
នៅពេលប្រឈមមុខនឹងការបង្ក្រាប អំពើហិង្សាមិនមែនជាជំរើសចុងក្រោយឡើយ។ វិធីអហិង្សានៅតែអាចប្រើបាននិងមានប្រសិទ្ធភាព បើវិធីមួយទៅមិនរួច គេនៅសល់វិធីជាច្រើនទៀតដែលទៅរួច។ គេអាចយកទៅប្រើបានទៅតាមកាលៈទេសៈ ស្ថានភាពជាក់ស្តែង ថ្លឹងថ្លែងទៅតាមការសំរេចចិត្តនិងប្រតិកម្មរបស់ជនផ្តាច់ការ។ ជំនឿដែលថា នៅពេលមានការបង្ក្រាប បាតុករឈប់គាំទ្រនិងមិនចូលរួមបាតុកម្មទៀតនោះ គ្រាន់តែជាការពិតក្លែងក្លាយប៉ុណ្ណោះ។ពេលចួបប្រទះនឹងការបង្ក្រាប បាតុកម្មអហិង្សាមានសង្ឃឹមជោគជ័យដល់ទៅ ៤៦ភាគរយឯណោះ ផ្ទុយទៅវិញ កុបកម្មហិង្សាមានសង្ឃឹមតែ ២០ភាគរយទេ ពោលគឺបាតុកម្មអហិង្សាទំនងជាអាចជោគជ័យជាងកុបកម្មហិង្សាលើសពីពីរដង។ បាតុកម្មអាចឈ្នះនិងទាញយកប្រយោជន៍ពីការបង្ក្រាបបាន យោលតាមលោកស្រី ឆេណូវេថ ពីព្រោះមានហេតុផលចំបងពីរ៖
១. ការបង្ក្រាបដែលមានចេតនាចង់បំបែកបាតុកម្មមិនបានធ្វើឱយបាតុកម្មចុះខ្សោយទេបែរជាធ្វើឱយបាតុកម្មកាន់តែខ្លាំងទៅវិញ ពោលគឺការបង្ក្រាបបានបង្កើនកំរិតនៃការកៀងគរបាតុករឱយចូលរួមបន្ថែមទៀត (Mobilization)។ លោកស្រី ឆេណូវេថ មិនបានរកឃើញថា ការបង្ក្រាបធ្វើឱយបាតុកម្មចុះខ្សោយឡើយ វាអាចបន្ថយកំរិតសកម្មភាពបាតុកម្មក្នុងរយៈខ្លី ប៉ុន្តែក្នុងរយៈពេលវែង វាជំរុញឱយមានការកៀងគរប្រជាជនឱយចូលរួមចលនាក្នុងទ្រង់ទ្រាយធំទៅវិញ។ បាតុកម្មអហិង្សាមិនត្រឹមតែអាចជោគជ័យពេលប្រឈមដោយផ្ទាល់នឹងការបង្ក្រាបនោះទេ ប៉ុន្តែរបបដឹកនាំបើកការបង្ក្រាបដោយហិង្សាបែរជាបង្កើនឱកាសជោគជ័យឱយចលនា ២២ភាគរយថែមទៀត។ លោក ប៊្រៀន ម៉ារទីន (Brian Martin) ជាអ្នកវិទ្យាសាស្ត្រម្នាក់ដែលបានចំណាយពេលសិក្សាអំពីដំណើរការនេះ ហើយលោកបានហៅបាតុភូតនេះថា Backfire យើងសូមប្រែនៅទីនេះបណ្តោះអាសន្នថា «បដិផលឬប្រតិផល» ពោលគឺ ជាលទ្ធផលផ្ទុយពីការរំពឹងទុកដែលអ្នកប្រពឹត្តមានចេតនាចង់បាន។ យោលតាមលោក ការបង្ក្រាបរបស់របបដឹកនាំអាចទទួលបានបដិផល ល្គឹកណាអំពើអយុត្តិធម៌ ជារឿយៗគឺការវាយបង្ក្រាបដោយហិង្សាហុចផលអវិជ្ជមាន មកផ្លាតត្រូវអ្នកបង្កឡើងទៅវិញ៖ ក. ធ្វើឱយមានការផ្លាស់ប្តូរទំនាក់ទំនងអំនាចដោយពង្រឹងសាមគ្គីភាពក្នុងចលនាតវ៉ា ខ. ប្រជាជនគាំទ្រនិងចូលរួមកាន់តែច្រើន គ. បង្កើតឱយមានការខ្វែងគំនិតនិងទំនាស់ក្នុងចំណោមអ្នកគាំទ្រភាគីរដ្ឋាភិបាល ឃ. ការគាំទ្រពីខាងក្រៅរួមមានភាគីអន្តរជាតិដែលធ្លាប់តែគាំទ្ររដ្ឋាភិបាលបែរប្តូរមកគាំទ្រចលនាប្រឆាំងវិញ។
២. ការបង្ក្រាបមិនអាចប្រព្រឹត្តទៅបានឋិតថេរយូរអង្វែងឡើយ ពោលគឺ គេមិនអាចបង្ក្រាបគ្រប់ប្រជាជន គ្រប់ពេលវេលា គ្រប់ទីកន្លែងបានទេ។ បើបាតករនៅតែចួបគ្នាជាថ្មី ចលនានៅតែបន្ត នឹងនៅតែកើនសមាជិក។ ម្យ៉ាងទៀត ចលនាអាចផ្លាស់ប្តូរទីតាំងធ្វើបាតុកម្មមិនឱយអ្នកបង្ក្រាបដឹង បាតុកម្មនៅច្រើនកន្លែងផ្សេងគ្នា ប្រើវិធីបាតុកម្មដោយមិនចេញមុខផ្ទាល់នៅទីសាធារណៈ ឧ. វិធីបំបែកគ្នាទៅរកទីមានសុវត្ថិភាពពេលមានការបង្ក្រាប (Dispersion), វិធីនៅឱយឆ្ងាយពីកន្លែងគ្រោះថ្នាក់ (Stay away), ឬការតវ៉ានៅផ្ទះ សំងំមិនចេញទៅចួបជុំគ្នា (Stay at home protest),កូដកម្មឈប់សំរាកដោយខ្លួនឯង មិនព្រមទៅធ្វើការ ឬទៅធ្វើការតែធ្វើយឺត (Go slow)។ល។ អ្នកបង្ក្រាបមិនអាចដើរតាមបង្ក្រាបគ្រប់ប្រជាជនដែលមានចំនួនច្រើនជាងខ្លួនឡើយ ហើយទោះបង្ក្រាបបានក៏បានតិចនិងធ្វើមិនបានយូរដែរ។ នៅពេលមានការលំបាកបែបនេះ ភ្នាក់ងារបង្ក្រាបអាចអស់កម្លាំងធ្វើការ ដូច្នេះរដ្ឋាភិបាលត្រូវផ្តល់លុយបន្ថែមច្រើនឡើងរហូត ដើម្បីលើកទឹកចិត្តឱយពួកគេព្រមមកបំពេញភារកិច្ចបន្ត ស្របពេលប្រជាជនកាន់តែច្រើនពន្យារពេលធ្វើកូដកម្មទៀត ប្រព័ន្ធសេដ្ឋកិច្ចគាំងធ្វើឱយរដ្ឋាភិបាលពុំអាចស៊ូបានយូរឡើយ។ ក្រុមហ៊ុននានាក៏រងការខូចខាតខ្លាំងពីកូដកម្មដែរ ជាហេតុជំរុញឱយពួកគេដាក់សម្ពាធលើរដ្ឋាភិបាលនិងគ្មានលុយច្រើនទៅជួលកងសន្តិសុខឱយទៅបង្ខំបាតុករនោះទេ។ នៅពេលវិធីបំបែកគ្នាត្រូវបានប្រើដើម្បីគេចពីការបង្ក្រាប វានាំឱយកងកម្លាំងសន្តិសុខ អាជ្ញាធរ ប៉ូលីស យោធាទាហាន មានការលំបាកយ៉ាងខ្លាំងក្នុងការតាមបង្ក្រាបនិងចាប់ខ្លួន ពីព្រោះក្រុមបាតុករដើរខ្សែលើក្រុមអាជ្ញាធរត្រង់មានគ្នីគ្នាច្រើនទាំងពេលបំបែកគ្នាប្រសេចប្រសាចនិងពេលពួកគេធ្វើកូដកម្មនៅផ្ទះ មិនទៅធ្វើការ។ ការដែលបាតុករពួនសំងំនៅផ្ទះក្នុងតំបន់ដែលមានការប្រទូសសារាយ មិនចេញឱយពួកគេវាយនៅទីសារធារណៈ ពួកគេត្រូវដើរឆែកឆេរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីបង្ខំឱយបាតុករចូលទៅធ្វើការវិញ។ ទោះបីបាតុករគ្មានពាក់ម៉ាស់បិតមុខក៏ដោយ ក៏ចំនួនច្រើននៃបាតុករបានបង្កើនភាពអនាមិកដោយស្វ័យប្រវត្តិ ដូច្នេះអាជ្ញាធរពិបាកចំណាំអត្តសញ្ញាណបាតុករណាស់។ ពួកគេមានតែវាយឬសម្លុតពីផ្ទះមួយទៅផ្ទះមួយ ដោយមិនខ្វល់ថា អ្នកនោះបានចូលរួមបាតុកម្មឬអត់ទេ។ ការដើរបង្ក្រាបតាមផ្ទះ គ្មានប្រសិទ្ធភាពផងនិងមិនអាចធ្វើបានរហូតផង។ យើងដឹងហើយថា បាតុករទាំងអស់ ពុំមែននៅកន្លែងតែមួយ ដូចជានៅទីសាធារណៈ ឬតាមផ្លូវដូចកាលដែលដើរហែក្បួនផ្តុំគ្នាតវ៉ានោះទេ។ បាតុករមានទីលំនៅចួនក្បែរគ្នា ចួនឆ្ងាយពីគ្នា គេពិតជាត្រូវការកងសន្តិសុខច្រើនដើម្បីដើរបង្ក្រាបតាមផ្ទះ។ ការវាយបង្ក្រាបតាមផ្ទះបញ្ឈប់បាតុកម្មមិនបានហើយ នៅជំរុញឱយពួកគេផ្តុំគ្នាធ្វើបាតុកម្មជាថ្មីទៀត ព្រោះនៅពេលដែលពួកគេចេញទៅផ្តុំគ្នាក៏វាយ ពួនសំងំនៅផ្ទះសោះក៏វាយ គឺជំរុញឱយពួកគេចាកចេញពីផ្ទះទៅស្រុកកំណើត កម្លាំងពលកម្មរិតតែបាត់បង់ពីកន្លែងធ្វើការ ដោយហេតុថាពួកគេមិននៅផ្ទះផង ចង់បង្ខំពួកគេឱយទៅធ្វើការវិញ ក៏មិនដឹងថាទៅតាមរកពួកគេនៅឯណាដែរ។ នៅពេលគេដើរបង្ក្រាបតាមផ្ទះ នាំឱយប្រជាជនបិតទ្វារផ្ទះចាក់ចោរចាកចេញពីកន្លែងទៅផ្តុំគ្នាដដែល មិននៅផ្ទះឱយភ្នាក់ងារបង្ក្រាបវាយដោយងាយៗនោះទេ ព្រោះមានគ្នាកាន់តែច្រើន កាន់តែមានភាពកក់ក្តៅនិងសុវត្ថិភាព ហេតុនេះហើយទើបពួកគេផ្តុំគ្នាឡើងវិញ។ ការដើរបង្ក្រាបតាមផ្ទះនៅតំបន់បាតុកម្មធ្វើឱយផ្ទះដែលធ្លាប់តែជាកន្លែងមានសុវត្ថិភាពបំផុត ក្លាយជាទីអសុវត្ថិភាពបំផុតទៅវិញ។ ដរាបណាបាតុករចេះតែគេចវេះ មិនទៅបំពេញពលកម្មបំរើការងារឱយស្ថាប័នរបស់ពួកគេ ស្ថាប័នទាំងនោះនៅតែគាំងដំណើរ គេពុំអាចបង្ក្រាបប្រជាជនដែលបបួលគ្នាធ្វើជាពលរដ្ឋអត់ការងារធ្វើទាំងអស់គ្នាបានដែរ។ បាតុករនឹងបង្ខំចិត្តចាកចេញពីផ្ទះ ឬទោះនៅក៏នៅមិនសុខដែរ ជាពិសេស នៅពេលដែលពួកគេអាចមើលតាមបង្អួចឃើញឆាកប្រយុទ្ធផ្ទាល់នឹងភ្នែក ពួកគេរិតតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ នៅក្នុងតំបន់បាតុកម្ម ក្រោយពេលប្រជាជនទៅធ្វើបាតុកម្មអស់ អ្នកនៅផ្ទះមួយចំនួនតូចទៅជាមានអារម្មថាគ្មានសុវត្ថិភាពទៅវិញ។ គួរកត់សម្គាល់ផងដែរថា កងកម្លាំងសន្តិសុខទាំងនោះពូកែតែខាងវាយបង្ក្រាបប៉ុណ្ណោះ។ នៅពេលប្រឈមនឹងភាគីម្ខាងទៀតដែលមិនព្រមតដៃ បែរជាធ្វើឱយពួកគេពិបាក មិនងាយស្រួលដូចជាតតាំងជាមួយកុបករហិង្សាឡើយ។ ពេលចុះទៅបង្ក្រាប ពួកគេត្រូវលេងល្បែងដេញចាប់ជាមួយបាតុករដដែលៗរហូត វាពិតជាហត់និងគួរឱយធុញទ្រាន់ណាស់សំរាប់ពួកគេ។
លោក ខឺត ហ្ស៊ក់ (២០០៥, ទំ. ១០) បានបដិសេធមតិទួទៅដែលថា ការបង្ក្រាបកាត់បន្ថយប្រសិទ្ធភាពនៃវិធីអហិង្សារបស់ចលនា។ លោកអះអាងថា «យុទ្ធនាការប្រើប្រាស់សកម្មភាពអហិង្សាធ្លាប់បានជោគជ័យរហូតមកនៅក្នុងស្ថានភាពគាបសង្កត់ ហើយក៏មានករណីអប្រសិទ្ធភាពក្នុងការបើកចំហនយោបាយប្រជាធិបតេយ្យដែរ។ ប្រាកដណាស់ថា ការបង្ក្រាបដាក់កំរិតសមត្ថភាពរបស់គូប្រជែងក្នុងការរៀបចំចលនា ទាក់ទងគ្នា កៀងគរសមាជិក និងការចូលរួមក្នុងសកម្មភាពជាក្រុម ព្រមទាំងបង្កើនហានិភ័យនៃការចូលរួមសកម្មភាពរួមគ្នាទៀតផង។ តែទោះបីយ៉ាងណាក៏ដោយ ការបង្ក្រាបគ្រាន់តែជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀតដែលជះឥទ្ធិពលលើចម្ងាយផ្លូវទៅដល់គោលដៅនៃការតស៊ូដែលប្រើប្រាស់សកម្មភាពអហិង្សាប៉ុណ្ណោះ ប៉ុន្តែវាពុំមែនជាគ្រឿងកំណត់តែមួយនៃទិន្នផលរបស់យុទ្ធនាការនោះទេ។» យើងតែងតែគិតថា វិធីតវ៉ាដោយអហិង្សាមិនតបតនេះពុំអាចយកឈ្នះការបង្ក្រាបដ៏សាហាវរបស់កងរក្សាសន្តិសុខឡើយ វាមិនត្រឹមតែមិនសមទំនងនឹងវិចារណញ្ញាណប៉ុណ្ណោះទេ តែគឺព្រមទាំងផ្ទុយស្រលះពីសភាវគតិទៀតផង។ ទាំងអស់នេះកើតឡើងដោយសារការយល់ច្រលំអំពីពាក្យថា «យកឈ្នះ» ក្នុងបរិបទប្រយុទ្ធរបស់កុបកម្មហិង្សា។ បាតុកម្មអហិង្សាមិនមែនយកឈ្នះអ្នកបង្ក្រាបដោយវាយពួកគេឱយក្រាបចុះចាញ់នោះទេ តែគឺឈ្នះផ្លូវចិត្តរបស់ពួកគេ ដោយធ្វើឱយពួកគេឈប់បង្ក្រាបឬឈប់ស្តាប់បញ្ជាមេរបស់ពួកគេ។ លោក ខឺត ហ្ស៊ក់ (២០០៥, ទំ. ៤២-៤៣) ឱយហេតុផលចំនួនបួនអំពីអប្រសិទ្ធភាពនៃការបង្ក្រាប៖
១. ការបង្ក្រាបបង្កើនសាមគ្គីភាពនិងការប្តេជ្ញារបស់បាតុករចំពោះយុទ្ធនាការ ហើយប្រសិនបើពួកគេនៅតែបន្តសកម្មភាពជាក្រុមនិងរក្សាវិន័យអហិង្សារបស់ខ្លួន ទោះបីនៅចំពោះមុខការបង្ក្រាប ក៏ចំនួនសមាជិកថ្មីនឹងកើនឡើងជាបន្តបន្ទាប់ដែរ គឺសមាជិកថ្មីដែលបានមកពីក្រុមជំទាស់ដែលរងអំពើអយុត្តិធម៌របស់រដ្ឋាភិបាលនោះ។
២. ការបង្ក្រាបដោយហិង្សាទៅលើពលរដ្ឋដែលគ្មានអាវុធនៅនឹងដៃនឹងនាំឱយមានការចោទសួរងឿងឆ្ងល់យ៉ាងខ្លាំងពីភាពស្របច្បាប់របស់អាជ្ញាធររដ្ឋាភិបាល ក្នុងចំណោមក្រុមវរជននយោបាយ ដែលបាតុភូតនេះមិនងាយកើតឡើងឡើយក្នុងការបង្ក្រាបកុបកម្មហិង្សា។ បើការបែកខ្ញែកខ្វែងមតិរវាងវរជនទាំងនោះកើតមាន នោះការបង្ក្រាបនឹងបំណែកបង្កើតបាននូវចំណែកក្រុមវរជនស្របចលនាទៅតទល់មតិនឹងក្រុមវរជនប្រឆាំងចលនា។ ប៉ុន្តែទោះបីមិនទាន់មានការបែកខ្ញែកនោះកើតឡើងក៏ដោយ ក៏ការបង្ក្រាបនៅតែជំរុញឱយការបែកខ្ញែកនោះកកើតឡើងដែរ វាគ្រាន់តែជាបញ្ហាវេលាមុននិងក្រោយប៉ុណ្ណោះ។
៣. ការបែងខ្ញែកនេះក៏អាចកើតមានក្នុងចំណោមកងកម្លាំងការពារសន្តិសុខនិងយោធាដែរ ដោយមានក្រុមស្របនឹងចលនាបដិសេធមិនគោរពតាមបទបញ្ជាថ្នាក់លើ ក្នុងនោះលេចរូបភាពចេញជាការចាកចេញបោះបង់ការងារឬសុំច្បាប់ឈប់សំរាក ការមិនគោរពឬមិនធ្វើតាមសេចក្តីបង្គាប់របស់មេជាដើម។ ប្រតិកម្មរបស់ពួកគេចំពោះបាតុករអហិង្សាអាចមានជាសមានចិត្ត ទោះខ្លះមានតិចឬខ្លះមានច្រើន ប៉ុន្តែក្នុងករណីកុបកម្មហិង្សាវិញ វាជាបាតុកភូតដ៏កំរ ពីព្រោះជីវិតបុគ្គលផ្ទាល់របស់អ្នកបង្ក្រាបរងការគំរាមកំហែងពីអំពើហិង្សារបស់កុបករ។
៤. ភាគីទីបីនិងក្រុមសាធារណៈ មានដូចជាមហាជនទួទៅ ចលនាសង្គមឆ្លងប្រទេស អង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស ទំនងជាបញ្ចេញសកម្មភាពជំទាស់ទៅនឹងរដ្ឋាភិបាល ឬផ្តល់ជាការគាំទ្រដល់ភាគីប្រឆាំងរដ្ឋាភិបាលក្នុងស្ថានភាពដែលមានការបង្ក្រាបពលរដ្ឋគ្មានប្រដាប់អាវុធ ព្រោះអំពើព្រៃផ្សៃបង្ក្រាបដោយហិង្សាពន្លេចចេញនូវភាពមិនស្របច្បាប់របស់រដ្ឋាភិបាលថា ពួកគេកាន់អំនាចដោយអាស្រ័យលើកម្លាំងជាជាងភាពស្របច្បាប់។ ដំណើរការប្រព្រឹត្តទៅនេះអាចកើតឡើងតាមរយៈក្រុមទីបី កាលណាពួកគេបានដឹងឮអំពីព្រឹត្តិការណ៍បង្ក្រាប និងយកចិត្តទុកដាក់ខ្វាយខ្វល់អំពីផលវិបាកអវិជ្ជមាននោះ។ ការប្រឈមមុខគ្នាតទល់មិនស្មើភាពរវាងកងកម្លាំងសន្តិសុខរបស់រដ្ឋដោយមានប្រដាប់អាវុធនិងបាតុករតវ៉ាដោយដៃទទេ នឹងនាំឱយមានការរីករាលនូវទំហំភាពតានតឹងក្នុងប្រព័ន្ធផ្សព្វផ្សាយ មានប៉ះពាល់អាក្រក់យ៉ាងខ្លាំងទៅលើជំហររបស់រដ្ឋក្នុងការបន្តការបង្ក្រាបនិងជំរុញឱយភាគីទីបីចូលរួមដែរ។
អាស្រ័យលើហេតុទាំងបួននេះហើយ លោក ខឺត ហ្ស៊ក់ សន្និដ្ឋានថា «ចលនាអហិង្សានៅតែឋិតថេរនៅចំពោះមុខការបង្ក្រាប ដំណើរការទាំងនេះកាន់តែសកម្មឡើង។ រដ្ឋបញ្ចេញឱយឃើញនូវអំពើហិង្សារបស់ខ្លួន ផ្ទុយពីអំពើអហិង្សារបស់បាតុករ វាហុចផលអវិជ្ជមានទៅលើរដ្ឋខ្លួនឯងនិងនាំឱយមានការផ្លាស់ប្តូរមតិ [ចំពោះរដ្ឋាភិបាល] ដែលកែប្រែទំនាក់ទំនងអំនាច។ ប៉ុន្តែ ឋិតនៅក្នុងស្ថានភាពដែលគូប្រជែងរដ្ឋាភិបាល (កុបករ) ប្រើប្រាស់ហិង្សាវិញ ការបង្ក្រាបរបស់រដ្ឋនឹងត្រូវបានគេមើលឃើញថាត្រឹមត្រូវអាចទទួលយកបានទៅវិញ។»
ចំណុចដ៏សំខាន់បំផុតដែលជាលទ្ធផលគួរជាទីគាប់ចិត្តចំពោះចលនាប្រជាជន គឺការបែកខ្ញែកឬខ្វែងទស្សនៈគ្នាក្នុងចំណោមពួកអ្នកគាំទ្ររដ្ឋាភិបាលដែលកើតចេញមកពីការបង្ក្រាប។ លោកស្រី ឆេណូវេថ បានបន្តពិសោធបន្ថែមលើចំណុចនេះ ដោយពង្រីកករណីសិក្សា និងតេស្តឃើញថាសមត្មិកម្មនេះត្រឹមត្រូវប្រាកដមែន។ លោកស្រីបានហៅចំណុចនេះថា «ការផ្លាស់ប្តូរម្ចាស់ឬភក្តីភាព» (Loyalty Shift)។ លោកស្រីបានកំណត់យកការផ្លាស់ប្តូរភក្តីភាពនេះតែក្នុងចំណោមកងសន្តិសុខប៉ុណ្ណោះនិងគិតតាំងពីយុទ្ធនាការផ្តើមរហូតដល់បញ្ចប់ ព្រោះការកំណត់បែបនេះជារង្វាស់ម៉ត់ចត់ជាងគេ ដោយភ្នាក់ងារបង្ក្រាបជាឧបករណ៍ប្រឆាំងនឹងបាតុករសំខាន់ជាងគេ ទោះបីការផ្លាស់ប្តូរភក្តីភាពនេះក៏កើតមានក្នុងចំណោមក្រុមគាំទ្ររដ្ឋាភិបាលលផ្សេងទៀតក៏ដោយ ដូចជាពួកអ្នករដ្ឋការជាអាទិ។ លទ្ធផលនៃការសិក្សាបានរកឃើញថា យុទ្ធនាការដែលមានការចូលរួមទូលំទូលាយទំនងជានាំទៅរកការផ្លាស់ប្តូរភក្តីភាពនេះ គឺថាការចូលរួមឬចំនួនសមាជិករបស់យុទ្ធនាការកាន់តែកើនឡើង ការផ្លាស់ប្តូរភក្តីភាពកាន់តែទំនងជាកើតមាននិងរីករាលដាល នាំឱយការបង្ក្រាបកាន់តែមិនងាយកើតឡើង។ យុទ្ធនាការធំៗដែលមានការប្តេជ្ញាប្រកាន់ខ្ជាប់នូវការតវ៉ាដោយអហិង្សា ជាជាងធ្វើកុបកម្មដោយហិង្សា ទំនងជាជំរុញឱយមានការបោះបង់ការបង្ក្រាបរបស់កងសន្តិសុខ។ យុទ្ធនាការធ្វើឡើងក្នុងទ្រង់ទ្រាយធំមានសមាជិកច្រើន មានឱកាស ៦០ភាគរយក្នុងការជះឥទ្ធិពលលើកងសន្តិសុខឱយបោះបង់ភារកិច្ច និងមានការកើនឡើងមកពីយុទ្ធនាការអហិង្សាតូចបំផុតលើសពី ៥០ភាគរយ។ ចំណែកកុបកម្មហិង្សាវិញ ជ័យជំនះដោយឡែកចំពោះការទាញយកកងយោធាមកនៅខាងខ្លួនវិញ គឺនៅចន្លោះពី ១០ភាគរយទៅ ៤០ភាគរយ ហើយក៏អាស្រ័យទៅលើចំនួនសមាជិកកុបកម្មកើនឡើងដែរ។ តែមានរឿងមិនល្អមួយត្រង់ថា តទល់នឹងកុបកម្មហិង្សា កងសន្តិសុខមានតែរួបរួមឯកភាពនៅពីក្រោយរបបដឹកនាំ ធ្វើឱយពួកគេរឹតតែប្រយុទ្ធស្លាប់រស់ស្មោះស្មគ្រនឹងរបបដឹកនាំ ហើយរបបដឹកនាំក៏នឹងសម្អាតក្រុមអ្នកមានគំនិតប្រឆាំងចេញពីជួរទាប់ដែរ។ រឿងដ៏សំខាន់ជាក់ស្តែងដែលជំរុញឱយកងសន្តិសុខបោះបង់ការងារបង្ក្រាបរបស់ខ្លួន គឺមកពីចំណងខ្សែស្រលាយញាតិសន្តាននិងបណ្តាញទំនាក់ទំនងសង្គម ដែលចងភ្ជាប់សមាជិកខាងវរជនទៅនឹងប្រជាជនស៊ីវិលទាំងមូលដែលបានកើនឡើង។ ប្រសិនបើមានគេសុំសម្ភាសន៍អំពីការមិនបង្ក្រាប ពួកកងសន្តិសុខនឹងបន្លឺយ៉ាងសាមញ្ញថា «ខ្ញុំឃើញកូនរបស់ខ្ញុំនៅក្នុងហ្វូងបាតុករ» «ពួកម៉ាករបស់ខ្ញុំនៅក្នុងនោះ» ឬ «មានអ្នកជិតខ្ញុំនៅក្នុងចំណោមបាតុករ។» បណ្តាញសង្គមគ្រួសារទាំងអស់នេះនឹងកាន់តែអាចមានច្រើនឡើង នៅពេលដែលអ្នកចូលរួមយុទ្ធនាការកើនឡើងដែរ។ នេះក៏បង្ហាញពីហេតុផលមួយដែលក្រុមកងសន្តិសុខមានទំនោរអារម្មមួយគិតថាមិនល្អឬមិនត្រឹមត្រូវ ដែលវាជាឧបករណ៍វាស់ស្ទង់សមត្ថភាពរបស់ចលនាប្រឆាំង។ តំរូវការកញ្ចប់ថវិការដ្ឋរបស់ទាហាន ប៉ូលីស ថ្នាក់លើរបស់ពួករដ្ឋការ នាំឱយពួកគេពិចារណាចោទសួរអំពីជីវភាពរស់នៅថ្ងៃក្រោយ ហានិភ័យ និងថ្លៃខូចខាតជាច្រើនដែលអាចកើតមានចំពោះពួកគេ នៅពេលដែលប្រើសកម្មភាពហិង្សាទៅលើយុទ្ធនាការអហិង្សា។ ករណីកុបកម្មហិង្សាវិញ ពួកគេមិនចាំបាច់គិតគូរពិចារណាច្រើនអំពីប្រការខាងលើនេះទេ ព្រោះបង្ក្រាបក្រុមកុបករគឺជាជំរើសតែមួយគត់ដើម្បីបំបាត់ការគំរាមកំហែងសុវត្ថិភាពផ្លូវកាយរបស់ពួកគេ ម្យ៉ាងកុបករគ្រាន់តែជាក្រុមភាគតិចចេញមកពីចំនួនប្រជាជនទាំងមូលប៉ុណ្ណោះ ដូច្នេះកំរមានអ្នកស្គាល់គ្នាក្នុងនោះដែលអាចនាំឱយមានសមានចិត្តកើតឡើងណាស់។ យ៉ាងណាមិញ ក្នុងចំណោមអ្នករកស៊ីធំៗដែលស្និទ្ធនឹងរដ្ឋាភិបាលវិញ ការបន្តទំនាស់រវាងរដ្ឋាភិបាលនិងក្រុមបាតុករបង្កការខាតបង់ខាងសេដ្ឋកិច្ចខ្លាំងដែលជំរុញឱយពួកគេ ដាក់សម្ពាធបង្ខំរដ្ឋាភិបាលឱយសំរុះសំរួលផ្សះផ្សារធ្វើតាមការទារទាមរបស់បាតុករដែរ។
បាតុកម្មអហិង្សាអាចបង្កបង្កើតបាតុភូតវិជ្ជមានចំពោះចលនារបស់ខ្លួន និងអវិជ្ជមានចំពោះរបបដឹកនាំបាន លុះត្រាតែបាតុកម្មនោះអហិង្សា ពោលគឺវិន័យអហិង្សាគឺជាកត្តាចាំបាច់ណាស់ក្នុងការកំណត់វាសនាបាតុករ ផ្ទុយទៅវិញ បើបាតុករប្រែទៅប្រើកម្លាំងហិង្សានិងអាវុធ នោះបាតុភូតវិជ្ជមានដែលបំរុងនឹងកើតឡើងនឹងបាត់បង់ អ្នកទទួលផលគឺភាគីរដ្ឋាភិបាល។ ហេតុនេះហើយទើបភាគីរដ្ឋាភិបាលប្រឹងបញ្ចូលជនបង្កប់ទៅបំប្លែងចលនាឱយប្រែជាហិង្សា ព្រោះពួកគេខ្លាចពីឥទ្ធិពលនៃអំនាចអហិង្សារបស់ប្រជាជននេះឯង។ លោក ជីន សាប បានរំឭកថា «វិន័យអហិង្សាគឺជាគន្លឹះជោគជ័យនិងត្រូវតែរក្សាឱយបាន ទោះបីជនផ្តាច់ការព្យាយាមបង្កប់រនុកក្នុងមកបង្ករឿងនិងប្រើហិង្សាឃោរឃៅយ៉ាងណាក៏ដោយ។» បើគិតពីរឿងសីលធម៌ អហិង្សាគោលការណ៍គឺជាអំពើដ៏គួរឱយសរសើរនិងគួរឱយគោរព ដោយសុខចិត្តគេចវេះមិនប្រយុទ្ធ ឬបើចៀសមិនផុត សុខចិត្តឱយគេវាយមិនតដៃ ជាជាងដូចមនុស្សមួយចំនួនយល់ថាទន់ជ្រាយនិងគ្មានបានការ។ លោក ខឺត ហ្ស៊ក់ បានពន្លះចេញនូវសារៈសំខាន់ខាងយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សាដោយលើកឡើងថា «សំរាប់ការអនុវត្តជាក់ស្តែង វិន័យអហិង្សាគ្មានទាក់ទងអ្វីទាល់តែសោះនឹងសីលធម៌ ប៉ុន្តែអ្វីទាំងអស់គឺជាយុទ្ធសាស្ត្រ។ វាពាក់ពាន់នឹងការអប់រុំអ្នកចូលរួមអំពីអំនាចនៃសកម្មភាពអហិង្សា ផលវិបាកអវិជ្ជមានទៅថ្ងៃក្រោយនៃអំពើហិង្សា និងការបង្កប់រនុងក្នុងរបស់រដ្ឋដែលអាចអុចអាលឱយ [បាតុករ] មានប្រតិកម្មហិង្សា [ទៅនឹងការបង្ក្រាប] ដើម្បីរដ្ឋអាចធ្វើឱយការបង្ក្រាបដោយហិង្សារបស់ខ្លួនត្រឹមត្រូវស្របច្បាប់និងសមហេតុផល។» អំពើហិង្សាមិនត្រឹមតែសង្គ្រោះចលនាមិនបានទេ តែជួយឱយគំរោងការបំផ្លាញចលនារបស់រដ្ឋាភិបាលសំរេចទៅវិញ។ ដូច្នេះ តើបាតុករមិនត្រូវសូម្បីតែវាយការពារខ្លួនមែនទេ? ត្រង់ចំណុចនេះហើយដែលលោក ម៉េលខូម អ៊ីច (Malcolm X) អ្នករិះគន់ការតវ៉ាដោយអហិង្សារបស់លោក ម៉ារទីន លូធើរ ឃីង ថ្លែងជំទាស់ថា «វាជាទង្វើឧក្រិដ្ឋដែលបង្រៀនមនុស្សមិនឱយវាយការពារខ្លួន នៅពេលដែលពួកគេតែងតែជាជនរងគ្រោះពីការវាយប្រហារឃោរឃៅនោះ។» លោក ជីន សាប ក៏បាននិយាយដែលថា ហិង្សាបន្តិចបន្តួចការពារខ្លួនគឺជារឿងដែលពុំចៀសរួច ឬហិង្សាតិចតួច ដើម្បីរំដោះខ្លួនរត់គេចគឺអាចទទួលយកបាន ប៉ុន្តែគេពុំអាចយកមកលាយឡំនឹងហិង្សាចេតនារបស់បាតុករទៅលើភ្នាក់ងាររបស់រដ្ឋាភិបាលនោះទេ ទោះបីពួកគេមិនមែនជាជនបង្កប់ក៏ដោយ។ លោកក៏បានផ្តល់យោបល់ឱយកែនបាតុករចេញឱយឆ្ងាយពីក្រុមដែលប្រើហិង្សាទាំងនោះដែរ។ លោក ខឺត ហ្ស៊ក់ (២០០៥, ទំ. ៤៤) បានពន្យល់ហេតុផលយ៉ាងល្អអំពីភាពចាំបាច់នៃការមិនព្រមប្រើហិង្សារបស់បាតុករ ឬផលអាក្រក់នៃអំពើហិង្សារបស់បាតុករទៅលើបាតុកម្មខ្លួនឯង៖
១. ការឈឺចាប់និងបញ្ហារបស់បាតុករនឹងត្រូវបានរដ្ឋាភិបាលបង្វែរបន្លំទៅរកអំពើហិង្សារបស់បាតុករវិញ។
២. ចលនាប្រើមធ្យោបាយហិង្សាដែលជាចំណុចខ្សោយបំផុតរបស់ចលនារបស់ខ្លួនទៅវាយក្រុមរដ្ឋាភិបាលដែលមានកម្លាំងខ្លាំងបំផុតខាងប្រើហិង្សា ជាលទ្ធផលនាំឱយឱកាសដើរខ្សែលើរបស់ចលនាត្រូវបានយកចេញទៅបាត់និងបានទៅលើរដ្ឋាភិបាលវិញ។
៣. ប្រព្រឹត្តអំពើហិង្សាក្នុងចលនាបង្កើតឱយមានផលប៉ះពាល់អាក្រក់ផ្ទុយពីការចង់បាន (បដិផល) បង្ខំឱយក្រុមសាធារណៈនិងភាគីទីបីកាន់ជើងរដ្ឋាភិបាល ចលនានឹងស្រកចុះការគាំទ្រ រដ្ឋាភិបាលនឹងចាំត្រងប្រយោជន៍។ពាក្យចោទប្រកាន់របស់រដ្ឋាភិបាលថាចលនាប្រជាជនប្រើហិង្សានឹងក្លាយជាការពិត ជាហេតុនាំឱយគេជឿរដ្ឋាភិបាលវិញ រដ្ឋាភិបាលក៏មិនចាំបាច់ហត់ចំណាយប្រាក់បញ្ជូនជនបង្កប់ទៅបង្ករឿងដែរ។ រដ្ឋាភិបាលនឹងរិតតែរឹងមាំ អ្នកគាំទ្រដ៏ខ្លាំងក្លារបស់ចលនានឹងរវាតចិត្ត ទោះបីហិង្សារបស់បាតុករមានមូលហេតុសមរម្យក៏ដោយ។
៤. ហិង្សារបស់បាតុករនឹងជួយផ្តល់ហេតុផលស្របច្បាប់ត្រឹមត្រូវឱយការបង្ក្រាបរបស់រដ្ឋាភិបាល ក្នុងលេសរក្សាសណ្តាប់ធ្នាប់ អនុវត្តច្បាប់និងការពារសន្តិសុខជាតិ។ ទោះបីរបបដឹកនាំមិនគោរពច្បាប់ក៏ដោយ បើមានច្បាប់កំពូលការពារសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីនិងច្បាប់ព្រហ្មទណ្ឌការពារជនស៊ីវិលគ្មានអាវុធនៅនឹងដៃ រដ្ឋាភិបាលនឹងទទួលបានភាពស្របច្បាប់ដែលបាត់បង់នោះ បើសិនបាតុករប្រើហិង្សា។ សរុបមក ដរាបណាឱយតែរក្សាវិន័យអហិង្សាបានខ្ជាប់ខ្ជួន ទោះរដ្ឋបង្ក្រាបឬមិនបង្ក្រាបក៏ដោយ ចលនាប្រជាជននៅតែឈ្នះចិត្តទស្សនិកជនទាំងឡាយ បានការគាំទ្រពីមជ្ឈដ្ឋានសង្គមជាតិនិងអន្តរជាតិ និងបំបាក់ភាពស្របច្បាប់របស់រដ្ឋាភិបាល បង្ក្រាបកាន់តែខ្លាំង ចលនាកាន់តែចំណេញ រដ្ឋាភិបាលកាន់តែខាត។
លោកស្រី ឆេណូវេថ (២០១១) តាមរយៈករណីសិក្សាដោយឡែកផ្សេងពីការសិក្សាដែលធ្វើរួមនឹងលោកស្រី ស្ទីហ្វឹន អំពីបដិផលនៅក្នុងចលនាប្រជាជននៅតាមបណ្តាប្រទេសនៃតំបន់អារ៉ាប់ (Backfire in Arap Spring) មានដូចជា ទុយនេស៊ី ដែលមានលោក បេន អាលី (Ben Ali) ជាជនផ្តាច់ការ, អេហ្ស៊ីប មានលោក ហូស្ន៊ី មូបារ៉ាក់ (Husni Mubarak), លីប៊ី មានលោក មូអាមម៉ារ ហ្គាដាហ្វ៊ី (Muammar al-Qadhafi) និងបារ៉ែន មានលោក ហាម៉ាត់ អាល់ ខាលីហ្វា (Hamad Al Khalifa) ដែលគេនិយមស្គាល់ថាជា «និទាឃរដូវអារ៉ាប់»។ លោកស្រីបានអះអាងថា «អ្នកកាន់អំនាចពឹងផ្អែកលើការបង្ក្រាបក៏អាចជាប្រភពនៃចំណុចខ្សោយធំបំផុតរបស់របបដឹកនាំដែរ។ របបដឹកនាំត្រូវឱយលុយប៉ូលីសនិងទាហានដើម្បីបំពេញការងាររបស់ពួកគេ។ ហានិភ័យការងារកើនឡើង ថ្លៃចំណាយក៏ត្រូវកើនឡើងទៅតាមនោះដែរ ដើម្បីឱយពួកគេមកធ្វើការបន្ត។ គិតតាមដំណើរនយោបាយ ការបង្ក្រាបបានបំបាក់ភាពស្របច្បាប់របស់រដ្ឋាភិបាល នៅពេលដំណាលគ្នានោះដែរ វាក៏បង្កឱយមានការឈឺចាប់តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលវិញដែរ។ ការឈឺចាប់នេះបើត្រូវបានគេផ្សព្វផ្សាយទូលំទូលាយអាចធ្វើឱយជនផ្តាច់ការធ្លាក់ជ្រុះចេញពីកៅអីអំនាចរបស់ពួកគេបាន។» ដើម្បីធ្វើឱយការបង្ក្រាបផ្លាតមកត្រូវជនផ្តាច់ការវិញ មានកត្តាចាំបាច់មួយចំនួនដែលលោកស្រីបានពន្លះចេញពីករណីសិក្សាដោយឡែកនេះ៖
១. វិន័យអហិង្សា: ចលនានៅតែតវ៉ាដោយអហិង្សា រក្សាវិន័យអហិង្សា និងប្រើប្រាស់វិធីគេចវេះបញ្ចៀសពីការបង្ក្រាប ទោះបីរដ្ឋាភិបាលនៅតែចាត់វិធានតឹងរឹងយង់ឃ្នង និងបញ្ចូលជនបង្កប់មកបំប្លែងអុចអាលឱយមានអំពើហិង្សាកើតឡើងក៏ដោយ។
២. ការផ្សព្វផ្សាយជាសាធារណៈអំពីការបង្ក្រាប: បើព្រឹត្តិការណ៍បង្ក្រាបមិនត្រូវបានចែកចាយឱយសាធារណជនដឹងទេ នោះការបង្ក្រាបហាក់ដូចជាមិនបានកើតឡើងតែម្តង រដ្ឋាភិបាលក៏ងាយនឹងបោកប្រជាជន ព្រមទាំងបដិសេធរាល់ការទាក់ទងទាំងឡាយនឹងការបញ្ជាឱយបង្ក្រាបទៅលើប្រជាជននោះដែរ។ ដើម្បីទប់ស្កាត់ការទម្លាយចេញនូវអំពើឧក្រិដ្ឋរបស់ខ្លួន រដ្ឋាភិបាលបានចាប់ខ្លួនអ្នកសារពត៌មានក្នុងស្រុក បណ្តេញអ្នកសារពត៌មានបរទេស បិតបណ្តាញអគ្គិសនីនិងប្រព័ន្ធអ៊ីនធើរនេត រិតត្បិតអ្នកប្រើទូរសព្ទនិងបច្ចេកវិទ្យាពត៌មានចល័តដទៃទៀត។ ប៉ុន្តែសកម្មជននៅតែអាចទាក់ទងគ្នាដោយផ្ទាល់ ចែកចាយពត៌មានឱយគ្នាពីកុំព្យូទ័រមួយទៅមួយ បង្កើតខិត្តបណ្ណ សំនេរខ្លីៗ ភ្ជាប់ដោយរូបភាពជាដើម។ ទោះបីរដ្ឋាភិបាលកាត់ផ្តាច់បណ្តាញទំនាក់ទំនងក៏ដោយ គេនៅតែអាចផ្ទេរពត៌មានទៅសាធារណជនបានឱយតែមានភាពច្នៃប្រតិដ្ឋ ទង្វើរាំងខ្ទប់ពត៌មានរបស់រដ្ឋាភិបាលនោះមានតែរុញប្រជាជនឱយទៅចូលរួមចលនា ដើម្បីទទួលបានពត៌មានទៅវិញ។
៣. ភក្តីភាពរបស់កងសន្តិសុខ: កងសន្តិសុខនឹងមានជំហររេរា បង្វែរភក្តីភាពរបស់ខ្លួនពីរបបដឹកនាំមកចលនាប្រជាជនវិញ ពីព្រោះពួកគេជាប់ពាក់ពាន់នឹងមនុស្សនៅក្នុងចលនាប្រជាជន។ ចួនកាល ពួកគេមិនធ្វើតាមបញ្ជាឱយបង្ក្រាប ហើយក៏មិនចូលរួមបាតុកម្មជាមួយប្រជាជនដែរ គឺនៅរក្សាជំហរអព្យាក្រឹត ដែលទង្វើនេះធ្វើឱយរដ្ឋាភិបាលបាត់បង់សសរស្តម្ភគាំទ្រដ៏សំខាន់របស់ខ្លួន ប្រជាជនក៏គ្មានឧបសគ្គរារាំងចលនាបន្តទៀតដែរ។ ដើម្បីផ្តាច់ចំណងសង្គមរវាងកងកម្លាំងសន្តិសុខនៅតាមមូលដ្ឋាននិងប្រជាជនស៊ីវិល ជនផ្តាច់ការបានប្រើយោធាស៊ីឈ្នួលពីបរទេសមកបង្ក្រាបប្រជាជន។ មើលឃើញថាពិបាកធ្វើឱយទាហានបរទេសបោះបង់ការងារបង្ក្រាបរបស់ខ្លួន ចលនាប្រជាជនបានផ្លាស់ប្តូរវិធីផ្តុំគ្នាមកវិធីបំបែកគ្នា មិនប្រឈមមុខនឹងកងកម្លាំងបរទេស និងប្តូរមុខសញ្ញាពីកងកម្លាំងទាហានមកលើអ្នករដ្ឋការនិងអ្នករកស៊ីធំៗវិញ ដោយធ្វើកូដកម្មមិនទៅធ្វើការធ្វើឱយប្រព័ន្ធសេដ្ឋកិច្ចជាប់គាំង។ ដោយទាហានស៊ីឈ្នួលមានតម្លៃថ្លៃ រដ្ឋមិនអាចទ្រទ្រង់បានយូរឡើយ ជាពិសេស នៅពេលទាហានបរទេសទាំងនោះក៏បង្ក្រាបបាតុករមិនបាន បាតុករក៏នៅតែធ្វើកូដកម្មពលិការសេដ្ឋកិច្ចបន្ថែមទៀត។ បាតុករនៅតែអាចដកថយមួយរយៈ រង់ចាំក្រោយពេលទាហានបរទេសទៅផុត ចាកចេញពីប្រទេស រួចហើយប្រមូលផ្តុំក្រុមជាថ្មី ធ្វើបាតុកម្មបន្ត។
ក្នុងករណីដែលការបង្ក្រាបអាចបំបែកបាតុកម្មបានដោយជោគជ័យ គឺបណ្តាលមកពីភាពទន់ជ្រាយនិងអសមត្ថភាពរបស់មេដឹកនាំចលនាដែលគ្មានកលយុទ្ធគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការបង្ក្រាប និងពុំអាចបណ្តុះបណ្តាលបាតុករឱយខ្លាំងក្លារឹងមាំឥតភ័យខ្លាចបាន។ មិនមែនមកពីការបង្ក្រាបនោះទេដែលបញ្ឈប់បាតុកម្ម តែគឺកត្តាផ្លូវចិត្តរបស់បាតុករខ្លួនឯង ដូចជាការភ័យខ្លាច ឥតមានភាពអំណត់អត់ធ្មត់ ខ្វះភាពច្នៃប្រតិដ្ឋខាងកលយុទ្ធអហិង្សារបស់បាតុករ ដែលធ្វើឱយពួកគេបញ្ឈប់បាតុកម្មដោយខ្លួនឯង រួចហើយចូលទៅបំរើប្រព័ន្ធដឹកនាំវិញដដែល។ មិនមែនការបង្ក្រាបបំបែកបាតុកម្មដោយផ្ទាល់ទេ តែគឺដោយប្រយោល តាមរយៈការផ្តល់ជាគំរូគំរាមដល់អ្នកដែលធ្វើបាតុកម្មទាំងឡាយថានឹងទទួលរងលទ្ធផលដូចគ្នាបើពួកគេនៅតែបន្ត។ បើដរាបណាបាតុករនៅតែមានកម្លាំងចិត្តរឹងមាំ មានឯកភាពនិងសាមគ្គីភាព គេពិបាកបំបែកបាតុកម្មណាស់ ទោះសម្លាប់ឬចាប់ញាត់គុកប៉ុន្មាននាក់ក៏ដោយ។ ប្រសិនបើពួកគេកាន់តែរួមគ្នាក្លាហានឱយចាប់ខ្លួន អាជ្ញាធរប៉ូលីសកាន់តែមិនហ៊ានចាប់ខ្លួន ផ្ទុយទៅវិញ បើកាន់តែខ្លាច ភាគីរដ្ឋាភិបាលកាន់តែបានដៃ។ បើបាតុករមានកលយុទ្ធច្រើនក្នុងការធ្វើបាតុកម្ម ពិសេសវិធីទប់ទល់បញ្ចៀសការបង្ក្រាប មានការគ្រប់គ្រងនិងមានការរៀបចំផែនការសកម្មភាពត្រឹមត្រូវ នោះការបង្ក្រាបគឺជារឿងដែលគេងាយរំពឹងទុកនិងអាចងាយចៀសវាងបាន។ ប៉ុន្តែ បើបាតុករមិននឹកឃើញវិធីសាស្ត្រអ្វីដើម្បីគេចពីការបង្ក្រាបទេនោះ បាតុកម្មងាយនឹងបរាជ័យណាស់ ព្រោះភាពអស់សង្ឃឹមនិងភាពគ្មានការអត់ធ្មត់បង្ខំឱយពួកគេបោះបង់គោលជំហរមិនអាចបន្តទៅមុខទៀតបាន។ ក្នុងករណីនេះ បាតុកម្មអហិង្សាមិនអាចបង្វិលការបង្ក្រាបឱយមកពង្រឹងអំនាចបាតុកម្ម ស្រូបទាញសមាជិកថ្មីនិងកាត់បន្ថយកម្លាំងគូប្រកួតបាននោះទេ។ ការបង្ក្រាបធ្វើឡើងដើម្បីបំភ័យជាជាងដើម្បីបំបែក តែប្រសិនបើបាតុករចេះគ្រប់គ្រងភាពភ័យខ្លាច មិនឱយគេត្រួតត្រាបាន នៅតែបន្តបាតុកម្ម ហើយអាចចៀសវាងការបង្ក្រាបបានរហូតនោះ នឹងធ្វើឱយកងសន្តិសុខរេរាគោលជំហររបស់ខ្លួន។
សរុបមក ការបង្ក្រាបទំនងជាគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ចលនាប្រជាជនដែលរក្សាវិន័យអហិង្សានោះទេ មានតែជំរុញឱយការចូលរួមចលនាកាន់តែខ្លាំងទៅទៀត។ នៅពេលរដ្ឋពឹងផ្អែកលើប្រជាជនខ្លួងឯងស្ទើរតែទាំងស្រុង ប៉ុន្តែបែរជាប្រឹងបង្ក្រាបចលនាប្រជាជនដែលធំនិងចំរុះដោយសមាជិកគ្រប់ស្រទាប់សង្គមនោះ រដ្ឋទំនងជាមិនអាចកម្ទេចចលនានោះបានឡើយ ហើយនឹងទទួលបានបដិផលឬលទ្ធផលផ្ទុយទៅវិញ។ បាតុកម្មអាចជោគជ័យដោយមិនចាំបាច់ត្រូវការកត្តាខាងក្រៅទេ ទោះឋិតក្នុងរបបផ្តាច់ការឃោរឃៅយ៉ាងណា ឬទោះរបបនោះពឹងពាក់យោធាបរទេសមកបង្ក្រាបចលនាក៏ដោយ។ ដរាបណាឱយតែបាតុករនៅតែរក្សាវិន័យហិង្សា ផ្សព្វផ្សាយឱយបានទូលំទូលាយពីការបង្ក្រាបរបស់រដ្ឋាភិបាល ទាក់ទាញប្រជាជនដែលមានទំនាក់ទំនងនឹងកងកម្លាំងសន្តិសុខឱយចូលរួមបាតុកម្ម និងមានកលយុទ្ធចៀសវាងពីការបង្ក្រាប ក្រាញននៀលមិនឈប់តស៊ូ ប្រើវិធីមិនសហការនិងវិធីអន្តរាគមន៍ក្នុងទ្រង់ទ្រាយធំ នោះចលនាប្រជាជននឹងទទួលបានជ័យជំនះលើរបបដឹកនាំ ដោយដណ្តើមយកសសរស្តម្ភគាំទ្ររដ្ឋាភិបាល ដូចជាភ្នាក់ងារបង្ក្រាប ឱយមកឈរនៅខាងខ្លួនវិញ៕
ឯកសារយោង៖
៙ខឺត ហ្ស៊ក់ (Kurt Schock). ២០០៥. «កុបកម្មដោយគ្មានប្រដាប់អាវុធ: ចលនាអំនាចប្រជាជននៅតាមប្រទេសមិនកាន់របបប្រជាធិបតេយ្យ» (Unarmed Insurrections: People Power Movements In Nondemocracies). ឡុងដុន: រោងពុម្ពសាកលវិទ្យាល័យមីនេសូតា (London: University of Minnesota Press)។
៙អេរិខា ឆេណូវេថ (Erica Chenoweth) និង ម៉ារៀ ស្ទីហ្វឹន (Maria J. Stephan). ២០១១. «ហេតុដែលបាតុកម្មតវ៉ារបស់ប្រជាជនស៊ីវិលដើរ: ភាពសមហេតុផលផ្នែកយុទ្ធសាស្ត្រនៃទំនាស់ដោយអហិង្សា» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក: រោងពុម្ពសាកលវិទ្យាល័យកូលុំបៀ (New York: Columbia University Press)។
៙អេរិខា ឆេណូវេថ. ២០១១. «បដិផលនៅក្នុងនិទាឃរដូវអារ៉ាប់» (Backfire in Arap Spring). នៅក្នុង «បដិវត្តន៍និងការផ្លាស់ប្តូរខាងនយោបាយនៅមជ្ឈិមបូព៌ា» (Revolutiona and Politcal Transformation in Middle East). វ៉ាស៊ីនថុន ឌី ស៊ី: វិទ្យាស្ថានមជ្ឈិមបូព៌ា (Washingtone, D. C: Middle East Institute)។
Like this:
ចូលចិត្ត កំពុងផ្ទុក...