កត្តា​​ជា​សារវន្ត​ទាំង​ឡាយ​ដែលចូល​​រួម​ កំណត់​ជោគ​ជ័យ​របស់​បាតុកម្ម​អហិង្សា​

Violent Repression vs Nonviolent Power Fish Ver.

លោក​ ខឺត​ ហ្ស៊ក់​ (២០០៥, ទំ. ១២) បាន​អះអាង​ពី​ការ​យល់​ច្រលំ​អំពី​ការ​ប្រៀប​ធៀប​ប្រសិទ្ធ​ភាព​របស់​យុទ្ធនាការ​ហិង្សា​និង​អហិង្សា​។ ពេល​ចលនា​យោធា​បរាជ័យ​ គេ​មិន​សន្និដ្ឋាន​ថា​ មធ្យោបាយ​ហិង្សា​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ មិន​ដំណើរ​ការ​នោះ​ទេ​ ប៉ុន្តែ​គេ​បែរ​ជា​ចាប់​យក​លក្ខណៈ​ដាច់ដោយ​​ឡែក​នៃ​យុទ្ធនាការ​យោធា​នោះ​មក​ពន្យល់ដោះ​សា​ ដូច​ជាមាន​​គោលដៅ​មិន​ច្បាស់​លាស់​ មិន​​រៀប​ចំ​ផែន​ការវាយ​ប្រហារ​​ វាយ​មិន​ចំ​ចំណុច​ខ្សោយ​របស់​សត្រូវ​ ​​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាជន​។ល។ ដល់​​ពេល​យុទ្ធនាការ​អហិង្សា​បរាជ័យ​វិញ​ គេ​ពួយ​ម៉ៃ​តែ​ម្តង​ថា ​យុទ្ធសាស្ត្រ​អហិង្សា​ទាំង​មូល​មិន​មាន​ប្រសិទ្ធ​ភាព​តែ​ម្តង​។ គេ​មិន​ពន្យល់​ឬ​វិភាគ​ពី​កត្តា​នីមួយ​ៗ​ដែល​កំណត់​ជោគ​ជ័យ​ ដូច​យុទ្ធនាការ​យោធា​ឬ​ហិង្ស​ឡើយ​ ទោះ​បី​យុទ្ធនាការ​ហិង្សា​បរាជ័យ​ប៉ុន្មាន​លើក​ក៏​ដោយ​ ក៏​គេ​មិន​ចាត់​ថា​ជា​តឹក​តាង​អំពី​អប្រសិទ្ធ​ភាពនៃ​ការ​ដោះ​ស្រាយ​ទំនាស់​ដោយ​ហិង្សា​​​ដែរ​​។ ដោយ​សារ​​មាន​សន្មតមតិថា ​ហិង្សា​មាន​ប្រសិទ្ធភាព​ អហិង្សាអប្រសិទ្ធ​ភាព អ៊ីចឹង​ហើយ​ឱយ​តែ​យុទ្ធនាការ​អហិង្សា​ជោគ​ជ័យ​ គេ​តែង​តែ​និយាយ​ពី​លក្ខខណ្ឌ​នេះ​ លក្ខខណ្ឌ​នោះ​ ប៉ុន្តែ​គេ​ពុំ​សង្ស័យ​ឬ​​​ចោទ​សួររឿងលក្ខខណ្ឌ​ដដែល​នេះ​​ចំពោះ​​យុទ្ធនាការ​ហិង្សា​ឡើយ​​។​​​ គេ​ចូល​ចិត្ត​ជ្រើសរើស​​ករណី​ពិសេស​មក​ពន្យល់​ពី​អប្រសិទ្ធ​ភាព​នៃ​យុទ្ធនាការ​អហិង្សា​​ ដូច​ករណី​ចលនា​ប្រជាជន​អហិង្សា​ប្រឆាំង​នឹង​របប​ណាស៊ី​ដែល​បរាជ័យនៅ​អាល្លឺម៉ង់​​ ប៉ុន្តែ​គេ​មិន​ឆ្លៀត​បញ្ជាក់​​ថា​ ​ចលនា​ដដែល​នោះ​ប្រើ​ហិង្សា​អាច​យក​ឈ្នះ​បាននោះ​ទេ​​។ យើង​អាច​ទស្សន៍​ទាយ​បាន​តាម​រយៈ​ការ​សិក្សា​របស់​លោក​ស្រី ​ឆេណូវេថ ​ថា​ បើ​ចលនា​​ប្រឆាំង​របប​ណា​ស៊ីនោះ​ប្រើ​​ហិង្សា​ ចលនា​នោះ​នឹង​បរាជ័យ​ជាង​មិន​ប្រើ​ហិង្សា​ទៅ​ទៀត​ ព្រោះ​ដូច​​យើងបាន​​ដឹង​ហើយ​ថា​​ យុទ្ធនាការ​អហិង្សា​មាន​សង្ឃឹម​ជោគ​ជ័យ​ជាង​ហិង្សាលើស​​ជាង​ពី​រ​​ដង​ ពេល​ប្រឈម​នឹង​ការ​បង្ក្រាប។​ ​​​​សំរាប់​លោក​ ខឺត​ ហ្ស៊ក់​ ការ​ពិចារណា​របៀប​នេះ​​គឺ​ជា​ភាព​គ្មាន​តុល្យភាព​ផ្នែក​ហេតុ​ផល​និង​អយុត្តិធម៌​សំរាប់​យុទ្ធនាការ​អហិង្សាសុទ្ធ​សាធ។ យុទ្ធនាការ​អហិង្សា​ក៏​ដូច​ហិង្សា​ដែរ​ មាន​កត្តា​ជោគជ័យ​និង​បរាជ័យ​ដូច​គ្នា​ ពុំ​មែន​នៅ​ពេល​ដែល​យុទ្ធនាការ​ហិង្សា​បរា​ជ័យ​ គេ​និយាយថា​មក​ពី​ផ្នែក​ណា​មួយ​នៃ​យុទ្ធនាការ​មាន​បញ្ហា​ ប៉ុន្តែ​​នៅ​ពេល​យុទ្ធ​នាការ​​អហិង្សា​ចាញ់​វិញ​ គេ​បែរ​ជា​ថា​ គ្រប់​សកម្ម​ភាព​​អហិង្សា​ទាំង​មូល​​គ្មាន​ប្រសិទ្ធភាព​តែ​ម្តង​​ ជា​ជាង​ស្វែង​រក​កត្តា​មូល​ហេតុ​ណា​មួយ​មក​ពន្យល់ឱយ​បានជាក់​​ច្បាស់​​។ នៅ​ក្នុង​វិទ្យាសាស្ត្រ​​ គេ​ទាត់​ចោល​របៀប​គិត​តែ​មួយ​ផ្លូវ ​ឬ​ថ្លឹង​ថ្លែងពន្យល់​ហេតុ​នៃបាតុភូត​សង្គម​​ដោយ​​​ប្រើ​​មូលហេតុ​តែ​មួយ​អស់​កាល​ដ៏​យូរ​លុង​ហើយ​។ ​មាន​​​កត្តា​ចំបង​មួយ​ចំនួន​​​ដែល​កំណត់ពី​​ជោគ​ជ័យ​របស់​យុទ្ធនាការ​​អហិង្សា​របស់​ប្រជាជន​ ដែល​មានចំនួន​ប្រាំ​មួយ​កត្តា​ដូច​ជា៖​ ​​ក. ជំនឿជាក់​​និង​ការ​យល់​ដឹង​អំពីវិធី​ធ្វើ​​បាតុកម្ម​​, ខ. ការ​ដឹក​នាំ​និង​រៀប​ចំ​គ្រប់​គ្រង​បាតុកម្ម, គ. ទំហំ​និង​ភាព​ចំរុះ​ច្រើន​ស្រទាប់​សង្គម​នៃ​អ្នក​ចូល​រួម​, ឃ. ភាព​ក្រាញ​ននៀល​នៃ​បាតុកម្ម, ង. ភាព​សំបូរ​បែប​នៃ​កល​យុទ្ធ, និង​ចុង​ក្រោយ​ ច.  ស្វ័យ​សំរេច​​ចិត្ត​របស់​ពួក​អ្នក​មាន​​​​អំនាច​។

ក. ជំនឿជាក់​​និង​ការ​យល់​ដឹង​អំពី​វិធី​ធ្វើ​បាតុកម្ម​

ការ​ចូល​រួម​ពី​​ប្រជាជន​ ៣,៥ភាគ​រយ​នៃ​ប្រជា​ជន​ទាំង​មូល​ (បរិមាណ​) ពុំ​មែន​ជា​​កត្តា​សំខាន់​​តែ​មួយ​គត់​កំណត់​ជោគ​ជ័យ​បាតុកម្មនោះ​ទេ​​។ ជា​ការ​ពិត​ ការ​ចូល​រួម​គឺ​ជា​កត្តា​ចាំ​បាច់​ណាស់​​ ប៉ុន្តែ​កត្តា​សំខាន់​មុន​កត្តា​ដំបូង​នេះ​ទៅ​ទៀត​ មិន​មែន​ការ​ចូល​រួម​ពី​ប្រជា​ជន​​​ទេ​ តែគឺ​​​កត្តាអរូបិយ​ទាំង​ឡាយ​​ដែល​ជំរុញ​និង​ផ្លាស់ប្តូរ​ផ្លូវ​ចិត្តគំនិត​របស់​ប្រជាជនឱយចូល​រួម​​​​​ ដូច​ជា​ជំនឿលើ​បាតុកម្មនិង​ចំនេះ​​​អំពី​ការប្រើ​វិធី​អហិង្សាជា​អាទិ​​។​ បើ​​ជំនឿ​ឬ​​ការ​យល់​ដឹង​របស់​បាតុ​ករ​កាន់​តែ​រឹង​មាំ​ នោះ​នឹង​ធ្វើ​ឱយ​ពួក​គេ​មាន​ក្តី​សង្ឃឹម​​ មាន​សា្មរតី​រឹង​មាំ​ មាន​ការ​ទុក​ចិត្ត​លើ​កម្លាំង​បាតុកម្មមិន​សង្ស័យ​​ ហើយ​អាច​ដឹក​នាំ​ខ្លួន​បាន​ទៀត​ផង​ មិន​ចាំ​បាច់​មាន​នរណា​នៅ​ពី​ក្រោយ​ឬ​ដឹក​ច្រមុះ​ទេ​។ លោក វែ​ប៊ើរ​ មាន​ទស្សនៈ​ដ៏​ស៊ី​ជម្រៅ​មួយ​ថា​ «មិន​មែន​គំនិត​​ទេ​ តែ​គឺ​ផល​ប្រយោជន៍​ខាង​ផ្លូវ​ចិត្ត​និងផ្លូវ​​សម្ភារៈ​ ដែល​គ្រប់​គ្រងអាកប្ប​កិរិយា​របស់​មនុស្ស​ដោយ​ផ្ទាល់​​។»  មាន​ន័យ​ថា​ គំនិត​​អាច​ត្រួ​ត​ត្រា​សកម្មភាព​មនុស្ស​បានដោយ​ប្រយោល​ប៉ុណ្ណោះ​ អ្វី​ដែល​អាចរុញ​សកម្ម​ភាពមនុស្ស​ដោយ​ផ្ទាល់​​នោះ​​គឺ​ផល​ប្រយោជន៍​ខាង​ផ្លូវ​ចិត្តនិងខាង​​សម្ភារៈ​របស់​​បុគ្គល​ដែល​ធ្វើ​អំពើនោះ​​​។ ដូច្នេះ​ មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​​​ផល​ប្រយោជន៍​រុញ​ទើប​ពួក​គេអាច​​ចូល​រួម​បាតុកម្ម​​បាន​ ទោះ​បីផល​ប្រយោជន៍នោះ​បំពេញ​តំរូវ​ការ​​​ផ្លូវ​ចិត្ត​​ឬ​ផ្លូវ​​​សម្ភារៈក្តី​ (ផ្លូវ​ចិត្ត​៖ ការ​សរសើរ​ ការ​ទទួល​ស្គាល់​ មោទនភាព​ ជាតិ​និយម​។ល។ ផ្លូវ​សម្ភារៈ លុយ​កាក់​ ទ្រព្យ​សម្បត្តិ។ល។)​ បើ​និយាយ​ឱយ​មែន​ទែន​ទៅ  មិន​មែន​សម្ភារៈ​ លុយ​កាក់​ ទ្រព្យសម្បត្តិ​​​ផ្ទាល់​ទេ តែ​គឺ​ឥទ្ធិពល​នៃ​ផលប្រយោជន៍​​របស់​ពួក​វា​ ដែលធ្វើ​ឱយ​​មនុស្ស​ឱយ​តម្លៃ​និង​ប្រឹង​ប្រែង​ស្វែង​រក​របស់​ទាំង​នេះ​ ពោល​គឺ​មាន​កត្តា​ខាង​ក្រៅ​ដែល​សូន​ចិត្ត​គំនិត​របស់​យើង​ឱយ​ឱយ​តម្លៃ​វត្ថុ​ទាំង​នោះ​។ ត្រង់​នេះ​យើង​ចង់​ទាញ​មក​ពន្យល់​ថា​ បើ​មិន​អាច​ធ្វើ​ឱយ​បាតុករ​រក​ឃើញ​ផល​ប្រយោជន៍​ខាង​ផ្លូវ​ចិត្ត​និង​ខាង​ផ្លូវ​សម្ភារៈ​ដែល​ពួក​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ទាំង​អស់​គ្នា​ទេ​ ទោះ​ផ្ទាល់​ឬ​មិន​ផ្ទាល់​ក្តី​ គេ​ពិបាក​នឹង​ជឿ​ថា ​ពួក​គេ​ចូល​រួម​បាតុកម្ម​ណា​ស់ យ៉ាង​ហោច​ណាស់​ បើ​មិន​អាច​បាន​ផល​វិជ្ជមាន​ទេ​ គឺ​អាច​ទប់​ស្កាត់​ផល​អវិជ្ជមាន​ដែរ​ គឺ​ថា​បើ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ក្នុង​ប្រទេស​ទេ​ ក៏​អាច​ទប់​ស្កាត់​និង​កាត់​បន្ថយ​ផល​អាក្រក់​ដែរ​។​​ ដូច្នេះ​ហើយ​ ការ​ផ្តល់​ជំនឿ​ជាក់​តាម​រយៈ​ការ​បង្រៀន​ប្រជាជន​ឱយ​ចេះ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ ជា​ជំហាន​ដំបូង​និង​សំខាន់​ខ្វះ​មិន​បាន​ក្នុងការ​​ញ៉ាំង​​កត្តា​ដទៃ​ៗ​ទៀតឱយ​ងាយ​សំរេច​បាន​។ ដរាប​ណា​វប្បធម៌​អហិង្សា​ឬ​គំនិត​អំពី​បាតុកម្ម​អហិង្សា​មិន​អាច​បង្កើត​ឬ​ហូរ​ទៅ​ក្នុង​មនសិការ​របស់​ប្រជាជន​បានទេ​​ យើង​នឹង​ចួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុងការ​តស៊ូ​ប្រយុទ្ធ​ដោយ​អហិង្សា​នឹង​របប​ផ្តាច់​ការ​។ ទោះ​ពួក​គេ​បាន​ដឹង​ពី​ប្រយោជន៍​នៃ​បាតុកម្មពេល​ជោគ​ជ័យ​ក៏​ដោយ​ តែ​បើ​គ្មាន​ជំនឿ​ជាក់​ថា​អាច​សំរេច​ជោគ​ជ័យ​ទេ​ ពួក​គេ​ទំនង​ជា​មិន​ហ៊ាន​ប្រថុយ​ប្រថាន​បូជា​កម្លាំង​ពលកម្ម​ឥត​ប្រយោជន៍នោះ​ឡើយ​។ ជំនឿ​ជាក់​នេះ​ក៏​រាប់​ទាំង​នៅ​លើ​មេដឹក​នាំ​បាតុកម្ម​​និងការ​ជឿ​ជាក់​ថា​មាន​ការ​ចូល​រួម​កើន​ឡើង​រហូត​​ដែរ​។​​ បើ​ពួក​គេ​នៅ​តែ​ប្រកាន់​យក​វិធី​ហិង្សា ដើម្បី​​​ទាម​ទារ​តំរូវ​ការ​របស់​​ខ្លួន​​ ​ មិន​អាច​អប់​រុំ​ឱយ​បែរ​មក​រក​មធ្យោបាយ​អហិង្សា​វិញ​បានទេ​​​ បាតុកម្ម​​នៅ​តែ​បរាជ័យ​ របប​ផ្តាច់​ការចាស់​​នៅ​តែ​ឋិត​ថេរ បើ​ឈ្នះ​របប​ផ្តាច់​ការ​ថ្មី​នឹង​លេច​មក​ ឈ្នះ​ដូច​មិន​បាន​ឈ្នះ​ ជ័យ​ជំនះ​សំរាប់​មួយ​ក្រុម​តូច​ តែ​បរាជ័យ​សំរាប់​ប្រជាជន​ទាំង​មូល​​។


ខ. ការ​ដឹក​នាំ​និង​រៀប​ចំ​គ្រប់​គ្រង​បាតុកម្ម​​​​

បើ​ជំនឿ​និង​ចំណេះ​ដឹង​អំពី​បាតុកម្ម​ផ្សព្វ​ផ្សាយ​ទូលាយល្មម​ហើយ គេ​នឹង​អាច​​បង្កើត​ក្រុម ​ផ្គុំ​ពី​សមាជិក​សកម្ម​មួយ​ចំនួន​តូច​ ​​​ដឹក​នាំ​បាតុកម្ម​អហិង្សា រៀប​ចំ​យុទ្ធសាស្ត្រ​ ផែន​ការ​ ស្វែង​រក​មធ្យោបាយ​​ផ្សព្វ​ផ្សាយទៅ​ប្រជាជន​ទាំង​អំពី​ចលនា​និង​ចំណេះ​ខាង​បាតុកម្ម​។​  ទោះ​ប្រជា​ពលរដ្ឋ​មិន​ដែល​យល់​ដឹង​សោះ​ពី​បាតុកម្ម​អហិង្សា ឬក៏​​មាន​កំរិត​អប់​រុំ​ខុស​ៗគ្នា​​ក៏​ដោយ​ ក៏គ្មាន​ទៀន​ណា​ដែល​គេ​មិនអាច​​អុច​​​បំភ្លឺបានដែរ​។ ការ​ប្រមូល​ផ្តុំ​នៃ​ប្រជាជន​ច្រើន​ចូល​គ្នា​ ប្រាកដណាស់​​ថារវាង​បាតុករ​នីមួយ​ៗ គេ​​ពិបាក​ចង​​ពួក​គេ​ឱយ​មូល​មតិ​ មូល​កម្លាំង​ ពង្រឹង​សាមគ្គី​ភាព ចេះ​ជួយ​គ្នា​ មិន​ឱយ​រដ្ឋាភិបាល​បំបែក​បាន​ណាស់​។​ ដូច្នេះ​ វា​ជា​ទំនួល​ខុស​ត្រូវ​និង​កាតព្វកិច្ច​របស់​អ្នក​ដឹក​នាំ​ចលនា​ក្នុងការ​​បំពេញ​កង្វះ​ខាត​ទាំង​ឡាយ​ សំរេច​ចិត្ត​និង​ដឹក​នាំ​ ប្រើ​ប្រាស់​ធន​ធាន​របស់​ចលនា​ឱយ​បាន​ត្រឹម​ត្រូវ​។ ការ​ដឹក​នាំ​ខុស​និង​មិនចេះ​គ្រប់​​គ្រង​ បណ្តុះ​បណ្តាល​បាតុករ​អាច​នាំ​ទុក្ខ​ដល់​សមាជិក​​ទាំង​អស់​ ធ្វើ​ឱយ​ចលនា​ទាំង​មូល​ចាញ់​ការ​បង្ក្រាប​របស់​របប​ដឹក​នាំ​បាន​យ៉ាង​ងាយ​។ មិនថា​​យុទ្ធនាការនោះ​ប្រើ​ប្រាស់​វិធី​ហិង្សា​ឬ​អហិង្សា​នោះ​ទេ​ មាន​ការ​រៀប​ចំ​ដឹក​នាំ​ច្បាស់​លាស់​​ទើប​មាន​សង្ឃឹម​ជោគ​ជ័យ​ខ្ពស់​។

គ. ទំហំ​និង​ភាព​ចំរុះ​ច្រើន​ស្រទាប់​សង្គម​នៃ​អ្នក​ចូល​រួម​ ​​​​

យើង​បាន​បង្ហាញដោយទិន្នន័យ​​ពិសោធន៍​​​​រួច​ហើយ​ថា​ គ្មាន​រដ្ឋាភិបាល​ណា​អាច​ប្រឈម​មុខ​ផ្ទាល់​នឹង​ប្រជាពលរដ្ឋតែ​ ​៣,៥ភាគ​រយ​នៃ​ប្រជាជន​ទាំង​មូល​ឡើយ​។ ត្រូវ​ការ​ចំនួន​ប៉ុន​ហ្នឹង​មែនហើយ​ តែ​បើ​ចំនួននោះ​​គ្រាន់​តែ​ជា​ចំណែក​ស្រទាប់សង្គម​​ណា​មួយ​ ឧទាហរណ៍​ ចំនួន​នោះ​ចេញ​តែ​ពី​កម្មកររោង​ចក្រ​​ ឬ​តែ​ពី​ប្រជាជនឬ​កសិករ​​រង​គ្រោះ​ពី​វិវាទ​ដី​ធ្លី​ឬ​ការ​បណ្តេញ​ចេញ​ វា​មាន​ន័យ​ថា​ប្រជាជន​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​សង្គម​​មិន​ទាន់​បាន​ចូល​រួម​នៅ​ឡើយ​ទេ​ ទោះ​ភាគ​ច្រើន​នៃ​ពួក​គេ​យល់​ស្របនឹង​ការ​តវ៉ា​របស់​ក្រុម​នោះ​ដែរ​​ក៏​ដោយ​។ អ្នក​នៅ​ក្រៅ​ក្រុម​​ក៏​មិន​សូវ​ជា​បាន​គាំទ្រ​ជា​កម្លាំង​បាតុកម្ម​ ឬ​​ជា​ធន​ធាន​អ្វី​ឡើយ​ ព្រោះ​ពួក​គេ​មើល​ឃើញ​ថា​​ខ្លួន​​ពុំ​​បាន​ផលប្រយោជន៍​​ តែ​បើ​​រង​ការ​ឈឺ​ចាប់​ពី​របប​ដឹក​នាំ​ដូច​គ្នា​នោះ​ ឬក៏​​ស្អប់​ខ្ពើម​របប​នោះ​ដូច​គ្នា​ ទទួល​បាន​គុណ​ប្រយោជន៍​រួម​​គ្នា​ ​ពួក​គេ​ទំនង​ជា​​ចូល​រួម​។ បើ​ចំនួន​នោះ​កាន់​តែ​ចំរុះ​ចេញ​ពី​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ ការ​ងារ​ វ័យ​ ភេទ​ ជាតិ​សាសន៍ សាសនា​ គណបក្ស​​ មនោគមវិជ្ជា​ នោះ​គឺ​អាច​ជា​​ប៉ារ៉ាម៉ែត្រឬ​ចំនួន​តំណាង​ជាក់​លាក់​នៃ​ប្រជា​ជន​ទាំង​មូល​បាន​ហើយ​ គឺ​ថា​​កម្លាំង​បាតុកម្ម​អាច​ឡើង​ដល់​ចំណុច​អតិបរមា​ ​នាំ​ឱយ​មាន​ចំណងសង្គម​កើត​មានច្រើន​នៅ​ចន្លោះ​​​​របប​ដឹក​នាំ​និង​ប្រជាជនទាំង​មូល។​​ ​ឧ. គ្រួសារ​ ញាតិ​សន្តាន​ ​មិត្រ​ភក្តិ​ អ្នក​ជិត​ខាង​ អ្នក​ស្គាល់​គ្នា។ល។ ដែល​ធ្វើ​ឱយ​អ្នក​បង្ក្រាប​បង្ខំ​ចិត្ត​មិន​ធ្វើ​តាម​បញ្ជា​ថ្នាក់​លើ​ (ការ​ផ្លាស់​ប្តូរ​ស្វាមីភក្តិ​)។​ បាតុភូត​នេះ​កើន​ឡើង​ស្រប​ទៅ​តាម​ចំនួន​សមាជិក​ចលនា ​សមាជិក​​កាន់​តែ​កើន​ឡើង​ ការ​បោះ​បង់​ការ​បង្ក្រាប​របស់​កង​សន្តិសុខ​កាន់​តែ​ងាយ​​កើត​មាន​។ ការ​បោះ​បង់​កា​រ​ងារ​របស់​អ្នក​បង្ក្រាប​បង្កើន​លទ្ធ​ភាព​ជោគ​ជ័យ​របស់​ចលនា​ ៦០​ភាគ​រយ​។ ចំពោះ​បរិមាណ​អ្នកចូល​រួម​វិញ​ មួយ​ឯកតា​កើន​ឡើង​ អត្រា​ជោគ​ជ័យ​កើន​ដំណាល​គ្នានោះ​គឺ​​ ១០ភាគ​រយ​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​ ចំនួន​អ្នក​ចូល​រួម​ច្រើនក៏​បាន​ផ្តល់​សុវត្ថិភាព​ដល់​បាតុករ​ខ្លួន​ឯង​ ហើយ​​ក៏​ធ្វើឱយ​ពិបាក​​បង្ក្រាប​ទៀត​​​ ដូច​លោក​ស្រី​ ឆេណូវេថ​ បាន​និយាយ​ការ​ពារ​ថា​ «នៅ​ពេល​ដែល​កង​កម្លាំង​រក្សា​សន្តិសុខ​មក​បង្ក្រាប​ ចាប់ខ្លួន​ ឬ​ក៏​បាញ់​បោះ​សកម្មជន​ដែល​មាន​តែ​ដៃ​ទទេ​នោះ​ ច្បាស់​ណាស់​ថា​មាន​ចំនួន​មនុស្ស​នៅ​ក្នុង​បរិមាណ​ល្មម​មួយ​​ដែល​នាំ​ឱយ​មាន​សុវត្ថិភាព​» ពោល​គឺ​គ្នាកាន់​តែ​​ច្រើន កាន់​តែ​មាន​សុវត្ថិភាព​​។​ ចំនួន​អ្នក​ចូល​រួ​មធ្វើ​​​​ឱយ​ការ​បង្ក្រាបមិន​ទំនង​ជា​កើត​ឡើង​ អ្នក​បង្ក្រាប​មិន​ដាច់​ចិត្ត​ មិន​ស្តាប់​បញ្ជា​ថ្នាក់​លើ​ ទោះពួក​គេ​ព្រម​​បង្ក្រាប​ក៏​ដោយ ក៏​​គ្មាន​ប្រសិទ្ធ​ភាព​ដែរ​ ព្រោះ​អាច​បំបែក​បាតុកម្ម​បាន​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ហើយ​បែរ​ជា​ជួយ​​កៀង​គរ​បាតុករ​ថ្មី​បន្ថែម​ទៀត​ទៅ​វិញ​ (បដិផល​នៃ​ការ​បង្ក្រាប​)។ យុទ្ធនាការ​អហិង្សាអាច​បំបែកសត្រូវ ដោយ​មិន​វាយ​ប្រហារ​បង្ក​របួសផ្លូវ​កាយ​របស់​ពួក​គេ​ទេ​ ​តែ​ដោយ​បញ្ចូល​ការ​ព្រួយ​បារម្ភ​ពី​ការ​រីក​រាល​នៃ​ចលនា​ប្រជាជន​ទៅ​ក្នុង​ចិត្ត​របស់​ពួក​អ្នក​គាំទ្រ​របប​ដឹក​នាំ​ទាំង​ឡាយ​ឱយ​រេរា​គោល​ជំហរ ខ្លាច​របប​ដឹក​នាំ​ទប់​ទល់​លែង​បាន​ ដែលចំណុច​នេះ​ ​យុទ្ធនាការ​ហិង្សា​កំរ​អាច​ធ្វើ​បាន​ណាស់​ ហើយ​បែរ​ជា​ជំរុញ​ឱយ​​សត្រូវ​រិត​តែ​រួប​រួម​​គ្នា​ទៅ​ទៀត​។ ​​​ហេតុ​នេះ​ហើយ​ ការ​ផ្លាស់​ប្តូរ​ស្វាមីភក្តិ​និង​បដិផល​នៃ​ការ​បង្ក្រាប​ គឺ​ជា​យន្តការ​ដ៏​ចាំ​បាច់​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ធ្វើ​ឱយ​ចលនា​ប្រជាជន​សំរេច​ជោគ​ជ័យ។ ​​ចំនួន​ច្រើនចំរុះនៃ​សមាជិកចលនាពិសេស​ អ្នក​មាន​ទំនាក់​ទំនង​នឹង​ភ្នាក់​ងារ​បង្ក្រាប​​គឺ​​ជា​កត្តា​ជំរុញ​យន្ត​ការមួយ​​នេះ​​​។

ឃ. ភាព​ក្រាញ​ននៀល​នៃ​បាតុកម្ម

(Resilience or Staying Power)

ការ​តស៊ូ​អត់​ធ្មត់​និង​ជំនះ​ការ​លំបាក​ប្រឆាំង​នឹង​​ការ​បង្ក្រាប​ដោយ​ហិង្សា​គឺ​ជា​ម៉ែត្រ​ដ៏​សំខាន់​វាស់​ពី​កម្លាំង​របស​ចលនា​​។ ​ភាព​ក្រាញ​នៀល​នេះ​ គឺ​ស្តែង​ចេញ​តាម​រយៈ​ចំនួន​​បាតុករ​នៅ​តែ​មិន​ស្រាក​មិន​បាត់​បង់​ បន្ត​កើន​សមាជិកថ្មី​​ បូក​ទាំង​អ្នក​ជួយ​​ឧបត្ថម្ភ​​ ពិសេស​បំផុត​គឺ​ពេល​សមត្ថកិច្ច​បង្ក្រាប​នៅ​តែ​អាច​ស៊ូ​ទ្រាំ​បាន​ ហ៊ាន​ឱយ​ចាប់​ បំបែក​ប៉ុន្មាន​ដងក៏​នៅ​តែ​​​អាច​ផ្តុំ​គ្នា​វិញ​ជា​ធម្មតា​​​។ ប៉ុន្តែ​ការ​តស៊ូ​ក្រាញ​ននៀល​មិន​គ្រប់​គ្រាន់​ដើម្បី​សំរេច​ជោគ​ជ័យ​ទេ​ ទោះ​បី​វា​ជា​កត្តា​សំខាន់​មួយ​​នៃ​ជោគជ័យ​ដែរ​ក៏​ដោយ​។ ជ័យ​ជំនះ​អាច​ទៅ​រួច​ លុះណា​​តែ​មាន​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​អំនាច​រវាង​ចលនា​និង​គូ​បដិបក្ស​។ ភាព​ក្រាញ​ននៀល​ទាក់​ទង​នឹង​ការ​កៀង​គរ​សមាជិក​បន្ថែម​និង​បង្កើន​សកម្ម​ភាព​ រក្សា​ធន​ធាន​និង​សម្ភារៈ​ដែល​មាន​ទាំង​ប៉ុន្មាន​ ព្រម​ទាំង​ធ្វើ​​ឱយ​ចំនួន​ធន​ធានកើន​​ឡើង​​និង​រៀន​សូត្រ​បន្ថែម​ពី​កល​យុទ្ធ​ផ្សេងៗ​ទៀត ដើម្បី​ទប់​ទល់​នឹង​សត្រូវផង​ដែរ​​ ទោះ​បី​​​សត្រូវ​មានឬ​មិន​មាន​​កម្លាំងនិង​​​ធន​ធានច្រើន​ជាង​ក៏​ដោយ​។​ ​យុទ្ធនាការ​ជោគ​ជ័យ​ពុំ​ត្រឹម​តែ​មិន​រា​រែក​បញ្ឈប់​ចលនា​នៅ​ចំពោះ​មុខ​ការ​បង្ក្រាបនោះ​​ទេ​ តែ​គឺ​នៅ​តែ​សំរេច​បាន​គោល​ដៅ​នី​មួយ​ៗដែល​ចលនា​បាន​គ្រោង​​ទុកបន្តិច​ម្តងៗ​ ទោះ​បី​ជា​មាន​គោល​ដៅ​តូចៗ​ខុស​ៗគ្នា​​ជា​ច្រើន​ដែល​ប្រែ​ប្រួល​ទៅ​តាម​កាលៈ​ទេសៈ ប្រតិកម្ម​របស់​គូ​បដិបក្ស​ និង​យន្តការ​ទាំង​ឡាយ​ដែល​​ចលនា​ធ្វើ​ឱយ​សកម្ម​ក៏​ដោយ​​​​។ ភាព​ក្រាញ​ននៀល​ថ្វី​បើ​ពិបាក​សំរាប់​ចលនា​ បើ​ប្រៀប​នឹង​យុទ្ធនាការ​ហិង្សា​ ចលនា​ប្រជាជន​នៅ​តែ​ងាយ​ធ្វើ​បា​ន​ជាង​ ដោយ​សារ​មាន​អ្នក​ចូល​រួម​ច្រើន​និង​ចំរុះ​ ទោះ​បី​រដ្ឋ​អំនាច​បង្ក្រាប​​​ចលនា​ក៏​ដោយ។ ទោះ​បី​កា​រ​បង្ក្រាប​ដោយ​ហិង្សា​អាច​កាត់​បន្ថយ​កម្លាំង​របស់​យុទ្ធនាការ​អហិង្សា​ ដូច​គ្នា​នឹង​​យុទ្ធនាការ​ហិង្សា​ដែរ​ក៏​ដោយ​ ក៏​ចំនួន​ច្រើន​ជាង​នៃ​ធន​ធាន​និង​អាវុធ​អហិង្សា នៅ​តែ​ឋិត​នៅ​តែ​ខាង​ប្រជាជន​។​


ង.   ភាព​សំបូរ​បែប​នៃ​កល​យុទ្ធ

ភាព​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​ប្រើ​វិធី​អហិង្សា​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​បត់​បែន​តាម​ស្ថានការណ៍​ជាក់​ស្តែង ហើយ​​និង​ទប់​ទល់នឹង​​សត្រូវ​ ពិសេស​គឺ​ការ​បង្ក្រាប​។ បើ​បាតុករ​ទៅ​តែ​កន្លែង​ដដែលៗ​ ប្រើ​វិធី​ប្រមូល​ផ្តុំ​គ្នា​ដដែល​ អ្នក​បង្ក្រាប​នឹង​ងាយ​ចាត់​ការ​ រារាំង​ ឃាត់​ខ្លួន។ ​លោក​ស្រី​ ឆេណូវេថ​ បាន​កត់​សម្គាល់​ឃើញថា​​ «យុទ្ធនាការ​ដែល​មាន​ទំហំ​ធំ​និង​មាន​របៀប​រៀប​រយ​ អាច​ប្តូរ​ពី​វិធី​ប្រមូល​ផ្តុំ​ (ប្រជុំ​គ្នា​​តវ៉ា​) ទៅ​ជា​វិធី​បំបែក​គ្នាឱយ​រប៉ាត់​រប៉ាយ​​វិញ​ ដែល​បាតុករ​អាចគេច​ចេញ​ទៅ​​នៅ​ឱយ​ឆ្ងាយ​ពី​ទី​កន្លែង​ដែល​ពួក​គេ​គ្រោង​នឹង​ទៅ​។» ការ​ប្រើ​តែ​វិធី​បាតុកម្មតវ៉ា​​និង​បញ្ចុះ​បញ្ចូល​គ្រាន់​តែ​អាច​ទាក់​ទាញ​ការ​ចាប់​អារម្ម​ ការ​ចូល​រួម ការ​គាំទ្រ​ និង​ការ​បង្ហាញ​បញ្ហានា​នា​ ​ទាម​ទារ​ដំណោះ​ស្រាយ​​ប៉ុណ្ណោះ​ អានុ​ភាព​បាតុកម្ម​មិន​អាច​សកម្ម​ឡើង​បាន​ឡើយ​ បើ​អ្នក​ដឹក​នាំ​ចលនា​មិន​ចេះ​ប្រើ​វិធី​មិន​សហការ​និង​អន្តរាគមន៍​បន្ថែម​ពី​លើ​ទៀត​។ មូល​ហេតុ​នេះ​​ហើយ​ដែល​គេ​ច្រលំ​ថា​បាតុកម្ម​អហិង្សា​​គ្មាន​ប្រសិទ្ធភាព​និង​គ្មាន​បាន​ការ​ដោយ​សារ​បាន​តែ​តវ៉ា​ តែ​ធ្វើ​អ្វី​រដ្ឋ​អំនាច​ពុំ​បាន​។​ ពិត​ណាស់​ វិធី​មិន​សហការ​ធ្វើ​រដ្ឋ​អំនាច​ពិបាក​ដើរ​ទៅ​មុខ​ ឯ​វិធី​អន្ត​រាគមន៍វិញ​គឺ​បង្កើត​បញ្ហា​ប្រឈម​ខ្លាំង​ដល់​រដ្ឋ​អំនាច​តែ​ម្តង​។​ មាន​ទំនាក់​ទំនង​គ្នា​រវាង​ការ​ចេះ​ប្រើ​វិធី​ធ្វើ​បាតុកម្ម​និង​ចំនួន​អ្នក​ចូល​រួម​។ ការ​សិក្សា​របស់​លោកស្រី​ បង្ហាញ​ថា​ ចំនួន​អ្នក​ចូល​រួម​យុទ្ធនាការ​កាន់​តែ​ច្រើន​ចេញ​មក​ពីច្រើន​​ស្រទាប់​សង្គម​ផ្សេងៗ​គ្នា​ នោះទំនង​ជាភាព​ច្នៃ​ប្រតិដ្ឋ​ខាង​វិធី​បាតុកម្ម​កើត​​មាន។​ វិធី​បាតុកម្ម​ថ្មី​ៗ​ទទួល​បាន​ពី​អ្នក​ចេះ​ដឹង​ច្រើន​ដែល​ចេញ​ពី​ស្រទាប់​ដែល​ដាច់​ឆ្ងាយ​ពី​ក្រុម​សង្គមដទៃ​ទៀត​​ បើ​ចលនា​កាន់​​តែ​​លាត​សន្ធឹង​ទៅ​គ្រប់​​ដណ្តប់លើ​ស្រទាប់​សង្គ​ម​​ដាច់​ឆ្ងាយ​ទាំង​នោះ​ កល​យុទ្ធនិង​ចំនេះ​​ថ្មី​ៗ​នឹងនាំ​​​ផល​ល្អ​ដល់​ចលនា ធ្វើ​ចលនា​កាន់​តែ​ខ្លាំង​​។

ច.  ស្វ័យ​សំរេច​ចិត្ត​របស់​ពួក​អ្នក​មាន​អំនាច​ ឬ​ការមិន​ចុះ​សំរុង​គ្នា​ផ្ទៃ​ក្នុង​

(Co-option of Opposing Elites)

នៅ​ពេលកុង​តាក់​អ្នក​ចូល​រួម​ ភាព​ក្រាញ​តស៊ូ​ ភាព​ច្នៃប្រតិដ្ឋ​ខាង​កល​យុទ្ធ​ ត្រូវ​បាន​បើក​ហើយ​ គេ​នៅ​​សល់​តែ​គន្លឹះ​​​មួយ​ចុង​ក្រោយប៉ុណ្ណោះ​ដែល​គេ​ត្រូវ​ដោះ​ ពោល​គឺ​ការ​សំរេច​ចិត្ត​របស់​ពួក​វរជន​ទាំង​ឡាយ​ដែល​គាំទ្រ​របប​ដឹក​នាំ​ ថា​តើ​នៅ​រក្សា​ជំហរកាន់​ជើង​រដ្ឋាភិបាល​ឬ​ឈរ​ខាងចលនា​​ប្រជាជន​។ ​ចលនាប្រជាជន​​​បាន​ជំរុញ​ឱយ​មាន​ការ​បែក​ខ្ញែក​នៅ​​ក្នុងក្រុមវណ្ណៈ​​​អ្នក​ដឹក​នាំ​នៅ​ក្នុង​​រដ្ឋាភិបាល​និង​សង្គម​ដែល​ពួក​គេ​កំពុង​តែ​ប្រឆាំង​នោះ​ ដែល​វា​គឺ​ជា​កត្តា​ចាំបាច់​ណាស់​ ដើម្បី​បំបាក់​និង​បំផ្លាញ​រចនាសម្ពន្ធ​ដឹក​នាំ​ចាស់​របស់​របប​ដឹក​នាំ​។ នៅ​ពេល​​ចលនា​កាន់​តែ​ធំ​ ប្រជាជន​គាំទ្រ​និង​ចូល​រួម​ចលនាកាន់​តែ​ច្រើន​ នាំ​ឱយអ្នក​គាំទ្រ​របប​ដឹក​នាំ​ឯកា​ ទៅ​ជា​ក្រុម​ភាគ​តិច មិន​ហ៊ាន​ចេញ​មុខ​ថា​ខ្លួន​នៅ​ខាង​រដ្ឋាភិបាល​ ផ្ទៃ​ក្នុង​រដ្ឋាភិបាល​ចាប់​ផ្តើម​រង្គោះ​រង្គើ​។ អ្នកគាំទ្រ​របប​ដឹក​នាំ​នោះ​មានតាំង​ពី​ថ្នាក់​ធំ​រហូត​ដល់​តូចៗ​ ​ដូច​ជា​សមាជិក​បក្ស​ ម្ចាស់​ក្រុម​ហ៊ុន​ធំ​ៗ មន្រ្តី​រាជ​ការ​ ពួក​អ្នក​បច្ចេក​ទេស​ អ្នករដ្ឋ​បាល​​ការិយាធិបតេយ្យ​​ អាជ្ញាធរ​ យោធា​ ប៉ូលីស​ កង​រក្សា​សន្តិ​សុខ។ល។​ ដែល​ពួក​គេ​ទាំង​នោះ​​ជា​សសរ​ទ្រ​​របបដឹក​នាំ។ ពួក​គេ​​នឹង​​​មិនអាច​នៅ​​ស្ងៀមឡើយ​​​ នៅ​ពេល​ដឹង​ថា​​របប​ជិត​រលំ​ និង​​​ព្រួយ​បារម្ភពី​តំណែង​ ការ​ងារ​ ​​និង​ផល​ប្រយោជន៍​។ល។ ពិសេស​គឺ​​ខ្លាច​​ត្រូវតុលាការ​​ផ្តន្ទា​ទោស​ពី​បទ​ឃិត​ឃុប​នឹង​របប​ដឹក​នាំ​។ ​​វិធី​​មិន​សហការ​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​ធ្វើ​ឱយ​របប​ដឹក​នាំ​ពិបាក​ដើរ​ទៅ​មុខ​ផង​ ធ្វើ​ឱយ​ឈ្មួញ​ធំៗ​សិ្នទ្ធនឹង​​រដ្ឋាភិបាល​ខាត​បង់​ច្រើន​ ជំរុញ​ឱយ​​ពួក​គេ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលផង​​ ដើម្បី​ព្រម​​យល់​ស្រប​តាម​តំរូវ​ការ​របស់​ប្រជាជន​។ វិធី​អន្តរាគមន៍​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​វិញ​បង្ក​បញ្ហា​ប្រឈម​ផ្ទាល់​តែ​ម្តង​ ព្រោះ​របប​ដឹក​នាំ​មិន​អាច​បន្ត​ទៅ​មុខ​បាន​ហើយ​ នៅ​មាន​ស្ថាប័ន​សេដ្ឋកិច្ច​និង​នយោបាយ​ឯករាជ្យ​ថ្មី​បង្កើត​ដោយ​អ្នក​ដឹកនាំ​ប្រជាជន​​ទៀត​។ យន្តការ​កើត​ឡើង​ដោយ​វិធី​អហិង្សា​ទាំង​នេះ នាំ​ឱយ​របប​ដឹក​នាំ​ត្រូវ​តែ​បង្ខំ​ចិត្ត​ចុះ​ចាញ់​និង​ដើរ​ចេញ​ នៅ​ពេល​ដែល​ពួក​គេ​​បញ្ឈប់​ចលនា​ក៏មិន​​បាន​ បង្ក្រាប​ក៏​គ្មាន​ប្រសិទ្ធ​ភាព សម្ពាធក៏​មាន​​ពី​គ្រប់​កន្លែង​​។​

កត្តា​ទាំង​៦នេះ​ សុទ្ធ​តែ​ពាក់​ពាន់​គ្នា​ មិន​អាច​ពន្យល់​ដាច់​ដោយ​ឡែក​យក​​កត្តា​ណា​មួយ​កំណត់​ភាព​សំខាន់ផ្តាច់​មុខ​​នៃ​បាតុកម្ម​បាន​ឡើយ​។ គួរ​ចាប់​អារម្ម​ផង​ដែរ​ថា​ មាន​តែ​កត្តា​ទី​៦ទេ​ដែល​ផ្អែក​លើភាគី​រដ្ឋ​អំនាច​​។ កត្តា​ទាំង​៥ខាង​ដើម​សុទ្ធ​ជា​កត្តា​ក្នុង​ស្រុក​ក្នុង​ចលនា​ខ្លួនឯង​ និង​​អាច​ធ្វើ​ឱយ​កត្តា​ទី​៦រង្គោះ​រង្គើ​បាន។ កត្តា​មូល​ដ្ឋាន​ដែល​កំណត់​ជោគ​ជ័យ​បាតុកម្ម​អហិង្សា​ទាំង​នេះ​ លោក​ស្រី​ អេរិខា​ ឆេណូវេថ​ បាន​ចែង​តែ​បួន​ប៉ុណ្ណោះ​ ពោល​គឺ​គ្មាន​ចំណុច​ទី​១ និង​ទី​២ ឡើយ​។ ហេតុ​ដែល​លោក​ស្រី​ពុំ​បាន​រាប់​បញ្ចូល​ ពុំ​មែន​មក​ពី​លោក​ស្រី​បដិសេធ​កត្តា​ទាំង​នេះ​ទេ​ ប៉ុន្តែ​ដោយ​សារ​មាន​ពិបាក​វាស់​ស្ទង់​តាម​បែប​ពិសោធ​ថា​តើ​យុទ្ធនាការ​មាន​ការ​ដឹក​នាំ​និង​រៀប​ចំ​បែប​ណា​ ព្រម​ទាំង​មេ​ដឹក​នាំ​និង​បាតុករ​មាន​ជំនឿ​មុត​មាំ​និង​ចំណេះ​ដឹង​ខាង​បាតុកម្ម​អហិង្សា​កំរិត​ណា​។ ប្រាកដ​ណាស់​ថា​ ​កត្តា​ចំណេះ​ដឹង​និង​ការ​ដឹក​នាំគឺជា​ចំណុច​ចាំ​បាច់​ណាស់​​ក្នុង​ការ​ធ្វើ​ឱយ​បាតុកម្ម​អាច​តស៊ូ​បាន​ក្នុង​រយៈ​ពេល​យូរ​ ​ទោះ​មិន​ចាំ​បាច់​ជា​អ្នក​មាន​ឥទ្ធិ​ពល​ឬ​ល្បី​ល្បាញ​ក៏​ដោយ​ ក៏​គេ​ត្រូវការ​​អ្នក​ដឹក​នាំ​ចលនា​ប្រកប​ដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​ ​មាន​វិធីសាស្ត្រ​ច្រើន​បែបយ៉ាង​ក្នុង​​ការ​ប្រមូល​និង​ទាក់​ទាញ​អ្នក​ចូល​រួម ពោរ​ពេញ​ដោយភាព​បែត​បន់​​ ស្គាល់​ស្ថាន​ភាព​សង្គមនិង​នយោបាយ​​ច្បាស់លាស់​​​ ដឹង​ពី​ចំណុច​ខ្សោយ​របស់​របប​ដឹក​នាំ​​ ផ្តល់​គំរូ​ល្អ​ដល់​សមាជិក ចេះ​ដឹក​នាំ​បាតុកម្ម​ឱយវៀរ​ចាក​ការ​បង្ក្រាប​ បន្ថេរ​អំនាច​បាតុកម្ម​។ល។ ទាំង​អស់​នេះ​ទាម​ទារ​ទាំង​អ្នក​ដឹក​នាំ​ល្អ​និងបាតុករ​មាន​ផ្លូវ​ចិត្ត​រឹង​មាំ​ដែល​មាន​​ចំណេះ​ដឹង​គ្រប់​គ្រាន់​​អំពី​បាតុកម្ម។ ទោះ​បី​យ៉ាង​ណា​ យើង​អាច​សរុប​កត្តា​ទាំង​ប្រាំ​​ថា​ជា​កត្តា​ប្រជាជន ព្រោះ​​វា​បង្កើត​ដោយ​ប្រជាជន​ ចូល​រួម​ដោយ​ប្រជាជន​ តំណាង​ប្រជាជន​និង​ដើម្បី​ប្រជាជន​​​។ អាស្រ័យ​​​លើ​កត្តា​​ប្រជាជន​ទាំង​ប្រាំ​នេះ​ជា​កត្តា​ជ័យ​ជំនះ​ធំ​បំផុតដូច​បាន​ជំរាប​ជូន​រួច​ហើយ​​​ ប្រជាជន​ត្រូវ​​ធ្វើជា​ម្ចាស់​ការ​ខ្លួន​ឯង​ គ្មាន​ហេតុ​ផល​ត្រូវ​ចាំ​គេ​ជួយ​ ​​ទុក​ចិត្ត​អ្នក​នយោបាយ​ឬ​រំពឹង​​បរទេស​នោះ​ទេ​៕

ប្រភព៖

៙ខឺត ហ្ស៊ក់ ​(Kurt Schock). ២០០៥. «កុប​កម្ម​ដោយ​គ្មាន​ប្រដាប់​អាវុធ​: ចលនា​អំនាច​ប្រជាជន​នៅ​តាម​ប្រទេស​មិន​កាន់​របប​ប្រជាធិបតេយ្យ​» (Unarmed Insurrections: People Power Movements In Nondemocracies). ឡុងដុន: រោង​ពុម្ពសាកល​វិទ្យាល័យ​មីនេសូតា ​(London: University of Minnesota Press)។

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

An expert explains how Hong Kong’s protesters could actually win. From http://www.vox.com/2014/10/2/6883313/hong-kong-protest-win