សេរីភាពពុំដែលអ្នកជិះជាន់គេប្រគល្ភឱយដោយស្មគ្រចិត្តនោះទេ តែត្រូវបានទាមទារដោយអ្នកត្រូវគេជិះជាន់។
— ម៉ារទីន លូធើរ ឃីង
ប្រជាធិបតេយ្យពុំមែនកើតឡើងដោយឯកឯងនោះទេ! បើប្រជាពលរដ្ឋមិនទាមទារ គ្មានអ្នកនយោបាយណាផ្តល់សេរីភាព ការចូលរួមនិងសិទ្ធិអំនាចក្នុងការសំរេចចិត្តឱយនោះទេ។ បើពាក្យ «ប្រជាធិបតេយ្យ» មានន័យថាកាន់អំនាចដោយប្រជាជនមែន នោះប្រជាធិបតេយ្យមិនអាចរួចទេ បើប្រជាជនមិនធ្វើដោយខ្លួនឯង។ ការប្រើវិធីអហិង្សាផ្លាស់ប្តូររបបដឹកនាំ កែប្រែសង្គមនិងនយោបាយគ្រាន់តែជះឥទ្ធិពលវិជ្ជមាននិងបង្កលក្ខណៈងាយស្រួយដល់ស្ថាប័នទាំងឡាយឱយដើរទៅរកប្រជាធិបតេយ្យប៉ុណ្ណោះ ពុំមែនចលនាប្រជាជនបង្កើតបានរបបប្រជាធិបតេយ្យមួយដោយស្វ័យប្រវត្តិ បន្ទាប់ពីផ្តួលរំលំរបបផ្តាច់ការឡើយ។ យើងបានបង្ហាញពីការសិក្សារបស់លោកស្រី ឆេណូវេថ រួចហើយថា ខុសពីកុបកម្មប្រដាប់អាវុធដែលនាំប្រទេសទៅរករបបផ្តាច់ការថ្មីក្រោយពេលជោគជ័យ វិធីអហិង្សាដែលចលនាប្រជាជនប្រើប្រាស់ដើម្បីផ្លាស់ប្តូររបបដឹកនាំចាស់ ធ្វើឱយរបបដឹកនាំថ្មីក្រោយមកទៀត គិតគូរពីតំរូវការរបស់ប្រជាជននិងមិនហ៊ានធ្វើអ្វីផ្តេសផ្តាស ត្បិតខ្លាចប្រជាជនធ្វើបាតុកម្មប្រឆាំងនឹងខ្លួនដែរ។ លោក ជីន សាប ថ្លែងអះអាងថា «ឥទ្ធិពលនៃការតស៊ូដោយអហិង្សាពុំមែនត្រឹមតែបន្ថយកម្លាំងរបស់ជនផ្តាច់ការនិងទាញពួកគេចេញពីអំនាចនោះទេ តែក៏បង្កើនអំនាចប្រជាជនដែលត្រូវគេជិះជាន់ផងដែរ។» លើសពីនេះ សូម្បីតែកងសន្តិសុខក៏គេលែងអនុញ្ញាតឱយកាន់អាវុធពេលប្រឈមនឹងបាតុកម្មអហិង្សារបស់ប្រជាជនដែរ។ ប៉ុន្តែ លទ្ធផលនៃចលនាប្រជាជនទាំងនេះ មិនមែនធ្វើឱយប្រទេសនោះក្លាយជារដ្ឋសន្តិវិធីនិយមនោះទេ គឺថារដ្ឋនៅតែមានអំនាចស្របច្បាប់ប្រើហិង្សារក្សាសណ្តាប់ធ្នាប់និងការពារសន្តិសុខជាតិ ហើយរដ្ឋាភិបាលថ្មី ក្នុងករណីខុសប្រក្រតីណាមួយ អាចនឹងយកហិង្សាដោះស្រាយបញ្ហាបាតុកម្មរបស់ប្រជាជនដដែលៗ។ ដូច្នេះហើយ ពេលដែលចលនាប្រជាជនអាចផ្លាស់ប្តូរស្វាមីភក្តិរបស់កងកម្លាំងរក្សាសន្តិសុខនិងដណ្តើមបានស្ថាប័នសំខាន់ៗនានាពីរបបផ្តាច់ការ នោះគេអាចប្រាកដបានភាគច្រើនអំពីការដួលរលំនៃរបបផ្តាច់ការហើយ។ មើលឃើញដូច្នេះ ចលនាត្រូវបង្កើតស្ថាប័នអំនាចស្មើបណ្តោះអាសន្ត ឯករាជ្យពីគណបក្សនយោបាយ មានរៀបចំប្រព័ន្ធបែបប្រជាធិបតេយ្យ ជាបណ្តើរៗ ឱយបានគ្រប់ស្ថាប័នដែលរបបផ្តាច់ការបោះបង់ចោល ពិសេសគឺស្ថាប័នយោធាដែលនឹងក្លាយជាឧបករណ៍របស់សមាជិកសេសសល់ពីរបបចាស់ដែលទំនងជាអាចមានគំនិតប៉ុនប៉ងធ្វើរដ្ឋប្រហារ ឬបក្សនយោបាយថ្មីណាមួយដែលចង់ប្រមូលផ្តុំអំនាចធ្វើជនផ្តាច់ការថ្មី។ គួរកុំច្រលំថា ចលនាប្រជាជនធ្វើឡើងដើម្បីបន្តុបបក្សនយោបាយថ្មីណាមួយ ឬចលនាប្រជាជនជាឧបករណ៍របស់បក្សណាមួយឱយសោះ។ សូមរំពឹងឡើងវិញ មេដឹកនាំចលនាប្រជាជនដាច់ខាតមិនត្រូវអនុញ្ញាតឱយមានអ្នកនយោបាយណាមួយមានឥទ្ធិពលលើចលនាឱយសោះ ព្រោះពួកគេក៏អាចជាអនាគតជនផ្តាច់ការថ្មីនោះដែរ។ បន្ទាប់ពីរបបផ្តាច់ការដួលរលំ ការបោះឆ្នោតថ្មីត្រូវតែធ្វើឡើង ដោយសុចរិត យុត្តិធម៌ ស្មើភាព ប្រើប្រព័ន្ធចំរុះ (ឯកត្តនាមបូកនឹងសមាមាត្រ) អ្នកមូលដ្ឋានត្រូវបោះឆ្នោតតាំងពីថ្នាក់តូចរហូតដល់ថ្នាក់ធំ គឺថាសូម្បីតែនាយកសាលាឬសាកលវិទ្យាធិការម្នាក់ក៏ត្រូវបោះឆ្នោតដោយផ្ទាល់ពីសមាជិកដែរ ពុំមែនបន្តក្អែលបក្សចាត់តាំងតាមបែបបទរបបផ្តាច់ការទៀតនោះទេ។ បន្ទាប់ពីរបបផ្តាច់ការដួលរលំ ដំណើរប្រជាធិបតេយ្យនីយកម្ម (Democratization) មានឧបសគ្គពីរ គឺ ១. រដ្ឋប្រហារ និ ២. ការខ្វះយន្តការទប់ស្កាត់របបផ្តាច់ការថ្មី ឬភាពទន់ខ្សោយខាងការអនុវត្តច្បាប់។
១. ការបង្ឃាំងរដ្ឋប្រហារ
ក្រោយពេលចលនាជោគជ័យ ប្រជាជនអាចសប្បាយភ្លេចខ្លួន គិតថាគ្មានមេដឹកនាំផ្តាច់ការទៀតទេ គ្មានរបបផ្តាច់ការទៀតទេ គ្មានអ្នកមានអំនាចណាមួយហ៊ានយកកងទាប់ ប៉ូលីស កងសន្តិសុខ វាយប្រហារ ប្រជាជនទៀតទេ។ ផ្តួលរំលំរបបផ្តាច់ការមួយពុំមែនមានន័យថា គ្មានរបបផ្តាច់ការតទៅមុខទៀតឡើយ គឺថាអ្នកនយោបាយណាក៏អាចក្លាយជាជនផ្តាច់ការដែរ ឱយតែប្រជាជនបណ្តែតបណ្តោយឱយពួកគេធ្វើអ្វីតាមតែអំពើចិត្ត។ ការធ្វេសប្រហែសនេះអាចបំផ្លាញសមិទ្ធផលញើសឈាមរបស់ប្រជាជនទាំងមូលដែលប្រឹងប្រែងទំរំាផ្តួលរបបផ្តាច់ការចាក់ឫសដុះស្លែបានសំរេច។ សូមដាស់ស្មារតីបន្តិច លោក ជីន សាប បានព្រមានថា «ការដួលរលំនៃរបបដែលជិះជាន់ប្រជាជនមួយ សំរាប់បុគ្គលនិងក្រុមមានអំនាចមួយចំនួន វាគ្រាន់តែជាឱកាសរបស់ពួកគេក្នុងការឡើងទៅធ្វើជាម្ចាស់ថ្មីប៉ុណ្ណោះ។» របបដឹកនាំថ្មីណាមួយដែលឡើងកាន់អំនាចដោយកម្លាំងយោធាពុំមែនស្លូត គិតពីប្រជាជនខុសពីរបបមុន ឬមានការអត់ធ្មត់នឹងអ្នកប្រឆាំងនោះទេ ពួកគេនឹងរិតតែសាហាវយង់ឃ្នង ចរិតរិតតែផ្តាច់ការ រិតត្បិតសេរីភាពនិងរបៀបរស់នៅរបស់ប្រជាជនគ្រប់យ៉ាង ព្រោះពួកគេមានមេរៀនពីរបបមុននិងព្រួយខ្លាចនរណាម្នាក់ឆក់ដណ្តើមអំនាចដែលទើបតែវាយបានរបស់ពួកគេ។ ទោះបីកាន់តែប្រើប្រាស់ហិង្សា រដ្ឋកាន់តែទន់ខ្សោយក៏ដោយ សំរាប់មនុស្សដែលបានអំនាចដោយហិង្សា ពួកគេមិនងាយនឹងមានថ្ងៃជឿថា ហិង្សាគ្មានប្រសិទ្ធភាពនោះទេ ពួកគេនឹងនៅតែប្រើហិង្សាដោះស្រាយបញ្ហារហូត ជាពិសេសពេលដែលពួកគេទាល់ច្រក។ និយាយនេះពុំមែនមានន័យថា រដ្ឋប្រហារអាចកើតឡើងតែក្នុងបរិបទរបបចាស់ជិតដួលរលំនោះទេ គឺថា រដ្ឋប្រហារអាចកើតឡើងទាំងក្នុងកំលុងពេលយុទ្ធនាការប្រជាជនកំពុងប្រព្រឹត្តទៅ ទាំងក្រោយពេលក្រុមមានអំនាចយោធាណាមួយចាញ់ឆ្នោតនិងក្រោយពេលរបបផ្តាច់ការបែកខ្ញែកដួលរលំ។ល។ ពិសេស ក្រុមអ្នកធ្វើរដ្ឋប្រហារអាចនឹងប្រកាសកាលៃខ្លួនឯងថា ទង្វើរដ្ឋប្រហាររបស់ពួកគេស្របច្បាប់ ធ្វើតាមឆន្ទៈប្រជាជន គេជាតំណាងចលនាប្រជាជន ពួកគេជាអ្នកដឹកនាំធ្វើឱយរបបចាស់ដួល តែតាមពិតគឺពួកគេចាំស៊ីស្រាប់ពីកម្លាំងពលកម្មរបស់ប្រជាជនប៉ុណ្ណោះ។ បើមានរដ្ឋប្រហារកើតឡើងនៅក្នុងដំណាក់កាលណាមួយនៃចលនា លោក ជីន សាប បានផ្តល់ដំបូន្មានពីរក្នុងការការពារទប់ទល់ប្រឆាំងនឹងរដ្ឋប្រហារ៖ ១. បដិសេធភាពស្របច្បាប់របស់រដ្ឋប្រហារ និង ២. រឹងទទឹងមិនសហការនឹងរបបថ្មីដែលកើតពីរដ្ឋប្រហារនោះ។
បើកម្លាំងយោធាពិតជាមានអានុភាពនិងប្រកបដោយអំនាចមែន ហេតុអ្វីពួកបះបោរធ្វើរដ្ឋប្រហារទាំងនោះនៅតែព្យាយាមប្រកាសភាពស្របច្បាប់ ចង់បានការទទួលស្គាល់ពីប្រជាជនធ្វើអ្វីទៀត? ព្រោះភាពស្របច្បាប់គឺជាការគាំទ្រ ការគាំទ្រយល់ព្រមរបស់ប្រជាជន ទើបជាអំនាចពិតប្រាកដដែលរបបដឹកនាំណាក៏ត្រូវការជាចាំបាច់ដែរ។ការទទួលស្គាល់ពីអ្នកដឹកនាំចលនាប្រជាជន និងប្រជាជនស៊ីវិលទាំងឡាយអាចធ្វើឱយពួកគេកាន់អំនាចបានដោយសុខស្រួល ប្រៀបដូចបានឆ្លងកាត់ការបោះឆ្នោតត្រឹមត្រូវដូច្នោះដែរ។ របបដឹកនាំថ្មីដែលជាសមិទ្ធផលនៃរដ្ឋប្រហារក៏ដូចរបបចាស់ដែរ ត្រូវការសសរស្តម្ភគាំទ្រទាំងឡាយពីប្រជាជនទាំងមូល មានដូចជាអ្នករដ្ឋបាលការិយាធិបតេយ្យ ប៉ូលីស កងសន្តិសុខ អ្នកជំនាញ ទីប្រឹក្សា តុលាការ និងប្រជាជនទាំងមូលដែលប្រើប្រាស់សេវាកម្មរដ្ឋ។ល។ ដែលអ្នកទាំងអស់នេះហើយជាអ្នកធ្វើឱយស្ថាប័នរដ្ឋទាំងឡាយដើរ។ លុះត្រាតែមានអ្នកធ្វើតាមបញ្ជា ទើបមានអ្នកចេញបញ្ជា បើប្រជាជនមិនទទួលស្គាល់ថា ពួកគេមានសិទ្ធិនយោបាយស្របច្បាប់គ្រប់គ្រង ត្រួតត្រា ដាក់គោលនយោបាយដឹកនាំរដ្ឋទេ ពួកគេនឹងចួបគ្រោះទុរ្ភឹក្សខាងផ្នែកនយោបាយពុំខានឡើយ។ លោក អាល់បឺត អាញស្តាញ បានដាស់តឿនថា «ពិភពលោកឋិតក្នុងគ្រោះថ្នាក់ខ្លាំងមកពីមនុស្សដែលអត់ទ្រាំនិងជំរុញអំពើអាក្រក់ជាងមនុស្សពិតប្រាកដដែលប្រព្រឹត្តវា។» បើប្រជាជនមិនបញ្ចេញប្រតិកម្មណាមួយ ធ្វើដូចគ្មានអ្វីកើតឡើងពេលមានរដ្ឋប្រហារ ពុំមែនមានន័យថា ពួកគេមិនធ្វើអ្វីសោះនោះទេ ប៉ុន្តែគឺមានន័យថា ពួកគេសហការចូលរួមនឹងរបបថ្មីដែលបានមកពីរដ្ឋប្រហារនោះ។ ពាក្យ «មិនធ្វើអ្វីសោះ» របស់ប្រជាជន មិនមានន័យដូចទង្វើរបស់ពួកគេឡើយ គឺថា ពួកគេនៅតែចូលធ្វើការ បង់ពន្ធ បំរើនិងប្រើសេវាកម្មរដ្ឋទាំងឡាយ ធ្វើឱយប្រព័ន្ធរដ្ឋទាំងមូលដើរ ច្បាស់ណាស់គឺជាការសហការនឹងរបបដឹកនាំដោយប្រកែកមិនបាន។ បើពួកគេមិនធ្វើការហើយដេកនៅផ្ទះនោះគឺសមនឹងពាក្យ «មិនធ្វើអ្វីសោះ»មែន។ ផ្ទុយទៅវិញ ពួកគេចូលរួមបំពេញដំណើរការនានាឱយរដ្ឋ ហើយប្រើពាក្យថា «មិនធ្វើអ្វីសោះ» គឺបង្ហាញពីការមិនយល់ពីបញ្ញតិ «កូដកម្ម» ឬ «វិធីអហិង្សា» តែម្តង។ ប្រជាជនធ្វើបាតុកម្មអហិង្សា ទាំងមិនដឹងថា ខ្លួនឯងកំពុងប្រើវិធីអហិង្សា និងមិនធ្វើបាតុកម្មអហិង្សា ទាំងខ្លួនកំពុងប្រើវិធីអហិង្សា។ ដល់ពេលបរាជ័យ ពួកគេនិយាយថាបាតុកម្មអហិង្សាគ្មានប្រសិទ្ធភាព ប៉ុន្តែពេលជោគជ័យវិញថា ពួកគេបែរថាមិនមែនមកពីបាតុកម្មអហិង្សាទេ ដូច្នេះហើយ ទើបអ្នកសិក្សាត្រូវប្រុងប្រយត្ននឹងការប្រើប្រាស់ភាសារបស់ប្រជាជន។ របបដែលកើតចេញពីរដ្ឋប្រហារយោធាគឺជារបបផ្តាច់ការយ៉ាងប្រាកដ ព្រោះពួកគេបានអំនាចដោយហិង្សាជាជាងសន្លឹកឆ្នោត ហើយរបបបែបនេះគ្មានថ្ងៃដឹកតាមរបៀបប្រជាធិបតេយ្យដាច់ខាត។ លោកស្រី អ៊ុង សាន ស៊ូជី បានអះអាងដូច្នេះ «ដំណើរការតាមលទ្ធិប្រជាធិបតេយ្យបើកឱយមានបំរែបំរួលនយោបាយនិងសង្គមដោយគ្មានអំពើហិង្សា។» ហេតុនេះ អ្នកប្រើហិង្សាដើម្បីបានអំនាចគឺជាអ្នកបំពានគោលការណ៍ប្រជាធិបតេយ្យតែម្តង។ ប្រជាជនត្រូវតែប្រមូលផ្តុំគ្នាប្រឆាំងជាបន្ទាន់ បដិសេធភាពស្របច្បាប់របស់របបថ្មីដែលបានមកពីរដ្ឋប្រហារនោះ និងប្រើវិធីមិនសហការរឹងទទឹងមិនចូលបំរើការងាររដ្ឋទាំងឡាយធ្វើឱយពួកគេគ្មានសសរស្តម្ភគាំទ្រទ្រទ្រង់ មិនអាចដឹកនាំរដ្ឋបាន។ ដូចការរំពឹងទុកនៅក្នុងរបបមុនដែរ ពួកបះបោរទាំងនោះនឹងប្រើវិធីហិង្សាបង្ខំប្រជាជនឱយសហការដូចគ្នា ប្រជាជនក៏ត្រូវប្រើវិធីអហិង្សាដែលធ្លាប់ប្រើផ្តួលរបបមុនម្តងហើយនោះ ដើម្បីផ្តួលគូប្រកួតថ្មីនេះនៅទឹកទីមួយតែម្តងដែរ។ ដូចយើងលើកឡើងពីទ្រឹស្តីរបស់លោក រ៉ូបឺត ផាត់នេម រួចហើយ បាតុកម្មអហិង្សាជាទំរង់មួយនៃមូលធនសង្គម (បណ្តាញអន្តរកម្ម) ដែលប្រើកាន់តែច្រើន កំរិតប្រជាធិបតេយ្យកាន់តែកើនឡើង ផ្ទុយពីអំពើហិង្សាដែលប្រើកាន់តែច្រើន ប្រជាធិបតេយ្យកាន់តែស្រុតថមថយ។ ដោយហិង្សាមិនត្រឹមតែសង្គ្រោះប្រជាធិបតេយ្យពុំបានទេ ថែមទាំងមានផលអាក្រក់ចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យទៀត ដូច្នេះ វាពិតជាគួរឱយសង្ស័យណាស់អំពីសិទ្ធិស្របច្បាប់របស់រដ្ឋក្នុងការប្រើយោធារក្សាសណ្តាប់ធ្នាប់និងការពារសន្តិសុខជាតិថាតើហេតុអ្វីប្រជាជនត្រូវផ្តល់សិទ្ធិនេះឱយរដ្ឋ។ បើគ្មានយោធា ក៏គ្មានសង្គ្រាម គ្មានការឈ្លានពានពីបរទេសលើប្រទេសទន់ខ្សោយ និងរបបផ្តាច់ការដែរ ដែលរបស់ទាំងបីនេះហើយបំផ្លាញមនុស្សជាតិអស់ជាច្រើនសតវត្សរ ប្រជាជនជាអ្នករងគ្រោះ អ្នកមានអំនាចជាអ្នកទទួលផល។ លោក ជីន សាប ក្រើនរំឭកថា «ប្រទេសដែលទើបតែរំដោះខ្លួនរួចអាចចួបប្រទះនូវការគំរាមកំហែងពីបរទេស ដែលប្រទេសនោះត្រូវការសមត្ថភាពការពារជាតិ។ បរទេសនឹងមានបំណងគំរាមកំហែងប្រទេសនោះ ដើម្បីត្រួតត្រាសេដ្ឋកិច្ច នយោបាយ យោធារបស់ប្រទេសនោះ។ […] ដោយប្រគល្ភសមត្ថភាពតវ៉ាដោយផ្ទាល់ទៅឱយប្រជាពលរដ្ឋប្រទេសដែលទើបបានសេរីភាពថ្មីៗគួរចៀសវាងពីតំរូវការស្ថាបនាសមត្ថភាពយោធារឹងមាំ ដែលតំរូវការយោធានេះឯងគំរាមកំហែងដល់ប្រជាធិបតេយ្យ [ក្នុងប្រទេសជាជាងការពារការឈ្លានពានរបស់បរទេស] និងត្រូវការចំណាយធនធានសេដ្ឋកិច្ចយ៉ាងច្រើនសម្បើម ដែលគេអាចយកទៅប្រើក្នុងគោលបំណងផ្សេងទៀត។» ក្នុងករណីប្រទេសទើបតែបានផ្តួលរំលំរបបផ្តាច់ការបានសំរេច លោក ជីន សាប ហាមមិនឱយពង្រឹងវិស័យយោធាទេ ព្រោះវាអាចក្លាយជាឧបករណ៍របស់អ្នកនយោបាយក្នុងស្រុកណាមួយយកលេសសន្តិសុខជាតិ រួចប្រើកម្លាំងយោធាមកកសាងខ្លួនធ្វើជាជនផ្តាច់ការថ្មី។ បើកំលុងពេលប្រទេសធ្វើប្រជាធិបតេយ្យនីយកម្ម មានសង្គ្រាមជាមួយនឹងបរទេសមិនថាបរទេសឈ្លានពានឬប្រទេសនោះឈ្លានពានគេវិញនោះទេ រដ្ឋាភិបាលអាចយកលេសនេះកសាងអំនាចយោធាផ្ទាល់ខ្លួនធ្វើជនផ្តាច់ថ្មី ក្រោមរូបភាពការពារជាតិឬសងសឹកនឹងបរទេសក៏អាចថាបាន។ ដើម្បីពង្រឹងវិស័យកងទាប់ អ្នកដឹកនាំត្រូវការជំនួយយោធាបរទេសដែលជំនួយនេះមានផលអាក្រក់លើប្រជាធិបតេយ្យនិងជាជំនួយមានសំណង (សងជាលុយឬសងជាលក្ខខណ្ឌដោះដូរអ្វីមួយក្រៅពីលុយ) បរទេសនឹងជះឥទ្ធិពលអាក្រក់លើរដ្ឋាភិបាល។ ក្នុងករណីមានបាតុកម្មណាមួយ យោធានោះនឹងក្លាយជាអាវុធមកបាញ់ប្រជាពលរដ្ឋឯងជាជាងសត្រូវបរទេស។ បើមានបរទេសឈ្លានពានមែន គេនៅតែអាចប្រើវិធីអហិង្សាដដែលនោះទៅទប់ទល់នឹងសត្រូវបរទេសដែរ។ ហេតុនេះហើយ លោក ជីន សាប (១៩៩០) បានផ្តល់យោបល់បង្កើតគោលនយោបាយការពារជាតិដោយផ្អែកលើប្រជាជនស៊ីវិល ពោលគឺ យកប្រជាជនធ្វើជាខែលការពារជាជាងយកយោធាទៅវាយទប់ទល់។ សូមកុំភ្លេចថា គន្ធី ប្រើវិធីអហិង្សាមិនសហការបណ្ដេញអង្លេសដណ្តើមបានឯករាជ្យឱយសោះ ឯទីម័រខាងកើតក៏ដូចគ្នា បានឯករាជ្យពីឥណ្ឌូនេស៊ីតាមរយៈចលនាប្រជាជន នៅឆ្នាំ២០០២។ ប្រជាជនអហិង្សាមិនត្រឹមតែមិនអាចយកមកប្រើក្នុងគោលបំណងទុច្ចរិតឈ្លានពានប្រទេសណាមួយនោះទេ គេអាចប្រើដើម្បីការពារប្រទេសជាតិផងដែរ។
២. ការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ
«របបផ្តាច់ការមួយអាចប្រែទៅជារបបផ្តាច់ការមួយថ្មីទៀត។» លោក អារីស្តូត្ល បានព្រមានដូច្នេះ តាំងពីជាង ២០០០ ឆ្នាំមុនឯណោះ។ វិធីទប់ស្កាត់ដែលមានប្រសិទ្ធភាពមួយគឺការតាក់តែង ច្បាប់រដ្ឋធម្មនុញ្ញនិងអនុវត្តឱយបានខ្ជាប់ខ្ជួប់។ គេត្រូវពិនិត្យមើលច្បាប់រដ្ឋធម្មនុញ្ញឡើងវិញនូវមាត្រាណាគួរទុក មាត្រាគួរកែប្រែ មាត្រាណាគួរបន្ថែម។ គេត្រូវដកចេញនូវមាត្រាណាដែលមាន តែអនុវត្តមិនរួច, មាត្រាណាដែលមិនបំរើប្រជាជន បំផ្លាញរចនាសម្ពន្ធប្រជាធិបតេយ្យ ដូចជាបោះឆ្នោតសំរេចពីសមាជិកសភា ៥០បូក១ កែមកពី ២ភាគ៣ វិញ និងលុបបំបាត់មាត្រាទាំងឡាយដែលជំរុញឱយរដ្ឋាភិបាលមានអំនាចប្រមូលផ្តុំ។ អ្វីដែលគេមិនត្រូវភ្លេចនោះគឺការចូលរួមពីប្រជាជនក្នុងការអនុម័តច្បាប់មាត្រាណាមួយ មិនមែនបណ្តោយឱយអ្នកនយោបាយកែប្រែច្បាប់មកបំរើតែបក្សខ្លួនឯងនោះទេ។ បើបណ្តោយឱយអ្នកនយោបាយតែងច្បាប់តាមចិត្ត ច្បាប់នោះនឹងបំរើអ្នកនយោបាយជាជាងប្រជាពលរដ្ឋ។ អ្នកអង្គុយក្បែរច្បាប់នឹងយកច្បាប់មកទ្រាំអង្គុយ។ បើច្បាប់រដ្ឋធម្មនុញ្ញពិតជាអាចការពារការយាយីពីរបបផ្តាច់ការបានមួយរយភាគរយមែននោះ ក៏គ្មានរបបផ្តាច់ការណាអាចកើតឡើងក្រោយមានការបោះឆ្នោត ឬអាចមានបក្សណាមួយធ្វើរដ្ឋប្រហារដណ្តើមអំនាចអ្នកឈ្នះឆ្នោតបាននោះដែរ។ លោក ជីន សាប បានព្រមានអំពីការទុកចិត្តបណ្តែតបណ្តោយអ្នកនយោបាយថា «ក្រុមមួយចំនួននឹងធ្វើភ្លេចអំពីការកំណត់ក្នុងច្បាប់រដ្ឋធម្មនុញ្ញក្នុងបំណងកសាងខ្លួនជាជនផ្តាច់ការថ្មី។ អាស្រ័យហេតុនេះ តួនាទីអចិន្ត្រៃយរបស់ប្រជាជនទាំងមូល គឺអនុវត្តការរឹងទទឹងមិនសហការខាងនយោបាយជំទាស់នឹងអនាគតជនផ្តាច់ការទាំងឡាយនិងរក្សាការពាររចនាសម្ពន្ធ សិទ្ធិ ទំរង់បែបបទប្រជាធិបតេយ្យ [ពីការគំរាមកំហែងរបស់របបផ្តាច់ការនិងអ្នកនយោបាយណាមួយ]។» ដូច្នេះ គេត្រូវការគោលនយោបាយប្រជាធិបតេយ្យជាក់លាក់ទាំងឡាយនិងជាពិសេសយន្តការការពារផ្តន្ទាទោសអ្នកបំពានច្បាប់ទាំងនោះមិនឱយធ្វើអ្វីផ្តេសផ្តាសបាន។ គេត្រូវធានាឱយបាននូវអំនាចតុលាការនិងអំនាចយោធាឱយដាច់ឆ្ងាយពីឥទ្ធិពលអ្នកនយោបាយ ឬក្រុមណាមួយដែលមិនតំណាងប្រជាជន, មិនឱយបង្ក្រាបឬសូម្បីតែកាន់អាវុធដែលប៉ះពាល់ខ្លាំងដល់សុវត្ថិភាពរបស់បាតុករអហិង្សា ពេលកងកម្លាំងប្រឈមនឹងការតវ៉ារបស់ប្រជាជនស៊ីវិល, បង្ឃាំងរដ្ឋប្រហារ ឬជនណាមួយដែលប៉ងយកកងយោធាជាកម្មសិទ្ធិ, ជាពិសេសបំផុត គឺបញ្ចូលចំពូកថ្មីដាច់ដោយឡែកលំអិតនិងមធ្យ័តបំផុតក្នុងច្បាប់រដ្ឋធម្មនុញ្ញជាតិ អំពីសិទ្ធិនិងអំនាចដាច់មុខរបស់ប្រជាជនក្នុងការធ្វើបាតុកម្មដោយសន្តិវិធី គ្មាននរណាម្នាក់អាចពាល់បំពានបាន។ ទោះអាចមានស្រាប់ក្នុងច្បាប់កំពូលហើយក៏ដោយ ក៏គេត្រូវលំអិតនិងចែងដោយឡែក ធ្វើឱយអំពើអហិង្សាក្លាយជារចនាសម្ពន្ធ រាល់អ្នកបំពានអំនាចប្រជាជនត្រូវផ្តន្ទាទោសធ្ងន់បំផុត។ ដើម្បីធានាពីអំនាចប្រជាជននៅថ្ងៃមុខ រដ្ឋគួររួមដៃនឹងអង្គការពាក់ពាន់ទាំងឡាយ ពិសេសអង្គការដែលធ្វើការទាក់ទងនឹងសកម្មភាពអហិង្សា បង្កើតស្ថាប័នឯករាជ្យសំរាប់បណ្តុះបណ្តាលប្រជាជនគ្រប់ជាន់ថ្នាក់អំពីបាតុកម្មអហិង្សានិងដំណើរការនយោបាយ និងបញ្ចូលមេរៀនចលនាប្រជាជនក្នុងកម្មវិធីសិក្សាគ្រប់កំរិត ឈប់បន្តលើកតម្កើងវប្បធម៌ហិង្សាបន្តទៀត បែរមកជ្រោងសកម្មភាពអហិង្សាវិញម្តង។ គេត្រូវចែងច្បាប់ដូច្នេះ ព្រោះបាតុកម្មអហិង្សាគឺជាអាវុធចុងក្រោយបង្អស់របស់ប្រជាជនពេលប្រព័ន្ធប្រជាធិបតេយ្យគ្មានការឆ្លើយតប បោះឆ្នោតរើសបានអ្នកដឹកនាំខុស ត្រូវបោះឆ្នោតមុនអាណត្តិ ឬប្រព័ន្ធដឹកនាំត្រូវបានគំរាមកំហែងដោយអ្នកនយោបាយផ្តាច់ការថ្មីណាមួយ។ យុទ្ធនាការអហិង្សារបស់ប្រជាជន គឺជាតួនាទីអមតៈតជំនាន់របស់ប្រជាជនស៊ីវិលប្រឆាំងនឹងរដ្ឋាភិបាលណាដែលមិនបំរើប្រជាជន ពុំមែនសំរាប់តែករណីរបបផ្តាច់ការទេ តែគ្រប់បញ្ហាទាំងអស់ដែលជាទំនួលខុសត្រូវរបស់រដ្ឋចំពោះប្រជាជន។ ប្រជាជននៅមានអាវុធដែលខ្លាំងជាងសន្លឹកឆ្នោតមួយនេះ មិនមែនជាយុទ្ធោបករណ៍ចម្បាំងដូចអាវុធដែលជនផ្តាច់ការប្រើវាយដណ្តើមនិងរក្សាអំនាចនោះទេ តែគឺជាអាវុធប្រជាធិបតេយ្យតាមរយៈចលនាសង្គម មិនចំណុះស្ថាប័ននយោបាយ បង្អាក់ទំនោររបស់រដ្ឋាភិបាលដែលទោររកទៅអ្នកមានអំនាចសេដ្ឋកិច្ចធំៗទាំងឡាយលើគោលនយោបាយនានារបស់ជាតិ។