​លំនាំ​ដដែល​ៗនៃ​ប្រវត្តិ​សាស្ត្រ​នយោបាយ​កម្ពុជា​

1960 Political Realism and the Crisis of World Politics An American Approach to Foreign Policy. Princeton Princeton University Press.

មានប្រវត្តិសាស្ត្រនយោបាយខ្មែរមានលំនាំដដែលៗ នេះតាមបើអ្នកប្រវត្តិសាស្ត្រនៃកម្ពុជា ដេវិឌ ឆាណ្ឌល័រ (David Chandler)។  កាលពីសម័យអ៊ុនតាក់ ការបោះឆ្នោតឆ្នាំ១៩៩៣ (ដំណើរប្រជាធិបតេយ្យនីយកម្មដំបូងនៅកម្ពុជា) មិនបានធ្វើឱយមានការផ្លាស់ប្តូរជាដុំកំផួនឡើយ ប៉ុន្តែថែមទាំងបានបង្កើនហានិភ័យអំពើហិង្សានិងមិនអាចកំរិតអំនាចរដ្ឋ តាមលទ្ធិប្រជាធិបតេយ្យបាន។ លោក ផូល ខូលីយើរ (Paul Collier) សេដ្ឋកិច្ចវិទូដែលសិក្សាពីនយោបាយនៅបណ្តាក្រីក្របានអះអាងថា ការបោះឆ្នោតនៅប្រទេសដែលមានការអភិវឌ្ឈទាប (ចំណូលនិងកំណើនទាប) បានបង្កើនហានិភ័យនៃអំពើហិង្សាខាងនយោបាយ ដោយសារភាពគ្មានការត្រួតពិនិត្យនិងធ្វើឱយមានតុល្យភាពអំនាច និងការបោះឆ្នោតដែលប្រព្រឹត្តទៅមិនបានត្រឹមត្រូវ។ ការដែលអ្នកឈ្នះឆ្នោតគ្មានការកំរិតអំនាចអាចបង្ក្រាបគូប្រជែងដែលមានសក្តាសុពលរបស់ខ្លួនបាន នាំឱយការបោះឆ្នោតគឺជាបញ្ហាស្លាប់រស់របស់គណបក្សនយោបាយនៅក្នុងប្រទេសក្រីក្រ ហេតុនេះក្រុមនយោបាយនីមួយៗបង្កើតកងកម្លាំងប្រដាប់អាវុធរៀងៗខ្លួន មិនត្រឹមតែទុកការពារការវាយប្រហារគ្នាដោយយថាហេតុណាមួយនោះ តែក៏ដើម្បីទុកធ្វើរដ្ឋប្រហារក្រុមដែលកាន់អំនាចដែរ បើខ្លួនមិនអាចឈ្នះតាមរយៈការបោះឆ្នោតត្រឹមត្រូវនិងមិនអាចប្រើមធ្យោបាយទុច្ចរិតក្នុងការលួចបន្លំ គំរាមនិងទិញទឹកចិត្តអ្នកបោះឆ្នោត។ ដូច្នេះហើយ រដ្ឋអំនាចមានទំនោរទៅរកការចំណាយលើវិស័យយោធាបន្ថែមទៀត នៅក្រោយពេលសង្គ្រាមស៊ីវិលបានបញ្ចប់ រួចការណ៍នេះជំរុញឱយហានិភ័យលេចឡើងវិញម្តងទៀតនៃសង្គ្រាមស៊ីវិល (អន្ទាក់ទំនាស់ឬសង្គ្រាមស៊ីវិល)។ ជាក់ស្តែង ការបោះឆ្នោតអាណត្តិទីមួយនៅកម្ពុជាពិតមែនតែប្រព្រឹត្តទៅប្រក្រតី ដោយសារមានអង្គការសហប្រជាជាតិ ជួយរៀបចំ តែគ្មានការត្រួតពិនិត្យនិងធ្វើឱយមានតុល្យភាពអំនាចឡើយ ពោលគឺ មិនបានធានាឱយគណបក្សដែលឈ្នះឆ្នោតអាចឡើងកាន់អំនាចបានពិតប្រាកដ ឯគណបក្សដែលចាញ់ឆ្នោតបែរជាមានអំនាចជាងគណបក្សដែលឈ្នះឆ្នោតទៅទៀត ទីបំផុតធ្វើឱយមានរដ្ឋប្រហារមួយកើតឡើងនៅបួនឆ្នាំក្រោយ។ នៅក្នុងសា្នដៃ «ពីតតិយលោកមកទុតិយលោក From Third World to Second» (ទំ. ៣២៧) លោកប្រធានាធិបតីសីង្ហបុរី លី កួនយូ កាលណោះបានចួបសម្តេច នរោត្តម រណរិទ្ធិ  និងសម្តេច ហ៊ុន សែន នៅសិង្ហបុរី ដោយឡែកនិងពេលផ្សេងគ្នា បានក្រើនរំឭក រណរិទ្ធិ ថា៖

ការចងសម្ព័ន្ធភាពគឺជាការរៀបចំដែលមិនរឹងមាំ។  យោធា, ប៉ូលីស, និងក្រុមអ្នករដ្ឋបាល គឺជារបស់លោក ហ៊ុន សែន។ ប្រសិនបើចង់រស់ រណរិទ្ធិ ត្រូវតែទាក់ទាញការគាំទ្រមួយផ្នែកពីកងទាហាននិងប៉ូលីស ព្រមទាំងអភិបាលខេត្តនានារបស់ ហ៊ុន សែន ផងដែរ។ មាននាមជានាយករដ្ឋមន្ត្រីទីមួយនិងមានមនុស្សរបស់ខ្លួនត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិមានតម្លៃតិចតួច នៅពេលដែលអ្នករដ្ឋការនិងទាហានស្មោះនឹងលោក ហ៊ុន សែន ទៅវិញ។ គាត់ទំនងជាមិនយកចិត្តទុកដាក់នឹងសម្តីរបស់ខ្ញុំឡើយ។ គាត់ប្រហែលជាជឿថា ជាប់វង្យត្រកូលក្សត្រអាចធានាបាននូវការគាំទ្រពីពលរដ្ឋ ដែលធ្វើឱយគាត់មិនអាចត្រូវបាននរណាម្នាក់មកដណ្តើមតំណែងនេះបាន។ … លោក ហ៊ុន សែន មានចរិតខុសប្លែកទាំងស្រុង [ពី រណរិទ្ធិ] គាត់គឺជាអ្នករួចជីវិតពីរបបខ្មែរក្រហមដ៏មាំមួនម្នាក់ គឺជានាយករដ្ឋមន្ត្រីតែងតាំងដោយវៀតណាមនៅទសវត្សរ៍ឆ្នាំ១៩៨០…។ លោកបង្ហាញចេញនូវភាពខ្លាំងក្លានិងភាពគ្មានមេត្តា។ លោកយល់ពីអំនាច ដែលវាបានមកពីកាណុងកាំភ្លើង ហើយដែលគាត់ត្រូវបានកំណត់ថាជាអ្នកកាន់បាញ់។ នៅខណៈដែលខ្មែរក្រហមស្រុតចុះ រណរិទ្ធិ មិនអាចចងសម្ព័ន្ធមេត្រីនឹងពួកគេដើម្បីប្រជែងនឹងខ្លួនបន្តទៀត លោក ហ៊ុន សែន ក៏ផ្តួល រណរិទ្ធិ នៅឆ្នាំ១៩៩៧ បន្ទាប់មកក៏កាន់អំនាចទាំងស្រុងកំលុងពេលនៅជានាយករដ្ឋមន្ត្រីទីពីរ។ … (ទំ. ៣៣៩) អង្គការសហប្រជាជាតិ មិនមានកម្លាំងឬឆន្ទៈដើម្បីតំឡើង រណរិទ្ធ ឱយកាន់អំនាចនោះទេ។ វាទាមទារការដកហូតអាវុធពីទាហានរបស់លោក ហ៊ុន សែន និងវាយប្រហារខ្មែរក្រហម។ ដូច្នេះហើយ អង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាលសំរបសំរួលដែលនាំឱយ រណរិទ្ធិ ក្លាយជានាយករដ្ឋមន្ត្រីទីមួយ ប៉ុន្តែបែរជាទុកអំនាចពិតប្រាកដឱយនៅក្នុងដៃនាយករដ្ឋមន្ត្រីទីពីរ លោក ហ៊ុន សែន កាន់កាប់ទាហាន ប៉ូលីសនិងក្រុមអ្នករដ្ឋបាលទៅវិញ។ [ប្រែសំរួលបណ្តោះអាសន្ន ដោយមិនបានថែមគារម្យងារ ព្រោះមិនចង់ឱយខូចអត្ថបទដើម]

ដេរិឌ ឆាណ្ឌ័រ បានអធិប្បាយប្រហាក់ប្រហែលគ្នាដែរនៅក្នុងសា្នដៃ «ប្រវត្តិសាស្ត្រខ្មែរ» របស់លោក៖

ភាពតានតឹងរវាងគណបក្សប្រជាជននិងហ៊ុនស៊ិនប៉ិច …អំឡុងឆ្នាំ១៩៩៦ មានសភាពកាន់តែធ្ងន់ធ្ងរថែមទៀតដោយសារសម្តេច ហ៊ុន សែន បានទទួលយកពួកខ្មែរក្រហមរត់ចោលជួរ បញ្ចូលទៅក្នុងកងទ័ពជាតិគឺតាមការពិត  បញ្ចូលទៅក្នុងកម្លាំងជុំវិញខ្លួន។ … គណបក្សប្រជាជនក៏ដូចហ៊ុនស៊ិនប៉ិចដែរ គឺមិនចង់ធ្វើតាមបទពិសោធឆ្នាំ១៩៩៣ ទៀតឡើយ។ គណបក្សប្រជាជនខ្លាចចាញ់ឆ្នោតម្តងទៀត ចំណែកហ៊ុនស៊ិនប៉ិចនិងគណបក្សតូចៗផ្សេងទៀត ភ័យខ្លាចការកើតឡើងជាថ្មីម្តងទៀតនៃអំពើហិង្សា។ (ទំ. ២៨៥)

អំពើហិង្សាខាងនយោបាយនៅកម្ពុជាមានប្រវត្តិយូរលុងជាងនេះទៅទៀត រាប់ត្រឹមសម័យទំនើប ពីសម័យអាណានិគម ដែលចលនាតស៊ូដោយហិង្សារំដោះពីនឹមអាណានិគមបារាំង មិនបាននាំរបបប្រជាធិបតេយ្យនោះទេ លទ្ធផលនៅតែរបបរាជាធិបតេយ្យ (អំនាចប្រមូលផ្តុំលើបុគ្គលម្នាក់ឬស្តេច)។ សម័យសង្គមរាស្ត្រ មិនបានយួរប៉ុន្មាន ក៏មានការបង្ក្រាបដោយហិង្សាលើគណបក្សប្រជាធិបតេយ្យលុះរលត់សូន្យពីឆាកនយោបាយ រហូតដល់មានការគុបគ្រាប់បែកចូលដល់ថ្នាក់រដ្ឋសភា បណ្តាលឱយប្រធានសភាលោក អៀវ កើស ត្រូវពលី (ធ្ងន់ធរជាងឆ្ងាយ បើប្រៀបនឹងអំពើហិង្សាលើតំណាងរាស្ត្រនៅពេលថ្មីៗនេះ), ការបោះឆ្នោតឆ្នាំ១៩៥៥ ដែលមានបរិយាកាសបំភិតបំភ័យអ្នកបោះឆ្នោត, សម្លាប់អ្នកចុះធ្វើយុទ្ធនាការបោះឆ្នោត, កាសែតប្រឆាំងត្រូវបានបំបិទ ហើយនាយកកាសែតត្រូវបានចាត់ញាត់គុក ជាលទ្ធផល បេក្ខជនពីគណបក្សសង្គមរាស្ត្រនិយមបានអាសនៈទាំងអស់នៃសភា (សូមអាន ឆាណ្ឌ័រ ត្រង់សម័យសង្គមរាស្ត្រនិយម)។ អំពើហិង្សាខាងនយោបាយនេះ (មិនថាចេញក្រុមណាមួយ) បានរីកធំធាត់ទៅជារដ្ឋប្រហារ បង្កើតជាសម័យសាធារណរដ្ឋ រហូតដល់រាលដាលជាសង្គ្រាមស៊ីវិល ដណ្តើមអំនាចគ្នា ចេញពីក្រុមហិង្សាមួយទៅក្រុមហិង្សាមួយទៀត ពីសម័យកម្ពុជាប្រជាធិបតេយ្យ ដល់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលកើតចេញអន្តរាគមន៍យោធាពីវៀតណាម និងក្រោយមកប្តូរឈ្មោះជារដ្ឋកម្ពុជា តែនៅមិនអាចផ្លាស់របៀបដឹកនាំបែបប្រមូលផ្តុំអំនាចលើគណបក្សតែមួយនិងប្រើកម្លាំងហិង្សាដដែលជាដដែល។ សូម្បីមកទល់បច្ចុប្បន្នហើយ មេរៀននៅតែត្រូវបានរៀនឡើងវិញ អំពើហិង្សាលើបាតុកម្ម ឃាតកម្មផ្នែកនយោបាយ អំពើហិង្សាលើតំណាងរាស្ត្របក្សប្រឆាំង ការគំរាមកំហែងពីសង្គ្រាមស៊ីវិលនិងការធ្វើរដ្ឋប្រហារ នៅតែជាលំនាំដដែលៗនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា។ លំនាំនេះបង្ហាញថា កម្ពុជាជាប់ក្នុងអន្ទាក់ទំនាស់នយោបាយនិងមានហានិភ័យសង្គ្រាមស៊ីវិល ទោះមានតិចឬច្រើន អ្នកអះអាងកម្ពុជាមានហានិភ័យសង្គ្រាមស៊ីវិលឬសង្គ្រាមនឹងរដ្ឋបរទេសស្ទើរតែសូន្យ ទំនងជាមិនបានសិក្សាពីករណីសង្គ្រាមស៊ីវិលជម្រៅទេ។ មានចំណូលទាបនិងកំណើនសេដ្ឋកិច្ចទាប គឺជាសញ្ញាហានិភ័យសង្គ្រាមស៊ីវិល បើបូកនឹងមានប្រជាជនក្មេង ប្រុសច្រើន ដែលក្រឥតការងារធ្វើ  ងាយនឹងកៀងគរជួលធ្វើជាកងឧទ្ទាម ពិសេសគឺមានវត្តមានប្រដាប់អាវុធនិងមានរដ្ឋបរទេសជួយទំនុកបំរុងក្រុមប្រដាប់អាវុធណាមួយនោះ។

តើជាតិសាសន៍មួយតែងយោគយល់ស្រឡាញ់ជាតិសាសន៍ដូចគ្នាមែនទេ? ការណ៍នេះទោះឬមិនពិត វាមិនទាក់ទងនឹងរយៈពេលសង្គ្រាមស៊ីវិល ភស្តុតាងតាមទិន្នន័យសាកល បានរកឃើញថា សង្គ្រាមស៊ីវិលមានរយៈពេលជាមធ្យមយ៉ាងហោចណាស់ក៏ ៧ឆ្នាំដែរ ពោលគឺជាមធ្យមយូរជាងសង្គ្រាមរវាងរដ្ឋនឹងរដ្ឋដល់ទៅ៦ដង (ការសិក្សាដោយ ខូលីយើរ និងសហការី)។ ឯការសិក្សាមួយទៀតដោយអ្នកប្រាជ្ញស្ត្រីពីរនាក់ អេរិខា ឆេណូវេថ  (Erica Chenoweth) និង ម៉ារៀ ស្ទេហ្វឹន (Maria Stephan) ផ្តោតលើចលនាឧទ្ទាមប្រដាប់អាវុធធ្វើសង្គ្រាមស៊ីវិលនឹងរដ្ឋ រកឃើញថា មានរយៈពេលមធ្យមដល់ទៅ ៩ឆ្នាំ ឯចលនាប្រជាជនអហិង្សាទាមទារផ្លាស់ប្តូររបបដឹកនាំ ការលាលែងរបស់មេដឹកនាំ បណ្តេញការឈ្លានពានបរទេសនិងអាណានិគមបែរជាចំណាយពេលជាមធ្យមត្រឹមតែ ៣ឆ្នាំទៅវិញ។ បើគេអះអាងផ្អែកលើជាតិសាសន៍ដូចគ្នាចេះស្រឡាញ់គ្នា ហេតុអ្វីសង្គ្រាមស៊ីវិលយូរជាងនិងបង្កវិនាសកម្មជាងសង្គ្រាមរវាងរដ្ឋ?

លំនាំហិង្សាច្រំដែលនេះ នាំឱយគេអាចប៉ាន់ស្មានបានថា ការបោះឆ្នោតនៅឆ្នាំ២០១៧-១៨ នឹងបង្កបញ្ហាដូចឬជាង២០១៣ ទៅទៀត។ អ្នកអះអាងថា ការបោះឆ្នោតនៅពេលមុខនឹងគ្មានបញ្ហាធំដុំ អាស្រ័យជំនួយការបរទេសនោះ ប្រហែលជាត្រូវពិនិត្យមើលការបោះឆ្នោតឆ្នាំ១៩៩៣ ឡើងវិញ ដែលស្ថាប័នបោះឆ្នោតឯករាជ្យទុកចិត្តបានហើយនៅតែមានរដ្ឋប្រហារកើតឡើងក្រោយមក ចុះទំរាំស្ថាប័នបោះឆ្នោតបច្ចុប្បន្ននៅតែបក្សជាអ្នកដាក់សមាជិក ហើយគណបក្សមួយនៅតែត្រួតត្រាកម្លាំងប្រដាប់អាវុធ ចង់ធ្វើរដ្ឋប្រហារបក្សឈ្នះឆ្នោតពេលណាក៏បាននោះ? ហេតុផលនេះអនុវត្តដូចគ្នាចំពោះអ្នកដែលអះអាងថា គណបក្សផ្សេងៗឈ្នះឆ្នោតអាចចូលកាន់អំនាចបាន ត្បិតក្រោយចាញ់ឆ្នោត គណបក្សដែលមានកម្លាំងយោធាតែងមិនព្រមចាញ់ (រាប់គ្រាប់កាំភ្លើងជំនួសសន្លឹកឆ្នោត), មិនទទួលយកលទ្ធផលឆ្នោត, បង្កើតតំបន់អបគមន៍កាន់កាប់ ឬមិនរំសាយក្រុមប្រដាប់អាវុធមកប្រកួតប្រជែងគ្នាតាមសមត្ថភាពដឹកនាំជាដើម។ អ្នកកាន់អំនាចពិតប្រាកដគឺជាអ្នកត្រួតត្រាកម្លាំងយោធានិងគ្រប់គ្រងអ្នករដ្ឋបាល ប៉ូលីស និងកងសន្តិសុខ មិនមែនអ្នកឈ្នះឆ្នោតទេ ដូចបានជ្រាបហើយបទពិសោធឆ្នាំ១៩៩៣។ បើគេមិនមើលមិនឃើញពីលទ្ធភាពនេះទេ ក៏មិនគ្មានអ្វីប្លែកដែរ ត្បិត ប្រវត្តិសាស្ត្រគឺមេរៀនមិនងាយរៀនចេះ! ប្រវត្តិវិទូអង់គ្លេស អាឡេន ចន ថាយលើរ (A. J. P. Tylor) ក៏អះអាងដែលថា «ដូចអ្នកឯទៀតដែលសិក្សាពីប្រវត្តិសាស្ត្រ លោក [ណាប៉ូឡេអុងទីបី] រៀនពីកំហុសនៅក្នុងប្រវត្តិសាស្ត្រ ដើម្បីប្រព្រឹត្តិកំហុសថ្មីទៀតប៉ុណ្ណោះ។» សម្តីអាចនិយាយជារួមបាន ព្រោះមនុស្សជាច្រើនរៀនប្រវត្តិសាស្ត្រហើយនៅតែត្រូវប្រវត្តិសាស្ត្របង្រៀនវិញ។

កម្ពុជាមានលំនាំប្រវត្តិសាស្ត្រនយោបាយដដែលលើសពីអំពើហិង្សារវាងគ្នាឯង ដូចជា មិនបានរៀបចំស្ថាប័ននយោបាយសំខាន់ៗ (ពិសេសគឺយោធា ដើម្បីកុំឱយបក្សណាមួយអាចប្រើមកបង្ក្រាបឬធ្វើរដ្ឋប្រហារ) ឱយឯករាជ្យពីបក្សនយោបាយ គ្មានយន្តការដោះស្រាយវិវាទដោយសន្តិវិធី មិនប្រើហិង្សា, ចេះតែរំពឹងជំនួយឬអន្តរាគមន៍បរទេស, វប្បធម៌បុគ្គលនិយម ដែលយកវាសនាប្រទេសទាំងមូលឱយផ្អែកលើបុគ្គលតែម្នាក់ ឧ. បច្ចុប្បន្ននៅតែមានខ្មែរជឿលើរបបរាជាធិបតេយ្យ ទោះបីរបបនេះក្រោមរាជកាលស្តេចខ្លះ (មិនមែនគ្មានស្តេចល្អទេ) ធ្លាប់ធ្វើឱយមានចលាចល សង្គ្រាមស៊ីវិល បាត់បង់ទឹកដី ពុករលួយក៏ដោយ ក៏ពួកគេបន្ទោសស្តេចជាជាងរបប។ នេះក៏ដោយសារតែវប្បធម៌បុគ្គលនិយមនាំឱយមើលឃើញថា បុគ្គលកំណត់ជាជាងប្រព័ន្ធកំណត់។ សូមបញ្ជាក់ផងដែរថា នៅក្នុងចំណាត់ក្រុមរបបនយោបាយ រាជាធិបតេយ្យតវង្សត្រកូលគឺជារបបផ្តាច់ការបំផុត។

គួររំឭកថា ប្រជាធិបតេយ្យមិនមែនគ្រាន់តែចាប់ដាក់ ដោយបង្កើតរដ្ឋធម្មនុញ្ញនិងមានការបោះឆ្នោតក៏ទទួលជោគជ័យនោះទេ។ ប្រទេសកំពុងធ្វើប្រជាធិបតេយ្យនីយកម្មអាចវិលត្រលប់ធ្លាក់ចូលក្នុងរបបផ្តាច់ការវិញ បើគេមិនអាចពង្រឹងស្ថាប័នស៊ីវិលឱយមាំទាំនិងស្ថាប័នរដ្ឋនីមួយៗឱយឯករាជ្យ (សភា តុលាការ និងរដ្ឋាភិបាល) ព្រមទាំងគណបក្សនយោបាយឱយមានយន្តការប្រជាធិបតេយ្យក្នុងការជ្រើសរើសប្រធានបក្សនិងវិធានសំរេចចិត្តក្នុងបក្សដូចនៅក្នុងសភាជាអាទិ។ល។ គ្រាន់តែមានរដ្ឋធម្មនុញ្ញនិងការបោះឆ្នោតមិនអាចធ្វើឱយប្រទេសមួយប្រជាធិបតេយ្យនោះទេ ប្រទេសបែបនេះអាចវិលវល់មិនអាចចេញឆ្ងាយពីរបបផ្តាច់ការ ពោលគឺមានធាតុផ្សំនៃរបបប្រជាធិបតេយ្យតែដឹកនាំតាមរបៀបផ្តាច់ការ ដោយសារគ្មានការកំរិតអំនាចរបស់អង្គនីតិប្រតិបត្តិ  មានតែសភាតែមិនដើរ មានតែតុលាការតែមិនឯករាជ្យពីបក្សនយោបាយ។ អ្នកវិទ្យាសាស្ត្រនយោបាយហៅរបបនេះថា របបចំរុះឬកូនកាត់ (Mixed or Hybrid Regime/Anocracy, Sometimes  call electoral authoritarianism របបផ្តាច់ការដែលមានការបោះឆ្នោត)។ ប្រជាធិបតេយ្យនិងផ្តាច់ការជារបបផ្ទុយគ្នា បើលាយលំគ្នានឹងប្រទាញប្រទង់គ្នាយ៉ាងខ្លាំង ករណីខ្លះរបបមួយនៅក្នុងចំណោមពីរនេះមានកម្លាំងជាង ពោលគឺ របបផ្តាច់ការអាចលុបលើ ឬប្រជាធិបតេយ្យលុបលើវិញ តែទោះបីយ៉ាងណាវានៅតែជារបបដែលមិននឹងនរ គ្រោះថ្នាក់ មានហានិភ័យហិង្សា រដ្ឋប្រហារ និងសង្គ្រាមស៊ីវិល។ អ្នកចាត់ទុកកម្ពុជាថាជាប្រទេសប្រជាធិបតេយ្យគឺជាការយល់ច្រលំត្រង់ទ្រឹស្តី ព្រោះសំអាងលើតែមានរដ្ឋធម្មនុញ្ញ, ការបោះឆ្នោត, មានសភា, សេរីភាពសមាគម, សហជីព, សារពត៌មាន, សេរីភាពបង្កើតគណបក្សនយោបាយ។ល។ ពុំអាចធ្វើឱយប្រទេសមួយប្រជាធិបតេយ្យនោះទេ ការអនុវត្តជាក់ស្តែងទើបជាលក្ខណវិនិច្ឆ័យយកជាការបាន ដូចជាកំរិតនៃនីតិរដ្ឋ, ការកំរិតអំនាចក្រុមមេដឹកនាំ (តាមរយៈវិធានសំរេចចិត្តជាក្រុម២/៣ពីសមាជិកសភា), ស្ថាប័ននយោបាយកំពូលមានឯករាជ្យពីគណបក្សនយោបាយ, ការប្រកួតប្រជែងមានការបើកចំហ, ការចូលរួមពីពលរដ្ឋបានទូលំទូលាយនិងផ្ទាល់ពីមូលដ្ឋាន។ ថៃក៏ឋិតនៅក្នុងរបបចំរុះដូចកម្ពុជាដែរ តែលាវ វៀតណាម ភូមា នៅតែកាន់ជារបបផ្តាច់ការនៅឡើយ។ អ្នកវិទ្យាសាស្ត្រនយោបាយពីររូបគឺលោក អេឌវើឌ មែនហ្វៀល្ឌ (Edward D. Mansfield) និង លោក ជេក ស្នាយឌ័រ (Jack Snyder) បានសិក្សានិងរកឃើញភាពទាក់ទងគ្នារវាងអំពីដំណើរប្រជាធិបតេយ្យនីយកម្មនិងសង្គ្រាមរវាងរដ្ឋនឹងរដ្ឋ គឹថា រដ្ឋដែលកំពុងធ្វើប្រជាធិបតេយ្យនីយកម្ម មានហានិភ័យផ្តើមសង្គ្រាមនឹងរដ្ឋដទៃទៀត ពីរភាគបី ទោះរដ្ឋម្ខាងទៀតប្រកាន់របបអ្វីក៏ដោយ។ ការរកឃើញនេះបង្ហាញពីភាពមិនគ្រប់ជ្រុងជ្រោយនៃទ្រឹស្តីសន្តិភាពប្រជាធិបតេយ្យ (Democratic Peace) ដែលចែងថា ប្រទេសប្រជាធិបតេយ្យពីរមិនធ្វើសង្គ្រាមនឹងគ្នា ។ ប្រទេសប្រជាធិបតេយ្យមិនមែនមានកំរិតប្រជាធិបតេយ្យពេញលេញគ្រប់ករណីទេ។ ភាពមិនមន្ទិលនេះហើយដែលអាចបង្កជាសង្គ្រាមរវាងរដ្ឋ ដោយសារអ្នកនយោបាយនៅកំលុងដំណើររដេបរដុបនៃប្រជាធិបតេយ្យតែងព្យាយាមស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតតាមរយៈគ្រប់កលវិធី ដែលក្នុងនោះការធ្វើនយោបាយលើស្មារតីជាតិនិយមដើរតួចំបង ដូច្នេះការធ្វើសង្គ្រាមឬបង្កជម្លោះខ្នាតតូចនឹងរដ្ឋដទៃទៀត ដើម្បីប្រជាប្រិយឈ្នះឆ្នោតឬបន្តអំនាចគឺជាតាក់ទិចនយោបាយដ៏ប្រសិទ្ធភាពមួយដែលពួកគេនិយមអនុវត្ត។ ហេតុនេះហើយ គ្មានអ្វីចម្លែកទេ ដែលថៃកាលពីឆ្នាំ២០០៨ បានផ្តើមបង្កជម្លោះប្រដាប់អាវុធតាមព្រំដែននឹងកម្ពុជាក្នុងគោលបំណងទាក់ទាញការគាំទ្រពីប្រជាជនរបស់ខ្លួន តែមិនទទួលបានជោគជ័យឡើយ ពីព្រោះចលនាប្រជាជនអហិង្សាប្រឆាំងការរំលោភអំនាចរបស់ថាក់ស៊ីន នាឆ្នាំ២០០៦ បានពង្រឹងកម្លាំងប្រជាជន  ជំរុញស្ថាប័នយោធាឯករាជ្យពីបក្សនយោបាយ (យោធាបានដាក់អាវុធចុះ) ធ្វើឱយកំរិតប្រជាធិបតេយ្យថៃលូតលាស់ មិនអាចអ្នកនយោបាយណាមួយប្រើយោធាជាតិនិយមបោកបានតាមអំពើចិត្តឡើយ (ថៃមានចលនាប្រជាជនកើតឡើងញយដែលដាក់សម្ពាធលើគណបក្សនយោបាយមិនឱយធ្វើអ្វីតាមចិត្ត)។ នៅកម្ពុជាវិញ ក៏រុញទូកបណ្តោយទឹក ធ្វើនយោបាយលើស្មារតីជាតិនិយមដូចគ្នា ធ្វើឱយគណបក្សកាន់អំនាចឈ្នះដាច់ក្នុងការបោះឆ្នោតអាណត្តិទី៤ ពីព្រោះហេតុមួយចម្បងក្នុងចំណោមហេតុផ្សេងៗគឺកម្ពុជាជារបបប្រជាធិបតេយ្យអាស្រ័យនាយករដ្ឋមន្ត្រី (ប្រជាធិបតេយ្យក្លែងក្លាយឬសម្បក)។

លំនាំហិង្សាដ៏គួរឱយធុញទ្រាន់នេះ នឹងនៅតែបន្ត ដរាបណាប្រជាជននៅតែរំពឹងលើអ្នកនយោបាយ ជឿថាពួកគេអាចដឹកនាំខ្លួនឱយចៀសពីអំពើហិង្សាបាន។ ប្រវត្តិសាស្ត្រនយោបាយដូចរៀបរាប់ខាងលើ មិនទាន់ឃើញមានអ្នកនយោបាយណាមួយអាចដើរលំនាំផ្សេងនៅឡើយ ប្រជាជននៅតែជាអ្នកដើរពីក្រោយអ្នកនយោបាយ នៅតែរងគ្រោះពីជំហានរបស់ពួកគេ។ បញ្ចៀសហិង្សា តាមរយៈយន្តការប្រជាធិបតេយ្យគឺជាជំរើសប្រសើរមួយ តែប្រជាធិបតេយ្យមិនអាចទៅរួចដោយគ្មានប្រជាជនទេ ហើយក៏មិនមែនគ្រាន់តែជាការបោះឆ្នោតរើសតំណាងដែរ។ ការបោះឆ្នោតគ្រាន់តែការចួលរួមមួយបែបប៉ុណ្ណោះ ការទាមទារបោះឆ្នោតបន្ថែមប្រព័ន្ធឯកត្តនាមលើប្រព័ន្ធសមាមាត្រ, វិសោធនកម្មច្បាប់បោះឆ្នោត ឱយមានការបោះឆ្នោតផ្ទាល់ពីប្រជាជនកាន់តែច្រើន ជ្រើសរើសប្រធានបក្ស, មន្ត្រីមូលដ្ឋាន, បោះឆ្នោតសំរេចចិត្តរឿងបញ្ហាជាតិសំខាន់ៗ ក៏សំខាន់ស្មើការបោះឆ្នោតរើសតំណាងរាស្ត្រដែរ។ល។ ការប្រឆាំងមិនសហការនឹងក្រុមណាមួយតាមដែលមានបំណងទុចរិតចង់ក្តាប់ស្ថាប័នយោធា ដើម្បីគំរាមកំហែង ធ្វើរដ្ឋប្រហារ បង្ក្រាបការតវ៉ា ដូចជា មិនចូលបំរើកងទ័ព, ប៉ូលីស, កងសន្តិសុខ បណ្តោះអាសន្ន ឬបង្ខំសមាជិកគ្រួសារឱយផ្អាកឈប់សុំច្បាប់បណ្តោះអាសន្ន។ ការដកហូតប្រភពអំនាចរដ្ឋ តាមៈកូដកម្ម មិនបន្តការងារដូចជាកម្មករ និយោជិត និយោជក ផ្អាកសកម្មភាពសេដ្ឋកិច្ចបណ្តោះអាសន្ន, ផ្អាកសកម្មភាពសង្គមដោយ សិស្សនិស្សិតមិនទៅរៀន, ព្រះសង្ឃមិនបំរើស្ថាប័នសាសនា, មន្ត្រីរាជការមិនទៅធ្វើការធ្វើឱយប្រព័ន្ធរដ្ឋបាល។ល។ ទាំងអស់ទាមទារការដឹកនាំដោយក្រុមប្រជាជនមានសមត្ថភាព មានយុទ្ធសាស្ត្រ មានផែនការ តាក់ទិចជាច្រើនទៀត ក្នុងការបង្ខំអ្នកនយោបាយឱយធ្វើតាម បើពួកគេចង់បង្កអំពើហិង្សា មិនគោរពច្បាប់រដ្ឋធម្មនុញ្ញ ធ្វើរដ្ឋប្រហារ មិនទទួលយកលទ្ធផលឆ្នោតដែលយុត្តិធម៌និងត្រឹមត្រូវហើយ។ ល្មមដល់ពេលដែលពឹងខ្លួនឯង ធ្វើជាម្ចាស់ខ្លួនឯង អនុវត្តប្រជាធិបតេយ្យដោយខ្លួនឯង ឈប់ដើរតាម តែបង្ខំនិងដឹកនាំអ្នកនយោបាយឱយដើរវិញ។ ដើម្បីដើរចេញពីលំនាំហិង្សានេះ គេត្រូវស្គាល់ថា៖

 «ប្រវត្តិសាស្ត្រគឺជាគ្រូដ៏ល្អបំផុតតែមេរៀនរបស់វាមិនមែននៅលើគោកនោះទេ។»

ខេននេថ ថមសុន (Kenneth Thompson),

អ្នកប្រាជ្ញខាងទំនាក់ទំនងអន្តរជាតិ

Source: VOD

១៦-១៧/១១/១៥