ចលនាតវ៉ាដោយប្រជាជនស៊ីវិលដែលជោគជ័យ មិនមែនត្រូវការចំនួនអ្នកចូលរួមដល់ថ្នាក់ទួទាំងប្រទេសឬពាក់កណ្តាលប្រទេសនោះទេ។ អ្នកស្រាវជ្រាវមុនគឺលោក ម៉ាក លីចបាក (Mark Lichbach) នៅក្នុងសា្នរដៃ «ជំរើសទ្វេគ្រោះរបស់ពួកឧទ្ទាម» (The Rebel’s Dilemma) ធ្លាប់បានអះអាងថា គ្មានរដ្ឋាភិបាលណាអាចទប់ទល់បាននឹងចំនួន ៥ភាគរយនៃប្រជាជនសរុបរបស់ខ្លួននោះទេ ដែលលោកហៅថា វិធាន ៥ភាគរយ។ ប៉ុន្តែ ការសិក្សារបស់លោកស្រី ឆេណូវេថ បានបដិសេធសម្មតិកម្មចាស់នេះ ដោយបានវាស់ស្ទង់ឃើញថា ចំនួននោះតិចជាងនេះ ពោលគឺ ចលនាប្រជាជនត្រូវការត្រឹមតែ ៣,៥ភាគរយប៉ុណ្ណោះ (3.5% Rule)។ ខាងក្រោមនេះជាបាឋកថារបស់លោកស្រីដែលបានមានប្រសាសន៍នៅឱកាសព្រឹត្តិការណ៍កម្មវិធី «ថេដអ៊ិចបូល្ឌើរ» (TEDxBoulder) អំពី «ជោគជ័យនៃការតវ៉ាដោយអហិង្សារបស់ប្រជាជនស៊ីវិល» បង្ហាញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ មានសេចក្តីដូចតទៅនេះ៖
ពីឆ្នាំ១៩០០ ដល់ ២០០៦ យុទ្ធនាការអហិង្សានៅទួទាំងសាកលលោកបានសំរេចបានជ័យជំនះទាំងសុ្រង ទ្វេដងបើប្រៀបនឹងកុបកម្មហិង្សា ហើយនៅមានច្រើនបន្តទៀត។ លំហូរអហិង្សានេះថែមទាំងបន្តកើនឡើងទៅតាមពេលវេលាផងដែរ។ នៅហាសិបឆ្នាំចុងក្រោយនេះ ការតស៊ូរបស់ប្រជាជនស៊ីវិលរឹងរិតតែញឹកញាប់ឡើង ហើយប្រកបដោយប្រសិទ្ធភាព ខុសស្រលះពីកុបកម្មហិង្សាដែលកាន់តែថមថយចុះ ហើយមិនទទួលបានជោគជ័យថែមទៀតផង។ នេះគឺជាការពិត សូម្បីតែឋិតនៅក្នុងស្ថានភាពគាបសង្កត់ផ្តាច់ការខ្លាំង ដែលជាកន្លែងដែលយើងតែងតែរំពឹងទុកថា ការតស៊ូដោយអហិង្សា មិនអាចទៅរួច។ […] គ្មានយុទ្ធនាការណាបរាជ័យនោះទេ គ្មានសូម្បីតែមួយករណីនៅពេលដែលពួកគេអាចសំរេចបានការចូលរួមដោយសកម្មនិងបន្តបន្ទាប់ពីចំនួនត្រឹមតែ ៣,៥ភាគរយនៃប្រជាជនសរុបប៉ុណ្ណោះ ហើយភាគច្រើននៃចលនាទាំងនោះ ទទួលបានជ័យជំនះដោយមានចំនួនអ្នកចូលរួមតិចជាងឆ្ងាយពីចំនួនភាគរយនេះ។ […] តួលេខនេះផ្អែកលើចំនួនច្រើនបំផុតនៃអ្នកចួលរួមយុទ្ធនាការដោយផ្ទាល់ (អ្នកអង្កេតការណ៍បានរាប់និងគិតជាភាគរយធៀបនឹងចំនួនប្រជាជនទាំងមូល) ដែលប្រឈមមុខនឹងភាគីរារាំង [កងកម្លាំងរដ្ឋាភិបាល] នៅកំលុងពេលដែលធ្វើយុទ្ធនាការប៉ុណ្ណោះ។ ដូច្នេះ វាពុំមែនជាចំនួនសរុបនៃអ្នកចូលរួមទាំងអស់ឡើយ ផ្ទុយទៅវិញគឺជាចំនួនអតិបរមានៃប្រជាជនដែលបានប្រលូកផ្ទាល់ក្នុងយុទ្ធនាការនោះ នៅពេលព្រឹត្តិការណ៍ឡើងកំដៅដល់ចំណុចកំពូល។ […] ឯយុទ្ធនាការដាច់ដោយឡែកណាមួយដែលមានចំនួនលើសពីកំរិតកំណត់ ៣,៥ភាគរយនោះ ក៏គឺជាយុទ្ធនាការអហិង្សាដែរ។ ជាការណ៍ពិត យុទ្ធនាការដែលពឹងលើតែវិធីអហិង្សាមានចំនួនជាមធ្យមធំជាងបួនដងនៃយុទ្ធនាការហិង្សាគិតជាមធ្យម។ […] តែអ្វីដែលចម្លែកគួរឱយចាប់អារម្មនោះគឺថា យុទ្ធនាការអហិង្សាបើកចំហទ្វារឱយស្ថាប័នប្រជាធិបតេយ្យធំជាងកុបកម្មហិង្សាឆ្ងាយ។ ប្រទេសដែលធ្វើការតស៊ូដោយអហិង្សាអាចកាត់បន្ថយអត្រានៃការវិលត្រលប់ទៅរកសង្គ្រាមស៊ីវិលបាន ១៥ភាគរយថែមទៀតផង។
តាមរយៈបទបង្ហាញដកស្រង់ខ្លីនេះ លោកស្រីបានបង្ហាញប្រាប់យើងថា បាតុកម្មអហិង្សាមិនត្រឹមតែជោគជ័យទេ តែមានប្រសិទ្ធភាពជាងកុបកម្មហិង្សាទេ្វដង និងរុញប្រទេសដែលប្រើមធ្យោបាយអហិង្សានោះទៅរករបបប្រជាធិបតេយ្យរយៈពេលវែង ព្រមទាំងបន្ទាបអត្រាវិលទៅរកសង្គ្រាមស៊ីវិលថែមទៀតផង។ យើងនឹងអធិប្បាយអំពីរឿងនេះលំអិតខាងក្រោម តែអ្វីដែលយើងចង់ផ្តោតដំបូងគឺពលរដ្ឋចំរុះតែចំនួន ៣,៥ភាគរយនៃប្រជាជនសរុបប៉ុណ្ណោះអាចរំដោះប្រទេសរបស់ពួកគេពីរបបផ្តាច់ការបានហើយ។ គ្មានរដ្ឋាភិបាលណាមួយអាចទប់ទល់នឹងចំនួន ៣,៥ភាគរយនៃប្រជាជនសរុបរបស់ខ្លួនឯងដោយមិនសំរបតាមតំរូវការរបស់បាតុកម្មនោះទេ។ ចំនួននេះពិតជាតិចខ្លាំងណាស់ មិនសមទំនងថា រដ្ឋទន់ខ្សោយដល់ម្លឹងឡើយ។ តែនេះជាការពិត ហើយអាចទៅរួចយ៉ាងប្រាកដ ព្រោះសត្រូវរបស់រដ្ឋនៅទីនេះមិនមែនជារដ្ឋដទៃឯណាទេ តែគឺជាប្រជាជនខ្លួនឯងដែលជាអ្នកផ្តល់ទំនុកបំរុងផ្គត់ផ្គង់សមបែបយ៉ាងដល់រដ្ឋ។ លោកស្រី ឆេណូវេថ និង ស្ទីហ្វឹន បានប្រមូលទិន្នន័យនិងវាស់ស្ទង់បរិមាណនៃអ្នកចូលរួមបាតុកម្មរហូតដល់ទៅ ២៥៩ករណី ក្នុងចំណោម ៣២៣ករណី ពោលគឺ ២៥៩ករណីដែលអ្នកស្រាវជ្រាវបានអង្កេតការណ៍និងប្រមូលទិន្នន័យបានច្បាស់លាស់គួរឱយជឿទុកចិត្តបានអំពីសមាជិកភាពនៃចលនា ដែលក្នុងនោះ ៨០ករណីជាយុទ្ធនាការអហិង្សា និង ១៧៩ករណីជាយុទ្ធនាការហិង្សា។ គួរកត់សម្គាល់ផងដែរថា យុទ្ធនាការដែលអាចមានចំនួនអ្នកចូលរួមកើនឡើងដល់កំរិតបរិមាណ ៣,៥ភាគរយ ឬលើសពីចំនួននេះមានតែបាតុកម្មអហិង្សាតែប៉ុណ្ណោះ រីឯកុបកម្មហិង្សាអាចទៅដល់អស់ធំត្រឹមចំនួន ១,៩ភាគរយប៉ុណ្ណោះ ហើយជាករណីកំរទៀតផង។ អំពីបរិមាណនេះ សូមបញ្ជាក់បន្តិចថា ចំនួននៃអ្នកចូលរួមពុំអាចនាំទៅរកជ័យជំនះដោយស្វ័យប្រវត្តិនោះទេ តែគុណភាព ពោលគឺភាពចំរុះនៃបាតុករដែលមកពីគ្រប់ស្រទាប់សង្គមក៏មានសារៈសំខាន់ស្មើគ្នានឹងបរិមាណដែរ។ ភាពចំរុះស្រទាប់សង្គមនោះមានដូចជា ភេទ អាយុ វណ្ណៈសង្គម ការងារ ឋានៈ ទីក្រុងជនបទ ជាតិសាសន៍ មនោគមវិជ្ជា និងគណបក្សនយោបាយ។ ភាពចំរុះនៃអ្នកចូលរួមមានសារៈសំខាន់ពិសេសមួយដែលគេមិនគួរមើលរំលងគឺថាវាអាចតំណាងប្រជាជនទាំងមូលនិងកាន់តែមានលក្ខណៈប្រជាធិបតេយ្យ ទោះបីចលនានោះបរាជ័យក៏បង្ហាញថា ប្រជាជនបានប្រលូកក្នុងវិស័យសង្គមស៊ីវិល ចូលរួមទាមទារដំណោះស្រាយបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច របស់ពួកគេដែរ ពោលគឺ បាតុកម្មអហិង្សារបស់ប្រជាជនស៊ីវិលគឺជាការបោះឆ្នោតដោយគ្មានសន្លឹកឆ្នោត ឋិតនៅក្រៅស្ថាប័ននយោបាយ ធ្វើឡើងតាមរយៈចលនាសង្គម។ ក្នុងស្នារដៃ «ធ្វើឱយប្រជាធិបតេយ្យដើរ» (Making Democracy Work) លោក រ៉ូបឺត ផាត់នេម (Robert D. Putnam) អ្នកវិទ្យាសាស្ត្រនយោបាយជាតិអាមេរិកាំងដ៏ឈ្លាសវៃម្នាក់បានអះអាងថា ប្រជាជនស៊ីវិលកាន់តែច្រើនរួមចំណែកក្នុងសកម្មភាពសង្គម ដូចជា ផ្តុំគ្នាធ្វើបាតុកម្មអហិង្សា ប្រលូកដោយផ្ទាល់ឬមិនផ្ទាល់ក្នុងវិស័យនយោបាយ ធ្វើការងារសង្គម។ល។ សង្គមនោះកាន់តែប្រជាធិបតេយ្យ ព្រោះរដ្ឋាភិបាលនឹងពង្រឹងទំនួលខុសត្រូវនិងភាពឆ្លើយតបរបស់ខ្លួនទៅកាន់ប្រជាជន ហើយប្រជាជនខ្លួនឯងទៀតសោតក៏កាន់តែយល់ដឹងពីបញ្ហាសង្គម ដំណើរការនយោបាយនិងតម្លៃនៃចូលរួមរបស់ខ្លួនផងដែរ។ គុណតម្លៃនៃបណ្តាញទំនាក់ទំនងនោះនឹងសឱយឃើញច្បាស់ជាងនេះ នៅពេលបោះឆ្នោត ពួកគេអាចយកបទពិសោធនៃការចូលរួមទាំងនោះធ្វើជាមូលដ្ឋានក្នុងការសំរេចចិត្តបាន។ ក្រៅពីកត្តាការចូលរួមដ៏ចាំបាច់នេះ នៅមានកត្តាភាពក្រាញននៀលនៃយុទ្ធនាការ ពោលគឺការស៊ូទ្រាំអត់ធ្មត់របស់សមាជិកទប់ទល់នឹងការបង្ក្រាប កលយុទ្ធធ្វើបាតុកម្ម ការបោះបង់ភារកិច្ចរបស់កងសន្តិសុខប៉ូលីស និងការសំរេចចិត្តរបស់ក្រុមវរជនដែលធ្លាប់តែគាំទ្ររបបដឹកនាំ ដែលកត្តាទាំងនេះក៏អាចនឹងងាយមានឡើងនៅពេលចលនារីកដាលធំដល់ចំនួន ៣, ៥ភាគរយនៃប្រជាជនសរុប។ អំពីវិធាន ៣,៥ភាគរយ យើងក៏ពុំមែនកំណត់ថា ប្រជាជនគួរចូលរួមបង្គ្រប់ត្រឹមតែចំនួន ៣,៥ភាគរយនោះដែរ។ ការចូលរួមកាន់តែច្រើន ធ្វើឱយយុទ្ធនាការនោះកាន់តែមានអំនាចនិងឥទ្ធិពល បង្កើនល្បឿនជោគជ័យ នឹងរិតតែជាកម្លាំងប្រជាធិបតេយ្យពិតប្រាកដ។ ចំនួនអ្នកចូលរួមអតិបរមាដែលធ្លាប់មាននៅក្នុងកំណត់ត្រាយុទ្ធនាការអហិង្សាគឺមានរហូតដល់ ១០ភាគរយនៃប្រជាជនទាំងមូល គឺជាចំនួនច្រើនបំផុត ជាករណីបដិវត្តន៍ដោយប្រជាជនអ៊ីរ៉ង់ជាច្រើនស្រទាប់ ដែលគេនិយមស្គាល់ថា «បដិវត្តន៍ឥស្លាម» នៅចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៩។ ជាមធ្យម យុទ្ធនាការអហិង្សាមានទំហំលើសពី ២០០០០០សមាជិក ដែលក្នុងនោះមានសមាជិកសកម្ម ១៥០០០០នាក់ទៅហើយ ពោលគឺពួកគេសកម្មជាងសមាជិកក្នុងយុទ្ធនាការហិង្សា គិតជាមធ្យម។
មានយន្តការមួយចំនួនដែលចាំបាច់ក្នុងការសំរេចបានជោគជ័យ ដែលចំនួនអ្នកចូលរួមបានរួមចំណែក ដូចជា៖ សមត្ថភាពក្នុងការឆាប់ក្រោកឈរឡើងវិញក្រោយពេលមានការរំខានដោយការបង្ក្រាប, លទ្ធភាពក្នុងការបង្កើតកលយុទ្ធថ្មីៗ, ពង្រីកការអុកឡុករបបដឹកនាំដោយប្រជាជនស៊ីវិល នាំឱយរបបនោះពិបាកនិងចំណាយថ្លៃច្រើនបង់ជូនកងសន្តិសុខក្នុងការរក្សានិងស្តារស្ថានភាពដើមវិញ, ធ្វើឱយអ្នកដែលធ្លាប់តែគាំទ្រនិងស្មោះត្រង់នឹងរបបដឹកនាំ ដូចជាយោធា ប៉ូលីសនិងកងកម្លាំងសន្តិសុខជាអាទិ រេរាគោលជំហរប្តូរទៅគាំទ្រប្រជាជនវិញ។ យោលតាមយន្តការទាំងនេះ ការគាំទ្រផ្ទាល់និងចូលរួមមានការចាំបាច់ណាស់ក្នុងការកំណត់លទ្ធផលរបស់យុទ្ធនាការ មិនថាហិង្សានិងអហិង្សានោះទេ ព្រោះចំនួននោះមិនមែនត្រឹមតែជាប្រភពនៃពលកម្ម ធនធានគាំទ្រចលនា និងប្រជាប្រិយភាពនោះទេ តែក៏ជាអំនាចក្នុងការបង្កើតរចនាសម្ពន្ធទ្រង់ទ្រាយធំ ក្រោយពេលចលនានោះទទួលបានជោគជ័យផងដែរ។ យុទ្ធនាការអហិង្សាមានលក្ខណៈប្រជាធិបតេយ្យនិងសេរីភាព មេដឹកនាំចលនាពុំអាចយកបាតុករធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន អំនាចប្រមូលផ្តុំលើមេដឹកនាំមានកំរិតទាប របាំងរារាំងអ្នកចូលរួមតិចណាស់ ដូច្នេះវាទំនងទៅរកការតំណាងផលប្រយោជន៍ប្រជាជនជាងកុបកម្មហិង្សា។
ប្រភព៖
៙ម៉ាក លីចបាក (Mark Irving Lichbach). ១៩៩៥. «ជំរើសទ្វេគ្រោះរបស់ពួកឧទ្ទាម» (The Rebel’s Dilemma). អាន អាបរ, មីឆីហ្គេន: រោងពុម្ពសាកលវិទ្យាល័យមីឆីហ្គេន (Ann Arbor, Michigan: Univeristy of Michigam Press)។
៙Erica Chenoweth. My Talk at TEDxBoulder: Civil Resistance and the “3.5% Rule”. Retrieved 06/12/2014. From http://rationalinsurgent.com/2013/11/04/my-talk-at-tedxboulder-civil-resistance-and-the-3-5-rule/
៙អេរិខា ឆេណូវេថ (Erica Chenoweth) និង ម៉ារៀ ស្ទីហ្វឹន (Maria J. Stephan). ២០១១. «ហេតុដែលបាតុកម្មតវ៉ារបស់ប្រជាជនស៊ីវិលដើរ: ភាពសមហេតុផលផ្នែកយុទ្ធសាស្ត្រនៃទំនាស់ដោយអហិង្សា» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក: រោងពុម្ពសាកលវិទ្យាល័យកូលុំបៀ (New York: Columbia University Press)។