ប្រភព​នៃ​អំនាច​រដ្ឋ​ ​

Dictator violently respress its own people is like Snake or serpent eating its own tail

«ឧបមា​ថា​រដ្ឋ​គឺ​ជា​សត្វ​ពស់​មួយ​ក្បាល។​ ​ក្បាល​របស់​ពស់​គឺ​ជន​ផ្តាច់​ការ​និង​បក្ស​ពួក​ ហើយ​របៀប​វារ​បំផ្លាស់​ទី​របស់​ពស់​គឺ​អនុវត្ត​តាម​របប​ផ្តាច់​ការ​ ពោល​គឺ​ក្បាល​បង្គាប់​តួ​ខ្លួននិង​កន្ទុយ​​បាន​ស្រេច​​ចិត្ត​។ ឯ​ តួ​និង​​កន្ទុយ​របស់​ពស់​ដែល​ចាំ​តែ​​វារ​​តាម​ក្បាល​គឺ​ជា​ប្រជាពលរដ្ឋ។​ ថាម​ពល​ទ្រ​ទ្រង់​សត្វ​ពស់​​ទាំង​មូល​បូក​រួម​ទាំងកម្លាំង​បញ្ជូន​​ទៅ​​ក្បាល​ពស់​ផង​នោះ​ គឺបាន​មក​ប្រជាពលរដ្ឋ​​​របស់ពួក​គេ​​។​​​ ក្រោយ​ពេល​ក្បាលពស់​វារ​ដឹក​កន្ទុយ​និង​តួ​ខ្លួន​ទាំង​មូល​មិន​បាន​ត្រឹម​ត្រូវ​ ​កន្ទុយ​ពស់​មិន​សុខ​ចិត្ត​ ដោយ​សារពួក​​គេ​ក៏​រង​គ្រោះ​ពី​ការ​សំរេច​ចិត្ត​របស់​ក្បាល​ដែរ​។ ដូច្នេះ​ តួ​និង​កន្ទុយ​​ក៏​រួប​រួម​គ្នា​ប្រឆាំង​​ ដោយ​វារ​យឺត​ជាង​មុន​ វារ​យឺតៗ​លុះ​​នៅ​​ស្ងៀម​តែ​ម្តង​។ តួ​ខ្លួន​​និង​កន្ទុយ​មិន​វារ​តាម​ក្បាល​ មិន​គោរពតាមបញ្ជា​ឱយ​វារ​ទៅ​មុខ​របស់​ក្បាល​​​ ​​ក្បាល​ក៏​​ឯកា​ វារ​ទៅ​មុខ​មិន​រួច​។​ ក្បាល​ពស់ក៏​បាន​ប្រកាស​គំរាម​ថា​ «យើង​ជា​ក្បាល​​ យើង​មាន​អំនាច ​ជា​អ្នក​​អូស​នាំ​ តួ​ខ្លួន​និង​កន្ទុយ​ត្រូវ​តែ​ធ្វើ​តាម​យើង​ បើ​មិន​ធ្វើ​តាម​ យើង​នឹងវាយ​​បង្ក្រាប​!​ កន្ទុយឯង​​មិន​អាច​យក​ឈ្នះ​យើង​បាន​ឡើយ​។» ប៉ុន្តែ​​ ​គ្មាន​ឥទ្ធិពល​​ ក្បាល​ពស់​​ក៏​ចឹក​​​កន្ទុយ​ខ្លួន​ឯង​ ដើម្បី​បង្ខំតួ​និង​​កន្ទុយ​ឱយ​ឈប់​ជំទាស់​ ឱយ​បន្ត​សហការ​។ កន្ទុយ​ពស់​មិន​បាន​វាត់​វាយ​ក្បាល​ទេ​ គ្រាន់​តែ​គេច​ចេញ​មិន​ឱយ​ក្បាល​ចឹក​​បាន​ងាយ​ប៉ុណ្ណោះ​។​ កន្ទុយ​ប្រឹង​ចៀសលុះ​មាន​ការ​ប៉ះ​ទង្គិច​កើត​ឡើង​។ ក្បាល​ពស់​ក៏​ប្រឹង​លេប​កន្ទុយ​ ប្រើ​អស់​​កម្លាំងសង្គ្រប់​ដើម្បី​បង្ហាញ​សាច់​ដុំ​ បង្ខំ​ឱយតួ​​ខ្លួន​និង​កន្ទុយ​​បញ្ឈប់​បាតុកម្ម​។ ក្បាល​មិន​មែន​ចង់​លេប​មែន​ទែន​​ឡើយ​ គ្រាន់​តែ​គំរាម​ប៉ុណ្ណោះ​ ព្រោះក្បាល​ក៏​​ដឹងដែរ​​ថា​លេប​មិន​រួច​​។ ទោះ​លេប​អស់​ឬ​មិន​អស់​ក្តី​ ក្បាល​ពស់គង់​តែ​អស់​ថាម​ពស់​ កាន់​តែ​ប្រឹង​លេប​ កាន់​តែ​ចុះ​ខ្សោយ​។ ​ដរាប​ណា​កន្ទុយ​មិន​ព្រម​ឈប់តវ៉ា​​ ក្បាល​ក៏កាន់​តែ​ខ្សោះ​​កម្លាំងទៅៗ​​។​ទោះ​​កន្ទុយឱយ​ក្បាល​លេប​តាម​ស្រឡាញ់​ ក៏​ក្បាល​នៅ​តែពិបាក​ទប់​ទល់​។ លេប​មិន​បាន​​ដល់ ​៣,៥ភាគរយ​នៃ​តួ​ខ្លួន​ទាំង​មូល​​​មែន​ទែន​ផង ក្បាល​ពស់​ហល់​ដល់​ក​ ក៏​បង្ខំ​ចិត្ត​ឈប់​លេប​​រួចព្រម​​ចុះ​ចាញ់​តួ​និង​កន្ទុយ​ខ្លួនឯង​ ដោយ​កន្ទុយ​ពុំ​បាន​វាយ​វាត់​តប​ត​នឹង​ក្បាល​អ្វី​បន្តិច​សោះឡើយ​ គ្រាន់​តែ​គេច​វេះ​ពី​ការចឹក​​បង្ក្រាប​របស់​ក្បាល​ ធ្វើ​ជាសហការ​​​វារតាម​​ តែ​ទៅ​យឺតៗ​ រហូត​ដល់​នៅស្ងៀម​ មិនធ្វើ​ចលនាម្តង​ហើយ​ម្តង​ទៀត​ ជា​ច្រើន​ជា​ច្រើន​សា​។​​ ទី​បំផុត​ ក្បាល​ពស់​ក៏​លែង​ចឹក​លែង​លេប​កន្ទុយ​ខ្លួន​ឯង​ ទើប​​ចាប់​ផ្តើម​មាន​កម្លាំង​វិញ​ រួច​គ្មាន​ជំរើស​អ្វី​ក្រៅ​ពី​ប្តូរ​របៀប​វារ​តាម​តួ​និង​កន្ទុយ​របស់​ខ្លួននោះ​ឡើយ​ ព្រោះ​កន្ទុយ​អាច​ឈប់​សហការរើ​បំរះ​​​សា​ចុះ​សា​ឡើងវិញ​​​គ្រប់​ពេល​វេលា​​។

បើ​មើល​មួយ​ភ្លេត​ទៅ​ ក្បាល​ហាក់​​មាន​អំនាច​ក្រៃ​លែង​ ចង់​ដឹក​តួ​និង​កន្ទុយ​ខ្លួន​​ទៅ​ណា​ក៏​បាន​ តែ​តាម​ពិត​គឺតួ​និង​កន្ទុយ​ពស់​​បាន​រួម​ចំណែក​ស្ទើរ​ទាំង​អស់​ មិនអាច​​ខ្វះ​បាននៅ​​ក្នុង​ដំណើរចលនា​របស់​ពស់​ទាំង​មូល ​​ ពុំ​មែន​តែ​ក្បាល​ទេ​ (ក្បាល​គ្រាន់​តែ​ដឹក​ប៉ុណ្ណោះ​​)។ ​អ្នក​ដឹក​នាំ​រដ្ឋ​តតាំង​នឹងប្រជាពលរដ្ឋ​​ខ្លួន​ប្រៀប​ដូច​ ពស់​​ប្រឈម​នឹង​កន្ទុយ​ឯង​​! ប្រឆាំង​​ចលនា​ប្រជាជន​គឺ​​ពស់​ប្រឹង​លេប​កន្ទុយ​ឯង!»

សម្គាល់​៖ «ពលរដ្ឋ» ឬ​ហៅ​តាម​និយម​ មាន​ន័យថា​កម្លាំង​របស់​រដ្ឋ,​​ ហៅ​ឱយ​ត្រូវ​ «រដ្ឋ​ពល»​។

យើង​សូម​បិតស្លេះ​​រឿង​និទាន​ប្រតិដ្ឋ​ខ្លួន​ឯង​ «​ពស់​លេប​កន្ទុយឯង​» ត្រឹម​នេះ​។ មុន​នឹង​ដឹង​ពី​​ប្រភព​អំនាច​របស់​រដ្ឋ​ យើង​ត្រូវ​យល់​អំពី​បញ្ញត្តិ​ «រដ្ឋ​» ជា​ដំបូង​សិន​។ «រដ្ឋ» នៅ​ទី​នេះ យើង​សូមប្រើ​​និយម​ន័យ​របស់​​សង្គម​វិទូ ជាតិ​​អាល្លឺម៉ង់ ម៉េក​ វែប៊ើរ​ (Max Weber) មក​ធ្វើ​ជា​គោល​ គឺ​ថា​ រដ្ឋគឺ​​ជា​អង្គ​ការ​នយោបាយ​មួយ​ដែល​អះ​អាង​ថា​មាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ប្រើ​ប្រាស់​កម្លាំង​យោធា​​ក្នុង​ការ​រក្សា​សណ្តាប់​ធ្នាប់​សង្គមដោយ​ស្រប​ច្បាប់ ​នៅ​ក្នុង​ដែន​ដី​អធិបតេយ្យជាក់​លាក់ណា​មួយ​។ ទោះ​បី​កម្លាំង​ហិង្សា​ដើរ​តួ​សំខាន់​យ៉ាង​ណា​នៅ​ក្នុង​រដ្ឋ​នៅ​ក៏​ដោយ​ ក៏​រដ្ឋ​នៅ​តែ​ត្រូវ​ការ​ពលរដ្ឋ​របស់​ខ្លួន​បំរើ​ការ​ជូន​ ដើម្បីប្រើ​កម្លាំង​​នោះ​និង​ត្រូវ​ការ​ប្រជាជន​​ទទួល​ស្គាល់​ថា​អំនាចនោះ​​ស្រប​ច្បាប់​​ដែរ​។​ យោល​តាម​​ លោក ​ម៉ាយ​ខល ម៉ាន់ (Michael Mann) សង្គម​វិទូ​នយោបាយ ជាតិ​អាមេរិកាំងម្នាក់ ដែលបាន​​ទទួល​ឥទ្ធិពល​ពី​លោក​ វែប៊ើរ​ រដ្ឋ​មាន​មុខ​ងារ​ចំនួន​បួន​ធំៗ​ ដែលលោក​​បាន​ហៅ​ថា​ «ពហុភាព​នៃ​មុខ​ងារ​របស់​រដ្ឋ» (The Multiplicity of State Functions)។

១. រក្សា​របៀប​រៀប​រយ​ក្នុង​​រដ្ឋ​:  ការ​​បង្កើត​ច្បាប់​អនុវត្ត​​ដើម្បី​ការ​ពារ​ប្រជាជនភាគ​ច្រើន​ពី​ការ​ដណ្តើម​ពី​ក្រុម​មាន​អំនាចសង្គម​និង​សេដ្ឋកិច្ច​។ ​​ប៉ុន្តែ​ផល​ប្រយោជន៍​ចំបងនៃ​មុខ​ងារ​នេះ​​គឺ​ការ​ពារ​សម្បត្តិ​ឯកជន​របស់​វណ្ណៈ​អ្នក​មាន ពី​ក្រុមមនុស្ស​ជា​ច្រើន​ដែល​​គ្មាន​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​។ ប្រការ​នេះ​​​ទំនង​ជា​បំរើ​ផល​ប្រយោជន៍​ពួក​អ្នក​មាន​អំនាច​ច្រើន​ជាង​។ អាវុធ​ចុង​ក្រោយ​ដែល​គេ​​ប្រើ​​ដើម្បី​រក្សាសណ្តាប់​ធ្នាប់​​ក្នុងរដ្ឋ ​គឺកង​កម្លាំង​ ដែល​មាន​ ប៉ូលីស​និង​ក្រុម​​សន្តិ​សុខ​ជា​ភ្នាក់​ងារអនុវត្ត​​។

២. ការ​ការ​ពារនិង​វាយ​ប្រហារ​ដោយ​ប្រើ​យោធា​:  ការ​ប្រឆាំង​នឹង​សត្រូវ​បរទេស​ នៅ​ពេលមាន​​ទំនាស់​នាំ​ទៅ​ដល់សង្គ្រាម​រវាង​រដ្ឋ​ពីរ​​ឬ​ច្រើន​ ដែល​យោធា​គឺ​ជាឧបករណ៍​ទួទៅ​ដែល​គេ​យក​ទៅ​ដោះ​ស្រាយ​បញ្ហា​នេះ​ ដើម្បី​ប្រយោជន៍​សង្គមទាំង​មូល​​ក្នុង​រដ្ឋ​ ឬ​ក្រុម​អ្នក​មាន​អំនាច​ណា​មួយ​។ ការ​ការ​ពារ​ពី​ការ​ឈ្លាន​ពាន​របស់​បរទេស​ច្រើន​បំរើ​​ប្រយោជន៍រួម​​ ប៉ុន្តែ​ការ​វាយ​ប្រហារ​រដ្ឋ​ដទៃ​ច្រើន​ដើម្បី​បំពេញ​ប្រយោជន៍​ក្រុមវរជន​​ណា​មួយ​ច្រើន​ជាង​។​​

៣. ការ​បង្កើត​និង​ថែរក្សា​ហេដ្ឋារចនាសម្ពន្ធ​ទំនាក់​ទំនង: ​ ដើម្បី​ឱយ​មាន​ដំណើរ​ការ​ទៅ​បាន​រលូន​ រដ្ឋ​ត្រូវ​​បង្កើត​និង​រក្សា​ហេដ្ឋារចនាសម្ពន្ធទ​សំរួល​ទំនាក់​ទំនង​ទាំង​ឡាយ​ ដូច​ជា​ ផ្លូវ​ចរាចរណ៍ទាំងផ្លូវ​​គោក​ ទឹកនិងអាកាស​​ ប្រព័ន្ធ​គមនាគមន៍​ ប្រព័ន្ធ​ទឹក​ បច្ចេកវិទ្យា​ពត៌មាន​ជា​ដើម​​។ល។ គោលការណ៍​នៅ​ពី​ក្រោយ​ការ​កសាង​នេះ​គឺ​បំរើ​ប្រយោជន៍​សាធារណៈជា​ទួទៅ​និងក្រុម​អ្នក​ជំនួញ​ពាណិជ្ជកម្មបើ​ពោល​​​ឱយ​ជាក់​លាក់ទៅ​។​ រដ្ឋ​អាច​ស្ថាបនា​ហេដ្ឋារចនា​សម្ពន្ធ​បាន​ដោយ​សារ​មាន​មូលដ្ឋាន​ដែន​ដីដែល​អាច​គ្រប់​គ្រងបាន​ពី​ស្ថាប័ន​ចំបង​​។​ កិច្ច​ការ​ទាំង​នេះ​មិន​មែន​ជា​ការ​ងារ​ផ្តាច់​មុខ​ទាំង​ស្រុង​របស់​រដ្ឋ​ទេ​ តែ​យ៉ាង​ហោចណាស់​ អ្នក​ស្ថាបនា​​ហេដ្ឋារចនា​​សម្ពន្ធ​ទាំង​នោះ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋ​ និងនៅ​គ្រប់​ដំណាក់​កាល​សាង​សង់​ ​រដ្ឋ​បាន​ចូល​រួម​​កសាង​ខ្លះដែរ​ ទោះ​ដោយ​ផ្ទាល់​ឬ​ប្រយោល​។ ​​ក្នុង​ករណី​មាន​លទ្ធ​ភាព​បច្ចេកទេស​គ្រប់​គ្រាន់​ រដ្ឋ​អាច​កសាង​ហេដ្ឋា​រចនា​សម្ពន្ធបាន​​​ដោយ​ខ្លួន​ឯង​។​ ​

៤. ការ​ប្រមូល​បែង​ចែក​ខាង​ផ្នែក​​សេដ្ឋកិច្ច: ​ ការ​​បែង​ចែក​ធន​ធាន​សម្ភារៈ​កំរ​​ដែល​រដ្ឋ​មាន​​ ​ទទួល​បាន និង​​រក​ស៊ី​ចំណេញ​ជា​មួយ​នឹង​រដ្ឋ​ដទៃ​ ​ទៅ​ឱយ​​ប្រជា​ជន​ទាំង​មូលដែល​ប្រកប​ដោយ​ភាព​ចំរុះ​ស្រទាប់​ខុសៗ​គ្នា​ ដូច​ជា​ អាយុ​ ភេទ​ តំបន់​ វណ្ណៈ​។ល។​ ឱយ​បាន​ស្មើ​គ្នា ឱយ​មាន​យុត្តិ​ធម៌​​​ មិន​ឱយ​ដណ្តើម​គ្នា​ មិន​ឱយ​អ្នក​មាន​មាន​ពេគ​ អ្នក​ក្រ​ក្រ​ពេគ​ រក្សា​ស្ថេរ​ភាព​ទី​ផ្សារ​។ ចំណុច​នេះ​នាំ​ឱយ​កម្មវិធី​ គោល​នយោបាយ​សុខមាល​ភាព​សង្គម​និង​សេដ្ឋកិច្ច​ជា​ច្រើន​។ មុខ​ងារ​មួយ​នេះ​មាន​គោល​ដៅ​បំរើ​ប្រយោជន៍​រួម​ជា​ជាងមុខ​ងារ​ដទៃ​ទាំង​អស់ តែ​ទោះ​បី​យ៉ាង​ណា​ វា​នៅ​តែ​ទាក់​ទង​នឹង​ក្រុម​ណា​មួយ ជា​ពិសេស​ ក្រុម​ដែល​អសកម្ម​ពុំ​អាច​បំរើ​វិស័យ​សេដ្ឋកិច្ច​សង្គមបាន​ ដែល​ការ​រស់​នៅ​របស់​ពួក​គេ​ត្រូវ​បាន​ការ​ពារ​ដោយ​រដ្ឋ​​។​​ រដ្ឋ​ក៏​កំណត់​សណ្តាប់​ធ្នាប់​ផ្នែក​សេដ្ឋកិច្ចផ្ទៃ​ក្នុង​ដែរដូច​ជា​​ ការបោះ​ពុម្ព​និងបណ្តូរ​​រូបិយ​វត្ថុឆ្លង​ដែន​ ចួន​កាល​ឯក​តោ​ភាគី​ ចួនកាល​ពហុ​ភាគី​​​​ជាមួយ​រដ្ឋ​បរទេស​។

មុខ​ងារ​ទាំង​បួន​សុទ្ធ​តែ​សំខាន់​ចាំ​បាច់ មិន​ថា​សំរាប់​សង្គម​ទាំង​មូល​ឬ​ក្រុមនា​នា​​នោះ​​ទេ។ មុខ​ងារ​ដែល​ធ្វើ​ឱយ​រដ្ឋ​ក្លាយ​ជា​អង្គ​ការ​ពិសេស​ដាច់​ដោយ​ឡែក​ពី​អង្គ​ការ​ដទៃ​ផ្សេងៗ​ទៀត​គឺ​មុខ​ងារ​ទី​១ និង​ ទី​២ ​ពោល​គឺ ​ការ​រក្សា​មិន​ឱយ​មាន​ចលាចល​​ក្នុង​ស្រុក​និង​សណ្តាប់​ធ្នាប់​ខាង​ក្រៅ​ ​មាន​តែ​រដ្ឋ​ដោយ​ឡែក​មួយ​ប៉ុណ្ណោះ​មាន​សិទ្ធិ​ផ្តាច់​មុខស្រប​ច្បាប់​​ប្រើ​ប្រាស់​​កម្លាំង​យោធា​ជា​រចនាសម្ពន្ធ​ គ្មាន​អង្គការ​ផ្សេងទៀត​មាន​សិទ្ធិ​​អាចធ្វើ​ដូច្នេះ​ឡើយ​។​​

អ្វី​ដែល​ត្រូវ​កត់​សម្គាល់ជា​ពិសេស​នោះ​គឺ​ថាដំណើរ​ការ​នៃ​មុខ​ងារទាំង​អស់របស់​រដ្ឋ​ ​សុទ្ធ​តែ​មាន​ប្រជា​ពលរដ្ឋ​ជា​ប្រភព​អំនាច​ស្ទើរ​ទាំង​ស្រុង​។ ដើម្បី​ឱយ​រដ្ឋ​មាន​សណ្តាប់​ធ្នាប់​ គេ​ត្រូវ​ការ​ច្បាប់​ អ្នក​អនុវត្តច្បាប់​ និង​ជា​ពិសេស​អ្នក​គោរព​ច្បាប់​។ ​ប្រភព​ចំបងនៃ​របៀប​រៀប​រយ​ស្រប​ច្បាប់​នេះ​​ពុំ​មែន​មក​ពី​អាជ្ញាធរ​មាន​អំនាច​ដាក់​ទណ្ឌអ្នក​មិន​គោរព​ច្បាប់​​នោះ​ទេ​ តែ​គឺ​មក​ពី​ប្រជាជន​គោរព​ច្បាប់​រដ្ឋ​ និង​ផ្តល់​ភាព​ស្រប​ច្បាប់​ជូន​អាជ្ញាធរ​ ទទួល​ស្គាល់​ថា​អាជ្ញាធរ​ធ្វើ​ត្រូវទើប​អាជ្ញាធរ​មាន​សិទ្ធិអាច​ដាក់​ទណ្ឌ​​កម្ម​អ្នក​ប្រព្រឹត្ត​ល្មើស​​ច្បាប់​បាន​​​។ ​យោធា​ទាហាន​ ប៉ូលីស​ កង​សន្តិ​សុខ​ ដែល​ជា​អ្នក​បំពេញ​ការ​ងារ​នៅ​មូលដ្ឋាន​ គឺសុទ្ធ​ត្រូវ​​រើស​ជ្រើស​ចេញ​ពី​ចំណោម​ប្រជាជន​ស៊ីវិល​ធម្មតា​ប៉ុណ្ណោះ​ ទោះ​បី​មេ​ធំៗ​អាច​ជា​ខ្សែ​ស្រឡាយ​ឬ​អ្នក​ជិត​ដិត​នឹង​អ្នក​មាន​នយោបាយ​ក៏​ដោយ​។ រី​ឯ​អាជ្ញាធរ​និង​​អ្នក​រដ្ឋការ​បំពេញ​ការ​ងាររដ្ឋ​បាល​ក្នុង​ប្រព័ន្ធ​​ការិយាធិបតេយ្យ​​ក៏​ភាគ​ច្រើន​ចេញមក​ពី​​ប្រជាជន​ដូច​គ្នា ​ទោះមាន​ករណី​រើស​ចូល​ដោយ​ បក្ស​ពួក​ អំពើ​ពុក​​រលួយដូច​​ម្តេច​ក៏​ដោយ​។​ ឯ​ធន​ធាន​សេដ្ឋកិច្ចនិង​ពលកម្ម​​​ទ្រទ្រង់​រាល់​ដំណើរ​ការ​នៃ​រដ្ឋទាំង​មូល​​ ក៏​ភាគ​ច្រើនបំផុត​​បាន​ពី​ញើស​ឈាម​ប្រជា​ពល​រដ្ឋទាំង​មូល​ដែរ​ ពុំ​មែន​បាន​ពី​អ្នក​អំនាច​ទាំង​នោះ​ឡើយ​ ពោល​គឺ​ ពលរដ្ឋ​ផ្តល់​ប្រាក់​ខែ​ជូន​មន្ត្រី​រាជ​ការ​​ទាំង​អស់​ ព្រម​ទាំង​អ្នក​តំណាង​របស់​ខ្លួនក្នុង​ស្ថាប័ន​ដឹក​នាំ​ដែរ​​ តាម​រយៈ​ការ​បង់​ពន្ធ​អាករជូន​រដ្ឋ​គ្រប់​ៗគ្នា​ទាំង​ផ្ទាល់​ទាំង​ប្រយោល​​ (ពន្ធ​បង្កប់​ក្នុង​ទំនិញ​ ឬ​ការ​កាត់​ពន្ធ​តាម​ប្រាក់​ខែ​​)​ និង​តាម​រយៈ​ការ​ផ្តល់​ពល​កម្ម​ចូលរួម​សហការ​និង​​​​បំរើ​ស្ថាប័ន​រដ្ឋ​ទាំង​នោះ​ផង​ រួចហើយ​​ទិន្នផល​នៃដំណើរ​ការ​ចេញ​ពី​​ប្រព័ន្ធ​​រដ្ឋ​ក៏​ត្រូវ​បាន​ភ្នាក់​ងារ​រដ្ឋ​ចាត់​ចែង​ការ​ចាយ​វាយ​ទៅ​គ្រប់​ផ្នែកនៃស្ថាប័ន​រដ្ឋ​និង​ផ្តល់​ទៅ​ប្រជាជន​វិញ​​។ ​​ ​

Russell Brand System Work

នៅ​ពេល​រដ្ឋ​បំពេញ​មុខ​ងារ​ទាំង​នោះ​មិនបាន​​ល្អ​ បំផ្លាញ​សម្បត្តិ​ប្រទេស​ ធ្វើ​ឱយ​មាន​ការ​ខូច​ខាត​បាត់​បង់​ប្រាក់​ពន្ធ​ប្រជាជន ឬ​ចាយ​វាយ​មិន​បាន​ត្រឹម​ត្រូវ​​ មាន​អំពើ​ពុក​រលួយ​ មាន​ការ​រំលោភ​បំពាន​អំនាច​ បង្កើត​បក្ស​ពួក​។ល។ ពេល​នោះ​រដ្ឋ​នឹង​មាន​ការ​ជំទាស់​ពី​ប្រជាជន​ដែល​ជា​ថៅកែ​របស់​រដ្ឋ​ ទោះ​ចេញ​ជា​សកម្ម​ភាព​​ ឬគិត​តែ​ក្នុង​ចិត្ត​​ពុំ​​បញ្ចេញ​មក​ក្តី​។ លោក​ រ៉ាស់​ហ្សែល​ ប្រេន្ឌ​ (Russell Brand) សកម្ម​ជន​អាមេរិកាំង​ក៏​ល្បី​មួយ​រូប​មាន​ពាក្យ​សម្តីគួរ​ឱយ​ពិចារណា​មួយ​ថា​ «ប្រជាជន​ដែល​ថា​ប្រព័ន្ធ​មាន​ដំណើរ​ការ​នឹង​ធ្វើការ​ឱយ​ប្រព័ន្ធ​នោះ​។»​ នៅ​ពេល​ដែលពល​រដ្ឋ​ដឹង​ថា​ ​រដ្ឋ​មាន​ដំណើរ​ការ​មិន​ប្រក្រតី​ អ្វី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​ពុំ​មែន​ទៅ​បំរើ​ការ​ឱយ​ប្រព័ន្ធ​នោះ​ដដែល​ រួច​មិន​ធ្វើ​សោះ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ឈប់​ធ្វើ​ឱយ​ប្រព័ន្ធ​នោះ​ដើរ ​ដោយ​មិន​សហការនិង​មិន​ចំណុះ​ក្នុង​ប្រព័ន្ធ​នោះ​បន្ត​ទៀត​។ ឧ. ប្រជាជន​ឈប់​បង់​ពន្ធ​ ឈប់​គាំទ្រ​អាជ្ញាធរ​ បដិសេធ​ភាព​ស្រប​របស់​រដ្ឋាភិបាល​ ឈប់​ទៅ​ធ្វើ​ការបំរើ​ស្ថាប័ន​រដ្ឋ​​ ឈប់​ទៅ​បោះ​ឆ្នោតបំពេញ​ដំណើរ​ការ​នយោបាយ​​ លែង​ចូល​បំរើ​កង​ទាប់​ មិន​ប្រើ​សេវាកម្ម​រដ្ឋ​​ សិស្ស​និស្សិត​លែង​ទៅ​រៀន​ គ្រូ​លែង​ទៅ​បង្ហាត់​​ នោះ​ស្ថាប័ន​រដ្ឋ​ត្រូវ​តែ​គាំង​ទៅ​តាម​កំរិត​ចំនួនបាតុករ​និង​វិធី​បាតុកម្ម​​​។ គេ​ពុំ​ចាំ​បាច់​ប្រើហិង្សាលើ​មនុស្ស​ដូច​គ្នា​ បន្តួច​បន្តិច​​​ឡើយ​ ដើម្បី​ធ្វើឱយ​ប្រព័ន្ធ​រដ្ឋ​គាំង នៅ​ពេល​ដែលគេ​គ្រាន់តែ​​ដក​យក​ការ​បំរើ​ការ​ ឧបត្ថម្ភ សហការ​ពីស្ថាប័ន​ទាំង​នោះ​។​​​​ ​ទោះ​ក្នុង​របប​ណា​​​ក៏​ដោយ​ មិន​ថា​រដ្ឋ​គ្រប​ដណ្តប់​ដោយ​របប​ផ្តាច់​ការ ​ឬដឹក​នាំ​តាម​របៀប​​ប្រជាធិបតេយ្យ​នោះ​ទេ​ រដ្ឋមិន​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​​ដោយ​មិន​ពឹង​ផ្អែក​លើ​ប្រជាជនខ្លួន​ឯងបាន​​​ជា​ដាច់​ខាត​។ ទាស់​ត្រង់​ថា រដ្ឋ​កាន់​របប​ប្រជាធិបតេយ្យ​អាច​បំពេញ​មុខ​ងារ​របស់​ខ្លួន​បាន​ល្អប្រសើរ​​និង​មាន​ប្រសិទ្ធ​ភាព​ជាង​រដ្ឋ​ផ្តាច់​ការ​ឆ្ងាយ​ ដោយ​សារ​តែ​មាន​ការ​បើក​ចំហ​ ការ​ចូល​រួម​ពី​ភាគីច្រើន​​ ការ​គោរព​ច្បាប់របស់​អ្នក​មាន​អំនាច​ ​ឬ​ប្រទេស​មាន​នីតិរដ្ឋ​ មាន​តម្លា​ភាព​ ប្រកប​ដោយ​​ទំនួល​ខុស​ត្រូវ​ខ្ពស់​ ​និងជា​ពិសេស​ មាន​ការ​បំបែក​អំនាច​មក​អ្នក​មូល​ដ្ឋានឬ​ការ​សំរេច​ចិត្តតាម​រយៈ​ការ​បោះ​ឆ្នោត​ពី​សមាជិក​​ ជា​ជាង​មេ​ដឹក​នាំ​ឬ​មេ​បក្ស​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ក្រោយ​បាន​អំនាច​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ លោក​ ម៉ៀលថុន​ ហ្វ្រីដ​មឹន (Milton Friedman) អ្នក​ប្រាជ្ញ​​សេដ្ឋកិច្ចជាតិ​អាមេរិកាំងម្នាក់​​ដែលទទួល​បាន​រង្វាន់​ណូបែល​ខាងវិទ្យាសាស្ត្រ​សេដ្ឋកិច្ចនៅ​ឆ្នាំ​ ១៩៧៦​ បាន​អះ​អាង​ប្រកប​ដោយ​ការ​ជឿ​ជាក់​ថា​ «ការ​វិវឌ្ឍ​ទៅ​មុខ​នៃ​អារ្យ​ធម៌​ មិន​ថា​ក្នុងស្ថាបត្យកម្ម​ឬ​វិចិត្រកម្ម​ ក្នុងផ្នែក​​​វិទ្យាសាស្ត្រ​ឬ​អក្សរ​សិល្ប៍​ ក្នុង​វិស័យឧស្សាហកម្ម​ឬ​កសិ​កម្ម​នោះ​ទេ​ គឺ​ពុំ​ដែល​មក​ពី​រដ្ឋាភិបាលដែល​ប្រើ​​អំនាច​ប្រមូល​ផ្តុំ​នោះ​ឡើយ​​។»​ កុប​កម្ម​ហិង្សាប្រៀប​ដូច​ ​កន្ទុយ​ពស់​ទៅ​បំផ្លាញ​ក្បាល​ខ្លួន​ឯង​ ហើយ​ខ្លួនឯង​​​ក៏ឈឺចាប់​​រង​គ្រោះ​​ដូចគ្នា។ បាតុកម្ម​អហិង្សា​វិញ​ប្រៀប​ដូច​កន្ទុយ​ដែល​ដឹង​ពី​ផល​វិបាក​នេះ ហើយ​​​មិន​បំផ្លាញខ្លួន​ឯង​ ព្រោះ​តែ​ក្បាល​នោះ​​ទេ​ តែ​​​​ប្រើ​ចំណុច​ខ្សោយ​របស់​ក្បាល​​ ធ្វើ​ជា​អាវុធ​អហិង្សា​បង្ខំ​ឱយ​ក្បាល​ពស់​ស្រប​តាម​ មិន​​អាច​ដឹកនាំ​​ខ្លួន​ពស់​ទាំងមូល​​​បន្ត​ទៀត​បាន​៕

អាន​បន្ថែម​៖

៙អំពី​ស្នារដៃ​របស់លោក​ម៉េក​ វែប៊ើរ​ (Max Weber)  ​ដែល​បាន​សិក្សានិង​​កំណត់​និយម​ន័យដ៏​លី្ប​ល្បាញមាន​ឥទ្ធិពល​​និង​​អាច​យក​ជា​ការ​បានអំពី​​ ​«អំនាច» និង​ «រដ្ឋ​» ‘Power’ is the probability that one actor within a social relationship will be in a position to carry out his own will despite resistance regardless of the basis on which this probability rests (p. 152). ‘State’ … the monopoly of the legitimate use of physical force in the enforcement of its order (p. 154). Cf. Weber, Max. 1947. The Theory of Social and Economic Organization. Translated by A. M. Henderson with an introduction by Talcott Parsons. Or p. 53-54 of  Weber, Max. 1968. Economy and Society: An Outline of Interpretive Sociology, A New and Complete Translation of Wirtschaft und Gesellschaft, Ed. by Guenther Roth and Claus Wittich, 3 vol.