អប្រជាធិបតេយ្យ​នៃ​កុប​កម្ម​ហិង្សា​និង​​ចលនា​យោធា​

ap0411080773

កុប​កម្មហិង្សា​មិន​អាច​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​បាន​ទេ​ ព្រោះ​ដើម្បី​ឱយ​កម្លាំង​ហិង្សា​​មាន​ប្រសិទ្ធ​ភាព​និង​មាន​​សណ្តាប់​ធ្នាប់​ល្អ​ គេ​ត្រូវ​ការ​អំនាច​ប្រមូល​ផ្តុំ​ វិន័យ​តឹង​រឹង​ ការ​សម្ងាត់​ខ្ពស់​ ការ​ហ្វឹក​ហាត់​ម៉ឺង​ម៉ាត់​ មនុស្ស​មាន​កម្លាំង​ មូល​ដ្ឋាន​ទាប់​ សព្វាវុធ។ល​។ អំនាច​ប្រមូល​ផ្តុំ​គឺ​ជា​សត្រូវ​របស់​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​, ការ​សម្ងាត់​មិន​បើក​ចំហ​ឬ​ការ​រិត​ត្បិត​ពត៌មាន​គឺ​ជាមធ្យោបាយ​ផ្តាច់​ការ​បំផុត​ដែល​គ្រប់​គ្រង​ការ​គិត​របស់​មនុស្ស​, ការ​បណ្តុះ​បណ្តាល​ឱយ​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​កាប់បាញ់​​សម្លាប់​លើ​មនុស្ស​ដូច​គ្នា​គឺ​ជា​វិធី​ដ៏​អមនុស្ស​ធម៌បំផុត​​ ជា​ជាង​ជា​វិធី​ដោះ​ស្រាយ​ទំនាស់​ដោយ​ស្មើ​ភាព​។ ​អ្វី​ដែល​ធ្វើ​ឱយ​កុប​កម្ម​ហិង្សា​អប្រជាធិបតេយ្យ​បំផុត​គឺ​ប្រជាជន​ស៊ីវិល​ភាគ​ច្រើន​ពុំ​អាច​ឬ​ពិបាក​ចូល​រួម​ជា​មួយ​ចលនា​។ ដោយ​សារ​ប្រជាជន​ស៊ីវិល​ច្រើន​ជា​ជន​រង​គ្រោះ​ មិន​ទទួល​បាន​ប្រយោជន៍​ទោះ​ក្រុម​ខាង​ណា​ឈ្នះ​ ដូច្នេះ​ពួក​គេ​កំរ​គាំទ្រ​ចលនា​ហិង្សា​ណាស់​ មិន​ថា​​ក្រុមគាំទ្រ​ឬ​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ។ ​​ហេតុ​ដែល​ប្រជាជន​ភាគ​ច្រើន​ពុំ​​គាំទ្រនិង​ពិបាក​ចូល​រួម​​ ព្រោះ​កុប​កម្ម​ហិង្សា​ យោល​តាម​លោក​ស្រី​ ឆេណូវេថ​ មាន​រនាំង​យ៉ាង​តិច​បួន​រារាំងប្រជាជនទួទៅ​​៖ ​​រនាំង​​ផ្លូវ​កាយ​ ការ​លំបាក​ទំនាក់​ទំនង​​​ពត៌មាន ឧបសគ្គ​ផ្លូវ​ចិត្ត​ឬ​សីលធម៌ និង​បញ្ហា​នៃ​​ការ​បេ្តជ្ញា​ចិត្ត​ (Physical, Informational, Conitive or Moral  and Commitment, Barrier)។​

១. រនាំង​ផ្នែក​កាយសម្បទា​

មាន​ប្រជាជន​ចំនួន​តិច​ណាស់​បើ​ធៀបទៅ​នឹង​ប្រជាជន​ទាំង​មូល​ ដែល​មាន​កាយ​សម្បទា​គ្រប់​គ្រាន់​អាច​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​កំរិត​ធ្ងន់បាន​។ ស្ត្រី​ កូន​ក្មេង មនុស្ស​ចាស់​​ ជន​ពិការ​ ដែល​តំណាង​ឱយ​ប្រជាជន​មិន​តិច​នោះ​ទេ​​ ត្រូវ​បាន​បញ្ចៀស​ចេញ​ដោយ​រនាំង​ផ្លូវ​កាយ​នេះ​។ សូម្បី​តែ​បុរស​ក៏​ដោយ​ ក៏​ពុំ​សុទ្ធ​តែ​​ប្រកប​ដោយ​កាយ​សម្បទា​មាំទាំទាំង​អស់​​​នោះ​ដែរ​។​ ​សន្មត​ថា​ពួក​គេ​មាន​កម្លាំង​កាយ​ខ្លាំង​​ចុះ​​ ក៏​ពួក​គេ​នៅ​​ត្រូវ​ការ​ជំនាញ​ ភាព​ប៉ិន​ប្រសប់​ ការ​តស៊ូ​អត់​ធ្មត់ ​​ភាព​រហ័ស​រហួន​ ទាម​ទារ​ឱយ​មាន​​ការ​បណ្តុះ​បណ្តាល​ ចេះកាន់​​ប្រើ​ប្រាស់​អាវុធ ហើយ​ជា​ទួទៅ​ត្រូវ​រស់​នៅ​ដោយឡែក​​ពី​សង្គម គ្រួសារ​ ដាច់​ពី​ទំនាក់​ទំនង​ជិត​ស្និទ្ធនិង​ធម្មតា​​ទាំង​ឡាយទៀតផង​​​​។ ប្រជាជនស៊ីវិលសាមញ្ញ​ សូម្បី​កាន់​កាំភ្លើង​មិន​ត្រង់​ផង បើ​មិន​ទទួល​ការ​ហ្វឹក​ហាត់​​ទេ​ កុប​ករ​ហិង្សា​នឹង​គ្មាន​គុណ​ភាព​អាច​​ប្រយុទ្ធ​យក​​ឈ្នះ​កង​សន្តិ​សុខនិង​យោធា​របស់​រដ្ឋាភិបាលនោះ​ទេ​។

២. រនាំង​​ពត៌មាន (ឬ​សេចក្តី​លំបាក​ក្នុង​ទំនាក់​ទំនង)

ដើម្បី​ទាក់​ទាញ​អ្នក​ចូល​រួម គេ​ត្រូវ​ការ​ផ្សព្វ​ផ្សាយ​ឱយ​សាធារណជន​បាន​ជ្រាប​ពី​សមត្ថភាព​ គោលដៅ​​​ និង​ចំនួន​អ្នក​ចូល​រួម​ដែល​កែន​បាន​។ ប៉ុន្តែ​ សកម្មភាព​ហិង្សា ជា​ទួទៅ​គឺ​មិន​ស្រប​ច្បាប់​ អ្នក​មាន​សិទ្ធិ​ស្រប​​ច្បាប់​ប្រើ​ប្រាស់​ហិង្សា​មាន​តែ​រដ្ឋ​អំនាច​ប៉ុណ្ណោះ​ ទោះ​បី​រដ្ឋ​អំនាច​នោះ​បាន​អំនាច​ដោយ​មិន​ស្រប​ច្បាប់​ក៏​ដោយ​។ ហានិភ័យ​នៃ​ការ​ប្រើ​ហិង្សា​​ជំរុញ​ឱយ​កុប​កម្ម​​ត្រូវ​ធ្វើ​ប្រតិបត្តិការ​​​ដោយ​សម្ងាត់។ ការ​វាយ​ឆ្មក់​រដ្ឋាភិបាល​ បើ​ត្រូវ​ភ្នាក់​ងារ​រដ្ឋាភិបាល​ស៊ើប​ដឹង​ស្គាល់​អត្ត​សញ្ញាណ​កុប​ករ​មុន ​នោះ​គំរោង​ការ​នឹង​បរាជ័យ​។ បើ​បង្ហើប​រាល់​ការ​សម្ងាត់​ប្រាប់​សកម្មជន​ ខ្លាច​បែក​ការណ៍​អំពី​សំបុក​ចលនា​ ខ្លាច​មាន​រនុក​ក្នុង​​រដ្ឋាភិបាល​ ហើយ​ជា​ទួទៅ គំរោង​ការ​និង​​បទ​បញ្ជា​កម្លាំងប្រដាប់​អាវុធ​ត្រូវ​ធ្វើ​ឡើងដោយ​​សម្ងាត់​បំផុត​។​ ដូច្នេះ​ កុប​ករ​នីមួយៗ​អាច​ដឹង​ពត៌មាន​ចាំ​បាច់​តិច​តួចដែល​មេ​ចលនាអនុញ្ញាត​​ឱយ​ដឹង​បាន​​ប៉ុណ្ណោះ​ ​ ដែល​ការ​លាក់​បាំង​នេះ​នាំ​ឱយ​​ងាយ​​​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ បោក​​ប្រាស់​គ្នា​ យក​ជីវិត​គ្នា​ទៅ​ប្រថុយ​ចោល​។ សូម្បី​តែ​បញ្ជា​ឱយ​វាយ​ប្រហារ​ទី​តាំង​ណា​មួយ​ ក៏​កុប​ករ​មិន​ដឹង​ថា​​មាន​គ្នា​ប៉ុន្មាន​នាក់​ដែរ​ ហើយ​មេ​កុប​ករ​ក៏​អាច​បំភន្ត​ទំាង​កូន​ចៅ​ឯង​ផង​ដែរ​។ ទោះ​បី​​សកម្មភាព​ហិង្សា​មួយ​ចំនួន​ ដូច​ជា​ការ​លប​ធ្វើ​ឃាត​ ការ​បំផ្ទុះ​គ្រាប់​បែក​ ការ​ព្រមាន​ពី​ការ​វាយ​ឆ្មក់​ ការ​ចាប់​ជំរិត​ បាន​បញ្ចេញ​ឱយ​ដឹង​ជា​សាធារណៈនៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ ដើម្បី​បង្អួតឬ​បំប៉ោង​​ពី​សមត្ថ​ភាព​របស់​ចលនា​ក៏​ដោយ​ ​ក៏​តថភាព​ជាក់​ស្តែង​នៃ​ប្រតិបត្តិ​ការ​ចម្បង​នៅ​តែ​ត្រូវ​បាន​បិត​បាំង​។​ ពត៌មាន​ពិត​ប្រាកដ​អំពីចំនួន​សមាជិក​សកម្ម គេ​នៅ​តែ​ពុំ​បាន​ដឹង​និង​ឃើញ​ជាក់​ស្តែង​​ឡើយ​។ ក្នុង​ការ​ឃោសនា​បំប៉ោង​ទំហំ​និង​សមត្ថភាព​ចលនា​នេះ​ កុប​កម្ម​ហិង្សា​អាច​ថាមាន​ប្រៀប​​ជាង​បាតុកម្ម​អហិង្សា។ អត្ត​ឃាតកម្ម​បំផ្ទុះ​គ្រាប់​បែក​អាច​បង្ក​ការ​ខូច​ខាតខ្លាំង​និង​​ទាក់​ទាញ​ចំណាប់​អារម្ម​​សាធារណជន​ ដោយអស់​​ថ្លៃ​​ចំណាយ​ទាប​​​ ប៉ុន្តែ​វា​ទាម​ទារ​ការ​លះ​បង់​ខ្លាំងនិងប្តេជ្ញា​ចិត្ត​ខ្ពស់​។ យ៉ាង​ណា​មិញ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​ភាគ​ច្រើន​ទោរ​​ទៅ​រក​រដ្ឋាភិបាល​ មិន​សម​ណា​នឹង​​ផ្សាយ​កាន់​ជើង​ក្រុម​ឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ឡើយ​ ហើយ​ទោះ​បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនោះ​​ឯក​រាជ្យ​ក៏​ដោយ​ ក៏​មិន​ប្រាកដ​ថា​គាំទ្រ​សកម្មភាព​ហិង្សា​ដែល​មិន​ត្រឹម​តែ​បំផ្លាញ​សម្បត្តិ​រដ្ឋទេ​ តែ​គឺ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​​​​ប្រជាជន​ស្លូតត្រង់​ទៀត​​​​។ ​ការ​ចាំ​បាច់​ក្នុង​ការ​លាក់​បាំង​ពត៌មាន​​អាច​កាត់​បន្ថយ​សាមគ្គី​ភាព​ក្នុង​ក្រុម​និង​​ពុំ​អាច​បើក​ទូលាយ​ជា​សាធារណៈបាន​​​ឡើយ។ កង្វះ​ពត៌មាន​ក៏​មាន​ន័យ​ថា​កង្វះ​ការ​បើក​ចំហ​ឱយ​មាន​ការ​ចូល​រួម​នោះ​ដែរ​។

៣. រនាំង​ខាង​សីលធម៌​ (ឬ​ផ្លូវ​ចិត្ត)​

មនុស្ស​ជា​សាកល​ជ្រើស​រើសយក​សេចក្តី​ស្លាប់​ ជា​ជាង​សម្លាប់​គេ​។ សមត្មិ​កម្មនេះ​​នៅ​សំរូង​ចំរាស់​នៅ​​ឡើយ​ តែ​អ្វី​​ដែល​យើង​អាច​ប្រាកដ​បាន​នោះ​គឺ​ថា ​​មនុស្ស​ដែល​​ចូល​ចិត្ត​​បាញ់​បោះវាយ​​អ្នក​ដទៃឱយ​ស្លាប់​ឬ​មាន​របួស ជា​ប្រភេទ​​ជន​វិកល​ចរិត​ឬច្រើន​​មាន​រោគ​ចិត្ត​ ហើយ​ប្រជាជន​សាមញ្ញទួទៅ​​មិន​អាច​ធ្វើ​បានដូច​​ឡើយ​។ សីលធម៌​សង្គម​សូន​ចិត្ត​សាស្ត្រ​របស់​​​ប្រជាជន​ ឱយ​រើស​អើង​​អំពើ​ហិង្សា​របស់​កង​កម្លាំង​របស់​រដ្ឋាភិបាល​ស្រាប់ទៅ​ហើយ បើ​កុប​កម្ម​ទាម​ទារ​ឱយ​អ្នក​ចូល​រួម​​ដែល​មក​ពី​បណ្តា​ប្រជាជន​ស៊ីវិលប្រើ​ប្រាស់​ហិង្សា​ដែរ​នោះ​ ​គ្មាន​ភាព​ខុស​គ្នា​រវាង​ការ​​ប្រឆាំង​នឹងអំពើ​ហិង្សា​របស់​​​​រដ្ឋាភិបាល​និង​ចូល​ដៃ​នឹង​រដ្ឋាភិបាល​នោះ​ទេ​​​ ព្រោះ​​អ្វី​ដែល​គេ​​មើល​ឃើញ មិន​មែន​វីរជន​មួយ​ក្រុម​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្តាច់​ការនោះ​​ទេ​ តែ​គឺ​​ក្រុម​និយម​ហិង្សា​​ទាំង​ពីរ​វាយគ្នា​​ដណ្តើម​យក​​អំនាច​ កំពុង​លើក​ស្ទួយ​វប្បធម៌​ហិង្សា​ដូច​តែ​គ្នា​ គ្មាន​គិត​ពី​សន្តិ​សុខ​និង​សុវត្ថិ​ភាព​របស់​ប្រជាជន​ស៊ីវិល​ដូច​គ្នា​។ បើ​គិត​ពី​សីលធម៌​និង​ចិត្ត​សាស្ត្រ​​ កុប​កម្ម​ហិង្សា​មិន​ទំនង​ជាស្រូប​ទាញ​​​​ការ​គាំទ្រនិង​សមាន​ចិត្ត​​ពីប្រជាជនឡើយ​  ត្បិត​ហិង្សា​បង្កើត​​អ​​សន្តិ​​សុខនិង​បំផ្លាញ​សណ្តាប់​ធ្នាប់​​​។ ហេតុ​នេះ​ កុប​កម្ម​ហិង្សា​លំ​បាកធើ្វ​ឱយ​ប្រជាជន​​​ទទួល​ស្គាល់​ណាស់​ ព្រោះ​ពួក​គេ​ក៏​ខ្លាច​រង​គ្រោះ​ពី​អំពើ​ហិង្សា​របស់កុប​ករ​ហិង្សា​ដែរ។ រនាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​សីល​ធម៌​​​ឃាំង​ប្រជាជន​មិន​មែន​ត្រឹម​តែ​មិន​ឱយ​ចូល​រួម​ទេ​ ​សូម្បី​តែចង់ឱយ​​ប្រជាជន​​ទទួល​ស្គាល់​តែ​ថា​មាន​បុព្វហេតុ​​ត្រឹម​ត្រូវក៏​ពិបាក​ដែរ​។

៤. រនាំង​​នៃ​ការ​បេ្តជ្ញាចិត្ត​

ការ​តវ៉ា​ដោយ​ប្រើ​ប្រាស់​ហិង្សា​ទាម​ទារ​ការ​​បេ្តជ្ញាចិត្ត​​និង​ភាព​អត់ធ្មត់​នឹង​ហានិភ័យ​ពី​អ្នក​ចូល​រួម​ក្នុង​កំរិត​​ខ្ពស់​​​។ តំរូវ​ការ​នេះ​មាន​ហេតុ​ផល​បួន​យ៉ាង​៖ ក. គេ​ត្រូវ​ការ​បណ្តុះ​បណ្តាលកុប​ករ​​ថ្មី​ឱយ​ខ្លាំង​ដូច​គ្នា វៀរ​ចាក​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ពេល​ប្រតិបត្តិការ​។​ ប្រការ​នេះ​បង្កើតបាន​ជា​​ភាព​ស្ទក់ដើរ​មិន​ទាន់​គ្នា​​​​រវាងការ​​​ចូល​រួម​និង​ការ​ស្មគ្រ​ចិត្ត​ ដែល​ភាព​យឺត​យ៉ាវ​នេះ​បង្អាក់​​អ្នក​ដែល​មាន​ចិត្ត​ចង់​ចូល​រួម​ភ្លាម​ៗ។ ខ.​ នៅ​ពេល​ចេញ​ប្រតិបត្តិ​ការ​ដំបូង​ កុប​កម្ម​ហិង្សា​រិត​តែ​ត្រូវ​ការ​ប្តេជ្ញា​ចិត្ត​ពី​កុប​ករ​។ ការ​ត្រួត​ពិនិត្យ​មើល​សក្តានុពល​របស់​កុប​ករ​ដោយ​ឱយ​បញ្ចេញ​សមត្ថភាពត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចេតនា​ ដើម្បីឱយ​កុប​ករ​បង្ហាញ​ពី​ការ​បេ្តជ្ញា​ចិត្ត​និង​ភាព​ស្មោះ​ត្រង់​របស់​គេ​ចំពោះ​មេដឹក​នាំ​និង​ចលនា​។ មេ​ដឹក​នាំ​ចលនា​ក៏​មិន​សូវ​ទុក​ចិត្ត​អ្នក​ចំណូល​ថ្មីប៉ុន្មាន​​ដែរ​។ គ. កំលុង​​ពេល​ដំណើរ​​​វិវាទ​ កុប​ករ​ហិង្សា​មិន​អាច​ត្រលប់​ទៅ​រួមនឹង​ជីវភាព​សាមញ្ញ​បាន​ទេ​។ ពួក​គេ​ត្រូវ​បូជា​ទាំង​កម្លាំង​កាយ ​ចិត្ត ពេល​វេលា​​ រហូត​ដល់​អាយុ​ជីវិត។ ពួក​គេ​ត្រូវ​លាក់​អត្តសញ្ញាណ​ឋិត​ក្នុង​ទំរង់​បិត​បាំង​រហូត​ដល់​ចលនា​បាន​ជោគ​ជ័យ​។ ឃ.​ កុប​កម្ម​ហិង្សា​ត្រូវ​ការ​ឱយ​អ្នក​ចូល​រួម​ប្រថុយ​នឹង​ហានិភ័យ​យ៉ាង​ខ្លាំង​។ ប្រលូក​នឹង​​គ្រោះ​ថ្នាក់​​​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​កុបកម្ម​​ហិង្សា​។ សូម្បី​តែ​នៅ​ពេល​ធ្វើ​សម​យុទ្ធ​បន្តិច​បន្តួច​ក៏​អាច​ប៉ះ​ពាល់​ដល់​ជីវិត​ (ស្លាប់​ដោយ​ចៃដន់) ឬ​យ៉ាង​តិច​ណាស់​ក៏បង្ក​របួស​ស្នាម​លើ​រាង​កាយ​ដែរ​ ទោះ​ធ្ងន់​ឬស្រាលក្តី​។ នៅ​ពេល​ធ្វើ​ប្រតិបត្តិ​ការ​ ការ​ស្លាប់​ដោយ​សារ​​បំពេញ​តួ​នាទី​​រិត​តែ​ផុយ​ទៅ​ទៀត​។​​ ក្រោយ​ពេល​បេសកកម្ម​នីមួយៗ​​បរាជ័យ​ ឬ​ចលនា​ឧទ្ទាម​ដួល​រលំ​ទាំង​ស្រុង​​ ឱយ​តែ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​​ចាប់​បាន​ គ្មាន​សង្ឃឹម​ថា​រួច​រស់​សល់​ជីវិតទៅ​ចួប​ក្រុម​គ្រួសារវិញ​​​នោះ​ឡើយ​​។​ ហេតុ​ផលទាំង​បួន​នេះ​ គេ​ពិបាកទាក់​ទាញ​​កុប​ករឱយចូល​​រួម​​ណាស់​ ព្រោះ​វា​​ទាម​ទារ​ការ​លះ​បង់​ជ្រុល​ហួស​ហេតុ​ពេគ​ពី​សមាជិក​​ ហើយ​ប្រាកដ​ណាស់​ថា​ មាន​អ្នក​ចូល​រួម​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​។

របាំង​​​​ផ្លូវ​កាយ ​​​ពត៌មាន ​​​ចិត្តសាស្ត្រ​​ និង​ការ​បេ្តជ្ញា​ចិត្ត​នេះ​ រាំង​ខ្ទប់​ចំនួន​អ្នក​ចូល​រួម​យ៉ាង​ច្រើន ហេតុ​នេះ​ហើយ​ទើប​កុប​កម្ម​ហិង្សា​មាន​ចំនួន​អ្នក​ចូល​រួម​តិច​និង​មិនចំរុះ​មនុស្ស​មក​ពី​គ្រប់​ស្រទាប់​សង្គមទេ​​ បើ​ធៀប​នឹងចំនួន​សមាជិក​​បាតុកម្ម​អហិង្សា​គឺ​តិច​ជាង​​រហូត​ដល់​ទៅ​បួន​ដង​។​ គេ​អាច​ដោះ​សា​ថា​ កង​ទាប់​មិន​អាស្រ័យលើ​​ច្រើន​ទេ​ តែ​គឺ​ផ្អែក​លើខ្លាំង​​។ អ្វី​ដែល​គេ​ត្រូវ​ការ​គឺ​សព្វាវុធ​ល្អៗ​យក​មក​បំពាក់​លើ​កុប​ករ​ទាំង​នោះ​ ដែល​មាន​ប្រភព​ចម្បងមក​ពី​បរទេស​។​ បន្ត​ទៅ​ទៀត​នេះ​ យើង​នឹង​អធិប្បាយ​អំពី​ឥទ្ធិ​ពល​នៃ​ជំនួយ​បរទេសលើ​កុប​កម្ម​ហិង្សា​ ព្រម​ទាំង​សង្គ្រាម​ស៊ីវិល​និង​ប្រជាធិបតេយ្យ​ ក្រោយ​ពេល​ជម្លោះ​​បញ្ចប់​។