មុខងាររបស់អ្នកដឹកនាំគឺបង្កើតអ្នកដឹកនាំឱយបានកាន់តែច្រើន មិនមែនបង្កើតអ្នកដើរតាមកាន់តែច្រើននោះទេ។
— រេភ នេឌើរ (Ralph Rader)
របបផ្តាច់ការសំបូរតែអ្នកហៃអើស្តាប់តាម អ្នកដើរតាមធ្វើតាមប៉ុណ្ណោះ ហេតុនេះហើយទើបគុណភាពអភិបាលកិច្ចរបស់របបនោះខ្សោយ។ ប្រជាធិបតេយ្យពិតប្រាកដវិញ សំបូរអ្នកដឹកនាំមានសមត្ថភាពឱយជ្រើសរើស អ្នកណាក៏មានសិទ្ធិអាចធ្វើជាអ្នកដឹកនាំបានដែរ ហើយសមាជិកក៏មានអំនាចសំរេច ជាមេដឹកនាំមិនមែនមានន័យថា អាចធ្វើអ្វីសំរេចអ្វីតាមតែក្បាលចិត្តនោះទេ។ ការដែលអ្នកចូលរួមឬសមាជិកមានអំនាចសំរេចគឺជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ តែបើអ្នកដឹកនាំសំរេចចិត្តតែឯងគ្រប់យ៉ាង អ្នកចូលរួមគ្មានសិទ្ធិសំរេចដោយស្មើភាព គឺរបៀបដឹកនាំនោះធ្វើតាមវិធីផ្តាច់ការ។ យោលតាមការណ៍នេះហើយ ប្រជាជនគួរបារម្ភអំពីឥទ្ធិពលខ្លាំងពេគរបស់មេដឹកនាំរបស់ពួកគេទៅលើចលនាដែរ ឬការពឹងអាស្រ័យខ្វះមេដឹកនាំមិនបាន ជាពិសេស នៅក្នុងករណីដែលមេដឹកនាំផ្លាស់ប្តូរជំហរ ទៅសំរបសំរួលនឹងរបបដឹកនាំយកប្រយោជន៍ យកតំណែង យកអំនាច មិនគិតពីសុវត្ថិភាពបាតុករនិងផលប្រយោជន៍រួមរបស់ចលនា។ អ្នកដឹកនាំបាតុកម្មដែលស្ថិតនៅខាងក្រៅក្រុម មេដឹកនាំចលនាដែលឋិតក្នុងជួរបក្សនយោបាយណាមួយ បុគ្គលដែលមិនរងគ្រោះពីបាតុកម្ម មេដឹកនាំបាតុកម្មដែលរត់ចោលបាតុកម្មពេលមានការបង្រ្កាប មិនគិតឬធ្វើជាគិតពីបាតុករ តែចាំទទួលផលដៃពីរពីបាតុកម្មពេលឈ្នះ។ល។ អ្នកដឹកនាំប្រភេទនេះ សមាជិកមិនគួរបណ្តោយឱយគេកាច់ចង្កូតបាតុកម្មឡើយ ព្រោះគេក៏អាចជាមេដឹកនាំផ្តាច់ការដែរ គឺជនផ្តាច់ការដែលផ្តួលរបបផ្តាច់ការមួយដើម្បីជំនួសកន្លែងជនផ្តាច់ការចាស់ នឹងអាលធ្វើជាមេដឹកនាំផ្តាច់ការថ្មីប៉ុណ្ណោះ។ ពួកគេអាចនឹងបោកបាតុករដើម្បីប្រយោជន៍សេដ្ឋកិច្ចឬនយោបាយពួកគេប៉ុណ្ណោះ រួមមាន ប្រជាប្រិយភាព សន្លឹកឆ្នោត ទ្រព្យសម្បត្តិ លុយកាក់ ជំនួយក្នុងស្រុកឬបរទេស។ល។ ក្នុងបំណងទៅតថ្លៃនឹងភាគីម្ខាងទៀតប៉ុណ្ណោះ។ ជាពិសេស ចលនាមិនគួរជ្រើសរើសមេដឹកជាអ្នកនយោបាយឬជនបរទេសឡើយ ព្រោះតែពួកគេជាប្រភេទមនុស្សដែលបាតុករមិនអាចទុកចិត្តបានទោះមកពីបក្សណាជនជាតិណាក៏ដោយ។ និយាយនេះពុំមែនមិនឱយអ្នកនយោបាយចូលរួមទេ ដូចការសិក្សាបានបង្ហាញហើយថា អ្នកដែលពាក់ពាន់នឹងរបបដឹកនាំ ដូចជាមន្ត្រីរដ្ឋការ អ្នកនយោបាយ អាចងាយនឹងបង្កើតឱយមានការផ្លាស់ប្តូរសា្វមីភក្តិ បំបែកផ្ទៃក្នុងរបបនិងការកាត់បន្ថយការបង្ក្រាប។ ប៉ុន្តែ ការចូលរួមនិងការដឹកនាំមិនដូចគ្នាទេ អ្នកនយោបាយចូលរួមនិងអ្នកនយោបាយដឹកនាំហុចលទ្ធផលខុសគ្នា។ បាតុករគួររៀនដឹកនាំខ្លួនឯង រៀនពីយុទ្ធសាស្ត្រធ្វើបាតុកម្មអហិង្សាដោយខ្លួនឯង ទ្រទ្រង់តំរូវការធនធានដោយខ្លួនឯង ជ្រើសរើសមេដឹកនាំដែលយល់ច្បាស់គ្រប់គ្រាន់អំពីបាតុកម្មអហិង្សាពីក្រុមបាតុករខ្លួនឯង, បើគ្មានទេ យ៉ាងតិចបំផុតណាស់ត្រូវប្រឹក្សានឹងអ្នកជំនាញ កុំរំពឹងមនុស្សក្រៅក្រុមដែលផ្តល់ជំនួយដល់បាតុកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ម្យ៉ាងទៀត ទោះបីមេដឹកនាំគ្មានបញ្ហាអាត្មានិយមនេះក៏ដោយ ការរំពឹងលើមេដឹកនាំដែលមានឥទ្ធិពលពេគ នឹងបើកចំហចំណុចខ្សោយនៃចលនាឱយជនផ្តាច់ការមើលឃើញ គឺថា ចលនានោះមិនអាចគ្មានមេដឹកនាខ្លាំងបាន បើចាប់ខ្លួនឬធ្វើឃាតមេដឹកនាំចលនាបាន នោះចលនានឹងបរាជ័យដោយឯកឯង មិនអាចតស៊ូក្រាញននៀលបន្តទៀតឡើយ។ លោក ជីន សាប (១៩៩៩) ច្រានចោលទស្សនៈយល់ច្រលំដែលថា ចលនាអហិង្សាត្រូវការមេដឹកនាំដែលមានលក្ខណៈពិសេសនិងប្រកបដោយឥទ្ធិពលខ្លាំង (Charismatic Leader ក្នុងវប្បធម៌ខ្មែរ គេនិយមស្គាល់ថាជា «អ្នកមានបុណ្យ» ទោះអត្ថន័យខុសគ្នាតិចតួចក្តី) ដូចជា មហាត្មៈគន្ធី និង ម៉ារទីន លូធើរ ឃីង ជាដើម ទើបអាចជោគជ័យបាន។ លោកបានមានប្រសាសន៍ថា «ការប្រើច្ចេកវិធី [អហិង្សា] មិនតំរូវឱយមានបុគ្គលមានឥទ្ធិពលពិសេសក្នុងការដឹកនាំនោះទេ។ […] សកម្មភាពអហិង្សាជាច្រើនករណីណាស់ រាប់ទាំងករណីជោគជ័យផង អ្នកដឹកនាំចលនាគ្មានលក្ខណៈពិសេសនេះនោះឡើយ។ […] ការកំណត់ផ្តល់គុណភាពពិសេសជូនអ្នកដឹកនាំនៅក្នុងសកម្មភាពអហិង្សាមានតែមានផលប៉ះពាល់អវិជ្ជមានលើប្រសិទ្ធភាពនៃការតស៊ូទៅវិញទេ។ ពិតណាស់ នៅពេលចំណេះអំពីជំនាញដែលត្រូវការនិងអាកប្បកិរិយាដែលត្រូវប្រកាន់ខ្ជាប់ក្នុងការអនុវត្តបច្ចេកវិធីនេះ ព្រមទាំងផែនការយុទ្ធសាស្ត្ររបស់វាត្រូវបានផ្សព្វផ្សាយទួទៅហើយនោះ តំរូវការអ្នកដឹកនាំខ្លាំងនឹងត្រូវបានកាត់បន្ថយ ទោះបីអ្នកដឹកនាំនោះមានឥទ្ធិពលពិសេសនោះឬមិនមានក្តី។» លើសពីនេះ ការសិក្សារបស់លោកស្រី ឆេណូវេថ ក៏បានគាំទ្រគំនិតរបស់លោកដែរ ដោយរកឃើញថា «របៀបដែលតួនាទីអចិន្ត្រៃយរបស់មេដឹកនាំប្រកបដោយឥទ្ធិពលមានចំពោះចលនា អាចប៉ះពាល់លើលទ្ធភាពនៃប្រជាធិបតេយ្យទៅថ្ងៃអនាគត។ ចលនាដែលពឹងផ្អែកលើអ្នកដឹកនាំដែលមានឥទ្ធិពលកាន់តែខ្លាំង នោះដំណើរផ្លាស់ប្តូរទៅកាន់ប្រជាធិបតេយ្យកាន់តែពិបាក ពីព្រោះនយោបាយមានទំនោរទៅបុគ្គលជាជាងស្ថាប័ន។ ការពឹងផ្អែកខ្លាំងពេគលើបុគ្គលិកភាពតែមួយក្នុងរបៀបដឹកនាំនៅក្នុងចលនាទំនងជាកំរិតយុទ្ធនាការពីចំណុចគន្លឹះណាមួយ។ ក្នុងករណីប្រទេសភូមា ត្រកូលគ្រួសាររបស់លោកស្រី អ៊ុង សានស៊ូជី រារាំងលោកស្រីពីការបើកកុងតាក់សំខាន់មួយនៃអានុភាពចលនាពោលគឺ ការបែកខ្ញែកក្នុងក្រុមយោធា ដែលទំនងជាចាំបាច់សំរាប់ជោគជ័យរបស់យុទ្ធនាការអហិង្សា។ [លោកស្រីមិនចង់ឱយមានការបែកបាក់ក្នុងចំណោមកងទាប់ ព្រោះពួកគេជាសមិទ្ធផលរបស់ឪពុកលោកស្រី]» ដូចបានជ្រាបស្រាប់ហើយថា របបផ្តាច់ការមានលក្ខណៈបុគ្គលនិយម ស្តាប់តាមតែមេដឹកនាំប្រើ គ្មានសិទ្ធិស្វ័យសំរេច ដំណើរការងារយឺតយ៉ាវ គឺថាក្នុងរបបនេះ ស្ថាប័នទាំងអស់ហាក់បីដូចជាកម្មសិទ្ធិរបស់ជនណាមួយ ហេតុនេះហើយ បើចលនាមួយធ្វើឡើងដើម្បីបណ្តុបមេដឹកនាំថ្មី មិនបង្កើតយន្តការជាប្រព័ន្ធ តាមរយៈស្ថាប័ន ពោលគឺ យន្តការសំរេចតាមបែបប្រជាធិបតេយ្យ ដូចជា ការបោះឆ្នោតសំរេចចិត្តពីសមាជិកពីរភាគបី ការផ្តាច់ស្ថាប័នទាំងឡាយពិសេសដូចជា តុលាការ សភា កងយោធា ភ្នាក់ងារពត៌មាន ឱយនៅដោយឡែកគ្មានជាប់ជាសមាជិកបក្សណាមួយ ឬមិនទទួលរងឥទ្ធិពលបក្សណាមួយ គឺសំខាន់ណាស់ដើម្បីធានាអនាគតប្រជាធិបតេយ្យ។ បើប្រជាជនបណ្តោយឱយមេដឹកនាំថ្មីមានអំនាចបញ្ជាសព្វបែបយ៉ាងហើយ គេនឹងប្រមូលផ្តុំអំនាចនិងបក្សពួក កំចាត់អ្នកប្រឆាំង រួចកសាងខ្លួនធ្វើជាជនផ្តាច់ការថ្មីពុំខាន ដោយសំអាងលើសេចក្តីទុកចិត្តដែលប្រជាជនផ្តល់ឱយ គុណសម្បត្តិរបស់គេ (ក្នុងករណីជននោះជាអតីតមេដឹកនាំចលនាឱយសំរេចជោគជ័យ) ក្រោយពេលផ្តួលរំលំរបបផ្តាច់ការចាស់បានជោគជ័យ ឬសំអាងលើសុទិដ្ឋិនិយមជ្រុលពេគរបស់ប្រជាជនថា របបផ្តាច់ការរលំហើយ ជនផ្តាច់ការក៏មិនមាននៅសេសសល់ទៀតដែរក្នុងប្រទេស។ ចលនាប្រជាជនអហិង្សាអាចធានាអំពីការផ្តួលរំលំរបបផ្តាច់ការ តែមិនមែនធានាថាគ្មានជនផ្តាច់ការថ្មីនោះទេ។ អ្នកនយោបាយណាក៏អាចជាជនផ្តាច់ការដែរ ឱយតែប្រជាជនផ្តល់ឱកាសឱយ មិនរវីរវល់អំពីការដឹកនាំរបស់ពួកគេ។ រំពឹងអ្នកនយោបាយឱយស្មោះត្រង់ ឱយស្រឡាញ់ប្រជាជន ឱយគិតពីប្រទេសជាតិជាធំ ប្រៀបដូចសង្ឃឹមចចកឱយមិនស៊ីចៀម ពេលសាច់ដល់មាត់អ៊ីចឹងដែរ ប្រការនេះហើយ គេត្រូវការប្រព័ន្ធប្រជាធិបតយ្យជាជាងបុគ្គលប្រជាធិបតេយ្យ។ គេត្រូវការបុគ្គលជាច្រើនដើម្បីកសាងប្រព័ន្ធប្រជាធិបតេយ្យមួយរឹងមាំមិនមែនត្រូវការបុគ្គលមករំលាយប្រព័ន្ធនោះ សាងខ្លួនជាជនសក្ការបូជាអ្វីនោះទេ។ ដូច្នេះ មុនពេលចលនាចាប់ផ្តើមត្រូវមានរចនាសម្ពន្ធដឹកនាំជ្រើសរើសតាមបែបប្រជាធិបតេយ្យត្រឹមត្រូវ ទើបចលនានោះមានសង្ឃឹមអាចជំរុញឱយសង្គមមួយដែលអនុវត្តប្រព័ន្ធនោះដែរ។ ជ្រើសរើសបានហើយ ពុំមែនចាំតែមេដឹកនាំម្នាក់នោះឡើយ គេត្រូវការយន្តការអំនាចសមាជិកមានសិទ្ធិសំរេចជោគវាសនារបស់ចលនានិងជ្រើសតាំងមេដឹកនាំថ្មី ពេលមានករណីចាប់ខ្លួនឬឈឺថ្កាត់រងគ្រោះដោយយថាហេតុណាមួយ។ ជាការពិតណាស់ថា ចលនាណាមួយកើតឡើងដំបូងពីចំនួនសមាជិកសកម្មតិចតួចប៉ុណ្ណោះ ហើយបានចាប់ផ្តើមពង្រីកមាឌរបស់ខ្លួនជាបន្តបន្ទាប់ ដូច្នេះ មេគំនិតដែលជំរុញចលនានោះគឺក្លាយមេដឹកនាំដោយស្វ័យប្រវត្តិដោយមិនឆ្លងកាត់ការបោះឆ្នោតពីសមាជិកឡើយ។ តាមពិតករណីនេះ សមាជិកសកម្មដែលបានដើរតាម មានគំនិតគោលដៅដូចគ្នានឹងអ្នកផ្តើមគំនិត បានបោះឆ្នោតរួចស្រេចទៅហើយ គ្រាន់តែតាមរយៈការសហការ គាំទ្រ ចូលរួម គោរពតាម ជាជាងសន្លឹកឆ្នោតប៉ុណ្ណោះ ហើយដូចបានដឹងស្រាប់ ប្រភពអំនាចរបស់អ្នកដឹកនាំ អាស្រ័យស្ទើរមួយរយភាគរយចេញពីសកម្មភាពយល់ព្រមរបស់សមាជិកនៃសកម្មភាពក្រុមនោះ។ មិនមែនទាល់តែបោះឆ្នោតទើបប្រជាធិបតេយ្យទេ តែគឺការគាំទ្រ ការសហការ សិទ្ធិសំរេចរួមគ្នា មានអំនាចស្មើគ្នា ទើបជាមូលដ្ឋានពិតនៃប្រជាធិបតេយ្យ។ យើងគួររំឭកឡើងវិញថា ចលនាប្រជាជនមិនអាចត្រូវបានក្រុមណាយកធ្វើជាកម្មសិទ្ធិឡើយ ព្រោះបាតុករមានសេរីភាពដើរហើរ ចង់ចូលចេញតាមអំពើចិត្ត មេដឹកនាំមានឥទ្ធិពលត្រឹមលួងលោមប៉ុណ្ណោះ គ្មានអំនាចឃាត់ខ្លួនឬបញ្ជាពួកគេឡើយតាមតែក្បាលចិត្តទេ។ ហេតុដូច្នេះហើយ ទើបចលនាប្រជាជនជាទួទៅកាត់បន្ថយកំរិតរបៀបដឹកនាំបែបផ្តាច់ការ។ កាលបើបានរៀបចំប្រព័ន្ធការពារគ្រោះអាសន្នហើយ ទើបចលនានៅតែអាចបន្តបាន ទោះមានអ្វីកើតឡើងចំពោះមេដឹកនាំក៏ដោយ។ ទោះមេដឹកនាំចលនាស្លាប់ អវត្តមាន ត្រូវបានចាប់ខ្លួន ក៏បាតុកម្មនៅតែរស់។ បាតុកម្មដែលគ្មានមេដឹកនាំតែងតែទន់ខ្សោយងាយបំបែក ប៉ុន្តែបាតុកម្មដែលអាចដឹកនាំខ្លួនដោយទាំងពេលមេដឹកនាំខ្លួនមានបញ្ហាគឺជាចំណុចជោគជ័យផ្ទៃក្នុង ដែលអ្នកដឹកនាំចលនាត្រូវត្រៀមរបៀបជ្រើសតាំងអ្នកដឹកនាំថ្មីទុក។ បាតុកម្មដោយពុំយកមេដឹកនាំជាទីពំនាក់អាស្រ័យគឺជាបាតុកម្មដែលចេះរៀបចំដឹកនាំខ្លួនឯងបាន មិនចាំតែមេដឹកនាំធ្វើនោះ។