វិធី​ធ្វើ​សកម្ម​ភាព​អហិង្សា​  

Gene Sharp's 198 Methods of Nonviolent Action

អ្នក​ដែល​អនុវត្ត​វិធី​អហិង្សា​ប្រហែល​ជា​ពុំ​បាន​ដឹង​ថា​វិធី​ទាំង​នោះ​ជា «​វិធី​អហិង្សា​» នោះ​ទេ​។ ប្រាកដ​ណាស់ថា​​ ពួក​គេ​ក៏​ពុំ​ចាំបាច់​​ប្រកាន់​ខ្ជាប់​នូវ​​ទ្រឹស្តី​នៃ​សកម្ម​ភាព​អហិង្សា​ឬ​ក្រម​សីល​ធម៌​ណាមួយ​ដែរ​ ​ដើម្បីអនុវត្ត​វិធី​​អហិង្សាទាំង​នោះ​បាន​ដោយ​​​ជោគ​ជ័យ​។ — ខឺត ហ្ស៊ក់​ (Kurt Schock)​​

​​និក្ខេបបទឆ្នាំ​១៩៧៣ របស់​លោក​ ជីន​ សាប​ «វិទ្យាសាស្ត្រ​នយោបាយ​អំពី​​​សកម្ម​ភាព​អហិង្សា» (The Politics of Nonviolent Action) ​មាន​ចំនួន​បី​ភាគ៖ ភាគ​ទី​មួយ​អំពី​ «អំនាច​និង​ការ​តស៊ូ» និង​ទី​បី​អំពី​ «ឌីណាមិច​នៃ​សកម្មភាព​អហិង្សា​»​។ ​​អ្វី​ដែល​យើង​ផ្តោត​នៅ​ទី​នេះ​ គឺ​ភាគ​ទី​ពីរ​អំពី​ «វិធី​ធ្វើ​សកម្ម​ភាព​អហិង្សា​» ដែល​លោក​​​បាន​ស្រាវ​ជ្រាវ​និង​រៀប​ចំ​ចង​ក្រង​ជា​បញ្ជី​​​អំពី​វិធី​ធ្វើ​សកម្មភាព​អហិង្សា​ ក្នុង​នោះ​មាន​ចំនួន​រហូត​ដល់​ ១៩៨វិធី​ ដែល​យើង​បាន​រាយ​វិធី​ទាំង​អស់​នេះ​នៅ​ឧបសម្ពន្ធ​ ក។ វិធី​អហិង្សា​ គឺ​ជា​សកម្ម​ភាព​ជាក់​លាក់​ដែល​ប្រើ​ជា​បច្ចេក​វិធី​​ដើម្បី​ប្រើ​ប្រាស់​អំនាច​ ប្រតិបត្តិ​ការ​នៅ​ក្រៅ​ស្ថាប័ន​នយោបាយ​ ធ្វើ​ឡើង​ដោយមាន​​គោល​បំណងច្បាស់​លាស់​ ​ដោយ​មិន​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​​មនុស្ស​។ លោក​ រ៉ូបឺត ប៊ើររ៉ូ​ (Robert J. Burrowes) បាន​ចែក​សកម្ម​ភាព​អហិង្សា​ជា​ពីរ​ប្រភេទ​គឺ ​អហិង្សា​គោល​ការណ៍​និង​អហិង្សា​អនុវត្តន៍​ (Principled and Pragmatic Nonviolence)​​។ «អហិង្សា​គោលការណ៍​» ​សម្គាល់​ដោយ «​ការប្តេជ្ញា​​ប្រើ​វិធី​​អហិង្សា​ ដោយ​ឈរ​លើ​មូល​ហេតុ​សីល​ធម៌​ ចាត់​ទុក​មធ្យោបាយ​និង​គោល​ដៅ​មិន​អាច​ចែក​ដាច់​ពី​គ្នា​បាន​ (Means and Ends) មើល​ឃើញ​ទំនាស់​ជា​បញ្ហា​រួម​ទាំង​របស់​ខ្លួន​ឯង​និង​សត្រូវ​ ព្រម​ទទួល​រង​ការ​ឈឺចាប់​នៅ​ក្នុង​កំលុង​ដំណើរ​ការ​តស៊ូ​ ដើម្បី​បំប្លែង​ទស្សនៈ​របស់​សត្រូវ​​ និង​មើល​ទៅ​កាន់​អំពើ​អហិង្សា​ដោយ​ពហុ​​ទស្សនវិស័យឬ​ពី​ច្រើន​​ជ្រុង​ (Holistic view) ពោល​គឺ​អហិង្សា​ជា​របៀប​រស់​នៅ​តែ​ម្តង​។» ឯ​ «អហិង្សា​អនុវត្តន៍» ​វិញ​ ទាក់​ទិន​នឹង​ការ​តាំង​ចិត្ត​ប្រើ​វិធី​អហិង្សា​ដោយ​អាស្រ័យ​លើ​ប្រសិទ្ធ​ភាព​​ដែល​ទទួល​បាន​ពី​សកម្មភាព​អហិង្សា​ ចែក​ដាច់​រវាង​មធ្យោបាយ​និង​គោល​ដៅ​ មើល​ទៅ​កាន់​វិវាទ​ថា​ជា​ការ​តស៊ូ​ទាម​ទារ​ផល​ប្រយោជន៍​មិន​ចុះ​សំរុង​គ្នា​រវាង​សត្រូវនិង​ខ្លួន​ឯង​ មាន​បំណង​ដាក់​សម្ពាធ​មិន​មែន​តាម​រយៈ​ផ្លូវ​កាយ​លើ​គូ​បដិបក្ស​នៅ​ក្នុង​កំលុង​​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ការ​​តស៊ូ ដើម្បី​កាត់​បន្ថយ​​អំនាច​សត្រូវ​ និងមិន​បាន​យក​​អំពើ​អហិង្សា​​ជា​របៀប​រស់នៅ​​ប្រចាំ​ថ្ងៃ​​ឡើយ​។​ (ហ្ស៊ក់​, ២០០៥, ទំ. xvii)​ អហិង្សា​របស់​មហា​ត្មៈ​គន្ធី​នៅ​មាន​លក្ខណៈជា​​គោល​ការណ៍​ មាន​សីល​ធម៌​ខ្ពស់​ ឯសកម្ម​ភាព​​អហិង្សា​របស់​​លោក​ ជីន សាប​ ​​​បំបែក​មូលដ្ឋាន​ចាស់​របស់​គន្ធី​ រួច​សាង​មូលដ្ឋាន​ថ្មី​នៃ​សកម្ម​ភាព​អហិង្សា​ដែល​ឋិត​នៅ​ផ្នែក​អនុវត្ត​ន៍ ពោល​គឺ​សកម្ម​ភាព​អហិង្សា​ដែល​ប្រើ​ដោះ​ស្រាយ​ទំនាស់​ យោង​​លើ​ប្រសិទ្ធ​ភាព​របស់​វា​ ពុំ​មែន​ដើម្បី​សីលធម៌​ នោះ​ទេ​។ ​លោក​ ជីន​ សាប បាន​​បែង​ចែក​សកម្មភាព​អហិង្សា​ជា​បី​ទំរង់​​ធំ​ៗ៖ បាតុកម្ម​តវ៉ា​និងការ​លួង​លោម​, ការ​មិន​សហការ​ និង​អន្តរាគមន៍​ដោយ​អហិង្សា​។ នៅ​ខាង​ក្រោម​​នេះ​ យើង​សូម​សង​ស្រង់​សង្ខេប​និង​អធិប្បាយ​ខ្លះ​ៗ ដោយ​ផ្អែក​លើ​ឯកសារ​របស់​លោក​ ខឺត ហ្ស៊ក់​ (២០០៥, ទំ. ៣៨-៤០)។  ​

ក. បាតុកម្ម​តវ៉ា​និងការ​បញ្ចុះ​បញ្ចូល​

វិធី​បាតុកម្ម​តវ៉ា​និង​ការ​បញ្ចុះ​បញ្ចូល​ ភាគ​ច្រើន​ជា​ការ​បង្ហាញ​ដោយ​ប្រើ​និមិត្ត​សញ្ញា​ដែល​មាន​បង្កប់​អត្ថន័យ​ ចង់​ទាក់ទងឬ​បញ្ចូលបញ្ចូល​គូ​បដិបក្ស​ ឬ​ក៏​ជំរុញ​ឱយ​មាន​ការ​ដឹង​ឮ​ថា​មាន​អំពើ​​អយុត្តិធម៌​​​​និង​ការ​ជំទាស់​នឹងសកម្ម​ភាព​​របស់​របប​ដឹក​នាំ​។ វិធី​ទាំង​នេះ​មិន​មាន​​ការ​ប្រើ​ប្រាស់​ហេតុ​ផល​ ការ​ពិភាក្សា​ ឬ​ការ​បញ្ចុះ​បញ្ចូលអ្វី​​ទេ​ នេះ​បើ​គេ​មិនរាប់​ចូល​សកម្មភាពបង្ក​ទំនាស់ដោយ​ផ្ទាល់​​។ ​មើលមួយ​ភ្លេត​ វិធី​ទាំង​នេះ​ហាក់​ដូច​គ្មាន​ឥទ្ធិពល​អ្វី​ខ្លាំង​លើ​របប​ដឹក​នាំ​ទេ​​ ប៉ុន្តែ​តាម​ពិត​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ដាស់​តឿន​ស្មារតី​ឱយ​​សាធារណជន​ ក្រុម​ទី​បី​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​​ឱយ​យល់​ថា​សកម្ម​ភាព​របស់​របប​ដឹក​នាំ​មិន​ករណី​មិន​ស្រួល​ មាន​ដំណើរ​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង ហើយ​ពិសេស​ពួក​គេ​បាន​ឃើញ​ចលនា​បាតុកម្ម​ដោយ​ផ្ទាល់​ភ្នែក​ជា​ជាង​មិន​ឃើញ​មាន​សកម្ម​ភាព​អ្វី​សោះ​។  មិន​តែ​ប៉ុណ្ណោះ​​ វិធី​ដូច​ជា​ ការ​ប្រគុំ​តន្រ្តី​និង​លេង​ល្ខោន​អាច​ជួយ​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​ពី​ការ​បង្ក្រាប និង​ទាក់ទាញ​អ្នក​ចូល​រួម​ផង​ដែរ​​។ នៅ​មាន​ទៀត​ គេ​អាច​ប្រើ​ពួក​វា​ ​ដើម្បី​​ពង្រឹង​សាមគ្គី​ភាព​ក្នុង​ក្រុម​ ផ្សព្វ​ផ្សាយ​បាតុកម្ម ​មុន​នឹង​អាច​អនុវត្ត​វិធី​អហិង្សា​ផ្សេងទៀត​ ដូច​ជា​វិធី​​មិន​សហការ​និង​អន្តរាគមន៍។ ដូច្នេះ​ហើយ​ ទើប​វិធី​បាតុកម្ម​តវ៉ា​និង​បញ្ចុះ​បញ្ចូល​ គេ​និយម​ប្រើ​នៅ​ពេល​ដំណាក់​កាល​ដំបូង​នៃ​បាតុកម្ម​​ ហើយនិង​​គ្រប់​ដំណាក់​កាល​ក្រោយ​មក​ទៀត​ ក៏​គេ​នៅ​តែ​ប្រើ​ដែរ​ ព្រោះ​ការ​កែន​សមាជិក​ថ្មី​គឺ​ជា​ប្រការ​ចាំ​បាច់​បំផុត​របស់​ចលនា​​។ នៅ​ប្រទេស​ប្រជាធិបតេយ្យ​​ ចលនា​តវ៉ា​របស់​ប្រជាជន​មិន​ត្រូវ​បាន​រដ្ឋ​អំនាច​មើល​ឃើញ​ថា​ជា​គ្រឿង​គំរាម​កំហែងអ្វីទេ​ ព្រោះ​វា​មិន​​បង្ក​បញ្ហា​ប្រឈមដោយផ្ទាល់​ភ្លាមៗ​ដល់​រដ្ឋ​អំនាច​ ម្យ៉ាង​​វា​​ជា​សិទ្ធិ​បញ្ចេញ​មតិ​និង​សេរី​ភាព​ចួប​ជុំ​របស់​ប្រជាជនក្នុង​របប​ប្រជាធិបតេយ្យ​​។ ផ្ទុយទៅ​វិញ​​ នៅ​ប្រទេស​ផ្តាច់​ការ​ ការ​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ មិន​ទទួល​បាន​ការ​​ស្វាគមពី​របប​ដឹក​នាំនោះ​​ទេ ព្រោះ​វា​អាច​កែ​ប្រែ​ទំនាក់​ទំនង​អំនាច បំបែក​ចំណង​ទំនាក់​ទំនង​រវាង​ពួក​វរជន​ ​និង​កាត់​បន្ថយ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​​។​​​​​

ខ. ការ​មិន​សហការ​ (ខាង​សង្គម​ សេដ្ឋកិច្ច​ និង​នយោបាយ​)

វិធី​មិន​សហការ​ទាក់​ទង​នឹង​ការ​រឹង​ទទឹង​បញ្ឈប់អាកប្បកិរិយា​ដែល​ធ្លាប់​ធ្វើ​ឱយ​ប្រព័ន្ធ​ទាំង​មូល​ដើរ​ទាំង​ឡាយ​  ​ដោយមិនសហការ ​ចូល​រួម ​គាំទ្រ ​​ ​ដោយ​ចេតនា​ ធ្វើ​ឡើង​ដោយ​មានផែន​ការ​ច្បាស់​លាស់​​ ដើម្បី​បន្ថយ​ធន​ធាន​ បង្រួញ​អំនាច​ និង​​បំបាក់​ភាព​ស្រប​ច្បាប់​របស់​របប​ដឹក​នាំ ធ្វើ​ឡើង​​ក្នុងវិស័យ​បី​ ​សង្គម​ សេដ្ឋកិច្ច​និង​នយោបាយ​​​។ ការ​មិន​សហការ​ផ្នែក​សង្គម​គឺ​ជា​ការ​ជំទាស់​មិន​អនុវត្តបទ​ដ្ឋាន​សង្គមបន្ត​ទៀត​ តាម​រយៈ​មធ្យោបាយ​ដូច​ជា​ ពលិការ​សង្គម កូដកម្ម​ដោយ​និស្សិត ការ​បណ្តេញ​សមាជិក​ក្រុម​ ការ​នៅ​ឱយ​ឆ្ងាយ​ពី​កន្លែង​ខ្លួន​ឯង​រំពឹង​ថា​ទៅ ការ​ផ្តល់​កន្លែង​ហាម​ឃាត់ជា​ទី​​បំ​​ពួន​បាតុករ​ពី​ការ​តាម​ចាប់​។ល។ ​ការ​មិន​សហការ​ខាង​​សេដ្ឋកិច្ចវិញ​ គឺ​ជា​ពន្យារ​សកម្ម​ភាព​សេដ្ឋកិច្ច​ទាំង​ឡាយ​ ព្រម​ទាំង​មិនចូល​រួម​បង្កើត​សកម្ម​ភាព​សេដ្ឋកិច្ច​ថ្មី​ទៀត​ តាម​រយៈ​មធ្យោបាយ​ដូច​ជា​ កូដកម្ម​មិន​បញ្ចេញ​កម្លាំង​ធ្វើ​ការ​ ឬ​បន្ថយ​ល្បឿន​ធ្វើ​ការ​ ពលិការ​សេដ្ឋកិច្ច​ ការ​រួម​គ្នា​ដក​លុយ​ពី​ធនាគារ​ ​ការរួម​គ្នា​​មិន​បង់​ថ្លៃ​ផ្ទះ​ បំណុល​និង​​​ការ​ប្រាក់​ជា​ដើម​។ល។​ ការ​មិនសហការ​ផ្នែក​នយោបាយ​គឺ​ជា​ការ​រឹង​ទទឹង​មិនបន្ត​ការ​​ចូល​រួម​នយោបាយផ្លូវ​ការ​​។ ទំរង់​នៃ​ការ​មិន​សហការ​ផ្នែក​នយោបាយ​ដែល​គេ​និយម​ស្គាល់​ជាង​គេ​គឺ​ការ​មិន​គោរព​តាម​របស់​ប្រជាជន​ស៊ីវិល​ ពោល​គឺ ​ការ​មិន​គោរព​ច្បាប់និង​សណ្តាប់​ធ្នាប់​​ដោយ​បើក​ចំហ​និង​មាន​ចេតនា​ក្នុងគោល​​បំណង​នយោបាយប្រឆាំង​សកម្ម​ភាព​រដ្ឋាភិបាល​ណា​មួយ​ ដូច​ជា​ការ​បោះ​ពុម្ព​កាសែត​ឬ​ខិត្ត​បណ្ណ​ដែល​ហាម​ឃាត់ ការ​ប្រកែក​មិន​បង់​ពន្ធ​ ឬ​ការ​មិន​ស្តាប់​បញ្ជា​អាជ្ញាធរ​។ សំរាប់​ប្រទេស​មិន​មែនប្រជាធិបតេយ្យ​ ជា​ទួទៅ​ រដ្ឋពុំ​សូវ​មាន​ការ​អភិវឌ្ឍ​ ដូ​ច្នេះរដ្ឋ​មិន​មាន​សមត្ថភាពពេញ​លេញ​ក្នុង​ការ​​គ្រប់​គ្រង​ធន​ធាន​ក្នុង​ប្រទេស​ប៉ុន្មាន​ទេ​។ ហេតុ​នេះ​ហើយ​ វិធី​មិន​សហការអាច​មាន​ប្រៀប​ច្រើន​ក្នុង​ការ​បំបាក់​អំនាច​រដ្ឋ​ ចំពោះ​ប្រទេស​មិន​កាន់របប​​ប្រជាធិបតេយ្យ​។ ​បើ​ប្រទេស​នោះ​ក្រ​កំពុង​អភិវឌ្ឍ​ទំនង​ជា​រំពឹង​លើ​ម្ចាស់​ជំនួយ​ឬ​អ្នក​ឧបត្ថម្ភ​ដើម្បី​រស់​ វិធី​មិន​សហការ​អាចកាត់​បន្ថយ​ធនធាន​ ​ពិសេស​ទាញ​យក​ធន​ធានឧបត្ថម្ភ​ទាំង​នោះ​ពី​រដ្ឋ​មក​តែ​ម្តង​ បើ​រដ្ឋ​អំនាច​បើក​ការ​បង្ក្រាប​លើ​ចលនា​ប្រជាជនស៊ីវិល​។ រដ្ឋ​ដ៏​ទន់​ខ្សោយ​គឺ​ពឹង​លើក​រាស្រ្តជួយ​​និង​រុញ​ម៉ាស៊ីន​រដ្ឋឱយ​ដើរ​ ផ្ទុយ​ទៅ​វិញ​ បើ​រាស្ត្រ​ប្រើ​វិធី​មិន​សហការ​គ្រប់​វិស័យ​ រដ្ឋ​នឹង​ខាត​បង់​ច្រើន​និងទ្រឹង​​​គាំងតែ​ម្តង​ ជា​ហេតុ​ធ្វើ​អ្នក​ដឹក​នាំ​បាត់​បង់​លទ្ធភាព​​គ្រប់​គ្រង​រដ្ឋ​យ៉ាង​ខ្លាំង​។​

គ. ​អន្តរាគមន៍​ដោយ​អហិង្សា​

(ដោយ​វិធី​​ផ្លូវចិត្ត, ផ្លូវ​កាយ​​​, ខាង​សង្គម​, ខាង​សេដ្ឋកិច្ច​, និង​ខាង​នយោបាយ​)

វិធី​អន្តរាគមន៍​ដោយ​អហិង្សា​ គឺ​ជា​សកម្ម​ភាព​បង្អាក់​ដំណើរ​ការ​ធម្មតា​នៃ​សណ្តាប់​ធ្នាប់​ឬ​ស្ថាន​ភាព​ដើមមិន​ឱយ​បន្ត​ (ការ​មិន​សហការ​គឺ​ដក​ការ​ចូល​រួម​របស់​ខ្លួន​ ឯ​អន្តរាគមន៍​វិញ​គឺ​មិន​ឱយ​ប្រព័ន្ធ​ទៅ​មុខ​បាន​ដោយ​គ្មាន​ការ​ចូល​រួម គឺ​មិន​ឱយ​សត្រូវ​ធ្វើ​ការ​បាន​ដូច​ប្រក្រតី​​) ព្រម​ទាំង​បង្កើត​ប្រព័ន្ធ​ផ្សេង​ថ្មី​មក​ជំនួយ​ប្រព័ន្ធ​ចាស់​ទៀត​ ដើម្បី​បញ្ចៀស​ការ​ជ្រែត​ជ្រែក​ពី​រដ្ឋ​អំនាច​​។ ការ​អង្គុយ​បិត​អាគារ​​ ការ​ដណ្តើម​កាន់​កាប់​ទី​តាំង​ណា​មួយ​ ការ​បង្ក​ឧបសគ្គ​ ការ​បាំង​ហេដ្ឋារចនាសម្ពន្ធ​  ការ​បំផ្លាញ​វត្ថុ​ឧបករណ៍​ណា​មួយ​កុំ​ឱយ​សត្រូវ​ប្រើ​បាន​។ល។ គឺ​​ជាការ​ឆា​ឆៅ​មិន​ឱយ​ប្រព័ន្ធ​អាច​ដំណើរ​ការ​ដោយ​ស្រួល​។ ការ​បង្កើត​ទី​ផ្សារ​ថ្មី​មិន​ចំណុះ​រដ្ឋ​អំនាច​ ឬការ​រៀប​ចំ​​ស្ថាប័នស្មើ​ដើរ​មុខ​ងារជំនួស​ស្ថាប័ន​ចាស់​ដែល​ត្រួត​ត្រា​រដ្ឋ​ នៅ​ក្នុង​កំលុង​ពេល​នៃ​ការ​តស៊ូ​ក្នុង​ជម្លោះ​ជា​មួយ​នឹង​រដ្ឋ​ គឺ​ជាការ​​ត្រួត​ត្រាយ​ផ្លូវ​ថ្មី​ កុំ​ឱយ​មា​ន​ដានដឹក​នាំ​គ្រប់​គ្រង​ស្ថាប័ន​របៀប​ផ្តាច់​ការ​ទៀត​។ ​​​លោក​ រ៉ូបឺត ប៊ើររ៉ូ​ (Robert J. Burrowes) បាន​បែង​ចែក​អន្តរាគមន៍​ដោយ​អហិង្សាជា​ពីរ​ប្រភេទ​៖​ ១. អន្តរាគមន៍​រំខាន​ដោយ​អហិង្សា (Disruptive Nonviolent Intervention) គឺ​ជា​ការអុក​​ឡុក​និង​បំបាត់​ទំនាក់​ទំនង​ឬ​របៀប​គ្រប់​គ្រង​ចាស់ដែល​ធ្លាប់​មាន​ស្រាប់​ និង​ ២. អន្តរាគមន៍បង្កើត​ថ្មី​ដោយ​អហិង្សា​ (Creative Nonviolent Intervention) គឺ​ជា​ការ​ជំរុញឱយ​មាន​​ទំនាក់​ទំនងដឹក​នាំ​​ថ្មី​ដោយឯករាជ្យ​និង​ស្វ័យ​ភាព​ គ្មាន​ការ​លូក​លាន់​​ពី​ភាគី​នៅ​ខាង​ក្រៅ​ស្ថាប័ន​។​​ ក្នុង​ប្រទេសមិន​មែន​​ប្រជាធិបតេយ្យ ការ​បង្កើត​ស្ថាប័ន​ថ្មី​ដាច់​ពី​ក្បាល​ម៉ាស៊ីន​រដ្ឋ​គឺ​ជា​ការ​ប្រជែង​អំនាច​ដោយ​ផ្ទាល់​ ដែល​ពួក​គេ​ពុំ​អាច​អត់​ធ្មត់​ បណ្តោយ​ឱយ​ស្ថាប័ន​នោះអាច​​ដំណើរ​ការ​បាន​​ឡើយ​ ប៉ុន្តែ​ប្រទេស​ប្រជាធិបតេយ្យ​ ស្ថាប័ន​ភាគ​ច្រើន​សុទ្ធ​មាន​ស្វ័យ​ភាព​ឯករាជ្យ​រួច​ស្រាប់​ទៅ​ហើយ​ ហើយ​រដ្ឋ​​ក៏​មិន​អាច​រំលោភ​​មាន​សិទ្ធិ​​ជ្រៀត​ជ្រែង​មិន​ឱយ​គេ​បង្កើត​បាន​ដែរ​។​ ​​

ចំណុច​ដ៏​វិសេស​នៃ​វិធី​ទាំងអម្បាល​ម៉ាន​នេះ​ គឺ​ឋិត​នៅ​ត្រង់​មាន​ស្រាប់​ មិន​ចាំ​បាច់ដើរ​រក​ ឬ​​ត្រូវ​ការ​ធន​ធាន​អ្វី​ពិសេស​​ច្រើន​ទេ។ គេ​អាច​ប្រើ​ប្រាស់​ពួក​វា​បាន​ដោយ​មិន​គិត​ពី​ពេល​វេលា​និង​ទី​កន្លែង​។ តាម​រយៈ​ការ​រីក​ចំរើន​នៃ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​និង​បច្ចេកវិទ្យា​​​ វិធី​ទាំង​នេះ​កាន់​តែ​អាច​ទៅ​មុខ​បាន​ដោយ​រលូន​ ទោះ​ការ​វិឌ្ឍ​ដដែល​នេះ​ រដ្ឋ​អំនាច​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​ការ​ប្រើ​វា ​ដើម្បី​ឈ្លប​មើល​ រិត​ត្បិត​សេរី​ភាព​ បំភ័យ​ប្រជាជន​ជាង​​មុនដែរ​ក៏​ដោយ​​​។ គ្រឿង​សម្ភារៈ​បរិក្ខារ​បន្តិច​បន្តួច​ដូច​ជា​ ទូរសព្ទ​ កុំព្យូទ័រ ម៉ាស៊ីន​ថត​។ល។ មិន​បាន​ជះ​ឥទ្ធិ​ពល​លើ​ចលនា​ខ្លាំង​នោះ​ទេ​ គឺ​ថា​ទោះ​មាន​ឬ​មិន​មាន​ក៏​គ្មាន​បញ្ហា​ណាស់​ណា​ដែរ។​ ​ខុសស្រលះ​​ ប្រើ​វិធីហិង្សា​ គេ​ត្រូវ​ការលុយ​​ច្រើនជាង​ ​ដើម្បី​ទិញ​​កាំភ្លើង​ គ្រាប់​បែក​ រថ​ក្រោះ​។ល។ ពិសេស​ត្រូវ​រក​អ្នក​លក់សព្វាវុធឱយ​​​ទៀត​។

​​​វិធី​ទាំងអស់​នេះ​វាយ​ប្រហារ​លើ​ចំណុច​ខុស​គ្នា​ៗនៃ​រដ្ឋាភិបាល​ ប៉ុន្តែតិច​ឬ​ច្រើន ​​វាយ​ចំចំណុច​​ខ្សោយ​របស់​រដ្ឋាភិបាលនិង​ធ្វើ​ឱយ​រដ្ឋាភិបាល​​ពិបាក​ទប់​ទល់។​​ វាមាន​​​​ប្រសិទ្ធ​ភាព​ខុស​ៗ​គ្នា ខ្លះ​ងាយ​​ខ្លះ​លំបាកក្នុង​ការ​អនុវត្ត​​​ អាច​​​ឃើញ​ប្រសិទ្ធ​ភាពយូរ​ឬ​ឆាប់​​ ខ្លះ​ទៀត​យើង​ពុំ​ងាយ​​សង្កេត​ឃើញ​លទ្ធ​ផល​នៃ​វិធី​នោះ​ទេ​។ គេ​ត្រូវ​ជ្រើស​រើសយក​មក​​ប្រើដោយ​ប្រុង​ប្រយត្ន​​ទៅ​តាម​ស្ថានភាព​ពិត​ជាក់​ស្តែង​ដែល​បាតុករ​ចួប​ប្រទះ​ផ្ទាល់​​ ទាំង​​ប្រតិកម្ម​របស់​រដ្ឋាភិបាលនិង​ភាគី​ទី​បី​​។ គេ​គួរ​កត់​សំគាល់​ផង​ដែរ​ថា​វិធី​អហិង្សា​នីមួយៗ​មាន​ឥទ្ធិ​ពល​និង​ហានិភ័យ​ផ្សេងខុសៗ​ យោល​តាម​ហេតុ​​នេះ ​គេ​ត្រូវ​ចេះប្រើ​វិធី​ទាំង​អស់​នេះ​ចំរុះ​គ្នា​និង​​​ផ្លាស់​ប្តូរ​កលយុទ្ធ​ដើម្បី​ចៀស​វាង​ការ​បង្ក្រាប​ និង​បត់​បែន​​ទៅ​តាម​កាលៈ​ទេសៈ​​ ពិសេស​គេ​មិន​ត្រូវ​ចេះ​តែ​យក​មក​ប្រើ​តែ​ពីសតែ​​ពាស​ គ្មានផែន​ការ​និង​​យុទ្ធសាស្ត្រ​ធំ​មួយនោះ​​ទេ​។​ ម្យ៉ាង​ទៀត​វិធី​អហិង្សា​មិន​មែន​វាយប្រហារ​តែ​មួយ​ផ្នែក​នៃ​របប​ដឹក​នាំនោះ​​ឡើយ​ ពោល​គឺ​មាន​វិស័យសង្គម​ ​សេដ្ឋកិច្ច ​និង​នយោបាយ​ ដែល​​​ធ្វើ​ឱយប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​គាំង​និង​ដក​ហូត​ប្រភព​អំនាច​របស់​របប​ផ្តាច់​ការតែ​ម្តង​​។​​​ ​ ​គេ​​គួរ​ប្រើ​វិធី​អហិង្សា​ទៅ​វាយ​ប្រហារ​ប្រភព​អំនាច​របស់​ជន​ផ្តាច់​ការ ចំណុច​ខ្សោយ​របស់​របប​ដឹក​នាំ​ និង​ពង្រឹង​អំនាច​របស់​ចលនា​ខ្លួន​ឯង​។ ក្នុង​ករណី​មាន​សម្ពាធ​នយោបាយ​ឬ​សេដ្ឋកិច្ច​ពី​ខាង​ក្រៅ​ គេ​ត្រូវ​ប្រើ​វិធី​អហិង្សា​ដូច​ជា​ ការ​មិនសហការ​ ឬ​អន្តរាគមន៍​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​​ឱយ​ត្រូវ​តាម​លក្ខខណ្ឌ​ខាង​ក្រៅ​ដែល​របប​ដឹក​នាំ​កំពុង​ចួប​ការ​លំបាក​​ ដើម្បី​បង្ក​លក្ខណៈ​ឱយ​រដ្ឋាភិបាល​ចួប​សត្រូវ​ទាំង​ក្នុង​ទាំង​​​ក្រៅ​​។ ទោះ​បីគ្មាន​​សម្ពាធ​ពី​ខាង​ក្រៅ​ក៏​ដោយ​ វិធី​អហិង្សា​នៅ​តែ​មាន​ប្រសិទ្ធភាព​គ្មាន​ប្រែ​ប្រួល​និង​អាច​អនុវត្ត​បាន​ដោយ​បាន​ជោគ​ជ័យ។​