អប្រជាធិបតេយ្យ​នៃ​កុប​កម្ម​ហិង្សា​និង​​ចលនា​យោធា​

ap0411080773

កុប​កម្មហិង្សា​មិន​អាច​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​បាន​ទេ​ ព្រោះ​ដើម្បី​ឱយ​កម្លាំង​ហិង្សា​​មាន​ប្រសិទ្ធ​ភាព​និង​មាន​​សណ្តាប់​ធ្នាប់​ល្អ​ គេ​ត្រូវ​ការ​អំនាច​ប្រមូល​ផ្តុំ​ វិន័យ​តឹង​រឹង​ ការ​សម្ងាត់​ខ្ពស់​ ការ​ហ្វឹក​ហាត់​ម៉ឺង​ម៉ាត់​ មនុស្ស​មាន​កម្លាំង​ មូល​ដ្ឋាន​ទាប់​ សព្វាវុធ។ល​។ អំនាច​ប្រមូល​ផ្តុំ​គឺ​ជា​សត្រូវ​របស់​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​, ការ​សម្ងាត់​មិន​បើក​ចំហ​ឬ​ការ​រិត​ត្បិត​ពត៌មាន​គឺ​ជាមធ្យោបាយ​ផ្តាច់​ការ​បំផុត​ដែល​គ្រប់​គ្រង​ការ​គិត​របស់​មនុស្ស​, ការ​បណ្តុះ​បណ្តាល​ឱយ​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​កាប់បាញ់​​សម្លាប់​លើ​មនុស្ស​ដូច​គ្នា​គឺ​ជា​វិធី​ដ៏​អមនុស្ស​ធម៌បំផុត​​ ជា​ជាង​ជា​វិធី​ដោះ​ស្រាយ​ទំនាស់​ដោយ​ស្មើ​ភាព​។ ​អ្វី​ដែល​ធ្វើ​ឱយ​កុប​កម្ម​ហិង្សា​អប្រជាធិបតេយ្យ​បំផុត​គឺ​ប្រជាជន​ស៊ីវិល​ភាគ​ច្រើន​ពុំ​អាច​ឬ​ពិបាក​ចូល​រួម​ជា​មួយ​ចលនា​។ ដោយ​សារ​ប្រជាជន​ស៊ីវិល​ច្រើន​ជា​ជន​រង​គ្រោះ​ មិន​ទទួល​បាន​ប្រយោជន៍​ទោះ​ក្រុម​ខាង​ណា​ឈ្នះ​ ដូច្នេះ​ពួក​គេ​កំរ​គាំទ្រ​ចលនា​ហិង្សា​ណាស់​ មិន​ថា​​ក្រុមគាំទ្រ​ឬ​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ។ ​​ហេតុ​ដែល​ប្រជាជន​ភាគ​ច្រើន​ពុំ​​គាំទ្រនិង​ពិបាក​ចូល​រួម​​ ព្រោះ​កុប​កម្ម​ហិង្សា​ យោល​តាម​លោក​ស្រី​ ឆេណូវេថ​ មាន​រនាំង​យ៉ាង​តិច​បួន​រារាំងប្រជាជនទួទៅ​​៖ ​​រនាំង​​ផ្លូវ​កាយ​ ការ​លំបាក​ទំនាក់​ទំនង​​​ពត៌មាន ឧបសគ្គ​ផ្លូវ​ចិត្ត​ឬ​សីលធម៌ និង​បញ្ហា​នៃ​​ការ​បេ្តជ្ញា​ចិត្ត​ (Physical, Informational, Conitive or Moral  and Commitment, Barrier)។​

១. រនាំង​ផ្នែក​កាយសម្បទា​

មាន​ប្រជាជន​ចំនួន​តិច​ណាស់​បើ​ធៀបទៅ​នឹង​ប្រជាជន​ទាំង​មូល​ ដែល​មាន​កាយ​សម្បទា​គ្រប់​គ្រាន់​អាច​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​កំរិត​ធ្ងន់បាន​។ ស្ត្រី​ កូន​ក្មេង មនុស្ស​ចាស់​​ ជន​ពិការ​ ដែល​តំណាង​ឱយ​ប្រជាជន​មិន​តិច​នោះ​ទេ​​ ត្រូវ​បាន​បញ្ចៀស​ចេញ​ដោយ​រនាំង​ផ្លូវ​កាយ​នេះ​។ សូម្បី​តែ​បុរស​ក៏​ដោយ​ ក៏​ពុំ​សុទ្ធ​តែ​​ប្រកប​ដោយ​កាយ​សម្បទា​មាំទាំទាំង​អស់​​​នោះ​ដែរ​។​ ​សន្មត​ថា​ពួក​គេ​មាន​កម្លាំង​កាយ​ខ្លាំង​​ចុះ​​ ក៏​ពួក​គេ​នៅ​​ត្រូវ​ការ​ជំនាញ​ ភាព​ប៉ិន​ប្រសប់​ ការ​តស៊ូ​អត់​ធ្មត់ ​​ភាព​រហ័ស​រហួន​ ទាម​ទារ​ឱយ​មាន​​ការ​បណ្តុះ​បណ្តាល​ ចេះកាន់​​ប្រើ​ប្រាស់​អាវុធ ហើយ​ជា​ទួទៅ​ត្រូវ​រស់​នៅ​ដោយឡែក​​ពី​សង្គម គ្រួសារ​ ដាច់​ពី​ទំនាក់​ទំនង​ជិត​ស្និទ្ធនិង​ធម្មតា​​ទាំង​ឡាយទៀតផង​​​​។ ប្រជាជនស៊ីវិលសាមញ្ញ​ សូម្បី​កាន់​កាំភ្លើង​មិន​ត្រង់​ផង បើ​មិន​ទទួល​ការ​ហ្វឹក​ហាត់​​ទេ​ កុប​ករ​ហិង្សា​នឹង​គ្មាន​គុណ​ភាព​អាច​​ប្រយុទ្ធ​យក​​ឈ្នះ​កង​សន្តិ​សុខនិង​យោធា​របស់​រដ្ឋាភិបាលនោះ​ទេ​។

២. រនាំង​​ពត៌មាន (ឬ​សេចក្តី​លំបាក​ក្នុង​ទំនាក់​ទំនង)

ដើម្បី​ទាក់​ទាញ​អ្នក​ចូល​រួម គេ​ត្រូវ​ការ​ផ្សព្វ​ផ្សាយ​ឱយ​សាធារណជន​បាន​ជ្រាប​ពី​សមត្ថភាព​ គោលដៅ​​​ និង​ចំនួន​អ្នក​ចូល​រួម​ដែល​កែន​បាន​។ ប៉ុន្តែ​ សកម្មភាព​ហិង្សា ជា​ទួទៅ​គឺ​មិន​ស្រប​ច្បាប់​ អ្នក​មាន​សិទ្ធិ​ស្រប​​ច្បាប់​ប្រើ​ប្រាស់​ហិង្សា​មាន​តែ​រដ្ឋ​អំនាច​ប៉ុណ្ណោះ​ ទោះ​បី​រដ្ឋ​អំនាច​នោះ​បាន​អំនាច​ដោយ​មិន​ស្រប​ច្បាប់​ក៏​ដោយ​។ ហានិភ័យ​នៃ​ការ​ប្រើ​ហិង្សា​​ជំរុញ​ឱយ​កុប​កម្ម​​ត្រូវ​ធ្វើ​ប្រតិបត្តិការ​​​ដោយ​សម្ងាត់។ ការ​វាយ​ឆ្មក់​រដ្ឋាភិបាល​ បើ​ត្រូវ​ភ្នាក់​ងារ​រដ្ឋាភិបាល​ស៊ើប​ដឹង​ស្គាល់​អត្ត​សញ្ញាណ​កុប​ករ​មុន ​នោះ​គំរោង​ការ​នឹង​បរាជ័យ​។ បើ​បង្ហើប​រាល់​ការ​សម្ងាត់​ប្រាប់​សកម្មជន​ ខ្លាច​បែក​ការណ៍​អំពី​សំបុក​ចលនា​ ខ្លាច​មាន​រនុក​ក្នុង​​រដ្ឋាភិបាល​ ហើយ​ជា​ទួទៅ គំរោង​ការ​និង​​បទ​បញ្ជា​កម្លាំងប្រដាប់​អាវុធ​ត្រូវ​ធ្វើ​ឡើងដោយ​​សម្ងាត់​បំផុត​។​ ដូច្នេះ​ កុប​ករ​នីមួយៗ​អាច​ដឹង​ពត៌មាន​ចាំ​បាច់​តិច​តួចដែល​មេ​ចលនាអនុញ្ញាត​​ឱយ​ដឹង​បាន​​ប៉ុណ្ណោះ​ ​ ដែល​ការ​លាក់​បាំង​នេះ​នាំ​ឱយ​​ងាយ​​​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ បោក​​ប្រាស់​គ្នា​ យក​ជីវិត​គ្នា​ទៅ​ប្រថុយ​ចោល​។ សូម្បី​តែ​បញ្ជា​ឱយ​វាយ​ប្រហារ​ទី​តាំង​ណា​មួយ​ ក៏​កុប​ករ​មិន​ដឹង​ថា​​មាន​គ្នា​ប៉ុន្មាន​នាក់​ដែរ​ ហើយ​មេ​កុប​ករ​ក៏​អាច​បំភន្ត​ទំាង​កូន​ចៅ​ឯង​ផង​ដែរ​។ ទោះ​បី​​សកម្មភាព​ហិង្សា​មួយ​ចំនួន​ ដូច​ជា​ការ​លប​ធ្វើ​ឃាត​ ការ​បំផ្ទុះ​គ្រាប់​បែក​ ការ​ព្រមាន​ពី​ការ​វាយ​ឆ្មក់​ ការ​ចាប់​ជំរិត​ បាន​បញ្ចេញ​ឱយ​ដឹង​ជា​សាធារណៈនៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ ដើម្បី​បង្អួតឬ​បំប៉ោង​​ពី​សមត្ថ​ភាព​របស់​ចលនា​ក៏​ដោយ​ ​ក៏​តថភាព​ជាក់​ស្តែង​នៃ​ប្រតិបត្តិ​ការ​ចម្បង​នៅ​តែ​ត្រូវ​បាន​បិត​បាំង​។​ ពត៌មាន​ពិត​ប្រាកដ​អំពីចំនួន​សមាជិក​សកម្ម គេ​នៅ​តែ​ពុំ​បាន​ដឹង​និង​ឃើញ​ជាក់​ស្តែង​​ឡើយ​។ ក្នុង​ការ​ឃោសនា​បំប៉ោង​ទំហំ​និង​សមត្ថភាព​ចលនា​នេះ​ កុប​កម្ម​ហិង្សា​អាច​ថាមាន​ប្រៀប​​ជាង​បាតុកម្ម​អហិង្សា។ អត្ត​ឃាតកម្ម​បំផ្ទុះ​គ្រាប់​បែក​អាច​បង្ក​ការ​ខូច​ខាតខ្លាំង​និង​​ទាក់​ទាញ​ចំណាប់​អារម្ម​​សាធារណជន​ ដោយអស់​​ថ្លៃ​​ចំណាយ​ទាប​​​ ប៉ុន្តែ​វា​ទាម​ទារ​ការ​លះ​បង់​ខ្លាំងនិងប្តេជ្ញា​ចិត្ត​ខ្ពស់​។ យ៉ាង​ណា​មិញ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​ភាគ​ច្រើន​ទោរ​​ទៅ​រក​រដ្ឋាភិបាល​ មិន​សម​ណា​នឹង​​ផ្សាយ​កាន់​ជើង​ក្រុម​ឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ឡើយ​ ហើយ​ទោះ​បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនោះ​​ឯក​រាជ្យ​ក៏​ដោយ​ ក៏​មិន​ប្រាកដ​ថា​គាំទ្រ​សកម្មភាព​ហិង្សា​ដែល​មិន​ត្រឹម​តែ​បំផ្លាញ​សម្បត្តិ​រដ្ឋទេ​ តែ​គឺ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​​​​ប្រជាជន​ស្លូតត្រង់​ទៀត​​​​។ ​ការ​ចាំ​បាច់​ក្នុង​ការ​លាក់​បាំង​ពត៌មាន​​អាច​កាត់​បន្ថយ​សាមគ្គី​ភាព​ក្នុង​ក្រុម​និង​​ពុំ​អាច​បើក​ទូលាយ​ជា​សាធារណៈបាន​​​ឡើយ។ កង្វះ​ពត៌មាន​ក៏​មាន​ន័យ​ថា​កង្វះ​ការ​បើក​ចំហ​ឱយ​មាន​ការ​ចូល​រួម​នោះ​ដែរ​។

៣. រនាំង​ខាង​សីលធម៌​ (ឬ​ផ្លូវ​ចិត្ត)​

មនុស្ស​ជា​សាកល​ជ្រើស​រើសយក​សេចក្តី​ស្លាប់​ ជា​ជាង​សម្លាប់​គេ​។ សមត្មិ​កម្មនេះ​​នៅ​សំរូង​ចំរាស់​នៅ​​ឡើយ​ តែ​អ្វី​​ដែល​យើង​អាច​ប្រាកដ​បាន​នោះ​គឺ​ថា ​​មនុស្ស​ដែល​​ចូល​ចិត្ត​​បាញ់​បោះវាយ​​អ្នក​ដទៃឱយ​ស្លាប់​ឬ​មាន​របួស ជា​ប្រភេទ​​ជន​វិកល​ចរិត​ឬច្រើន​​មាន​រោគ​ចិត្ត​ ហើយ​ប្រជាជន​សាមញ្ញទួទៅ​​មិន​អាច​ធ្វើ​បានដូច​​ឡើយ​។ សីលធម៌​សង្គម​សូន​ចិត្ត​សាស្ត្រ​របស់​​​ប្រជាជន​ ឱយ​រើស​អើង​​អំពើ​ហិង្សា​របស់​កង​កម្លាំង​របស់​រដ្ឋាភិបាល​ស្រាប់ទៅ​ហើយ បើ​កុប​កម្ម​ទាម​ទារ​ឱយ​អ្នក​ចូល​រួម​​ដែល​មក​ពី​បណ្តា​ប្រជាជន​ស៊ីវិលប្រើ​ប្រាស់​ហិង្សា​ដែរ​នោះ​ ​គ្មាន​ភាព​ខុស​គ្នា​រវាង​ការ​​ប្រឆាំង​នឹងអំពើ​ហិង្សា​របស់​​​​រដ្ឋាភិបាល​និង​ចូល​ដៃ​នឹង​រដ្ឋាភិបាល​នោះ​ទេ​​​ ព្រោះ​​អ្វី​ដែល​គេ​​មើល​ឃើញ មិន​មែន​វីរជន​មួយ​ក្រុម​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្តាច់​ការនោះ​​ទេ​ តែ​គឺ​​ក្រុម​និយម​ហិង្សា​​ទាំង​ពីរ​វាយគ្នា​​ដណ្តើម​យក​​អំនាច​ កំពុង​លើក​ស្ទួយ​វប្បធម៌​ហិង្សា​ដូច​តែ​គ្នា​ គ្មាន​គិត​ពី​សន្តិ​សុខ​និង​សុវត្ថិ​ភាព​របស់​ប្រជាជន​ស៊ីវិល​ដូច​គ្នា​។ បើ​គិត​ពី​សីលធម៌​និង​ចិត្ត​សាស្ត្រ​​ កុប​កម្ម​ហិង្សា​មិន​ទំនង​ជាស្រូប​ទាញ​​​​ការ​គាំទ្រនិង​សមាន​ចិត្ត​​ពីប្រជាជនឡើយ​  ត្បិត​ហិង្សា​បង្កើត​​អ​​សន្តិ​​សុខនិង​បំផ្លាញ​សណ្តាប់​ធ្នាប់​​​។ ហេតុ​នេះ​ កុប​កម្ម​ហិង្សា​លំ​បាកធើ្វ​ឱយ​ប្រជាជន​​​ទទួល​ស្គាល់​ណាស់​ ព្រោះ​ពួក​គេ​ក៏​ខ្លាច​រង​គ្រោះ​ពី​អំពើ​ហិង្សា​របស់កុប​ករ​ហិង្សា​ដែរ។ រនាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​សីល​ធម៌​​​ឃាំង​ប្រជាជន​មិន​មែន​ត្រឹម​តែ​មិន​ឱយ​ចូល​រួម​ទេ​ ​សូម្បី​តែចង់ឱយ​​ប្រជាជន​​ទទួល​ស្គាល់​តែ​ថា​មាន​បុព្វហេតុ​​ត្រឹម​ត្រូវក៏​ពិបាក​ដែរ​។

៤. រនាំង​​នៃ​ការ​បេ្តជ្ញាចិត្ត​

ការ​តវ៉ា​ដោយ​ប្រើ​ប្រាស់​ហិង្សា​ទាម​ទារ​ការ​​បេ្តជ្ញាចិត្ត​​និង​ភាព​អត់ធ្មត់​នឹង​ហានិភ័យ​ពី​អ្នក​ចូល​រួម​ក្នុង​កំរិត​​ខ្ពស់​​​។ តំរូវ​ការ​នេះ​មាន​ហេតុ​ផល​បួន​យ៉ាង​៖ ក. គេ​ត្រូវ​ការ​បណ្តុះ​បណ្តាលកុប​ករ​​ថ្មី​ឱយ​ខ្លាំង​ដូច​គ្នា វៀរ​ចាក​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ពេល​ប្រតិបត្តិការ​។​ ប្រការ​នេះ​បង្កើតបាន​ជា​​ភាព​ស្ទក់ដើរ​មិន​ទាន់​គ្នា​​​​រវាងការ​​​ចូល​រួម​និង​ការ​ស្មគ្រ​ចិត្ត​ ដែល​ភាព​យឺត​យ៉ាវ​នេះ​បង្អាក់​​អ្នក​ដែល​មាន​ចិត្ត​ចង់​ចូល​រួម​ភ្លាម​ៗ។ ខ.​ នៅ​ពេល​ចេញ​ប្រតិបត្តិ​ការ​ដំបូង​ កុប​កម្ម​ហិង្សា​រិត​តែ​ត្រូវ​ការ​ប្តេជ្ញា​ចិត្ត​ពី​កុប​ករ​។ ការ​ត្រួត​ពិនិត្យ​មើល​សក្តានុពល​របស់​កុប​ករ​ដោយ​ឱយ​បញ្ចេញ​សមត្ថភាពត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចេតនា​ ដើម្បីឱយ​កុប​ករ​បង្ហាញ​ពី​ការ​បេ្តជ្ញា​ចិត្ត​និង​ភាព​ស្មោះ​ត្រង់​របស់​គេ​ចំពោះ​មេដឹក​នាំ​និង​ចលនា​។ មេ​ដឹក​នាំ​ចលនា​ក៏​មិន​សូវ​ទុក​ចិត្ត​អ្នក​ចំណូល​ថ្មីប៉ុន្មាន​​ដែរ​។ គ. កំលុង​​ពេល​ដំណើរ​​​វិវាទ​ កុប​ករ​ហិង្សា​មិន​អាច​ត្រលប់​ទៅ​រួមនឹង​ជីវភាព​សាមញ្ញ​បាន​ទេ​។ ពួក​គេ​ត្រូវ​បូជា​ទាំង​កម្លាំង​កាយ ​ចិត្ត ពេល​វេលា​​ រហូត​ដល់​អាយុ​ជីវិត។ ពួក​គេ​ត្រូវ​លាក់​អត្តសញ្ញាណ​ឋិត​ក្នុង​ទំរង់​បិត​បាំង​រហូត​ដល់​ចលនា​បាន​ជោគ​ជ័យ​។ ឃ.​ កុប​កម្ម​ហិង្សា​ត្រូវ​ការ​ឱយ​អ្នក​ចូល​រួម​ប្រថុយ​នឹង​ហានិភ័យ​យ៉ាង​ខ្លាំង​។ ប្រលូក​នឹង​​គ្រោះ​ថ្នាក់​​​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​កុបកម្ម​​ហិង្សា​។ សូម្បី​តែ​នៅ​ពេល​ធ្វើ​សម​យុទ្ធ​បន្តិច​បន្តួច​ក៏​អាច​ប៉ះ​ពាល់​ដល់​ជីវិត​ (ស្លាប់​ដោយ​ចៃដន់) ឬ​យ៉ាង​តិច​ណាស់​ក៏បង្ក​របួស​ស្នាម​លើ​រាង​កាយ​ដែរ​ ទោះ​ធ្ងន់​ឬស្រាលក្តី​។ នៅ​ពេល​ធ្វើ​ប្រតិបត្តិ​ការ​ ការ​ស្លាប់​ដោយ​សារ​​បំពេញ​តួ​នាទី​​រិត​តែ​ផុយ​ទៅ​ទៀត​។​​ ក្រោយ​ពេល​បេសកកម្ម​នីមួយៗ​​បរាជ័យ​ ឬ​ចលនា​ឧទ្ទាម​ដួល​រលំ​ទាំង​ស្រុង​​ ឱយ​តែ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​​ចាប់​បាន​ គ្មាន​សង្ឃឹម​ថា​រួច​រស់​សល់​ជីវិតទៅ​ចួប​ក្រុម​គ្រួសារវិញ​​​នោះ​ឡើយ​​។​ ហេតុ​ផលទាំង​បួន​នេះ​ គេ​ពិបាកទាក់​ទាញ​​កុប​ករឱយចូល​​រួម​​ណាស់​ ព្រោះ​វា​​ទាម​ទារ​ការ​លះ​បង់​ជ្រុល​ហួស​ហេតុ​ពេគ​ពី​សមាជិក​​ ហើយ​ប្រាកដ​ណាស់​ថា​ មាន​អ្នក​ចូល​រួម​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​។

របាំង​​​​ផ្លូវ​កាយ ​​​ពត៌មាន ​​​ចិត្តសាស្ត្រ​​ និង​ការ​បេ្តជ្ញា​ចិត្ត​នេះ​ រាំង​ខ្ទប់​ចំនួន​អ្នក​ចូល​រួម​យ៉ាង​ច្រើន ហេតុ​នេះ​ហើយ​ទើប​កុប​កម្ម​ហិង្សា​មាន​ចំនួន​អ្នក​ចូល​រួម​តិច​និង​មិនចំរុះ​មនុស្ស​មក​ពី​គ្រប់​ស្រទាប់​សង្គមទេ​​ បើ​ធៀប​នឹងចំនួន​សមាជិក​​បាតុកម្ម​អហិង្សា​គឺ​តិច​ជាង​​រហូត​ដល់​ទៅ​បួន​ដង​។​ គេ​អាច​ដោះ​សា​ថា​ កង​ទាប់​មិន​អាស្រ័យលើ​​ច្រើន​ទេ​ តែ​គឺ​ផ្អែក​លើខ្លាំង​​។ អ្វី​ដែល​គេ​ត្រូវ​ការ​គឺ​សព្វាវុធ​ល្អៗ​យក​មក​បំពាក់​លើ​កុប​ករ​ទាំង​នោះ​ ដែល​មាន​ប្រភព​ចម្បងមក​ពី​បរទេស​។​ បន្ត​ទៅ​ទៀត​នេះ​ យើង​នឹង​អធិប្បាយ​អំពី​ឥទ្ធិ​ពល​នៃ​ជំនួយ​បរទេសលើ​កុប​កម្ម​ហិង្សា​ ព្រម​ទាំង​សង្គ្រាម​ស៊ីវិល​និង​ប្រជាធិបតេយ្យ​ ក្រោយ​ពេល​ជម្លោះ​​បញ្ចប់​។

​ជោគ​ជ័យ​នៃ​បាតុកម្ម​អហិង្សា​​និង​បរាជ័យនៃ​កុប​កម្ម​ហិង្សា​

Success Rates by Decade 1940-2006

ការ​សិក្សារបស់​លោក​ស្រីឆេណូវេថ​ និង​ ស្ទីហ្វឹន​ ​បាន​ពន្លះ​ចេញ​នូវ​ការ​ពិត​ដ៏​គួរ​ឱយ​ភ្ញាក់​ផ្អើលអំពី​ជោគ​ជ័យ​នៃ​បាតុកម្ម​អហិង្សា​និង​បរាជ័យ​នៃ​កុប​កម្ម​ហិង្សា​។ បាតុកម្ម​អហិង្សាដែល​ផ្អែក​លើ​ប្រជាជន​ស៊ីវិល​​មាន​អត្រា​សង្ឃឹម​ជោគ​ជ័យ​រហូត​ដល់​ទៅ​ ៥៣ភាគរយឯណោះ​ ពោល​គឺ​មានកម្លាំង​ខ្លាំងជាង​​ទ្វេ​ដង បើ​ប្រៀប​នឹង​កុប​កម្ម​ហិង្សា​គ្រប់​ករណី​ទាំង​អស់ដែល​​មាន​សង្ឃឹម​ជោគ​ជ័យ​តែ​ ២៦ភាគ​រយ​ទេ​​។ ចំពោះយុទ្ធនាការ​ធំៗ​ចំនួន​ ២៥​ករណីវិញ​​ ក្នុង​ចំណោម​ ២០បាតុកម្ម​​ មាន​ ១៤ករណី​ទៅ​ហើយ​ជោគ​ជ័យ​ ពោល​គឺ​មាន​អត្រាជោគ​ជ័យ​ ​៧០ភាគ​រយ ​ផ្ទុយ​ទៅ​វិញ​ ៥ករណី​ មាន​តែ​កុប​កម្ម​ ២ ប៉ុណ្ណោះ​​ជោគ​ជ័យ ពោល​គឺ​អត្រា​ជោគ​ជ័យ​តែ​ ៤០ភាគ​រយ​ទេ​​។ នេះ​ស​បញ្ជាក់​ថា​ សូម្បី​តែ​ក្នុង​ករណី​យុទ្ធនាការ​ធំៗ​ ក៏​ចលនា​អហិង្សា​នៅ​មាន​ប្រៀប​ជាង​ចលនា​ហិង្សា​ដដែល​។

​អ្វី​ដែល​រិត​តែ​ចម្លែក​នោះ​គឺ​ថា​ សូម្បី​តែ​ពេល​បាតុកម្ម​អហិង្សា​បរាជ័យក៏​ដោយ​​ ក៏​មាន​គុណ​សម្បត្តិ​និង​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​តិច​ជាង​កុប​កម្ម​ហិង្សា​ឆ្ងាយ​ណាស់​។  ប្រទេសដែលត្រឹម​តែ​កើត​​មាន​យុទ្ធនាការ​អហិង្សា​ជា​មធ្យម​មាន​ឱកាស ៣៥ភាគ​រយ​ ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ ៥ឆ្នាំ​ បន្ទាប់​ទំនាស់​បាន​បញ្ចប់​។ ក្រលេក​មក​មើល​ យុទ្ធនាការ​ហិង្សា​វិញ​ មាន​ឱកាស​តិច​ជាង ​៤ភាគរយទៅ​ទៀត​ ​ដែល​​ប្រជាធិបតេយ្យ​អាចត្រូវបាន​ដាក់​​បញ្ចូល​ដោយ​​ជោគ​ជ័យ​បាន​។ ​​នៅ​ពេល​ចលនា​អហិង្សា​ត្រូវបាន​រារាំង​ពី​សំណាក់​អាជ្ញាធរ​និង​​បង្អាក់​ដោយ​​ការ​បង្ក្រាប​របស់​កង​កម្លាំង​សន្តិ​សុខ​ ប្រជាជន​ទាំង​អ្នក​ចូល​រួម​និងអ្នក​​ឈ្លប​មើល​បាតុកម្ម​ក្នុង​សង្គម​ទាំង​មូល ​នឹងស្អប់​ខ្ពើម​របប​ដឹក​នាំ ទោះ​ ​ចលនា​នោះ​ជោគ​ជ័យ​ឬ​បរាជ័យ ​ ​ព្រោះ​តែ​ការ​បង្ក្រាបខុស​ច្បាប់​​​លើ​បាតុករដែល​ជា​ប្រជាជន​ស៊ីវិល​​គ្មាន​ប្រដាប់​អាវុធ​ ​របប​នោះ​រិត​តែ​គ្មាន​សង្ឃឹម​ស្តារ​ប្រជាប្រិយ​ភាព​ឡើង​វិញបាន​​ទៀតដែរ​​​។ ក្រោយ​យុទ្ធនាការអហិង្សា​​បរាជ័យ​ ទោះ​មាន​ការ​តាម​ចាប់ខ្លួន​​បាតុករក៏​មាន​ចំនួន​តិច​ស្តួច​ស្តើង​បើ​ធៀប​នឹង​កុប​កម្ម​ហិង្សា​​ ហើយ​ទោះ​មាន​ទារុណ​កម្ម​ក៏​មិន​ដល់​ថ្នាក់​ស្លាប់ដែរ​។ កុប​កម្ម​ហិង្សាវិញ​ ​ក្រោយពេល​​​បរាជ័យ​ ក្រុម​អាជ្ញាធរ​នឹង​តាម​​ប្រមាញ់​ ​​ ពេល​ចាប់​បាន​គឺ​សម្លាប់​ឬ​ធ្វើ​ទារុណ​កម្ម​ដោយ​គ្មាន​ឆ្លង​កាត់​ការ​កាត់​ទោស​ពី​តុលារ​ការអ្វី​នោះ​ទេ​​ ព្រោះ​ពួក​គេ​ចាត់​ទុកថា​​ជា​អ្នក​គំរាម​កំហែងដល់​អំនាច​របស់​ពួក​គេ​ផង​ ប្រជាជន​ក៏​ខ្លាច​ជាប់​ទាក់​ទង​ផងដែរ​​។​ សំរាប់​ករណី​ប្រទេស​​ប្រជាធិបតេយ្យ​ស្រាប់​ទៅ​ហើយ​វិញ​ រដ្ឋ​យក​ឈ្នះ​យុទ្ធនាការ​អហិង្សា​ហើយ​ ៩៨ភាគ​​រយ​នៅ​តែ​ប្រជាធិបតេយ្យ​ដដែល​ ប៉ុន្តែប្រទេស​ប្រជាធិបតេយ្យ​ដែល​យក​ឈ្នះ​យុទ្ធនាការ​ហិង្សា​វិញ​ ៧០​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​នៅ​តែរក្សា​ប្រជាធិបតេយ្យ​បាន​។​

            យុទ្ធនាការ​អហិង្សា​ ទោះ​ចាញ់​ឬ​ឈ្នះ​ សុទ្ធ​មាន​បង្កើន​ផល​វិជ្ជមាននិង​ភាព​ឆ្លើយ​តប​របស់​រដ្ឋាភិបាលចំពោះ​ប្រជាជន​​ ពោល​គឺ​​នៅ​តែ​​ផ្តល់​គុណ​ប្រយោជន៍​សំរាប់​ប្រជាធិបតេយ្យ​ តែ​យុទ្ធនាការ​ហិង្សា​វិញ​ មិន​ត្រឹម​តែ​ជួយ​ស្តារ​ប្រជាធិបតេយ្យ​ពុំ​បាន​នោះ​ទេ​ តែ​ធ្វើ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ទៀត​។

អាន​បន្ថែម​៖

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

មហន្តរាយ​នៃ​យុទ្ធនាការ​ហិង្សា​៖ ជំនួយ​គាំទ្រ​ពី​រដ្ឋ​បរទេស សង្គ្រាម​ស៊ីវិល និង​របប​ផ្តាច់​ការ​ក្រោយ​ទំនាស់

Gun Violence Victim

យុទ្ធនាការ​ហិង្សា​​មាន​គុណ​វិបត្តិធំ​ៗ​មួយ​ចំនួន​ដូច​ជា​​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស ការ​លេច​ឡើង​វិញ​នៃ​សង្គ្រាម​រ៉ាំរៃ​ និងការ​​កើត​ឡើង​នៃ​របប​ផ្តាច់​ការ​ថ្មី​​។ ការ​ប្រើ​យោធា​គឺ​ត្រូវការ​​ធន​ធាន​សេដ្ឋកិច្ច​ ទិញ​សព្វាវុធ មូលដ្ឋាន​ទាប់​ បណ្តុះ​បណ្តាល​ប្រជា​ជន​ឱយ​ក្លាយ​ជាកងទាប់សិន។​​ ចលនា​ឧទ្ទាម​អាច​ដោះ​​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​បាន​ដោយ​មាន​​ជំនួយ​បរទេស​​។ រដ្ឋ​បរទេស​ផ្តល់​វិភាគ​ទាន​ជា​ជំនួយ​ថរិកា​ សម្ភារៈ​​យោធា​ ឬមូលដ្ឋាន​ទាប់​​ ​​តែ​នៅ​​ពេលដែល​ក្រុម​ឧទ្ទាម​​និង​រដ្ឋ​បរទេស​​នោះ​ទទួល​បាន​​ប្រយោជន៍​រួម​គ្នា​ប៉ុណ្ណោះ​។ ជំនួយនោះ​​ជា​ជំនួយ​​មាន​សំណង ទោះ​មិន​សង​ដោយ​ថវិកា​ក៏​សង​ជា​​វត្ថុ​ធាតុ​ដើម ធន​ធានធម្ម​ជាតិ​​​មិន​ទាន់​កែ​ច្នៃ​ដែរ​។​ ឧ.​ ធន​ធាន​ធម្មជាតិគឺ​​​ ប្រេងកាត​ រ៉ែ​​ ជា​ថ្នូរ​នឹង​សព្វាវុធ​ មូល​ដ្ឋាន​ទាប់​ជា​ដើម​។ល។​ នេះ​ជា​របៀប​ដែល​ធន​ធាន​ធម្មជាតិ​និង​ជំនួយ​បរទេស​ជះ​ឥទ្ធិ​ពល​អាក្រក់​លើវិស័យ​​នយោបាយ​ បើ​និយាយ​ជា​ទួទៅ​ ឬ​ចលនា​ឧទ្ទាម​ សង្គ្រាម​ស៊ីវិល​ និង​ប្រជាធិបតេយ្យ​ បើ​និយាយ​ឱយ​ចំ។ រដ្ឋាភិបាល​បរទេស​ទំនង​ជា​ផ្តល់​ការ​គាំទ្រផ្នែក​សម្ភារៈដោយ​ផ្ទាល់​ទៅ​​​កុប​កម្ម​ហិង្សា​ ព្រោះ​ពួក​គេ​មើលឃើញ​ថា​​ចលនា​ហិង្សា​ជា​អ្នក​តំណាង​ប្រយោជន៍​របស់​ពួក​គេ​។ ការ​សិក្សា​របស់​លោក​ស្រី​ទាំង​ពីរ​បង្ហាញ​ថា​​ ៣៥ភាគ​រយ​​នៃ​កុប​កម្មហិង្សា​ទទួល​បានការ​គាំទ្រ​ផ្នែក​សម្ភារៈពី​រដ្ឋ​បរទេស​។​ ពាក់​កណ្តាល​​នៃ​យុទ្ធនាការ​ហិង្សា​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្ទាល់​ពី​រដ្ឋ​ខាង​ក្រៅ ទទួល​បាន​ជោគ​ជ័យជាង​ចលនា​ហិង្សា​ដែល​មិន​ទទួល​បានការ​​គាំទ្រ​​នេះ​​ ដោយយើង​​មិន​រាប់​ពី​ជំនួយ​សម្ងាត់​និង​ការ​គាំទ្រពី​ភាគី​ដែល​មិន​​មែន​ជា​រដ្ឋទេ​​។ ហេតុ​នេះ​ ការ​គាំទ្រ​ពី​រដ្ឋ​បរទេស​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដ៏​សំខាន់ដែល​​កំណត់ពី​​ជោគ​ជ័យ​របស់​យុទ្ធនាការ​ហិង្សា​។  ឥទ្ធិពល​នៃ​ការ​គាំទ្រ​ពី​រដ្ឋ​ខាង​ក្រៅ​បង្កើន​​ប្រសិទ្ធភាព​នៃ​ចលនាហិង្សា​​ ១៥ភាគរយ។ ​នេះ​មិនមែន​​ជា​រឿង​ល្អ​ឡើយ​ ទោះ​ជំនួយ​នោះ​ចូល​រួម​វិភាគ​ទាន​ក្នុង​ការ​ធ្វើ​ឱយ​ចលនា​ជោគ​ជ័យ​ក៏​ដោយ​ ពី​ព្រោះ​​គេ​មិន​អាច​ប្រាកដបាន​ទេ​​ថា​​​ពួក​គេ​ជួយ​បំផ្លាញ​ឬ​ជួយចំរើននោះ​​​ទេ​​​។ បើ​ចលនាអាច​​ជោគ​ជ័យ​ដោយ​សារ​បរទេសលូក​ដៃ​​ ក៏​អាច​បរាជ័យ​ដោយ​សារ​បរទេស​ដោះ​ដៃ​ដូច​គ្នា​។ បរទេស​ជា​ទួទៅ​គឺ​មិន​ស្មោះ​ត្រង់​ មិន​អាច​ទុក​ចិត្ត​បាន​ គិត​តែពី​​ប្រយោជន៍​ខ្លួន​ឯង​ ហើយ​នៅ​មាន​ពេល​ខ្លះ​ជំនួយ​បរទេស​គ្មាន​ប្រសិទ្ធ​ភាព​​​ទៀត​ផង​​។ ទោះ​​មាន​ប្រសិទ្ធភាព​ក៏​ដោយ​ រដ្ឋ​បរទេស​​សំរេច​ចិត្ត​ផ្តល់​ជំនួយ​ក៏​អាស្រ័យ​លើ​​លក្ខខណ្ឌ​នយោបាយ​​ ក្នុង​បរិបទ​​​ភូមិសាស្ត្រ​ យុទ្ធ​សាស្ត្រ​ គោល​នយោបាយ​ការ​បរទេស​របស់​ប្រទេស​គេ​​ដែរ​ ហើយ​មុន​នឹង​​សំរេចចិត្ត​​​គាំទ្រ​ចលនា​ណា​មួយ​ គេ​នៅ​ពិចារណា​ពី​កត្តា​ខាង​ក្នុង​ស្រុក​​ជា​ច្រើន​ទៀត​ដូច​ជា​ បេសកកម្មផ្តល់​អំណោយ​​ ម្ចាស់​ជំនួយ​ បរិយា​កាស​នយោបាយ។ល។​ មិន​មែន​ផ្តល់​ជំនួយ​​ឱយ​ដោយ​ស្រួល​នោះ​ទេ​។​ ទោះ​រដ្ឋ​ខាង​ក្រៅ​មួយ​ព្រមគាំទ្រ​ចលនា​ប្រដាប់​អាវុធ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក៏​ដោយ​ ក៏អាច​មាន​បរទេស​ដទៃ​ផ្សេង​ទៀត​គាំទ្រ​រដ្ឋាភិបាល​ដែរ​ ហើយ​ទោះ​ក្រុម​ណា​ឈ្នះ​ក៏​ដោយ ​ក៏​ប្រជាជន​ស៊ីវិល​នៅ​តែ​ជា​អ្នក​ចាញ់​។ ​​ រឿង​សំខាន់​មិន​គួរ​មើល​រំលង​មួយ​ទៀត​នោះ​ គឺ​ប្រជាជន​អាចគិត​ថា​ការ​ចូល​រួម​របស់​ពួក​គេ​​មិនចាំ​បាច់​ ព្រោះ​ចលនា​នោះ​ហាក់​ជា​អាយ៉ង​បរទេស​ មិន​បំរើ​ប្រយោជន៍​ពួក​គេ​ឡើយ​។ ម្យ៉ាង​ទៀត​ រដ្ឋ​បរទេស​អាច​ផាត់​ចោល​​កុប​ករ​ដែល​មាន​សមត្ថភាព​តែ​ស្ទាក់​ស្ទើរ​មិនស្រប​នឹង​ខ្លួន​ ឬ​ក៏​គេ​អាច​ដាក់​ភ្នាក់​ងារ​របស់​គេ​ ដើម្បី​គ្រប់​គ្រងរៀប​ចំ​គំរោង​នយោបាយ​ត្រួត​ត្រាយុទ្ធនាការ​ទាំង​មូល​។ ការ​ជាប់​ជំ​ពាក់​នឹងជំនួយ​ប​រទេស​ច្រើន​បង្ក​ឱយ​មាន​អំពើ​​ពុក​លួយ​ ឬ​ការ​ចោទ​ប្រកាន់​ពី​គ្នា​ឯង​និង​ប្រជាជន​ស៊ីវិល​ថាមាន​​ពុក​រលួយ​នៅ​ក្នុង​ចលនា​ជា​ដើម​។ ​ក្នុង​កែវ​ភ្នែក​របស់​ប្រជាជន​ក្នុង​ស្រុក​ ចលនា​នោះ​គ្មាន​ភាព​ស្រប​ច្បាប់​ឡើយ​ ព្រោះ​មាន​បរទេស​ជា​ម្ចាស់​ឧបត្ថម្ភ​កម្ម​វិធី​។ បែប​នេះ​ មាន​តែ​​ធ្វើ​ឱយ​ភាគី​រដ្ឋាភិបាលទទួល​បាន​ភាព​​​ស្របដោយ​ប្រសើរ​សិទ្ធិ​ការ​ពារ​ប្រទេស​ដែល​មាន​អធិបតេយ្យ​ត្រឹម​ត្រូវពី​ការ​យាយី​របស់​ចលនា​ប្រដាប់​អាវុធ​គាំទ្រ​ដោយ​រដ្ឋ​បរទេស​​​។ ប្រការ​អវិជ្ជមាន​មួយ​ទៀត​គឺ​ ការ​គាំទ្រ​ពី​រដ្ឋ​បរទេសបង្អាក់​គ្រឿង​លើក​ទឹក​ចិត្ត​ចលនា​ពីការ​​ការ​ពាររក្សា​សណ្តាប់​ធ្នាប់ជូន​​​​ប្រជាជន​ស៊ីវិល ពី​ព្រោះ ចំពោះ​ចលនា​ឧទ្ទាម ​​ប្រជាជន​ស៊ីវិល​ត្រូវ​បាន​ចាត់ទុក​​ថា​មិន​បាន​ការ​ជា​ជាង​ប្រភព​នៃ​ការ​គាំទ្រ​។ ចលនា​ដែល​អាស្រ័យចាំ​បាច់​លើ​ធន​ធាន​សេដ្ឋកិច្ច​របស់​ប្រជាជន​ក្នុង​ស្រុក​ទំនង​ជា​គោរព​និង​ការ​ពារ​សណ្តាប់​ធ្នាប់​ប្រជាពលរដ្ឋ​ជាជាង​ចលនា​​ដែល​ផ្នែក​លើ​ការ​លក់ដូរ​​ធន​ធាន​ធម្មជាតិ​និង​អំណោយរបស់​​បរទេស ហើយ​ចលនា​ដែល​មាន​ខ្នង​បរទេស​​ថែម​ទាំង​អាច​ធ្វើ​ទុក​បុក​ម្នេញ​ប្រជាជន​ស៊ីវិល​ទៀត​ផង​ ដូច​ជា​ប្លន់​ រឹប​អូស​ទ្រព្យ​សម្បត្តិ​ ចាប់​ស្ត្រី​រំលោភ​ជា​ដើម​។ល​។ ប្រការ​នេះ​នាំ​ឱយ​ចលនា​បាត់​​បង់​គោល​ដៅ​ផ្តាច់​ព្រាត់​របស់​ខ្លួន​ដែល​​ចង់​បង្កើត​របប​ថ្មី​ដែល​បំរើ​ប្រជាជន​ពិត​ប្រាកដ​។

ទោះ​កុប​កម្ម​ហិង្សាអាច​យក​ជ័យ​ជំនះ​លើ​របប​ផ្តាច់​ការ​ឃោរ​ឃៅ​ក៏​ដោយ​ តែ​​មាន​អត្រា​ជោគ​ជ័យ​តិច​ណាស់​ ពោល​គឺ​សង្ឃឹម​ឈ្នះ​តែ ​២៦ភាគរយ​ប៉ុណ្ណោះ​ ព្រោះ​កុប​កម្មប្រើ​​វិធី​​ហិង្សា​ដែល​ជា​​​មធ្យោបាយ​​ចាញ់​ប្រៀប​របប​ដឹក​នាំ​​ និង​ជា​ភាព​ខ្លាំង​បំផុតរបស់​ជន​ផ្តាច់​ការដែរ​ វាយ​មិន​ចំ​ប្រភព​អំនាច​របស់​រដ្ឋ​ ពិសេស​គឺ​​គ្មាន​ការ​គាំទ្រ​ពី​ប្រជាជន​ទួទៅ​។​ ​​​​លោក ជីន សាប បាន​ដាស់​តឿន​ថា​​ «កុប​កម្ម​តវ៉ា​​ដោយ​​ការ​ប្រើ​ប្រាស់​យោធា​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ មិន​មែន​វាយ​ចំ​ចំណុច​ខ្សោយ​បំផុត​នៃ​របប​ផ្តាច់​ការ​ទេ​ តែ​បែរ​ជា​វាយ​ប្រហារត្រូវ​ចំណុច​ដែល​របប​ផ្តាច់​ការ​ខ្លាំង​បំផុតទៅ​វិញ​​។» ជា​លទ្ធ​ផល​​ ទើប​កុប​កម្ម​​ហិង្សា​ជា​រួយ​ៗ​បរាជ័យ​​ មិន​មែន​ជា​ប្រការ​ចៃដន់នោះ​ទេ​​។ ទោះ​កុប​កម្ម​ហិង្សា​ធ្លាប់​ឈ្នះ​ក៏​ដោយ​ ប្រជាជន​ជឿជាក់​ខ្លាំង​ពេគ​​ថា​វា​ជោគ​ជ័យនិង​មាន​ប្រសិទ្ធ​ភាព​​ ហើយ​ក៏​ទាញ​យក​តែ​ករណី​ជោគ​ជ័យ​មក​គាំទ្រ​ការ​អះ​អាង​ បំភ្លេច​ករណី​បរាជ័យ​ជាច្រើន​ទៀត ពោល​គឺ​ទំនាយ​ទាយ​ដោយ​ខ្លួន​ឯង​ធ្វើ​ឱយ​ក្លាយ​ជា​ការ​ពិត​ដោយ​ខ្លួន​ឯង​។

ដោយ​សារ​អាស្រ័យ​ខ្លាំង​លើ​បរទេស​​ នាំ​ឱយ​បរទេស​បញ្ជា​បាន។​ នៅ​ក្រោម​ឥទ្ធិពល​បរទេស​បែបនេះ​ គេ​​លែង​និយាយ​ពី​ប្រជាធិបតេយ្យ​ទៀត​ហើយ តែ​គឺ​បរទេសាធិបតេយ្យ​។ ក្នុង​ការ​វិភាគ​ទិន្នន័យ​របស់​លោក​ស្រី​ឆេណូវេថ​និង​លោក​ស្រី​ស្ទីហ្វឹន​​​ នៅ​ក្នុង ​២១៧ករណី​នៃ​កុប​កម្ម​ហិង្សា​ ពី​ឆ្នាំ​១៩០០មក រដ្ឋាភិបាលប្រជាធិបតេយ្យ​មាន​ឱកាស​ជោគ​ជ័យតែ ​៥ភាគ​រយ​ប៉ុណ្ណោះ​​ ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដូច​ជា​ ការ​បោះ​ឆ្នោត​ដោយ​សេរី​សុចរិត​ត្រឹម​ត្រូវនិង​បោះ​បង់កង​កម្លាំង​​​យោធាឱយ​នៅ​ឯករាជ្យ គឺ​ថា​ ​​​៥ឆ្នាំ​ក្រោយ​ពេល​ទំនាស់​បាន​បញ្ចប់ របប​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​កុប​កម្ម​ហិង្សា គេ​សង្កេត​ឃើញ​មាន​តែ​​ ៥ភាគ​រយ​ប៉ុណ្ណោះ​ ប្រជាធិបតេយ្យ។ ទោះ​យុទ្ធនាការ​ហិង្សា​នោះ​ផ្តួល​រំលំ​រដ្ឋាភិបាល​បាន​សំរេច​ក៏​ដោយ​ នៅ​ក្នុង​កំលុង​ពេល​១០​ឆ្នាំ របប​ថ្មី​នោះ​ទំនងជា​មាន​ឱកាស​ ៤៣ភាគ​រយ​​​​ ក្នុង​ការ​​ប្រឈម​មុខនឹង​ការ​លេច​ឡើង​វិញ​នៃ​សង្គ្រាម​ស៊ីវិល ​ក្រោយ​ទំនាស់​ហិង្សា​បាន​បញ្ចប់​​។ ក្រលេក​មក​ប្រទេស​ដែល​កាន់​របប​​ប្រជាធិបតេយ្យស្រាប់​វិញ ពេល​រដ្ឋាភិបាល​បង្ក្រាប​ចលនា​ឧទ្ទាម​ឬ​កុប​កម្ម​ហិង្សា​បាន​សំរេច​​នៅ​​ក្រោយ​ពេល​ទំនាស់​បញ្ចប់​​ ​មាន​​អត្រា​ត្រឹម​តែ​ ១៥ភាគ​រយ​ទេ នៅ​តែរក្សា​របប​​​ប្រជាធិបតេយ្យ​​បាន​។​​

របប​ថ្មី​ដែលទើប​ឡើង​កាន់​កាប់​នោះ​ មិន​ទំនងជា​អាចដឹក​នាំ​តាម​របៀប​​ប្រជាធិបតេយ្យ​​ឡើយ​ ទោះ​មាន​ករណី​កំរ​ខ្លះ​ ពួក​វរជន​មាន​សុទ្ធ​ចិត្តក៏​ដោយ​​។ ប្រជាធិបតេយ្យ​ពិបាក​នឹង​អនុវត្ត​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​តែ​ញាំញី​ដោយ​សង្គ្រាម​​ស៊ីវិល ដោយ​ការ​ប្រជែង​អំនាច​តាម​​រយៈ​កម្លាំង​យោធា​​​ណាស់​ ព្រោះ​អ្នក​កាន់​អាវុធ​ជាប់​នឹង​ដៃ​មិន​អាចទម្លាក់​អាវុធ​ចុះមក​ចរចា​ រួច​ហើយ​​​ទទួលយក​​លទ្ធផល​ចាញ់​ឆ្នោត​ឡើយ​ មាន​ន័យ​ថា​ អាវុធ​និង​កម្លាំង​​ហិង្សា​​បំផ្លាញ​ប្រជាធិបតេយ្យ​​និង​ដំឡើង​របប​ផ្តាច់​ការ​ លើក​តម្កើង​អំពើហិង្សា​គឺ​លើក​ស្ទួយ​អំនាច​ផ្តាច់​ការ​​។​ លោក​ ចច​ អូរវែល្ល​ (George Orwell) អ្នក​និពន្ធអង្លេស​​ដ៏​មាន​កេរតិ​ឈ្មោះ​​ម្នាក់​ បាន​និយាយ​ថា​ «គេ​មិន​មែន​បង្កើត​របប​ផ្តាច់​ការឡើង​ដើម្បី​ការ​ពារកុំ​ឱយ​មាន​​ការ​បដិវត្ត​នោះ​ទេ តែ​គឺ​គេ​ធ្វើ​បដិវត្តន៍​ដើម្បី​បង្កើត​របប​ផ្តាច់​ការ​។» នៅ​ពេល​គ្រាប់​កាំភ្លើង​ជំនួស​សន្លឹក​ឆ្នោត​ គេ​ពុំ​ចាំ​បាច់ខាត​ពេល​រៀប​ចំ​បោះ​ឆ្នោត​នាំ​ខាត​ពេលទេ​ ព្រោះ​លទ្ធ​ផល​ឆ្នោតអាច​រាប់​បាន​តាម​រយៈចំនួន​​គ្រាប់​កាំភ្លើង ​ក្រុម​ណា​ឈ្នះ​ ​ក្រុម​នោះ​កាន់​អំនាច។ ត្រង់​ការ​បោះ​ឆ្នោតចំពោះ​របប​ផ្តាច់​ការ​​លោក​ ឆាលស៍​ បូកូវ​ស្គី​ (Charles Bukowski) អ្នក​និពន្ធ​អាល្លឺម៉ង់ដ៏​ល្បី​​ម្នាក់​បាន​​និយាយ​ថា​ «ភាព​ខុស​គ្នា​រវាងរបប​​ប្រជាធិបតេយ្យ​និង​របបផ្តាច់​ការ​គឺ​ថានៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ អ្នក​ទៅ​បោះ​ឆ្នោត​ជា​មុន​សិន ស្តាប់​​បញ្ជា​តាម​ក្រោយ​។ ក្នុង​របប​ផ្តាច់​ការ​វិញ​ អ្នក​មិន​ចាំ​បាច់​ខាត​ពេល​​ទៅ​បោះ​ឆ្នោត​នោះ​ទេ​។»​ ព្រោះ​ទោះ​បក្ស​កាន់​អំនាច​​​ចាញ់​ឆ្នោត​ក៏​គេ​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​ដែរ បន្ទាប់​​មកពួក​គេ​​​ធ្វើ​រដ្ឋ​ប្រហារ​លើ​បក្ស​ឈ្នះ​ឆ្នោត​ដដែល​។ ចលនា​ហិង្សា​នឹង​កាន់​កាប់​​រដ្ឋាភិបាល​ក្រោយ​យកបាន​​ជ័យ​ជំនះ​លើ​របប​ដឹក​នាំ​​​​និង​​​​ចំណាយ​ពេល​រៀប​ចំសណ្តាប់​ធ្នាប់​ចាស់​ក្រោម​របប​ដឹក​នាំ​ថ្មី​​។​​ ទស្សនវិទូ​បារាំងនា​សតវត្សរ​ទី​ម្ភៃ​ម្នាក់គឺ​​​ អាល់ប៊ែរ​ កាមុស​ (Albert Camus) បាន​ពោល​ថា​ «គ្រប់​បដិវត្តន៍​​នៅ​សម័យ​ទំនើប​បញ្ចប់​ដោយ​ការរឹតបណ្តឹងអំនាច​របស់​រដ្ឋ​ឡើង​វិញ។» ប្រាកដ​ណាស់​ថា​ របប​ថ្មី​ដែល​កើត​ឡើង​ពី​អំពើ​ហិង្សា​នោះ​​​នឹង​​រឹង​រិត​​តែផ្តាច់​ការ​ជាង​មុន​ សាហា​វ​ជាង​មុន​ ​ព្រោះ​នៅ​ពេល​ហិង្សា​វាយ​បាន​អំនាចហើយ​​ គេ​​នឹង​ប្រើ​ហិង្សានោះ​ទៅ​​រក្សាអំនាច​ដែល​វាយ​បាន​​ មិន​មែនប្រើ​ហិង្សានោះ​​ ដើម្បី​កសាង​របប​ដឹក​នាំ​ស្រប​ច្បាប់ដែល​កើត​ឡើង​ចេញ​ពី​ការ​​​រៀប​ចំ​​ការ​បោះ​ឆ្នោតប្រកប​ដោយ​តម្លាភាព​ សុចរិត​ និង​យុត្តិធម៌​​​ឡើយ​។ ក្រោយពី​​​ទំនាស់​ហិង្សា​បញ្ចប់​បន្ទាប់​ពី​​ផ្តួល​រំលំ​របប​មួយ​បានសំរេច​ អំពើ​ហិង្សា​បាន​ក្លាយ​​ជា​រចនាសម្ពន្ធ។ របប​ដឹក​នាំ​​ថ្មី​នឹង​ព្យាយាម​រក្សា​ទុក​អ្នក​ជំនិត​និង​កង​កម្លាំង​ចាស់​ដែល​ស្មោះ​ស្មគ្រ​នឹង​ខ្លួន​ ទោះ​បី​មាន​​ការ​បោះ​ឆ្នោត​ ឬ​ការ​បោះ​ឆ្នោត​ចេញ​លទ្ធ​ផល​ដូច​ម្តេច​ក៏​ដោយ​។ រដ្ឋ​នោះ​នឹង​ប្រើ​ហិង្សា​ដើម្បី​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន​ម្តងៗ​ ឯ​​អ្នក​ប្រឆាំង​នឹង​គោល​នយោបាយ​នោះ​នឹង​ទទួល​រង​ការ​រិត​ត្បិត​សេរី​ភាព​បញ្ចេញ​មតិ​ ចាប់​ខ្លួន​ និង​ផ្តន្ទា​ទោស​ជា​អាទិ​​។​ នៅ​ពេល​ដែល​ហិង្សា​វាយ​បានអំនាច​ ហិង្សា​គឺ​ជា​អំនាច ​​​ហិង្សា​ក្លាយ​ជំនឿ​មួយ​ដែល​គេ​ជឿ​មិន​ខុស​ ដូច្នេះ​គេ​នឹងនៅ​តែ​​​ប្រើ​ហិង្សា​បន្ត​​ទៀតនៅ​ពេល​ចួប​ឧបសគ្គ​​ នាំ​ឱយ​សង្គមទាំង​មូល​​​បាន​បាត់​បង់​សណ្តាប់ធ្នាប់​រួច​ស្រេច​ទៅ​ហើយ​។ ដូច្នេះ ​មាន​តែ​ការ​រក្សា​​សណ្តាប់ធ្នាប់​ឡើងវិញ​តាម​ធម៌​​ក្តៅ​តែ​ប៉ុណ្ណោះ​ ទោះ​មិន​មែន​ដើម្បី​របៀប​រៀប​រយ​ ក៏​​ដើម្បី​រក្សា​អំនាច​ដែល​គេ​ប្រឹង​ត្រដរទំរាំ​​វាយ​បាន​នោះ​ដែរ​។ ក្នុង​ខណៈ​ពេល​នោះ​ ប្រជា​ជន​នឹង​ស្អប់​ខ្ពើម​ស្ថានភាព​ចលាចល​ទាំង​នោះ​ សុទ្ធចិត្ត​​ទទួល​យក​របប​ផ្តាច់ការ​​ថ្មី​​​ដើម្បី​បាន​សុខ​ ឬបើ​ពុំ​នោះ​ទេ​ ប្រជាជន​ប្រុសៗ​ពេញ​កម្លាំង​មួយ​ចំនួននឹង​​​ចូល​រួម​ជា​មួយ​ចលនា​​ប្រឆាំង​របប​ថ្មីដែល​ព្រៃ​ផ្សៃ​ជាង​របប​មុន ​ឬ​ដែល​ពួក​គេ​ចាត់​ទុក​ថា​អសមត្ថភាពក្នុង​ការ​​គ្រប់​គ្រង​ស្ថាន​ការណ៍​និង​ដឹក​នាំ​ប្រទេស​​​​ នាំ​មក​នូវ​​​សង្គ្រាម​ក្នុង​ស្រុក បែង​ចែក​តំបន់​គ្នា​កាន់​កាប់ បង្កើត​តំបន់​អបគមន៍​​ លក់​ធន​ធាន​ធម្មជាតិ​តាម​តំបន់​ដែល​ខ្លួន​កាន់​កាប់​ មាន​បរទេស​នៅ​ពី​ក្រោយ​ ហែក​ហួរ​គ្នា​មិន​ចេះ​ចប់មិន​ចេះ​ហើយ​​។ ហេតុ​នេះ​មិន​មែន​ជា​ការ​គាប់​ចួន​​​នោះ​ទេ​ ដែល​ទិន្នន័យ​បង្ហាញថា​ ប្រទេស​ដែល​ផ្លាស់​ប្តូរ​របប​ដោយ​ចលនា​ហិង្សាមាន​ហានិភ័យនៃ​ការ​លេច​ឡើង​វិញ​នូវ​​សង្គ្រាមស៊ីវិល​ខ្ពស់​​។ កុបកម្ម​​ហិង្សា​មិន​មែនត្រឹម​តែ​ស្រោច​ស្រង់​ប្រជាធិបតេយ្យ​មិន​បាន​ទេ​ នៅនាំ​​អន្តរាយដល់​ប្រជាធិបតេយ្យ​ថែម​ទៀត​។ សូម្បី​តែ​​​ប្រទេស​ដែល​កាន់​របប​​ប្រជាធិបតេយ្យ​ស្រាប់​ហើយ​ ​មាន​កុប​កម្ម​ហិង្សា​លេច​ឡើង​​ មាន​តែ ​៧០ភាគ​រយ​ប៉ុណ្ណោះ នៅ​តែ​រក្សា​របប​ប្រជាធិបតេយ្យបាន​​​នៅ​ប្រាំ​ឆ្នាំ​ក្រោយវិវាទ​បញ្ចប់​។​ កុប​កម្ម​ហិង្សា​ធ្វើ​ឱយ​គុណ​ភាព​ប្រជាធិបតេយ្យ​ថយ​ចុះ​ ពី​ព្រោះ​តែ​រដ្ឋាភិបាល​នឹងធ្វើ​​អន្តរាគមន៍​​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បើ​ចលនា​នោះ​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​ដែរ​។ រដ្ឋាភិបាល​នឹង​ចាត់ទុក​​ចលនា​ហិង្សា​ជា​មេរោគ​គំរាម​កំហែង​ដល់​របប​ដឹក​នាំ​ស្រប​ច្បាប់​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​របស់​គេ​ ជា​ចលនា​ធ្វើ​ឡើង​ក្នុង​បំណង​​កាន់​កាប់​រដ្ឋាភិបាល​ ដូច្នេះ​រដ្ឋាភិបាល​នឹង​មិន​បាន​ផ្តោត​លើ​បញ្ហា​អ្វី​ផ្សេង​ដែល​នៅ​ចំពោះ​មុខឡើយ​ គឺ​ពួក​គេ​ត្រូវ​កំចាត់​ចលនា​​​ហិង្សា​នោះ​ជា​បឋម​សិន​ ហើយ​បើ​ករណី​​ធ្ងន់​ខ្លាំង​ រដ្ឋាភិបាលនឹង​យក​ថវិកា​ជាតិ​ឬ​លុយ​ប្រជា​ពលរដ្ឋ​ទៅ​ចំណាយ​​​​​ពង្រឹង​វិស័យ​យោធាបន្ថែម​ទៀត​​ ​យ៉ាង​រហ័ស​រហន់​។ ការ​ដែល​អង្គ​នីតិ​ប្រតិបត្តិ​លូក​ដៃ​ក្នុង​ស្ថាប័ន​ឯករាជ្យ​ទាំង​ឡាយ​ ច្បាស់​ណាស់​ថា​កាត់​បន្ថយ​គុណ​ភាព​ប្រព័ន្ធ​ប្រជាធិបតេយ្យ​។

យ៉ាង​ណា​មិញ​ កុប​កម្ម​​ហិង្សាតែង​ហុច​ផល​វិបាកអាក្រក់​​ជា​ច្រើន​ទៅ​លើ​វិស័យ​នយោបាយ​ សង្គម និង​សេដ្ឋកិច្ច​ ចំពោះ​ប្រទេស​ដែលមាន​​ចលនាឧទ្ទាម​​នោះ​​កើត​ឡើង​។ ទោះ​កុប​កម្ម​​យក​ឈ្នះ​របប​ដឹក​នាំ​ក៏​ដោយ​ ក៏​ត្រូវ​ប្រឈម​​មុខ​នឹង​បញ្ហាដែល​​នៅ​សល់​ច្រើន​​ទៀត​ដូច​ជា​ ​​បំណុល​បរទេស ផល​វិបាក​នៃ​សង្គ្រាម​ ប្រព័ន្ធដឹក​នាំ​និង​​រដ្ឋ​បាល​ខ្សោយ នេះ​នៅ​មិន​រាប់​​បញ្ហា​សង្គម​ទាំង​ឡាយ​ដែល​បន្សល់​ទុក​ពី​របប​ចាស់​ផង​​។​ របប​ថ្មី​ដែល​កើត​ពី​ការ​​វាយដណ្តើម​កាន់​កាប់​​រដ្ឋាភិបាល​ ​ឬ​របប​ចាស់​ដែល​វាយ​បង្រ្កាប​ក្រុម​បះ​បោះ​អស់​ ត្រូវ​ប្រឈម​មុខ​នឹង​​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​និង​នៅ​សល់​ពី​របប​ចាស់​ទាំង​ប៉ុន្មាន​ ដូច​ជា​ ត្រូវ​ស្តារ​ហេដ្ឋារចនាសម្ពន្ធ​និង​ស្ថាប័ន​ទាំង​ឡាយ​ដែល​ត្រូវ​បាន​បំផ្លិត​បំផ្លាញ​កំលុង​ពេល​សង្គ្រាម ត្រូវរៀប​ចំ​ប្រព័ន្ធ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​និង​ទាក់​ទាញ​វិនិយោគ​ឡើង​វិញ​ ​​វិបត្តិ​សុខ​ភាពសាធារណៈ បញ្ហា​ប្រជាសាស្ត្រ ​និង​គ្រោះ​ទុរ្ភិក្ស​ដែល​មាន​ស្ត្រី​និង​កុមារ​ភាគ​ច្រើន​ជា​ជន​រង​គ្រោះ ​ឧ.​​ ស្រ្តី​មេម៉ាយ​ កូន​កំព្រា ស្លាប់​បុរស​ច្រើន​ សំបូរ​ជន​ពិការ​​។ល។ គ្រាន់​តែ​អត្រា​មរណ​ភាព​ដែល​ទាក់​ទង​នឹង​សង្គ្រាម ដែល​ផល​វិបាកបង្ក​ដោយ​​​​យុទ្ធនាការ​ហិង្សា ​ តាម​បទ​ពិសោធ​ទាំង​ចាស់​និង​ថ្មី​ នៅ​លីប៊ី​មាន​ចំនួនអ្នក​ស្លាប់​រហូត​ដល់​​ ៥០០០០នាក់​ នៅ​ឆ្នាំ​២០១១  និង​នៅ​ស៊ីរី​ មាន​ចំនួន​ ៤០០០០នាក់ នៅ​ឆ្នាំ​១៩៨២។​ (ស្លាប់​ដោយ​សារ​ផល​វិបាក​នៃ​សង្គ្រាម​ច្រើន​​ជាង​ស្លាប់​ក្នុង​សមរភូមិ) បញ្ហាដែល​រដ្ឋាភិបាលភ័យ​ខ្លាច​ជាង​ប្រជាជន​ទៅ​​ទៀត​​នោះ​គឺ​ការ​ឆាប​ឆេះ​ឡើង​វិញ​នៃ​សង្គ្រាម​ស៊ីវិល​ដែល​បង្វិល​កង់​នៃ​សង្គ្រាម ​និង​ផល​វិបាក​នៃ​សង្គ្រាម​បន្ត​​ទៀត​។ ហេតុ​នេះហើយ​​ ក្រោយ​សង្គ្រាម​ចប់​ រដ្ឋាភិបាល​​ទំនោរ​ទៅ​រក​ការ​ចាយ​វាយ​លើ​វិស័យ​យោធា​បន្ថែម​ទៀត​ ជា​ជាងកាត់​បន្ថយ​​ទៅ​ជួយ​វិស័យ​​សេវាកម្ម​សាធារណៈ​។​​​​​  ទ្រព្យ​សម្បត្តិ​ ផ្ទះ​សំបែង​របស់​ប្រជាជនទៀត​សោត​​ក៏​ខូចខាត​និង​បាត់​បង់​នាំ​ឱយ​រដ្ឋ​ប្រមូល​ពន្ធ​មិ​នបានច្រើន​ឡើយ​។ ភាព​ក្រី​ក្រ​បង្ក​ឡើង​ដោយ​សង្គ្រាម​នឹង​ជំរុញ​ឱយ​មាន​អំពើ​ពុក​រលួយ​គ្រប់ប្រព័ន្ធ​ថ្នាក់​ដឹក​នាំ​ បើ​គ្មាន​វិធាន​ការ​ទប់​ស្កាត់​តឹង​រឹង​។

សរុប​មក​ កុប​កម្ម​ហិង្សាកំរ​ជោគ​ជ័យ​ ពេល​ឈ្នះ​ក៏​ទទួល​បាន​របប​ផ្តាច់​ការ​ថ្មី​ជា​ជាង​ប្រជាធិបតេយ្យ​ រដ្ឋាភិបាលដែល​កើត​ពី​កុប​កម្ម​គ្មាន​គុណ​ភាពនិង​សមត្ថភាព​​ដឹក​នាំប្រទេស​ បរទេស​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ ​​​និង​សង្គ្រាម​ស៊ីវិលងាយ​នឹងលាប់​​​ឡើងវិញ​ ព្រម​ទាំងនាំ​មក​នូវ​​ផល​វិបាក​សេដ្ឋកិច្ច ​សង្គម ប្រជាសាស្ត្រ​​ជា​ច្រើនទៀត​​។ ​  ​ដូច្នេះ​ហើយ​​ ​​បើ​ប្រជាជន​មិន​ទាន់​មាន​វិធី​លុប​បំបាត់​គុណ​វិបត្តិ​នៃយុទ្ធនាការ​ហិង្សា​ទាំង​អស់​ដូច​បាន​បរិយាយ​នេះ​ទេ​ នោះ​គេ​មិន​ត្រូវ​​​ជ្រើស​រើស​មធ្យោបាយ​ហិង្សា​នោះ​​ឡើយ​ ព្រោះ​​​នៅ​មាន​ផ្លូវ​កាត់​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ប្រាកដ​និយម​ ហើយ​មាន​ប្រសិទ្ធភាព​ជាងនេះ​ទ្វេដង​​ ងាយ​សំរេច​បាន​លទ្ធផល​ជាង​ ការពារ​របប​ផ្តាច់​ការ​ថ្មី​បាន​ និង​មាន​ផល​ប៉ះ​ពាល់តិច​ជាង​នេះឆ្ងាយ​ណាស់​។​ នោះ​គឺ​បាតុកម្មអ​ហិង្សា​!

អាន​បន្ថែម​៖

៙ជីន សាប (Gene Sharp). ២០១០. «ពី​​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​​: គម្រោង​គោលការណ៍​​សំរាប់​ការ​ទាម​ទារ​សេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះ​ពុម្ព​លើក​ទី​៤. សហរដ្ឋ​អាមេរិច:​ វិទ្យាស្ថាន​អាល់​បឺត​ អាញស្តាញ (The United State of America: The Albert Einstein Institute)។

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។