
លោក ខឺត ហ្ស៊ក់ (២០០៥, ទំ. ១២) បានអះអាងពីការយល់ច្រលំអំពីការប្រៀបធៀបប្រសិទ្ធភាពរបស់យុទ្ធនាការហិង្សានិងអហិង្សា។ ពេលចលនាយោធាបរាជ័យ គេមិនសន្និដ្ឋានថា មធ្យោបាយហិង្សាគ្មានមូលដ្ឋានត្រឹមត្រូវ មិនដំណើរការនោះទេ ប៉ុន្តែគេបែរជាចាប់យកលក្ខណៈដាច់ដោយឡែកនៃយុទ្ធនាការយោធានោះមកពន្យល់ដោះសា ដូចជាមានគោលដៅមិនច្បាស់លាស់ មិនរៀបចំផែនការវាយប្រហារ វាយមិនចំចំណុចខ្សោយរបស់សត្រូវ បាត់បង់ការគាំទ្រពីប្រជាជន។ល។ ដល់ពេលយុទ្ធនាការអហិង្សាបរាជ័យវិញ គេពួយម៉ៃតែម្តងថា យុទ្ធសាស្ត្រអហិង្សាទាំងមូលមិនមានប្រសិទ្ធភាពតែម្តង។ គេមិនពន្យល់ឬវិភាគពីកត្តានីមួយៗដែលកំណត់ជោគជ័យ ដូចយុទ្ធនាការយោធាឬហិង្សឡើយ ទោះបីយុទ្ធនាការហិង្សាបរាជ័យប៉ុន្មានលើកក៏ដោយ ក៏គេមិនចាត់ថាជាតឹកតាងអំពីអប្រសិទ្ធភាពនៃការដោះស្រាយទំនាស់ដោយហិង្សាដែរ។ ដោយសារមានសន្មតមតិថា ហិង្សាមានប្រសិទ្ធភាព អហិង្សាអប្រសិទ្ធភាព អ៊ីចឹងហើយឱយតែយុទ្ធនាការអហិង្សាជោគជ័យ គេតែងតែនិយាយពីលក្ខខណ្ឌនេះ លក្ខខណ្ឌនោះ ប៉ុន្តែគេពុំសង្ស័យឬចោទសួររឿងលក្ខខណ្ឌដដែលនេះចំពោះយុទ្ធនាការហិង្សាឡើយ។ គេចូលចិត្តជ្រើសរើសករណីពិសេសមកពន្យល់ពីអប្រសិទ្ធភាពនៃយុទ្ធនាការអហិង្សា ដូចករណីចលនាប្រជាជនអហិង្សាប្រឆាំងនឹងរបបណាស៊ីដែលបរាជ័យនៅអាល្លឺម៉ង់ ប៉ុន្តែគេមិនឆ្លៀតបញ្ជាក់ថា ចលនាដដែលនោះប្រើហិង្សាអាចយកឈ្នះបាននោះទេ។ យើងអាចទស្សន៍ទាយបានតាមរយៈការសិក្សារបស់លោកស្រី ឆេណូវេថ ថា បើចលនាប្រឆាំងរបបណាស៊ីនោះប្រើហិង្សា ចលនានោះនឹងបរាជ័យជាងមិនប្រើហិង្សាទៅទៀត ព្រោះដូចយើងបានដឹងហើយថា យុទ្ធនាការអហិង្សាមានសង្ឃឹមជោគជ័យជាងហិង្សាលើសជាងពីរដង ពេលប្រឈមនឹងការបង្ក្រាប។ សំរាប់លោក ខឺត ហ្ស៊ក់ ការពិចារណារបៀបនេះគឺជាភាពគ្មានតុល្យភាពផ្នែកហេតុផលនិងអយុត្តិធម៌សំរាប់យុទ្ធនាការអហិង្សាសុទ្ធសាធ។ យុទ្ធនាការអហិង្សាក៏ដូចហិង្សាដែរ មានកត្តាជោគជ័យនិងបរាជ័យដូចគ្នា ពុំមែននៅពេលដែលយុទ្ធនាការហិង្សាបរាជ័យ គេនិយាយថាមកពីផ្នែកណាមួយនៃយុទ្ធនាការមានបញ្ហា ប៉ុន្តែនៅពេលយុទ្ធនាការអហិង្សាចាញ់វិញ គេបែរជាថា គ្រប់សកម្មភាពអហិង្សាទាំងមូលគ្មានប្រសិទ្ធភាពតែម្តង ជាជាងស្វែងរកកត្តាមូលហេតុណាមួយមកពន្យល់ឱយបានជាក់ច្បាស់។ នៅក្នុងវិទ្យាសាស្ត្រ គេទាត់ចោលរបៀបគិតតែមួយផ្លូវ ឬថ្លឹងថ្លែងពន្យល់ហេតុនៃបាតុភូតសង្គមដោយប្រើមូលហេតុតែមួយអស់កាលដ៏យូរលុងហើយ។ មានកត្តាចំបងមួយចំនួនដែលកំណត់ពីជោគជ័យរបស់យុទ្ធនាការអហិង្សារបស់ប្រជាជន ដែលមានចំនួនប្រាំមួយកត្តាដូចជា៖ ក. ជំនឿជាក់និងការយល់ដឹងអំពីវិធីធ្វើបាតុកម្ម, ខ. ការដឹកនាំនិងរៀបចំគ្រប់គ្រងបាតុកម្ម, គ. ទំហំនិងភាពចំរុះច្រើនស្រទាប់សង្គមនៃអ្នកចូលរួម, ឃ. ភាពក្រាញននៀលនៃបាតុកម្ម, ង. ភាពសំបូរបែបនៃកលយុទ្ធ, និងចុងក្រោយ ច. ស្វ័យសំរេចចិត្តរបស់ពួកអ្នកមានអំនាច។
ក. ជំនឿជាក់និងការយល់ដឹងអំពីវិធីធ្វើបាតុកម្ម
ការចូលរួមពីប្រជាជន ៣,៥ភាគរយនៃប្រជាជនទាំងមូល (បរិមាណ) ពុំមែនជាកត្តាសំខាន់តែមួយគត់កំណត់ជោគជ័យបាតុកម្មនោះទេ។ ជាការពិត ការចូលរួមគឺជាកត្តាចាំបាច់ណាស់ ប៉ុន្តែកត្តាសំខាន់មុនកត្តាដំបូងនេះទៅទៀត មិនមែនការចូលរួមពីប្រជាជនទេ តែគឺកត្តាអរូបិយទាំងឡាយដែលជំរុញនិងផ្លាស់ប្តូរផ្លូវចិត្តគំនិតរបស់ប្រជាជនឱយចូលរួម ដូចជាជំនឿលើបាតុកម្មនិងចំនេះអំពីការប្រើវិធីអហិង្សាជាអាទិ។ បើជំនឿឬការយល់ដឹងរបស់បាតុករកាន់តែរឹងមាំ នោះនឹងធ្វើឱយពួកគេមានក្តីសង្ឃឹម មានសា្មរតីរឹងមាំ មានការទុកចិត្តលើកម្លាំងបាតុកម្មមិនសង្ស័យ ហើយអាចដឹកនាំខ្លួនបានទៀតផង មិនចាំបាច់មាននរណានៅពីក្រោយឬដឹកច្រមុះទេ។ លោក វែប៊ើរ មានទស្សនៈដ៏ស៊ីជម្រៅមួយថា «មិនមែនគំនិតទេ តែគឺផលប្រយោជន៍ខាងផ្លូវចិត្តនិងផ្លូវសម្ភារៈ ដែលគ្រប់គ្រងអាកប្បកិរិយារបស់មនុស្សដោយផ្ទាល់។» មានន័យថា គំនិតអាចត្រួតត្រាសកម្មភាពមនុស្សបានដោយប្រយោលប៉ុណ្ណោះ អ្វីដែលអាចរុញសកម្មភាពមនុស្សដោយផ្ទាល់នោះគឺផលប្រយោជន៍ខាងផ្លូវចិត្តនិងខាងសម្ភារៈរបស់បុគ្គលដែលធ្វើអំពើនោះ។ ដូច្នេះ មនុស្សម្នាក់ៗត្រូវការផលប្រយោជន៍រុញទើបពួកគេអាចចូលរួមបាតុកម្មបាន ទោះបីផលប្រយោជន៍នោះបំពេញតំរូវការផ្លូវចិត្តឬផ្លូវសម្ភារៈក្តី (ផ្លូវចិត្ត៖ ការសរសើរ ការទទួលស្គាល់ មោទនភាព ជាតិនិយម។ល។ ផ្លូវសម្ភារៈ លុយកាក់ ទ្រព្យសម្បត្តិ។ល។) បើនិយាយឱយមែនទែនទៅ មិនមែនសម្ភារៈ លុយកាក់ ទ្រព្យសម្បត្តិផ្ទាល់ទេ តែគឺឥទ្ធិពលនៃផលប្រយោជន៍របស់ពួកវា ដែលធ្វើឱយមនុស្សឱយតម្លៃនិងប្រឹងប្រែងស្វែងរករបស់ទាំងនេះ ពោលគឺមានកត្តាខាងក្រៅដែលសូនចិត្តគំនិតរបស់យើងឱយឱយតម្លៃវត្ថុទាំងនោះ។ ត្រង់នេះយើងចង់ទាញមកពន្យល់ថា បើមិនអាចធ្វើឱយបាតុកររកឃើញផលប្រយោជន៍ខាងផ្លូវចិត្តនិងខាងផ្លូវសម្ភារៈដែលពួកគេរំពឹងថានឹងទទួលបានទាំងអស់គ្នាទេ ទោះផ្ទាល់ឬមិនផ្ទាល់ក្តី គេពិបាកនឹងជឿថា ពួកគេចូលរួមបាតុកម្មណាស់ យ៉ាងហោចណាស់ បើមិនអាចបានផលវិជ្ជមានទេ គឺអាចទប់ស្កាត់ផលអវិជ្ជមានដែរ គឺថាបើមិនអាចដោះស្រាយបញ្ហាក្នុងប្រទេសទេ ក៏អាចទប់ស្កាត់និងកាត់បន្ថយផលអាក្រក់ដែរ។ ដូច្នេះហើយ ការផ្តល់ជំនឿជាក់តាមរយៈការបង្រៀនប្រជាជនឱយចេះធ្វើបាតុកម្មដោយអហិង្សា ជាជំហានដំបូងនិងសំខាន់ខ្វះមិនបានក្នុងការញ៉ាំងកត្តាដទៃៗទៀតឱយងាយសំរេចបាន។ ដរាបណាវប្បធម៌អហិង្សាឬគំនិតអំពីបាតុកម្មអហិង្សាមិនអាចបង្កើតឬហូរទៅក្នុងមនសិការរបស់ប្រជាជនបានទេ យើងនឹងចួបការលំបាកយ៉ាងខ្លាំងក្នុងការតស៊ូប្រយុទ្ធដោយអហិង្សានឹងរបបផ្តាច់ការ។ ទោះពួកគេបានដឹងពីប្រយោជន៍នៃបាតុកម្មពេលជោគជ័យក៏ដោយ តែបើគ្មានជំនឿជាក់ថាអាចសំរេចជោគជ័យទេ ពួកគេទំនងជាមិនហ៊ានប្រថុយប្រថានបូជាកម្លាំងពលកម្មឥតប្រយោជន៍នោះឡើយ។ ជំនឿជាក់នេះក៏រាប់ទាំងនៅលើមេដឹកនាំបាតុកម្មនិងការជឿជាក់ថាមានការចូលរួមកើនឡើងរហូតដែរ។ បើពួកគេនៅតែប្រកាន់យកវិធីហិង្សា ដើម្បីទាមទារតំរូវការរបស់ខ្លួន មិនអាចអប់រុំឱយបែរមករកមធ្យោបាយអហិង្សាវិញបានទេ បាតុកម្មនៅតែបរាជ័យ របបផ្តាច់ការចាស់នៅតែឋិតថេរ បើឈ្នះរបបផ្តាច់ការថ្មីនឹងលេចមក ឈ្នះដូចមិនបានឈ្នះ ជ័យជំនះសំរាប់មួយក្រុមតូច តែបរាជ័យសំរាប់ប្រជាជនទាំងមូល។
ខ. ការដឹកនាំនិងរៀបចំគ្រប់គ្រងបាតុកម្ម
បើជំនឿនិងចំណេះដឹងអំពីបាតុកម្មផ្សព្វផ្សាយទូលាយល្មមហើយ គេនឹងអាចបង្កើតក្រុម ផ្គុំពីសមាជិកសកម្មមួយចំនួនតូច ដឹកនាំបាតុកម្មអហិង្សា រៀបចំយុទ្ធសាស្ត្រ ផែនការ ស្វែងរកមធ្យោបាយផ្សព្វផ្សាយទៅប្រជាជនទាំងអំពីចលនានិងចំណេះខាងបាតុកម្ម។ ទោះប្រជាពលរដ្ឋមិនដែលយល់ដឹងសោះពីបាតុកម្មអហិង្សា ឬក៏មានកំរិតអប់រុំខុសៗគ្នាក៏ដោយ ក៏គ្មានទៀនណាដែលគេមិនអាចអុចបំភ្លឺបានដែរ។ ការប្រមូលផ្តុំនៃប្រជាជនច្រើនចូលគ្នា ប្រាកដណាស់ថារវាងបាតុករនីមួយៗ គេពិបាកចងពួកគេឱយមូលមតិ មូលកម្លាំង ពង្រឹងសាមគ្គីភាព ចេះជួយគ្នា មិនឱយរដ្ឋាភិបាលបំបែកបានណាស់។ ដូច្នេះ វាជាទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់អ្នកដឹកនាំចលនាក្នុងការបំពេញកង្វះខាតទាំងឡាយ សំរេចចិត្តនិងដឹកនាំ ប្រើប្រាស់ធនធានរបស់ចលនាឱយបានត្រឹមត្រូវ។ ការដឹកនាំខុសនិងមិនចេះគ្រប់គ្រង បណ្តុះបណ្តាលបាតុករអាចនាំទុក្ខដល់សមាជិកទាំងអស់ ធ្វើឱយចលនាទាំងមូលចាញ់ការបង្ក្រាបរបស់របបដឹកនាំបានយ៉ាងងាយ។ មិនថាយុទ្ធនាការនោះប្រើប្រាស់វិធីហិង្សាឬអហិង្សានោះទេ មានការរៀបចំដឹកនាំច្បាស់លាស់ទើបមានសង្ឃឹមជោគជ័យខ្ពស់។
គ. ទំហំនិងភាពចំរុះច្រើនស្រទាប់សង្គមនៃអ្នកចូលរួម
យើងបានបង្ហាញដោយទិន្នន័យពិសោធន៍រួចហើយថា គ្មានរដ្ឋាភិបាលណាអាចប្រឈមមុខផ្ទាល់នឹងប្រជាពលរដ្ឋតែ ៣,៥ភាគរយនៃប្រជាជនទាំងមូលឡើយ។ ត្រូវការចំនួនប៉ុនហ្នឹងមែនហើយ តែបើចំនួននោះគ្រាន់តែជាចំណែកស្រទាប់សង្គមណាមួយ ឧទាហរណ៍ ចំនួននោះចេញតែពីកម្មកររោងចក្រ ឬតែពីប្រជាជនឬកសិកររងគ្រោះពីវិវាទដីធ្លីឬការបណ្តេញចេញ វាមានន័យថាប្រជាជននៅផ្នែកផ្សេងទៀតនៃសង្គមមិនទាន់បានចូលរួមនៅឡើយទេ ទោះភាគច្រើននៃពួកគេយល់ស្របនឹងការតវ៉ារបស់ក្រុមនោះដែរក៏ដោយ។ អ្នកនៅក្រៅក្រុមក៏មិនសូវជាបានគាំទ្រជាកម្លាំងបាតុកម្ម ឬជាធនធានអ្វីឡើយ ព្រោះពួកគេមើលឃើញថាខ្លួនពុំបានផលប្រយោជន៍ តែបើរងការឈឺចាប់ពីរបបដឹកនាំដូចគ្នានោះ ឬក៏ស្អប់ខ្ពើមរបបនោះដូចគ្នា ទទួលបានគុណប្រយោជន៍រួមគ្នា ពួកគេទំនងជាចូលរួម។ បើចំនួននោះកាន់តែចំរុះចេញពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ការងារ វ័យ ភេទ ជាតិសាសន៍ សាសនា គណបក្ស មនោគមវិជ្ជា នោះគឺអាចជាប៉ារ៉ាម៉ែត្រឬចំនួនតំណាងជាក់លាក់នៃប្រជាជនទាំងមូលបានហើយ គឺថាកម្លាំងបាតុកម្មអាចឡើងដល់ចំណុចអតិបរមា នាំឱយមានចំណងសង្គមកើតមានច្រើននៅចន្លោះរបបដឹកនាំនិងប្រជាជនទាំងមូល។ ឧ. គ្រួសារ ញាតិសន្តាន មិត្រភក្តិ អ្នកជិតខាង អ្នកស្គាល់គ្នា។ល។ ដែលធ្វើឱយអ្នកបង្ក្រាបបង្ខំចិត្តមិនធ្វើតាមបញ្ជាថ្នាក់លើ (ការផ្លាស់ប្តូរស្វាមីភក្តិ)។ បាតុភូតនេះកើនឡើងស្របទៅតាមចំនួនសមាជិកចលនា សមាជិកកាន់តែកើនឡើង ការបោះបង់ការបង្ក្រាបរបស់កងសន្តិសុខកាន់តែងាយកើតមាន។ ការបោះបង់ការងាររបស់អ្នកបង្ក្រាបបង្កើនលទ្ធភាពជោគជ័យរបស់ចលនា ៦០ភាគរយ។ ចំពោះបរិមាណអ្នកចូលរួមវិញ មួយឯកតាកើនឡើង អត្រាជោគជ័យកើនដំណាលគ្នានោះគឺ ១០ភាគរយដែរ។ មិនតែប៉ុណ្ណោះ ចំនួនអ្នកចូលរួមច្រើនក៏បានផ្តល់សុវត្ថិភាពដល់បាតុករខ្លួនឯង ហើយក៏ធ្វើឱយពិបាកបង្ក្រាបទៀត ដូចលោកស្រី ឆេណូវេថ បាននិយាយការពារថា «នៅពេលដែលកងកម្លាំងរក្សាសន្តិសុខមកបង្ក្រាប ចាប់ខ្លួន ឬក៏បាញ់បោះសកម្មជនដែលមានតែដៃទទេនោះ ច្បាស់ណាស់ថាមានចំនួនមនុស្សនៅក្នុងបរិមាណល្មមមួយដែលនាំឱយមានសុវត្ថិភាព» ពោលគឺគ្នាកាន់តែច្រើន កាន់តែមានសុវត្ថិភាព។ ចំនួនអ្នកចូលរួមធ្វើឱយការបង្ក្រាបមិនទំនងជាកើតឡើង អ្នកបង្ក្រាបមិនដាច់ចិត្ត មិនស្តាប់បញ្ជាថ្នាក់លើ ទោះពួកគេព្រមបង្ក្រាបក៏ដោយ ក៏គ្មានប្រសិទ្ធភាពដែរ ព្រោះអាចបំបែកបាតុកម្មបានតែរយៈពេលខ្លីប៉ុណ្ណោះ ហើយបែរជាជួយកៀងគរបាតុករថ្មីបន្ថែមទៀតទៅវិញ (បដិផលនៃការបង្ក្រាប)។ យុទ្ធនាការអហិង្សាអាចបំបែកសត្រូវ ដោយមិនវាយប្រហារបង្ករបួសផ្លូវកាយរបស់ពួកគេទេ តែដោយបញ្ចូលការព្រួយបារម្ភពីការរីករាលនៃចលនាប្រជាជនទៅក្នុងចិត្តរបស់ពួកអ្នកគាំទ្ររបបដឹកនាំទាំងឡាយឱយរេរាគោលជំហរ ខ្លាចរបបដឹកនាំទប់ទល់លែងបាន ដែលចំណុចនេះ យុទ្ធនាការហិង្សាកំរអាចធ្វើបានណាស់ ហើយបែរជាជំរុញឱយសត្រូវរិតតែរួបរួមគ្នាទៅទៀត។ ហេតុនេះហើយ ការផ្លាស់ប្តូរស្វាមីភក្តិនិងបដិផលនៃការបង្ក្រាប គឺជាយន្តការដ៏ចាំបាច់មួយមិនអាចខ្វះបានក្នុងការធ្វើឱយចលនាប្រជាជនសំរេចជោគជ័យ។ ចំនួនច្រើនចំរុះនៃសមាជិកចលនាពិសេស អ្នកមានទំនាក់ទំនងនឹងភ្នាក់ងារបង្ក្រាបគឺជាកត្តាជំរុញយន្តការមួយនេះ។
ឃ. ភាពក្រាញននៀលនៃបាតុកម្ម
(Resilience or Staying Power)
ការតស៊ូអត់ធ្មត់និងជំនះការលំបាកប្រឆាំងនឹងការបង្ក្រាបដោយហិង្សាគឺជាម៉ែត្រដ៏សំខាន់វាស់ពីកម្លាំងរបសចលនា។ ភាពក្រាញនៀលនេះ គឺស្តែងចេញតាមរយៈចំនួនបាតុករនៅតែមិនស្រាកមិនបាត់បង់ បន្តកើនសមាជិកថ្មី បូកទាំងអ្នកជួយឧបត្ថម្ភ ពិសេសបំផុតគឺពេលសមត្ថកិច្ចបង្ក្រាបនៅតែអាចស៊ូទ្រាំបាន ហ៊ានឱយចាប់ បំបែកប៉ុន្មានដងក៏នៅតែអាចផ្តុំគ្នាវិញជាធម្មតា។ ប៉ុន្តែការតស៊ូក្រាញននៀលមិនគ្រប់គ្រាន់ដើម្បីសំរេចជោគជ័យទេ ទោះបីវាជាកត្តាសំខាន់មួយនៃជោគជ័យដែរក៏ដោយ។ ជ័យជំនះអាចទៅរួច លុះណាតែមានផ្លាស់ប្តូរទំនាក់ទំនងអំនាចរវាងចលនានិងគូបដិបក្ស។ ភាពក្រាញននៀលទាក់ទងនឹងការកៀងគរសមាជិកបន្ថែមនិងបង្កើនសកម្មភាព រក្សាធនធាននិងសម្ភារៈដែលមានទាំងប៉ុន្មាន ព្រមទាំងធ្វើឱយចំនួនធនធានកើនឡើងនិងរៀនសូត្របន្ថែមពីកលយុទ្ធផ្សេងៗទៀត ដើម្បីទប់ទល់នឹងសត្រូវផងដែរ ទោះបីសត្រូវមានឬមិនមានកម្លាំងនិងធនធានច្រើនជាងក៏ដោយ។ យុទ្ធនាការជោគជ័យពុំត្រឹមតែមិនរារែកបញ្ឈប់ចលនានៅចំពោះមុខការបង្ក្រាបនោះទេ តែគឺនៅតែសំរេចបានគោលដៅនីមួយៗដែលចលនាបានគ្រោងទុកបន្តិចម្តងៗ ទោះបីជាមានគោលដៅតូចៗខុសៗគ្នាជាច្រើនដែលប្រែប្រួលទៅតាមកាលៈទេសៈ ប្រតិកម្មរបស់គូបដិបក្ស និងយន្តការទាំងឡាយដែលចលនាធ្វើឱយសកម្មក៏ដោយ។ ភាពក្រាញននៀលថ្វីបើពិបាកសំរាប់ចលនា បើប្រៀបនឹងយុទ្ធនាការហិង្សា ចលនាប្រជាជននៅតែងាយធ្វើបានជាង ដោយសារមានអ្នកចូលរួមច្រើននិងចំរុះ ទោះបីរដ្ឋអំនាចបង្ក្រាបចលនាក៏ដោយ។ ទោះបីការបង្ក្រាបដោយហិង្សាអាចកាត់បន្ថយកម្លាំងរបស់យុទ្ធនាការអហិង្សា ដូចគ្នានឹងយុទ្ធនាការហិង្សាដែរក៏ដោយ ក៏ចំនួនច្រើនជាងនៃធនធាននិងអាវុធអហិង្សា នៅតែឋិតនៅតែខាងប្រជាជន។
ង. ភាពសំបូរបែបនៃកលយុទ្ធ
ភាពច្នៃប្រតិដ្ឋក្នុងការប្រើវិធីអហិង្សាគឺជាកត្តាសំខាន់ក្នុងការបត់បែនតាមស្ថានការណ៍ជាក់ស្តែង ហើយនិងទប់ទល់នឹងសត្រូវ ពិសេសគឺការបង្ក្រាប។ បើបាតុករទៅតែកន្លែងដដែលៗ ប្រើវិធីប្រមូលផ្តុំគ្នាដដែល អ្នកបង្ក្រាបនឹងងាយចាត់ការ រារាំង ឃាត់ខ្លួន។ លោកស្រី ឆេណូវេថ បានកត់សម្គាល់ឃើញថា «យុទ្ធនាការដែលមានទំហំធំនិងមានរបៀបរៀបរយ អាចប្តូរពីវិធីប្រមូលផ្តុំ (ប្រជុំគ្នាតវ៉ា) ទៅជាវិធីបំបែកគ្នាឱយរប៉ាត់រប៉ាយវិញ ដែលបាតុករអាចគេចចេញទៅនៅឱយឆ្ងាយពីទីកន្លែងដែលពួកគេគ្រោងនឹងទៅ។» ការប្រើតែវិធីបាតុកម្មតវ៉ានិងបញ្ចុះបញ្ចូលគ្រាន់តែអាចទាក់ទាញការចាប់អារម្ម ការចូលរួម ការគាំទ្រ និងការបង្ហាញបញ្ហានានា ទាមទារដំណោះស្រាយប៉ុណ្ណោះ អានុភាពបាតុកម្មមិនអាចសកម្មឡើងបានឡើយ បើអ្នកដឹកនាំចលនាមិនចេះប្រើវិធីមិនសហការនិងអន្តរាគមន៍បន្ថែមពីលើទៀត។ មូលហេតុនេះហើយដែលគេច្រលំថាបាតុកម្មអហិង្សាគ្មានប្រសិទ្ធភាពនិងគ្មានបានការដោយសារបានតែតវ៉ា តែធ្វើអ្វីរដ្ឋអំនាចពុំបាន។ ពិតណាស់ វិធីមិនសហការធ្វើរដ្ឋអំនាចពិបាកដើរទៅមុខ ឯវិធីអន្តរាគមន៍វិញគឺបង្កើតបញ្ហាប្រឈមខ្លាំងដល់រដ្ឋអំនាចតែម្តង។ មានទំនាក់ទំនងគ្នារវាងការចេះប្រើវិធីធ្វើបាតុកម្មនិងចំនួនអ្នកចូលរួម។ ការសិក្សារបស់លោកស្រី បង្ហាញថា ចំនួនអ្នកចូលរួមយុទ្ធនាការកាន់តែច្រើនចេញមកពីច្រើនស្រទាប់សង្គមផ្សេងៗគ្នា នោះទំនងជាភាពច្នៃប្រតិដ្ឋខាងវិធីបាតុកម្មកើតមាន។ វិធីបាតុកម្មថ្មីៗទទួលបានពីអ្នកចេះដឹងច្រើនដែលចេញពីស្រទាប់ដែលដាច់ឆ្ងាយពីក្រុមសង្គមដទៃទៀត បើចលនាកាន់តែលាតសន្ធឹងទៅគ្រប់ដណ្តប់លើស្រទាប់សង្គមដាច់ឆ្ងាយទាំងនោះ កលយុទ្ធនិងចំនេះថ្មីៗនឹងនាំផលល្អដល់ចលនា ធ្វើចលនាកាន់តែខ្លាំង។
ច. ស្វ័យសំរេចចិត្តរបស់ពួកអ្នកមានអំនាច ឬការមិនចុះសំរុងគ្នាផ្ទៃក្នុង
(Co-option of Opposing Elites)
នៅពេលកុងតាក់អ្នកចូលរួម ភាពក្រាញតស៊ូ ភាពច្នៃប្រតិដ្ឋខាងកលយុទ្ធ ត្រូវបានបើកហើយ គេនៅសល់តែគន្លឹះមួយចុងក្រោយប៉ុណ្ណោះដែលគេត្រូវដោះ ពោលគឺការសំរេចចិត្តរបស់ពួកវរជនទាំងឡាយដែលគាំទ្ររបបដឹកនាំ ថាតើនៅរក្សាជំហរកាន់ជើងរដ្ឋាភិបាលឬឈរខាងចលនាប្រជាជន។ ចលនាប្រជាជនបានជំរុញឱយមានការបែកខ្ញែកនៅក្នុងក្រុមវណ្ណៈអ្នកដឹកនាំនៅក្នុងរដ្ឋាភិបាលនិងសង្គមដែលពួកគេកំពុងតែប្រឆាំងនោះ ដែលវាគឺជាកត្តាចាំបាច់ណាស់ ដើម្បីបំបាក់និងបំផ្លាញរចនាសម្ពន្ធដឹកនាំចាស់របស់របបដឹកនាំ។ នៅពេលចលនាកាន់តែធំ ប្រជាជនគាំទ្រនិងចូលរួមចលនាកាន់តែច្រើន នាំឱយអ្នកគាំទ្ររបបដឹកនាំឯកា ទៅជាក្រុមភាគតិច មិនហ៊ានចេញមុខថាខ្លួននៅខាងរដ្ឋាភិបាល ផ្ទៃក្នុងរដ្ឋាភិបាលចាប់ផ្តើមរង្គោះរង្គើ។ អ្នកគាំទ្ររបបដឹកនាំនោះមានតាំងពីថ្នាក់ធំរហូតដល់តូចៗ ដូចជាសមាជិកបក្ស ម្ចាស់ក្រុមហ៊ុនធំៗ មន្រ្តីរាជការ ពួកអ្នកបច្ចេកទេស អ្នករដ្ឋបាលការិយាធិបតេយ្យ អាជ្ញាធរ យោធា ប៉ូលីស កងរក្សាសន្តិសុខ។ល។ ដែលពួកគេទាំងនោះជាសសរទ្ររបបដឹកនាំ។ ពួកគេនឹងមិនអាចនៅស្ងៀមឡើយ នៅពេលដឹងថារបបជិតរលំ និងព្រួយបារម្ភពីតំណែង ការងារ និងផលប្រយោជន៍។ល។ ពិសេសគឺខ្លាចត្រូវតុលាការផ្តន្ទាទោសពីបទឃិតឃុបនឹងរបបដឹកនាំ។ វិធីមិនសហការផ្នែកសេដ្ឋកិច្ចនិងនយោបាយធ្វើឱយរបបដឹកនាំពិបាកដើរទៅមុខផង ធ្វើឱយឈ្មួញធំៗសិ្នទ្ធនឹងរដ្ឋាភិបាលខាតបង់ច្រើន ជំរុញឱយពួកគេដាក់សម្ពាធលើរដ្ឋាភិបាលផង ដើម្បីព្រមយល់ស្របតាមតំរូវការរបស់ប្រជាជន។ វិធីអន្តរាគមន៍ខាងសេដ្ឋកិច្ចនិងនយោបាយវិញបង្កបញ្ហាប្រឈមផ្ទាល់តែម្តង ព្រោះរបបដឹកនាំមិនអាចបន្តទៅមុខបានហើយ នៅមានស្ថាប័នសេដ្ឋកិច្ចនិងនយោបាយឯករាជ្យថ្មីបង្កើតដោយអ្នកដឹកនាំប្រជាជនទៀត។ យន្តការកើតឡើងដោយវិធីអហិង្សាទាំងនេះ នាំឱយរបបដឹកនាំត្រូវតែបង្ខំចិត្តចុះចាញ់និងដើរចេញ នៅពេលដែលពួកគេបញ្ឈប់ចលនាក៏មិនបាន បង្ក្រាបក៏គ្មានប្រសិទ្ធភាព សម្ពាធក៏មានពីគ្រប់កន្លែង។
កត្តាទាំង៦នេះ សុទ្ធតែពាក់ពាន់គ្នា មិនអាចពន្យល់ដាច់ដោយឡែកយកកត្តាណាមួយកំណត់ភាពសំខាន់ផ្តាច់មុខនៃបាតុកម្មបានឡើយ។ គួរចាប់អារម្មផងដែរថា មានតែកត្តាទី៦ទេដែលផ្អែកលើភាគីរដ្ឋអំនាច។ កត្តាទាំង៥ខាងដើមសុទ្ធជាកត្តាក្នុងស្រុកក្នុងចលនាខ្លួនឯង និងអាចធ្វើឱយកត្តាទី៦រង្គោះរង្គើបាន។ កត្តាមូលដ្ឋានដែលកំណត់ជោគជ័យបាតុកម្មអហិង្សាទាំងនេះ លោកស្រី អេរិខា ឆេណូវេថ បានចែងតែបួនប៉ុណ្ណោះ ពោលគឺគ្មានចំណុចទី១ និងទី២ ឡើយ។ ហេតុដែលលោកស្រីពុំបានរាប់បញ្ចូល ពុំមែនមកពីលោកស្រីបដិសេធកត្តាទាំងនេះទេ ប៉ុន្តែដោយសារមានពិបាកវាស់ស្ទង់តាមបែបពិសោធថាតើយុទ្ធនាការមានការដឹកនាំនិងរៀបចំបែបណា ព្រមទាំងមេដឹកនាំនិងបាតុករមានជំនឿមុតមាំនិងចំណេះដឹងខាងបាតុកម្មអហិង្សាកំរិតណា។ ប្រាកដណាស់ថា កត្តាចំណេះដឹងនិងការដឹកនាំគឺជាចំណុចចាំបាច់ណាស់ក្នុងការធ្វើឱយបាតុកម្មអាចតស៊ូបានក្នុងរយៈពេលយូរ ទោះមិនចាំបាច់ជាអ្នកមានឥទ្ធិពលឬល្បីល្បាញក៏ដោយ ក៏គេត្រូវការអ្នកដឹកនាំចលនាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ មានវិធីសាស្ត្រច្រើនបែបយ៉ាងក្នុងការប្រមូលនិងទាក់ទាញអ្នកចូលរួម ពោរពេញដោយភាពបែតបន់ ស្គាល់ស្ថានភាពសង្គមនិងនយោបាយច្បាស់លាស់ ដឹងពីចំណុចខ្សោយរបស់របបដឹកនាំ ផ្តល់គំរូល្អដល់សមាជិក ចេះដឹកនាំបាតុកម្មឱយវៀរចាកការបង្ក្រាប បន្ថេរអំនាចបាតុកម្ម។ល។ ទាំងអស់នេះទាមទារទាំងអ្នកដឹកនាំល្អនិងបាតុករមានផ្លូវចិត្តរឹងមាំដែលមានចំណេះដឹងគ្រប់គ្រាន់អំពីបាតុកម្ម។ ទោះបីយ៉ាងណា យើងអាចសរុបកត្តាទាំងប្រាំថាជាកត្តាប្រជាជន ព្រោះវាបង្កើតដោយប្រជាជន ចូលរួមដោយប្រជាជន តំណាងប្រជាជននិងដើម្បីប្រជាជន។ អាស្រ័យលើកត្តាប្រជាជនទាំងប្រាំនេះជាកត្តាជ័យជំនះធំបំផុតដូចបានជំរាបជូនរួចហើយ ប្រជាជនត្រូវធ្វើជាម្ចាស់ការខ្លួនឯង គ្មានហេតុផលត្រូវចាំគេជួយ ទុកចិត្តអ្នកនយោបាយឬរំពឹងបរទេសនោះទេ៕
ប្រភព៖
៙ខឺត ហ្ស៊ក់ (Kurt Schock). ២០០៥. «កុបកម្មដោយគ្មានប្រដាប់អាវុធ: ចលនាអំនាចប្រជាជននៅតាមប្រទេសមិនកាន់របបប្រជាធិបតេយ្យ» (Unarmed Insurrections: People Power Movements In Nondemocracies). ឡុងដុន: រោងពុម្ពសាកលវិទ្យាល័យមីនេសូតា (London: University of Minnesota Press)។
៙អេរិខា ឆេណូវេថ (Erica Chenoweth) និង ម៉ារៀ ស្ទីហ្វឹន (Maria J. Stephan). ២០១១. «ហេតុដែលបាតុកម្មតវ៉ារបស់ប្រជាជនស៊ីវិលដើរ: ភាពសមហេតុផលផ្នែកយុទ្ធសាស្ត្រនៃទំនាស់ដោយអហិង្សា» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក: រោងពុម្ពសាកលវិទ្យាល័យកូលុំបៀ (New York: Columbia University Press)។
៙Zack Beauchamp. An expert explains how Hong Kong’s protesters could actually win. From http://www.vox.com/2014/10/2/6883313/hong-kong-protest-win
Like this:
ចូលចិត្ត កំពុងផ្ទុក...