របាំងទាំងបួនដែលតាមលងកុបកម្មហិង្សា សំរាប់បាតុកម្មអហិង្សាវិញ គេគ្មានភាពលំបាកសោះឡើយក្នុងជំនះឧបសគ្គទាំងនោះ។ បើពិនិត្យអំពីយុទ្ធនាការធំៗដែលកែនបានអ្នកចូលរួមច្រើនសន្ធឹកសន្ធាប់ចំនួន២៥ករណីវិញ គេសង្កេតថាឃើញ ២០ករណីទៅហើយជាយុទ្ធនាការអហិង្សា ហើយមានតែ ៥ករណីប៉ុណ្ណោះជាយុទ្ធនាការហិង្សា។ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយអហិង្សា ដោយគ្រាន់តែដើរដង្ហែ អង្គុយឬឈរមួយកន្លែង ស្រែកតវ៉ា មិនទៅធ្វើការងារ បិតផ្លូវ ឡោមពាត់ទីតាំងណាមួយ លេងល្បែងកំប្លែងស្ងួតឌឺរបបដឹកនាំ គេមិនចាំបាច់ត្រូវការបាតុករដែលប្រកបដោយកម្លាំងពលំមាំមួន កាយសម្ពន្ធជាកីឡាករប្រដាល់អ្វីឡើយ។ នរណាក៏ដោយ ទោះស្រីប្រុស ចាស់ក្មេង ពិការ មានឋានៈសង្គមអ្វី ក៏ចេះនិងអាចជំទាស់ដោយអហិង្សាដូចៗគ្នា។ គេអាចបដិសេធអំពីភាពលំបាកខាងទំនាក់ទំនង ដោយឈរលើបញ្ហាកង្វះពត៌មាន តែគេក៏មានវិធីផ្សព្វផ្សាយយ៉ាងសំបូរបែបដោយសារការរីកចំរើននៃបច្ចេកវិទ្យាដែរ។ ចលនាប្រជាជនស៊ីវិលទាមទារការសម្ងាត់តិចបំផុត គេអាចប្រកាសអំពីចលនាដោយសេរីនិងបើកចំហ ចំណែករបបដឹកនាំក៏នៅអាចមានចន្លោះខ្លះដែរក្នុងការរិតត្បិតសារពត៌មានសម្ងាត់ឬស្ថាប័នពត៌មានឯករាជ្យក្រៅរដ្ឋាភិបាលមួយចំនួនតូចដែរ។ ចលនាប្រព្រឹត្តទៅដូចម្តេច មានដំណើរការដល់ណា មានចំនួនអ្នកចូលរួមប៉ុន្មាន ចាប់ផ្តើមនៅពេលណា មានកម្មវិធីអ្វីខ្លះ ប្រជាជនពុំសូវមានការលំបាកដើម្បីដឹងពីដំណឹងទាំងនេះឡើយ សូម្បីតែឋិតក្នុងសម័យបច្ចេកវិទ្យាពត៌មានមិនទាន់លូតលាស់ខ្លាំងក៏ដោយ ដូចសម័យគន្ធីជាដើម។ គេអាចធ្វើខិត្តបណ្ណចែកចាយខ្លីៗក្នុងករណីរដ្ឋបិតប្រព័ន្ធទំនាក់ទំនង ពលរដ្ឋអាចទៅមើលដោយផ្ទាល់ ចូលរួមឬមិនចង់រួម មានសេរីភាពសំរេច។ ត្រង់រឿងសីលធម៌ ចលនាអហិង្សាមិនបានតំរូវឱយបាតុករបង្ករបួសស្នាមឬសម្លាប់នរណាម្នាក់ឡើយ ទោះបីគេនោះឈរខាងរដ្ឋាភិបាលក៏ដោយ ផ្ទុយទៅវិញវិន័យចលនាបែរជាហាមប្រាមដាច់ហាតនូវអំពើហិង្សាទាំងឡាយ ដែលត្រឹមត្រូវទាំងក្នុងក្រឹត្យក្រមច្បាប់ មនុស្សធម៌ និងសីលធម៌សង្គម។ អំពីការប្តេជ្ញាចូលរួមចលនាវិញ បាតុកម្មអហិង្សា មានលក្ខណៈបើកចំហទ្វារទាំងចេញទាំងចូលទៅគ្រប់ទិសទី គ្រប់បក្សសម្ពន្ធ និងមានភាពអនាមិកដោយមិនចាំបាច់ពាក់ក្បាំងមុខ។ បាតុករចង់ចូលក៏ចូល ចង់ចេញក៏ចេញ ក្នុងពេលណាមួយក៏បានសូម្បីតែក្នុងកំលុងពេលដំណើរការចលនា។ គេមិនត្រូវការឱយស្បថបញ្ជាក់ស្វាមីភក្តិ ផ្តន្ទាទោស ធ្វើទារុណកម្មអ្វីនោះទេ នៅពេលបាតុករចាកចេញពីចលនាឬឈប់ចូលរួមបន្តទៀត។ ពួកគេនៅអាចបន្តរស់នៅតាមជីវភាពធម្មតា ជាមួយក្រុមគ្រួសារ ញាតិសន្តាន មិត្រភក្តិដដែល មិនចាំបាច់រត់គេចខ្លួន ទៅរកកន្លែងសម្ងាត់អ្វីទេ ទោះបីមានករណីតាមចាប់ក៏កំរនិងពិបាកធ្វើដែរដោយសារភាពអនាមិកនៃចំនួនបាតុករច្រើន។ ទាំងអស់នេះ មានន័យថា បាតុកម្មអហិង្សាពុំមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ឡើយ ទោះបីអ្នកនោះជាមេដឹកនាំចលនាក៏ដោយ ខុសពីកុបកម្មហិង្សាដែលមេចលនាមានសិទ្ធិផ្តាច់មុខបញ្ជាកុបករឱយអនុវត្តតាមដាច់ខាត។ មិនដូចការចោទប្រកាន់នោះទេដែលថា ចលនានេះ ចលនានោះកើតមកពីមេរបស់ពួកគេដឹកនាំប៉ុណ្ណោះ ដែលសម្តីនេះច្រើនចេញពីមាត់រដ្ឋាភិបាល។ ពិតមែនតែមានករណីទិញជួលបាតុករឱយមកធ្វើបាតុកម្មក៏ដោយ ចលនាប្រជាជនដែលប្រឆាំងនឹងរបបផ្តាច់ការមិនអាចទិញដូរដូចកុបកម្មហិង្សាឡើយ ព្រោះប្រជាជនអាចចាកចេញឈប់គាំទ្រគ្រប់ពេល នៅពេលមេដឹកនាំធ្វើអ្វីមួយផ្តេសផ្តាស មិនបំរើប្រយោជន៍ចលនា។
ការចូលរួម

អប្រជាធិបតេយ្យនៃកុបកម្មហិង្សានិងចលនាយោធា
កុបកម្មហិង្សាមិនអាចមានលក្ខណៈប្រជាធិបតេយ្យបានទេ ព្រោះដើម្បីឱយកម្លាំងហិង្សាមានប្រសិទ្ធភាពនិងមានសណ្តាប់ធ្នាប់ល្អ គេត្រូវការអំនាចប្រមូលផ្តុំ វិន័យតឹងរឹង ការសម្ងាត់ខ្ពស់ ការហ្វឹកហាត់ម៉ឺងម៉ាត់ មនុស្សមានកម្លាំង មូលដ្ឋានទាប់ សព្វាវុធ។ល។ អំនាចប្រមូលផ្តុំគឺជាសត្រូវរបស់ការដឹកនាំតាមបែបប្រជាធិបតេយ្យ, ការសម្ងាត់មិនបើកចំហឬការរិតត្បិតពត៌មានគឺជាមធ្យោបាយផ្តាច់ការបំផុតដែលគ្រប់គ្រងការគិតរបស់មនុស្ស, ការបណ្តុះបណ្តាលឱយខ្លាំងខាងប្រើអំពើហិង្សាកាប់បាញ់សម្លាប់លើមនុស្សដូចគ្នាគឺជាវិធីដ៏អមនុស្សធម៌បំផុត ជាជាងជាវិធីដោះស្រាយទំនាស់ដោយស្មើភាព។ អ្វីដែលធ្វើឱយកុបកម្មហិង្សាអប្រជាធិបតេយ្យបំផុតគឺប្រជាជនស៊ីវិលភាគច្រើនពុំអាចឬពិបាកចូលរួមជាមួយចលនា។ ដោយសារប្រជាជនស៊ីវិលច្រើនជាជនរងគ្រោះ មិនទទួលបានប្រយោជន៍ទោះក្រុមខាងណាឈ្នះ ដូច្នេះពួកគេកំរគាំទ្រចលនាហិង្សាណាស់ មិនថាក្រុមគាំទ្រឬប្រឆាំងរដ្ឋាភិបាលនោះទេ។ ហេតុដែលប្រជាជនភាគច្រើនពុំគាំទ្រនិងពិបាកចូលរួម ព្រោះកុបកម្មហិង្សា យោលតាមលោកស្រី ឆេណូវេថ មានរនាំងយ៉ាងតិចបួនរារាំងប្រជាជនទួទៅ៖ រនាំងផ្លូវកាយ ការលំបាកទំនាក់ទំនងពត៌មាន ឧបសគ្គផ្លូវចិត្តឬសីលធម៌ និងបញ្ហានៃការបេ្តជ្ញាចិត្ត (Physical, Informational, Conitive or Moral and Commitment, Barrier)។
១. រនាំងផ្នែកកាយសម្បទា
មានប្រជាជនចំនួនតិចណាស់បើធៀបទៅនឹងប្រជាជនទាំងមូល ដែលមានកាយសម្បទាគ្រប់គ្រាន់អាចប្រព្រឹត្តអំពើហិង្សាក្នុងកំរិតធ្ងន់បាន។ ស្ត្រី កូនក្មេង មនុស្សចាស់ ជនពិការ ដែលតំណាងឱយប្រជាជនមិនតិចនោះទេ ត្រូវបានបញ្ចៀសចេញដោយរនាំងផ្លូវកាយនេះ។ សូម្បីតែបុរសក៏ដោយ ក៏ពុំសុទ្ធតែប្រកបដោយកាយសម្បទាមាំទាំទាំងអស់នោះដែរ។ សន្មតថាពួកគេមានកម្លាំងកាយខ្លាំងចុះ ក៏ពួកគេនៅត្រូវការជំនាញ ភាពប៉ិនប្រសប់ ការតស៊ូអត់ធ្មត់ ភាពរហ័សរហួន ទាមទារឱយមានការបណ្តុះបណ្តាល ចេះកាន់ប្រើប្រាស់អាវុធ ហើយជាទួទៅត្រូវរស់នៅដោយឡែកពីសង្គម គ្រួសារ ដាច់ពីទំនាក់ទំនងជិតស្និទ្ធនិងធម្មតាទាំងឡាយទៀតផង។ ប្រជាជនស៊ីវិលសាមញ្ញ សូម្បីកាន់កាំភ្លើងមិនត្រង់ផង បើមិនទទួលការហ្វឹកហាត់ទេ កុបករហិង្សានឹងគ្មានគុណភាពអាចប្រយុទ្ធយកឈ្នះកងសន្តិសុខនិងយោធារបស់រដ្ឋាភិបាលនោះទេ។
២. រនាំងពត៌មាន (ឬសេចក្តីលំបាកក្នុងទំនាក់ទំនង)
ដើម្បីទាក់ទាញអ្នកចូលរួម គេត្រូវការផ្សព្វផ្សាយឱយសាធារណជនបានជ្រាបពីសមត្ថភាព គោលដៅ និងចំនួនអ្នកចូលរួមដែលកែនបាន។ ប៉ុន្តែ សកម្មភាពហិង្សា ជាទួទៅគឺមិនស្របច្បាប់ អ្នកមានសិទ្ធិស្របច្បាប់ប្រើប្រាស់ហិង្សាមានតែរដ្ឋអំនាចប៉ុណ្ណោះ ទោះបីរដ្ឋអំនាចនោះបានអំនាចដោយមិនស្របច្បាប់ក៏ដោយ។ ហានិភ័យនៃការប្រើហិង្សាជំរុញឱយកុបកម្មត្រូវធ្វើប្រតិបត្តិការដោយសម្ងាត់។ ការវាយឆ្មក់រដ្ឋាភិបាល បើត្រូវភ្នាក់ងាររដ្ឋាភិបាលស៊ើបដឹងស្គាល់អត្តសញ្ញាណកុបករមុន នោះគំរោងការនឹងបរាជ័យ។ បើបង្ហើបរាល់ការសម្ងាត់ប្រាប់សកម្មជន ខ្លាចបែកការណ៍អំពីសំបុកចលនា ខ្លាចមានរនុកក្នុងរដ្ឋាភិបាល ហើយជាទួទៅ គំរោងការនិងបទបញ្ជាកម្លាំងប្រដាប់អាវុធត្រូវធ្វើឡើងដោយសម្ងាត់បំផុត។ ដូច្នេះ កុបករនីមួយៗអាចដឹងពត៌មានចាំបាច់តិចតួចដែលមេចលនាអនុញ្ញាតឱយដឹងបានប៉ុណ្ណោះ ដែលការលាក់បាំងនេះនាំឱយងាយមានការមិនទុកចិត្តគ្នា បោកប្រាស់គ្នា យកជីវិតគ្នាទៅប្រថុយចោល។ សូម្បីតែបញ្ជាឱយវាយប្រហារទីតាំងណាមួយ ក៏កុបករមិនដឹងថាមានគ្នាប៉ុន្មាននាក់ដែរ ហើយមេកុបករក៏អាចបំភន្តទំាងកូនចៅឯងផងដែរ។ ទោះបីសកម្មភាពហិង្សាមួយចំនួន ដូចជាការលបធ្វើឃាត ការបំផ្ទុះគ្រាប់បែក ការព្រមានពីការវាយឆ្មក់ ការចាប់ជំរិត បានបញ្ចេញឱយដឹងជាសាធារណៈនៅតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្អួតឬបំប៉ោងពីសមត្ថភាពរបស់ចលនាក៏ដោយ ក៏តថភាពជាក់ស្តែងនៃប្រតិបត្តិការចម្បងនៅតែត្រូវបានបិតបាំង។ ពត៌មានពិតប្រាកដអំពីចំនួនសមាជិកសកម្ម គេនៅតែពុំបានដឹងនិងឃើញជាក់ស្តែងឡើយ។ ក្នុងការឃោសនាបំប៉ោងទំហំនិងសមត្ថភាពចលនានេះ កុបកម្មហិង្សាអាចថាមានប្រៀបជាងបាតុកម្មអហិង្សា។ អត្តឃាតកម្មបំផ្ទុះគ្រាប់បែកអាចបង្កការខូចខាតខ្លាំងនិងទាក់ទាញចំណាប់អារម្មសាធារណជន ដោយអស់ថ្លៃចំណាយទាប ប៉ុន្តែវាទាមទារការលះបង់ខ្លាំងនិងប្តេជ្ញាចិត្តខ្ពស់។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ភាគច្រើនទោរទៅរករដ្ឋាភិបាល មិនសមណានឹងផ្សាយកាន់ជើងក្រុមឧទ្ទាមប្រឆាំងនឹងរដ្ឋាភិបាលនោះឡើយ ហើយទោះបីប្រព័ន្ធផ្សព្វផ្សាយនោះឯករាជ្យក៏ដោយ ក៏មិនប្រាកដថាគាំទ្រសកម្មភាពហិង្សាដែលមិនត្រឹមតែបំផ្លាញសម្បត្តិរដ្ឋទេ តែគឺគំរាមកំហែងដល់អាយុជីវិតប្រជាជនស្លូតត្រង់ទៀត។ ការចាំបាច់ក្នុងការលាក់បាំងពត៌មានអាចកាត់បន្ថយសាមគ្គីភាពក្នុងក្រុមនិងពុំអាចបើកទូលាយជាសាធារណៈបានឡើយ។ កង្វះពត៌មានក៏មានន័យថាកង្វះការបើកចំហឱយមានការចូលរួមនោះដែរ។
៣. រនាំងខាងសីលធម៌ (ឬផ្លូវចិត្ត)
មនុស្សជាសាកលជ្រើសរើសយកសេចក្តីស្លាប់ ជាជាងសម្លាប់គេ។ សមត្មិកម្មនេះនៅសំរូងចំរាស់នៅឡើយ តែអ្វីដែលយើងអាចប្រាកដបាននោះគឺថា មនុស្សដែលចូលចិត្តបាញ់បោះវាយអ្នកដទៃឱយស្លាប់ឬមានរបួស ជាប្រភេទជនវិកលចរិតឬច្រើនមានរោគចិត្ត ហើយប្រជាជនសាមញ្ញទួទៅមិនអាចធ្វើបានដូចឡើយ។ សីលធម៌សង្គមសូនចិត្តសាស្ត្ររបស់ប្រជាជន ឱយរើសអើងអំពើហិង្សារបស់កងកម្លាំងរបស់រដ្ឋាភិបាលស្រាប់ទៅហើយ បើកុបកម្មទាមទារឱយអ្នកចូលរួមដែលមកពីបណ្តាប្រជាជនស៊ីវិលប្រើប្រាស់ហិង្សាដែរនោះ គ្មានភាពខុសគ្នារវាងការប្រឆាំងនឹងអំពើហិង្សារបស់រដ្ឋាភិបាលនិងចូលដៃនឹងរដ្ឋាភិបាលនោះទេ ព្រោះអ្វីដែលគេមើលឃើញ មិនមែនវីរជនមួយក្រុមតស៊ូប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការនោះទេ តែគឺក្រុមនិយមហិង្សាទាំងពីរវាយគ្នាដណ្តើមយកអំនាច កំពុងលើកស្ទួយវប្បធម៌ហិង្សាដូចតែគ្នា គ្មានគិតពីសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលដូចគ្នា។ បើគិតពីសីលធម៌និងចិត្តសាស្ត្រ កុបកម្មហិង្សាមិនទំនងជាស្រូបទាញការគាំទ្រនិងសមានចិត្តពីប្រជាជនឡើយ ត្បិតហិង្សាបង្កើតអសន្តិសុខនិងបំផ្លាញសណ្តាប់ធ្នាប់។ ហេតុនេះ កុបកម្មហិង្សាលំបាកធើ្វឱយប្រជាជនទទួលស្គាល់ណាស់ ព្រោះពួកគេក៏ខ្លាចរងគ្រោះពីអំពើហិង្សារបស់កុបករហិង្សាដែរ។ រនាំងផ្លូវចិត្តនិងផ្លូវសីលធម៌ឃាំងប្រជាជនមិនមែនត្រឹមតែមិនឱយចូលរួមទេ សូម្បីតែចង់ឱយប្រជាជនទទួលស្គាល់តែថាមានបុព្វហេតុត្រឹមត្រូវក៏ពិបាកដែរ។
៤. រនាំងនៃការបេ្តជ្ញាចិត្ត
ការតវ៉ាដោយប្រើប្រាស់ហិង្សាទាមទារការបេ្តជ្ញាចិត្តនិងភាពអត់ធ្មត់នឹងហានិភ័យពីអ្នកចូលរួមក្នុងកំរិតខ្ពស់។ តំរូវការនេះមានហេតុផលបួនយ៉ាង៖ ក. គេត្រូវការបណ្តុះបណ្តាលកុបករថ្មីឱយខ្លាំងដូចគ្នា វៀរចាកភាពមិនស៊ីសង្វាក់គ្នាពេលប្រតិបត្តិការ។ ប្រការនេះបង្កើតបានជាភាពស្ទក់ដើរមិនទាន់គ្នារវាងការចូលរួមនិងការស្មគ្រចិត្ត ដែលភាពយឺតយ៉ាវនេះបង្អាក់អ្នកដែលមានចិត្តចង់ចូលរួមភ្លាមៗ។ ខ. នៅពេលចេញប្រតិបត្តិការដំបូង កុបកម្មហិង្សារិតតែត្រូវការប្តេជ្ញាចិត្តពីកុបករ។ ការត្រួតពិនិត្យមើលសក្តានុពលរបស់កុបករដោយឱយបញ្ចេញសមត្ថភាពត្រូវបានធ្វើឡើងដោយចេតនា ដើម្បីឱយកុបករបង្ហាញពីការបេ្តជ្ញាចិត្តនិងភាពស្មោះត្រង់របស់គេចំពោះមេដឹកនាំនិងចលនា។ មេដឹកនាំចលនាក៏មិនសូវទុកចិត្តអ្នកចំណូលថ្មីប៉ុន្មានដែរ។ គ. កំលុងពេលដំណើរវិវាទ កុបករហិង្សាមិនអាចត្រលប់ទៅរួមនឹងជីវភាពសាមញ្ញបានទេ។ ពួកគេត្រូវបូជាទាំងកម្លាំងកាយ ចិត្ត ពេលវេលា រហូតដល់អាយុជីវិត។ ពួកគេត្រូវលាក់អត្តសញ្ញាណឋិតក្នុងទំរង់បិតបាំងរហូតដល់ចលនាបានជោគជ័យ។ ឃ. កុបកម្មហិង្សាត្រូវការឱយអ្នកចូលរួមប្រថុយនឹងហានិភ័យយ៉ាងខ្លាំង។ ប្រលូកនឹងគ្រោះថ្នាក់គឺជារឿងធម្មតាទៅហើយនៅក្នុងកុបកម្មហិង្សា។ សូម្បីតែនៅពេលធ្វើសមយុទ្ធបន្តិចបន្តួចក៏អាចប៉ះពាល់ដល់ជីវិត (ស្លាប់ដោយចៃដន់) ឬយ៉ាងតិចណាស់ក៏បង្ករបួសស្នាមលើរាងកាយដែរ ទោះធ្ងន់ឬស្រាលក្តី។ នៅពេលធ្វើប្រតិបត្តិការ ការស្លាប់ដោយសារបំពេញតួនាទីរិតតែផុយទៅទៀត។ ក្រោយពេលបេសកកម្មនីមួយៗបរាជ័យ ឬចលនាឧទ្ទាមដួលរលំទាំងស្រុង ឱយតែអាជ្ញាធររបស់រដ្ឋាភិបាលចាប់បាន គ្មានសង្ឃឹមថារួចរស់សល់ជីវិតទៅចួបក្រុមគ្រួសារវិញនោះឡើយ។ ហេតុផលទាំងបួននេះ គេពិបាកទាក់ទាញកុបករឱយចូលរួមណាស់ ព្រោះវាទាមទារការលះបង់ជ្រុលហួសហេតុពេគពីសមាជិក ហើយប្រាកដណាស់ថា មានអ្នកចូលរួមមួយចំនួនតូចប៉ុណ្ណោះដែលអាចធ្វើបាន។
របាំងផ្លូវកាយ ពត៌មាន ចិត្តសាស្ត្រ និងការបេ្តជ្ញាចិត្តនេះ រាំងខ្ទប់ចំនួនអ្នកចូលរួមយ៉ាងច្រើន ហេតុនេះហើយទើបកុបកម្មហិង្សាមានចំនួនអ្នកចូលរួមតិចនិងមិនចំរុះមនុស្សមកពីគ្រប់ស្រទាប់សង្គមទេ បើធៀបនឹងចំនួនសមាជិកបាតុកម្មអហិង្សាគឺតិចជាងរហូតដល់ទៅបួនដង។ គេអាចដោះសាថា កងទាប់មិនអាស្រ័យលើច្រើនទេ តែគឺផ្អែកលើខ្លាំង។ អ្វីដែលគេត្រូវការគឺសព្វាវុធល្អៗយកមកបំពាក់លើកុបករទាំងនោះ ដែលមានប្រភពចម្បងមកពីបរទេស។ បន្តទៅទៀតនេះ យើងនឹងអធិប្បាយអំពីឥទ្ធិពលនៃជំនួយបរទេសលើកុបកម្មហិង្សា ព្រមទាំងសង្គ្រាមស៊ីវិលនិងប្រជាធិបតេយ្យ ក្រោយពេលជម្លោះបញ្ចប់។