មូល​ហេតុដែល​​​​រដ្ឋាភិបាល​ខ្លាច​បាតុកម្ម​និង​អ្វី​ដែលពួក​គេ​មិន​សូវ​ខ្លាច​​?

រដ្ឋាភិបាលមិនខ្លាចប៉ុន្មានទេ ចលនាឧទ្ទាមប្រដាប់អាវុធ អន្តរាគមន៍យោធាពីបរទេស តុលាការឧក្រិដ្ឋកម្មអន្តរជាតិ រដ្ឋប្រហារ តែគឺ «បាតុកម្មដែលរដ្ឋាភិបាលមិនចង់ប្រឈមបំផុត»។ ទោះបីរដ្ឋាភិបាលរមែងធ្វើអន្តរាគមន៍បង្ក្រាបភ្លាមៗ រាល់ពេលមានវត្តមានក្រុមប្រដាប់អាវុធណាមួយដែលប៉ងផ្ដួលរំលំរដ្ឋ នៅក្នុងដែនអធិបតេយ្យរបស់ខ្លួន គេគប្បីយល់ថា រដ្ឋាភិបាលតែងមានមូលដ្ឋានយោធាខ្លាំងគ្រប់គ្រាន់ទើបអាចរក្សារដ្ឋអធិបតេយ្យបាន ឯក្រុមប្រដាប់អាវុធតែងប្រទះឃើញថា រដ្ឋរមែងមានសមត្ថភាពយោធាខ្ពស់ជាងខ្លួនជានិច្ច ទោះបីមានករណីខ្លះមានរដ្ឋបរទេសគាំទ្រផ្នែកសព្វាវុធនិងមូលដ្ឋានទ័ព ក៏មិនប្រាកដថាមានឱកាសឈ្នះខ្ពស់នោះដែរ។ អន្តរាគមន៍យោធាពីបរទេសក៏មិនខុសគ្នា ដរាបណាគេប្រើវិធីហិង្សាដែលរដ្ឋាភិបាលបានត្រៀមខ្លួន មានលក្ខណសម្បត្តិយោធាគ្រប់គ្រាន់ ទោះរដ្ឋនោះអាចដួលក៏មិនមែនធ្វើក្នុងរយៈពេលខ្លីនិងបង្កផលវិបាកអវិជ្ជមានតិចនោះដែរ។ រីឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិវិញ គេពិបាកជឿជាក់លើប្រសិទ្ធភាពណាស់ ត្បិតតុលាការនេះផ្អែកលើសហគមន៍អន្តរជាតិខ្លាំង ដូច្នេះហើយគេកម្រអាចរំពឹងថា អន្តរជាតិខ្វាយខ្វល់ពីរដ្ឋណាមួយដែលគ្មានទាក់ទងនឹងផលប្រយោជន៍នយោបាយនិងសេដ្ឋកិច្ចរបស់ពួកគេណាស់។ ពិសេសតុលាការនេះមិនអាចចាប់ជនសង្ស័យណាមួយទៅកាត់ក្តីដោយខ្លួនឯងនោះឡើយ គឺអាស្រ័យទាំងស្រុងលើរដ្ឋសមាជិក មានន័យថា បើរដ្ឋជាសមាជិកបដិសេធមិនបញ្ជូនជននោះ តុលាការមិនមានអំនាចអ្វីឬមិនទាន់មានយន្តការដាក់សម្ពាធលើរដ្ឋជាសមាជិកដែលមិនគោរពសាលដីការបស់ខ្លួននោះទេ។ ចំពោះរដ្ឋប្រហារ ថ្វីត្បតិរដ្ឋាភិបាលជាទួទៅ គ្មានគោលនយោបាយបង្ការក៏ដោយ (វិធានការត្រៀមសង្គ្រោះគណបក្សដែលកាន់អំនាចពីការប៉ុនប៉ងដណ្តើមអំនាចដោយកម្លាំងពីក្រុមនយោបាយដែលមិនកាន់អំនាចឬដោយក្រុមយោធា) រដ្ឋប្រហារមិនងាយជោគជ័យទេ វាត្រូវការការសម្ងាត់ខ្ពស់និងមិនបង្កឱយមានការផ្លាស់ប្តូររចនាសម្ព័ន្ធនយោបាយជាវិជ្ជមានឡើយ គ្រាន់តែប្តូរពីចៅហ្វាយមួយ មកចៅហ្វាយដែលអាក្រក់ជាងមុនប៉ុណ្ណោះ បំផុតនោះគឺវាបង្កើនហានិភ័យសង្គ្រាមស៊ីវិល។ លោក Patrick McGowan  អ្នកវិទ្យាសាស្ត្រនយោបាយ នៅអារីហ្សូណា ប្រមូលកត់ត្រាគំរោងការរដ្ឋប្រហារចំនួន ៣៣៦ករណីនៅអាហ្រ្វិច ដែលក្នុងនោះ មានតែ៨២ករណីប៉ុណ្ណោះជោគជ័យ ហើយ ១៩១ករណីទៀត បានត្រឹមតែចូលដល់ដំណាក់កាលប៉ុនប៉ងប៉ុណ្ណោះ។ ថ្វីត្បិតការសិក្សានេះធ្វើឡើងតែនៅអាហ្វ្រិច តែប្រាកដណាស់ វាអាចប៉ាន់ស្មាននិងលាតត្រដាងពីលក្ខណៈទូទៅរបស់រដ្ឋប្រហារនៅប្រទេសផ្សេងៗទៀត គឺថា បើគេសិក្សាពីរដ្ឋប្រហារនៅប្រទេសផ្សេងនឹងទទួលលទ្ធផលប្រហាក់ប្រហែលគ្នា។ បើសូម្បីរដ្ឋប្រហារមិនអាចផលិតលទ្ធផលវិជ្ជមានលើវិស័យនយោបាយនិងមានអត្រាបរាជ័យខ្ពស់ទៅហើយក្រៅពីនេះនៅសល់តែការបោះឆ្នោតជាតិប៉ុណ្ណោះ តើរដ្ឋាភិបាលខ្លាចចាញ់ឆ្នោតមែនទែន?

            ចម្លើយគឺថាខ្លាចការបោះឆ្នោតដែលខ្លួនមិនមានសង្ឃឹមឈ្នះមែនហើយ ប៉ុន្តែវាមិនមែនជាអ្វីដែលគណបក្សកាន់អំនាចមិនអាចទាយទុកនិងគ្មានយុទ្ធសាស្ត្រទប់ទល់នោះទេ។ បើការបោះឆ្នោតអាចគំរាមកំហែងដល់អំនាចរបស់ពួកគេ គ្មានអ្វីចម្លែកទេ បើពួកគេត្រៀមគ្រប់កលល្បិចដើម្បីបញ្ចៀសលទ្ធផលមួយនេះ ដូចជា ក្តាប់ស្ថាប័នបោះឆ្នោត គំរាមឬទិញទឹកចិត្តអ្នករៀបចំការបោះឆ្នោត បង្កើតភាពមិនប្រក្រតី មិនទទួលស្គាល់លទ្ធផលឆ្នោត (ប្រសិនបើមិនឈ្នះ) និងបំបិទមាត់អ្នកប្រឆាំងដែលលើកឡើងពីភាពមិនប្រក្រតី ឬក៏បង្ក្រាបអ្នកដែលជំរុញឱយខ្លួនចុះចេញពីអំនាចជាអាទិ។ ទោះបីលទ្ធផលឆ្នោត គណបក្សផ្សេងឈ្នះក៏ដោយ ក៏គណបក្សកាន់អំនាចអាចមិនទទួលស្គាល់លទ្ធផល មិនព្រមចុះចេញពីអំនាច បង្ក្រាបអ្នកមិនព្រមទទួលស្គាល់ និងអាចធ្វើរដ្ឋប្រហារគណបក្សឆ្នោតគ្រប់ពេលវេលា ព្រមទាំងអាចបង្កការរាំងស្ទះមិនឱយគណបក្សកាន់អំនាចថ្មីធ្វើអ្វីបាននោះដែរ។  រដ្ឋប្រហារមិនមែនមានសង្ឃឹមជោគជ័យទាបរហូតនោះទេ ប្រសិនបើក្រុមដែលធ្វើរដ្ឋប្រហារនោះគឺជាអតីតក្រុមអ្នកកាន់អំនាច មានសមត្ថភាពយោធាខ្ពស់ មានគំរោងការសម្ងាត់និងប្រតិបត្តិការរលូត ពិសេសគឺធ្វើឡើងចំពោះភាគីម្ខាងទៀតដែលគ្មានការត្រៀមខ្លួន គ្មានវិធានការបង្ការ និងគ្មានកម្លាំងទ័ពទាល់តែសោះ។ ចុះបើការបោះឆ្នោតដែលប្រជាជនសង្ឃឹមលើបំផុតមិនអាចធានាបានទៅហើយ តើបាតុកម្មអាចជួយអ្វីបាន បើរដ្ឋាភិបាលក៏អាចបង្ក្រាបបានដែរនោះ?

មានកងសន្តិសុខ មានយោធា  មានប៉ូលីស មានអ្នកការិយាធិបតេយ្យ មានគុក។ល។ ពិតមែនតែជាសសរស្តម្ភទ្ររបបដឹកនាំ អាចទប់ទល់វាយបង្ក្រាបបាតុកម្មរបស់ប្រជាជនមែន ប៉ុន្តែមិនមែនគ្រប់ការបង្ក្រាបអាចជួយសង្គ្រោះរដ្ឋាភិបាលពីការប្រឆាំងរបស់ប្រជាជននោះទេ។ អ្នកវិទ្យាសាស្ត្រនយោបាយស្រ្តីពីររូប  Erica Chenoweth និង Maria J. Stephan ដែលម្នាក់ជំនាញផ្នែកអំពើហិង្សាខាងនយោបាយនិងភេរវកម្ម ឯម្នាក់ទៀតឯកទេសខាងការប្រឆាំងរបស់ប្រជាជនស៊ីវិលឬបាតុកម្មអហិង្សា បានរួមគ្នាសិក្សាប្រៀបធៀបបែបពិសោធន៍រវាងវិស័យទាំងពីរបានរកឃើញថា យុទ្ធនាការអហិង្សាដែលផ្អែកលើប្រជាជនស៊ីវិលមានអត្រាសំរេចបានគោលបំណងរបស់ខ្លួនរហូតដល់ទៅ ៥៣%ឯណោះ ពោលគឺទ្វេដង បើប្រៀបនឹងយុទ្ធនាការហិង្សាដែលមានសង្ឃឹមជោគជ័យតែ ២៦%ទេ។ ពិសេសជាងនេះទៀត គ្មានយុទ្ធនាការអហិង្សាណាបរាជ័យនោះទេ បើសិនសំរេចបានការចូលរួមដោយសកម្ម ចំរុះ និងបន្តបន្ទាប់ពីចំនួនត្រឹមតែ ៣,៥%នៃប្រជាជនសរុបប៉ុណ្ណោះ ហើយភាគច្រើននៃចលនាទាំងនោះ ទទួលបានជ័យជំនះដោយមានចំនួនអ្នកចូលរួមតិចជាងឆ្ងាយពីចំនួនភាគរយនេះ។ តែនេះមិនមែនមានន័យថា គេគ្រាន់តែប្រមូលផ្តុំគ្នានៅទីសាធារណៈឱយគ្រប់ ៣,៥% ហើយជោគជ័យនោះទេ។ ស្រដៀងគ្នានឹងកត្តាជោគជ័យនៃយុទ្ធនាការហិង្សាដែរ មិនមែនមានទ័ពច្រើនតែងតែឈ្នះនោះទេ គេទាមទារយុទ្ធវិធីធ្វើសឹកច្រើនចំរុះ បត់បែនតាមដំណើររបស់សត្រូវនិងភូមិសាស្ត្រសមរភូមិ មានអង្គការដឹកនាំរឹងមាំ, ឈ្លាសវៃ, ច្បាស់លាស់, មានផែនការយុទ្ធសាស្ត្រត្រឹមត្រូវ អាចតស៊ូក្រាញននៀលក្នុងរយៈពេលយូរល្មម និងវាយឱយចំចំណុចខ្សោយរបស់គូប្រជែងជាដើម។ល។ យុទ្ធនាការអហិង្សាក៏ត្រូវអង្គការដឹកនាំដែរ (ជាលក្ខណៈវិមជ្ឍការឬបណ្តាញ) ទាមទារការបណ្តុះបណ្តាលបាតុករ, ពង្រឹងវិន័យមិនប្រើហិង្សា, ប្រើវិធីអហិង្សាតាមកាលៈទេសៈ (ពិសេសក្នុងស្ថានភាពបង្ក្រាប), ក្រាញននៀល, ស្រូបយកភក្តីភាពពីភ្នាក់ងារបង្ក្រាបឬអ្នកបំរើការរដ្ឋ។ល។ តាមរយៈការសិក្សាដដែល ទោះបីប្រឈមនឹងការបង្ក្រាប យុទ្ធនាការអហិង្សានៅតែមានឱកាសជោគជ័យខ្ពស់ជាងយុទ្ធនាការហិង្សាដែរ គឺ ៤៦%  ទល់នឹង ២០%។ នេះក៏ព្រោះការបង្ក្រាបបាតុកម្មអហិង្សា ដើម្បីបញ្ឈប់ការតវ៉ា បន្ថយការចូលរួម បំភ័យជាដើមនោះ អាចទទួលបានលទ្ធផលផ្ទុយ ពោលគឺបញ្ឆេះកំហឹងមហាជន បង្កើនការចូលរួម បន្ទាបភាពស្របច្បាប់របស់រដ្ឋអំនាច ធ្វើឱយបាតុករលែងខ្លាចបែរជាកាន់តែប្តូរផ្តាច់ប្រឆាំង ពិសេសភ្នាក់ងារបង្ក្រាបមិនប្រាកដថាមានភក្តីភាពចំពោះរដ្ឋអំនាចរហូតទេ ប្រសិនបើចំនួនអ្នកចូលរួមកើនឡើង មានគ្រួសារ មិត្រភក្តិ និងអ្នកជិតខាងរបស់ពួកគេនៅក្នុងចំណោមអ្នកធ្វើបាតុកម្ម, យុទ្ធនាការប្រើវិធីអហិង្សាដែលពិបាកបង្ក្រាបដូចជា កូដកម្មមិនទៅធ្វើការសំងំនៅផ្ទះ ដោយមន្ត្រីរាជការ, កម្មករនិយោជិត, គ្រូសិស្សមិនទៅបង្រៀនឬរៀន, … ពហិការមិនទៅបោះឆ្នោត , មិនរាប់រកលក់ដូរអ្វីឱយភ្នាក់ងារបង្ក្រាប, មិនផ្តុំគ្នា តែនៅតែបន្តបាតុកម្ម។ល។ ដរាបពួកគេបន្តមិនសហការក្នុងរយៈពេលមួយយូរគ្រប់គ្រាន់ (សប្ដាហ៍, ខែ, តិចជាង៣ឆ្នាំ យុទ្ធនាការអហិង្សាមានកាលកំណត់ជាមធ្យម ៣ឆ្នាំពីផ្តើមដល់បញ្ចប់ ឯយុទ្ធនាការហិង្សាវិញ ៩ឆ្នាំឯណោះ) ប្រព័ន្ធសេដ្ឋកិច្ចនិងនយោបាយនឹងជាប់គាំង មិនអាចឱយអ្នកដឹកនាំរដ្ឋបន្តកាន់អំនាចបានឡើយ ទោះពួកគេមានសមត្ថភាពយោធាបង្ក្រាបខ្លាំងប៉ុណ្ណាក៏ដោយ។  ផ្ទុយទៅវិញ បង្ក្រាបយុទ្ធនាការហិង្សាឬកុបកម្មបែរជាលើកមុខលើកមាត់របបដឹកនាំឱយស្របច្បាប់ក្នុងនាមរក្សាសណ្តាប់ធ្នាប់ ធ្វើឱយប្រជាជនរត់រករដ្ឋអំនាចដើម្បីសន្តិសុខ ធ្វើឱយភ្នាក់ងារបង្ក្រាបប្តូរស្លាប់ការពាររបប (ជាជាងរវាសចិត្តលែងស្មោះស្មគ្រនឹងរដ្ឋអំនាច) ព្រោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេក៏ត្រូវបានគំរាមកំហែងដោយសារអំពើហិង្សាពីភាគីប្រឆាំងដែរ។ ពិតមែនតែតាមរយៈការសិក្សា ការបង្ក្រាបដោយហិង្សាបន្ថយលទ្ធភាពជោគជ័យរបស់យុទ្ធនាការ គឺប្រហែលជិត៣៥% ប៉ុន្តែយុទ្ធនាការអហិង្សានៅតែមានប្រសិទ្ធភាពជាងយុទ្ធនាការហិង្សា ដោយមិនគីតពីប្រតិកម្មហិង្សា របបផ្តាច់ការ ឬរដ្ឋអំនាចជិះជាន់នោះឡើយ ពោលគឺគ្មានទេកត្តាលក្ខខណ្ឌ មានតែកត្តាចលនាខ្លួនចេះដឹកនាំ មានជំនាញ តាក់ទិច វិន័យ ផែនការត្រឹមត្រូវឬទេ។ គេគប្បីយល់ថា ប្រភពធនធានដើម្បីជួលភ្នាក់ងារបង្ក្រាបទាំងនោះឱយមកធ្វើការ ដើរវាយបាតុករ ក៏បានមកតែពីប្រជាជន ពីពន្ធអាករសព្វសារពើ ពីសកម្មភាពសេដ្ឋកិច្ចរបស់ពលរដ្ឋនោះដែរ។ ប្រសិនបើពួកគេធ្វើកូដកម្មបង្អាក់ដំណើរការសេដ្ឋកិច្ច រដ្ឋអំនាចនឹងគ្មានថវិកាទ្រទ្រង់បានយូរគ្រប់គ្រាន់ឡើយ ដើម្បីទិញទឹកចិត្តភ្នាក់ងារទាំងឡាយឱយស្តាប់បង្គាប់ខ្លួន នេះនៅមិនគិតពីប្រភពធនធានមនុស្សផង ត្បិតវាក៏បានមកតែពីប្រជាជនចូលបំរើការងាររដ្ឋ ធ្វើមន្ត្រីរាជការ ប៉ូលីស កងសន្តិសុខ ទាហានដែរ។ បើភ្នាក់ងារបង្ក្រាបធ្វើជាសុំច្បាប់សំរាកច្រើនគ្នា ក្នុងរយៈពេលដែលរដ្ឋអំនាចត្រូវការពួកគេបំផុតនោះ របបដឹកនាំនឹងដួលព្រោះអស់មានអ្វីមកការពារពួកគេពីបាតុកម្មរបស់ប្រជាជនទៀតហើយ។ ទោះបីករណីភ្នាក់ងារទាំងនោះនៅតែស្មោះស្មគ្រនឹងរបបដឹកនាំក៏ដោយ ក៏ពួកគេមិនអាចរស់នៅដាច់ដោយឡែកពីប្រជាជនសាមញ្ញនិងក្រុមគ្រួសាររបស់ខ្លួនឡើយ អ្នកមានទំនាក់ទំនងជិតស្និទ្ធនឹងភ្នាក់ងារទាំងនោះនៅតែអាចបញ្ចុះបញ្ចូលឱយឈប់សំរាកការងារបណ្តោះអាសន្ន ដោយដាក់សម្ពាធផ្លូវចិត្តនិងផ្លូវសេដ្ឋកិច្ចលើពួកគេដែរ។

            អាស្រ័យលើឱកាសជោគជ័យខ្ពស់ ត្រូវការអ្នកចូលរួមត្រឹមតែ ៣,៥ %នៃប្រជាជនសរុប មានតាក់ទិចច្រើនប្រើ ដើម្បីបញ្ចៀសនិងពន្យារពេលធ្វើឱយការបង្ក្រាបអប្រសិទ្ធភាព អាចដាក់សម្ពាធបង្ខំនិងដកហូតប្រភពអំនាច ខាងសេដ្ឋកិច្ច នយោបាយ និងសង្គមពីរបបដឹកនាំ ពិសេសគឺអាចបង្វែរភក្តីភាពរបស់ភ្នាក់ងាររដ្ឋឱយនៅអព្យាក្រឹតមិនការពាររបបដឹកនាំ ហើយនិងវាយចំចំណុចខ្សោយរបស់រដ្ឋអំនាចដែលខ្លាំងតែខាងកម្លាំងហិង្សា មិនមែនជំនាញខាងទប់ទល់នឹងការប្រឆាំងពីប្រជាជនស៊ីវិល។ បើគេយល់និងចាប់បានពីកត្តានានាខាងលើនេះ មានអ្វីចម្លែកដែលថា រដ្ឋាភិបាលខ្លាចបាតុកម្មជាងការបោះឆ្នោត , ចលនាឧទ្ទាមប្រដាប់អាវុធ, អន្តរាគមន៍យោធាពីបរទេស, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងរដ្ឋប្រហារនោះ៕៚

Source: VOD Hot News

ពុធ, ១១/១១/១៥