យន្ត​ការ​​បំរែ​បំរួល​

Gene Sharp Photo with Quote

ការ​តស៊ូ​ដោយ​អហិង្សា​ប្រតិបត្តិ​ការ​ដោយ​កែ​ប្រែ​ស្ថាន​ភាព​ទំនាស់និង​សង្គម​​ដើម្បីកុំ​​ឱយ​សត្រូវ​​ធ្វើ​​តាម​អំពើ​ចិត្ត​បាន​។ — ជីន​ សាប​​

យន្ត​ការ​​បំរែ​បំរួល​គឺ​ជា​របៀប​ដែល​បាតុកម្ម​អហិង្សា​ធ្វើ​ឱយ​មាន​ការ​ផ្លាស់​ប្តូរ​សង្គម​និង​នយោបាយ ឬ​របៀបដែល​​ចលនា​ទទួល​បាន​ជោគ​ជ័យ​។ ដោយ​សារ​ក្រុម​ចលនា​ប្រឆាំង​ជ្រើស​រើស​យក​វិធី​អហិង្សា​​ខុសៗ​គ្នាមក​ប្រើប្រាស់​​ទៅ​តាម​​​គោល​ដៅ​តូច​ៗរបស់​ខ្លួន​​​ ដើម្បី​ជះ​ឥទ្ធិពល​លើ​ប្រជាជន​និង​អ្នក​កាន់​អំនាច​ ជា​លទ្ធផល យន្ត​ការ​​ក៏​មានផ្សេងៗ​ទៅ​តាម​នោះ​ដែរ​។​​ ទោះ​បី​មានគោល​ដៅ​ ការ​សំរេច​ចិត្ត​ ការជ្រើស​យក​វិធី​អហិង្សា​ផ្សេងខុស​ៗគ្នា​ក៏​ដោយ​ ​​យោល​តាម​លោក​ ជីន​ សាប​ គេ​នៅ​តែ​អាច​កត់​សំគាល់យន្ត​ការបំរែ​បំរួលដែល​​បាតុកម្ម​អហិង្សា​ជំរុញ​ឱយមាន​ចំនួន​បួន​៖ ការប្តូរ​ជំហរ​​​, ការ​សំរប​សំរួល​, ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​, និង​ការ​បំបែក​ចេញ​ (Conversion, Accomodation, Nonviolent Coercion, and Disintergration)។ (ហ៊ែលវី, ២០០៤, ទំ. ២៥-៣៤) (ហ្ស៊ក់​, ២០០៥, ទំ. ៤០-៤២)

ក. ការ​ប្តូរ​ជំហរ

ការ​ប្តូរ​ជំហរ​គឺ​ជា​យន្ត​ការ​ជា​លទ្ធផល​ចេញ​ពី​សកម្ម​ភាព​អហិង្សា​របស់​គូប្រជែង ​​​ធ្វើ​ឱយក្រុម​នៅ​ក្នុង​​រដ្ឋាភិបាល​ទទួល​យកទស្សនៈ​របស់​ក្រុមជំទាស់​​និង​យល់​ព្រម​តាម​គោល​ដៅ​នៃ​ចលនា​។ ចលនា​អាច​ធ្វើ​ឱយ​រដ្ឋាភិបាល​ជឿ​និង​បន្ទន់​​​ជំហរបាន​ នៅ​ពេល​ដែល​​រដ្ឋាភិបាល​មើល​ឃើញ​ផល​ប្រយោជន៍​ បើ​​ធ្វើ​តាម​ការ​ចង់​បាន​របស់​ចលនា។ ការ​ឈឺ​ចាប់​ពី​ការ​បង្ក្រាប​អាច​ប៉ះ​ពាល់​ដល់​អារម្ម​ សមាន​ចិត្ត​ ជំនឿ​ ឥរិយាបថ​របស់​សមាជិក​នៃ​ក្រុម​រដ្ឋាភិបាល​ឱយ​​​​​​គិត​ពិចារណា​ពី​ការ​ទាម​ទារ​របស់​ចលនា ​គាំទ្រ​​គោល​ដៅ​របស់​ចលនា​ថាមាន​មូលដ្ឋាន​​សម​ហេតុ​ផលនិង​​យុត្តិ​ធម៌។​ ដោយ​សារ​ចលនា​និង​រដ្ឋាភិបាល​ភាគ​ច្រើន​មាន​ជំហរ​ផ្ទុយ​គ្នា​និង​មាន​ទំនាស់​ផល​ប្រយោជន៍​ ហេតុ​នេះ​ ​ការ​ប្តូរ​ជំហរ​របស់​គូ​បដិបក្ស​គឺ​ជា​បាតុភូត​ដ៏​កំរ​និងពិបាកជឿទុកចិត្ត​​ ហើយ​នៅ​ក្នុង​ចលនា​ភាគ​ច្រើន​ ការ​ប្តូរ​ជំហរនេះ​​មិន​បាន​លេច​ឡើងឡើយ​ ទោះ​មាន​ក៏​ដោយ​ ក៏​ឋិត​ក្នុង​ទំហំ​មួយ​មិន​ចាំ​បាច់ដែរ​​។ ការ​ប្តូរ​ជំហរ​ច្រើន​​កើតមាន​​ក្នុង​​ក្រុម​​ឯករាជ្យ​ឬ​អព្យាក្រឹត ដែល​យល់​ស្រប​នឹង​ភាព​សម​ហេតុ​នៃ​គោល​ដៅ​របស់​ចលនា​និង​ក្រុម​ដែល​ជា​សសរ​ស្តម្ភ​គាំទ្រ​របប​ដឹក​នាំ ប៉ុន្តែ​មិន​មែន​ជា​អ្នកទទួល​ផល​ពី​របប​និង​មិនរង​ការ​គំរាម​កំហែង​ពី​ការ​ផ្លាស់​ប្តូរ​របបនោះ​ទេ​​​​​។ ទោះ​បី​យ៉ាង​ណា​ វា​កំរ​លេច​ឡើង​ណាស់​ក្នុង​ក្រុមរដ្ឋាភិបាល​​និង​​​អ្នក​ស្និទ្ធ​នឹង​របប​ដឹក​នាំ​ ​ ព្រោះ​វា​គំរាម​កំហែង​ដល់​អំនាចនិង​ផល​ប្រយោជន៍​​​របស់​ពួក​គេ​។ ​​ត្រង់​ការ​ប្តូរ​ជំហរ​នេះ​ហើយ​ ដែល​គេ​តែង​យល់​ច្រលំ​ថា​ វា​ជា​យន្ត​ការ​តែ​​មួយ​គត់​ដែល​ចលនា​អហិង្សា​អាច​ធ្វើ​បាន ​បាតុកម្ម​អហិង្សា​បាន​តែ​ទាម​ទារ​ឱយគូ​បដិបក្ស​ធ្វើ​តាម​ប៉ុណ្ណោះ​ បើ​គេ​មិន​តាម​ក៏​មិន​ដឹង​អាច​​​ធ្វើ​អ្វី​គេ​​បាន​​។ ដរាប​ណា​ចលនា​មាន​កម្លាំង​ទន់​ខ្សោយ​ជាង​រដ្ឋាភិបាល​ ការ​ប្តូរ​ជំហរ​របស់​ក្រុម​ក្នុង​រដ្ឋាភិបាល​មិន​ទំនង​ជា​អាច​កើត​មាន​ទេ​។ ទោះ​បី​យ៉ាង​ណា​ក៏​ការ​ប្តូរ​ជំហរ​របស់​ភ្នាក់​ងារ​តូចៗ​របស់​រដ្ឋាភិបាល ដូច​ជា​ប៉ូលីស​ កង​សន្តិ​សុខ​ យោធា​​ ដើម្បី​កាត់​ដៃ​ស្តាំ​របស់​ពួក​គេ​ចោល​មិន​ឱយ​អាច​បង្ក្រាប​ប្រជាជន​បន្ត​ទៀត​គឺ​ជា​យន្ត​ការ​ចាំ​បាច់​ណាស់​ក្នុង​ការ​ដក​ហូត​​អំនាច បើក​យន្ត​ការចុង​ក្រោយ​បំបែក​​រដ្ឋាភិបាល​ចេញ​ពី​រដ្ឋ​។ ដោយ​ហេតុ​ថា​ ​ការ​ប្តូរ​ជំហរ​​ជា​បាតុភូត​កំរនិងមិន​គួរ​ឱយទុក​​ចិត្តទេ​​នៅ​ក្នុង​ចំណោម​ក្រុម​វរជន​ធំ​ក្នុង​រដ្ឋាភិបាល​ក៏​ដោយ​​ ចលនា​ដែល​ជោគ​ជ័យ​មិន​រំពឹង​លើ​យន្ត​ការ​នេះ​ឡើយ​។

ខ. ការ​សំរប​សំរួល​

ការ​សំរប​សំរួល​គឺ​ជាយន្ត​ការមួយ​​ដែល​ក្នុង​នោះ​រដ្ឋាភិបាល​​សំរប​សំរួល​ទៅ​តាម​តំរូវ​ការ​របស់​​គូ​ប្រជែង ក្នុង​ករណី​​ដែល​គោល​បំណង​របស់​ចលនា​ពុំ​បាន​គំរាម​កំហែង​ដល់​អំនាច​របស់​ពួក​គេ​​។ រដ្ឋាភិបាល​ព្រម​សំរប​សំរួល ដើម្បី​កាត់​​បន្ថយ​ភាព​តាន​តឹង​ក្នុង​សង្គម ទាក់​ទាញ​ការ​ចាប់​អារម្មនិង​ការ​គាំទ្រ​​ពី​ប្រជា​ពល​រដ្ឋ​​​ថា​រដ្ឋាភិបាល​គិត​គូរ​ពី​សុខុមាល​ភាព​សង្គម​ មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​សង្គម​និង​សេដ្ឋកិច្ចជា​ដើម ព្រម​ទាំង​មាន​បំណង​បង្ហោះ​រូប​ភាព​​ឱយ​​រដ្ឋាភិបាល​បរទេសឃើញ​ ដើម្បី​លើក​មុខ​លើក​មាត់ខ្លួន​​​ក្នុង​តំបន់​​និង​ឆាក​អន្តរជាតិ និង​ខ្លាច​​បញ្ហា​រីក​រាល​ដាល​ធំទៅៗឬ​បារម្ភ​ខ្លាច​គូ​ប្រជែង​ឆ្លៀតឱកាស​​កេង​ចំណេញ​​​​​លើ​បញ្ហា​នោះ​។ រដ្ឋាភិបាល​សំរប​សំរួល​នឹង​ចលនា លុះ​ណា​​ថ្លៃ​ខូច​ខាត​កើត​មាន​ពី​ការ​មិន​អើ​ពើ​និងការ​​បង្ក្រាប​ចលនា​ខ្ពស់​ជាង​ការ​ធ្វើទៅ​​តាម​ការ​ចង់​បាន​តិច​ឬ​ច្រើន​ (តែ​មិន​ទាំង​អស់​) របស់​ចលនា​ និង​​ពួក​គេ​ចាត់​ទុក​ចលនា​​​ត្រឹម​តែ​ជា​គ្រឿង​រំខាន​ប៉ុណ្ណោះ ពុំ​​អាច​ធ្វើ​អ្វី​​ប៉ះ​ពាល់​ដល់​អំនាច​របស់​ពួក​គេ​បានទេ​។ បើ​មើល​ពី​ទស្សនៈ​របស់​រដ្ឋាភិបាលនៅ​ក្នុង​បរិបទ​នេះ​​ ​ការ​សំរប​សំរួល​គឺ​ជាយន្ត​ការ​មួយ​ទទួល​បាន​​លទ្ធផលល្អ​បំផុតដែល​​អាច​ទៅ​រួច ព្រោះ​រដ្ឋាភិបាល​នៅ​តែ​ដើរ​ខ្សែ​លើ​នៅ​ក្នុង​ទំនាក់​ទំនង​​អំនាច​​។ គំរូ​បញ្ហា​ដែល​យន្ត​ការ​សំរប​សំរួល​​​ច្រើន​មាន​ គឺ​កូដកម្ម​នា​នា​ដែល​ភាគី​នីមួយៗ​សំរេច​បាន​គោល​ដៅ​​ម្នាក់មួយ​ចំណែក​​។ មិន​ថារដ្ឋាភិបាល​​​​ព្រម​ស្រុះ​​​ស្រួល​​នឹង​ចលនា​ បំពេញ​​ប្រយោជន៍របស់​បាតុករ​​​តិច​ឬ​ច្រើន ​​ ឬ​ក៏​បដិសេធ​​ការ​ទាម​ទារ​​របស់​ក្រុមប្រឆាំង​នោះ​ទេ​​ វា​សុទ្ធ​តែ​អាច​ធ្វើឱយ​​ក្រុម​ផ្សេង​​ទៀតងើប​ឡើង​តស៊ូ​ដែរ​។ ឧ. ការធ្វើ​កូដកម្ម​​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​រោង​ចក្រមួយ​អាច​ជំរុញ​ឱយ​កម្មករ​នៅ​រោង​ចក្រ​ផ្សេងៗទៀត​ទាម​ទារតាម​​ដែរ​។​​​ សំរាប់​​ប្រទេស​​ប្រជាធិបតេយ្យ​ ការ​សំរប​សំរួល​គឺ​ជា​យន្តការ​បំរែ​បំរួល​ដែល​ទំនង​ជា​កើតមាន​ជាង​ប្រទេស​មិន​មែន​ប្រជាធិបតេយ្យ​ ព្រោះ​វា​មិន​បាន​​គំរាម​កំហែង​ដល់​រដ្ឋាភិបាល​។  យន្ត​ការសំរប​សំរួល​ខ្ពស់​បំផុតដែល​​​​​កើត​មាន​នៅ​ក្នុងប្រទេស​កាន់​របប​អាជ្ញាធរ​និយម​ឬ​ផ្តាច់​ការ​គឺ​ការ​សន្យា​រៀប​ចំ​​ការ​បោះ​ឆ្នោត​ដោយ​សុចរិត​និង​យុត្តិធម៌ ទោះ​បី​ជា​វា​គ្រាន់​តែ​ការ​ព្រម​ព្រៀង​ក៏​ដោយ​​។ ដោយ​សារ​ការ​ចាញ់​ឆ្នោត​អាច​ធ្វើ​ឱយ​រដ្ឋាភិបាល​បាត់​បង់​ភាព​ស្រប​ច្បាប់​ទាំង​ក្នុង​ស្រុក​និង​ក្នុង​សហគមន៍​អន្តរជាតិ​ ដូច្នេះ​បើ​អាច​​ស្ទង់​មតិ​សាធារណៈ​ដឹង​មុន​ថា​មិន​អាច​ឈ្នះ​ ពួក​គេ​នឹង​ព្យាយាម​ជ្រៀត​ជ្រែក​ក្នុង​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត ​ដើម្បី​លួច​បន្លំ​​​​និងអាច​​ធ្វើ​ឱយ​ក្រុម​ប្រជាធិបតេយ្យ​ចាញ់​ឆ្នោតដែរ​​។ អាស្រ័យ​ហេតុ​នេះ​ ភាគី​ប្រឆាំង​ត្រូវធានា​ឱយ​បាន​នូវ​ប្រព័ន្ធ​បោះ​ឆ្នោត​ឯក​រាជ្យ​ចៀស​វាង​​ចាញ់​បោក​រដ្ឋាភិបាល​​​។ គេ​គប្បី​យក​ចិត្ត​ទុក​ដាក់​ជ្រើស​រើស​យក​បញ្ហា​ណា​ដែល​ការ​សំរប​សំរួល​អាច​ទទួល​បាន​លទ្ធ​ផល​ល្អ​ជាជាង​ទទួល​បាន​ដំណោះ​ស្រាយ​មិន​ស្មើ​ភាព​​ មាន​ការ​​​បង្ខិត​បង្ខំ​។ ការ​ទាម​ទារ​បង្កើត​ស្ថាប័ន​ឯករាជ្យ​គឺ​ជា​ជំរើស​ដ៏​ល្អ​សំរាប់​ចលនា​ដើម្បី​បំបែក​អំនាច​ប្រមូល​ផ្តុំ​បន្តិច​ម្តងៗ​  ដូច​ជា ការ​បន្ថែម​ប្រព័ន្ធ​ឯកត្តនាម​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ថ្នាក់​ដឹកនាំ​ដោយ​​អ្នក​នៅ​មូល​ដ្ឋាន​ មិន​មែន​ចាត់​តាំង​ដោយ​បក្ស​ នៅ​តាម​សាលារៀន​ សាកល​វិទ្យាល័យ​ វត្ត​អារាម​នីមួយៗ​។ល។ ការ​ដែល​ចលនា​អាច​ធ្វើ​ឱយ​​រដ្ឋាភិបាល​ព្រម​ស្រុះ​ស្រួល​បាន​គឺ​បាន​បង្ហាញ​ពី​ប្រសិទ្ធ​ភាពនិង​អំនាច​​នៃ​ចលនា​អហិង្សា​ និងសបញ្ជាក់​ថា​ការ​​កែ​ប្រែ​សង្គមអាច​ធ្វើ​ទៅ​បាន​​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ការ​ផ្លាស់​ប្តូរ​​របប​ផ្តាច់​ការ​ពុំ​អាច​ធ្វើ​ទៅ​តាម​យន្តការ​សំរប​សំរួល​បាន​ទេ​ ព្រោះ​ពួក​គេ​ពុំ​ចង់​ឱយ​មាន​ការ​ផ្លាស់​ប្តូរ​ ចង់​កាន់​អំនាច​ត​ជំនាន់​។​ យន្ត​ការបំរែ​បំរួល​ ដូច​ជា ​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​ក្រុម​នៅ​ក្នុង​រដ្ឋាភិបាលគឺ​កំរ​អាច​ទៅ​រួច​ណាស់​ ឯ​​ការ​សំរប​សំរួល​គ្នា​ពិត​មិន​គួរ​ឱយ​ទុកចិត្ត​ទាល់​តែ​សោះ​​ គេ​នៅ​មាន​យន្ត​ការ​ពីរ​ទៀត​ដែល​មាន​ប្រសិទ្ធ​ភាពនិង​មាន​ប្រៀប​​លើ​គូ​បដិបក្ស​ជាង​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដោយ​អហិង្សា​។

គ. ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា

ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​គឺ​ជា​យន្ត​ការ​បំរែ​បំរួលមួយ​​ដែលចលនាជំទាស់​នឹង​​ឆន្ទៈ​របស់​រដ្ឋាភិបាល ​ប្រើ​​វិធី​អហិង្សាក្នុង​ទ្រង់​ទ្រាយ​ធំ​ ​ក្នុង​ការ​កាត់​បន្ថយ​អំនាច​ ភាព​ស្រប​ច្បាប់​ និង​សមត្ថភាពរបស់​រដ្ឋាភិបាល​​ក្នុង​ការ​គ្រប់​គ្រងស្ថាន​ការណ៍​សង្គម ព្រម​ទាំង​វិស័យ​សេដ្ឋកិច្ចនិង​​នយោបាយ​ផង​ដែរ​​​​។ តាំង​ពី​ដើម​មក​ ពាក្យ​ «បង្ខិត​បង្ខំ​» តែង​តែ​ជាប់​ទាក់​ទង​នឹង​កម្លាំងហិង្សា​​ ប៉ុន្តែ​ វា​ក៏​កើត​មាន​នៅ​ក្នុង​ទំរង់​អហិង្សា​ដោយ​មិន​គំរាម​កំហែង​ដល់​រាងកាយ​ឬ​ជីវិត​មនុស្ស​ដែរ​។ ផ្ទុយ​ពី​យន្ត​ការ​នៃ​ការ​ប្តូរ​ជំហរ​និង​ការ​សំរប​សំរួល ដែល​នៅ​ទុក​ផ្លូវ​ឱយ​រដ្ឋាភិបាល​យល់​ព្រម​ឬ​ក៏​បដិសេធ​ការ​ស្នើ​សុំរបស់​ចលនា​​ដោយ​គ្មាន​ផល​វិបាកភ្លាមៗ​​និង​​តិចតួច​ចំពោះ​រដ្ឋាភិបាល​​ ​​ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​​ពុំ​បាន​ផ្តល់​ជំរើស​ឱយ​រដ្ឋាភិបាល​អាច​ដើរ​ខ្សែ​លើ​បាន​នោះ​ទេ​។ ទោះ​បីពួក​វរជន​នយោបាយ​​នៅ​តែ​ឋិត​ក្នុង​តំណែងនៅ​តែ​រក្សា​គោល​ជំហរ​ខ្លួន​ក៏​ដោយ​ ប៉ុន្តែ​សមត្ថភាពក្នុង​ការ​ត្រួត​ត្រា​របស់​ពួក​គេ​​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​ហើយ។ ​ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​កែ​ប្រែ​នយោបាយ​ទៅ​តាម​របៀប​បី​យ៉ាង​ ១. ចលនា​រីក​រាល​ដាល​ធំ​ពេគ​ធ្វើ​ឱយ​ការ​បង្ក្រាបនិង​ការ​ត្រួត​ត្រា​​របស់រដ្ឋពុំ​អាច​ទៅ​រួច​។ ២. រដ្ឋ​អស់​មាន​ឆន្ទៈ​ឬ​សមត្ថភាពនឹង​បង្ក្រាប​ត​ទៅ​ទៀត​។ ៣. ចលនា​អនុវត្ត​វិធី​អហិង្សា (មិន​សហការ​និង​អន្តរាគមន៍​) ​បង្កើត​ស្ថាន​ភាព​​​​បង្អាក់​ដំណើរ​ការ​នៃ​មុខ​ងារ​របស់​រដ្ឋ​ ធ្វើ​ឱយ​រដ្ឋ​ពុំ​អាច​ដើរ​បាន​ដោយ​ពុំ​កែ​ប្រែ​គោល​នយោបាយ​និង​រចនាសម្ពន្ធ​របស់​ខ្លួននោះ​ទេ​​។ កត្តា​មួយ​ចំនួន​ដែល​ជួយ​សំរួល​ដល់​ប្រសិទ្ធភាពនៃ​ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​ រួ​ម​មាន​ ទំហំ​របស់ចលនា​, កំរិត​ដែល​រដ្ឋ​ពឹង​ផ្អែក​លើ​ធន​ធានដែល​​​ជា​មុខ​សញ្ញា​ដៅ​ដោយ​ចលនា។​ ភាព​ស្ទាត់​ជំនាញ​របស់​គូ​ប្រជែង​ក្នុង​ការ​ជ្រើស​រើស​យុទ្ធ​សាស្ត្រ​ កល​យុទ្ធ​ វិធី​និង​បច្ចេក​វិធី​ ព្រម​ទាំង​ការ​ប្រើ​ឱយចំ​​កាលៈ​ទេសៈ​ ភាព​ក្រាញ​ននៀល​របស់​ចលនា​ពេល​ប្រឈម​មុខ​នឹងការ​បង្ក្រាប​ ការ​បង្កើន​ការ​គាំទ្រ​ពី​ភាគី​ទី​បី​ និង​ការ​បែក​ខ្ញែក​គ្នា​នៅ​ចំណោម​ពួក​វរជន​និង​យោធា​។ ទោះ​បី​យ៉ាង​ណា​ ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​ពុំ​មែន​ត្រឹម​តែ​បង្កការ​​​ខូច​ខាត​ដល់ក្រុម​​រដ្ឋាភិបាល​ទេ​ ចលនា​ក៏​ត្រូវ​ចំណាយ​​​កម្លាំង​ ធនធាន​ ពេល​វេលា​ច្រើន​ ដើម្បី​ធ្វើ​ឱយ​ការ​បង្ខិត​បង្ខំ​អាច​ទ្រ​ទ្រង់​បាន​យូរ​និង​ប៉ះ​ពាល់​ខ្លាំង​ដល់​រដ្ឋាភិបាលនោះ​ដែរ​ ទោះ​បីរដ្ឋ​ពឹង​ផ្អែកលើ​​ប្រជាជនខ្លាំង​ជា​ជាង​​ចលនាប្រជាជន​ពឹង​លើ​រដ្ឋ​ក៏​ដោយ​។ ដូច្នេះ​ ចលនា​មិន​ត្រូវប្រញាប់​បើកកុង​តាក់​​យន្ត​ការ​នេះ​នោះ​ឡើយ​ បើ​​សិន​​មិន​ទាន់មាន​សមាជិក​ច្រើន​​គ្រប់​គ្រាន់ មិន​ទាន់​​​រៀប​គំរោង​ការ​ច្បាស់​លាស់​ និង​ប្រមាណ​កម្លាំង​របស់​គូ​បដិបក្ស​មិន​ទាន់​ជាក់​​ ព្រម​ទាំង​​វាស់​ស្ទង់​អំពីឱកាស​ជោគ​ជ័យមិន​ទាន់​​​ប្រាកដ ពី​ព្រោះ​ចលនា​អាច​បាត់​បង់​ការ​ជឿ​ទុក​ចិត្ត​ពី​សមាជិក​របស់​ខ្លួន​និងពី​​សាធារណជន បើ​មាន​ការ​​ធ្វេស​ប្រហែលក្នុង​ការ​សំរេច​ចិត្ត​​ណា​មួយ​​។ ​​តំរូវការ​​ដែល​ចលនាទាម​ទារ​ក៏​គួរ​គប្បី​អាច​អនុវត្ត​បាន​នោះ​ដែរ​ ពុំ​ចេះ​តែ​ទាម​ទារ​ទាំងគ្មាន​​មូលដ្ឋាន​សម​ហេតុ​នោះ​ទេ​។ គេគួរ​តែ​ផ្តល់​អនុសាសន៍​ច្បាស់​លាស់​ជាក់​លាក់​ជា​គំរូ​ទៅ​របប​ដឹក​នាំ​ថា​ចលនា​ចង់​បាន​អ្វី​ឱយ​ប្រាកដ​ និង​រំឭក​ថា​បើ​រដ្ឋាភិបាល​​ពុំ​​ធ្វើ​តាម​ ចលនា​នឹង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របៀប​ម៉េច។ ឧ. ​ចលនា​ចង់​បាន​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ឯករាជ្យ​ រដ្ឋាភិបាល​ត្រូវ​ដក​សមាជិកណា​ដែល​ជាប់​ទាក់​ទង​គណបក្ស​នយោបាយ​ណា​មួយ​ពី​​ស្ថាប័ន​នោះ​ បើ​មិន​ធ្វើ​តាម ​ប្រជា​ជន​នឹង​មិន​ទៅ​បោះ​ឆ្នោត​ ឡោម​ពាត់​ការិយាល័យ​បោះ​ឆ្នោត​មិន​ឱយ​ដំណើរ​ការ​ មិន​ទទួល​ស្គាល់​គណបក្ស​ឈ្នះ​ឆ្នោត​។ល។ ​ ​​ចលនា​ក៏​ត្រូវ​វិនិច្ឆ័យ​ឱយ​ច្បាស់​ដែរ​​ថា ​ខ្លួនអាច​​ធ្វើ​ឱយ​ការ​ចង់​បាន​នោះ​​ទៅ​រួចបាន​​ក្នុង​កំរិត​ណា​ ចៀស​វាង​ការបរាជ័យមិន​អាចធ្វើ​ឱយ​សំរេច​ដូច​ការ​គ្រោង​ទុក​ ​គ្មាន​វិធី​ទប់​ស្កាត់​ពេល​រដ្ឋាភិបាល​មិន​ធ្វើ​តាម​ ការ​គាំទ្រ​សកម្ម​ពី​សាធារណជន​ថយ​ចុះ​ ​អន្តរជាតិសង្ស័យ​ពី​ភាព​ឋិត​ថេរ​នៃ​ចលនា​។​ ពេលនោះ​ហើយ​ ចលនា​នឹង​ចួប​​បរាជ័យ​ ទទួលបាន​​ការ​បង់​ខាត​ច្រើន​ និង​ត្រូវ​ចាប់​ផ្តើម​រៀប​ចំ​ផែន​ការ​និង​ប្រតិបត្តិ​សា​ជាថ្មី​ទៀត ហើយ​ច្បាស់​ណាស់​រដ្ឋាភិបាល​នឹង​ប្រុង​ប្រយត្ន​រិត​ត្បិត​សេរី​ភាព​ជាង​​​មុន​ ខ្លាច​មាន​ចលនា​ទ្រង់​ទ្រាយ​ធំ​ម្តង​ទៀត​។

ឃ. ការ​បំបែក​ចេញ

ការ​បំបែក​ចេញ​គឺ​ជា​យន្ត​ការ​ចុង​ក្រោយបង្អស់​​ដែល​រដ្ឋាភិបាល​ដួល​រំលំ​ទាំង​ស្រុង​ ដោយ​សារ​សកម្ម​ភាព​អហិង្សា​របស់​ប្រជាជន​រីក​រាល​ដាល​ដល់​​កំរិតធំមួយ​​ដែល​រដ្ឋ​ទប់​ទល់​លែង​ជាប់​ (៣,៥ភាគ​រយនៃចំនួន​​ប្រជាជន​ទាំង​មូល​)​។ នៅ​ពេល​ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សាត្រូវ​បាន​ដាក់​ចេញ​ មាន​ន័យថា​​ប្រភព​អំនាច​របស់​រដ្ឋ​ខ្លះ​បាន​បាត់​បង់​ទៅ​ហើយ។ ការ​បំបែក​រដ្ឋ​អំនាច​ចេញ​ពី​ប្រព័ន្ធ​ដឹក​នាំ​កើត​ឡើង​ នៅ​គ្រា​ដែល​កម្លាំង​របស់​ចលនា​ប្រជាជន​បាន​កើត​ដល់​ចំណុច​កំពូលនិង​​ឋិត​ថេរ ធ្វើឱយ​​ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​សកម្ម​ខ្លាំង​ លុះ​រដ្ឋ​អស់​សមត្ថភាព​ត្រួត​ត្រា​​។​ ក្នុង​ស្ថាន​ភាព​នេះ ចលនា​បាន​បំបែក​រដ្ឋ​អំនាច​ចេញពី​​ប្រព័ន្ធ​ ដោយ​ធ្វើ​ឱយ​សសរ​ស្តម្ភ​គាំទ្រ​របស់​រដ្ឋ​​ប្តូរ​ជំហរ​មក​ជួយ​​​​ចលនាវិញ​​។ ​ភ្នាក់​ងារ​បង្ក្រាប​ ដូច​ជា​យោធា​ ប៉ូលីស​ កង​សន្តិ​សុខ មិន​ស្តាប់​បញ្ជា​ អ្នក​នៅ​ក្នុងប្រព័ន្ធ​​ការិយាធិបតេយ្យ​ ដូច​ជា​មន្ត្រី​រដ្ឋ​ការ​ លែង​ស្តាប់​បង្គាប់​​ ធ្វើ​ឱយ​របប​ដឹក​នាំ​បាត់​បង់​អំនាច​របស់​ខ្លួន​ទាំង​ស្រុង​ ​ ដែល​លោក​ ជីន​ សាប​ អះ​អាង​ថា មិន​នៅ​សល់សូម្បី​តែអំនាច​គ្រប់​គ្រាន់​ដើម្បី​សុំ​ចុះ​ចាញ់​​។ នៅ​ក្នុង​ដំណាក់កាល​​នេះ​ ដរាប​ណា​របប​ដឹក​នាំ​ពុំ​ទាន់​ដួល​រំលំ​ទាំង​ស្រុង​ទេ​ គេ​មិន​ត្រូវ​បញ្ឈប់​ឬ​បន្ថយ​កម្លាំង​របស់ចលនា​នោះ​ទេ​។ បើ​យុទ្ធនាការ​​មិន​អាច​រក្សា​ការ​រីក​ចំរើន​ ឬ​អភិវឌ្ឍទៅ​មុខ​ ទំរំាំបើក​យន្ត​ការ​​បំបែក​ចេញ​នេះ​បានទេ​​ វា​​អាច​​ហុច​ឱកាសឱយ​​របប​ដឹកនាំ​​ត្រលប់មក​ពង្រឹង​​អំនាច​​សា​ជា​ថ្មី​ ​​​គ្រប់​ពេលវេលា​​។ ជន​ផ្តាច់​ការ​ថ្មី​និង​រដ្ឋ​ប្រហារ​ក៏​អាច​លេច​ឡើង​​ដែរ​ ក្នុង​កំលុង​ពេល​នោះ​​ ធ្វើ​ឱយ​ការ​តស៊ូ​កន្លងមក​​​ប្រែ​ក្លាយ​ជា​អសារ​​បង់​។ នៅក្នុងកាលៈ​ទេសៈ​​នោះ​ ចលនា​អាច​មាន​សត្រូវ​ថ្មី​និង​ពិបាក​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ថ្មី​ ប្រមូល​អ្នក​ចូល​រួម​​ឡើង​វិញ​ផង​ដែរ​​​។

ចលនា​ពុំ​ប្រាកដ​ថា​ត្រូវ​ការ​យន្ត​ការ​ទាំង​នេះ​បួន​ជា​​គំរប់​ទើប​អាច​សំរេច​បាន​ជោគ​ជ័យ​នោះ​ទេ​។ ​យន្ត​ការ​ចាំ​បាច់​គឺ​ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​និង​ការ​បំបែក​ចេញ​ ឯ​ការ​ប្តូរ​ជំហរក៏​សំខាន់​ដែរ​ តែ​វា​ពិបាក​សំរេច​បាន​និង​​​មិន​ងាយ​កើត​មាន​ លុះ​ណា​ចលនា​អាច​បើក​យន្ត​ការ​បង្ខិត​បង្ខំ​ដោយ​អហិង្សា​ក្នុង​ទ្រង់​​ទ្រាយធំ​​បាន​​សិន។ ឯ​យន្ត​ការ​​សំរួប​សំរួល​អាច​​ទៅ​រួច​ចំពោះ​បញ្ហា​តូច​ៗ​ប៉ុណ្ណោះ​ ផ្លាស់​ប្តូរ​របប​ផ្តាច់​ការ​មួយ​ គេ​ពុំ​អាច​ដើរ​តាម​ផ្លូវ​នេះ​នោះ​ទេ​។​ នៅ​ពេល​ប្រើ​វិធី​អហិង្សា​ គេ​ត្រូវ​ប្រាកដ​អំពី​ការ​បើក​គន្លឹះ​យន្ត​ការ​ទាំងបួននេះ​ ទើប​ចលនា​ដើរ​ដោយ​រលូន​។​​​​​

ភាព​ផុយ​ស្រួយ​និង​ចន្លោះ​ប្រហោង​​នៃ​របប​ផ្តាច់​ការ​

ditador-sherif-arafa

ជន​ផ្តាច់​ការ​មិន​ដែល​ខ្លាំង​ដូច​ដែល​​គេ​ប្រាប់​អ្នក​នោះ​ទេ​។

ប្រជាជន​ក៏​មិន​ដែល​ទន់​ខ្សោយ​ដូច​ដែល​ពួក​គេ​គិត​នោះ​ដែរ​។ — ជីន​ សាប

ជន​ផ្តាច់​ការ​មើល​ទៅ​ហាក់​ដូច​ជា​ខ្លាំងក្លា​​ គ្មាន​គូ​ប្រជែង​ណា​អាច​យក​ឈ្នះ​បាន។ ​​តាម​រយៈ​បទ​ពិសោធ​ដឹក​នាំ​ប្រទេស​​យូរអង្វែង​​ ស្គាល់​ក្រយៅ​អ្នក​នយោបាយ​ កំចាត់​អ្នក​ប្រឆាំង​ ទិញ​ទឹក​ចិត្តមនុស្ស​ អូស​ទាញ​អ្នក​ចេះ​ដឹង​ ពូកែ​បោក​ប្រើ ក្រឡេច​ក្រឡុច​ ​ម្តងប្រើ​មធ្យោបាយ​​​ត្រជាក់ ម្តង​​​ក្តៅ​ ជន​ផ្តាច់​ការ​មាន​ជំនាញ​ខាង​នយោបាយ​មិន​អន់​ទេ​។ មិន​តែ​ប៉ុណ្ណោះ​ ពួក​គេ​​ត្រួត​ត្រា​ភា្នក់​ងារជំនាញ​ ពួកមន្ត្រី​​រដ្ឋការ​ ប៉ូលីស​ កង​សន្តិ​សុខ​ កម្លាំង​យោធា​ គុក​ បន្ទាយ​ទាប់​ ការ​ប្រហារ​ជីវិត​ដោយ​ប្រើ​កាំភ្លើង​បាញ់​ទៀត​ផង​។ល។ កញ្ចប់​ថវិកា​ជាតិ​ ធន​ធាន​ធម្មជាតិ​ សមត្ថភាព​ផលិត​កម្ម​ ត្រូវ​បាន​ប្លន់​យក​ដោយ​ជន​ផ្តាច់​ការ​និង​​អាចយក​​ទៅ​ប្រើ​បានទៅ​​តាម​បំណងរបស់​គេ​។ ទោះ​បី​យ៉ាង​ណា​ របប​ផ្តាច់​ការ​​ក៏​មាន​ចំណុច​ខ្សោយ​ជា​ច្រើន​ ពុំ​មែន​ត្រឹម​តែ​ដោយ​សារ​​មេ​ដឹក​នាំ​ផ្តាច់​ការ​ ក្រាញ​អំនាច​ និយម​ប្រើកម្លាំង មិន​មាន​សមត្ថភាព​ដឹក​នាំ​និង​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ បក្ស​ពួក​និយម​​​​នោះ​ទេ​ ពោល​គឺ​ទាំង​បុគ្គល​ ក្រុម​ និង​ប្រព័ន្ធ​ទាំង​មូល​ មាន​បញ្ហា​តែ​ម្តង​។​ តាម​​​​​លោក​ ជីន​ សាប របប​ផ្តាច់​ការ​មាន​ភាព​ផុយ​ស្រួយ ១៧​ចំណុច​​ ​ដែល​លោក​បាន​អធិប្បាយ​ដោយ​សង្ខេប (២០១០, ទំ. ២៥-២៧)​។ លោក​ពុំ​បាន​បែង​ចែក​ជា​កត្តា​ដូច​ដែល​យើង​ធ្វើ​នៅ​ទី​នេះ​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ងាយ​យល់​ងាយ​ចាប់​បាន​ យើងសូម​​ចាប់​ជា​​ជា​ចំណែក​​​ដូច​ខាង​ក្រោម​៖

ក. ភាព​ទន់​ខ្សោយ​នៃ​​ប្រព័ន្ធ​​ផ្ទៃ​ក្នុង​​

៙ភាព​ចំរូង​ចំរាស់​នៃ​អំនាចរវាង​អ្នក​បង្គាប់​និង​អ្នក​ក្រោម​បង្គាប់​ ជន​ផ្តាច់​ការ​ត្រូវ​រក្សា​អំនាច​ខ្លួន​ឱយ​នឹង​នរ​ផង​ ត្រូវ​ប្រឹង​ទាក់​ទាញ​ប្រជា​ប្រិយ​ភាព​ឡើង​វិញ​ផង​ ត្រូវ​ទប់​ស្កាត់​ការ​តវ៉ា​ផង​ ​ដែល​បញ្ហា​ទាំង​អស់​នេះ​ សុទ្ធ​តែ​ពុំ​អាច​ធ្វើ​ឱយ​សម្រេច​ព្រម​គ្នាបាន​​ឡើយ​ ហេតុ​តែ​​សមត្ថភាព​នៃ​ប្រព័ន្ធ​ដឹក​នាំ​ក្នុង​ការ​បំពេញ​ការ​ងារ​អាច​​ប្រសើរបាន​​​ លុះ​ត្រា​តែ​មាន​កំណែ​ទំរង់ទ្រង់​ទ្រាយធំ​​មាន​ប្រសិទ្ធ​ភាព​ ​ប៉ុន្តែ​បើ​ពួក​គេ​ហ៊ាន​ដាក់ចេញ​នូវ​​កំណែ​ទំរង់​បែប​ឱយ​ប្រាកដ​ប្រជា​ ច្បាស់​ណាស់ ​វា​នឹង​នាំ​ឱយ​ប៉ះ​ពាល់​ដល់​អំនាច​ប្រមូល​ផ្តុំ​របស់​ពួក​គេ​យ៉ាង​ខ្លាំង​។ ភាព​ល្អក់​កករ​រវាង​ទំនាក់​ទំនង​មេ​និង​កូន​ចៅ​ ក៏​ជា​ឧបសគ្គ​ក្នុង​ការ​គ្រប់​​គ្រង​របស់​អ្នក​ថ្នាក់​លើ​ដែរ​ (មេ​មិន​ទុក​ចិត្ត​កូន​ចៅ)​ ឯ​កូន​ចៅ​វិញ​ខ្លាច​មេ​បោះ​បង់​ គឺ​ពួក​គេ​​ព្រួយ​បារម្ភ​ខ្លាច​ថ្នាក់​លើ​ដក​ហូតតំណែង​​ ធ្វើ​ឱយ​បាត់​បង់​​ប្រយោជន៍​របស់​គេ​។ កំណែ​ទំរង់​ដែល​ដាក់​​ចេញ ​ធ្វើ​តែ​ពី​ក្រោមហើយ​ ​មិន​សូវ​​​ពិត​ប្រាកដទៀតគឺ​ធ្វើ​ឱយ​តែ​បាន​តាម​ចិត្ត​មេ​ រាយ​ការណ៍​យក​តែ​គុណ​សម្បត្តិ​ ទោះកែទំរង់​តែ​​ឡើង​មិន​ទៅ​ដល់​លើកំពូល​ ពោល​គឺអ្នក​ធំ​ស្និទ្ធ​ខ្លាំង​នឹង​ជន​ផ្តាច់​ការ​នៅ​តែ​កាន់​តំណែង​ចាស់​ដដែល​ ​គ្មាន​កំណែ​ថ្នាក់​លើ​ជា​គំរូ​ឡើយ​​ នាំ​ឱយ​ប្រព័ន្ធ​ទាំង​មូល​គ្មាន​ការ​ប្រែ​ប្រួល​អ្វី​ច្រើនទេ​ ​ហើយ​ក៏​នាំ​ទៅ​រក​លទ្ធផល​ថ្មីមិន​កើត​ដែរ។ ឯ​ខាង​កង​ទាប់​និងនគរបាល​ទាហាន​​វិញ​ ទោះ​បីមនុស្ស​ក្នុង​​ស្ថាប័ន​នេះ​ឋិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ជន​​ផ្តាច់​ការ​ក៏​ដោយ​ ក៏​ពុំ​មែន​មាន​ន័យ​ថា ​ពួក​គេ​សុទ្ធ​តែ​ស្រប​នឹង​ការ​ដឹក​នាំ​របស់​របបនោះ​​​ទាំង​អស់​នោះដែរ​ ហើយ​ពួក​គេនោះ​អាច​​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ​ទោះ​បី​ខុស​ពី​បំណង​ថ្នាក់​លើ​ក៏​ដោយ​។ ក្នុង​ករណី​ជន​ផ្តាច់​ការទើប​តែ​បាន​​អំនាច​ ការ​ពង្រឹង​អំនាច​ទាម​ទារ​ពេល​វេលាក្នុង​កំរិត​គួរ​សម​មួយ ​​ដែល​មិន​ប្រាកដ​ថា​អំណោយផល​​សំរាប់​ពួក​គេ​ឡើយ​​។

៙​ថ្នាក់​លើ​ បើ​ថ្នាក់​លើ​បែង​ចែក​អំនាច​ទៅ​ថ្នាក់​ក្រោម (វិមជ្ឈការ​)​ ធ្វើ​ឱយ​ពិបាក​គ្រប់​គ្រង​ លែង​ស្តាប់​បញ្ជា​ ពួក​គេ​សង្ស័យ​ខ្លាច​មាន​គំនិត​ក្បដ​ឬ​ចុះ​ចូល​ភាគី​ផ្សេង​​ទៀត ពិសេស​គឺ​ភាគី​ប្រឆាំង​​។ ម្យ៉ាង ​ជន​ផ្តាច់​ការ​ពិបាក​សំរេច​ចិត្ត​ឱយ​បាន​ត្រឹម​ត្រូវ​សម​ហេតុ​ផលណាស់​​ ព្រោះ​មាន​គ្នា​តិច​ ខួរ​ក្បាល​តិច​ មិន​ទុក​ចិត្ត​ពត៌មាន​ពី​ថ្នាក់​ក្រោម ដូច្នេះ​ត្រូវ​រិត​បន្តឹង​ការ​គ្រប់​​គ្រង​ ដក​ចេញ​ ដាក់​ថ្មីជា​អាទិ​។ នៅ​ក្នុង​របប​ផ្តាច់​ការ ​គេ​មិន​និយាយ​ពី​ការ​ផ្ទេរ​អំនាច​ទេ​ គេ​និយាយ​ពី​ការ​ផ្ទេរ​បង្គាប់​។​ ប៉ុន្តែ​ បើ​ក្តាប់​អំនាច​ពេញ​ដៃពេគ​​ ​ដោះ​ស្រាយ​បញ្ហា​មិន​កើត ធ្វើ​ឱយ​អ្នក​ក្រោម​ឱវាទគ្មាន​ភាព​បត់​បែន​តាម​សភាព​ការ​ណ៍​ ឬ​គ្មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​និង​រាយ​ការណ៍​ឱយ​តែ​​រួច​ខ្លួន​ឬ​បន្លំ​ពត៌មាន​ពិត​ ផ្គាប់​ចិត្ត​មេ​ប៉ុណ្ណោះ​​​។ ដរាប​ណា​គ្មាន​ពត៌មាន​ច្បាស់​លាស់​ពី​ថ្នាក់​ក្រោម​ បើ​ថ្នាក់​លើហ៊ាន​សំរេច​ផ្តេស​ផ្តាស​ នឹង​ខុស​តែ​ម្តង​។

៙​ថ្នាក់​ក្រោម​ បើ​ពួក​មន្ត្រី​នៅ​ថ្នាក់​ក្រោម​​រាយ​ការណ៍​​ពិត​​ខ្លាច​មេ​យកទោស​ ថា​ការ​ងារ​គ្មាន​ការ​រីក​ចំរើន  ខ្លាច​មេ​ដក​តំណែង​ ​ទម្លាក់​ឬ​ប្តូរ​ទៅ​កន្លែង​ខ្លួនមិន​​ពេញ​ចិត្ត​។ ពួក​គេ​កំរ​អាច​បំពេញ​ការ​​ងារ​បាន​សំរេចណាស់​​​ ដ្បិត​ធ្លាប់​ពុក​រលួយ​ គ្មាន​សមត្ថភាព​​គេ​បន្តុប​ដាក់ ស៊ក​ទិញ​តំណែងទំរាំ​បាន​ ខំ​ទិញ​អ្នក​ចេះ​ដាក់​ក្បែរ​ខ្លួន​តែ​ខ្លួន​ឯង​គ្មាន​ចំណេះ​​​ មិន​ចេះ​ប្រើ​មនុស្ស​ ចូល​ចិត្ត​អ្នក​អែប​អបជា​​ដើម​។ ប៉ុន្តែ​ បើ​រាយ​ការណ៍​មិន​ពិតច្រើន​លើក​ពេគ​ក៏​​ខ្លាច​មេ​ស៊ើប​ដឹងដែរ​។ ជា​ទួទៅ​ បទ​បញ្ជា​ពី​ថ្នាក់​លើ​គិត​ពី​លទ្ធផល​ការ​ងារ​ជា​ជាង​គិត​ពី​សមត្ថភាព​របស់​អ្នកអនុវត្ត​និង​ចរិត​អ្នក​ធ្វើ​ការ ពោល​គឺ ​ថ្នាក់​លើ​មិន​យល់ពី​​ការ​លំបាក​របស់​អ្នក​ក្រោម​បង្គាប់ឡើយ​ ចេះ​តែ​បញ្ជា​តែ​ប៉ុណ្ណោះ​​​។​

ខ. មជ្ឈដ្ឋាន​សង្គម​

បញ្ញវន្ត​​ អ្នក​ស្រាវ​ជ្រាវ គ្រូ​សាស្ត្រាចារ្យ​ សិស្ស​និស្សិត​ លែង​គាំ​ទ្រ​​ នៅ​ពេល​មាន​ការ​រិត​ត្បិត​សេរី​ភាព​ខ្លាំង​ពេគ​។ ការ​បង្រា្កប​ ការ​បំបិត​សិទ្ធិ​ត​វ៉ា​ នាំ​ឱយពួក​គេ​មាន​ប្រតិកម្ម​មិន​ល្អ ​ទោះ​បញ្ចេញ​ឬ​មិន​បញ្ចេញ​ក្តី​។ ប្រជា​ពលរដ្ឋ​ កម្មករ​ដែល​ទទួល​រង​ការ​បង្រា្កប មាន​កំហឹង​កាន់​តែ​ខ្លាំង​ សូម្បី​តែ​អ្នកធ្លាប់​តែ​​គាំទ្រ​ក៏​ប្រែ​ទៅ​ជា​លែង​​គាំទ្រ​វិញ​ដែរ​។ បើ​ពួក​គេ​មិន​បង្រ្កាប ​​ការ​តវ៉ាជំទាស់​នឹង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ រីក​កាន់​តែ​ធំ​ តែ​បើ​បង្រ្កាប​ដូច​ចាក់​សាំង​លើ​ភ្លើង​។ បាតុភូត​សង្គម​នេះ​នាំ​ឱយ​មាន​ទំនាស់​រវាង​គ្នា​ឯង ​ដោយ​សារ​មាន​ទិន្នាការ​នយោបាយ​ផ្សេង​គ្នា​ ប្រកាន់​សាសនា​ ជាតិ​សាសន៍​ វណ្ណៈ​ នាំ​ឱយ​បញ្ហា​កាន់​តែ​ស្មុក​ស្មាញ​ បន្ថែម​នឹង​ភាព​តាន​តឹង​នយោបាយ​ទៀត​ នាំ​ឱយ​រឹង​រិត​​តែ​ធ្វើ​ឱយ​ជន​ផ្តាច់​ការ​ពិបាកត្រួត​ត្រា​​​។

គ. មនោគម​វិជ្ជា​និង​តថភាព​ជាក់​ស្តែង

នៅ​ពេល​ការ​ប្រឆាំង​ឬ​មិន​ពេញ​ចិត្ត​នឹង​របប​ផ្តាច់​ការ​កាន់តែ​​ខ្លាំង​ឡើង​ ធ្វើ​ឱយ​មនោគមវិជ្ជា​របស់​បក្ស​កាន់តែ​​ចុះ​ខ្សោយ​ បាត់​បង់​ការ​គាំ​ទ្រ​ពី​ខាង​ក្នុង មិន​អាច​​ភូត​ភរ​បិត​បាំង​​ការ​ពិតអំពី​​ភាព​ផ្តាច់​ការនិង​ការ​និយម​បក្ស​ពួក​របស់​ខ្លួន​ មាន​ន័យ​ថា​ អ្នក​ក្នុង​ចេះ​តែ​ស្រប​ប៉ុណ្ណោះ​តែ​ធាតុ​ពិត​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​ថ្នាក់​ដឹក​នាំ​ខ្លួននោះ​ទេ​​ ឯអ្នក​ក្រៅ​ការ​ដឹក​នាំ​រិត​តែ​មិន​ពេញ​ទៅ​ទៀត​។ របប​ផ្តាច់​ការ​ ជា​ទួទៅ​ អាច​បំរើ​បាន​តែ​ផល​ប្រយោជន៍​​មនុស្ស​មួយ​ក្តាប់​តូច​ ​នាំ​ឱយ​មនុស្ស​ភាគ​ច្រើន​ទាំង​នៅ​ក្នុង​ក្រុម​និង​ក្រៅ​ក្រុម​មិន​ពេញ​ចិត្ត​កាន់តែ​​ខ្លាំង​ឡើង​និង​ច្រើន​ឡើង។​

បន្ទាប់​ពី​បាន​ជ្រាប​អំពី​ភាព​ផុយ​ស្រួយ​នៃ​អំនាច​នៃរបប​ផ្តាច់​ការ​ យើង​អាច​ជឿ​បាន​ថា​ ពួក​គេ​មិន​ខ្លាំង​ដូច​ជា​ពួក​គេ​អួត​នោះ​ទេ។​ ដោយ​សារ​តែ​ពួក​គេ​ខ្សោយ​ ទើប​ពួក​គេ​ខំ​អួត​និង​បិត​បាំង​ ហើយ​បើ​អួត​កាន់​តែ​ខ្លាំង​ មាន​ន័យ​ថា​ពួក​គេ​កាន់តែភ័យ​ខ្លាច​​ពី​ការ​ធ្លាក់​ពី​អំនាច​ដែរ​។ សំអាង​លើ​ភាព​ផុយ​ស្រួយ​ទាំង​អម្បាល​ម៉ាននេះ គេ​មិន​គួរ​រង​ចាំ​កំណែ​ទំរង់​ ឬ​ជឿ​ជាក់​លើ​កំណែ​ទំរង់​ដែល​ជន​ផ្តាច់​ការ​សន្យា​នោះ​ឡើយ​ ​ទោះគេ​​មាន​ឆន្ទៈពិត​ឬ​មិន​មានក្តី​​ ​ក៏​កំរ​អាច​​ជោគ​ជ័យ​ដែរ​​ បើ​កែ​មាន​តែ​កែពី​​ស៊ី​សើៗ​មក​ស៊ី​ជំរៅ​ប៉ុណ្ណោះ​។​ ភាព​ផុយ​ស្រួល​នេះ​បណ្តាល​​មក​ពី​ឥទ្ធិពល​អាក្រក់​នៃ​អំពើ​ហិង្សាដែល​បង្កើត​បាន​រដ្ឋាភិបាល​ជំនាញ​ខាង​ច្បាំង​ជា​ជាង​ខាង​ដឹក​នាំ​ប្រទេស​  អាច​ដោះ​ស្រាយ​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​ ​​និង​បក្ស​ពួក​និយម​ដែល​ជា​អតីត​កង​កម្លាំង​យោធា​ជួយ​​វាយ​ដណ្តើម​​​អំនាចឱយ​ជន​ផ្តាច់​ការ​។​ ចំណុច​ពុក​ផុយ​អស់​ទាំង​នេះ​ជា​ចន្លោះ​ប្រហោង​ដែល​ហុច​ឱយ​ចលនា​ប្រជាជន​ដៅ​ជា​មុខ​សញ្ញា​ អាច​ធ្វើ​ឱយ​ពួក​គេ​​ជ្រុះចេញ​​ពី​អំនាច​លែង​បាន​ក្អេង​ក្អាង​បន្ត​ទៀត​​។ របប​ណា​ក៏​ដោយ​ឱយ​តែ​មិន​បំរើ​មនុស្ស​ភាគ​ច្រើន​ របប​នោះ​ត្រូវ​តែ​ដួល​រលំ​ដោយសារ​ផ្ទៃ​ក្នុង​ខ្លួន​ឯង​បង្ក​បញ្ហា​។​ មិន​មែន​ដោយ​សារ​ការ​ធ្វើ​បដិវត្ត​ន៍​ឬ​រដ្ឋ​ប្រហារដែលជា​កត្តា​ធ្វើ​ឱយ​រដ្ឋាភិបាល​ដួល​​​រំលំ​​​​ តែ​គឺ​ដោយសារ​​ប្រជាជន​​​លែង​គោរពតាម​និង​មិន​​គាំទ្រ​បន្ត​ទៅ​ទៀត​។ នេះ​គឺ​ជា​លទ្ធ​ផល​នៃ​​ការ​​ព្រងើយកន្តើយ​ពុំ​ខ្វល់​​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​អំនាចនិងម្ចាស់​​ធន​ធាន​រដ្ឋ​៕

អាន​បន្ថែម​៖

៙ជីន សាប (Gene Sharp). ២០១០. «ពី​​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​​: គម្រោង​គោលការណ៍​​សំរាប់​ការ​ទាម​ទារ​សេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះ​ពុម្ព​លើក​ទី​៤. សហរដ្ឋ​អាមេរិច:​ វិទ្យាស្ថាន​អាល់​បឺត​ អាញស្តាញ (The United State of America: The Albert Einstein Institute)។