ការ​ស្ថាបនា​មូល​ដ្ឋាន​គ្រឹះ​សំរាប់​ប្រជាធិបតេយ្យ​រយៈ​ពេល​វែង​​

សេរី​ភាព​ពុំដែលអ្នក​ជិះ​ជាន់​គេ​​ប្រគល្ភឱយ​​​ដោយ​ស្មគ្រ​ចិត្ត​​​​​នោះទេ​​ តែ​ត្រូវ​បាន​ទាម​ទារ​ដោយ​អ្នក​ត្រូវ​គេជិះ​ជាន់​។

— ម៉ារទីន​ លូធើរ​ ឃីង

ប្រជាធិបតេយ្យ​ពុំ​មែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះ​ទេ!​ បើប្រជាពលរដ្ឋ​មិន​​ទាម​ទារ​ គ្មាន​អ្នក​នយោបាយ​ណា​ផ្តល់​សេរីភាព​ ការ​ចូល​រួម​និង​សិទ្ធិ​អំនាច​ក្នុង​ការ​សំរេច​ចិត្តឱយ​​នោះ​ទេ​​​។​ ​បើ​ពាក្យ​ «ប្រជាធិបតេយ្យ​» មាន​ន័យ​ថា​កាន់​អំនាច​ដោយ​ប្រជាជន​មែន​ នោះ​ប្រជាធិបតេយ្យ​មិន​អាច​រួច​ទេ​ បើ​ប្រជាជន​មិន​ធ្វើ​ដោយ​ខ្លួន​ឯង​។ ​ការ​ប្រើ​វិធី​អហិង្សាផ្លាស់​ប្តូរ​របប​ដឹក​នាំ​ កែ​ប្រែ​សង្គមនិង​​នយោបាយ​គ្រាន់​តែ​ជះ​ឥទ្ធិពល​វិជ្ជមាន​និង​បង្ក​លក្ខណៈ​ងាយ​ស្រួយ​ដល់​ស្ថាប័នទាំង​ឡាយ​​ឱយ​ដើរ​ទៅ​រក​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ ពុំ​មែន​​ចលនា​ប្រជាជន​​បង្កើត​បាន​របប​ប្រជាធិបតេយ្យ​មួយ​ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពីផ្តួល​រំលំរបប​ផ្តាច់​ការ​​ឡើយ​។ យើង​បាន​​បង្ហាញ​ពី​ការ​​សិក្សារបស់​លោក​ស្រី​ ឆេណូវេថ​ រួច​​ហើយ​​ថា​ ខុស​ពី​កុប​កម្ម​ប្រដាប់​អាវុធដែល​​នាំ​ប្រទេស​ទៅ​រក​របប​ផ្តាច់​ការ​ថ្មីក្រោយ​ពេល​​ជោគ​ជ័យ​ វិធី​អហិង្សា​ដែល​ចលនា​ប្រជាជន​ប្រើ​ប្រាស់​ដើម្បី​ផ្លាស់​ប្តូរ​របប​ដឹក​នាំ​ចាស់​ ធ្វើ​ឱយ​របប​ដឹក​នាំ​ថ្មី​ក្រោយ​មកទៀត​ គិត​គូរ​ពី​តំរូវ​ការ​របស់​ប្រជាជន​និង​មិន​ហ៊ាន​​ធ្វើ​អ្វី​ផ្តេស​ផ្តាស ត្បិត​​ខ្លាច​ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ខ្លួន​ដែរ​។ លោក​ ជីន​ សាប​ ថ្លែង​អះ​អាង​ថា «ឥទ្ធិពល​នៃ​ការ​តស៊ូ​ដោយ​អហិង្សា​ពុំ​មែន​ត្រឹម​តែ​បន្ថយ​កម្លាំងរបស់​ជន​ផ្តាច់​ការ​​និង​ទាញ​ពួក​គេ​ចេញ​​ពី​អំនាច​នោះ​ទេ​ តែ​ក៏​បង្កើន​អំនាច​ប្រជាជន​ដែលត្រូវ​​គេ​ជិះ​ជាន់​ផង​ដែរ​។» ​លើស​ពី​នេះ​ ​សូម្បី​តែ​កង​សន្តិ​សុខ​ក៏គេ​​លែង​អនុញ្ញាត​ឱយ​កាន់​អាវុធ​ពេល​ប្រឈម​នឹង​បាតុកម្មអហិង្សា​​របស់​ប្រជាជន​​​ដែរ។ ប៉ុន្តែ​ លទ្ធផល​នៃ​ចលនា​ប្រជាជន​ទាំង​នេះ​ មិន​មែន​ធ្វើ​ឱយ​ប្រទេស​នោះ​ក្លាយ​ជា​រដ្ឋ​សន្តិវិធី​និយមនោះ​ទេ​ គឺ​ថា​រដ្ឋ​នៅ​តែមាន​អំនាច​ស្រប​ច្បាប់​​ប្រើ​ហិង្សា​រក្សា​សណ្តាប់​ធ្នាប់​និង​ការ​ពារ​សន្តិ​សុខ​ជាតិ​ ហើយ​​រដ្ឋាភិបាល​ថ្មី ​ក្នុង​ករណី​ខុស​ប្រក្រតី​ណា​មួយ ​អាចនឹង​​យកហិង្សា​​ដោះ​ស្រាយ​បញ្ហា​បាតុកម្ម​របស់​ប្រជាជន​ដដែល​ៗ​។​ ដូច្នេះ​ហើយ​ ពេល​ដែល​ចលនា​ប្រជាជនអាច​ផ្លាស់​ប្តូរស្វាមីភក្តិ​របស់​កង​កម្លាំងរក្សា​សន្តិសុខនិង​​​​ដណ្តើម​បាន​​ស្ថាប័ន​សំខាន់​ៗ​នា​នា​​ពី​របប​ផ្តាច់​ការ​​​ ​នោះ​គេ​អាច​ប្រាកដ​បាន​ភាគ​ច្រើន​អំពី​ការ​ដួល​រលំ​នៃ​របប​ផ្តាច់​ការ​ហើយ។ មើល​ឃើញ​ដូច្នេះ​​​​ ចលនា​​ត្រូវ​បង្កើត​ស្ថាប័នអំនាច​ស្មើ​បណ្តោះ​អាសន្ត​​ ឯករាជ្យ​ពី​គណបក្ស​នយោបាយ​ មាន​រៀប​ចំប្រព័ន្ធ​បែប​ប្រជាធិបតេយ្យ ជា​បណ្តើរ​ៗ ឱយ​បាន​​គ្រប់​ស្ថាប័នដែល​របប​ផ្តាច់​ការ​បោះ​បង់​ចោល​​​ ពិសេស​គឺ​ស្ថាប័ន​យោធា​ដែល​​នឹង​ក្លាយ​​ជា​ឧបករណ៍​របស់សមាជិក​សេស​សល់​ពី​របប​ចាស់ដែល​ទំនងជា​​អាច​មាន​គំនិត​ប៉ុន​ប៉ង​​ធ្វើ​រដ្ឋ​ប្រហារ​ ឬ​​បក្ស​នយោបាយ​ថ្មី​ណា​មួយ​ដែល​ចង់​ប្រមូល​ផ្តុំ​អំនាច​ធ្វើជន​ផ្តាច់​ការ​ថ្មី​។​​ គួរ​កុំច្រលំ​ថា​ ចលនា​ប្រជាជន​ធ្វើ​ឡើង​ដើម្បី​បន្តុប​បក្ស​នយោបាយ​ថ្មី​ណា​មួយ​ ឬ​ចលនា​ប្រជាជន​ជា​ឧបករណ៍​របស់​បក្ស​ណា​មួយឱយ​សោះ​​។ សូម​រំពឹងឡើង​វិញ​ ​មេ​ដឹក​នាំ​ចលនា​​ប្រជាជន​ដាច់​ខាត​មិន​ត្រូវ​អនុញ្ញាត​ឱយ​​​មាន​អ្នក​នយោបាយ​ណា​មួយមាន​ឥទ្ធិពល​លើ​ចលនា​ឱយ​សោះ​ ព្រោះ​ពួក​គេក៏​អាច​ជា​អនាគត​ជន​ផ្តាច់​ការ​ថ្មី​នោះ​ដែរ​។ បន្ទាប់​ពី​របប​ផ្តាច់​ការ​ដួល​រលំ​ ការ​បោះ​ឆ្នោតថ្មី​ត្រូវ​តែ​ធ្វើ​ឡើង​ ដោយសុចរិត​ ​យុត្តិធម៌​ ស្មើ​ភាព ប្រើ​ប្រព័ន្ធ​ចំរុះ​ (ឯកត្តនាម​បូក​នឹង​សមាមាត្រ​) អ្នក​មូលដ្ឋាន​ត្រូវ​បោះ​ឆ្នោតតាំង​ពី​ថ្នាក់​តូច​រហូត​ដល់​ថ្នាក់​ធំ​ គឺ​ថា​សូម្បីតែ​​នាយក​សាលាឬ​សាកល​វិទ្យាធិការ​ម្នាក់​ក៏​ត្រូវបោះ​ឆ្នោត​ដោយ​ផ្ទាល់​ពី​សមាជិក​ដែរ​ ពុំ​មែន​បន្ត​ក្អែល​បក្ស​ចាត់​តាំងតាម​បែប​បទ​របប​ផ្តាច់​ការ​ទៀតនោះ​ទេ​។ បន្ទាប់​ពី​របប​​ផ្តាច់ការ​​ដួល​រលំ ដំណើរ​ប្រជាធិបតេយ្យនីយកម្ម​ (Democratization) មាន​ឧបសគ្គ​ពីរ​ គឺ​ ១. រដ្ឋប្រហារ​ និ ២. ការ​​ខ្វះ​យន្ត​ការ​ទប់​ស្កាត់​របប​ផ្តាច់​ការ​ថ្មី​ ឬ​ភាព​ទន់​ខ្សោយ​ខាង​ការ​អនុវត្ត​ច្បាប់​។

១. ការ​បង្ឃាំង​​រដ្ឋ​ប្រហារ

ក្រោយ​ពេល​ចលនា​​ជោគ​ជ័យ​​ ប្រជាជន​អាចសប្បាយ​ភ្លេច​ខ្លួន គិត​ថា​គ្មាន​មេ​ដឹក​នាំ​ផ្តាច់​ការ​ទៀត​ទេ​ គ្មាន​របប​ផ្តាច់​ការ​ទៀត​ទេ​ គ្មាន​អ្នក​មាន​អំនាច​ណា​មួយ​ហ៊ាន​យក​កង​ទាប់ ប៉ូលីស​ កង​សន្តិសុខ​ វាយ​ប្រហារ ប្រជាជន​ទៀត​ទេ​។ ផ្តួល​រំលំ​របប​ផ្តាច់​ការ​មួយ​ពុំ​មែន​មាន​ន័យ​ថា ​គ្មាន​របប​ផ្តាច់​ការ​​តទៅ​មុខ​​ទៀត​ឡើយ​ គឺ​ថា​អ្នក​នយោបាយ​ណា​ក៏​អាច​ក្លាយ​ជា​ជន​ផ្តាច់ការ​ដែរ​ ឱយ​តែ​ប្រជាជន​បណ្តែត​បណ្តោយ​ឱយ​ពួក​គេ​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​។ ការ​ធ្វេស​ប្រហែស​នេះ​អាច​បំផ្លាញ​សមិទ្ធ​ផលញើស​ឈាម​​របស់ប្រជាជន​ទាំងមូល​​ដែល​ប្រឹង​ប្រែង​​ទំរំា​ផ្តួលរបប​ផ្តាច់​ការចាក់​ឫស​ដុះ​ស្លែ​​បានសំរេច​​។ ​​​សូម​​ដាស់​ស្មារតី​បន្តិច​​ លោក ជីន​ សាប​ បាន​ព្រមាន​ថា​ «ការ​ដួល​រលំ​នៃ​របប​ដែល​ជិះ​ជាន់​ប្រជាជនមួយ​ សំរាប់​បុគ្គល​និង​ក្រុម​​មាន​អំនាច​មួយ​ចំនួន​ វា​គ្រាន់​តែ​ជា​ឱកាស​របស់ពួក​គេក្នុង​ការ​ឡើង​ទៅ​ធ្វើ​ជា​ម្ចាស់ថ្មី​ប៉ុណ្ណោះ​​។​​» របបដឹកនាំ​​ថ្មី​ណា​មួយ​ដែល​ឡើង​កាន់​អំនាច​​ដោយ​កម្លាំង​យោធា​ពុំ​មែន​ស្លូត ​គិត​ពី​ប្រជាជន​ខុស​ពី​របប​មុន​ ឬ​មានការ​​អត់​ធ្មត់​នឹង​អ្នក​ប្រឆាំង​នោះ​ទេ​ ពួក​គេ​នឹង​រិតតែ​សាហាវ​យង់​ឃ្នង​ ចរិត​រិត​តែ​ផ្តាច់​ការ​ រិត​ត្បិត​សេរី​ភាព​និង​របៀបរស់​នៅ​​​របស់​ប្រជាជនគ្រប់​យ៉ាង ​ ព្រោះ​ពួក​គេ​មាន​មេរៀន​ពី​របប​មុន​និង​ព្រួយ​ខ្លាច​នរណា​ម្នាក់​ឆក់​ដណ្តើម​អំនាច​ដែល​ទើប​តែ​វាយ​បាន​របស់​ពួក​គេ។​ ទោះ​បី​កាន់​តែ​ប្រើ​ប្រាស់​ហិង្សា​ រដ្ឋ​កាន់​តែ​ទន់​ខ្សោយ​ក៏​ដោយ សំរាប់​មនុស្ស​ដែល​បាន​អំនាច​ដោយ​ហិង្សា​ ពួក​គេមិន​ងាយ​នឹង​មាន​ថ្ងៃ​ជឿ​ថា ​ហិង្សា​គ្មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​​ ពួក​គេ​នឹង​នៅ​តែ​ប្រើ​ហិង្សា​ដោះ​ស្រាយ​បញ្ហា​រហូត​ ជា​ពិសេស​ពេល​ដែល​ពួក​គេ​ទាល់​ច្រក​។ និយាយ​នេះ​ពុំ​មែន​មាន​ន័យថា​ ​រដ្ឋ​ប្រហារ​អាច​កើត​ឡើង​តែ​ក្នុង​បរិបទ​របប​ចាស់​ជិត​ដួល​រលំ​នោះ​ទេ​ គឺ​ថា ​រដ្ឋ​ប្រហារ​អាច​កើត​ឡើង​ទាំង​ក្នុង​កំលុង​ពេល​យុទ្ធនាការ​ប្រជាជន​កំពុង​ប្រព្រឹត្ត​ទៅ​​ ទាំង​ក្រោយ​ពេល​ក្រុមមាន​អំនាច​យោធា​​ណា​មួយ​ចាញ់​ឆ្នោត​និង​ក្រោយ​ពេល​របប​ផ្តាច់​ការ​បែក​ខ្ញែក​ដួល​រលំ។ល។ ​ពិសេស ​ក្រុម​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​អាចនឹង​​ប្រកាស​កាលៃ​ខ្លួន​ឯង​ថា​ ទង្វើ​រដ្ឋ​ប្រហារ​របស់​ពួក​គេ​ស្របច្បាប់​​ ធ្វើ​តាម​ឆន្ទៈ​ប្រជាជន​ គេ​ជា​តំណាង​ចលនា​ប្រជាជន ពួក​គេ​ជា​អ្នក​ដឹក​នាំ​ធ្វើ​ឱយ​របប​ចាស់​ដួល​ តែ​តាម​ពិត​គឺ​ពួក​គេ​ចាំ​ស៊ី​ស្រាប់​ពីកម្លាំង​ពល​កម្ម​របស់​ប្រជាជន​ប៉ុណ្ណោះ​។ ​បើ​មាន​រដ្ឋ​ប្រហារ​​កើត​ឡើង​នៅ​ក្នុង​ដំណាក់​កាល​ណា​មួយ​នៃ​ចលនា​ លោក​ ជីន សាប​ បាន​ផ្តល់​ដំបូន្មានពីរ​ក្នុងការ​​ការ​ពារ​ទប់​ទល់​ប្រ​ឆាំង​នឹង​រដ្ឋ​ប្រហារ​​៖ ១. បដិសេធ​ភាព​ស្រប​ច្បាប់របស់​រដ្ឋ​ប្រហារ​ និង​ ២. រឹង​ទទឹង​​មិន​សហការ​នឹង​របប​ថ្មី​ដែល​កើត​ពី​រដ្ឋ​ប្រហារ​នោះ​។

បើ​កម្លាំង​យោធា​ពិត​ជា​​មាន​អានុ​ភាព​​និង​ប្រកប​ដោយ​អំនាច​មែន​ ហេតុ​អ្វី​ពួក​បះ​បោរ​ធ្វើ​រដ្ឋ​ប្រហារ​ទាំង​នោះ​នៅ​តែ​ព្យាយាម​ប្រកាស​ភាព​ស្រប​ច្បាប់​ ចង់​បាន​ការ​ទទួល​ស្គាល់​ពី​ប្រជាជន​ធ្វើ​អ្វី​ទៀត​? ព្រោះ​ភាព​ស្រប​ច្បាប់​គឺ​ជា​ការ​គាំទ្រ​ ការ​គាំទ្រយល់​ព្រម​របស់​ប្រជាជន ​ទើប​ជា​អំនាច​ពិត​ប្រាកដ​ដែល​របប​ដឹក​នាំ​ណា​ក៏​ត្រូវ​ការ​ជា​​​ចាំ​បាច់ដែរ​។​ការ​ទទួល​ស្គាល់​ពី​អ្នក​ដឹកនាំ​ចលនា​ប្រជាជន ​និង​ប្រជាជន​ស៊ីវិល​ទាំង​ឡាយ​អាច​ធ្វើ​ឱយ​ពួក​គេ​កាន់​អំនាច​បាន​ដោយ​សុខ​ស្រួល​ ប្រៀប​ដូច​បាន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ដូច្នោះ​ដែរ​។ របប​ដឹក​នាំ​ថ្មី​ដែល​ជា​សមិទ្ធផល​នៃរដ្ឋ​ប្រហារក៏​ដូច​របប​ចាស់​ដែរ​ ត្រូវ​ការ​សសរ​ស្តម្ភ​​គាំទ្រ​ទាំង​ឡាយ​ពី​ប្រជាជន​ទាំង​មូល​ មាន​ដូច​ជា​អ្នក​រដ្ឋបាល​ការិយាធិបតេយ្យ​ ប៉ូលីស​ កង​សន្តិសុខ​ អ្នក​ជំនាញ​ ទី​ប្រឹក្សា​ តុលាការ និង​ប្រជាជនទាំង​មូល​​ដែល​ប្រើ​ប្រាស់​សេវាកម្មរដ្ឋ​។ល។​ ដែល​អ្នក​ទាំង​អស់​នេះ​ហើយ​ជា​អ្នក​ធ្វើ​ឱយ​ស្ថាប័ន​រដ្ឋ​ទាំង​ឡាយ​ដើរ​។ លុះ​ត្រា​តែ​មាន​អ្នក​ធ្វើ​តាម​​បញ្ជា​ ទើប​មាន​អ្នក​ចេញ​បញ្ជា​ បើ​ប្រជាជន​មិន​ទទួល​ស្គាល់​ថា​ ពួក​គេ​មាន​សិទ្ធិ​នយោបាយ​ស្រប​ច្បាប់​គ្រប់​គ្រង ​ត្រួត​ត្រា ​ដាក់​គោល​នយោបាយ​ដឹក​នាំ​រដ្ឋ​ទេ​ ពួក​គេ​នឹង​ចួប​គ្រោះ​ទុរ្ភឹក្សខាង​ផ្នែក​នយោបាយ​ពុំ​ខាន​ឡើយ​។ លោក​ អាល់​បឺត​ អាញ​ស្តាញ​ បាន​ដាស់​តឿន​ថា​ «ពិភព​លោក​ឋិតក្នុង​​​គ្រោះ​ថ្នាក់​ខ្លាំងមក​​ពី​មនុស្ស​ដែល​អត់​ទ្រាំ​និង​ជំរុញ​អំពើ​​អាក្រក់​​ជាង​មនុស្ស​ពិត​ប្រាកដ​ដែល​ប្រព្រឹត្ត​វា​។» បើ​ប្រជាជន​មិន​បញ្ចេញ​ប្រតិកម្ម​ណា​មួយ​ ធ្វើ​ដូច​គ្មាន​អ្វី​កើត​ឡើង​ពេល​មាន​រដ្ឋ​ប្រហារ​ ពុំ​មែន​មាន​ន័យថា​ ​​ពួក​គេ​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ​ ប៉ុន្តែ​គឺមាន​ន័យ​ថា​ ពួក​គេ​សហការ​ចូល​រួម​នឹង​​​​​របបថ្មី​ដែល​បាន​មក​ពី​រដ្ឋ​ប្រហារ​នោះ​។​ ពាក្យ «​មិន​ធ្វើអ្វី​​សោះ» ​របស់​ប្រជាជន​ មិន​មាន​ន័យ​ដូច​ទង្វើ​របស់​ពួក​គេ​ឡើយ គឺ​ថា​​ ​ពួក​គេ​នៅ​តែ​ចូល​ធ្វើ​​ការ​ បង់​ពន្ធ​ បំរើ​និង​ប្រើ​​សេវាកម្ម​រដ្ឋ​ទាំង​ឡាយ​ ធ្វើ​ឱយប្រព័ន្ធ​រដ្ឋ​ទាំង​មូលដើរ​​ ច្បាស់​ណាស់​គឺ​ជា​ការ​សហការ​នឹង​របប​ដឹកនាំដោយ​​ប្រកែក​មិន​បា​ន​។​ បើ​ពួក​គេ​មិន​ធ្វើ​ការហើយ​ដេក​នៅ​ផ្ទះនោះ​​គឺសម​នឹង​​ពាក្យ​ «មិន​ធ្វើអ្វី​សោះ​»​​មែន​។ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​ចូល​រួម​បំពេញ​ដំណើរ​ការ​នា​នា​ឱយ​​​រដ្ឋ​ ហើយ​ប្រើ​ពាក្យ​ថា​ «មិន​ធ្វើ​អ្វី​សោះ​» គឺ​បង្ហាញ​ពី​ការ​មិន​យល់​ពី​បញ្ញតិ​ «កូដកម្ម»​ ឬ​ «វិធី​អហិង្សា​» តែ​ម្តង​។ ប្រជាជន​​ធ្វើ​បាតុកម្ម​អហិង្សា​ ទាំង​មិន​ដឹង​ថា​ ខ្លួន​ឯង​កំពុង​ប្រើ​វិធី​អហិង្សា​ និង​​មិន​ធ្វើ​បាតុកម្ម​អហិង្សា ​ទាំង​ខ្លួន​កំពុង​ប្រើ​វិធី​អហិង្សា​។ ដល់​ពេល​បរាជ័យ​ ពួក​គេ​និយាយ​ថា​បាតុកម្ម​អហិង្សា​គ្មាន​ប្រសិទ្ធភាព ប៉ុន្តែ​ពេល​ជោគ​ជ័យ​វិញ​ថា ​ពួក​គេ​បែរ​ថា​​មិន​មែន​មក​ពី​បាតុកម្ម​អហិង្សា​​ទេ​​​ ដូច្នេះ​ហើយ ​ទើប​អ្នក​សិក្សា​ត្រូវ​ប្រុង​ប្រយត្ន​នឹងការ​ប្រើ​ប្រាស់​​ភាសា​របស់​ប្រជាជន​​។ របប​ដែល​កើត​ចេញ​ពី​រដ្ឋ​ប្រហារយោធា​គឺ​ជា​​​របប​ផ្តាច់​ការ​យ៉ាង​ប្រាកដ​ ព្រោះ​ពួក​គេ​បាន​អំនាច​ដោយ​ហិង្សា​ជា​ជាង​សន្លឹក​​​ឆ្នោត​ ហើយ​របប​បែប​នេះ​​គ្មាន​ថ្ងៃ​ដឹក​តាម​របៀប​ប្រជាធិបតេយ្យ​ដាច់​ខាត​។ លោក​ស្រី​ អ៊ុង​ សាន​ ស៊ូ​ជី បាន​អះ​អាងដូច្នេះ​​ «ដំណើរ​ការ​​តាម​លទ្ធិ​ប្រជាធិបតេយ្យ​បើក​ឱយ​មាន​បំរែ​បំរួល​នយោបាយ​និង​សង្គម​ដោយ​គ្មាន​អំពើ​ហិង្សា​។»​ ហេតុ​នេះ​ អ្នក​ប្រើ​ហិង្សា​ដើម្បី​បាន​អំនាច​គឺ​ជា​អ្នក​បំពាន​គោល​ការណ៍​ប្រជាធិបតេយ្យ​តែ​ម្តង​។ ប្រជាជន​ត្រូវ​តែ​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​ជា​បន្ទាន់​ បដិសេធ​ភាព​ស្រប​ច្បាប់​របស់​របបថ្មី​​ដែល​បាន​មក​ពី​រដ្ឋ​ប្រហារ​នោះ​ និង​ប្រើ​វិធី​មិន​សហការ​រឹង​ទទឹង​មិន​ចូល​បំរើ​ការ​ងារ​រដ្ឋ​ទាំង​ឡាយ​ធ្វើ​ឱយ​ពួក​គេ​គ្មានសសរ​ស្តម្ភ​គាំទ្រទ្រទ្រង់​​ មិន​អាច​ដឹក​នាំ​រដ្ឋ​បាន​។​ ដូចការ​រំពឹង​ទុក​នៅ​ក្នុង​របប​មុន​​ដែរ​ ពួ​ក​បះ​បោរ​ទាំង​នោះ​​នឹង​ប្រើ​វិធី​ហិង្សា​បង្ខំ​ប្រជាជន​ឱយ​សហការ​ដូច​គ្នា​ ប្រជាជន​ក៏​ត្រូវ​ប្រើ​វិធី​អហិង្សា​ដែល​ធ្លាប់​ប្រើ​ផ្តួល​របប​មុន​ម្តង​​ហើយ​នោះ​ ដើម្បី​ផ្តួល​គូ​ប្រកួត​ថ្មីនេះ​​នៅ​ទឹក​ទី​មួយ​តែ​ម្តងដែរ​​។ ដូច​យើង​លើក​ឡើង​ពី​ទ្រឹស្តី​របស់​លោក​ រ៉ូបឺត​ ផាត់​នេម​ រួច​​ហើយ​ បាតុកម្ម​អហិង្សា​ជា​ទំរង់​មួយ​នៃ​មូលធន​សង្គម​ (បណ្តាញ​អន្តរកម្ម​) ដែល​ប្រើ​​កាន់​តែ​ច្រើន​ កំរិត​ប្រជាធិបតេយ្យ​កាន់​តែ​កើន​ឡើង​ ផ្ទុយពី​អំពើ​ហិង្សា​ដែល​ប្រើ​កាន់​តែ​ច្រើន​ ប្រជាធិបតេយ្យ​កាន់​តែ​ស្រុត​ថម​ថយ​។ ដោយ​ហិង្សាមិនត្រឹម​តែ​សង្គ្រោះ​ប្រជាធិបតេយ្យ​ពុំ​បាន​ទេ​ ថែម​ទាំង​​​មាន​ផល​អាក្រក់​ចំពោះការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យទៀត​​​ ដូច្នេះ​ វា​ពិតជា​គួរ​ឱយ​សង្ស័យ​ណាស់​អំពី​សិទ្ធិ​ស្រប​ច្បាប់​របស់​រដ្ឋ​ក្នុង​ការ​ប្រើ​យោធា​រក្សា​សណ្តាប់​ធ្នាប់​និង​ការ​ពារ​សន្តិសុខ​ជាតិ​ថា​តើ​ហេតុ​អ្វី​ប្រជាជន​ត្រូវ​ផ្តល់​សិទ្ធិ​នេះ​ឱយ​រដ្ឋ​។ បើ​គ្មាន​យោធា​ ក៏​គ្មាន​សង្គ្រាម​ គ្មាន​ការ​ឈ្លាន​ពាន​ពី​បរទេសលើ​ប្រទេស​ទន់​ខ្សោយ​ ​និង​របប​ផ្តាច់​ការ​ដែរ​ ដែល​របស់​ទាំង​បីនេះ​ហើយ​បំផ្លាញ​មនុស្ស​ជាតិ​អស់​ជា​ច្រើន​សតវត្សរ​​ ប្រជាជន​ជា​អ្នក​រង​គ្រោះ​ អ្នក​មានអំនាច​ជា​អ្នក​ទទួល​ផល​។ លោក​ ជីន​ សាប​ ក្រើន​រំឭក​ថា​ «ប្រទេស​ដែល​ទើប​តែ​រំដោះ​ខ្លួន​រួច​អាច​ចួប​ប្រទះ​​នូវ​ការ​គំរាម​កំហែង​ពី​បរទេស​ ដែលប្រទេស​នោះ​​ត្រូវ​ការសមត្ថភាព​ការ​ពារ​ជាតិ​​។ បរទេស​នឹងមាន​បំណង​​គំរាម​កំហែង​ប្រទេស​នោះ​ ដើម្បី​ត្រួត​ត្រា​សេដ្ឋកិច្ច​ នយោបាយ​ យោធា​របស់​ប្រទេស​នោះ​។ […] ដោយ​ប្រគល្ភ​​សមត្ថភាព​តវ៉ាដោយ​ផ្ទាល់​ទៅ​ឱយ​ប្រជាពលរដ្ឋ​​ប្រទេស​ដែល​ទើបបាន​​សេរីភាព​ថ្មី​ៗគួរចៀស​វាង​ពី​តំរូវ​ការស្ថាបនា​សមត្ថភាព​យោធា​រឹង​មាំ​​ ដែលតំរូវ​​ការ​យោធានេះឯង​គំរាម​កំហែង​ដល់ប្រជាធិបតេយ្យ​ [ក្នុង​ប្រទេស​ជា​ជាង​ការ​ពារ​ការ​ឈ្លាន​ពាន​របស់​បរទេស​] និង​ត្រូវ​ការ​ចំណាយធន​ធាន​សេដ្ឋកិច្ច​​យ៉ាង​ច្រើន​សម្បើម​ ដែលគេ​អាច​យក​ទៅ​ប្រើ​ក្នុង​គោល​បំណង​ផ្សេង​ទៀត​។» ក្នុង​ករណី​ប្រទេស​ទើប​តែ​បាន​​ផ្តួល​រំលំ​របប​ផ្តាច់​ការបាន​សំរេច​​ លោក ជីន សាប​ ហាម​មិន​ឱយ​ពង្រឹង​វិស័យ​យោធា​ទេ​ ព្រោះ​វា​អាច​ក្លាយ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​ក្នុង​ស្រុក​ណា​មួយ​យក​លេស​សន្តិ​សុខ​​ជាតិ រួច​ប្រើ​កម្លាំង​យោធា​មក​កសាង​ខ្លួន​ធ្វើ​ជា​ជន​ផ្តាច់​ការ​ថ្មី​។ បើ​កំលុង​ពេល​​ប្រទេស​ធ្វើ​ប្រជាធិបតេយ្យ​នីយកម្ម​ មាន​សង្គ្រាម​ជា​មួយ​នឹង​បរទេសមិន​ថា​បរទេស​ឈ្លាន​ពាន​ឬ​ប្រទេសនោះ​​ឈ្លាន​ពាន​គេ​វិញ​នោះទេ​ ​រដ្ឋាភិបាល​អាច​យក​លេស​នេះ​កសាង​អំនាច​យោធា​ផ្ទាល់​ខ្លួន​ធ្វើ​ជន​ផ្តាច់​ថ្មី​ ក្រោម​រូប​ភាព​ការ​ពារ​ជាតិ​ឬ​សង​សឹក​នឹង​បរទេស​ក៏​អាច​ថា​បាន​។ ដើម្បី​ពង្រឹង​វិស័យ​កង​ទាប់​​ ​​អ្នក​ដឹក​នាំ​ត្រូវ​ការ​ជំនួយ​យោធាបរទេស​​ដែល​ជំនួយ​នេះ​មាន​ផល​អាក្រក់លើ​​ប្រជាធិបតេយ្យ​និង​ជា​ជំនួយ​មាន​សំណង​ (សង​ជា​លុយ​ឬ​សង​ជា​លក្ខខណ្ឌ​ដោះ​ដូរ​អ្វី​មួយ​ក្រៅ​ពី​លុយ​) បរទេស​នឹង​ជះ​ឥទ្ធិ​ពល​អាក្រក់​លើ​រដ្ឋាភិបាល​។ ក្នុង​ករណី​មាន​បាតុកម្ម​ណា​មួយ​ យោធា​នោះនឹង​ក្លាយ​ជា​អាវុធ​មក​បាញ់​ប្រជាពលរដ្ឋ​ឯង​ជា​ជាង​សត្រូវ​បរទេស​។ ​បើ​មាន​បរទេស​ឈ្លាន​ពាន​មែន​ គេ​នៅ​តែ​អាច​ប្រើ​វិធី​អហិង្សា​ដដែល​នោះ​ទៅ​ទប់​ទល់​នឹង​សត្រូវ​បរទេស​ដែរ​។ ហេតុ​នេះ​ហើយ​ លោក​ ជីន​ សាប​ (១៩៩០) បាន​ផ្តល់​យោបល់​បង្កើត​គោល​នយោបាយ​ការ​ពារ​ជាតិ​ដោយ​ផ្អែក​លើ​ប្រជាជន​ស៊ីវិល​ ពោល​គឺ​ យក​ប្រជាជន​ធ្វើ​ជា​ខែល​ការ​ពារ​ជាជាង​យក​យោធា​ទៅ​វាយ​ទប់​ទល់​។ ​សូម​កុំ​ភ្លេច​ថា​ គន្ធី​ ប្រើ​វិធីអហិង្សា​មិន​សហការ​បណ្ដេញ​អង្លេស​ដណ្តើម​បាន​ឯករាជ្យ​ឱយ​សោះ​ ឯ​ទីម័រ​ខាង​កើត​ក៏​ដូច​គ្នា​ បាន​ឯករាជ្យ​ពី​ឥណ្ឌូនេស៊ី​តាម​រយៈ​ចលនា​ប្រជាជន​ នៅ​ឆ្នាំ​២០០២​។ ប្រជាជន​​អហិង្សា​មិនត្រឹម​តែ​មិន​អាចយក​​មក​ប្រើ​ក្នុង​គោល​បំណង​ទុច្ចរិត​ឈ្លាន​ពាន​ប្រទេស​ណា​មួយ​នោះ​ទេ គេ​អាច​ប្រើដើម្បី​ការ​ពារ​ប្រទេសជាតិ​​ផង​ដែរ​។​

២. ការ​អនុវត្ត​​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​

«របប​ផ្តាច់​ការ​មួយ​អាច​ប្រែ​ទៅ​ជា​របប​ផ្តាច់​ការ​មួយ​ថ្មី​ទៀត​។» លោក​ អារីស្តូត្ល បាន​ព្រមាន​ដូច្នេះ​ តាំងពីជាង​ ២០០០​​ ឆ្នាំ​មុន​ឯ​ណោះ​។ វិធី​ទប់​ស្កាត់​ដែល​មាន​ប្រសិទ្ធភាព​មួយ​គឺ​ការ​តាក់​តែង​ ច្បាប់​រដ្ឋធម្មនុញ្ញ​និង​អនុវត្ត​ឱយបាន​​ខ្ជាប់​ខ្ជួប់​។ គេ​ត្រូវ​ពិនិត្យ​មើល​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ឡើង​វិញ​នូវ​មាត្រា​ណា​គួរ​ទុក​ មាត្រា​គួរ​កែ​ប្រែ​ មាត្រាណា​​គួរ​បន្ថែម​។ គេ​ត្រូវ​ដក​ចេញ​នូវ​មាត្រា​ណា​ដែល​មាន​ តែ​អនុវត្ត​មិន​រួច, មាត្រា​ណា​ដែល​មិន​បំរើ​ប្រជាជន​ បំផ្លាញ​រចនា​សម្ពន្ធប្រជាធិបតេយ្យ​ ដូច​ជា​បោះ​ឆ្នោត​សំរេច​ពី​សមាជិក​សភា​ ៥០បូក​១ កែ​​មក​ពី ​២ភាគ​៣ វិញ​ និង​លុប​បំបាត់​មាត្រា​ទាំង​ឡាយ​ដែល​ជំរុញ​ឱយ​រដ្ឋាភិបាល​មាន​​អំនាច​ប្រមូល​ផ្តុំ​។​ អ្វី​ដែល​គេ​មិនត្រូវ​ភ្លេច​នោះ​គឺ​ការ​ចូល​រួម​ពី​ប្រជាជន​ក្នុង​ការ​អនុម័ត​ច្បាប់​មាត្រា​ណា​មួយ​ មិន​មែន​បណ្តោយឱយ​អ្នក​នយោបាយ​កែ​ប្រែ​ច្បាប់​មក​បំរើ​តែ​បក្ស​ខ្លួន​ឯង​នោះ​ទេ​។​ បើ​បណ្តោយ​ឱយ​អ្នក​នយោបាយ​តែង​ច្បាប់តាម​ចិត្ត​ ច្បាប់​នោះ​នឹង​បំរើ​អ្នក​នយោបាយ​ជា​ជាង​ប្រជាពលរដ្ឋ។​ អ្នក​អង្គុយ​ក្បែរ​ច្បាប់​នឹង​យក​ច្បាប់​មក​ទ្រាំ​អង្គុយ​។ បើ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ពិតជា​អាច​ការ​ពារ​ការ​យា​យី​ពី​របប​ផ្តាច់​ការ​បាន​មួយ​រយ​ភាគ​រយ​មែន​នោះ​ ក៏​គ្មាន​​របប​ផ្តាច់​ការ​ណា​អាច​កើត​ឡើង​ក្រោយ​មាន​ការ​បោះ​ឆ្នោត ឬ​អាចមាន​បក្ស​ណា​មួយ​​ធ្វើ​រដ្ឋ​ប្រហារដណ្តើម​អំនាច​អ្នក​ឈ្នះ​ឆ្នោត​បាន​​នោះដែរ​​។ លោក​ ជីន​ សាប​ បាន​ព្រមានអំពី​ការ​ទុក​ចិត្តបណ្តែត​បណ្តោយ​​អ្នក​នយោបាយ​ថា​ «ក្រុមមួយ​ចំនួន​នឹង​ធ្វើ​ភ្លេច​អំពី​ការ​កំណត់​ក្នុង​​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​បំណង​កសាង​ខ្លួន​ជា​ជន​ផ្តាច់​ការ​ថ្មី​។ អាស្រ័យ​ហេតុ​នេះ​ តួនាទី​​អចិន្ត្រៃយរបស់​ប្រជាជន​ទាំង​មូល​ គឺ​អនុវត្ត​ការ​រឹង​ទទឹងមិន​សហការ​​ខាង​នយោបាយ​ជំទាស់​នឹង​អនាគត​ជន​ផ្តាច់​ការ​ទាំង​ឡាយ​និង​រក្សា​ការ​ពារ​រចនាសម្ពន្ធ​ សិទ្ធិ​ ទំរង់​បែប​បទ​ប្រជាធិបតេយ្យ​ [ពី​ការ​គំរាម​កំហែង​របស់​​របបផ្តាច់​ការ​និង​អ្នក​នយោបាយ​ណា​មួយ​]។​​» ដូច្នេះ​ គេ​ត្រូវ​ការ​គោល​នយោបាយ​ប្រជាធិបតេយ្យ​ជាក់​លាក់​ទាំង​ឡាយនិង​ជា​ពិសេស​យន្ត​ការ​ការ​ពារ​ផ្តន្ទាទោស​អ្នក​បំពាន​ច្បាប់​ទាំង​នោះ​មិន​ឱយ​ធ្វើ​អ្វី​ផ្តេស​ផ្តាស​បាន​​។ គេ​ត្រូវ​ធានា​ឱយ​បាន​នូវអំនាច​តុលាការ​និង​​អំនាច​យោធា​ឱយ​ដាច់​ឆ្ងាយ​ពី​ឥទ្ធិ​ពល​អ្នក​នយោបាយ ​ឬ​ក្រុម​ណា​មួយ​ដែល​មិន​តំណាង​ប្រជាជន​​, មិន​ឱយ​បង្ក្រាបឬ​សូម្បី​តែ​កាន់​អាវុធដែល​ប៉ះ​ពាល់​ខ្លាំង​ដល់​សុវត្ថិ​ភាព​​​របស់​បាតុករ​អហិង្សា​ ​ពេលកង​កម្លាំង​​ប្រឈម​​នឹង​ការ​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​, បង្ឃាំង​រដ្ឋ​ប្រហារ​ ឬ​ជន​ណា​មួយ​ដែល​ប៉ង​យក​កង​យោធា​ជា​កម្ម​សិទ្ធិ, ជា​ពិសេស​បំផុត​ គឺ​បញ្ចូល​ចំពូក​ថ្មី​ដាច់​ដោយ​ឡែកលំអិត​និង​មធ្យ័ត​បំផុតក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​​ជាតិ​ ​អំពី​សិទ្ធិ​និង​អំនាច​ដាច់​មុខ​របស់​ប្រជាជន​ក្នុង​ការធ្វើ​​បាតុកម្មដោយ​សន្តិ​វិធី​ គ្មាន​នរណា​ម្នាក់​អាច​ពាល់បំពាន​​បាន​។ ទោះ​អាច​មាន​ស្រាប់ក្នុង​ច្បាប់​កំពូល​​ហើយ​ក៏​ដោយ​ ក៏​គេ​ត្រូវ​លំអិត​និង​ចែងដោយ​​ឡែក​ ធ្វើ​ឱយ​អំពើ​អហិង្សា​ក្លាយ​ជា​រចនាសម្ពន្ធ​​ រាល់​អ្នក​បំពាន​អំនាច​ប្រជាជន​ត្រូវ​ផ្តន្ទា​ទោស​ធ្ងន់​បំផុត​។ ​ដើម្បី​ធានា​ពី​​អំនាច​ប្រជាជន​នៅ​ថ្ងៃ​មុខ​ រដ្ឋ​គួររួម​ដៃ​នឹង​​អង្គ​ការ​ពាក់​ពាន់ទាំង​ឡាយ​ ពិសេស​អង្គ​ការ​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​សកម្ម​ភាព​អហិង្សា​ បង្កើតស្ថាប័ន​ឯករាជ្យ​សំរាប់​​បណ្តុះ​បណ្តាល​ប្រជាជន​គ្រប់​ជាន់​ថ្នាក់​​​អំពី​បាតុកម្ម​អហិង្សានិង​ដំណើរ​ការ​នយោបាយ​​ ​និងបញ្ចូល​មេរៀន​ចលនា​ប្រជាជន​ក្នុង​កម្ម​វិធី​សិក្សា​គ្រប់​កំរិត​ ឈប់​បន្ត​លើក​តម្កើង​វប្បធម៌​ហិង្សា​បន្ត​ទៀត​ បែរ​មកជ្រោង​សកម្ម​ភាព​​អហិង្សា​វិញ​ម្តង​។ ​​​គេ​ត្រូវ​ចែង​ច្បាប់​ដូច្នេះ​ ព្រោះ​បាតុកម្ម​អហិង្សា​គឺ​ជា​អាវុធ​ចុង​ក្រោយ​បង្អស់​​របស់​ប្រជាជន​ពេល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​គ្មាន​ការ​ឆ្លើយ​តប​ បោះ​ឆ្នោត​រើស​បាន​អ្នក​ដឹក​នាំ​ខុស​ ត្រូវ​បោះ​ឆ្នោតមុន​អាណត្តិ​ ឬ​ប្រព័ន្ធ​ដឹក​នាំ​ត្រូវ​បាន​គំរាម​កំហែង​ដោយអ្នក​នយោបាយ​​ផ្តាច់​ការថ្មី​​ណា​មួយ។  យុទ្ធនាការ​អហិង្សា​របស់​ប្រជាជន​ គឺ​ជា​​តួ​នាទី​អមតៈ​ត​ជំនាន់​របស់​ប្រជាជនស៊ីវិល​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ណា​ដែល​មិន​​​បំរើ​ប្រជាជន ពុំ​មែន​សំរាប់​តែ​ករណី​របប​ផ្តាច់​ការ​ទេ​ តែ​គ្រប់​បញ្ហា​ទាំង​អស់​ដែល​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋ​ចំពោះ​ប្រជាជន។​ ប្រជាជននៅ​​មាន​អាវុធ​ដែល​ខ្លាំង​ជាង​សន្លឹក​ឆ្នោត​មួយ​នេះ​ មិន​មែន​ជា​យុទ្ធោបករណ៍​ចម្បាំង​​ដូចអាវុធ​ដែល​​ជន​ផ្តាច់​ការ​ប្រើ​វាយ​ដណ្តើមនិង​​រក្សា​អំនាចនោះ​ទេ​​​​ តែ​គឺ​ជា​អាវុធ​ប្រជាធិបតេយ្យ​តាម​រយៈ​ចលនា​សង្គម មិន​ចំណុះ​ស្ថាប័ន​នយោបាយ​​ បង្អាក់​ទំនោរ​របស់​រដ្ឋាភិបាល​ដែល​ទោរ​រក​ទៅ​អ្នក​មាន​អំនាច​សេដ្ឋកិច្ច​ធំៗ​ទាំង​ឡាយ​​លើ​គោល​នយោបាយ​នា​នា​របស់​ជាតិ​។

របប​ផ្តាច់​ការ​និង​ចរិត​របស់​ជន​ផ្តាច់​ការ​

គ្មាន​របប​ផ្តាច់​ការ​ណា​ដែល​ឃោរ​ឃៅ​​ជាង​របប​ផ្តាច់​ការ​ដែលបន្ត​ឋិត​ថេរ

​នៅ​ក្រោម​​ពណ៌​​នៃ​ច្បាប់​និង​នាម​នៃ​យុត្តិ​ធម៌​នោះ​ទេ​។ — ម៉ុង​តេស​គី​យើ​  (Montesquieu)​

របប​ផ្តាច់ការ​គឺ​ជា​ទំរង់​មួយ​នៃ​រដ្ឋាភិបាល​​ដែល​បុគ្គល​ម្នាក់​ឬ​មួយ​ក្រុម​តូច​ កាន់​កាប់​អំនាច​ទាំង​ស្រុងផ្តាច់​មុខ ​​ដោយ​គ្មាន​ការ​កំហិត​ពីច្បាប់​​រដ្ឋធម្មនុញ្ញ (នីតិ​រដ្ឋ​)។​ មាន​ទំរង់​ពីរ​នៃ​របប​ផ្តាច់​ការ​ដែល​គេ​និយម​ស្គាល់​ គឺ​ អាជ្ញាធរនិយម​និង​សព្វាជ្ញាធរ​និយម (Authoritarianism and Totalitarianism) ​។ របប​អាជ្ញាធរ​និយម​គឺជា​​ប្រព័ន្ធ​ដឹក​នាំ​ដោយ​វរជន​មួយ​ក្រុម​​ឬ​គណបក្ស​នយោបាយ​តែ​មួយ ដោយ​គ្មាន​ច្បាប់​កំហិត​ នឹង​មិន​ទទួល​ស្វាគមន៍​ក្រុម​ប្រឆាំង​ ប៉ុន្តែ​ក្រុម​ឯករាជ្យ​ឬ​ក្រុម​តំណាង​ផល​ប្រយោជន៍ណា​មួយ​​ (Interest Group) ដូច​ជា​ សហជីព​ អង្គការ​ សារពត៌មាន​បរទេស​ សមាគម​។ល។ មាន​សេរី​ភាព​តិច​តួចដែរ​​​។​ ប្រទេស​ដែល​កាន់​របប​នេះ​មាន​ដូច​ជា​ ចិន​ សិង្ហបុរី​ ភូមា​​។ល។ ​របប​សព្វាជ្ញាធរ​និយមវិញ​ ជា​ប្រព័ន្ធ​នយោបាយដែល​អាជ្ញាធរប្រើ​ប្រាស់​​អំនាច​ទាំង​ស្រុង​សព្វ​បែប​យ៉ាងទៅ​លើ​ប្រជាជន​ ត្រួត​ត្រា​ទាំង​ជីវភាព​ឯកជន​និង​សាធារណៈ​។ ដោយ​សារ​អាជ្ញាធរមាន​ផ្តាច់​មុខ​ខ្លាំង​សព្វ​បែប​យ៉ាង​ដូច្នេះ​ ទើប​យើង​បក​ប្រែ​ពាក្យ​ Totalitarianism ដោយ​យក​ «សព្វ​» (Total) ផ្សំ​នឹង «​អាជ្ញាធរ» ដែល​ប្រែ​ពី​ពាក្យ​ Authority​ មានន័យ​ថា អំនាច​ស្រប​​ច្បាប់​ផង​ឬ​​អ្នក​ទ្រ​ទ្រង់​​អំនាច​ស្រប​ច្បាប់​នោះ​ផង​។​ ជា​របប​​​ផ្តាច់​ការ​ដឹក​នាំ​ដោយ​ក្រុម​វរជន​នយោបាយ​មួយ​ក្រុម​ ​ដូច​អាជ្ញាធរ​និយម​ដែរ​ ប៉ុន្តែ​របប​សព្វាជ្ញាធរ​និយម​មាន​សមត្ថភាព​​ត្រួត​ត្រា​និង​ឈ្លប​មើល​ប្រជាជន​ខ្ពស់​ ដោយ​សារ​មាន​ក្រុម​បច្ចេកទេស​ច្រើន​បំរើ​ការ​ជូន​ ជិះ​ជាន់​សេរីភាព​ឯកជនរបស់​ពលរដ្ឋ​ និង​មិន​មាន​​ភាគីឬ​ស្ថាប័ន​ជំទាស់​ទេ​ គឺ​ប្រព័ន្ធ​រដ្ឋបាល​លុប​លើ​ដោយ​អ្នក​បំរើ​បក្ស​កាន់​អំនាច​។ ជា​ពិសេស​ របប​នេះ​គឺ​មាន​មនោគមវិជ្ជា​បក្ស​ជា​មគ្គុទ្ទេសក៍ឬប​ញ្ចូល​មនោគម​វិជ្ជា​ទៅ​ក្នុង​ប្រជាជន​ទាំង​មូល​​។ ​ប្រទេស​ដែល​ធ្លាប់​កាន់​របប​នេះ​ ដូច​ជា​ ​អាល្លឺម៉ង់​ មាន​របប​ណាហ្ស៊ី​ដឹក​នាំ​ដោយ​ ហ៊ីត្លែរ, អ៊ីតាលី  មាន​របប​ហ្វាស៊ីស​ដឹក​នាំ ​ដោយ ​មូស៊ូលីនី, សូវៀត​ មាន​របប​កុម្មុយនីស្ត​​ ដឹក​នាំ​ដោយ​ ស្តាលីន​។​​​ សព្វ​ថ្ងៃ​​របប​នេះ​បាន​ដួល​រំលំ​អស់​ហើយ​​ នៅ​សល់​តែ​ប្រទេស​កាន់​របប​អាជ្ញាធរ​និយម​ប៉ុណ្ណោះ​។

ការ​សិក្សា​អំពី​របប​ផ្តាច់​ការ​ឱយ​បាន​ស៊ី​ជម្រៅ​មិន​មែន​​ជាគោល​បំណង​នៃ​ស្នារ​ដៃ​នេះ​​ទេ​ យើង​គ្រាន់​តែ​នាំ​ឱយ​ស្គាល់បន្តិច​បន្តួច​​ជា​លំនាំ​មុន​នឹងភ្ជាប់​ការ​វិភាគ​នឹង​យុទ្ធនាការ​ប្រឆាំងនឹង​របប​នេះ​ប៉ុណ្ណោះ​។ មុន​នឹង​បើក​យុទ្ធនាការ​ជំទាស់​ គេ​គប្បី​​ស្គាល់​របប​នេះ​ឱយ​ច្បាស់​និង​ចរិត​របស់​ជន​ផ្តាច់ការ​​ ដើម្បី​​យល់​ដឹង​ពី​របៀប​ដែល​ពួក​គេ​សំរេច​ចិត្ត ពិសេស​គឺជ្រាប​ជា​មុន​អំពី​​រឿង​អ្វី​ខ្លះ​ដែល​ពុំ​អាច​ទៅ​រួច​ក្នុង​របប​នេះ​។  ​គេ​ពិត​ជា​ពុំអាច​​ផ្លាស់​ប្តូរ​របប​ផ្តាច់​ការ​ដោយ​ពឹង​លើ​យន្ត​ការតាម​ផ្លូវ​​ស្ថាប័ន​ ដែល​គេ​និយម​ប្រើ​ជា​ទួទៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ​នោះ​ទេ​ ដូច​ជា​ ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ឬ​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ ការ​បោះ​ឆ្នោត​ ការ​ស្នើ​សុំ​ឱយ​កែ​ទំរង់​ស្ថាប័ន​នយោបាយ​ណា​មួយ​ ដូច​ជា ស្ថាប័ន​យុត្តិធម៌​ ​ស្ថាប័នបោះ​​ឆ្នោត ស្ថាប័ន​យោធា​​ជា​ដើម​។ល។ វិធី​ត្រជាក់​ ដូច​ជា​ ការ​ចរចា​សំរប​សំរួល ចុះ​កិច្ច​សន្យា​ វប្បធម៌​សន្ទនា​គឺ​​ជាវិធី​ល្អ​ស្តាប់​ តែ​គ្មាន​ប្រសិទ្ធ​ភាព​​ទេ​ ស្រប​ពេល​នោះ​ដែរ​ វិធី​ក្តៅ​ដូចជា​កុប​កម្ម​ហិង្សា​និង​រដ្ឋ​ប្រហារ​ក៏មិន​អាច​ស្រោច​​ស្រង់​ប្រទេស​ បង្កើត​ស្ថាប័ន​ឯករាជ្យ​និង​ប្រជាធិបតេយ្យ​ដូច​គ្នា​។ ​ចំណែក​ឯ​យន្ត​ការ​មិន​ចំណុះ​​ស្ថាប័នក្នុង​ស្រុក​​ដូច​ជា​ តុលាការ​អន្តរជាតិ​ អន្តរាគមន៍​យោធា​បរទេស​ រិត​តែ​មិន​ងាយ​កើត​ឡើង​និង​គ្មាន​លទ្ធ​ផល​ល្អ​ឡើយ​ ទោះ​មាន​ករណី​ផ្តួល​របប​ដឹក​នាំបាន​ក៏​ដោយ​។​

Law

​ច្បាប់​គ្រាន់​តែ​ជា​ឧបករណ៍​របស់​អ្នក​មាន​អំនាច​ឬ​ពួក​មូលធន​តែ​ប៉ុណ្ណោះ​ ​នេះ​​បើ​​យក​ទ្រឹស្តី​ពួក​​ម៉ាកនិយម​​(Marxist) មក​អនុវត្ត​ក្នុងបរិបទ​​ប្រទេស​កាន់​របប​ផ្តាច់​ការ​។ ការ​តែង​ច្បាប់​ ការ​អនុម័ត​ច្បាប់ ការ​អនុវត្ត​ច្បាប់​ គឺ​ផ្អែក​លើ​មូលដ្ឋាន​ប្រយោជន៍​របស់​អ្នក​មាន​អំនាច​ទាំង​អស់​។​ ហេតុ​នេះ​ហើយ​ ​ទោះ​មានច្បាប់​រដ្ឋធម្មនុញ្ញ​​ក៏​ដោយ​ អ្នក​ដឹក​នាំ​របប​នោះ​​គោរព​តែ​​ចំណុចណា​ដែល​​បំរើ​ប្រយោជន៍​គេ​ប៉ុណ្ណោះ​ រួច​ហើយ​បែរ​ជា​បង្ខំ​ឱយ​​អ្នក​តូច​ឬ​គូ​បដិបក្ខរបស់​ខ្លួន​​គោរព​ទៅ​វិញ​​។ មាត្រា​ណា​​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញដែល​​កំហិត​អំនាច​រដ្ឋាភិបាល​ បំបែក​អំនាច​ប្រមូល​ផ្តុំ ​នឹង​ត្រូវបាន​បំភ្លេច​ចោល​ មិន​អនុវត្ត ​គោរព​នោះ​ទេ​ ហើយ​បើ​រំលោភ​មិន​បាន ពួក​គេ​​នឹង​ព្យាយាម​កែ​ច្បាប់​នោះ​។ ​ ​រដ្ឋាភិបាល​គឺ​ជា​អ្នក​រំលោភ​បំពាន​ច្បាប់​ បែរ​ជា​ប្រកាសថា​ ខ្លួន​ឯង​ជា​អ្នក​ជា​ការ​ពារ​​ច្បាប់​ទៅ​វិញ​ ហើយលើស​ពី​នេះ​ ​ពួក​គេ​នៅ​តែ​ប្រកាស​ថា​ រដ្ឋាភិបាល​ខ្លួន​ស្រប​ច្បាប់​ទៅ​ទៀត​ សូម្បី​តែ​ករណី​ខ្លួន​មាន​ប្រវត្តិ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​គណបក្ស​ឈ្នះ​ឆ្នោត​ក៏​ដោយ​។​ រដ្ឋក្នុង​របប​​​ផ្តាច់​ការគឺ​ជា​សកម្ម​សិទ្ធិ​ផ្តាច់​​មុខ​របស់​គណ​បក្ស​កាន់​អំនាច​ រដ្ឋ​​ក្តោប​ក្តាប់​​ដោយ​គណបក្ស​តែ​មួយ​ គ្មាន​ភាគី​​ប្រឆាំង​ ឯ​​ភាគី​ឈ្លប​មើលដែល​មាន​អំនាច​ស្មើ ដូច​ជា​តុលាការ​និង​សភា​ ក៏​ឋិត​ក្នុង​កណ្តាប់​ដៃពួក​គេ​ទៀត​​​។​ ទោះ​មានច្បាប់​រដ្ឋ​ធម្មនុញ្ញ​កំណត់​ មាន​បក្ស​ច្រើនប៉ុណ្ណា ​​មាន​ស្ថាប័នកំពូលនា​នា​ ដូច​ជា​​​តុលាការ​ សភា​ ក៏​ដោយ​ ក៏វា​គ្រាន់​តែ​របប​ផ្តាច់​ការ​ដែល​មាន​សំបក​ជា​របប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ ព្រោះ​ស្ថាប័ន​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​គំរាម​កំហែង​ដោយ​​បក្ស​កាន់​អំនាច​​​។ ដូច្នេះ​ អំនាច​យោធាស្រប​​ច្បាប់​​រក្សា​សណ្តាប់​ធ្នាប់​​រដ្ឋ​នឹង​ក្លាយ​ជា​​អាវុធ​រក្សា​អំនាច​របស់​ជន​ផ្តាច់​ការ​ដោយ​ស្វ័យ​ប្រវត្តិ។ ប៉ុន្តែ​​ពាក្យ​ «ស្រប​ច្បាប់»​ សំរាប់​ជន​ផ្តាច់​ការ​ គឺ​ស្រប​តាម​គេ​ គ្មាន​ទេនីតិ​រដ្ឋ​ (ទោះ​មាន​ក៏​តិច​តួច​ដែរ​) ​មិន​មែន​ស្រប​តាម​ច្បាប់​ដែល​ប្រជាជន​ទាំង​អស់​ ទាំង​អ្នក​ដឹក​នាំ​គេ​និង​អ្នក​ត្រូវ​គេ​ដឹក​នាំ​ ​​គោរពតាម​​នោះ​ទេ​។ ចំណែក​ឯពាក្យ «​សណ្តាប់ធ្នាប់»​ វិញ​ គឺ​ជា​ការ​គ្មាន​ការ​ដណ្តើម​អំនាច គ្មាន​ផ្លាស់​ប្តូរ​អំនាច ​ទោះ​ដោយ​ការ​បោះ​ឆ្នោត​ រដ្ឋប្រហារ​ ឬដោយចលនា​​​អំនាច​ប្រជាជន​ក្តី​ ពោល​គឺ ដែល​ហៅ​ថា​ «សណ្តាប់​ធ្នាប់​» គឺ​របៀប​រៀប​រយ​កើត​ឡើង​ពី​ការ​ស្តាប់​តាម​តែ​អ្នក​មាន​អំនាច​ផ្តាច់​មុខ​​និង​​​បណ្តោយ​ឱយ​គេ​កាន់​អំនាច​លុះ​អស់​ជីវិត ​រួចឡើង​ជំនួស​ដោយ​​ក្រុម​គ្រួសារ​គេ​​ជា​បន្ត​បន្ទាប់ ដែល​គេ​ហៅ​ថា ​របប​ផ្តាច់​ការ​តាម​រយៈ​គ្រួសារ​។

ទោះ​បី​យ៉ាង​ណា​ ជន​ផ្តាច់ការ​​ក៏​ត្រូវ​គោរព​ច្បាប់​ខ្លះ​ដែរ​ តែពួក​គេ​​មិនមែន​​គោរពច្បាប់​​ដើម្បី​ច្បាប់នោះ​ឡើយ​​ គឺគោរព​​ច្បាប់​ ដើម្បី​លួង​ចិត្តនិង​លាក់​បាំង​បោក​​ប្រជា​ជន ធ្វើ​ឱយ​ប្រជាជន​ស្ងប់​ចិត្ត​​ ហើយ​នៅ​ពេល​ទាល់​ច្រក​ គេ​គង់​តែ​បំពាន​ដដែលៗ​ទេ​។ ឧ.​ «មាត្រា​៣៧: សិទ្ធិ​ធ្វើ​កូដ​កម្ម​និងធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ​ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​​ច្បាប់​។» ប្រការ​នេះ​ ឱយ​តែ​មិន​បំផ្លាញ​សម្បត្តិ​សាធារណៈ​ ធ្វើ​ដោយ​អហិង្សា​ គឺ​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់ហើយ​ ទោះ​គេ​នោះ​មាន​តំណែង​ខ្ពស់​ប៉ុណ្ណា​ក៏ត្រូវ​គោរព​ដែរ​​។ ទោះបី​យ៉ាង​ណា​ ​ជន​ផ្តាច់​ការនៅ​តែ​ធ្វើ​ភ្លេច​ឬ​បំភ្លេច​ចោល​តែ​ម្តង​ ហើយ​ប្រើ​អាជ្ញាធរ​របស់ពួក​គេ​​ឱយទៅ​​​បង្រ្កាប​ឬ​យក​លេស​ផ្សេងៗ​មក​បំបិតដដែល​​ ព្រោះច្បាប់ក្នុង​របប​ផ្តាច់​ការ​អាច​គ្រាន់​តែ​ជា​ឧបករណ៍​រក្សា​អំនាច​របស់​គេ​​​ប៉ុណ្ណោះ​។ ​​​បើ​គ្មាន​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី គេ​នឹង​រារាំង​មិន​ឱយ​មាន​​​។ បើ​មាន​​ គេ​នឹង​ព្យាយាម​កែ​ច្បាប់​នោះ​។ កែ​មិន​បាន ​គេ​នឹង​​អនុវត្ត​មិន​ឱយ​បាន​គ្រប់​ជ្រុង​ជ្រោយ​ប្រកប​ដោយ​​​​​ប្រសិទ្ធ​ភាព​ឡើយ​ ពោល​គឺ​​ កែ​​បាន​ឬមិន​បាន​ ក៏​គេ​មិន​ចុះ​។ មិន​មែន​តែ​ច្បាប់​នេះ​ទេ​ ច្បាប់​ណា​ក៏​ដោយ​ឱយ​តែ​រំខាន​ដល់​ប្រយោជន៍​នយោបាយ​និង​សេដ្ឋកិច្ចរបស់គេ​និង​បក្ស​ពួក​​ ​​​ដូច​ជា ​ច្បាប់​ធានា​សិទ្ធិ​ទទួល​​ពត៌មាន​ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ អ្នក​មាន​អំនាច​​រមែង​តែង​តែ​ប្រឹងរាំង​ខ្ទប់​ បង្អាក់​​ កែប្រែ​ច្បាប់ទាំង​នោះ​ ឬ​បើ​ពុំ​អាច​រារាំង​​បាន ​ក៏​អនុវត្ត​ដោយ​ខ្ជី​ខ្ជា​ដែរ​។​​ ​​​ក្នុង​ស្នារដៃ​សំខាន់​មួយ​របស់​លោក​ «វណ្ណៈ​អ្នក​ដឹក​នាំ​» (The Ruling Class) ​លោក ហ្គែតាណូ​​ ម៉ូស្កា​ (Gaetano Mosca) បាន​អះ​អាងថា​ «ពួក​វណ្ណៈ​អ្នក​ដឹក​នាំ​ពុំ​​មែន​ពន្យល់​​ហេតុ​ផលអំ​ពី​​ការ​ប្រើ​ប្រាស់​អំនាច​របស់​ពួក​គេ ដោយ​សំអាងលើតែ​​​​សិទ្ធិ​ផ្តាច់​មុខ​ថា​ខ្លួន​មាន​​អំនាចនោះ​ទេ​​​​ ប៉ុន្តែពួក​គេ​​​ព្យាយាម​ស្វែង​រក​មូលដ្ឋាន​​ស្រប​ច្បាប់​និង​សីល​ធម៌ ​ដើម្បី​ទ្រ​ទង្វើ​របស់​ខ្លួន​ បង្ហាញ​ថា​ទង្វើ​របស់​ខ្លួន​គឺ​ជា​លទ្ធផល​ឆ្លើយ​តប​​​ចាំ​បាច់​និង​សម​ហេតុ​ផល​ទៅ​តាម​លទ្ធិ​និង​​ជំនឿ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​និង​ទទួល​យក​បាន​។» គ្រប់​ពួក​វរ​ជន​ដឹក​នាំ​​ តែង​តែ​ព្យាយាម​ស្វែង​រក​ឬ​ធ្វើ​ឱយ​ស្រប​ច្បាប់នូវ​រាល់​​ទង្វើ​របស់​គេ​​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​​ប្រជាជន​ ព្រោះ​គ្រប់​ប្រភេទ​នៃ​អំនាច​ ការ​យល់​ព្រម​និងការ​អនុលោម​តាម​​​គឺ​ជាកត្តា​ចាំ​បាច់​​​សំរាប់​អ្នក​មាន​អំនាច​។

Voting is Losing

 ​នៅ​ពេលស្ថាប័ន​រដ្ឋ​ស្ទើរ​តែ​ទាំង​ស្រុងជា​របស់ជន​ផ្តាច់​​ការ​ គ្មាន​ស្ថាប័ន​រដ្ឋ​ណា​អាច​ឯករាជ្យ​ យន្ត​ការ​ដោះ​ស្រាយ​វិវាទឬផ្លាស់​ប្តូរ​​តាម​រយៈ​ស្ថាប័ន​ត្រូវ​បាន​ជន​ផ្តាច់​ការ​បង្អាក់​មិន​ឱយ​មាន​ប្រសិទ្ធ​ភាព​ឡើយ​។ ហេតុ​នេះ​ ការ​ទាម​ទារ​ឱយ​ធ្វើ​កំណែ​ទំរង់​ស្ថាប័នសំខាន់​ៗ​ ដូច​ជា​ស្ថាប័ន​​បោះ​ឆ្នោត ស្ថាប័ន​យុត្តិធម៌​ ស្ថាប័ន​យោធា​ ក្នុង​គោល​បំណង​កាត់​បន្ថយ​អំនាចឬ​ឥទ្ធិ​ពល​រដ្ឋាភិបាល​​​ មិន​អាច​ធ្វើ​បាន​ឡើយ​ ដរាប​ណា​នៅ​តែ​គណ​បក្ស​នយោបាយ​មួយ​មាន​អំនាច​ផ្តាច់​មុខ។​ ​គ្មាន​អ្នក​នយោបាយ​ផ្តាច់​ការ​ណា​ល្ងង់​ដល់​ថ្នាក់​បណ្តោយ​ឱយ​មាន​កំណែ​ទំរង់​ដែល​ប៉ះ​ពាល់ដល់​អំនាចរបស់​​ខ្លួន​នោះ​ទេ​។ ជា​លទ្ធ​ផល​ ទោះ​មាន​ការ​បោះ​ឆ្នោត​ប៉ុន្មាន​ដង​ ក៏​គណបក្ស​កាន់​អំនាច​នៅ​តែ​ឈ្នះ​ ​បោះ​មិន​ចេះ​​ធ្លាក់​សោះ​ឡើយ​​​។​ ទោះ​ចាញ់​ឆ្នោត​ឬ​កំណត់​អាណត្តិកាន់​អំនាច​ក៏​ដោយ ​ក៏​គ្មាន​ទេ​ការ​ចុះ​ចេញ​ពី​​តំណែង​​។ លោក​ ជីន សាប​ បាន​ផ្តល់​មេរៀន​ថា​ «ជន​ផ្តាច់​ការគ្មាន​កិច្ច​ការ​អ្វី​ត្រូវ​​អនុញ្ញាត​ឱយ​មាន​ការ​បោះ​ឆ្នោត​ដែល​អាច​ទាញ​ពួក​គេ​ចេញ​ពី​តំណែង​បាន​នោះ​ទេ​។​» ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​របប​ផ្តាច់​ការ​ គឺ​គ្រាន់​តែ​ជា​ការ​​លួង​ចិត្ត​ប្រជាជន កុំ​ឱយ​គិតថា​ខ្លួន​គ្មាន​ឱកាស​ចូល​រួម​សម្លេង​ក្នុង​វិស័យ​នយោបាយ​ និង​​​កុំ​ឱយ​ច្រណែន​នឹង​របប​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​លោក​ខាង​លិច​ប៉ុណ្ណោះ ដូចមាន​​ប្រទេស​រុស្ស៊ីជា​គំរូ​ស្រាប់​។​ ឱយ​ច្បាស់​ជាង​នេះ​ មិន​មែន​ឱយ​តែ​មាន​ការ​បោះ​ឆ្នោត​គឺ​​ប្រជាធិបតេយ្យ​នោះ​ទេ​ ចួន​​កាល​បេក្ខជន​ឈរ​ឈ្មោះ​ត្រូវ​បាន​កំណត់​ដោយ​ជន​ផ្តាច់​ការ​ គណ​បក្ស​ដទៃ​គ្មាន​សិទ្ធិ​សេរី​ភាព​ចូល​រួម​នយោបាយ​គ្រប់​គ្រាន់​ គ្មាន​ស្ថាប័ន​រដ្ឋ​ដែល​ឯករាជ្យ​ពី​បក្ស​នយោបាយ​ គ្មាន​ការ​បែក​ចែក​អំនាច​ដាច់​ស្រលះ​ពី​គ្នា​រវាង​ស្ថាប័ន​កំពូល​ទាំង​បី​​ (រដ្ឋាភិបាល​ សភា​ និង​តុលាការ) អំនាច​សំរេចចិត្ត​​មិនមាន​មក​ដល់អ្នក​មូលដ្ឋាន ពោរ​ពេញ​ដោយ​ការ​ចាត់​តាំង​ជា​ជាង​ការ​បោះ​ឆ្នោត​ពី​សមាជិក​​។ល។​ ប៉ុន្តែ​ ក្នុង​ន័យ​នេះ​ យើង​ពុំ​ចង់​អះ​អាង​ថា​​ប្រព័ន្ធបែប​លោក​​ខាង​លិច​ល្អ​បំផុត ​ឬ​មាន​ដំណើរ​ស៊ី​សង្វាក់​បំផុត​នឹង​ប្រទេស​​ផ្សេងទៀត​គ្មាន​ករណី​លើក​លែង​នោះ​​ដែរ​ ​ព្រោះ​ប្រជាធិបតេយ្យ​​នៅ​តែ​អាស្រ័យ​លើ​ការ​រៀប​ចំ​ប្រព័ន្ធ​នោះ​​ឱយ​មាន​ប្រសិទ្ធ​ភាព​​ បំបែក​អំនាច​មេ​ដឹក​នាំ​ ត្រូវ​ការ​​ប្រជាជនដែល​កំរិត​ចេះ​ដឹងគ្រប់​គ្រាន់​អំពី​វិស័យ​នយោបាយ​​និង​បាតុកម្ម​អហិង្សា​ ​ ការ​ចូល​រួមនិង​តាម​ដាន​​​ពី​ប្រជា​ពលរដ្ឋ​ ជា​ពិសេស វា​ពិបាក​ទៅ​រួចណាស់​ ​ក្នុង​លក្ខខណ្ឌ​សង្គម​ដែល​ញ៉ាំ​ញីដោយ​អំពើ​ហិង្សា​។ល។ បើ​ប្រជាជន​​គិត​ថា ​ជន​ផ្តាច់​ការអាច​ឱយ​ពួក​គេ​​បោះ​ឆ្នោត​ទម្លាក់​​គេ​បាន​នោះ​ គេ​មិន​សក្តិ​សម​​ជា​​ជន​ផ្តាច់​ការនោះ​ឡើយ​។ លោកស្រី​ អេម្ម៉ា​ ហ្គូល្ឌ​មែន​ (Emma Goldman) អ្នក​ប្រកាន់​អនាធិបតេយ្យ​និយម (Anarchist)​​ ជាតិ​​អាមេរិកាំង​​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​ «ប្រសិន​បើ​ការ​បោះ​ឆោ្នតបាន​​កែ​ប្រែ​អ្វី​មួយ​​នោះ ពួក​គេធ្វើ​ឱយ​​ការ​បោះ​ឆ្នោត​នោះ​ខុស​ច្បាប់​​»​។ ជា​ការ​ពិត​ សំរាប់​ប្រទេស​ដែល​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​ច្រើន​ រាល់​ការ​ផ្លាស់​ប្តូរអំនាច​​តែង​តែ​ធ្វើ​ឱយ​ស្រុក​ទេស​មានបញ្ហា​ មាន​​​សេដ្ឋកិច្ច​លូត​លាស់គើម​ៗមិន​ស្មើ​ ពោរ​ពេញ​ដោយ​វិសមភាព​​ ចរិត​អភិរក្ស​ ក្រាញ​អំនាច​ ការ​បង្កើត​ច្បាប់​កំណត់​អាណត្តិនាយក​រដ្ឋ​មន្ត្រី​គឺជា​រឿង​​ចាំ​បាច់​ តែ​​​អនុវត្ត​មិន​បាន​ឬ​គ្មាន​ប្រសិទ្ធភាពនោះ​​​ទេ ​នៅ​ក្នុងពេល​ដែល​អំនាច​ទាំង​មូល​នៅ​លើ​ដៃ​ជន​​ផ្តាច់​ការ​នៅ​ឡើយ​​ អ្នក​ដឹក​នាំ​នៅ​តែ​មិន​គោរពច្បាប់​​ នៅ​តែ​និយម​ប្រើ​ហិង្សា​ដោះ​ស្រាយ​បញ្ហា​​។ លុះ​ត្រា​តែ​​អាច​បំបែក​អំនាច​ប្រមូល​ផ្តុំ​បណ្តើរ​ៗជា​មុន​សិន ពិសេស​គឺ​បំបែក​អំនាច​យោធា​ផ្តាច់​មុខ​គ្មាន​ឯក​រាជ្យ​ដែល​ជា​​ឧបករណ៍​បំពានច្បាប់​ ធ្វើ​រដ្ឋ​ប្រហារ​ និង​បង្ក​សង្គ្រាម​ស៊ីវិល​របស់​ជន​ផ្តាច់​ការ​​។ ការ​កំហិត​ដក​អំនាច​បន្តិច​ម្តងៗពី​ជន​ផ្តាច់​ការ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​និង​​អាច​​អនុវត្តបាន​ ប៉ុន្តែ​​មិន​អាច​ទៅ​រួចនោះ​​ឡើយ​ បើ​ប្រជាជន​ចង់​ទាញ​ជន​ផ្តាច់​ការ​និង​បក្ស​ពួក​មួយ​ចង្កោម​ម្តង​ឱយ​អស់​ភ្លាម​ៗនោះ​ ដូច​ជា​ ពឹង​ការ​លើ​ការ​បោះ​ឆ្នោត​និង​ ការ​ទាម​ទារ​ឱយ​ចុះ​ចេញ​តំណែង​។​​ ការ​ធ្វើ​ឱយ​កាន់តែ​​មាន​មូលដ្ឋាន​ស្រប​ច្បាប់រឹង​មាំនូវ​ការ​​ធានា​​ការ​ពារ​​បាតុកម្ម​​​​ពី​អាជ្ញា​ធរ​ ដូច​ជា ​បង្កើត​ច្បាប់​​មិន​ឱយ​យោធា​គោរពតាម​​​បញ្ជា​ថ្នាក់​លើ ​ពេល​គេ​ប្រើ​ឱយ​​បង្ក្រាប​ប្រជាជន​ស៊ី​វិលដែល​​គ្មាន​ទោស​ពៃរ​​។​ ​ការ​ដក​ហូត​បណ្តើរ​ៗនៃ​កម្លាំង​យោធា​របស់​ជន​ផ្តាច់​ការ បង្ក​លក្ខណៈងាយ​ស្រួល​​អនុញ្ញាត​ឱយ​យោធា​អាច​លា​លែង​ចេញពី​ការ​ងារ​​បណ្តោះ​អាសន្ន​ បន្តិច​ម្តងៗ​រហូត​ដល់​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​កើត​មាន​​។​ ប៉ុន្តែ​ យើង​ពុំ​ដឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ ដើម្បី​សំរេច​មួយ​តំណាក់​កាល​ៗនៃ​ការ​ដក​ហូត​អំនាចរបស់​​ជន​ផ្តាច់​ការ​នោះ​ទេ​ ពី​ព្រោះ​តែ​ពួក​គេ​នឹងរក​គ្រប់​មធ្យោបាយ​​រារាំង​រហូត។ បើ​គ្មាន​យន្ត​ការ​បង្ខំ​ឱយ​ពួក​គេ​គោរព​ច្បាប់​ទេ​ អ្នក​នយោបាយ​និយាយ​ជា​ទួទៅ​ ជន​ផ្តាច់​ការ​និយាយ​ដោយ​ឡែក​ មិន​ចេះ​គោរព​ច្បាប់នោះ​ទេ​​ គឺ​​ថា​ អ្នក​អង្គុយ​​ក្បែរ​ច្បាប់​តែង​យក​ច្បាប់​ទ្រាំ​អង្គុយ​​។ កំណែ​ទំរង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ យោធា​និង​តុលាការ​ ​ឱយ​ឯករាជ្យ​ពី​បក្ស​នយោបាយ​ ពិត​មែន​តែ​មាន​សារៈ​សំខាន់​សំរាប់​រយៈ​ពេល​វែង​​ ប៉ុន្តែ​សុទ្ធ​តែ​មិន​​អាច​ទៅ​រួចនៅ​ក្នុង​របប​ផ្តាច់​ការ​​​​។​ ឧបមា​ថា​ជន​ផ្តាច់​ការ​មាន​សុទ្ធ​ចិត្ត​ក្នុងការ​កែ​​ទំរង់​ស្ថាប័ន​​ទាំង​នោះ​ចុះ​ ក៏​ដំណើរ​ការ​កែ​ប្រែ​នោះ​ត្រូវ​បាន​រាំង​ស្ទះ ​ដោយ​សារ​​ទំនាស់​ផលប្រយោជន៍​ក្នុង​បក្ស​ អសមត្ថភាព​​ និង​​ភាព​ផុយ​ស្រួយ​នៃ​របប​ផ្តាច់​ការដែល​​មិន​អាចអនុញ្ញាត​​ឱយ​កំណែ​ទំរង់​របស់​គេ​ដើរ​បានដោយ​​ជោគ​ជ័យ​​។ ​​ទោះ​បី​បរាជ័យ​កំណែ​ទំរង់​អ្វី​ក៏​ដោយ​ ក៏​ជន​ផ្តាច់​ការ​និងបក្ស​ពួក​នៅ​តែ​កាន់អំនាច​ក្តោប​ក្តាប់​ស្ថាប័ន​រដ្ឋ​នា​នា​ដដែល​។ បើ​គ្មាន​សម្ពាធ​ពី​ប្រជាជន​ទេ​ អ្នក​នយោបាយ​មិន​ដែលធ្វើ​កំណែ​ទំរង់​ស្ថាប័ន​រដ្ឋ​នា​នា​ ជា​ពិសេស​គឺ​យោធា​និង​តុលាការ ​ដើម្បី​កំហិត​អំនាច​ឬ​ប្រយោជន៍​ខ្លួន​ឯង​នោះ​ទេ តែ​គឺ​​ដើម្បី​អាច​ត្រួត​ត្រា​លើ​ស្ថាប័នទាំង​ឡាយ​​នោះជា​ជាង​​។​ បើ​តុលាការ​និង​យោធាមិន​ឋិត​ក្រោម​​ជន​ផ្តាច់​ការ​ទេ​ នោះ​ពួក​គេ​​ទំនង​ជា​ពុំ​អាច​​​រក្សា​អំនាច​បាន​ឡើយ​ ព្រោះ​យោធា​គឺ​ជា​ឧបករណ៍​បំផ្លាញប្រព័ន្ធ​​ប្រជាធិបតេយ្យ​និងប្រព័ន្ធ​​តុលាការ​។

នៅ​ពេល​សូម្បី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​ទៅ​ហើយ​ នៅ​តែ​ត្រូវ​បាន​ជាន់​ឈ្លី​ យន្ត​ការ​ស្ថាប័ន​លែង​មាន​ប្រសិទ្ធ​ភាព​ នោះ​ការ​ចរចា​សំរប​សំរួល​ ទោះ​ហុច​ដូច​ម្តេច​ក៏​ដោយ​ ក៏​ប្រទេ​សបាត់​បង់​ភាព​ជា​និតី​រដ្ឋ​ទៅ​ហើយ​ដែរ​។ បើ​កិច្ចព្រម​ព្រៀង​នយោបាយ​សំខាន់​ជាង​ច្បាប់​ប្រទេស​ទៅ​ទៀត​ ដូច្នេះ​ច្បាប់​ក្លាយ​ជា​ល្បែង​​នយោបាយដែល​គេ​ព្រងើយ​កន្តើយបែរ​ខ្នង​ដាក់​ជា​ជាង​ទី​គោរព​នៃ​ប្រជាជាតិ​ទាំង​មូល​។​ ក្នុង​បរិបទ​បែប​នេះ​ ការ​​ព្រម​ទៅ​ចរចា​គឺ​ជា​ការ​ចុះ​ចូល​ ឯ​ការ​ចរចា​គឺ​ជា​ចុះ​ចាញ់។ ​​​លោក​ ជីន​ សាប​ (២០១០, ទំ. ១២)​ បាន​ដាស់​តឿន​យើង​ថា​ ការ​ចរចា​មិន​មែន​អាស្រ័យ​លើ​យុត្តិ​ធម៌​ឬ​សមភាព​ដូច​ដែល​យើង​រំពឹង​ទុក​នោះ​ទេ​ តែ​ផ្អែក​ទៅ​លើ​កកម្លាំង​នៃ​ភាគី​នីមួយៗ៖ នរណា​ខ្លាំង​ជាង​ អ្នក​នោះ​ទាម​ទារ​ឬ​បង្ខំ​ឱយ​ភាគី​ម្ខាង​ទៀត​ឱយ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​​​ជាង។ វា​ជា​ការ​មើល​ស្រាល​ជន​ផ្តាច់​ការពេគ​​ណាស់​ បើ​ក្រុម​ប្រឆាំង​​គិត​ថា​ ជន​ផ្តាច់​ការ​​ព្រម​ឱយ​​គូ​បដិបក្ស​ដើរ​ខ្សែ​លើ​​បាន​នៅ​លើ​តុ​ចរចា​! បើ​​គេ​ជា​ជន​ផ្តាច់​ការ​ហើយ​ គេ​ចូល​ចិត្ត​ប្រើ​កម្លាំងបាយ​ គំរាម​កំហែង​ មិន​មែន​ចរចា​ឬ​សន្ទនា​អ្វី​ជា​មួយ​អ្នកណា​ម្នាក់នោះ​​​ទេ​។  មាន​តែ​វប្បធម៌​ហិង្សា​ប៉ុណ្ណោះ​ដែល​របប​ផ្តាច់ការ​​និយម​លើក​តម្កើង​ មិន​មែន​វប្បធម៌​សន្ទនា​អ្វីនោះ​​ឡើយ​​។ លោក​ ជីន​ សាប​ លើក​ឡើង​ថា​ «ការ​ចរចា​មិន​មែន​ជា​មធ្យោបាយ​មាន​លក្ខណៈ​ប្រាកដ​ត្រឹម​ត្រូវនោះ​​ទេ​ នៅ​ពេល​ដែល​គ្មានវត្តមាន​​ក្រុម​​ប្រជាធិបតេយ្យ​ដ៏​មាន​អំនាច​មួយ​។» បើ​គេ​ព្រម​ចរចាដោយ​សន្តិវិធី​​ គឺគេ​​ចរចា​តែ​ពេល​ដែល​​​គេ​ខ្លាំង​ជាង​ភាគី​នោះ​ ឬ​គេ​នៅ​មាន​អំនាច​ពេញ​ដៃ​​ប៉ុណ្ណោះ​  ហើយ​បើ​​ភាគី​ម្ខាង​ទៀត​​គ្មានភាព​រឹង​មាំ​ទេ​ ទៅ​ចរចា​ប្រៀប​ដូច​ជា​ទៅ​សុំ​ចុះ​ចាញ់​ឬ​ចុះ​ចូល​ដូច្នោះ​។ ការ​និយាយ​គ្នា​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធីជា​ជាង​ការ​ប្រើ​កម្លាំង​បាយ​គឺ​ជា​ឥរិយាបថ​​មួយដ៏​ប្រសើរ​ ​​ ប៉ុន្តែ​ក្នុង​ករណី​ចរចា​ជា​មួយ​ជន​ផ្តាច់​ការ​ វា​បែរ​ជា​គុណ​ធម៌ខុស​កាលៈ​ទេសៈទៅ​វិញ​​ ព្រោះ​គេអាច​ជាន់​លើ​គុណ​ធម៌នេះ​​គ្រប់​ពេល​វេលា​។ លោក​ ជីន​ សាប​ បន្ត​ថា​ «តួ​នាទី​សម​ស្រប​នៃ​ការ​ចរចា​គឺ​កើត​ឡើង​នៅ​ពេលការ​សំរេច​ចិត្ត​​ចុង​ក្រោយបង្អស់​នៅ​ទី​បញ្ចប់​នៃ​ការ​តស៊ូ​​ ដែលក្នុង​នោះ​ ​អំនាច​របស់​ជន​ផ្តាច់​ការ​ត្រូវ​បាន​បំផ្លាញ​ដោយមាន​ប្រសិទ្ធ​ភាព ហើយ​ពួក​គេ​ស្វែង​រក​​សុវត្ថិភាព​ផ្ទាល់​ខ្លួន ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ​កាន់ព្រលាន​យន្ត​ហោះ​អន្តរជាតិ​​​​​។» ការ​ចរចា​មាន​ប្រសិទ្ធ​​ភាព​​ លុះ​ត្រា​តែចលនា​​​​​អំនាច​​​ប្រជាជន​អាច​បំបែក​ជន​ផ្តាច់​ការនិង​បក្ស​ពួក​ចេញ​​ពី​សសរ​ស្តម្ភ​គាំទ្រ​ចំបង​ៗ​ ដូច​ជា​យោធា​ កង​កម្លាំង​រក្សា​សន្តិសុខ​ មន្ត្រី​រដ្ឋ​ការ​។ល។ ពី​រដ្ឋាភិបាល​​ជា​មុន​សិន​។ ត្រង់​ប្រការ​នេះ​ មិន​មែន​ថា​ជន​ផ្តាច់​ការ​ចង់​គោរព​សន្យា​ទេ​ តែ​ពី​ព្រោះ​ពួក​គេ​ត្រូវ​តែ​ធ្វើ​តាម​ការ​ទាម​ទាររប់​ចលនា​​​​ ដោយ​សារ​​គ្មាន​ជំរើស​ អស់​បង្អែក​ មាន​តែ​រត់​ចោល​ស្រុក​ភៀស​ខ្លួន​ទៅ​បរទេស ​ឬបើ​ពុំ​នោះ​ទេ​ ​មាន​តែ​ត្រូវកង​កម្លាំង​ដែល​ធ្លាប់​​ក្រោម​បញ្ជា​ខ្លួន​គេ​នោះ​​ចាប់​ញាត់​គុក​ រង់​ចាំ​ការ​កាត់​ទោស​ពី​តុលាការ​ប៉ុណ្ណោះ​​​​​។​ តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ជន​​ផ្តាច់​ការ​ច្រើន​តែ​កាន់​អំនាច​ដុះ​ស្លែ​ បំផ្លាញ​ប្រទេ​ស​ជាតិ​ដល់​ស្នូល​​ ដូច្នេះ​មនុស្ស​ប្រភេទ​នេះ​ ប្រជាជន​មិន​ត្រូវ​​ទុក​ចិត្ត​សូម្បី​មួយ​សរសៃ​សក់​ឡើយ កុំ​ថា​ដល់ទៅ​​ជ្រលក់ផ្តល់​ឱកាស​​ឬ​ប្រគល្ភ​កំទិចសន្លឹក​ឆ្នោត​​ឱយ​។ សូម្បី​អ្នក​នយោបាយជា​ទូទៅ​​នៅ​ពិបាក​ទុក​ចិត្ត​ផង​ ទំរាំ​តែ​អ្នកនយោបាយ​ផ្តាច់​ការ! ដោយ​សារ​​ពេល​របូត​ពី​​អំនាច​ ជន​ផ្តាច់​ការ​មាន​វាសនា​កំសត់​ ​​ ដូច្នេះ​ដរាប​ណា​អាច​ធ្វើ​ទៅ​បាន​ គេ​នឹង​នៅ​តែស្វាធ្យាយ​រក្សា​អំនាច​ឱយ​ខាង​តែ​បាន។​​  បើ​អ្នក​ចរចា​ខុស​កាលៈ​ទេសៈ​ ទោះ​ជន​ផ្តាច់​ការ ​ឯកភាព​អ្វី​ជា​មួយ​អ្នកក៏​ដោយ​​ ដរាប​ណា​កម្លាំង​យោធា​ដែល​ជាសាច់​ដុំ​ធំ​បំផុត​របស់​គេ ​នៅ​តែ​ស្ថិត​ក្រោម​អំនាច​គេ​ គេ​នៅ​តែ​រំលោភ​​កិច្ច​​សន្យា​ ហើយ​បើ​មាន​ការ​តវ៉ា​ គេ​នៅ​តែ​បង្ក្រាប ចាប់​យក​ដាក់​គុក​ដដែល​ជា​ដដែល​​​។​ ​ក្រៅ​ពី​ករណី​នេះ​ ការ​ចរចា​​មាន​ករណី​ជោគ​ជ័យតិច​តួចណាស់ ​ជន​ផ្តាច់​ការ​​អាចធ្វើ​ជា​​ព្រម​តាម​ការ​ចរចា​​ដើម្បី​លួង​ចិត្ត​ប្រជាជន​ប៉ុណ្ណោះ​ ហើយ​គេ​នឹង​រក​ឱកាស​ឆក់​យក​អំនាច​មក​វិញ​ជា​ដរាប​។ លោក​ ជីន​ សាប​ បាន​ប្រាប់​ជា​មុន​ថា​ «ជន​ផ្តាច់​ការ​សន្យា​អ្វី​ក៏​ដោយ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀងដែល​បាន​​​ចរចា​ គ្មាន​នរណា​អាច​បំភ្លេច​បាន​ទេ​ថា​ ជន​ផ្តាច់​ការ​អាច​សន្យា​អ្វី​គ្រប់​យ៉ាង​ដើម្បី​រក្សា​ការ​ព្រម​ចំណុះ​ពី​ក្រុម​​ប្រជាធិបតេយ្យ​ដែល​ជា​គូ​ប្រជែង​ ហើយ​ក្រោយ​មក​រំលោភ​បំពាន​កិច្ច​ព្រម​ព្រៀង​ដោយ​គ្មានការ​​អៀន​ខ្មាស​។» លើ​ស​ពី​នេះ​ទៀត​នោះ​ លោក​ បាន​បន្ត​ថា​ «នៅ​ពេល​កម្លាំង​ប្រឆាំង​ខាង​ក្នុង​ស្រុក​និងអន្តរជាតិដែល​​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ត្រូវ​បាន​ដក​ចេញ​ ជន​ផ្តាច់​ការ​អាច​នឹង​កាន់​តែ​គាប​សង្កត់​និង​ប្រើ​ហិង្សា​ឃោរ​ឃៅ​ជាង​ពី​មុន​ទៅ​ទៀត​។​» នេះ​ហើយ​ជា​សារ​ជាតិ​របស់​ជន​ផ្តាច់​ការ​! បើ​ស្គាល់​គេ​មិន​ច្បាស់ទេ​ នឹង​ត្រូវ​គេ​បោក​បាន​ម្ត​ងជា​ពីរ​ដង មិន​លស់​ពេលឡើយ​​​។

Tyranny

កុប​កម្ម​ហិង្សា​ គឺ​ជា​ជំរើស​​ចុង​ក្រោយ​ដែល​ប្រជាជន​គិត​ថា​អាច​ផ្លាស់​ប្តូរ​របប​ផ្តាច់​ការ​ កសាង​ប្រជាធិបតេយ្យ​បាន ​ហើយ​ក៏​មានអ្នកខ្លះ​​ជឿ​លើ​ការ​ធ្វើ​​​រដ្ឋ​ប្រហារនោះ​ដែរ​។​ គេ​គប្បី​ពិចារណា​អំពី​មធ្យោបាយ​ណា​ដែល​ចលនា​ប្រឆាំង​​មាន​អាទិ​ភាព​លើ​រដ្ឋាភិបាល​ ​អាច​ដើរ​ខ្សែ​លើ​ជន​ផ្តាច់​ការ​បាន និង​ជា​ពិសេស​អាច​បំបែក​សសរ​ស្តម្ភ​គាំទ្រ​របស់​ពួក​គេ​​។ ប៉ុន្តែ​ គួរ​ឱយ​ស្តាយ​ មធ្យោបាយ​ហិង្សា​ឬ​យោធា​​ គឺ​ជា​វិធី​ដែល​ចាញ់​ប្រៀប​រដ្ឋាភិបាល​​ស្ទើរ​តែ​ទាំង​ស្រុង​មិន​ថា​ សម្ភារៈ​បរិក្ខារ​ គ្រឿង​យុទ្ធ​ភណ្ឌ​ ហេដ្ឋារចនាសម្ពន្ធ​ ទំហំ​និង​គុណ​ភាព​កង​ទាប់​ នេះ​នៅ​មិន​រាប់​បទ​ពិសោធ​បញ្ជា​​​ទាប់​និង​ជំនាញ​ខាង​យោធា​របស់​អ្នក​ដឹក​នាំ​យុទ្ធនាការ​ប្រឆាំង​ផង​។ យ៉ាង​ណា​មិញ​ ​​រដ្ឋ​ប្រហារ​ដោយ​ក្រុម​អ្នក​មាន​អំនាចយោធា​​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋាភិបាល​ គឺ​ជា​វិធី​ដ៏​ងាយ​និង​លឿន​រហ័ស​ក្នុង​ការ​ផ្តួល​របប​ដឹក​នាំ ព្រោះ​វា​វាយ​ប្រហារ​រដ្ឋាភិបាល​ពី​ខាង​ក្នុងពិបាក​ទប់​ទល់​​។​ ប៉ុន្តែ ​បើ​មាន​ករណី​ថ្លោះ​ធ្លោយ​ណា​មួយ​ វា​អាច​ធ្វើ​ឱយ​ការ​ចាប់​សម្លាប់​គ្នាឬ​បែក​ខ្ញែក​ក្នុង​រដ្ឋាភិបាល​ ដែល​ហុច​ឱកាស​ឱយ​ភាគី​ទី​បី មិន​ថា​ជា​ក្រុម​ក្នុង​ស្រុក​ឬ​បរទេស​នោះ​ទេ​ ​ឆ្លៀត​ទាញ​យក​ប្រយោជន៍​ពី​ចលាចល​នយោបាយ​នោះ​ដែរ​។ អសន្តិ​សុខ​ជាតិ​​ឬ​ចោរកម្ម​ គឺ​ជា​រឿង​ដែល​គេ​អាច​រំពឹងទុក​​យ៉ាង​ងាយ​។​​ ជា​ពិសេស​គឺ​លទ្ធ​ផលនៃ​រដ្ឋ​ប្រហារ​ លោក​ ជីន​ សាប​ បញ្ជាក់​ថា​ «ការ​ទាញ​បុគ្គល​ណា​ម្នាក់​និង​បក្ស​ពួករបស់​គេ​​ពី​តំណែង​ដែល​ពួក​គេ​កាន់​កាប់​ វា​ទំនង​គ្រាន់​តែជា​ការ​​បើក​ទ្វារ​ឱយ​ក្រុម​មួយ​ទៀត ឱយ​​មក​អង្គុយ​កន្លែង​ពួក​គេ​តែ​ប៉ុណ្ណោះ​។» គឺ​ថា​ ការ​ផ្លាស់​ប្តូរ​បុគ្គល​និង​ក្រុម​របស់​គេ​ ដោយ​គ្មាន​បង្កើត​វិធី​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​ចាស់​ គ្មាន​យន្ត​ការ​បង្ខំ​ក្រុម​ថ្មី​នោះ​ វា​​គ្មាន​បាន​ប្រយោជន៍​អ្វី​ដល់​ប្រជាជន​ឬ​ប្រទេស​ជាតិ​ឡើយ​ ប៉ុន្តែ​វា​បែរ​ជា​បង្កើត​បញ្ហាថ្មី​​ជាន់​លើ​បញ្ហា​ចាស់​ទៅ​វិញ​ ​បំផុត​នោះ​គឺ​រដ្ឋ​ប្រហារ​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​តែ​ម្តង​ ព្រោះតែ​​ពួក​គេ​ដណ្តើម​យក​អំនាច​ដោយ​គ្រាប់​កាំភ្លើង​ ពុំ​មែន​សន្លឹក​ឆ្នោត​។​ លោក​ ពោល​បន្ត​ថា «តាម​ទ្រឹស្តី ក្រុម​នោះ​ប្រហែល​ជា​មាន​អាកប្បកិរិយា​ស្លូត​ជាង​មុននិង​បើក​ផ្លូវ​ឱយ​មាន​កំណែ​ទំរង់​ប្រជាធិបតេយ្យ​ក្នុង​កំរិត​ណា​មួយ​។ ទោះ​បី​យ៉ាង​ណា រឿង​ផ្ទុយ​ពី​នេះ​​ទើប​ជា​ករណី​ដែល​នឹង​កើត​ឡើង​ទៅ​វិញ​។​» ពុំ​មែន​តែ​ករណី​រដ្ឋ​ប្រហារ​នោះទេ​ដែល​នាំ​មក​នូវ​លទ្ធ​ផល​បែប​នេះ​ កុប​កម្ម​ហិង្សា​ក៏ពុំ​​ខុស​គ្នា​ដែរ​ ហើយ​ប្រហែល​ជា​អាច​បង្ក​មហន្ត​រាយ​ជាង​នេះទៅ​​ទៀត​ ដោយ​សារ​កុប​កម្ម​ហិង្សា​​វាយ​ប្រហារ​រដ្ឋាភិបាល​ពី​ក្រៅ ជា​ទួទៅ​ អូស​បន្លាយ​រយៈ​ពេល​ប៉ះ​ទង្គិច​គ្នា​យូរ​ជាង​ នាំ​ផលអាក្រក់​ច្រើន​និង​ខ្លាំង​ជាង​ បើ​ប្រៀប​នឹង​​​រដ្ឋ​ប្រហារ។​

Neocolonalism

កត្តា​ក្នុង​ស្រុកដូច​ជា​ ច្បាប់​ ស្ថាប័ន​ ការ​ចរចា​ កុបកម្ម​ រដ្ឋ​ប្រហារ​​ទាំង​ប៉ុន្មាន មិន​ដើរ​ទៅ​ហើយ​ ​គេ​ប្រហែល​ជា​ច្រលំ​ថា​ កត្តា​ក្រៅ​ស្រុក ​ដូច​ជា​ តុលាការ​អន្តរជាតិ​និង​អន្តរាគមន៍​បរទេស​អាច​ជួយ​សង្គ្រោះ​ប្រជាជន​ពី​របប​ផ្តាច់​ការ​បាន​ហើយ។ ជា​អកុសល​ វា​គឺ​​ជា​ការ​​សន្សំ​គំនិត​សង្ឃឹម​អន្តរាគមន៍​បរទេស​ជ្រុល​ពេគ​ ការ​ខក​ចិត្ត​ក៏​ខ្លាំង​ដូច​គ្នា​។​​​ ការ​​រំពឹង​ចាំ​អន្តរាគមន៍​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ​មិន​មែនថា​គ្មាន​ប្រសិទ្ធភាពសោះ​នោះ​​ទេ ព្រោះ​ការ​ថ្កោល​ពី​តុលារ​ការ​នេះ​អាច​កៀង​គរ​អន្តរជាតិ​ឱយ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល ​ ផ្តាច់​ចំណង​ការ​ទូត​ ឈប់​រក​ស៊ី​ជា​មួយ​ប្រទេស​នោះ​បាន​។ ទិដ្ឋ​ភាព​នៅ​ពី​ក្រោយ​ឆាក​ដែល​ទស្សនិក​ជន​មិន​សូវ​បាន​ទស្សនាតាម​ដាន​​រឿង​តុលាការឧក្រិដ្ឋ​កម្ម​​អន្តរជាតិ​នោះ​ គឺ​ថា​ សហគមន៍​អន្តរជាតិ​ជា​អ្នក​ដឹក​នាំសម្តែង​។​ អាស្រ័យ​ហេតុ​នេះ​ តុលា​ការឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​​កំរ​អាច​ឯក​រាជ្យ​ សំរេច​ចិត្ត​បាន​ដោយ​មិន​ពឹង​លើ​រដ្ឋ​សមាជិក​របស់​ខ្លួន​ណាស់​ ពី​ព្រោះ​តែ​ប្រទេសជា​សមាជិក​​នីមួយ​ៗ​ក្នុង​សហគមន៍អន្តរជាតិ​​កំរ​រក​​ឃើញ​ហេតុ​ផល​អ្វី​ត្រូវ​ខ្វាយ​ខ្វល់​ពី​ប្រទេស​ផ្សេងណាស់​ មាន​ប្រយោជន៍​ទើប​មាន​សកម្ម​ភាព​​។ និយាយ​នេះ​ មិន​មែន​ថា​ សម្ពាធ​អន្តរ​ជាតិ​គ្មាន​បាន​ការ​សោះ​នោះ​ទេ​ ដូច​មាន​ករណី​អន្តរជាតិ​គាំទ្រ​ចលនា​​ក្នុងស្រុក​​ឬ​បែរ​ប្តូរ​ទិស​ដៅ​ពី​ការ​គាំទ្រ​រដ្ឋាភិបាលបង្វិលមក​ជួយ​បាតុកម្ម​វិញ​។ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចពី​អន្តរជាតិ​ ការ​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ ការ​បោះ​បង់​ចោល​រដ្ឋាភិបាល​ពី​សំណាក់អន្តរជាតិ​ ការ​បដិសេធពី​អង្គការ​សហប្រជាជាតិ​ បាន​រួម​ចំណែក​បង្ខំ​រដ្ឋាភិបាល​ឱយ​ស្រប​តាម​ចលនា​ប្រជាជន​កាន់​តែ​ខ្លាំង​។ ឧ.​ ប្រជាជន​ធ្វើ​ពលិការ​សេដ្ឋកិច្ច​ដោយមិន​​ធ្វើ​ការ​ មិន​ជាវ​ផលិត​ផល​ណា​មួយ​ ស្រប​ពេលអន្តរជាតិ​កំពុង​បន្ត​ដាក់​​​សម្ពាធ​សេដ្ឋកិច្ចលើ​រដ្ឋាភិបាល​។​​ ទោះ​បី​យ៉ាង​ណា​ សម្ពាធ​អន្តរ​ជាតិ​គ្រាន់​តែ​ធ្វើឱយ​​រដ្ឋាភិបាល​ចុះ​ខ្សោយ​ប៉ុណ្ណោះ​ មិន​មែន​ដួល​រលំ​ទាំង​ស្រុង​ឡើយ​ ដូច្នេះ​នៅ​តែ​ប្រជាជន​​​ទេ​ជា​អ្នក​ទាញ​រដ្ឋាភិបាល​ចុះ​ ព្រោះ​ពួក​គេ​ជា​អ្នក​លើក​រដ្ឋាភិបាល​ឡើង​ ទោះ​ដោយ​ផ្ទាល់​ឬ​មិន​ផ្ទាល់​ក្តី​។ មាន​ករណី​ខ្លះ​ ជន​ផ្តាច់​ការ​ទំនង​ជាអាច​​​ស្តាយ​ក្រោយ​ពី​ការ​ចុះ​សន្ធិសញ្ញា​​ជា​មួយ​នឹង​​​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ដោយ​សារ​ពួក​​គេ​ទំនង​ជា​មិន​រំពឹង​ទុក​គិត​ថា​ ថ្ងៃ​ណា​មួយ​ប្រជាជន​លែង​គាំទ្រ​ខ្លួន​ ហើយ​អាច​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ខ្លួន​នោះ​ទេ​។ គេ​​គិត​ថា​ គេ​នឹង​អាច​កាន់​អំនាច​លុះ​អស់​ជីវិត​! ហេតុ​តែ​​អំនាច​​ជា​ជីវិត​របស់​ជន​ផ្តាច់ការនេះ​ហើយ​​​ ដូច្នេះ​ មិន​ដឹង​ថា ​គេ​នឹងយក​ជីវិត​កង​ទាប់​ដែល​ជា​ប្តី​ បង​ប្អូន ​កូន​ចៅ​របស់​ប្រជាជន​ដែល​គ្មាន​កំហុសទាំង​នោះ​ ​ទៅ​គ្រវែង​ចោល​ក្នុង​សមរភូមិ​ប៉ុន្មាន​នាក់​នោះ​ទេ​ ដើម្បី​រក្សា​អំនាច​ពួកគេ​។ នៅ​ពេល​ដែល​មាន​សត្រូវ​ទាំង​ក្នុង​ទាំង​ក្រៅ​បែប​នេះ​ ជា​លទ្ធផល​ ​ជន​ផ្តាច់ការ​កំរ​​ជោគ​ជ័យណាស់​ តែ​ផ្តួល​រំលំ​ជន​​​ផ្តាច់​ការ​តែ​ម្យ៉ាង​មិន​គ្រប់​គ្រាន់​ឡើយ​ គេ​ត្រូវ​កាត់​បន្ថយ​ផល​វិបាក​អវិជ្ជមាន​បន្សល់​ទុក​ពី​របប​ផ្តាច់​ការនោះ​ផង​​ដែរ​ ហើយ​អ្នក​អន្តរាយធ្ងន់​បំផុត​នៅ​តែ​ជា​ប្រជាជនដដែល​ៗ បើ​ដរាបណា​​គេ​នៅ​តែ​យក​រឹង​ជល់​នឹង​រឹង ​គង់​តែ​បែក​ទាំង​សង​ខាង​ ទោះ​ម្ខាងត្រូវ​ស្រាល​ម្ខាង​ធ្ងន់​ ​តិច​ឬ​ច្រើន​ក្តី​។ អ្វី​ដែល​ត្រូវ​កត់​សម្គាល់​បំផុត​នោះ​ គឺថា​ ការ​បញ្ចូន​​ជន​ផ្តាច់​ការ​ទៅ​កាត់​ក្តី​ នៅ​តែ​ត្រូវ​ធ្វើ​ឡើង​​ដោយ​​សាមី​ប្រទេសនោះ​​ដដែល​។ យ៉ាង​ណា​ក៏​ដោយ​ យើង​ពុំ​បាន​បដិសេធ​ពី​សារៈ​សំខាន់​នៃ​សម្ពាធ​ឬ​ជំនួយ​អន្តរជាតិ​ទាំង​ស្រុង​​នោះ​ទេ បើ​សិន​ចលនា​ប្រជាជន​ខ្លួនឯង​បាន​ផ្តួល​រំលំ​របប​នោះ​ដោយមធ្យោបាយ​អហិង្សា​​​ អន្តរជាតិ​គ្រាន់​តែ​ជួយ​តែ​មិន​លូក​ដៃ​។​ ប៉ុន្តែ​ អន្តរជាតិ​មិន​អាច​ទុក​ចិត្ត​បាននិង​​សំរេច​ចិត្ត​ស្ទាក់​ស្ទើរណាស់​។ តុលាការ​ក្នុង​ស្រុក​ឱយ​តែរៀប​ចំ​ឱយ​មាន​អព្យាក្រឹតភាព​និង​ឯក​រាជ្យ​ មិនឋិត​​ក្រោម​ឥទ្ធិ​ពល​អ្នក​នយោបាយ​ នៅ​តែ​គួរ​ឱយ​ទុក​ចិត្ត​ជាង​។ ម្យ៉ាង​ ការ​កាត់ទោស​អ្នក​មាន​អំនាចនិង​បក្ស​ពួក​​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​និង​បំផ្លាញ​ប្រទេស​ជាតិនៅ​ក្រោម​តុលាការ​ជាតិ​ ​ គឺ​បាន​លើក​តម្កើង​គុណ​តម្លៃ​សង្គម​ទាំង​នោះ​ឡើង​វិញ​និង​បង្កើត​ទំនុក​ចិត្ត​លើ​តុលាការ​ជាតិ​ឡើង​វិញ។ ខ្លួន​​ទី​ពឹង​ខ្លួន​ជា​ជំរើស​ល្អ​បំផុត​។ ទម្លាប់​​ពឹង​បរទេស​គឺ​ជា​មេរៀន​ខុស​ដដែលៗ​ដែល​ប្រជាជន​ល្មម​រៀន​ចេះ​។​ ទីដែល​កើតហេតុ​ ទី​ដែល​មាន​អយុត្តិធម៌​ គឺ​ជា​ទី​ល្អ​បំផុត​សំរាប់​បន្សាប​ការ​ឈឺ​ចាប់​​ទាំង​ឡាយ​ឱយ​សះ​ស្បើយ​ឈប់​គុំ​កួន​បន្ត​ទៀត​។​ នយោបាយ​ផ្សះ​ផ្សាយ​ជាតិ​ ដោយ​មិន​​យក​ទោស​ពៃរ​ជន​ល្មើស​ ឱយ​ពួក​គេ​សារ​ភាព​ការ​ពិត​ ផ្តល់​សេរី​ភាព​និង​ការ​អត់​ឱនឱយ​ពួក​គេ​គឺ​ជាថ្នាំ​ដ៏​មាន​ប្រសិទ្ធ​ភាព​ដែល​អ្នក​ជំងឺ​ត្រូវ​ការ​ ទោះ​បី​ពួក​គេ​មិន​សូវ​ជឿ​ជាក់ថា​លេប​ទៅ​ជា​​ក៏​ដោយ​ ក៏​គ្រូ​ពេទ្យ​​ត្រូវ​តែ​ផ្តល់​ថ្នាំ​ផ្លូវ​ចិត្ត​ជា​មុន​ដែរ​។ ទោស​ប្រហារ​ជីវិតនិង​ទោស​ជាប់​គុក​មួយ​ជីវិត ខុស​ពី​ជំនឿ​របស់​ប្រជាជន​ទួទៅ​ ​គឺ​ជា​ទោស​ស្រាល​បំផុត​សំរាប់​ឧក្រិដ្ឋ​ជន​ស្រប​ច្បាប់​ ដូច​ជា​ជន​ផ្តាច់​ការនេះ​។ ទោស​ធ្ងន់​បំផុត​គឺ​ការ​ផ្តល់​សេរី​ភាព​ឱយ​ពួក​គេប្រឈម​មុខ​នឹង​​ប្រជាជន​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​បាប​ ជិះ​ជាន់​ បង្ក​របួស​ស្នាម​ រួច​ហើយ​ត្រូវប្រជាជន​នោះ​ឯង​ ធ្វើ​មិន​ស្គាល់​ ធ្វើ​ដូច​មិន​ឃើញ​ មិ​ន​និយាយ​រក​ ទិញ​អាហារ​ហូប​ចុក​បន្តិច​បន្តួច​ក៏​ប្រជាជន​មិន​លក់​ឱយ​ ឈ្មោះ​ក៏​មិន​ចង់​រំឭក។​​​ នេះ​គឺ​ជា​ទោស​ប្រហារ​ជីវិត ​ដែលធ្វើ​ឱយ​​អ្នក​ទោស​ស្លាប់​ទាំង​នៅ​រស់​។

​បើសិន​​មាន​អន្តរាគមន៍​យោធា​បរទេស ក៏​អន្តរាគមន៍​នោះ​​ទំនោរ​ជា​ធ្វើ​បាបបំផ្លិត​បំផ្លាញ​ប្រជាជន​ស៊ីវិល​ស្លូត​ត្រង់​ជា​ជាង​រដ្ឋាភិបាល​ ហើយ​សម្បត្តិ​របស់​រដ្ឋាភិបាល​ក៏គឺ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋបាន​មកពី​​ថវិកា​​របស់​ប្រជាជន​ដែរ​។​​​ អន្តរាគមន៍​យោធា​ពី​បរទេស​ក៏​ពុំ​ប្រាកដ​ថា​ជោគ​ជ័យ​មួយ​រយ​ភាគ​រយ​ដែរ​​ ព្រោះ​សសរ​ស្តម្ភ​គាំទ្ររបប​ដឹក​នាំ​នៅ​តែ​មាំ​ទាំ​ជា​ជាង​ត្រូវ​បាន​កាត់​បន្ថយ​។ ​ច្បាស់​ណាស់​ ជា​ទួទៅ​ ជន​ផ្តាច់​ការពូកែ​ខាង​ប្រើ​ទាប់ ​ហើយ​ពួក​គេ​​នឹង​ប្រើ​កម្លាំង​យោធាស្មគ្រ​ស្មោះ​នឹង​ខ្លួន ​ដែលនៅ​សេស​​សល់​​​ទាំង​ប៉ុន្មាន​ទៅ​ទប់​ទល់​នឹង​កង​រក្សា​សន្តិសុខ​​នៃ​អង្គការ​សហប្រជា​ជាតិ​​លុះ​ដង្ហើមចុង​ក្រោយ​ដែរ។ ទោះ​បី​យ៉ាង​ណា​​ រាល់​អន្តរាគមន៍​ពី​ខាង​ក្រៅ​ទាំង​ឡាយ​ កើត​មាន​តែ​នៅ​​ពេល​ដែល​ចលនា​នៅ​ខាង​ក្នុង​ប្រទេស​បាន​ផុស​ផុល​ខ្លាំង​ហើយ​ប៉ុណ្ណោះ​។ គួរ​ចាំពាក្យ​​​ដាស់​តឿន​របស់​លោក​ ជីន​ សាប​ ថា «រដ្ឋ​បរទេស​មួយចំនួន​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ផ្តាច់​ការ គ្រាន់​តែ​ដើម្បី​ចង់​ត្រួត​ត្រា​​សេដ្ឋកិច្ច​ នយោបាយ​ យោធា​របស់​​ប្រទេស​នោះ​តែ​ប៉ុណ្ណោះ​។ រដ្ឋ​បរទេស​អាច​នឹង​ចូល​រួម​ជួយយ៉ាង​​សកម្ម​ក្នុង​បំណង​ល្អ​ តែ​នៅ​ពេល​ការ​តវ៉ា​នៅ​ខាង​ក្នុង​ប្រទេសបាន​ចាប់​ផ្តើម​ពុះ​ពោរ​អង្រន់​របប​ផ្តាច់​ការ​ហើយ​នោះ​ទេ​។ ជា​លទ្ធផល​នៃ​ស្ថាន​ភាព​នេះ​​​ ទើប​មាន​ការ​ចាប់​អារម្ម​ពី​អន្តរជាតិ​ចំពោះ​​សារ​ជាតិ​ឃោរឃៅ​នៃ​របប​​​ផ្តាច់​ការ​នោះ​​។» ការ​បញ្ចប់​របប​ផ្តាច់​ការ​គ្រាន់​តែ​ទប់​ស្កាត់​​ឫស​គល់​​មួយ​ចំនួន​នៃ​បញ្ហា​មិន​ឱយ​រាល​ដាល​បន្ត​ទៀត​ប៉ុណ្ណោះ​ មិន​មែនបញ្ចប់ផល​វិបាក​ដែល​បន្សល់​ទុក​ពី​របបចាស់​​នោះ​​ឡើយ​​​។ បើ​របប​ផ្តាច់​ការ​នៅ​តែ​​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​អំពើ​ហិង្សា​ មាន​ន័យថា​​ ទំនាស់​នយោបាយ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​ហិង្សា​ ចង់​ឬមិន​ចង់​ គឺ​គេ​កំពុង​លើក​តម្កើងអំពើ​ហិង្សា​ជាជាង​​មធ្យោបាយ​សន្តិ​វិធី​ទាំ​ង​ឡាយ​។ មេ​ដឹក​នាំដែល​ក្លាយ​ជាជន​​​ផ្តាច់​ការ​ដោយ​សារ​មាន​កម្លាំង​យោធា​ហិង្សា​ជា​អាវុធនេះ​ឯង​​ គឺ​ថា​ ពុំ​មែន​តែ​ជន​ផ្តាច់​ការទេ​ដែល​​បង្កើត​អំពើ​ហិង្សាជា​រចនាសម្ពន្ធ​ ហិង្សាក៏​បាន​​បង្កើត​ជន​ផ្តាច់​ការវិញ​ដែរ​​​។​ របប​ផ្តាច់​ការ​ មិន​មែន​ដួល​រលំ​ទាំង​ស្រុង​ដោយ​គ្រាន់​តែ​ដក​បុគ្គល​ផ្តាច់​ការ​ម្នាក់​ចេញ​ ឬ​សម្លាប់​គេ​ចោល​នោះ​ទេ​ គឺថា​​ដើម្បី​ផ្លាស់​ប្តូរ​របប​ផ្តាច់​ការ គេ​​ត្រូវ​រំលាយ​រចនាសម្ពន្ធហិង្សា​និង​​ផ្តាច់​ការ​ដែលធ្លាប់​តែ​​ផ្តល់​សិទ្ធិ​សំរេច​នៅ​លើ​តែ​បុគ្គល​ម្នាក់  ឱយមក​​​អ្នក​ក្រោម​បង្គាប់​ទាំង​អស់​មាន​សិទ្ធិ​ចូល​រួម​សំរេច​ស្មើ​គ្នា​វិញ​ ពោល​គឺ បំបែក​អំនាចប្រមូល​ផ្តុំ​​ដោយ​​បែង​ចែក​មក​អ្នក​នៅ​មូលដ្ឋាន​ អ្នក​តូច​ៗ សមាជិក​អ្នក​អនុវត្ត​វិញ​។​ ការ​ឈ្លាន​ពាន​ពី​បរទេស​នឹង​ជំរុញ​​រដ្ឋឱយ​​ប្រើ​អំនាច​យោធា​ការ​ពារ​កាន់​តែ​ខ្លាំង​ឡើង​ ហិង្សា​កាន់​តែ​កើន​ឡើង​ ប្រជាធិបតេយ្យ​នឹង​កាន់​តែ​ធ្លាក់​ចុះ​។​ អ្វី​ដែលគេ​​ត្រូវ​ចាំ​គឺ​ថា​ «ចរិត​បរទេស​គឺ​​ជួយ​ដើម្បី​ប្រយោជន៍​ ជួយ​លែង​បាននឹង​​បោះ​បង់​​។​»​ ពួក​បរទេស​​មាន​ទំនោរ​ឆក់​ឱកាស​ពេល​ចលាចល​ ហេតុ​នេះ​​ បើ​​​ប្រជាជនធ្វើ​យុទ្ធនាការ​ដោយ​ហិង្សានឹង​នាំ​​ឱយ​មាន​ចលាចល​ ​ជួយ​បំពេញ​ផែន​ការ «ពស់​សង្គ្រោះ​ត្រីពី​ការ​លង់​ទឹក​​» ​របស់​ពួក​បរទេស​ដែល​ជា​បច្ចាមិត្រនោះ​​ឱយ​បាន​សំរេចពុំ​ខាន​ឡើយ​​​។ សំរាប់​បរទេស​ ប្រជាធិបតេយ្យ​ឬ​ផ្តាច់​ការ​មិន​សំខាន់​ទេ​ សំខាន់​​ឱយ​តែ​បំរើ​ប្រយោជន៍​គេ​​​។ ដូច្នេះ​ បើ​​បរទេស​នោះ​កាន់​ជើង​រដ្ឋាភិបាល​ផ្តាច់​ការ​ចាស់​ ពេល​មាន​កុប​កម្ម​ហិង្សា​រំលំ​រដ្ឋាភិបាល​ បរទេស​ផ្សេង​ទៀត​នឹង​ជួយក្រុម​ដែល​នឹង​អាច​ក្លាយ​ជា​​​រដ្ឋាភិបាល​ថ្មី នោះ​បរទេស​នៅ​តែ​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល វិល​ចុះ​វិល​ឡើង​នៅ​តែ​ផ្តាច់​ការ នៅ​តែ​សង្គ្រាម​ស៊ីវិល​ នៅ​តែ​ក្រោម​ឥទ្ធិពល​បរទេស​ដដែលៗ​។​​​ ​​យើង​ពិបាក​បន្ទោសប្រទេស​​បរទេស​ទាំង​នោះដែរ ព្រោះ​អាត្មា​និយម​ អសីល​ធម៌​ អមនុស្ស​ធម៌​ គឺ​ជាគុណ​ធម៌​នៅ​ក្នុង​វិស័យ​នយោបាយ​។​ ​គេ​យក​ផល​ប្រយោជន៍​ប្រទេស​គេ​សំខាន់​ ព្រោះ​គេ​ស៊ី​ប្រាក់​ខែ​ប្រជាជន​គេ​ មិន​មែន​ស៊ី​ប្រាក់​ខែ​ប្រជាជន​ប្រទេស​ឯ​ទៀត​​​ឡើយ​ ដូច្នេះបើគ្មាន​កាក​ គេ​ក៏​មិនមក​ខាត​ពេល​​​ហុត​ទឹក​ដែរ​​។ ក្នុង​ឆាក​នយោបាយ​ គេ​មិន​និយាយ​ពី​យុត្តិធម៌និង​​មនុស្ស​ធម៌ទេ​​ គេ​គិត​តែ​អំនាច​និង​ប្រយោជន៍​តែ​ប៉ុណ្ណោះ​។ កម្លាំង​ផ្ទៃ​ក្នុងប្រទេសជា​ធាតុ​​​សំខាន់ក្នុង​ការ​រំដោះ​សាមី​ប្រទេស​ ឯ​​​បរទេស​ខាង​ក្រៅអាច​ត្រឹម​តែ​ជា​ជំនួយ​ការ​ប៉ុណ្ណោះ​ ព្រោះ​កម្លាំង​ខាង​ក្នុង​គឺ​ជា​ប្រភព​ចាំ​បាច់​នៃ​អំនាចរដ្ឋ​ក្នុង​ប្រទេស​​។​ លោក​ ជីន​ សាប​ ណែនាំ​ថា​ «ទោះ​បី​របប​ផ្តាច់​ការ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ ឬ​ក៏​ក្នុង​កំរិត​ខ្លះ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សកម្ម​ភាព​របស់​អន្តរជាតិក៏ដោយ​​ ដំណើរ​បន្ត​នៃ​របប​នោះ​នៅ​តែ​ពឹង​អាស្រ័យ​ជា​ចំបង​លើ​កត្តា​ខាង​ក្នុង​ដដែល​។»​ ដូច្នេះ​ លោក​ បន្តទៀត​​ថា​ «ការ​រំដោះ​ខ្លួន​ពី​របប​ផ្តាច់​ការ​ បំផុត​គឺ​ផ្អែក​លើ​សមត្ថភាព​របស់​ប្រជាជន​ក្នុង​ការ​រំដោះ​ខ្លួន​ឯង​។» បើ​ខាង​ក្នុងប្រទេស​​ ប្រជាជន​ខ្លាំង​  គ្មាន​បរទេស​ណា​ហ៊ាន​ឈ្លាន​ពាន​ឡើយ​។ តែ​បើ​ខ្សោយ​ ទោះ​​មិន​មែន​ជា​អាយ៉ង​បរទេស​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​គង់​តែ​នឹង​ជិះ​ជាន់​ប្រជាជន​ក្នុង​​ប្រទេស​ខ្លួន​ឯង​ដូច​តែ​គ្នា​ទេ​។

Deforestion Chomsky Quote

និយាយ​រួម​​ អន្តរាគមន៍​​ជួយ​ឬ​អន្តរាគមន៍​បំផ្លាញ​? វា​អាស្រ័យ​លើ​វិធី​ដែល​យុទ្ធនាការ​ប្រើ​និង​ជំហររបស់​អ្នក​ឱយ​​ជំនួយ។ បើ​យុទ្ធនាការ​នោះ​អហិង្សា​និងអន្តរជាតិ​ជួយ​តែ​មិន​​អន្តរាគមន៍​ ​​ មិន​ថាជា​​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឬ​ជា​ជំនាញ​បច្ចេកទេស​ ថវិកា​ នោះ​ទេ វា​​គឺ​ជា​គ្រឿង​ជំរុញ​ជួយ​​ចលនា​ក្នុង​កំរិត​ណា​មួយ​ ទោះ​មិនអាច​​ធានា​ថា​ចលនា​ជោគ​ជ័យ​ក៏​ដោយ​។​ តែ​បើ​យុទ្ធនាការ​នោះ​ហិង្សា​ ទោះ​អន្តរាគមន៍​នោះ​ជួយ​ខាង​ចលនា​ឬ​ខាង​រដ្ឋាភិបាលក៏ដោយ​ ក៏​​គ្មាន​លទ្ធផល​ល្អ​ចំពោះ​ប្រទេស​ជាតិ​និង​ប្រជាធិបតេយ្យ​នោះ​ដែរ​។​ ​ទោះ​អន្តរាគមន៍​ពី​ខាង​ក្រៅ​ហុច​លទ្ធផល​ដូច​ម្តេច​ក៏​ដោយ​ គួរ​កត់​សម្គាល់​ដែរ​ថា​ ដរាប​ណា​ប្រជាជនភាគ​ច្រើន​ធ្វើ​​ចរិត​អសកម្ម​ ចាំ​តែ​គេ​ជួយ​ គិត​ថា​នយោបាយ​ប្រកប​ដោយ​ហានិភ័យ​ ​មិន​ទាន់ចេះ​ប្រើ​ប្រាស់​អំនាចខ្លួន​ឯង​ ពុំ​ជឿ​ជាក់​លើ​បាតុកម្ម​អហិង្សា​​ ខ្លាច​អ្នក​មាន​អំនាច​ មិន​កសាង​មូលដ្ឋាន​ប្រជាធិបតេយ្យនិង​រចនាសម្ពន្ធ​រឹង​មាំ​បំបែក​អំនាច​មេ​ដឹក​នាំ ​ ចេះ​តែ​ពឹង​លើ​បុគ្គលម្នាក់​ជា​ជាង​បង្កើត​ប្រព័ន្ធ​​​ ទោះអាច​​អូស​ក​ជន​ផ្តាច់​ការ​មួយ​យក​ទៅ​កាត់​ក្តី​ក៏​ដោយ​​ ក៏​គង់​តែ​មានជន​ផ្តាច់​ការ​ថ្មី​មក​ជំនួស​កន្លែង​ចាស់​នោះ​ដែរ។​ ហេតុ​នេះ​ហើយ​ទើប​លោក ​ណូអេម​ ឆូម​ស្គី (Noam Chomsky) អ្នក​ប្រាជ្ញ​ខាង​ភាសា​សាស្ត្រ​ដែល​ចាប់​អារម្ម​សិក្សាអំពី​បញ្ហា​នយោបាយ​ បាន​​ពោល​​ព្រមានថា «ដរាប​ប្រជាជន​ទួទៅ​ទាំង​អស់​អសកម្ម​ មិន​រវី​រវល់ ​[ពី​រឿង​នយោបាយ]​ ភ្លើត​ភ្លើន​និយម​នឹង​ការ​ទិញ​សម្ភារៈ​ ស្អប់​ខ្ពើម​អ្នក​ងាយ​រង​គ្រោះ​ នោះអ្នក​មាន​អំនាច​នឹងអាច​​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​​ ហើយ​អ្នក​ដែល​នៅ​រស់​រួចមាន​ជីវិត​នឹង​បាន​សញ្ជឹង​គិត​ ​[​ពី​លទ្ធផល​​នៃ​ទង្វើ​របស់​ពួក​គេ​]​។»​ ពិត​ប្រាកដ​ណាស់​ អ្នក​រង​គ្រោះ​ធ្ងន់​បំផុត​មិន​មែន​អ្នក​ស្លាប់​ដោយ​សារ​ការ​តវ៉ា​ទេ​ តែ​គឺ​អ្នក​នៅ​រស់​ដោយ​សារ​ការ​នៅ​ស្ងៀម​។ គេ​មិន​អាច​ទុក​ចិត្ត​អ្នក​នយោបាយបាន​​ឡើយ​ ជា​ពិសេស​នៅ​ពេល​ឱ​កាស​ហុច​ឱយ​ ប្រជាជន​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រឿង​នយោបាយ​ មិន​ឃ្លាំ​មើល​និង​បណ្តោយ​ឱយ​ពួក​អ្នក​ដឹក​នាំ​ធ្វើ​តាមទំនើង​​ចិត្ត។ ទោះ​បី​អ្នក​នយោបាយ​នោះ​ប្រកាស​ខ្លួន​ថា​ ជា​អ្នក​ប្រជាធិប​តេយ្យ​ម្តេច​ក៏​ដោយ ក៏​គ្មាន​ជន​ផ្តាច់​ការ​ណា​មិន​និយាយ​ថា ​ខ្លួន​ឯង​ជា​អ្នក​ប្រជាធិបតេយ្យ​​ ធ្វើ​អ្វី​​គ្រប់​យ៉ាង​ដើម្បី​តែ​រាស្ត្រ​នោះ​ដែរ​។ អ្នក​ដែល​កាន់​អំនាច​មិន​ស្រួល​បួល​និង​ត្រូវ​អំនាច​កាន់​វិញមិន​ប្រែ​ប្រួល​​!

អាន​បន្ថែម​

៙ជីន សាប (Gene Sharp). ២០១០. «ពី​​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​​: គម្រោង​គោលការណ៍​​សំរាប់​ការ​ទាម​ទារ​សេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះ​ពុម្ព​លើក​ទី​៤. សហរដ្ឋ​អាមេរិច:​ វិទ្យាស្ថាន​អាល់​បឺត​ អាញស្តាញ (The United State of America: The Albert Einstein Institute)។