ប្រជាធិបតេយ្យ​នៃ​ការ​ចូល​រួម​យុទ្ធនាការ​អហិង្សា​

CNRP Protest

របាំង​ទាំង​បួន​ដែល​តាម​លងកុប​កម្ម​ហិង្សា​ សំរាប់​បាតុកម្ម​អហិង្សាវិញ​ គេ​គ្មាន​ភាព​លំបាក​សោះ​ឡើយ​ក្នុង​ជំនះ​ឧបសគ្គ​ទាំង​នោះ​។ បើ​ពិនិត្យ​អំពី​យុទ្ធនាការ​ធំៗ​ដែល​កែន​បាន​អ្នក​ចូលរួម​ច្រើន​សន្ធឹក​សន្ធាប់​​ចំនួន​២៥​ករណីវិញ ​​គេ​សង្កេត​ថា​ឃើញ​ ២០​ករណីទៅ​ហើយ​​ជា​យុទ្ធនាការ​អហិង្សា ហើយ​មានតែ​ ៥ករណី​ប៉ុណ្ណោះ​ជា​យុទ្ធនាការ​ហិង្សា​។ ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ ដោយ​គ្រាន់​តែ​ដើរ​ដង្ហែ​ អង្គុយ​ឬ​ឈរ​មួយ​កន្លែង​ ស្រែក​តវ៉ា​ មិន​ទៅ​ធ្វើ​ការ​ងារ​ បិត​ផ្លូវ​ ឡោម​ពាត់​ទី​តាំង​ណា​មួយ​ លេង​ល្បែង​កំប្លែងស្ងួត​ឌឺ​របប​ដឹក​នាំ​ គេ​មិន​ចាំ​បាច់​ត្រូវ​ការ​បាតុករ​ដែល​ប្រកបដោយ​​កម្លាំងពលំ​មាំ​មួន​ កាយ​សម្ពន្ធ​ជា​កីឡាករ​ប្រដាល់​អ្វី​ឡើយ​។ នរណា​ក៏​ដោយ​ ទោះ​ស្រី​ប្រុស​ ចាស់​ក្មេង​ ពិការ ​មាន​ឋានៈ​សង្គម​អ្វី​ ក៏​ចេះ​និង​អាច​ជំទាស់​ដោយ​អហិង្សា​ដូច​ៗ​គ្នា​​។ ​គេ​អាច​បដិសេធអំពី​ភាព​លំបាក​ខាង​ទំនាក់​ទំនង​ ​ដោយ​ឈរ​លើ​បញ្ហា​កង្វះ​ពត៌មាន​ តែ​គេ​ក៏​មាន​វិធី​ផ្សព្វ​ផ្សាយ​យ៉ាង​សំបូរ​បែប​ដោយ​សារ​ការ​រីក​ចំរើន​នៃ​បច្ចេកវិទ្យា​ដែរ​។​ ចលនា​​ប្រជាជន​ស៊ីវិលទាម​ទារ​ការ​សម្ងាត់​តិច​បំផុត​ គេ​អាច​ប្រកាស​អំពី​ចលនាដោយសេរី​និង​​​បើក​ចំហ​ ចំណែក​​របប​ដឹក​នាំ​ក៏​នៅ​អាច​មាន​ចន្លោះ​ខ្លះ​ដែរ​ក្នុង​ការរិត​ត្បិតសារ​ពត៌មាន​សម្ងាត់​ឬស្ថាប័ន​​ពត៌មាន​ឯករាជ្យ​ក្រៅ​រដ្ឋាភិបាលមួយ​ចំនួន​តូច​ដែរ។ ចលនា​ប្រព្រឹត្ត​ទៅ​ដូចម្តេច​​ មាន​ដំណើរ​ការ​ដល់ណា​ ​មានចំនួន​អ្នក​ចូល​រួម​ប៉ុន្មាន​ ចាប់​ផ្តើម​នៅ​ពេល​ណា​ មាន​កម្ម​វិធី​អ្វី​ខ្លះ​ ប្រជាជន​ពុំ​សូវ​មាន​ការ​លំបាក​ដើម្បី​ដឹង​ពី​ដំណឹង​ទាំង​នេះ​ឡើយ​ សូម្បី​តែ​ឋិត​ក្នុង​សម័យ​បច្ចេកវិទ្យា​ពត៌មាន​មិន​ទាន់​លូត​លាស់​ខ្លាំង​ក៏​ដោយ​ ដូច​សម័យ​គន្ធី​ជា​ដើម។ គេ​អាច​ធ្វើ​ខិត្តបណ្ណ​ចែក​ចាយ​ខ្លីៗ​ក្នុង​ករណី​រដ្ឋ​បិត​ប្រព័ន្ធ​ទំនាក់​ទំនង​ ពលរដ្ឋ​​អាច​ទៅ​មើល​ដោយ​ផ្ទាល់​ ចូល​រួម​ឬ​មិន​ចង់​រួម​ មាន​សេរី​ភាព​សំរេច​​​។ ត្រង់​រឿង​សីលធម៌​ ចលនា​​អហិង្សា​មិន​បាន​តំរូវ​ឱយ​បាតុករ​បង្ក​របួស​ស្នាម​ឬ​សម្លាប់​នរណា​ម្នាក់​ឡើយ​ ទោះ​បី​គេ​នោះ​ឈរ​ខាង​​​រដ្ឋាភិបាល​ក៏​ដោយ​ ផ្ទុយ​ទៅ​វិញវិន័យ​ចលនា​​បែរ​ជា​ហាម​ប្រាម​ដាច់ហាត​នូវ​អំពើ​ហិង្សា​ទាំង​ឡាយ​ ដែល​ត្រឹម​ត្រូវ​ទាំង​ក្នុង​ក្រឹត្យ​ក្រម​ច្បាប់​ មនុស្ស​ធម៌​ និង​សីលធម៌​សង្គម​។ អំពី​ការ​ប្តេជ្ញា​ចូល​រួម​ចលនា​វិញ​​ បាតុកម្ម​អហិង្សា​ មាន​លក្ខណៈ​បើក​ចំហ​ទ្វារ​ទាំង​ចេញ​ទាំង​ចូល​​ទៅ​គ្រប់​ទិសទី​ គ្រប់បក្ស​សម្ពន្ធ​ ​និង​មាន​ភាព​អនាមិកដោយ​មិន​ចាំ​បាច់​ពាក់​​ក្បាំង​មុខ​។ ​ ​​បាតុករ​ចង់​ចូល​ក៏​ចូល​ ចង់​ចេញ​ក៏​ចេញ​ ​ក្នុង​ពេល​ណា​មួយ​ក៏​បាន​សូម្បី​តែ​ក្នុង​កំលុង​ពេល​ដំណើរ​ការ​ចលនា​។ គេ​មិន​ត្រូវ​ការ​ឱយ​​ស្បថ​បញ្ជាក់​ស្វាមី​ភក្តិ​ ផ្តន្ទា​ទោស​ ធ្វើ​ទារុណ​កម្ម​អ្វី​នោះ​ទេ​ នៅ​ពេល​បាតុករ​ចាក​ចេញ​ពី​ចលនា​ឬ​ឈប់​ចូល​រួម​បន្ត​ទៀត។ ពួក​គេ​នៅ​អាច​បន្ត​រស់​នៅ​តាម​ជីវភាព​ធម្មតា​ ជា​មួយ​ក្រុម​គ្រួសារ​ ញាតិ​សន្តាន​ មិត្រ​ភក្តិ​ដដែល មិន​ចាំ​បាច់​រត់​គេច​ខ្លួន​ ​ទៅ​រក​កន្លែងសម្ងាត់​អ្វី​ទេ​ ទោះ​បី​មាន​ករណី​តាម​ចាប់​ក៏កំរ​និង​ពិបាកធ្វើ​ដែរ​​​ដោយ​សារភាព​អនាមិក​​នៃ​ចំនួន​បាតុករ​ច្រើន​។​ ទាំង​អស់​នេះ​ មាន​ន័យ​ថា​ បាតុកម្ម​អហិង្សា​ពុំ​មែន​ជា​កម្ម​សិទ្ធិ​របស់​នរណា​ម្នាក់​ឡើយ ទោះ​បី​អ្នក​នោះ​ជា​មេ​ដឹក​នាំ​ចលនា​ក៏​ដោយ​​ ខុស​ពី​កុប​កម្ម​ហិង្សា​ដែល​មេ​ចលនា​មាន​សិទ្ធិ​ផ្តាច់​មុខ​បញ្ជាកុប​ករ​​ឱយ​​អនុវត្ត​តាម​ដាច់​ខាត​។ មិន​ដូច​ការ​ចោទ​ប្រកាន់នោះ​ទេ​ដែល​ថា ចលនា​នេះ​ ចលនា​នោះ​កើត​មក​ពី​មេ​របស់​ពួក​គេ​ដឹក​នាំ​ប៉ុណ្ណោះ ដែល​​សម្តី​នេះ​ច្រើន​ចេញ​ពី​មាត់​​​រដ្ឋាភិបាល​។ ពិត​មែនតែ​​មាន​ករណី​ទិញ​ជួល​បាតុករឱយ​មក​ធ្វើ​បាតុកម្ម​ក៏​ដោយ​ ចលនា​ប្រជាជន​ដែល​ប្រឆាំងនឹង​​របប​ផ្តាច់​ការ​មិន​អាច​ទិញ​ដូរ​ដូច​កុប​កម្ម​ហិង្សា​ឡើយ ព្រោះ​ប្រជាជន​អាច​ចាក​ចេញ​ឈប់​គាំទ្រ​គ្រប់​ពេល​ នៅ​ពេល​​មេ​ដឹក​នាំ​ធ្វើ​អ្វីមួយ​​ផ្តេស​ផ្តាស​ មិន​បំរើ​ប្រយោជន៍​ចលនា​។

រយៈពេលដែលបាតុកម្ម​អហិង្សា​ត្រូវ​ការ ​ដើម្បីទទួល​បាន​​​ជោគ​ជ័យ​​

???????????????????????????????????????????????????????????????????????????????????????????????????

ប្រជាជន​សាក​ល្បង​ប្រើ​វិធី​អហិង្សា​មួយ​សប្តាហ​ ហើយ​នៅ​ពេល​ដែល​មិន​បាន​ផល​ ពួក​គេ​ក៏​ត្រលប់​ទៅ​ជា​ប្រើ​ហិង្សា​ដែល​បាន​បរាជ័យ​ជា​ច្រើន​សតវត្សរ​មក​ហើយ​ —  ធីអូដរ​ រ៉ូសហ្សាក់​​ (Theodore Roszak)

អារីស្តូត្ល ​(Aristotle) បានទស្សន៍​ទាយ​​​ជា​យូរ​មក​ហើយ​​ថា របប​ផ្តាច់​ការនិង​របប​ដឹក​នាំ​ដោយ​មនុស្ស​មួយ​ក្តាប់​តូច​ (Tyranny and Oligrachy) ជា​របប​ដែល​មាន​អាយុ​ខ្លី​ជាង​គេបើ​ធៀប​នឹង​របប​ផ្សេង​ទៀត​​។ ជន​​ផ្តាច់​ការ​តែង​តែក្រាញ​អំនាច​និង​ពូកែ​ខាង​ប្រមូល​អំនាច ដូច្នេះ​គេ​បា្រកដ​ជា​ជឿ​ថា​ ពួក​គេ​អាច​តស៊ូ​នឹង​បាតុកម្ម​អហិង្សា​របស់​ប្រជាជន​បាន​យ៉ាង​យូរ​។ ប៉ុន្តែ​ តាម​ការ​ពិត​ វា​គ្រាន់​តែ​ជា​ប្រកូក​ប្រកាស​បំភ័យ​ប្រជាជនតែ​​ប៉ុណ្ណោះ​ ព្រោះ​បោក​ កុហក ព្រមាន គំរាម​ បង្ក្រាប​ ​​ជា​វិធី​ផ្តាច់​ការ​ប្រើ​ប្រាស់​ដើម្បី​សម្លាប់​​ផ្លូវ​ចិត្តប្រជាជន​​ ហើយ​និង​មាន​ឥទ្ធិពល​ខ្លាំង​ជាងវាយ​ប្រហារ​​ផ្លូវ​កាយ​ទៅ​ទៀត​។ ល្បែង​​ហិង្សា​គឺ​ជាល្បែង​ដែល​ជន​ផ្តាច់​ការ​លេង​កំរ​ចាញ់​ មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​បញ្ជា​ទាប់​ ដូច្នេះ​បើ​​ប្រើ​វិធី​​ហិង្សា​ គេ​កំរ​អាច​យក​ឈ្នះ​ណាស់​ ទោះ​ឈ្នះ​ក៏​ចំណាយពេល​​វេលា​​យូរ​យារ​ដែរ​។​ ​​​​លោក​ ជីន ​សាប ​បាន​បំបែក​ «ការ​ពិត​ក្លែង​ក្លាយ»​ ដែល​តែង​តែ​ត្រូវ​បាន​គេ​យក​ទៅ​ភ្ជាប់​នឹង​​កុប​កម្ម​ហិង្សា​ថា ​លឿន​រហ័ស ​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ជាង​បាតុកម្ម​អហិង្សា​។ ​នេះ​ជា​​ភស្តុតាងដែល​លោកបាន​​លើក​ឡើង​អំពី​រយៈ​វេលា​ដែល​របប​ដឹក​នាំ​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​ចលនា​អំនាច​ប្រជាជន​៖

ប្រវត្តិសាស្ត្រ​ដែល​ទើប​តែ​កន្លង​ហួស​ថ្មីៗ​បាន​បង្ហាញ​ពី​​ភាព​ងាយ​រង​គ្រោះ​របស់​​របប​ផ្តាច់ការ​ បញ្ចេញ​ឱយ​ដឹងថា​ ​ពួក​គេ​អាច​បែក​ខ្ញែក​ចុះ​ទុ្រត​ទ្រោម​នៅ​ក្នុង​រយៈ​វេលា​ខ្លី​ប៉ុណ្ណោះ​។ គេ​ត្រូវ​ការតែ​​រយៈ​កាល​១០ឆ្នាំ​ប៉ុណ្ណោះ​ គឺឆ្នាំ​១៩៨០ ដល់​១៩៩០​ ដើម្បី​ទាញ​ទំលាក់​របប​កម្មុយនីស្ត​ (របប​​សមូហភាព​និយម) នៅ​ប្រទេស​ប៉ូឡូញ​, នៅ​អាល្លឺម៉ង់​ខាងកើត​និង​​ឆេកូស្លូវ៉ាគីវិញ​​ វា​កើត​​​នៅ​ពេល​ប៉ុន្មាន​​សប្តាហ​ប៉ុណ្ណោះ​ ក្នុង​ឆ្នាំ​១៩៨៩។ នៅ​ប្រទេស​អេល​សាល់​វ៉ាដូរ (El Salvador) និង​នៅប្រទេស​​ហ្គតាម៉ាឡា (Guatamala) ក្នុង​ឆ្នាំ​១៩៤៤ ការ​តស៊ូ​ប្រឆាំង​នឹង​ជន​ផ្តាច់ការ​យោធា​​និយម​ដ៏​កម្រោល​ ត្រូវ​ការ​តែ​រយៈ​ពេល​ប្រហែល​ពីរ​សប្តាហទេ​ នៅ​ក្នុង​ប្រទេស​នីមួយៗ​។ របប​​យោធា ហ្សា (Shah) ​​ដ៏​មាន​​អំនាចនៅ​អ៊ីរាក់​ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ក្នុង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។ របប​ផ្តាច់​ការ​របស់លោក​ប្រធានាធិបតី​​ ហ្វេឌីណេន្ឌ ម៉ារកូស​ នៅ​ប្រទេស​ហ្វី​​​លីពីន បាន​បរាជ័យ​នៅ​មុន​ចលនា​អំនាច​ប្រជាជន​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​សប្តាហប៉ុណ្ណោះ​ ហើយទន្ទឹម​នឹង​ពេលនោះ​រដ្ឋាភិបាល​​សហរដ្ឋ​អាមេរិកក៏​បោះ​បង់​ចោល​ប្រធានាធិបតី​ ម៉ារកូស​ ភ្លាមៗ​ដែរ នៅ​ពេលដែល​អាមេរិកមើល​​ឃើញ​​កម្លាំង​ខាង​​ភាគី​ប្រជាជនច្បាស់​ក្រលែត​​​​។ ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារដ៏​​ម៉ឺង​ម៉ាត់​​ (Hard-line Coup) ​​នៅ​សហ​ភាព​សូវៀត​នៅ​ក្នុង​ខែ​សីហា​ ឆ្នាំ​១៩៩១ ត្រូវ​បាន​រារាំង​ដោយការ​រឹងទទឹង​​ខាង​ផ្នែក​​នយោបាយ​របស់​​ប្រជាជន​ (Political Defiance)។​ តាំង​ពី​ពេល​ក្រោយនោះ​​មក​ ប្រជាជាតិ​ដែលមាន​ពលរដ្ឋ​ (​Constituent) ​​ធ្លាប់​តែត្រូវ​គេ​​ត្រួ​ត​ត្រា​មក​ជា​យូរ​មក​ហើយ​នោះ​ ក៏​ទទួល​បាន​ឯករាជ្យ​សា​ជា​ថ្មីនៅ​ក្នុង​តែ​រយៈ​ពេលគិត​​ជា​ថ្ងៃ សប្តាហ​ ខែ​ ប៉ុណ្ណោះ​។ (សាប, ២០១០, ទំ. ១៥)

ភស្តុតាង​ដែល​លោក​ ជីន សាប​ លើក​ឡើង​អាច​ឱយ​យើង​ជឿ​បាន​ហើយ​ពី​ភាព​លឿន​រហ័ស​នៃ​បាតុកម្ម​អហិង្សា​ ប៉ុន្តែការ​សិក្សា​ពិសោធ​របស់​គាត់​មិនទាន់ទូលាយ​​​គ្រប់​គ្រាន់ ដើម្បី​ឱប​ក្រសោបបាននូវ​​បាតកម្ម​​អហិង្សា​ទាំង​អស់ដែល​បាន​កើត​ឡើង​​នៅ​​ឡើយ​។ នេះ​ហើយ​ជា​កិច្ច​ការ​ស្រាវ​ជ្រាវ​ដែល​លោក​ស្រី​ ឆេណូវេថ និង​លោក​ស្រី​ ស្ទីហឹន ​សំរេច​បាន។ តាម​រយៈ​ទិន្នន័យ​របស់​លោក​ស្រី​ទាំង​ពីរ​​ ក្នុង​ចំណោម​បាតុកម្ម​អហិង្សា​​សរុប ១០៦​ មាន​ចំនួន​ដល់​ទៅ ​៥៦ ឯណោះ​ជោគ​ជ័យ​ ហើយ​ពិសេស​បំផុត​គឺ​ក្នុងយុទ្ធនាការជោគ​ជ័យ​ ​៥៦ករណី​​នោះ ​មាន​២៦ទៅ​ហើយ​ ​ ចំណាយ​ពេលមិន​ដល់​​មួយ​ឆ្នាំឡើយ។​ សូម្បី​តែ​ក្នុង​ករណី​ ​ជោគ​ជ័យ​តែ​ពាក់​កណ្តាលនៃ​យុទ្ធនាការ​​ចំនួន ​២៦ករណី​ ក៏​នៅ​តែ​រក្សាកំរិត​​មធ្យម​ដដែល​គឺ​ ២៣នៃ​បាតុកម្ម​នោះ​ទទួល​បាន​ជ័យ​ជំនះពាក់​កណ្តាល​នោះ​​ក្រោម​រយៈ​ពេល​មួយ​ឆ្នាំ​។ ចលនា​​អហិង្សា​ដែលចំណាយ​ពេល​យូរ​ជាងគេ​​គឺចលនា​ទាម​ទារ​ឯករាជ្យ​ពី​អាណានិគម​អង្លេស​នៅ​ឥណ្ឌា​ដឹក​នាំ​ដោយ​ គន្ធី​ ដែល​មាន​រយៈ​ពេល​រហូត​ដល់​ ២៦ឆ្នាំ (១៩១៩-១៩៤៥)​។ នៅ​ម៉ិកស៊ីកូ​វិញ​ បដិវត្តន៍​ទឹក​ក្រូចទម្លាក់​រដ្ឋាភិបាល​ពុក​រលួយ​​ មាន​រយៈ​វេលា​​​ ១៣ឆ្នាំ​ ឯការ​តវ៉ា​ជំទាស់ទាម​ទារ​ឯក​រាជ្យ​​ពី​ប្រជាជន​ទី​ម័រ​​​នៅប្រទេស​​ទី​ម័រ​ខាង​កើត​​ប្រឆាំងនឹង​​ប្រទេស​ឥណ្ឌូនេស៊ី​ ចំណាយ​រយៈ​ពេល​១១ឆ្នាំ​។

ទិន្នន័យ​​របស់​លោក​ស្រី​ ឆេណូវេថ​ ជា​ភស្តុតាង​ដ៏​មាំ​ទាំ បូក​ផ្សំ​នឹង​សេចក្តី​ពន្យល់​ប្រកប​ដោយ​ភាព​សម​​ហេតុផលនៃ​សកម្ម​ភាព​អហិង្សា​​ទាំង​ប៉ុន្មាន​របស់​លោក​ ជីន សាប​​​ ស​ឱយ​​ឃើញ​ថា ជោគ​ជ័យនៃ​បាតុកម្ម​អហិង្សា​​ទាំ​ងអស់​នេះ​ មិន​មែន​ជា​ការ​ចៃដន់រង់​ចាំ​វាសនា​ឬ​ការ​ដួល​រំលំ​ដោយ​ឯក​ឯង​របស់​របប​ផ្តាច់​ការ​​នោះ​ឡើយ​ តែ​ជា​ការ​​ចូល​រួមសកម្មប្រើ​​​កម្លាំង​អហិង្សា​ពី​ប្រជាជន​ស៊ីវិល​ រំដោះ​បណ្តាច់​ខ្លួន​ឯង​ពី​ច្រវាក់​ហិង្សានៃ​របប​នោះ​ នៅ​ក្នុង​ថេរ​​វេលា​យ៉ាង​ខ្លី​ ដរាប​ណា​ប្រជាជន​អាច​ក្រាញ​អត់​ធ្មត់​បាន​ក្នុង​រយៈ​ពេល​ខ្លី​នោះ​។ ល្បែង​នេះ​ នរណា​ទ្រាំ​បាន​យូរ​ជាង ​អ្នក​នោះ​គឺ​ជា​អ្នក​ឈ្នះ​។ ការ​ដែល​បាតុកម្ម​អហិង្សា​គឺ​ជា​វិធី​ខ្លី​ជាង​កុប​កម្ម​ហិង្សា​ ប៉ុន្តែ​គេ​បែរ​ជា​គ្មានភាព​​អត់​ធ្មត់​ក្នុង​កំលុង​ពេល​ដ៏​ខ្លី​នោះ​ បែរ​ទៅ​ប្រើ​វិធី​ហិង្សា​វិញនោះ​​ គឺ​ជាការ​​ជឿ​ជាក់​លើ​ប្រសិទ្ធ​ភាព​និង​ល្បឿន​នៃ​អំពើ​ហិង្សា​ហួស​ហេតុ​និង​ដោយ​គ្មាន​ភស្តុតាងបញ្ជាក់​​នោះ​ឡើយ​៕

អាន​បន្ថែម​៖

៙ជីន សាប (Gene Sharp). ២០១០. «ពី​​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​​: គម្រោង​គោលការណ៍​​សំរាប់​ការ​ទាម​ទារ​សេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះ​ពុម្ព​លើក​ទី​៤. សហរដ្ឋ​អាមេរិច:​ វិទ្យាស្ថាន​អាល់​បឺត​ អាញស្តាញ (The United State of America: The Albert Einstein Institute)។

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

​ជោគ​ជ័យ​នៃ​បាតុកម្ម​អហិង្សា​​និង​បរាជ័យនៃ​កុប​កម្ម​ហិង្សា​

Success Rates by Decade 1940-2006

ការ​សិក្សារបស់​លោក​ស្រីឆេណូវេថ​ និង​ ស្ទីហ្វឹន​ ​បាន​ពន្លះ​ចេញ​នូវ​ការ​ពិត​ដ៏​គួរ​ឱយ​ភ្ញាក់​ផ្អើលអំពី​ជោគ​ជ័យ​នៃ​បាតុកម្ម​អហិង្សា​និង​បរាជ័យ​នៃ​កុប​កម្ម​ហិង្សា​។ បាតុកម្ម​អហិង្សាដែល​ផ្អែក​លើ​ប្រជាជន​ស៊ីវិល​​មាន​អត្រា​សង្ឃឹម​ជោគ​ជ័យ​រហូត​ដល់​ទៅ​ ៥៣ភាគរយឯណោះ​ ពោល​គឺ​មានកម្លាំង​ខ្លាំងជាង​​ទ្វេ​ដង បើ​ប្រៀប​នឹង​កុប​កម្ម​ហិង្សា​គ្រប់​ករណី​ទាំង​អស់ដែល​​មាន​សង្ឃឹម​ជោគ​ជ័យ​តែ​ ២៦ភាគ​រយ​ទេ​​។ ចំពោះយុទ្ធនាការ​ធំៗ​ចំនួន​ ២៥​ករណីវិញ​​ ក្នុង​ចំណោម​ ២០បាតុកម្ម​​ មាន​ ១៤ករណី​ទៅ​ហើយ​ជោគ​ជ័យ​ ពោល​គឺ​មាន​អត្រាជោគ​ជ័យ​ ​៧០ភាគ​រយ ​ផ្ទុយ​ទៅ​វិញ​ ៥ករណី​ មាន​តែ​កុប​កម្ម​ ២ ប៉ុណ្ណោះ​​ជោគ​ជ័យ ពោល​គឺ​អត្រា​ជោគ​ជ័យ​តែ​ ៤០ភាគ​រយ​ទេ​​។ នេះ​ស​បញ្ជាក់​ថា​ សូម្បី​តែ​ក្នុង​ករណី​យុទ្ធនាការ​ធំៗ​ ក៏​ចលនា​អហិង្សា​នៅ​មាន​ប្រៀប​ជាង​ចលនា​ហិង្សា​ដដែល​។

​អ្វី​ដែល​រិត​តែ​ចម្លែក​នោះ​គឺ​ថា​ សូម្បី​តែ​ពេល​បាតុកម្ម​អហិង្សា​បរាជ័យក៏​ដោយ​​ ក៏​មាន​គុណ​សម្បត្តិ​និង​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​តិច​ជាង​កុប​កម្ម​ហិង្សា​ឆ្ងាយ​ណាស់​។  ប្រទេសដែលត្រឹម​តែ​កើត​​មាន​យុទ្ធនាការ​អហិង្សា​ជា​មធ្យម​មាន​ឱកាស ៣៥ភាគ​រយ​ ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ ៥ឆ្នាំ​ បន្ទាប់​ទំនាស់​បាន​បញ្ចប់​។ ក្រលេក​មក​មើល​ យុទ្ធនាការ​ហិង្សា​វិញ​ មាន​ឱកាស​តិច​ជាង ​៤ភាគរយទៅ​ទៀត​ ​ដែល​​ប្រជាធិបតេយ្យ​អាចត្រូវបាន​ដាក់​​បញ្ចូល​ដោយ​​ជោគ​ជ័យ​បាន​។ ​​នៅ​ពេល​ចលនា​អហិង្សា​ត្រូវបាន​រារាំង​ពី​សំណាក់​អាជ្ញាធរ​និង​​បង្អាក់​ដោយ​​ការ​បង្ក្រាប​របស់​កង​កម្លាំង​សន្តិ​សុខ​ ប្រជាជន​ទាំង​អ្នក​ចូល​រួម​និងអ្នក​​ឈ្លប​មើល​បាតុកម្ម​ក្នុង​សង្គម​ទាំង​មូល ​នឹងស្អប់​ខ្ពើម​របប​ដឹក​នាំ ទោះ​ ​ចលនា​នោះ​ជោគ​ជ័យ​ឬ​បរាជ័យ ​ ​ព្រោះ​តែ​ការ​បង្ក្រាបខុស​ច្បាប់​​​លើ​បាតុករដែល​ជា​ប្រជាជន​ស៊ីវិល​​គ្មាន​ប្រដាប់​អាវុធ​ ​របប​នោះ​រិត​តែ​គ្មាន​សង្ឃឹម​ស្តារ​ប្រជាប្រិយ​ភាព​ឡើង​វិញបាន​​ទៀតដែរ​​​។ ក្រោយ​យុទ្ធនាការអហិង្សា​​បរាជ័យ​ ទោះ​មាន​ការ​តាម​ចាប់ខ្លួន​​បាតុករក៏​មាន​ចំនួន​តិច​ស្តួច​ស្តើង​បើ​ធៀប​នឹង​កុប​កម្ម​ហិង្សា​​ ហើយ​ទោះ​មាន​ទារុណ​កម្ម​ក៏​មិន​ដល់​ថ្នាក់​ស្លាប់ដែរ​។ កុប​កម្ម​ហិង្សាវិញ​ ​ក្រោយពេល​​​បរាជ័យ​ ក្រុម​អាជ្ញាធរ​នឹង​តាម​​ប្រមាញ់​ ​​ ពេល​ចាប់​បាន​គឺ​សម្លាប់​ឬ​ធ្វើ​ទារុណ​កម្ម​ដោយ​គ្មាន​ឆ្លង​កាត់​ការ​កាត់​ទោស​ពី​តុលារ​ការអ្វី​នោះ​ទេ​​ ព្រោះ​ពួក​គេ​ចាត់​ទុកថា​​ជា​អ្នក​គំរាម​កំហែងដល់​អំនាច​របស់​ពួក​គេ​ផង​ ប្រជាជន​ក៏​ខ្លាច​ជាប់​ទាក់​ទង​ផងដែរ​​។​ សំរាប់​ករណី​ប្រទេស​​ប្រជាធិបតេយ្យ​ស្រាប់​ទៅ​ហើយ​វិញ​ រដ្ឋ​យក​ឈ្នះ​យុទ្ធនាការ​អហិង្សា​ហើយ​ ៩៨ភាគ​​រយ​នៅ​តែ​ប្រជាធិបតេយ្យ​ដដែល​ ប៉ុន្តែប្រទេស​ប្រជាធិបតេយ្យ​ដែល​យក​ឈ្នះ​យុទ្ធនាការ​ហិង្សា​វិញ​ ៧០​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​នៅ​តែរក្សា​ប្រជាធិបតេយ្យ​បាន​។​

            យុទ្ធនាការ​អហិង្សា​ ទោះ​ចាញ់​ឬ​ឈ្នះ​ សុទ្ធ​មាន​បង្កើន​ផល​វិជ្ជមាននិង​ភាព​ឆ្លើយ​តប​របស់​រដ្ឋាភិបាលចំពោះ​ប្រជាជន​​ ពោល​គឺ​​នៅ​តែ​​ផ្តល់​គុណ​ប្រយោជន៍​សំរាប់​ប្រជាធិបតេយ្យ​ តែ​យុទ្ធនាការ​ហិង្សា​វិញ​ មិន​ត្រឹម​តែ​ជួយ​ស្តារ​ប្រជាធិបតេយ្យ​ពុំ​បាន​នោះ​ទេ​ តែ​ធ្វើ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ទៀត​។

អាន​បន្ថែម​៖

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

សមិទ្ធ​ផល​នៃ​បាតុកម្ម​អហិង្សា៖​ ភាព​គ្មាន​ឥទ្ធិ​ពល​នៃ​ជំនួយ​បរទេសលើ​ចលនា,​ សន្តិ​ភាព និង​ប្រជាធិបតេយ្យក្រោយ​ទំនាស់​​

People Power Result

យុទ្ធនាការ​ហិង្សាដែល​​ទំនង​ជា​ជោគ​ជ័យ ​ទទួល​បាន​ជំនួយ​និង​ការ​គាំទ្រ​​ពីរដ្ឋ​​បរទេស​ ​ដែល​ពង្រឹងកម្លាំង​ចលនាធ្វើ​ឱយ​អ្នក​ចូល​រួមនិង​អ្នក​ចង់​ចូល​រួម​​មានការ​​ជឿ​ទុក​ចិត្តថា​អាច​ឈ្នះ​​, បង្កើន​លទ្ធភាព​ខាង​សម្ភារៈ​​ចម្បាំង​, ព្រម​ទាំង​ផ្តល់​មូលដ្ឋាន​ទាប់​ ​លាក់​បំពួន​និង​គេច​ខ្លួន​ទៅ​បរទេស​ជា​ដើម។ ជោគ​ជ័យនៃ​យុទ្ធនាការ​អហិង្សា​វិញ​ ​ ​ជំនួយ​បរទេស​ឬការ​គាំទ្រ​​អន្តរជាតិ​ជាមិន​ចោទ​ជា​បញ្ហា​​ទេ​។ ចលនា​អំនាច​ប្រជាជន គ្រាន់​តែ​ជា​ការ​ប្រមូល​ផ្តុំគ្នា​មិន​សហការ​នឹង​រដ្ឋ​អំនាច​និង​ធ្វើ​អន្តរាគមន៍​បង្អាក់​របប​ដឹក​នាំ​ ​ធ្វើ​សកម្ម​ភាព​រួមគ្នាទាម​ទារ​ឱយ​សម្រេច​គោល​ដៅ​នយោបាយ​ណា​មួយ​ប៉ុណ្ណោះ។​​​ គេ​មិន​ត្រូវ​ការ​សព្វាវុធ​ចម្បាំង គេ​មិនត្រូវ​ការ​​បន្ទាយ​ទាប់​ គេ​មិន​ត្រូវ​ការ​ធ្វើ​សម​យុទ្ធ​ឬ​បាញ់​កាំភ្លើង​សាក​ល្បងអ្វី​ទេ​ គេក៏​មិន​ត្រូវការ​​ថវិកា​អ្វី​ធំ​ដុំមក​ចាយ​វាយ​លើ​ចលនាដែរ​​ ត្រឹម​តែ​គ្រឿង​បរិក្ខារ​ទាក់​ទងគ្នា​ ​អាហារ ជំរក​។ល។​ ចលនា​ប្រជាជន​អាច​ទ្រ​ទ្រង់​ដោយ​ខ្លួន​ឯង​បាន​។ ដូច្នេះ​ហើយ​ វា​មិន​ចម្លែក​ដែល​ការ​សិក្សា​បង្ហាញ​ថា​ ​ ​ជំនួយ​បរទេស​គ្មាន​ឥទ្ធិ​ពល​ជា​ដុំ​កំភួន​ឡើយទៅ​លើ​ការ​តវ៉ា​ដោយ​អហិង្សា​របស់​ប្រជាជន​​​ គឺ​ថា​ទោះ​មាន​ឬ​គ្មាន​បរទេស​ឧបត្ថម្ភ​ក៏​ចលនា​នៅ​តែ​អាច​ជោគ​ជ័យ​ ហើយ​បរាជ័យ​របស់​ចលនា​ក៏​មិន​ទាក់​ទង​ជំនួយ​បរទេស​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​ថា​ ចលនា​ប្រជាជន​តែ ​១០ភាគ​រយ​ប៉ុណ្ណោះ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​សម្ភារៈ​ពី​រដ្ឋ​ប្រទេស​។ ការមិន​​សូវ​មានការ​​គាំទ្រ​ខាង​សម្ភារៈ​នេះ​ ប្រហែល​មកពី​​បរទេស​មិន​សូវ​មើល​ឃើញ​ប្រយោជន៍ផ្ទាល់​ខ្លួន​​ពីការ​គាំទ្រ​​ចលនា​ និង​ជា​ពិសេស​គឺ​ពួក​គេ​មិន​អាច​ជះ​​ឥទ្ធិ​ពល​លើ​ចលនា​ដែល​ប្រើ​មធ្យោបាយ​អហិង្សា​បាន​ តាម​រយៈ​ជំនួយ​ដូច​ចលនា​ហិង្សា​ឡើយ​។ យើង​មិន​មែន​ចង់​អះ​អាង​ថា​ យុទ្ធនាការ​អហិង្សា​មិន​អាច​ទាក់​ទាញ​ការ​គាំទ្រ​ពី​សំណាក់​អន្តរជាតិ​ឡើយ​ គឺ​ថា​១០ភាគ​រយ​នោះ​សំដៅ​តែ​លើ​ការ​គាំទ្រ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​​។ ប្រាកដ​ណាស់​ ចលនា​ប្រជាជន​ងាយ​ទទួល​បាន​ការ​គាំទ្រ​ទាំង​ធន​ធាននិង​ការ​បណ្តុះ​បណ្តាល​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិនា​នា​នៅ​លើ​ពិភព​លោក​ និង​រដ្ឋ​បរទេស​មួយ​ចំនួន​គាំទ្រ​តាម​រយៈ​ការ​ផ្ដាច់​ចំណង​ការ​ទូត​នឹង​រដ្ឋាភិបាល​ ដែល​ជា​សម្ពាធ​ការ​ទូត​ឬ​ទណ្ឌ​កម្ម​អន្តរជាតិ​​ដាក់​លើ​របប​ដឹក​នាំ​​ ដែល​​វា​ក៏​អាស្រ័យ​លើ​បរិបទ​នយោបាយ​និង​ស្ថាន​ភាព​ក្នុង​ស្រុក​ដែរ​។

            នៅ​ពេល​ដែល​ទំនាស់​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​​អហិង្សា​ នោះ​សន្តិ​ភាព ប្រទេស​នីតិ​រដ្ឋ​ ស្ថាប័ន​ឯក​រាជ្យ​​ពោល​គឺ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក៏ងាយ​​​នឹង​បញ្ជ្រាប​និង​ដុះ​លូតលាស់​ដែរ​។ គិត​ក្នុង​កំរិតមធ្យម​នៃ​គុណ​ភាព​​ប្រជាធិបតេយ្យ ​យុទ្ធ​នាការ​តវ៉ា​ដោយ​ប្រើ​វិធី​អហិង្សា​ធ្វើ​ឱយ​ប្រទេស​នោះ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ៤០ភាគ​រយ​ ក្នុង​រយៈ​ពេល​៥ឆ្នាំ​ ក្រោយ​វិវាទ​បាន​បញ្ចប់​។ រាប់​ត្រឹម​យុទ្ធនាការ​​ដែល​បាន​​សំរេច​ជ័យ​ជំនះ​ គេ​ឃើញថា​ វា​បាន​បង្កើន​លទ្ធ​ភាព​នៃប្រភេទ​​របបប្រជាធិបតេយ្យ​​ ៥០​ភាគ​រយ​ បើ​ធៀប​នឹងកុប​កម្ម​ហិង្សា​។ ​ជោគ​ជ័យ​នៃ​យុទ្ធ​នាការ​អហិង្សា​មិន​មែន​ត្រឹម​តែ​បង្ខំ​រដ្ឋាភិបាល​ឱយ​ធ្វើ​តាម​តំរូវ​ការរបស់​​ប្រជា​ពលរដ្ឋ​ និង​បង្ខំ​ប្រជាជន​ខ្លួន​ឯង​ឱយ​រិត​តែ​ចូល​រួម​និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ដំណើរ​ការ​នយោបាយ​ប៉ុណ្ណោះ​​ទេ​ ហើយ​នៅ​មាន​ការ​លេច​ឡើង​នៃ​ចលនា​ប្រឆាំង​នឹង​ការ​សំរេច​ខុស​ទំនង​ណា​មួយ​របស់​រដ្ឋាភិបាល​ ពុំ​​មែនធ្វើ​ឱយ​​សង្គ្រាម​ស៊ីវិលលេច​ឡើង​វិញ​ដូច​ករណី​កុប​កម្ម​ហិង្សាឡើយ​។ យុទ្ធនាការ​អហិង្សាមាន​ឱកាស​តែ​ ២៨ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​ការ​ចួប​ប្រទះ​នឹង​​​សង្គ្រាម​ស៊ីវិល​​ គិត​ក្នុង​កំលុង​ពេល ​​​១០ឆ្នាំក្រោយ​ទំនាស់​បញ្ចប់​​ តែ​យុទ្ធនាការ​ហិង្សា​វិញ​ មាន​រហូត​ដល់​ទៅ​ ៤២ភាគ​រយ​ឯណោះ​។ ក្នុង​ករណី​យុទ្ធនាការ​មានព្រម​គ្នា​​នឹង​ក្រុម​ប្រដាប់​អាវុធវិញ​ ​ គិត​នៅ​ក្នុង​រយៈ​ពេល​១០ឆាំ្នក្រោយ​ជម្លោះ​បញ្ចប់​​ដដែល​ យុទ្ធនាការ​អហិង្សា​និង​ហិង្សា​ណា​ដែល​មាន​វត្តមាន​ជា​មួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​ មាន​ឱកាស​ ៤៩ភាគ​រយ​ប្រឈម​នឹងការ​ឆេះ​ឡើង​វិញ​នៃ​​សង្គ្រាម​ស៊ីវិល តែ​បើ​គ្មាន​ក្រុម​ប្រដាប់​ទេ​ ឱកាស​សង្គ្រាម​ស៊ីវិលមាន​តែ​ ២៧ភាគ​រយ​ប៉ុណ្ណោះ​។​​ ដោយ​សារ​ក្រុម​ប្រដាប់​ណា​មួយ​អាច​បំផ្លាញ​យុទ្ធនាការ​អហិង្សា​ដូច្នេះ​ហើយ​ ទើប​អ្នក​ជំនាញ​និង​សកម្ម​ជន​អហិង្សា​ដាស់​តឿនជា​និច្ច​​អំពី​ការ​រក្សា​វិន័យ​អហិង្សា​ឱយ​បាន​ខ្ជាប់​ខ្ជួននិង​បាតុកម្ម​តវ៉ា​នឹង​ក្រុម​ប្រដាប់​អាវុធ​ណា​មួយ​ ទោះ​បី​ប្រម​នឹង​ហានិភ័យ​យ៉ាង​ណា​។

            សរុប​មក​ បាតុកម្ម​អហិង្សា​មាន​ភាព​ឯករាជ្យ​ដោយ​មិន​ពឹង​ផ្អែក​លើ​ជំនួយ​ពី​រដ្ឋ​បរទេស​ បង្កបរិយាកាស​ងាយ​ស្រួល​ជូន​សន្តិភាពក្នុង​ស្រុក​​និង​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ យើង​សូម​បញ្ជាក់​ថា​ សមិទ្ធ​ផល​ទាំង​នេះ​មិន​មែន​អាស្រ័យ​លើ​បាតុកម្ម​តែ​មួយ​មុខ​ទេ​ ពោល​គឺ​មិន​មែន​គ្រាន់​តែ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នឹង​ធានាបាន​សមិទ្ធផល​​ទាំងអស់​នោះ​​ឡើយ​ តែអាស្រ័យ​លើ​​​ផែន​ការម៉ឺង​ម៉ាត់​​របស់​ចលនា​នោះ​ខ្លួន​ឯង ​ក្នុង​ការ​​បង្កើត​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​ឯក​រាជ្យ​ដែលបាន​​ត្រៀម​រួច​ស្រេចនូវ​​ស្ថាប័ន​មាន​អំនា​ចស្មើ​ដើម្បី​ត្រៀម​បំពេញ​ការ​ងារ​ទាំង​នោះ។ បាតុកម្ម​អហិង្សា​មាន​លក្ខណៈ​សកម្ម​ បើ​ប្រជាជន​មិន​ធ្វើ​និងមិន​​ដាក់​ផែន​ការ​ ទិន្នផល​ក៏​មិន​ទទួល​បាន​ដែរ​​៕

អាន​បន្ថែម​៖ អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

ចលនា​​ប្រជាជនដែល​មាន​ចំនួន​អ្នក​ចូល​រួម​តែ​​ ​៣,៥​ភាគ​រយ​នៃ​ប្រជាជន​សរុប​ប៉ុណ្ណោះ​អាច​យក​ឈ្នះ​រដ្ឋាភិបាល​បាន​ហើយ​

ចលនា​តវ៉ា​​ដោយ​ប្រជាជន​ស៊ីវិល​ដែល​ជោគ​ជ័យ​ មិន​មែន​ត្រូវ​ការ​ចំនួន​អ្នក​ចូល​រួម​ដល់​ថ្នាក់​ទួទាំង​ប្រទេស​ឬ​ពាក់​កណ្តាល​ប្រទេស​នោះ​ទេ​។ អ្នក​ស្រាវ​ជ្រាវ​មុន​គឺ​លោក​ ម៉ាក ​លីចបាក​​ (Mark Lichbach) នៅ​ក្នុង​សា្នរដៃ​ «ជំរើសទ្វេ​គ្រោះ​​របស់​ពួក​ឧទ្ទាម​​» (The Rebel’s Dilemma) ធ្លាប់បាន​​អះ​អាង​ថា​ គ្មាន​រដ្ឋាភិបាល​ណា​​អាច​ទប់​ទល់​បាន​នឹង​​ចំនួន​​ ៥ភាគ​រយ​នៃប្រជាជន​សរុប​របស់​ខ្លួន​នោះ​ទេ ដែល​លោក​ហៅ​ថា​ វិធាន​ ៥ភាគ​រយ​​។ ​ប៉ុន្តែ​​ ការ​សិក្សា​របស់​លោក​ស្រី​ ឆេណូវេថ បាន​បដិសេធ​សម្មតិកម្ម​ចាស់នេះ​ ដោយ​បាន​វាស់​ស្ទង់ឃើញ​ថា ​​ចំនួននោះ​​តិច​ជាង​នេះ​ ពោល​គឺ​ ​​​ចលនា​ប្រជាជន​​ត្រូវ​ការ​​​​​ត្រឹម​តែ​​ ៣,៥ភាគ​រយប៉ុណ្ណោះ​ ​(3.5% Rule)។ ​​ខាង​ក្រោម​នេះ​ជា​បាឋកថា​របស់​លោក​ស្រី​ដែល​​បានមាន​​ប្រសាសន៍​នៅឱកាស​ព្រឹត្តិការណ៍កម្ម​វិធី​ «ថេដ​អ៊ិច​បូល្ឌើរ» (TEDxBoulder) អំពី​ «ជោគ​ជ័យ​នៃ​ការ​តវ៉ា​ដោយ​អហិង្សា​របស់​ប្រជាជន​ស៊ីវិល​» បង្ហាញ​នៅថ្ងៃ​ទី​២១ ខែ​កញ្ញា​ ឆ្នាំ​២០១៣ មាន​សេចក្តី​ដូច​ត​ទៅនេះ​​៖

ពី​ឆ្នាំ​១៩០០ ដល់​ ២០០៦ យុទ្ធនាការ​អហិង្សា​នៅ​ទួទាំង​សាកល​លោក​បានសំរេច​បាន​​ជ័យ​ជំនះ​ទាំង​សុ្រង ទ្វេ​ដង​​បើ​ប្រៀប​នឹង​កុប​កម្ម​ហិង្សា​ ហើយ​នៅ​មាន​ច្រើន​បន្ត​ទៀត​។ លំហូរ​អហិង្សា​នេះថែម​ទាំង​​បន្ត​កើន​ឡើង​ទៅ​តាម​ពេល​វេលា​ផង​ដែរ​។ នៅ​ហាសិប​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​តស៊ូ​របស់​ប្រជា​​ជន​ស៊ីវិល​រឹង​រិត​តែ​ញឹក​ញាប់​ឡើង​ ហើយ​ប្រកបដោយ​​ប្រសិទ្ធ​ភាព​ ខុស​ស្រលះ​ពី​កុប​កម្ម​ហិង្សា​ដែល​កាន់តែ​ថម​ថយ​ចុះ ​ហើយ​មិន​ទទួល​បាន​ជោគ​ជ័យ​ថែម​ទៀត​ផង​។ នេះ​គឺ​ជា​ការ​ពិត​ សូម្បី​តែ​ឋិត​នៅ​ក្នុង​ស្ថាន​ភាព​​គាប​សង្កត់​ផ្តាច់​ការខ្លាំង​​ ដែលជា​កន្លែងដែល​​​​យើង​តែង​តែ​រំពឹងទុក​​ថា ​ការ​តស៊ូ​ដោយ​អហិង្សា ​មិន​អាច​ទៅ​រួច​។ […] គ្មាន​យុទ្ធនា​ការ​ណា​បរាជ័យនោះ​ទេ​​ ​គ្មាន​​សូម្បី​តែ​មួយ​ករណី​នៅ​ពេល​ដែល​ពួក​គេ​អាច​សំរេច​បាន​ការ​ចូល​រួម​ដោយ​សកម្ម​និង​បន្តបន្ទាប់​​ពីចំនួន​​ត្រឹម​តែ ៣,៥ភាគ​រយ​នៃ​ប្រជា​ជន​សរុប​ប៉ុណ្ណោះ​ ហើយ​ភាគ​ច្រើន​នៃ​ចលនា​ទាំង​នោះ​ ទទួល​បាន​ជ័យ​ជំនះ​ដោយ​មាន​ចំនួនអ្នក​ចូល​រួម​​តិច​ជាង​ឆ្ងាយពី​ចំនួន​ភាគ​រយ​នេះ​​។​​​ […] តួលេខ​នេះផ្អែក​​លើ​ចំនួន​ច្រើន​បំផុត​នៃ​អ្នក​ចួល​រួម​យុទ្ធនាការ​ដោយ​ផ្ទាល់​ (​អ្នក​អង្កេត​ការណ៍​បាន​រាប់និង​គិត​ជា​ភាគ​រយ​ធៀប​នឹង​ចំនួន​ប្រជាជន​ទាំង​មូល​) ដែល​ប្រឈម​មុខ​នឹង​ភាគី​រារាំង [កង​កម្លាំង​រដ្ឋាភិបាល​] ​នៅ​កំលុង​ពេលដែល​​ធ្វើ​យុទ្ធនាការ​​ប៉ុណ្ណោះ​។ ដូច្នេះ​ វា​ពុំ​មែន​ជា​ចំនួន​សរុបនៃ​អ្នក​ចូល​រួម​ទាំង​អស់​ឡើយ​ ផ្ទុយ​ទៅ​វិញ​​គឺ​ជាចំនួន​អតិបរមា​នៃ​ប្រជាជន​ដែលបាន​​ប្រលូកផ្ទាល់​​ក្នុង​យុទ្ធនាការ​នោះ ​នៅ​ពេលព្រឹត្តិការណ៍​ឡើង​​កំដៅ​ដល់​ចំណុច​​កំពូល​។​​​ […] ឯយុទ្ធនាការ​ដាច់​ដោយ​ឡែកណា​មួយ​ដែលមាន​ចំនួន​លើស​ពី​កំរិត​កំណត់​ ៣,៥ភាគ​រយ​នោះ​ ក៏​គឺ​ជា​យុទ្ធនាការ​អហិង្សា​ដែរ​។ ជា​ការណ៍ពិត​​ យុទ្ធនាការ​ដែល​ពឹង​លើ​តែ​វិធី​អហិង្សា​មាន​ចំនួន​ជា​មធ្យម​ធំ​ជាង​បួន​ដង​នៃ​យុទ្ធនាការ​ហិង្សា​គិត​ជា​មធ្យម​។ […] តែ​អ្វី​ដែល​ចម្លែក​គួរ​ឱយ​ចាប់​អារម្ម​នោះ​គឺ​ថា​ យុទ្ធនាការ​អហិង្សា​​បើក​ចំហ​ទ្វារឱយស្ថាប័ន​ប្រជាធិបតេយ្យ​​​ធំ​ជាងកុប​កម្ម​ហិង្សាឆ្ងាយ​។ ប្រទេសដែល​ធ្វើ​ការ​តស៊ូ​ដោយ​អហិង្សា​​អាច​កាត់​បន្ថយអត្រា​នៃ​ការ​វិល​ត្រលប់​ទៅ​រក​សង្គ្រាម​ស៊ីវិល​បាន ​១៥ភាគ​រយ​ថែម​ទៀត​ផង​។

តាម​រយៈបទ​បង្ហាញ​​ដក​ស្រង់​ខ្លី​នេះ​ លោក​ស្រីបាន​​បង្ហាញ​ប្រាប់​យើង​ថា ​បាតុកម្ម​អហិង្សា​មិន​ត្រឹម​តែ​ជោគ​ជ័យ​ទេ​ តែ​មាន​ប្រសិទ្ធ​ភាព​ជាង​កុប​កម្ម​ហិង្សា​ទេ្វ​ដង​ និង​រុញ​ប្រទេស​ដែល​ប្រើ​មធ្យោបាយអហិង្សា​​នោះ​ទៅ​រករបប​​ប្រជាធិប​តេយ្យ​រយៈ​ពេល​វែង​ ព្រម​ទាំង​​បន្ទាប​អត្រា​វិល​ទៅ​រក​សង្គ្រាម​ស៊ីវិលថែម​​ទៀត​ផង​។ ​យើង​នឹង​អធិប្បាយ​អំពី​រឿង​នេះ​លំអិត​ខាង​ក្រោម​ តែ​អ្វីដែល​​យើង​ចង់​ផ្តោតដំបូង​​​គឺ​ពលរដ្ឋ​ចំរុះ​​តែ​ចំនួន ​៣,៥ភាគ​រយ​នៃ​ប្រជាជន​សរុប​ប៉ុណ្ណោះ​អាច​រំដោះ​ប្រទេស​របស់​ពួកគេ​ពី​របប​ផ្តាច់​ការ​បានហើយ​​។ គ្មាន​រដ្ឋាភិបាល​ណា​មួយ​អាចទប់​ទល់​នឹង​ចំនួន ​៣,៥ភាគ​រយ​នៃ​ប្រជាជន​សរុបរបស់​ខ្លួន​ឯងដោយ​មិន​​​សំរប​តាម​តំរូវការ​របស់​​បាតុកម្ម​​​​​​នោះ​ទេ។ ចំនួន​នេះ​​ពិត​ជា​តិច​ខ្លាំង​ណាស់​ មិន​សមទំនង​​ថា ​រដ្ឋ​ទន់​ខ្សោយ​ដល់​ម្លឹងឡើយ​​​​។ តែ​នេះ​ជា​ការ​ពិត​ ហើយ​អាច​ទៅ​រួច​យ៉ាង​ប្រាកដ​ ព្រោះ​សត្រូវ​របស់​រដ្ឋ​នៅ​ទី​នេះមិន​មែនជា​​រដ្ឋ​ដទៃ​ឯណា​ទេ​ តែ​​គឺ​ជា​ប្រជាជន​ខ្លួន​ឯង​ដែល​ជា​អ្នក​​ផ្តល់​ទំនុក​បំរុងផ្គត់​ផ្គង់​​សម​បែប​យ៉ាងដល់​រដ្ឋ​។ ​លោក​ស្រី ឆេណូវេថ​ ​និង ​ស្ទីហ្វឹន​​ បាន​ប្រមូល​ទិន្នន័យ​និង​វាស់​ស្ទង់បរិមាណ​នៃ​អ្នក​​​ចូល​រួម​​បាតុកម្ម​រហូត​ដល់​ទៅ​ ២៥៩ករណី​ ​ក្នុង​ចំណោម​​ ៣២៣ករណី​ ពោល​គឺ​ ២៥៩​ករណី​ដែល​អ្នក​ស្រាវ​ជ្រាវបាន​​អង្កេត​ការណ៍និង​​​​ប្រមូល​ទិន្នន័យ​បាន​ច្បាស់​លាស់​គួរ​ឱយ​ជឿ​ទុក​ចិត្ត​បាន​អំពី​សមាជិក​ភាពនៃ​ចលនា ​ដែល​ក្នុង​នោះ​ ៨០ករណី​ជា​យុទ្ធនាការ​អហិង្សា​ និង ១៧៩ករណី​ជា​យុទ្ធនាការ​ហិង្សា​​។ គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ យុទ្ធ​នាការដែល​អាច​មាន​ចំនួនអ្នក​ចូល​រួម​​កើន​ឡើង​ដល់​កំរិតបរិមាណ​​ ៣,៥ភាគ​រយ ​ឬ​លើស​ពី​ចំនួននេះ​​មាន​តែ​បាតុកម្ម​អហិង្សា​តែ​ប៉ុណ្ណោះ​​ ​ រីឯ​កុប​កម្ម​ហិង្សា​អាច​ទៅ​​ដល់​អស់​ធំ​ត្រឹម​​​ចំនួន​ ១,៩ភាគ​រយ​ប៉ុណ្ណោះ ហើយ​ជា​ករណី​កំរ​ទៀត​ផង​។​ អំពី​បរិមាណ​នេះ​ សូម​បញ្ជាក់​បន្តិច​ថា​ ចំនួន​នៃ​អ្នក​ចូល​រួម​ពុំ​អាច​នាំ​ទៅ​រក​ជ័យ​ជំនះ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ​ ​ តែ​គុណ​ភាព​ ពោលគឺ​ភាព​ចំរុះនៃ​បាតុករ​​ដែល​​មក​ពី​គ្រប់​​ស្រទាប់​សង្គម​​ក៏មាន​​សារៈ​សំខាន់​ស្មើ​គ្នា​នឹង​បរិមាណ​ដែរ​​។ ភាព​ចំរុះ​​ស្រទាប់​សង្គមនោះ​​​មាន​ដូច​ជា ភេទ​ អាយុ​ វណ្ណៈ​សង្គម​ ការ​ងារ​ ឋានៈ​ ទី​ក្រុង​ជន​បទ ជាតិ​សាសន៍ មនោគមវិជ្ជា​​ និង​​​គណបក្ស​នយោបាយ។ ​ ​ភាព​ចំរុះ​នៃអ្នក​ចូល​រួមមាន​សារៈ​សំខាន់​ពិសេសមួយ​ដែលគេ​​មិន​គួរ​​មើល​រំលង​​គឺថា​វា​​​អាច​​តំណាង​ប្រជាជន​ទាំង​មូល​និង​កាន់​តែ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ទោះ​បី​ចលនានោះ​​បរាជ័យ​ក៏​បង្ហាញ​ថា​ ប្រជាជន​បាន​ប្រលូកក្នុង​វិស័យ​សង្គម​ស៊ីវិល ចូល​​រួម​ទាម​ទារ​ដំណោះ​ស្រាយ​បញ្ហា​សង្គម​ នយោបាយ សេដ្ឋកិច្ច​ របស់​ពួក​គេ​​​​ដែរ ពោល​គឺ​ បាតុកម្ម​អហិង្សា​របស់​ប្រជាជន​ស៊ីវិល​គឺ​ជា​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​សន្លឹក​ឆ្នោត​​ ឋិត​នៅ​ក្រៅ​​ស្ថាប័ន​នយោបាយ ធ្វើ​ឡើង​តាម​រយៈ​ចលនា​សង្គម​​។ ក្នុង​ស្នារដៃ «ធ្វើ​ឱយ​ប្រជាធិបតេយ្យ​ដើរ​» (Making Democracy Work) លោក​ រ៉ូបឺត​ ផាត់នេម​ (Robert D. Putnam) អ្នក​វិទ្យាសាស្ត្រ​នយោបាយជាតិ​អាមេរិកាំង​ដ៏ឈ្លាស​វៃ​​ម្នាក់​បាន​​អះ​អាង​​ថា​ ប្រជាជន​ស៊ីវិល​កាន់​តែ​ច្រើន​រួម​ចំណែក​ក្នុង​សកម្មភាព​សង្គម​ ដូច​ជា ​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​ ប្រលូក​ដោយ​ផ្ទាល់​ឬ​មិន​ផ្ទាល់​ក្នុង​វិស័យ​នយោបាយ​ ធ្វើ​ការ​ងារ​សង្គម​។ល។ សង្គមនោះ​កាន់​តែ​​ប្រជាធិបតេយ្យ​ ​ព្រោះ​​រដ្ឋាភិបាល​នឹង​ពង្រឹង​​ទំនួល​ខុស​ត្រូវ​និង​ភាព​ឆ្លើយ​តប​របស់​ខ្លួន​ទៅ​កាន់​ប្រជាជន​ ហើយ​ប្រជាជនខ្លួន​ឯង​​ទៀត​សោត​ក៏​កាន់តែ​​យល់​ដឹង​ពី​បញ្ហា​សង្គម ដំណើរ​ការ​នយោបាយ​​​និង​តម្លៃ​នៃ​ចូល​រួមរបស់​ខ្លួន​ផង​ដែរ។​​ គុណ​តម្លៃ​នៃ​បណ្តាញ​ទំនាក់​ទំនង​នោះ​​នឹង​ស​ឱយ​ឃើញ​ច្បាស់​ជាង​នេះ​ នៅ​ពេល​​បោះ​ឆ្នោត​ ពួក​គេ​អាច​​យក​បទ​ពិសោធ​​នៃ​ការ​ចូល​រួម​ទាំង​នោះ​ធ្វើ​ជាមូល​ដ្ឋាន​ក្នុង​ការ​សំរេច​ចិត្តបាន​​​។ ក្រៅ​ពី​កត្តា​ការ​ចូល​រួម​ដ៏​ចាំ​បាច់​នេះ​ ​​នៅ​មាន​កត្តា​ភាព​ក្រាញ​ននៀល​នៃយុទ្ធនាការ​​ ពោល​គឺ​ការ​ស៊ូ​ទ្រាំអត់​ធ្មត់​របស់សមាជិក​ទប់​ទល់​នឹង​ការ​បង្ក្រាប​ កល​យុទ្ធ​ធ្វើ​បាតុកម្ម​ ការ​បោះ​បង់​ភារកិច្ច​របស់កង​សន្តិ​សុខ​ប៉ូលីស​ ​និង​ការ​សំរេច​ចិត្ត​របស់​ក្រុម​វរជន​ដែល​ធ្លាប់​តែ​គាំទ្រ​របប​ដឹក​នាំ​​ ដែល​កត្តា​ទាំង​នេះ​ក៏​អាច​នឹង​ងាយ​មាន​ឡើង​នៅពេល​ចលនា​រីកដាល​ធំ​ដល់​ចំនួន​ ៣, ៥ភាគ​រយ​នៃ​ប្រជាជន​សរុប​​​​។ អំពី​វិធាន​​ ៣,៥ភាគ​រយ​ យើង​ក៏​ពុំ​មែន​កំណត់​ថា​ ប្រជា​ជន​គួរ​ចូល​​រួមបង្គ្រប់​​​ត្រឹមតែ​ចំនួន​ ​៣,៥ភាគ​រយ​នោះ​ដែរ​។ ការ​ចូល​រួម​កាន់​តែ​ច្រើន​ ធ្វើ​ឱយ​យុទ្ធនាការ​នោះ​កាន់​តែ​មាន​អំនាច​និង​ឥទ្ធិពល​ បង្កើន​ល្បឿន​ជោគ​ជ័យ​ នឹង​រិត​​តែ​ជាកម្លាំង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ចំនួន​អ្នក​ចូល​រួម​អតិបរមា​​ដែល​ធ្លាប់​មាននៅ​ក្នុង​កំណត់​ត្រា​យុទ្ធនាការ​​អហិង្សា​គឺ​​មាន​រហូត​ដល់​ ១០ភាគ​រយនៃ​ប្រជាជន​ទាំង​មូល​ គឺ​ជាចំនួន​ច្រើន​បំផុត​ ជា​​ករណី​បដិវត្តន៍​ដោយ​ប្រជាជន​អ៊ីរ៉ង់ជា​​ច្រើន​ស្រទាប់​​ ដែល​គេនិយម​​ស្គាល់​ថា ​«បដិវត្តន៍​ឥស្លាម» នៅ​ចន្លោះ​ឆ្នាំ​១៩៧៧ ដល់ឆ្នាំ​១៩៧៩​។ ជា​មធ្យម​ យុទ្ធនាការ​អហិង្សា​មាន​ទំហំ​លើស​ពី ​២០០០០០សមាជិក ដែល​ក្នុង​នោះមាន​សមាជិកសកម្ម​​ ​១៥០០០០នាក់​​ទៅ​ហើយ​ ពោល​គឺពួក​គេ​​សកម្ម​ជាង​សមាជិក​ក្នុង​យុទ្ធនាការ​ហិង្សា គិត​​ជា​មធ្យម​។

មាន​​យន្តការ​មួយ​ចំនួន​ដែល​ចាំ​បាច់​ក្នុង​ការ​សំរេច​បាន​ជោគ​ជ័យ ដែល​ចំនួន​អ្នក​ចូល​រួម​បាន​​​រួម​ចំណែក​​ ​ដូច​ជា​៖​ សមត្ថភាព​ក្នុង​ការ​ឆាប់​ក្រោកឈរ​ឡើង​វិញ​​ក្រោយ​ពេល​មាន​ការ​រំខាន​ដោយ​ការ​បង្ក្រាប​, លទ្ធ​ភាព​​ក្នុង​ការ​បង្កើត​កល​យុទ្ធ​ថ្មីៗ​, ​ពង្រីក​ការ​អុក​ឡុក​របប​ដឹក​នាំ​ដោយ​​ប្រជាជន​ស៊ីវិល​ នាំ​ឱយ​របប​នោះ​ពិបាកនិងចំណាយ​ថ្លៃ​ច្រើន​បង់​ជូន​កង​សន្តិ​សុខ​ក្នុង​ការ​រក្សានិង​ស្តារ​​ស្ថាន​ភាព​ដើម​វិញ​, ធ្វើ​ឱយ​អ្នកដែល​ធ្លាប់​តែ​​គាំទ្រ​និង​ស្មោះ​ត្រង់​នឹង​របប​ដឹក​នាំ​ ដូច​ជា​យោធា ប៉ូលីស​និង​កង​កម្លាំង​សន្តិ​សុខជា​អាទិ​ រេ​រា​គោល​​ជំហរប្តូរ​​ទៅ​គាំទ្រ​ប្រជាជន​​វិញ។ យោលតាម​យន្ត​ការ​ទាំង​នេះ​ ការ​គាំទ្រ​ផ្ទាល់​និង​ចូល​រួមមាន​ការ​ចាំ​បាច់​​ណាស់​ក្នុង​ការ​កំណត់​លទ្ធ​ផល​របស់​យុទ្ធនាការ​ មិន​ថា​ហិង្សា​និង​អហិង្សា​នោះ​ទេ​ ព្រោះ​ចំនួន​នោះ​មិន​មែន​ត្រឹម​តែ​ជា​ប្រភព​នៃ​ពលកម្ម​ ​ធន​ធាន​គាំទ្រ​ចលនា​ និង​ប្រជាប្រិយ​ភាព​នោះ​ទេ​ តែក៏​​ជា​អំនាច​ក្នុងការ​​បង្កើត​រចនាសម្ពន្ធ​ទ្រង់​ទ្រាយ​ធំ​ ក្រោយ​ពេល​ចលនា​នោះ​ទទួល​បាន​ជោគ​ជ័យ​ផង​ដែរ​។​ យុទ្ធនាការ​អហិង្សា​មានលក្ខណៈ​ប្រជាធិបតេយ្យ​និង​សេរី​ភាព​ មេ​ដឹកនាំ​ចលនា​ពុំ​អាច​យក​បាតុករ​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ អំនាច​ប្រមូល​ផ្តុំ​លើ​មេ​ដឹក​នាំ​មាន​កំរិត​ទាប​ ​របាំង​រារាំង​អ្នក​ចូល​រួម​តិច​ណាស់​ ដូច្នេះ​វា​ទំនង​ទៅ​រក​ការ​តំណាងផល​ប្រយោជន៍​​ប្រជាជនជាង​កុប​កម្ម​ហិង្សា​។

ប្រភព​៖

៙ម៉ាក ​លីចបាក​​ (Mark Irving Lichbach). ១៩៩៥. «ជំរើសទ្វេ​គ្រោះ​​របស់​ពួក​ឧទ្ទាម​​» (The Rebel’s Dilemma). អាន​ អាបរ​, មីឆីហ្គេន:​ រោង​ពុម្ព​សាកល​វិទ្យាល័យមីឆីហ្គេន (Ann Arbor, Michigan: Univeristy of Michigam Press)។​​

៙​Erica Chenoweth. My Talk at TEDxBoulder: Civil Resistance and the “3.5% Rule”. Retrieved 06/12/2014. From http://rationalinsurgent.com/2013/11/04/my-talk-at-tedxboulder-civil-resistance-and-the-3-5-rule/

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។