សម្តី​របស់​អ្នកប្រាជ្ញ​ខាង​សកម្ម​ភាព​អហិង្សា​​ (Gene Sharp’s Quote)

Gene Sharp  High Quality Pic សម្តី​របស់​អ្នកប្រឆាំងជន​ផ្តាច់​ការ​ដែល​យើងរាល់គ្នាគួរ​ពិចារណា​. លោក​ ជីន​ សាប​ (Gene Sharp) ជា​អ្នក​ឯក​ទេសម្នាក់​ដ៏​មាន​ឥទ្ធិពល​ដែល​បាន​សរសេរ​ស្នាដៃ​ជា​ច្រើន​អំពី​​បាតុកម្ម​អហិង្សា​​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​។ ​យើង​អាច​ដាក់​រហស្សនាម​ឱយគាត់​​ថា​ «សត្រូវ​របស់​ជន​ផ្តាច់​ការ»​ គឺ​ពី​ព្រោះ​តែ​សំនេរ​របស់​​គាត់​ធ្វើ​ឱយ​របប​ផ្តាច់​ការ​ជា​ច្រើន​ដួល​រលំ​នៅ​លើ​ពិភព​លោកដោយ​វិធី​អហិង្សា តាម​រយៈ​ចលនា​ប្រជាជន​​​។ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​វីឌីអូ​ឯកសារ​អំពី​រូប​លោក​ មាន​ចំណង​ជើង​ថា​ «វិធី​ចាប់​ផ្តើមធ្វើ​បដិវត្តន៍​» (How to Start a Revolution) ផ្សាយ​នៅ​ឆ្នាំ​ ២០១១ បាន​លើក​ឡើង​យ៉ាង​ត្រឹម​ត្រូវ​អំពី​ស្នាដៃ​ដ៏​ថ្លៃ​ថ្លា​របស់​លោក​ថា​​ «នៅ​ពាស​ពេញ​​ពិភព​លោក​ ប្រជាជន​កំពុង​តស៊ូ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ សំនេរ​របស់​មនុស្ស​ម្នាក់​អាច​ជួយ​សង្គ្រោះ​មនុស្សរាប់​លាននាក់​ឱយ​​ទទួល​បាន​សេរី​ភាព​។» លោក​បាន​អះ​អាងក្នុង​បទ​សម្ភាសន៍​ក្នុង​ខ្សែ​ភាព​យន្ត​ឯកសារនោះ​​​ថា​ «ជន​ផ្តាច់​ការ​មិន​ដែល​ខ្លាំង​ដូច​ដែល​​គេ​ប្រាប់​អ្នក​នោះ​ទេ​។ ប្រជាជន​ក៏​មិន​ដែល​ទន់​ខ្សោយ​ដូច​ដែល​ពួក​គេ​គិត​នោះ​ដែរ​។» ខាង​ក្រោម​សម្តី​ដក​ស្រង់​ចេញ​ស្នាដៃ​ដ៏​ល្បី​ល្បាញ​ជាង​គេ​របស់​លោក​ «ពី​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​៖ គម្រោង​គោលការណ៍​សំរាប់​ទាម​ទារ​សេរី​ភាព​» (From Dictatorship to Democracy: A Conceptual Framework for Liberation)៖

អំពី​ការ​បោះ​ឆ្នោត​ទម្លាក់​ជន​ផ្តាច់​ការ

១. ជន​ផ្តាច់​ការគ្មាន​កិច្ច​ការ​អ្វី​ត្រូវ​​អនុញ្ញាត​ឱយ​មាន​ការ​បោះ​ឆ្នោត​ដែល​អាច​ទាញ​ពួក​គេ​ចេញ​ពី​តំណែង​បាន​នោះ​ទេ​។​

អំពី​ការ​ចរ​ចា​ជា​មួយនឹង​​ជន​ផ្តាច់​ការ​

២. ការ​ចរចា​មិន​មែន​ជា​មធ្យោបាយ​មាន​លក្ខណៈ​ប្រាកដ​ត្រឹម​ត្រូវនោះ​​ទេ​ នៅ​ពេល​ដែល​គ្មានវត្តមាន​​ក្រុម​​ប្រជាធិបតេយ្យ​ដ៏​មាន​អំនាច​មួយ​។ ៣. តួ​នាទី​សម​ស្រប​នៃ​ការ​ចរចា​គឺ​កើត​ឡើង​នៅ​ពេលការ​សំរេច​ចិត្ត​​ចុង​ក្រោយបង្អស់​នៅ​ទី​បញ្ចប់​នៃ​ការ​តស៊ូ​​ ដែលក្នុង​នោះ​ ​អំនាច​របស់​ជន​ផ្តាច់​ការ​ត្រូវ​បាន​បំផ្លាញ​ដោយមាន​ប្រសិទ្ធ​ភាព ហើយ​ពួក​គេ​ស្វែង​រក​​សុវត្ថិភាព​ផ្ទាល់​ខ្លួន ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ​កាន់ព្រលាន​យន្ត​ហោះ​អន្តរជាតិ​​​​​។ ៤. ជន​ផ្តាច់​ការ​សន្យា​អ្វី​ក៏​ដោយ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀងដែល​បាន​​​ចរចា​ គ្មាន​នរណា​អាច​បំភ្លេច​បាន​ទេ​ថា​ ជន​ផ្តាច់​ការ​អាច​សន្យា​អ្វី​គ្រប់​យ៉ាង​ដើម្បី​រក្សា​ការ​ព្រម​ចំណុះ​ពី​ក្រុម​​ប្រជាធិបតេយ្យ​ដែល​ជា​គូ​ប្រជែង​ ហើយ​ក្រោយ​មក​រំលោភ​បំពាន​កិច្ច​ព្រម​ព្រៀង​ដោយ​គ្មានការ​​អៀន​ខ្មាស​។

អំពី​បរាជ័យ​នៃ​ចលនា​ប្រឆាំងរបប​ផ្តាច់​ការ​​

៥. នៅ​ពេល​កម្លាំង​ប្រឆាំង​ខាង​ក្នុង​ស្រុក​និងអន្តរជាតិដែល​​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ត្រូវ​បាន​ដក​ចេញ​ ជន​ផ្តាច់​ការ​អាច​នឹង​កាន់​តែ​គាប​សង្កត់​និង​ប្រើ​ហិង្សា​ឃោរ​ឃៅ​ជាង​ពី​មុន​ទៅ​ទៀត​។​

អំពី​រដ្ឋ​ប្រហារ​និង​ការ​ប្រើ​ហិង្សា​ប្រឆាំង​របប​ផ្តាច់​ការ​

៦. ការ​ទាញ​បុគ្គល​ណា​ម្នាក់​និង​បក្ស​ពួករបស់​គេ​​ពី​តំណែង​ដែល​ពួក​គេ​កាន់​កាប់​ វា​ទំនង​គ្រាន់​តែជា​ការ​​បើក​ទ្វារ​ឱយ​ក្រុម​មួយ​ទៀត ឱយ​​មក​អង្គុយ​កន្លែង​ពួក​គេ​តែ​ប៉ុណ្ណោះ​។ ៧. កុប​កម្ម​តវ៉ា​​ដោយ​​ការ​ប្រើ​ប្រាស់​យោធា​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ មិន​មែន​វាយ​ចំ​ចំណុច​ខ្សោយ​បំផុត​នៃ​របប​ផ្តាច់​ការ​ទេ​ តែ​បែរ​ជា​វាយ​ប្រហារត្រូវ​ចំណុច​ដែល​របប​ផ្តាច់​ការ​ខ្លាំង​បំផុតទៅ​វិញ​​។

អំពី​អន្តរាគមន៍​បរទេស​ឬ​អន្តរជាតិ​

៨. រដ្ឋ​បរទេស​មួយចំនួន​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ផ្តាច់​ការ គ្រាន់​តែ​ដើម្បី​ចង់​ត្រួត​ត្រា​​សេដ្ឋកិច្ច​ នយោបាយ​ យោធា​របស់​​ប្រទេស​នោះ​តែ​ប៉ុណ្ណោះ​។ ៩. រដ្ឋ​បរទេស​អាច​នឹង​ចូល​រួម​ជួយយ៉ាង​​សកម្ម​ក្នុង​បំណង​ល្អ​ តែ​នៅ​ពេល​ការ​តវ៉ា​នៅ​ខាង​ក្នុង​ប្រទេសបាន​ចាប់​ផ្តើម​ពុះ​ពោរ​អង្រន់​របប​ផ្តាច់​ការ​ហើយ​នោះ​ទេ​។ ជា​លទ្ធផល​នៃ​ស្ថាន​ភាព​នេះ​​​ ទើប​មាន​ការ​ចាប់​អារម្ម​ពី​អន្តរជាតិ​ចំពោះ​​សារ​ជាតិ​ឃោរឃៅ​នៃ​របប​​​ផ្តាច់​ការ​នោះ​​។ ​​១០. ទោះ​បី​របប​ផ្តាច់​ការ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ ឬ​ក៏​ក្នុង​កំរិត​ខ្លះ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សកម្ម​ភាព​របស់​អន្តរជាតិក៏ដោយ​​ ដំណើរ​បន្ត​នៃ​របប​នោះ​នៅ​តែ​ពឹង​អាស្រ័យ​ជា​ចំបង​លើ​កត្តា​ខាង​ក្នុង​ដដែល​។

អំពី​អំនាច​ប្រជាជន​និង​ការ​តស៊ូ​អហិង្សា

​១១. ការ​រំដោះ​ខ្លួន​ពី​របប​ផ្តាច់​ការ​ បំផុត​គឺ​ផ្អែក​លើ​សមត្ថភាព​របស់​ប្រជាជន​ក្នុង​ការ​រំដោះ​ខ្លួន​ឯង​។ ១២. ការ​តស៊ូ​ដោយ​អហិង្សា​ប្រតិបត្តិ​ការ​ដោយ​កែ​ប្រែ​ស្ថាន​ភាព​ទំនាស់និង​សង្គម​​ដើម្បីកុំ​​ឱយ​សត្រូវ​​ធ្វើ​​តាម​អំពើ​ចិត្ត​បាន​។

អំពី​ប្រភព​អំនាច​របស់​ជន​ផ្តាច់​ការ​

១៣. ប្រភព​អំនាច​ទាំង​អស់​នេះ (អំនាច​ស្រប​ច្បាប់​, ធន​ធាន​មនុស្ស, ជំនាញ​និង​ចំណេះ​, ​កត្តា​អរូបិយ​ដូច​ជា​មនោគមវិជ្ជានិង​ចិត្ត​សាស្ត្រ​​, ធន​ធាន​សម្ភារៈ​ និង​ទណ្ឌកម្ម​)​ នៅ​តែ​អាស្រ័យ​លើ​ការ​ទទួល​ស្គាល់​របប​នោះ​ ការ​ព្រម​ចំណុះ​ និង​ការ​គោរព​ពីប្រជា​​ពលរដ្ឋ​​ទាំង​មូល​ ហើយ​និង​ផ្អែក​លើ​ការ​សហការ​ឥត​គណនា​ពី​ប្រជាជន​និងស្ថាប័ន​ទាំង​ឡាយ​​នៃ​សង្គម​។

អំពី​រក្សា​វិន័យអហិង្សា​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​

១៤. វិន័យ​អហិង្សា​គឺ​ជា​គន្លឹះ​ជោគ​ជ័យ​និង​ត្រូវ​តែ​រក្សា​ឱយ​បាន​ ទោះ​បី​ជន​ផ្តាច់​ការ​ព្យាយាម​បង្កប់​រនុក​ក្នុងមក​បង្ក​រឿង​​និង​ប្រើ​ហិង្សា​ឃោរ​ឃៅ​យ៉ាង​ណា​ក៏​ដោយ​។

អំពី​ការ​គោរព​តាម​បញ្ជា​របស់​ភ្នាក់​ងារ​រដ្ឋាភិបាល​ដែល​យល់​ស្រប​នឹង​បាតុកម្ម​របស់​ប្រជាជន​

១៥. ភាព​គ្មាន​ភក្តី​ភាព​​និង​ការ​មិន​គោរព​តាមបទ​បញ្ជា​​របស់​កម្លាំង​កង​ទាប់​និង​ប៉ូលីស​អាច​នឹង​នាំ​​គ្រោះ​ថ្នាក់​បំផុត​ដល់​​សមាជិក​នៃ​ក្រុម​នោះ​។ គេ​អាច​រំពឹង​ទុក​បាន​ថា ​កង​ទាហាន​និង​ប៉ូលីស​នឹង​ទទួល​រង​ការ​ដាក់​ទោស​ធ្ងន់​សំរាប់​អំពើ​មិន​គោរព​តាមបញ្ជា​និង​ទោស​ប្រហារ​ជីវិត​ចំពោះ​ការ​នាំ​គ្នា​​បះ​បោរ​​។ ហេតុ​នេះ​ កម្លាំង​ប្រជាធិបតេយ្យ​​​ពុំ​គួរស្នើ​ឱយ​កង​ទាហាន​និង​អ្នក​រដ្ឋការ​ឱយ​ចូល​រួម​ធ្វើ​សកម្មភាព​ប្រឆាំង​​ភ្លាម​ៗឡើយ​។ ជំនួស​មក​វិញ​ នៅ​ពេល​ទំនាក់ទំនង​អាចធ្វើ​ទៅ​បាន​ គួរតែ​ត្រូវ​​បញ្ជាក់​ឱយ​ច្បាស់​​ផង​ដែរថា​ នៅ​មាន​​ទំរង់​មាន​សុវត្ថិ​ភាព​ជា​ច្រើន​ទៀត​នៃ​ការធ្វើ​ជា​​​គោរព​តាម ​ពោល​គឺ​ការ​គោរព​តាម​ក្លាយ​ក្លែងដែល​ពួក​គេ​​​អាច​អនុវត្តនៅ​ជំហាន​ដំបូង​​បាន (ធ្វើ​ជា​បរាជ័យ​ពេល​ប្រតិបត្តិ​ការ​ រាយ​ការណ៍​ពត៌មាន​ខុស​ខ្វះ​ចន្លោះ បង្ក្រាប​ក្នុង​កំរិត​ស្រាល​​​​)​។​​​

អំពី​យុទ្ធសាស្ត្រ​ធំ​គោល​រយៈ​ពេលវែង​​ប្រឆាំងនឹង​​របប​ផ្តាច់​ការ​

១៦. ប្រឈម​មុខ​នឹង​របប​ផ្តាច់​ការ​ គោល​ដៅ​នៃ​មហា​យុទ្ធសាស្ត្រ​ពុំ​មែន​គ្រាន់​តែ​ទាញ​ពួក​​ផ្តាច់​ការ​ចេញ​ពី​អំនាច​នោះ​ឡើយ​ ប៉ុន្តែ​ព្រម​ទាំង​ដំឡើងមក​វិញ​នូវ​​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​បង្ក​លក្ខណៈ​មិន​ឱយ​ជន​ផ្តាច់​ការ​ថ្មី​ឡើង​មក​ដែរ​។ ១៧. ​ប្រជាជន​មួយ​ចំនួន​ធំទំនង​ជា​​មាន​បំណង​ចង់ចូល​រួមជាង​មុន​និង​អាច​ធ្វើ​សកម្មភាពបាន​​ បើ​សិន​ពួក​គេ​យល់​ពី​បញ្ញត្តិកម្ម​ទួទៅ​ ព្រម​ទាំង​សេចក្តីណែនាំ​ជាក់​លាក់​ច្បាស់​​​។ ១៨. នៅ​ក្នុង​កាលៈ​ទេសៈកំរ​បំផុត​ប៉ុណ្ណោះ​ដែល​ការ​តស៊ូ​គួរ​តែ​ឃ្លាត​ចេញ​ពី​មហា​យុទ្ធសាស្ត្រ​ដើម​។

អំពី​ររបប​ប្រជាធិបតេយ្យ​​ក្រោយ​ពេល​របប​ផ្តាច់​ការ​ដួ​ល​រំលំ​

១៩. ឥទ្ធិពល​នៃ​ការ​តស៊ូ​ដោយ​អហិង្សា​ពុំ​មែន​ត្រឹម​តែ​បន្ថយ​កម្លាំងរបស់​ជន​ផ្តាច់​ការ​​និង​ទាញ​ពួក​គេ​ចេញ​​ពី​អំនាច​នោះ​ទេ​ តែ​ក៏​បង្កើន​អំនាច​ប្រជាជន​ដែលត្រូវ​​គេ​ជិះ​ជាន់​ផង​ដែរ​។ ​២០. ការ​ដួល​រលំ​នៃ​របប​ដែល​ជិះ​ជាន់​ប្រជាជនមួយ​ សំរាប់​បុគ្គល​និង​ក្រុម​​មាន​អំនាច​មួយ​ចំនួន​ វា​គ្រាន់​តែ​ជា​ឱកាស​របស់ពួក​គេក្នុង​ការ​ឡើង​ទៅ​ធ្វើ​ជា​ម្ចាស់ថ្មី​ប៉ុណ្ណោះ​​។​​ ២១. ប្រទេស​ដែល​ទើប​តែ​រំដោះ​ខ្លួន​រួច​អាច​ចួប​ប្រទះ​​នូវ​ការ​គំរាម​កំហែង​ពី​បរទេស​ ដែលប្រទេស​នោះ​​ត្រូវ​ការសមត្ថភាព​ការ​ពារ​ជាតិ​​។ បរទេស​នឹងមាន​បំណង​​គំរាម​កំហែង​ប្រទេស​នោះ​ ដើម្បី​ត្រួត​ត្រា​សេដ្ឋកិច្ច​ នយោបាយ​ យោធា​របស់​ប្រទេស​នោះ​។ […] ដោយ​ប្រគល់​​​សមត្ថភាព​តវ៉ាដោយ​ផ្ទាល់​ទៅ​ឱយ​ប្រជាពលរដ្ឋ​​ប្រទេស​ដែល​ទើបបាន​​សេរីភាព​ថ្មី​ៗគួរចៀស​វាង​ពី​តំរូវ​ការស្ថាបនា​សមត្ថភាព​យោធា​រឹង​មាំ​​ ដែលតំរូវ​​ការ​យោធានេះឯង​គំរាម​កំហែង​ដល់ប្រជាធិបតេយ្យ​ [ក្នុង​ប្រទេស​ជា​ជាង​ការ​ពារ​ការ​ឈ្លាន​ពាន​របស់​បរទេស​] និង​ត្រូវ​ការ​ចំណាយធន​ធាន​សេដ្ឋកិច្ច​​យ៉ាង​ច្រើន​សម្បើម​ ដែលគេ​អាច​យក​ទៅ​ប្រើ​ក្នុង​គោល​បំណង​ផ្សេង​ទៀត​។ ​២២. ក្រុមមួយ​ចំនួន​នឹង​ធ្វើ​ភ្លេច​អំពី​ការ​កំណត់​ក្នុង​​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​បំណង​កសាង​ខ្លួន​ជា​ជន​ផ្តាច់​ការ​ថ្មី​។ អាស្រ័យ​ហេតុ​នេះ​ តួនាទី​​អចិន្ត្រៃយរបស់​ប្រជាជន​ទាំង​មូល​ គឺ​អនុវត្ត​ការ​រឹង​ទទឹងមិន​សហការ​​ខាង​នយោបាយ​ជំទាស់​នឹង​អនាគត​ជន​ផ្តាច់​ការ​ទាំង​ឡាយ​និង​រក្សា​ការ​ពារ​រចនាសម្ពន្ធ​ សិទ្ធិ​ ទំរង់​បែប​បទ​ប្រជាធិបតេយ្យ​ [ពី​ការ​គំរាម​កំហែង​របស់​​របបផ្តាច់​ការ​និង​អ្នក​នយោបាយ​ណា​មួយ​]៕៚

​ជោគ​ជ័យ​នៃ​បាតុកម្ម​អហិង្សា​​និង​បរាជ័យនៃ​កុប​កម្ម​ហិង្សា​

Success Rates by Decade 1940-2006

ការ​សិក្សារបស់​លោក​ស្រីឆេណូវេថ​ និង​ ស្ទីហ្វឹន​ ​បាន​ពន្លះ​ចេញ​នូវ​ការ​ពិត​ដ៏​គួរ​ឱយ​ភ្ញាក់​ផ្អើលអំពី​ជោគ​ជ័យ​នៃ​បាតុកម្ម​អហិង្សា​និង​បរាជ័យ​នៃ​កុប​កម្ម​ហិង្សា​។ បាតុកម្ម​អហិង្សាដែល​ផ្អែក​លើ​ប្រជាជន​ស៊ីវិល​​មាន​អត្រា​សង្ឃឹម​ជោគ​ជ័យ​រហូត​ដល់​ទៅ​ ៥៣ភាគរយឯណោះ​ ពោល​គឺ​មានកម្លាំង​ខ្លាំងជាង​​ទ្វេ​ដង បើ​ប្រៀប​នឹង​កុប​កម្ម​ហិង្សា​គ្រប់​ករណី​ទាំង​អស់ដែល​​មាន​សង្ឃឹម​ជោគ​ជ័យ​តែ​ ២៦ភាគ​រយ​ទេ​​។ ចំពោះយុទ្ធនាការ​ធំៗ​ចំនួន​ ២៥​ករណីវិញ​​ ក្នុង​ចំណោម​ ២០បាតុកម្ម​​ មាន​ ១៤ករណី​ទៅ​ហើយ​ជោគ​ជ័យ​ ពោល​គឺ​មាន​អត្រាជោគ​ជ័យ​ ​៧០ភាគ​រយ ​ផ្ទុយ​ទៅ​វិញ​ ៥ករណី​ មាន​តែ​កុប​កម្ម​ ២ ប៉ុណ្ណោះ​​ជោគ​ជ័យ ពោល​គឺ​អត្រា​ជោគ​ជ័យ​តែ​ ៤០ភាគ​រយ​ទេ​​។ នេះ​ស​បញ្ជាក់​ថា​ សូម្បី​តែ​ក្នុង​ករណី​យុទ្ធនាការ​ធំៗ​ ក៏​ចលនា​អហិង្សា​នៅ​មាន​ប្រៀប​ជាង​ចលនា​ហិង្សា​ដដែល​។

​អ្វី​ដែល​រិត​តែ​ចម្លែក​នោះ​គឺ​ថា​ សូម្បី​តែ​ពេល​បាតុកម្ម​អហិង្សា​បរាជ័យក៏​ដោយ​​ ក៏​មាន​គុណ​សម្បត្តិ​និង​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​តិច​ជាង​កុប​កម្ម​ហិង្សា​ឆ្ងាយ​ណាស់​។  ប្រទេសដែលត្រឹម​តែ​កើត​​មាន​យុទ្ធនាការ​អហិង្សា​ជា​មធ្យម​មាន​ឱកាស ៣៥ភាគ​រយ​ ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ ៥ឆ្នាំ​ បន្ទាប់​ទំនាស់​បាន​បញ្ចប់​។ ក្រលេក​មក​មើល​ យុទ្ធនាការ​ហិង្សា​វិញ​ មាន​ឱកាស​តិច​ជាង ​៤ភាគរយទៅ​ទៀត​ ​ដែល​​ប្រជាធិបតេយ្យ​អាចត្រូវបាន​ដាក់​​បញ្ចូល​ដោយ​​ជោគ​ជ័យ​បាន​។ ​​នៅ​ពេល​ចលនា​អហិង្សា​ត្រូវបាន​រារាំង​ពី​សំណាក់​អាជ្ញាធរ​និង​​បង្អាក់​ដោយ​​ការ​បង្ក្រាប​របស់​កង​កម្លាំង​សន្តិ​សុខ​ ប្រជាជន​ទាំង​អ្នក​ចូល​រួម​និងអ្នក​​ឈ្លប​មើល​បាតុកម្ម​ក្នុង​សង្គម​ទាំង​មូល ​នឹងស្អប់​ខ្ពើម​របប​ដឹក​នាំ ទោះ​ ​ចលនា​នោះ​ជោគ​ជ័យ​ឬ​បរាជ័យ ​ ​ព្រោះ​តែ​ការ​បង្ក្រាបខុស​ច្បាប់​​​លើ​បាតុករដែល​ជា​ប្រជាជន​ស៊ីវិល​​គ្មាន​ប្រដាប់​អាវុធ​ ​របប​នោះ​រិត​តែ​គ្មាន​សង្ឃឹម​ស្តារ​ប្រជាប្រិយ​ភាព​ឡើង​វិញបាន​​ទៀតដែរ​​​។ ក្រោយ​យុទ្ធនាការអហិង្សា​​បរាជ័យ​ ទោះ​មាន​ការ​តាម​ចាប់ខ្លួន​​បាតុករក៏​មាន​ចំនួន​តិច​ស្តួច​ស្តើង​បើ​ធៀប​នឹង​កុប​កម្ម​ហិង្សា​​ ហើយ​ទោះ​មាន​ទារុណ​កម្ម​ក៏​មិន​ដល់​ថ្នាក់​ស្លាប់ដែរ​។ កុប​កម្ម​ហិង្សាវិញ​ ​ក្រោយពេល​​​បរាជ័យ​ ក្រុម​អាជ្ញាធរ​នឹង​តាម​​ប្រមាញ់​ ​​ ពេល​ចាប់​បាន​គឺ​សម្លាប់​ឬ​ធ្វើ​ទារុណ​កម្ម​ដោយ​គ្មាន​ឆ្លង​កាត់​ការ​កាត់​ទោស​ពី​តុលារ​ការអ្វី​នោះ​ទេ​​ ព្រោះ​ពួក​គេ​ចាត់​ទុកថា​​ជា​អ្នក​គំរាម​កំហែងដល់​អំនាច​របស់​ពួក​គេ​ផង​ ប្រជាជន​ក៏​ខ្លាច​ជាប់​ទាក់​ទង​ផងដែរ​​។​ សំរាប់​ករណី​ប្រទេស​​ប្រជាធិបតេយ្យ​ស្រាប់​ទៅ​ហើយ​វិញ​ រដ្ឋ​យក​ឈ្នះ​យុទ្ធនាការ​អហិង្សា​ហើយ​ ៩៨ភាគ​​រយ​នៅ​តែ​ប្រជាធិបតេយ្យ​ដដែល​ ប៉ុន្តែប្រទេស​ប្រជាធិបតេយ្យ​ដែល​យក​ឈ្នះ​យុទ្ធនាការ​ហិង្សា​វិញ​ ៧០​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​នៅ​តែរក្សា​ប្រជាធិបតេយ្យ​បាន​។​

            យុទ្ធនាការ​អហិង្សា​ ទោះ​ចាញ់​ឬ​ឈ្នះ​ សុទ្ធ​មាន​បង្កើន​ផល​វិជ្ជមាននិង​ភាព​ឆ្លើយ​តប​របស់​រដ្ឋាភិបាលចំពោះ​ប្រជាជន​​ ពោល​គឺ​​នៅ​តែ​​ផ្តល់​គុណ​ប្រយោជន៍​សំរាប់​ប្រជាធិបតេយ្យ​ តែ​យុទ្ធនាការ​ហិង្សា​វិញ​ មិន​ត្រឹម​តែ​ជួយ​ស្តារ​ប្រជាធិបតេយ្យ​ពុំ​បាន​នោះ​ទេ​ តែ​ធ្វើ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ទៀត​។

អាន​បន្ថែម​៖

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

សមិទ្ធ​ផល​នៃ​បាតុកម្ម​អហិង្សា៖​ ភាព​គ្មាន​ឥទ្ធិ​ពល​នៃ​ជំនួយ​បរទេសលើ​ចលនា,​ សន្តិ​ភាព និង​ប្រជាធិបតេយ្យក្រោយ​ទំនាស់​​

People Power Result

យុទ្ធនាការ​ហិង្សាដែល​​ទំនង​ជា​ជោគ​ជ័យ ​ទទួល​បាន​ជំនួយ​និង​ការ​គាំទ្រ​​ពីរដ្ឋ​​បរទេស​ ​ដែល​ពង្រឹងកម្លាំង​ចលនាធ្វើ​ឱយ​អ្នក​ចូល​រួមនិង​អ្នក​ចង់​ចូល​រួម​​មានការ​​ជឿ​ទុក​ចិត្តថា​អាច​ឈ្នះ​​, បង្កើន​លទ្ធភាព​ខាង​សម្ភារៈ​​ចម្បាំង​, ព្រម​ទាំង​ផ្តល់​មូលដ្ឋាន​ទាប់​ ​លាក់​បំពួន​និង​គេច​ខ្លួន​ទៅ​បរទេស​ជា​ដើម។ ជោគ​ជ័យនៃ​យុទ្ធនាការ​អហិង្សា​វិញ​ ​ ​ជំនួយ​បរទេស​ឬការ​គាំទ្រ​​អន្តរជាតិ​ជាមិន​ចោទ​ជា​បញ្ហា​​ទេ​។ ចលនា​អំនាច​ប្រជាជន គ្រាន់​តែ​ជា​ការ​ប្រមូល​ផ្តុំគ្នា​មិន​សហការ​នឹង​រដ្ឋ​អំនាច​និង​ធ្វើ​អន្តរាគមន៍​បង្អាក់​របប​ដឹក​នាំ​ ​ធ្វើ​សកម្ម​ភាព​រួមគ្នាទាម​ទារ​ឱយ​សម្រេច​គោល​ដៅ​នយោបាយ​ណា​មួយ​ប៉ុណ្ណោះ។​​​ គេ​មិន​ត្រូវ​ការ​សព្វាវុធ​ចម្បាំង គេ​មិនត្រូវ​ការ​​បន្ទាយ​ទាប់​ គេ​មិន​ត្រូវ​ការ​ធ្វើ​សម​យុទ្ធ​ឬ​បាញ់​កាំភ្លើង​សាក​ល្បងអ្វី​ទេ​ គេក៏​មិន​ត្រូវការ​​ថវិកា​អ្វី​ធំ​ដុំមក​ចាយ​វាយ​លើ​ចលនាដែរ​​ ត្រឹម​តែ​គ្រឿង​បរិក្ខារ​ទាក់​ទងគ្នា​ ​អាហារ ជំរក​។ល។​ ចលនា​ប្រជាជន​អាច​ទ្រ​ទ្រង់​ដោយ​ខ្លួន​ឯង​បាន​។ ដូច្នេះ​ហើយ​ វា​មិន​ចម្លែក​ដែល​ការ​សិក្សា​បង្ហាញ​ថា​ ​ ​ជំនួយ​បរទេស​គ្មាន​ឥទ្ធិ​ពល​ជា​ដុំ​កំភួន​ឡើយទៅ​លើ​ការ​តវ៉ា​ដោយ​អហិង្សា​របស់​ប្រជាជន​​​ គឺ​ថា​ទោះ​មាន​ឬ​គ្មាន​បរទេស​ឧបត្ថម្ភ​ក៏​ចលនា​នៅ​តែ​អាច​ជោគ​ជ័យ​ ហើយ​បរាជ័យ​របស់​ចលនា​ក៏​មិន​ទាក់​ទង​ជំនួយ​បរទេស​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​ថា​ ចលនា​ប្រជាជន​តែ ​១០ភាគ​រយ​ប៉ុណ្ណោះ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​សម្ភារៈ​ពី​រដ្ឋ​ប្រទេស​។ ការមិន​​សូវ​មានការ​​គាំទ្រ​ខាង​សម្ភារៈ​នេះ​ ប្រហែល​មកពី​​បរទេស​មិន​សូវ​មើល​ឃើញ​ប្រយោជន៍ផ្ទាល់​ខ្លួន​​ពីការ​គាំទ្រ​​ចលនា​ និង​ជា​ពិសេស​គឺ​ពួក​គេ​មិន​អាច​ជះ​​ឥទ្ធិ​ពល​លើ​ចលនា​ដែល​ប្រើ​មធ្យោបាយ​អហិង្សា​បាន​ តាម​រយៈ​ជំនួយ​ដូច​ចលនា​ហិង្សា​ឡើយ​។ យើង​មិន​មែន​ចង់​អះ​អាង​ថា​ យុទ្ធនាការ​អហិង្សា​មិន​អាច​ទាក់​ទាញ​ការ​គាំទ្រ​ពី​សំណាក់​អន្តរជាតិ​ឡើយ​ គឺ​ថា​១០ភាគ​រយ​នោះ​សំដៅ​តែ​លើ​ការ​គាំទ្រ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​​។ ប្រាកដ​ណាស់​ ចលនា​ប្រជាជន​ងាយ​ទទួល​បាន​ការ​គាំទ្រ​ទាំង​ធន​ធាននិង​ការ​បណ្តុះ​បណ្តាល​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិនា​នា​នៅ​លើ​ពិភព​លោក​ និង​រដ្ឋ​បរទេស​មួយ​ចំនួន​គាំទ្រ​តាម​រយៈ​ការ​ផ្ដាច់​ចំណង​ការ​ទូត​នឹង​រដ្ឋាភិបាល​ ដែល​ជា​សម្ពាធ​ការ​ទូត​ឬ​ទណ្ឌ​កម្ម​អន្តរជាតិ​​ដាក់​លើ​របប​ដឹក​នាំ​​ ដែល​​វា​ក៏​អាស្រ័យ​លើ​បរិបទ​នយោបាយ​និង​ស្ថាន​ភាព​ក្នុង​ស្រុក​ដែរ​។

            នៅ​ពេល​ដែល​ទំនាស់​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​​អហិង្សា​ នោះ​សន្តិ​ភាព ប្រទេស​នីតិ​រដ្ឋ​ ស្ថាប័ន​ឯក​រាជ្យ​​ពោល​គឺ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក៏ងាយ​​​នឹង​បញ្ជ្រាប​និង​ដុះ​លូតលាស់​ដែរ​។ គិត​ក្នុង​កំរិតមធ្យម​នៃ​គុណ​ភាព​​ប្រជាធិបតេយ្យ ​យុទ្ធ​នាការ​តវ៉ា​ដោយ​ប្រើ​វិធី​អហិង្សា​ធ្វើ​ឱយ​ប្រទេស​នោះ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ៤០ភាគ​រយ​ ក្នុង​រយៈ​ពេល​៥ឆ្នាំ​ ក្រោយ​វិវាទ​បាន​បញ្ចប់​។ រាប់​ត្រឹម​យុទ្ធនាការ​​ដែល​បាន​​សំរេច​ជ័យ​ជំនះ​ គេ​ឃើញថា​ វា​បាន​បង្កើន​លទ្ធ​ភាព​នៃប្រភេទ​​របបប្រជាធិបតេយ្យ​​ ៥០​ភាគ​រយ​ បើ​ធៀប​នឹងកុប​កម្ម​ហិង្សា​។ ​ជោគ​ជ័យ​នៃ​យុទ្ធ​នាការ​អហិង្សា​មិន​មែន​ត្រឹម​តែ​បង្ខំ​រដ្ឋាភិបាល​ឱយ​ធ្វើ​តាម​តំរូវ​ការរបស់​​ប្រជា​ពលរដ្ឋ​ និង​បង្ខំ​ប្រជាជន​ខ្លួន​ឯង​ឱយ​រិត​តែ​ចូល​រួម​និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ដំណើរ​ការ​នយោបាយ​ប៉ុណ្ណោះ​​ទេ​ ហើយ​នៅ​មាន​ការ​លេច​ឡើង​នៃ​ចលនា​ប្រឆាំង​នឹង​ការ​សំរេច​ខុស​ទំនង​ណា​មួយ​របស់​រដ្ឋាភិបាល​ ពុំ​​មែនធ្វើ​ឱយ​​សង្គ្រាម​ស៊ីវិលលេច​ឡើង​វិញ​ដូច​ករណី​កុប​កម្ម​ហិង្សាឡើយ​។ យុទ្ធនាការ​អហិង្សាមាន​ឱកាស​តែ​ ២៨ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​ការ​ចួប​ប្រទះ​នឹង​​​សង្គ្រាម​ស៊ីវិល​​ គិត​ក្នុង​កំលុង​ពេល ​​​១០ឆ្នាំក្រោយ​ទំនាស់​បញ្ចប់​​ តែ​យុទ្ធនាការ​ហិង្សា​វិញ​ មាន​រហូត​ដល់​ទៅ​ ៤២ភាគ​រយ​ឯណោះ​។ ក្នុង​ករណី​យុទ្ធនាការ​មានព្រម​គ្នា​​នឹង​ក្រុម​ប្រដាប់​អាវុធវិញ​ ​ គិត​នៅ​ក្នុង​រយៈ​ពេល​១០ឆាំ្នក្រោយ​ជម្លោះ​បញ្ចប់​​ដដែល​ យុទ្ធនាការ​អហិង្សា​និង​ហិង្សា​ណា​ដែល​មាន​វត្តមាន​ជា​មួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​ មាន​ឱកាស​ ៤៩ភាគ​រយ​ប្រឈម​នឹងការ​ឆេះ​ឡើង​វិញ​នៃ​​សង្គ្រាម​ស៊ីវិល តែ​បើ​គ្មាន​ក្រុម​ប្រដាប់​ទេ​ ឱកាស​សង្គ្រាម​ស៊ីវិលមាន​តែ​ ២៧ភាគ​រយ​ប៉ុណ្ណោះ​។​​ ដោយ​សារ​ក្រុម​ប្រដាប់​ណា​មួយ​អាច​បំផ្លាញ​យុទ្ធនាការ​អហិង្សា​ដូច្នេះ​ហើយ​ ទើប​អ្នក​ជំនាញ​និង​សកម្ម​ជន​អហិង្សា​ដាស់​តឿនជា​និច្ច​​អំពី​ការ​រក្សា​វិន័យ​អហិង្សា​ឱយ​បាន​ខ្ជាប់​ខ្ជួននិង​បាតុកម្ម​តវ៉ា​នឹង​ក្រុម​ប្រដាប់​អាវុធ​ណា​មួយ​ ទោះ​បី​ប្រម​នឹង​ហានិភ័យ​យ៉ាង​ណា​។

            សរុប​មក​ បាតុកម្ម​អហិង្សា​មាន​ភាព​ឯករាជ្យ​ដោយ​មិន​ពឹង​ផ្អែក​លើ​ជំនួយ​ពី​រដ្ឋ​បរទេស​ បង្កបរិយាកាស​ងាយ​ស្រួល​ជូន​សន្តិភាពក្នុង​ស្រុក​​និង​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ យើង​សូម​បញ្ជាក់​ថា​ សមិទ្ធ​ផល​ទាំង​នេះ​មិន​មែន​អាស្រ័យ​លើ​បាតុកម្ម​តែ​មួយ​មុខ​ទេ​ ពោល​គឺ​មិន​មែន​គ្រាន់​តែ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នឹង​ធានាបាន​សមិទ្ធផល​​ទាំងអស់​នោះ​​ឡើយ​ តែអាស្រ័យ​លើ​​​ផែន​ការម៉ឺង​ម៉ាត់​​របស់​ចលនា​នោះ​ខ្លួន​ឯង ​ក្នុង​ការ​​បង្កើត​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​ឯក​រាជ្យ​ដែលបាន​​ត្រៀម​រួច​ស្រេចនូវ​​ស្ថាប័ន​មាន​អំនា​ចស្មើ​ដើម្បី​ត្រៀម​បំពេញ​ការ​ងារ​ទាំង​នោះ។ បាតុកម្ម​អហិង្សា​មាន​លក្ខណៈ​សកម្ម​ បើ​ប្រជាជន​មិន​ធ្វើ​និងមិន​​ដាក់​ផែន​ការ​ ទិន្នផល​ក៏​មិន​ទទួល​បាន​ដែរ​​៕

អាន​បន្ថែម​៖ អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

កត្តា​​ជា​សារវន្ត​ទាំង​ឡាយ​ដែលចូល​​រួម​ កំណត់​ជោគ​ជ័យ​របស់​បាតុកម្ម​អហិង្សា​

Violent Repression vs Nonviolent Power Fish Ver.

លោក​ ខឺត​ ហ្ស៊ក់​ (២០០៥, ទំ. ១២) បាន​អះអាង​ពី​ការ​យល់​ច្រលំ​អំពី​ការ​ប្រៀប​ធៀប​ប្រសិទ្ធ​ភាព​របស់​យុទ្ធនាការ​ហិង្សា​និង​អហិង្សា​។ ពេល​ចលនា​យោធា​បរាជ័យ​ គេ​មិន​សន្និដ្ឋាន​ថា​ មធ្យោបាយ​ហិង្សា​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ មិន​ដំណើរ​ការ​នោះ​ទេ​ ប៉ុន្តែ​គេ​បែរ​ជា​ចាប់​យក​លក្ខណៈ​ដាច់ដោយ​​ឡែក​នៃ​យុទ្ធនាការ​យោធា​នោះ​មក​ពន្យល់ដោះ​សា​ ដូច​ជាមាន​​គោលដៅ​មិន​ច្បាស់​លាស់​ មិន​​រៀប​ចំ​ផែន​ការវាយ​ប្រហារ​​ វាយ​មិន​ចំ​ចំណុច​ខ្សោយ​របស់​សត្រូវ​ ​​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាជន​។ល។ ដល់​​ពេល​យុទ្ធនាការ​អហិង្សា​បរាជ័យ​វិញ​ គេ​ពួយ​ម៉ៃ​តែ​ម្តង​ថា ​យុទ្ធសាស្ត្រ​អហិង្សា​ទាំង​មូល​មិន​មាន​ប្រសិទ្ធ​ភាព​តែ​ម្តង​។ គេ​មិន​ពន្យល់​ឬ​វិភាគ​ពី​កត្តា​នីមួយ​ៗ​ដែល​កំណត់​ជោគ​ជ័យ​ ដូច​យុទ្ធនាការ​យោធា​ឬ​ហិង្ស​ឡើយ​ ទោះ​បី​យុទ្ធនាការ​ហិង្សា​បរាជ័យ​ប៉ុន្មាន​លើក​ក៏​ដោយ​ ក៏​គេ​មិន​ចាត់​ថា​ជា​តឹក​តាង​អំពី​អប្រសិទ្ធ​ភាពនៃ​ការ​ដោះ​ស្រាយ​ទំនាស់​ដោយ​ហិង្សា​​​ដែរ​​។ ដោយ​សារ​​មាន​សន្មតមតិថា ​ហិង្សា​មាន​ប្រសិទ្ធភាព​ អហិង្សាអប្រសិទ្ធ​ភាព អ៊ីចឹង​ហើយ​ឱយ​តែ​យុទ្ធនាការ​អហិង្សា​ជោគ​ជ័យ​ គេ​តែង​តែ​និយាយ​ពី​លក្ខខណ្ឌ​នេះ​ លក្ខខណ្ឌ​នោះ​ ប៉ុន្តែ​គេ​ពុំ​សង្ស័យ​ឬ​​​ចោទ​សួររឿងលក្ខខណ្ឌ​ដដែល​នេះ​​ចំពោះ​​យុទ្ធនាការ​ហិង្សា​ឡើយ​​។​​​ គេ​ចូល​ចិត្ត​ជ្រើសរើស​​ករណី​ពិសេស​មក​ពន្យល់​ពី​អប្រសិទ្ធ​ភាព​នៃ​យុទ្ធនាការ​អហិង្សា​​ ដូច​ករណី​ចលនា​ប្រជាជន​អហិង្សា​ប្រឆាំង​នឹង​របប​ណាស៊ី​ដែល​បរាជ័យនៅ​អាល្លឺម៉ង់​​ ប៉ុន្តែ​គេ​មិន​ឆ្លៀត​បញ្ជាក់​​ថា​ ​ចលនា​ដដែល​នោះ​ប្រើ​ហិង្សា​អាច​យក​ឈ្នះ​បាននោះ​ទេ​​។ យើង​អាច​ទស្សន៍​ទាយ​បាន​តាម​រយៈ​ការ​សិក្សា​របស់​លោក​ស្រី ​ឆេណូវេថ ​ថា​ បើ​ចលនា​​ប្រឆាំង​របប​ណា​ស៊ីនោះ​ប្រើ​​ហិង្សា​ ចលនា​នោះ​នឹង​បរាជ័យ​ជាង​មិន​ប្រើ​ហិង្សា​ទៅ​ទៀត​ ព្រោះ​ដូច​​យើងបាន​​ដឹង​ហើយ​ថា​​ យុទ្ធនាការ​អហិង្សា​មាន​សង្ឃឹម​ជោគ​ជ័យ​ជាង​ហិង្សាលើស​​ជាង​ពី​រ​​ដង​ ពេល​ប្រឈម​នឹង​ការ​បង្ក្រាប។​ ​​​​សំរាប់​លោក​ ខឺត​ ហ្ស៊ក់​ ការ​ពិចារណា​របៀប​នេះ​​គឺ​ជា​ភាព​គ្មាន​តុល្យភាព​ផ្នែក​ហេតុ​ផល​និង​អយុត្តិធម៌​សំរាប់​យុទ្ធនាការ​អហិង្សាសុទ្ធ​សាធ។ យុទ្ធនាការ​អហិង្សា​ក៏​ដូច​ហិង្សា​ដែរ​ មាន​កត្តា​ជោគជ័យ​និង​បរាជ័យ​ដូច​គ្នា​ ពុំ​មែន​នៅ​ពេល​ដែល​យុទ្ធនាការ​ហិង្សា​បរា​ជ័យ​ គេ​និយាយថា​មក​ពី​ផ្នែក​ណា​មួយ​នៃ​យុទ្ធនាការ​មាន​បញ្ហា​ ប៉ុន្តែ​​នៅ​ពេល​យុទ្ធ​នាការ​​អហិង្សា​ចាញ់​វិញ​ គេ​បែរ​ជា​ថា​ គ្រប់​សកម្ម​ភាព​​អហិង្សា​ទាំង​មូល​​គ្មាន​ប្រសិទ្ធភាព​តែ​ម្តង​​ ជា​ជាង​ស្វែង​រក​កត្តា​មូល​ហេតុ​ណា​មួយ​មក​ពន្យល់ឱយ​បានជាក់​​ច្បាស់​​។ នៅ​ក្នុង​វិទ្យាសាស្ត្រ​​ គេ​ទាត់​ចោល​របៀប​គិត​តែ​មួយ​ផ្លូវ ​ឬ​ថ្លឹង​ថ្លែងពន្យល់​ហេតុ​នៃបាតុភូត​សង្គម​​ដោយ​​​ប្រើ​​មូលហេតុ​តែ​មួយ​អស់​កាល​ដ៏​យូរ​លុង​ហើយ​។ ​មាន​​​កត្តា​ចំបង​មួយ​ចំនួន​​​ដែល​កំណត់ពី​​ជោគ​ជ័យ​របស់​យុទ្ធនាការ​​អហិង្សា​របស់​ប្រជាជន​ ដែល​មានចំនួន​ប្រាំ​មួយ​កត្តា​ដូច​ជា៖​ ​​ក. ជំនឿជាក់​​និង​ការ​យល់​ដឹង​អំពីវិធី​ធ្វើ​​បាតុកម្ម​​, ខ. ការ​ដឹក​នាំ​និង​រៀប​ចំ​គ្រប់​គ្រង​បាតុកម្ម, គ. ទំហំ​និង​ភាព​ចំរុះ​ច្រើន​ស្រទាប់​សង្គម​នៃ​អ្នក​ចូល​រួម​, ឃ. ភាព​ក្រាញ​ននៀល​នៃ​បាតុកម្ម, ង. ភាព​សំបូរ​បែប​នៃ​កល​យុទ្ធ, និង​ចុង​ក្រោយ​ ច.  ស្វ័យ​សំរេច​​ចិត្ត​របស់​ពួក​អ្នក​មាន​​​​អំនាច​។

ក. ជំនឿជាក់​​និង​ការ​យល់​ដឹង​អំពី​វិធី​ធ្វើ​បាតុកម្ម​

ការ​ចូល​រួម​ពី​​ប្រជាជន​ ៣,៥ភាគ​រយ​នៃ​ប្រជា​ជន​ទាំង​មូល​ (បរិមាណ​) ពុំ​មែន​ជា​​កត្តា​សំខាន់​​តែ​មួយ​គត់​កំណត់​ជោគ​ជ័យ​បាតុកម្មនោះ​ទេ​​។ ជា​ការ​ពិត​ ការ​ចូល​រួម​គឺ​ជា​កត្តា​ចាំ​បាច់​ណាស់​​ ប៉ុន្តែ​កត្តា​សំខាន់​មុន​កត្តា​ដំបូង​នេះ​ទៅ​ទៀត​ មិន​មែន​ការ​ចូល​រួម​ពី​ប្រជា​ជន​​​ទេ​ តែគឺ​​​កត្តាអរូបិយ​ទាំង​ឡាយ​​ដែល​ជំរុញ​និង​ផ្លាស់ប្តូរ​ផ្លូវ​ចិត្តគំនិត​របស់​ប្រជាជនឱយចូល​រួម​​​​​ ដូច​ជា​ជំនឿលើ​បាតុកម្មនិង​ចំនេះ​​​អំពី​ការប្រើ​វិធី​អហិង្សាជា​អាទិ​​។​ បើ​​ជំនឿ​ឬ​​ការ​យល់​ដឹង​របស់​បាតុ​ករ​កាន់​តែ​រឹង​មាំ​ នោះ​នឹង​ធ្វើ​ឱយ​ពួក​គេ​មាន​ក្តី​សង្ឃឹម​​ មាន​សា្មរតី​រឹង​មាំ​ មាន​ការ​ទុក​ចិត្ត​លើ​កម្លាំង​បាតុកម្មមិន​សង្ស័យ​​ ហើយ​អាច​ដឹក​នាំ​ខ្លួន​បាន​ទៀត​ផង​ មិន​ចាំ​បាច់​មាន​នរណា​នៅ​ពី​ក្រោយ​ឬ​ដឹក​ច្រមុះ​ទេ​។ លោក វែ​ប៊ើរ​ មាន​ទស្សនៈ​ដ៏​ស៊ី​ជម្រៅ​មួយ​ថា​ «មិន​មែន​គំនិត​​ទេ​ តែ​គឺ​ផល​ប្រយោជន៍​ខាង​ផ្លូវ​ចិត្ត​និងផ្លូវ​​សម្ភារៈ​ ដែល​គ្រប់​គ្រងអាកប្ប​កិរិយា​របស់​មនុស្ស​ដោយ​ផ្ទាល់​​។»  មាន​ន័យ​ថា​ គំនិត​​អាច​ត្រួ​ត​ត្រា​សកម្មភាព​មនុស្ស​បានដោយ​ប្រយោល​ប៉ុណ្ណោះ​ អ្វី​ដែល​អាចរុញ​សកម្ម​ភាពមនុស្ស​ដោយ​ផ្ទាល់​​នោះ​​គឺ​ផល​ប្រយោជន៍​ខាង​ផ្លូវ​ចិត្តនិងខាង​​សម្ភារៈ​របស់​​បុគ្គល​ដែល​ធ្វើ​អំពើនោះ​​​។ ដូច្នេះ​ មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​​​ផល​ប្រយោជន៍​រុញ​ទើប​ពួក​គេអាច​​ចូល​រួម​បាតុកម្ម​​បាន​ ទោះ​បីផល​ប្រយោជន៍នោះ​បំពេញ​តំរូវ​ការ​​​ផ្លូវ​ចិត្ត​​ឬ​ផ្លូវ​​​សម្ភារៈក្តី​ (ផ្លូវ​ចិត្ត​៖ ការ​សរសើរ​ ការ​ទទួល​ស្គាល់​ មោទនភាព​ ជាតិ​និយម​។ល។ ផ្លូវ​សម្ភារៈ លុយ​កាក់​ ទ្រព្យ​សម្បត្តិ។ល។)​ បើ​និយាយ​ឱយ​មែន​ទែន​ទៅ  មិន​មែន​សម្ភារៈ​ លុយ​កាក់​ ទ្រព្យសម្បត្តិ​​​ផ្ទាល់​ទេ តែ​គឺ​ឥទ្ធិពល​នៃ​ផលប្រយោជន៍​​របស់​ពួក​វា​ ដែលធ្វើ​ឱយ​​មនុស្ស​ឱយ​តម្លៃ​និង​ប្រឹង​ប្រែង​ស្វែង​រក​របស់​ទាំង​នេះ​ ពោល​គឺ​មាន​កត្តា​ខាង​ក្រៅ​ដែល​សូន​ចិត្ត​គំនិត​របស់​យើង​ឱយ​ឱយ​តម្លៃ​វត្ថុ​ទាំង​នោះ​។ ត្រង់​នេះ​យើង​ចង់​ទាញ​មក​ពន្យល់​ថា​ បើ​មិន​អាច​ធ្វើ​ឱយ​បាតុករ​រក​ឃើញ​ផល​ប្រយោជន៍​ខាង​ផ្លូវ​ចិត្ត​និង​ខាង​ផ្លូវ​សម្ភារៈ​ដែល​ពួក​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ទាំង​អស់​គ្នា​ទេ​ ទោះ​ផ្ទាល់​ឬ​មិន​ផ្ទាល់​ក្តី​ គេ​ពិបាក​នឹង​ជឿ​ថា ​ពួក​គេ​ចូល​រួម​បាតុកម្ម​ណា​ស់ យ៉ាង​ហោច​ណាស់​ បើ​មិន​អាច​បាន​ផល​វិជ្ជមាន​ទេ​ គឺ​អាច​ទប់​ស្កាត់​ផល​អវិជ្ជមាន​ដែរ​ គឺ​ថា​បើ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ក្នុង​ប្រទេស​ទេ​ ក៏​អាច​ទប់​ស្កាត់​និង​កាត់​បន្ថយ​ផល​អាក្រក់​ដែរ​។​​ ដូច្នេះ​ហើយ​ ការ​ផ្តល់​ជំនឿ​ជាក់​តាម​រយៈ​ការ​បង្រៀន​ប្រជាជន​ឱយ​ចេះ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ ជា​ជំហាន​ដំបូង​និង​សំខាន់​ខ្វះ​មិន​បាន​ក្នុងការ​​ញ៉ាំង​​កត្តា​ដទៃ​ៗ​ទៀតឱយ​ងាយ​សំរេច​បាន​។ ដរាប​ណា​វប្បធម៌​អហិង្សា​ឬ​គំនិត​អំពី​បាតុកម្ម​អហិង្សា​មិន​អាច​បង្កើត​ឬ​ហូរ​ទៅ​ក្នុង​មនសិការ​របស់​ប្រជាជន​បានទេ​​ យើង​នឹង​ចួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុងការ​តស៊ូ​ប្រយុទ្ធ​ដោយ​អហិង្សា​នឹង​របប​ផ្តាច់​ការ​។ ទោះ​ពួក​គេ​បាន​ដឹង​ពី​ប្រយោជន៍​នៃ​បាតុកម្មពេល​ជោគ​ជ័យ​ក៏​ដោយ​ តែ​បើ​គ្មាន​ជំនឿ​ជាក់​ថា​អាច​សំរេច​ជោគ​ជ័យ​ទេ​ ពួក​គេ​ទំនង​ជា​មិន​ហ៊ាន​ប្រថុយ​ប្រថាន​បូជា​កម្លាំង​ពលកម្ម​ឥត​ប្រយោជន៍នោះ​ឡើយ​។ ជំនឿ​ជាក់​នេះ​ក៏​រាប់​ទាំង​នៅ​លើ​មេដឹក​នាំ​បាតុកម្ម​​និងការ​ជឿ​ជាក់​ថា​មាន​ការ​ចូល​រួម​កើន​ឡើង​រហូត​​ដែរ​។​​ បើ​ពួក​គេ​នៅ​តែ​ប្រកាន់​យក​វិធី​ហិង្សា ដើម្បី​​​ទាម​ទារ​តំរូវ​ការ​របស់​​ខ្លួន​​ ​ មិន​អាច​អប់​រុំ​ឱយ​បែរ​មក​រក​មធ្យោបាយ​អហិង្សា​វិញ​បានទេ​​​ បាតុកម្ម​​នៅ​តែ​បរាជ័យ​ របប​ផ្តាច់​ការចាស់​​នៅ​តែ​ឋិត​ថេរ បើ​ឈ្នះ​របប​ផ្តាច់​ការ​ថ្មី​នឹង​លេច​មក​ ឈ្នះ​ដូច​មិន​បាន​ឈ្នះ​ ជ័យ​ជំនះ​សំរាប់​មួយ​ក្រុម​តូច​ តែ​បរាជ័យ​សំរាប់​ប្រជាជន​ទាំង​មូល​​។


ខ. ការ​ដឹក​នាំ​និង​រៀប​ចំ​គ្រប់​គ្រង​បាតុកម្ម​​​​

បើ​ជំនឿ​និង​ចំណេះ​ដឹង​អំពី​បាតុកម្ម​ផ្សព្វ​ផ្សាយ​ទូលាយល្មម​ហើយ គេ​នឹង​អាច​​បង្កើត​ក្រុម ​ផ្គុំ​ពី​សមាជិក​សកម្ម​មួយ​ចំនួន​តូច​ ​​​ដឹក​នាំ​បាតុកម្ម​អហិង្សា រៀប​ចំ​យុទ្ធសាស្ត្រ​ ផែន​ការ​ ស្វែង​រក​មធ្យោបាយ​​ផ្សព្វ​ផ្សាយទៅ​ប្រជាជន​ទាំង​អំពី​ចលនា​និង​ចំណេះ​ខាង​បាតុកម្ម​។​  ទោះ​ប្រជា​ពលរដ្ឋ​មិន​ដែល​យល់​ដឹង​សោះ​ពី​បាតុកម្ម​អហិង្សា ឬក៏​​មាន​កំរិត​អប់​រុំ​ខុស​ៗគ្នា​​ក៏​ដោយ​ ក៏គ្មាន​ទៀន​ណា​ដែល​គេ​មិនអាច​​អុច​​​បំភ្លឺបានដែរ​។ ការ​ប្រមូល​ផ្តុំ​នៃ​ប្រជាជន​ច្រើន​ចូល​គ្នា​ ប្រាកដណាស់​​ថារវាង​បាតុករ​នីមួយ​ៗ គេ​​ពិបាក​ចង​​ពួក​គេ​ឱយ​មូល​មតិ​ មូល​កម្លាំង​ ពង្រឹង​សាមគ្គី​ភាព ចេះ​ជួយ​គ្នា​ មិន​ឱយ​រដ្ឋាភិបាល​បំបែក​បាន​ណាស់​។​ ដូច្នេះ​ វា​ជា​ទំនួល​ខុស​ត្រូវ​និង​កាតព្វកិច្ច​របស់​អ្នក​ដឹក​នាំ​ចលនា​ក្នុងការ​​បំពេញ​កង្វះ​ខាត​ទាំង​ឡាយ​ សំរេច​ចិត្ត​និង​ដឹក​នាំ​ ប្រើ​ប្រាស់​ធន​ធាន​របស់​ចលនា​ឱយ​បាន​ត្រឹម​ត្រូវ​។ ការ​ដឹក​នាំ​ខុស​និង​មិនចេះ​គ្រប់​​គ្រង​ បណ្តុះ​បណ្តាល​បាតុករ​អាច​នាំ​ទុក្ខ​ដល់​សមាជិក​​ទាំង​អស់​ ធ្វើ​ឱយ​ចលនា​ទាំង​មូល​ចាញ់​ការ​បង្ក្រាប​របស់​របប​ដឹក​នាំ​បាន​យ៉ាង​ងាយ​។ មិនថា​​យុទ្ធនាការនោះ​ប្រើ​ប្រាស់​វិធី​ហិង្សា​ឬ​អហិង្សា​នោះ​ទេ​ មាន​ការ​រៀប​ចំ​ដឹក​នាំ​ច្បាស់​លាស់​​ទើប​មាន​សង្ឃឹម​ជោគ​ជ័យ​ខ្ពស់​។

គ. ទំហំ​និង​ភាព​ចំរុះ​ច្រើន​ស្រទាប់​សង្គម​នៃ​អ្នក​ចូល​រួម​ ​​​​

យើង​បាន​បង្ហាញដោយទិន្នន័យ​​ពិសោធន៍​​​​រួច​ហើយ​ថា​ គ្មាន​រដ្ឋាភិបាល​ណា​អាច​ប្រឈម​មុខ​ផ្ទាល់​នឹង​ប្រជាពលរដ្ឋតែ​ ​៣,៥ភាគ​រយ​នៃ​ប្រជាជន​ទាំង​មូល​ឡើយ​។ ត្រូវ​ការ​ចំនួន​ប៉ុន​ហ្នឹង​មែនហើយ​ តែ​បើ​ចំនួននោះ​​គ្រាន់​តែ​ជា​ចំណែក​ស្រទាប់សង្គម​​ណា​មួយ​ ឧទាហរណ៍​ ចំនួន​នោះ​ចេញ​តែ​ពី​កម្មកររោង​ចក្រ​​ ឬ​តែ​ពី​ប្រជាជនឬ​កសិករ​​រង​គ្រោះ​ពី​វិវាទ​ដី​ធ្លី​ឬ​ការ​បណ្តេញ​ចេញ​ វា​មាន​ន័យ​ថា​ប្រជាជន​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​សង្គម​​មិន​ទាន់​បាន​ចូល​រួម​នៅ​ឡើយ​ទេ​ ទោះ​ភាគ​ច្រើន​នៃ​ពួក​គេ​យល់​ស្របនឹង​ការ​តវ៉ា​របស់​ក្រុម​នោះ​ដែរ​​ក៏​ដោយ​។ អ្នក​នៅ​ក្រៅ​ក្រុម​​ក៏​មិន​សូវ​ជា​បាន​គាំទ្រ​ជា​កម្លាំង​បាតុកម្ម​ ឬ​​ជា​ធន​ធាន​អ្វី​ឡើយ​ ព្រោះ​ពួក​គេ​មើល​ឃើញ​ថា​​ខ្លួន​​ពុំ​​បាន​ផលប្រយោជន៍​​ តែ​បើ​​រង​ការ​ឈឺ​ចាប់​ពី​របប​ដឹក​នាំ​ដូច​គ្នា​នោះ​ ឬក៏​​ស្អប់​ខ្ពើម​របប​នោះ​ដូច​គ្នា​ ទទួល​បាន​គុណ​ប្រយោជន៍​រួម​​គ្នា​ ​ពួក​គេ​ទំនង​ជា​​ចូល​រួម​។ បើ​ចំនួន​នោះ​កាន់​តែ​ចំរុះ​ចេញ​ពី​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ ការ​ងារ​ វ័យ​ ភេទ​ ជាតិ​សាសន៍ សាសនា​ គណបក្ស​​ មនោគមវិជ្ជា​ នោះ​គឺ​អាច​ជា​​ប៉ារ៉ាម៉ែត្រឬ​ចំនួន​តំណាង​ជាក់​លាក់​នៃ​ប្រជា​ជន​ទាំង​មូល​បាន​ហើយ​ គឺ​ថា​​កម្លាំង​បាតុកម្ម​អាច​ឡើង​ដល់​ចំណុច​អតិបរមា​ ​នាំ​ឱយ​មាន​ចំណងសង្គម​កើត​មានច្រើន​នៅ​ចន្លោះ​​​​របប​ដឹក​នាំ​និង​ប្រជាជនទាំង​មូល។​​ ​ឧ. គ្រួសារ​ ញាតិ​សន្តាន​ ​មិត្រ​ភក្តិ​ អ្នក​ជិត​ខាង​ អ្នក​ស្គាល់​គ្នា។ល។ ដែល​ធ្វើ​ឱយ​អ្នក​បង្ក្រាប​បង្ខំ​ចិត្ត​មិន​ធ្វើ​តាម​បញ្ជា​ថ្នាក់​លើ​ (ការ​ផ្លាស់​ប្តូរ​ស្វាមីភក្តិ​)។​ បាតុភូត​នេះ​កើន​ឡើង​ស្រប​ទៅ​តាម​ចំនួន​សមាជិក​ចលនា ​សមាជិក​​កាន់​តែ​កើន​ឡើង​ ការ​បោះ​បង់​ការ​បង្ក្រាប​របស់​កង​សន្តិសុខ​កាន់​តែ​ងាយ​​កើត​មាន​។ ការ​បោះ​បង់​កា​រ​ងារ​របស់​អ្នក​បង្ក្រាប​បង្កើន​លទ្ធ​ភាព​ជោគ​ជ័យ​របស់​ចលនា​ ៦០​ភាគ​រយ​។ ចំពោះ​បរិមាណ​អ្នកចូល​រួម​វិញ​ មួយ​ឯកតា​កើន​ឡើង​ អត្រា​ជោគ​ជ័យ​កើន​ដំណាល​គ្នានោះ​គឺ​​ ១០ភាគ​រយ​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​ ចំនួន​អ្នក​ចូល​រួម​ច្រើនក៏​បាន​ផ្តល់​សុវត្ថិភាព​ដល់​បាតុករ​ខ្លួន​ឯង​ ហើយ​​ក៏​ធ្វើឱយ​ពិបាក​​បង្ក្រាប​ទៀត​​​ ដូច​លោក​ស្រី​ ឆេណូវេថ​ បាន​និយាយ​ការ​ពារ​ថា​ «នៅ​ពេល​ដែល​កង​កម្លាំង​រក្សា​សន្តិសុខ​មក​បង្ក្រាប​ ចាប់ខ្លួន​ ឬ​ក៏​បាញ់​បោះ​សកម្មជន​ដែល​មាន​តែ​ដៃ​ទទេ​នោះ​ ច្បាស់​ណាស់​ថា​មាន​ចំនួន​មនុស្ស​នៅ​ក្នុង​បរិមាណ​ល្មម​មួយ​​ដែល​នាំ​ឱយ​មាន​សុវត្ថិភាព​» ពោល​គឺ​គ្នាកាន់​តែ​​ច្រើន កាន់​តែ​មាន​សុវត្ថិភាព​​។​ ចំនួន​អ្នក​ចូល​រួ​មធ្វើ​​​​ឱយ​ការ​បង្ក្រាបមិន​ទំនង​ជា​កើត​ឡើង​ អ្នក​បង្ក្រាប​មិន​ដាច់​ចិត្ត​ មិន​ស្តាប់​បញ្ជា​ថ្នាក់​លើ​ ទោះពួក​គេ​ព្រម​​បង្ក្រាប​ក៏​ដោយ ក៏​​គ្មាន​ប្រសិទ្ធ​ភាព​ដែរ​ ព្រោះ​អាច​បំបែក​បាតុកម្ម​បាន​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ហើយ​បែរ​ជា​ជួយ​​កៀង​គរ​បាតុករ​ថ្មី​បន្ថែម​ទៀត​ទៅ​វិញ​ (បដិផល​នៃ​ការ​បង្ក្រាប​)។ យុទ្ធនាការ​អហិង្សាអាច​បំបែកសត្រូវ ដោយ​មិន​វាយ​ប្រហារ​បង្ក​របួសផ្លូវ​កាយ​របស់​ពួក​គេ​ទេ​ ​តែ​ដោយ​បញ្ចូល​ការ​ព្រួយ​បារម្ភ​ពី​ការ​រីក​រាល​នៃ​ចលនា​ប្រជាជន​ទៅ​ក្នុង​ចិត្ត​របស់​ពួក​អ្នក​គាំទ្រ​របប​ដឹក​នាំ​ទាំង​ឡាយ​ឱយ​រេរា​គោល​ជំហរ ខ្លាច​របប​ដឹក​នាំ​ទប់​ទល់​លែង​បាន​ ដែលចំណុច​នេះ​ ​យុទ្ធនាការ​ហិង្សា​កំរ​អាច​ធ្វើ​បាន​ណាស់​ ហើយ​បែរ​ជា​ជំរុញ​ឱយ​​សត្រូវ​រិត​តែ​រួប​រួម​​គ្នា​ទៅ​ទៀត​។ ​​​ហេតុ​នេះ​ហើយ​ ការ​ផ្លាស់​ប្តូរ​ស្វាមីភក្តិ​និង​បដិផល​នៃ​ការ​បង្ក្រាប​ គឺ​ជា​យន្តការ​ដ៏​ចាំ​បាច់​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ធ្វើ​ឱយ​ចលនា​ប្រជាជន​សំរេច​ជោគ​ជ័យ។ ​​ចំនួន​ច្រើនចំរុះនៃ​សមាជិកចលនាពិសេស​ អ្នក​មាន​ទំនាក់​ទំនង​នឹង​ភ្នាក់​ងារ​បង្ក្រាប​​គឺ​​ជា​កត្តា​ជំរុញ​យន្ត​ការមួយ​​នេះ​​​។

ឃ. ភាព​ក្រាញ​ននៀល​នៃ​បាតុកម្ម

(Resilience or Staying Power)

ការ​តស៊ូ​អត់​ធ្មត់​និង​ជំនះ​ការ​លំបាក​ប្រឆាំង​នឹង​​ការ​បង្ក្រាប​ដោយ​ហិង្សា​គឺ​ជា​ម៉ែត្រ​ដ៏​សំខាន់​វាស់​ពី​កម្លាំង​របស​ចលនា​​។ ​ភាព​ក្រាញ​នៀល​នេះ​ គឺ​ស្តែង​ចេញ​តាម​រយៈ​ចំនួន​​បាតុករ​នៅ​តែ​មិន​ស្រាក​មិន​បាត់​បង់​ បន្ត​កើន​សមាជិកថ្មី​​ បូក​ទាំង​អ្នក​ជួយ​​ឧបត្ថម្ភ​​ ពិសេស​បំផុត​គឺ​ពេល​សមត្ថកិច្ច​បង្ក្រាប​នៅ​តែ​អាច​ស៊ូ​ទ្រាំ​បាន​ ហ៊ាន​ឱយ​ចាប់​ បំបែក​ប៉ុន្មាន​ដងក៏​នៅ​តែ​​​អាច​ផ្តុំ​គ្នា​វិញ​ជា​ធម្មតា​​​។ ប៉ុន្តែ​ការ​តស៊ូ​ក្រាញ​ននៀល​មិន​គ្រប់​គ្រាន់​ដើម្បី​សំរេច​ជោគ​ជ័យ​ទេ​ ទោះ​បី​វា​ជា​កត្តា​សំខាន់​មួយ​​នៃ​ជោគជ័យ​ដែរ​ក៏​ដោយ​។ ជ័យ​ជំនះ​អាច​ទៅ​រួច​ លុះណា​​តែ​មាន​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​អំនាច​រវាង​ចលនា​និង​គូ​បដិបក្ស​។ ភាព​ក្រាញ​ននៀល​ទាក់​ទង​នឹង​ការ​កៀង​គរ​សមាជិក​បន្ថែម​និង​បង្កើន​សកម្ម​ភាព​ រក្សា​ធន​ធាន​និង​សម្ភារៈ​ដែល​មាន​ទាំង​ប៉ុន្មាន​ ព្រម​ទាំង​ធ្វើ​​ឱយ​ចំនួន​ធន​ធានកើន​​ឡើង​​និង​រៀន​សូត្រ​បន្ថែម​ពី​កល​យុទ្ធ​ផ្សេងៗ​ទៀត ដើម្បី​ទប់​ទល់​នឹង​សត្រូវផង​ដែរ​​ ទោះ​បី​​​សត្រូវ​មានឬ​មិន​មាន​​កម្លាំងនិង​​​ធន​ធានច្រើន​ជាង​ក៏​ដោយ​។​ ​យុទ្ធនាការ​ជោគ​ជ័យ​ពុំ​ត្រឹម​តែ​មិន​រា​រែក​បញ្ឈប់​ចលនា​នៅ​ចំពោះ​មុខ​ការ​បង្ក្រាបនោះ​​ទេ​ តែ​គឺ​នៅ​តែ​សំរេច​បាន​គោល​ដៅ​នី​មួយ​ៗដែល​ចលនា​បាន​គ្រោង​​ទុកបន្តិច​ម្តងៗ​ ទោះ​បី​ជា​មាន​គោល​ដៅ​តូចៗ​ខុស​ៗគ្នា​​ជា​ច្រើន​ដែល​ប្រែ​ប្រួល​ទៅ​តាម​កាលៈ​ទេសៈ ប្រតិកម្ម​របស់​គូ​បដិបក្ស​ និង​យន្តការ​ទាំង​ឡាយ​ដែល​​ចលនា​ធ្វើ​ឱយ​សកម្ម​ក៏​ដោយ​​​​។ ភាព​ក្រាញ​ននៀល​ថ្វី​បើ​ពិបាក​សំរាប់​ចលនា​ បើ​ប្រៀប​នឹង​យុទ្ធនាការ​ហិង្សា​ ចលនា​ប្រជាជន​នៅ​តែ​ងាយ​ធ្វើ​បា​ន​ជាង​ ដោយ​សារ​មាន​អ្នក​ចូល​រួម​ច្រើន​និង​ចំរុះ​ ទោះ​បី​រដ្ឋ​អំនាច​បង្ក្រាប​​​ចលនា​ក៏​ដោយ។ ទោះ​បី​កា​រ​បង្ក្រាប​ដោយ​ហិង្សា​អាច​កាត់​បន្ថយ​កម្លាំង​របស់​យុទ្ធនាការ​អហិង្សា​ ដូច​គ្នា​នឹង​​យុទ្ធនាការ​ហិង្សា​ដែរ​ក៏​ដោយ​ ក៏​ចំនួន​ច្រើន​ជាង​នៃ​ធន​ធាន​និង​អាវុធ​អហិង្សា នៅ​តែ​ឋិត​នៅ​តែ​ខាង​ប្រជាជន​។​


ង.   ភាព​សំបូរ​បែប​នៃ​កល​យុទ្ធ

ភាព​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​ប្រើ​វិធី​អហិង្សា​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​បត់​បែន​តាម​ស្ថានការណ៍​ជាក់​ស្តែង ហើយ​​និង​ទប់​ទល់នឹង​​សត្រូវ​ ពិសេស​គឺ​ការ​បង្ក្រាប​។ បើ​បាតុករ​ទៅ​តែ​កន្លែង​ដដែលៗ​ ប្រើ​វិធី​ប្រមូល​ផ្តុំ​គ្នា​ដដែល​ អ្នក​បង្ក្រាប​នឹង​ងាយ​ចាត់​ការ​ រារាំង​ ឃាត់​ខ្លួន។ ​លោក​ស្រី​ ឆេណូវេថ​ បាន​កត់​សម្គាល់​ឃើញថា​​ «យុទ្ធនាការ​ដែល​មាន​ទំហំ​ធំ​និង​មាន​របៀប​រៀប​រយ​ អាច​ប្តូរ​ពី​វិធី​ប្រមូល​ផ្តុំ​ (ប្រជុំ​គ្នា​​តវ៉ា​) ទៅ​ជា​វិធី​បំបែក​គ្នាឱយ​រប៉ាត់​រប៉ាយ​​វិញ​ ដែល​បាតុករ​អាចគេច​ចេញ​ទៅ​​នៅ​ឱយ​ឆ្ងាយ​ពី​ទី​កន្លែង​ដែល​ពួក​គេ​គ្រោង​នឹង​ទៅ​។» ការ​ប្រើ​តែ​វិធី​បាតុកម្មតវ៉ា​​និង​បញ្ចុះ​បញ្ចូល​គ្រាន់​តែ​អាច​ទាក់​ទាញ​ការ​ចាប់​អារម្ម​ ការ​ចូល​រួម ការ​គាំទ្រ​ និង​ការ​បង្ហាញ​បញ្ហានា​នា​ ​ទាម​ទារ​ដំណោះ​ស្រាយ​​ប៉ុណ្ណោះ​ អានុ​ភាព​បាតុកម្ម​មិន​អាច​សកម្ម​ឡើង​បាន​ឡើយ​ បើ​អ្នក​ដឹក​នាំ​ចលនា​មិន​ចេះ​ប្រើ​វិធី​មិន​សហការ​និង​អន្តរាគមន៍​បន្ថែម​ពី​លើ​ទៀត​។ មូល​ហេតុ​នេះ​​ហើយ​ដែល​គេ​ច្រលំ​ថា​បាតុកម្ម​អហិង្សា​​គ្មាន​ប្រសិទ្ធភាព​និង​គ្មាន​បាន​ការ​ដោយ​សារ​បាន​តែ​តវ៉ា​ តែ​ធ្វើ​អ្វី​រដ្ឋ​អំនាច​ពុំ​បាន​។​ ពិត​ណាស់​ វិធី​មិន​សហការ​ធ្វើ​រដ្ឋ​អំនាច​ពិបាក​ដើរ​ទៅ​មុខ​ ឯ​វិធី​អន្ត​រាគមន៍វិញ​គឺ​បង្កើត​បញ្ហា​ប្រឈម​ខ្លាំង​ដល់​រដ្ឋ​អំនាច​តែ​ម្តង​។​ មាន​ទំនាក់​ទំនង​គ្នា​រវាង​ការ​ចេះ​ប្រើ​វិធី​ធ្វើ​បាតុកម្ម​និង​ចំនួន​អ្នក​ចូល​រួម​។ ការ​សិក្សា​របស់​លោកស្រី​ បង្ហាញ​ថា​ ចំនួន​អ្នក​ចូល​រួម​យុទ្ធនាការ​កាន់​តែ​ច្រើន​ចេញ​មក​ពីច្រើន​​ស្រទាប់​សង្គម​ផ្សេងៗ​គ្នា​ នោះទំនង​ជាភាព​ច្នៃ​ប្រតិដ្ឋ​ខាង​វិធី​បាតុកម្ម​កើត​​មាន។​ វិធី​បាតុកម្ម​ថ្មី​ៗ​ទទួល​បាន​ពី​អ្នក​ចេះ​ដឹង​ច្រើន​ដែល​ចេញ​ពី​ស្រទាប់​ដែល​ដាច់​ឆ្ងាយ​ពី​ក្រុម​សង្គមដទៃ​ទៀត​​ បើ​ចលនា​កាន់​​តែ​​លាត​សន្ធឹង​ទៅ​គ្រប់​​ដណ្តប់លើ​ស្រទាប់​សង្គ​ម​​ដាច់​ឆ្ងាយ​ទាំង​នោះ​ កល​យុទ្ធនិង​ចំនេះ​​ថ្មី​ៗ​នឹងនាំ​​​ផល​ល្អ​ដល់​ចលនា ធ្វើ​ចលនា​កាន់​តែ​ខ្លាំង​​។

ច.  ស្វ័យ​សំរេច​ចិត្ត​របស់​ពួក​អ្នក​មាន​អំនាច​ ឬ​ការមិន​ចុះ​សំរុង​គ្នា​ផ្ទៃ​ក្នុង​

(Co-option of Opposing Elites)

នៅ​ពេលកុង​តាក់​អ្នក​ចូល​រួម​ ភាព​ក្រាញ​តស៊ូ​ ភាព​ច្នៃប្រតិដ្ឋ​ខាង​កល​យុទ្ធ​ ត្រូវ​បាន​បើក​ហើយ​ គេ​នៅ​​សល់​តែ​គន្លឹះ​​​មួយ​ចុង​ក្រោយប៉ុណ្ណោះ​ដែល​គេ​ត្រូវ​ដោះ​ ពោល​គឺ​ការ​សំរេច​ចិត្ត​របស់​ពួក​វរជន​ទាំង​ឡាយ​ដែល​គាំទ្រ​របប​ដឹក​នាំ​ ថា​តើ​នៅ​រក្សា​ជំហរកាន់​ជើង​រដ្ឋាភិបាល​ឬ​ឈរ​ខាងចលនា​​ប្រជាជន​។ ​ចលនាប្រជាជន​​​បាន​ជំរុញ​ឱយ​មាន​ការ​បែក​ខ្ញែក​នៅ​​ក្នុងក្រុមវណ្ណៈ​​​អ្នក​ដឹក​នាំ​នៅ​ក្នុង​​រដ្ឋាភិបាល​និង​សង្គម​ដែល​ពួក​គេ​កំពុង​តែ​ប្រឆាំង​នោះ​ ដែល​វា​គឺ​ជា​កត្តា​ចាំបាច់​ណាស់​ ដើម្បី​បំបាក់​និង​បំផ្លាញ​រចនាសម្ពន្ធ​ដឹក​នាំ​ចាស់​របស់​របប​ដឹក​នាំ​។ នៅ​ពេល​​ចលនា​កាន់​តែ​ធំ​ ប្រជាជន​គាំទ្រ​និង​ចូល​រួម​ចលនាកាន់​តែ​ច្រើន​ នាំ​ឱយអ្នក​គាំទ្រ​របប​ដឹក​នាំ​ឯកា​ ទៅ​ជា​ក្រុម​ភាគ​តិច មិន​ហ៊ាន​ចេញ​មុខ​ថា​ខ្លួន​នៅ​ខាង​រដ្ឋាភិបាល​ ផ្ទៃ​ក្នុង​រដ្ឋាភិបាល​ចាប់​ផ្តើម​រង្គោះ​រង្គើ​។ អ្នកគាំទ្រ​របប​ដឹក​នាំ​នោះ​មានតាំង​ពី​ថ្នាក់​ធំ​រហូត​ដល់​តូចៗ​ ​ដូច​ជា​សមាជិក​បក្ស​ ម្ចាស់​ក្រុម​ហ៊ុន​ធំ​ៗ មន្រ្តី​រាជ​ការ​ ពួក​អ្នក​បច្ចេក​ទេស​ អ្នករដ្ឋ​បាល​​ការិយាធិបតេយ្យ​​ អាជ្ញាធរ​ យោធា​ ប៉ូលីស​ កង​រក្សា​សន្តិ​សុខ។ល។​ ដែល​ពួក​គេ​ទាំង​នោះ​​ជា​សសរ​ទ្រ​​របបដឹក​នាំ។ ពួក​គេ​​នឹង​​​មិនអាច​នៅ​​ស្ងៀមឡើយ​​​ នៅ​ពេល​ដឹង​ថា​​របប​ជិត​រលំ​ និង​​​ព្រួយ​បារម្ភពី​តំណែង​ ការ​ងារ​ ​​និង​ផល​ប្រយោជន៍​។ល។ ពិសេស​គឺ​​ខ្លាច​​ត្រូវតុលាការ​​ផ្តន្ទា​ទោស​ពី​បទ​ឃិត​ឃុប​នឹង​របប​ដឹក​នាំ​។ ​​វិធី​​មិន​សហការ​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​ធ្វើ​ឱយ​របប​ដឹក​នាំ​ពិបាក​ដើរ​ទៅ​មុខ​ផង​ ធ្វើ​ឱយ​ឈ្មួញ​ធំៗ​សិ្នទ្ធនឹង​​រដ្ឋាភិបាល​ខាត​បង់​ច្រើន​ ជំរុញ​ឱយ​​ពួក​គេ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលផង​​ ដើម្បី​ព្រម​​យល់​ស្រប​តាម​តំរូវ​ការ​របស់​ប្រជាជន​។ វិធី​អន្តរាគមន៍​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​វិញ​បង្ក​បញ្ហា​ប្រឈម​ផ្ទាល់​តែ​ម្តង​ ព្រោះ​របប​ដឹក​នាំ​មិន​អាច​បន្ត​ទៅ​មុខ​បាន​ហើយ​ នៅ​មាន​ស្ថាប័ន​សេដ្ឋកិច្ច​និង​នយោបាយ​ឯករាជ្យ​ថ្មី​បង្កើត​ដោយ​អ្នក​ដឹកនាំ​ប្រជាជន​​ទៀត​។ យន្តការ​កើត​ឡើង​ដោយ​វិធី​អហិង្សា​ទាំង​នេះ នាំ​ឱយ​របប​ដឹក​នាំ​ត្រូវ​តែ​បង្ខំ​ចិត្ត​ចុះ​ចាញ់​និង​ដើរ​ចេញ​ នៅ​ពេល​ដែល​ពួក​គេ​​បញ្ឈប់​ចលនា​ក៏មិន​​បាន​ បង្ក្រាប​ក៏​គ្មាន​ប្រសិទ្ធ​ភាព សម្ពាធក៏​មាន​​ពី​គ្រប់​កន្លែង​​។​

កត្តា​ទាំង​៦នេះ​ សុទ្ធ​តែ​ពាក់​ពាន់​គ្នា​ មិន​អាច​ពន្យល់​ដាច់​ដោយ​ឡែក​យក​​កត្តា​ណា​មួយ​កំណត់​ភាព​សំខាន់ផ្តាច់​មុខ​​នៃ​បាតុកម្ម​បាន​ឡើយ​។ គួរ​ចាប់​អារម្ម​ផង​ដែរ​ថា​ មាន​តែ​កត្តា​ទី​៦ទេ​ដែល​ផ្អែក​លើភាគី​រដ្ឋ​អំនាច​​។ កត្តា​ទាំង​៥ខាង​ដើម​សុទ្ធ​ជា​កត្តា​ក្នុង​ស្រុក​ក្នុង​ចលនា​ខ្លួនឯង​ និង​​អាច​ធ្វើ​ឱយ​កត្តា​ទី​៦រង្គោះ​រង្គើ​បាន។ កត្តា​មូល​ដ្ឋាន​ដែល​កំណត់​ជោគ​ជ័យ​បាតុកម្ម​អហិង្សា​ទាំង​នេះ​ លោក​ស្រី​ អេរិខា​ ឆេណូវេថ​ បាន​ចែង​តែ​បួន​ប៉ុណ្ណោះ​ ពោល​គឺ​គ្មាន​ចំណុច​ទី​១ និង​ទី​២ ឡើយ​។ ហេតុ​ដែល​លោក​ស្រី​ពុំ​បាន​រាប់​បញ្ចូល​ ពុំ​មែន​មក​ពី​លោក​ស្រី​បដិសេធ​កត្តា​ទាំង​នេះ​ទេ​ ប៉ុន្តែ​ដោយ​សារ​មាន​ពិបាក​វាស់​ស្ទង់​តាម​បែប​ពិសោធ​ថា​តើ​យុទ្ធនាការ​មាន​ការ​ដឹក​នាំ​និង​រៀប​ចំ​បែប​ណា​ ព្រម​ទាំង​មេ​ដឹក​នាំ​និង​បាតុករ​មាន​ជំនឿ​មុត​មាំ​និង​ចំណេះ​ដឹង​ខាង​បាតុកម្ម​អហិង្សា​កំរិត​ណា​។ ប្រាកដ​ណាស់​ថា​ ​កត្តា​ចំណេះ​ដឹង​និង​ការ​ដឹក​នាំគឺជា​ចំណុច​ចាំ​បាច់​ណាស់​​ក្នុង​ការ​ធ្វើ​ឱយ​បាតុកម្ម​អាច​តស៊ូ​បាន​ក្នុង​រយៈ​ពេល​យូរ​ ​ទោះ​មិន​ចាំ​បាច់​ជា​អ្នក​មាន​ឥទ្ធិ​ពល​ឬ​ល្បី​ល្បាញ​ក៏​ដោយ​ ក៏​គេ​ត្រូវការ​​អ្នក​ដឹក​នាំ​ចលនា​ប្រកប​ដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​ ​មាន​វិធីសាស្ត្រ​ច្រើន​បែបយ៉ាង​ក្នុង​​ការ​ប្រមូល​និង​ទាក់​ទាញ​អ្នក​ចូល​រួម ពោរ​ពេញ​ដោយភាព​បែត​បន់​​ ស្គាល់​ស្ថាន​ភាព​សង្គមនិង​នយោបាយ​​ច្បាស់លាស់​​​ ដឹង​ពី​ចំណុច​ខ្សោយ​របស់​របប​ដឹក​នាំ​​ ផ្តល់​គំរូ​ល្អ​ដល់​សមាជិក ចេះ​ដឹក​នាំ​បាតុកម្ម​ឱយវៀរ​ចាក​ការ​បង្ក្រាប​ បន្ថេរ​អំនាច​បាតុកម្ម​។ល។ ទាំង​អស់​នេះ​ទាម​ទារ​ទាំង​អ្នក​ដឹក​នាំ​ល្អ​និងបាតុករ​មាន​ផ្លូវ​ចិត្ត​រឹង​មាំ​ដែល​មាន​​ចំណេះ​ដឹង​គ្រប់​គ្រាន់​​អំពី​បាតុកម្ម។ ទោះ​បី​យ៉ាង​ណា​ យើង​អាច​សរុប​កត្តា​ទាំង​ប្រាំ​​ថា​ជា​កត្តា​ប្រជាជន ព្រោះ​​វា​បង្កើត​ដោយ​ប្រជាជន​ ចូល​រួម​ដោយ​ប្រជាជន​ តំណាង​ប្រជាជន​និង​ដើម្បី​ប្រជាជន​​​។ អាស្រ័យ​​​លើ​កត្តា​​ប្រជាជន​ទាំង​ប្រាំ​នេះ​ជា​កត្តា​ជ័យ​ជំនះ​ធំ​បំផុតដូច​បាន​ជំរាប​ជូន​រួច​ហើយ​​​ ប្រជាជន​ត្រូវ​​ធ្វើជា​ម្ចាស់​ការ​ខ្លួន​ឯង​ គ្មាន​ហេតុ​ផល​ត្រូវ​ចាំ​គេ​ជួយ​ ​​ទុក​ចិត្ត​អ្នក​នយោបាយ​ឬ​រំពឹង​​បរទេស​នោះ​ទេ​៕

ប្រភព៖

៙ខឺត ហ្ស៊ក់ ​(Kurt Schock). ២០០៥. «កុប​កម្ម​ដោយ​គ្មាន​ប្រដាប់​អាវុធ​: ចលនា​អំនាច​ប្រជាជន​នៅ​តាម​ប្រទេស​មិន​កាន់​របប​ប្រជាធិបតេយ្យ​» (Unarmed Insurrections: People Power Movements In Nondemocracies). ឡុងដុន: រោង​ពុម្ពសាកល​វិទ្យាល័យ​មីនេសូតា ​(London: University of Minnesota Press)។

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

An expert explains how Hong Kong’s protesters could actually win. From http://www.vox.com/2014/10/2/6883313/hong-kong-protest-win