បំប្លែង​សត្រូវមក​ជា​មិត្រ​​ យក​ក្តី​ស្រឡាញ់​ជំនះ​សេច​ក្តី​ស្អប់

 Security Force

ការ​បង្ក្រាបដោយ​ហិង្សា​ពី​កងកម្លាំង​​សន្តិ​សុខ​របស់​រដ្ឋាភិបាល​​ គឺជា​ឧបសគ្គ​ធំ​បំផុត​​ដែល​បាតុកម្ម​អហិង្សា​តែង​តែ​ត្រូវ​ប្រឈម​មុខ​ជា​រឿយៗ​។ ការ​សិក្សា​រក​ឃើញថា​​ ការ​តវ៉ា​ប្រឆាំង​នឹង​របប​ដឹក​នាំ​ ៨៨ភាគ​រយ​ ចួប​ប្រទះ​នឹង​ការ​បង្ក្រាប​។ ដូច្នេះ​ហើយ​ ការ​បង្ក្រាប​មិន​មែន​ជា​រឿង​​ថ្មី ​គួរ​ឱយ​ភ្ញាក់​ផ្អើល​នោះ​ទេ​។ ពេល​មានការ​​បង្ក្រាប​គឺជា​ស្ថាន​ភាព​មួយ​ដែល​អាច​វាស់​ភាព​ក្រាញ​ននៀល​តស៊ូ​របស់​បាតុកម្មបាន​ប្រាកដ​​បំផុត​ គឺ​គេអាច​​ឃើញ​តាម​រយៈ​ចំនួន​សមាជិក​សកម្ម​របស់​ចលនា​ដែល​នៅ​តែ​រក្សា​ចំនួន​ឋិត​ថេរ​ អាច​កែន​សមាជិក​ថ្មី​ និង​នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​សត្រូវ ទោះ​បី​មាន​ការ​បង្ក្រាប​ប៉ុន្មាន​ដង​​ក៏​ដោយ​។​ គេ​តែង​គិតនិង​ជឿ​ជាក់​​ថា ​បាតុកម្ម​អហិង្សា​មិន​អាច​យក​ឈ្នះ​ការ​បង្ក្រាប​ដោយ​ហិង្សាព្រៃ​ផ្សៃ​នោះ​ឡើយ​ ពោល​គឺ អំពើ​​ហិង្សាអាចយក​​​ឈ្នះ​លើ​អំពើ​អហិង្សា​ មិន​តប​ត​បាន​ដោយ​ងាយ​។ ​​រាល់​ពេល​មាន​ការ​បង្ក្រាប​ បាតុ​ករ​អហិង្សា​គ្មាន​អ្វី​ក្រៅ​ពី​ចុះ​ចាញ់​និង​បញ្ឈប់​ការ​តវ៉ារបស់​ខ្លួន​​ឡើយ​។ គួរ​ឱយ​ខ្មាស​ជាង​នេះ​ទៅ​ទៀតនោះ​​គឺថា​ ​សូម្បី​តែ​អ្នក​ដឹក​នាំ​បាតុកម្ម​ក៏​អាច​គិត​ដូច្នេះដែរ​ ក្នុង​ករណី​ដែល​​ពួក​គេគ្មាន​កល​យុទ្ធ​​ទប់​ទល់​ ព្រម​ទាំង​យក​លេស​ឈប់​តវ៉ា​ថា​កាត់​បន្ថយ​ការ​បង្ហូរ​ឈាមទៀត​។  អាស្រ័យ​ជំនឿ​នេះ​ បាតុករ​ខ្លះ​បាន​រិល​មក​រក​វិធី​ហិង្សា​វិញ ពីព្រោះ​​ពួក​គេគិត​​ថា​​  អហិង្សា​គ្មាន​ប្រសិទ្ធ​ភាព​ ហិង្សា​ទើប​​មាន​ប្រសិទ្ធភាព​​និង​ជា​ជំរើស​ចុង​ក្រោយហើយ​។ ប៉ុន្តែ​ ការ​សិក្សា​បាន​បង្ហាញ​ផ្ទុយ​ពី​នេះ។ កុប​កម្ម​ហិង្សា​ដែល​គេ​ជឿ​​​ថា​ មាន​ឥទ្ធិពល​និង​ប្រសិទ្ធ​ភាព​នោះ​មិន​អាច​យក​ឈ្នះ​ឬ​ធ្វើ​ឱយ​កង​សន្តិ​សុខ​ ប៉ូលីស​ យោធា​ ឈប់​គាំទ្រ​របប​ដឹក​នាំនោះ​​ទេ​។ ​​កុប​កម្ម​ហិង្សា​ប្រឈម​មុខ​នឹង​គូ​បដិបក្ស​​បង្ក្រាប ​មាន​សង្ឃឹម​ជោគ​ជ័យ​តែ​ ២០ភាគ​រយ​ប៉ុណ្ណោះ។​ ​សារ​ជាតិ​ជា​មនុស្ស​ នរណា​ក៏​ដូច​គ្នា​ដែរ​ឱយ​តែ​​រង​ការ​វាយ​ប្រហារ​ ​ ជា​ទួទៅ ​គេ​នឹង​វាយ​តប​វិញ​ ដើម្បី​ការ​ពារ​ខ្លួន​​។ ប្រឈម​មុខនឹង​​គ្រោះថ្នាក់​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ ភ្នាក់ងារ​បង្ក្រាប​ទាំង​អស់​​​​មាន​តែ​រួម​សាមគ្គី​គ្នា​វាយ​បក​ ដើម្បី​រួច​ជីវិតទាំង​អស់​គ្នា​ប៉ុណ្ណោះ​ដោយ​មិន​ខ្វល់​ថា​ពួក​គេ​ពេញ​ចិត្ត​របប​ដឹក​នាំ​ឬ​អត់​ទេ​។​ កង​កម្លាំង​សន្តិសុខ​ ប៉ូលីស​ យោធា​សុទ្ធ​តែ​មាន​បទ​ពិសោធ​ខាង​បាញ់​បោះ​វាយ​តប់​ ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ​ ប្រើ​កម្លាំង​បាយ​និង​អាវុធ​គឺ​ជា​ជំនាញ​របស់​ពួក​គេហើយ​​។ ឯ​ខាង​ប្រជាជន​ស៊ីវិល​វិញ​ មាន​តែ​ប្រុសៗពេញ​កម្លាំង​ប៉ុណ្ណោះ​ទើប​អាច​ទប់​ទល់​បាន​ តែ​ទប់​ទល់​បាន​មិន​មែន​វាយ​ឈ្នះ​ភ្នាក់​ងារ​បង្ក្រាប​​ឡើយ​។

អំពើ​ហិង្សា​គ្មាន​ប្រសិទ្ធ​ភាព​ទៅ​ហើយ​​ តើ​សកម្ម​ភាព​អហិង្សា​យក​ឈ្នះ​ដោយ​របៀប​ណា​​ទៅ​? ចម្លើយ​ងាយៗ​គឺ​ថា​ បាតុកម្ម​អហិង្សា​មិន​ចាំ​បាច់​យក​ឈ្នះ​ការ​បង្ក្រាប​ឡើយ​។ អ្វី​ដែល​បាតុកម្ម​អហិង្សា​ត្រូវ​ការ​គឺ​ធ្វើ​ឱយ​ភ្នាក់​ងារ​បង្ក្រាប​បោះ​​បង់​ឆន្ទៈ​បង្ក្រាប​ ពោល​គឺ ​ធ្វើ​ឱយ​ក្រុម​អាជ្ញាធរ​ កង​កម្លាំង​រក្សា​សន្តិ​សុខ​ យោធា​ ប៉ូលីស បញ្ឈប់​ការ​បង្ក្រាប​ ធ្វើ​ជា​មិន​ឮ​បទ​បញ្ជា​ថ្នាក់​លើ​ ដាក់​ពាក្យ​សុំ​ច្បាប់​ឈប់​សំរាក​ គាំទ្រ​ចលនា​ប្រជាជន​ដោយ​ប្រយោល​វិញ​។ ខុស​ពី​កុប​កម្ម​ហិង្សា​ដែល​ត្រូវ​យក​ឈ្នះ​ដោយ​វាយ​បង្ខំ​នរណា​ម្នាក់​ឱយ​ចុះ​ចាញ់​ លុត​ក្រាប​ សំពះ​អង្វរ​ ​បាតុកម្ម​អហិង្សា​វិញ​មិន​ចង់​ឈ្នះ​នរណា​ម្នាក់​ឡើយ​ ប៉ុន្តែ​ពួក​គេ​លួង​លោម​បញ្ចុះ​បញ្ចូល​បង្កើត​ភាព​ស្និទ្ធ​ស្នាល​នឹង​គូ​បដិបក្សដែល​ជា​ភ្នាក់​ងារ​បង្ក្រាប​​​តូច​ៗ រហូត​ដល់​ធ្វើ​ឱយ​រង្គោះ​រង្គើ​ដល់​ពួក​វរជន​ធំៗ​ដែល​ធ្លាប់​តែ​គាំ​ទ្រ​​ជន​ផ្តាច់​ការ ​​ឱយ​មក​ឈរ​ខាង​ប្រជាជន​​វិញ។ សំនួរ​ត្រូវ​បាន​គេ​ចោទ​សួរថា​ តើ​ត្រូវ​ធ្វើ​ម្តេច​ទើប​អាចផ្លាស់​​ប្តូរ​ម្ចាស់​របស់​អ្នក​ទាំង​នោះ​បាន​?​ ​លោក​ ម៉ារទីន​ លូធើរ​ ឃីង​ បាន​ឆ្លើយ​សំនួរ​នេះ​រួច​ហើយ​ ថែម​ទាំង​អនុវត្ត​បាន​ជោគ​ជ័យ​នៅក្នុង​​ចលនា​ទាម​ទារ​សិទ្ធិ​ប្រជាជន​ស៊ីវិល​ប្រឆាំង​នឹង​ការ​រើស​អើង​ជាតិ​សាសន៍​នៅ​សហរដ្ឋ​អាមេរិច​ទៀត​ផង​។ ​ក្នុង​អំលុង​ពេល​ជាប់​គុក​ដោយ​សារការ​អនុវត្តវិធី​​មិន​គោរព​តាមដោយ​អហិង្សានៅ​ក្នុង​រដ្ឋ​អាឡាបាមា​ លោកបាន​សរសេរ​អត្ថបទ​មួយចំណង​ជើង​ថា​ «ស្រឡាញ់​សត្រូវ​របស់​អ្នក​» ​ដែល​​​យើង​ដក​ស្រង់រៀប​ចំ​ជា​សេចក្តី​ដូច​ត​ទៅ​៖

ពួក​យើង​មិន​ត្រូវ​ព្យាយាម​យក​ឈ្នះ​និង​ធ្វើ​ឱយ​សត្រូវ​របស់​យើង​អាម៉ាស​មុខ​នោះ​ទេ​ ប៉ុន្តែ​យើង​ត្រូវ​ទាញ​យក​មិត្ត​ភាព​និង​ការ​យល់​គ្នា​ពី​ពួក​គេ​ឱយ​បាន​។ សម្តី​និង​ទង្វើ​ត្រូវ​តែ​បំពេញ​ការ​យល់​​គ្នា​រវាង​យើង​និង​សត្រូវ ព្រម​ទាំង​​ធ្វើ​ឱយ​ឃ្លាំង​សុច្ឆន្ទៈ​ដ៏​ធំ​ទូលាយ​ធ្លាយ​ចេញមក​​ ឃ្លាំង​ដែល​ធ្លាប់​តែ​​បាន​បិត​ខ្ទប់ដោយ​​​​ជញ្ជាំង​នៃ​សេចក្តី​ស្អប់​ដែល​ពុំ​អាច​ទម្លុះ​បាន​។ […] ​ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​​ស្រឡាញ់​សត្រូវ​របស់​យើង​? ​ហេតុផល​ជាក់​ស្តែង​គឺ​ដោយ​ហេតុ​ថា​​ យក​សេចក្តី​ស្អប់​ទៅ​តប​នឹង​សេចក្តី​ស្អប់​បង្កើន​សេចក្តី​ស្អប់​។ បន្ថែម​ភាព​ងងឹតនៅ​ក្នុង​ពេល​យប់​ជ្រៅ​ គឺ​បាន​បំបិត​ផ្កាយ​ភ្លឺ​រួច​ទៅ​ហើយ​។ ភាព​ងងឹត​​មិន​អាច​បំបាត់​ភាព​ងងឹតបាន​​នោះ​ទេ​ មាន​តែ​ពន្លឺទេ​​ទើប​អាច​។ ស្អប់​មិន​អាច​កំចាត់​ស្អប់​ឡើយ​ មាន​តែ​ក្តី​ស្រឡាញ់​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​បាន​។ សេចក្តី​ស្អប់​បង្កើន​សេចក្តី​ស្អប់​ ហិង្សា​បង្កើន​ហិង្សា…។ […] សេចក្តី​ស្រឡាញ់​គឺ​ជា​ថាម​ពល​តែ​មួយ​គត់​ដែល​អាច​បំប្លែង​សត្រូវ​មក​​ជា​មិត្រ​។ យើង​មិន​ដែល​អាចប្រែ​សត្រូវ​ជា​​​មិត្រ​ដោយ​យក​ស្អប់ទៅ​​ទល់​នឹង​ស្អប់នោះ​​ទេ (ដោយ​ស្អប់​សត្រូវ​)។ ​យើង​​អាចប្រែ​សត្រូវ​មក​ជា​មិត្រ​ដោយ​​​បំបាត់​​ភាព​ជា​សត្រូវ​​​។ តាម​រយៈ​ធម្ម​ជាតិ​ពិត​របស់​វា​ សេចក្តី​ស្អប់​ត្រូវ​បាន​បំផ្លាញ​និង​ដាច់​ជា​ចំរៀក​ សេចក្តី​ស្រឡាញ់​ត្រូវ​បាន​បង្កើត​និង​កសាង​ឡើង​។ សេចក្តី​ស្រឡាញ់​បំប្លែង​ដោយ​អំនាច​នៃ​ការជួយ​​សង្គ្រោះ​។

អ្នក​ស្អប់​គេ​និង​អ្នកដែល​​ត្រូវ​បាន​គេ​ស្អប់​ សុទ្ធ​តែ​ចូល​រួម​បង្កើត​ភាព​សត្រូវ​និងជាប់​ក្នុង​គុក​នៃ​សេចក្តី​ស្អប់​ដូច​គ្នា​ ឯ​អ្នក​​ដែល​ឈឺ​ចាប់​តប់ប្រមល់​ជាង​គេ​ពុំ​មែនជា​​អ្នកដែល​​ត្រូវ​គេ​ស្អប់​នោះ​ទេ​ ​តែ​គឺ​អ្នក​ដែល​ស្អប់​គេ​​។ មាន​តែ​ដោះ​លែង​ខ្លួនឯង​​​ឱយ​រួច​ពី​សេចក្តី​ស្អប់​សត្រូវ​ជា​មុន​សិន​ទេ ​ទើប​អាច​បង្កើត​មិត្ត​ភាព​ជាមួយ​​សត្រូវ​និង​ចុង​ក្រោយ ​សត្រូវ​ក៏​ក្លាយ​ជា​មិត្រ​​។ ទោះ​បី​ ​ឃីង​ បាន​សំរេច​បាន​​ជោគ​ជ័យ​ទទួល​បាន​ការ​ទទួល​ស្គាល់​​​សិទ្ធិ​ស្មើ​ភាព​រវាង​ជន​ស្បែក​ស​និង​ជន​ស្បែក​ខ្មៅ​ហើយ​ក៏​ដោយ​ ​ក៏​ក្រោយ​ពី​បាន​អាន​សេចក្តីសំរង់​​ខាង​លើមក​​ ​ពួក​យើងសរសើរ​ពី​គុណ​ធម៌​និង​សីល​ធម៌​របស់​លោក​ ជា​ជាងគិត​ថា​វា​អាច​អនុវត្ត​បាន​ ពោល​គឺ​អហិង្សា​របស់​ ឃីង​ ដូច​គន្ធី​ដែរ​ គឺ​ជា​អហិង្សា​ខាង​គោល​ការណ៍​ជា​ជាង​បែប​អនុវត្តន៍ ទោះ​បី​លោក​ទាំង​ពីរ​បាន​ជ័យ​ជំនះ​ហើយ​ក៏​ដោយ​ក្តី​។ ​​​តើ​បាតុករ​អហិង្សា​អាច​បង្កើត​មិត្ត​ភាព​ជា​មួយ​នឹង​អ្នកនិយម​ហិង្សា​ដូច​ម្តេច​ បើ​ពួក​គេ​ចូល​ចិត្ត​​ប្រើ​អាវុធ​កម្លាំង​បាយ​មក​និយាយ​ជំនួស​មាត់​ដូច្នេះ​? សូម្បី​តែ​កូន​ចៅ​តូចៗ​ ដូច​ជា​ កង​សន្តិ​សុខ​ ប៉ូលីស​ យោធា​ក៏​ពិបាក​ធ្វើ​ឱយ​ពួក​គេ​យល់​ស្រប​តាម​ដែរ​ ទំរាំ​ដល់​មេ​ៗ​ឬ​ពួក​​ផ្តាច់​ការទាំង​អស់​នោះ​​ទៀត​? លោក​ស្រី​ អ៊ុង​ សាន​ស៊ូជី​ (Aung San Suu Kyi)​ មេ​ដឹក​នាំ​ចលនា​ស្រប​​ប្រជាធិបតេយ្យ​នៅ​ភូមា​ក៏​បាន​និយាយ​​ដែរ​ថា​ «ពិត​ជា​មិន​ដែល​ងាយសោះ​ឡើយ​ ក្នុង​ការ​ធ្វើ​ឱយ​មនុស្ស​ដែល​បាន​អំនាច​ដោយ​កម្លាំង​ជឿ​លើ​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិ​ភាព​។​» លោក​ ជីន​ សាប​ ដូច​គ្នា​បាន​ព្រមានថា ​​​ជន​ផ្តាច់​ការ​មិន​ចេះ​គោរព​សន្យា​ទេ​។ ទោះ​បី​យ៉ាង​ណា​ ​លោក​ក៏​មិន​បាន​និយាយថា ​យើង​មិន​អាច​បង្ខំ​​ពួក​គេឱយ​​គោរព​សន្យា​បាន​នោះ​ដែរ។ សូម​កុំ​ភ្លេច​ថា​ លោក​ នេលសុន មែនដឺឡា​ (Nelson Mandela) ទទួល​បាន​រង្វាន់​ណូបែល​សន្តិ​ភាព​នៅ​ឆ្នាំ​១៩៩៣ ចំពោះ​ការ​ប្រឹង​​ប្រែង​ធ្វើ​ឱយ​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​របប​ប្រជាធិបតេយ្យ​ពុំមានការ​​រើស​អើង​ជាតិ​សាសន៍​ ដោយ​សន្តិ​ភាព​ឱយ​សោះ​។ តាម​រយៈ​ការ​ចរ​ចា​ដោយ​សន្យា​​មិន​ផ្តន្ទា​​ទោស​ជន​ល្មើសដែល​​ពាក់​ពាន់​ទាំង​ឡាយ​ ជំនួស​ដោយ​លក្ខ​ខណ្ឌ​សារ​ភាព​កំហុស​នា​នា​ដែល​បាន​ប្រព្រឹត្ត​ខុសកន្លង​មក ​លោក​នៅ​តែ​អាច​សំរេច​សមិទ្ធ​ផល​បាន​ដ៏​អស្ចារ្យ​មិន​គួរ​ឱយ​ជឿ គឺបញ្ចប់​ទំនាស់​ដោយ​គ្មាន​អំពើ​ហិង្សា​កើត​ឡើង​​​​​។

ចលនា​ប្រជាជន​បាន​ជោគ​ជ័យលើសលុប​ជា​ច្រើន​ករណី​មក​ហើយ​ ដោយ​សារ​សេចក្តី​ស្រឡាញ់​យក​ឈ្នះ​សេចក្តី​ស្អប់នេះ​។​ ឯ​ករណី​ចរចា​បញ្ចប់​ជម្លោះ​ដោយ​សន្តិ​ភាព​នេះ​ គេ​អាច​ធ្វើ​ទៅ​បាន​ តែ​មិន​មែន​ចាប់​ផ្តើម​ភ្លាម​ៗ​ទេ​ ផ្ទុយ​ទៅ​វិញ​ គេ​​ត្រូវ​​បង្ក​លក្ខណៈ​ងាយ​ស្រួលនិង​ទាល់​ច្រក​​ឱយ​ជន​ផ្តាច់​ការ​និង​បក្ស​ពួកអាច​ទទួល​យក​ការ​ចរចា​ដោយចលនា​ប្រជាជន​ដើរ​ខ្សែ​លើ​​​​​ជា​មុនសិន។​ ​បើ​កម្លាំង​ពួក​គេ​នៅ​តែ​ខ្លាំង​ សសរ​ស្ត​ម្ភ​គាំទ្រ​របស់ពួក​គេ​នៅតែ​រឹង​មាំ​ ពួក​គេ​មិន​ចេះ​ចរចា​ជា​មួយ​នរណា​ឡើយ​ ទោះ​ចរចា​ក៏​ក្បដ​ក្រលាស់​សម្តី​ជា​ធម្មតា ពោល​គឺ​បើ​ចរចា​ចាញ់​គឺមិន​ចរ​ចា​​។ ដើម្បី​បង្ខំ​ជន​ផ្តាច់​ការ​ឱយ​គោរព​តាម​ការសន្យា​ពេល​ចរចា​​ គេ​ត្រូវ​ដណ្តើម​យក​ការ​គាំទ្រ​​ពី​អ្នក​ឋិត​ក្រោមអំនាច​របស់​ជន​ផ្តាច់​ការ​ឱយ​ឈរ​ខាង​ប្រជាជន​ជា​ដំបូង​សិន។ បើ​ចង់​ឱយ​អ្នក​ធំៗ​ទាំង​នោះ​ឈរ​ខាងប្រជាជន​ មិន​ងាយ​ភ្លាម​ៗនោះ​ទេ​។ គេ​ត្រូវ​​ការ​​​រយៈ​ពេល​យូរ ​ក្រោយ​ពេល​ចលនា​មាន​ការ​គាំទ្រ​ខ្លាំង​ទៅៗ ពួក​គេ​នឹង​​បន្ទន់​គោល​ជំហរទៅ​រក​ខាងណា​​ដែល​ទំនង​ឈ្នះ​ ប៉ុន្តែ​ជន​ផ្តាច់​ការ​និង​គ្នី​គ្នា​ជិត​ស្និទ្ធ​ជាង​គេ​បំផុត​មិន​ងាយ​ចុះ​ចាញ់​ជា​ដាច់​ខាត​ ហេតុ​នេះ​​ ចលនា​ក៏​ត្រូវ​ស្វិត​ស្វាញ​មិន​ឱយ​ភ្នាក់​ងារ​បង្ក្រាប​វាយ​យក​ឈ្នះ​បាន​ជា​ដាច់​ខាត​​ដែរ​។​ ​​​ត្រង់​នេះ​ វិធីអហិង្សា​ ដូច​ជា​​​ការ​លួង​លោម​ បង្កើត​ភាព​ស្និទ្ធស្នាល​ ​យក​ចិត្តយក​ថ្លើម​ ជូន​ឬ​ដោតផ្កា​ ​ ហុច​ទឹកនំ​ចំណី លេង​ល្បែង​កំសាន្ត​ជា​មួយ​ភ្នាក់​ងារ​បង្ក្រាប​ទាំង​នោះ​ ​មិន​មែនរឿង​​ចៃ​ដន់នោះ​ទេ​ ​នៅ​ក្នុង​បាតុកម្ម​អហិង្សា។​ ​វា​គឺ​ជា​កល​យុទ្ធ​ទិញ​ទឹក​ចិត្ត ប៉ុន្តែ​ឥត​ក្លែង​ក្លាយ​​។ ​ខុស​​ពី​​ក្នុងយុទ្ធ​សាស្ត្រ​សង្គ្រាម​ដែល​គេ​និយម​បោក​ប្រើ ​ដោយ​វិធី​ទិញ​ទឹក​ចិត្ត​តាម​រយៈ​ផ្តល់​តំណែង​ មាស​ប្រាក់​ ស្រី​ញី។ល។​ កល​យុទ្ធ​ក្នុង​បាតុកម្ម​អហិង្សា​​គ្មាន​ចេតនា​បោក​ប្រាស់​អ្នក​ណា​​ម្នាក់​ឡើយ តែ​ទាម​ទារ​ការ​យល់ពី​​គ្នាយ៉ាង​​ពិត​ប្រាកដ​។​ វិធី​នេះ​កាន់​តែ​ប្រើ ​កាន់​តែ​​មាន​ប្រសិទ្ធ​ភាព​ ទោះ​បី​ភាគី​ម្ខាង​ទៀត​មិន​ព្រម​ទទួល​​ឬ​តប​ដោយ​កំរោល​ក៏​ដោយ ព្រោះ​ថា​ ពួក​គេ​ពិបាក​បដិសេធ​អំពើ​ល្អ​ខ្លាំងណាស់​​ ទោះ​បី​មាន​គោល​ជំហរ​ពុំ​​ចុះ​ចំរុង​គ្នាក៏​ដោយ​ ​​ហើយ​បើ​ពួក​គេ​តប​ដោយ​ការ​បង្ក្រាប​ឬ​រារាំង​សកម្ម​ភាព​វិជ្ជមាន​ទាំង​នោះ​ ពលរដ្ឋ​នឹង​មើល​មកភ្នាក់​ងារ​ដែល​មាន​​ប្រតិកម្ម​បែបប​នេះ​​ថា​អមនុស្ស​ធម៌​ គ្មាន​សុជីវធម៌​​ បាក់​​មុខ​អាប់​មាត់​ ការ​គាំទ្រ​របប​ដឹកនាំ​ក៏​​ថយ​ចុះដូចគ្នា​​។ ​​វិធី​ទាំង​នេះ​មិន​មែន​​យក​ចិត្តតែ​ភ្នាក់ងារ​រដ្ឋាភិបាល​ទេ​ តែ​គឺអន្ទង​ចិត្ត​​សាធារណជន​និង​ភាគី​ទី​បី​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ ទើប​សកម្ម​ជន​និង​អ្នក​ដឹក​នាំ​បាតុកម្ម​តែង​តែ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ឱយ​មហាជន​ដឹង​ ដើម្បី​ឱយ​ពួក​គេ​គាំទ្រ​ចលនា​និង​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​ផង​។​ បើ​ភាគី​ខាង​រដ្ឋាភិបាល​​មិន​ទទួលយក​​ការ​ស្វាគម​នេះ​ទេ​ គេ​នៅ​តែ​មាន​វិធី​មានប្រសិទ្ធ​ភាព​ជាង​នេះ​ទៀត​ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​អាជ្ញាធរ​ទាំង​នោះ​។ បើ​ក្រោម​កែវ​ភ្នែក​របស់​ភ្នាក់​ងាររដ្ឋាភិបាល បាតុករ​ត្រឹមតែ​​ជា​មនុស្ស​មិន​ស្គាល់​គ្នា​​ឬ​ប្រជាជន​សាមញ្ញ​ទេ​ នោះ​គេ​មិន​អាច​ធ្វើឱយ​​សេចក្តី​ស្រឡាញ់​នោះ​បញ្ចេញ​ភាព​សកម្ម​របស់​ខ្លួន​ឡើយ​។ ឧបករណ៍​ហិង្សា​របស់​ជន​ផ្តាច់​ការ​ ​ដូច​ជា​អាជ្ញាធរ ប៉ូលីស​ កង​សន្តិ​សុខ​ យោធា​ អាច​វាយ​ធ្វើបាប​​បាតុ​ករ​តាម​បញ្ជា​ថ្នាក់​លើ​ដោយ​ឥត​មាន​​អល់​អែក​និង​គ្មាន​មេត្តា​ បើ​ពួក​គេ​ពុំ​ជាប់​ទាក់​ទង​អ្វី​​នឹងបាតុករទាំង​នោះ​។ លោក​ រ៉ូបឺត​ ហ៊ែល​វី (២០០៤, ទំ. ៧៤) បាន​ផ្តល់​ដំបូន្មាន​ក្នុងការ​ទាញ​យក​ការ​គាំទ្រ​ពី​អ្នក​នៅ​ក្នុង​របប​ដឹក​នាំ​មក​ជួយជា​កម្លាំង​​ចលនា​ដូច្នេះ​៖

ផែន​ការ​យុទ្ធ​សាស្ត្រ​គួររាប់​​បញ្ចូល​ការ​ប្រឹង​ប្រែង​កែន​មិត្រ​ភក្តិ​និង​សាច់​ញាតិ​របស់​អ្នក​រដ្ឋ​ការ​សំខាន់ៗ​ ដែលជា​សសរ​ស្តម្ភ​គាំទ្រ​របស់​​​ជន​ផ្តាច់​ការ។ ក្នុង​ករណី​នេះ​ វា​ពិត​ជា​​សំខាន់​ណាស់​ក្នុង​ការ​សង្កត់​ធ្ងន់​លើ​ការ​ដក​យក​សសរ​ស្តម្ភគាំទ្រ​​សំខាន់​ៗពី​របប​ដឹក​នាំ​បញ្ជូន​ទៅ​ឱយ​ចលនា​ប្រឆាំងវិញ​ ជា​ជាង​ប្រើ​វិធីណា​​ដែល​រុញ​ពួក​គេ​ឱយចូល​ទៅ​ក្នុង​មជ្ឈដ្ឋាន​នៃ​រចនាសម្ពន្ធ​អំនាច​របស់​របប​​​ដឹក​នាំ​កាន់តែ​​ជ្រៅ​ (ប្រមូល​ផ្តុំ​កម្លាំង​គ្នា​នៅ​ក្រោម​របប​ដឹក​នាំជា​ជាង​បែក​ខ្ញែក​ចេញ​​)។​ ជន​ផ្តាច់​ការ​ក៏​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​​​​ស្វាមីភក្តិបន្ត​ទៀត​​របស់អ្នក​ដែល​រំពឹង​ថា​ត្រូវចាប់​ខ្លួន​ ត្រូវ​គំរាម​កំហែងពួក​គេ​ដែល​បាន​បណ្តែត​បណ្តោយ​​​ឱយ​សមាជិក​ក្រុម​គ្រួសារ​ខ្លួន​ឯងដើរ​​ផ្លូវ​មិន​ត្រឹម​ត្រូវ (គាំទ្រ​ចលនា​ប្រឆាំង​)​​។ វា​ពិត​ជា​លំបាក​សំរាប់​មេ​បញ្ជា​ការ​ដែល​ត្រួត​ត្រា​កម្លាំង​​ គ្រប់​គ្រង​​ចលាចលណាស់​​ក្នុង​ការប្រើ​កូន​ចៅ​របស់​ខ្លួន​ឱយ​យក​ដំបង​ អាវុធ​ ​ឧស្ម័ន​បំពុល​ វាយ​ប្រហារ​បាញ់​បោះ​ទៅ​លើ​ក្រុម​បាតុករ​ ​នៅ​ពេល​ដែលមើល​ឃើញ​​កូន​របស់​ពួក​គេនៅ​ជួរ​មុខនៃ​​បាតុកម្ម​​​។​ បើ​យោលទៅ​តាម​​ភាពសម​​ហេតុ​ផល​ មេ​បញ្ជាការ​នោះ​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ និង​ជំនួយ​ដាក់មកវិញ​ដោយ​​មេ​បញ្ជាការ​ថ្មី​ផ្សេង​ទៀត​ដែល​មាន​បទ​ពិសោធ​ទាប​ជាង​អ្នក​ចាស់​​។ តាម​ហេតុ​ផល​ដដែលនេះ​​ មេ​បញ្ជាការ​ថ្មី​​​ក៏​ក្លាយ​មុខ​សញ្ញា​មួយ​ទៀត​​របស់​ក្រុម​ប្រជាធិបតេយ្យ​​ដដែល​។ សេចក្តី​លំបាក​របស់​របប​ដឹក​នាំ​ក៏​មិន​ចេះ​ចប់​មិនចេះ​ហើយ នៅ​ពេល​ដែល​សសរ​ស្តម្ភ​គាំទ្រ​ទាំង​នោះ​រលំ​បន្ត​គ្នា​ទប់​លែង​ជាប់​។

យុទ្ធសាស្ត្រ​ទន់​បង្ក្រាប​រឹង ស្រឡាញ់​ជំនះ​ស្អប់​នេះ​ មិន​មែន​ជាការ​ចាប់​ជំរិត​ឬ​ចាប់​​បង​ប្អូន​សាច់​ញាតិ​របស់​ភាគី​ស្រប​រដ្ឋាភិបាល​ជា​ចំណាប់​ខ្មាំង​នោះ​ឡើយ​ ព្រោះ​ចលនា​ប្រជាជន​ស៊ីវិល​ដោយ​អហិង្សា​មិន​អាច​និង​ត្រូវ​​បង្ខិត​បង្ខំ​ឱយ​ពួកគេ​ចូល​រួម​ចលនា​ឡើយ​ តែត្រូវ​​លួង​លោម​​និង​ទាក់​ទាញ​ពួក​គេ​ឱយ​ស្មគ្រ​ចិត្ត​ជួយ​ចលនា ទើប​ពួក​គេ​ក្លាយជា​​កម្លាំង​មានឥទ្ធិ​ពល​ពិត​ប្រាកដ​​ អាច​ប្រើ​សេចក្តី​ស្រឡាញ់​របស់​​មនុស្ស​ស្និទ្ធ​ស្នាល​របស់​ភ្នាក់​ងាររដ្ឋាភិបាល​ទាំង​នោះ​ មក​បន្សាប​សេចក្តី​ស្អប់​ចំពោះ​ចលនា​ រួច​​ដាក់​អាវុធ​ចុះ​ មក​ឈរ​ខាង​ក្រុម​បាតុករ​វិញ​​។ ដូច​យើង​បាន​ដឹងពី​ខាង​ដើម​​ហើយ​ថា បាតុកម្ម​អហិង្សា​ផ្តល់​​សេរី​ភាពក្នុង​ការ​ចូល​រួម​និង​ចាក​ចេញ​ឱយ​សមាជិក​​ ​គ្មាន​នរណា​មាន​សិទ្ធិ​បំបាត់​សេរី​ភាព​របស់​អ្នក​ណា​ឡើយ​។

ចុះ​បើ​បាតុកម្ម​មិន​អាច​ទាក់​ទាញ​អ្នក​មាន​ទំនាក់​ទំនងនឹង​របប​ដឹក​នាំ​បាន​ តើ​គេ​គួរ​ធ្វើ​ដូច​ម្តេចទៅ​​? ប្រាកដ​ណាស់​​ថា ​ពួក​គេ​កំរ​​អាចក្បដ​គ្រួសារ​មិត្រ​ភក្តិ ​សាច់​ញាតិ ​មក​ជួយ​ចលនា​ប្រឆាំងនឹង​បក្ស​ដែល​ផ្តល់​ផល​ប្រយោជន៍​​ជូនក្រុម​គ្រួសារ​​​គេយូរ​មក​ហើយ​​ណាស់​។ គាំទ្រ​ចលនា​ប្រជាជន​មាន​តែធ្វើ​ឱយ​​បាត់​បង់ផល​​ប្រយោជន៍​បក្ស​ពួករបស់​​ខ្លួន​​ប៉ុណ្ណោះ​។​​​​ ពិត​មែន​តែ​គេ​ពិបាក​ទាញ​យក​ការគាំទ្រ​ពី​អ្នក​ជិត​ស្និទ្ធរបស់វរជន​សំខាន់​ៗ​ក្នុង​​របប​ដឹក​នាំ​ តែ​សំរាប់​អ្នក​បង្ក្រាប​ដែល​ជា​កូន​ចៅ​គេ​ មាន​ឋានៈ​តូចៗ ​ប្រឈម​មុខ​ផ្ទាល់​នឹង​ចលនា​ ពួក​គេ​​មាន​​ពីប្រភព​ចេញ​ពី​​ប្រជាជនស៊ីវិល​សុទ្ធ​សាធ​។ ម្យ៉ាង​ លោក​ ហ៊ែល​វី​ ក៏​មិន​បាន​សំដៅ​​ចំៗ​ថា​ ទាល់​តែ​អ្នក​មាន​ទំនាក់​ទំនង​នឹង​អ្នក​ធំនោះ​ដែរ​។ កូន​ ប្រពន្ធ​ ម្តាយ​ឪពុក​ គ្រួសារ សាច់​ញាតិ​របស់​កង​កម្លាំងរក្សា​សន្តិ​សុខ​ ប៉ូលីស​ យោធា​ អាជ្ញាធរ​ ទាំង​អស់​នោះ​​ ​ជា​ទួទៅ​ជា​ប្រជាជនសាមញ្ញ​​ ហើយ​ចង់​ទាក់​ទាញ​យក​ការ​គាំទ្រ​របស់​ពួក​គេ​មិន​ពិបាក​នោះ​ទេ​។ ដូច្នេះ​ហើយ​ ការស៊ើប​ប្រវត្តិ ដើម្បី​​​​ស្គាល់អត្តសញ្ញាណ​ភ្នាក់​ងារ​បង្ក្រាប​គឺ​សំខាន់ណាស់​ ព្រោះ​គេ​អាច​រក​ឃើញ​​និង​ស្គាល់​អ្នក​ជិត​ស្និទ្ធ​នឹងភ្នាក់​ងារ​ទាំង​នោះ​ នឹង​អាច​ទាក់​ទាញ​អ្នក​ទាំង​នោះ​ឱយ​ចូល​រួម​គាំទ្រ​ចលនា​បាន​។ ក្នុង​ករណី​ដែល​ពិបាក​អូស​ទាញ​ ឬ​មាន​ការ​​ភ័យខ្លាច ​គ្មាន​សេចក្តី​ក្លាហាន​ចូល​រួម​បាតុកម្ម​ អ្នក​ជិត​ស្និទ្ធ​ទាំង​អស់​នោះ​នៅ​តែ​អាច​គាំទ្រជួយ​ចលនា​​ដោយ​ប្រយោល​ ពោល​គឺ​ពួក​គេ​អាច​បង្ខិត​បង្ខំ​ភ្នាក់​ងារ​បង្ក្រាប​ តាម​រយៈ​ពលិការ​សង្គម ផ្តាច់​ទំនាក់​ទំនង​ ដេញ​ចេញ​ពី​ផ្ទះ​ឬ​មិនឱយ​ចូល​ផ្ទះ​ ជំរុញ​ឱយ​ភ្នាក់​ងារ​ទាំង​នោះ​សុំ​ច្បាប់​ឈប់​សំរាក​ ឬ​បើ​ចាំ​បាច់​លាលែង​ពី​ការ​ងារ​តែ​ម្តង បើ​ពួក​គេ​នៅ​បង្ក្រាប​បាតុកម្ម​បន្ត​ទៀត​។ សំរាប់​ស្ត្រី​ជា​ភរិយា​វិញ​ ពួក​នាង​អាច​ធ្វើ​កូដកម្ម​ភេទ​ (Lysistratic inaction) ផ្តាច់​សង្វាស​ឬ​ដំណេក​ជា​មួយ​ស្វាមី​ ដូច​គំរូ​ក្នុង​រឿង​កំប្លែង​ក្លាស៊ីក​ «លីស៊ីស្ត្រាតា​» (Lysistrata) របស់​អ្នក​និពន្ធ​ក្រិច​ អារីស្តូហ្វាន​​ (Aristophanes) នៅ​ស.វ. ទី​៥ មុន ​គ. ស.​។ ​​​ក្នុង​ករណី​​នេះ​​ ​ក្រុម​​ស្រ្តី​ធ្វើ​កូដកម្ម​ភេទ​ ដើម្បី​បង្ខំ​ឱយ​មានការ​ផ្លាស់​ប្តូរ​ណាមួយ​។ របៀប​កូដកម្ម​នេះមាន​​ដើម​កំណើត​​ចេញ​ពី​តួ​អង្គ​ស្រី​នាម​ ​លីស៊ីស្ត្រាតា (ឈ្មោះ​របស់​នាង​មាន​ន័យ​ថា​ បំបែក​កង​ទាប់​​)។ ​តួអង្គ​ស្រី្ត​​នេះ​​បាន​ដឹក​នាំ​ស្រ្តី​នៅ​ក្រិច​ធ្វើ​កូដកម្ម​ផ្តាច់​ការ​រួម​សង្វាស​ជា​មួយ​ប្តី​​ បង្ខំ​បុរស​ជា​កង​ទាប់​ទាំង​នោះឱយ​​បញ្ឈប់​សង្គ្រាម​នៅ​ភីឡូ​ប៉ូនេស (The Peloponnesian War)។ សូម្បី​តែ​មហាត្មៈ​ គន្ធី​ ក៏​បានពោល​​លើក​តម្កើង​ស្រ្តី​ដែរ​ថា​ «ហៅ​មនុស្ស​ស្រី​ថា​ជា​ភេទ​ទន់​ខ្សោយ​គឺ​ជា​ការ​ដាក់​នាម​បង្ខូច​កេរតិ​ឈ្មោះ​ស្រ្តី​។ វា​គឺ​ជា​អំពើ​អយុត្តធម៌​របស់​បុរសចំពោះ​ស្ត្រីភេទ​​។ ប្រសិន​កម្លាំង​មាន​ន័យ​ថា​កម្លាំង​ដោយ​កម្រោល​ ដូច្នេះ​ ពិត​ណាស់​ ស្ត្រី​មិន​​ឃោរ​ឃៅ​ជាង​បុរស​ទេ​។ បើ​សិន​កម្លាំងមាន​ន័យ​ថា​ជា​អំនាចខាង​ផ្លូវ​​សីល​ធម៌វិញ​ នោះ​ស្ត្រី​គឺ​ជា​ភេទដ៏​​ឧត្តុង្គ​ឧត្តម​ជាង​បុរស​ រហូត​ដល់​ឥតអាច​​វាស់​វែង​បាន​។​​ តើ​ស្រ្តី​មិន​មាន​សភាវគតិ ​ មិន​មាន​ការ​លះ​បង់​ខ្លួន​ឯង​​ មិន​មាន​ការ​តស៊ូ​អត់​ធ្មត់​​ មិន​​មាន​សេចក្តី​ក្លាហាន​ជាងបុរសឬ​​? បើគ្មាន​ស្រ្តី​ទេ​ បុរស​មិន​អាច​មាន​លក្ខណៈទាំង​នោះ​ឡើយ​​។ ប្រសិន​បើអហិង្សា​គឺ​ជា​ច្បាប់​នៃ​សភាវៈ​ជា​មនុស្ស​របស់​យើង​ នោះ​អនាគត​គឺ​ឋិត​លើ​​ស្ត្រី​​។ តើ​អ្នក​ណា​អាច​មាន​​ភាព​ទាក់​ទាញ​ដ៏​មាន​ប្រសិទ្ធ​ភាព​ដល់​បេះដូង​ជាង​​ស្ត្រី​ទៀត​នោះ​?» មនុស្ស​ប្រុស​មើល​ស្រាល​កម្លាំង​មនុស្ស​ស្រី​ មនុស្ស​​ស្រី​ទទួល​រង​ឥទ្ធិពល​វប្បធម៌​តែង​តែ​គិត​​ថា ​ខ្លួន​​ឯង​ជា​ភេទ​ទន់​ខ្សោយ​ ប៉ុន្តែ​គ្រាន់​តែ​ពួក​គេ​បដិសេធ​មិន​រួមភេទ​ ក៏​​​​អាច​ធ្វើ​ឱយ​បុរសចុះ​ញ៉ម​ដែរ​។ ចំពោះ​វិធី​ហិង្សា​ ប្រើ​កម្លាំង​​កាយ វាយប្រហារ​​ បាញ់និង​កាប់​​សម្លាប់​ ​ ស្ត្រី​ខ្សោយ​ជាង​បុរស​មែន​។ ប៉ុន្តែ​ចំពោះ​វិធី​អហិង្សា​វិញ​ ស្ត្រី​មាន​ប្រៀប​ជាង​បុរស​ឆ្ងាយ​ណាស់ ព្រោះ​សូម្បី​តែ​ពេល​បាតុករ​អហិង្សា​ជា​ស្ត្រី​ភេទ​រង​ការ​បង្ក្រាប​ក៏​សាធារណជន​ និង​ក្រុម​ទី​បី​មាន​ប្រតិ​កម្ម​ខ្លាំង​ជាង​បាតុ​ករ​ជា​បុរស​ដែរ​ គឺថាវប្បធម៌​ចាត់​ទុក​នារី​គឺ​ភេទ​ទន់​ខ្សោយ​ នាំ​ឱយ​ការវាយ​មនុស្ស​ស្រី​គឺ​ជាការ​​រំលោភ​បំពាន​បទដ្ឋាន​សង្គម ទោះ​ការ​ឱយ​តម្លៃ​ស្ត្រី​ខុស​គ្នា​ទៅ​តាម​​​វប្បធម៌​ក៏​ដោយ​​​​។ ​កុប​កម្ម​ហិង្សា​មើល​រំលង​តម្លៃ​នៃ​ការ​ចូល​រួម​​របស់​មនុស្ស​ស្រី​ ទើប​ងាយ​បរាជ័យ​និង​​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ បង្ក​ជា​ហិង្សា កាប់​សម្លាប់​ ​សង្គ្រាម​ឥត​ឈប់​ឈរ ពោល​គឺ​ពួក​គេ​ដោះ​ស្រាយ​ទំនាស់​ដោយ​ចង​ទំនាស់​បន្ថែម​លើ​ទំនាស់​ ហិង្សា​លើ​ហិង្សា​​។

ចំនួន​ចំរុះ​នៃ​អ្នក​ចូល​រួមគឺ​ជា​​កត្តា​សំខាន់​បំផុត​ កំណត់​ជោគ​ជ័យ​​ចលនា​ប្រជាជន ព្រោះ​វា​​អាច​ធ្វើ​ឱយ​ការ​បង្ក្រាប​គ្មាន​ប្រសិទ្ធ​ភាពនិង​ពិបាក​​ធ្វើ​ទៅបាន​ដោយ​សារ​ចំណង​បណ្តាញ​ទំនាក់​ទំនង​រវាង​ភាគី​ទាំង​ពីរ​ខាង​, ការ​បង្ក្រាប​បង្ហាញ​រូប​ភាព​អយុត្តិធម៌និង​មិន​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ ដែល​​​ជួយ​​កៀង​គរ​ប្រជាជន​ឱយ​ចូល​រួម​ចលនា​ឱយ​រិត​តែ​កុះ​ករ,​ អ្នក​គាំទ្រ​របប​ដឹក​នាំ​នឹង​បែរ​មក​នៅ​ខាង​ចលនា​, គ្មាន​អ្នក​នៅ​ស្តាប់​តាម​បញ្ជា​ ជន​ផ្តាច់​ការក៏​គ្មានអំនាច​​បង្ក្រាបចលនា​ប្រជាជន​​​ទៀត​ដែរ​​។​​​​ ពេល​នោះ​ ពួក​គេ​នឹង​ព្រលែង​ស្ថាប័ន​ទាំង​ឡាយ​ម្តងៗ​មួយ​ ហើយ​ចលនា​ប្រជាជន​ត្រូវ​រៀប​ចំ​ស្ថាប័ន​ទាំង​នោះ​ឱយ​មាន​ឯករាជ្យ​ មិន​ចំណុះ​បក្ស​នយោបាយ​ មាន​ការ​បោះ​ឆ្នោតជ្រើស​រើស​អ្នក​ដឹក​នាំ​ស្ថាប័ន​និង​​សំរេច​ចិត្ត​ជា​ក្រុម​ដោយ​សមាជិក​ទាំង​អស់​។ល។ លុះ​ត្រា​តែ​គេ​អាច​ធានា​យន្ត​ការ​ប្រជាធិបតេយ្យ​គ្រប​ដណ្តប់​ទៅ​លើ​​ស្ថាប័ន​សំខាន់​ៗជា​ច្រើន​សិន​ ទើប​គេ​អាច​ចាប់​បង្ខំ​ឱយ​ជន​ផ្តាច់​ការ​ចរចា​និង​ទទួល​យក​ការ​ផ្លាស់​ប្តូរ​រប​ប​ដឹក​នាំ​ដោយ​សន្តិ​ភាព​បាន​។ ការ​លើក​ទោស​ឱយ​អ្នក​ដឹក​នាំ​របប​ចាស់​និង​បក្ស​ពួក​ ជា​ថ្នូរ​នឹង​ការ​សារភាព​ការ​ពិត​ ដូច​របៀប​​លោក​ មែន​ដឺឡា​ អាច​​អនុវត្ត​បាន​ដោយ​ជោគ​ជ័យ​បាន ​ក្នុង​ពេលដែល​ចលនា​បើក​​យន្ត​ការ​បំបែក​ជន​ផ្តាច់​ការ​ចេញពី​សសរ​ស្តម្ភគាំទ្រ​ទាំង​ឡាយ​​បាន​សំរេច​​៕

គោល​បំណង​នៃ​ការ​បង្ក្រាប និង​ឆន្ទៈ​របស់​ភ្នាក់​ងារ​បង្ក្រាប​

Policemen detain a man during clashes with garment workers in Phnom Penh

[សម្តេច] (The Prince)​ ដែល​មាន​សាធារណជន​ទាំង​មូល​ជា​សត្រូវ​ហើយ​ មិន​ដែល​អាច​ផ្តល់​សេចក្តី​សុខ​ដល់​ខ្លួន​ឯង​បាន​នោះ​ឡើយ​។ កាល​ណា​សម្តេច​កាន់​តែ​សាហាវ​យង់​ឃ្នង​ របប​របស់​សម្តេច​កាន់តែ​​ចុះ​ខ្សោយ​។​

— នីក្កូឡូ ម៉ាគីយ៉ាវែលី្ល​​​ (Niccolo Machiavelli)

គោល​ដៅ​នៃ​ការ​បង្រ្កាប​​បាតុកម្មអហិង្សា​​ដោយ​ហិង្សា​គឺ​ពុំ​មែន​ដើម្បី​សម្លាប់​ឬ​បង្ក​របួស​ស្នាម ​ឱយ​បាតុករ​មាន​ការ​ឈឺ​ចាប់​ផ្លូវ​កាយ​ទេ​ តែ​គឺសម្លាប់​​ផ្លូវ​ចិត្តតស៊ូ​របស់​ពួក​គេ​​។ អ្វី​ដែល​ជន​ផ្តាច់​ការ​ចង់​ឃើញ​និង​ចង់​បាន​គឺ​ការ​គាំទ្រ​ ការ​ឈប់​តវ៉ា​ ការរក្សា​ភាព​​ស្ងាត់​ស្ងៀម​ (សំរាប់​ប្រជាជន​ គឺ​ស្ងាត់​ដោយ​​គ្មាន​សេចក្តី​ស្ងប់​​) និង​ការ​ទទួល​ស្គាល់​​រដ្ឋាភិបាល​ឡើង​វិញ​ ព្រោះ​ពួក​គេដឹង​ថា​ពួក​គេ​​មិន​អាច​កាន់​អំនាច​ដោយ​មាន​ប្រជាជនខ្លួន​​ឯង​ជា​សត្រូវនោះ​ឡើយ​​។ ការ​បង្ក្រាប ​ហេតុ​តែត្រូវ​ធ្វើ​ឡើង​ឱយ​ធ្ងន់ ឱយ​ព្រៃ​ផ្សៃ​ មិន​មែន​ដើម្បី​ជីក​ស្មៅ​ឱយ​ដាច់​ឫស​ទេ​ តែ​គឺ​ដើម្បី​កុំឱយ​​ស្មៅ​ងើប​ឡើង​ស្រុះ​គ្នា​ ចង​ជា​បាច់​ កាច់​លែង​បាក់​ នាំ​ឱយ​ទប់​ទល់​លែង​ជាប់​ ធ្វើ​ឱយ​កងសន្តិ​សុខ​ ប៉ូលីស​និង​​យោធា បោះ​បង់​ភារកិច្ច​ ព្រោះ​បារម្ភ​ពី​អនាគត​របស់​ខ្លួន​ នៅ​ពេលមើល​ឃើញ​ថា​របប​ដឹក​នាំ​ទំនង​មិន​អាច​ទប់​ទល់​​បាន​យូរ​បន្ត​ទៀត​។​ អត្ថន័យ​បង្កប់ក្នុង​ការ​បង្ក្រាប​​​គឺ​ «សម្លាប់​មួយ​គំរាម​មួយ​រយ​» គឺ​ការភ័យ​​ខ្លាច​របស់​ប្រជាជន​គឺ​ជា​សំណើច​ចំអក​ឡក​លើយ​ពី​​ជន​ផ្តាច់​ការ​ ព្រោះ​ប្រជាជន​កាន់​តែ​ខ្លាច ​ឱកាស​ឈ្នះ​កាន់​តែ​ច្រើន​ ពួក​គេ​​កាន់​តែ​សប្បាយ​ចិត្ត។ ការ​គិត​ពីប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​​ប្រជាជន​ម្នាក់​ៗ​ មិនសូវ​​គិត​ប្រយោជន៍​រួម​ ការ​មិនអាច​​​រួប​រួម​គ្នា​ជា​ធ្លុង​មួយ​ គឺ​ជា​អ្វី​ដែល​ជន​ផ្តាច់​ការ​ចង់​បាន​បំផុត​។ បើ​គេ​ពិត​ជា​ចង់​សម្លាប់​អ្នក​ប្រឆាំង​ឱយ​អស់​មែន​ គេ​អាច​ប្រើ​អាវុធ​ធុន​ធ្ងន់​ មួយ​គ្រាប់​ចង់​សម្លាប់​ប៉ុន្មាន​រយ​ក៏​បាន។​ គេ​អាច​ស៊ើប​រក​ជន​សង្ស័យ​និង​​អាច​សម្លាប់​ដោយ​គ្មាន​ការ​កាត់​ទោស​។ បើ​ប្រជាជន​កាន់​អាវុធប្រើ​ហិង្សា​​កាន់​តែ​ប្រសើរ ​ព្រោះ​ពួក​គេ​អាច​សម្លាប់​តែ​ម្តង​ដោយគ្រាន់​តែ​​ចោទ​ប្រកាន់​ថា​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់គំរាម​កំហែង​ជីវិត​អ្នក​ដទៃ​ ឬ​និយាយ​ថា​ពួក​គេ​ប្រើ​ហិង្សាលើ​បាតុករ​ដើម្បី​​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ។​​ ទោះ​គ្មាន​ទោស​ប្រហារ​ជីវិត​ក៏​ដោយ​ ក៏​ពួក​គេ​មិន​គោរព​ច្បាប់ ​សម្លាប់មិន​ញញើតដៃ​​​​ ​មិន​ចាំ​បាច់​ចាប់​ឃុំនាំ​ឱយតែ​​ចង្អៀត​គុក​​ដែរ​ ព្រោះ​ទោះ​បី​យ៉ាង​ណា​ប្រជាជន​មិន​សូវ​ចោទ​សួរ​ពី​សិទ្ធិស្រប​ច្បាប់​ប្រើ​ហិង្សា​រក្សា​សណ្តាប់​ធ្នាប់​របស់​អាជ្ញាធរ​នោះ​ទេ បើ​ពួក​គេ​ធ្វើ​ទៅ​លើ​កុប​ករ​ហិង្សា​។ ​ផ្ទុយ​ទៅ​វិញ​ ​ប្រជាជន​គ្មាន​សិទ្ធិ​ស្រប​ច្បាប់ប្រើ​អាវុធរក្សា​ឬ​​​​បំផ្លាញសណ្តាប់​ធ្នាប់​ទេ។ ប្រជាជន​ទំនង​ជា​ពុំ​មាន​​សមាន​ចិត្ត​ចំពោះ​អ្នក​ប្រើ​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ឡើយ​​ ទោះ​បីមាន​ហេតុ​ផល​ត្រឹម​ត្រូវ​និង​រដ្ឋាភិបាល​គ្មាន​ភាព​ស្រប​ច្បាប់​ក៏​ដោយ​​​។ ប៉ុន្តែ​ បើ​សម្លាប់បាតុករ​​ដោះ​ស្រាយ​បញ្ហា​បាន​ ជន​ផ្តាច់​ការ​​មិន​ទុក​នោះ​ទេ​​​។ ពួក​គេ​ដឹងយ៉ាង​ច្បាស់​​ថា​ ការ​បង្ក្រាប​ខ្លាំង​​​ពេគ បើ​ភាព​ព្រៃ​ផ្សៃ​នៃការ​​បង្ក្រាប​មិន​អាច​បំភ័យ​ប្រជាជន​បានទេ​ វា​​​នឹង​រិត​តែ​បង្កើន​​កំហឹង​ប្រជាជន​ទៅ​វិញ​ ជា​លទ្ធផល​ធ្វើ​ឱយ​ពួក​គេ​រិតតែ​​តវ៉ា​​ កាន់​តែ​ចូល​រួម​បាតុកម្មប្រឆាំង​បន្ត​ទៀត​​ ក្នុង​ករណី​ដែល​ចលនា​នៅ​តែ​បន្ត ​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​។ ម្យ៉ាង​​ ទោះ​បី​ពួក​គេ​ប្រឹង​ប្រែង​សម្លាប់​ក៏​សម្លាប់​មិន​អស់ដែរ​​ ព្រោះ​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​ចាប់​ខ្លួន​​​ខុស​បច្ចេកទេស​និង​​អ្នកមាន​​សាច់ញាតិ​ស្លាប់​ដោយ​សារ​ការ​បង្ក្រាប​បាតុកម្ម​ នឹង​គុំ​កួន​​បេ្តជ្ញា​ប្រឆាំង​ដល់ដំណក់​ឈាម​ចុងក្រោយ​ ហើយ​នឹង​ក្លាយ​ជា​កង​ទាប់​អហិង្សា​ស្មគ្រ​ស្លាប់​​​ បើសិន​​វិន័យ​អហិង្សា​នៅ​តែ​ត្រូវ​បាន​រក្សា​ មិនបាន​​បាត់​បង់​។ ដូច្នេះ ​ឱយ​តែ​បំបាក់​ស្មារតី​បាតុករ​បាន​គឺមាន​ន័យ​ថា​​ការ​បង្ក្រាប​បាន​សំរេច​លទ្ធ​ផល​ល្អ​បំផុត​ សម្លាប់​កាន់​តែ​តិច​កាន់​តែ​ល្អ​។ ការ​សម្លាប់​អស់ប្រជាជន​ច្រើន​ ធន​ធានកម្លាំង​ពល​កម្ម​​មនុស្ស​ដែល​ជា​ប្រភព​នៃ​អំនាច​របស់​របប​ដឹក​នាំ​ដែរ​នោះ​ កាន់​តែ​ហោច​, ​ ប្រមូល​ពន្ធ​បាន​កាន់​តែ​តិច,​ រដ្ឋ​ក្រ​នាំ​ឱយ​អំពើ​ពុក​រលួយ​កាន់​តែ​ស៊ី​ជ្រៅ​​, រដ្ឋ​កាន់​តែ​ខ្សោយ។ លទ្ធផល​អាក្រក់​ជាង​នេះ​​ទៀត​នោះ​គឺ​​ ​យោធា​ក៏​មិន​អាច​នៅ​ស្មគ្រស្មោះ​​នឹង​របប​​ដឹក​នាំ​​បន្ត​ទៅ​ទៀត​ដែរ​​​ ប្រសិន​បើ​មាន​សមាជិក​​​ក្រុម​គ្រួសារ​ ញាតិ​សន្តាន​ មិត្រ​ភក្តិ​របស់​ពួក​គេ​​ស្លាប់​ដោយ​សារ​ការ​បង្ក្រាបនោះ​​។

បើ​ភ្នាក់​ងារ​បង្ក្រាប​​មិន​សម្លាប់​ ប៉ុន្តែ​គ្រាន់​តែ​ចាប់​ដាក់​គុក​ធ្វើ​ទារុណ​កម្ម​វិញ​នោះ​ ក៏បាតុករ​មាន​តែ​​តាំង​ស្មារតី​ឱយ​រឹង​មាំ​​ ព្រោះ​សូម្បី​តែ​ពួក​គេ​​ប្រមូល​គ្នា​ស្មគ្រ​ចិត្ត​ឱយអាជ្ញាធរ​​ប៉ូលីស​​ចាប់ទាំង​អស់​គ្នា​​ក៏​គ្មាន​គុក​មាន​ទំហំ​ធំ​​គ្រប់​គ្រាន់​សំរាប់​ច្រក​ប្រជាជនដ៏​ច្រើន​នោះ​ដែរ​។ បាតុករ​កាន់​តែ​ខ្លាច​ អ្នក​បង្ក្រាប​កាន់​តែ​ព្រហើន​ តែបើ​​ពួក​គេ​ក្លាហាន​វិញ អ្នក​​បង្ក្រាប​នឹង​ខ្លាច​ពួក​គេ​វិញ​។ ​គុក​ធ្វើ​ឡើង​សំរាប់​ដាក់​ឧក្រិដ្ឋ​ជន អ្នក​​ទោស​ ជន​សង្ស័យ​ ​មិន​មែន​សំរាប់ដាក់​​ប្រជាជនស៊ីវិល​ទេ​ ដូច្នេះ​រដ្ឋក៏​ទំនង​ជា​​គ្មាន​គុក​ទំហំ​ធំ​ល្មម​​ទៅផ្ទុកបាតុករ​ទាំង​អស់​នោះ​ដែរ​ អាចច្រក​បាន​តែ​​​ត្រឹម​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​។ ទោះរដ្ឋ​​មានគុក​ធំ​​ក៏​ដោយ​ កង​កម្លាំង​សន្តិ​សុខ​ក៏​គ្មាន​ចំនួន​ច្រើន​អនេក​​អាច​ទៅ​ចាប់​ប្រជាជន​​មក​​ដាក់​គុក​ទាំង​អស់គ្នា​​ដែរ ទោះ​ចាប់​បាន​ក៏​បាន​ដោយ​ពិបាក​​​។ ​​​បើមាន​​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន​មកនោះ​​ជា​សមាជិក​​​គ្រួសារ ​ញាតិ​សន្តាន​ មិត្រ​ភក្តិ​ អ្នក​ជិត​ខាង​ អ្នក​ស្គាល់​គ្នា​ របស់ភ្នាក់​ងារ​បង្ក្រាប​ទាំង​នោះ ពួក​គេ​ត្រូវតែ​បង្ខំ​ចិត្ត​មិន​អនុវត្ត​តាម​បទបញ្ជា​​​ ព្រោះ​ពួក​គេ​​មិន​អាច​ដាច់​ចិត្តចាប់​មនុស្ស​ដែល​ជាប់​មាន​ទំនាក់​ទំនង​គ្នា​ទាំង​នោះ​ដាក់​គុក ឬ​បណ្តោយ​ពួក​គេ​ឱយ​​រស់​នៅ​ត្រដាប​ត្រដួស​ក្នុង​គុកនោះឡើយ​​។​ ទោះបី​​មេ​​ពួកគេ​​បង្ខំ​ឱយ​សម្លាប់​ ក៏​កំរ​មាន​មនុស្ស​ណា​អាច​សម្លាប់ឬ​ធ្វើ​ទារុណ​កម្ម​មនុស្សដែល​​ជិត​ស្និទ្ធ​នឹង​ខ្លួន​ណាស់​ ភ្នាក់​ងារ​ទាំង​នោះ​​ក៏​មិន​មែន​ជា​ករណី​លើក​លែង​​ដែរ​។ អ្នក​ដែល​ដាច់​ចិត្តធ្វើ​បាន​ លុះ​ណា​​ការ​តាំង​ចិត្ត​ខ្ពស់​ឬ​អមនុស្ស​ធម៌​បំផុត​។​

ក្នុង​របប​ដឹក​នាំបែប​​ផ្តាច់​ការ ទោះ​បី​​កង​កម្លាំង​សន្តិ​សុខ​និង​​យោធា​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​គេ​បណ្តុះ​បណ្តាលទុក​គ្រាន់​​បង្រ្កាប​ប្រើ​ហិង្សា​លើ​មនុស្ស​មួយ​ក្រុម​ទៀត​ក៏​ដោយ​ ​​​វា​មិន​អាច​ទៅ​រួច​ឡើយ​ដែលថា​ ​មនុស្សមួយ​​ក្រុម​អាច​រស់​នៅ​ដាច់​ពី​ប្រជាជន​ទួទៅ​​ទាំង​មូលបាន​​។ ​ គុក​ដែល​ពោរពេញ​ដោយ​​បាតុករ​ច្រើន​ហៀរ​ពេគ​​ធ្វើ​ឱយ​​ពិបាក​គ្រប់​គ្រង​ ​ចំណាយ​ធន​ធាន​​ទំនុក​បំរុងច្រើន​ បង្កើត​បាន​ជា​សម្លេង​​ឡូឡាខ្លាំង​​ គ្រាន់​តែ​នាំ​ពួក​គេ​នាំ​គ្នាស្រែក​​ឬ​ធ្វើ​បាតុកម្ម​អត់​អាហារ​ទាំង​អស់​គ្នា​នោះ​ ក៏​ឈឺ​ក្បាល​វិល​មុខ​ឆ្មាំ​គុក​ដែរ​។ រដ្ឋ​មួយ​ដែល​ចាប់​ប្រជាជន​ច្រើន​ដាក់គុក​​ ​​កម្លាំង​ពលកម្ម​ក៏​​ច្រើន​ដែល​ត្រូវ​បាត់​បង់​ពី​ទី​ផ្សារ​ បាត់​បង់​ពន្ធ​អាករ​​ចូល​រដ្ឋ​ ប្រជាជន​នៅ​ខាង​ក្រៅ​ឯទៀត​មិន​អាច​នៅ​សុខ​ដែរ​ ព្រោះ​ពួក​គេក៏​អាច​មាន​សមាជិក​​គ្រួសារ​ ញាតិ​សន្តាន ​មិត្រ​ភក្តិ​ជាប់​ឃុំ​ដែ​រ។ បើ​អ្នក​នៅ​ខាង​ក្រៅ​ទាំង​អស់​នាំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា ឬ​កូដ​កម្ម​ឈប់​ធ្វើ​ការ​​ទៀត កង​កម្លាំង​ទាំង​នោះ​ពិត​ជា​ពិបាក​ទប់​ទល់​ណាស់​​។ បើ​ចាប់​ឃុំ​បាតុករ​ថ្មី​ទៀត​ គ្មាន​​កន្លែងសល់​សំរាប់​ដាក់​ទេ​។  បើ​ប្រើ​ឡាន​ទឹក​ ឬ​ឧស្ម័ន​បង្ហូរ​​ទឹក​ភ្នែក​ ហើយ​ពួក​គេ​នៅ​តែ​ធ្វើ​បាតុកម្មទាម​ទារ​ឱយ​ដោះ​លែង​ទៀត ក៏​មិន​ប្រាកដ​ថា​អាច​បញ្ឈប់​បាតុកម្មបាន​​ដែរ​។ ​​លោក​ស្រី​​ ឆេណូវេថ បាន​អះ​អាង​ថា​ «ទោះ​នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ​ គ្មាន​អ្នក​មាន​ស្វាមី​ភក្តិនឹង​​របប​ណា​មួយអាច​រស់​នៅ​ដាច់​តែ​ឯង​ពី​ប្រជាជន​ខ្លួន​ឯង​ទាំង​មូលបាន​​ឡើយ​។»

យោធា​របស់​ជន​ផ្តាច់​ការ​ខ្លាំង​តែកាយ​និង​អាវុធប៉ុណ្ណោះ​ ប៉ុន្តែ​ពួក​គេ​ខ្លះ​គ្មាន​ឆន្ទៈ​​បំរើរបប​ដឹក​នាំ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​នោះ​ទេ​​។ ក្នុង​របប​ផ្តាច់​ការ ​ទាហាន​យោធា​ ​កង​សន្តិ​សុខ​ ប៉ូលីស​ ក៏​ពុំ​ខុស​ពី​ប្រជាជន​ទួទៅ​ដែរ​ គឺ​រង​គ្រោះ​ពី​អំពើ​ពុក​រលួយ ខ្សែ​ស្រលាយបក្ស​ពួក​​និយម​របស់​មេ​ដឹក​នាំធំ​ៗ​ដូច​តែ​គ្នាទេ​​។​ ការ​ប្រកាន់​បក្ស​ពួក​និយម​ អ្នក​ធំ​ស៊ី​​អ្នក​តូច​ អ្នក​តូច​ស៊ី​អ្នក​តូច​បន្ត​គ្នា​​ ហើយ​នៅចួន​កាល​​ អ្នក​ធំ​​មាន​ក្រពះ​​​យក្ស ​ ស៊ីទាំង​អស់តែ​ម្តងក៏​មាន​​​ ធ្វើ​ឱយ​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ថ្នាក់​លើរបស់​ខ្លួន ពួក​គេ​​​ធ្វើ​តាម​តែ​ទង្វើ​ តែ​ក្នុង​ចិត្ត​ខឹង​ស្អប់​ពេគ​ក្រៃ​។ ថ្នាក់​លើ​នោះ​ហើយ​ដែល​​តែង​តែ​គាប​សង្កត់​ កិន​យក​ប្រយោជន៍​ លួច​ឬកាត់​ប្រាក់​ខែ​ពួក​គេ​ មិន​ខ្វាយ​ខ្វល់​ពី​សុខ​ទុក្ខ​ជីវភាព​រស់នៅ​​​របស់​​ពួក​គេ​ ប្លន់​ដី​ពួក​គេ​ ពេល​សង្គ្រាម​នឹក​ដល់​ពួក​គេ​ ក្រោយ​សង្គ្រាម​ ពិការ​ផង​ អស់​ទ្រព្យ​ផង​ ត្រូវ​គេ​បំបរ​បង់បំភ្លេច​​ចោល​​លែង​នឹក​នាយ៉ាង​កំសត់​​។​ ក​ម្លាំង​យោធា​​អាច​យក​ជីវិត​ប្រជាជន​ស៊ីវិល​​ដោយ​ងាយ​ស្រួល​ក៏​ពិត​មែន​ ប៉ុន្តែ​​​សូម្បី​តែ​ពួក​គេ​​ក៏​ទទួល​រង​ការ​ខូច​ខាត​​ដែរ គ្រាន់​តែ​តិច​ឬ​ច្រើន​ ដោយ​ផ្ទាល់​ឬ​ប្រយោល​ប៉ុណ្ណោះ​ ព្រោះ​ពួក​គេ​ស៊ី​ប្រាក់​ខែ​ប្រជាជន​និង​រស់​នៅ​ជា​មួយ​ប្រជាជន​ មិន​មែន​ជា​មួយ​ថ្នាក់​លើ​នោះ​ទេ​។​ ​រដ្ឋ​សម្លាប់​ប្រជា​ជន​ឯងដែល​ជា​ធន​ធាន​​មនុស្ស​ដ៏​ចាំ​បាច់​របស់​រដ្ឋ​ប្រាកដ​ជា​មិន​អាច​បន្ត​ត្រដរ​រស់​បាន​យូរ​ប៉ុន្មាន​ឡើយ។ ការ​បង្រ្កាប​មិន​មែន​បង្ហាញ​ថា ​​ជន​ផ្តាច់​ការ​ខ្លាំងនោះ​ឡើយ​​​ តែ​គឺ​បាតុករ​ខ្លាំង​ រហូត​ដល់​ធ្វើ​ឱយ​ជន​ផ្តាច់​ការ​​ខ្លាច​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​និង​​អំនាច​របស់​ពួក​គេ​ ហេតុ​នេះ​ទើប​ពួក​គេប្រញាប់​​ប្រញាល​វាយ​បំបែក​ជា​បន្ទាន់​​។​ លោក​ ខាល់​ ឌើត (Karl W. Deutsch) អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ជាតិ​ឆែក បានអះ​អាង​អំពី​របប​ផ្តាច់​ការ​ប្រមូល​ផ្តុំ​ខ្លាំង​ដូច​ជា​ របប​សព្វាអាជ្ញាធរ​និយម​ ដែល​គេ​តែង​តែង​គិត​ថា​ខ្លាំង​នោះ​ ថា​រិត​តែ​ត្រូវ​ការ​ប្រជាជន​ខ្លាំង​ជាង​របប​ផ្សេង​ទៅ​ទៀត។ ​​​លោក​បាន​សរសេរ​ដូច្នេះ​​​ «​អំនាច​ប្រមូល​ផ្តុំផ្ដាច់មុខ​​ (Totalitarian Power) មាន​អានុ​ភាព​ខ្លាំង​ លុះ​ត្រា​តែ​វា​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ញឹក​ញាប់​។ ប្រសិន​បើ​គេ​ប្រើ​វាប្រឆាំង​នឹង​ប្រជាជន​ទាំង​មូល​​គ្រប់​ពេល​វេលានោះ​​ វា​ពុំ​ទំនង​ជាអាច​​នៅ​តែមាន​អានុភាព​​​​ខ្លាំង​ក្នុង​រយៈ​ពេល​យូរនោះ​​ឡើយ​​។ ដោយ​សារ​របប​សព្វាជ្ញាធរ​និយម​ត្រូវ​ការ​អំនាចត្រួត​ត្រា​ប្រជាជន​​ច្រើន​ជាង​​របប​ផ្សេងទៀត​ របប​បែប​នេះ​ត្រូវ​ការ​​ទម្លាប់​​គោរព​តាម​អាជ្ញាធរ​ ដែលមាន​​​នៅ​ពាស​ពេញ​ប្រទេស​និង​អាច​ទុក​ចិត្ត​បាន​ផង​ដែរ ​នៅ​ក្នុង​ចំណោម​ប្រជាជន។ លើស​ពី​នេះ​ ពួក​គេ​ត្រូវ​ការ​ការ​គាំទ្រ​សកម្ម​ យ៉ាង​ហោច​ណាស់​ ក៏​ពី​ផ្នែកសំខាន់​​នៃប្រជាជន​ទាំង​មូល​នៅ​ក្នុង​ករណី​ចាំ​បាច់​​ដែរ​។» ហេតុ​នេះ​​ហើយ​ គេ​មិន​អាច​អះ​អាង​ថា​ អំនាច​ប្រមូល​ផ្តុំ​ផ្តាច់​មុខ​និង​ការ​ប្រើ​កម្លាំង​ហិង្សា​បង្ក្រាប​ប្រជាជន​ថា​ខ្លាំង​នោះ​ទេ​ នៅ​ពេល​ដែល​អំនាច​និង​កម្លាំងនោះ​ពឹង​ផ្អែក​យ៉ាង​សម្បើម​​លើ​ប្រជាជន​ដដែលនោះ​​​។ ប្រើ​កម្លាំងកាន់​តែ​ខ្លាំង​ ​​មិន​មែន​កាន់​តែ​ខ្លាំង​ទេ​តែ​គឺ​កាន់​តែ​ខ្សោយ​ ហើយ​កាន់​តែ​គ្មាន​ប្រសិទ្ធ​ភាព​ចំពោះ​អ្នក​រង​អំនាច​បែប​នេះ​​ទៀត​ផង​​។ ទោះ​កាយ​ស្រប​ក៏​ចិត្ត​ពួក​គេមិនអាច​​ស្រប​ដែរ​ ព្រោះ​ចិត្ត​គ្រប់​គ្រង​រាង​កាយ​ជា​ជាង​រាង​កាយ​ត្រួត​ត្រា​ចិត្ត​។ វា​មិន​ខុស​ពី​បុរស​ខ្លាំង​ម្នាក់​​ប្រើ​កម្លាំង​មិន​សំរាក​ ​ហើយ​ទី​បំផុត​ក៏​អស់​កម្លាំង​ដួលដេក​​ដោយ​ឯក​ឯងនោះ​ដែរ​។