ប្រជាជនសាកល្បងប្រើវិធីអហិង្សាមួយសប្តាហ ហើយនៅពេលដែលមិនបានផល ពួកគេក៏ត្រលប់ទៅជាប្រើហិង្សាដែលបានបរាជ័យជាច្រើនសតវត្សរមកហើយ — ធីអូដរ រ៉ូសហ្សាក់ (Theodore Roszak)
អារីស្តូត្ល (Aristotle) បានទស្សន៍ទាយជាយូរមកហើយថា របបផ្តាច់ការនិងរបបដឹកនាំដោយមនុស្សមួយក្តាប់តូច (Tyranny and Oligrachy) ជារបបដែលមានអាយុខ្លីជាងគេបើធៀបនឹងរបបផ្សេងទៀត។ ជនផ្តាច់ការតែងតែក្រាញអំនាចនិងពូកែខាងប្រមូលអំនាច ដូច្នេះគេបា្រកដជាជឿថា ពួកគេអាចតស៊ូនឹងបាតុកម្មអហិង្សារបស់ប្រជាជនបានយ៉ាងយូរ។ ប៉ុន្តែ តាមការពិត វាគ្រាន់តែជាប្រកូកប្រកាសបំភ័យប្រជាជនតែប៉ុណ្ណោះ ព្រោះបោក កុហក ព្រមាន គំរាម បង្ក្រាប ជាវិធីផ្តាច់ការប្រើប្រាស់ដើម្បីសម្លាប់ផ្លូវចិត្តប្រជាជន ហើយនិងមានឥទ្ធិពលខ្លាំងជាងវាយប្រហារផ្លូវកាយទៅទៀត។ ល្បែងហិង្សាគឺជាល្បែងដែលជនផ្តាច់ការលេងកំរចាញ់ មានបទពិសោធច្រើនក្នុងការបញ្ជាទាប់ ដូច្នេះបើប្រើវិធីហិង្សា គេកំរអាចយកឈ្នះណាស់ ទោះឈ្នះក៏ចំណាយពេលវេលាយូរយារដែរ។ លោក ជីន សាប បានបំបែក «ការពិតក្លែងក្លាយ» ដែលតែងតែត្រូវបានគេយកទៅភ្ជាប់នឹងកុបកម្មហិង្សាថា លឿនរហ័ស មានប្រសិទ្ធភាពខ្លាំងជាងបាតុកម្មអហិង្សា។ នេះជាភស្តុតាងដែលលោកបានលើកឡើងអំពីរយៈវេលាដែលរបបដឹកនាំត្រូវបានផ្តួលរំលំដោយចលនាអំនាចប្រជាជន៖
ប្រវត្តិសាស្ត្រដែលទើបតែកន្លងហួសថ្មីៗបានបង្ហាញពីភាពងាយរងគ្រោះរបស់របបផ្តាច់ការ បញ្ចេញឱយដឹងថា ពួកគេអាចបែកខ្ញែកចុះទុ្រតទ្រោមនៅក្នុងរយៈវេលាខ្លីប៉ុណ្ណោះ។ គេត្រូវការតែរយៈកាល១០ឆ្នាំប៉ុណ្ណោះ គឺឆ្នាំ១៩៨០ ដល់១៩៩០ ដើម្បីទាញទំលាក់របបកម្មុយនីស្ត (របបសមូហភាពនិយម) នៅប្រទេសប៉ូឡូញ, នៅអាល្លឺម៉ង់ខាងកើតនិងឆេកូស្លូវ៉ាគីវិញ វាកើតនៅពេលប៉ុន្មានសប្តាហប៉ុណ្ណោះ ក្នុងឆ្នាំ១៩៨៩។ នៅប្រទេសអេលសាល់វ៉ាដូរ (El Salvador) និងនៅប្រទេសហ្គតាម៉ាឡា (Guatamala) ក្នុងឆ្នាំ១៩៤៤ ការតស៊ូប្រឆាំងនឹងជនផ្តាច់ការយោធានិយមដ៏កម្រោល ត្រូវការតែរយៈពេលប្រហែលពីរសប្តាហទេ នៅក្នុងប្រទេសនីមួយៗ។ របបយោធា ហ្សា (Shah) ដ៏មានអំនាចនៅអ៊ីរាក់ត្រូវបានផ្ដួលរំលំនៅក្នុងតែប៉ុន្មានខែប៉ុណ្ណោះ។ របបផ្តាច់ការរបស់លោកប្រធានាធិបតី ហ្វេឌីណេន្ឌ ម៉ារកូស នៅប្រទេសហ្វីលីពីន បានបរាជ័យនៅមុនចលនាអំនាចប្រជាជន នៅក្នុងរយៈពេលប៉ុន្មានសប្តាហប៉ុណ្ណោះ ហើយទន្ទឹមនឹងពេលនោះរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បោះបង់ចោលប្រធានាធិបតី ម៉ារកូស ភ្លាមៗដែរ នៅពេលដែលអាមេរិកមើលឃើញកម្លាំងខាងភាគីប្រជាជនច្បាស់ក្រលែត។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏ម៉ឺងម៉ាត់ (Hard-line Coup) នៅសហភាពសូវៀតនៅក្នុងខែសីហា ឆ្នាំ១៩៩១ ត្រូវបានរារាំងដោយការរឹងទទឹងខាងផ្នែកនយោបាយរបស់ប្រជាជន (Political Defiance)។ តាំងពីពេលក្រោយនោះមក ប្រជាជាតិដែលមានពលរដ្ឋ (Constituent) ធ្លាប់តែត្រូវគេត្រួតត្រាមកជាយូរមកហើយនោះ ក៏ទទួលបានឯករាជ្យសាជាថ្មីនៅក្នុងតែរយៈពេលគិតជាថ្ងៃ សប្តាហ ខែ ប៉ុណ្ណោះ។ (សាប, ២០១០, ទំ. ១៥)
ភស្តុតាងដែលលោក ជីន សាប លើកឡើងអាចឱយយើងជឿបានហើយពីភាពលឿនរហ័សនៃបាតុកម្មអហិង្សា ប៉ុន្តែការសិក្សាពិសោធរបស់គាត់មិនទាន់ទូលាយគ្រប់គ្រាន់ ដើម្បីឱបក្រសោបបាននូវបាតកម្មអហិង្សាទាំងអស់ដែលបានកើតឡើងនៅឡើយ។ នេះហើយជាកិច្ចការស្រាវជ្រាវដែលលោកស្រី ឆេណូវេថ និងលោកស្រី ស្ទីហឹន សំរេចបាន។ តាមរយៈទិន្នន័យរបស់លោកស្រីទាំងពីរ ក្នុងចំណោមបាតុកម្មអហិង្សាសរុប ១០៦ មានចំនួនដល់ទៅ ៥៦ ឯណោះជោគជ័យ ហើយពិសេសបំផុតគឺក្នុងយុទ្ធនាការជោគជ័យ ៥៦ករណីនោះ មាន២៦ទៅហើយ ចំណាយពេលមិនដល់មួយឆ្នាំឡើយ។ សូម្បីតែក្នុងករណី ជោគជ័យតែពាក់កណ្តាលនៃយុទ្ធនាការចំនួន ២៦ករណី ក៏នៅតែរក្សាកំរិតមធ្យមដដែលគឺ ២៣នៃបាតុកម្មនោះទទួលបានជ័យជំនះពាក់កណ្តាលនោះក្រោមរយៈពេលមួយឆ្នាំ។ ចលនាអហិង្សាដែលចំណាយពេលយូរជាងគេគឺចលនាទាមទារឯករាជ្យពីអាណានិគមអង្លេសនៅឥណ្ឌាដឹកនាំដោយ គន្ធី ដែលមានរយៈពេលរហូតដល់ ២៦ឆ្នាំ (១៩១៩-១៩៤៥)។ នៅម៉ិកស៊ីកូវិញ បដិវត្តន៍ទឹកក្រូចទម្លាក់រដ្ឋាភិបាលពុករលួយ មានរយៈវេលា ១៣ឆ្នាំ ឯការតវ៉ាជំទាស់ទាមទារឯករាជ្យពីប្រជាជនទីម័រនៅប្រទេសទីម័រខាងកើតប្រឆាំងនឹងប្រទេសឥណ្ឌូនេស៊ី ចំណាយរយៈពេល១១ឆ្នាំ។
ទិន្នន័យរបស់លោកស្រី ឆេណូវេថ ជាភស្តុតាងដ៏មាំទាំ បូកផ្សំនឹងសេចក្តីពន្យល់ប្រកបដោយភាពសមហេតុផលនៃសកម្មភាពអហិង្សាទាំងប៉ុន្មានរបស់លោក ជីន សាប សឱយឃើញថា ជោគជ័យនៃបាតុកម្មអហិង្សាទាំងអស់នេះ មិនមែនជាការចៃដន់រង់ចាំវាសនាឬការដួលរំលំដោយឯកឯងរបស់របបផ្តាច់ការនោះឡើយ តែជាការចូលរួមសកម្មប្រើកម្លាំងអហិង្សាពីប្រជាជនស៊ីវិល រំដោះបណ្តាច់ខ្លួនឯងពីច្រវាក់ហិង្សានៃរបបនោះ នៅក្នុងថេរវេលាយ៉ាងខ្លី ដរាបណាប្រជាជនអាចក្រាញអត់ធ្មត់បានក្នុងរយៈពេលខ្លីនោះ។ ល្បែងនេះ នរណាទ្រាំបានយូរជាង អ្នកនោះគឺជាអ្នកឈ្នះ។ ការដែលបាតុកម្មអហិង្សាគឺជាវិធីខ្លីជាងកុបកម្មហិង្សា ប៉ុន្តែគេបែរជាគ្មានភាពអត់ធ្មត់ក្នុងកំលុងពេលដ៏ខ្លីនោះ បែរទៅប្រើវិធីហិង្សាវិញនោះ គឺជាការជឿជាក់លើប្រសិទ្ធភាពនិងល្បឿននៃអំពើហិង្សាហួសហេតុនិងដោយគ្មានភស្តុតាងបញ្ជាក់នោះឡើយ៕
អានបន្ថែម៖
៙ជីន សាប (Gene Sharp). ២០១០. «ពីរបបផ្តាច់ការទៅប្រជាធិបតេយ្យ: គម្រោងគោលការណ៍សំរាប់ការទាមទារសេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះពុម្ពលើកទី៤. សហរដ្ឋអាមេរិច: វិទ្យាស្ថានអាល់បឺត អាញស្តាញ (The United State of America: The Albert Einstein Institute)។
៙អេរិខា ឆេណូវេថ (Erica Chenoweth) និង ម៉ារៀ ស្ទីហ្វឹន (Maria J. Stephan). ២០១១. «ហេតុដែលបាតុកម្មតវ៉ារបស់ប្រជាជនស៊ីវិលដើរ: ភាពសមហេតុផលផ្នែកយុទ្ធសាស្ត្រនៃទំនាស់ដោយអហិង្សា» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក: រោងពុម្ពសាកលវិទ្យាល័យកូលុំបៀ (New York: Columbia University Press)។