ការ​សម្ងាត់​និង​ការ​បើក​ចំហ​នៅក្នុង​យុទ្ធនាការ​អហិង្សា​

quote-the-best-weapon-of-a-dictatorship-is-secrecy-but-the-best-weapon-of-a-democracy-should-be-the-niels-bohr-20207

អាវុធ​ល្អ​បំផុត​របស់​របប​ផ្តាច់​ការ​គឺ​ការ​សម្ងាត់​ ប៉ុន្តែ​អាវុធ​ល្អ​បំផុត​របស់​របប​ប្រជាធិបតេយ្យ​វិញ​ គួរ​តែ​ជា​​ការ​បើក​ចំហ​ឥត​លាក់​លាម​។ — ណេល្ស​ បូ​រ   (Niels Bohr)

ចលនា​អហិង្សា​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ព្រោះ​ចលនា​នេះ​មាន​លក្ខណៈ​សេរី​ ហើយ​​បើ​គ្មានប្រជាជន​គាំទ្រ​ទេ​នឹង​ស្កកខ្សោយ​​ដោយ​ឯក​ឯង​ដោយ​មិន​បាច់​មាន​ការ​បង្ក្រាប​។​ ប៉ុន្តែ ​​បើ​ប្រជាជន​គាំទ្រ ចលនា​នោះ​នឹង​ស្របទៅ​តាម​​ច្បាប់​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​​ ពោល​គឺ​​តំណាង​ប្រជាជន​ ចូល​រួម​ដោយ​ប្រជាជន​ ទ្រទ្រង់​ដោយប្រជាជន​និង​ដើម្បីប្រជាជន​​។ ដូច្នេះ ការ​បើក​ចំហ​ទាំង​ពត៌មាន​អំពី​​បាតុកម្ម​និង​ការ​ចូល​រួម​មិន​អាច​ធ្វើ​ឡើង​ដោយ​បិត​ទ្វារ​ទេ​ ព្រោះ​គេ​ត្រូវ​ការ​គាំទ្រ​ដោយ​ផ្ទាល់​​ពី​ប្រជាជន​តាម​រយៈ​ការ​ចូល​រួម​ឬ​ឧបត្ថម្ភ​ ទោះ​បី​គ្មាន​ការ​កត់​បញ្ជី​អ្នក​ចូល​រួម​ផ្លូវការ​ក៏​ដោយ​។ ការ​ចូល​រួម​ដោយមាន​​លក្ខណៈ​អនាមិក មិន​​កត់​ចំណាំ​អត្ត​សញ្ញាណ​បែប​នេះ​ គឺ​ជា​គុណ​សម្បត្តិ​នៃ​ចលនានេះ​ដែល​អាច​ការ​ពារប្រជាជនតិច​ឬ​ច្រើន​​ពី​ការតាម​​ប្រមាញ់ ​គំរាម​ហាម​មិន​ឱយ​ចូល​រួម​​​​បាតុកម្ម​របស់​រដ្ឋាភិបាលមួយ​ចំនួន​ធំ​ ព្រម​ទាំង​ការ​ឈ្លប​មើល​ពី​ភ្នាក់​ងារ​សម្ងាត់​របស់​រដ្ឋាភិបាល​ផង​ដែរ​​ ពិសេស​ប្រជាជនអាច​​ព្រួយ​បារម្ភ​ពីសុវត្ថិភាពរបស់ខ្លួន​​ពេល​មាន​​​ការ​បែក​ធ្លាយ​អត្តសញ្ញាណ​​​ទាំង​ក្នុង​ពេល​កំពុង​ធ្វើ​បាតុកម្ម​​និង​ពេល​​បរាជ័យ​។ ​យុទ្ធនាការ​​ហិង្សា​ដែល​ត្រូវ​រក្សា​ការ​សម្ងាត់​ គ្រប់​គ្រង​ពត៌មាននិង​ភាព​ឯកជនរបស់​​​កុប​ករទាំង​ឡាយ​​ ប្រជាជន​ភាគ​តិចប៉ុណ្ណោះ​​អាច​ចូល​រួម ហើយ​អ្នក​ដែល​អាច​ចូល​រួមបាន​នោះ​​ក៏​មាន​បែប​បទ​ច្រើនទៅ​​ទៀត​ ​ ហេតុ​នេះ គេ​មិន​គួរ​រាប់​ថា​ការ​ចំហ​និង​ការ​សម្ងាត់តិច​តួច​របស់​បាតុកម្ម​អហិង្សាគឺ​​ជាចំណុចខ្សោយ​របស់​ចលនានោះ​ទេ​​ តែ​ជា​ភាព​​ខ្លាំង​​​ទៅ​វិញ​ទើប​ត្រូវ​​។ ចលនា​អហិង្សា​បើក​ទូលាយ​ដោយ​មិន​ខ្លាចរដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុក​ម្នេញ ហើយ​នៅ​តែ​អាច​សម្រេច​ជោគ​ជ័យ​បាន​ដូច្នេះ​ គឺ​ជា​ការ​ចំហ​ប្រកបដោយ​​សេចក្តី​ក្លាហាន​ដែល​គេ​មិន​អាច​ចាត់​​ទុកថា​​ជា​កត្តា​ធ្វើ​ឱយ​បាតុកម្ម​អហិង្សា​ផុយ​ស្រួយ​នោះ​ឡើយ​។ ការ​បើក​ចំហ​និងការ​​សម្ងាត់តែង​ទាក់​ទងនឹង​​ភាព​ភ័យ​ខ្លាច​ ដូច្នេះ​គេ​ត្រូវ​ទំលាយ​ភាព​ភ័យ​ខ្លាច​ជា​មុន​សិន ហើយ​ភាព​ភ័យខ្លាច​មិន​អាច​ទំលាយបាន​​ដោយ​ការ​បិត​បាំង​ឬ​ការ​សម្ងាត់​នោះ​​ទេ​។ បើ​គំនិតនិង​​សេចក្តី​ពន្យល់​អំពី​ឥទ្ធិពល​និង​វិធី​អហិង្សាមិន​ត្រូវបាន​ចែក​រំលែក​ឱយ​បាន​ទូលំ​​ទូលាយ​ទៅ​ក្នុង​ស្រទាប់​ប្រជាជន​ទេ​ គេមិន​សូវ​មាន​សង្ឃឹម​ថា​ចលនា​អាច​មាន​ការ​គាំទ្រ​និង​​មាន​លក្ខណៈ​ប្រជាធិបតេយ្យខ្លាំងឡើយ​។ យោល​តាម​ការ​ចាំបាច់​​នេះ​​ ការ​សម្ងាត់​ជា​ឧបសគ្គ​សំរាប់​​បាតុកម្ម​អហិង្សា​ មិន​មែន​ត្រឹម​តែ​មាន​ឫស​គល់​កើត​មក​​ពី​ការ​ភ័យ​ខ្លាច​ទេ​ តែ​គឺបង្កើន​ភាព​ភ័យ​ខ្លាចតែ​ម្តង​​ គឺ​អាច​បំផ្លាញ​ព្រលឹង​ចលនា​​ កាត់​បន្ថយ​អ្នក​ចូល​រួម​ ធ្វើ​ឱយ​មាន​ការ​សង្ស័យគ្នា​ បែក​បាក់​សាមគ្គី​ភាព​ ងាយ​ឱយ​គេ​បំបែក​បាន​ ពិសេស​ក្នុង​ខណៈ​ពេល​ដែល​បាតុកម្ម​អហិង្សា​​មាន​ទំហំ​ធំ​​។ យ៉ាង​ណា​មិញ​ គេ​ក៏មិនអាច​​រំពឹង​ថា​អាច​លាក់​បាំង​ចេតនា​និង​ផែន​ការ​របស់​បាតុកម្មពី​ភ្នែក​របស់​ពួក​ប៉ូលីសនិង​​ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​ដែរ​​។

ទោះបី​​ការ​បើក​ចំហ​មាន​សារៈ​​សំខាន់​ចំពោះ​បាតុកម្មប៉ុណ្ណា​ក៏​ដោយ ​ វា​​នៅ​តែ​មាន​ករណីលើក​លែង​​ដែរ​។​ ការ​សម្ងាត់​មួយ​ចំនួនដូច​ជា​ ​ការបោះ​ពុម្ព ​​ចែក​ចាយ​ អាន​​ឯកសារ​សម្ងាត់ហាម​ឃាត់​ដោយ​រដ្ឋាភិបាល​ទាក់​ទង​នឹង​បាតុកម្ម​ អត្ត​សញ្ញាណ​អ្នក​ឈ្លបយក​ការណ៍​ ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ ដើម្បី​ប្រមូល​ពត៌មាន​ពី​សកម្មភាព​របស់​របបដឹកនាំ​ប្រាប់​អ្នក​ដឹក​​ចលនា​ ទាម​ទារ​ការ​លាក់​កំបាំង​ជា​ចាំ​បាច់​ ព្រោះ​ពោរ​ពេញ​ដោយ​​ហានិភ័យ​ខ្ពស់​​។ ក្នុង​ករណី​មាន​រដ្ឋាភិបាល​បិត​ប្រព័ន្ធ​ទំនាក់​ទំនង​នានា ​ដើម្បីបង្អាក់​ការ​ផ្ទេរ​ពត៌មាន​ក្នុង​បំណង​ប្រឆាំង​នឹង​បាតុកម្ម​ ​គេ​​​​​នៅ​មាន​​មធ្យោបាយ​ទប់​ទល់​សាមញ្ញ​ៗ ដូច​ជា ​បោះ​ពុម្ព​ខិត្ត​បណ្ណ​ រូប​ភាព​ សេចក្តី​ប្រកាស​ សំបុត្រ ទៅ​ចែក​ចាយ​សាធារណជន​និង​ទាក់​ទង​គ្នា​ដែរ​​។ល។ ការ​បិត​បណ្តាញ​ទំនាក់​ទំនង​ រដ្ឋាភិបាល​ទទួល​បាន​លទ្ធ​ផល​មិន​ខុសពី​ការ​បង្ក្រាប​ឡើយ​។ ការ​បង្ក្រាប​គ្រប់​ករណី​សុទ្ធ​តែ​អាច​បំភ័យ​ប្រជាជន​នោះ​ទេ​ តែ​វា​អាច​ធ្វើ​ឱយ​ប្រជាជន​រិតតែ​ក្លាហាន​ទៅ​វិញ។​​ មិន​មែន​ការ​បិត​ប្រព័ន្ធ​ទំនាក់​ទំនងអាច​បំបិត​ការ​បញ្ជូន​ពត៌មាន​នោះ​ទេ​ តែ​បែរ​ជា​ធ្វើ​ឱយ​ប្រជាជន​ប្រើ​វិធី​ចួប​មុខ​គ្នា​ផ្ទាល់​​ទាក់​ទង​គ្នា​តែ​ម្តង​ ពោល​គឺ ​មិន​មែន​បញ្ឈប់​ល្បឿន​បាតុកម្ម​ទេ​ តែ​ជំរុញ​ឱយ​ប្រជាជន​​រួម​គ្នាធ្វើ​បាតុកម្ម​​ទៅ​វិញ​។ ហេតុ​​នេះ​ហើយ​ទើប​​បាតុកម្ម​អហិង្សានៅ​​តែ​អាច​ជោគ​ជ័យ​បាន ​សូម្បី​តែ​ឋិត​ក្នុង​​​សម័យ​បច្ចេក​វិទ្យា​ពត៌មាន​មិន​ទាន់​ជឿ​លឿន​ក៏​ដោយ។ ​​​

វិន័យ​អហិង្សា (Nonviolent Discipline)​

ប្រសិន​បើ​អ្នក​រក្សា​វិន័យ​អហិង្សាបាន​​ អ្នក​នឹង​​ឈ្នះ​។ […]

​អំពើ​ហិង្សា​តែ​មួយ​ប៉ុណ្ណោះ​អាច​​បំផ្លាញ​ចលនា​របស់​អ្នកយ៉ាង​​ប្រាកដ​​។​​ —  សឺចា ផូផូវិច​

ចលនា​ដែល​នៅ​តែ​រក្សា​ជំហរ​អហិង្សា​បាន​នឹង​ទទួល​បាន​ជោគ​ជ័យ ហើយ​​ចលនា​ដែលប្រើ​វិធី​ហិង្សា​ឬ​​ផ្លាស់​ប្តូរ​ទៅ​ជា​ហិង្សា​នឹង​បរាជ័យ​។ ដូច្នេះ​ ការ​អត់​ធ្មត​គឺ​កត្តា​សំខាន់​បំផុត​ក្នុង​ការ​បន្ត​ចីរ​ភាព​បាតុកម្ម​ ឯ​​ការ​មិន​ចេះ​អត់​ទ្រាំ​រហ័ស​រហន់​ចង់​បាន​ផល​ បែរ​​ត្រលប់​ទៅ​រក​មធ្យោបាយ​ហិង្សា​វិញ​នោះ​ គឺជា​​សត្រូវ​ខាង​ក្នុង​នៃ​បាតុកម្ម​អហិង្សា​ដែល​អាច​វាយ​បំបែក​បាតុកម្ម​ពី​ផ្ទៃ​ក្នុង​ គ្រោះ​ថ្នាក់​ធ្ងន់​ជាង​កង​កម្លាំង​របស់​រដ្ឋាភិបាល​ទៅ​ទៀត​។ ដោយ​សារ​បាតុកម្ម​អហិង្សា​គ្មាន​រនាំងនៃ​​ការ​ចូលរួម​ ​មាន​លក្ខណៈ​បើក​ចំហ​ មាន​សេរី​ភាព​ទាំង​ក្នុង​ការ​ចូល​រួម​និង​ចាក​ចេញ​ដូច្នេះ​ គេ​ត្រូវ​ការ​វិន័យ​និង​ការ​រៀប​ចំ​ជា​ចាំ​បាច់​ដើម្បី​​ងាយ​គ្រប់​គ្រង​ចលនា​ឱយ​មាន​សណ្តាប់​ធ្នាប់​ ដឹក​នាំឱយ​​វៀរ​ចាក​ការ​ប្រើ​ហិង្សា​និង​ការ​វាយ​បង្ក្រាប​ពី​កង​យោធា​របស់​រដ្ឋាភិបាល​ ពិសេស​ការ​ពារ​ជន​បង្កប់ឬ​រនុក​ក្នុង​ដែល​គេ​បញ្ជូន​​មក​បំបែក​បាតុកម្ម​។ ក្នុង​ពេល​ធ្វើ​​​បាតុកម្ម​​អហិង្សា​ បើ​មាន​​បាតុករ​ណា​អស់​មាន​ភាព​អត់​ធ្មត់​ឬ​ទទួល​បាន​ការ​អប់​រុំតិច​​អំពី​វិធី​អហិង្សា​ ប្រើ​ប្រាស់​ហិង្សា​នោះ​ មេ​បាតុករត្រូវ​បញ្ជា​បាតុករ​​ឱយ​ឃាត់អ្នក​​ប្រើ​ហិង្សា​នៅ​ក្នុង​ពេល​បាតុកម្ម​ឱយ​បាន​កាន់​តែ​រហ័ស​កាន់​តែ​ប្រសើរ​។​ បើ​មិនអាច​​ទប់​ស្កាត់បាន​ឬ​ហួស​ពេល​​​ទៅ​ហើយ​​ គេ​ត្រូវ​ប្រញាប់​​កែន​បាតុករ​របស់​ខ្លួន​ឱយនៅ​ឆ្ងាយ​ដាច់​​ដោយ​ឡែក​ពី​ក្រុម​បាតុករ​ហិង្សាទាំង​​នោះ​ ដើម្បី​កុំ​ឱយ​នាំ​​គ្រោះ​ដល់​បាតុកម្ម​របស់​ខ្លួន​ផង​និង​ចៀស​វាង​ការ​មួល​បង្កាច់​បង្ខូច​ពី​រដ្ឋាភិបាល​ បំផ្លាញ​វិន័យ​នៃ​ចលនាផង​​។ រឿង​ដែល​អាច​កើត​ឡើង​នេះ​ មេ​ដឹក​នាំ​គួរ​បង្ហាត់​កូន​ចៅ​​ឱយត្រៀម​ជា​​ស្រេច​អំពី​វិធាន​ការ​ការ​ពារនា​នា​អំពី​អំពើ​ហិង្សា​របស់​បាតុករ​ខ្លួន​ឯង​ មិ​ន​មែន​ចាំទាល់តែ​​មាន​រឿង​កើត​ឡើង​ ទើប​ចាត់​វិធាន​ការ​ទេ​។ គេ​អាចពន្យល់​​ប្រាប់​បាតុករ​ជា​មុន​ថា «​ឃាត់​បាន ​ឃាត់,​ ឃាត់​មិន​ស្តាប់​ ចាប់,​ ចាប់​មិន​បាន ​ចៀស​។» លោក​ស្រី​ ម៉ារៀ​ ស្ទីហ្វឹន​​ អះ​អាង​ថា​ «ប្រជាជន​ដែល​រស់​នៅ​ក្រោម​ការ​ជិះ​ជាន់​ ពួក​គេ​មិន​អាច​គ្រាន់​តែ​ត្រូវ​បាន​ប្រាប់​ថា​កុំ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ​ ពួក​គេ​ត្រូវ​តែ [ទទួល​បាន​​ថា]​ ​មាន​ជំរើស​ផ្សេង​ទៀត​»។ ការ​គ្រាន់តែ​​ហាម​មិន​ឱយ​ប្រើ​ហិង្សា រក្សា​វិន័យ​អហិង្សា​​គឺ​ពិត​ជា​មិន​គ្រប់​គ្រាន់​ឡើយ​សំរាប់​បាតុករ​និង​សំរាប់​អំពើ​ឃោរ​ឃៅ​របស់​ភ្នាក់​ងារ​បង្ក្រាប​ ហេតុ​នេះ​មេ​ដឹក​នាំ​ត្រូវ​តែ​ពន្យល់​ឱយ​បាន​ច្បាស់​និង​ពិស្តារ​​ថា «​យើង​រក្សា​វិន័យ​អហិង្សា​ មិន​ប្រើ​អំពើ​ហិង្សា​ ពុំ​មែន​ដោយ​សារ​សីល​ធម៌​ឬ​មនុស្ស​ធម៌ កំសាក​​ខ្លាច​អាជ្ញាធរ​ យក​ប្រជាជន​ធ្វើ​ជា​ប៉ាវ​ខ្សាច់​ឱយ​គេ​វាយ​ដោយ​សេរីនោះ​​ទេ​ តែ​គឺ​ពី​ព្រោះ​អហិង្សា​គឺ​ជា​អាវុធ​ខាង​ផ្នែក​សីលធម៌​ដ៏​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការបំផ្លាញ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​និង​ទាក់​ទាញ​ការ​គាំទ្រ​ពី​គ្រប់​ភាគី​។»​​ ពិតណាស់​​ ហិង្សា​បន្តិច​បន្តួចពេល​ប្រឈម​មុខនឹង​​កង​កម្លាំង​ប្រដាប់​អាវុធ​គឺ​ពិបាក​​ចៀស​ផុត​ ទោះ​បី​ក្រុម​បាតុករ​បាន​យល់​ដឹង​អំពី​បាតុកម្ម​អហិង្សា​និង​ភាព​សម​ហេតុផល​នៃ​វិន័យ​អហិង្សា​នោះ​ក៏​ដោយ​។ ​អ្វីដែល​​ត្រូវ​ប្រុង​ប្រយត្ន​គឺ​​បាតុករ​ហិង្សា​នោះ​អាច​ជា​រនុក​ក្នុង​របស់​រដ្ឋាភិបាល​ បង្កប់​ដើម្បី​បំប្លែង​បាតុកម្មឱយ​​ទៅ​ជា​ហិង្សា​ ហើយ​ចោទ​បាតុកម្ម​ទាំង​មូល​ថា​ហិង្សា​និង​ល្មើស​ច្បាប់​ នឹង​អាល​​ពួក​គេ​អាច​បង្ក្រាបបាន​​ដោយ​ស្រប​ច្បាប់​និង​បំភាន់មតិ​​សាធារណជន​។ ទោះ​ពួក​គេ​មិន​មែន​ជា​ជន​បង្កប់​របស់​រដ្ឋាភិបាល​ក៏​ដោយ​ ក៏​ពួក​គេ​អាចបំផ្លិត​​​បំផ្លាញ​វិន័យ​អហិង្សា​របស់​បាតុកម្ម​ ឬ​ជា​ចន្លោះ​ប្រហោង​នៃ​​ការ​ដឹក​នាំ​ដែល​មិ​នអាចបង្វឹក​បាតុករ​គ្រប់ៗ​គ្នា​ឱយ​ប្រកាន់​វិន័យ​អហិង្សា​ទាំង​អស់​បាន​​ដែរ​។ វា​ជា​រឿង​លំបាក​សំរេច​បានណាស់​​ក្នុង​ការ​​បញ្ជ្រាប​គំនិត​អហិង្សា​ទៅ​ក្នុង​បាតុករ​ទាំង​ឡាយ​​ ព្រោះ​បាតុកម្ម​អហិង្សា​មាន​លក្ខណៈ​បើក​ចំហ​ការ​ចូល​រួម​ ហេតុ​នេះ​នឹង​មាន​សមាជិក​ថ្មី​ចូល​មក​មិន​ដាច់​ជា​បន្ត​បន្ទាប់​ គឺ​​បាតុករ​ថ្មី​នោះ​ហើយ​ត្រូវការ​បណ្តុះ​បណ្តាលអំ​ពី​បាតុកម្ម​អហិង្សា​ទាំង​មូល​។​ ប៉ុន្តែ​សូម​កុំ​យល់​ច្រលំ​​ថា​ ការ​បើកចំហ​ការ​ចូល​រួម​នេះ​ជា​គុណ​វិបត្តិ​នៃ​ចលនា​ឱយ​សោះ​ ព្រោះ​វា​ជា​គុណ​សម្បត្តិ​ដ៏​វិសេស​នៅ​​ពេល​ដែល​គេ​ចេះ​គ្រប់​​គ្រង​និង​ដោះ​ស្រាយ​។​ ដំណោះ​ស្រាយ​មិន​មែន​មិន​មាន​ទេ​គឺថា​គេ​អាច​​ប្រើ​បាតុករចាស់​​អប់រុំ​បាតុក​រថ្មី​បាន​ គឺ​យើង​ត្រូវ​រៀប​ចំ​ឱយ​មាន​ឯកសារ​សព្វ​សារពើ​ ទាំង​ជា​ក្រដាស​ ជា​សម្លេង​ ជា​វិឌីអូ ឬរៀប​ចំ​សិក្ខាសាលា​ ​បង្កើត​ភ្នាក់​ងារ​អប់រុំ​ បង្កើតបែង​ចែក​ជា​​ក្រុម​តូចៗ​ដើម្បី​ងាយ​បង្រៀននិង​ពង្រឹង​វិន័យ​។ អ្វី​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​នោះ​​​គឺ​ត្រូវ​បង្កើត​ចំណង​រវាង​បាតុករ​ឱយ​ចេះ​មើលថែ​គ្នា​ ហាម​​គ្នា​ពេល​ប្រព្រឹត្ត​អំពើ​ហិង្សា​។ ធ្វើ​ដូច្នេះ​បាន​ បាតុកម្ម​នឹង​មាន​លក្ខណៈ​ស្វ័យ​ការ​ពារ​ទាំង​ក្នុង​ទាំង​ក្រៅ​។​ នៅ​ពេល​ដែល​បាតុករមាន​ការ​រៀប​ចំ​គ្រប់​គ្រង​ត្រឹម​ត្រូវ​ ​ជា​ភ្នែក​ជា​ច្រមុះ​របស់​ចលនា​ មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ បើ​កម្ម្លាំង​សន្តិ​សុខ​ចង់​បំបែក​ ប្រៀប​ដូច​ជា​យក​រឹង​បង្រ្កាប​ទន់​ វាយ​ខ្លាំង​ប៉ុណ្ណា​ ក៏​រិត​តែ​អស់​កម្លាំង​ខ្លួន​ឯង​ប៉ុណ្ណឹង​ដែរ​។ ចំពោះ​អ្នក​ក្បដ​នឹង​ចលនា​ ជួយ​រដ្ឋាភិបាល​​ធ្វើ​ជា​រនុក​ក្នុង ពេល​ចាប់​បាន​ គេ​មិន​ពុំ​ចាំ​បាច់​កាត់​ទោស​ប្រហារ​ដូច​ក្នុង​វិស័យ​យោធា​អ្វី​នោះ​ទេ​ ​គ្រាន់​តែ​បំបាក់​មុខជន​បង្កប់​នោះ​ដោយ​កត់​ចំណាំ​ឈ្មោះ​និង​ថត​រូប​ទុក​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​​ បណ្តេញ​ចេញ​ពី​ក្រុម​ទៅ​ជា​ការ​ស្រេច​។ រាល់​កំណត់​ត្រា​នឹង​ក្លាយ​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ចលនា​ប្រជាជន​ ឱយ​ក្មេង​ជំនាន់​ក្រោយ​រៀន​។​​

ការ​បំបែក​ការ​ភ័យ​ខ្លាច

quote-the-only-real-prison-is-fear-and-the-only-real-freedom-is-freedom-from-fear-aung-san-suu-kyi-284300

អ្នក​ដែល​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​ខ្លួនបាន​​នឹង​ទទួល​សេរី​ភាព​យ៉ាង​ពិត​ប្រាកដ​។ — អារីស្តូត្ល

ភាព​ភ័យ​ខ្លាច​គឺ​ជា​ទំរង់​មួយ​នៃ​ការ​គ្រប់​​​គ្រងបញ្ជា​​អារម្មរបស់​មនុស្ស​។ ​រដ្ឋាភិបាលបញ្ចូល​​ការភ័យ​​ខ្លាច​ទៅ​ក្នុងបាតុកម្មដើម្បី​កំទេច​បាតុកម្ម​ អាស្រ័យ​ហេតុ​នេះ​ មេ​បាតុកម្ម​​ត្រូវ​បំបែក​ការ​ភ័យ​ខ្លាច​នោះ​ដើម្បី​ទប់​ស្កាត់​ការ​បំបែក​ពី​ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​។ គេ​សង្កេត​ឃើញ​ចលនា​ខ្លះ​ពុះ​ពោរ​​ហើយ​ក៏​លិច​បាត់​ទៅ​វិញ​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​។ យោល​តាម​ការណ៍​នេះ​ គេ​ជឿ​ថា​ការ​បង្ក្រាប​បំបែក​បាតុកម្ម​។ ​ការ​ពិត​ មិន​មែន​ការ​បង្ក្រាប​ទេ​ដែល​ធ្វើ​ឱយ​​បាតុកម្ម​បែក​ខ្ញែក​ តែ​គឺ​ការ​ភ័យ​ខ្លាច​ពី​ការ​បង្ក្រាប​នោះ​ទេ​ដែល​សម្លាប់​ព្រលឹង​តស៊ូ​របស់​ចលនា​។ ត្រង់​​ចំណុច​នេះ​ យើង​គួរ​ស្តាប់​ទស្សនៈ​ស៊ី​ជម្រៅ​មួយ​របស់​លោក​ ម៉ាក់​ ទ្វែន (Mark Twain)​ អ្នក​និពន្ធ​ជាតិ​អាមេរិកាំង​ថា​​ «សេចក្តី​ក្លាហាន​មិន​មែន​គ្មាន​វត្តមាន​នៃ​ការ​ភ័យ​ខ្លាច​នោះ​ទេ​ តែ​គឺជា​​ការ​ត្រួត​ត្រា​​ការ​ភ័យ​ខ្លាច​ ការ​គ្រប់​​​គ្រង​ការ​ភ័យ​ខ្លាច​។»​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បោក​បញ្ឆោត​លាង​ខួរ​ក្បាល​ សម្លុត​បំភ័យ​ប្រជាជន​ គ្មាន​អ្វី​ចម្លែក​ទេ​នៅ​ក្នុង​របប​ផ្តាច់​ការ​ ប៉ុន្តែ​បើ​មិន​អាច​ដោះ​លែង​ប្រជាជន​ពី​​ភាព​បាក់​ស្បាត​នេះ​ទេ​ គេ​នឹង​ចួប​ប្រទះ​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្រោច​ស្រង់ប្រជាជន​ពី​ការ​ជិះ​ជាន់​ ហើយ​គេ​ក៏​មិន​ចាំ​បាច់​និយាយ​ពី​ការ​ចូល​រួម​និង​គាំទ្រ​របស់ប្រជាជន​ដែរ ទោះ​ទាញ​ជន​ផ្តាច់​ការ​ម្នាក់​ចេញ​ពី​តំណែង​​បាន​ក៏​ពិបាក​ចៀស​ពី​ជន​ផ្តាច់​ការ​ថ្មី​ដែរ​ បើ​ប្រជាជន​នៅ​តែ​ខ្លា​អ្នក​ដឹក​នាំ​​។ ទោះ​យ៉ាង​ណា​ ​ការ​​ភ័យ​ខ្លាច​នេះ​នៅ​តែ​មាន​ថ្នាំ​ព្យាបាល​។ គេ​អាច​ពន្យល់​ប្រជាជន​ដោយ​ប្រើ​មធ្យោបាយ​ផ្សេងៗ​ជាច្រើន​ពីវិធី​អហិង្សា​ អំពី​​អំនាច​ប្រជាជន​ ពី​វិភាគ​ទានផ្នែក​សេដ្ឋកិច្ច​ សង្គម​ នយោបាយ​​របស់​ពួក​គេ​ទៅ​កាន់​រដ្ឋ​។ ការ​សរសេរ​សៀវភៅ​ អត្ថបទ​បោះ​ពុម្ព​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​ ទូរទស្សន៍​ អ៊ីន​ធើរ​នេត​ ​ធ្វើ​ជា​វិឌីអូ​ឯកសារ​ រៀប​ចំ​សិក្ខាសាលា​បណ្តុះ​បណ្តាល​។ល។​ ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាពក្នុង​បេសក​កម្មបំបាត់​ជំងឺ​ភ័យ​ខ្លាច​នេះ​​។ ទោះ​បី​មាន​ការ​រិត​ត្បិត​ការ​ផ្សព្វ​ផ្សាយ​ពី​សំណាក់​រដ្ឋាភិបាល​យ៉ាង​ណា​ក៏​ដោយ ​គេ​ត្រូវ​តែ​អាច​ប្រើ​មធ្យោបាយ​ដែល​នៅ​សេស​សល់​ទៅ​តាម​​​ឱកាស​ហុច​ឱយ​និង​ស្ថាន​ការ​ណ៍​ ផ្សព្វ​ផ្សាយ​ដោយ​សម្ងាត់​ក្តី​ដោយ​ផ្ទាល់​ក្តី​ ដើម្បី​ឱយ​ប្រជាជន​អាច​ដោះ​លែង​ខ្លួន​ឯង​បាន​។ ការ​សង្វាត​បិត​ខ្ទប់​ពត៌មាន​អប់​រុំ​អំពីអំនាច​នៃ​ចលនា​អហិង្សា​​ពុំ​មែន​ស​ឱយ​ឃើញថា​​ជន​ផ្តាច់​ការ​ខ្លាំងនោះ​​ឡើយ​​ តែ​ផ្ទុយ​មក​វិញ​គឺ​ពួក​គេ​កំពុង​តែ​ភ័យ​ខ្លាច​ទៅ​វិញ​ទេ​ ដូច​​សម្តី​របស់​លោក​​ អាឡាន់​ ម៉ូរេ (Alan Moore)​ អ្នក​និពន្ធ​អង្លេស​​ល្បី​ល្បាញ​ម្នាក់​បាន​ពោល​ថា​ «ប្រជាជន​មិន​គួរ​ខ្លាច​រដ្ឋាភិបាល​ទេ​ តែគឺ​រដ្ឋាភិបាល​ទេ​ដែល​គួរ​ខ្លាច​ប្រជាជន​។»


ការ​ជ្រើស​រើស​ទី​តាំង​ធ្វើ​បាតុកម្ម​

ខុស​ពី​កុប​កម្ម​ហិង្សា​ដែល​ចាត់​ទុក​ទី​តាំង​ធ្វើ​បាតុកម្ម​ជា​ទី​លាន​ប្រយុទ្ធ​ ជា​សមរភូមិ​ក្តៅ​គគុក​ បាតុកម្ម​អហិង្សា​អាច​ធ្វើ​បាន​ដោយ​មិន​រើស​អើង​ទី​កន្លែងទេ​​ សូម្បី​តែ​ផ្ទះ​ក៏​អាច​ជា​កន្លែង​ធ្វើ​បាតុកម្ម​ដែរ​។ គេ​អាច​ធ្វើ​​តាម​ដង​ផ្លូវ​ ទី​ឃ្លា​សាធារណៈ​ វា​ជា​សិទ្ធិ​សេរី​ភាព​របស់​ប្រជាជន​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​។ ការ​ជ្រើសរើស​​ទី​តាំង​ធ្វើ​បាតុកម្ម​ត្រូវ​ធ្វើ​ឡើង​ក្នុង​បរិបទ​យុទ្ធ​សាស្ត្រ​ គឺថា​​ គេ​ត្រូវ​ពិចារណា​អំពីកន្លែង​ដែល​មាន​​សារៈ​សំខាន់​ចំពោះ​ចលនានិង​កាត់​បន្ថយ​កម្លាំង​រដ្ឋាភិបាល​។ ដោយ​សារ​មុខ​សញ្ញា​របស់​បាតុកម្ម​គឺ​រដ្ឋាភិបាល​ ដូច្នេះ ​ស្ថាប័ន​រដ្ឋ​សំខាន់​ៗ​ជា​ច្រើន​ក្លាយ​ជា​ចំណុច​រសើប​ដែល​ចលនា​គួរ​រៀប​ចំ​ផែន​ការ​ធ្វើ​សកម្ម​ភាព​នៅ​ទី​ទាំង​នោះ​​។ យ៉ាង​ណា​មិញ​ ​ការ​ជ្រើស​រើស​ទី​​តាំង​ធ្វើ​បាតុកម្ម​ឱយ​នៅ​ឆ្ងាយ​ពី​ទី​ស្នាក់​ការ​ប៉ូលីស​ទាំង​ឡាយ​​ គឺ​យើង​ដើរ​ខ្សែ​លើ​ផ្នែក​ភូមិ​សាស្ត្រ​ដើម្បី​ចំណេញ​ពេល​ឆា​ចោល​រំសាយ​ការ​ចួប​ជុំ មុន​ពេល​មាន​ការ​បង្ក្រាប​​។ ប៉ុន្តែ​បើ​កង​កម្លាំង​ទាំង​អស់​មិន​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ មក​តាម​ផ្លូវ​អាកាស​ដោយ​ប្រើ​ឧទ្ធម្ភាគ​ចក្រ​ ឬ​ក្លែង​បន្លំ​ជា​ប្រជាជន​ស៊ីវិលធ្វើ​ដំណើរមក​ បាតុករ​នៅ​តែ​ដើរ​ខ្សែ​លើ​ត្រង់​​មាន​គ្នា​ច្រើន​ ពេល​រំសាយគ្នា​​ទៅ​ នាំ​ឱយ​ពិបាកតាម​​បង្ក្រាប​។ លោក​ ជីន​ សាប​ បាន​ព្រមាន​ពី​ការ​ជ្រើស​រើស​ទី​តាំង​មាន​ហានិភ័យ​ខ្ពស់​ទាំង​ឡាយមក​ធ្វើ​បាតុកម្ម​ ដូច​ជា​ វិមាន​របស់​ជន​ផ្តាច់​ការ​ឬ​ទី​ស្នាក់​ការ​កង​កម្លាំង​សន្តិ​សុខ​​ជា​ដើម​។ លោក​ផ្តល់​យោបល់​មិន​ឱយ​ទៅ​ធ្វើ​បាតុកម្ម​នៅ​ទី​ទាំង​នោះ​ឡើយ​ បើ​ពុំ​នោះ​ទេ​អាច​មាន​អន្តរាយ​ដល់​អាយុជីវិត​។ ក្រៅ​ពី​​ទី​កន្លែង​ទាំង​នេះ​ នៅ​មាន​កន្លែង​សំខាន់​ជា​ច្រើន​ទៀត​របស់​រដ្ឋាភិបាល​ ដូច​ជា ​អាគារ​ស្ថាប័ន​រដ្ឋ​ឬក្រសួង​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​ប្រកបដោយ​​ហានិភ័យ​ទាំង​នោះ​។ គេ​គួរ​ពិចារណា​ផង​ដែរ​ពី​លទ្ធផល​ដែល​បាតុករ​ទៅ​ពាត់​ទី​ណា​មួយ ​ថា​តើវា​​បាន​ធ្វើឱយ​​រដ្ឋាភិបាល​រាំង​ស្ទះ​ការ​ងារ​កំរិត​ណា​។ ចំពោះ​ការ​ទៅ​បាតុកម្ម​នៅ​វិមាន​របស់​ជន​ផ្តាច់​ការ​ យើង​គួរ​រំឭក​ថា ជន​ផ្តាច់​ការ​ខ្លាច​បាត់​បង់​អំនាច​ខ្លាំង​ណាស់​ ហើយពួក​​អាជ្ញាធរ​ទៀត​សោត​ក៏​គោរព​​ជនផ្តាច់​ការជាង​ច្បាប់​ទៅ​ទៀត​ ដូច្នេះ​បើ​បាតុករ​ទៅ​ពាត់​បិត​វិមាន​ស្កឹម​ស្កៃ​របស់​ជន​ផ្តាច់​ការ​ ប្រាកដ​ណាស់​កង​កម្លាំងនឹង​​ប្តូរ​ផ្តាច់​ការ​ពារ​មេ​របស់​ពួក​គេ​នឹង​អាល​ទៅ​យក​​​គុណ​សម្បត្តិជាក់​ជា​ពុំ​ខាន​​។ សូម​កុំ​ភ្លេច​ឱយ​សោះថា​​ តាម​បទពិសោធ​​កាន់​អំនាច​ដ៏​យូរ​ ​ការ​ឈ្លប​យក​ការណ៍​និង​ភាព​ថ្នឹក​ខាង​យោធា​របស់​ពួក​គេ​ ជន​ផ្តាច់​ការ​មិន​ល្ងង់​ដល់ថ្នាក់​មិន​ទុក​ផ្លូវ​ក្រោយ​ ឬ​លាក់​បំពួនផ្លូវ​សម្ងាត់គ្រាន់​ភៀស​ខ្លួន​ពេល​មាន​អាសន្ន​នោះ​ដែរ​​។ ទោះ​ពេល​បាតុកម្ម​ជោគ​ជ័យ​ចង់​ទៅ​ចាប់​ជន​ផ្តាច់​ការមក​កាត់​ទោស​​ក៏​ដោយ ក៏​ការ​ពាត់​វិមានរបស់​គេ​​មិន​ប្រាកដថា​​អាច​ចាប់​​ជន​នោះ​បាន​ដែរ។​​ ទី​ស្នាក់​ការ​សន្តិ​សុខ​ក៏​មិន​ខុស​គ្នា​​។ ទៅ​បាតុកម្ម​នៅ​ទី​នោះ​ ប្រៀប​ដូច​យក​សាច់​ទៅ​ដាក់​មាត់​ខ្លា​ដូច្នោះ​​។ ប្រការ​មួយ​ទៀត​គឺ​ទស្សនិកជន​ រាល់​ការ​សម្តែង​តែង​ត្រូវ​ការ​អ្នក​ទស្សនា​។ ចលនា​គួរ​រក​មធ្យោបាយ​និង​រើស​ទី​តាំង​ដែល​មាន​ទស្សនិកជន​ច្រើន​​ ដើម្បី​ឱយ​ពួក​គេ​បាន​ឃើញ​ផ្ទាល់​និង​អាច​ចូល​រួម​ដែរ​។ បើ​ទី​នោះ​ ពុំ​សូវ​មាន​អ្នក​មើល​ គេ​អាច​​ថត​វិឌីអូ​ទុក​និង​ផ្សព្វ​ផ្សាយ​ជា​ក្រោយ​ក៏​បាន​ដែរ​ ឬ​​ទាក់​ទង​អ្នក​សារ​ពត៌មាន​ឯករាជ្យ​ជា​ជំនួយ​ក៏​បាន​។ មុន​ជ្រើស​ទី​តាំង​ណា​មួយ​ គេ​គួរ​ចុច​យក​កន្លែង​ណា​មួយ​នៅ​ក្នុង​បរិបទ​មហា​យុទ្ធសាស្ត្រ​ ដើម្បី​ឱយ​មានឯក​ភាព​ទៅ​ស្ថាន​ភាព​ជាក់​ស្តែង​និង​ផែន​ការ​សកម្ម​ភាព​។

ការ​បង្កើត​អត្ត​សញ្ញាណ​បាតុកម្ម​ដោយ​​ប្រើ​ប្រាស់និមិត្ត​​សញ្ញា​

អំនាច​ក៏​អាច​មាន​នៅ​ក្នុង​ការ​បក​ប្រែ​និមិត្ត​សញ្ញា​ដែរ​។ អំនាច​និមិត្ត​រូប​​គ្រប់​​គ្រង​ឥរិយាបថ​មនុស្ស​ ទាំង​ពេល​ខ្លះ​មនុស្ស​​ចំណុះ​​នឹង​អំនាចនេះ​យ៉ាង​ស្កប់​ស្កល់​​ដោយ​មិន​ដឹង​ខ្លួន​។ សូម​រំឭក​ផង​ដែរ​​ថា​ មនុស្ស​ទាក់​ទងគ្នា​ដោយ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ ស្តែង​ចេញ​តាម​រយៈកាយ​វិការ​និង​ភាសា​ ដូច្នេះ​ហើយនិមិត្ត​សញ្ញា​បាន​សូន​របៀប​ដែល​មនុស្ស​​គិត​ ប្រាស្រ័យ​ទាក់​ទង​គ្នា មាន​អំនាចត្រួត​ត្រា​ឥរិយា​បថ​​មនុស្ស​​ ពោល​គឺ​ អំនាច​និមិត្តរូប​​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​មនុស្ស​និង​មនុស្ស​ខ្លួន​ឯង​ព្រម​ឋិត​ក្រោម​អំនាច​នេះ​ ដើម្បី​ឱយ​អាច​​យល់​គ្នា​បានពេល​ធ្វើ​​អន្តរកម្ម​។ ការ​ធ្វើ​បាតុកម្ម​អហិង្សា​ ជា​ការ​ពិត​ គឺ​ជា​ការ​សំដែង​មតិ​ជា​​ក្រុម​តាម​រយៈ​​និមិត្ត​សញ្ញា​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ទាក់​ទង​នឹងទស្សនិកជនឬ​ប្រជាជន​​ផ្សេង​ទៀត​។ ជា​ទួទៅ​ គេ​តវ៉ា​​ដោយ​ប្រើ​និមិត្ត​សញ្ញា​ទាំង​ឡាយធ្វើ​ជា​និមិត្ត​រូប​បាតុកម្ម​និង​ដើម្បី​តំណាង​មតិ​ប្រឆាំង​ ដូចជា​​លើក​បដា​ រុំ​ក្រណាត់​លើ​ក្បាល​ ពាក់​ផ្លាក​ គូរ​រូប​ តាំង​រូប​ថត​ សរសេរ​​លើ​ផ្លូវ​ ដោត​ផ្កា​​។ល។​ ទាំង​អស់​នេះ​សុទ្ធ​សឹង​ជា​សកម្ម​ភាព​និមិត្ត​សញ្ញា​ ដើម្បី​ឱយ​សាធារណជន​ស្គាល់​ជាមុន​សិន​និង​មាន​ឥទ្ធិ​ពល​មិន​អាច​មើល​ស្រាល​បាន​។ គេ​មិន​មែន​ប្រើ​សកម្មភាព​នេះ​ ដើម្បី​តែ​ជះ​ឥទ្ធិ​ពលលើ​ប្រជាជន​ដែល​នៅផ្នែក​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ​ទេ​ តែ​គឺដើម្បី​វាស់​ស្ទង់​ប្រតិកម្ម​របស់​ពួក​គេ​ដែរ​ ពិសេស​គឺ​ដើម្បី​ត្រៀម​ខ្លួន​រៀប​ចំ​​ប្រជាជន​ទាំង​នោះ​ឱយ​ចូល​រួម​តស៊ូ​ជា​បន្ត​បន្ទាប់​​។ ​​​ជា​ដំបូង​ សកម្មភាព​ជំទាស់​គេ​ចាប់​ផ្តើម​ធ្វើ​ឡើងក្នុង​ទំរង់​ជា​សកម្មភាព​សម្តែង​និមិត្ត​សញ្ញានិង​ការ​​មិន​សហការ​ទំហំ​​តូច​។ ឧ.​ ការ​ផ្តុំ​គ្នា​យកកម្រង​​ផ្កា​​ទៅ​ដោត​នៅ​ទី​ដែល​មាន​អត្ថន័យ​សំខាន់​ណា​មួយ ដូច​ជា​ទី​លាន​ប្រជាធិបតេយ្យ​​ ឬ​ប្រគល្ភ​ផ្កា​ឬ​ចំណី​បារី​ទឹក​ឱយ​កង​សន្តិសុខជា​អាទិ​។ ​ការ​ដុត​រូប​ឬ​មនុស្ស​ចម្បើង​សរសេរ​ឈ្មោះ​ជន​ផ្តាច់​ការ​ឬ​មេ​បញ្ជា​ការ​យោធា​ដែល​បញ្ជា​ឱយ​​បង្ក្រាប​ប្រជាជន​ស៊ីវិល,​ ការ​ផ្តុំគ្នា​ដេក​សំដិល​ឬ​ធ្វើ​ឱយ​ដូច​ជា​ពេល​ត្រូវ​គេ​បង្ក្រាប,​​ ការ​យក​​កាំ​ភ្លើង​ក្មេង​លេង​ឬ​កាំ​ភ្លើងបាញ់​ទឹក​ទៅ​ត​តាំង​នឹង​​កង​យោធា​រដ្ឋាភិបាល​, ការ​យក​សន្ទូច​ភ្ជាប់​ដោយ​នុយ​ជា​ក្រដាស់​ប្រាក់​ទៅ​ស្ទូច​ប៉ូលីស​ ដើម្បី​បញ្ឈឺ​ពួក​គេ​អំពី​ការ​បង្ក្រាប​ប្រជាជន​ដើម្បី​បាន​លុយ​, ការ​បង្កើត​ល្បែង​ប្រជាប្រិយ​លេង​ដែល​មាន​យក​និមិត្តរូប​​ជន​ផ្តាច់ការ​មក​បញ្ឈឺ ដូច​ជា​ ​​​លេង​បោះ​អង្គុញ​​ដែល​អង្គុញ​ទាំង​នោះ​មានសរសេរ​​ឈ្មោះមន្ត្រី​ពុក​រលួយ​, លេង​វាយ​ធុងសាំង​ដែល​បិត​មុខ​រូប​ថត​​មេ​ដឹក​នាំ​ផ្តាច់​ការដូច​នៅប្រទេស​​ស៊ែកប៊ី​, ការ​ដើរ​បិត​ផ្លាក​បាតុកម្ម​ប្រឆាំង​គ្រប់​ទី​កន្លែង​ នៅ​ផ្ទះ​​ប្រជាជន​​, បិត​រូប​ជន​ផ្តាច់ការរ​​លើ​កែប​ម៉ូតូ​, យក​រូប​ពួក​គេ​មក​ក្រាល​អង្គុយ​លើ​ឬជាន់​។ល។ ក្នុង​ករណី​មាន​លទ្ធ​ភាព គេ​អាច​នោះ​ពុម្ព​​សម្ភារៈប្រើ​ប្រាស់​ ឬ​សម្លៀក​​បំពាក់​ ​​​ ផ្លិត​ មួក​ អាវ​ កង​ដៃ​​​ ដែលភ្ជាប់​សារ​ រូប​ អត្ថន័យ​ និមិត្ត​សញ្ញា​បាតុកម្ម​ប្រឆាំង​នឹង​របប​ដឹក​នាំ​។

នៅ​ក្នុង​របប​ផ្តាច់​ការ​ ពេល​ខ្លះ​សូម្បី​តែ​សកម្ម​ភាព​តវ៉ា​បន្តិច​បន្តួច ​ដូច​ជា​ការ​បំពាក់​កម្រង​ផ្កា​ក៏​មាន​ការ​រិត​ត្បិត​ចាប់​ខ្លួន​និង​ការ​បង្ក្រាបដែរ​។ ​​ការ​បង្ក្រាបសកម្ម​ភាព​សន្តិ​ភាព​​ណា​មួយ​មិន​មែន​ជា​ការ​បង្ហាញ​សាច់​ដុំរបស់​រដ្ឋ​អំនាច​​​ទេ​ តែ​ជា​ការភិត​​ភ័យ​​អំពី​​អំនាច​ប្រជាជន​និង​បារម្ភ​ខ្លាច​កង​សន្តិសុខ​របស់​ខ្លួនទន់​ចិត្តទោរ​ទៅ​រក​​​ប្រជាជន​។ ការ​សរសេរ​លើក​បដា​ថា​ «ប៉ូ​លីស​អាច​វាយ​ប្រជាជន​ តែ​ប្រជាជន​មិន​វាយ​ប៉ូលីស​វិញ​ទេ​» «ពួក​យើង​គឺ​តែ​មួយ​ មិន​មែន​ជា​សត្រូវ​»​ «កង​កម្លាំង​សន្តិ​សុខ​ស៊ី​ប្រាក់​ខែ​ប្រជាជន​ ត្រូវ​ប្រជាជន​ការ​ពារ មិន​មែន​ការ​ពារ​ជន​ផ្តាច់​ការ​ទេ​​» ឬ​ការ​បង្កើត​ភាព​ស្និទ្ធ​ស្នាល​ ជូន​ទឹក​ នុំ​ចំណី​ ជជែក​គ្នា​លេង​ អាច​បន្ទន់​ចិត្ត​ពួកគេ​​ឱយ​មិនបង្ក្រាប​ឬ​ធ្វើ​ជា​បង្ក្រាប​ក្លែង​ក្លាយ​ ហើយ​មិន​យូរ​ទេ​ពួក​គេ​នឹង​ឈរ​ខាង​ប្រជាជន​វិញ​ ព្រោះពេល​ចលនា​ប្រជាជន​កើន​កុះ​ករ​ហើយ​ ​គ្មាន​ហេតុផល​អ្វី​ដែល​ពួក​គេ​ប្រឆាំង​នឹង​វាសនា​ប្រទេស​ជាតិ​ខ្លួន​ឯង​នោះ​ឡើយ​។ ការ​ទប់ស្កាត់​សកម្មភាព​បន្តិច​បន្តួច​របស់បាតុករ​​មិន​មែន​ធ្វើ​ឱយប្រជាជន​គិត​ថា​រដ្ឋាភិបាល​ធ្វើ​ត្រូវ​នោះ​ទេ​ តែ​នាំ​ឱយ​រដ្ឋាភិបាល​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាជន​ទៅ​វិញ​ទេ​ ពោល​គឺ​ ការរារាំង​ឬ​​បង្ក្រាប​សកម្ម​ភាព​បន្តិច​បន្តួច​បែប​នេះ​ពុំ​បាន​ទាក់​ទាញ​​ការ​គាំទ្រ​ពី​សាធារណជន​​ទេ​​។ ហេតុ​នេះ​​ហើយ​​ មិន​មែន​សកម្មភាពចែក​រំលែក​សេចក្តី​សុខ​សន្តិ​ភាព​​​ទាំង​អស់​ចេះ​តែ​ទទួល​បាន​ការ​ស្វាគមពីជន​ផ្តាច់​ការ​ឡើយ​ ប៉ុន្តែ​ឥទ្ធិ​ពល​របស់​វាទៅ​លើ​​ភាគី​ទី​បី​និង​ភ្នាក់​ងារ​បង្ក្រាប​គឺ​ប្រកបដោយ​​សា្មរតី​រួម​រួប​យល់​ចិត្ត​គ្នា​ មិន​មែន​ជា​ទង្វើ​អសារ​បង់​នោះ​ទេ​។

មហា​យុទ្ធសាស្ត្រ​ (Grand Strategy)​ នៃ​បាតុកម្ម​អហិង្សា​

«មហាយុទ្ធ​សាស្ត្រ​ គឺ​ជាបញ្ញត្តិមួយដែល​​​ជួយ​ចាត់​ចែង​និង​តំរង់​ការ​ប្រើ​ប្រាស់​ធន​ធាន (ធន​ធាន​សំរាប់​ការ​រៀប​ចំដឹក​នាំ​, ធន​ធាន​នយោបាយ​, ​ធន​ធាន​សីលធម៌, ធន​ធាន​មនុស្ស​, ធន​ធាន​សេដ្ឋកិច្ច)​ របស់​ក្រុម​ដែល​មានទាំង​ប៉ុន្មាន​ឱយ​បាន​ត្រឹម​ត្រូវទៅ​​តាម​កាលៈទេសៈ ដើម្បី​ស្វែង​រក​ឱយ​បាន​នូវ​ការ​​​​សំរេច​​​គោល​បំណង​របស់​ខ្លួន​នៅ​ក្នុង​ទំនាស់​។» (សាប, ២០១០, ទំ. ៤៣) យុទ្ធ​នា​ការ​ណា​ក៏​ដោយ​ គេរមែង​​ត្រូវ​ការ​យុទ្ធ​សាស្ត្រ​និង​ផែន​ការ​ច្បាស់​លាស់​ទាំង​ពេល​មិន​ទាន់​សំរេច​គោល​ដៅ​ ពេល​កំពុង​ដំណើរ​ការ​ និងពេលសំរេច​បាន​ហើយ​។ វា​ពុំ​អាច​ទៅ​រួច​ឡើយ​ បើ​យើង​រំពឹង​ថា​នឹង​មាន​​ពុម្ព​សំរាប់​បោះចេញ​នូវ​​យុទ្ធសាស្ត្រ​គោល​មួយ​អំពីចលនាប្រឆាំង​របប​ផ្តាច់​ការ ​ដែល​ធ្លាប់​ទទួល​បាន​ជោគ​ជ័យ​នោះ​​​ ព្រោះ​យុទ្ធ​សាស្ត្រ​ជាក់​លាក់​ដែល​ប្រើ​សំរាប់​ប្រទេស​ដោយ​ឡែក​ណា​មួយ​ក៏​ត្រូវ​អាស្រ័យ​លើ​លក្ខណៈ​ដោយ​ឡែក​នៃ​សង្គម​ សេដ្ឋកិច្ចនិង​នយោបាយ​នៃ​ប្រទេស​នោះ​ដែរ​ ទោះ​បី​មាន​សត្រូវ​ជា​ប្រភេទ​ជន​ផ្តាច់​ការ​ដូច​គ្នា​​ក៏​ដោយ​។​ លោក​​ ជីន​ សាប​ បាន​ណែ​នាំ​ថា​ «ប្រឈម​មុខ​នឹង​របប​ផ្តាច់​ការ​ គោល​ដៅ​នៃ​មហា​យុទ្ធសាស្ត្រ​ពុំ​មែន​គ្រាន់​តែ​ទាញ​ពួក​​ផ្តាច់​ការ​ចេញ​ពី​អំនាច​នោះ​ឡើយ​ ប៉ុន្តែ​ព្រម​ទាំង​ដំឡើងមក​វិញ​នូវ​​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​បង្ក​លក្ខណៈ​មិន​ឱយ​ជន​ផ្តាច់​ការ​ថ្មី​ឡើង​មក​ដែរ​។» ការ​​ចេះ​តែ​ធ្វើ​ទាំង​គ្មាន​គំរោង​ជាក់​លាក់​និង​យុទ្ធ​សាស្ត្រ​វាយ​លុក​ត្រឹម​ត្រូវ​មួយ ​ជា​ការ​ប្រថុយ​ប្រថាន​ ​បណ្តែត​បណ្តោយ​តាម​លទ្ធផល​ជា​ជាងគ្រប់​គ្រងលទ្ធផល​ ហើយ​បរាជ័យ​ក៏​ងាយ​ទទួល​បាន​មក​ដូច​ការ​មិនបាន​​រំពឹង​ទុកនោះ​​ដែរ​​។ ទោះ​គេ​ពិបាក​ស្មាន​ទុក​​​អ្វី​ដែល​អាច​កើត​ឡើង​ក៏​ដោយ​ គេនៅ​តែ​អាច​​រៀបចំ​​គ្រោង​ចំណុច​សកម្មភាព​គោលក្នុង​រយៈ​ពេល​មួយ​មាន​កំណត់​ដើម្បី​ដឹក​នាំ​ចលនា​​ជា​មុន​បាន​។ ឱយ​តែ​​គ្រោង​ឱយ​បាន​ត្រឹម​ត្រូវ​ដោយ​ផ្នែកលើ​​បទ​ពិសោធ​ដែល​បាន​មក​ពី​ចលនា​ខ្លួន​ឯងនិងពី​​ចលនា​ដទៃ​​ គេ​នៅ​តែអាច​​ប្រាកដ​ពី​លទ្ធផល​មួយ​ចំនួន​និង​ត្រឹមតែ​​​កែ​ប្រែ​ចំណុច​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៃ​មហា​យុទ្ធសាស្ត្រ​ ដើម្បី​បន្ថែម​បន្ថយ​សកម្មភាព ​យោលទៅ​​តាម​តថភាព​ជាក់​ស្តែង។ ​ មិន​ខ្វះ​ទេ​អ្នកធ្លាប់​​មាន​បទ​ពិសោធ​ខាង​បាតុកម្ម អ្នក​​ដែល​ធ្លាប់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​​ ពិសេស​អ្នក​ជំនាញ​ខាង​បាតុកម្ម​អហិង្សា​ ដែល​ជា​ប្រភព​មេរៀន​និង​ពត៌មាន​ដ៏​មាន​ប្រសិទ្ធភាព​ ​គេ​អាច​រក​បាន​តាម​អ៊ីនធើរនេត​​។

ការ​បង្កើត​យុទ្ធសាស្ត្រ​មួយ​តែង​ត្រូវ​ធ្វើ​ក្នុង​កាលៈ​ទេសៈ​ជាក់​លាក់​ តាម​បរិបទ ស្ថានភាព​ជាក់​ស្តែង​នៃ​សង្គម​និង​ប្រទេស​ដែល​ចលនានោះ​​គ្រោង​ចាប់​ផ្តើម​។ ដោយ​វាយ​តម្លៃ​ឱយ​ច្បាស់​អំពី​ធាតុ​ផ្សំ​​ពាក់​ពាន់​ទាំង​ឡាយ​ ដូច​ជា​បញ្ហា​សង្គម​ សេដ្ឋកិច្ច​ នយោបាយ​ របស់​ប្រជាជន​និង​អ្នក​ដឹក​នាំ​រដ្ឋ ពិសេស​ចំណុច​ខ្សោយ​របស់​ពួក​ផ្តាច់​ការ​និង​ការ​ដក​សសរ​ស្តម្ភ​នៃ​ការ​គាំទ្រ​របប​នោះ​ គេ​អាច​បង្កើត​មហា​យុទ្ធសាស្ត្រ​ទូលាយ​មួយ​ ​ ​ដោយ​​​​ឆ្លើយ​តប​ទៅ​កាន់សំនួរមគ្គុទ្ទេសន៍មួយ​ចំនួន​ ដែល​លោក​ ជីន​ សាប​ បាន​ផ្តល់​ជា​គំរូដូច​ខាង​ក្រោម​៖

៙តើ​ការ​តស៊ូ​រយៈ​ពេល​វែង​ល្អ​បំផុត​គួរ​តែ​ចាប់​ផ្តើម​ដោយ​ដូច​ម្តេច​?

៙តើ​ប្រជាជន​ដែល​ត្រូវ​បាន​ជិះ​ជាន់​ទាំង​មូល​អាចពង្រឹង​​​ជំនឿ​ជាក់លើ​ខ្លួន​ឯងនិង​ប្រមូល​យក​កម្លាំងឱយ​បាន​​​គ្រប់​គ្រាន់ដូច​ម្តេច ​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ ទោះ​បី​ឋិត​ក្នុង​របៀប​មួយ​មាន​កំរិតនៅ​​ពេល​ទើប​ចាប់​ផ្តើម​ក៏​ដោយ​?

៙តើ​សមត្ថភាព​របស់​ប្រជាជន​ទាំង​មូល​ក្នុង​ការ​​អនុវត្ត​វិធី​មិន​សហការនិង​រឹង​ថ្អឹងអាច​បង្កើន​បាន​ទៅ​តាម​រយៈ​វេលា​និង​បទ​ពិសោធ​ដោយ​ដូច​ម្តេច​?​​​​​​

៙​តើ​គោល​ដៅទាំង​ឡាយនៃ​យុទ្ធនាការដែល​មាន​មាន​កំរិត​ ​​​ធ្វើ​ឡើង​​ជា​បន្ត​បន្ទាប់នោះ​មាន​​​អ្វីខ្លះ ដើម្បីទាញយក​​ការ​​ត្រួត​ត្រា​សង្គមតាម​របៀប​​ប្រជាធិបតេយ្យ​មក​​វិញ​​ ​និងព្រម​ទាំង​​ដាក់​កំហិតលើ​​​របប​ផ្តាច់​ការ​​​​?

៙តើ​មាន​​វត្តមានស្ថាប័ន​ឯករាជ្យ​​​​ដែល​អាច​ប្រើ​ក្នុង​ការ​តស៊ូ​ទាម​ទារ​សេរីភាពនៅ​ក្នុង​របប​ផ្តាច់​ការឬ​ទេ​?

៙តើ​ស្ថាប័នក្នុង​សង្គម​​ណា​មួយដែល​​អាច​ទទួល​បាន​មក​វិញពី​ការ​ត្រួត​ត្រា​របស់​ពួក​​ផ្តាច់​ការ ឬ​តើ​ស្ថាប័ន​ណា​មួយដែល​អ្នក​ប្រជាធិបតេយ្យ​​ត្រូវ​បង្កើត​ថ្មី​ដើម្បី​បំពេញ​តំរូវ​ការ​និង​ស្ថាបនា​បរិមណ្ឌល​​ប្រជាធិបតេយ្យ​ (Democratic Sphere) ទោះ​ស្រប​ពេលនោះ​ ​របប​ផ្តាច់​ការ​នៅ​តែ​បន្តក្តី​​​?

៙តើ​សមត្ថភាព​គ្រប់​គ្រង​ចលនា​តវ៉ា​អាច​ធ្វើ​ឱយ​រីក​ចំរើន​បាន​ដោយ​របៀប​ណា​? តើ​គេ​អាច​​បណ្តុះ​បណ្តាល​អ្នក​ចូល​រួម​បាតុកម្ម​ដោយ​វិធី​ណា?​

៙តើគេ​នឹង​ត្រូវ​​ធន​ធាន​អ្វី​ខ្លះ (ហិរញ្ញ​វត្ថុ​, ​គ្រឿង​បរិក្ខារ។ល។​) ​នៅ​ក្នុង​កំលុង​ពេល​នៃ​ការ​តស៊ូ​?

៙តើ​ការ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ប្រភេទ​ណា​ដែល​អាច​មាន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​កៀង​គរ​ប្រជាជន​ទាំង​មូល​ឱយ​ចូល​រួម​?

៙តើដោយ​​សកម្មភាព​ប្រភេទណា​និងតំណាក់​​កាល​ណា​​ដែល​គេ​អាច​កាត់​បន្ថយ​និង​កំហិត​ប្រភព​អំនាច​របស់​ពួក​ផ្តាច់​ការបន្ថែម​ទៀត​​?

៙តើប្រជាជន​តវ៉ា​ទាំង​មូលអាច​ស្វិត​ស្វាញ​រឹង​ទទឹង​និង​​​រក្សា​វិន័យ​​អហិង្សា​ដ៏​​ចាំ​បាច់​ដំណាល​គ្នា​នោះ​បាន​ដោយ​ដូច​ម្តេច?​

៙តើសង្គម​នៅ​តែ​បន្ត​អាច​ផ្គត់​ផ្គង់​តំរូវការ​​មូលដ្ឋាន​បាន​របៀប​ណា​នៅ​ក្នុង​ខណៈ​​ពេល​កំពុង​តស៊ូ​?

៙តើ​របៀប​រៀប​រយ​សង្គម​អាច​រក្សា​បាន​ដោយ​វិធី​ណា​នៅ​ក្នុង​ពាក់​កណ្តាល​ទី​នៃ​ទំនាស់​?​

៙នៅ​ពេលបាន​ទៅដល់ជ័យ​ជំនះ​ តើ​ការរួម​គ្នា​​តវ៉ា​ដោយប្រជាធិបតេយ្យ​អាច​​បន្ត​ស្ថាបនា​មូលដ្ឋាន​ស្ថាប័ន​ក្នុង​សង្គម​ក្រោយ​របប​ផ្តាច់​ការ​ដួល​រលំបាន​ដោយ​ដូច​ម្តេច​ ឱយ​កាន់​តែ​រលូនតាម​ដែល​អាច​ទៅ​រួច​?

​​អ្នក​យុទ្ធសាស្ត្រ​មិន​ត្រូវភ្លេច​ពិចារណា​​អំពី​យន្ត​ការ​បំរែ​បំរួលពេល​រៀប​ចំ​​ផែន​ការនោះ​ទេ​ ព្រោះ​វា​ចាំ​បាច់​ណាស់​ដើម្បី​ស្ទង់​មើលយន្ត​ការ​ដែល​​ចលនា​បាន​សំរេច​និង​មិន​ទាន់​បាន​​។ ដូច​បាន​ជំរាប​ជូន​រួច​ហើយ​ មាន​តែ​​យន្ត​ការ​នៃ​ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​និង​ការ​បំបែក​ចេញ​ប៉ុណ្ណោះ​ ដែល​អាច​ផ្តួល​រំលំ​របប​ផ្តាច់​ការ​បាន​ ឯ​ការ​ប្តូរ​ជំហរ​នៃ​ក្រុមវរជន​ក្នុង​​រដ្ឋាភិបាល​​ ​និង​ការ​សំរប​សំរួលនឹង​ពួក​គេ​គឺ​កំរ​លេច​ឡើងនិង​ទទួល​បាន​លទ្ធ​ផល​មិន​គួរ​ឱយ​ជឿ​ជាក់​ឡើយ​។​បន្ទាប់​ពី​បង្កើត​យុទ្ធសាស្ត្រ​គោលបាន​​ហើយ​ ការ​ផ្សព្វ​ផ្សាយ​ដោយ​បើក​ចំហ​ឱយ​មហាជន​ដឹង​ គឺ​ប្រៀប​ដូច​​គំរោង​ការ​របស់​មេទាប់​អហិង្សា​ដាក់​បញ្ចា​ដោយ​ប្រយោល​ទៅ​កូន​ចៅ​ត្រៀម​ចេញ​ច្បាំង​ដោយ​អហិង្សា​ដូច្នោះ​ដែរ​ ដូច្នេះ​វា​សំខាន់​ណាស់​ដើម្បី​ឱយ​ប្រជាជន​ស៊ីវិល​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​និង​ដំណើរនៃ​​ការ​ចលនា​ទាំង​មូល​។​​ លោក ជីន​ សាប​ មើល​ឃើញ​ភាព​វិជ្ជមាន​នៃ​ការ​បើក​ចំហ​នេះ​ ដោយ​អះ​អាង​ថា​ «​ប្រជាជន​មួយ​ចំនួន​ធំទំនង​ជា​​មាន​បំណង​ចង់ចូល​រួមជាង​មុន​និង​អាច​ធ្វើ​សកម្មភាពបាន​​ បើ​សិន​ពួក​គេ​យល់​ពី​បញ្ញត្តិកម្ម​ទួទៅ​ ព្រម​ទាំង​សេចក្តីណែនាំ​ជាក់​លាក់​ច្បាស់​​​។» លោក​មិន​បាន​ចាត់​ទុក​ការ​បើក​ទូលាយ​នេះ​ជា​ហានិភ័យនោះ​ទេ ទោះ​បី​យុទ្ធ​សាស្ត្រ​នោះ​នឹង​ត្រូវលេច​ឮ​ដល់​​ជន​ផ្តាច់​​ការ ​ហើយ​គេ​អាច​ត្រៀម​បង្ក្រាប​ចលនា​​ក៏​ដោយ​។ បញ្ច្រាស​​មក​​វិញ​ លោក​គិត​ថា​វា​ហុច​លទ្ធផល​ល្អ​ទៅ​វិញ ហើយ​គេ​រិត​តែ​មិន​ត្រូវលាក់​បាំង​អំពី​សកម្ម​ភាព​អ្វី​ដែរ​ចំពោះ​នៅ​ក្នុង​បាតុកម្ម​អហិង្សា (អំពី​ការ​សម្ងាត់បន្តិច​បន្តួច​នៃ​បាតុកម្ម​​ យើង​នឹង​លើក​ឡើង​នៅ​ខាង​ក្រោម​)​ គឺ​ថា​វា​នឹង​ជំរុញ​ឱយ​ជន​ផ្តាច់ការ​បញ្ជា​​ឱយ​បង្ក្រាប​ដោយ​មិន​សូវ​ព្រៃ​ផ្សៃ​​ទៅ​វិញ​ ព្រោះ​ពួក​គេ​ដឹង​ថា​ការ​បង្ក្រាប​អាច​ផ្លាត​មកត្រូវ​ពួក​គេ​​វិញ​ ពិសេស​គឺ​ពួក​គេ​ខ្លាច​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុងនិងការ​​បោះ​បង់​ចោល​ភារកិច្ច​រវាង​អ្នក​បង្ក្រាប​និង​អ្នក​បញ្ជា​ឱយ​បង្ក្រាប​។

ចុះ​បើ​យុទ្ធ​សាស្ត្រ​នោះ​មាន​កំហុស​ឆ្គង​ឬ​ត្រូវ​បានសាធារណ​ជន​​យល់​ខុស​ តើ​អ្នក​យុទ្ធ​សាស្ត្រ​ត្រូវ​កែ​ប្រែ​ស្ថាន​ការ​ដូច​ម្តេច​? ចម្លើយ​​ងាយ​ខ្លី​គឺ​ ​«បើ​ខុស​ គឺ​កែ​, បើ​មិន​យល់​​ ពន្យល់,​​ បើ​មិន​ដឹង ​ប្រាប់, បើ​មិន​ជឿ​ បង្ហាញ​ភស្តុ​តាង»។ ប៉ុន្តែ​ លោក​ ជីន​ សាប បាន​រំឭក​​ផង​ដែរ​ថា «នៅ​ក្នុង​កាលៈ​ទេសៈកំរ​បំផុត​ប៉ុណ្ណោះ​ដែល​ការ​តស៊ូ​គួរ​តែ​ឃ្លាត​ចេញ​ពី​មហា​យុទ្ធសាស្ត្រ​ដើម​។» យោង​តាម​ស្ថាន​ភាព​បច្ចុប្បន្ន ការ​វាយ​តម្លៃ​ វាស់​ស្ទង់​ ប្រមូល​ពត៌មាន បោះ​ចោល​ទិន្នន័យ​ខុស​​ បញ្ចូល​ពត៌មាន​ត្រូវ​និង​បន្ថែម​ថ្មី​ នោះ​អ្នក​យុទ្ធ​សាស្ត្រ​ត្រូវ​កែ​លំអ​មហា​យុទ្ធសាស្ត្រ​ជា​​បន្ទាន់ មុន​ពេល​ចលនា​បរ​លើ​ផ្លូវ​ខុសកាន់​តែ​ឆ្ងាយ​។ មហា​យុទ្ធសាស្ត្រ​​កាច់​ចង្កូត​ចលនា​ឱយ​ដើរ​ទៅ​រក​មិន​មែន​ត្រឹម​តែ​ផ្លូវ​ត្រូវ​នោះ​ទេ​ តែ​គឺ​ឆាប់​ដល់​គោល​ដៅ​ធំ​បី​ផង​ដែរ​៖ ​ទី​មួយ​​ ផ្តួល​រំលំ​របប​ផ្តាច់​ការ​, ទី​ពីរ​ កែ​ប្រែ​ប្រព័ន្ធ​មក​ជា​របៀប​​ប្រជាធិបតេយ្យ​វិញ​ និង​ទី​បី​បិត​ខ្ទប់​ក្រុម​ណា​ដែល​ចង់ឆ្លៀត​ឱកាស​បង្កើត​រចនាសម្ពន្ធ​ផ្តាច់​ការ​ថ្មី​។​

បង្កើត​មូលដ្ឋានស្រប​ច្បាប់នៃ​​​បាតុកម្ម​

នៅ​ក្នុង​របប​ផ្តាច់​ការ​ដែល​មាន​ការ​បោះ​ឆ្នោត​សិប្បនិមិត្ត​ មេ​ដឹក​នាំ​​នៃ​បក្ស​ផ្តាច់​ការ​តែង​និយាយ​ការ​ពារ​ថា​ គេ​មាន​សិទ្ធិ​ច្បាប់​កាន់​អំនាច​រហូត​អស់​អាណត្តិ​។ ស្តាប់​មើល​ទៅ​ គេ​គោរព​ច្បាប់​ណាស់​ ប៉ុន្តែ​គេ​មិន​និយាយ​ពី​ការ​លួចបន្លំ​​សន្លឹក​ឆ្នោត​ឬ​ការ​គំរាម​កំហែង​​បង្ខំ​​គេ​ឱយ​បោះ​ឆ្នោតឱយ​​ ឬ​ការ​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំនាច​ ហើយ​និង​ការ​ដែលគេ​​រំលោភ​បំពាន​ច្បាប់ សូម្បី​តែ​ច្បាប់​កំពូល​របស់​ជាតិ​នោះ​​ឡើយ​។ គេ​ភរ​ប្រជាជន​ថា​គេ​មាន​ទំនួល​ខុស​ត្រូវ​ បើ​ចាញ់​ឆ្នោត​គេនឹង​​​ចុះ​ពី​អំនាច​ ប៉ុន្តែ​ទោះ​មាន​ការ​​បោះ​ឆ្នោត​ប៉ុន្មាន​ដង​ក៏​បោះ​មិន​ចេះ​ធ្លាក់​ដែរ​ ហើយ​ឧបមា​​ថា​ធ្លាក់​ទៅ​​ចុះ​ ក៏​គ្មាន​ចុះ​ចេញ​ពី​អំនាច​ដែរ​ ទោះ​បីមាន​​កំណត់​អាណត្តិ​ក៏​ដោយ​។ ការ​រំពឹង​ទុកនេះ​​​ជា​ការពិត​មួយ​ដែល​ប្រជាជន​ពិបាក​ទទួល​យក​បាន តែ​នេះ​ក៏​ជា​ឱកាស​ល្អ​ដែរ​ ព្រោះ​ជំហរ​ក្រាញ​​អំនាច​របស់​ជន​ផ្តាច់​ការ​បាន​ផ្តល់​ជា​​មូលដ្ឋាន​មួយ​ដ៏​ស្រប​ច្បាប់​និង​សម​ហេតុ​ផល​បំផុត​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ស្ថាន​ភាព​ដាំ​ក្បាល​ចុះ​នៃ​របប​ប្រជាធិប​តេយ្យ​នោះ​។ គេ​មិន​ពិបាក​ពន្យល់​សាធារណជន​អំពី​​ភាព​មិន​ស្របច្បាប់​​និង​មិន​ត្រឹម​ត្រូវ​របស់​ជន​ផ្តាច់​ការ​ប៉ុន្មាន​ទេ​ ហើយ​ពេល​ធ្វើ​បាតុកម្ម​ គេ​អាច​ប្រកាស​សរសេរ​ពី​ដំណើរ​ការ​ខុស​ប្រក្រតី​ទាំង​អស់​នេះ​ ដើម្បី​ធ្វើ​ឱយ​ចលនា​បាតុកម្ម​មាន​ការ​​គាំទ្រ​។ គេ​អាច​វាយ​បក​រាល់​ការ​ឃោស​នាកុហក​​នានា​​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ​​បាន ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ទាំង​ឡាយ​។ គ្មាន​នរណា​ស្រឡាញ់​របប​ផ្តាច់​ការ​និង​សុខ​ចិត្ត​បន្ត​រង​គ្រោះ​ពី​របប​នេះនោះ​​ទេ​ ដូច្នេះ​ក្នុង​ករណី​នេះ​ គេ​មិន​បាច់​ពន្យល់​ច្រើន​ពី​ភាព​អវិជ្ជមាន​នៃ​របបនេះ​និង​ភាព​វិជ្ជមាន​ដែល​នឹង​កើតឡើយ​​ក្រោយ​របបរលំ​ក៏​បានដែរ​​​ ដើម្បី​ទុក​ពេល​ពន្យល់​ពី​កល​យុទ្ធ​ក្នុង​ការ​ដណ្តើម​ជោគ​ជ័យ​​ប្រសើរ​ជាង​។ ការ​ថ្លែង​ការ​ចំអក​ឡក​លើយ​ រិះ​គន់​របប​ដឹក​នាំ​ដើម្បី​តែ​ប្រជាប្រិយ​ក្រុម​ខ្លួន​ គឺ​គ្រាន់​តែ​ការ​​បង្ហាញ​ពី​បាតុកម្ម​អហិង្សា​ដោយ​គ្មាន​ផ្លូវ​ចិត្ត​អហិង្សា​ឬ​វប្បធម៌​អហិង្សា​តែ​ប៉ុណ្ណោះ​។ ទោះ​បាតុកម្ម​អហិង្សា​មិន​ទាម​ផ្លូវ​ចិត្ត​សន្តិភាព​និងសីលធម៌​ខ្លាំងដើម្បី​ជោគ​ជ័យ​ក៏​ដោយ​ ការ​រក្សា​ឥរិយាបថ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​បែប​នេះ​បាន​ក៏​ជា​ការ​ប្រសើរ​ដែរ​។ ​វា​គឺ​ជា​សញ្ញាណ​​បរាជ័យ​និង​នាំ​បាតុករ​អហិង្សា​ទៅ​រក​ហិង្សា​វិញ បើ​បាតុករ​ខ្វះ​ឥរិយាបថ​ទន់​ភ្លន់​ខ្លាំអ​ ​​​នឹង​នាំ​ទៅ​រក​ផ្លូវចាស់​ដែល​ធ្លាប់​ចាញ់​ដដែលៗយូរ​មក​ហើយ​​។ គេ​មិន​​អាច​បង្កើតភាព​​ស្រប​ច្បាប់ដោយពុំ​​និយាយ​ពី​ច្បាប់បាន​នោះ​​ទេ​ ដូច្នេះ​បាតុករ​មិន​ត្រូវ​ភ្លេច​ទេ​នូវ​មាត្រា​ច្បាប់​ទាំង​ឡាយណា​​ដែល​គាំទ្រ​បាតុកម្ម​ដោយ​សន្តិវិធី។ ​ពេល​កំពុង​បាតុកម្ម​ បាតុករ​ត្រូវ​​ប្រកាស​ប្រាប់​មហាជន​ថា ​បើ​រដ្ឋាភិបាល​ហ៊ាន​បង្ក្រាប​បាតុកម្ម​អហិង្សា​ គឺ​រដ្ឋាភិបាល​បាន​បំពាន​ច្បាប់​ ត្រូវ​ទទួល​ទោស​ដូច​គ្នា ប្រជាជន​ត្រូវ​ក្រោក​ឈរ​ការ​ពារច្បាប់​ មិន​មែន​ការពារ​រដ្ឋាភិបាល​ល្មើស​ច្បាប់​ទេ​។ នៅ​ពេល​ដែល​អ្នក​អនុវត្ត​ច្បាប់​​មិន​គោរព​ច្បាប់​ មាន​តែ​ប្រជាជនដែល​គោរព​ច្បាប់​​ប៉ុណ្ណោះ​ទើប​អាច​អនុវត្ត​ច្បាប់​លើ​អ្នក​អនុវត្ត​ច្បាប់​ដែល​មិន​គោរព​ច្បាប់​បាន​។

ការ​ដឹក​នាំនិង​ចាប់​ផ្តើម​​បាតុកម្ម​

នៅ​ចំណុច​បឋមបំផុត​នៃ​បាតុកម្ម​ គេ​គួរ​ចាប់​ផ្តើម​យុទ្ធនាការ​ដោយ​ឡែកៗ​ពី​គ្នា​​និង​មាន​គោល​​ដៅ​ផ្សេងៗ​គ្នា​ ធ្វើ​ឡើង​បន្ត​បន្ទាប់​ឬ​យុទ្ធនាការ​ពីរ​បី​អាច​ធ្វើ​ឡើង​ព្រម​គ្នា​។ គេ​គួរ​រៀប​ចំ​ផែន​ការ​ធ្វើ​បាតុកម្ម​ដោយ​សំរាំង​ (Selective Resistance)​ ទៅ​តាម​បញ្ហា​សង្គមជាក់​លាក់​ណា​មួយ​ ដើម្បី​តំណាង​ឱយ​ការ​ជិះ​ជាន់​និងអសមត្ថភាព​​នៃ​របប​ផ្តាច់​ការ​​ក្នុង​ការ​ដឹក​នាំ​ប្រទេស​​។ បញ្ហា​សង្គម​ សេដ្ឋ​កិច្ច​ នយោបាយ​ ឧ.​ ភាព​គ្មាន​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ អសន្តិសុខសង្គម​​ ការ​កក​ស្ទះ​ចរាចរណ៍​ ការ​ឡើង​ថ្លៃ​ទំនិញ​ឬ​ប្រេង​សាំង​ហួស​ហេតុ​ឬ​លុយ​ចុះ​ថោក​ពេគ​ ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​គ្រូ​បង្រៀន​ឬ​កម្មករ​ បញ្ហា​អំពើ​ពុក​រលួយ​ ភាព​ក្រី​ក្រ​ ភាព​គ្មាន​ការ​ងារ​ធ្វើ​ ភាព​គ្មាន​គុណ​ភាព​នៃ​សេវាកម្ម​សុ​ខាភិបាល​ ការ​ធ្លាក់​ចុះ​នូវ​គុណ​ភាព​អប់រុំ​ ភាព​ស្អុយ​រលួយ​នៃ​ស្ថាប័ន​សាសនា​ ការ​កាប់​ព្រៃ​ឈើ​និង​បំផ្លាញ​ធន​ធាន​ធម្មជាតិ​។ល។ ដែលវិបត្តិ​​ទាំង​អស់​នេះ​ មាន​ជន​​រង​គ្រោះ​ផ្សេងខុសៗ​គ្នា​និង​រួម​គ្នា​ខ្លះ​ តែ​សុទ្ធ​មាន​គោល​ដៅ​រួម​គឺ​ផ្លាស់​ប្តូរទាំង​បុគ្គល​និង​​ប្រព័ន្ធ​ដឹក​នាំ​ដែល​អសមត្ថភាព​។ យើង​ចាប់​ផ្តើម​ពី​បាតុកម្ម​តូច​ៗ​ដឹក​នាំ​ចេញ​ពី​ផ្នែកផ្សេងៗ​គ្នា​​នៃ​សង្គម គឺ​ថា​គេ​មិន​ចាំ​បាច់​ត្រូវ​ការ​ចូល​រួម​ពី​គ្រប់​ស្រទាប់​នៃ​សង្គមទាំង​អស់​ ​ដើម្បី​ធ្វើ​បាតុកម្ម​នោះ​ឡើយ​។ បាតុកម្ម​នីមួយៗ​ចេញ​ពី​ស្រទាប់សង្គម​ផ្សេង​គ្នា​ ​រួច​ឆ្ពោះ​ទៅ​ការ​ផ្តុំកម្លាំង​​គ្នា​តែ​ម្តង​ នៅពេល​គ្មាន​ដំណោះ​ស្រាយ​អ្វី​លេច​រូប​រាង​ឡើង​។ ទាំង​អស់​នេះ​ គេ​ត្រូវ​ធ្វើ​ឡើង​ក្នុង​បរិបទ​យុទ្ធសាស្ត្រ​គោល​ធំ​មួយ​ ដើម្បី​ស្ទង់​មើល​ថា​តើ​អាច​ធ្វើ​អ្វី​បន្ថែម​ទៀតនៅ​ពេល​សំរេច​បានឬ​មិន​បាន​សំរេច​គោល​ដៅ​ណា​មួយ​​ ​ ហើយ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដើម្បី​ទាញ​​ស្ថាប័ន​ម្តង​មួយៗ​​ចេញ​ពី​ការ​ត្រួត​ត្រា​របស់​ជន​ផ្តាច់​ការ​បណ្តើរៗ​។ ដូច​យើង​ជ្រាប​ស្រាប់​ហើយ​នៅ​ខាង​ដើម​សេចក្តី​ ភាព​ស្ពឹក​ស្រពន់​នៃ​ប្រព័ន្ធ​ដែល​ឋិត​ក្រោម​របប​ផ្តាច់​ការ​ ប្រជាជន​​គ្មាន​សង្ឃឹមថា​ពួក​គេ​អាច​​ដោះ​ស្រាយបញ្ហា​​បាន​ជា​ដុំ​កំភួន​អ្វី​ទេ។​ ជន​ផ្តាច់​ការ​អាចធានា​​សន្យា​ថា​ធ្វើ​ឱយ​បាន​ដើម្បី​លួង​បញ្ឆោត​ ប៉ុន្តែ​នៅ​ខាង​ក្រោយ​ឆាក​ គេ​កំពុង​រៀប​ចំ​គម្រោង​បំបែក​បាតុកម្ម​មិន​ឱយ​ខ្លាំង​ដូច​មុន​ទៀត​ប៉ុណ្ណោះ​​​​​​។ ហេតុ​នេះ​ គ្មាន​អ្វី​គួរ​ឱយ​ត្រេក​អរ​ទេ​ ពេល​បាតុកម្ម​បាន​សំរេច​គោល​ដៅណា​មួយ​​ ពី​ព្រោះ​ភាព​ក្រលេក​ក្រលុច​របស់​ជន​ផ្តាច់​ការ​ នៅ​តែ​ត្រូវ​ការ​បាតុកម្ម​ពី​​ប្រជាជនលុះ​ផ្លាស់​ប្តូរ​របប​នោះ​បាន​។​

ជា​ទួទៅ​ គេ​គួរ​​ជ្រើស​រើស​ឱកាស​​និង​ស្ថាន​ភាពធ្វើ​បាតុកម្ម​គឺ​សំខាន់​ណាស់​ ព្រោះ​ពេល​វេលា​និង​​ស្ថានភាពសង្គម​​នោះ​អាច​ជា​កត្តា​ជំរុញស្រូប​យក​​ការ​ចាប់​អារម្ម​ខ្លាំង​និង​រហ័ស​ទៅ​ប្រជាជន​។ ឧ.​ នៅ​ឱកាស​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​តំណាង​រាស្ត្រ​ គេ​អាច​ស្ទង់​បាន​ថា​គណកម្មការ​រៀប​ចំ​ការ​បោះ​​ឆ្នោតនឹង​​មិនឯករាជ្យ​ឡើយ​។ ប្រជាជន​អាចយក​​ឱកាស​នោះ​ធ្វើ​បាតុកម្មទាម​ទារ​ឱយ​រៀប​ចំ​ស្ថាប័ន​នោះ​ឱយ​មាន​ឯក​រាជ្យ​។ បើ​គេ​មិន​ព្រម​ ប្រជាជន​អាច​បាតុកម្ម​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត។ បើ​គេ​នៅ​តែ​មិន​ផ្លាស់​ប្តូរ​ ប្រជាជន​មិន​ទៅ​បោះ​ឆ្នោត​តែ​ម្តង​​ (វិធី​មិន​សហការ​ផែ្នក​នយោបាយ​) ឬអាច​ប្តូរ​ទិស​ដៅ​ដោយ​មិន​ប្តូរ​ជំហរ​គឺ​ទាមទារ​មិនឱយ​​គណបក្ស​កាន់​អំនាច​ឈរ​ឈ្មោះបន្ត ព្រោះ​អំពើ​មិន​គោរព​ច្បាប់​និង​លួច​បន្លំ​សន្លឹក​ក្នុង​រយៈ​ពេល​ដែល​គេ​កាន់​អំនាច​រហូត​មក​ គឺ​គ្រប់​គ្រាន់​ពេគ​ហើយ​សំរាប់​ជា​មូល​ហេតុ​មិន​ឱយ​​គេ​​ឈរ​ឈ្មោះ​។ ដូច្នេះ​ ទោះ​គេ​ពូកែ​លួច​ឆ្នោត​ប៉ុណ្ណា​ ក៏​លួចមិន​បាន​ដែរ បើ​ពួក​គេ​មិន​បាន​ឈរ​ឈ្មោះ​​ផង​នោះ​។ យើង​អាច​ទាយ​ទុក​បាន​ថាជន​ផ្តាច់​ការ​​ពុំ​​ស្រប​តាមឆន្ទៈ​របស់​បាតុកម្ម​ជា​ដាច់​ខាត​ ឱយ​តែ​ណា​ប៉ះ​ពាល់​ដល់អំនាច​និង​​ប្រយោជន៍របស់​ពួក​គេ​។ ​គួរ​រំលឹក​ផង​ដែរ​ថា​ ទោះ​គណបក្ស​របស់ជន​​ផ្តាច់​ការ​​មិន​ឈរ​ឈ្មោះ​ ក៏​ពួក​គេ​នៅ​អាច​កាន់​អំនាចបាន​​ដូច​គណបក្ស​​ជាប់​ឆ្នោត​ដែរ​ ព្រោះ​សូម្បី​តែ​ពេល​ពួក​គេ​​ចាញ់​ឆ្នោត​ក៏​ពួក​គេ​អាច​វាយយក​កៅអី​ជាប់​ឆ្នោត​នោះ​បាន ហើយ​ពួក​គេ​នៅ​តែ​ចាត់​ទុក​ខ្លួន​ឯង​ថា​ស្រប​ច្បាប់​ ទោះ​ពួក​គេ​កំពុង​តែ​បំពាន​ច្បាប់​ក៏​ដោយ​។ ប៉ុន្តែ​បាតុកម្ម​ទាម​ទារ​បែប​នេះ​ អ្វី​ដែល​យើង​ចង់​បាន​ ​មិន​មែន​ឱយក្រុម​ផ្តាច់​ការ​នោះ​ចេញ​ពី​អំនាច​ភ្លាមៗ​នោះ​ទេ​ ព្រោះ​ជន​ផ្តាច់​ការ​មិនដែល​​ចេញ​ពី​អំនាច​ដោយ​​សន្តិវិធី​ទេ​ តែ​ចេញ​ដោយ​ចលនា​ប្រជាជន​​។ ​​អ្វី​ដែល​យើង​ចង់​បាន​បំផុត​គឺដក​ហូត​ភាព​ស្រប​ច្បាប់​នៃ​របប​ផ្តាច់​ការ​ កុំ​ឱយ​ពួក​គេ​យក​លេស​ថា​ខ្លួន​ឈ្នះ​ឆ្នោត​ ឬ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន តែ​​កាន់​អំនាច​អចិន្ត្រៃយ​នោះ​។​​​​​ យើង​សុទ្ធ​តែ​អាច​រំពឹង​ទុក​បាន​ថា​ គ្មាន​ចំនុច​ណា​មួយ​ដែល​ជន​ផ្តាច់​ការ​ព្រម​តាម​បាតុកម្ម​​ឡើយ​ ទោះ​យល់​ព្រម​ក៏​គ្រាន់​ជា​ការ​បញ្ឆោត​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​គឺ​ពេល​គេ​មិន​គោរព​តាម​សន្យានោះ​ហើយ​​ បាតុកម្ម​អាច​ចាប់​ផ្តើម​ធ្វើ​ទ្រង់​ទ្រាយ​​ធំ​ទៅៗ​ខ្លាំង​ទៅៗ​ រហូត​ដល់​ទាញ​ជន​ផ្តាច់​ការ​និង​បក្ស​ពួក​ ជីក​ស្មៅ​ជីក​ទាំង​ឫស​តែ​ម្តង​។ យើង​និយាយ​នេះ​ មិន​មែន​មាន​ន័យ​ថា​ គេ​ត្រូវ​ការ​ពេល​វេលា​ ​និង​ស្ថាន​ភាព​សម​ស្របទើប​អាច​ធ្វើ​បាតុកម្ម​បាន​នោះ​ទេ​។ ពិត​ណាស់​ថា​ របប​ផ្តាច់​ការ​ទុក​កាន់​តែ​យូរ​កាន់​តែ​ពិបាក​ដក​ចេញ​ ហើយ​ផល​វិបាក​នៃ​របប​នេះ​រិត​តែស៊ី​រូង​​បំផ្លាញ​ជាតិ គេ​​មិន​គួរ​បណ្តែត​បណ្តោយ​បន្ត​ទៀត​ឡើយ​។ ប៉ុន្តែ​មុន​នឹងចាប់​ផ្តើម​ គេ​ត្រូវ​យល់​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​សង្គម​ជា​មុនសិន​​ ជា​ពិសេស​ការ​រៀប​ចំ​​យុទ្ធសាស្ត្រ​គោល​ធំ​មួយ​ដែល​កល​យុទ្ធ​ជា​ច្រើន​ដទៃ​ទៀតយក​ជា​មូល​ដ្ឋាន​។

បាតុកម្ម​ដោយ​ពុំ​អាស្រ័យ​លើតែ​​មេ​ដឹក​នាំ​

Leader on the back line

មុខ​ងារ​របស់​អ្នក​ដឹក​នាំគឺ​​បង្កើត​អ្នក​​ដឹក​នាំ​ឱយ​បាន​កាន់​តែ​ច្រើន​ មិនមែន​បង្កើត​អ្នក​ដើរ​តាម​កាន់​តែ​ច្រើននោះ​​ទេ​។

— រេភ​ នេឌើរ​ (Ralph Rader)

របប​ផ្តាច់​ការ​សំបូរ​តែ​អ្នកហៃ​អើ​​ស្តាប់​តាម អ្នក​ដើរ​តាម​ធ្វើ​តាម​ប៉ុណ្ណោះ ហេតុ​នេះ​ហើយ​ទើប​គុណភាព​​អភិបាល​កិច្ច​របស់​របប​នោះ​ខ្សោយ​។ ប្រជាធិបតេយ្យ​ពិត​ប្រាកដ​វិញ​ សំបូរ​អ្នក​ដឹក​នាំ​​មាន​សមត្ថ​​ភាព​ឱយ​ជ្រើសរើស អ្ន​ក​ណា​ក៏​មាន​សិទ្ធិ​អាច​ធ្វើជា​​អ្នក​ដឹក​នាំ​បានដែរ​ ហើយ​សមាជិកក៏មាន​អំនាច​សំរេច​ ជា​មេ​ដឹក​នាំ​មិន​មែន​មាន​ន័យ​ថា​ អាច​ធ្វើ​អ្វី​សំរេច​អ្វី​តាម​តែ​ក្បាល​ចិត្ត​នោះ​ទេ​។ ការ​ដែល​អ្នក​ចូល​រួម​ឬ​សមាជិក​មាន​​អំនាចសំរេច​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​ តែ​បើ​​អ្នក​ដឹក​នាំសំរេចចិត្តតែ​ឯង​​គ្រប់​យ៉ាង​ អ្នក​ចូល​រួម​គ្មាន​សិទ្ធិ​សំរេច​ដោយ​ស្មើ​ភាព​ គឺ​របៀប​ដឹក​នាំនោះ​ធ្វើ​​តាម​វិធី​​​ផ្តាច់​ការ​។ ​យោល​តាម​ការណ៍​នេះ​ហើយ​​ ​ប្រជាជន​គួរ​បារម្ភ​អំពី​ឥទ្ធិ​ពល​ខ្លាំង​ពេគ​របស់​មេ​ដឹក​នាំ​របស់​ពួកគេទៅ​លើ​​ចលនាដែរ​​​ ឬ​​ការ​ពឹង​អាស្រ័យ​ខ្វះ​មេ​ដឹក​នាំ​មិន​បាន​ ជា​ពិសេស នៅ​ក្នុង​ករណី​ដែល​មេ​ដឹក​នាំ​ផ្លាស់​ប្តូរ​ជំហរ​ ទៅ​សំរប​សំរួល​នឹង​របប​ដឹក​នាំ​យក​ប្រយោជន៍ យក​តំណែង​ យក​អំនាច​ មិន​គិត​ពី​សុវត្ថិភាព​បាតុករ​និង​ផល​ប្រយោជន៍​រួម​របស់​ចលនា​។ អ្នក​ដឹកនាំ​​បាតុកម្ម​ដែល​​ស្ថិត​​​នៅ​ខាង​ក្រៅ​ក្រុម​ ​មេ​ដឹក​នាំ​ចលនា​ដែល​ឋិត​ក្នុង​ជួរ​បក្សនយោបាយ​​ណា​មួយ​ ​បុគ្គល​ដែល​​មិន​រង​គ្រោះ​ពី​បាតុកម្ម​ មេដឹក​នាំ​បាតុកម្ម​ដែល​រត់​ចោល​​បាតុកម្មពេល​មាន​ការ​បង្រ្កាប​ មិន​គិតឬ​ធ្វើ​ជា​គិត​​ពី​បាតុករ​ ​តែចាំ​ទទួល​ផល​ដៃ​ពីរ​ពីបាតុកម្មពេល​​ឈ្នះ​។ល។ អ្នក​ដឹក​នាំ​ប្រភេទ​នេះ សមាជិក​មិន​គួរ​បណ្តោយ​ឱយគេ​​កាច់​ចង្កូត​បាតុកម្មឡើយ​ ព្រោះ​គេ​ក៏​អាច​ជា​មេដឹក​នាំ​ផ្តាច់​ការ​ដែរ គឺជន​ផ្តាច់​ការ​ដែល​ផ្តួល​របប​ផ្តាច់​ការ​មួយ​ដើម្បី​ជំនួស​កន្លែង​ជន​ផ្តាច់​ការ​ចាស់​ នឹង​អាល​ធ្វើ​ជា​មេ​ដឹក​នាំ​ផ្តាច់​ការ​ថ្មី​​ប៉ុណ្ណោះ​។​ ​ ពួក​គេ​អាច​នឹង​បោក​បាតុករ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​ឬ​នយោបាយពួក​គេ​​ប៉ុណ្ណោះ​ រួម​មាន​ ប្រជាប្រិយ​ភាព​ សន្លឹក​ឆ្នោត​ ទ្រព្យ​សម្បត្តិ ​លុយ​កាក់​ ជំនួយ​ក្នុង​ស្រុក​ឬ​បរទេស​។ល។ ក្នុង​បំណង​ទៅ​ត​​ថ្លៃ​នឹង​ភាគី​ម្ខាង​ទៀត​ប៉ុណ្ណោះ​។ ជា​ពិសេស​ ចលនា​មិន​គួរ​ជ្រើស​រើស​មេ​ដឹក​ជា​អ្នក​នយោបាយ​ឬ​ជន​បរទេស​ឡើយ​​ ព្រោះតែ​ពួក​គេ​ជា​ប្រភេទ​មនុស្សដែល​បាតុករ​​មិន​អាច​ទុក​ចិត្ត​បាន​ទោះមក​ពី​បក្ស​ណា​ជន​ជាតិ​​ណា​ក៏​ដោយ​។ និយាយ​នេះ​ពុំ​មែន​មិនឱយ​​អ្នក​នយោបាយ​ចូល​រួមទេ​ ដូចការ​សិក្សា​​បានបង្ហាញ​ហើយ​ថា​ អ្នក​ដែល​ពាក់​ពាន់​នឹង​របប​ដឹកនាំ​​ ដូច​ជា​មន្ត្រី​រដ្ឋ​ការ​ អ្នក​នយោបាយ​ អាច​ងាយ​នឹង​បង្កើត​ឱយមាន​ការ​ផ្លាស់​ប្តូរ​សា្វមីភក្តិ​​​​ បំបែក​ផ្ទៃ​ក្នុង​របប​និង​ការ​កាត់​បន្ថយ​ការ​បង្ក្រាប​។​ ប៉ុន្តែ ​ការ​ចូល​រួម​និង​ការ​ដឹកនាំ​មិន​ដូច​គ្នា​ទេ​​ អ្នកនយោបាយ​ចូល​រួម​និង​អ្នក​នយោបាយ​ដឹក​នាំ​ហុច​លទ្ធ​ផល​ខុស​គ្នា។ ​​បាតុករ​គួរ​រៀន​ដឹក​នាំ​ខ្លួន​ឯង​ រៀន​ពីយុទ្ធសាស្ត្រ​ធ្វើ​​បាតុកម្ម​អហិង្សា​ដោយ​ខ្លួន​ឯង ទ្រ​ទ្រង់​តំរូវ​ការ​ធន​ធានដោយ​ខ្លួន​ឯង​ ​ជ្រើស​រើស​មេ​ដឹក​នាំ​ដែល​យល់​ច្បាស់​គ្រប់​គ្រាន់​អំពីបាតុកម្ម​អហិង្សា​​ពី​ក្រុម​បាតុករ​ខ្លួន​ឯង,​ បើ​គ្មាន​ទេ​ យ៉ាងតិច​បំផុត​​ណាស់ត្រូវ​​ប្រឹក្សា​នឹង​​អ្នក​ជំនាញ​ កុំ​រំពឹង​មនុស្ស​ក្រៅ​ក្រុម​​ដែល​ផ្តល់​ជំនួយ​ដល់​បាតុកម្ម​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ម្យ៉ាង​ទៀត​ ទោះ​បី​មេ​ដឹក​នាំ​គ្មាន​បញ្ហាអាត្មា​និយម​​នេះ​​ក៏​ដោយ​ ការ​រំពឹង​លើ​មេ​ដឹកនាំ​​ដែល​មាន​ឥទ្ធិ​ពល​ពេគ​ នឹង​បើក​ចំហ​ចំណុច​ខ្សោយ​នៃ​ចលនា​ឱយ​ជន​ផ្តាច់​ការ​មើល​ឃើញ​ គឺ​ថា​ ចលនានោះ​មិន​អាច​គ្មាន​មេ​ដឹក​នា​ខ្លាំង​​បាន​ ​បើ​ចាប់​ខ្លួន​ឬ​ធ្វើ​ឃាត​មេ​ដឹក​នាំ​ចលនា​បាន​ នោះ​​ចលនា​នឹង​បរាជ័យ​ដោយ​ឯក​ឯង មិន​អាច​តស៊ូ​ក្រាញ​ននៀល​បន្ត​ទៀត​​ឡើយ​។ លោក​ ជីន​ សាប​ (១៩៩៩) ច្រាន​ចោល​ទស្សនៈ​យល់​ច្រលំ​ដែល​ថា​ ចលនា​អហិង្សា​ត្រូវ​ការ​មេ​ដឹក​នាំ​ដែល​មាន​លក្ខណៈ​ពិសេស​និង​ប្រកប​ដោយ​​ឥទ្ធិពល​ខ្លាំង (Charismatic Leader ក្នុង​វប្បធម៌​ខ្មែរ គេ​​និយម​ស្គាល់​ថា​ជា​ «អ្នក​មាន​បុណ្យ​» ទោះ​អត្ថន័យ​ខុស​គ្នា​តិច​តួច​ក្តី​)​ ដូច​ជា​ មហាត្មៈ​គន្ធី​ និង​ ម៉ារទីន​ លូធើរ​ ឃីង ​ជា​ដើម​ ​ទើប​អាច​ជោគ​ជ័យ​បាន។ លោក​បាន​មាន​ប្រសាសន៍​ថា​ «ការ​ប្រើ​ច្ចេក​វិធី [អហិង្សា​] មិន​តំរូវ​ឱយ​មាន​បុគ្គល​​​​មាន​ឥទ្ធិ​ពល​ពិសេស​ក្នុង​ការ​ដឹក​នាំ​នោះ​ទេ​​។ […] សកម្ម​ភាព​អហិង្សា​ជា​ច្រើន​ករណី​ណាស់​ រាប់​ទាំង​ករណី​ជោគ​ជ័យ​ផង​ អ្នក​ដឹក​នាំ​ចលនា​គ្មាន​លក្ខណៈ​ពិសេស​នេះ​នោះ​ឡើយ​​។​ […] ការ​កំណត់​​ផ្តល់​​គុណ​ភាព​ពិសេស​ជូន​អ្នក​ដឹក​នាំនៅ​ក្នុង​សកម្ម​ភាព​អហិង្សា​មាន​តែ​មានផល​ប៉ះ​ពាល់​អវិជ្ជមាន​លើ​ប្រសិទ្ធ​ភាព​នៃ​ការ​តស៊ូ​ទៅ​វិញ​ទេ​។ ពិត​​ណាស់​ នៅ​ពេល​ចំណេះ​អំពី​ជំនាញដែល​ត្រូវ​ការ​​និងអាកប្បកិរិយា​ដែល​ត្រូវ​ប្រកាន់​ខ្ជាប់​ក្នុង​ការ​អនុវត្ត​បច្ចេកវិធី​នេះ​ ព្រម​ទាំង​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​វា​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទួទៅ​ហើយ​​នោះ​ តំរូវការ​​អ្នក​ដឹក​នាំ​ខ្លាំង​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ ទោះ​បី​អ្នកដឹក​នាំ​នោះ​​មាន​ឥទ្ធិពល​ពិសេស​នោះ​ឬ​មិន​មាន​ក្តី​។» លើស​ពី​នេះ​ ការ​សិក្សារបស់​​លោក​ស្រី​ ឆេណូវេថ​ ក៏​បាន​គាំទ្រ​គំនិត​របស់​លោកដែរ ​​ដោយ​រក​ឃើញ​​ថា​ «របៀបដែល​​តួនាទី​អចិន្ត្រៃយ​របស់​មេ​ដឹក​នាំ​ប្រកប​ដោយ​​ឥទ្ធិពល​មានចំពោះ​ចលនា​ អាច​ប៉ះពាល់​​លើលទ្ធ​ភាពនៃ​​​ប្រជាធិបតេយ្យ​ទៅ​ថ្ងៃ​អនាគត​​​។ ចលនាដែល​​ពឹង​ផ្អែក​លើ​អ្នក​ដឹក​នាំ​ដែល​មាន​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​ នោះ​ដំណើរ​ផ្លាស់​ប្តូរ​ទៅ​កាន់​ប្រជាធិបតេយ្យ​កាន់​តែ​ពិបាក​ ពី​ព្រោះ​នយោបាយ​មាន​ទំនោរទៅ​បុគ្គលជា​ជាង​ស្ថាប័ន​។ ការ​ពឹង​ផ្អែក​ខ្លាំង​ពេគ​​លើ​បុគ្គលិក​ភាពតែ​មួយ​​ក្នុង​របៀប​ដឹក​នាំនៅ​ក្នុង​ចលនា​ទំនង​ជា​កំរិត​យុទ្ធនាការ​ពី​ចំណុច​គន្លឹះ​ណា​មួយ​។ ក្នុង​ករណី​ប្រទេស​ភូមា​ ត្រកូល​គ្រួសារ​របស់លោក​ស្រី​​ អ៊ុង​ សាន​ស៊ូ​ជី​ រារាំង​លោក​ស្រី​ពី​ការ​បើក​កុង​តាក់​សំខាន់​មួយ​នៃ​អានុភាព​​ចលនា​ពោល​គឺ​ ការ​បែក​ខ្ញែក​ក្នុង​ក្រុម​​យោធា ដែល​ទំនង​ជា​ចាំ​បាច់​សំរាប់​ជោគ​ជ័យ​របស់​​យុទ្ធនាការ​អហិង្សា​​។ [លោក​ស្រី​មិន​ចង់​ឱយ​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​កង​ទាប់ ព្រោះ​ពួក​គេ​​ជា​សមិទ្ធផល​របស់​ឪ​ពុក​លោក​ស្រី​​]​​​​​​​​​» ដូច​បាន​ជ្រាប​ស្រាប់​ហើយ​ថា​ របប​ផ្តាច់​ការ​មាន​លក្ខណៈ​បុគ្គល​និយម​ ស្តាប់​តាម​តែ​មេដឹក​នាំ​ប្រើ​ គ្មាន​សិទ្ធិ​ស្វ័យ​សំរេច​ ដំណើរ​ការ​ងារ​យឺត​យ៉ាវ គឺ​ថា​ក្នុង​របប​នេះ​ ស្ថាប័ន​ទាំង​អស់​ហាក់​បី​ដូច​ជា​កម្ម​សិទ្ធិ​របស់​ជន​ណា​មួយ​​ ហេតុ​នេះ​ហើយ​ បើ​ចលនា​មួយ​ធ្វើ​ឡើង​ដើម្បី​បណ្តុប​មេ​ដឹក​នាំ​ថ្មី​ មិន​​បង្កើត​យន្តការ​ជា​ប្រព័ន្ធ​ តាម​រយៈ​ស្ថាប័ន​ ពោល​គឺ​ យន្ត​ការ​សំរេច​តាម​បែប​ប្រជាធិបតេយ្យ ​ដូច​ជា ការ​​បោះ​ឆ្នោត​សំរេច​ចិត្ត​ពី​សមាជិក​ពីរ​ភាគ​បី​ ការ​ផ្តាច់​ស្ថាប័ន​ទាំង​ឡាយ​ពិសេស​ដូច​ជា​ តុលាការ​ សភា​​ កង​យោធា​ ភ្នាក់​ងារ​ពត៌មាន​ ឱយនៅ​ដោយ​ឡែក​គ្មាន​ជាប់​ជា​សមាជិក​បក្ស​ណា​មួយ ឬ​មិន​ទទួល​រង​ឥទ្ធិ​ពល​បក្ស​ណា​មួយ ​គឺ​សំខាន់​ណាស់ដើម្បី​ធានា​អនាគត​ប្រជាធិបតេយ្យ​។ ​ បើ​ប្រជាជន​បណ្តោយ​ឱយ​មេ​ដឹក​នាំ​ថ្មី​​មាន​អំនាច​​បញ្ជា​សព្វ​បែប​​យ៉ាង​ហើយ គេ​​​នឹង​ប្រមូលផ្តុំ​​អំនាចនិង​បក្ស​ពួក​ កំចាត់​អ្នក​ប្រឆាំង​ ​រួច​កសាង​ខ្លួន​ធ្វើ​ជា​ជន​ផ្តាច់​ការ​ថ្មីពុំ​ខាន​​ ដោយ​សំអាង​លើ​សេចក្តី​ទុក​ចិត្ត​ដែល​ប្រជាជន​ផ្តល់​ឱយ គុណ​សម្បត្តិ​របស់​គេ​ (ក្នុង​ករណី​ជន​នោះ​ជា​អតីតមេ​​​ដឹក​នាំ​ចលនាឱយ​សំរេច​ជោគ​ជ័យ​​) ក្រោយ​ពេល​ផ្តួល​រំលំ​របបផ្តាច់​ការ​​ចាស់​បាន​ជោគ​ជ័យ ឬ​សំអាង​លើ​​សុទិដ្ឋិ​និយម​ជ្រុល​ពេគ​របស់​ប្រជាជន​ថា​ របប​ផ្តាច់​ការ​រលំហើយ​​ ជន​ផ្តាច់​ការក៏​មិនមាន​​នៅ​សេស​សល់​ទៀត​ដែរ​​​ក្នុង​​ប្រទេស​​​។ ចលនា​ប្រជាជន​អហិង្សា​អាច​ធានា​អំពី​ការ​ផ្តួល​រំលំ​របប​ផ្តាច់​ការ​​ តែ​មិនមែន​​ធានា​ថា​គ្មាន​ជន​ផ្តាច់​ការ​ថ្មី​នោះ​ទេ​។ អ្នក​នយោបាយ​ណា​ក៏​អាចជា​ជន​ផ្តាច់​ការ​ដែរ​ ឱយ​តែ​ប្រជាជន​ផ្តល់​ឱកាស​ឱយ​ មិន​រវីរ​វល់​អំពីការ​​ដឹក​នាំ​របស់​ពួ​ក​គេ។ រំពឹង​អ្នក​នយោបាយ​ឱយ​ស្មោះ​ត្រង់​ ឱយ​ស្រឡាញ់​ប្រជាជន​ ឱយ​គិត​ពី​ប្រទេស​ជាតិ​ជា​ធំ​ ប្រៀប​ដូច​សង្ឃឹម​ចចក​ឱយ​មិន​ស៊ី​ចៀម​ ពេល​សាច់​ដល់​មាត់​អ៊ីចឹង​ដែរ​ ប្រការ​នេះ​ហើយ​ គេ​ត្រូវការ​ប្រព័ន្ធ​ប្រជាធិបតយ្យ​ជា​ជាង​​បុគ្គល​ប្រជាធិបតេយ្យ​​។ គេ​ត្រូវ​ការ​បុគ្គលជា​ច្រើន​​ដើម្បី​កសាង​ប្រព័ន្ធប្រជាធិបតេយ្យ​មួយ​រឹង​មាំ​​មិន​មែន​ត្រូវ​ការ​បុគ្គល​មករំលាយ​ប្រព័ន្ធ​នោះ​ សាង​ខ្លួន​​ជា​ជន​សក្ការ​បូជា​អ្វី​នោះ​ទេ​។ ដូច្នេះ​ មុន​ពេល​ចលនា​ចាប់​ផ្តើម​ត្រូវ​មាន​រចនាសម្ពន្ធ​ដឹក​នាំ​ជ្រើស​រើស​តាម​បែប​ប្រជាធិប​តេយ្យ​ត្រឹម​ត្រូវ​ ទើប​ចលនា​នោះ​មាន​សង្ឃឹម​អាច​ជំរុញ​ឱយ​សង្គម​មួយ​ដែល​អនុវត្ត​ប្រព័ន្ធ​នោះ​ដែរ​។ ជ្រើស​រើស​បាន​ហើយ​ ពុំ​មែន​​ចាំ​តែ​មេ​ដឹក​នាំ​ម្នាក់​នោះ​ឡើយ​ គេ​ត្រូវ​ការ​យន្ត​ការ​អំនាច​សមាជិកមាន​សិទ្ធិ​សំរេច​​ជោគ​វាសនារបស់​​ចលនា​និង​ជ្រើស​តាំងមេ​ដឹកនាំ​​ថ្មី​ ​ពេល​មានករណី​ចាប់​ខ្លួន​ឬ​ឈឺ​ថ្កាត់​រង​គ្រោះ​ដោយ​យថាហេតុ​ណា​មួយ​។ ​ជា​ការ​ពិត​ណាស់​ថា​ ចលនា​ណា​មួយ​កើត​ឡើងដំបូង​​ពី​ចំនួន​សមាជិក​សកម្ម​តិច​តួចប៉ុណ្ណោះ​​ ហើយ​បាន​ចាប់​ផ្តើម​ពង្រីក​មាឌ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ដូច្នេះ​ មេ​គំនិតដែល​ជំរុញ​ចលនា​នោះ​គឺ​ក្លាយ​មេ​ដឹក​នាំ​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ឆ្លង​កាត់​ការ​បោះ​ឆ្នោតពី​សមាជិក​​ឡើយ​។ តាម​ពិត​ករណី​នេះ​ សមាជិក​សកម្ម​ដែល​បាន​ដើរ​តាម​ មាន​គំនិត​គោល​ដៅ​ដូចគ្នា​នឹង​អ្នក​ផ្តើម​គំនិត​ បាន​បោះ​ឆ្នោត​រួច​ស្រេច​ទៅ​ហើយ គ្រាន់​តែ​តាម​រយៈ​ការ​សហការ​ គាំទ្រ​ ចូល​រួម​ គោរព​តាម​ ជា​ជាង​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ​ ហើយ​ដូច​បាន​ដឹង​ស្រាប់​ ប្រភព​អំនាច​របស់​អ្នក​​ដឹក​នាំ​ ​អាស្រ័យ​ស្ទើរ​មួយ​រយ​ភាគ​រយ​ចេញ​ពី​សកម្ម​ភាព​យល់​ព្រម​របស់​សមាជិក​នៃ​សកម្ម​ភាព​​ក្រុម​​នោះ។​​ មិន​មែន​ទាល់​តែ​បោះ​ឆ្នោត​ទើប​ប្រជាធិបតេយ្យទេ​​ តែ​គឺ​ការ​គាំទ្រ​ ការ​សហការ​ សិទ្ធិ​សំរេច​រួម​គ្នា​ មាន​អំនាច​ស្មើ​គ្នា​ ទើប​ជា​មូល​ដ្ឋាន​ពិត​នៃ​ប្រជាធិបតេយ្យ​។ យើង​គួរ​រំឭក​​ឡើង​​វិញ​ថា​ ចលនា​ប្រជាជន​មិន​អាចត្រូវ​បាន​ក្រុម​ណា​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ឡើយ​ ព្រោះ​បាតុករ​មាន​សេរី​ភាព​ដើរ​ហើរ​ ចង់​ចូល​ចេញតាម​អំពើ​ចិត្ត​​ មេដឹក​នាំ​មាន​ឥទ្ធិ​ពល​ត្រឹម​លួង​លោម​ប៉ុណ្ណោះ​ គ្មាន​អំនាច​ឃាត់​ខ្លួន​ឬ​បញ្ជា​ពួក​គេ​ឡើយ​តាម​តែ​ក្បាល​ចិត្ត​ទេ​។ ហេតុដូច្នេះ​ហើយ​ ទើប​ចលនា​ប្រជាជន​ជា​ទួទៅ​កាត់​បន្ថយ​កំរិតរបៀប​ដឹក​នាំ​បែប​​ផ្តាច់ការ​។ ​កាល​បើ​បាន​រៀប​ចំ​ប្រព័ន្ធ​ការ​ពារ​គ្រោះ​អាសន្ន​ហើយ​ ទើប​​ចលនា​នៅ​តែ​អាច​បន្ត​បាន​ ទោះ​​មាន​អ្វី​កើតឡើង​ចំពោះ​មេ​ដឹក​នាំ​ក៏​ដោយ​។ ទោះ​មេ​ដឹក​នាំ​ចលនា​ស្លាប់ អ​វត្តមាន​ ត្រូវ​បាន​ចាប់​ខ្លួន​ ក៏​បាតុកម្ម​នៅ​តែ​រស់​។ បាតុកម្ម​ដែល​គ្មាន​មេដឹក​នាំ​តែង​តែ​ទន់​ខ្សោយ​ងាយ​បំបែក​ ប៉ុន្តែ​បាតុកម្ម​ដែល​អាច​ដឹក​នាំ​ខ្លួន​ដោយ​ទាំង​ពេល​មេ​ដឹក​នាំ​ខ្លួន​មាន​បញ្ហា​​​គឺ​ជា​ចំណុច​ជោគ​ជ័យ​ផ្ទៃ​ក្នុង ​ដែល​អ្នក​ដឹក​នាំ​ចលនា​ត្រូវ​ត្រៀម​របៀប​ជ្រើស​តាំង​​អ្នក​ដឹក​នាំ​ថ្មី​ទុក។ បាតុកម្ម​ដោយ​ពុំ​យក​មេដឹក​នាំ​ជា​ទី​ពំនាក់​អាស្រ័យ​​គឺជា​​បាតុកម្មដែល​ចេះ​​រៀប​ចំ​ដឹក​នាំ​ខ្លួន​ឯង​បាន​ មិន​ចាំ​តែ​មេ​ដឹក​នាំ​ធ្វើ​នោះ​។

ភាព​ជាអ្នក​​ដឹក​នាំ​និង​តួ​នាទីរបស់អ្នក​ដឹក​នាំ​បាតុកម្ម​អហិង្សា​

Mohandas Gandhi (left) and Sarojini Naidu.

​​ទ្រឹស្តី​និង​ការ​ពិសោធ​ទាំង​ប៉ុន្មាន​ដែល​យើងបាន​អធិប្បាយ​ប្រាប់​ អាច​ទៅ​រួច​និង​អាច​ធ្វើ​ឱយ​សកម្ម​ឡើង​បាន​ឬ​មិន​បាន​គឺ​ជា​បញ្ហា​នៃ​ការ​ដឹក​នាំ​និង​ភាព​ឈ្លាស​វៃ​របស់​អ្នក​ដឹក​នាំ​។ ទោះ​បី​ដើម្បី​ឱយ​យុទ្ធនាការជោគ​ជ័យ​​ គេ​ពុំ​ត្រូវ​ការអ្នក​ដឹក​នាំ​ប្រកប​ដោយ​គុណ​ភាព​ពិសេសក៏​ដោយ​ ក៏​ចលនា​នៅ​តែ​តំរូវឱយ​អ្នកដឹក​នាំ​មានចរិត​លក្ខណៈ​ជា​គុណ​សម្បត្តិ​មួយ​ចំនួន​ដែរ​។ លោក​ រ៉ូបឺត​ ហ៊ែល​វី​ បាន​លើក​ឡើង​ថា​ «ក្នុង​ចំណោម​តួនាទី​​អ្នក​ដឹក​នាំនៅ​ក្នុង​ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​គឺ​កៀង​គរ​ប្រជាជន​​ ផ្តល់​គំរូ​ឱយ​អ្នក​ចូល​រួម​នៅ​ក្នុង​ការ​តស៊ូ​ បង្ហាញ​​ការ​ជឿ​​ជាក់នៅ​ពេល​អ្នក​ដទៃ​ទៀតសង្ស័យ​ពី​ទិន្នផល​នៃ​ការ​តស៊ូ​ សំរេច​ចិត្ត​ត្រឹម​ត្រូវ​ឱយ​ត្រូវ​ពេលវេលា​ ​បន្ត​ធ្វើ​ឱយ​​​ឋិត​ថេរបាន​នូវ​ការ​គាំទ្រ​និង​ការ​សហការចេញ​ពី​ឆន្ទៈ​ប្រជាជនដែល​​ចាំ​បាច់​សំរាប់​ជ័យ​ជំនះ​។​​» ​តាម​លោក​ ហ៊ែល​វី​ (២០០៤, ទំ. ១០៨-១១៣) ដើម្បី​សំរេច​តួនាទី​ទាំង​នេះ​ មេ​​ដឹក​នាំ​គួរ​មានចរិត​​លក្ខណៈ​មួយ​ចំនួន​ ធ្វើ​បាន​កាន់​តែ​ច្រើន កាន់​តែ​ល្អ​ ​ដូច​ជា​​៖ ១. ផ្តល់​គំរូ​​, ២. ស្គាល់​ប្រជាជន​ដែល​ខ្លួន​នឹង​​ដឹក​នាំ​, ៣. មាន​ជំនាញ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​, ៤. ស្វែង​រក​និង​ទទួលយក​ទំនួល​​ខុស​ត្រូវ​, ៥. ប្រគល្ភ​​គុណ​សម្បត្តិ​ទៅឱយ​​សមាជិក​ពេល​ជោគ​ជ័យ​​, ៦. ស្វាមីភក្តិ​, ៧. ស្គាល់​សត្រូវ​, ៨. រៀនពី​បទ​ពិសោធ​​ និង​ចុង​ក្រោយ​ ៩. បង្កើន​និង​យក​ឈ្នះ​ការ​លំបាក​អំពីបញ្ហា​​សមត្ថភាព​របស់​អ្នក​ក្រោម​បង្គាប់​។

​​​

            ១. ផ្តល់​គំរូ​​ ចរិត​និង​បុគ្គលិកលក្ខណៈ​របស់​មេ​ដឹក​នាំ​ជះ​ឥទ្ធិពលលើ​ការ​គ្រប់​គ្រង​ អ្នក​ក្រោម​បង្គាប់​និង​ចលនា​ទាំង​មូល​។ បើ​មេ​ដឹក​នាំ​មានពុត​ត្បុត​​យក​ចលនា​ធ្វើ​ជា​នុយ​ស្ទូច​ជំនួយ​បរទេស​ សម្តែង​លោ្ខន​នយោបាយ​ មិន​ខ្វល់​ពី​ប្រជាជន​ នោះ​អ្នក​ក្រោម​បង្គាប់​នឹង​ស៊ី​ជំនួយ​នោះ​ ធ្វើ​នយោបាយ​ប្រជាភិថុតិ​ដូច​តែ​គ្នា​ដែរ​។​

២. ស្គាល់​ប្រជាជន​ដែល​ខ្លួន​នឹង​​ដឹក​នាំ​ ដឹង​ថា​ប្រជាជន​ឋិត​ក្នុង​ស្រទាប់​សង្គម​ណា​ខ្លះ​ ត្រូវ​ការអ្វី​ខ្លះ​ មាន​ជីវ​ភាព​រស់​នៅ​ដូចម្តេច​ មាន​ការ​តស៊ូ​និង​ចំណេះ​ដឹងកំរិត​ណា​ ព្រម​ទាំង​ស្គាល់​ឬ​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​អ្នក​ដែល​គាំទ្រ​ពួក​គេ​និង​អ្នក​អព្យាក្រឹត​របស់​ពួក​គេ​ផង​ដែរ​។

៣. មាន​​ជំនាញ​ក្នុង​ការ​បំពេញ​​ភារកិច្ច​របស់​ខ្លួន ដឹង​ពីរបៀប​យក​ឈ្នះ ​និង​ក្រៅ​ពី​ជំនាញ​និង​ចំណេះ​ដឹង​សំរាប់​ធ្វើ​យុទ្ធ​នាការ​ មេ​ដឹកនាំ​ត្រូវ​យល់​ដឹងថា​ទិដ្ឋ​ភាព​ផ្សេងៗ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​របស់ខ្លួន​ជះ​ឥទ្ធិពល​ដល់​​​ទិន្នផល​នៃ​ការ​តស៊ូ​ដែរ​។ ការ​ទាក់​ទាញ​ការ​ចូល​រួម​ពី​សាធារណជន​ ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​ គ្រប់​គ្រង​​ធន​ធាននិង​​យក​ទៅ​ប្រើ​ដើម្បី​​យុទ្ធនាការ ដោយ​​​​ឆ្លង​កាត់​ការ​វិភាគដោយយក​ចិត្ត​ទុក​ដាក់​និង​​​ច្បាស់​លាស់​ ព្រម​ទាំង​កាត់​បន្ថយ​ការ​ខូច​ខាត​ឱយ​បាន​ច្រើន​បំផុត​ផង​ដែរ​​។ អ្នក​ដឹក​នាំ​ចាំ​បាច់​ត្រូវ​យល់​ពី​របៀប​វាយ​តម្លៃ​ស្ថាន​ការណ៍​​ ជ្រើស​រើស​វិធី​អហិង្សា​នា​នា​ដែល​ត្រូវ​អនុវត្តដើម្បី​ទៅ​ដល់​​គោល​ដៅ​នៃ​ផែន​ការ​យុទ្ធនាការ​ រៀប​ចំ​ផែន​ការ​សកម្ម​ភាព​អហិង្សា​ ហើយ​បណ្តុះ​បណ្តាល​​អ្នក​ចូល​រួម​អំពី​របៀប​អនុវត្ត​​វិធី​ដែល​ត្រូវ​បាន​​ជ្រើស​រើស​នោះ​ឱយ​បាន​ជោគ​ជ័យ​។ ​

៤. ស្វែង​រក​និង​ទទួលយក​ទំនួល​​ខុស​ត្រូវ​ អ្ន​កដឹក​នាំ​មិន​មែន​ទទួល​តែ​ត្រូវ​ រួច​ខុស​មិន​ទទួល​ហើយ​ទម្លាក់​ទៅ​អ្នក​ក្រោម​បង្គាប់​នោះ​ទេ​​។ អ្នក​ដឹក​នាំ​ដែល​មាន​ប្រសិទ្ធ​ភាព​ចេះ​ទទួល​យក​បរាជ័យ​ក្នុង​ការ​បំពេញ​គោល​ដៅ​ដែល​បាន​រៀប​ចំ មិន​បន្ទោស​អ្នក​ដទៃ​ ទទួល​ស្គាល់​ដំណើរ​ការ​ខុស​ប្រក្រតី​ កែ​តំរូវ​សភាព​ការណ៍​ រៀន​ពី​កំហុសឆ្គង​​នោះ​ និង​បន្ត​យុទ្ធនាការ​ទៅ​មុខ​ទៀត​។ គេ​អាច​អធ្យាស្រ័យ​​ឱយ​មេ​ដឹក​នាំ​ពេល​បណ្តោយ​ឱយ​មាន​កំហុសលើកដំបូង​​​ ប៉ុន្តែ​គេ​មិន​អាច​លើក​លែង​ឱយ​មេ​ដឹក​នាំ​ដែល​ពុំ​អាច​រៀន​ពីកំហុសដដែល​​នោះ​បាន​ទេ​។ បើ​មាន​ករណី​នេះ​កើត​ឡើង​ សមាជិក​សកម្ម​ត្រូវ​ដក​ហូត​ការ​សហការគាំទ្រ​ ​រួច​បោះ​ឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មី​ទៀត​ដែល​គ្រាន់​បើ​ជាង​មុន​។ ​

៥. ប្រគល្ភ​​គុណ​សម្បត្តិ​ទៅឱយ​​សមាជិក​ពេល​ជោគ​ជ័យ​​ មេ​ដឹក​នាំ​ពុំ​ត្រូវ​​ឱប​ក្រសោប​យក​គុណ​សម្បត្តិ​តែ​ឯង​នោះ​ទេ​ ហើយ​ក៏​ពុំ​ចាំ​បាច់​ធ្វើ​ដូច្នេះ​ដែរ​ នៅ​​ក្រោយ​ពេល​សំរេច​​គោល​ដៅ​​មួយ​ចំនួន​ឬ​ជោគ​ជ័យ​ទាំង​ស្រុង​ ពី​ព្រោះ​ក្នុង​កែវភ្នែក​​សមាជិក​ទាំង​អស់​ នៅ​ពេល​មេ​ដឹក​នាំធ្វើ​ត្រូវ​និង​ដឹក​នាំ​បាន​ជ័យ​ជំនះ​ នោះ​​គុណ​សម្បត្តិ​ធំ​​រត់​ទៅ​រក​មេ​ដឹក​នាំ​ដោយ​ស្វ័យ​ប្រវត្តិ​ ទោះ​មេ​ដឹកនាំ​នោះ​ព្យាយាម​ប្រកែក​ក៏​ដោយ​។ ហេតុ​នេះ​ហើយ​ មេ​ដឹក​នាំ​មិន​ត្រូវ​​ដណ្តើម​យក​តែ​ម្នាក់​ឯង​ មិន​ចែក​រំលែក​ឱយ​សមាជិក​ទាំង​អស់​នោះ​ទេ​ ពី​ព្រោះ​បើ​គ្មាន​ពួកគេ​ទេក៏​​សកម្ម​ភាពតាម​ផែន​ការនានា​​ទាំងអស់​​នោះ​ ពុំ​អាច​សំរេច​បាន​នោះ​ឡើយ​។ មេ​ដឹក​នាំ​ល្អ​ប្រើ​ពាក្យ​ «យើង​»​ ជំនួយ​ពាក្យ​ «ខ្ញុំ»​ ដើម្បី​បង្ហាញ​ការ​ទទួល​ស្គាល់​វិភាគ​ទាន​របស់​សមាជិក​ចំពោះ​ចលនា​។ ទោះ​មេ​ដឹក​នាំ​ពូកែ​យ៉ាង​ណា​ក៏​ដោយ​ បើ​គ្មាន​អ្នក​ធ្វើ​តាម​ ប្រឹង​ប្រែង​អនុវត្ត ប្តូរ​ផ្តាច់​ ប្រលូក​នឹង​ហានិភ័យ​ដើម្បី​បំពេញ​ភារកិច្ច​នីមួយៗ​នោះ​ទេ​ គំនិត​ យុទ្ធសាស្ត្រ​ កល​យុទ្ធ​របស់​អ្នក​ដឹក​នាំ​​គ្មាន​ថ្ងៃ​ទទួល​បាន​ជោគ​ជ័យ​ទៅ​តាម​ការ​រំពឹង​ទុក​ឡើយ​។​

៦. ស្វាមីភក្តិ ឬភាព​​ស្មោះ​ត្រង់​ ពុំ​មែន​តែ​អ្នក​ក្រោម​បង្គាប់​ទេ​ត្រូវមាន​ស្វាមីភក្តិ​​នឹង​អ្នក​ដឹក​នាំ​ អ្នក​ដឹក​នាំ​ក៏​ត្រូវ​ស្មោះ​ត្រង់​នឹង​អ្នក​ក្រោម​បង្គាប់​ខ្លួន​ដែរ​។ ស្វាមី​ភក្តិ​មិន​មែន​ន័យ​ថា​ចេះ​តែ​ស្រប​តាម​បង្គាប់​មេ​របស់​ខ្លួនរហូត​​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ជំទាស់​គំនិត​ សកម្ម​ភាព​ ការ​សំរេច​ចិត្ត​របស់​មេ​ដឹក​នាំ​ដែល​ធ្វើ​ឱយ​ប៉ះ​ពាល់​ដល់​ចលនា​ផង​ដែរ​។ ​ស្វាមីភក្តិ​តំរូវ​ឱយ​មានការ​​បើក​ទ្វារចំហ​ជូន​ការ​​​ជំទាស់​និងការ​​លើក​ឡើង​ដោះ​ស្រាយបញ្ហា​​ពិភាក្សា​ទាំង​អស់​គ្នា​។ មេ​ដឹក​នាំ​មាន​កាតព្វ​កិច្ច​ចំពោះ​ក្រុម​ក្នុង​ការ​បង្កើត​ទំរង់​ការ​នៅ​ក្នុង​ការ​ដឹក​នាំ ដើម្បី​បញ្ជាក់​ឱយ​បាន​ច្បាស់​អំពី​ឱកាស​ស្មើ​ៗគ្នា​របស់​សមាជិក​ក្នុង​ការ​លើក​បញ្ហា​មក​ពិភាក្សា​។ នៅពេល​ផែន​ការ​សកម្ម​ភាព​ដាក់​ចេញ​ អ្នក​ដឹក​នាំ​ត្រូវធានា​បាន​​ច្បាស់​ថា​អ្នក​ក្រោម​បង្គាប់​គ្មាន​ការ​ទើស​ទាល់​និង​​អនុវត្ត​ដោយ​អស់​ពី​ចិត្ត​។ ស្វាមីភក្តិ​ក៏​តំរូវឱយ​មេ​ដឹក​នាំ​សំរេច​ចិត្ត​​​បើក​ទូលាយ​ឱយ​អ្នក​មាន​សមត្ថភាព​ជាង​គេ​បាន​ចូល​បំរើ​ដំណើរ​ការ​ឱយ​អស់​ដៃ​អស់​ជើង​ដែរ​។ ជា​រួម​ សា្វមី​ភក្តី​ពុំ​ឋិត​នៅលើ​បុគ្គល​ទេ​ តែ​គឺ​លើ​នៅ​ចលនា​ឬ​ប្រយោជន៍​រួម​ ដែល​អ្នក​ដឹក​នាំនិង​អ្នក​ត្រូវ​បាន​ដឹក​នាំ​សុទ្ធ​តែ​​ត្រូវជូន​​ក្តី​​ស្មោះ​ត្រង់​នេះ​ជូន​ចលនា​និង​ប្រជាជន​។ អ្នក​ដឹក​នាំ​ខិត​ខំ​​បញ្ជា​អ្នក​ក្រោម​បង្គាប់និង​អ្នកក្រោម​​បង្គាប់​​ប្រឹង​បំពេញ​ការ​ងារ​​តាម​តួនាទី​​ ដើម្បី​បំពេញ​ស្វាមីភក្តី​រួម​គ្នា​នេះ​ឯង​។

៧. ស្គាល់​សត្រូវ​ ពត៌មាន​ទាក់​ទង​នឹង​សត្រូវ​ទាំង​ប៉ុន្មាន​ មេ​ដឹក​នាំ​ត្រូវ​រៀប​ចំ​អ្នក​ប្រមូល​ទិន្នន័យ​និង​យក​មក​វិភាគ​ឱយ​បាន​ត្រឹម​ត្រូវ​ច្បាស់​លាស់​​។ គេ​ត្រូវស្គាល់​​ថា​សត្រូវ​ជា​នរណា​ខ្លះ​ មាន​ចំនួន​ប៉ុន្មាន​ មាន​កូន​ចៅ​ប៉ុន្មាន​ ពួក​គេ​គិត​ដូច​ម្តេច​ ធ្លាប់​ធ្វើ​សកម្ម​ភាព​ដូច​ម្តេច​ខ្លះ​ ពេល​មាន​សម្ពាធ​​ ពួក​គេ​ឆ្លើយ​តប​យ៉ាងម៉េច​​ ពួក​គេ​ជឿ​លើ​អ្វី​ អ្វី​ខ្លះ​ដែល​ពួក​គេ​គិត​ថា​សំខាន់​និងមិន​​សំខាន់ ដែល​ជា​កត្តា​គួរ​ឱយ​យក​មក​ពិចារណា​ អ្នក​ដឹក​នាំក្នុង​ចំណោម​គូ​បដិបក្ស​​សំខាន់ៗ​ណា​ខ្លះ​ដែល​ជា​ឧបសគ្គ​របស់​ចលនា​។ ដោយ​ស្គាល់​សត្រូវ​ហើយ​​​ អ្នក​យុទ្ធសាស្ត្រ​អាច​ដឹង​​ពី​ប្រតិកម្ម​របស់​ពួក​គេ និង​ត្រៀម​ខ្លួន​បាន​ រៀប​ចំ​ចលនា​ឱយប្រុង​ប្រៀប​ឱយ​​ហើយ​ ប្រាប់​វិធីទប់​ទល់​និង​វិធី​បត់​បែន​​ពេល​ស្ថាន​ភាព​ប្រែ​ប្រួលខុស​ពី​ការ​រំពឹង​ទុក​ទៅ​កាន់​សមាជិក​ដែល​ទទួល​ភារកិច្ច​ទាំង​អស់​​​​។

៨. រៀនពី​បទ​ពិសោធ​​ «វិធី​​រៀន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​គឺ​រៀន​ពីកំហុស​ខ្លួន​ឯង​» ហ៊ែល​វី​ បាន​ពោល​ដូច្នេះ​។​ បើ​មិន​អាច​រៀនពី​​កំហុស​ខ្លួន​ឯង​ទេ​ នោះ​កំហុស​ដដែល​នៅ​កើត​ឡើង​ម្តង​ហើយ​ម្តងទៀត​គឺ​ខុស​ទាំង​មិន​ដឹង​ខ្លួន​ ខុស​ទាំង​មិន​ចាប់​ទុក​កំហុស​នោះ​​ជា​កំហុស​ យក​ខុស​ជា​ត្រូវ​ យក​ត្រូវ​ជា​ខុស​ក៏​មាន​។​ កំហុសបែប​នេះ​គឺ​ខុស​យ៉ាង​​អសារ​បង់​ដែល​មិន​អាច​​យក​មក​កែ​ច្នៃឱយ​​ទៅ​ជា​មេរៀន​បាន​។ ការ​រៀន​ពី​កំហុស​ ​ចំណុច​ត្រូវ​​ និង​​របៀប​ដែល​ចលនា​ដទៃ​​​យក​ឈ្នះ​បរាជ័យ​ទាំង​នោះ ​ក៏​អាច​ជួយ​បាន​ច្រើន​ដែរ​ តែ​ទោះ​បី​យ៉ាង​ណា​ ការ​សិក្សា​ពី​បទ​ពិសោធ​របស់​អ្នក​ដទៃក្នុង​ការ​ធ្វើ​បាតុកម្ម​​ មិន​ថា​តាម​រយៈ​ការ​អាន​ស្នារដៃ​រ​ឬ​កម្ម​វិធី​សិក្សា​នោះ​ទេ​ ​ វា​ពុំ​អាច​ធ្វើ​ឱយអ្នក​ដឹក​នាំ​​​ក្លាយ​ជា​អ្នក​យុទ្ធសាស្ត្រ​នោះ​ទេ​ បើ​គេ​នោះ​ពុំ​ទាន់​បាន​ឆ្លង​កាត់​ផ្ទាល់​ មាន​បទ​ពិសោធ​ខ្លួន​ឯង​ និង​សំខាន់​ជាង​នេះ​ទៀត​គឺ​បាន​ចួប​ពិគ្រោះ​ផ្ទាល់​នឹង​អ្នក​យុទ្ធសាស្ត្រ​តែ​ម្តង​។

៩. បង្កើន​និង​យក​ឈ្នះ​ការ​លំបាក​អំពីបញ្ហា​​សមត្ថភាព​របស់​អ្នក​ក្រោម​បង្គាប់​ អ្នក​ដឹក​នាំ​មិន​អាចដើរ​​ទៅ​មុខ​ ចេះ​តែ​ឯង​ យល់​តែឯង​ ហើយ​អាច​ដឹក​សមាជិក​ដែល​តាម​មិន​ទាន់​នោះ​ទៅ​មុខ​​កើត​នោះ​ទេ​។ ដូច្នេះ​ បញ្ហា​សមត្ថភាព​របស់​សមាជិក​និង​សមត្ថភាព​របស់​មេ​ដឹក​នាំ​ក្នុង​ការ​បណ្តុះ​សមត្ថភាព​សមាជិក​គឺ​ជា​បញ្ហា​ប្រឈម​ខ្លាំង​។ គេ​ត្រូវ​ចាត់​តាំង​មនុស្ស​ឱយ​ត្រូវ​នឹង​ការ​ងារនិង​សមត្ថភាព​របស់​គេ​ ទើបជំរុញ​ឱយ​មនុស្ស​នោះ​បញ្ចេញ​សមត្ថភាព​អស់​និង​​ទិន្នផល​ការ​ងារ​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​។ អាស្រ័យ​ប្រការ​នេះ​ អ្នក​ដឹកនាំ​ពុំ​មែន​ត្រឹមតែ​ដឹង​ច្បាស់​ពី​ចំណុច​ខ្លាំង​និង​ភាពប៉ិន​ប្រសប់​របស់​អ្នក​ក្រោម​បង្គាប់ខ្លួន​​នោះ​​ទេ ថែម​ទាំង​​ជួយ​ពួក​គេ​ឱយ​ជំនះ​ឧបសគ្គនិងភាព​មាន​​កំរិតនៃ​​សមត្ថភាព​របស់​​ខ្លួន​ ​ឱយ​​​មាន​ជំនឿ​ថា​អាច​ធ្វើ​បាន​ផង​ដែរ​។ ប្រាកដ​ណាស់​ ពេល​យុទ្ធនាការ​ចួប​ប្រទះ​ឧបសគ្គ​ធំ​ សត្រូវ​មាន​ប្រៀប​ជាង​ បរាជ័យ​ក្នុង​ការ​បំពេញ​គោល​ដៅ នោះ​អ្នក​ក្រោម​បង្គាប់​បាក់​ទឹក​ចិត្ត​ អស់​កម្លាំង​តស៊ូ​ គ្មាន​ជំនឿ​លើ​វិធី​ដែល​ខ្លួន​ប្រើ​ប្រាស់​ ទាំង​អស់​នេះ​​គឺ​ជា​ភារកិច្ច​របស់​មេ​ដឹក​នាំ​ដែល​ត្រូវ​លើក​ស្ទួយ​ស្តារ​កេរតិ​ឈ្មោះ​ចលនា​ឡើង​វិញ​ និង​ពិសេស​ធ្វើ​ឱយ​ពួក​គេ​មើល​ឃើញ​ថា​ យុទ្ធនាការ​នៅ​តែ​អាច​ជោគ​ជ័យ​ ទោះរដ្ឋាភិបាល​មាន​ធន​ធាន​ កម្លាំង​ ​មធ្យោបាយ​ កូន​ចៅ​​ ​ ភ្នាក់​ងារ​បង្ក្រាប​ច្រើន​ប៉ុណ្ណាក៏​ដោយ​។

            ជា​​សេចក្តី​រួម​​ ចរិត​​លក្ខណៈ​របស់​មេ​ដឹក​នាំមិន​ចាំ​បាច់​មាន​គ្រប់៩នេះ​ ​ទើប​អាច​ដឹក​នាំ​បាន​នោះ​ទេ​ តែ​​អ្នក​ដឹក​នាំ​ចលនា​​ទាំង​អស់​សុទ្ធ​មាន​ចូល​ក្នុង​ចរិត​លក្ខណៈ​ទាំង​នេះ​ គ្រាន់​តែ​ខ្លះ​តិចខ្លះ​​ច្រើន​ប៉ុណ្ណោះ​​។ ទោះ​យ៉ាង​ណា​ ដើម្បី​ជោគ​ជ័យ​ គេ​ក៏​ពុំ​ចាំ​បាច់​ត្រូវ​ការ​​បំពេញឱយ​គ្រប់​​ ​៩​ចំណុច​នេះ​ទេ​​។ នៅ​ក្នុង​ចរិត​លក្ខណៈ​ទាំង​នេះ​ ក៏​មាន​បង្កប់​តួនាទី​​របស់​អ្នក​ដឹក​នាំ​​ដែរ​ ពោល​គឺ​ចរិត​លក្ខណៈ​មាន​ផ្ទុក​តួនាទី​។ ដោយ​សារពេល​ចលនា​​ចាញ់​​គឺ​ជា​ការ​ខាត​បង់ពលកម្ម​ ពេល​វេលា​ ធន​ធាន អាយុ​ជីវិតឬ​របួស​តិច​ឬ​ច្រើន​ ​ទាំង​អស់​គ្នា​ ដូច្នេះ​អ្នក​ដែល​មាន​អំនាច​ដឹក​នាំ​ដែល​អ្នក​​ទាំង​អស់​គ្នា​ស្តាប់​តាម​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុតដែរ។​​ ​លោក​ វីល្លៀម​ លេម្ប​ (William Lamb)​ រដ្ឋ​បុរស​អង្លេស​ម្នាក់​បាន​មាន​​​ប្រសាសន៍​​ថា​ «ការ​មាន​អំនាចធំ​​ជា​កម្ម​សិទ្ធិ​បង្កប់​ន័យមួយ​​មិន​អាច​​ប្រកែក​បាន​ថាមាន​​​ទំនួល​ខុស​ត្រូវ​ខ្ពស់​​។»