ការ​បែង​ចែក​ការងារ​នៅ​ក្នុង​បាតុកម្ម​

មាន​ការ​ងារ​ជា​ច្រើន​ដែល​អ្នក​ដឹក​នាំ​ អ្នក​យុទ្ធ​សាស្ត្រ​ត្រូវ​បែង​ចែក​សកម្មភាព​ទាំង​នោះ​ទៅ​តាម​ក្រុម​ការ​ងារ​អ្នក​បច្ចេក​ទេស​ទាំង​ឡាយ​ ដើម្បី​ពន្លឿន​ការ​ងារ​ គ្រប់​គ្រង​ និង​រៀប​ចំ​ទំនុក​បំរុង​សេវាកម្ម​ទាំង​ឡាយ​ឱយ​បាតុករ​។ ការ​បែង​ចែក​ពលកម្ម​ត្រូវ​បែង​ចែក​ទៅ​តាម​ជំនាញ​របស់​​បាតុករ​នីមួយៗ ដើម្បី​ពន្លឿន​ល្បៀន​កិច្ច​ការ​។  មាន​ការ​ងារ​ចាំ​បាច់​​ចំនួន​បី​ដែល​យើង​លើក​យក​មក​ជំរាប​ជូននៅ​ទី​នេះ​​៖

១. ភ្នាក់​ងារ​អប់​រុំ​និង​ពង្រឹង​វិន័យ​

មុន​ពេល​ដែល​អ្នក​ក្លាយ​ជា​អ្នក​ដឹក​នាំ​ ជោគ​ជ័យ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​កសាង​ខ្លួនឱយ​​រីក​ចំរើននោះ​ទេ​​

ពេល​អ្នកក្លាយ​ជា​អ្នក​ដឹក​នាំវិញ​​ ​ជ័យ​ជំនះ​គ្រប់​យ៉ាង​បាន​មក​ពី​ការ​​បណ្តុះ​បណ្តាល​អ្នក​ដទៃ​ទៀត​។

— ជេក​ វ៉េល​ឆ៍ (Jack Welch)​ ​

ការ​អប់​រុំ​បាតុករ​ទាំង​មូល​ ជា​ការ​ពិត​ ជា​ភារកិច្ច​របស់​មេ​ដឹក​នាំ​បាតុកម្ម​។ មេ​ដឹក​នាំ​មិន​មែន​គ្រាន់​តែ​ដឹក​ប៉ុណ្ណោះ​ទេ​ គឺ​ត្រូវ​ណែ​នាំ​ផង​ដែរ​ ពិសេស​គឺ​បង្រៀន​ពួក​គេ​ឱយ​ដឹក​ខ្លួន​ឯង​។ មេ​ដឹក​នាំ​ត្រូវ​ប្រើ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួនឱយ​មាន​ប្រយោជន៍​ដល់​បាតុកម្ម​ សេចក្តី​អ្វី​ដែល​ជំរុញ​ឱយ​មាន​អំពើ​ហិង្សា​ ដូច​ជា​ការ​ប្រមាថ​ ការ​រិះគន់​បញ្ចើច​បញ្ចើរ​ ចំអក​ឡក​លើយ​ ត្រូវ​ចៀស​វាង​។ ការ​​ពន្យល់​​អំពី​វិធី​អហិង្សាដោយ​អ្នក​ដឹក​នាំ​ផ្ទាល់​​ តាំង​ពី​ដើម​រហូត​ដល់​ចប់​ ដើម្បី​ឱយបាតុករ​ជឿ​ជាក់​លើ​បាតុកម្ម​និង​អ្នក​ដឹក​នាំ​ ពុំ​មែន​ចាំ​បាច់​តែ​នៅ​ពេល​ធ្វើ​បាតុកម្ម​ទេ​ តែ​សំរាប់​អនាគត​ប្រជាជនទាំង​មូល​តែ​ម្តង​។ នៅ​ក្នុង​ករណី​មាន​ពេល​វេលា​និង​ទីធ្លា​​គ្រប់​គ្រាន់​ នោះ​ច្បាស់​ណាស់​ គេ​ពិបាក​បញ្ជ្រាប​មេរៀន​អហិង្សា​នៅ​ក្នុង​បាតុករ​ដែល​ចេញ​ចូល​សេរី​ណាស់​។ ហេតុ​នេះ​ គេ​គួរ​បែង​ចែក​ភ្នាក់​ងារ​អប់​រុំ​តូចៗ​ ទៅ​តាម​ក្រុម​ដែល​មាន​ចំនួន​តូច​ល្មម​អាច​គ្រប់​គ្រង​និង​ងាយ​បណ្តុះ​បណ្តាល​ មិន​មែន​ត្រឹម​តែ​ដើម្បី​ការ​យល់​ដឹង​អំពី​បាតុកម្ម​អហិង្សា​ឱយ​ច្បាស់​នោះ​ទេ​ តែ​គឺ​ដើម្បី​វិន័យ​បាតុកម្ម​ផង​ដែរ​ ពិសេសណែ​នាំពី​ការ​ពារ​ខ្លួន​​​ពេល​មានការ​​បង្ក្រាប​​។​ ម្យ៉ាង​ទៀត​ គេ​អាច​បង្កើត​កម្ម​វិធី​ សិក្ខាសាលាធ្វើ​ឱយ​បាន​ច្រើន​ដង​ ស្វែង​រក​ជំនួយ​បណ្តុះ​បណ្តាល​ពី​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​ការ​ខាង​សកម្ម​ភាព​អហិង្សា​ ដូច​ជា​វិទ្យាស្ថាន​អាល់​បឺត​ អាញ​ស្តាញ ​​មជ្ឃមណ្ឌលអនុវត្ត​​សកម្មភាព​និងយុទ្ធ​សាស្ត្រ​អហិង្សា មជ្ឈមណ្ឌលអន្តរជាតិ​អំពី​​ទំនាស់​ដោយ​អហិង្សា​  (International Center on Nonviolent Conflict) ​ជា​ដើម​។ល។

២. ការ​ត្រៀម​សេវាកម្ម​សុខាភិបាល​

ការ​បង្ក្រាបបាតុកម្ម​​គឺ​ជា​ព្រឹត្តិការណ៍​ដែល​គង់​តែ​នឹង​កើត​ឡើង​។ ទោះ​បីចួន​កាល​​ការ​បង្ក្រាប​ដោយ​វិធី​មិន​សូ​វ​ហិង្សា​​ ដូច​ជា​ការ​ប្រើ​ឡាន​ទឹក​ឬ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ក៏​ដោយ​ បាតុករអាច​ផ្លាស់​ប្តូរ​វិធីពី​ការ​ប្រមូល​ផ្តុំ​ទៅ​ជា​ការ​បំបែក​គ្នាគេច​ចេញ​ពី​​ការ​បង្ក្រាប​ហិង្សា​បានដូច​​ធម្មតា​​។ ​តែ​មិនថា​​​អាជ្ញាធរ​ប្រើ​វិធី​ណា​មក​បង្ក្រាបបាតុកម្ម​ទេ​​ការ​​ប៉ះ​ទង្គិច​តិច​តួច​នៅ​តែ​អាច​កើត​មាន​ដោយ​ចៀស​មិន​រួច​។ យោល​តាម​ការ​រំពឹង​ទុក​នេះ​ អ្នក​ដឹក​នាំ​បាតុកម្ម​ត្រូវ​ត្រៀម​​រៀប​ចំ​ទំនុក​បំរុង​រាល់​គ្រឿង​បរិក្ខារ​ពេទ្យ​ដូច​ជា​ ពេទ្យ​ថ្នាំ​សង្កូវ​ ឧបករណ៍​។ល។ និង​គ្រូ​ពេទ្យដើម្បី​​ត្រៀម​បំរើ​សេវាកម្ម​សុខាភិបាល​ឱយ​បាតុករជាស្រេច​។ ក្នុង​នាម​ជា​មេដឹក​នាំ​ គេ​មិន​ត្រូវ​បណ្តោយ​ឱយ​បាតុករ​រង​គ្រោះ​ងាយៗ​ឡើយ​ ព្រោះ​ការ​រង​គ្រោះ​របស់​បាតុករម្នាក់​អាច​ប៉ះ​ពាល់ដល់​​អារម្ម​បាតុករ​ទាំង​ឡាយ​ផ្សេង​ទៀត​ ជីវិត​បាតុកម្ម​អាស្រ័យ​លើ​បាតុករ​។​ អ្វី​ដែល​គេ​មិន​គួរ​ភ្លេច​ផង​ដែរ​នោះ​គឺ​ថា ​ពេល​បង្ក្រាប​បាតុករ​ឱយ​មាន​របួស​ហើយ​ រដ្ឋាភិបាល​អាច​នឹង​រិត​ត្បិត​សេវាកម្ម​សុខ​ភាព​ពីក្រុម​​បាតុករ។​ ទោះ​គ្មាន​ការ​រិត​ត្បិត​ពី​អាជ្ញាធរ​​​​ក៏​ដោយ​ ក៏​អ្នក​គ្រប់​​គ្រង​មន្ទីរ​ពេទ្យ​មួយ​ចំនួនអាច​នឹង​​មិន​ចង់​ឱយ​ស្ថាប័ន​ខ្លួន​ពាក់​ពាន់​នឹង​រឿងនយោបាយដែរ​​ បំផុត​នោះ​គឺ​មន្ទីរ​ពេទ្យ​នោះ​ទោរ​ទៅ​រក​រដ្ឋាភិបាល​។​ បើ​ចួប​ប្រទះ​ករណី​នេះ​ បាតុករ​ត្រូវ​តែ​អត់​ធ្មត់​សន្សំ​កម្លាំង​ មិន​ត្រូវ​ប្រើ​ហិង្សា​បំផ្លាញ​សម្បត្តិ​សាធារណៈ​ឬ​ឯកជន​ ​នាំ​ឱយ​តែ​គេ​មាន​លេស​ចោទ​ប្រកាន់​ឡើយ​។ គេ​អាច​ប្រើ​វិធី​អហិង្សា​ ដូច​ជា​ ពហិការ​មិន​ទិញ​ឬ​ជួល​សេវាកម្ម​ ពោល​គឺ​បិត​ផ្លាក​ឬបាញ់​ថ្នាំ​សរសេរ​ជា​អក្សរ​ថា​ មន្ទីរ​ពេទ្យ​បំរើ​គណបក្ស​កាន់​អំនាច​ អំពាវ​ឱយ​ប្រជាជន​ឈប់មក​ពិនិត្យ​ព្យាបាល​នៅ​ពេទ្យ​​នោះ​ទៀត​។ មិន​យូរ​ប៉ុន្មាន​ មន្ទីរ​ពេទ្យ​នោះ​នឹង​ដួល​ដោយ​ឯក​ឯង​ បាតុករ​មិន​ចាំបាច់​​ចំណាយ​កម្លាំង​វាយ​បំផ្លាញឱយ​ហត់​​ឥត​ប្រយោជន៍​នោះ​ឡើយ​។​​ ហេតុ​នេះ​ បើ​យើងទាយ​ទុក​ដឹងជា​​មុន​ដូច្នេះ​ហើយ​ មេ​ដឹក​នាំ​ចលនា​គួរស្វែង​រក​​ទំនុក​បំរុង​សេវាកម្ម​ពេទ្យ​ទាំង​នោះ​នៅ​ពេល​សេវាកម្ម​ទាំងនោះ​​នៅ​អាច​រក​បាន​ ពោល​គឺ​ បង្កើត​ក្រុម​ពេទ្យឯក​រាជ្យ​ពី​រដ្ឋាភិបាល​ (និង​​រក្សា​ការ​សម្ងាត់​)​ ត្រៀម​បរិក្ខារ​ចាំ​សង្គ្រោះ​ជា​ស្រេច​ ពេល​អាសន្ន​អន្ធក្រ​។

៣. ភ្នាក់​ងារ​យក​ការណ៍​

រដ្ឋាភិបាល​បាន​បង្កប់​អ្នក​យក​ការណ៍​គ្រប់​កន្លែង​ដើម្បីឈ្លប​មើល​បាតុកម្ម​របស់​ប្រជាជន​។ យុទ្ធនាការ​​ក៏អាច​ប្រើ​វិធី​នេះ​ដូច​គ្នា​ យក​ល្បិច​ទល់​ល្បិចដែរ​​។ យើង​គួរ​​បង្កប់​ភ្នាក់​ងារ​យក​ការណ៍​ពី​ខាង​រដ្ឋាភិបាលនៅ​ទី​កន្លែង​បញ្ចេញ​កង​កម្លាំង​សន្តិ​សុខ​ទាំង​ប៉ុន្មាន​​​ ដើម្បី​ពេល​មាន​ការ​បញ្ជា​ឱយ​មាន​អន្តរគមន៍​ឬ​ការ​បង្ក្រាប​ អ្នក​ដឹក​នាំ​បាតុកម្ម​អាច​ដឹង​ជា​មុន​នឹងអាច​​ជំលៀស​បាតុករ​ពី​កន្លែងដែល​​ជា​មុខសញ្ញា​បង្ក្រាប​របស់​​កម្លាំង​ប៉ូលីស​បាន​​ទាន់​ពេល​ ព្រម​ទាំង​​ផ្លាស់​ប្តូរ​ទី​តាំង​ឬ​បំបែក​គ្នាឱយ​បាន​​មុន​ការ​បង្រា្កប​រហូត​។ ទោះ​បី​បាតុករ​អហិង្សា​មាន​ចំនួន​កុះ​​ករ​លំបាក​ចល័ត​និង​ផ្លាស់​ទី​ដោយ​ចំណាយ​ពេល​យូរ​ក៏​ធ្វើ​ឱយ​កង​កម្លាំង​​សន្តិ​សុខទាំង​​នោះមិន​ងាយ​បង្ក្រាប​ដែរ ​នៅ​ពេល​បាតុករ​ច្រើន​រំសាយ​គ្នា​ទៅ​គ្រប់​ទិស​ទី​។ យ៉ាង​ណា​មិញ​ គេ​​នៅ​តែ​អាច​វាយ​បក​សកម្មភាព​​បង្ក្រាបរបស់​អាជ្ញាធរ​​​ដោយលួច​ថត​សកម្មភាព​ រាយ​ការណ៍​​ការថ្កោល​ទោស​រដ្ឋាភិបាល​ពី​​ការ​​មិន​អន្តរាគមន៍​ ​បណ្តោយ​ឱយ​ក្រុម​ជនអនាមិក​ឬ​កង​ប្រដាប់​អាវុធ​​ប្រើ​ប្រាស់​ហិង្សា​លើ​​បាតុករគ្មាន​ទោស​ពៃរ​ដោយ​ល្មើស​ច្បាប់​ដែរ​។​​​​


បាតុកម្ម​ដោយ​ពុំ​អាស្រ័យ​លើតែ​​មេ​ដឹក​នាំ​

Leader on the back line

មុខ​ងារ​របស់​អ្នក​ដឹក​នាំគឺ​​បង្កើត​អ្នក​​ដឹក​នាំ​ឱយ​បាន​កាន់​តែ​ច្រើន​ មិនមែន​បង្កើត​អ្នក​ដើរ​តាម​កាន់​តែ​ច្រើននោះ​​ទេ​។

— រេភ​ នេឌើរ​ (Ralph Rader)

របប​ផ្តាច់​ការ​សំបូរ​តែ​អ្នកហៃ​អើ​​ស្តាប់​តាម អ្នក​ដើរ​តាម​ធ្វើ​តាម​ប៉ុណ្ណោះ ហេតុ​នេះ​ហើយ​ទើប​គុណភាព​​អភិបាល​កិច្ច​របស់​របប​នោះ​ខ្សោយ​។ ប្រជាធិបតេយ្យ​ពិត​ប្រាកដ​វិញ​ សំបូរ​អ្នក​ដឹក​នាំ​​មាន​សមត្ថ​​ភាព​ឱយ​ជ្រើសរើស អ្ន​ក​ណា​ក៏​មាន​សិទ្ធិ​អាច​ធ្វើជា​​អ្នក​ដឹក​នាំ​បានដែរ​ ហើយ​សមាជិកក៏មាន​អំនាច​សំរេច​ ជា​មេ​ដឹក​នាំ​មិន​មែន​មាន​ន័យ​ថា​ អាច​ធ្វើ​អ្វី​សំរេច​អ្វី​តាម​តែ​ក្បាល​ចិត្ត​នោះ​ទេ​។ ការ​ដែល​អ្នក​ចូល​រួម​ឬ​សមាជិក​មាន​​អំនាចសំរេច​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​ តែ​បើ​​អ្នក​ដឹក​នាំសំរេចចិត្តតែ​ឯង​​គ្រប់​យ៉ាង​ អ្នក​ចូល​រួម​គ្មាន​សិទ្ធិ​សំរេច​ដោយ​ស្មើ​ភាព​ គឺ​របៀប​ដឹក​នាំនោះ​ធ្វើ​​តាម​វិធី​​​ផ្តាច់​ការ​។ ​យោល​តាម​ការណ៍​នេះ​ហើយ​​ ​ប្រជាជន​គួរ​បារម្ភ​អំពី​ឥទ្ធិ​ពល​ខ្លាំង​ពេគ​របស់​មេ​ដឹក​នាំ​របស់​ពួកគេទៅ​លើ​​ចលនាដែរ​​​ ឬ​​ការ​ពឹង​អាស្រ័យ​ខ្វះ​មេ​ដឹក​នាំ​មិន​បាន​ ជា​ពិសេស នៅ​ក្នុង​ករណី​ដែល​មេ​ដឹក​នាំ​ផ្លាស់​ប្តូរ​ជំហរ​ ទៅ​សំរប​សំរួល​នឹង​របប​ដឹក​នាំ​យក​ប្រយោជន៍ យក​តំណែង​ យក​អំនាច​ មិន​គិត​ពី​សុវត្ថិភាព​បាតុករ​និង​ផល​ប្រយោជន៍​រួម​របស់​ចលនា​។ អ្នក​ដឹកនាំ​​បាតុកម្ម​ដែល​​ស្ថិត​​​នៅ​ខាង​ក្រៅ​ក្រុម​ ​មេ​ដឹក​នាំ​ចលនា​ដែល​ឋិត​ក្នុង​ជួរ​បក្សនយោបាយ​​ណា​មួយ​ ​បុគ្គល​ដែល​​មិន​រង​គ្រោះ​ពី​បាតុកម្ម​ មេដឹក​នាំ​បាតុកម្ម​ដែល​រត់​ចោល​​បាតុកម្មពេល​មាន​ការ​បង្រ្កាប​ មិន​គិតឬ​ធ្វើ​ជា​គិត​​ពី​បាតុករ​ ​តែចាំ​ទទួល​ផល​ដៃ​ពីរ​ពីបាតុកម្មពេល​​ឈ្នះ​។ល។ អ្នក​ដឹក​នាំ​ប្រភេទ​នេះ សមាជិក​មិន​គួរ​បណ្តោយ​ឱយគេ​​កាច់​ចង្កូត​បាតុកម្មឡើយ​ ព្រោះ​គេ​ក៏​អាច​ជា​មេដឹក​នាំ​ផ្តាច់​ការ​ដែរ គឺជន​ផ្តាច់​ការ​ដែល​ផ្តួល​របប​ផ្តាច់​ការ​មួយ​ដើម្បី​ជំនួស​កន្លែង​ជន​ផ្តាច់​ការ​ចាស់​ នឹង​អាល​ធ្វើ​ជា​មេ​ដឹក​នាំ​ផ្តាច់​ការ​ថ្មី​​ប៉ុណ្ណោះ​។​ ​ ពួក​គេ​អាច​នឹង​បោក​បាតុករ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​ឬ​នយោបាយពួក​គេ​​ប៉ុណ្ណោះ​ រួម​មាន​ ប្រជាប្រិយ​ភាព​ សន្លឹក​ឆ្នោត​ ទ្រព្យ​សម្បត្តិ ​លុយ​កាក់​ ជំនួយ​ក្នុង​ស្រុក​ឬ​បរទេស​។ល។ ក្នុង​បំណង​ទៅ​ត​​ថ្លៃ​នឹង​ភាគី​ម្ខាង​ទៀត​ប៉ុណ្ណោះ​។ ជា​ពិសេស​ ចលនា​មិន​គួរ​ជ្រើស​រើស​មេ​ដឹក​ជា​អ្នក​នយោបាយ​ឬ​ជន​បរទេស​ឡើយ​​ ព្រោះតែ​ពួក​គេ​ជា​ប្រភេទ​មនុស្សដែល​បាតុករ​​មិន​អាច​ទុក​ចិត្ត​បាន​ទោះមក​ពី​បក្ស​ណា​ជន​ជាតិ​​ណា​ក៏​ដោយ​។ និយាយ​នេះ​ពុំ​មែន​មិនឱយ​​អ្នក​នយោបាយ​ចូល​រួមទេ​ ដូចការ​សិក្សា​​បានបង្ហាញ​ហើយ​ថា​ អ្នក​ដែល​ពាក់​ពាន់​នឹង​របប​ដឹកនាំ​​ ដូច​ជា​មន្ត្រី​រដ្ឋ​ការ​ អ្នក​នយោបាយ​ អាច​ងាយ​នឹង​បង្កើត​ឱយមាន​ការ​ផ្លាស់​ប្តូរ​សា្វមីភក្តិ​​​​ បំបែក​ផ្ទៃ​ក្នុង​របប​និង​ការ​កាត់​បន្ថយ​ការ​បង្ក្រាប​។​ ប៉ុន្តែ ​ការ​ចូល​រួម​និង​ការ​ដឹកនាំ​មិន​ដូច​គ្នា​ទេ​​ អ្នកនយោបាយ​ចូល​រួម​និង​អ្នក​នយោបាយ​ដឹក​នាំ​ហុច​លទ្ធ​ផល​ខុស​គ្នា។ ​​បាតុករ​គួរ​រៀន​ដឹក​នាំ​ខ្លួន​ឯង​ រៀន​ពីយុទ្ធសាស្ត្រ​ធ្វើ​​បាតុកម្ម​អហិង្សា​ដោយ​ខ្លួន​ឯង ទ្រ​ទ្រង់​តំរូវ​ការ​ធន​ធានដោយ​ខ្លួន​ឯង​ ​ជ្រើស​រើស​មេ​ដឹក​នាំ​ដែល​យល់​ច្បាស់​គ្រប់​គ្រាន់​អំពីបាតុកម្ម​អហិង្សា​​ពី​ក្រុម​បាតុករ​ខ្លួន​ឯង,​ បើ​គ្មាន​ទេ​ យ៉ាងតិច​បំផុត​​ណាស់ត្រូវ​​ប្រឹក្សា​នឹង​​អ្នក​ជំនាញ​ កុំ​រំពឹង​មនុស្ស​ក្រៅ​ក្រុម​​ដែល​ផ្តល់​ជំនួយ​ដល់​បាតុកម្ម​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ម្យ៉ាង​ទៀត​ ទោះ​បី​មេ​ដឹក​នាំ​គ្មាន​បញ្ហាអាត្មា​និយម​​នេះ​​ក៏​ដោយ​ ការ​រំពឹង​លើ​មេ​ដឹកនាំ​​ដែល​មាន​ឥទ្ធិ​ពល​ពេគ​ នឹង​បើក​ចំហ​ចំណុច​ខ្សោយ​នៃ​ចលនា​ឱយ​ជន​ផ្តាច់​ការ​មើល​ឃើញ​ គឺ​ថា​ ចលនានោះ​មិន​អាច​គ្មាន​មេ​ដឹក​នា​ខ្លាំង​​បាន​ ​បើ​ចាប់​ខ្លួន​ឬ​ធ្វើ​ឃាត​មេ​ដឹក​នាំ​ចលនា​បាន​ នោះ​​ចលនា​នឹង​បរាជ័យ​ដោយ​ឯក​ឯង មិន​អាច​តស៊ូ​ក្រាញ​ននៀល​បន្ត​ទៀត​​ឡើយ​។ លោក​ ជីន​ សាប​ (១៩៩៩) ច្រាន​ចោល​ទស្សនៈ​យល់​ច្រលំ​ដែល​ថា​ ចលនា​អហិង្សា​ត្រូវ​ការ​មេ​ដឹក​នាំ​ដែល​មាន​លក្ខណៈ​ពិសេស​និង​ប្រកប​ដោយ​​ឥទ្ធិពល​ខ្លាំង (Charismatic Leader ក្នុង​វប្បធម៌​ខ្មែរ គេ​​និយម​ស្គាល់​ថា​ជា​ «អ្នក​មាន​បុណ្យ​» ទោះ​អត្ថន័យ​ខុស​គ្នា​តិច​តួច​ក្តី​)​ ដូច​ជា​ មហាត្មៈ​គន្ធី​ និង​ ម៉ារទីន​ លូធើរ​ ឃីង ​ជា​ដើម​ ​ទើប​អាច​ជោគ​ជ័យ​បាន។ លោក​បាន​មាន​ប្រសាសន៍​ថា​ «ការ​ប្រើ​ច្ចេក​វិធី [អហិង្សា​] មិន​តំរូវ​ឱយ​មាន​បុគ្គល​​​​មាន​ឥទ្ធិ​ពល​ពិសេស​ក្នុង​ការ​ដឹក​នាំ​នោះ​ទេ​​។ […] សកម្ម​ភាព​អហិង្សា​ជា​ច្រើន​ករណី​ណាស់​ រាប់​ទាំង​ករណី​ជោគ​ជ័យ​ផង​ អ្នក​ដឹក​នាំ​ចលនា​គ្មាន​លក្ខណៈ​ពិសេស​នេះ​នោះ​ឡើយ​​។​ […] ការ​កំណត់​​ផ្តល់​​គុណ​ភាព​ពិសេស​ជូន​អ្នក​ដឹក​នាំនៅ​ក្នុង​សកម្ម​ភាព​អហិង្សា​មាន​តែ​មានផល​ប៉ះ​ពាល់​អវិជ្ជមាន​លើ​ប្រសិទ្ធ​ភាព​នៃ​ការ​តស៊ូ​ទៅ​វិញ​ទេ​។ ពិត​​ណាស់​ នៅ​ពេល​ចំណេះ​អំពី​ជំនាញដែល​ត្រូវ​ការ​​និងអាកប្បកិរិយា​ដែល​ត្រូវ​ប្រកាន់​ខ្ជាប់​ក្នុង​ការ​អនុវត្ត​បច្ចេកវិធី​នេះ​ ព្រម​ទាំង​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​វា​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទួទៅ​ហើយ​​នោះ​ តំរូវការ​​អ្នក​ដឹក​នាំ​ខ្លាំង​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ ទោះ​បី​អ្នកដឹក​នាំ​នោះ​​មាន​ឥទ្ធិពល​ពិសេស​នោះ​ឬ​មិន​មាន​ក្តី​។» លើស​ពី​នេះ​ ការ​សិក្សារបស់​​លោក​ស្រី​ ឆេណូវេថ​ ក៏​បាន​គាំទ្រ​គំនិត​របស់​លោកដែរ ​​ដោយ​រក​ឃើញ​​ថា​ «របៀបដែល​​តួនាទី​អចិន្ត្រៃយ​របស់​មេ​ដឹក​នាំ​ប្រកប​ដោយ​​ឥទ្ធិពល​មានចំពោះ​ចលនា​ អាច​ប៉ះពាល់​​លើលទ្ធ​ភាពនៃ​​​ប្រជាធិបតេយ្យ​ទៅ​ថ្ងៃ​អនាគត​​​។ ចលនាដែល​​ពឹង​ផ្អែក​លើ​អ្នក​ដឹក​នាំ​ដែល​មាន​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​ នោះ​ដំណើរ​ផ្លាស់​ប្តូរ​ទៅ​កាន់​ប្រជាធិបតេយ្យ​កាន់​តែ​ពិបាក​ ពី​ព្រោះ​នយោបាយ​មាន​ទំនោរទៅ​បុគ្គលជា​ជាង​ស្ថាប័ន​។ ការ​ពឹង​ផ្អែក​ខ្លាំង​ពេគ​​លើ​បុគ្គលិក​ភាពតែ​មួយ​​ក្នុង​របៀប​ដឹក​នាំនៅ​ក្នុង​ចលនា​ទំនង​ជា​កំរិត​យុទ្ធនាការ​ពី​ចំណុច​គន្លឹះ​ណា​មួយ​។ ក្នុង​ករណី​ប្រទេស​ភូមា​ ត្រកូល​គ្រួសារ​របស់លោក​ស្រី​​ អ៊ុង​ សាន​ស៊ូ​ជី​ រារាំង​លោក​ស្រី​ពី​ការ​បើក​កុង​តាក់​សំខាន់​មួយ​នៃ​អានុភាព​​ចលនា​ពោល​គឺ​ ការ​បែក​ខ្ញែក​ក្នុង​ក្រុម​​យោធា ដែល​ទំនង​ជា​ចាំ​បាច់​សំរាប់​ជោគ​ជ័យ​របស់​​យុទ្ធនាការ​អហិង្សា​​។ [លោក​ស្រី​មិន​ចង់​ឱយ​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​កង​ទាប់ ព្រោះ​ពួក​គេ​​ជា​សមិទ្ធផល​របស់​ឪ​ពុក​លោក​ស្រី​​]​​​​​​​​​» ដូច​បាន​ជ្រាប​ស្រាប់​ហើយ​ថា​ របប​ផ្តាច់​ការ​មាន​លក្ខណៈ​បុគ្គល​និយម​ ស្តាប់​តាម​តែ​មេដឹក​នាំ​ប្រើ​ គ្មាន​សិទ្ធិ​ស្វ័យ​សំរេច​ ដំណើរ​ការ​ងារ​យឺត​យ៉ាវ គឺ​ថា​ក្នុង​របប​នេះ​ ស្ថាប័ន​ទាំង​អស់​ហាក់​បី​ដូច​ជា​កម្ម​សិទ្ធិ​របស់​ជន​ណា​មួយ​​ ហេតុ​នេះ​ហើយ​ បើ​ចលនា​មួយ​ធ្វើ​ឡើង​ដើម្បី​បណ្តុប​មេ​ដឹក​នាំ​ថ្មី​ មិន​​បង្កើត​យន្តការ​ជា​ប្រព័ន្ធ​ តាម​រយៈ​ស្ថាប័ន​ ពោល​គឺ​ យន្ត​ការ​សំរេច​តាម​បែប​ប្រជាធិបតេយ្យ ​ដូច​ជា ការ​​បោះ​ឆ្នោត​សំរេច​ចិត្ត​ពី​សមាជិក​ពីរ​ភាគ​បី​ ការ​ផ្តាច់​ស្ថាប័ន​ទាំង​ឡាយ​ពិសេស​ដូច​ជា​ តុលាការ​ សភា​​ កង​យោធា​ ភ្នាក់​ងារ​ពត៌មាន​ ឱយនៅ​ដោយ​ឡែក​គ្មាន​ជាប់​ជា​សមាជិក​បក្ស​ណា​មួយ ឬ​មិន​ទទួល​រង​ឥទ្ធិ​ពល​បក្ស​ណា​មួយ ​គឺ​សំខាន់​ណាស់ដើម្បី​ធានា​អនាគត​ប្រជាធិបតេយ្យ​។ ​ បើ​ប្រជាជន​បណ្តោយ​ឱយ​មេ​ដឹក​នាំ​ថ្មី​​មាន​អំនាច​​បញ្ជា​សព្វ​បែប​​យ៉ាង​ហើយ គេ​​​នឹង​ប្រមូលផ្តុំ​​អំនាចនិង​បក្ស​ពួក​ កំចាត់​អ្នក​ប្រឆាំង​ ​រួច​កសាង​ខ្លួន​ធ្វើ​ជា​ជន​ផ្តាច់​ការ​ថ្មីពុំ​ខាន​​ ដោយ​សំអាង​លើ​សេចក្តី​ទុក​ចិត្ត​ដែល​ប្រជាជន​ផ្តល់​ឱយ គុណ​សម្បត្តិ​របស់​គេ​ (ក្នុង​ករណី​ជន​នោះ​ជា​អតីតមេ​​​ដឹក​នាំ​ចលនាឱយ​សំរេច​ជោគ​ជ័យ​​) ក្រោយ​ពេល​ផ្តួល​រំលំ​របបផ្តាច់​ការ​​ចាស់​បាន​ជោគ​ជ័យ ឬ​សំអាង​លើ​​សុទិដ្ឋិ​និយម​ជ្រុល​ពេគ​របស់​ប្រជាជន​ថា​ របប​ផ្តាច់​ការ​រលំហើយ​​ ជន​ផ្តាច់​ការក៏​មិនមាន​​នៅ​សេស​សល់​ទៀត​ដែរ​​​ក្នុង​​ប្រទេស​​​។ ចលនា​ប្រជាជន​អហិង្សា​អាច​ធានា​អំពី​ការ​ផ្តួល​រំលំ​របប​ផ្តាច់​ការ​​ តែ​មិនមែន​​ធានា​ថា​គ្មាន​ជន​ផ្តាច់​ការ​ថ្មី​នោះ​ទេ​។ អ្នក​នយោបាយ​ណា​ក៏​អាចជា​ជន​ផ្តាច់​ការ​ដែរ​ ឱយ​តែ​ប្រជាជន​ផ្តល់​ឱកាស​ឱយ​ មិន​រវីរ​វល់​អំពីការ​​ដឹក​នាំ​របស់​ពួ​ក​គេ។ រំពឹង​អ្នក​នយោបាយ​ឱយ​ស្មោះ​ត្រង់​ ឱយ​ស្រឡាញ់​ប្រជាជន​ ឱយ​គិត​ពី​ប្រទេស​ជាតិ​ជា​ធំ​ ប្រៀប​ដូច​សង្ឃឹម​ចចក​ឱយ​មិន​ស៊ី​ចៀម​ ពេល​សាច់​ដល់​មាត់​អ៊ីចឹង​ដែរ​ ប្រការ​នេះ​ហើយ​ គេ​ត្រូវការ​ប្រព័ន្ធ​ប្រជាធិបតយ្យ​ជា​ជាង​​បុគ្គល​ប្រជាធិបតេយ្យ​​។ គេ​ត្រូវ​ការ​បុគ្គលជា​ច្រើន​​ដើម្បី​កសាង​ប្រព័ន្ធប្រជាធិបតេយ្យ​មួយ​រឹង​មាំ​​មិន​មែន​ត្រូវ​ការ​បុគ្គល​មករំលាយ​ប្រព័ន្ធ​នោះ​ សាង​ខ្លួន​​ជា​ជន​សក្ការ​បូជា​អ្វី​នោះ​ទេ​។ ដូច្នេះ​ មុន​ពេល​ចលនា​ចាប់​ផ្តើម​ត្រូវ​មាន​រចនាសម្ពន្ធ​ដឹក​នាំ​ជ្រើស​រើស​តាម​បែប​ប្រជាធិប​តេយ្យ​ត្រឹម​ត្រូវ​ ទើប​ចលនា​នោះ​មាន​សង្ឃឹម​អាច​ជំរុញ​ឱយ​សង្គម​មួយ​ដែល​អនុវត្ត​ប្រព័ន្ធ​នោះ​ដែរ​។ ជ្រើស​រើស​បាន​ហើយ​ ពុំ​មែន​​ចាំ​តែ​មេ​ដឹក​នាំ​ម្នាក់​នោះ​ឡើយ​ គេ​ត្រូវ​ការ​យន្ត​ការ​អំនាច​សមាជិកមាន​សិទ្ធិ​សំរេច​​ជោគ​វាសនារបស់​​ចលនា​និង​ជ្រើស​តាំងមេ​ដឹកនាំ​​ថ្មី​ ​ពេល​មានករណី​ចាប់​ខ្លួន​ឬ​ឈឺ​ថ្កាត់​រង​គ្រោះ​ដោយ​យថាហេតុ​ណា​មួយ​។ ​ជា​ការ​ពិត​ណាស់​ថា​ ចលនា​ណា​មួយ​កើត​ឡើងដំបូង​​ពី​ចំនួន​សមាជិក​សកម្ម​តិច​តួចប៉ុណ្ណោះ​​ ហើយ​បាន​ចាប់​ផ្តើម​ពង្រីក​មាឌ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ដូច្នេះ​ មេ​គំនិតដែល​ជំរុញ​ចលនា​នោះ​គឺ​ក្លាយ​មេ​ដឹក​នាំ​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ឆ្លង​កាត់​ការ​បោះ​ឆ្នោតពី​សមាជិក​​ឡើយ​។ តាម​ពិត​ករណី​នេះ​ សមាជិក​សកម្ម​ដែល​បាន​ដើរ​តាម​ មាន​គំនិត​គោល​ដៅ​ដូចគ្នា​នឹង​អ្នក​ផ្តើម​គំនិត​ បាន​បោះ​ឆ្នោត​រួច​ស្រេច​ទៅ​ហើយ គ្រាន់​តែ​តាម​រយៈ​ការ​សហការ​ គាំទ្រ​ ចូល​រួម​ គោរព​តាម​ ជា​ជាង​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ​ ហើយ​ដូច​បាន​ដឹង​ស្រាប់​ ប្រភព​អំនាច​របស់​អ្នក​​ដឹក​នាំ​ ​អាស្រ័យ​ស្ទើរ​មួយ​រយ​ភាគ​រយ​ចេញ​ពី​សកម្ម​ភាព​យល់​ព្រម​របស់​សមាជិក​នៃ​សកម្ម​ភាព​​ក្រុម​​នោះ។​​ មិន​មែន​ទាល់​តែ​បោះ​ឆ្នោត​ទើប​ប្រជាធិបតេយ្យទេ​​ តែ​គឺ​ការ​គាំទ្រ​ ការ​សហការ​ សិទ្ធិ​សំរេច​រួម​គ្នា​ មាន​អំនាច​ស្មើ​គ្នា​ ទើប​ជា​មូល​ដ្ឋាន​ពិត​នៃ​ប្រជាធិបតេយ្យ​។ យើង​គួរ​រំឭក​​ឡើង​​វិញ​ថា​ ចលនា​ប្រជាជន​មិន​អាចត្រូវ​បាន​ក្រុម​ណា​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ឡើយ​ ព្រោះ​បាតុករ​មាន​សេរី​ភាព​ដើរ​ហើរ​ ចង់​ចូល​ចេញតាម​អំពើ​ចិត្ត​​ មេដឹក​នាំ​មាន​ឥទ្ធិ​ពល​ត្រឹម​លួង​លោម​ប៉ុណ្ណោះ​ គ្មាន​អំនាច​ឃាត់​ខ្លួន​ឬ​បញ្ជា​ពួក​គេ​ឡើយ​តាម​តែ​ក្បាល​ចិត្ត​ទេ​។ ហេតុដូច្នេះ​ហើយ​ ទើប​ចលនា​ប្រជាជន​ជា​ទួទៅ​កាត់​បន្ថយ​កំរិតរបៀប​ដឹក​នាំ​បែប​​ផ្តាច់ការ​។ ​កាល​បើ​បាន​រៀប​ចំ​ប្រព័ន្ធ​ការ​ពារ​គ្រោះ​អាសន្ន​ហើយ​ ទើប​​ចលនា​នៅ​តែ​អាច​បន្ត​បាន​ ទោះ​​មាន​អ្វី​កើតឡើង​ចំពោះ​មេ​ដឹក​នាំ​ក៏​ដោយ​។ ទោះ​មេ​ដឹក​នាំ​ចលនា​ស្លាប់ អ​វត្តមាន​ ត្រូវ​បាន​ចាប់​ខ្លួន​ ក៏​បាតុកម្ម​នៅ​តែ​រស់​។ បាតុកម្ម​ដែល​គ្មាន​មេដឹក​នាំ​តែង​តែ​ទន់​ខ្សោយ​ងាយ​បំបែក​ ប៉ុន្តែ​បាតុកម្ម​ដែល​អាច​ដឹក​នាំ​ខ្លួន​ដោយ​ទាំង​ពេល​មេ​ដឹក​នាំ​ខ្លួន​មាន​បញ្ហា​​​គឺ​ជា​ចំណុច​ជោគ​ជ័យ​ផ្ទៃ​ក្នុង ​ដែល​អ្នក​ដឹក​នាំ​ចលនា​ត្រូវ​ត្រៀម​របៀប​ជ្រើស​តាំង​​អ្នក​ដឹក​នាំ​ថ្មី​ទុក។ បាតុកម្ម​ដោយ​ពុំ​យក​មេដឹក​នាំ​ជា​ទី​ពំនាក់​អាស្រ័យ​​គឺជា​​បាតុកម្មដែល​ចេះ​​រៀប​ចំ​ដឹក​នាំ​ខ្លួន​ឯង​បាន​ មិន​ចាំ​តែ​មេ​ដឹក​នាំ​ធ្វើ​នោះ​។