«ឧបមាថារដ្ឋគឺជាសត្វពស់មួយក្បាល។ ក្បាលរបស់ពស់គឺជនផ្តាច់ការនិងបក្សពួក ហើយរបៀបវារបំផ្លាស់ទីរបស់ពស់គឺអនុវត្តតាមរបបផ្តាច់ការ ពោលគឺក្បាលបង្គាប់តួខ្លួននិងកន្ទុយបានស្រេចចិត្ត។ ឯ តួនិងកន្ទុយរបស់ពស់ដែលចាំតែវារតាមក្បាលគឺជាប្រជាពលរដ្ឋ។ ថាមពលទ្រទ្រង់សត្វពស់ទាំងមូលបូករួមទាំងកម្លាំងបញ្ជូនទៅក្បាលពស់ផងនោះ គឺបានមកប្រជាពលរដ្ឋរបស់ពួកគេ។ ក្រោយពេលក្បាលពស់វារដឹកកន្ទុយនិងតួខ្លួនទាំងមូលមិនបានត្រឹមត្រូវ កន្ទុយពស់មិនសុខចិត្ត ដោយសារពួកគេក៏រងគ្រោះពីការសំរេចចិត្តរបស់ក្បាលដែរ។ ដូច្នេះ តួនិងកន្ទុយក៏រួបរួមគ្នាប្រឆាំង ដោយវារយឺតជាងមុន វារយឺតៗលុះនៅស្ងៀមតែម្តង។ តួខ្លួននិងកន្ទុយមិនវារតាមក្បាល មិនគោរពតាមបញ្ជាឱយវារទៅមុខរបស់ក្បាល ក្បាលក៏ឯកា វារទៅមុខមិនរួច។ ក្បាលពស់ក៏បានប្រកាសគំរាមថា «យើងជាក្បាល យើងមានអំនាច ជាអ្នកអូសនាំ តួខ្លួននិងកន្ទុយត្រូវតែធ្វើតាមយើង បើមិនធ្វើតាម យើងនឹងវាយបង្ក្រាប! កន្ទុយឯងមិនអាចយកឈ្នះយើងបានឡើយ។» ប៉ុន្តែ គ្មានឥទ្ធិពល ក្បាលពស់ក៏ចឹកកន្ទុយខ្លួនឯង ដើម្បីបង្ខំតួនិងកន្ទុយឱយឈប់ជំទាស់ ឱយបន្តសហការ។ កន្ទុយពស់មិនបានវាត់វាយក្បាលទេ គ្រាន់តែគេចចេញមិនឱយក្បាលចឹកបានងាយប៉ុណ្ណោះ។ កន្ទុយប្រឹងចៀសលុះមានការប៉ះទង្គិចកើតឡើង។ ក្បាលពស់ក៏ប្រឹងលេបកន្ទុយ ប្រើអស់កម្លាំងសង្គ្រប់ដើម្បីបង្ហាញសាច់ដុំ បង្ខំឱយតួខ្លួននិងកន្ទុយបញ្ឈប់បាតុកម្ម។ ក្បាលមិនមែនចង់លេបមែនទែនឡើយ គ្រាន់តែគំរាមប៉ុណ្ណោះ ព្រោះក្បាលក៏ដឹងដែរថាលេបមិនរួច។ ទោះលេបអស់ឬមិនអស់ក្តី ក្បាលពស់គង់តែអស់ថាមពស់ កាន់តែប្រឹងលេប កាន់តែចុះខ្សោយ។ ដរាបណាកន្ទុយមិនព្រមឈប់តវ៉ា ក្បាលក៏កាន់តែខ្សោះកម្លាំងទៅៗ។ទោះកន្ទុយឱយក្បាលលេបតាមស្រឡាញ់ ក៏ក្បាលនៅតែពិបាកទប់ទល់។ លេបមិនបានដល់ ៣,៥ភាគរយនៃតួខ្លួនទាំងមូលមែនទែនផង ក្បាលពស់ហល់ដល់ក ក៏បង្ខំចិត្តឈប់លេបរួចព្រមចុះចាញ់តួនិងកន្ទុយខ្លួនឯង ដោយកន្ទុយពុំបានវាយវាត់តបតនឹងក្បាលអ្វីបន្តិចសោះឡើយ គ្រាន់តែគេចវេះពីការចឹកបង្ក្រាបរបស់ក្បាល ធ្វើជាសហការវារតាម តែទៅយឺតៗ រហូតដល់នៅស្ងៀម មិនធ្វើចលនាម្តងហើយម្តងទៀត ជាច្រើនជាច្រើនសា។ ទីបំផុត ក្បាលពស់ក៏លែងចឹកលែងលេបកន្ទុយខ្លួនឯង ទើបចាប់ផ្តើមមានកម្លាំងវិញ រួចគ្មានជំរើសអ្វីក្រៅពីប្តូររបៀបវារតាមតួនិងកន្ទុយរបស់ខ្លួននោះឡើយ ព្រោះកន្ទុយអាចឈប់សហការរើបំរះសាចុះសាឡើងវិញគ្រប់ពេលវេលា។
បើមើលមួយភ្លេតទៅ ក្បាលហាក់មានអំនាចក្រៃលែង ចង់ដឹកតួនិងកន្ទុយខ្លួនទៅណាក៏បាន តែតាមពិតគឺតួនិងកន្ទុយពស់បានរួមចំណែកស្ទើរទាំងអស់ មិនអាចខ្វះបាននៅក្នុងដំណើរចលនារបស់ពស់ទាំងមូល ពុំមែនតែក្បាលទេ (ក្បាលគ្រាន់តែដឹកប៉ុណ្ណោះ)។ អ្នកដឹកនាំរដ្ឋតតាំងនឹងប្រជាពលរដ្ឋខ្លួនប្រៀបដូច ពស់ប្រឈមនឹងកន្ទុយឯង! ប្រឆាំងចលនាប្រជាជនគឺពស់ប្រឹងលេបកន្ទុយឯង!»
សម្គាល់៖ «ពលរដ្ឋ» ឬហៅតាមនិយម មានន័យថាកម្លាំងរបស់រដ្ឋ, ហៅឱយត្រូវ «រដ្ឋពល»។
យើងសូមបិតស្លេះរឿងនិទានប្រតិដ្ឋខ្លួនឯង «ពស់លេបកន្ទុយឯង» ត្រឹមនេះ។ មុននឹងដឹងពីប្រភពអំនាចរបស់រដ្ឋ យើងត្រូវយល់អំពីបញ្ញត្តិ «រដ្ឋ» ជាដំបូងសិន។ «រដ្ឋ» នៅទីនេះ យើងសូមប្រើនិយមន័យរបស់សង្គមវិទូ ជាតិអាល្លឺម៉ង់ ម៉េក វែប៊ើរ (Max Weber) មកធ្វើជាគោល គឺថា រដ្ឋគឺជាអង្គការនយោបាយមួយដែលអះអាងថាមានសិទ្ធិផ្តាច់មុខក្នុងប្រើប្រាស់កម្លាំងយោធាក្នុងការរក្សាសណ្តាប់ធ្នាប់សង្គមដោយស្របច្បាប់ នៅក្នុងដែនដីអធិបតេយ្យជាក់លាក់ណាមួយ។ ទោះបីកម្លាំងហិង្សាដើរតួសំខាន់យ៉ាងណានៅក្នុងរដ្ឋនៅក៏ដោយ ក៏រដ្ឋនៅតែត្រូវការពលរដ្ឋរបស់ខ្លួនបំរើការជូន ដើម្បីប្រើកម្លាំងនោះនិងត្រូវការប្រជាជនទទួលស្គាល់ថាអំនាចនោះស្របច្បាប់ដែរ។ យោលតាម លោក ម៉ាយខល ម៉ាន់ (Michael Mann) សង្គមវិទូនយោបាយ ជាតិអាមេរិកាំងម្នាក់ ដែលបានទទួលឥទ្ធិពលពីលោក វែប៊ើរ រដ្ឋមានមុខងារចំនួនបួនធំៗ ដែលលោកបានហៅថា «ពហុភាពនៃមុខងាររបស់រដ្ឋ» (The Multiplicity of State Functions)។
១. រក្សារបៀបរៀបរយក្នុងរដ្ឋ: ការបង្កើតច្បាប់អនុវត្តដើម្បីការពារប្រជាជនភាគច្រើនពីការដណ្តើមពីក្រុមមានអំនាចសង្គមនិងសេដ្ឋកិច្ច។ ប៉ុន្តែផលប្រយោជន៍ចំបងនៃមុខងារនេះគឺការពារសម្បត្តិឯកជនរបស់វណ្ណៈអ្នកមាន ពីក្រុមមនុស្សជាច្រើនដែលគ្មានទ្រព្យសម្បត្តិទាំងនោះ។ ប្រការនេះទំនងជាបំរើផលប្រយោជន៍ពួកអ្នកមានអំនាចច្រើនជាង។ អាវុធចុងក្រោយដែលគេប្រើដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងរដ្ឋ គឺកងកម្លាំង ដែលមាន ប៉ូលីសនិងក្រុមសន្តិសុខជាភ្នាក់ងារអនុវត្ត។
២. ការការពារនិងវាយប្រហារដោយប្រើយោធា: ការប្រឆាំងនឹងសត្រូវបរទេស នៅពេលមានទំនាស់នាំទៅដល់សង្គ្រាមរវាងរដ្ឋពីរឬច្រើន ដែលយោធាគឺជាឧបករណ៍ទួទៅដែលគេយកទៅដោះស្រាយបញ្ហានេះ ដើម្បីប្រយោជន៍សង្គមទាំងមូលក្នុងរដ្ឋ ឬក្រុមអ្នកមានអំនាចណាមួយ។ ការការពារពីការឈ្លានពានរបស់បរទេសច្រើនបំរើប្រយោជន៍រួម ប៉ុន្តែការវាយប្រហាររដ្ឋដទៃច្រើនដើម្បីបំពេញប្រយោជន៍ក្រុមវរជនណាមួយច្រើនជាង។
៣. ការបង្កើតនិងថែរក្សាហេដ្ឋារចនាសម្ពន្ធទំនាក់ទំនង: ដើម្បីឱយមានដំណើរការទៅបានរលូន រដ្ឋត្រូវបង្កើតនិងរក្សាហេដ្ឋារចនាសម្ពន្ធទសំរួលទំនាក់ទំនងទាំងឡាយ ដូចជា ផ្លូវចរាចរណ៍ទាំងផ្លូវគោក ទឹកនិងអាកាស ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធទឹក បច្ចេកវិទ្យាពត៌មានជាដើម។ល។ គោលការណ៍នៅពីក្រោយការកសាងនេះគឺបំរើប្រយោជន៍សាធារណៈជាទួទៅនិងក្រុមអ្នកជំនួញពាណិជ្ជកម្មបើពោលឱយជាក់លាក់ទៅ។ រដ្ឋអាចស្ថាបនាហេដ្ឋារចនាសម្ពន្ធបានដោយសារមានមូលដ្ឋានដែនដីដែលអាចគ្រប់គ្រងបានពីស្ថាប័នចំបង។ កិច្ចការទាំងនេះមិនមែនជាការងារផ្តាច់មុខទាំងស្រុងរបស់រដ្ឋទេ តែយ៉ាងហោចណាស់ អ្នកស្ថាបនាហេដ្ឋារចនាសម្ពន្ធទាំងនោះត្រូវមានការអនុញ្ញាតពីរដ្ឋ និងនៅគ្រប់ដំណាក់កាលសាងសង់ រដ្ឋបានចូលរួមកសាងខ្លះដែរ ទោះដោយផ្ទាល់ឬប្រយោល។ ក្នុងករណីមានលទ្ធភាពបច្ចេកទេសគ្រប់គ្រាន់ រដ្ឋអាចកសាងហេដ្ឋារចនាសម្ពន្ធបានដោយខ្លួនឯង។
៤. ការប្រមូលបែងចែកខាងផ្នែកសេដ្ឋកិច្ច: ការបែងចែកធនធានសម្ភារៈកំរដែលរដ្ឋមាន ទទួលបាន និងរកស៊ីចំណេញជាមួយនឹងរដ្ឋដទៃ ទៅឱយប្រជាជនទាំងមូលដែលប្រកបដោយភាពចំរុះស្រទាប់ខុសៗគ្នា ដូចជា អាយុ ភេទ តំបន់ វណ្ណៈ។ល។ ឱយបានស្មើគ្នា ឱយមានយុត្តិធម៌ មិនឱយដណ្តើមគ្នា មិនឱយអ្នកមានមានពេគ អ្នកក្រក្រពេគ រក្សាស្ថេរភាពទីផ្សារ។ ចំណុចនេះនាំឱយកម្មវិធី គោលនយោបាយសុខមាលភាពសង្គមនិងសេដ្ឋកិច្ចជាច្រើន។ មុខងារមួយនេះមានគោលដៅបំរើប្រយោជន៍រួមជាជាងមុខងារដទៃទាំងអស់ តែទោះបីយ៉ាងណា វានៅតែទាក់ទងនឹងក្រុមណាមួយ ជាពិសេស ក្រុមដែលអសកម្មពុំអាចបំរើវិស័យសេដ្ឋកិច្ចសង្គមបាន ដែលការរស់នៅរបស់ពួកគេត្រូវបានការពារដោយរដ្ឋ។ រដ្ឋក៏កំណត់សណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ចផ្ទៃក្នុងដែរដូចជា ការបោះពុម្ពនិងបណ្តូររូបិយវត្ថុឆ្លងដែន ចួនកាលឯកតោភាគី ចួនកាលពហុភាគីជាមួយរដ្ឋបរទេស។
មុខងារទាំងបួនសុទ្ធតែសំខាន់ចាំបាច់ មិនថាសំរាប់សង្គមទាំងមូលឬក្រុមនានានោះទេ។ មុខងារដែលធ្វើឱយរដ្ឋក្លាយជាអង្គការពិសេសដាច់ដោយឡែកពីអង្គការដទៃផ្សេងៗទៀតគឺមុខងារទី១ និង ទី២ ពោលគឺ ការរក្សាមិនឱយមានចលាចលក្នុងស្រុកនិងសណ្តាប់ធ្នាប់ខាងក្រៅ មានតែរដ្ឋដោយឡែកមួយប៉ុណ្ណោះមានសិទ្ធិផ្តាច់មុខស្របច្បាប់ប្រើប្រាស់កម្លាំងយោធាជារចនាសម្ពន្ធ គ្មានអង្គការផ្សេងទៀតមានសិទ្ធិអាចធ្វើដូច្នេះឡើយ។
អ្វីដែលត្រូវកត់សម្គាល់ជាពិសេសនោះគឺថាដំណើរការនៃមុខងារទាំងអស់របស់រដ្ឋ សុទ្ធតែមានប្រជាពលរដ្ឋជាប្រភពអំនាចស្ទើរទាំងស្រុង។ ដើម្បីឱយរដ្ឋមានសណ្តាប់ធ្នាប់ គេត្រូវការច្បាប់ អ្នកអនុវត្តច្បាប់ និងជាពិសេសអ្នកគោរពច្បាប់។ ប្រភពចំបងនៃរបៀបរៀបរយស្របច្បាប់នេះពុំមែនមកពីអាជ្ញាធរមានអំនាចដាក់ទណ្ឌអ្នកមិនគោរពច្បាប់នោះទេ តែគឺមកពីប្រជាជនគោរពច្បាប់រដ្ឋ និងផ្តល់ភាពស្របច្បាប់ជូនអាជ្ញាធរ ទទួលស្គាល់ថាអាជ្ញាធរធ្វើត្រូវទើបអាជ្ញាធរមានសិទ្ធិអាចដាក់ទណ្ឌកម្មអ្នកប្រព្រឹត្តល្មើសច្បាប់បាន។ យោធាទាហាន ប៉ូលីស កងសន្តិសុខ ដែលជាអ្នកបំពេញការងារនៅមូលដ្ឋាន គឺសុទ្ធត្រូវរើសជ្រើសចេញពីចំណោមប្រជាជនស៊ីវិលធម្មតាប៉ុណ្ណោះ ទោះបីមេធំៗអាចជាខ្សែស្រឡាយឬអ្នកជិតដិតនឹងអ្នកមាននយោបាយក៏ដោយ។ រីឯអាជ្ញាធរនិងអ្នករដ្ឋការបំពេញការងាររដ្ឋបាលក្នុងប្រព័ន្ធការិយាធិបតេយ្យក៏ភាគច្រើនចេញមកពីប្រជាជនដូចគ្នា ទោះមានករណីរើសចូលដោយ បក្សពួក អំពើពុករលួយដូចម្តេចក៏ដោយ។ ឯធនធានសេដ្ឋកិច្ចនិងពលកម្មទ្រទ្រង់រាល់ដំណើរការនៃរដ្ឋទាំងមូល ក៏ភាគច្រើនបំផុតបានពីញើសឈាមប្រជាពលរដ្ឋទាំងមូលដែរ ពុំមែនបានពីអ្នកអំនាចទាំងនោះឡើយ ពោលគឺ ពលរដ្ឋផ្តល់ប្រាក់ខែជូនមន្ត្រីរាជការទាំងអស់ ព្រមទាំងអ្នកតំណាងរបស់ខ្លួនក្នុងស្ថាប័នដឹកនាំដែរ តាមរយៈការបង់ពន្ធអាករជូនរដ្ឋគ្រប់ៗគ្នាទាំងផ្ទាល់ទាំងប្រយោល (ពន្ធបង្កប់ក្នុងទំនិញ ឬការកាត់ពន្ធតាមប្រាក់ខែ) និងតាមរយៈការផ្តល់ពលកម្មចូលរួមសហការនិងបំរើស្ថាប័នរដ្ឋទាំងនោះផង រួចហើយទិន្នផលនៃដំណើរការចេញពីប្រព័ន្ធរដ្ឋក៏ត្រូវបានភ្នាក់ងាររដ្ឋចាត់ចែងការចាយវាយទៅគ្រប់ផ្នែកនៃស្ថាប័នរដ្ឋនិងផ្តល់ទៅប្រជាជនវិញ។
នៅពេលរដ្ឋបំពេញមុខងារទាំងនោះមិនបានល្អ បំផ្លាញសម្បត្តិប្រទេស ធ្វើឱយមានការខូចខាតបាត់បង់ប្រាក់ពន្ធប្រជាជន ឬចាយវាយមិនបានត្រឹមត្រូវ មានអំពើពុករលួយ មានការរំលោភបំពានអំនាច បង្កើតបក្សពួក។ល។ ពេលនោះរដ្ឋនឹងមានការជំទាស់ពីប្រជាជនដែលជាថៅកែរបស់រដ្ឋ ទោះចេញជាសកម្មភាព ឬគិតតែក្នុងចិត្តពុំបញ្ចេញមកក្តី។ លោក រ៉ាស់ហ្សែល ប្រេន្ឌ (Russell Brand) សកម្មជនអាមេរិកាំងក៏ល្បីមួយរូបមានពាក្យសម្តីគួរឱយពិចារណាមួយថា «ប្រជាជនដែលថាប្រព័ន្ធមានដំណើរការនឹងធ្វើការឱយប្រព័ន្ធនោះ។» នៅពេលដែលពលរដ្ឋដឹងថា រដ្ឋមានដំណើរការមិនប្រក្រតី អ្វីដែលប្រជាពលរដ្ឋត្រូវធ្វើពុំមែនទៅបំរើការឱយប្រព័ន្ធនោះដដែល រួចមិនធ្វើសោះនោះទេ ប៉ុន្តែត្រូវឈប់ធ្វើឱយប្រព័ន្ធនោះដើរ ដោយមិនសហការនិងមិនចំណុះក្នុងប្រព័ន្ធនោះបន្តទៀត។ ឧ. ប្រជាជនឈប់បង់ពន្ធ ឈប់គាំទ្រអាជ្ញាធរ បដិសេធភាពស្របរបស់រដ្ឋាភិបាល ឈប់ទៅធ្វើការបំរើស្ថាប័នរដ្ឋ ឈប់ទៅបោះឆ្នោតបំពេញដំណើរការនយោបាយ លែងចូលបំរើកងទាប់ មិនប្រើសេវាកម្មរដ្ឋ សិស្សនិស្សិតលែងទៅរៀន គ្រូលែងទៅបង្ហាត់ នោះស្ថាប័នរដ្ឋត្រូវតែគាំងទៅតាមកំរិតចំនួនបាតុករនិងវិធីបាតុកម្ម។ គេពុំចាំបាច់ប្រើហិង្សាលើមនុស្សដូចគ្នា បន្តួចបន្តិចឡើយ ដើម្បីធ្វើឱយប្រព័ន្ធរដ្ឋគាំង នៅពេលដែលគេគ្រាន់តែដកយកការបំរើការ ឧបត្ថម្ភ សហការពីស្ថាប័នទាំងនោះ។ ទោះក្នុងរបបណាក៏ដោយ មិនថារដ្ឋគ្របដណ្តប់ដោយរបបផ្តាច់ការ ឬដឹកនាំតាមរបៀបប្រជាធិបតេយ្យនោះទេ រដ្ឋមិនអាចដំណើរការទៅមុខបានដោយមិនពឹងផ្អែកលើប្រជាជនខ្លួនឯងបានជាដាច់ខាត។ ទាស់ត្រង់ថា រដ្ឋកាន់របបប្រជាធិបតេយ្យអាចបំពេញមុខងាររបស់ខ្លួនបានល្អប្រសើរនិងមានប្រសិទ្ធភាពជាងរដ្ឋផ្តាច់ការឆ្ងាយ ដោយសារតែមានការបើកចំហ ការចូលរួមពីភាគីច្រើន ការគោរពច្បាប់របស់អ្នកមានអំនាច ឬប្រទេសមាននីតិរដ្ឋ មានតម្លាភាព ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងជាពិសេស មានការបំបែកអំនាចមកអ្នកមូលដ្ឋានឬការសំរេចចិត្តតាមរយៈការបោះឆ្នោតពីសមាជិក ជាជាងមេដឹកនាំឬមេបក្សអាចធ្វើអ្វីបានតាមចិត្តក្រោយបានអំនាច។ ហេតុដូច្នេះហើយទើប លោក ម៉ៀលថុន ហ្វ្រីដមឹន (Milton Friedman) អ្នកប្រាជ្ញសេដ្ឋកិច្ចជាតិអាមេរិកាំងម្នាក់ដែលទទួលបានរង្វាន់ណូបែលខាងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ ១៩៧៦ បានអះអាងប្រកបដោយការជឿជាក់ថា «ការវិវឌ្ឍទៅមុខនៃអារ្យធម៌ មិនថាក្នុងស្ថាបត្យកម្មឬវិចិត្រកម្ម ក្នុងផ្នែកវិទ្យាសាស្ត្រឬអក្សរសិល្ប៍ ក្នុងវិស័យឧស្សាហកម្មឬកសិកម្មនោះទេ គឺពុំដែលមកពីរដ្ឋាភិបាលដែលប្រើអំនាចប្រមូលផ្តុំនោះឡើយ។» កុបកម្មហិង្សាប្រៀបដូច កន្ទុយពស់ទៅបំផ្លាញក្បាលខ្លួនឯង ហើយខ្លួនឯងក៏ឈឺចាប់រងគ្រោះដូចគ្នា។ បាតុកម្មអហិង្សាវិញប្រៀបដូចកន្ទុយដែលដឹងពីផលវិបាកនេះ ហើយមិនបំផ្លាញខ្លួនឯង ព្រោះតែក្បាលនោះទេ តែប្រើចំណុចខ្សោយរបស់ក្បាល ធ្វើជាអាវុធអហិង្សាបង្ខំឱយក្បាលពស់ស្របតាម មិនអាចដឹកនាំខ្លួនពស់ទាំងមូលបន្តទៀតបាន៕
អានបន្ថែម៖
៙អំពីស្នារដៃរបស់លោកម៉េក វែប៊ើរ (Max Weber) ដែលបានសិក្សានិងកំណត់និយមន័យដ៏លី្បល្បាញមានឥទ្ធិពលនិងអាចយកជាការបានអំពី «អំនាច» និង «រដ្ឋ» ‘Power’ is the probability that one actor within a social relationship will be in a position to carry out his own will despite resistance regardless of the basis on which this probability rests (p. 152). ‘State’ … the monopoly of the legitimate use of physical force in the enforcement of its order (p. 154). Cf. Weber, Max. 1947. The Theory of Social and Economic Organization. Translated by A. M. Henderson with an introduction by Talcott Parsons. Or p. 53-54 of Weber, Max. 1968. Economy and Society: An Outline of Interpretive Sociology, A New and Complete Translation of Wirtschaft und Gesellschaft, Ed. by Guenther Roth and Claus Wittich, 3 vol.