្នក​ដឹក​នាំ​​។ ទោះ​យ៉ាង​ណា​ ​ការ​​ភ័យ​ខ្លាច​នេះ​នៅ​តែ​មាន​ថ្នាំ​ព្យាបាល​។ គេ​អាច​ពន្យល់​ប្រជាជន​ដោយ​ប្រើ​មធ្យោបាយ​ផ្សេងៗ​ជាច្រើន​ពីវិធី​អហិង្សា​ អំពី​​អំនាច​ប្រជាជន​ ពី​វិភាគ​ទានផ្នែក​សេដ្ឋកិច្ច​ សង្គម​ នយោបាយ​​របស់​ពួក​គេ​ទៅ​កាន់​រដ្ឋ​។ ការ​សរសេរ​សៀវភៅ​ អត្ថបទ​បោះ​ពុម្ព​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​ ទូរទស្សន៍​ អ៊ីន​ធើរ​នេត​ ​ធ្វើ​ជា​វិឌីអូ​ឯកសារ​ រៀប​ចំ​សិក្ខាសាលា​បណ្តុះ​បណ្តាល​។ល។​ ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាពក្នុង​បេសក​កម្មបំបាត់​ជំងឺ​ភ័យ​ខ្លាច​នេះ​​។ ទោះ​បី​មាន​ការ​រិត​ត្បិត​ការ​ផ្សព្វ​ផ្សាយ​ពី​សំណាក់​រដ្ឋាភិបាល​យ៉ាង​ណា​ក៏​ដោយ ​គេ​ត្រូវ​តែ​អាច​ប្រើ​មធ្យោបាយ​ដែល​នៅ​សេស​សល់​ទៅ​តាម​​​ឱកាស​ហុច​ឱយ​និង​ស្ថាន​ការ​ណ៍​ ផ្សព្វ​ផ្សាយ​ដោយ​សម្ងាត់​ក្តី​ដោយ​ផ្ទាល់​ក្តី​ ដើម្បី​ឱយ​ប្រជាជន​អាច​ដោះ​លែង​ខ្លួន​ឯង​បាន​។ ការ​សង្វាត​បិត​ខ្ទប់​ពត៌មាន​អប់​រុំ​អំពីអំនាច​នៃ​ចលនា​អហិង្សា​​ពុំ​មែន​ស​ឱយ​ឃើញថា​​ជន​ផ្តាច់​ការ​ខ្លាំងនោះ​​ឡើយ​​ តែ​ផ្ទុយ​មក​វិញ​គឺ​ពួក​គេ​កំពុង​តែ​ភ័យ​ខ្លាច​ទៅ​វិញ​ទេ​ ដូច​​សម្តី​របស់​លោក​​ អាឡាន់​ ម៉ូរេ (Alan Moore)​ អ្នក​និពន្ធ​អង្លេស​​ល្បី​ល្បាញ​ម្នាក់​បាន​ពោល​ថា​ «ប្រជាជន​មិន​គួរ​ខ្លាច​រដ្ឋាភិបាល​ទេ​ តែគឺ​រដ្ឋាភិបាល​ទេ​ដែល​គួរ​ខ្លាច​ប្រជាជន​។»


ការ​ជ្រើស​រើស​ទី​តាំង​ធ្វើ​បាតុកម្ម​

ខុស​ពី​កុប​កម្ម​ហិង្សា​ដែល​ចាត់​ទុក​ទី​តាំង​ធ្វើ​បាតុកម្ម​ជា​ទី​លាន​ប្រយុទ្ធ​ ជា​សមរភូមិ​ក្តៅ​គគុក​ បាតុកម្ម​អហិង្សា​អាច​ធ្វើ​បាន​ដោយ​មិន​រើស​អើង​ទី​កន្លែងទេ​​ សូម្បី​តែ​ផ្ទះ​ក៏​អាច​ជា​កន្លែង​ធ្វើ​បាតុកម្ម​ដែរ​។ គេ​អាច​ធ្វើ​​តាម​ដង​ផ្លូវ​ ទី​ឃ្លា​សាធារណៈ​ វា​ជា​សិទ្ធិ​សេរី​ភាព​របស់​ប្រជាជន​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​។ ការ​ជ្រើសរើស​​ទី​តាំង​ធ្វើ​បាតុកម្ម​ត្រូវ​ធ្វើ​ឡើង​ក្នុង​បរិបទ​យុទ្ធ​សាស្ត្រ​ គឺថា​​ គេ​ត្រូវ​ពិចារណា​អំពីកន្លែង​ដែល​មាន​​សារៈ​សំខាន់​ចំពោះ​ចលនានិង​កាត់​បន្ថយ​កម្លាំង​រដ្ឋាភិបាល​។ ដោយ​សារ​មុខ​សញ្ញា​របស់​បាតុកម្ម​គឺ​រដ្ឋាភិបាល​ ដូច្នេះ ​ស្ថាប័ន​រដ្ឋ​សំខាន់​ៗ​ជា​ច្រើន​ក្លាយ​ជា​ចំណុច​រសើប​ដែល​ចលនា​គួរ​រៀប​ចំ​ផែន​ការ​ធ្វើ​សកម្ម​ភាព​នៅ​ទី​ទាំង​នោះ​​។ យ៉ាង​ណា​មិញ​ ​ការ​ជ្រើស​រើស​ទី​​តាំង​ធ្វើ​បាតុកម្ម​ឱយ​នៅ​ឆ្ងាយ​ពី​ទី​ស្នាក់​ការ​ប៉ូលីស​ទាំង​ឡាយ​​ គឺ​យើង​ដើរ​ខ្សែ​លើ​ផ្នែក​ភូមិ​សាស្ត្រ​ដើម្បី​ចំណេញ​ពេល​ឆា​ចោល​រំសាយ​ការ​ចួប​ជុំ មុន​ពេល​មាន​ការ​បង្ក្រាប​​។ ប៉ុន្តែ​បើ​កង​កម្លាំង​ទាំង​អស់​មិន​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ មក​តាម​ផ្លូវ​អាកាស​ដោយ​ប្រើ​ឧទ្ធម្ភាគ​ចក្រ​ ឬ​ក្លែង​បន្លំ​ជា​ប្រជាជន​ស៊ីវិលធ្វើ​ដំណើរមក​ បាតុករ​នៅ​តែ​ដើរ​ខ្សែ​លើ​ត្រង់​​មាន​គ្នា​ច្រើន​ ពេល​រំសាយគ្នា​​ទៅ​ នាំ​ឱយ​ពិបាកតាម​​បង្ក្រាប​។ លោក​ ជីន​ សាប​ បាន​ព្រមាន​ពី​ការ​ជ្រើស​រើស​ទី​តាំង​មាន​ហានិភ័យ​ខ្ពស់​ទាំង​ឡាយមក​ធ្វើ​បាតុកម្ម​ ដូច​ជា​ វិមាន​របស់​ជន​ផ្តាច់​ការ​ឬ​ទី​ស្នាក់​ការ​កង​កម្លាំង​សន្តិ​សុខ​​ជា​ដើម​។ លោក​ផ្តល់​យោបល់​មិន​ឱយ​ទៅ​ធ្វើ​បាតុកម្ម​នៅ​ទី​ទាំង​នោះ​ឡើយ​ បើ​ពុំ​នោះ​ទេ​អាច​មាន​អន្តរាយ​ដល់​អាយុជីវិត​។ ក្រៅ​ពី​​ទី​កន្លែង​ទាំង​នេះ​ នៅ​មាន​កន្លែង​សំខាន់​ជា​ច្រើន​ទៀត​របស់​រដ្ឋាភិបាល​ ដូច​ជា ​អាគារ​ស្ថាប័ន​រដ្ឋ​ឬក្រសួង​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​ប្រកបដោយ​​ហានិភ័យ​ទាំង​នោះ​។ គេ​គួរ​ពិចារណា​ផង​ដែរ​ពី​លទ្ធផល​ដែល​បាតុករ​ទៅ​ពាត់​ទី​ណា​មួយ ​ថា​តើវា​​បាន​ធ្វើឱយ​​រដ្ឋាភិបាល​រាំង​ស្ទះ​ការ​ងារ​កំរិត​ណា​។ ចំពោះ​ការ​ទៅ​បាតុកម្ម​នៅ​វិមាន​របស់​ជន​ផ្តាច់​ការ​ យើង​គួរ​រំឭក​ថា ជន​ផ្តាច់​ការ​ខ្លាច​បាត់​បង់​អំនាច​ខ្លាំង​ណាស់​ ហើយពួក​​អាជ្ញាធរ​ទៀត​សោត​ក៏​គោរព​​ជនផ្តាច់​ការជាង​ច្បាប់​ទៅ​ទៀត​ ដូច្នេះ​បើ​បាតុករ​ទៅ​ពាត់​បិត​វិមាន​ស្កឹម​ស្កៃ​របស់​ជន​ផ្តាច់​ការ​ ប្រាកដ​ណាស់​កង​កម្លាំងនឹង​​ប្តូរ​ផ្តាច់​ការ​ពារ​មេ​របស់​ពួក​គេ​នឹង​អាល​ទៅ​យក​​​គុណ​សម្បត្តិជាក់​ជា​ពុំ​ខាន​​។ សូម​កុំ​ភ្លេច​ឱយ​សោះថា​​ តាម​បទពិសោធ​​កាន់​អំនាច​ដ៏​យូរ​ ​ការ​ឈ្លប​យក​ការណ៍​និង​ភាព​ថ្នឹក​ខាង​យោធា​របស់​ពួក​គេ​ ជន​ផ្តាច់​ការ​មិន​ល្ងង់​ដល់ថ្នាក់​មិន​ទុក​ផ្លូវ​ក្រោយ​ ឬ​លាក់​បំពួនផ្លូវ​សម្ងាត់គ្រាន់​ភៀស​ខ្លួន​ពេល​មាន​អាសន្ន​នោះ​ដែរ​​។ ទោះ​ពេល​បាតុកម្ម​ជោគ​ជ័យ​ចង់​ទៅ​ចាប់​ជន​ផ្តាច់​ការមក​កាត់​ទោស​​ក៏​ដោយ ក៏​ការ​ពាត់​វិមានរបស់​គេ​​មិន​ប្រាកដថា​​អាច​ចាប់​​ជន​នោះ​បាន​ដែរ។​​ ទី​ស្នាក់​ការ​សន្តិ​សុខ​ក៏​មិន​ខុស​គ្នា​​។ ទៅ​បាតុកម្ម​នៅ​ទី​នោះ​ ប្រៀប​ដូច​យក​សាច់​ទៅ​ដាក់​មាត់​ខ្លា​ដូច្នោះ​​។ ប្រការ​មួយ​ទៀត​គឺ​ទស្សនិកជន​ រាល់​ការ​សម្តែង​តែង​ត្រូវ​ការ​អ្នក​ទស្សនា​។ ចលនា​គួរ​រក​មធ្យោបាយ​និង​រើស​ទី​តាំង​ដែល​មាន​ទស្សនិកជន​ច្រើន​​ ដើម្បី​ឱយ​ពួក​គេ​បាន​ឃើញ​ផ្ទាល់​និង​អាច​ចូល​រួម​ដែរ​។ បើ​ទី​នោះ​ ពុំ​សូវ​មាន​អ្នក​មើល​ គេ​អាច​​ថត​វិឌីអូ​ទុក​និង​ផ្សព្វ​ផ្សាយ​ជា​ក្រោយ​ក៏​បាន​ដែរ​ ឬ​​ទាក់​ទង​អ្នក​សារ​ពត៌មាន​ឯករាជ្យ​ជា​ជំនួយ​ក៏​បាន​។ មុន​ជ្រើស​ទី​តាំង​ណា​មួយ​ គេ​គួរ​ចុច​យក​កន្លែង​ណា​មួយ​នៅ​ក្នុង​បរិបទ​មហា​យុទ្ធសាស្ត្រ​ ដើម្បី​ឱយ​មានឯក​ភាព​ទៅ​ស្ថាន​ភាព​ជាក់​ស្តែង​និង​ផែន​ការ​សកម្ម​ភាព​។

ការ​បង្កើត​អត្ត​សញ្ញាណ​បាតុកម្ម​ដោយ​​ប្រើ​ប្រាស់និមិត្ត​​សញ្ញា​

អំនាច​ក៏​អាច​មាន​នៅ​ក្នុង​ការ​បក​ប្រែ​និមិត្ត​សញ្ញា​ដែរ​។ អំនាច​និមិត្ត​រូប​​គ្រប់​​គ្រង​ឥរិយាបថ​មនុស្ស​ ទាំង​ពេល​ខ្លះ​មនុស្ស​​ចំណុះ​​នឹង​អំនាចនេះ​យ៉ាង​ស្កប់​ស្កល់​​ដោយ​មិន​ដឹង​ខ្លួន​។ សូម​រំឭក​ផង​ដែរ​​ថា​ មនុស្ស​ទាក់​ទងគ្នា​ដោយ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ ស្តែង​ចេញ​តាម​រយៈកាយ​វិការ​និង​ភាសា​ ដូច្នេះ​ហើយនិមិត្ត​សញ្ញា​បាន​សូន​របៀប​ដែល​មនុស្ស​​គិត​ ប្រាស្រ័យ​ទាក់​ទង​គ្នា មាន​អំនាចត្រួត​ត្រា​ឥរិយា​បថ​​មនុស្ស​​ ពោល​គឺ​ អំនាច​និមិត្តរូប​​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​មនុស្ស​និង​មនុស្ស​ខ្លួន​ឯង​ព្រម​ឋិត​ក្រោម​អំនាច​នេះ​ ដើម្បី​ឱយ​អាច​​យល់​គ្នា​បានពេល​ធ្វើ​​អន្តរកម្ម​។ ការ​ធ្វើ​បាតុកម្ម​អហិង្សា​ ជា​ការ​ពិត​ គឺ​ជា​ការ​សំដែង​មតិ​ជា​​ក្រុម​តាម​រយៈ​​និមិត្ត​សញ្ញា​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ទាក់​ទង​នឹងទស្សនិកជនឬ​ប្រជាជន​​ផ្សេង​ទៀត​។ ជា​ទួទៅ​ គេ​តវ៉ា​​ដោយ​ប្រើ​និមិត្ត​សញ្ញា​ទាំង​ឡាយធ្វើ​ជា​និមិត្ត​រូប​បាតុកម្ម​និង​ដើម្បី​តំណាង​មតិ​ប្រឆាំង​ ដូចជា​​លើក​បដា​ រុំ​ក្រណាត់​លើ​ក្បាល​ ពាក់​ផ្លាក​ គូរ​រូប​ តាំង​រូប​ថត​ សរសេរ​​លើ​ផ្លូវ​ ដោត​ផ្កា​​។ល។​ ទាំង​អស់​នេះ​សុទ្ធ​សឹង​ជា​សកម្ម​ភាព​និមិត្ត​សញ្ញា​ ដើម្បី​ឱយ​សាធារណជន​ស្គាល់​ជាមុន​សិន​និង​មាន​ឥទ្ធិ​ពល​មិន​អាច​មើល​ស្រាល​បាន​។ គេ​មិន​មែន​ប្រើ​សកម្មភាព​នេះ​ ដើម្បី​តែ​ជះ​ឥទ្ធិ​ពលលើ​ប្រជាជន​ដែល​នៅផ្នែក​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ​ទេ​ តែ​គឺដើម្បី​វាស់​ស្ទង់​ប្រតិកម្ម​របស់​ពួក​គេ​ដែរ​ ពិសេស​គឺ​ដើម្បី​ត្រៀម​ខ្លួន​រៀប​ចំ​​ប្រជាជន​ទាំង​នោះ​ឱយ​ចូល​រួម​តស៊ូ​ជា​បន្ត​បន្ទាប់​​។ ​​​ជា​ដំបូង​ សកម្មភាព​ជំទាស់​គេ​ចាប់​ផ្តើម​ធ្វើ​ឡើងក្នុង​ទំរង់​ជា​សកម្មភាព​សម្តែង​និមិត្ត​សញ្ញានិង​ការ​​មិន​សហការ​ទំហំ​​តូច​។ ឧ.​ ការ​ផ្តុំ​គ្នា​យកកម្រង​​ផ្កា​​ទៅ​ដោត​នៅ​ទី​ដែល​មាន​អត្ថន័យ​សំខាន់​ណា​មួយ ដូច​ជា​ទី​លាន​ប្រជាធិបតេយ្យ​​ ឬ​ប្រគល្ភ​ផ្កា​ឬ​ចំណី​បារី​ទឹក​ឱយ​កង​សន្តិសុខជា​អាទិ​។ ​ការ​ដុត​រូប​ឬ​មនុស្ស​ចម្បើង​សរសេរ​ឈ្មោះ​ជន​ផ្តាច់​ការ​ឬ​មេ​បញ្ជា​ការ​យោធា​ដែល​បញ្ជា​ឱយ​​បង្ក្រាប​ប្រជាជន​ស៊ីវិល,​ ការ​ផ្តុំគ្នា​ដេក​សំដិល​ឬ​ធ្វើ​ឱយ​ដូច​ជា​ពេល​ត្រូវ​គេ​បង្ក្រាប,​​ ការ​យក​​កាំ​ភ្លើង​ក្មេង​លេង​ឬ​កាំ​ភ្លើងបាញ់​ទឹក​ទៅ​ត​តាំង​នឹង​​កង​យោធា​រដ្ឋាភិបាល​, ការ​យក​សន្ទូច​ភ្ជាប់​ដោយ​នុយ​ជា​ក្រដាស់​ប្រាក់​ទៅ​ស្ទូច​ប៉ូលីស​ ដើម្បី​បញ្ឈឺ​ពួក​គេ​អំពី​ការ​បង្ក្រាប​ប្រជាជន​ដើម្បី​បាន​លុយ​, ការ​បង្កើត​ល្បែង​ប្រជាប្រិយ​លេង​ដែល​មាន​យក​និមិត្តរូប​​ជន​ផ្តាច់ការ​មក​បញ្ឈឺ ដូច​ជា​ ​​​លេង​បោះ​អង្គុញ​​ដែល​អង្គុញ​ទាំង​នោះ​មានសរសេរ​​ឈ្មោះមន្ត្រី​ពុក​រលួយ​, លេង​វាយ​ធុងសាំង​ដែល​បិត​មុខ​រូប​ថត​​មេ​ដឹក​នាំ​ផ្តាច់​ការដូច​នៅប្រទេស​​ស៊ែកប៊ី​, ការ​ដើរ​បិត​ផ្លាក​បាតុកម្ម​ប្រឆាំង​គ្រប់​ទី​កន្លែង​ នៅ​ផ្ទះ​​ប្រជាជន​​, បិត​រូប​ជន​ផ្តាច់ការរ​​លើ​កែប​ម៉ូតូ​, យក​រូប​ពួក​គេ​មក​ក្រាល​អង្គុយ​លើ​ឬជាន់​។ល។ ក្នុង​ករណី​មាន​លទ្ធ​ភាព គេ​អាច​នោះ​ពុម្ព​​សម្ភារៈប្រើ​ប្រាស់​ ឬ​សម្លៀក​​បំពាក់​ ​​​ ផ្លិត​ មួក​ អាវ​ កង​ដៃ​​​ ដែលភ្ជាប់​សារ​ រូប​ អត្ថន័យ​ និមិត្ត​សញ្ញា​បាតុកម្ម​ប្រឆាំង​នឹង​របប​ដឹក​នាំ​។

នៅ​ក្នុង​របប​ផ្តាច់​ការ​ ពេល​ខ្លះ​សូម្បី​តែ​សកម្ម​ភាព​តវ៉ា​បន្តិច​បន្តួច ​ដូច​ជា​ការ​បំពាក់​កម្រង​ផ្កា​ក៏​មាន​ការ​រិត​ត្បិត​ចាប់​ខ្លួន​និង​ការ​បង្ក្រាបដែរ​។ ​​ការ​បង្ក្រាបសកម្ម​ភាព​សន្តិ​ភាព​​ណា​មួយ​មិន​មែន​ជា​ការ​បង្ហាញ​សាច់​ដុំរបស់​រដ្ឋ​អំនាច​​​ទេ​ តែ​ជា​ការភិត​​ភ័យ​​អំពី​​អំនាច​ប្រជាជន​និង​បារម្ភ​ខ្លាច​កង​សន្តិសុខ​របស់​ខ្លួនទន់​ចិត្តទោរ​ទៅ​រក​​​ប្រជាជន​។ ការ​សរសេរ​លើក​បដា​ថា​ «ប៉ូ​លីស​អាច​វាយ​ប្រជាជន​ តែ​ប្រជាជន​មិន​វាយ​ប៉ូលីស​វិញ​ទេ​» «ពួក​យើង​គឺ​តែ​មួយ​ មិន​មែន​ជា​សត្រូវ​»​ «កង​កម្លាំង​សន្តិ​សុខ​ស៊ី​ប្រាក់​ខែ​ប្រជាជន​ ត្រូវ​ប្រជាជន​ការ​ពារ មិន​មែន​ការ​ពារ​ជន​ផ្តាច់​ការ​ទេ​​» ឬ​ការ​បង្កើត​ភាព​ស្និទ្ធ​ស្នាល​ ជូន​ទឹក​ នុំ​ចំណី​ ជជែក​គ្នា​លេង​ អាច​បន្ទន់​ចិត្ត​ពួកគេ​​ឱយ​មិនបង្ក្រាប​ឬ​ធ្វើ​ជា​បង្ក្រាប​ក្លែង​ក្លាយ​ ហើយ​មិន​យូរ​ទេ​ពួក​គេ​នឹង​ឈរ​ខាង​ប្រជាជន​វិញ​ ព្រោះពេល​ចលនា​ប្រជាជន​កើន​កុះ​ករ​ហើយ​ ​គ្មាន​ហេតុផល​អ្វី​ដែល​ពួក​គេ​ប្រឆាំង​នឹង​វាសនា​ប្រទេស​ជាតិ​ខ្លួន​ឯង​នោះ​ឡើយ​។ ការ​ទប់ស្កាត់​សកម្មភាព​បន្តិច​បន្តួច​របស់បាតុករ​​មិន​មែន​ធ្វើ​ឱយប្រជាជន​គិត​ថា​រដ្ឋាភិបាល​ធ្វើ​ត្រូវ​នោះ​ទេ​ តែ​នាំ​ឱយ​រដ្ឋាភិបាល​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាជន​ទៅ​វិញ​ទេ​ ពោល​គឺ​ ការរារាំង​ឬ​​បង្ក្រាប​សកម្ម​ភាព​បន្តិច​បន្តួច​បែប​នេះ​ពុំ​បាន​ទាក់​ទាញ​​ការ​គាំទ្រ​ពី​សាធារណជន​​ទេ​​។ ហេតុ​នេះ​​ហើយ​​ មិន​មែន​សកម្មភាពចែក​រំលែក​សេចក្តី​សុខ​សន្តិ​ភាព​​​ទាំង​អស់​ចេះ​តែ​ទទួល​បាន​ការ​ស្វាគមពីជន​ផ្តាច់​ការ​ឡើយ​ ប៉ុន្តែ​ឥទ្ធិ​ពល​របស់​វាទៅ​លើ​​ភាគី​ទី​បី​និង​ភ្នាក់​ងារ​បង្ក្រាប​គឺ​ប្រកបដោយ​​សា្មរតី​រួម​រួប​យល់​ចិត្ត​គ្នា​ មិន​មែន​ជា​ទង្វើ​អសារ​បង់​នោះ​ទេ​។

មហា​យុទ្ធសាស្ត្រ​ (Grand Strategy)​ នៃ​បាតុកម្ម​អហិង្សា​

«មហាយុទ្ធ​សាស្ត្រ​ គឺ​ជាបញ្ញត្តិមួយដែល​​​ជួយ​ចាត់​ចែង​និង​តំរង់​ការ​ប្រើ​ប្រាស់​ធន​ធាន (ធន​ធាន​សំរាប់​ការ​រៀប​ចំដឹក​នាំ​, ធន​ធាន​នយោបាយ​, ​ធន​ធាន​សីលធម៌, ធន​ធាន​មនុស្ស​, ធន​ធាន​សេដ្ឋកិច្ច)​ របស់​ក្រុម​ដែល​មានទាំង​ប៉ុន្មាន​ឱយ​បាន​ត្រឹម​ត្រូវទៅ​​តាម​កាលៈទេសៈ ដើម្បី​ស្វែង​រក​ឱយ​បាន​នូវ​ការ​​​​សំរេច​​​គោល​បំណង​របស់​ខ្លួន​នៅ​ក្នុង​ទំនាស់​។» (សាប, ២០១០, ទំ. ៤៣) យុទ្ធ​នា​ការ​ណា​ក៏​ដោយ​ គេរមែង​​ត្រូវ​ការ​យុទ្ធ​សាស្ត្រ​និង​ផែន​ការ​ច្បាស់​លាស់​ទាំង​ពេល​មិន​ទាន់​សំរេច​គោល​ដៅ​ ពេល​កំពុង​ដំណើរ​ការ​ និងពេលសំរេច​បាន​ហើយ​។ វា​ពុំ​អាច​ទៅ​រួច​ឡើយ​ បើ​យើង​រំពឹង​ថា​នឹង​មាន​​ពុម្ព​សំរាប់​បោះចេញ​នូវ​​យុទ្ធសាស្ត្រ​គោល​មួយ​អំពីចលនាប្រឆាំង​របប​ផ្តាច់​ការ ​ដែល​ធ្លាប់​ទទួល​បាន​ជោគ​ជ័យ​នោះ​​​ ព្រោះ​យុទ្ធ​សាស្ត្រ​ជាក់​លាក់​ដែល​ប្រើ​សំរាប់​ប្រទេស​ដោយ​ឡែក​ណា​មួយ​ក៏​ត្រូវ​អាស្រ័យ​លើ​លក្ខណៈ​ដោយ​ឡែក​នៃ​សង្គម​ សេដ្ឋកិច្ចនិង​នយោបាយ​នៃ​ប្រទេស​នោះ​ដែរ​ ទោះ​បី​មាន​សត្រូវ​ជា​ប្រភេទ​ជន​ផ្តាច់​ការ​ដូច​គ្នា​​ក៏​ដោយ​។​ លោក​​ ជីន​ សាប​ បាន​ណែ​នាំ​ថា​ «ប្រឈម​មុខ​នឹង​របប​ផ្តាច់​ការ​ គោល​ដៅ​នៃ​មហា​យុទ្ធសាស្ត្រ​ពុំ​មែន​គ្រាន់​តែ​ទាញ​ពួក​​ផ្តាច់​ការ​ចេញ​ពី​អំនាច​នោះ​ឡើយ​ ប៉ុន្តែ​ព្រម​ទាំង​ដំឡើងមក​វិញ​នូវ​​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​បង្ក​លក្ខណៈ​មិន​ឱយ​ជន​ផ្តាច់​ការ​ថ្មី​ឡើង​មក​ដែរ​។» ការ​​ចេះ​តែ​ធ្វើ​ទាំង​គ្មាន​គំរោង​ជាក់​លាក់​និង​យុទ្ធ​សាស្ត្រ​វាយ​លុក​ត្រឹម​ត្រូវ​មួយ ​ជា​ការ​ប្រថុយ​ប្រថាន​ ​បណ្តែត​បណ្តោយ​តាម​លទ្ធផល​ជា​ជាងគ្រប់​គ្រងលទ្ធផល​ ហើយ​បរាជ័យ​ក៏​ងាយ​ទទួល​បាន​មក​ដូច​ការ​មិនបាន​​រំពឹង​ទុកនោះ​​ដែរ​​។ ទោះ​គេ​ពិបាក​ស្មាន​ទុក​​​អ្វី​ដែល​អាច​កើត​ឡើង​ក៏​ដោយ​ គេនៅ​តែ​អាច​​រៀបចំ​​គ្រោង​ចំណុច​សកម្មភាព​គោលក្នុង​រយៈ​ពេល​មួយ​មាន​កំណត់​ដើម្បី​ដឹក​នាំ​ចលនា​​ជា​មុន​បាន​។ ឱយ​តែ​​គ្រោង​ឱយ​បាន​ត្រឹម​ត្រូវ​ដោយ​ផ្នែកលើ​​បទ​ពិសោធ​ដែល​បាន​មក​ពី​ចលនា​ខ្លួន​ឯងនិងពី​​ចលនា​ដទៃ​​ គេ​នៅ​តែអាច​​ប្រាកដ​ពី​លទ្ធផល​មួយ​ចំនួន​និង​ត្រឹមតែ​​​កែ​ប្រែ​ចំណុច​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៃ​មហា​យុទ្ធសាស្ត្រ​ ដើម្បី​បន្ថែម​បន្ថយ​សកម្មភាព ​យោលទៅ​​តាម​តថភាព​ជាក់​ស្តែង។ ​ មិន​ខ្វះ​ទេ​អ្នកធ្លាប់​​មាន​បទ​ពិសោធ​ខាង​បាតុកម្ម អ្នក​​ដែល​ធ្លាប់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​​ ពិសេស​អ្នក​ជំនាញ​ខាង​បាតុកម្ម​អហិង្សា​ ដែល​ជា​ប្រភព​មេរៀន​និង​ពត៌មាន​ដ៏​មាន​ប្រសិទ្ធភាព​ ​គេ​អាច​រក​បាន​តាម​អ៊ីនធើរនេត​​។

ការ​បង្កើត​យុទ្ធសាស្ត្រ​មួយ​តែង​ត្រូវ​ធ្វើ​ក្នុង​កាលៈ​ទេសៈ​ជាក់​លាក់​ តាម​បរិបទ ស្ថានភាព​ជាក់​ស្តែង​នៃ​សង្គម​និង​ប្រទេស​ដែល​ចលនានោះ​​គ្រោង​ចាប់​ផ្តើម​។ ដោយ​វាយ​តម្លៃ​ឱយ​ច្បាស់​អំពី​ធាតុ​ផ្សំ​​ពាក់​ពាន់​ទាំង​ឡាយ​ ដូច​ជា​បញ្ហា​សង្គម​ សេដ្ឋកិច្ច​ នយោបាយ​ របស់​ប្រជាជន​និង​អ្នក​ដឹក​នាំ​រដ្ឋ ពិសេស​ចំណុច​ខ្សោយ​របស់​ពួក​ផ្តាច់​ការ​និង​ការ​ដក​សសរ​ស្តម្ភ​នៃ​ការ​គាំទ្រ​របប​នោះ​ គេ​អាច​បង្កើត​មហា​យុទ្ធសាស្ត្រ​ទូលាយ​មួយ​ ​ ​ដោយ​​​​ឆ្លើយ​តប​ទៅ​កាន់សំនួរមគ្គុទ្ទេសន៍មួយ​ចំនួន​ ដែល​លោក​ ជីន​ សាប​ បាន​ផ្តល់​ជា​គំរូដូច​ខាង​ក្រោម​៖

៙តើ​ការ​តស៊ូ​រយៈ​ពេល​វែង​ល្អ​បំផុត​គួរ​តែ​ចាប់​ផ្តើម​ដោយ​ដូច​ម្តេច​?

៙តើ​ប្រជាជន​ដែល​ត្រូវ​បាន​ជិះ​ជាន់​ទាំង​មូល​អាចពង្រឹង​​​ជំនឿ​ជាក់លើ​ខ្លួន​ឯងនិង​ប្រមូល​យក​កម្លាំងឱយ​បាន​​​គ្រប់​គ្រាន់ដូច​ម្តេច ​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ ទោះ​បី​ឋិត​ក្នុង​របៀប​មួយ​មាន​កំរិតនៅ​​ពេល​ទើប​ចាប់​ផ្តើម​ក៏​ដោយ​?

៙តើ​សមត្ថភាព​របស់​ប្រជាជន​ទាំង​មូល​ក្នុង​ការ​​អនុវត្ត​វិធី​មិន​សហការនិង​រឹង​ថ្អឹងអាច​បង្កើន​បាន​ទៅ​តាម​រយៈ​វេលា​និង​បទ​ពិសោធ​ដោយ​ដូច​ម្តេច​?​​​​​​

៙​តើ​គោល​ដៅទាំង​ឡាយនៃ​យុទ្ធនាការដែល​មាន​មាន​កំរិត​ ​​​ធ្វើ​ឡើង​​ជា​បន្ត​បន្ទាប់នោះ​មាន​​​អ្វីខ្លះ ដើម្បីទាញយក​​ការ​​ត្រួត​ត្រា​សង្គមតាម​របៀប​​ប្រជាធិបតេយ្យ​មក​​វិញ​​ ​និងព្រម​ទាំង​​ដាក់​កំហិតលើ​​​របប​ផ្តាច់​ការ​​​​?

៙តើ​មាន​​វត្តមានស្ថាប័ន​ឯករាជ្យ​​​​ដែល​អាច​ប្រើ​ក្នុង​ការ​តស៊ូ​ទាម​ទារ​សេរីភាពនៅ​ក្នុង​របប​ផ្តាច់​ការឬ​ទេ​?

៙តើ​ស្ថាប័នក្នុង​សង្គម​​ណា​មួយដែល​​អាច​ទទួល​បាន​មក​វិញពី​ការ​ត្រួត​ត្រា​របស់​ពួក​​ផ្តាច់​ការ ឬ​តើ​ស្ថាប័ន​ណា​មួយដែល​អ្នក​ប្រជាធិបតេយ្យ​​ត្រូវ​បង្កើត​ថ្មី​ដើម្បី​បំពេញ​តំរូវ​ការ​និង​ស្ថាបនា​បរិមណ្ឌល​​ប្រជាធិបតេយ្យ​ (Democratic Sphere) ទោះ​ស្រប​ពេលនោះ​ ​របប​ផ្តាច់​ការ​នៅ​តែ​បន្តក្តី​​​?

៙តើ​សមត្ថភាព​គ្រប់​គ្រង​ចលនា​តវ៉ា​អាច​ធ្វើ​ឱយ​រីក​ចំរើន​បាន​ដោយ​របៀប​ណា​? តើ​គេ​អាច​​បណ្តុះ​បណ្តាល​អ្នក​ចូល​រួម​បាតុកម្ម​ដោយ​វិធី​ណា?​

៙តើគេ​នឹង​ត្រូវ​​ធន​ធាន​អ្វី​ខ្លះ (ហិរញ្ញ​វត្ថុ​, ​គ្រឿង​បរិក្ខារ។ល។​) ​នៅ​ក្នុង​កំលុង​ពេល​នៃ​ការ​តស៊ូ​?

៙តើ​ការ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ប្រភេទ​ណា​ដែល​អាច​មាន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​កៀង​គរ​ប្រជាជន​ទាំង​មូល​ឱយ​ចូល​រួម​?

៙តើដោយ​​សកម្មភាព​ប្រភេទណា​និងតំណាក់​​កាល​ណា​​ដែល​គេ​អាច​កាត់​បន្ថយ​និង​កំហិត​ប្រភព​អំនាច​របស់​ពួក​ផ្តាច់​ការបន្ថែម​ទៀត​​?

៙តើប្រជាជន​តវ៉ា​ទាំង​មូលអាច​ស្វិត​ស្វាញ​រឹង​ទទឹង​និង​​​រក្សា​វិន័យ​​អហិង្សា​ដ៏​​ចាំ​បាច់​ដំណាល​គ្នា​នោះ​បាន​ដោយ​ដូច​ម្តេច?​

៙តើសង្គម​នៅ​តែ​បន្ត​អាច​ផ្គត់​ផ្គង់​តំរូវការ​​មូលដ្ឋាន​បាន​របៀប​ណា​នៅ​ក្នុង​ខណៈ​​ពេល​កំពុង​តស៊ូ​?

៙តើ​របៀប​រៀប​រយ​សង្គម​អាច​រក្សា​បាន​ដោយ​វិធី​ណា​នៅ​ក្នុង​ពាក់​កណ្តាល​ទី​នៃ​ទំនាស់​?​

៙នៅ​ពេលបាន​ទៅដល់ជ័យ​ជំនះ​ តើ​ការរួម​គ្នា​​តវ៉ា​ដោយប្រជាធិបតេយ្យ​អាច​​បន្ត​ស្ថាបនា​មូលដ្ឋាន​ស្ថាប័ន​ក្នុង​សង្គម​ក្រោយ​របប​ផ្តាច់​ការ​ដួល​រលំបាន​ដោយ​ដូច​ម្តេច​ ឱយ​កាន់​តែ​រលូនតាម​ដែល​អាច​ទៅ​រួច​?

​​អ្នក​យុទ្ធសាស្ត្រ​មិន​ត្រូវភ្លេច​ពិចារណា​​អំពី​យន្ត​ការ​បំរែ​បំរួលពេល​រៀប​ចំ​​ផែន​ការនោះ​ទេ​ ព្រោះ​វា​ចាំ​បាច់​ណាស់​ដើម្បី​ស្ទង់​មើលយន្ត​ការ​ដែល​​ចលនា​បាន​សំរេច​និង​មិន​ទាន់​បាន​​។ ដូច​បាន​ជំរាប​ជូន​រួច​ហើយ​ មាន​តែ​​យន្ត​ការ​នៃ​ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​និង​ការ​បំបែក​ចេញ​ប៉ុណ្ណោះ​ ដែល​អាច​ផ្តួល​រំលំ​របប​ផ្តាច់​ការ​បាន​ ឯ​ការ​ប្តូរ​ជំហរ​នៃ​ក្រុមវរជន​ក្នុង​​រដ្ឋាភិបាល​​ ​និង​ការ​សំរប​សំរួលនឹង​ពួក​គេ​គឺ​កំរ​លេច​ឡើងនិង​ទទួល​បាន​លទ្ធ​ផល​មិន​គួរ​ឱយ​ជឿ​ជាក់​ឡើយ​។​បន្ទាប់​ពី​បង្កើត​យុទ្ធសាស្ត្រ​គោលបាន​​ហើយ​ ការ​ផ្សព្វ​ផ្សាយ​ដោយ​បើក​ចំហ​ឱយ​មហាជន​ដឹង​ គឺ​ប្រៀប​ដូច​​គំរោង​ការ​របស់​មេទាប់​អហិង្សា​ដាក់​បញ្ចា​ដោយ​ប្រយោល​ទៅ​កូន​ចៅ​ត្រៀម​ចេញ​ច្បាំង​ដោយ​អហិង្សា​ដូច្នោះ​ដែរ​ ដូច្នេះ​វា​សំខាន់​ណាស់​ដើម្បី​ឱយ​ប្រជាជន​ស៊ីវិល​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​និង​ដំណើរនៃ​​ការ​ចលនា​ទាំង​មូល​។​​ លោក ជីន​ សាប​ មើល​ឃើញ​ភាព​វិជ្ជមាន​នៃ​ការ​បើក​ចំហ​នេះ​ ដោយ​អះ​អាង​ថា​ «​ប្រជាជន​មួយ​ចំនួន​ធំទំនង​ជា​​មាន​បំណង​ចង់ចូល​រួមជាង​មុន​និង​អាច​ធ្វើ​សកម្មភាពបាន​​ បើ​សិន​ពួក​គេ​យល់​ពី​បញ្ញត្តិកម្ម​ទួទៅ​ ព្រម​ទាំង​សេចក្តីណែនាំ​ជាក់​លាក់​ច្បាស់​​​។» លោក​មិន​បាន​ចាត់​ទុក​ការ​បើក​ទូលាយ​នេះ​ជា​ហានិភ័យនោះ​ទេ ទោះ​បី​យុទ្ធ​សាស្ត្រ​នោះ​នឹង​ត្រូវលេច​ឮ​ដល់​​ជន​ផ្តាច់​​ការ ​ហើយ​គេ​អាច​ត្រៀម​បង្ក្រាប​ចលនា​​ក៏​ដោយ​។ បញ្ច្រាស​​មក​​វិញ​ លោក​គិត​ថា​វា​ហុច​លទ្ធផល​ល្អ​ទៅ​វិញ ហើយ​គេ​រិត​តែ​មិន​ត្រូវលាក់​បាំង​អំពី​សកម្ម​ភាព​អ្វី​ដែរ​ចំពោះ​នៅ​ក្នុង​បាតុកម្ម​អហិង្សា (អំពី​ការ​សម្ងាត់បន្តិច​បន្តួច​នៃ​បាតុកម្ម​​ យើង​នឹង​លើក​ឡើង​នៅ​ខាង​ក្រោម​)​ គឺ​ថា​វា​នឹង​ជំរុញ​ឱយ​ជន​ផ្តាច់ការ​បញ្ជា​​ឱយ​បង្ក្រាប​ដោយ​មិន​សូវ​ព្រៃ​ផ្សៃ​​ទៅ​វិញ​ ព្រោះ​ពួក​គេ​ដឹង​ថា​ការ​បង្ក្រាប​អាច​ផ្លាត​មកត្រូវ​ពួក​គេ​​វិញ​ ពិសេស​គឺ​ពួក​គេ​ខ្លាច​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុងនិងការ​​បោះ​បង់​ចោល​ភារកិច្ច​រវាង​អ្នក​បង្ក្រាប​និង​អ្នក​បញ្ជា​ឱយ​បង្ក្រាប​។

ចុះ​បើ​យុទ្ធ​សាស្ត្រ​នោះ​មាន​កំហុស​ឆ្គង​ឬ​ត្រូវ​បានសាធារណ​ជន​​យល់​ខុស​ តើ​អ្នក​យុទ្ធ​សាស្ត្រ​ត្រូវ​កែ​ប្រែ​ស្ថាន​ការ​ដូច​ម្តេច​? ចម្លើយ​​ងាយ​ខ្លី​គឺ​ ​«បើ​ខុស​ គឺ​កែ​, បើ​មិន​យល់​​ ពន្យល់,​​ បើ​មិន​ដឹង ​ប្រាប់, បើ​មិន​ជឿ​ បង្ហាញ​ភស្តុ​តាង»។ ប៉ុន្តែ​ លោក​ ជីន​ សាប បាន​រំឭក​​ផង​ដែរ​ថា «នៅ​ក្នុង​កាលៈ​ទេសៈកំរ​បំផុត​ប៉ុណ្ណោះ​ដែល​ការ​តស៊ូ​គួរ​តែ​ឃ្លាត​ចេញ​ពី​មហា​យុទ្ធសាស្ត្រ​ដើម​។» យោង​តាម​ស្ថាន​ភាព​បច្ចុប្បន្ន ការ​វាយ​តម្លៃ​ វាស់​ស្ទង់​ ប្រមូល​ពត៌មាន បោះ​ចោល​ទិន្នន័យ​ខុស​​ បញ្ចូល​ពត៌មាន​ត្រូវ​និង​បន្ថែម​ថ្មី​ នោះ​អ្នក​យុទ្ធ​សាស្ត្រ​ត្រូវ​កែ​លំអ​មហា​យុទ្ធសាស្ត្រ​ជា​​បន្ទាន់ មុន​ពេល​ចលនា​បរ​លើ​ផ្លូវ​ខុសកាន់​តែ​ឆ្ងាយ​។ មហា​យុទ្ធសាស្ត្រ​​កាច់​ចង្កូត​ចលនា​ឱយ​ដើរ​ទៅ​រក​មិន​មែន​ត្រឹម​តែ​ផ្លូវ​ត្រូវ​នោះ​ទេ​ តែ​គឺ​ឆាប់​ដល់​គោល​ដៅ​ធំ​បី​ផង​ដែរ​៖ ​ទី​មួយ​​ ផ្តួល​រំលំ​របប​ផ្តាច់​ការ​, ទី​ពីរ​ កែ​ប្រែ​ប្រព័ន្ធ​មក​ជា​របៀប​​ប្រជាធិបតេយ្យ​វិញ​ និង​ទី​បី​បិត​ខ្ទប់​ក្រុម​ណា​ដែល​ចង់ឆ្លៀត​ឱកាស​បង្កើត​រចនាសម្ពន្ធ​ផ្តាច់​ការ​ថ្មី​។​