ការតស៊ូដោយអហិង្សាប្រតិបត្តិការដោយកែប្រែស្ថានភាពទំនាស់និងសង្គមដើម្បីកុំឱយសត្រូវធ្វើតាមអំពើចិត្តបាន។ — ជីន សាប
យន្តការបំរែបំរួលគឺជារបៀបដែលបាតុកម្មអហិង្សាធ្វើឱយមានការផ្លាស់ប្តូរសង្គមនិងនយោបាយ ឬរបៀបដែលចលនាទទួលបានជោគជ័យ។ ដោយសារក្រុមចលនាប្រឆាំងជ្រើសរើសយកវិធីអហិង្សាខុសៗគ្នាមកប្រើប្រាស់ទៅតាមគោលដៅតូចៗរបស់ខ្លួន ដើម្បីជះឥទ្ធិពលលើប្រជាជននិងអ្នកកាន់អំនាច ជាលទ្ធផល យន្តការក៏មានផ្សេងៗទៅតាមនោះដែរ។ ទោះបីមានគោលដៅ ការសំរេចចិត្ត ការជ្រើសយកវិធីអហិង្សាផ្សេងខុសៗគ្នាក៏ដោយ យោលតាមលោក ជីន សាប គេនៅតែអាចកត់សំគាល់យន្តការបំរែបំរួលដែលបាតុកម្មអហិង្សាជំរុញឱយមានចំនួនបួន៖ ការប្តូរជំហរ, ការសំរបសំរួល, ការបង្ខិតបង្ខំដោយអហិង្សា, និងការបំបែកចេញ (Conversion, Accomodation, Nonviolent Coercion, and Disintergration)។ (ហ៊ែលវី, ២០០៤, ទំ. ២៥-៣៤) (ហ្ស៊ក់, ២០០៥, ទំ. ៤០-៤២)
ក. ការប្តូរជំហរ
ការប្តូរជំហរគឺជាយន្តការជាលទ្ធផលចេញពីសកម្មភាពអហិង្សារបស់គូប្រជែង ធ្វើឱយក្រុមនៅក្នុងរដ្ឋាភិបាលទទួលយកទស្សនៈរបស់ក្រុមជំទាស់និងយល់ព្រមតាមគោលដៅនៃចលនា។ ចលនាអាចធ្វើឱយរដ្ឋាភិបាលជឿនិងបន្ទន់ជំហរបាន នៅពេលដែលរដ្ឋាភិបាលមើលឃើញផលប្រយោជន៍ បើធ្វើតាមការចង់បានរបស់ចលនា។ ការឈឺចាប់ពីការបង្ក្រាបអាចប៉ះពាល់ដល់អារម្ម សមានចិត្ត ជំនឿ ឥរិយាបថរបស់សមាជិកនៃក្រុមរដ្ឋាភិបាលឱយគិតពិចារណាពីការទាមទាររបស់ចលនា គាំទ្រគោលដៅរបស់ចលនាថាមានមូលដ្ឋានសមហេតុផលនិងយុត្តិធម៌។ ដោយសារចលនានិងរដ្ឋាភិបាលភាគច្រើនមានជំហរផ្ទុយគ្នានិងមានទំនាស់ផលប្រយោជន៍ ហេតុនេះ ការប្តូរជំហររបស់គូបដិបក្សគឺជាបាតុភូតដ៏កំរនិងពិបាកជឿទុកចិត្ត ហើយនៅក្នុងចលនាភាគច្រើន ការប្តូរជំហរនេះមិនបានលេចឡើងឡើយ ទោះមានក៏ដោយ ក៏ឋិតក្នុងទំហំមួយមិនចាំបាច់ដែរ។ ការប្តូរជំហរច្រើនកើតមានក្នុងក្រុមឯករាជ្យឬអព្យាក្រឹត ដែលយល់ស្របនឹងភាពសមហេតុនៃគោលដៅរបស់ចលនានិងក្រុមដែលជាសសរស្តម្ភគាំទ្ររបបដឹកនាំ ប៉ុន្តែមិនមែនជាអ្នកទទួលផលពីរបបនិងមិនរងការគំរាមកំហែងពីការផ្លាស់ប្តូររបបនោះទេ។ ទោះបីយ៉ាងណា វាកំរលេចឡើងណាស់ក្នុងក្រុមរដ្ឋាភិបាលនិងអ្នកស្និទ្ធនឹងរបបដឹកនាំ ព្រោះវាគំរាមកំហែងដល់អំនាចនិងផលប្រយោជន៍របស់ពួកគេ។ ត្រង់ការប្តូរជំហរនេះហើយ ដែលគេតែងយល់ច្រលំថា វាជាយន្តការតែមួយគត់ដែលចលនាអហិង្សាអាចធ្វើបាន បាតុកម្មអហិង្សាបានតែទាមទារឱយគូបដិបក្សធ្វើតាមប៉ុណ្ណោះ បើគេមិនតាមក៏មិនដឹងអាចធ្វើអ្វីគេបាន។ ដរាបណាចលនាមានកម្លាំងទន់ខ្សោយជាងរដ្ឋាភិបាល ការប្តូរជំហររបស់ក្រុមក្នុងរដ្ឋាភិបាលមិនទំនងជាអាចកើតមានទេ។ ទោះបីយ៉ាងណាក៏ការប្តូរជំហររបស់ភ្នាក់ងារតូចៗរបស់រដ្ឋាភិបាល ដូចជាប៉ូលីស កងសន្តិសុខ យោធា ដើម្បីកាត់ដៃស្តាំរបស់ពួកគេចោលមិនឱយអាចបង្ក្រាបប្រជាជនបន្តទៀតគឺជាយន្តការចាំបាច់ណាស់ក្នុងការដកហូតអំនាច បើកយន្តការចុងក្រោយបំបែករដ្ឋាភិបាលចេញពីរដ្ឋ។ ដោយហេតុថា ការប្តូរជំហរជាបាតុភូតកំរនិងមិនគួរឱយទុកចិត្តទេនៅក្នុងចំណោមក្រុមវរជនធំក្នុងរដ្ឋាភិបាលក៏ដោយ ចលនាដែលជោគជ័យមិនរំពឹងលើយន្តការនេះឡើយ។
ខ. ការសំរបសំរួល
ការសំរបសំរួលគឺជាយន្តការមួយដែលក្នុងនោះរដ្ឋាភិបាលសំរបសំរួលទៅតាមតំរូវការរបស់គូប្រជែង ក្នុងករណីដែលគោលបំណងរបស់ចលនាពុំបានគំរាមកំហែងដល់អំនាចរបស់ពួកគេ។ រដ្ឋាភិបាលព្រមសំរបសំរួល ដើម្បីកាត់បន្ថយភាពតានតឹងក្នុងសង្គម ទាក់ទាញការចាប់អារម្មនិងការគាំទ្រពីប្រជាពលរដ្ឋថារដ្ឋាភិបាលគិតគូរពីសុខុមាលភាពសង្គម មានសមត្ថភាពដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាដើម ព្រមទាំងមានបំណងបង្ហោះរូបភាពឱយរដ្ឋាភិបាលបរទេសឃើញ ដើម្បីលើកមុខលើកមាត់ខ្លួនក្នុងតំបន់និងឆាកអន្តរជាតិ និងខ្លាចបញ្ហារីករាលដាលធំទៅៗឬបារម្ភខ្លាចគូប្រជែងឆ្លៀតឱកាសកេងចំណេញលើបញ្ហានោះ។ រដ្ឋាភិបាលសំរបសំរួលនឹងចលនា លុះណាថ្លៃខូចខាតកើតមានពីការមិនអើពើនិងការបង្ក្រាបចលនាខ្ពស់ជាងការធ្វើទៅតាមការចង់បានតិចឬច្រើន (តែមិនទាំងអស់) របស់ចលនា និងពួកគេចាត់ទុកចលនាត្រឹមតែជាគ្រឿងរំខានប៉ុណ្ណោះ ពុំអាចធ្វើអ្វីប៉ះពាល់ដល់អំនាចរបស់ពួកគេបានទេ។ បើមើលពីទស្សនៈរបស់រដ្ឋាភិបាលនៅក្នុងបរិបទនេះ ការសំរបសំរួលគឺជាយន្តការមួយទទួលបានលទ្ធផលល្អបំផុតដែលអាចទៅរួច ព្រោះរដ្ឋាភិបាលនៅតែដើរខ្សែលើនៅក្នុងទំនាក់ទំនងអំនាច។ គំរូបញ្ហាដែលយន្តការសំរបសំរួលច្រើនមាន គឺកូដកម្មនានាដែលភាគីនីមួយៗសំរេចបានគោលដៅម្នាក់មួយចំណែក។ មិនថារដ្ឋាភិបាលព្រមស្រុះស្រួលនឹងចលនា បំពេញប្រយោជន៍របស់បាតុករតិចឬច្រើន ឬក៏បដិសេធការទាមទាររបស់ក្រុមប្រឆាំងនោះទេ វាសុទ្ធតែអាចធ្វើឱយក្រុមផ្សេងទៀតងើបឡើងតស៊ូដែរ។ ឧ. ការធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែរបស់កម្មកររោងចក្រមួយអាចជំរុញឱយកម្មករនៅរោងចក្រផ្សេងៗទៀតទាមទារតាមដែរ។ សំរាប់ប្រទេសប្រជាធិបតេយ្យ ការសំរបសំរួលគឺជាយន្តការបំរែបំរួលដែលទំនងជាកើតមានជាងប្រទេសមិនមែនប្រជាធិបតេយ្យ ព្រោះវាមិនបានគំរាមកំហែងដល់រដ្ឋាភិបាល។ យន្តការសំរបសំរួលខ្ពស់បំផុតដែលកើតមាននៅក្នុងប្រទេសកាន់របបអាជ្ញាធរនិយមឬផ្តាច់ការគឺការសន្យារៀបចំការបោះឆ្នោតដោយសុចរិតនិងយុត្តិធម៌ ទោះបីជាវាគ្រាន់តែការព្រមព្រៀងក៏ដោយ។ ដោយសារការចាញ់ឆ្នោតអាចធ្វើឱយរដ្ឋាភិបាលបាត់បង់ភាពស្របច្បាប់ទាំងក្នុងស្រុកនិងក្នុងសហគមន៍អន្តរជាតិ ដូច្នេះបើអាចស្ទង់មតិសាធារណៈដឹងមុនថាមិនអាចឈ្នះ ពួកគេនឹងព្យាយាមជ្រៀតជ្រែកក្នុងស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីលួចបន្លំនិងអាចធ្វើឱយក្រុមប្រជាធិបតេយ្យចាញ់ឆ្នោតដែរ។ អាស្រ័យហេតុនេះ ភាគីប្រឆាំងត្រូវធានាឱយបាននូវប្រព័ន្ធបោះឆ្នោតឯករាជ្យចៀសវាងចាញ់បោករដ្ឋាភិបាល។ គេគប្បីយកចិត្តទុកដាក់ជ្រើសរើសយកបញ្ហាណាដែលការសំរបសំរួលអាចទទួលបានលទ្ធផលល្អជាជាងទទួលបានដំណោះស្រាយមិនស្មើភាព មានការបង្ខិតបង្ខំ។ ការទាមទារបង្កើតស្ថាប័នឯករាជ្យគឺជាជំរើសដ៏ល្អសំរាប់ចលនាដើម្បីបំបែកអំនាចប្រមូលផ្តុំបន្តិចម្តងៗ ដូចជា ការបន្ថែមប្រព័ន្ធឯកត្តនាម ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដោយអ្នកនៅមូលដ្ឋាន មិនមែនចាត់តាំងដោយបក្ស នៅតាមសាលារៀន សាកលវិទ្យាល័យ វត្តអារាមនីមួយៗ។ល។ ការដែលចលនាអាចធ្វើឱយរដ្ឋាភិបាលព្រមស្រុះស្រួលបានគឺបានបង្ហាញពីប្រសិទ្ធភាពនិងអំនាចនៃចលនាអហិង្សា និងសបញ្ជាក់ថាការកែប្រែសង្គមអាចធ្វើទៅបានដោយគ្មានការបង្ហូរឈាម។ ទោះបីយ៉ាងណាក៏ដោយ ការផ្លាស់ប្តូររបបផ្តាច់ការពុំអាចធ្វើទៅតាមយន្តការសំរបសំរួលបានទេ ព្រោះពួកគេពុំចង់ឱយមានការផ្លាស់ប្តូរ ចង់កាន់អំនាចតជំនាន់។ យន្តការបំរែបំរួល ដូចជា ការផ្លាស់ប្តូរជំហររបស់ក្រុមនៅក្នុងរដ្ឋាភិបាលគឺកំរអាចទៅរួចណាស់ ឯការសំរបសំរួលគ្នាពិតមិនគួរឱយទុកចិត្តទាល់តែសោះ គេនៅមានយន្តការពីរទៀតដែលមានប្រសិទ្ធភាពនិងមានប្រៀបលើគូបដិបក្សជាងក្នុងការដោះស្រាយវិវាទដោយអហិង្សា។
គ. ការបង្ខិតបង្ខំដោយអហិង្សា
ការបង្ខិតបង្ខំដោយអហិង្សាគឺជាយន្តការបំរែបំរួលមួយដែលចលនាជំទាស់នឹងឆន្ទៈរបស់រដ្ឋាភិបាល ប្រើវិធីអហិង្សាក្នុងទ្រង់ទ្រាយធំ ក្នុងការកាត់បន្ថយអំនាច ភាពស្របច្បាប់ និងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានការណ៍សង្គម ព្រមទាំងវិស័យសេដ្ឋកិច្ចនិងនយោបាយផងដែរ។ តាំងពីដើមមក ពាក្យ «បង្ខិតបង្ខំ» តែងតែជាប់ទាក់ទងនឹងកម្លាំងហិង្សា ប៉ុន្តែ វាក៏កើតមាននៅក្នុងទំរង់អហិង្សាដោយមិនគំរាមកំហែងដល់រាងកាយឬជីវិតមនុស្សដែរ។ ផ្ទុយពីយន្តការនៃការប្តូរជំហរនិងការសំរបសំរួល ដែលនៅទុកផ្លូវឱយរដ្ឋាភិបាលយល់ព្រមឬក៏បដិសេធការស្នើសុំរបស់ចលនាដោយគ្មានផលវិបាកភ្លាមៗនិងតិចតួចចំពោះរដ្ឋាភិបាល ការបង្ខិតបង្ខំដោយអហិង្សាពុំបានផ្តល់ជំរើសឱយរដ្ឋាភិបាលអាចដើរខ្សែលើបាននោះទេ។ ទោះបីពួកវរជននយោបាយនៅតែឋិតក្នុងតំណែងនៅតែរក្សាគោលជំហរខ្លួនក៏ដោយ ប៉ុន្តែសមត្ថភាពក្នុងការត្រួតត្រារបស់ពួកគេត្រូវបានកាត់បន្ថយទៅហើយ។ ការបង្ខិតបង្ខំដោយអហិង្សាកែប្រែនយោបាយទៅតាមរបៀបបីយ៉ាង ១. ចលនារីករាលដាលធំពេគធ្វើឱយការបង្ក្រាបនិងការត្រួតត្រារបស់រដ្ឋពុំអាចទៅរួច។ ២. រដ្ឋអស់មានឆន្ទៈឬសមត្ថភាពនឹងបង្ក្រាបតទៅទៀត។ ៣. ចលនាអនុវត្តវិធីអហិង្សា (មិនសហការនិងអន្តរាគមន៍) បង្កើតស្ថានភាពបង្អាក់ដំណើរការនៃមុខងាររបស់រដ្ឋ ធ្វើឱយរដ្ឋពុំអាចដើរបានដោយពុំកែប្រែគោលនយោបាយនិងរចនាសម្ពន្ធរបស់ខ្លួននោះទេ។ កត្តាមួយចំនួនដែលជួយសំរួលដល់ប្រសិទ្ធភាពនៃការបង្ខិតបង្ខំដោយអហិង្សា រួមមាន ទំហំរបស់ចលនា, កំរិតដែលរដ្ឋពឹងផ្អែកលើធនធានដែលជាមុខសញ្ញាដៅដោយចលនា។ ភាពស្ទាត់ជំនាញរបស់គូប្រជែងក្នុងការជ្រើសរើសយុទ្ធសាស្ត្រ កលយុទ្ធ វិធីនិងបច្ចេកវិធី ព្រមទាំងការប្រើឱយចំកាលៈទេសៈ ភាពក្រាញននៀលរបស់ចលនាពេលប្រឈមមុខនឹងការបង្ក្រាប ការបង្កើនការគាំទ្រពីភាគីទីបី និងការបែកខ្ញែកគ្នានៅចំណោមពួកវរជននិងយោធា។ ទោះបីយ៉ាងណា ការបង្ខិតបង្ខំដោយអហិង្សាពុំមែនត្រឹមតែបង្កការខូចខាតដល់ក្រុមរដ្ឋាភិបាលទេ ចលនាក៏ត្រូវចំណាយកម្លាំង ធនធាន ពេលវេលាច្រើន ដើម្បីធ្វើឱយការបង្ខិតបង្ខំអាចទ្រទ្រង់បានយូរនិងប៉ះពាល់ខ្លាំងដល់រដ្ឋាភិបាលនោះដែរ ទោះបីរដ្ឋពឹងផ្អែកលើប្រជាជនខ្លាំងជាជាងចលនាប្រជាជនពឹងលើរដ្ឋក៏ដោយ។ ដូច្នេះ ចលនាមិនត្រូវប្រញាប់បើកកុងតាក់យន្តការនេះនោះឡើយ បើសិនមិនទាន់មានសមាជិកច្រើនគ្រប់គ្រាន់ មិនទាន់រៀបគំរោងការច្បាស់លាស់ និងប្រមាណកម្លាំងរបស់គូបដិបក្សមិនទាន់ជាក់ ព្រមទាំងវាស់ស្ទង់អំពីឱកាសជោគជ័យមិនទាន់ប្រាកដ ពីព្រោះចលនាអាចបាត់បង់ការជឿទុកចិត្តពីសមាជិករបស់ខ្លួននិងពីសាធារណជន បើមានការធ្វេសប្រហែលក្នុងការសំរេចចិត្តណាមួយ។ តំរូវការដែលចលនាទាមទារក៏គួរគប្បីអាចអនុវត្តបាននោះដែរ ពុំចេះតែទាមទារទាំងគ្មានមូលដ្ឋានសមហេតុនោះទេ។ គេគួរតែផ្តល់អនុសាសន៍ច្បាស់លាស់ជាក់លាក់ជាគំរូទៅរបបដឹកនាំថាចលនាចង់បានអ្វីឱយប្រាកដ និងរំឭកថាបើរដ្ឋាភិបាលពុំធ្វើតាម ចលនានឹងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបៀបម៉េច។ ឧ. ចលនាចង់បានស្ថាប័នរៀបចំការបោះឆ្នោតឯករាជ្យ រដ្ឋាភិបាលត្រូវដកសមាជិកណាដែលជាប់ទាក់ទងគណបក្សនយោបាយណាមួយពីស្ថាប័ននោះ បើមិនធ្វើតាម ប្រជាជននឹងមិនទៅបោះឆ្នោត ឡោមពាត់ការិយាល័យបោះឆ្នោតមិនឱយដំណើរការ មិនទទួលស្គាល់គណបក្សឈ្នះឆ្នោត។ល។ ចលនាក៏ត្រូវវិនិច្ឆ័យឱយច្បាស់ដែរថា ខ្លួនអាចធ្វើឱយការចង់បាននោះទៅរួចបានក្នុងកំរិតណា ចៀសវាងការបរាជ័យមិនអាចធ្វើឱយសំរេចដូចការគ្រោងទុក គ្មានវិធីទប់ស្កាត់ពេលរដ្ឋាភិបាលមិនធ្វើតាម ការគាំទ្រសកម្មពីសាធារណជនថយចុះ អន្តរជាតិសង្ស័យពីភាពឋិតថេរនៃចលនា។ ពេលនោះហើយ ចលនានឹងចួបបរាជ័យ ទទួលបានការបង់ខាតច្រើន និងត្រូវចាប់ផ្តើមរៀបចំផែនការនិងប្រតិបត្តិសាជាថ្មីទៀត ហើយច្បាស់ណាស់រដ្ឋាភិបាលនឹងប្រុងប្រយត្នរិតត្បិតសេរីភាពជាងមុន ខ្លាចមានចលនាទ្រង់ទ្រាយធំម្តងទៀត។
ឃ. ការបំបែកចេញ
ការបំបែកចេញគឺជាយន្តការចុងក្រោយបង្អស់ដែលរដ្ឋាភិបាលដួលរំលំទាំងស្រុង ដោយសារសកម្មភាពអហិង្សារបស់ប្រជាជនរីករាលដាលដល់កំរិតធំមួយដែលរដ្ឋទប់ទល់លែងជាប់ (៣,៥ភាគរយនៃចំនួនប្រជាជនទាំងមូល)។ នៅពេលការបង្ខិតបង្ខំដោយអហិង្សាត្រូវបានដាក់ចេញ មានន័យថាប្រភពអំនាចរបស់រដ្ឋខ្លះបានបាត់បង់ទៅហើយ។ ការបំបែករដ្ឋអំនាចចេញពីប្រព័ន្ធដឹកនាំកើតឡើង នៅគ្រាដែលកម្លាំងរបស់ចលនាប្រជាជនបានកើតដល់ចំណុចកំពូលនិងឋិតថេរ ធ្វើឱយការបង្ខិតបង្ខំដោយអហិង្សាសកម្មខ្លាំង លុះរដ្ឋអស់សមត្ថភាពត្រួតត្រា។ ក្នុងស្ថានភាពនេះ ចលនាបានបំបែករដ្ឋអំនាចចេញពីប្រព័ន្ធ ដោយធ្វើឱយសសរស្តម្ភគាំទ្ររបស់រដ្ឋប្តូរជំហរមកជួយចលនាវិញ។ ភ្នាក់ងារបង្ក្រាប ដូចជាយោធា ប៉ូលីស កងសន្តិសុខ មិនស្តាប់បញ្ជា អ្នកនៅក្នុងប្រព័ន្ធការិយាធិបតេយ្យ ដូចជាមន្ត្រីរដ្ឋការ លែងស្តាប់បង្គាប់ ធ្វើឱយរបបដឹកនាំបាត់បង់អំនាចរបស់ខ្លួនទាំងស្រុង ដែលលោក ជីន សាប អះអាងថា មិននៅសល់សូម្បីតែអំនាចគ្រប់គ្រាន់ដើម្បីសុំចុះចាញ់។ នៅក្នុងដំណាក់កាលនេះ ដរាបណារបបដឹកនាំពុំទាន់ដួលរំលំទាំងស្រុងទេ គេមិនត្រូវបញ្ឈប់ឬបន្ថយកម្លាំងរបស់ចលនានោះទេ។ បើយុទ្ធនាការមិនអាចរក្សាការរីកចំរើន ឬអភិវឌ្ឍទៅមុខ ទំរំាំបើកយន្តការបំបែកចេញនេះបានទេ វាអាចហុចឱកាសឱយរបបដឹកនាំត្រលប់មកពង្រឹងអំនាចសាជាថ្មី គ្រប់ពេលវេលា។ ជនផ្តាច់ការថ្មីនិងរដ្ឋប្រហារក៏អាចលេចឡើងដែរ ក្នុងកំលុងពេលនោះ ធ្វើឱយការតស៊ូកន្លងមកប្រែក្លាយជាអសារបង់។ នៅក្នុងកាលៈទេសៈនោះ ចលនាអាចមានសត្រូវថ្មីនិងពិបាករៀបចំផែនការយុទ្ធសាស្ត្រថ្មី ប្រមូលអ្នកចូលរួមឡើងវិញផងដែរ។
ចលនាពុំប្រាកដថាត្រូវការយន្តការទាំងនេះបួនជាគំរប់ទើបអាចសំរេចបានជោគជ័យនោះទេ។ យន្តការចាំបាច់គឺការបង្ខិតបង្ខំដោយអហិង្សានិងការបំបែកចេញ ឯការប្តូរជំហរក៏សំខាន់ដែរ តែវាពិបាកសំរេចបាននិងមិនងាយកើតមាន លុះណាចលនាអាចបើកយន្តការបង្ខិតបង្ខំដោយអហិង្សាក្នុងទ្រង់ទ្រាយធំបានសិន។ ឯយន្តការសំរួបសំរួលអាចទៅរួចចំពោះបញ្ហាតូចៗប៉ុណ្ណោះ ផ្លាស់ប្តូររបបផ្តាច់ការមួយ គេពុំអាចដើរតាមផ្លូវនេះនោះទេ។ នៅពេលប្រើវិធីអហិង្សា គេត្រូវប្រាកដអំពីការបើកគន្លឹះយន្តការទាំងបួននេះ ទើបចលនាដើរដោយរលូន។