ទ្រឹស្តីនិងការពិសោធទាំងប៉ុន្មានដែលយើងបានអធិប្បាយប្រាប់ អាចទៅរួចនិងអាចធ្វើឱយសកម្មឡើងបានឬមិនបានគឺជាបញ្ហានៃការដឹកនាំនិងភាពឈ្លាសវៃរបស់អ្នកដឹកនាំ។ ទោះបីដើម្បីឱយយុទ្ធនាការជោគជ័យ គេពុំត្រូវការអ្នកដឹកនាំប្រកបដោយគុណភាពពិសេសក៏ដោយ ក៏ចលនានៅតែតំរូវឱយអ្នកដឹកនាំមានចរិតលក្ខណៈជាគុណសម្បត្តិមួយចំនួនដែរ។ លោក រ៉ូបឺត ហ៊ែលវី បានលើកឡើងថា «ក្នុងចំណោមតួនាទីអ្នកដឹកនាំនៅក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យគឺកៀងគរប្រជាជន ផ្តល់គំរូឱយអ្នកចូលរួមនៅក្នុងការតស៊ូ បង្ហាញការជឿជាក់នៅពេលអ្នកដទៃទៀតសង្ស័យពីទិន្នផលនៃការតស៊ូ សំរេចចិត្តត្រឹមត្រូវឱយត្រូវពេលវេលា បន្តធ្វើឱយឋិតថេរបាននូវការគាំទ្រនិងការសហការចេញពីឆន្ទៈប្រជាជនដែលចាំបាច់សំរាប់ជ័យជំនះ។» តាមលោក ហ៊ែលវី (២០០៤, ទំ. ១០៨-១១៣) ដើម្បីសំរេចតួនាទីទាំងនេះ មេដឹកនាំគួរមានចរិតលក្ខណៈមួយចំនួន ធ្វើបានកាន់តែច្រើន កាន់តែល្អ ដូចជា៖ ១. ផ្តល់គំរូ, ២. ស្គាល់ប្រជាជនដែលខ្លួននឹងដឹកនាំ, ៣. មានជំនាញក្នុងការបំពេញភារកិច្ចរបស់ខ្លួន, ៤. ស្វែងរកនិងទទួលយកទំនួលខុសត្រូវ, ៥. ប្រគល្ភគុណសម្បត្តិទៅឱយសមាជិកពេលជោគជ័យ, ៦. ស្វាមីភក្តិ, ៧. ស្គាល់សត្រូវ, ៨. រៀនពីបទពិសោធ និងចុងក្រោយ ៩. បង្កើននិងយកឈ្នះការលំបាកអំពីបញ្ហាសមត្ថភាពរបស់អ្នកក្រោមបង្គាប់។
១. ផ្តល់គំរូ ចរិតនិងបុគ្គលិកលក្ខណៈរបស់មេដឹកនាំជះឥទ្ធិពលលើការគ្រប់គ្រង អ្នកក្រោមបង្គាប់និងចលនាទាំងមូល។ បើមេដឹកនាំមានពុតត្បុតយកចលនាធ្វើជានុយស្ទូចជំនួយបរទេស សម្តែងលោ្ខននយោបាយ មិនខ្វល់ពីប្រជាជន នោះអ្នកក្រោមបង្គាប់នឹងស៊ីជំនួយនោះ ធ្វើនយោបាយប្រជាភិថុតិដូចតែគ្នាដែរ។
២. ស្គាល់ប្រជាជនដែលខ្លួននឹងដឹកនាំ ដឹងថាប្រជាជនឋិតក្នុងស្រទាប់សង្គមណាខ្លះ ត្រូវការអ្វីខ្លះ មានជីវភាពរស់នៅដូចម្តេច មានការតស៊ូនិងចំណេះដឹងកំរិតណា ព្រមទាំងស្គាល់ឬមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកដែលគាំទ្រពួកគេនិងអ្នកអព្យាក្រឹតរបស់ពួកគេផងដែរ។
៣. មានជំនាញក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដឹងពីរបៀបយកឈ្នះ និងក្រៅពីជំនាញនិងចំណេះដឹងសំរាប់ធ្វើយុទ្ធនាការ មេដឹកនាំត្រូវយល់ដឹងថាទិដ្ឋភាពផ្សេងៗនៃភាពជាអ្នកដឹកនាំរបស់ខ្លួនជះឥទ្ធិពលដល់ទិន្នផលនៃការតស៊ូដែរ។ ការទាក់ទាញការចូលរួមពីសាធារណជន ស្វែងរកការគាំទ្រពីអន្តរជាតិ គ្រប់គ្រងធនធាននិងយកទៅប្រើដើម្បីយុទ្ធនាការ ដោយឆ្លងកាត់ការវិភាគដោយយកចិត្តទុកដាក់និងច្បាស់លាស់ ព្រមទាំងកាត់បន្ថយការខូចខាតឱយបានច្រើនបំផុតផងដែរ។ អ្នកដឹកនាំចាំបាច់ត្រូវយល់ពីរបៀបវាយតម្លៃស្ថានការណ៍ ជ្រើសរើសវិធីអហិង្សានានាដែលត្រូវអនុវត្តដើម្បីទៅដល់គោលដៅនៃផែនការយុទ្ធនាការ រៀបចំផែនការសកម្មភាពអហិង្សា ហើយបណ្តុះបណ្តាលអ្នកចូលរួមអំពីរបៀបអនុវត្តវិធីដែលត្រូវបានជ្រើសរើសនោះឱយបានជោគជ័យ។
៤. ស្វែងរកនិងទទួលយកទំនួលខុសត្រូវ អ្នកដឹកនាំមិនមែនទទួលតែត្រូវ រួចខុសមិនទទួលហើយទម្លាក់ទៅអ្នកក្រោមបង្គាប់នោះទេ។ អ្នកដឹកនាំដែលមានប្រសិទ្ធភាពចេះទទួលយកបរាជ័យក្នុងការបំពេញគោលដៅដែលបានរៀបចំ មិនបន្ទោសអ្នកដទៃ ទទួលស្គាល់ដំណើរការខុសប្រក្រតី កែតំរូវសភាពការណ៍ រៀនពីកំហុសឆ្គងនោះ និងបន្តយុទ្ធនាការទៅមុខទៀត។ គេអាចអធ្យាស្រ័យឱយមេដឹកនាំពេលបណ្តោយឱយមានកំហុសលើកដំបូង ប៉ុន្តែគេមិនអាចលើកលែងឱយមេដឹកនាំដែលពុំអាចរៀនពីកំហុសដដែលនោះបានទេ។ បើមានករណីនេះកើតឡើង សមាជិកសកម្មត្រូវដកហូតការសហការគាំទ្រ រួចបោះឆ្នោតរើសមេដឹកនាំថ្មីទៀតដែលគ្រាន់បើជាងមុន។
៥. ប្រគល្ភគុណសម្បត្តិទៅឱយសមាជិកពេលជោគជ័យ មេដឹកនាំពុំត្រូវឱបក្រសោបយកគុណសម្បត្តិតែឯងនោះទេ ហើយក៏ពុំចាំបាច់ធ្វើដូច្នេះដែរ នៅក្រោយពេលសំរេចគោលដៅមួយចំនួនឬជោគជ័យទាំងស្រុង ពីព្រោះក្នុងកែវភ្នែកសមាជិកទាំងអស់ នៅពេលមេដឹកនាំធ្វើត្រូវនិងដឹកនាំបានជ័យជំនះ នោះគុណសម្បត្តិធំរត់ទៅរកមេដឹកនាំដោយស្វ័យប្រវត្តិ ទោះមេដឹកនាំនោះព្យាយាមប្រកែកក៏ដោយ។ ហេតុនេះហើយ មេដឹកនាំមិនត្រូវដណ្តើមយកតែម្នាក់ឯង មិនចែករំលែកឱយសមាជិកទាំងអស់នោះទេ ពីព្រោះបើគ្មានពួកគេទេក៏សកម្មភាពតាមផែនការនានាទាំងអស់នោះ ពុំអាចសំរេចបាននោះឡើយ។ មេដឹកនាំល្អប្រើពាក្យ «យើង» ជំនួយពាក្យ «ខ្ញុំ» ដើម្បីបង្ហាញការទទួលស្គាល់វិភាគទានរបស់សមាជិកចំពោះចលនា។ ទោះមេដឹកនាំពូកែយ៉ាងណាក៏ដោយ បើគ្មានអ្នកធ្វើតាម ប្រឹងប្រែងអនុវត្ត ប្តូរផ្តាច់ ប្រលូកនឹងហានិភ័យដើម្បីបំពេញភារកិច្ចនីមួយៗនោះទេ គំនិត យុទ្ធសាស្ត្រ កលយុទ្ធរបស់អ្នកដឹកនាំគ្មានថ្ងៃទទួលបានជោគជ័យទៅតាមការរំពឹងទុកឡើយ។
៦. ស្វាមីភក្តិ ឬភាពស្មោះត្រង់ ពុំមែនតែអ្នកក្រោមបង្គាប់ទេត្រូវមានស្វាមីភក្តិនឹងអ្នកដឹកនាំ អ្នកដឹកនាំក៏ត្រូវស្មោះត្រង់នឹងអ្នកក្រោមបង្គាប់ខ្លួនដែរ។ ស្វាមីភក្តិមិនមែនន័យថាចេះតែស្របតាមបង្គាប់មេរបស់ខ្លួនរហូតនោះទេ ប៉ុន្តែក៏ត្រូវចេះជំទាស់គំនិត សកម្មភាព ការសំរេចចិត្តរបស់មេដឹកនាំដែលធ្វើឱយប៉ះពាល់ដល់ចលនាផងដែរ។ ស្វាមីភក្តិតំរូវឱយមានការបើកទ្វារចំហជូនការជំទាស់និងការលើកឡើងដោះស្រាយបញ្ហាពិភាក្សាទាំងអស់គ្នា។ មេដឹកនាំមានកាតព្វកិច្ចចំពោះក្រុមក្នុងការបង្កើតទំរង់ការនៅក្នុងការដឹកនាំ ដើម្បីបញ្ជាក់ឱយបានច្បាស់អំពីឱកាសស្មើៗគ្នារបស់សមាជិកក្នុងការលើកបញ្ហាមកពិភាក្សា។ នៅពេលផែនការសកម្មភាពដាក់ចេញ អ្នកដឹកនាំត្រូវធានាបានច្បាស់ថាអ្នកក្រោមបង្គាប់គ្មានការទើសទាល់និងអនុវត្តដោយអស់ពីចិត្ត។ ស្វាមីភក្តិក៏តំរូវឱយមេដឹកនាំសំរេចចិត្តបើកទូលាយឱយអ្នកមានសមត្ថភាពជាងគេបានចូលបំរើដំណើរការឱយអស់ដៃអស់ជើងដែរ។ ជារួម សា្វមីភក្តីពុំឋិតនៅលើបុគ្គលទេ តែគឺលើនៅចលនាឬប្រយោជន៍រួម ដែលអ្នកដឹកនាំនិងអ្នកត្រូវបានដឹកនាំសុទ្ធតែត្រូវជូនក្តីស្មោះត្រង់នេះជូនចលនានិងប្រជាជន។ អ្នកដឹកនាំខិតខំបញ្ជាអ្នកក្រោមបង្គាប់និងអ្នកក្រោមបង្គាប់ប្រឹងបំពេញការងារតាមតួនាទី ដើម្បីបំពេញស្វាមីភក្តីរួមគ្នានេះឯង។
៧. ស្គាល់សត្រូវ ពត៌មានទាក់ទងនឹងសត្រូវទាំងប៉ុន្មាន មេដឹកនាំត្រូវរៀបចំអ្នកប្រមូលទិន្នន័យនិងយកមកវិភាគឱយបានត្រឹមត្រូវច្បាស់លាស់។ គេត្រូវស្គាល់ថាសត្រូវជានរណាខ្លះ មានចំនួនប៉ុន្មាន មានកូនចៅប៉ុន្មាន ពួកគេគិតដូចម្តេច ធ្លាប់ធ្វើសកម្មភាពដូចម្តេចខ្លះ ពេលមានសម្ពាធ ពួកគេឆ្លើយតបយ៉ាងម៉េច ពួកគេជឿលើអ្វី អ្វីខ្លះដែលពួកគេគិតថាសំខាន់និងមិនសំខាន់ ដែលជាកត្តាគួរឱយយកមកពិចារណា អ្នកដឹកនាំក្នុងចំណោមគូបដិបក្សសំខាន់ៗណាខ្លះដែលជាឧបសគ្គរបស់ចលនា។ ដោយស្គាល់សត្រូវហើយ អ្នកយុទ្ធសាស្ត្រអាចដឹងពីប្រតិកម្មរបស់ពួកគេ និងត្រៀមខ្លួនបាន រៀបចំចលនាឱយប្រុងប្រៀបឱយហើយ ប្រាប់វិធីទប់ទល់និងវិធីបត់បែនពេលស្ថានភាពប្រែប្រួលខុសពីការរំពឹងទុកទៅកាន់សមាជិកដែលទទួលភារកិច្ចទាំងអស់។
៨. រៀនពីបទពិសោធ «វិធីរៀនដែលមានតម្លៃថ្លៃបំផុតគឺរៀនពីកំហុសខ្លួនឯង» ហ៊ែលវី បានពោលដូច្នេះ។ បើមិនអាចរៀនពីកំហុសខ្លួនឯងទេ នោះកំហុសដដែលនៅកើតឡើងម្តងហើយម្តងទៀតគឺខុសទាំងមិនដឹងខ្លួន ខុសទាំងមិនចាប់ទុកកំហុសនោះជាកំហុស យកខុសជាត្រូវ យកត្រូវជាខុសក៏មាន។ កំហុសបែបនេះគឺខុសយ៉ាងអសារបង់ដែលមិនអាចយកមកកែច្នៃឱយទៅជាមេរៀនបាន។ ការរៀនពីកំហុស ចំណុចត្រូវ និងរបៀបដែលចលនាដទៃយកឈ្នះបរាជ័យទាំងនោះ ក៏អាចជួយបានច្រើនដែរ តែទោះបីយ៉ាងណា ការសិក្សាពីបទពិសោធរបស់អ្នកដទៃក្នុងការធ្វើបាតុកម្ម មិនថាតាមរយៈការអានស្នារដៃរឬកម្មវិធីសិក្សានោះទេ វាពុំអាចធ្វើឱយអ្នកដឹកនាំក្លាយជាអ្នកយុទ្ធសាស្ត្រនោះទេ បើគេនោះពុំទាន់បានឆ្លងកាត់ផ្ទាល់ មានបទពិសោធខ្លួនឯង និងសំខាន់ជាងនេះទៀតគឺបានចួបពិគ្រោះផ្ទាល់នឹងអ្នកយុទ្ធសាស្ត្រតែម្តង។
៩. បង្កើននិងយកឈ្នះការលំបាកអំពីបញ្ហាសមត្ថភាពរបស់អ្នកក្រោមបង្គាប់ អ្នកដឹកនាំមិនអាចដើរទៅមុខ ចេះតែឯង យល់តែឯង ហើយអាចដឹកសមាជិកដែលតាមមិនទាន់នោះទៅមុខកើតនោះទេ។ ដូច្នេះ បញ្ហាសមត្ថភាពរបស់សមាជិកនិងសមត្ថភាពរបស់មេដឹកនាំក្នុងការបណ្តុះសមត្ថភាពសមាជិកគឺជាបញ្ហាប្រឈមខ្លាំង។ គេត្រូវចាត់តាំងមនុស្សឱយត្រូវនឹងការងារនិងសមត្ថភាពរបស់គេ ទើបជំរុញឱយមនុស្សនោះបញ្ចេញសមត្ថភាពអស់និងទិន្នផលការងារទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។ អាស្រ័យប្រការនេះ អ្នកដឹកនាំពុំមែនត្រឹមតែដឹងច្បាស់ពីចំណុចខ្លាំងនិងភាពប៉ិនប្រសប់របស់អ្នកក្រោមបង្គាប់ខ្លួននោះទេ ថែមទាំងជួយពួកគេឱយជំនះឧបសគ្គនិងភាពមានកំរិតនៃសមត្ថភាពរបស់ខ្លួន ឱយមានជំនឿថាអាចធ្វើបានផងដែរ។ ប្រាកដណាស់ ពេលយុទ្ធនាការចួបប្រទះឧបសគ្គធំ សត្រូវមានប្រៀបជាង បរាជ័យក្នុងការបំពេញគោលដៅ នោះអ្នកក្រោមបង្គាប់បាក់ទឹកចិត្ត អស់កម្លាំងតស៊ូ គ្មានជំនឿលើវិធីដែលខ្លួនប្រើប្រាស់ ទាំងអស់នេះគឺជាភារកិច្ចរបស់មេដឹកនាំដែលត្រូវលើកស្ទួយស្តារកេរតិឈ្មោះចលនាឡើងវិញ និងពិសេសធ្វើឱយពួកគេមើលឃើញថា យុទ្ធនាការនៅតែអាចជោគជ័យ ទោះរដ្ឋាភិបាលមានធនធាន កម្លាំង មធ្យោបាយ កូនចៅ ភ្នាក់ងារបង្ក្រាបច្រើនប៉ុណ្ណាក៏ដោយ។
ជាសេចក្តីរួម ចរិតលក្ខណៈរបស់មេដឹកនាំមិនចាំបាច់មានគ្រប់៩នេះ ទើបអាចដឹកនាំបាននោះទេ តែអ្នកដឹកនាំចលនាទាំងអស់សុទ្ធមានចូលក្នុងចរិតលក្ខណៈទាំងនេះ គ្រាន់តែខ្លះតិចខ្លះច្រើនប៉ុណ្ណោះ។ ទោះយ៉ាងណា ដើម្បីជោគជ័យ គេក៏ពុំចាំបាច់ត្រូវការបំពេញឱយគ្រប់ ៩ចំណុចនេះទេ។ នៅក្នុងចរិតលក្ខណៈទាំងនេះ ក៏មានបង្កប់តួនាទីរបស់អ្នកដឹកនាំដែរ ពោលគឺចរិតលក្ខណៈមានផ្ទុកតួនាទី។ ដោយសារពេលចលនាចាញ់គឺជាការខាតបង់ពលកម្ម ពេលវេលា ធនធាន អាយុជីវិតឬរបួសតិចឬច្រើន ទាំងអស់គ្នា ដូច្នេះអ្នកដែលមានអំនាចដឹកនាំដែលអ្នកទាំងអស់គ្នាស្តាប់តាមក៏ត្រូវទទួលខុសត្រូវខ្ពស់បំផុតដែរ។ លោក វីល្លៀម លេម្ប (William Lamb) រដ្ឋបុរសអង្លេសម្នាក់បានមានប្រសាសន៍ថា «ការមានអំនាចធំជាកម្មសិទ្ធិបង្កប់ន័យមួយមិនអាចប្រកែកបានថាមានទំនួលខុសត្រូវខ្ពស់។»