គ្មានរបបផ្តាច់ការណាដែលឃោរឃៅជាងរបបផ្តាច់ការដែលបន្តឋិតថេរ
នៅក្រោមពណ៌នៃច្បាប់និងនាមនៃយុត្តិធម៌នោះទេ។ — ម៉ុងតេសគីយើ (Montesquieu)
របបផ្តាច់ការគឺជាទំរង់មួយនៃរដ្ឋាភិបាលដែលបុគ្គលម្នាក់ឬមួយក្រុមតូច កាន់កាប់អំនាចទាំងស្រុងផ្តាច់មុខ ដោយគ្មានការកំហិតពីច្បាប់រដ្ឋធម្មនុញ្ញ (នីតិរដ្ឋ)។ មានទំរង់ពីរនៃរបបផ្តាច់ការដែលគេនិយមស្គាល់ គឺ អាជ្ញាធរនិយមនិងសព្វាជ្ញាធរនិយម (Authoritarianism and Totalitarianism) ។ របបអាជ្ញាធរនិយមគឺជាប្រព័ន្ធដឹកនាំដោយវរជនមួយក្រុមឬគណបក្សនយោបាយតែមួយ ដោយគ្មានច្បាប់កំហិត នឹងមិនទទួលស្វាគមន៍ក្រុមប្រឆាំង ប៉ុន្តែក្រុមឯករាជ្យឬក្រុមតំណាងផលប្រយោជន៍ណាមួយ (Interest Group) ដូចជា សហជីព អង្គការ សារពត៌មានបរទេស សមាគម។ល។ មានសេរីភាពតិចតួចដែរ។ ប្រទេសដែលកាន់របបនេះមានដូចជា ចិន សិង្ហបុរី ភូមា។ល។ របបសព្វាជ្ញាធរនិយមវិញ ជាប្រព័ន្ធនយោបាយដែលអាជ្ញាធរប្រើប្រាស់អំនាចទាំងស្រុងសព្វបែបយ៉ាងទៅលើប្រជាជន ត្រួតត្រាទាំងជីវភាពឯកជននិងសាធារណៈ។ ដោយសារអាជ្ញាធរមានផ្តាច់មុខខ្លាំងសព្វបែបយ៉ាងដូច្នេះ ទើបយើងបកប្រែពាក្យ Totalitarianism ដោយយក «សព្វ» (Total) ផ្សំនឹង «អាជ្ញាធរ» ដែលប្រែពីពាក្យ Authority មានន័យថា អំនាចស្របច្បាប់ផងឬអ្នកទ្រទ្រង់អំនាចស្របច្បាប់នោះផង។ ជារបបផ្តាច់ការដឹកនាំដោយក្រុមវរជននយោបាយមួយក្រុម ដូចអាជ្ញាធរនិយមដែរ ប៉ុន្តែរបបសព្វាជ្ញាធរនិយមមានសមត្ថភាពត្រួតត្រានិងឈ្លបមើលប្រជាជនខ្ពស់ ដោយសារមានក្រុមបច្ចេកទេសច្រើនបំរើការជូន ជិះជាន់សេរីភាពឯកជនរបស់ពលរដ្ឋ និងមិនមានភាគីឬស្ថាប័នជំទាស់ទេ គឺប្រព័ន្ធរដ្ឋបាលលុបលើដោយអ្នកបំរើបក្សកាន់អំនាច។ ជាពិសេស របបនេះគឺមានមនោគមវិជ្ជាបក្សជាមគ្គុទ្ទេសក៍ឬបញ្ចូលមនោគមវិជ្ជាទៅក្នុងប្រជាជនទាំងមូល។ ប្រទេសដែលធ្លាប់កាន់របបនេះ ដូចជា អាល្លឺម៉ង់ មានរបបណាហ្ស៊ីដឹកនាំដោយ ហ៊ីត្លែរ, អ៊ីតាលី មានរបបហ្វាស៊ីសដឹកនាំ ដោយ មូស៊ូលីនី, សូវៀត មានរបបកុម្មុយនីស្ត ដឹកនាំដោយ ស្តាលីន។ សព្វថ្ងៃរបបនេះបានដួលរំលំអស់ហើយ នៅសល់តែប្រទេសកាន់របបអាជ្ញាធរនិយមប៉ុណ្ណោះ។
ការសិក្សាអំពីរបបផ្តាច់ការឱយបានស៊ីជម្រៅមិនមែនជាគោលបំណងនៃស្នារដៃនេះទេ យើងគ្រាន់តែនាំឱយស្គាល់បន្តិចបន្តួចជាលំនាំមុននឹងភ្ជាប់ការវិភាគនឹងយុទ្ធនាការប្រឆាំងនឹងរបបនេះប៉ុណ្ណោះ។ មុននឹងបើកយុទ្ធនាការជំទាស់ គេគប្បីស្គាល់របបនេះឱយច្បាស់និងចរិតរបស់ជនផ្តាច់ការ ដើម្បីយល់ដឹងពីរបៀបដែលពួកគេសំរេចចិត្ត ពិសេសគឺជ្រាបជាមុនអំពីរឿងអ្វីខ្លះដែលពុំអាចទៅរួចក្នុងរបបនេះ។ គេពិតជាពុំអាចផ្លាស់ប្តូររបបផ្តាច់ការដោយពឹងលើយន្តការតាមផ្លូវស្ថាប័ន ដែលគេនិយមប្រើជាទួទៅក្នុងការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋនោះទេ ដូចជា ច្បាប់រដ្ឋធម្មនុញ្ញ ឬច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ការបោះឆ្នោត ការស្នើសុំឱយកែទំរង់ស្ថាប័ននយោបាយណាមួយ ដូចជា ស្ថាប័នយុត្តិធម៌ ស្ថាប័នបោះឆ្នោត ស្ថាប័នយោធាជាដើម។ល។ វិធីត្រជាក់ ដូចជា ការចរចាសំរបសំរួល ចុះកិច្ចសន្យា វប្បធម៌សន្ទនាគឺជាវិធីល្អស្តាប់ តែគ្មានប្រសិទ្ធភាពទេ ស្របពេលនោះដែរ វិធីក្តៅដូចជាកុបកម្មហិង្សានិងរដ្ឋប្រហារក៏មិនអាចស្រោចស្រង់ប្រទេស បង្កើតស្ថាប័នឯករាជ្យនិងប្រជាធិបតេយ្យដូចគ្នា។ ចំណែកឯយន្តការមិនចំណុះស្ថាប័នក្នុងស្រុកដូចជា តុលាការអន្តរជាតិ អន្តរាគមន៍យោធាបរទេស រិតតែមិនងាយកើតឡើងនិងគ្មានលទ្ធផលល្អឡើយ ទោះមានករណីផ្តួលរបបដឹកនាំបានក៏ដោយ។

ច្បាប់គ្រាន់តែជាឧបករណ៍របស់អ្នកមានអំនាចឬពួកមូលធនតែប៉ុណ្ណោះ នេះបើយកទ្រឹស្តីពួកម៉ាកនិយម(Marxist) មកអនុវត្តក្នុងបរិបទប្រទេសកាន់របបផ្តាច់ការ។ ការតែងច្បាប់ ការអនុម័តច្បាប់ ការអនុវត្តច្បាប់ គឺផ្អែកលើមូលដ្ឋានប្រយោជន៍របស់អ្នកមានអំនាចទាំងអស់។ ហេតុនេះហើយ ទោះមានច្បាប់រដ្ឋធម្មនុញ្ញក៏ដោយ អ្នកដឹកនាំរបបនោះគោរពតែចំណុចណាដែលបំរើប្រយោជន៍គេប៉ុណ្ណោះ រួចហើយបែរជាបង្ខំឱយអ្នកតូចឬគូបដិបក្ខរបស់ខ្លួនគោរពទៅវិញ។ មាត្រាណាក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលកំហិតអំនាចរដ្ឋាភិបាល បំបែកអំនាចប្រមូលផ្តុំ នឹងត្រូវបានបំភ្លេចចោល មិនអនុវត្ត គោរពនោះទេ ហើយបើរំលោភមិនបាន ពួកគេនឹងព្យាយាមកែច្បាប់នោះ។ រដ្ឋាភិបាលគឺជាអ្នករំលោភបំពានច្បាប់ បែរជាប្រកាសថា ខ្លួនឯងជាអ្នកជាការពារច្បាប់ទៅវិញ ហើយលើសពីនេះ ពួកគេនៅតែប្រកាសថា រដ្ឋាភិបាលខ្លួនស្របច្បាប់ទៅទៀត សូម្បីតែករណីខ្លួនមានប្រវត្តិធ្វើរដ្ឋប្រហារទម្លាក់គណបក្សឈ្នះឆ្នោតក៏ដោយ។ រដ្ឋក្នុងរបបផ្តាច់ការគឺជាសកម្មសិទ្ធិផ្តាច់មុខរបស់គណបក្សកាន់អំនាច រដ្ឋក្តោបក្តាប់ដោយគណបក្សតែមួយ គ្មានភាគីប្រឆាំង ឯភាគីឈ្លបមើលដែលមានអំនាចស្មើ ដូចជាតុលាការនិងសភា ក៏ឋិតក្នុងកណ្តាប់ដៃពួកគេទៀត។ ទោះមានច្បាប់រដ្ឋធម្មនុញ្ញកំណត់ មានបក្សច្រើនប៉ុណ្ណា មានស្ថាប័នកំពូលនានា ដូចជាតុលាការ សភា ក៏ដោយ ក៏វាគ្រាន់តែរបបផ្តាច់ការដែលមានសំបកជារបបប្រជាធិបតេយ្យប៉ុណ្ណោះ ព្រោះស្ថាប័នទាំងនោះភាគច្រើនត្រូវបានគំរាមកំហែងដោយបក្សកាន់អំនាច។ ដូច្នេះ អំនាចយោធាស្របច្បាប់រក្សាសណ្តាប់ធ្នាប់រដ្ឋនឹងក្លាយជាអាវុធរក្សាអំនាចរបស់ជនផ្តាច់ការដោយស្វ័យប្រវត្តិ។ ប៉ុន្តែពាក្យ «ស្របច្បាប់» សំរាប់ជនផ្តាច់ការ គឺស្របតាមគេ គ្មានទេនីតិរដ្ឋ (ទោះមានក៏តិចតួចដែរ) មិនមែនស្របតាមច្បាប់ដែលប្រជាជនទាំងអស់ ទាំងអ្នកដឹកនាំគេនិងអ្នកត្រូវគេដឹកនាំ គោរពតាមនោះទេ។ ចំណែកឯពាក្យ «សណ្តាប់ធ្នាប់» វិញ គឺជាការគ្មានការដណ្តើមអំនាច គ្មានផ្លាស់ប្តូរអំនាច ទោះដោយការបោះឆ្នោត រដ្ឋប្រហារ ឬដោយចលនាអំនាចប្រជាជនក្តី ពោលគឺ ដែលហៅថា «សណ្តាប់ធ្នាប់» គឺរបៀបរៀបរយកើតឡើងពីការស្តាប់តាមតែអ្នកមានអំនាចផ្តាច់មុខនិងបណ្តោយឱយគេកាន់អំនាចលុះអស់ជីវិត រួចឡើងជំនួសដោយក្រុមគ្រួសារគេជាបន្តបន្ទាប់ ដែលគេហៅថា របបផ្តាច់ការតាមរយៈគ្រួសារ។
ទោះបីយ៉ាងណា ជនផ្តាច់ការក៏ត្រូវគោរពច្បាប់ខ្លះដែរ តែពួកគេមិនមែនគោរពច្បាប់ដើម្បីច្បាប់នោះឡើយ គឺគោរពច្បាប់ ដើម្បីលួងចិត្តនិងលាក់បាំងបោកប្រជាជន ធ្វើឱយប្រជាជនស្ងប់ចិត្ត ហើយនៅពេលទាល់ច្រក គេគង់តែបំពានដដែលៗទេ។ ឧ. «មាត្រា៣៧: សិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់។» ប្រការនេះ ឱយតែមិនបំផ្លាញសម្បត្តិសាធារណៈ ធ្វើដោយអហិង្សា គឺត្រូវបានការពារដោយច្បាប់ហើយ ទោះគេនោះមានតំណែងខ្ពស់ប៉ុណ្ណាក៏ត្រូវគោរពដែរ។ ទោះបីយ៉ាងណា ជនផ្តាច់ការនៅតែធ្វើភ្លេចឬបំភ្លេចចោលតែម្តង ហើយប្រើអាជ្ញាធររបស់ពួកគេឱយទៅបង្រ្កាបឬយកលេសផ្សេងៗមកបំបិតដដែល ព្រោះច្បាប់ក្នុងរបបផ្តាច់ការអាចគ្រាន់តែជាឧបករណ៍រក្សាអំនាចរបស់គេប៉ុណ្ណោះ។ បើគ្មានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី គេនឹងរារាំងមិនឱយមាន។ បើមាន គេនឹងព្យាយាមកែច្បាប់នោះ។ កែមិនបាន គេនឹងអនុវត្តមិនឱយបានគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពឡើយ ពោលគឺ កែបានឬមិនបាន ក៏គេមិនចុះ។ មិនមែនតែច្បាប់នេះទេ ច្បាប់ណាក៏ដោយឱយតែរំខានដល់ប្រយោជន៍នយោបាយនិងសេដ្ឋកិច្ចរបស់គេនិងបក្សពួក ដូចជា ច្បាប់ធានាសិទ្ធិទទួលពត៌មាន ច្បាប់ប្រឆាំងអំពើពុករលួយ អ្នកមានអំនាចរមែងតែងតែប្រឹងរាំងខ្ទប់ បង្អាក់ កែប្រែច្បាប់ទាំងនោះ ឬបើពុំអាចរារាំងបាន ក៏អនុវត្តដោយខ្ជីខ្ជាដែរ។ ក្នុងស្នារដៃសំខាន់មួយរបស់លោក «វណ្ណៈអ្នកដឹកនាំ» (The Ruling Class) លោក ហ្គែតាណូ ម៉ូស្កា (Gaetano Mosca) បានអះអាងថា «ពួកវណ្ណៈអ្នកដឹកនាំពុំមែនពន្យល់ហេតុផលអំពីការប្រើប្រាស់អំនាចរបស់ពួកគេ ដោយសំអាងលើតែសិទ្ធិផ្តាច់មុខថាខ្លួនមានអំនាចនោះទេ ប៉ុន្តែពួកគេព្យាយាមស្វែងរកមូលដ្ឋានស្របច្បាប់និងសីលធម៌ ដើម្បីទ្រទង្វើរបស់ខ្លួន បង្ហាញថាទង្វើរបស់ខ្លួនគឺជាលទ្ធផលឆ្លើយតបចាំបាច់និងសមហេតុផលទៅតាមលទ្ធិនិងជំនឿដែលត្រូវបានទទួលស្គាល់និងទទួលយកបាន។» គ្រប់ពួកវរជនដឹកនាំ តែងតែព្យាយាមស្វែងរកឬធ្វើឱយស្របច្បាប់នូវរាល់ទង្វើរបស់គេ ដើម្បីទទួលបានការគាំទ្រពីប្រជាជន ព្រោះគ្រប់ប្រភេទនៃអំនាច ការយល់ព្រមនិងការអនុលោមតាមគឺជាកត្តាចាំបាច់សំរាប់អ្នកមានអំនាច។

នៅពេលស្ថាប័នរដ្ឋស្ទើរតែទាំងស្រុងជារបស់ជនផ្តាច់ការ គ្មានស្ថាប័នរដ្ឋណាអាចឯករាជ្យ យន្តការដោះស្រាយវិវាទឬផ្លាស់ប្តូរតាមរយៈស្ថាប័នត្រូវបានជនផ្តាច់ការបង្អាក់មិនឱយមានប្រសិទ្ធភាពឡើយ។ ហេតុនេះ ការទាមទារឱយធ្វើកំណែទំរង់ស្ថាប័នសំខាន់ៗ ដូចជាស្ថាប័នបោះឆ្នោត ស្ថាប័នយុត្តិធម៌ ស្ថាប័នយោធា ក្នុងគោលបំណងកាត់បន្ថយអំនាចឬឥទ្ធិពលរដ្ឋាភិបាល មិនអាចធ្វើបានឡើយ ដរាបណានៅតែគណបក្សនយោបាយមួយមានអំនាចផ្តាច់មុខ។ គ្មានអ្នកនយោបាយផ្តាច់ការណាល្ងង់ដល់ថ្នាក់បណ្តោយឱយមានកំណែទំរង់ដែលប៉ះពាល់ដល់អំនាចរបស់ខ្លួននោះទេ។ ជាលទ្ធផល ទោះមានការបោះឆ្នោតប៉ុន្មានដង ក៏គណបក្សកាន់អំនាចនៅតែឈ្នះ បោះមិនចេះធ្លាក់សោះឡើយ។ ទោះចាញ់ឆ្នោតឬកំណត់អាណត្តិកាន់អំនាចក៏ដោយ ក៏គ្មានទេការចុះចេញពីតំណែង។ លោក ជីន សាប បានផ្តល់មេរៀនថា «ជនផ្តាច់ការគ្មានកិច្ចការអ្វីត្រូវអនុញ្ញាតឱយមានការបោះឆ្នោតដែលអាចទាញពួកគេចេញពីតំណែងបាននោះទេ។» ការរៀបចំការបោះឆ្នោតនៅក្នុងរបបផ្តាច់ការ គឺគ្រាន់តែជាការលួងចិត្តប្រជាជន កុំឱយគិតថាខ្លួនគ្មានឱកាសចូលរួមសម្លេងក្នុងវិស័យនយោបាយ និងកុំឱយច្រណែននឹងរបបប្រជាធិបតេយ្យនៅប្រទេសលោកខាងលិចប៉ុណ្ណោះ ដូចមានប្រទេសរុស្ស៊ីជាគំរូស្រាប់។ ឱយច្បាស់ជាងនេះ មិនមែនឱយតែមានការបោះឆ្នោតគឺប្រជាធិបតេយ្យនោះទេ ចួនកាលបេក្ខជនឈរឈ្មោះត្រូវបានកំណត់ដោយជនផ្តាច់ការ គណបក្សដទៃគ្មានសិទ្ធិសេរីភាពចូលរួមនយោបាយគ្រប់គ្រាន់ គ្មានស្ថាប័នរដ្ឋដែលឯករាជ្យពីបក្សនយោបាយ គ្មានការបែកចែកអំនាចដាច់ស្រលះពីគ្នារវាងស្ថាប័នកំពូលទាំងបី (រដ្ឋាភិបាល សភា និងតុលាការ) អំនាចសំរេចចិត្តមិនមានមកដល់អ្នកមូលដ្ឋាន ពោរពេញដោយការចាត់តាំងជាជាងការបោះឆ្នោតពីសមាជិក។ល។ ប៉ុន្តែ ក្នុងន័យនេះ យើងពុំចង់អះអាងថាប្រព័ន្ធបែបលោកខាងលិចល្អបំផុត ឬមានដំណើរស៊ីសង្វាក់បំផុតនឹងប្រទេសផ្សេងទៀតគ្មានករណីលើកលែងនោះដែរ ព្រោះប្រជាធិបតេយ្យនៅតែអាស្រ័យលើការរៀបចំប្រព័ន្ធនោះឱយមានប្រសិទ្ធភាព បំបែកអំនាចមេដឹកនាំ ត្រូវការប្រជាជនដែលកំរិតចេះដឹងគ្រប់គ្រាន់អំពីវិស័យនយោបាយនិងបាតុកម្មអហិង្សា ការចូលរួមនិងតាមដានពីប្រជាពលរដ្ឋ ជាពិសេស វាពិបាកទៅរួចណាស់ ក្នុងលក្ខខណ្ឌសង្គមដែលញ៉ាំញីដោយអំពើហិង្សា។ល។ បើប្រជាជនគិតថា ជនផ្តាច់ការអាចឱយពួកគេបោះឆ្នោតទម្លាក់គេបាននោះ គេមិនសក្តិសមជាជនផ្តាច់ការនោះឡើយ។ លោកស្រី អេម្ម៉ា ហ្គូល្ឌមែន (Emma Goldman) អ្នកប្រកាន់អនាធិបតេយ្យនិយម (Anarchist) ជាតិអាមេរិកាំងម្នាក់បានមានប្រសាសន៍ថា «ប្រសិនបើការបោះឆោ្នតបានកែប្រែអ្វីមួយនោះ ពួកគេធ្វើឱយការបោះឆ្នោតនោះខុសច្បាប់»។ ជាការពិត សំរាប់ប្រទេសដែលឆ្លងកាត់សង្គ្រាមស៊ីវិលច្រើន រាល់ការផ្លាស់ប្តូរអំនាចតែងតែធ្វើឱយស្រុកទេសមានបញ្ហា មានសេដ្ឋកិច្ចលូតលាស់គើមៗមិនស្មើ ពោរពេញដោយវិសមភាព ចរិតអភិរក្ស ក្រាញអំនាច ការបង្កើតច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីគឺជារឿងចាំបាច់ តែអនុវត្តមិនបានឬគ្មានប្រសិទ្ធភាពនោះទេ នៅក្នុងពេលដែលអំនាចទាំងមូលនៅលើដៃជនផ្តាច់ការនៅឡើយ អ្នកដឹកនាំនៅតែមិនគោរពច្បាប់ នៅតែនិយមប្រើហិង្សាដោះស្រាយបញ្ហា។ លុះត្រាតែអាចបំបែកអំនាចប្រមូលផ្តុំបណ្តើរៗជាមុនសិន ពិសេសគឺបំបែកអំនាចយោធាផ្តាច់មុខគ្មានឯករាជ្យដែលជាឧបករណ៍បំពានច្បាប់ ធ្វើរដ្ឋប្រហារ និងបង្កសង្គ្រាមស៊ីវិលរបស់ជនផ្តាច់ការ។ ការកំហិតដកអំនាចបន្តិចម្តងៗពីជនផ្តាច់ការគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពនិងអាចអនុវត្តបាន ប៉ុន្តែមិនអាចទៅរួចនោះឡើយ បើប្រជាជនចង់ទាញជនផ្តាច់ការនិងបក្សពួកមួយចង្កោមម្តងឱយអស់ភ្លាមៗនោះ ដូចជា ពឹងការលើការបោះឆ្នោតនិង ការទាមទារឱយចុះចេញតំណែង។ ការធ្វើឱយកាន់តែមានមូលដ្ឋានស្របច្បាប់រឹងមាំនូវការធានាការពារបាតុកម្មពីអាជ្ញាធរ ដូចជា បង្កើតច្បាប់មិនឱយយោធាគោរពតាមបញ្ជាថ្នាក់លើ ពេលគេប្រើឱយបង្ក្រាបប្រជាជនស៊ីវិលដែលគ្មានទោសពៃរ។ ការដកហូតបណ្តើរៗនៃកម្លាំងយោធារបស់ជនផ្តាច់ការ បង្កលក្ខណៈងាយស្រួលអនុញ្ញាតឱយយោធាអាចលាលែងចេញពីការងារបណ្តោះអាសន្ន បន្តិចម្តងៗរហូតដល់ប្រជាធិបតេយ្យពិតប្រាកដកើតមាន។ ប៉ុន្តែ យើងពុំដឹងត្រូវចំណាយពេលប៉ុន្មាន ដើម្បីសំរេចមួយតំណាក់កាលៗនៃការដកហូតអំនាចរបស់ជនផ្តាច់ការនោះទេ ពីព្រោះតែពួកគេនឹងរកគ្រប់មធ្យោបាយរារាំងរហូត។ បើគ្មានយន្តការបង្ខំឱយពួកគេគោរពច្បាប់ទេ អ្នកនយោបាយនិយាយជាទួទៅ ជនផ្តាច់ការនិយាយដោយឡែក មិនចេះគោរពច្បាប់នោះទេ គឺថា អ្នកអង្គុយក្បែរច្បាប់តែងយកច្បាប់ទ្រាំអង្គុយ។ កំណែទំរង់ស្ថាប័នរៀបចំការបោះឆ្នោត យោធានិងតុលាការ ឱយឯករាជ្យពីបក្សនយោបាយ ពិតមែនតែមានសារៈសំខាន់សំរាប់រយៈពេលវែង ប៉ុន្តែសុទ្ធតែមិនអាចទៅរួចនៅក្នុងរបបផ្តាច់ការ។ ឧបមាថាជនផ្តាច់ការមានសុទ្ធចិត្តក្នុងការកែទំរង់ស្ថាប័នទាំងនោះចុះ ក៏ដំណើរការកែប្រែនោះត្រូវបានរាំងស្ទះ ដោយសារទំនាស់ផលប្រយោជន៍ក្នុងបក្ស អសមត្ថភាព និងភាពផុយស្រួយនៃរបបផ្តាច់ការដែលមិនអាចអនុញ្ញាតឱយកំណែទំរង់របស់គេដើរបានដោយជោគជ័យ។ ទោះបីបរាជ័យកំណែទំរង់អ្វីក៏ដោយ ក៏ជនផ្តាច់ការនិងបក្សពួកនៅតែកាន់អំនាចក្តោបក្តាប់ស្ថាប័នរដ្ឋនានាដដែល។ បើគ្មានសម្ពាធពីប្រជាជនទេ អ្នកនយោបាយមិនដែលធ្វើកំណែទំរង់ស្ថាប័នរដ្ឋនានា ជាពិសេសគឺយោធានិងតុលាការ ដើម្បីកំហិតអំនាចឬប្រយោជន៍ខ្លួនឯងនោះទេ តែគឺដើម្បីអាចត្រួតត្រាលើស្ថាប័នទាំងឡាយនោះជាជាង។ បើតុលាការនិងយោធាមិនឋិតក្រោមជនផ្តាច់ការទេ នោះពួកគេទំនងជាពុំអាចរក្សាអំនាចបានឡើយ ព្រោះយោធាគឺជាឧបករណ៍បំផ្លាញប្រព័ន្ធប្រជាធិបតេយ្យនិងប្រព័ន្ធតុលាការ។
នៅពេលសូម្បីច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេសទៅហើយ នៅតែត្រូវបានជាន់ឈ្លី យន្តការស្ថាប័នលែងមានប្រសិទ្ធភាព នោះការចរចាសំរបសំរួល ទោះហុចដូចម្តេចក៏ដោយ ក៏ប្រទេសបាត់បង់ភាពជានិតីរដ្ឋទៅហើយដែរ។ បើកិច្ចព្រមព្រៀងនយោបាយសំខាន់ជាងច្បាប់ប្រទេសទៅទៀត ដូច្នេះច្បាប់ក្លាយជាល្បែងនយោបាយដែលគេព្រងើយកន្តើយបែរខ្នងដាក់ជាជាងទីគោរពនៃប្រជាជាតិទាំងមូល។ ក្នុងបរិបទបែបនេះ ការព្រមទៅចរចាគឺជាការចុះចូល ឯការចរចាគឺជាចុះចាញ់។ លោក ជីន សាប (២០១០, ទំ. ១២) បានដាស់តឿនយើងថា ការចរចាមិនមែនអាស្រ័យលើយុត្តិធម៌ឬសមភាពដូចដែលយើងរំពឹងទុកនោះទេ តែផ្អែកទៅលើកកម្លាំងនៃភាគីនីមួយៗ៖ នរណាខ្លាំងជាង អ្នកនោះទាមទារឬបង្ខំឱយភាគីម្ខាងទៀតឱយទទួលយកកិច្ចព្រមព្រៀងជាង។ វាជាការមើលស្រាលជនផ្តាច់ការពេគណាស់ បើក្រុមប្រឆាំងគិតថា ជនផ្តាច់ការព្រមឱយគូបដិបក្សដើរខ្សែលើបាននៅលើតុចរចា! បើគេជាជនផ្តាច់ការហើយ គេចូលចិត្តប្រើកម្លាំងបាយ គំរាមកំហែង មិនមែនចរចាឬសន្ទនាអ្វីជាមួយអ្នកណាម្នាក់នោះទេ។ មានតែវប្បធម៌ហិង្សាប៉ុណ្ណោះដែលរបបផ្តាច់ការនិយមលើកតម្កើង មិនមែនវប្បធម៌សន្ទនាអ្វីនោះឡើយ។ លោក ជីន សាប លើកឡើងថា «ការចរចាមិនមែនជាមធ្យោបាយមានលក្ខណៈប្រាកដត្រឹមត្រូវនោះទេ នៅពេលដែលគ្មានវត្តមានក្រុមប្រជាធិបតេយ្យដ៏មានអំនាចមួយ។» បើគេព្រមចរចាដោយសន្តិវិធី គឺគេចរចាតែពេលដែលគេខ្លាំងជាងភាគីនោះ ឬគេនៅមានអំនាចពេញដៃប៉ុណ្ណោះ ហើយបើភាគីម្ខាងទៀតគ្មានភាពរឹងមាំទេ ទៅចរចាប្រៀបដូចជាទៅសុំចុះចាញ់ឬចុះចូលដូច្នោះ។ ការនិយាយគ្នាដោះស្រាយបញ្ហាដោយសន្តិវិធីជាជាងការប្រើកម្លាំងបាយគឺជាឥរិយាបថមួយដ៏ប្រសើរ ប៉ុន្តែក្នុងករណីចរចាជាមួយជនផ្តាច់ការ វាបែរជាគុណធម៌ខុសកាលៈទេសៈទៅវិញ ព្រោះគេអាចជាន់លើគុណធម៌នេះគ្រប់ពេលវេលា។ លោក ជីន សាប បន្តថា «តួនាទីសមស្របនៃការចរចាគឺកើតឡើងនៅពេលការសំរេចចិត្តចុងក្រោយបង្អស់នៅទីបញ្ចប់នៃការតស៊ូ ដែលក្នុងនោះ អំនាចរបស់ជនផ្តាច់ការត្រូវបានបំផ្លាញដោយមានប្រសិទ្ធភាព ហើយពួកគេស្វែងរកសុវត្ថិភាពផ្ទាល់ខ្លួន ធ្វើដំណើរចាកចេញទៅកាន់ព្រលានយន្តហោះអន្តរជាតិ។» ការចរចាមានប្រសិទ្ធភាព លុះត្រាតែចលនាអំនាចប្រជាជនអាចបំបែកជនផ្តាច់ការនិងបក្សពួកចេញពីសសរស្តម្ភគាំទ្រចំបងៗ ដូចជាយោធា កងកម្លាំងរក្សាសន្តិសុខ មន្ត្រីរដ្ឋការ។ល។ ពីរដ្ឋាភិបាលជាមុនសិន។ ត្រង់ប្រការនេះ មិនមែនថាជនផ្តាច់ការចង់គោរពសន្យាទេ តែពីព្រោះពួកគេត្រូវតែធ្វើតាមការទាមទាររប់ចលនា ដោយសារគ្មានជំរើស អស់បង្អែក មានតែរត់ចោលស្រុកភៀសខ្លួនទៅបរទេស ឬបើពុំនោះទេ មានតែត្រូវកងកម្លាំងដែលធ្លាប់ក្រោមបញ្ជាខ្លួនគេនោះចាប់ញាត់គុក រង់ចាំការកាត់ទោសពីតុលាការប៉ុណ្ណោះ។ តែទោះបីយ៉ាងណាក៏ដោយ ជនផ្តាច់ការច្រើនតែកាន់អំនាចដុះស្លែ បំផ្លាញប្រទេសជាតិដល់ស្នូល ដូច្នេះមនុស្សប្រភេទនេះ ប្រជាជនមិនត្រូវទុកចិត្តសូម្បីមួយសរសៃសក់ឡើយ កុំថាដល់ទៅជ្រលក់ផ្តល់ឱកាសឬប្រគល្ភកំទិចសន្លឹកឆ្នោតឱយ។ សូម្បីអ្នកនយោបាយជាទូទៅនៅពិបាកទុកចិត្តផង ទំរាំតែអ្នកនយោបាយផ្តាច់ការ! ដោយសារពេលរបូតពីអំនាច ជនផ្តាច់ការមានវាសនាកំសត់ ដូច្នេះដរាបណាអាចធ្វើទៅបាន គេនឹងនៅតែស្វាធ្យាយរក្សាអំនាចឱយខាងតែបាន។ បើអ្នកចរចាខុសកាលៈទេសៈ ទោះជនផ្តាច់ការ ឯកភាពអ្វីជាមួយអ្នកក៏ដោយ ដរាបណាកម្លាំងយោធាដែលជាសាច់ដុំធំបំផុតរបស់គេ នៅតែស្ថិតក្រោមអំនាចគេ គេនៅតែរំលោភកិច្ចសន្យា ហើយបើមានការតវ៉ា គេនៅតែបង្ក្រាប ចាប់យកដាក់គុកដដែលជាដដែល។ ក្រៅពីករណីនេះ ការចរចាមានករណីជោគជ័យតិចតួចណាស់ ជនផ្តាច់ការអាចធ្វើជាព្រមតាមការចរចាដើម្បីលួងចិត្តប្រជាជនប៉ុណ្ណោះ ហើយគេនឹងរកឱកាសឆក់យកអំនាចមកវិញជាដរាប។ លោក ជីន សាប បានប្រាប់ជាមុនថា «ជនផ្តាច់ការសន្យាអ្វីក៏ដោយនៅក្នុងកិច្ចព្រមព្រៀងដែលបានចរចា គ្មាននរណាអាចបំភ្លេចបានទេថា ជនផ្តាច់ការអាចសន្យាអ្វីគ្រប់យ៉ាងដើម្បីរក្សាការព្រមចំណុះពីក្រុមប្រជាធិបតេយ្យដែលជាគូប្រជែង ហើយក្រោយមករំលោភបំពានកិច្ចព្រមព្រៀងដោយគ្មានការអៀនខ្មាស។» លើសពីនេះទៀតនោះ លោក បានបន្តថា «នៅពេលកម្លាំងប្រឆាំងខាងក្នុងស្រុកនិងអន្តរជាតិដែលដាក់សម្ពាធលើរដ្ឋាភិបាលត្រូវបានដកចេញ ជនផ្តាច់ការអាចនឹងកាន់តែគាបសង្កត់និងប្រើហិង្សាឃោរឃៅជាងពីមុនទៅទៀត។» នេះហើយជាសារជាតិរបស់ជនផ្តាច់ការ! បើស្គាល់គេមិនច្បាស់ទេ នឹងត្រូវគេបោកបានម្តងជាពីរដង មិនលស់ពេលឡើយ។

កុបកម្មហិង្សា គឺជាជំរើសចុងក្រោយដែលប្រជាជនគិតថាអាចផ្លាស់ប្តូររបបផ្តាច់ការ កសាងប្រជាធិបតេយ្យបាន ហើយក៏មានអ្នកខ្លះជឿលើការធ្វើរដ្ឋប្រហារនោះដែរ។ គេគប្បីពិចារណាអំពីមធ្យោបាយណាដែលចលនាប្រឆាំងមានអាទិភាពលើរដ្ឋាភិបាល អាចដើរខ្សែលើជនផ្តាច់ការបាន និងជាពិសេសអាចបំបែកសសរស្តម្ភគាំទ្ររបស់ពួកគេ។ ប៉ុន្តែ គួរឱយស្តាយ មធ្យោបាយហិង្សាឬយោធា គឺជាវិធីដែលចាញ់ប្រៀបរដ្ឋាភិបាលស្ទើរតែទាំងស្រុងមិនថា សម្ភារៈបរិក្ខារ គ្រឿងយុទ្ធភណ្ឌ ហេដ្ឋារចនាសម្ពន្ធ ទំហំនិងគុណភាពកងទាប់ នេះនៅមិនរាប់បទពិសោធបញ្ជាទាប់និងជំនាញខាងយោធារបស់អ្នកដឹកនាំយុទ្ធនាការប្រឆាំងផង។ យ៉ាងណាមិញ រដ្ឋប្រហារដោយក្រុមអ្នកមានអំនាចយោធាផ្សេងទៀតនៅក្នុងរដ្ឋាភិបាល គឺជាវិធីដ៏ងាយនិងលឿនរហ័សក្នុងការផ្តួលរបបដឹកនាំ ព្រោះវាវាយប្រហាររដ្ឋាភិបាលពីខាងក្នុងពិបាកទប់ទល់។ ប៉ុន្តែ បើមានករណីថ្លោះធ្លោយណាមួយ វាអាចធ្វើឱយការចាប់សម្លាប់គ្នាឬបែកខ្ញែកក្នុងរដ្ឋាភិបាល ដែលហុចឱកាសឱយភាគីទីបី មិនថាជាក្រុមក្នុងស្រុកឬបរទេសនោះទេ ឆ្លៀតទាញយកប្រយោជន៍ពីចលាចលនយោបាយនោះដែរ។ អសន្តិសុខជាតិឬចោរកម្ម គឺជារឿងដែលគេអាចរំពឹងទុកយ៉ាងងាយ។ ជាពិសេសគឺលទ្ធផលនៃរដ្ឋប្រហារ លោក ជីន សាប បញ្ជាក់ថា «ការទាញបុគ្គលណាម្នាក់និងបក្សពួករបស់គេពីតំណែងដែលពួកគេកាន់កាប់ វាទំនងគ្រាន់តែជាការបើកទ្វារឱយក្រុមមួយទៀត ឱយមកអង្គុយកន្លែងពួកគេតែប៉ុណ្ណោះ។» គឺថា ការផ្លាស់ប្តូរបុគ្គលនិងក្រុមរបស់គេ ដោយគ្មានបង្កើតវិធីវិធានការទប់ស្កាត់បញ្ហាចាស់ គ្មានយន្តការបង្ខំក្រុមថ្មីនោះ វាគ្មានបានប្រយោជន៍អ្វីដល់ប្រជាជនឬប្រទេសជាតិឡើយ ប៉ុន្តែវាបែរជាបង្កើតបញ្ហាថ្មីជាន់លើបញ្ហាចាស់ទៅវិញ បំផុតនោះគឺរដ្ឋប្រហារបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យតែម្តង ព្រោះតែពួកគេដណ្តើមយកអំនាចដោយគ្រាប់កាំភ្លើង ពុំមែនសន្លឹកឆ្នោត។ លោក ពោលបន្តថា «តាមទ្រឹស្តី ក្រុមនោះប្រហែលជាមានអាកប្បកិរិយាស្លូតជាងមុននិងបើកផ្លូវឱយមានកំណែទំរង់ប្រជាធិបតេយ្យក្នុងកំរិតណាមួយ។ ទោះបីយ៉ាងណា រឿងផ្ទុយពីនេះទើបជាករណីដែលនឹងកើតឡើងទៅវិញ។» ពុំមែនតែករណីរដ្ឋប្រហារនោះទេដែលនាំមកនូវលទ្ធផលបែបនេះ កុបកម្មហិង្សាក៏ពុំខុសគ្នាដែរ ហើយប្រហែលជាអាចបង្កមហន្តរាយជាងនេះទៅទៀត ដោយសារកុបកម្មហិង្សាវាយប្រហាររដ្ឋាភិបាលពីក្រៅ ជាទួទៅ អូសបន្លាយរយៈពេលប៉ះទង្គិចគ្នាយូរជាង នាំផលអាក្រក់ច្រើននិងខ្លាំងជាង បើប្រៀបនឹងរដ្ឋប្រហារ។

កត្តាក្នុងស្រុកដូចជា ច្បាប់ ស្ថាប័ន ការចរចា កុបកម្ម រដ្ឋប្រហារទាំងប៉ុន្មាន មិនដើរទៅហើយ គេប្រហែលជាច្រលំថា កត្តាក្រៅស្រុក ដូចជា តុលាការអន្តរជាតិនិងអន្តរាគមន៍បរទេសអាចជួយសង្គ្រោះប្រជាជនពីរបបផ្តាច់ការបានហើយ។ ជាអកុសល វាគឺជាការសន្សំគំនិតសង្ឃឹមអន្តរាគមន៍បរទេសជ្រុលពេគ ការខកចិត្តក៏ខ្លាំងដូចគ្នា។ ការរំពឹងចាំអន្តរាគមន៍របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មិនមែនថាគ្មានប្រសិទ្ធភាពសោះនោះទេ ព្រោះការថ្កោលពីតុលារការនេះអាចកៀងគរអន្តរជាតិឱយមិនទទួលស្គាល់រដ្ឋាភិបាល ផ្តាច់ចំណងការទូត ឈប់រកស៊ីជាមួយប្រទេសនោះបាន។ ទិដ្ឋភាពនៅពីក្រោយឆាកដែលទស្សនិកជនមិនសូវបានទស្សនាតាមដានរឿងតុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះ គឺថា សហគមន៍អន្តរជាតិជាអ្នកដឹកនាំសម្តែង។ អាស្រ័យហេតុនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិកំរអាចឯករាជ្យ សំរេចចិត្តបានដោយមិនពឹងលើរដ្ឋសមាជិករបស់ខ្លួនណាស់ ពីព្រោះតែប្រទេសជាសមាជិកនីមួយៗក្នុងសហគមន៍អន្តរជាតិកំររកឃើញហេតុផលអ្វីត្រូវខ្វាយខ្វល់ពីប្រទេសផ្សេងណាស់ មានប្រយោជន៍ទើបមានសកម្មភាព។ និយាយនេះ មិនមែនថា សម្ពាធអន្តរជាតិគ្មានបានការសោះនោះទេ ដូចមានករណីអន្តរជាតិគាំទ្រចលនាក្នុងស្រុកឬបែរប្តូរទិសដៅពីការគាំទ្ររដ្ឋាភិបាលបង្វិលមកជួយបាតុកម្មវិញ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិ ការផ្តាច់ទំនាក់ទំនងការទូត ការបោះបង់ចោលរដ្ឋាភិបាលពីសំណាក់អន្តរជាតិ ការបដិសេធពីអង្គការសហប្រជាជាតិ បានរួមចំណែកបង្ខំរដ្ឋាភិបាលឱយស្របតាមចលនាប្រជាជនកាន់តែខ្លាំង។ ឧ. ប្រជាជនធ្វើពលិការសេដ្ឋកិច្ចដោយមិនធ្វើការ មិនជាវផលិតផលណាមួយ ស្របពេលអន្តរជាតិកំពុងបន្តដាក់សម្ពាធសេដ្ឋកិច្ចលើរដ្ឋាភិបាល។ ទោះបីយ៉ាងណា សម្ពាធអន្តរជាតិគ្រាន់តែធ្វើឱយរដ្ឋាភិបាលចុះខ្សោយប៉ុណ្ណោះ មិនមែនដួលរលំទាំងស្រុងឡើយ ដូច្នេះនៅតែប្រជាជនទេជាអ្នកទាញរដ្ឋាភិបាលចុះ ព្រោះពួកគេជាអ្នកលើករដ្ឋាភិបាលឡើង ទោះដោយផ្ទាល់ឬមិនផ្ទាល់ក្តី។ មានករណីខ្លះ ជនផ្តាច់ការទំនងជាអាចស្តាយក្រោយពីការចុះសន្ធិសញ្ញាជាមួយនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយសារពួកគេទំនងជាមិនរំពឹងទុកគិតថា ថ្ងៃណាមួយប្រជាជនលែងគាំទ្រខ្លួន ហើយអាចធ្វើបាតុកម្មប្រឆាំងនឹងខ្លួននោះទេ។ គេគិតថា គេនឹងអាចកាន់អំនាចលុះអស់ជីវិត! ហេតុតែអំនាចជាជីវិតរបស់ជនផ្តាច់ការនេះហើយ ដូច្នេះ មិនដឹងថា គេនឹងយកជីវិតកងទាប់ដែលជាប្តី បងប្អូន កូនចៅរបស់ប្រជាជនដែលគ្មានកំហុសទាំងនោះ ទៅគ្រវែងចោលក្នុងសមរភូមិប៉ុន្មាននាក់នោះទេ ដើម្បីរក្សាអំនាចពួកគេ។ នៅពេលដែលមានសត្រូវទាំងក្នុងទាំងក្រៅបែបនេះ ជាលទ្ធផល ជនផ្តាច់ការកំរជោគជ័យណាស់ តែផ្តួលរំលំជនផ្តាច់ការតែម្យ៉ាងមិនគ្រប់គ្រាន់ឡើយ គេត្រូវកាត់បន្ថយផលវិបាកអវិជ្ជមានបន្សល់ទុកពីរបបផ្តាច់ការនោះផងដែរ ហើយអ្នកអន្តរាយធ្ងន់បំផុតនៅតែជាប្រជាជនដដែលៗ បើដរាបណាគេនៅតែយករឹងជល់នឹងរឹង គង់តែបែកទាំងសងខាង ទោះម្ខាងត្រូវស្រាលម្ខាងធ្ងន់ តិចឬច្រើនក្តី។ អ្វីដែលត្រូវកត់សម្គាល់បំផុតនោះ គឺថា ការបញ្ចូនជនផ្តាច់ការទៅកាត់ក្តី នៅតែត្រូវធ្វើឡើងដោយសាមីប្រទេសនោះដដែល។ យ៉ាងណាក៏ដោយ យើងពុំបានបដិសេធពីសារៈសំខាន់នៃសម្ពាធឬជំនួយអន្តរជាតិទាំងស្រុងនោះទេ បើសិនចលនាប្រជាជនខ្លួនឯងបានផ្តួលរំលំរបបនោះដោយមធ្យោបាយអហិង្សា អន្តរជាតិគ្រាន់តែជួយតែមិនលូកដៃ។ ប៉ុន្តែ អន្តរជាតិមិនអាចទុកចិត្តបាននិងសំរេចចិត្តស្ទាក់ស្ទើរណាស់។ តុលាការក្នុងស្រុកឱយតែរៀបចំឱយមានអព្យាក្រឹតភាពនិងឯករាជ្យ មិនឋិតក្រោមឥទ្ធិពលអ្នកនយោបាយ នៅតែគួរឱយទុកចិត្តជាង។ ម្យ៉ាង ការកាត់ទោសអ្នកមានអំនាចនិងបក្សពួកដែលបានប្រព្រឹត្តខុសច្បាប់និងបំផ្លាញប្រទេសជាតិនៅក្រោមតុលាការជាតិ គឺបានលើកតម្កើងគុណតម្លៃសង្គមទាំងនោះឡើងវិញនិងបង្កើតទំនុកចិត្តលើតុលាការជាតិឡើងវិញ។ ខ្លួនទីពឹងខ្លួនជាជំរើសល្អបំផុត។ ទម្លាប់ពឹងបរទេសគឺជាមេរៀនខុសដដែលៗដែលប្រជាជនល្មមរៀនចេះ។ ទីដែលកើតហេតុ ទីដែលមានអយុត្តិធម៌ គឺជាទីល្អបំផុតសំរាប់បន្សាបការឈឺចាប់ទាំងឡាយឱយសះស្បើយឈប់គុំកួនបន្តទៀត។ នយោបាយផ្សះផ្សាយជាតិ ដោយមិនយកទោសពៃរជនល្មើស ឱយពួកគេសារភាពការពិត ផ្តល់សេរីភាពនិងការអត់ឱនឱយពួកគេគឺជាថ្នាំដ៏មានប្រសិទ្ធភាពដែលអ្នកជំងឺត្រូវការ ទោះបីពួកគេមិនសូវជឿជាក់ថាលេបទៅជាក៏ដោយ ក៏គ្រូពេទ្យត្រូវតែផ្តល់ថ្នាំផ្លូវចិត្តជាមុនដែរ។ ទោសប្រហារជីវិតនិងទោសជាប់គុកមួយជីវិត ខុសពីជំនឿរបស់ប្រជាជនទួទៅ គឺជាទោសស្រាលបំផុតសំរាប់ឧក្រិដ្ឋជនស្របច្បាប់ ដូចជាជនផ្តាច់ការនេះ។ ទោសធ្ងន់បំផុតគឺការផ្តល់សេរីភាពឱយពួកគេប្រឈមមុខនឹងប្រជាជនដែលខ្លួនធ្លាប់បានធ្វើបាប ជិះជាន់ បង្ករបួសស្នាម រួចហើយត្រូវប្រជាជននោះឯង ធ្វើមិនស្គាល់ ធ្វើដូចមិនឃើញ មិននិយាយរក ទិញអាហារហូបចុកបន្តិចបន្តួចក៏ប្រជាជនមិនលក់ឱយ ឈ្មោះក៏មិនចង់រំឭក។ នេះគឺជាទោសប្រហារជីវិត ដែលធ្វើឱយអ្នកទោសស្លាប់ទាំងនៅរស់។
បើសិនមានអន្តរាគមន៍យោធាបរទេស ក៏អន្តរាគមន៍នោះទំនោរជាធ្វើបាបបំផ្លិតបំផ្លាញប្រជាជនស៊ីវិលស្លូតត្រង់ជាជាងរដ្ឋាភិបាល ហើយសម្បត្តិរបស់រដ្ឋាភិបាលក៏គឺជាទ្រព្យសម្បត្តិរដ្ឋបានមកពីថវិការបស់ប្រជាជនដែរ។ អន្តរាគមន៍យោធាពីបរទេសក៏ពុំប្រាកដថាជោគជ័យមួយរយភាគរយដែរ ព្រោះសសរស្តម្ភគាំទ្ររបបដឹកនាំនៅតែមាំទាំជាជាងត្រូវបានកាត់បន្ថយ។ ច្បាស់ណាស់ ជាទួទៅ ជនផ្តាច់ការពូកែខាងប្រើទាប់ ហើយពួកគេនឹងប្រើកម្លាំងយោធាស្មគ្រស្មោះនឹងខ្លួន ដែលនៅសេសសល់ទាំងប៉ុន្មានទៅទប់ទល់នឹងកងរក្សាសន្តិសុខនៃអង្គការសហប្រជាជាតិលុះដង្ហើមចុងក្រោយដែរ។ ទោះបីយ៉ាងណា រាល់អន្តរាគមន៍ពីខាងក្រៅទាំងឡាយ កើតមានតែនៅពេលដែលចលនានៅខាងក្នុងប្រទេសបានផុសផុលខ្លាំងហើយប៉ុណ្ណោះ។ គួរចាំពាក្យដាស់តឿនរបស់លោក ជីន សាប ថា «រដ្ឋបរទេសមួយចំនួននឹងធ្វើសកម្មភាពប្រឆាំងនឹងរបបផ្តាច់ការ គ្រាន់តែដើម្បីចង់ត្រួតត្រាសេដ្ឋកិច្ច នយោបាយ យោធារបស់ប្រទេសនោះតែប៉ុណ្ណោះ។ រដ្ឋបរទេសអាចនឹងចូលរួមជួយយ៉ាងសកម្មក្នុងបំណងល្អ តែនៅពេលការតវ៉ានៅខាងក្នុងប្រទេសបានចាប់ផ្តើមពុះពោរអង្រន់របបផ្តាច់ការហើយនោះទេ។ ជាលទ្ធផលនៃស្ថានភាពនេះ ទើបមានការចាប់អារម្មពីអន្តរជាតិចំពោះសារជាតិឃោរឃៅនៃរបបផ្តាច់ការនោះ។» ការបញ្ចប់របបផ្តាច់ការគ្រាន់តែទប់ស្កាត់ឫសគល់មួយចំនួននៃបញ្ហាមិនឱយរាលដាលបន្តទៀតប៉ុណ្ណោះ មិនមែនបញ្ចប់ផលវិបាកដែលបន្សល់ទុកពីរបបចាស់នោះឡើយ។ បើរបបផ្តាច់ការនៅតែត្រូវបានបំផ្លាញដោយសារអំពើហិង្សា មានន័យថា ទំនាស់នយោបាយត្រូវបានដោះស្រាយដោយប្រើប្រាស់មធ្យោបាយហិង្សា ចង់ឬមិនចង់ គឺគេកំពុងលើកតម្កើងអំពើហិង្សាជាជាងមធ្យោបាយសន្តិវិធីទាំងឡាយ។ មេដឹកនាំដែលក្លាយជាជនផ្តាច់ការដោយសារមានកម្លាំងយោធាហិង្សាជាអាវុធនេះឯង គឺថា ពុំមែនតែជនផ្តាច់ការទេដែលបង្កើតអំពើហិង្សាជារចនាសម្ពន្ធ ហិង្សាក៏បានបង្កើតជនផ្តាច់ការវិញដែរ។ របបផ្តាច់ការ មិនមែនដួលរលំទាំងស្រុងដោយគ្រាន់តែដកបុគ្គលផ្តាច់ការម្នាក់ចេញ ឬសម្លាប់គេចោលនោះទេ គឺថាដើម្បីផ្លាស់ប្តូររបបផ្តាច់ការ គេត្រូវរំលាយរចនាសម្ពន្ធហិង្សានិងផ្តាច់ការដែលធ្លាប់តែផ្តល់សិទ្ធិសំរេចនៅលើតែបុគ្គលម្នាក់ ឱយមកអ្នកក្រោមបង្គាប់ទាំងអស់មានសិទ្ធិចូលរួមសំរេចស្មើគ្នាវិញ ពោលគឺ បំបែកអំនាចប្រមូលផ្តុំដោយបែងចែកមកអ្នកនៅមូលដ្ឋាន អ្នកតូចៗ សមាជិកអ្នកអនុវត្តវិញ។ ការឈ្លានពានពីបរទេសនឹងជំរុញរដ្ឋឱយប្រើអំនាចយោធាការពារកាន់តែខ្លាំងឡើង ហិង្សាកាន់តែកើនឡើង ប្រជាធិបតេយ្យនឹងកាន់តែធ្លាក់ចុះ។ អ្វីដែលគេត្រូវចាំគឺថា «ចរិតបរទេសគឺជួយដើម្បីប្រយោជន៍ ជួយលែងបាននឹងបោះបង់។» ពួកបរទេសមានទំនោរឆក់ឱកាសពេលចលាចល ហេតុនេះ បើប្រជាជនធ្វើយុទ្ធនាការដោយហិង្សានឹងនាំឱយមានចលាចល ជួយបំពេញផែនការ «ពស់សង្គ្រោះត្រីពីការលង់ទឹក» របស់ពួកបរទេសដែលជាបច្ចាមិត្រនោះឱយបានសំរេចពុំខានឡើយ។ សំរាប់បរទេស ប្រជាធិបតេយ្យឬផ្តាច់ការមិនសំខាន់ទេ សំខាន់ឱយតែបំរើប្រយោជន៍គេ។ ដូច្នេះ បើបរទេសនោះកាន់ជើងរដ្ឋាភិបាលផ្តាច់ការចាស់ ពេលមានកុបកម្មហិង្សារំលំរដ្ឋាភិបាល បរទេសផ្សេងទៀតនឹងជួយក្រុមដែលនឹងអាចក្លាយជារដ្ឋាភិបាលថ្មី នោះបរទេសនៅតែមានឥទ្ធិពលលើរដ្ឋាភិបាល វិលចុះវិលឡើងនៅតែផ្តាច់ការ នៅតែសង្គ្រាមស៊ីវិល នៅតែក្រោមឥទ្ធិពលបរទេសដដែលៗ។ យើងពិបាកបន្ទោសប្រទេសបរទេសទាំងនោះដែរ ព្រោះអាត្មានិយម អសីលធម៌ អមនុស្សធម៌ គឺជាគុណធម៌នៅក្នុងវិស័យនយោបាយ។ គេយកផលប្រយោជន៍ប្រទេសគេសំខាន់ ព្រោះគេស៊ីប្រាក់ខែប្រជាជនគេ មិនមែនស៊ីប្រាក់ខែប្រជាជនប្រទេសឯទៀតឡើយ ដូច្នេះបើគ្មានកាក គេក៏មិនមកខាតពេលហុតទឹកដែរ។ ក្នុងឆាកនយោបាយ គេមិននិយាយពីយុត្តិធម៌និងមនុស្សធម៌ទេ គេគិតតែអំនាចនិងប្រយោជន៍តែប៉ុណ្ណោះ។ កម្លាំងផ្ទៃក្នុងប្រទេសជាធាតុសំខាន់ក្នុងការរំដោះសាមីប្រទេស ឯបរទេសខាងក្រៅអាចត្រឹមតែជាជំនួយការប៉ុណ្ណោះ ព្រោះកម្លាំងខាងក្នុងគឺជាប្រភពចាំបាច់នៃអំនាចរដ្ឋក្នុងប្រទេស។ លោក ជីន សាប ណែនាំថា «ទោះបីរបបផ្តាច់ការអាចទទួលបានផលប្រយោជន៍ ឬក៏ក្នុងកំរិតខ្លះត្រូវបានកាត់បន្ថយដោយសកម្មភាពរបស់អន្តរជាតិក៏ដោយ ដំណើរបន្តនៃរបបនោះនៅតែពឹងអាស្រ័យជាចំបងលើកត្តាខាងក្នុងដដែល។» ដូច្នេះ លោក បន្តទៀតថា «ការរំដោះខ្លួនពីរបបផ្តាច់ការ បំផុតគឺផ្អែកលើសមត្ថភាពរបស់ប្រជាជនក្នុងការរំដោះខ្លួនឯង។» បើខាងក្នុងប្រទេស ប្រជាជនខ្លាំង គ្មានបរទេសណាហ៊ានឈ្លានពានឡើយ។ តែបើខ្សោយ ទោះមិនមែនជាអាយ៉ងបរទេសក៏ដោយ ក៏រដ្ឋាភិបាលគង់តែនឹងជិះជាន់ប្រជាជនក្នុងប្រទេសខ្លួនឯងដូចតែគ្នាទេ។

និយាយរួម អន្តរាគមន៍ជួយឬអន្តរាគមន៍បំផ្លាញ? វាអាស្រ័យលើវិធីដែលយុទ្ធនាការប្រើនិងជំហររបស់អ្នកឱយជំនួយ។ បើយុទ្ធនាការនោះអហិង្សានិងអន្តរជាតិជួយតែមិនអន្តរាគមន៍ មិនថាជាការដាក់សម្ពាធលើរដ្ឋាភិបាលឬជាជំនាញបច្ចេកទេស ថវិកា នោះទេ វាគឺជាគ្រឿងជំរុញជួយចលនាក្នុងកំរិតណាមួយ ទោះមិនអាចធានាថាចលនាជោគជ័យក៏ដោយ។ តែបើយុទ្ធនាការនោះហិង្សា ទោះអន្តរាគមន៍នោះជួយខាងចលនាឬខាងរដ្ឋាភិបាលក៏ដោយ ក៏គ្មានលទ្ធផលល្អចំពោះប្រទេសជាតិនិងប្រជាធិបតេយ្យនោះដែរ។ ទោះអន្តរាគមន៍ពីខាងក្រៅហុចលទ្ធផលដូចម្តេចក៏ដោយ គួរកត់សម្គាល់ដែរថា ដរាបណាប្រជាជនភាគច្រើនធ្វើចរិតអសកម្ម ចាំតែគេជួយ គិតថានយោបាយប្រកបដោយហានិភ័យ មិនទាន់ចេះប្រើប្រាស់អំនាចខ្លួនឯង ពុំជឿជាក់លើបាតុកម្មអហិង្សា ខ្លាចអ្នកមានអំនាច មិនកសាងមូលដ្ឋានប្រជាធិបតេយ្យនិងរចនាសម្ពន្ធរឹងមាំបំបែកអំនាចមេដឹកនាំ ចេះតែពឹងលើបុគ្គលម្នាក់ជាជាងបង្កើតប្រព័ន្ធ ទោះអាចអូសកជនផ្តាច់ការមួយយកទៅកាត់ក្តីក៏ដោយ ក៏គង់តែមានជនផ្តាច់ការថ្មីមកជំនួសកន្លែងចាស់នោះដែរ។ ហេតុនេះហើយទើបលោក ណូអេម ឆូមស្គី (Noam Chomsky) អ្នកប្រាជ្ញខាងភាសាសាស្ត្រដែលចាប់អារម្មសិក្សាអំពីបញ្ហានយោបាយ បានពោលព្រមានថា «ដរាបប្រជាជនទួទៅទាំងអស់អសកម្ម មិនរវីរវល់ [ពីរឿងនយោបាយ] ភ្លើតភ្លើននិយមនឹងការទិញសម្ភារៈ ស្អប់ខ្ពើមអ្នកងាយរងគ្រោះ នោះអ្នកមានអំនាចនឹងអាចធ្វើអ្វីតាមតែអំពើចិត្ត ហើយអ្នកដែលនៅរស់រួចមានជីវិតនឹងបានសញ្ជឹងគិត [ពីលទ្ធផលនៃទង្វើរបស់ពួកគេ]។» ពិតប្រាកដណាស់ អ្នករងគ្រោះធ្ងន់បំផុតមិនមែនអ្នកស្លាប់ដោយសារការតវ៉ាទេ តែគឺអ្នកនៅរស់ដោយសារការនៅស្ងៀម។ គេមិនអាចទុកចិត្តអ្នកនយោបាយបានឡើយ ជាពិសេសនៅពេលឱកាសហុចឱយ ប្រជាជនមិនយកចិត្តទុកដាក់ពីរឿងនយោបាយ មិនឃ្លាំមើលនិងបណ្តោយឱយពួកអ្នកដឹកនាំធ្វើតាមទំនើងចិត្ត។ ទោះបីអ្នកនយោបាយនោះប្រកាសខ្លួនថា ជាអ្នកប្រជាធិបតេយ្យម្តេចក៏ដោយ ក៏គ្មានជនផ្តាច់ការណាមិននិយាយថា ខ្លួនឯងជាអ្នកប្រជាធិបតេយ្យ ធ្វើអ្វីគ្រប់យ៉ាងដើម្បីតែរាស្ត្រនោះដែរ។ អ្នកដែលកាន់អំនាចមិនស្រួលបួលនិងត្រូវអំនាចកាន់វិញមិនប្រែប្រួល!
អានបន្ថែម
៙ជីន សាប (Gene Sharp). ២០១០. «ពីរបបផ្តាច់ការទៅប្រជាធិបតេយ្យ: គម្រោងគោលការណ៍សំរាប់ការទាមទារសេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះពុម្ពលើកទី៤. សហរដ្ឋអាមេរិច: វិទ្យាស្ថានអាល់បឺត អាញស្តាញ (The United State of America: The Albert Einstein Institute)។
Like this:
ចូលចិត្ត កំពុងផ្ទុក...