ជាការពិត គ្មានចលនាណាផ្តើមភ្លាមមានចំនួនអ្នកចូលរួមច្រើនកុះករនោះឡើយ។ ពីមនុស្សមួយក្រុមតូចឈានទៅដល់ចំនួនច្រើនស្អេកស្អះបាន គឺជាបន្ទុករបស់អ្នកដឹកនាំ។ ក្រោយពីក្រុមបាតុកម្មបង្កើតមូលដ្ឋានស្របច្បាប់នៃចលនារបស់ខ្លួនហើយ បាតុកម្មដែលធ្វើដោយសន្តិវិធីត្រូវតែបានធានាដោយច្បាប់ មានមូលហេតុត្រឹមត្រូវ មេដឹកនាំបាតុកម្មអាចពឹងលើគ្នីគ្នាទាំងប៉ុន្មានដែលមានស្រាប់នោះ ផ្សព្វផ្សាយបន្ត ទាក់ទាញអ្នកចូលរួម។ នៅពេលជនផ្តាច់ការព្រួយបារម្ភពីអំនាចប្រជាជន ពួកគេនឹងរារាំងបាតុកម្ម ទោះបាតុកម្មនោះតូចតាចក៏ដោយក្តី។ អាជ្ញាធរអាចបង្ក្រាបឬរារាំងមិនឱយធ្វើបាតុកម្មដោយយកលេសថាគ្មានសុំការអនុញ្ញាត។ បាតុករអាចវាយបកដោយថ្លែងការណ៍ពីការមិនគោរពច្បាប់បាតុកម្មរបស់អាជ្ញាធរនិងថែមទាំងបង្ខំប្រជាជនឱយមិនគោរពច្បាប់បាតុកម្មតាមខ្លួនទៀត។ បើចួបឧបសគ្គបែបនេះ មេដឹកនាំមិនត្រូវបញ្ឈប់ត្រឹមអាជ្ញាធរហាមមិនឱយធ្វើនោះទេ តែត្រូវតែបន្ត បើមានការបង្រ្កាប បំបែកគ្នារួចចាំចួបគ្នាជាថ្មីនៅទីតាំងផ្សេងដើម្បីកុំឱយអាជ្ញាធរជ្រាបជាមុននិងទៅរារាំងឬទៅបង្ក្រាបទៀត។ បើគេឃាត់មិនឱយទៅដល់កន្លែងដែលបានគ្រោងទុក គេគួរបាតុកម្មនៅនឹងកន្លែងតែម្តង ឬក៏កូដកម្មមិនធ្វើការនៅផ្ទះក៏បាន។ គេមិនត្រូវចាប់ផ្តើមភ្លាមដោយបង្ហាញគោលជំហរថាមិនទទួលស្គាល់រដ្ឋាភិបាលផ្តាច់ការ ចង់ដេញពួកគេចេញពីអំនាចតែម្តងទេ ពីព្រោះវាប៉ះពាល់ដល់អារម្មរបស់ជនផ្តាច់ការ ហើយគេនឹងបង្ក្រាបឬរារាំងភ្លាមៗ។ មិនមែនថាយើងគ្មានវិធីទប់ទល់ ឱយតែមានការបង្ក្រាប យើងចុះចាញ់នោះទេ តែយើងត្រូវពន្យារពេលតាមតែអាចធ្វើទៅបាន ដើម្បីមានពេលច្រើនអាចបញ្ចុះបញ្ចូល ស្ទង់ស្ថានភាពនិងប្រតិកម្មប្រជាជនមើលសិន។ បើពួកគេនៅមិនខ្វល់អើពើ យើងត្រូវផ្សព្វផ្សាយឱយប្រជាជនយល់ពីបាតុកម្មអហិង្សានិងមូលហេតុដែលប្រជាជនដែលមិនត្រូវស្ងៀមបន្តទៀត។ ត្រង់វិធីផ្សព្វផ្សាយនេះ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មាន ដូចជាអ៊ីនធើរនេត ក៏មានប្រសិទ្ធភាពមិនធម្មតាដែរ។ មានចលនាជាច្រើន បានផ្ទុះឡើងនិងជោគជ័យ ដោយមានបច្ចេកវិទ្យាពត៌មានជាបង្អែក។ តែក៏សូមកុំភ្លេចថា នៅសម័យមិនទាន់មានបច្ចេកវិទ្យាទាំងនោះ ក៏ចលនាសង្គមជាច្រើនករណីនៅតែអាចប្រព្រឹត្តទៅបានរហូតដល់ទទួលបានជោគជ័យជាធម្មតា។ ទោះបីស្ថាប័នសារពត៌មានក្នុងស្រុកភាគច្រើនឋិតក្រោមសម្ពាធរដ្ឋាភិបាលក៏ដោយ នៅតែមានសារពត៌មានបរទេសឬក្រៅស្រុក ឯករាជ្យនឹងមកពាំនាំយកពត៌មានពាប់សាររបស់បាតុកម្មទៅប្រជាជនទាំងមូលដែរ។ ហេតុនេះ ត្រង់ការផ្យព្វផ្សាយបញ្ជា្របក្នុងស្រទាប់ប្រជាជន ស្រូបទាញប្រជាជនឱយគាំទ្របាតុកម្មពុំមែនជាការលំបាកណាស់ណាទេ ឱយតែមានសីល្ប៍វិធីនិយាយពន្យល់សាធារណជន។ ចំនួននិងភាពចំរុះនៃបាតុករក៏អាចសំរេចបានដូចគ្នា បើសិនមានមធ្យោបាយមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្សព្វផ្យាយ។ ការអំពាវនាវត្រង់ភ្លឹងមិនសូវមានឥទ្ធិពលដូចការពន្យល់ពួកគេឱយយល់ពីដំណើរការទាំងមូលនៃបាតុកម្មឡើយ។យើងត្រូវធ្វើឱយពួកគេយល់ថា មិនមែនតែយុទ្ធនាការទេត្រូវការប្រជាជនចូលរួម ប្រជាជនក៏ត្រូវការចលនាដែរ មិនសំខាន់ត្រង់មេដឹកនាំចលនាអំពាវនាវហៅឡើយ។ ការបំភ្លឺបាតុករឱយយល់ជ្រះស្រលះគឺជាការអំពាវនាវដោយប្រយោលនិងមានអានុភាពខ្លាំងណាស់ ហើយនាំឱយពួកគេជួយអំពាវនាវបន្តគ្នាដោយឯកឯងដោយមិនបាច់មានការស្នើសុំ។ បើពួកគេយល់ច្បាស់ពីក្បួនធ្វើបាតុកម្ម ទោះគ្មានបាតុកម្មក៏ដោយ ក៏ពួកគេអាចដឹកនាំធ្វើដោយខ្លួនឯងបានដែរ។ អ្វីដែលមេដឹកនាំត្រូវធ្វើគឺបញ្ជ្រាបវប្បធម៌អហិង្សានិងទ្រឹស្តីសកម្មភាពអហិង្សាក្នុងបាតុករ ហើយពឹងផ្អែកលើពួកគេផ្សាយបន្តគ្នា ដូច្នេះសារតែមួយនឹងទៅដល់អ្នកស្តាប់ដែលយើងមើលមិនឃើញជាច្រើន ហើយនាំពួកគេឱយមកចូលរួមបាតុកម្មដោយឯកឯង។ ការផ្សព្វផ្សាយអំពីសេចក្តីពន្យល់អំពីបាតុកម្ម ហេតុអ្វីបាតុកម្មអហិង្សាអាចទៅរួច ប្រសិទ្ធភាព និងរបៀបធ្វើឱយបានជោគជ័យ យុទ្ធសាស្ត្រឬកលយុទ្ធអហិង្សាផ្សេងៗ គឺសុទ្ធតែអាចបណ្តុះបាតុករ មិនមែនដើម្បីតែប្រឆាំងរបបផ្តាច់ការថ្ងៃនេះទេ តែគឺដើម្បីទប់ទល់នឹងការគាបសង្កត់រំលោភបំពានគ្រប់ប្រភេទជាច្រើនទៀត នៅផ្នែកណាមួយនៃសង្គម នៅរយៈពេលវែងខាងមុខទៀតផងដែរ។ ក្នុងករណីអ្នកចូលរួមមិនសូវរឹងមាំ មានការជឿជាក់ទាប ជាពិសេសករណីប្រជាជនមានចំណេះដឹងខ្សោយ ទោះចួបឧបសគ្គយ៉ាងណាក៏ដោយ អ្នកបំផុសចលនាអហិង្សាត្រូវតែជំនះទៅមុខជានិច្ច ដោយប្រកាន់ខ្ជាប់នូវជំនឿមួយថា កើតជាមនុស្ស គ្មាននរណាគ្មានសមត្ថភាពក្នុងការរៀនសូត្រទេ។ អ្នកណាក៏មានកម្លាំងក្នុងការមិនប្រើប្រាស់កម្លាំងដែរ ពោលគឺ ហិង្សាទើបត្រូវការកម្លាំង អ្នកណាក៏អាចប្រើវិធីអហិង្សាដែរ។ ទំនាញកម្លាំងអហិង្សាជាមេដែកទាញពួកគេមកដោយស្មគ្រចិត្តតែម្តង។ បាតុករដែលបានមកពីកម្លាំងចិត្តបែបនេះ វាយមិនបែកឡើយ បើបែកក៏ប្រមូលវិញបានដោយមិនសូវពិបាក បើមេបាតុករត្រូវគេចាប់ឬស្លាប់ ក៏មានអ្នកថ្មីជំនួសភ្លាម ព្រោះបាតុករសុទ្ធតែចេះធ្វើបាតុកម្មអហិង្សា ចាប់ប៉ុន្មាននាក់ ស្លាប់ប៉ុន្មានក៏មិនចេះអស់ដែរ ពោលគឺជាកងទាប់អហិង្សាស្មគ្រស្លាប់។ បើឈរលើទស្សនៈរបស់អ្នកចូលរួមវិញ ប្រជាជនមិនមែនចេះតែចូលរួមបាតុកម្មងាយៗឡើយ ទោះបីពួកគេបានយល់ដឹងពីបាតុកម្មអហិង្សាឬសារប្រយោជន៍នៃបាតុកម្មក៏ដោយ។ ពួកគេតែងនៅចាំមើលនិងត្រូវការអ្នកនាំ មានគ្នាទៅជាមួយ មិនមែនដើរទៅចូលតែឯងឡើយ។ លោកស្រី ឆេណូវេថ បានលើកឡើងថា «មិនមែនមនុស្សរាល់គ្នាសុទ្ធតែចង់ឆក់យកឱកាសដូចគ្នានៅក្នុងឆាកជីវិតនោះទេ ហើយប្រជាជនជាច្រើននឹងមិនប្រួលប្រែទេ លុះណាតែពួកគេរំពឹងថាមានចំនួនអ្នកចូលរួមច្រើនល្មមដែលអាចធានាសុវត្ថិភាពបានសិន។» តែត្រង់នេះក៏មិនពិបាកសំរេចបានដែរ ព្រោះទំនាក់ទំនងសង្គមមានលក្ខណៈហូរទៅដោយខ្លួនឯង ម្យ៉ាងបាតុកម្មអហិង្សាមានលក្ខណៈសេរីបែបនេះក៏ជាចំណុចពិសេស មនុស្សម្នាក់ចូលរួមបានពាំនាំនូវបណ្តាញទំនាក់ទំនងជាច្រើនជាប់មកជាមួយ ដូចជាគ្រួសារ ញាតិសន្តាន មិត្រភក្តិ អ្នកជិតខាង។ល។ នៅពេលប្រជាជនបានយល់ពីបាតុកម្ម បាតុកម្មធ្វើឡើងដើម្បីប្រជាជន នោះអ្នកចូលរួមហូរចូលមកយ៉ាងស្រួល។ មិនដូចករណីបាតុករដែលបានមកពីការបង្ខំ ទិញទឹកចិត្ត ផ្តល់ប្រយោជន៍ឡើយ បាតុករសុច្ឆន្ទៈមិនផុយស្រួយ មានសាមគ្គីភាព មិនគិតតែពីប្រយោជនផ្ទាល់ខ្លួននោះឡើយ។