ការបង្ក្រាបដោយហិង្សាពីកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល គឺជាឧបសគ្គធំបំផុតដែលបាតុកម្មអហិង្សាតែងតែត្រូវប្រឈមមុខជារឿយៗ។ ការសិក្សារកឃើញថា ការតវ៉ាប្រឆាំងនឹងរបបដឹកនាំ ៨៨ភាគរយ ចួបប្រទះនឹងការបង្ក្រាប។ ដូច្នេះហើយ ការបង្ក្រាបមិនមែនជារឿងថ្មី គួរឱយភ្ញាក់ផ្អើលនោះទេ។ ពេលមានការបង្ក្រាបគឺជាស្ថានភាពមួយដែលអាចវាស់ភាពក្រាញននៀលតស៊ូរបស់បាតុកម្មបានប្រាកដបំផុត គឺគេអាចឃើញតាមរយៈចំនួនសមាជិកសកម្មរបស់ចលនាដែលនៅតែរក្សាចំនួនឋិតថេរ អាចកែនសមាជិកថ្មី និងនៅតែបន្តប្រឈមមុខនឹងសត្រូវ ទោះបីមានការបង្ក្រាបប៉ុន្មានដងក៏ដោយ។ គេតែងគិតនិងជឿជាក់ថា បាតុកម្មអហិង្សាមិនអាចយកឈ្នះការបង្ក្រាបដោយហិង្សាព្រៃផ្សៃនោះឡើយ ពោលគឺ អំពើហិង្សាអាចយកឈ្នះលើអំពើអហិង្សា មិនតបតបានដោយងាយ។ រាល់ពេលមានការបង្ក្រាប បាតុករអហិង្សាគ្មានអ្វីក្រៅពីចុះចាញ់និងបញ្ឈប់ការតវ៉ារបស់ខ្លួនឡើយ។ គួរឱយខ្មាសជាងនេះទៅទៀតនោះគឺថា សូម្បីតែអ្នកដឹកនាំបាតុកម្មក៏អាចគិតដូច្នេះដែរ ក្នុងករណីដែលពួកគេគ្មានកលយុទ្ធទប់ទល់ ព្រមទាំងយកលេសឈប់តវ៉ាថាកាត់បន្ថយការបង្ហូរឈាមទៀត។ អាស្រ័យជំនឿនេះ បាតុករខ្លះបានរិលមករកវិធីហិង្សាវិញ ពីព្រោះពួកគេគិតថា អហិង្សាគ្មានប្រសិទ្ធភាព ហិង្សាទើបមានប្រសិទ្ធភាពនិងជាជំរើសចុងក្រោយហើយ។ ប៉ុន្តែ ការសិក្សាបានបង្ហាញផ្ទុយពីនេះ។ កុបកម្មហិង្សាដែលគេជឿថា មានឥទ្ធិពលនិងប្រសិទ្ធភាពនោះមិនអាចយកឈ្នះឬធ្វើឱយកងសន្តិសុខ ប៉ូលីស យោធា ឈប់គាំទ្ររបបដឹកនាំនោះទេ។ កុបកម្មហិង្សាប្រឈមមុខនឹងគូបដិបក្សបង្ក្រាប មានសង្ឃឹមជោគជ័យតែ ២០ភាគរយប៉ុណ្ណោះ។ សារជាតិជាមនុស្ស នរណាក៏ដូចគ្នាដែរឱយតែរងការវាយប្រហារ ជាទួទៅ គេនឹងវាយតបវិញ ដើម្បីការពារខ្លួន។ ប្រឈមមុខនឹងគ្រោះថ្នាក់គំរាមកំហែងដល់អាយុជីវិត ភ្នាក់ងារបង្ក្រាបទាំងអស់មានតែរួមសាមគ្គីគ្នាវាយបក ដើម្បីរួចជីវិតទាំងអស់គ្នាប៉ុណ្ណោះដោយមិនខ្វល់ថាពួកគេពេញចិត្តរបបដឹកនាំឬអត់ទេ។ កងកម្លាំងសន្តិសុខ ប៉ូលីស យោធាសុទ្ធតែមានបទពិសោធខាងបាញ់បោះវាយតប់ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ប្រើកម្លាំងបាយនិងអាវុធគឺជាជំនាញរបស់ពួកគេហើយ។ ឯខាងប្រជាជនស៊ីវិលវិញ មានតែប្រុសៗពេញកម្លាំងប៉ុណ្ណោះទើបអាចទប់ទល់បាន តែទប់ទល់បានមិនមែនវាយឈ្នះភ្នាក់ងារបង្ក្រាបឡើយ។
អំពើហិង្សាគ្មានប្រសិទ្ធភាពទៅហើយ តើសកម្មភាពអហិង្សាយកឈ្នះដោយរបៀបណាទៅ? ចម្លើយងាយៗគឺថា បាតុកម្មអហិង្សាមិនចាំបាច់យកឈ្នះការបង្ក្រាបឡើយ។ អ្វីដែលបាតុកម្មអហិង្សាត្រូវការគឺធ្វើឱយភ្នាក់ងារបង្ក្រាបបោះបង់ឆន្ទៈបង្ក្រាប ពោលគឺ ធ្វើឱយក្រុមអាជ្ញាធរ កងកម្លាំងរក្សាសន្តិសុខ យោធា ប៉ូលីស បញ្ឈប់ការបង្ក្រាប ធ្វើជាមិនឮបទបញ្ជាថ្នាក់លើ ដាក់ពាក្យសុំច្បាប់ឈប់សំរាក គាំទ្រចលនាប្រជាជនដោយប្រយោលវិញ។ ខុសពីកុបកម្មហិង្សាដែលត្រូវយកឈ្នះដោយវាយបង្ខំនរណាម្នាក់ឱយចុះចាញ់ លុតក្រាប សំពះអង្វរ បាតុកម្មអហិង្សាវិញមិនចង់ឈ្នះនរណាម្នាក់ឡើយ ប៉ុន្តែពួកគេលួងលោមបញ្ចុះបញ្ចូលបង្កើតភាពស្និទ្ធស្នាលនឹងគូបដិបក្សដែលជាភ្នាក់ងារបង្ក្រាបតូចៗ រហូតដល់ធ្វើឱយរង្គោះរង្គើដល់ពួកវរជនធំៗដែលធ្លាប់តែគាំទ្រជនផ្តាច់ការ ឱយមកឈរខាងប្រជាជនវិញ។ សំនួរត្រូវបានគេចោទសួរថា តើត្រូវធ្វើម្តេចទើបអាចផ្លាស់ប្តូរម្ចាស់របស់អ្នកទាំងនោះបាន? លោក ម៉ារទីន លូធើរ ឃីង បានឆ្លើយសំនួរនេះរួចហើយ ថែមទាំងអនុវត្តបានជោគជ័យនៅក្នុងចលនាទាមទារសិទ្ធិប្រជាជនស៊ីវិលប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិចទៀតផង។ ក្នុងអំលុងពេលជាប់គុកដោយសារការអនុវត្តវិធីមិនគោរពតាមដោយអហិង្សានៅក្នុងរដ្ឋអាឡាបាមា លោកបានសរសេរអត្ថបទមួយចំណងជើងថា «ស្រឡាញ់សត្រូវរបស់អ្នក» ដែលយើងដកស្រង់រៀបចំជាសេចក្តីដូចតទៅ៖
ពួកយើងមិនត្រូវព្យាយាមយកឈ្នះនិងធ្វើឱយសត្រូវរបស់យើងអាម៉ាសមុខនោះទេ ប៉ុន្តែយើងត្រូវទាញយកមិត្តភាពនិងការយល់គ្នាពីពួកគេឱយបាន។ សម្តីនិងទង្វើត្រូវតែបំពេញការយល់គ្នារវាងយើងនិងសត្រូវ ព្រមទាំងធ្វើឱយឃ្លាំងសុច្ឆន្ទៈដ៏ធំទូលាយធ្លាយចេញមក ឃ្លាំងដែលធ្លាប់តែបានបិតខ្ទប់ដោយជញ្ជាំងនៃសេចក្តីស្អប់ដែលពុំអាចទម្លុះបាន។ […] ហេតុអ្វីបានជាយើងត្រូវស្រឡាញ់សត្រូវរបស់យើង? ហេតុផលជាក់ស្តែងគឺដោយហេតុថា យកសេចក្តីស្អប់ទៅតបនឹងសេចក្តីស្អប់បង្កើនសេចក្តីស្អប់។ បន្ថែមភាពងងឹតនៅក្នុងពេលយប់ជ្រៅ គឺបានបំបិតផ្កាយភ្លឺរួចទៅហើយ។ ភាពងងឹតមិនអាចបំបាត់ភាពងងឹតបាននោះទេ មានតែពន្លឺទេទើបអាច។ ស្អប់មិនអាចកំចាត់ស្អប់ឡើយ មានតែក្តីស្រឡាញ់ប៉ុណ្ណោះទើបអាចធ្វើបាន។ សេចក្តីស្អប់បង្កើនសេចក្តីស្អប់ ហិង្សាបង្កើនហិង្សា…។ […] សេចក្តីស្រឡាញ់គឺជាថាមពលតែមួយគត់ដែលអាចបំប្លែងសត្រូវមកជាមិត្រ។ យើងមិនដែលអាចប្រែសត្រូវជាមិត្រដោយយកស្អប់ទៅទល់នឹងស្អប់នោះទេ (ដោយស្អប់សត្រូវ)។ យើងអាចប្រែសត្រូវមកជាមិត្រដោយបំបាត់ភាពជាសត្រូវ។ តាមរយៈធម្មជាតិពិតរបស់វា សេចក្តីស្អប់ត្រូវបានបំផ្លាញនិងដាច់ជាចំរៀក សេចក្តីស្រឡាញ់ត្រូវបានបង្កើតនិងកសាងឡើង។ សេចក្តីស្រឡាញ់បំប្លែងដោយអំនាចនៃការជួយសង្គ្រោះ។
អ្នកស្អប់គេនិងអ្នកដែលត្រូវបានគេស្អប់ សុទ្ធតែចូលរួមបង្កើតភាពសត្រូវនិងជាប់ក្នុងគុកនៃសេចក្តីស្អប់ដូចគ្នា ឯអ្នកដែលឈឺចាប់តប់ប្រមល់ជាងគេពុំមែនជាអ្នកដែលត្រូវគេស្អប់នោះទេ តែគឺអ្នកដែលស្អប់គេ។ មានតែដោះលែងខ្លួនឯងឱយរួចពីសេចក្តីស្អប់សត្រូវជាមុនសិនទេ ទើបអាចបង្កើតមិត្តភាពជាមួយសត្រូវនិងចុងក្រោយ សត្រូវក៏ក្លាយជាមិត្រ។ ទោះបី ឃីង បានសំរេចបានជោគជ័យទទួលបានការទទួលស្គាល់សិទ្ធិស្មើភាពរវាងជនស្បែកសនិងជនស្បែកខ្មៅហើយក៏ដោយ ក៏ក្រោយពីបានអានសេចក្តីសំរង់ខាងលើមក ពួកយើងសរសើរពីគុណធម៌និងសីលធម៌របស់លោក ជាជាងគិតថាវាអាចអនុវត្តបាន ពោលគឺអហិង្សារបស់ ឃីង ដូចគន្ធីដែរ គឺជាអហិង្សាខាងគោលការណ៍ជាជាងបែបអនុវត្តន៍ ទោះបីលោកទាំងពីរបានជ័យជំនះហើយក៏ដោយក្តី។ តើបាតុករអហិង្សាអាចបង្កើតមិត្តភាពជាមួយនឹងអ្នកនិយមហិង្សាដូចម្តេច បើពួកគេចូលចិត្តប្រើអាវុធកម្លាំងបាយមកនិយាយជំនួសមាត់ដូច្នេះ? សូម្បីតែកូនចៅតូចៗ ដូចជា កងសន្តិសុខ ប៉ូលីស យោធាក៏ពិបាកធ្វើឱយពួកគេយល់ស្របតាមដែរ ទំរាំដល់មេៗឬពួកផ្តាច់ការទាំងអស់នោះទៀត? លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មេដឹកនាំចលនាស្របប្រជាធិបតេយ្យនៅភូមាក៏បាននិយាយដែរថា «ពិតជាមិនដែលងាយសោះឡើយ ក្នុងការធ្វើឱយមនុស្សដែលបានអំនាចដោយកម្លាំងជឿលើការផ្លាស់ប្តូរដោយសន្តិភាព។» លោក ជីន សាប ដូចគ្នាបានព្រមានថា ជនផ្តាច់ការមិនចេះគោរពសន្យាទេ។ ទោះបីយ៉ាងណា លោកក៏មិនបាននិយាយថា យើងមិនអាចបង្ខំពួកគេឱយគោរពសន្យាបាននោះដែរ។ សូមកុំភ្លេចថា លោក នេលសុន មែនដឺឡា (Nelson Mandela) ទទួលបានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៩៣ ចំពោះការប្រឹងប្រែងធ្វើឱយមានការផ្លាស់ប្តូរទៅរករបបប្រជាធិបតេយ្យពុំមានការរើសអើងជាតិសាសន៍ ដោយសន្តិភាពឱយសោះ។ តាមរយៈការចរចាដោយសន្យាមិនផ្តន្ទាទោសជនល្មើសដែលពាក់ពាន់ទាំងឡាយ ជំនួសដោយលក្ខខណ្ឌសារភាពកំហុសនានាដែលបានប្រព្រឹត្តខុសកន្លងមក លោកនៅតែអាចសំរេចសមិទ្ធផលបានដ៏អស្ចារ្យមិនគួរឱយជឿ គឺបញ្ចប់ទំនាស់ដោយគ្មានអំពើហិង្សាកើតឡើង។
ចលនាប្រជាជនបានជោគជ័យលើសលុបជាច្រើនករណីមកហើយ ដោយសារសេចក្តីស្រឡាញ់យកឈ្នះសេចក្តីស្អប់នេះ។ ឯករណីចរចាបញ្ចប់ជម្លោះដោយសន្តិភាពនេះ គេអាចធ្វើទៅបាន តែមិនមែនចាប់ផ្តើមភ្លាមៗទេ ផ្ទុយទៅវិញ គេត្រូវបង្កលក្ខណៈងាយស្រួលនិងទាល់ច្រកឱយជនផ្តាច់ការនិងបក្សពួកអាចទទួលយកការចរចាដោយចលនាប្រជាជនដើរខ្សែលើជាមុនសិន។ បើកម្លាំងពួកគេនៅតែខ្លាំង សសរស្តម្ភគាំទ្ររបស់ពួកគេនៅតែរឹងមាំ ពួកគេមិនចេះចរចាជាមួយនរណាឡើយ ទោះចរចាក៏ក្បដក្រលាស់សម្តីជាធម្មតា ពោលគឺបើចរចាចាញ់គឺមិនចរចា។ ដើម្បីបង្ខំជនផ្តាច់ការឱយគោរពតាមការសន្យាពេលចរចា គេត្រូវដណ្តើមយកការគាំទ្រពីអ្នកឋិតក្រោមអំនាចរបស់ជនផ្តាច់ការឱយឈរខាងប្រជាជនជាដំបូងសិន។ បើចង់ឱយអ្នកធំៗទាំងនោះឈរខាងប្រជាជន មិនងាយភ្លាមៗនោះទេ។ គេត្រូវការរយៈពេលយូរ ក្រោយពេលចលនាមានការគាំទ្រខ្លាំងទៅៗ ពួកគេនឹងបន្ទន់គោលជំហរទៅរកខាងណាដែលទំនងឈ្នះ ប៉ុន្តែជនផ្តាច់ការនិងគ្នីគ្នាជិតស្និទ្ធជាងគេបំផុតមិនងាយចុះចាញ់ជាដាច់ខាត ហេតុនេះ ចលនាក៏ត្រូវស្វិតស្វាញមិនឱយភ្នាក់ងារបង្ក្រាបវាយយកឈ្នះបានជាដាច់ខាតដែរ។ ត្រង់នេះ វិធីអហិង្សា ដូចជាការលួងលោម បង្កើតភាពស្និទ្ធស្នាល យកចិត្តយកថ្លើម ជូនឬដោតផ្កា ហុចទឹកនំចំណី លេងល្បែងកំសាន្តជាមួយភ្នាក់ងារបង្ក្រាបទាំងនោះ មិនមែនរឿងចៃដន់នោះទេ នៅក្នុងបាតុកម្មអហិង្សា។ វាគឺជាកលយុទ្ធទិញទឹកចិត្ត ប៉ុន្តែឥតក្លែងក្លាយ។ ខុសពីក្នុងយុទ្ធសាស្ត្រសង្គ្រាមដែលគេនិយមបោកប្រើ ដោយវិធីទិញទឹកចិត្តតាមរយៈផ្តល់តំណែង មាសប្រាក់ ស្រីញី។ល។ កលយុទ្ធក្នុងបាតុកម្មអហិង្សាគ្មានចេតនាបោកប្រាស់អ្នកណាម្នាក់ឡើយ តែទាមទារការយល់ពីគ្នាយ៉ាងពិតប្រាកដ។ វិធីនេះកាន់តែប្រើ កាន់តែមានប្រសិទ្ធភាព ទោះបីភាគីម្ខាងទៀតមិនព្រមទទួលឬតបដោយកំរោលក៏ដោយ ព្រោះថា ពួកគេពិបាកបដិសេធអំពើល្អខ្លាំងណាស់ ទោះបីមានគោលជំហរពុំចុះចំរុងគ្នាក៏ដោយ ហើយបើពួកគេតបដោយការបង្ក្រាបឬរារាំងសកម្មភាពវិជ្ជមានទាំងនោះ ពលរដ្ឋនឹងមើលមកភ្នាក់ងារដែលមានប្រតិកម្មបែបបនេះថាអមនុស្សធម៌ គ្មានសុជីវធម៌ បាក់មុខអាប់មាត់ ការគាំទ្ររបបដឹកនាំក៏ថយចុះដូចគ្នា។ វិធីទាំងនេះមិនមែនយកចិត្តតែភ្នាក់ងាររដ្ឋាភិបាលទេ តែគឺអន្ទងចិត្តសាធារណជននិងភាគីទីបីផងដែរ។ ហេតុនេះហើយ ទើបសកម្មជននិងអ្នកដឹកនាំបាតុកម្មតែងតែផ្សព្វផ្សាយជាសាធារណៈឱយមហាជនដឹង ដើម្បីឱយពួកគេគាំទ្រចលនានិងមិនពេញចិត្តនឹងរដ្ឋាភិបាលផង។ បើភាគីខាងរដ្ឋាភិបាលមិនទទួលយកការស្វាគមនេះទេ គេនៅតែមានវិធីមានប្រសិទ្ធភាពជាងនេះទៀត ដើម្បីទាក់ទាញការគាំទ្រពីអាជ្ញាធរទាំងនោះ។ បើក្រោមកែវភ្នែករបស់ភ្នាក់ងាររដ្ឋាភិបាល បាតុករត្រឹមតែជាមនុស្សមិនស្គាល់គ្នាឬប្រជាជនសាមញ្ញទេ នោះគេមិនអាចធ្វើឱយសេចក្តីស្រឡាញ់នោះបញ្ចេញភាពសកម្មរបស់ខ្លួនឡើយ។ ឧបករណ៍ហិង្សារបស់ជនផ្តាច់ការ ដូចជាអាជ្ញាធរ ប៉ូលីស កងសន្តិសុខ យោធា អាចវាយធ្វើបាបបាតុករតាមបញ្ជាថ្នាក់លើដោយឥតមានអល់អែកនិងគ្មានមេត្តា បើពួកគេពុំជាប់ទាក់ទងអ្វីនឹងបាតុករទាំងនោះ។ លោក រ៉ូបឺត ហ៊ែលវី (២០០៤, ទំ. ៧៤) បានផ្តល់ដំបូន្មានក្នុងការទាញយកការគាំទ្រពីអ្នកនៅក្នុងរបបដឹកនាំមកជួយជាកម្លាំងចលនាដូច្នេះ៖
ផែនការយុទ្ធសាស្ត្រគួររាប់បញ្ចូលការប្រឹងប្រែងកែនមិត្រភក្តិនិងសាច់ញាតិរបស់អ្នករដ្ឋការសំខាន់ៗ ដែលជាសសរស្តម្ភគាំទ្ររបស់ជនផ្តាច់ការ។ ក្នុងករណីនេះ វាពិតជាសំខាន់ណាស់ក្នុងការសង្កត់ធ្ងន់លើការដកយកសសរស្តម្ភគាំទ្រសំខាន់ៗពីរបបដឹកនាំបញ្ជូនទៅឱយចលនាប្រឆាំងវិញ ជាជាងប្រើវិធីណាដែលរុញពួកគេឱយចូលទៅក្នុងមជ្ឈដ្ឋាននៃរចនាសម្ពន្ធអំនាចរបស់របបដឹកនាំកាន់តែជ្រៅ (ប្រមូលផ្តុំកម្លាំងគ្នានៅក្រោមរបបដឹកនាំជាជាងបែកខ្ញែកចេញ)។ ជនផ្តាច់ការក៏នឹងត្រូវប្រឈមនឹងបញ្ហាស្វាមីភក្តិបន្តទៀតរបស់អ្នកដែលរំពឹងថាត្រូវចាប់ខ្លួន ត្រូវគំរាមកំហែងពួកគេដែលបានបណ្តែតបណ្តោយឱយសមាជិកក្រុមគ្រួសារខ្លួនឯងដើរផ្លូវមិនត្រឹមត្រូវ (គាំទ្រចលនាប្រឆាំង)។ វាពិតជាលំបាកសំរាប់មេបញ្ជាការដែលត្រួតត្រាកម្លាំង គ្រប់គ្រងចលាចលណាស់ក្នុងការប្រើកូនចៅរបស់ខ្លួនឱយយកដំបង អាវុធ ឧស្ម័នបំពុល វាយប្រហារបាញ់បោះទៅលើក្រុមបាតុករ នៅពេលដែលមើលឃើញកូនរបស់ពួកគេនៅជួរមុខនៃបាតុកម្ម។ បើយោលទៅតាមភាពសមហេតុផល មេបញ្ជាការនោះនឹងត្រូវបានផ្លាស់ប្តូរ និងជំនួយដាក់មកវិញដោយមេបញ្ជាការថ្មីផ្សេងទៀតដែលមានបទពិសោធទាបជាងអ្នកចាស់។ តាមហេតុផលដដែលនេះ មេបញ្ជាការថ្មីក៏ក្លាយមុខសញ្ញាមួយទៀតរបស់ក្រុមប្រជាធិបតេយ្យដដែល។ សេចក្តីលំបាករបស់របបដឹកនាំក៏មិនចេះចប់មិនចេះហើយ នៅពេលដែលសសរស្តម្ភគាំទ្រទាំងនោះរលំបន្តគ្នាទប់លែងជាប់។
យុទ្ធសាស្ត្រទន់បង្ក្រាបរឹង ស្រឡាញ់ជំនះស្អប់នេះ មិនមែនជាការចាប់ជំរិតឬចាប់បងប្អូនសាច់ញាតិរបស់ភាគីស្របរដ្ឋាភិបាលជាចំណាប់ខ្មាំងនោះឡើយ ព្រោះចលនាប្រជាជនស៊ីវិលដោយអហិង្សាមិនអាចនិងត្រូវបង្ខិតបង្ខំឱយពួកគេចូលរួមចលនាឡើយ តែត្រូវលួងលោមនិងទាក់ទាញពួកគេឱយស្មគ្រចិត្តជួយចលនា ទើបពួកគេក្លាយជាកម្លាំងមានឥទ្ធិពលពិតប្រាកដ អាចប្រើសេចក្តីស្រឡាញ់របស់មនុស្សស្និទ្ធស្នាលរបស់ភ្នាក់ងាររដ្ឋាភិបាលទាំងនោះ មកបន្សាបសេចក្តីស្អប់ចំពោះចលនា រួចដាក់អាវុធចុះ មកឈរខាងក្រុមបាតុករវិញ។ ដូចយើងបានដឹងពីខាងដើមហើយថា បាតុកម្មអហិង្សាផ្តល់សេរីភាពក្នុងការចូលរួមនិងចាកចេញឱយសមាជិក គ្មាននរណាមានសិទ្ធិបំបាត់សេរីភាពរបស់អ្នកណាឡើយ។
ចុះបើបាតុកម្មមិនអាចទាក់ទាញអ្នកមានទំនាក់ទំនងនឹងរបបដឹកនាំបាន តើគេគួរធ្វើដូចម្តេចទៅ? ប្រាកដណាស់ថា ពួកគេកំរអាចក្បដគ្រួសារមិត្រភក្តិ សាច់ញាតិ មកជួយចលនាប្រឆាំងនឹងបក្សដែលផ្តល់ផលប្រយោជន៍ជូនក្រុមគ្រួសារគេយូរមកហើយណាស់។ គាំទ្រចលនាប្រជាជនមានតែធ្វើឱយបាត់បង់ផលប្រយោជន៍បក្សពួករបស់ខ្លួនប៉ុណ្ណោះ។ ពិតមែនតែគេពិបាកទាញយកការគាំទ្រពីអ្នកជិតស្និទ្ធរបស់វរជនសំខាន់ៗក្នុងរបបដឹកនាំ តែសំរាប់អ្នកបង្ក្រាបដែលជាកូនចៅគេ មានឋានៈតូចៗ ប្រឈមមុខផ្ទាល់នឹងចលនា ពួកគេមានពីប្រភពចេញពីប្រជាជនស៊ីវិលសុទ្ធសាធ។ ម្យ៉ាង លោក ហ៊ែលវី ក៏មិនបានសំដៅចំៗថា ទាល់តែអ្នកមានទំនាក់ទំនងនឹងអ្នកធំនោះដែរ។ កូន ប្រពន្ធ ម្តាយឪពុក គ្រួសារ សាច់ញាតិរបស់កងកម្លាំងរក្សាសន្តិសុខ ប៉ូលីស យោធា អាជ្ញាធរ ទាំងអស់នោះ ជាទួទៅជាប្រជាជនសាមញ្ញ ហើយចង់ទាក់ទាញយកការគាំទ្ររបស់ពួកគេមិនពិបាកនោះទេ។ ដូច្នេះហើយ ការស៊ើបប្រវត្តិ ដើម្បីស្គាល់អត្តសញ្ញាណភ្នាក់ងារបង្ក្រាបគឺសំខាន់ណាស់ ព្រោះគេអាចរកឃើញនិងស្គាល់អ្នកជិតស្និទ្ធនឹងភ្នាក់ងារទាំងនោះ នឹងអាចទាក់ទាញអ្នកទាំងនោះឱយចូលរួមគាំទ្រចលនាបាន។ ក្នុងករណីដែលពិបាកអូសទាញ ឬមានការភ័យខ្លាច គ្មានសេចក្តីក្លាហានចូលរួមបាតុកម្ម អ្នកជិតស្និទ្ធទាំងអស់នោះនៅតែអាចគាំទ្រជួយចលនាដោយប្រយោល ពោលគឺពួកគេអាចបង្ខិតបង្ខំភ្នាក់ងារបង្ក្រាប តាមរយៈពលិការសង្គម ផ្តាច់ទំនាក់ទំនង ដេញចេញពីផ្ទះឬមិនឱយចូលផ្ទះ ជំរុញឱយភ្នាក់ងារទាំងនោះសុំច្បាប់ឈប់សំរាក ឬបើចាំបាច់លាលែងពីការងារតែម្តង បើពួកគេនៅបង្ក្រាបបាតុកម្មបន្តទៀត។ សំរាប់ស្ត្រីជាភរិយាវិញ ពួកនាងអាចធ្វើកូដកម្មភេទ (Lysistratic inaction) ផ្តាច់សង្វាសឬដំណេកជាមួយស្វាមី ដូចគំរូក្នុងរឿងកំប្លែងក្លាស៊ីក «លីស៊ីស្ត្រាតា» (Lysistrata) របស់អ្នកនិពន្ធក្រិច អារីស្តូហ្វាន (Aristophanes) នៅស.វ. ទី៥ មុន គ. ស.។ ក្នុងករណីនេះ ក្រុមស្រ្តីធ្វើកូដកម្មភេទ ដើម្បីបង្ខំឱយមានការផ្លាស់ប្តូរណាមួយ។ របៀបកូដកម្មនេះមានដើមកំណើតចេញពីតួអង្គស្រីនាម លីស៊ីស្ត្រាតា (ឈ្មោះរបស់នាងមានន័យថា បំបែកកងទាប់)។ តួអង្គស្រី្តនេះបានដឹកនាំស្រ្តីនៅក្រិចធ្វើកូដកម្មផ្តាច់ការរួមសង្វាសជាមួយប្តី បង្ខំបុរសជាកងទាប់ទាំងនោះឱយបញ្ឈប់សង្គ្រាមនៅភីឡូប៉ូនេស (The Peloponnesian War)។ សូម្បីតែមហាត្មៈ គន្ធី ក៏បានពោលលើកតម្កើងស្រ្តីដែរថា «ហៅមនុស្សស្រីថាជាភេទទន់ខ្សោយគឺជាការដាក់នាមបង្ខូចកេរតិឈ្មោះស្រ្តី។ វាគឺជាអំពើអយុត្តធម៌របស់បុរសចំពោះស្ត្រីភេទ។ ប្រសិនកម្លាំងមានន័យថាកម្លាំងដោយកម្រោល ដូច្នេះ ពិតណាស់ ស្ត្រីមិនឃោរឃៅជាងបុរសទេ។ បើសិនកម្លាំងមានន័យថាជាអំនាចខាងផ្លូវសីលធម៌វិញ នោះស្ត្រីគឺជាភេទដ៏ឧត្តុង្គឧត្តមជាងបុរស រហូតដល់ឥតអាចវាស់វែងបាន។ តើស្រ្តីមិនមានសភាវគតិ មិនមានការលះបង់ខ្លួនឯង មិនមានការតស៊ូអត់ធ្មត់ មិនមានសេចក្តីក្លាហានជាងបុរសឬ? បើគ្មានស្រ្តីទេ បុរសមិនអាចមានលក្ខណៈទាំងនោះឡើយ។ ប្រសិនបើអហិង្សាគឺជាច្បាប់នៃសភាវៈជាមនុស្សរបស់យើង នោះអនាគតគឺឋិតលើស្ត្រី។ តើអ្នកណាអាចមានភាពទាក់ទាញដ៏មានប្រសិទ្ធភាពដល់បេះដូងជាងស្ត្រីទៀតនោះ?» មនុស្សប្រុសមើលស្រាលកម្លាំងមនុស្សស្រី មនុស្សស្រីទទួលរងឥទ្ធិពលវប្បធម៌តែងតែគិតថា ខ្លួនឯងជាភេទទន់ខ្សោយ ប៉ុន្តែគ្រាន់តែពួកគេបដិសេធមិនរួមភេទ ក៏អាចធ្វើឱយបុរសចុះញ៉មដែរ។ ចំពោះវិធីហិង្សា ប្រើកម្លាំងកាយ វាយប្រហារ បាញ់និងកាប់សម្លាប់ ស្ត្រីខ្សោយជាងបុរសមែន។ ប៉ុន្តែចំពោះវិធីអហិង្សាវិញ ស្ត្រីមានប្រៀបជាងបុរសឆ្ងាយណាស់ ព្រោះសូម្បីតែពេលបាតុករអហិង្សាជាស្ត្រីភេទរងការបង្ក្រាបក៏សាធារណជន និងក្រុមទីបីមានប្រតិកម្មខ្លាំងជាងបាតុករជាបុរសដែរ គឺថាវប្បធម៌ចាត់ទុកនារីគឺភេទទន់ខ្សោយ នាំឱយការវាយមនុស្សស្រីគឺជាការរំលោភបំពានបទដ្ឋានសង្គម ទោះការឱយតម្លៃស្ត្រីខុសគ្នាទៅតាមវប្បធម៌ក៏ដោយ។ កុបកម្មហិង្សាមើលរំលងតម្លៃនៃការចូលរួមរបស់មនុស្សស្រី ទើបងាយបរាជ័យនិងគ្មានលក្ខណៈប្រជាធិបតេយ្យ បង្កជាហិង្សា កាប់សម្លាប់ សង្គ្រាមឥតឈប់ឈរ ពោលគឺពួកគេដោះស្រាយទំនាស់ដោយចងទំនាស់បន្ថែមលើទំនាស់ ហិង្សាលើហិង្សា។
ចំនួនចំរុះនៃអ្នកចូលរួមគឺជាកត្តាសំខាន់បំផុត កំណត់ជោគជ័យចលនាប្រជាជន ព្រោះវាអាចធ្វើឱយការបង្ក្រាបគ្មានប្រសិទ្ធភាពនិងពិបាកធ្វើទៅបានដោយសារចំណងបណ្តាញទំនាក់ទំនងរវាងភាគីទាំងពីរខាង, ការបង្ក្រាបបង្ហាញរូបភាពអយុត្តិធម៌និងមិនស្របច្បាប់របស់រដ្ឋាភិបាល ដែលជួយកៀងគរប្រជាជនឱយចូលរួមចលនាឱយរិតតែកុះករ, អ្នកគាំទ្ររបបដឹកនាំនឹងបែរមកនៅខាងចលនា, គ្មានអ្នកនៅស្តាប់តាមបញ្ជា ជនផ្តាច់ការក៏គ្មានអំនាចបង្ក្រាបចលនាប្រជាជនទៀតដែរ។ ពេលនោះ ពួកគេនឹងព្រលែងស្ថាប័នទាំងឡាយម្តងៗមួយ ហើយចលនាប្រជាជនត្រូវរៀបចំស្ថាប័នទាំងនោះឱយមានឯករាជ្យ មិនចំណុះបក្សនយោបាយ មានការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំស្ថាប័ននិងសំរេចចិត្តជាក្រុមដោយសមាជិកទាំងអស់។ល។ លុះត្រាតែគេអាចធានាយន្តការប្រជាធិបតេយ្យគ្របដណ្តប់ទៅលើស្ថាប័នសំខាន់ៗជាច្រើនសិន ទើបគេអាចចាប់បង្ខំឱយជនផ្តាច់ការចរចានិងទទួលយកការផ្លាស់ប្តូររបបដឹកនាំដោយសន្តិភាពបាន។ ការលើកទោសឱយអ្នកដឹកនាំរបបចាស់និងបក្សពួក ជាថ្នូរនឹងការសារភាពការពិត ដូចរបៀបលោក មែនដឺឡា អាចអនុវត្តបានដោយជោគជ័យបាន ក្នុងពេលដែលចលនាបើកយន្តការបំបែកជនផ្តាច់ការចេញពីសសរស្តម្ភគាំទ្រទាំងឡាយបានសំរេច៕