ជនផ្តាច់ការមិនដែលខ្លាំងដូចដែលគេប្រាប់អ្នកនោះទេ។
ប្រជាជនក៏មិនដែលទន់ខ្សោយដូចដែលពួកគេគិតនោះដែរ។ — ជីន សាប
ជនផ្តាច់ការមើលទៅហាក់ដូចជាខ្លាំងក្លា គ្មានគូប្រជែងណាអាចយកឈ្នះបាន។ តាមរយៈបទពិសោធដឹកនាំប្រទេសយូរអង្វែង ស្គាល់ក្រយៅអ្នកនយោបាយ កំចាត់អ្នកប្រឆាំង ទិញទឹកចិត្តមនុស្ស អូសទាញអ្នកចេះដឹង ពូកែបោកប្រើ ក្រឡេចក្រឡុច ម្តងប្រើមធ្យោបាយត្រជាក់ ម្តងក្តៅ ជនផ្តាច់ការមានជំនាញខាងនយោបាយមិនអន់ទេ។ មិនតែប៉ុណ្ណោះ ពួកគេត្រួតត្រាភា្នក់ងារជំនាញ ពួកមន្ត្រីរដ្ឋការ ប៉ូលីស កងសន្តិសុខ កម្លាំងយោធា គុក បន្ទាយទាប់ ការប្រហារជីវិតដោយប្រើកាំភ្លើងបាញ់ទៀតផង។ល។ កញ្ចប់ថវិកាជាតិ ធនធានធម្មជាតិ សមត្ថភាពផលិតកម្ម ត្រូវបានប្លន់យកដោយជនផ្តាច់ការនិងអាចយកទៅប្រើបានទៅតាមបំណងរបស់គេ។ ទោះបីយ៉ាងណា របបផ្តាច់ការក៏មានចំណុចខ្សោយជាច្រើន ពុំមែនត្រឹមតែដោយសារមេដឹកនាំផ្តាច់ការ ក្រាញអំនាច និយមប្រើកម្លាំង មិនមានសមត្ថភាពដឹកនាំនិងដោះស្រាយបញ្ហាប្រទេសជាតិ បក្សពួកនិយមនោះទេ ពោលគឺទាំងបុគ្គល ក្រុម និងប្រព័ន្ធទាំងមូល មានបញ្ហាតែម្តង។ តាមលោក ជីន សាប របបផ្តាច់ការមានភាពផុយស្រួយ ១៧ចំណុច ដែលលោកបានអធិប្បាយដោយសង្ខេប (២០១០, ទំ. ២៥-២៧)។ លោកពុំបានបែងចែកជាកត្តាដូចដែលយើងធ្វើនៅទីនេះនោះទេ ប៉ុន្តែដើម្បីងាយយល់ងាយចាប់បាន យើងសូមចាប់ជាជាចំណែកដូចខាងក្រោម៖
ក. ភាពទន់ខ្សោយនៃប្រព័ន្ធផ្ទៃក្នុង
៙ភាពចំរូងចំរាស់នៃអំនាចរវាងអ្នកបង្គាប់និងអ្នកក្រោមបង្គាប់ ជនផ្តាច់ការត្រូវរក្សាអំនាចខ្លួនឱយនឹងនរផង ត្រូវប្រឹងទាក់ទាញប្រជាប្រិយភាពឡើងវិញផង ត្រូវទប់ស្កាត់ការតវ៉ាផង ដែលបញ្ហាទាំងអស់នេះ សុទ្ធតែពុំអាចធ្វើឱយសម្រេចព្រមគ្នាបានឡើយ ហេតុតែសមត្ថភាពនៃប្រព័ន្ធដឹកនាំក្នុងការបំពេញការងារអាចប្រសើរបាន លុះត្រាតែមានកំណែទំរង់ទ្រង់ទ្រាយធំមានប្រសិទ្ធភាព ប៉ុន្តែបើពួកគេហ៊ានដាក់ចេញនូវកំណែទំរង់បែបឱយប្រាកដប្រជា ច្បាស់ណាស់ វានឹងនាំឱយប៉ះពាល់ដល់អំនាចប្រមូលផ្តុំរបស់ពួកគេយ៉ាងខ្លាំង។ ភាពល្អក់កកររវាងទំនាក់ទំនងមេនិងកូនចៅ ក៏ជាឧបសគ្គក្នុងការគ្រប់គ្រងរបស់អ្នកថ្នាក់លើដែរ (មេមិនទុកចិត្តកូនចៅ) ឯកូនចៅវិញខ្លាចមេបោះបង់ គឺពួកគេព្រួយបារម្ភខ្លាចថ្នាក់លើដកហូតតំណែង ធ្វើឱយបាត់បង់ប្រយោជន៍របស់គេ។ កំណែទំរង់ដែលដាក់ចេញ ធ្វើតែពីក្រោមហើយ មិនសូវពិតប្រាកដទៀតគឺធ្វើឱយតែបានតាមចិត្តមេ រាយការណ៍យកតែគុណសម្បត្តិ ទោះកែទំរង់តែឡើងមិនទៅដល់លើកំពូល ពោលគឺអ្នកធំស្និទ្ធខ្លាំងនឹងជនផ្តាច់ការនៅតែកាន់តំណែងចាស់ដដែល គ្មានកំណែថ្នាក់លើជាគំរូឡើយ នាំឱយប្រព័ន្ធទាំងមូលគ្មានការប្រែប្រួលអ្វីច្រើនទេ ហើយក៏នាំទៅរកលទ្ធផលថ្មីមិនកើតដែរ។ ឯខាងកងទាប់និងនគរបាលទាហានវិញ ទោះបីមនុស្សក្នុងស្ថាប័ននេះឋិតក្រោមការត្រួតត្រារបស់ជនផ្តាច់ការក៏ដោយ ក៏ពុំមែនមានន័យថា ពួកគេសុទ្ធតែស្របនឹងការដឹកនាំរបស់របបនោះទាំងអស់នោះដែរ ហើយពួកគេនោះអាចសម្រេចចិត្តធ្វើសកម្មភាពដោយខ្លួនឯង ទោះបីខុសពីបំណងថ្នាក់លើក៏ដោយ។ ក្នុងករណីជនផ្តាច់ការទើបតែបានអំនាច ការពង្រឹងអំនាចទាមទារពេលវេលាក្នុងកំរិតគួរសមមួយ ដែលមិនប្រាកដថាអំណោយផលសំរាប់ពួកគេឡើយ។
៙ថ្នាក់លើ បើថ្នាក់លើបែងចែកអំនាចទៅថ្នាក់ក្រោម (វិមជ្ឈការ) ធ្វើឱយពិបាកគ្រប់គ្រង លែងស្តាប់បញ្ជា ពួកគេសង្ស័យខ្លាចមានគំនិតក្បដឬចុះចូលភាគីផ្សេងទៀត ពិសេសគឺភាគីប្រឆាំង។ ម្យ៉ាង ជនផ្តាច់ការពិបាកសំរេចចិត្តឱយបានត្រឹមត្រូវសមហេតុផលណាស់ ព្រោះមានគ្នាតិច ខួរក្បាលតិច មិនទុកចិត្តពត៌មានពីថ្នាក់ក្រោម ដូច្នេះត្រូវរិតបន្តឹងការគ្រប់គ្រង ដកចេញ ដាក់ថ្មីជាអាទិ។ នៅក្នុងរបបផ្តាច់ការ គេមិននិយាយពីការផ្ទេរអំនាចទេ គេនិយាយពីការផ្ទេរបង្គាប់។ ប៉ុន្តែ បើក្តាប់អំនាចពេញដៃពេគ ដោះស្រាយបញ្ហាមិនកើត ធ្វើឱយអ្នកក្រោមឱវាទគ្មានភាពបត់បែនតាមសភាពការណ៍ ឬគ្មានគំនិតច្នៃប្រតិដ្ឋនិងរាយការណ៍ឱយតែរួចខ្លួនឬបន្លំពត៌មានពិត ផ្គាប់ចិត្តមេប៉ុណ្ណោះ។ ដរាបណាគ្មានពត៌មានច្បាស់លាស់ពីថ្នាក់ក្រោម បើថ្នាក់លើហ៊ានសំរេចផ្តេសផ្តាស នឹងខុសតែម្តង។
៙ថ្នាក់ក្រោម បើពួកមន្ត្រីនៅថ្នាក់ក្រោមរាយការណ៍ពិតខ្លាចមេយកទោស ថាការងារគ្មានការរីកចំរើន ខ្លាចមេដកតំណែង ទម្លាក់ឬប្តូរទៅកន្លែងខ្លួនមិនពេញចិត្ត។ ពួកគេកំរអាចបំពេញការងារបានសំរេចណាស់ ដ្បិតធ្លាប់ពុករលួយ គ្មានសមត្ថភាពគេបន្តុបដាក់ ស៊កទិញតំណែងទំរាំបាន ខំទិញអ្នកចេះដាក់ក្បែរខ្លួនតែខ្លួនឯងគ្មានចំណេះ មិនចេះប្រើមនុស្ស ចូលចិត្តអ្នកអែបអបជាដើម។ ប៉ុន្តែ បើរាយការណ៍មិនពិតច្រើនលើកពេគក៏ខ្លាចមេស៊ើបដឹងដែរ។ ជាទួទៅ បទបញ្ជាពីថ្នាក់លើគិតពីលទ្ធផលការងារជាជាងគិតពីសមត្ថភាពរបស់អ្នកអនុវត្តនិងចរិតអ្នកធ្វើការ ពោលគឺ ថ្នាក់លើមិនយល់ពីការលំបាករបស់អ្នកក្រោមបង្គាប់ឡើយ ចេះតែបញ្ជាតែប៉ុណ្ណោះ។
ខ. មជ្ឈដ្ឋានសង្គម
បញ្ញវន្ត អ្នកស្រាវជ្រាវ គ្រូសាស្ត្រាចារ្យ សិស្សនិស្សិត លែងគាំទ្រ នៅពេលមានការរិតត្បិតសេរីភាពខ្លាំងពេគ។ ការបង្រា្កប ការបំបិតសិទ្ធិតវ៉ា នាំឱយពួកគេមានប្រតិកម្មមិនល្អ ទោះបញ្ចេញឬមិនបញ្ចេញក្តី។ ប្រជាពលរដ្ឋ កម្មករដែលទទួលរងការបង្រា្កប មានកំហឹងកាន់តែខ្លាំង សូម្បីតែអ្នកធ្លាប់តែគាំទ្រក៏ប្រែទៅជាលែងគាំទ្រវិញដែរ។ បើពួកគេមិនបង្រ្កាប ការតវ៉ាជំទាស់នឹងមានឥទ្ធិពលកាន់តែខ្លាំង រីកកាន់តែធំ តែបើបង្រ្កាបដូចចាក់សាំងលើភ្លើង។ បាតុភូតសង្គមនេះនាំឱយមានទំនាស់រវាងគ្នាឯង ដោយសារមានទិន្នាការនយោបាយផ្សេងគ្នា ប្រកាន់សាសនា ជាតិសាសន៍ វណ្ណៈ នាំឱយបញ្ហាកាន់តែស្មុកស្មាញ បន្ថែមនឹងភាពតានតឹងនយោបាយទៀត នាំឱយរឹងរិតតែធ្វើឱយជនផ្តាច់ការពិបាកត្រួតត្រា។
គ. មនោគមវិជ្ជានិងតថភាពជាក់ស្តែង
នៅពេលការប្រឆាំងឬមិនពេញចិត្តនឹងរបបផ្តាច់ការកាន់តែខ្លាំងឡើង ធ្វើឱយមនោគមវិជ្ជារបស់បក្សកាន់តែចុះខ្សោយ បាត់បង់ការគាំទ្រពីខាងក្នុង មិនអាចភូតភរបិតបាំងការពិតអំពីភាពផ្តាច់ការនិងការនិយមបក្សពួករបស់ខ្លួន មានន័យថា អ្នកក្នុងចេះតែស្របប៉ុណ្ណោះតែធាតុពិតមិនពេញចិត្តនឹងទង្វើរបស់ថ្នាក់ដឹកនាំខ្លួននោះទេ ឯអ្នកក្រៅការដឹកនាំរិតតែមិនពេញទៅទៀត។ របបផ្តាច់ការ ជាទួទៅ អាចបំរើបានតែផលប្រយោជន៍មនុស្សមួយក្តាប់តូច នាំឱយមនុស្សភាគច្រើនទាំងនៅក្នុងក្រុមនិងក្រៅក្រុមមិនពេញចិត្តកាន់តែខ្លាំងឡើងនិងច្រើនឡើង។
បន្ទាប់ពីបានជ្រាបអំពីភាពផុយស្រួយនៃអំនាចនៃរបបផ្តាច់ការ យើងអាចជឿបានថា ពួកគេមិនខ្លាំងដូចជាពួកគេអួតនោះទេ។ ដោយសារតែពួកគេខ្សោយ ទើបពួកគេខំអួតនិងបិតបាំង ហើយបើអួតកាន់តែខ្លាំង មានន័យថាពួកគេកាន់តែភ័យខ្លាចពីការធ្លាក់ពីអំនាចដែរ។ សំអាងលើភាពផុយស្រួយទាំងអម្បាលម៉ាននេះ គេមិនគួររងចាំកំណែទំរង់ ឬជឿជាក់លើកំណែទំរង់ដែលជនផ្តាច់ការសន្យានោះឡើយ ទោះគេមានឆន្ទៈពិតឬមិនមានក្តី ក៏កំរអាចជោគជ័យដែរ បើកែមានតែកែពីស៊ីសើៗមកស៊ីជំរៅប៉ុណ្ណោះ។ ភាពផុយស្រួលនេះបណ្តាលមកពីឥទ្ធិពលអាក្រក់នៃអំពើហិង្សាដែលបង្កើតបានរដ្ឋាភិបាលជំនាញខាងច្បាំងជាជាងខាងដឹកនាំប្រទេស អាចដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ច និងបក្សពួកនិយមដែលជាអតីតកងកម្លាំងយោធាជួយវាយដណ្តើមអំនាចឱយជនផ្តាច់ការ។ ចំណុចពុកផុយអស់ទាំងនេះជាចន្លោះប្រហោងដែលហុចឱយចលនាប្រជាជនដៅជាមុខសញ្ញា អាចធ្វើឱយពួកគេជ្រុះចេញពីអំនាចលែងបានក្អេងក្អាងបន្តទៀត។ របបណាក៏ដោយឱយតែមិនបំរើមនុស្សភាគច្រើន របបនោះត្រូវតែដួលរលំដោយសារផ្ទៃក្នុងខ្លួនឯងបង្កបញ្ហា។ មិនមែនដោយសារការធ្វើបដិវត្តន៍ឬរដ្ឋប្រហារដែលជាកត្តាធ្វើឱយរដ្ឋាភិបាលដួលរំលំ តែគឺដោយសារប្រជាជនលែងគោរពតាមនិងមិនគាំទ្របន្តទៅទៀត។ នេះគឺជាលទ្ធផលនៃការព្រងើយកន្តើយពុំខ្វល់ពីប្រជាពលរដ្ឋដែលជាម្ចាស់អំនាចនិងម្ចាស់ធនធានរដ្ឋ៕
អានបន្ថែម៖
៙ជីន សាប (Gene Sharp). ២០១០. «ពីរបបផ្តាច់ការទៅប្រជាធិបតេយ្យ: គម្រោងគោលការណ៍សំរាប់ការទាមទារសេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះពុម្ពលើកទី៤. សហរដ្ឋអាមេរិច: វិទ្យាស្ថានអាល់បឺត អាញស្តាញ (The United State of America: The Albert Einstein Institute)។